023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ «តក្កកម្ម»

(ភ្នំពេញ)៖ ជាទូទៅមនុស្សម្នាក់ៗ មាននូវភាពប៉ិនប្រសប់ សមត្ថភាព ទេពកោសល្យ រៀងៗខ្លួន ហើយមានចំណង់ចំណូលចិត្ដក្នុងការច្នៃប្រឌិត ការបង្កើត ផលិតនូវអ្វីៗដែលថ្មី ឬស្រាយជ្រាវស្វែងរកនូវរបកគំហើញថ្មីៗ ដែលមានលក្ខណៈពិសេសជាងគេ ដើម្បីជាសា្នដៃប្រវត្ដិសាស្រ្ដ និងបំពេញនូវសេចក្ដីត្រូវការប្រចាំថ្ងៃរបស់ពួកគេ ក៏ដូចជាដើម្បីជាប្រយោជន៍ដល់មនុស្សជាតិទាំងមូល ដែលការរកឃើញ ឬបង្កើតថ្មីរបស់ពួកគេនោះហៅថា «តក្កកម្ម»។ ទទឹមនឹងនេះ មនុស្សម្នាក់ៗមាននូវការបារម្ភអំពីការរំលោភបំពានទៅលើកម្មសិទ្ធិបញ្ញាលើតក្កកម្មរបស់ខ្លួន ដែលចាំបាច់តម្រូវឱ្យមានការការពារ និងទទួលស្គាល់នូវកម្មសិទ្ធិបញ្ញានោះ។ តើអ្វីទៅជាតក្កកម្ម? តើធ្វើដូចម្ដេចដើម្បីអាចការពារតក្កកម្មបាន? ហើយម្ចាស់សិទ្ធិតក្កកម្មអាចអនុវត្ដសិទ្ធិរបស់ខ្លួនបានយ៉ាងដូចម្ដេច? ដូច្នេះ ដើម្បីកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «តក្កកម្ម» មកធ្វើការបកស្រាយ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ ដូចតទៅ៖ យោងតាមច្បាប់ស្ដីពី ប្រកាសនីយបត្រតក្កកម្ម បានឱ្យនិយមន័យថា តក្កកម្មជាការរកឃើញផលិតផល ឬដំណើរការផលិតកម្ម ឬអាចជាការរកឃើញអ្វីមួយ ដែលទាក់ទងទៅនឹងផលិតផល ឬដំណើរការផលិតកម្ម ហើយតក្កកម្មនោះត្រូវចាត់ទុកថាអាចអនុវត្តបាននៅក្នុងវិស័យឧស្សាហកម្ម ប្រសិនបើអាចត្រូវផលិត ឬយកទៅប្រើប្រាស់បាននៅក្នុងប្រភេទណាមួយនៃវិស័យឧស្សាហកម្មបាន។ ចំពោះតក្កករដែលមានបំណងការពារតក្កកម្មរបស់ខ្លួន តក្កករនោះចាំបាច់ត្រូវតែធ្វើការស្នើសុំប្រកាសនីយបត្រតក្កកម្ម (វិញ្ញាបនបត្រដែលបានផ្ដល់ឡើង ដើម្បីការពារតក្កកម្ម) ទៅស្ថាប័នពាក់ព័ន្ធនានា ទើបតក្កករនោះ មានសិទ្ធិពេញលេញលើតក្កកម្មរបស់ខ្លួន។ ប៉ុន្ដែ ប្រសិនបើបុគ្គលពីរនាក់ ឬច្រើននាក់ បានបង្កើតតក្កកម្មរួមគ្នា នោះសិទ្ធិជាម្ចាស់នៃប្រកាសនីយបត្រតក្កកម្ម គឺត្រូវតែជាសិទ្ធិរួមគ្នានៃបុគ្គលទាំងនោះ តែបើបុគ្គលពីរនាក់ ឬច្រើននាក់ បានរកឃើញដោយឡែកពីគ្នានូវតក្កកម្មដូចគ្នា នោះសិទ្ធិអត្ថិភាពក្លាយជាម្ចាស់នៃប្រកាសនីយបត្រតក្កកម្ម គឺត្រូវបានទៅលើបុគ្គលណាដែលបានធ្វើការដាក់ពាក្យស្នើសុំប្រកាសនីយបត្រតក្កកម្មមុនគេ ហើយស្របតាមនីតិវិធី។ តក្កកម្មដែលអាចទទួលបានប្រកាសនីយបត្រតក្កកម្ម លុះត្រាតែ៖ ១៖ ជាតក្កកម្មថ្មី៖ មានន័យថា តក្កកម្មនោះមិនទាន់មានអ្នករកឃើញពីមុន។ ២៖ មានជំហានរកឃើញថ្មី៖ ជាជំហានរកឃើញថ្មីលើតក្កកម្មដែលបានរកឃើញរួចហើយ និងមិនអាចឱ្យបុគ្គលណាដែលមានកម្រិតធម្មតាក្នុងជំនាញអាចយល់ដឹងបាន។ ៣៖ អាចយកទៅអនុវត្តបានក្នុងវិស័យឧស្សាហកម្ម៖ មានន័យថា តក្កកម្មនោះអាចយកទៅផលិត ឬប្រើប្រាស់ក្នុងប្រភេទណាមួយនៃឧស្សាហកម្មបាន។ ប៉ុន្ដែ ចំពោះករណីមួយចំនួន តក្កកម្មមិនត្រូវបានការពារដោយប្រកាសនីយបត្រតក្កកម្មនោះទេ មានដូចជា៖ ១៖ ការរកឃើញ ទ្រឹស្ដីវិទ្យាសាស្រ្ត និងវិធីសាស្ត្រគណិតវិទ្យា។ ២៖ គម្រោងការ ក្បួន ឬ វិធីសាស្រ្តសម្រាប់ធ្វើជំនួញ សម្រាប់ធ្វើសកម្មភាពហ្វឹកហ្វឺនខាងប្រាជ្ញាសុទ្ធសាធ ឬសម្រាប់លេងល្បែងកំសាន្ដ។ ៣៖ វិធីសាស្ត្រសម្រាប់ព្យាបាលរាងកាយមនុស្ស ឬសត្វ ដោយការវះកាត់ ឬដោយការព្យាបាល ក៏ដូចជាវិធីសាស្ត្រវិនិច្ឆ័យរោគដែលបានអនុវត្តលើរាងកាយមនុស្ស ឬសត្វ។ បទបញ្ញត្តិនេះមិនយកមកអនុវត្តចំពោះផលិតផលទាំងឡាយណាដែលយកមកប្រើប្រាស់ក្នុងវិធីសាស្រ្តខាងលើនេះទេ។ ៤៖ ផលិតផលឱសថដូចមានចែងក្នុងមាត្រ ១៣៥ នៃច្បាប់ស្ដីពី ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម។ ៥៖ រុក្ខជាតិ ឬសត្វ ដែលមិនមែនជាមីក្រូសរីរាង្គ និងដំណើរការកកើត តាមលក្ខណៈជីវសាស្រ្ដសំខាន់ៗសម្រាប់ផលិតកម្មរុក្ខជាតិ ឬសត្វ។ ៦៖ ប្រភេទផ្សេងៗ នៃពូជរុក្ខជាតិណាមួយ។ សំណុំលិខិតស្នើសុំប្រកាសនីយបត្រតក្កកម្ម ត្រូវដាក់ជូនក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមមាន៖ ១៖ ពាក្យសុំ៖ ត្រូវបញ្ជាក់ឱ្យបានច្បាស់នូវអត្តសញ្ញាណរបស់អ្នកដាក់ពាក្យសុំ ប៉ុន្ដែប្រសិនបើអ្នកដាក់ពាក្យសុំមិនមែនជាតក្កករទេ នោះត្រូវភ្ជាប់ជាមួយសំណុំឯកសារបញ្ជាក់អំពីសិទ្ធិរបស់អ្នកដាក់ពាក្យសុំចំពោះប្រកាសនីយបត្រតក្កកម្ម រួមទាំងត្រូវភ្ជាប់មកជាមួយចំណងជើងនៃតក្កកម្មខ្លីមួយ ហើយច្បាស់លាស់។ ២៖ សេចក្ដីអធិប្បាយអំពីតក្កកម្ម៖ ត្រូវលើកបង្ហាញអំពីតក្កកម្មក្នុងលក្ខណៈច្បាស់លាស់ និងពេញលេញ ដើម្បីឱ្យបុគ្គលដែលមានកម្រិតជំនាញធម្មតាក្នុងជំនាញអាចអនុវត្តបាននូវតក្កកម្មនោះ។ ៣៖ សេចក្ដីអះអាង៖ ត្រូវតែច្បាស់លាស់ និងសង្ខេប ហើយត្រូវផ្អែកទាំងស្រុងលើសេចក្ដីអធិប្បាយ។ ៤៖ គំនូសបង្ហាញចាំបាច់៖ គឺជាការគូសនូវរូបភាព ដើម្បីយកមកបកស្រាយពន្យល់អំពីតក្កកម្មនោះ។ ៥៖ ខ្លឹមសារសង្ខេបពីតក្កកម្ម៖ ត្រូវបកស្រាយត្រឹមតែគោលបំណងនៃព័ត៌មានបច្ចេកទេសប៉ុណ្ណោះ ហើយមិនត្រូវបកស្រាយពីវិសាលភាពនៃការការពារឡើយ។ ចំពោះករណីមួយចំនួន តក្កកម្ម ត្រូវបានធ្វើអាជីវកម្មដោយរដ្ឋាភិបាល ឬបុគ្គលដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល ប្រសិនយល់ឃើញថា មានតម្រូវការចាំបាច់ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ជាពិសេសផ្នែកសន្ដិសុខជាតិ អាហារូបត្ថម្ភ សុខាភិបាល ឬដើម្បីអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិសំខាន់ៗផ្សេងទៀត។ ជាក់ស្ដែង វាក់សាំងកូវីដ១៩ ដោយបុគ្គលណាដែលអាចរកឃើញ បុគ្គលនោះមិនអាចមានសិទ្ធិក្លាយជាតក្កករលើតក្កកម្មនោះបានទេ ពីព្រោះវាក់សាំងនេះ មានភាពចាំបាច់ដល់ផលប្រយោជន៍សាធារណៈ ដូចនេះ រដ្ឋាភិបាល ឬបុគ្គលដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល មានសិទ្ធិធ្វើអាជីវកម្មលើតក្កកម្មនេះ។ ដោយឡែក ប្រសិនបើរដ្ឋមន្ត្រីពិនិត្យឃើញថា តក្កកម្មដែលបានផ្ដល់ប្រកាសនីយបត្រតក្កកម្មរួចហើយនោះ មិនត្រូវបានធ្វើអាជីវកម្ម ឬមិនធ្វើអាជីវកម្មពេញលេញទេ ក្រោយរយៈពេល ៤ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទសុំចុះបញ្ជី ឬ ៣ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្ដល់ប្រកាសនីយបត្រតក្កកម្ម រដ្ឋមន្ត្រីអាចចេញអាជ្ញាប័ណ្ណបញ្ជា ដើម្បីដកយកប្រកាសនីយបត្រតក្កកម្មវិញពីតក្កករ ដោយយកកាលបរិច្ឆេទណាមួយដែលបានផុតកំណត់ក្រោយគេ។ ប៉ុន្ដែ អាជ្ញាប័ណ្ណបញ្ជានេះនឹងមិនចេញនោះទេ ប្រសិនបើម្ចាស់ប្រកាសនីយបត្រតក្កកម្មបានបំភ្លឺជូនរដ្ឋមន្រ្តីនូវកាលៈទេសៈសមស្របជាក់ស្ដែង ដែលបង្ហាញភស្ដុតាងត្រឹមត្រូវពីការមិនធ្វើអាជីវកម្ម ឬការធ្វើអាជីវកម្មមិនពេញលេញ។ ប្រកាសនីយបត្រតក្កកម្ម មានសុពលភាពរយៈពេល ២០ឆ្នាំ ដោយគិតចាប់ពីកាលបរិច្ឆេទសុំចុះបញ្ជី ប៉ុន្ដែប្រសិនបើមិនបានបង់កម្រៃប្រចាំឆ្នាំទេ នោះសំណុំលិខិតប្រកាសនីយបត្រតក្កកម្មនឹងត្រូវចាត់ទុកថាបានដកយកទៅវិញ ឬអស់សុពលភាព។ យ៉ាងណាមិញ ការបង់កម្រៃប្រចាំឆ្នាំនេះ ប្រសិនបើមានការយឺតយ៉ាវ នោះអាចត្រូវបានអនុគ្រោះឲ្យយ៉ាងយូរ ៦ខែ តែត្រូវបង់កម្រៃបន្ថែមលើការយឺតយ៉ាវនេះ។ មួយវិញទៀត ប្រកាសនីយបត្រតក្កកម្មនេះ ក៏អាចធ្វើការមោឃភាពបានដែរ ដោយបុគ្គលដែលមានការពាក់ព័ន្ធ អាចធ្វើការស្នើសុំទៅតុលាការមានសមត្ថកិច្ច ដើម្បីស្នើសុំឱ្យទុកជាមោឃៈនូវប្រកាសនីយបត្រតក្កកម្ម ហើយបុគ្គលនោះត្រូវបង្ហាញពីភស្ដុតាងបញ្ជាក់ថា លក្ខខណ្ឌតម្រូវណាមួយមិនបានបំពេញគ្រប់គ្រាន់ ឬម្ចាស់ប្រកាសនីយបត្រតក្កកម្មមិនមែនជាតក្កករ ឬមិនមែនជាអ្នកស្នងរបស់តក្កករ។ ហេតុនេះ ប្រកាសនីយបត្រតក្កកម្មដែលត្រូវចាត់ទុកជាមោឃៈ ឬសេចក្ដីអះអាង ឬផ្នែកនៃសេចក្ដីអះអាងដែលចាត់ទុកថាមិនបានការ ត្រូវអស់សុពលភាព ចាប់ពីថ្ងៃដែលផ្ដល់ប្រកាសនីយបត្រតក្កកម្មមក។ សរុបជារួមមក តក្កកម្ម គឺជាប្រភេទមួយនៃកម្មសិទ្ធិបញ្ញារបស់មនុស្សដែលមានលក្ខណៈពិសេសជាងប្រភេទនៃកម្មសិទ្ធិបញ្ញាផ្សេងទៀត ហើយប្រភេទនៃតក្កកម្មខ្លះត្រូវបានរិតត្បិតសិទ្ធិដោយរដ្ឋ ដោយហេតុថា វាអាចប៉ះពាល់ដល់ផលប្រយោជន៍ទូទៅរបស់មនុស្សជាតិ ជាអាទិ៍៕ រៀបរៀងដោយ៖ លោក ប៊ុន វិទូ ប្រធានផ្នែកសេវាកម្មច្បាប់ និងកញ្ញា ថន រ៉ាវ៉ាឌី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិឧញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ president@ciclg៖com គេហទំព័រ៖ www៖ciclg៖com ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group

