023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ ការលុបចោលនូវមតកសាសន៍

(ភ្នំពេញ)៖ ជាការពិតណាស់ បុគ្គលម្នាក់ៗនៅក្នុងសង្គម មានសិទ្ធិចាត់ចែងដោយសេរីនូវទ្រព្យសម្បត្តិរបស់ខ្លួន ដោយផ្អែកទៅលើគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន។ យ៉ាងណាមិញ ចំពោះការសំដែងឆន្ទៈចុងក្រោយ អំពីការចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួន បន្ទាប់ពីទទួលមរណភាព ដែលច្បាប់កំណត់ថាជាការធ្វើមតកសាសន៍ មានអានុភាពអនុវត្តទៅបានលុះត្រាតែ មតកសាសន៍នោះ បានធ្វើឡើងទៅតាមទម្រង់ដែលកំណត់ដោយច្បាប់។ ទោះបីជាមតកសាសន៍ ត្រូវបានធ្វើឡើងតាមរយៈលក្ខខណ្ឌទម្រង់នៃច្បាប់ក៏ដោយ ក៏អាចត្រូវបានលុបចោលវិញតាមវិធីផ្សេងៗផងដែរ។ តើការលុបចោលនូវមតកសាសន៍ អាចធ្វើបានតាមវិធី និងរបៀបណាខ្លះ? សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់ របស់បណ្តាញព័ត៌មាន Fresh News សហការ ជាមួយក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការ អន្តរជាតិ សូមលើកយក ប្រធានបទស្តីពី «ការលុបចោលនូវមតកសាសន៍» មកធ្វើការ ចែករំលែក ជូនបងប្អូន ប្រជាពលរដ្ឋ និងសិស្ស និស្សិត ដូចតទៅ។ ជាទូទៅ ការលុបចោលនូវមតកសាសន៍ គឺអាចលុបចោលដោយម្ចាស់បណ្តាំនៅពេលណាក៏បានដែរ ពោលគឺច្បាប់ តែងតែគោរពនូវឆន្ទៈរបស់បុគ្គលជានិច្ច។ តែការលុបចោលនេះ អាចមានអានុភាពអនុវត្តទៅបាន លុះត្រាតែគោរពទៅតាមបញ្ញត្តិផ្សេងៗដែលមានចែងនៅក្នុងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង បើយោងតាមក្រមរដ្ឋប្បវេណីមាត្រា ១១៨៩ បានបញ្ញត្តិថា៖ *១៖ ម្ចាស់បណ្តាំអាចលុបចោលនូវមតកសាសន៍ មួយភាគ ឬ ទាំងមូលបាន តាមទម្រង់នៃមតកសាសន៍។ *២៖ បើមតកសាសន៍ដែលបានធ្វើក្រោយនេះ មានភាពផ្ទុយនឹងមតកសាសន៍ដែលបានធ្វើមុន ត្រូវចាត់ទុកថា មតកសាសន៍ដែលបានធ្វើក្រោយនោះ បានលុបចោលមតកសាសន៍ដែលបានធ្វើមុន ចំពោះផ្នែកដែលផ្ទុយគ្នានោះ។ យោងទៅតាមស្មារតីនៃមាត្រានេះ ម្ចាស់បណ្តាំអាចធ្វើការលុបចោលនូវមតកសាសន៍បាន តាមរយៈពីររូបភាពគឺ ធ្វើនូវមតកសាសន៍ថ្មីមួយទៀតដែលមានខ្លឹមសារលុបចោលនូវផ្នែកណាមួយ ឬទាំងស្រុងនៃមតកសាសន៍ចាស់ដោយត្រូវសរសេរបញ្ជាក់ឱ្យបានច្បាស់អំពីការលុបចោល និងតាមរយៈរូបភាពមួយទៀតគឺ ការធ្វើមតកសាសន៍ថ្មីដែលមានខ្លឹមសារផ្ទុយចំពោះផ្នែកណាមួយនៃមតកសាសន៍ដែលបានធ្វើមុន។ ឧទាហរណ៍៖ មតកសាសន៍មុនបានចែងថា ឱ្យ X ទទួលសន្តតិកម្មនូវដីចំនួនពីរកន្លែងគឺ ដី (L) និងដី (M)។ តែក្រោយមកនៅក្នុងមតកសាសន៍ថ្មី បានចែងថា ឱ្យ X ទទួលសន្តតិកម្មនូវដី (L) ចំណែកឯ Y ទទួលសន្តតិកម្មនូវដី (M)។ ដូច្នេះនៅក្នុងករណីនេះ មានតែមតកសាសន៍ថ្មីទេដែលមានអានុភាពអាចអនុវត្តបាន។ លើសពីនេះទៅទៀត ដោយយោងទៅតាមមាត្រា ១១៩០ និងមាត្រា ១១៩១ នៃក្រមរដ្ឋប្បវេណី មតកសាសន៍ក៏អាចត្រូវបានលុបចោលផងដែរ ប្រសិនបើ៖ *១៖ ម្ចាស់បណ្តាំបានធ្វើអនុប្បទាន ឬ បានធ្វើសកម្មភាពផ្សេងទៀត ចំពោះវត្ថុដែលជាកម្មវត្ថុនៃមតកសាសន៍ នាពេលនៅរស់ ត្រូវចាត់ទុកថា ម្ចាស់បណ្តាំបានលុបចោលមតកសាសន៍ ចំពោះផ្នែកដែលផ្ទុយនឹងអនុប្បទាន ឬសកម្មភាពផ្សេងនោះ ។ គួរបញ្ជាក់ផងដែរថា នៅត្រង់ចំណុចនេះ មតកសាសន៍ត្រូវបានលុបចោលតែចំពោះផ្នែកដែលពាក់ព័ន្ធនឹងការធ្វើអនុប្បទាន ឬសកម្មភាពនោះតែប៉ុណ្ណោះ ។ ឧទាហរណ៍៖ ក្នុងករណីមតកសាសន៍បានចែងថា X បានទទួលសន្តតិកម្មនូវដី (L) រីឯ Y បានទទួលសន្តតិកម្មនូវដី (M) ពីម្ចាស់បណ្តាំ Z តែក្រោយមកម្ចាស់បណ្តាំ Z បានសម្រេចចិត្តលក់ដី (L) ឱ្យទៅតតិយជនផ្សេងវិញ ដូច្នេះ ការលក់ដី (L) គឺមិនប៉ះពាល់ដល់ដី (M) ដែល Y ទទួលនោះទេ ។ *២៖ ម្ចាស់បណ្តាំបានបំផ្លាញច្បាប់ដើមនៃមតកសាសន៍ ដោយចេតនា ត្រូវចាត់ទុកថា បានលុបចោលមតកសាសន៍ ចំពោះផ្នែកដែលត្រូវបានបំផ្លាញនោះ ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលម្ចាស់បណ្តាំបានបំផ្លាញវត្ថុ ដែលជាកម្មវត្ថុនៃមតកសាសន៍ ដោយចេតនា ។ សរុបសេចក្តីមក ការលុបចោលនូវមតកសាសន៍ អាចលុបចោលបានតាមវិធីផ្សេងៗមានដូចជា ការលុបចោលដោយទម្រង់នៃមតកសាសន៍ តាមរយៈការធ្វើទម្រង់មតកសាសន៍ថ្មីដែលមានខ្លឹមសារលុបចោល ឬផ្ទុយនឹងមតកសាសន៍ដែលបានធ្វើមុន និងការលុបចោលមតកសាសន៍តាមឆន្ទៈរបស់ម្ចាស់បណ្តាំ ដោយការធ្វើអនុប្បទាន ឬសកម្មភាពផ្សេងទៀត