2021-04-05 11:00:16

យល់ដឹងផ្នែកច្បាប់៖ ការទទួលខុសត្រូវចំពោះបំណុលរួមប្តីប្រពន្ធ នៅពេលលែងលះ

(ភ្នំពេញ)៖ ប្រិយមិត្តធ្លាប់បានឈ្វេងយល់រួចមកហើយ កាលពីអត្ថបទមុនអំពី អ្វីទៅជាបំណុលរួម ហើយប្តីប្រពន្ធត្រូវទទួលខុសត្រូវដោយសាមគ្គីភាព ចំពោះបំណុលរួម ក្នុងពេលដែលកំពុងរួមរស់ជាមួយគ្នា។ ចុះប្រសិនបើ ប្តីប្រពន្ធលែងលះគ្នា តើពួកគេនៅតែទទួលខុសត្រូវដោយរួមគ្នា ឬកំណត់នរណាម្នាក់ជាអ្នកទទួលបន្ទុក ឬបែងចែកបន្ទុកក្នុងការទទួលខុសត្រូវចំពោះបំណុលរួម? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីអំពី «ការទទួលខុសត្រូវចំពោះបំណុលរួមប្តីប្រពន្ធ នៅពេលលែងលះ» មកចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ទាំងអស់ ដូចខាងក្រោម៖ នៅក្នុងការអនុវត្តជាក់ស្តែង ប្តីប្រពន្ធដែលលែងលះគ្នា ខណៈពេលដែលពួកគេត្រូវទទួលខុសត្រូវចំពោះបំណុលរួម មានករណីដែលប្តីប្រពន្ធធ្វើកិច្ចព្រមព្រៀងបែងចែកទ្រព្យសម្បត្តិរួម ដោយក្នុងនោះពួកគេព្រមព្រៀងគ្នាបែងចែកបន្ទុកទទួលខុសត្រូវចំពោះបំណុលរួមផងដែរ ដូចជាកំណត់ឱ្យប្តីជាអ្នកទទួលខុសត្រូវចំពោះបំណុលរួមតែម្នាក់ឯង ឬឱ្យប្តីប្រពន្ធទទួលបន្ទុកម្នាក់ ១ ភាគ ២ ជាអាទិ៍។ ភាគីបានស្នើសុំឱ្យតុលាការធ្វើការបែងចែកបន្ទុក ក្នុងការទទួលខុសត្រូវចំពោះបំណុលរួម (បែងចែកបំណុល) តាមការស្នើសុំ ឬតាមកិច្ចព្រមព្រៀងបែងចែកបំណុល នៅក្នុងសេចក្តីសម្រេចលែងលះ តើការព្រមព្រៀងនេះ ឬសេចក្តីសម្រេចបែងចែកបំណុលរួមមានអានុភាពតាមផ្លូវច្បាប់ ឬទេ? សូមបង្ហាញករណីជាក់ស្តែងចំពោះអង្គហេតុមួយ ដែលមាន «ក» ជាប្តី និង «ខ» ជាប្រពន្ធ បានខ្ចីលុយធនាគារចំនួន ៥០.០០០ ដុល្លារអាមេរិក ហើយបានខ្ចីលុយពី «ឃ» ដែលជាបងស្រីរបស់ «ខ» ចំនួន ២០.០០០ ដុល្លារអាមេរិក ដើម្បីទិញដីមួយកន្លែង ហៅថា ដី «L» ដោយបច្ចុប្បន្នដីនេះ មានតម្លៃ ១០០.០០០ ដុល្លារអាមេរិក។ តាមច្បាប់បំណុលនេះ ជាបំណុលដែលប្តីប្រពន្ធត្រូវទទួលខុសត្រូវរួមគ្នា។ ដោយសារទំនាក់ទំនងក្នុងគ្រួសារមិនល្អឈានដល់ការបែកបាក់ដែលមិនអាចរួមរស់នឹងគ្នាបាន «ខ» បានដាក់ពាក្យបណ្តឹងលែងលះ ដោយមានទ្រព្យសម្បត្តិរួម និងបំណុលដូចតទៅ៖ ទ្រព្យសម្បត្តិរួមមាន៖ ដី L តម្លៃ ១០០.០០០ ដុល្លារអាមេរិក រថយន្តតម្លៃ ១០.០០០ ដុល្លារអាមេរិក ដី M តម្លៃ ៤០.០០០ ដុល្លារអាមេរិក ហើយមានបំណុលដែលជំពាក់ធនាគារចំនួន ៥០.០០០ ដុល្លារអាមេរិក និងបំណុលដែលជំពាក់ «ឃ» ចំនួន ២០.០០០ ដុល្លារអាមេរិក។ «ក» និង «ខ» បានព្រមព្រៀងបែងចែកទ្រព្យរួម ដូចតទៅ៖ ដី L ជាកម្មសិទ្ធិរបស់ «ខ» ដោយ «ខ» ត្រូវបង់ប្រាក់ ៥០.០០០ ដុល្លារអាមេរិកមកឱ្យ «ក» រថយន្តជាកម្មសិទ្ធិរបស់ «ក» ដី M ជាកម្មសិទ្ធិរបស់ «ក»។ អ្នកទាំងពីរ ក៏បានព្រមព្រៀងបែងចែកបំណុលដូចតទៅ៖ «ក» ត្រូវទទួលខុសត្រូវចំពោះបំណុលចំនួន ៥០.០០០ ដុល្លារអាមេរិកដែលជំពាក់ធនាគារ ហើយ «ខ» ត្រូវទទួលខុសត្រូវចំពោះបំណុលចំនួន ២០.០០០ ដុល្លារអាមេរិក ដែលជំពាក់ «ឃ» ។ ឆ្លើយតបចំពោះបញ្ហានេះ សូមបញ្ជាក់ថា ការព្រមព្រៀងបែងចែកបន្ទុកក្នុងការទទួលខុសត្រូវចំពោះបំណុលរួមរបស់ប្តីប្រពន្ធ ពុំមានអានុភាពតាមផ្លូវច្បាប់ឡើយ តុលាការមិនអាចសម្រេចតាមអ្វីដែលភាគីស្នើសុំបានទេ ពីព្រោះការទាមទាររបស់ភាគី ជាការទាមទារដែលមិនស្របច្បាប់ ហើយទោះបីជាមានករណីដែលតុលាការ សម្រេចបែងចែកបន្ទុកក្នុងការទទួលខុសត្រូវបំណុលរួមរបស់ប្តីប្រពន្ធនៅក្នុងសេចក្តីសម្រេចលែងលះក៏ដោយ ក៏សេចក្តីសម្រេចនោះពុំបង្កើតអានុភាពតាមផ្លូវច្បាប់ឡើយ។ ហេតុផលគឺ៖ *១៖ ប្តីប្រពន្ធត្រូវទទួលខុសត្រូវដោយសាមគ្គីភាព (រួមគ្នា) ទោះបីជា បានធ្វើការលែងលះគ្នាក៏ដោយ ក៏នៅតែត្រូវទទួលខុសត្រូវរួមគ្នាដែរ ប្រសិនបើឱ្យប្តីប្រពន្ធ (កូនបំណុល) ធ្វើការបែងចែកបំណុលរួម ដូចជា ១ ភាគ ២ ម្នាក់ នឹងនាំឱ្យបំពានផលប្រយោជន៍របស់ម្ចាស់បំណុល (ផលប្រយោជន៍ដែលម្ចាស់បំណុលអាចប្តឹងទាមទារឱ្យទាំងប្តីទាំងប្រពន្ធឱ្យអនុវត្តកាតព្វកិច្ចទាំងអស់) * ២៖ ការសម្រេចក្នុងការចាត់ចែងបំណុលនោះបែបណា (ទាមទារពីប្តី ទាមទារពីប្រពន្ធ ឬទាំងប្តីប្រពន្ធ ឬលើកលែងបំណុល) គឺជាសិទ្ធិសម្រេចរបស់ម្ចាស់បំណុល មិនមែនជាសិទ្ធិសម្រេចរបស់កូនបំណុលទេ ហេតុនេះប្តីប្រពន្ធជាកូនបំណុល មានកាតព្វកិច្ចសងបំណុលដោយរួមគ្នា ពុំអាចធ្វើការចាត់ចែងបំណុលនោះដោយខ្លួនឯងដោយការព្រមព្រៀងបែងចែកបំណុលបានទេ។ ប្រសិនបើ ភាគីប្តីប្រពន្ធអនុវត្តតាមកិច្ចព្រមព្រៀងនោះ ប្រហែលជាពុំមានបញ្ហាកើតឡើងទេ។ ផ្ទុយទៅវិញ ប្រសិនបើភាគីណាមួយមិនអនុវត្ត តើអាចយកកិច្ចព្រមព្រៀង ឬសេចក្តីសម្រេចរបស់តុលាការមកចងភាគីបានទេ? ផ្អែកតាមអង្គហេតុខាងលើ ប្រសិនបើ «ខ» អនុវត្តតាមខ្លឹមសារនៃការព្រមព្រៀង ដោយបានសងប្រាក់ ២០.០០០ ដុល្លារអាមេរិកទៅម្ចាស់បំណុល «ឃ» ប៉ុន្តែ «ក» មិនបានសងប្រាក់ ៥០.០០០ ដុល្លារអាមេរិកទៅធនាគារឡើយ តើធនាគារអាចទាមទារពី «ខ» បានឬទេ? ក្នុងករណីនេះ ធនាគារនៅតែមានសិទ្ធិទាមទារប្រាក់ ៥០.០០០ ដុល្លារអាមេរិកពីប្តីប្រពន្ធ ឬពីប្តី ឬពីប្រពន្ធ ដោយលើកហេតុផលថា៖ * ១៖ វាជាបំណុលរួមដែលប្តីប្រពន្ធត្រូវទទួលខុសត្រូវរួមគ្នា * ២៖ កិច្ចព្រមព្រៀងបែងចែកបំណុល ពុំមានអានុភាព ឬសេចក្តីសម្រេចអំពីការបែងចែកបំណុលមានភាពផ្ទុយច្បាប់ ហេតុនេះ «ខ» មិនអាចយកកិច្ចព្រមព្រៀង ឬ សេចក្តីសម្រេចរបស់តុលាការ មកសំអាង ដើម្បីឱ្យខ្លួនផុតពីការទទួលខុសត្រូវចំពោះបំណុលធនាគារនោះទេ៕ រៀបរៀងដោយ៖ លោកស្រីមេធាវី ទេព បូផល ស្ថាបនិកវិភាគទានច្បាប់