ទៅលើវត្ថុដែលជាកម្មវត្ថុនៃមតកសាសន៍ ក៏ដូចជាការបំផ្លាញច្បាប់ដើមនៃមតកសាសន៍ ឬបំផ្លាញវត្ថុដែលជាកម្មវត្ថុនៃមតកសាសន៍ដោយចេតនាជាដើម ៕ រៀបរៀងដោយ៖ លោកស្រីមេធាវី មាស រ៉ាវីន និងកញ្ញា ឈិន ឆាយអ៉ី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group

2022-08-15 10:45:25

យល់ដឹងផ្នែកច្បាប់៖ បទសម្លុតសាក្សី

(ភ្នំពេញ)៖ នៅក្នុងដំណើរការរឿងក្ដីមួយចំនួន សាក្សី គឺជាតួអង្គយ៉ាងសំខាន់ មិនថារឿងក្ដីនោះជារឿងក្ដីរដ្ឋប្បវេណី ឬក៏ជារឿងក្ដីព្រហ្មទណ្ឌនោះទេ ដោយសារតែសាក្សីគឺជាបុគ្គលដែលបានដឹងឮ និងមើលឃើញអំពីសកម្មភាព ឬព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងអង្គហេតុនៃរឿងក្ដី ហើយសាក្សីអាចផ្ដល់ជាចម្លើយក្នុងការជួយបញ្ជាក់បំភ្លឺ អំពីអង្គហេតុ ដែលខ្លួនបានឃើញ បានឮ ឬ បានដឹងផ្ទាល់ ទាក់ទងនឹងព្រឹត្តិការណ៍នោះ ទៅកាន់សមត្ថកិច្ច ចៅក្រម ឬ អង្គ សវនាការ ក្នុងការ ស្វែងរកឱ្យឃើញនូវការពិត ដើម្បីបញ្ជាក់ពីភាព យុត្តិធម៌ ។ ហេតុដូចនេះហើយបានជា សាក្សី ត្រូវទទួលបានការការពារពីច្បាប់ ដោយមិនឱ្យបុគ្គលណាម្នាក់មកធ្វើសកម្មភាពបំពារបំពាន ដោយធ្វើការសម្លុតសាក្សី មិនឱ្យផ្ដល់នូវចម្លើយពិតទៅ កាន់សមត្ថកិច្ច ចៅក្រម ឬ អង្គសវនាការ នោះទេ។ តើបុគ្គលដែលបានប្រព្រឹត្តសកម្មភាពសម្លុតទៅកាន់សាក្សី ដោយឱ្យសាក្សីនិយាយ ភូតភរ កុហក លាក់បំបាំងការពិត ត្រូវទទួលរងនូវការដាក់ទោសទណ្ឌពីច្បាប់យ៉ាងដូចម្ដេច ? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្ដាហ៍នេះ សូមលើកយកប្រធានបទស្ដីពី «បទសម្លុតសាក្សី» មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម។ សញ្ញាណនៃបទល្មើសសម្លុតសាក្សី ត្រូវបានកំណត់នៅក្នុងមាត្រា៥៤៦ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា៖ * គ្រប់អំពើសម្លុត ដែលប្រព្រឹត្តដោយចារីតែម្នាក់ឯង ឬ ដោយមានការព្រមព្រៀងជាមួយតតិយជន ដើម្បីញ៉ាំងឱ្យសាក្សីកុំឆ្លើយ ឬ ឱ្យផ្តល់ដោយផ្ទាល់មាត់ ឬ ដោយលាយលក្ខណ៍អក្សរនូវសក្ខីកម្មភូតកុហក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ។ * ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ ប្រសិនបើបទល្មើសនេះ សម្ដែងចេញជាលទ្ធផល ។ ឧទាហរណ៍៖ លោក “ក” បានប្រើអំពើហិង្សាដោយយកដំបងវាយទៅលើអ្នកបម្រើស្រីដែលបានធ្វើឱ្យថូផ្កាបុរាណរបស់គាត់ធ្លាក់បែក បន្ទាប់មកនាងក៏បានស្រែកឱ្យគេជួយ ដោយលឺសម្លេងស្រែកហៅឱ្យជួយបែបនេះ លោក “ខ” ដែលជាអ្នកបើកបររថយន្តឱ្យលោក “ក” បានរត់ទៅជួយ ក៏ស្រាប់តែឃើញ លោក “ក” កំពុងប្រើអំពើហិង្សាទៅលើអ្នកបម្រើស្រីនោះ ។ ឃើញដូច្នេះ លោក “ក” បានហៅ លោក “ខ” មកជួបតែពីរនាក់ ដោយបានសម្លុត គម្រាមលោក “ខ” ថា បើមិនចង់អត់ការងារធ្វើទេ ហើយនាំរឿងដាក់ខ្លួនទៀតនោះ ត្រូវធ្វើជាមើលមិនឃើញ ហើយបើគេសួរត្រូវឆ្លើយថាមិនដឹងរឿងអ្វីទាំងអស់ ។ ក្នុងករណីនេះ ប្រសិនបើអ្នកបម្រើស្រី ធ្វើការដាក់ពាក្យបណ្ដឹង ដើម្បីប្ដឹងលោក “ក” ដែលបានប្រព្រឹត្តបទល្មើសដោយប្រើអំពើហិង្សាមកលើខ្លួននោះ ហើយសមត្ថកិច្ចបានកោះហៅ លោក “ខ” ដែលជាសាក្សីនៅក្នុងផ្ទះនោះមកធ្វើការសួរនាំ និងឆ្លើយបំភ្លឺនូវការពិត ក៏ប៉ុន្តែដោយសារលោក “ខ” ដែលជាសាក្សី ត្រូវបានលោក “ក” ធ្វើការសម្លុត ទើបលោក “ខ” មានការភ័យខ្លាច ក៏បានឆ្លើយថា ខ្លួនមិនបានមើលឃើញ និងដឹងរឿងអ្វីទាំងអស់ នៅក្នុងហេតុការណ៍នោះទេ ។ ក្នុងករណីខាងលើនេះ គឺ ស្ដែងឱ្យឃើញថា លោក “ក” បានប្រព្រឹត្តបទល្មើសបន្ថែមមួយទៀត គឺ បទសម្លុតសាក្សី ដោយសារតែលោក “ក” បានសម្លុតសាក្សី ដោយមិនឱ្យផ្ដល់នូវចម្លើយដែលជាការពិតទៅកាន់សមត្ថកិច្ច ដើម្បីស្វែងរកនូវភាព យុត្តិធម៌ជូនជនរងគ្រោះ ។ សរុបមក បទសម្លុតសាក្សីត្រូវបានក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា កំណត់ការផ្តន្ទាទោសយ៉ាងតឹងរឹង និងប្រឆាំងទៅនឹងបុគ្គលណាម្នាក់ដែលបានធ្វើសកម្មភាពបំពាន ដោយធ្វើការសម្លុតសាក្សី មិនឱ្យផ្ដល់នូវចម្លើយពិតទៅ កាន់សមត្ថកិច្ច ចៅក្រម ឬ អង្គសវនាការ ក្នុងការស្វែងរកការពិត និងរកឱ្យឃើញនូវភាពយុត្តិធម៌ ៕ រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក រៀម គីមឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.