2021-03-30 08:53:29

យល់ដឹងផ្នែកច្បាប់៖ អំពើលក់-ដូរមនុស្ស

(ភ្នំពេញ)៖ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិរស់រានមានជីវិតប្រកបដោយសេរីភាព កិត្តិយស សេចក្ដីថ្លៃថ្នូរ និងត្រូវបានធានារ៉ាប់រងមិនឱ្យមានការរំលោភបំពានលើរូបរាងកាយណាមួយឡើយ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់កំពូលនេះ ក៏បានហាមឃាត់យ៉ាងដាច់ខាតចំពោះអំពើលក់-ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម ឬអំពើអាសអាភាស ដែលធ្វើប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ស្រ្តី និងកុមារ។ យ៉ាងណាមិញ ក្រុមមនុស្សដែលងាយរងគ្រោះនឹងបញ្ហាលក់-ដូរមនុស្សដោយខុសច្បាប់នេះ ភាគច្រើនកើតចេញពីកត្តាសេដ្ឋកិច្ច កង្វះការអប់រំ និងកង្វះការយកចិត្តទុកដាក់ពីក្រុមគ្រួសារជាដើម។ ដូច្នេះហើយ ទើបព្រះរាជាណាចក្រកម្ពុជាបានបង្កើតឱ្យមានច្បាប់ស្ដីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ក្នុងឆ្នាំ២០០៨ និងចូលជាសមាជិកក្នុងអនុសញ្ញាអន្តរជាតិដែលពាក់ព័ន្ធនានា ក៏ដូចជាបានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដើម្បីចាត់វិធានការទប់ស្កាត់អំពើទុច្ចរិតនេះយ៉ាងមុតមាំ។ តើអំពើ និងសកម្មភាពបែបណាដែលត្រូវបានចាត់ទុកថាជាអំពើលក់-ដូរមនុស្ស? ហើយជនដែលប្រព្រឹត្តអំពើនេះ ត្រូវទទួលទោសតាមច្បាប់កម្រិតណា? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីអំពី «អំពើលក់-ដូរមនុស្ស» មកចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ទាំងអស់ ដូចខាងក្រោម៖ យោងមាត្រា១៣ កថាខណ្ឌ១ នៃច្បាប់ស្ដីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០០៨ «អំពើលក់-ដូរមនុស្ស» ជាការប្រគល់ការគ្រប់គ្រងលើជនណាម្នាក់ទៅអ្នកដទៃដោយខុសច្បាប់ ឬ ការទទួលយកការគ្រប់គ្រងលើជនណាម្នាក់ពីអ្នកដទៃដោយខុសច្បាប់ ដោយផ្លាស់ប្តូរនឹងវត្ថុមានតម្លៃអ្វីមួយ ដោយរាប់បញ្ចូលទាំងសេវា និងមនុស្សផង។ ស្រដៀងគ្នានេះដែរ អនុសញ្ញាអាស៊ានស្ដីពីការប្រឆាំងនឹងការជួញដូរមនុស្ស ជាពិសេសស្រ្ដី និងកុមារ ដែលមានប្រទេសកម្ពុជាជារដ្ឋភាគីផងនោះ ក៏ពុំបានគាំទ្រលើជនខិលខូចដែលប្រព្រឹត្តបទល្មើសដែលមានសកម្មភាពដូចជា ការផ្ទេរ ឬទទួលជនណាម្នាក់ តាមរយៈការគំរាមកំហែង ឬបោកបញ្ឆោត ឬផ្ដល់ប្រយោជន៍នានា ដើម្បីសម្រេចបានការយល់ព្រមនៃមនុស្សម្នាក់ដែលមានអំណាចត្រួតត្រាលើមនុស្សណាម្នាក់ទៀត ក្នុងគោលបំណងកេងប្រវ័ញ្ចលើរូបរាងកាយ ផ្លូវភេទ ពលកម្ម សេវាដោយបង្ខំ ឬ ការដកហូតសរីរាង្គជាដើម។ ជាក់ស្ដែងយើងសង្កេតឃើញថា អំពើលក់-ដូរមនុស្សបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសិទ្ធិសេរីភាពរបស់បុគ្គលដែលត្រូវបានគេយកទៅលក់ ក៏ដូចជាប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈផងដែរ។ ដូចនេះហើយ សកម្មភាពខាងលើត្រូវបានចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ តាមមាត្រា១៤ នៃច្បាប់ស្ដីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០០៨។ មាត្រា១៣ ត្រង់កថាខណ្ឌ២ នៃច្បាប់នេះដដែល ក៏បានបញ្ជាក់ផងដែរថា ជនណាដែលធ្វើជាភ្នាក់ងារកណ្ដាលនៃការលក់-ដូរមនុស្ស ត្រូវផ្ដន្ទាទោសដូចគ្នាទៅនឹងជនដែលប្រព្រឹត្តអំពើលក់-ដូរមនុស្សដោយផ្ទាល់ដែរ។ បន្ថែមពីលើនេះទៅទៀត ក្នុងករណីដែលការលក់-ដូរមនុស្សនេះ ធ្វើឡើងក្នុងគោលបំណងស្វែងរកប្រយោជន៍ ឈ្លានពានខាងផ្លូវភេទ ផលិតរូបភាពអាសអាភាស រៀបអាពាហ៍ពិពាហ៍ដែលផ្ទុយពីឆន្ទៈរបស់ជនរងគ្រោះ ស្មុំកូន ប្រគល់ ឬនាំយកទៅក្រៅព្រះរាជាណាចក្រកម្ពុជា ឬ ទម្រង់នៃការកេងប្រវ័ញ្ចផ្សេងៗទៀត នោះស្ថានទម្ងន់ទោសនឹងកើនឡើងទៅជាការដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ។ ការផ្ដន្ទាទោសខាងលើនេះ នឹងកើនឡើងរហូតដល់ ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ ក្នុងករណីដែល៖ * ជនរងគ្រោះជាអនីតិជន។ * អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។ * អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង។ សរុបមកវិញ ប្រសិនបើជនណាម្នាក់បានប្រព្រឹត្តអំពើល្មើសដូចខាងលើនេះ ត្រូវចាត់ទុកថាជាអំពើលក់-ដូរមនុស្ស និងត្រូវទទួលការផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរតាមច្បាប់ជាធរមាន។ ទន្ទឹមនឹងនេះ ដើម្បីចូលរួមក្នុងការទប់ស្កាត់អំពើខុសច្បាប់ខាងលើ ប្រជាពលរដ្ឋម្នាក់ៗជួយផ្សព្វផ្សាយចំណេះដឹងអំពីបញ្ហានេះទៅកាន់អ្នកដទៃ ជាពិសេសទៅកាន់ប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទ។ អាចណែនាំកុមារ និងអាណាព្យាបាល អំពីសកម្មភាពនានាអំពីការលក់-ដូរមនុស្ស ដើម្បីឱ្យពួកគាត់មានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងពីការបោកប្រាស់របស់ជនខិលខូចដែលឆ្លៀតឱកាស។ ជាពិសេសអាចពន្យល់ណែនាំទៅកាន់ឪពុកម្ដាយ ឬអាណាព្យាបាល អំពីបទល្មើសនៃការលក់-ដូរកុមារ ដើម្បីឱ្យពួកគាត់មានការភ័យខ្លាច មិនហ៊ានប្រព្រឹត្ត និងបង្កើនការប្រុងប្រយ័ត្នចំពោះជនដែលងាយទទួលរងគ្រោះ ទោះបីជាក្នុងកាលៈទេសៈណាមួយក៏ដោយ៕ រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា គន្ធ វិជិតា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង(អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៉ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.

2021-03-22 14:44:25

យល់ដឹងផ្នែកច្បាប់៖ សិទ្ធិជួលអចិន្ត្រៃយ៍

(ភ្នំពេញ)៖ ការជួលអចលនវត្ថុ បានជួយសម្រួលដល់ការរស់នៅជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលអាចស្តែងឡើងតាមរយៈការជួលដី ជួលផ្ទះសម្រាប់ស្នាក់នៅ ឬការជួលទីតាំងសម្រាប់ប្រើប្រាស់ និងអាស្រ័យផលជាដើម ហើយជាទូទៅប្រតិបត្តិការជួលនេះ គឺស្ថិតក្រោមទម្រង់ជាភតិសន្យាអចលនវត្ថុ ដែលត្រូវបានបង្កើតឡើងដោយមានរយៈពេលមិនលើសពី ១៥ (ដប់ប្រាំ) ឆ្នាំឡើយ។ ប៉ុន្តែដើម្បីឆ្លើយតបចំពោះការវិនិយោគ ដូចជាដំណើរការសហគ្រាសពាណិជ្ជកម្មផ្សេងៗ ឬសាងសង់អគារធំៗ ឬសាងសង់ផ្ទះល្វែងដើម្បីលក់ ច្បាប់បានបង្កើតឱ្យមានសិទ្ធិជួលអចិន្ត្រៃយ៍ ដែលមានរយៈពេលចាប់ពី ១៥ (ដប់ប្រាំ) ឆ្នាំឡើងទៅ។ តើសិទ្ធិជួលអចិន្រ្តៃយ៍បានផ្តល់អត្ថប្រយោជន៍អ្វីខ្លះ? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងធ្វើការបង្ហាញជូនបងប្អូន ប្រជាពលរដ្ឋ សិស្សនិស្សិតដូចខាងក្រោម៖ យោងតាមមាត្រា២៤៤ នៃក្រមរដ្ឋប្បវេណីបានបញ្ញត្តិថា «សិទ្ធិជួលអចិន្ត្រៃយ៍ សំដៅទៅលើសិទ្ធិជួលអចលនវត្ថុរយៈពេលវែងចាប់ពី ១៥ (ដប់ប្រាំ) ឡើងទៅ»។ ការបង្កើតសិទ្ធិជួលអចិន្ត្រៃយ៍ ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ បើពុំបានធ្វើជាលាយលក្ខណ៍អក្សរទេ ត្រូវចាត់ទុកជាភតិសន្យាដែលមិនកំណត់អំឡុងពេល ហើយអាចត្រូវបានរំលាយដោយភាគីម្ខាងនៅពេលណាក៏បាន ( ០៣ ខែ ចំពោះអគារ និង០១ ឆ្នាំ ចំពោះ ដីធ្លី បានកន្លងហួសគិតចាប់ពីពេលស្នើសុំឱ្យរំលាយ)។ អំទ្បុងពេលដែលសិទ្ធិជួលអចិន្ត្រៃយ៍មានអត្ថិភាព មិនអាចលើសពី ៥០ (ហាសិប) ឆ្នាំបានឡើយ ប្រសិនបើបានបង្កើតសិទ្ធិជួលអចិន្រ្តយ៍ដែលមានអំទ្បុងពេលលើស ៥០ (ហាសិប) ឆ្នាំ ត្រូវបន្ថយមកត្រឹម ៥០ (ហាសិប) ឆ្នាំ។ សិទ្ធិជួលអចិន្រ្តៃយ៍ អាចបន្តសាជាថ្មីបាន ប៉ុន្តែអំទ្បុងពេលនេះមិនអាចលើសពី ៥០ (ហាសិប) ឆ្នាំឡើយ គិតចាប់ពីថ្ងៃដែលបានបន្តសាជាថ្មី។ លក្ខខណ្ឌតតាំងនៃសិទ្ធិជួលអចិន្ត្រៃយ៍ គឺជាការចុះបញ្ជីនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដោយអ្នកជួលអចិន្រ្តៃយ៍ អាចយកមកតតាំងនឹងអនុប្បទានិកនៃកម្មសិទ្ធិដី ដែលជាកម្មវត្ថុនៃសិទ្ធិជួលអចិន្រ្តៃយ៍បាន ទោះបីជាកម្មសិទ្ធិលើដីនោះត្រូវបានធ្វើអនុប្បទានក៏ដោយ។ ចំពោះសិទ្ធិជួលអចិន្ត្រៃយ៍ ដែលមិនបានចុះបញ្ជី អាចតតំាងចំពោះជនដែលបានធ្វើលទ្ធកម្មលើអចលនវត្ថុនោះបាន លុះត្រាតែអ្នកជួលអចិន្ត្រៃយ៍ បានទទួលការកាន់កាប់លើអចលនវត្ថុដោយត្រឹមត្រូវតាមច្បាប់ ព្រមទាំងមានការប្រើប្រាស់ និងអាស្រ័យផលលើអចលនវត្ថុនោះជាបន្តបន្ទាប់ ដែលការតតាំងនេះទៀតសោត គឺអាចប្រើប្រាស់បានត្រឹមគ្រប់អំឡុងពេល ១៥ (ដប់ប្រាំ) ឆ្នាំ។ * សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកឱ្យជួលអចិន្ត្រៃយ៍៖ សិទ្ធិទទួលបានថ្លៃឈ្នួលតាមពេលវេលាដែលបានកំណត់ ឬបង់នៅរាល់ដំណាច់ឆ្នាំ ក្នុងករណីដែលមិនបានកំណត់ ឬបង់នៅក្រោយរដូវប្រមូលផល។ សិទ្ធិទាមទារតម្លើងថ្លៃឈ្នួល ដែលសិទ្ធិនេះអាចទាមទារតាមផ្លូវតុលាការឱ្យតម្លើងថ្លៃឈ្នួល ក្នុងករណីថ្លៃឈ្នួលមិនសមរម្យដោយយោងតាមស្ថានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចជាក់ស្តែង និងមានសិទ្ធិរំលាយសិទ្ធិជួលអចិន្រ្តៃយ៍ ក្នុងករណីអ្នកជួលអចិន្ត្រៃយ៍មិនបានបង់ថ្លៃឈ្នួលក្នុងកំឡុងពេល ០៣ឆ្នាំ។ អ្នកឱ្យជួលអចិន្ត្រៃយ៍ មានកាតព្វកិច្ចជួសជុលជាចាំបាច់រលើការកែលកម្អ ឬសំណង់ជាអាទិ៍ និងមិនរាំងស្ទះក្នុងការប្រើប្រាស់ និងអាស្រ័យផលលើអចលនវត្ថុរបស់អ្នកជួលអចិន្រ្តៃយ៍ និងកាតព្វកិច្ចទទួលបន្ទុកចំណាយចំាបាច់ (សោហ៊ុយចំណាយដើម្បីកែលម្អ ចំណាយផ្សេងទៀតដើម្បីបង្កើនតម្លៃអចលនវត្ថុ) ។ * សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជួលអចិន្ត្រៃយ៍៖ សិទ្ធិទាមទារឱ្យបញ្ចុះថ្លៃឈ្នួល ដែលអាចទាមទារតាមផ្លូវតុលាការឱ្យបញ្ចុះថ្លៃឈ្នួល ក្នុងករណីតម្លៃមិនសមរម្យដោយយោងតាមស្ថានភាពផ្សេងៗ។ សិទ្ធិធ្វើអនុប្បទាន ឬចាត់ចែងផ្សេងទៀត (អាចយកទៅជួលបន្ត ដាក់ធានាបំណុល ជាកម្មវត្ថុនៃសន្តតិកម្ម) សិទ្ធិទាមទារដោយផ្អែកលើសិទ្ធិប្រត្យក្ស (សិទ្ធិដូចដែលកម្មសិទ្ធិករមាន) សិទ្ធិរំលាយសិទ្ធិជួលអចិន្ត្រៃយ៍ ក្នុងករណីមិនទទួលបានចំណេញសោះពីអចលនវត្ថុក្នុងអំឡុងពេល ០៣ ឆ្នាំ ដោយសារស្ថានភាពដែលមិនអាចព្យាករទុកជាមុនបាន ឬដោយសារប្រធានសក្តិ ឬក្នុងករណីដែលប្រាក់ចំណេញប្រចាំឆ្នាំ ដែលនឹងបានមកពីអចលនវត្ថុនៅពេលអនាគត ពុំមានលទ្ធភាពអាចលើសថ្លៃឈ្នួលសម្រាប់មួយឆ្នាំបាន ដោយសារការខូចខាតផ្នែកណាមួយនៃអចលនវត្ថុនោះ។ អ្នកជួលអចិន្ត្រៃយ៍មានកាតព្វកិច្ចបង់ថ្លៃឈ្នួលឱ្យទាន់ពេលវេលាកំណត់ ថែរក្សាអចលនវត្ថុ ដោយត្រូវប្រើប្រាស់ និងអាស្រ័យផលលើអចលនវត្ថុក្នុងនាមជាអ្នកគ្រប់គ្រប់ដោយសុចរិត ។ * ការបញ្ចប់សិទ្ធិជួលអចិន្រ្តៃយ៍ៈ៖ នៅពេលបញ្ចប់ការជួលអចិន្ត្រៃយ៍ អ្នកឱ្យជួលអចិន្ត្រៃយ៍ មិនអាចទាមទារឱ្យអ្នកជួលអចិន្ត្រៃយ៍ធ្វើបដិទានចំពោះអចលនវត្ថុ (ធ្វើឱ្យទៅស្ថានភាពដើម) វិញបានឡើយ លើកលែងតែក្នុងករណីដែលអ្នកជួលអចិន្ត្រៃយ៍បានបំផ្លាញ ឬបំប្លែងនូវទ្រង់ទា្រយដើមរបស់អចលនវត្ថុនោះ ទើបអ្នកឱ្យជួលអចិន្ត្រៃយ៍មានសិទ្ធិទាមទារឱ្យធ្វើការបដិទានឡើងវិញបាន។ លើសពីនេះទៅទៀតចំពោះ សំណង់ ឬការ្យកែលម្អ ជាអាទិ៍ ដែលអ្នកជួលអចិន្ត្រៃយ៍បានសាងសង់ ឬកែលម្អ គឺត្រូវបានក្លាយជាកម្មសិទ្ធិរបស់អ្នកឱ្យជួលអចិន្ត្រៃយ៍ ប៉ុន្តែបើទោះបីជាច្បាប់បានកំណត់បែបនេះក៏ដោយ ក៏ភាគីនៃសិទ្ធិជួលអចិន្ត្រៃយ៍ អាចធ្វើការសន្យាពិសេសផ្សេងពីការកំណត់ខាងលើនេះ ប៉ុន្តែការសន្យាពិសេសនោះ ត្រូវធ្វើការចុះបញ្ជីទើបអាចតតំាងចំពោះតតិយជនបាន។ សរុបសេចក្តីមកសិទ្ធិជួលអចិន្ត្រៃយ៍ គឺសិទ្ធិមួយដែលអនុញ្ញាត និងផ្តល់អត្ថប្រយោជន៍ឱ្យអ្នកជួលអចិន្រ្តៃយ៍អាចប្រើប្រាស់ និងអាស្រ័យផលលើអចលនវត្ថុក្នុងរយៈពេលវែង ដោយសិទ្ធិជួលអចិន្រ្តៃយ៍បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិឆ្ពោះទៅកាន់អនាគតដ៏រីកចម្រើន តាមរយៈការសាងសង់សហគ្រាសពាណិជ្ជកម្ម (រោងចក្រ) ការសាងសង់អគារសហកម្មសិទ្ធិ (ខុនដូ) ការសាងសង់ផ្ទះល្វែង និងសំណង់អគារផ្សេងៗជាច្រើនទៀត ដែលសុទ្ធសឹងតែជួយលើកកម្ពស់ដល់វិស័យសេដ្ឋកិច្ចជាតិ និងជាកត្តារួមចំណែកដែលប្រទេសជាតិពុំអាចខ្វះបានផងដែរ៕ រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក ប៉ូល គីមសេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅ អគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិឧញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.

2021-03-16 10:06:12

យល់ដឹងផ្នែកច្បាប់៖ បទល្មើសក្នុងវិស័យព័ត៌មានវិទ្យា

(ភ្នំពេញ)៖ ក្នុងសម័យបច្ចុប្បន្ននេះមនុស្សទូទាំងពិភពលោករស់នៅក្នុងសម័យទំនើប ដែលមានបច្ចេកវិទ្យាខ្ពស់ និងភាពជឿនលឿនសម្បូរបែបសព្វគ្រប់បែបយ៉ាង ។ មួយវិញទៀត ភាពជឿនលឿននៃបច្ចេកវិទ្យា ពិតជាបង្កភាពងាយស្រួលដល់មនុស្សទូទាំងពិភពលោកក្នុងការរស់នៅប្រចាំថ្ងៃ ។ នៅក្នុងសង្គមជាក់ស្តែងយើងសង្កេតឃើញថា ដើម្បីប្រាស្រ័យទាក់ទងគ្នាបានពីប្រទេសមួយទៅប្រទេសមួយ ឬពីទ្វីបមួយទៅទ្វីបមួយទៀតបាន គឺដោយការទាក់ទងគ្នាតាមប្រព័ន្ធអ៉ីនធឺណិត (Internet) យ៉ាងងាយស្រួលដោយគ្រាន់តែបញ្ចូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់តាមប្រព័ន្ធទំនាក់ទំនងសង្គម (ហ្វេសបុក, តេឡេក្រាម, វីឆាត,ឡាញ...ជាដើម) ឬតាមរយៈប្រព័ន្ធទូរស័ព្ទ ។ ជាការពិតណាស់បច្ចេកវិទ្យាពិតជាបង្កលក្ខណៈងាយស្រួល និងកាត់បន្ថយការចំណាយពេលវេលា ហើយថែមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើនពីបច្ចេកវិទ្យាទាំងនោះ។ ដោយឡែកមានមនុស្សមួយចំនួន បានយកភាពជឿនលឿននៃបច្ចេកវិទ្យាទាំងនោះប្រើប្រាស់ក្នុងផ្លូវមិនល្អ ប្រព្រឹត្តអំពើជាបទល្មើសផ្សេងៗតាមរយៈបច្ចេកវិទ្យាទាំងនោះ ដែលជាហេតុនាំឱ្យមានបញ្ហាដល់សង្គម ក៏ដូចជាអ្នកប្រើប្រាស់ផ្សេងទៀត ។ តើសកម្មភាពណាខ្លះដែលអាចចាត់ទុកជាបទល្មើសពាក់ព័ន្ធនឹងព័ត៌មានវិទ្យា ? ក្នុងថ្ងៃនេះដែរ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «បទល្មើសក្នុងវិស័យព័ត៌មានវិទ្យា» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ឱ្យបានដឹងអំពីសកម្មភាពណាខ្លះដែលអាចចាត់ទុកជាបទល្មើសពាក់ព័ន្ធនឹងព័ត៌មានវិទ្យា ដូចខាងក្រោម៖ បទល្មើសក្នុងវិស័យព័ត៌មានវិទ្យា គឺជាបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាជាធរមាន ។ យើងសង្កេតឃើញថាបច្ចុប្បន្នករណីដែលមានការលួចចូលក្នុងទិន្នន័យឯកជនភាពរបស់បុគ្គលដទៃទៀត កំពុងតែកើតមានឡើងជាបន្តបន្ទាប់ បន្ថែមពីនោះមិនត្រឹមតែការលួចចូលក្នុងទិន្នន័យឯកជនប៉ុណ្ណោះទេ ថែមទាំងលួចយកទៅប្រើប្រាស់ក្រោមរូបភាពជាបទល្មើសឆបោក ឬចាប់ជំរិតទាមទារប្រាក់ផ្សេងៗ ដែលបណ្តាលឱ្យមានភាពវឹកវរក្នុងសង្កម ក៏ដូចជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ម្ចាស់សាមីគណនី ក៏ដូចជាម្ចាស់ទិន្នន័យជាដើម ។ ហេតុដូចនេះហើយក្នុងក្រមព្រហ្មទណ្ឌចាប់ពីមាត្រា ៤២៧ ដល់មាត្រា ៤៣២ បានចែងអំពីសកម្មភាព ឬអំពើដែលចាត់ទុកជាបទល្មើសក្នុងវិស័យព័ត៌មានវិទ្យាដូចជា៖ អំពើដែលចូលទៅដល់ ឬស្ថិតនៅនឹងប្រព័ន្ធប្រពឹ្រត្តិកម្មស្វ័យប្រវត្តិនៃទិន្នន័យ ដោយទុច្ចរិត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ខែ ទៅ ១(មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០,០០០ (មួយសែន) រៀល ទៅ ២,០០០,០០០ (ពីរលាន) រៀល ។ តែកាលបើអំពើនោះជាហេតុបណ្តាលឱ្យមានការលុបបំបាត់ ឬកែប្រែទិន្នន័យដែលមាននៅក្នុងប្រព័ន្ធ ឬឱ្យមានការខូចខាតនូវដំណើរការនៃប្រព័ន្ធ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ឆ្នាំ ទៅ ២(ពីរ) ឆ្នាំ ។ ចំពោះអំពើបង្កើតជាឧបសគ្គ ធ្វើឱ្យខូចដំណើរការនៃប្រព័ន្ធប្រព្រឹត្តិកម្មស្វ័យប្រវត្តិនៃទិន្នន័យ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ឆ្នាំទៅ ២(ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០(ពីរលាន) រៀលទៅ ៤,០០០,០០០(បួនលាន) រៀល ។ អំពើបញ្ចូល លុបបំបាត់ ឬកែប្រែដោយទុច្ចរិតនូវទិន្នន័យទៅក្នុងប្រព័ន្ធប្រព្រឹត្តិកម្មស្វ័យប្រវត្ត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំទៅ ២(ពីរ)ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០(ពីរលាន) រៀលទៅ ៤,០០០,០០០(បួនលាន) រៀល ។ ចំពោះអំពើដែលចូលរួមទៅក្នុងក្រុមប្រមូលផ្តុំ ឬក្នុងសន្ទិដ្ឋិភាព ដែលបង្កើតឡើងដើម្បីរៀបចំប្រព្រឹត្តបទល្មើសដែលមានចែង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ឆ្នាំ ទៅ ២(ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០(ពីរលាន) រៀល ទៅ ៤,០០០,០០០ (បួនលាន) រៀល រីឯ ការប៉ុនប៉ងប្រព្រឹត្តបទមជ្ឈិមដែលមានចែង ក៏ត្រូវផ្តន្ទាទោសដូចគ្នានឹងបទមជ្ឈិមខាងលើនេះផងដែរ ។ ស្របពេលនេះដែរមន្ត្រីជំនាញខាងច្បាប់នៃក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងអង្គភាពពាក់ព័ន្ធបាននឹងកំពុងសិក្សាទៅលើសេចក្តីព្រៀងច្បាប់ ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន (Cyber Crime) ដែលមាន ៧ជំពូក និង ៤៨មាត្រា ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្ម Online មួយចំនួនដូចជា ការចាប់ជំរិត និងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ក្រោយពីមានបញ្ហាជាច្រើនកើតឡើងនៅក្នុងប្រទេសកម្ពុជា ។ សរុបសេចក្តីមក គ្រប់អំពើ ឬសកម្មភាពណាមួយដែលលួចចូលទៅក្នុងទិន្នន័យឯកជនរបស់បុគ្គលដទៃទៀត ដោយមិនមានការអនុញ្ញាត គឺជាបទល្មើសដែលប្រឈមនឹងច្បាប់ជាធរមាន ។ បច្ចេកវិទ្យាក៏ជាមុខព្រួញពីរសំខាន់ វាអាចនាំយើងឱ្យមានភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃ ការបំពេញការងារ និងក្នុងការទំនាក់ទំនង ហើយក៏អាចបង្កជាហានិភ័យដល់យើងក្នុងសង្គមបានផងដែរ ប្រសិនបើយើងយកភាពជឿនលឿននៃបច្ចេកវិទ្យានោះទៅប្រើប្រាស់ក្នុងផ្លូវមិនល្អ ៕

2021-03-16 10:00:45

យល់ដឹងផ្នែកច្បាប់៖ ការទទួលខុសត្រូវចំពោះបំណុលរួមរបស់ប្តីប្រពន្ធ

(ភ្នំពេញ)៖ ក្នុងករណី ប្តីប្រពន្ធ / ប្តី ឬប្រពន្ធ មានជំពាក់បំណុល ឬកាតព្វកិច្ចផ្សេងទៀត តើពួកគេត្រូវទទួលខុសត្រូវរួមគ្នាដែរឬទេ? សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយ វិភាគទានច្បាប់ ក្នុងគម្រោង ស្តីពី ការបណ្តុះបណ្តាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកប្រធានបទស្តីពី «ការទទួលខុសត្រូវចំពោះបំណុលរួមរបស់ប្តីប្រពន្ធ» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖ តាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិអំពីសិទ្ធិរបស់សហព័ទ្ធ (ប្តីប្រពន្ធ) ទាក់ទងនឹងការប្រើប្រាស់ គ្រប់គ្រងទ្រព្យសម្បត្តិរួម នៅក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍ និងសិទ្ធិបែងចែកទ្រព្យសម្បត្តិរួម នៅពេលលែងលះ។ ទន្ទឹមនឹងនោះ ច្បាប់ក៏បានបញ្ញត្តអំពីបំណុល ឬកាតព្វកិច្ចផ្សេងទៀតរបស់ប្តីប្រពន្ធ ដែលកើតមានក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ដោយកំណត់ឱ្យប្តីប្រពន្ធត្រូវទទួលខុសត្រូវរួមគ្នា (កាតព្វកិច្ចសាមគ្គី) ចំពោះបំណុលរួមផងដែរ។ តើអ្វីទៅជាបំណុលរួម? បំណុលរួម គឺជាសោហ៊ុយចំណាយដូចខាងក្រោម៖ ១៖ សោហ៊ុយដើម្បីរក្សាជីវភាពរួមរបស់ប្តីប្រពន្ធ និងសោហ៊ុយដើម្បីការអប់រំ ឬការព្យាបាល ថែទាំកូនជាអាទិ៍ (មាត្រា ៩៧៥ ចំណុច «ក» នៃក្រមរដ្ឋប្បវេណី)។ ឧទាហរណ៍៖ ប្តីបានចាកចេញពីផ្ទះទៅរស់នៅជាមួយស្រីកំណាន់ ហើយក៏មិនបានផ្តល់ប្រាក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារដែរ ប្រពន្ធត្រូវទទួលខុសត្រូវចំពោះការចំណាយនៅក្នុងគ្រួសារ ជាពិសសថ្លៃឈ្នួលផ្ទះជារៀងរាល់ខែ។ ដោយសារជីវភាពជួបបញ្ហា ប្រពន្ធបានខ្ចីប្រាក់ពីបងស្រីរបស់ខ្លួនចំនួន ២.០០០ដុល្លារ ប្រាក់នោះត្រូវបានចំណាយសម្រាប់ថ្លៃឈ្នួលផ្ទះក្នុងមួយខែ ចំនួន ៣០០ ដុល្លារ រយៈពេល ៣ ខែ ស្មើនឹងចំនួន ៩០០ ដុល្លារ ហើយបានទិញម៉ូតូមួយគ្រឿងសម្រាប់ជិះទៅធ្វើការ និងជូនកូនទៅសាលារៀន (ម៉ូតូចាស់បានខូច) ក្នុងតម្លៃ ៥០០ ដុល្លារ និងប្រាក់ចំនួន ៦០០ ដុល្លារទៀត សម្រាប់ការចំណាយថ្លៃទឹកភ្លើង អាហារហូបចុកប្រចាំថ្ងៃ។ បំណុលចំនួន ២.០០០ ដុល្លារ ដែលប្រពន្ធជាអ្នកខ្ចីពីបងស្រី ត្រូវបានរាប់បញ្ចូលជាសោហ៊ុយសម្រាប់កិច្ចការគ្រួសារ ដែលច្បាប់កំណត់ថា ជាបំណុលរួម ហើយប្តីប្រពន្ធត្រូវទទួលខុសត្រូវរួមគ្នា ទោះបីជាប្រពន្ធជាអ្នកខ្ចីតែម្នាក់ឯងក៏ដោយ។ ក្នុងករណីនេះ ប្តីមិនអាចបដិសេធថា ខ្លួនមិនដឹងពីរឿងនេះ ខ្លួនមិនមែនជាអ្នកខ្ចី សូមទាមទារពីប្រពន្ធរបស់ខ្លួនដែលជាអ្នកខ្ចីនោះទេ។ ២៖ បំណុលដែលប្តីប្រពន្ធទាំងសងខាង បានព្រមព្រៀងតាមលិខិតជាលាយល័ក្ខណ៍អក្សរជាមួយម្ចាស់បំណុល នៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ឬបំណុលដែលប្តី ឬប្រពន្ធតែម្ខាង បានខ្ចីពីម្ចាស់បំណុលដោយមានការយល់ព្រមតាមលិខិតជាលាយល័ក្ខណ៍អក្សរពីប្តី ឬប្រពន្ធម្ខាងទៀត នៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ (មាត្រា ៩៧៥ ចំណុច «ខ» នៃក្រមរដ្ឋប្បវេណី)។ ឧទាហរណ៍៖ ប្តី និងប្រពន្ធ បានចុះកិច្ចសន្យាទិញផ្ទះ ក្នុងតម្លៃ ១០០.០០០ ដុល្លារ ដោយប្រើប្រាស់លុយរួម (ទ្រព្យរួម) ចំនួន ៨០.០០០ ដុល្លារ និងប្រាក់ចំនួន ២០.០០០ ដុល្លារទៀត ប្តីប្រពន្ធនោះបានចុះកិច្ចសន្យាខ្ចីប្រាក់ (លិខិតលាយល័ក្ខណ៍អក្សរ) ជាមួយធនាគារ។ ក្នុងករណីនេះ បំណុលដែលប្តីប្រពន្ធជំពាក់ធនាគារចំនួន ២០.០០០ ដុល្លារ គឺជាបំណុលរួម ដែលប្តីប្រពន្ធទាំងសងខាង បានព្រមព្រៀងគ្នាបង្កើត ហេតុនេះប្តីប្រពន្ធត្រូវទទួលខុសត្រូវចំពោះបំណុលរបស់ធនាគារដោយរួមគ្នា។ ៣៖ សោហ៊ុយដើម្បីគ្រប់គ្រង និងរក្សាទ្រព្យសម្បត្តិរួម (មាត្រា ៩៧៥ ចំណុច «គ» នៃក្រមរដ្ឋប្បវេណី)។ ឧទាហរណ៍៖ ផ្ទះដែលជាទ្រព្យរួមរបស់ប្តីប្រពន្ធ ត្រូវបានរងការខូចខាតដោយសារទឹកលិចនៅរដូវវស្សា មានភាពចាំបាច់ត្រូវជួសជុល ហើយប្រពន្ធ (ម្ចាស់ការ) បានឱ្យជាង (អ្នកម៉ៅការ) ជួសជុល ដោយចំណាយប្រាក់អស់ ៧.០០០ ដុល្លារ។ ប៉ុន្តែក្រោយបញ្ចប់ការជួសជុល ម្ចាស់ការបង់ប្រាក់ឱ្យអ្នកម៉ៅការ មិនគ្រប់ចំនួនទេ នៅខ្វះចំនួន ២.០០០ ដុល្លារទៀត។ ក្នុងករណីនេះ កាតព្វកិច្ចចំនួន ២.០០០ ដុល្លារ គឺជាសោហ៊ុយដើម្បីថែរក្សាទ្រព្យសម្បត្តិរួម ហេតុនេះជាបំណុលរួមដែលប្តីប្រពន្ធត្រូវទទួលខុសត្រូវរួមគ្នា។ ចំពោះបំណុល ឬ កាតព្វកិច្ចផ្សេងទៀត ដែលប្តី ឬប្រពន្ធតែម្ខាង ជាអ្នកបង្កើត ដែលមិនពាក់ព័ន្ធនឹងសោហ៊ុយដើម្បីរក្សាជីវភាពរួមជាអាទិ៍ ឬការគ្រប់គ្រងថែរក្សាទ្រព្យសម្បត្តិរួម មិនមែនជាបំណុលរួមទេ ហើយមិនអាចទាមទារឱ្យប្តីប្រពន្ធទទួលខុសត្រូវរួមគ្នានោះទេ ពោលគឺត្រូវទទួលខុសត្រូវរៀងៗខ្លួន (អ្នកណា ជាអ្នកបង្កើតកាតព្វកិច្ច/បំណុល អ្នកនោះជាអ្នកទទួលខុសត្រូវ)។ ឧទាហរណ៍៖ ប្តីកំពុងមានស្នេហាលួចលាក់ជាមួយស្រីកំណាន់របស់ខ្លួន ហើយដោយសារចង់យកចិត្តយកថ្លើមស្រីកំណាន់ ប្តីបានខ្ចីប្រាក់ពីមិត្តភក្តិរបស់ខ្លួនចំនួន ៣.០០០ ដុល្លារ ដើម្បីទិញចិញ្ចៀនពេជ្រមួយវង់ឱ្យស្រីកំណាន់។ បំណុលចំនួន ៣.០០០ ដុល្លារ ជាបំណុល ដែលកើតពីអំពើសាវារបស់ប្តី ហើយប្តីចុះកិច្ចសន្យាតែម្នាក់ឯង ហេតុនេះ បំណុលនោះមិនមែនជាបំណុលរួមទេ នាំឱ្យប្តីត្រូវទទួលខុសត្រូវតែម្នាក់ឯង។ តើការទទួលខុសត្រូវដោយរួមគ្នាចំពោះបំណុលរួម មានន័យដូចម្តេច? ប្តីប្រពន្ធត្រូវទទួលខុសត្រូវដោយរួមគ្នាចំពោះបំណុលរួម ហៅថា កាតព្វកិច្ចដោយសាមគ្គីភាព (មាត្រា ៩៧៥ និងមាត្រា ៩២១ នៃក្រមរដ្ឋប្បវេណី)។ ការទទួលខុសត្រូវដោយរួមគ្នា ឬសាមគ្គីភាព មានន័យថា ម្ចាស់បំណុលអាចទាមទារឱ្យកូនបំណុលណាម្នាក់ អនុវត្តកាតព្វកិច្ចទាំងអស់ ឬមួយភាគ ឬឱ្យកូនបំណុលទាំងអស់អនុវត្តកាតព្វកិច្ចទាំងអស់ ឬមួយភាគដោយព្រមគ្នា ឬដោយបន្តបន្ទាប់។ ឧទាហរណ៍៖ ប្តី និងប្រពន្ធ បានខ្ចីលុយពីធនាគារចំនួន ១០០.០០០ ដុល្លារ ដើម្បីទិញផ្ទះ ផ្អែកតាមច្បាប់ បំណុលចំនួន ១០០.០០០ ដុល្លារ ជាបំណុលរួម។ ក្នុងករណីនេះ ម្ចាស់បំណុល ⓐ អាចទាមទារប្រាក់ ១០០.០០០ ដុល្លារ ពីប្តីតែម្នាក់ ឬពីប្រពន្ធតែម្នាក់ ឬ ⓑ ទាមទារប្រាក់ ១០០.០០០ ដុល្លារ ពីប្តី និងប្រពន្ធ ឬ ⓒ ទាមទារប្រាក់ ១០០.០០០ ដុល្លារ ពីប្រពន្ធចំនួន ៥០.០០០ ដុល្លារ និងពីប្តីចំនួន ៥០.០០០ ដុល្លារ។ ប្រសិនបើ ម្ចាស់បំណុលជ្រើសរើសប្តឹងទាមទារបំណុលចំនួន ១០០.០០០ ដុល្លារពីប្តីតែម្នាក់ ក្នុងករណីនេះ ប្តីត្រូវទទួលខុសត្រូវ ដោយមិនអាចបដិសេធថា «ខ្ញុំទទួលខុសត្រូវតែ ៥០.០០០ ដុល្លារតែប៉ុណ្ណោះ ចំណែកឯ ៥០.០០០ ដុល្លារទៀត សូមទាមទារពីប្រពន្ធរបស់ខ្ញុំ» បានឡើយ ពីព្រោះប្តីប្រពន្ធមានករណីយកិច្ចដោយសាមគ្គីភាពចំពោះបំណុលចំនួន ១០០.០០០ ដុល្លារ ហេតុនេះ ប្តីប្រពន្ធត្រូវទទួលខុសត្រូវដោយរួមគ្នា ដោយមិនអាចបែងចែកបន្ទុកនៃការទទួលខុសត្រូវបានទេ។ ម្យ៉ាងវិញទៀត នៅពេលដែលប្តីបានសងប្រាក់ ១០០.០០០ ដុល្លារទៅម្ចាស់បំណុល នាំឱ្យកាតព្វកិច្ចរបស់ប្រពន្ធក៏ត្រូវរលត់ដែរចំពោះបំណុល ១០០.០០០ ដុល្លារ៕ រៀបរៀងដោយ៖ កញ្ញា ឈុំ មុនីសុជាតា មេធាវីនៃក្រុមមេធាវី ជេ ស៊ី និងជាសមាជិកវិភាគទានច្បាប់

2021-03-16 09:55:58

យល់ដឹងផ្នែកច្បាប់៖ សិទ្ធិខាងរូបភាព

(ភ្នំពេញ)៖ នៅក្នុងសង្គមបច្ចុប្បន្ន ប្រព័ន្ធបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការចូលរួមចំណែកបំពេញនូវរាល់តម្រូវការសង្គម។ នៅក្នុងនោះ ប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម ដូចជា ហ្វេសប៊ុក (Facebook) ជាដើម មានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ជាមួយនឹងមុខងារជាច្រើនដែលផ្ដល់ឲ្យអ្នកប្រើប្រាស់ ដូចជាការបញ្ចេញនូវមតិ និងចែកចាយព័ត៌មានផ្សេងៗទៅឱ្យអ្នកដទៃបានដឹងផងដែរ។ ទន្ទឹមនឹងនេះ ការចែកចាយនេះអាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិបុគ្គល ជាពិសេសទាក់ទងនឹងសិទ្ធិខាងរូបភាពរបស់បុគ្គល។ រូបភាពមួយចំនួន ដែលបានថត និងចែកចាយដោយមិនមានការអនុញ្ញាតពីម្ចាស់រូប វាអាចធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ ក៏ដូចជាភាពឯកជនរបស់អ្នកដទៃ ដែលអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន។ ដូចនេះ ដើម្បីបង្ហាញឲ្យបានច្បាស់ ថាតើអ្វីទៅជាសិទ្ធិខាងរូបភាពរបស់បុគ្គលម្នាក់ៗ? តើសិទ្ធិខាងរូបភាពរបស់បុគ្គលម្នាក់ត្រូវបានការពារដោយច្បាប់យ៉ាងដូចម្ដេច? ហើយថាតើអ្នកដែលធ្វើឲ្យប៉ះពាល់សិទ្ធិខាងរូបភាពរបស់អ្នកដទៃនឹងត្រូវទទួលខុសត្រូវបែបណាខ្លះ ? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «សិទ្ធិខាងរូបភាព» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖ សិទ្ធិខាងរូបភាព គឺជាសិទ្ធិផ្ដាច់មុខរបស់បុគ្គល ដែលមានចំពោះរូបភាពនានាដែលអាចបង្ហាញពីបុគ្គលនោះ ឬអត្តសញ្ញាណរបស់បុគ្គលនោះ ដែលត្រូវបានការពារដោយច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ សិទ្ធិខាងរូបភាព គឺជាផ្នែកមួយនៃសិទ្ធិបុគ្គល ដែលសិទ្ធិនេះ សំដៅលើសិទ្ធិដែលមានអត្ថន័យពាក់ព័ន្ធជិវិត រូបកាយ សុខភាព សេរីភាព នាម កិត្តិយស ភាពឯកជន ឬ សិទ្ធិផ្សេងទៀតដែលជាផលប្រយោជន៍ទាក់ទងនឹងលក្ខណៈបុគ្គល (មាត្រា ១០ នៃក្រមរដ្ឋប្បវេណី)។ ដូចនេះនៅពេលដែលសកម្មភាពណាមួយបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិបុគ្គល ដែលជាសិទ្ធិខាងរូបភាពរបស់បុគ្គលដទៃជាអាទិ៍ ច្បាប់ក៏បានផ្ដល់សិទ្ធិមួយចំនួនដល់បុគ្គលដែលទទួលរងអំពើបំពាននោះ ដើម្បីទាមទារមកវិញពីបុគ្គលប្រព្រឹត្តអំពើបំពាននោះ ដូចខាងក្រោម៖ ១៖ សិទ្ធិទាមទារឲ្យបញ្ឈប់៖ ប្រសិនបើបានដឹងថាអាចមានអំពើណាមួយប៉ះពាល់ដល់សិទ្ធិខាងរូបភាពរបស់ខ្លួន បុគ្គលនោះអាចទាមទារឲ្យអ្នកប្រព្រឹត្តបញ្ឈប់សកម្មភាពខ្លួនបាន (មាត្រា ១១ នៃក្រមរដ្ឋប្បវេណី)។ ២៖ សិទ្ធិទាមទារឲ្យដកចេញនូវលទ្ធផលនៃសកម្មភាពរំលោភ៖ ប្រសិនបើអំពើបំពានសិទ្ធិខាងរូបភាពនោះត្រូវបានប្រព្រឹត្តរួចទៅហើយ និងត្រួវបានយកទៅប្រើប្រាស់ក្នុងសកម្មភាពណាមួយ បុគ្គលនោះអាចទាមទារឲ្យដកចេញ ឬបញ្ឈប់សកម្មភាពនោះភ្លាមបាន (មាត្រា ១២ នៃក្រមរដ្ឋប្បវេណី)។ ៣៖ សិទ្ធិទាមទារសំណងការខូចខាត៖ ប្រសិនបើអំពើបំពានខាងលើធ្វើឲ្យមានការខូចខាតណាមួយ បុគ្គលដែលទទួលរងអំពើបំពាននោះអាចទាមទារសំណងការខូចខាតពីអំពើដែលបានធ្វើនោះបាន (មាត្រា ១៣ នៃក្រមរដ្ឋប្បវេណី)។ ពិសេសពីនេះទៅទៀត ក្នុងករណីបុគ្គលនោះបានធ្វើសកម្មភាពណាមួយធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គលរបស់អ្នកដទៃដែលជាបទល្មើសព្រហ្មទណ្ឌ ដូចជា ការប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គលជាអាទិ៍ ដូចនេះបុគ្គលនោះនឹងទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ។ ឧទាហរណ៍៖ លោក (ក) បានថតរូបភាពលោក (ខ) នៅក្នុងទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីលោក (ខ) ទេ ដូចនេះលោក (ក) ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា ដែលមានចែងនៅក្នុងមាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ ថា «អំពើថតរូបភាពនៃបុគ្គលនៅក្នុងទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ ត្រូវផ្តន្តាទោសដាក់ពន្ធនាគារ ពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ ត្រូវបានសន្មតជាការព្រមព្រៀង ប្រសិនបើបុគ្គលដែលពាក់ព័ន្ធនេះបានទទួលដំណឹងអំពីការថតហើយ បុគ្គល នេះមិនបានជំទាស់ទេនោះ»។ សរុបមក សិទ្ធិខាងរូបភាពរបស់បុគ្គលម្នាក់ៗ ជាផ្នែកមួយនៃសិទ្ធិបុគ្គល ដែលត្រូវបានគាំពារដោយច្បាប់ ក្នុងគោលបំណងធានាបាននូវការគោរពដល់សិទ្ធិ និងភាពឯកជនរបស់បុគ្គលម្នាក់ៗ។ ផ្ទុយទៅវិញប្រសិនបើបុគ្គលណាម្នាក់បានប្រព្រឹត្តអំពើណាមួយដែលប៉ះពាល់ដល់សិទ្ធិខាងរូបភាពរបស់អ្នកដទៃ បុគ្គលនោះត្រូវទទួលខុសត្រូវផ្នែក រដ្ឋប្បវេណីចំពោះអំពើអនីត្យានុកូលរបស់ខ្លួន និងអាចទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះអំពើដែលកំណត់ថាជាបទល្មើសព្រហ្មទណ្ឌផងដែរ។ រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក ជា សុភាព ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយ អត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៉ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com,ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2021-03-16 09:51:45

យល់ដឹងផ្នែកច្បាប់៖ កម្មវត្ថុនៃប្រទានកម្ម ជាទ្រព្យសម្បត្តិរួមប្តីប្រពន្ធ

(ភ្នំពេញ)៖ តើត្រូវធ្វើការចាត់ចែងបែបណាឱ្យមានភាពត្រឹមត្រូវតាមផ្លូវច្បាប់ ក្នុងករណីឪពុកម្តាយមានបំណងធ្វើប្រទានកម្ម (អំណោយ) នូវទ្រព្យសម្បត្តិរួម របស់ខ្លួនឱ្យទៅកូន? សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយ វិភាគទានច្បាប់ ក្នុងគម្រោង ស្តីពី ការបណ្តុះបណ្តាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកប្រធានបទស្តីពី «កម្មវត្ថុនៃប្រទានកម្ម ជាទ្រព្យសម្បត្តិរួមប្តីប្រពន្ធ» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖ ឪពុកម្តាយតែងតែយកចិត្តទុកដាក់ ចិញ្ចឹមបីបាច់ថែរក្សា បារម្ភអំពីជីវភាពរស់នៅ និងអនាគតរបស់កូន ទោះបីជាកូនក្លាយជាមនុស្សពេញវ័យ (នីតិជន) ឬបានរៀបអាពាហ៍ពិពាហ៍ហើយក៏ដោយ។ ជាក់ស្តែង ឪពុកម្តាយភាគច្រើនដែលមានលទ្ធភាព ឬមានទ្រព្យច្រើន តែងតែប្រគល់នូវទ្រព្យសម្បត្តិណាមួយរបស់ ពួកគាត់ឱ្យទៅកូនៗសម្រាប់ជាទុនក្នុងការប្រកបអាជីវកម្ម ឬផ្គត់ផ្គង់ជីវភាពរស់នៅក្នុងគ្រួសាររបស់កូន។ នៅក្នុងគ្រួសារខ្លះ នៅពេលដែលឪពុកម្តាយបែកបាក់គ្នា ហើយឈានដល់ការលែងលះ ដែលជាហេតុនាំឱ្យមានការបែងចែកទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធ ក៏ពួកគេមានបំណងចង់ឱ្យតុលាការធ្វើការបែងចែកទ្រព្យរួម ឱ្យទៅកូនរបស់ពួកគេផងដែរ។ ក្នុងករណីដែលឪពុកម្តាយបានប្រគល់ទ្រព្យណាមួយរបស់ពួកគាត់ឱ្យទៅកូន ហើយកូនយល់ព្រមទទួល ចំណុចនេះ តាមផ្លូវច្បាប់ហៅថា ប្រទានកម្ម (អំណោយ)។ ការធ្វើអំណោយនូវទ្រព្យណាមួយឱ្យទៅកូនរបស់ខ្លួន ទោះបីជាទ្រព្យនោះជាទ្រព្យរួមរបស់ប្តីប្រពន្ធពួកគាត់ក៏ដោយ ក៏ពុំមានបញ្ហាអ្វីដែរ ប្រសិនបើប្តីប្រពន្ធឯកភាពគ្នាក្នុងការប្រគល់ទ្រព្យសម្បត្តិដែលជាទ្រព្យរួមឱ្យទៅកូន សកម្មភាពនេះតាមផ្លូវច្បាប់ ហៅថាការចាត់ចែងទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធ។ ចំពោះកម្មវត្ថុនៃប្រទានកម្ម គឺជាអចលនវត្ថុ ឪពុកម្តាយ (អ្នកធ្វើអំណោយ) និងកូន (អ្នកទទួលអំណោយ) ត្រូវធ្វើកិច្ចសន្យាប្រទានកម្មតាមទម្រង់នៃលិខិយថាភូត (ជាក់ស្តែងហៅថា លិខិតអំណោយផ្តាច់)។បញ្ហាចោទគឺ ករណីឪពុកម្តាយលែងលះគ្នា ហើយស្នើសុំឱ្យតុលាការបែងចែកទ្រព្យសម្បត្តិរួម ឱ្យទៅកូន (ប្រទានកម្ម) ជាកំហុសឆ្គងតាមផ្លូវច្បាប់។ នៅក្នុងការអនុវត្តជាក់ស្តែង យើងឃើញថា មានករណីខ្លះ នៅពេលដែលប្តីប្រពន្ធធ្វើការលែងលះគ្នា ទ្រព្យសម្បត្តិរួមខ្លះ ឬទាំងស្រុង ត្រូវបានស្នើសុំឱ្យតុលាការបែងចែកឱ្យទៅកូនរបស់ពួកគេ ហើយសេចក្តីសម្រេចបញ្ចប់បានធ្វើការបែងចែកទ្រព្យសម្បត្តិរួមប្តីប្រពន្ធឱ្យទៅកូន។ ឧទាហរណ៍ ប្តីប្រពន្ធមានផ្ទះ (លំនៅឋានគ្រួសារ) ចំនួន ០១ កន្លែង និងប្រាក់ចំនួន ២០០.០០០ ដុល្លារ ពួកគេបានស្នើសុំឱ្យតុលាការបែងចែកផ្ទះឱ្យទៅកូន ហើយប្រាក់ចំនួន ២០០.០០០ ដុល្លារ ប្តីទទួលបាន ១០០.០០០ ដុល្លារ ប្រពន្ធទទួលបាន ១០០.០០០ ដុល្លារ។ ចំពោះករណីនេះ តុលាការមិនអាចធ្វើការបែងចែកទ្រព្យសម្បត្តិរួមតាមការស្នើសុំរបស់ភាគីប្តីប្រពន្ធបានទេ ពីព្រោះការបែងចែកទ្រព្យសម្បត្តិនៅពេលលែងលះគ្នា គឺជាការបែងចែកនូវទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធ រវាងប្តីប្រពន្ធនោះតែប៉ុណ្ណោះ ហេតុនេះតុលាការពុំអាចធ្វើការបែងចែកទ្រព្យសម្បត្តិ ដែលបានកំណត់ជាក់លាក់ទៅឱ្យតតិយជន (កូន) ក្រៅពីភាគីប្តីប្រពន្ធបានឡើយ។ ម្យ៉ាងវិញទៀត សេចក្តីសម្រេចអំពីការលែងលះ ជាសេចក្តីសម្រេចដែលកំណត់អំពីការរំលាយអាពាហ៍ពិពាហ៍ បែងចែកទ្រព្យសម្បត្តិរួម កំណត់អំពីអ្នកមានអំណាចមេបាចំពោះកូនជាអាទិ៍ ប៉ុន្តែមិនអាចកំណត់អំពីការចាត់ចែងទ្រព្យសម្បត្តិរបស់ប្តីប្រពន្ធនោះទេ ពីព្រោះប្រសិនបើប្តីប្រពន្ធធ្វើការចាត់ចែងទ្រព្យសម្បត្តិរួម នោះទ្រព្យសម្បត្តិទំាងអស់នោះ លែងក្លាយជាកម្មវត្ថុនៃការបែងចែកនៅក្នុងសេចក្តីសម្រេចរបស់តុលាការទៀតហើយ។ ការធ្វើប្រទានកម្មនូវទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធឱ្យទៅកូន ជាសកម្មភាពនៃការចាត់ចែងទ្រព្យរួមរបស់ប្តីប្រពន្ធ ហេតុនេះមិនមែនជាកម្មវត្ថុដែលតុលាការអាចធ្វើការកំណត់នៅក្នុងសេចក្តីសម្រេចលែងលះនោះទេ។ សរុបមក ប្រសិនបើប្តីប្រពន្ធលែងលះគ្នា ហើយមានបំណងប្រគល់ទ្រព្យសម្បត្តិ ដែលជាទ្រព្យរួមរបស់ប្តីប្រពន្ធឱ្យទៅកូន សូមធ្វើតាមរយៈកិច្ចសន្យាគឺគ្រប់គ្រាន់ ពុំគប្បីស្នើសុំក្នុងបណ្តឹង ឬពាក្យសុំលែងលះនោះទេ ហើយទោះបីជាសេចក្តីសម្រេចរបស់តុលាការ ធ្វើការបែងចែកទ្រព្យរួមប្តីប្រពន្ធឱ្យទៅកូនក៏ដោយ ក៏សេចក្តីសម្រេចនោះពុំមានអានុភាពតាមផ្លូវច្បាប់ដែរ ចំពោះការបែងចែកទ្រព្យសម្បត្តិឱ្យទៅកូន។ រៀបរៀងដោយ៖ លោកមេធាវី អ៉ីវ ប៉ូលី គ្រូបង្រៀនច្បាប់នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ជាអ្នកបណ្តុះបណ្តាលនៃកម្មវិធីវិភាគទានច្បាប់ ទូរស័ព្ទលេខ ០១៧ ៥២៣ ២២៩ ៕

2021-03-16 09:19:24

យល់ដឹងផ្នែកច្បាប់៖ សិទ្ធិកាន់កាប់

(ភ្នំពេញ)៖ ជាទូទៅបុគ្គលម្នាក់ៗមានសិទ្ធិទៅលើវត្ថុ ទៅតាមស្ថានភាពនៃទំនាក់ទំនងគតិយុត្ដផ្សេងៗគ្នា ដោយនៅក្នុងចំណោមសិទ្ធិទាំងនោះ យើងឃើញថា សិទ្ធិកាន់កាប់គឺជាសិទ្ធិមួយប្រភេទដែលមានលក្ខណៈទូលំទូលាយជាងគេនៅក្នុងចំណោមសិទ្ធិលើវត្ថុផ្សេងទៀត។ សិទ្ធិកាន់កាប់ត្រូវបានគេយកមកប្រើប្រាស់ក្នុងការគ្រប់គ្រងលើវត្ថុទាំងចលនវត្ថុ និងអចលនវត្ថុ នៅក្នុងគ្រប់រូបភាពដូចជាតាមរយៈទាំងកិច្ចសន្យា (កិច្ចសន្យាជួល កិច្ចសន្យាខ្ចីប្រើ ជាអាទិ៍) និងទំនាក់ទំនងក្រៅកិច្ចសន្យា (ការកាន់កាប់លើវត្ថុដែលរើសបាន ឬវត្ថុដែលគ្មានម្ចាស់ ជាអាទិ៍)។ ដើម្បីយល់ដឹងកាន់តែច្បាស់ ថាតើ សិទ្ធិកាន់កាប់ គឺជាអ្វី ហើយវាមានទម្រង់លក្ខណៈបែបណា? សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «សិទ្ធិកាន់កាប់» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖ សិទ្ធិកាន់កាប់ ជាប្រភេទនៃសិទ្ធិប្រត្យក្សមួយ ដែលមានលក្ខណៈពិសេសជាងប្រភេទនៃសិទ្ធិប្រត្យក្សផ្សេងៗទៀត ព្រោះថាសិទ្ធិកាន់កាប់នេះអាចបង្កើតឡើងបាន ទោះបីជាមានមូលហេតុគតិយុត្តត្រឹមត្រូវស្របតាមច្បាប់ ឬ គ្មានក៏ដោយ ពោលគឺត្រឹមតែមានការក្តាប់ទុកវត្ថុនោះដោយ ចំពោះ ឬដោយប្រយោលគឺវាគ្រប់គ្រាន់ហើយសម្រាប់ ការបង្កើតសិទ្ធិកាន់កាប់។ នៅពេលបុគ្គលដែលមានសិទ្ធិកាន់កាប់ ហើយបានបង្កើតទំនាក់ទំនងគតិយុត្តណាមួយដើម្បីឱ្យ ភាគីម្ខាងទៀតធ្វើការកាន់កាប់វត្ថុសម្រាប់ខ្លួន ហើយបានផ្ទេរការកាន់កាប់រួចរាល់នោះ ការកាន់កាប់ដោយចំពោះ និង ការកាន់កាប់ដោយប្រយោលនឹងកើតមានឡើង។ ចំពោះបុគ្គលដែលមានតែសិទ្ធិកាន់កាប់ ហើយគ្មានកម្មសិទ្ធិ លទ្ធភាពក្នុងការបង្កើតទំនាក់ទំនងគតិយុត្តអាចត្រូវបានកម្រិតទៅតាមប្រភេទនៃទំនាក់ទំនងគតិយុត្តនីមួយៗ។ ហើយនៅក្នុងសិទ្ធិកាន់កាប់នេះផងដែរ គឺត្រូវបានបែងចែកការកាន់កាប់ជា ០២ (ពីរ) គឺ ការកាន់កាប់ដោយចំពោះ និង ការកាន់កាប់ដោយប្រយោល។ អ្នកដែលក្តាប់ទុកវត្ថុដោយផ្ទាល់ ហៅថាអ្នកកាន់កាប់ដោយចំពោះ រីឯអ្នកក្តាប់ទុកវត្ថុនោះតាមរយៈអ្នកដទៃ ហៅថាអ្នកកាន់កាប់ដោយប្រយោល។ សូមបញ្ជាក់ថា ការកាន់កាប់ដោយចំពោះ គឺជាការកាន់កាប់ដែលក្តាប់ទុកវត្ថុដោយផ្ទាល់ តាមរយៈមូលហេតុគតិយុត្ត ដែលបានបង្កើតឡើងជាមួយនឹងអ្នកកាន់កាប់ដោយប្រយោល។ ចំណែកឯ ការកាន់កាប់ដោយប្រយោល គឺជាការកាន់កាប់ដោយក្តាប់ទុកវត្ថុតាមរយៈអ្នកដទៃ ក្រោយពីបានបង្កើតទំនាក់ទំនងគតិយុត្ត។ នៅក្នុងការកាន់កាប់នីមួយៗ គឺតែងតែមានការផ្ទេរការកាន់កាប់នៅក្នុងនោះផងដែរ ដោយការផ្ទេរការកាន់កាប់គឺជាសកម្មភាពនៃការផ្លាស់ប្តូរនូវឋានៈនៃអ្នកកាន់កាប់ តាមរយៈការព្រមព្រៀង សន្តតិកម្ម អច្ច័យទាន ឬតាមរយៈហេតុផ្សេងទៀតដែលបានកំណត់ដោយច្បាប់។ ហើយចំពោះវិធីក្នុងការផ្ទេរការកាន់កាប់ គឺមាន ០៤ (បួន) ប្រភេទ ដូចជា ៖ * ការប្រគល់ដោយជាក់ស្ដែង * ការប្ដូរលក្ខណៈនៃការកាន់កាប់ * ការប្រគល់ដោយសង្ខេប * ការផ្ទេរការកាន់កាប់ដោយបញ្ជា។ ចំណែកឯ ការកាន់កាប់ត្រូវរលត់នៅពេលដែលអ្នកកាន់កាប់ បាត់បង់នូវការក្ដាប់ទុកវត្ថុកាន់កាប់។ ហើយចំពោះការរលត់ការកាន់កាប់នេះក៏បានចែកចេញជា ០២ (ពីរ) ដូចគ្នា ដោយមានការរលត់ការកាន់កាប់ដោយចំពោះ និង ការរលត់ការកាន់កាប់ដោយប្រយោល។ សូមជម្រាបថា មូលហេតុនៃការរលត់ការកាន់កាប់ រួមមាន៖ * ការកាន់កាប់ដោយអ្នកកាន់កាប់ដោយចំពោះ នឹងត្រូវរលត់នៅពេលដែលអ្នកកាន់កាប់ដោយចំពោះបានបាត់បង់ការក្ដាប់ទុកវត្ថុជាក់ស្ដែងលើរូបវត្ថុនោះ។ * ការកាន់កាប់របស់អ្នកកាន់កាប់ដោយប្រយោល ត្រូវរលត់ក្នុងករណីដូចជា មានស្ថានភាពដែលត្រូវទទួលស្គាល់ថា អ្នកកាន់កាប់ដោយចំពោះមិនយល់ព្រមនឹងការកាន់កាប់របស់អ្នកកាន់កាប់ដោយប្រយោល ឬ មួយវិញទៀត មូលហេតុគតិយុត្តរបស់អ្នកកាន់កាប់ដោយចំពោះ ក្នុងការកាន់កាប់សម្រាប់អ្នកកាន់កាប់ដោយប្រយោល និងករណីយកិច្ចរបស់អ្នកកាន់កាប់ដោយចំពោះក្នុងការកាន់កាប់សម្រាប់អ្នកកាន់កាប់ដោយប្រយោលត្រូវរលត់។ សរុបមកសិទ្ធិកាន់កាប់ជាសិទ្ធិប្រត្យក្សពិសេសមួយប្រភេទ ដែលមានផលប្រយោជន៍ជាច្រើនដល់បុគ្គលម្នាក់ៗ ក្នុងការប្រើប្រាស់ដើម្បីគ្រប់គ្រង និងក្ដាប់ទុកទៅលើវត្ថុនានា និងអាចយកទៅអះអាងចំពោះបុគ្គលផ្សេងទៀត។ ហើយវាក៏ជាសិទ្ធិមួយដែលផ្ដល់ភាពងាយស្រួលដល់បុគ្គលដែលមិនមែនជាម្ចាស់កម្មសិទ្ធិ អាចមានសិទ្ធិគ្រប់គ្រងទៅលើវត្ថុមួយនោះបានដោយគ្រាន់តែមានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិផងដែរ។ រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៉ីនីត និងលោក រៀម គឹមឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com,ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2021-02-15 11:00:34

យល់ដឹងផ្នែកច្បាប់៖ អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់

(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានប្រកាន់ប្រព័ន្ធសេដ្ឋកិច្ចបែបទីផ្សារសេរី ដែលប្រជាពលរដ្ឋគ្រប់គ្នាអាចចូលរួមសកម្មភាព នៃការជួញដូរបានដោយសេរី គ្មានការលូកដៃ ឬកំណត់ថ្លៃដោយរដ្ឋាភិបាល ប៉ុន្តែការប្រកបអាជីវកម្មត្រូវតែមានការប្រកួតប្រជែងគ្នា ប្រកបដោយសុចរិតភាព និងភាពស្មោះត្រង់ និងចៀសវាងការប្រកបអាជីវកម្មដោយការប្រកួតប្រជែង អាជីវកម្មដោយមិនស្មោះត្រង់ ដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកដទៃ។ ដូច្នេះ តើអ្វីទៅជាអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់? ហើយអំពើនេះត្រូវផ្តន្ទាទោសបែបណា? ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់ពីអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ សម្រាប់សប្ដាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖ អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ គឺជាអំពើនៃការប្រកួតប្រជែងណាដែលផ្ទុយពីគោលការណ៍នៃការអនុវត្តទៀងត្រង់ នៅក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ត្រូវចាត់ទុកថាជាការប្រកួតប្រជែងដោយមិនស្មោះត្រង់។ បន្ថែមពីនេះផងដែរ ក្នុងមាត្រា២៣ នៃច្បាប់ស្ដីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ បានបញ្ញត្តិថា រាល់ទង្វើទាំងឡាយដូចមានរៀបរាប់ខាងក្រោមនេះត្រូវចាត់ទុកថា បានបង្កើតនូវអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់៖ ១៖ ការបង្កើតឱ្យមានការភ័ន្តច្រឡំតាមមធ្យោបាយណាមួយ ជាមួយសហគ្រាស ជាមួយទំនិញ ឬជាមួយសកម្ម ភាពឧស្សាហកម្ម ពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង។ ២៖ ការពោលអះអាងមិនត្រឹមត្រូវក្នុងពាណិជ្ជកម្ម ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ សហគ្រាស ទំនិញ ឬសកម្មភាពឧស្សាហកម្ម ពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង។ ៣៖ ការបញ្ជាក់ ឬការពោលអះអាងដែលបានប្រើប្រាស់នៅក្នុងពាណិជ្ជកម្ម ហើយដែលអាចធ្វើឱ្យសាធារណជនភ័ន្តច្រឡំ អំពីប្រភេទដំណើរការផលិត លក្ខណៈ ភាពសមស្រប សំរាប់គោលបំណងរបស់គេ ឬបរិមាណនៃទំនិញ។ ឧទាហរណ៍៖ លោក «ក» ជាម្ចាស់អាជីវកម្មលក់ផលិតផល ប្រភេទ «A» ដែលបានបង្កើត និងបានយកម៉ាកនោះទៅចុះបញ្ជីត្រឹមត្រូវទៅតាមច្បាប់រួចហើយ តែលោក «ខ» ឃើញផលិតផល ប្រភេទ «A» មានអ្នកនិយមប្រើប្រាស់ច្រើន លោក «ខ» ក៏បានបង្កើតផលិតផលចម្លងតាម លោក «ក» ទាំងស្ទើរទាំងស្រុង ដែលនាំឱ្យមានការភ័ន្តច្រឡំយកទៅធ្វើអាជីវកម្មផ្ទាល់ខ្លួន។ ពោលសកម្មភាពរបស់លោក«ខ» គឺជាការប្រកបអាជីវកម្ម ដែលមានលក្ខណៈប្រកួតប្រជែងមិនស្មោះត្រង់។ យោងតាមស្មារតីមាត្រា ៦៥ នៃច្បាប់ស្ដីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ជនណាដែលបានធ្វើសកម្មភាពដូចខាងក្រោម៖ * ការបង្កើតឱ្យមានការភ័ន្តច្រឡំតាមមធ្យោបាយណាមួយ ជាមួយសហគ្រាស ជាមួយទំនិញ ឬ ជាមួយសកម្មភាពឧស្សាហកម្ម ពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង * ការពោលអះអាងមិនត្រឹមត្រូវក្នុងពាណិជ្ជកម្ម ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ សហគ្រាស ទំនិញ ឬសកម្មភាពឧស្សាហកម្ម ពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង * ការបញ្ជាក់ ឬការពោលអះអាងដែលបានប្រើប្រាស់នៅក្នុងពាណិជ្ជកម្ម ហើយដែលអាចធ្វើឱ្យសាធារណជនភ័ន្តច្រឡំ អំពីប្រភេទ ដំណើរការផលិត លក្ខណៈ ភាពសមស្រប សម្រាប់គោលបំណងរបស់គេ ឬបរិមាណនៃទំនិញ នឹងត្រូវផ្ដន្តាទោស ពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ដល់ ១០.០០០.០០០ (ដប់លាន) រៀល និងត្រូវផ្ដន្តាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ដល់ ១ (មួយ) ឆ្នាំ ឬទោសណាមួយនៃទោសទាំងពីរនេះ។ សរុបមកអំពើនៃការប្រកួតប្រជែងណា ដែលផ្ទុយពីគោលការណ៍នៃការអនុវត្តទៀងទាត់ នៅក្នុងវិស័យឧស្សាហ កម្ម ពាណិជ្ជកម្ម សេវាកម្ម ត្រូវចាត់ទុកថាជាការប្រកួតប្រជែងមិនស្មោះត្រង់ និងដើម្បីការពារនូវពាណិជ្ជនាមក្រុមហ៊ុន ឬសហគ្រាស ដែលជាស្នាដៃរបស់ខ្លួនបាន ម្ចាស់ក្រុមហ៊ុន ឬម្ចាស់សហគ្រាស ចាំបាច់ត្រូវយកពាណិជ្ជនាមដែលខ្លួនបានបង្កើតឡើង ទៅចុះបញ្ជីពាណិជ្ជនាមនៅក្រសួងពាណិជ្ជកម្ម ចៀសវាងនូវការរំលោភបំពានដោយធ្វើការប្រកួតប្រជែងអាជីវកម្មមិនស្មោះត្រង់ ពីសំណាក់ដៃគូ ឬជនខិលខូច ក្នុងកាលៈទេសៈណាមួយជាយថាហេតុ។ រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងលោកស្រី យ៉េ នីតា ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group៕

2021-02-08 16:09:14