2022-08-15 10:44:17

យល់ដឹងផ្នែកច្បាប់៖ សារៈប្រយោជន៍នៃហ៉ីប៉ូតែក ក្នុងប្រតិបត្តិការឥណទាន

(ភ្នំពេញ)៖ ការបង្កើតកិច្ចសន្យាខ្ចីបរិភោគ (ឬហៅម្យ៉ាងទៀតថា កិច្ចសន្យាខ្ចីប្រាក់) តែម្យ៉ាងមិនអាចធានាបានយ៉ាងទុកចិត្ត នូវលទ្ធភាពនៃការប្រមូលឥណទានត្រឡប់មកវិញ នៅក្នុងករណីដែលកូនបំណុលមិនអនុវត្តកាតព្វកិច្ចសងនោះទេ។ ដើម្បីជាការធានាបន្ថែម គេតែងតែស្វែងរកនូវមធ្យោបាយក្នុងការធានាកាតព្វកិច្ចផ្សេងៗដែលរួមមាន ការយកបុគ្គលផ្សេងមកធានាកាតព្វកិច្ច (ឬហៅម្យ៉ាងទៀតថា ការធានាដោយបុគ្គល) ការបញ្ចាំ ហ៉ីប៉ូតែក និងមធ្យោបាយធានាកាតព្វកិច្ចផ្សេងទៀត ដែលត្រូវបានទទួលស្គាល់ដោយច្បាប់។ ក្នុងចំណោមធ្យោបាយធានាកាតព្វកិច្ចទាំងនោះ «ហ៉ីប៉ូតែក» ត្រូវបានគេឃើញមានការយកមកអនុវត្តយ៉ាងទូលំទូលាយ ជាពិសេសចំពោះប្រតិបត្តិការឥណទានដែលធ្វើឡើងដោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។ ដើម្បីឱ្យយល់កាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយវិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកប្រធានបទស្តីពី «សារៈប្រយោជន៍នៃហ៉ីប៉ូតែក ក្នុងប្រតិបត្តិការឥណទាន» មកធ្វើការបកស្រាយ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ។ តើហ៉ីប៉ូតែកជាអ្វី? ហ៉ីប៉ូតែក (ជាកម្ចីភាសាបារាំង hypothèque) សំដៅលើសិទ្ធិនៅលើទ្រព្យធានាដែលអាចបង្កើតឡើងនៅលើ (១) អចលនវត្ថុ (២) សិទ្ធិជួលអចិន្ត្រៃយ៍ និង (៣) ផលុបភោគ ឬ សិទ្ធិ/ទ្រព្យសម្បត្តិផ្សេងទៀតដែលច្បាប់ទទួលស្គាល់ ដើម្បីធានាកាតព្វកិច្ចរបស់ម្ចាស់សិទ្ធិទាំងនោះផ្ទាល់ ឬតតិយជន ដោយមិនធ្វើការផ្ទេរការកាន់កាប់ទ្រព្យសម្បត្តិទាំងនោះទៅកាន់ម្ចាស់បំណុល។ វាមានន័យថា ក្រោយពេលដែលហ៉ីប៉ូតែកត្រូវបានបង្កើត កូនបំណុលនៅតែអាចអាស្រ័យផលលើទ្រព្យសម្បត្តិរបស់ខ្លួនជាធម្មតា ហើយម្ចាស់បំណុលក៏ទទួលបាននូវការធានាយ៉ាងរឹងមាំ តាមរយៈយន្តការនៃការចុះបញ្ជីហ៉ីប៉ូតែក។ តើការខកខានមិនបានបង្កើតយន្តការធានាកាតព្វកិច្ច ក្នុងប្រតិបត្តិការឥណទានអាចបង្កើតជាផលវិបាកអ្វីខ្លះ? * ផលវិបាកទី១៖ ប្រសិនបើកូនបំណុលមួយរូប បានខ្ចីប្រាក់ពីម្ចាស់បំណុលច្រើននាក់ ដោយធ្វើត្រឹមតែជាកិច្ចសន្យាខ្ចីប្រាក់ ក្រោយមកបើកូនបំណុលមិនអនុវត្តកាតព្វកិច្ចសងប្រាក់ចំពោះម្ចាស់បំណុលទាំងអស់ វានឹងមានចំណោទមួយចំនួនចោទឡើងថា តើទ្រព្យសម្បត្តិរបស់កូនបំណុលដែលលក់តាមផ្លូវតុលាការ ត្រូវសងទៅម្ចាស់បំណុលណាមុន? សងចំនួនប៉ុន្មាន? ហើយម្ចាស់បំណុលផ្សេងទៀតត្រូវដោះស្រាយបែបណា? តាមផ្លូវច្បាប់ នៅពេលដែលមានសិទ្ធិលើបំណុលធម្មតាកើតឡើង ដោយគ្មានយន្តការធានាកាតព្វកិច្ចណាមួយទេ ការបែងចែកចំណែកដែលបានមកពីការលក់ដោយបង្ខំនូវទ្រព្យសម្បត្តិរបស់កូនបំណុល ត្រូវយកមកចែកឲ្យម្ចាស់បំណុលធម្មតាក្នុងចំណែកសមាមាត្រ នៃសិទ្ធិលើបំណុលរបស់ម្ចាស់បំណុលនីមួយៗដែលមាន។ និយាយឲ្យសាមញ្ញ ម្ចាស់បំណុលនីមួយៗមិនអាចទទួលបានការសងពេញលេញនោះទេ ប្រសិនបើទ្រព្យសម្បត្តិរបស់កូនបំណុលមានតិចជាងសិទ្ធិលើបំណុលសរុបរបស់ម្ចាស់បំណុលទាំងអស់។ * ផលវិបាកទី២៖ ប្រសិនបើកូនបំណុល និងម្ចាស់បំណុលបានធ្វើត្រឹមតែកិច្ចសន្យាខ្ចីបរិភោគតែមួយប៉ុណ្ណោះ នៅពេលដែលមានម្ចាស់បំណុលផ្សេងទៀតធ្វើការចាត់ចែងរក្សាការពារ ឬអនុវត្តលក់ដោយបង្ខំតាមផ្លូវតុលាការ នៅលើទ្រព្យសម្បត្តិរបស់កូនបំណុល ម្ចាស់បំណុលដែលមានត្រឹមតែកិច្ចសន្យាខ្ចីបរិភោគ មិនអាចអះអាងសិទ្ធិណាមួយនៅលើទ្រព្យសម្បត្តិដែលត្រូវបានរឹបអូសដោយតុលាការឡើយ។ ពោលគឺម្ចាស់បំណុលប្រភេទនោះ ពុំមានសិទ្ធិអាទិភាពក្នុងការទទួលបានការសងពីការលក់ទ្រព្យសម្បត្តិដែលត្រូវបានរឹបអូសនោះឡើយ។ * ផលវិបាកទី៣៖ ប្រសិនកូនបំណុល និងម្ចាស់បំណុលបានធ្វើត្រឹមតែកិច្ចសន្យាខ្ចីបរិភោគ ប៉ុន្តែពុំបានបង្កើតហ៉ីប៉ូតែក ឬប្រាតិភោគណាមួយទេ ហើយកូនបំណុលបានផ្ទេរកម្មសិទ្ធិលើទ្រព្យសម្បត្តិរបស់ខ្លួនទៅឱ្យតតិយជនអស់ នោះម្ចាស់បំណុលនឹងមានហានិភ័យខ្លាំងក្នុងការទទួលបានការសង ដោយសារតែទ្រព្យសម្បត្តិទទួលខុសត្រូវរបស់កូនបំណុលពុំមាន ឬមានតិចតួចពេកក្នុងការសងមកកាន់ខ្លួន។ តើការបង្កើតហ៉ីប៉ូតែក ផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ កូនបំណុល និងម្ចាស់បំណុល? * ផលប្រយោជន៍ទី១. ហ៉ីប៉ូតែកធានាសិទ្ធិអាទិភាពក្នុងការទទួលបានការសង៖ ក្រោយពេលហ៉ីប៉ូតែកត្រូវបានបង្កើត និងចុះបញ្ជីបានត្រឹមត្រូវ ម្ចាស់បំណុលហ៉ីប៉ូតែកនឹងទទួលបានអាទិភាពជាងម្ចាស់បំណុលធម្មតាផ្សេងទៀត ក្នុងការទទួលបានការសង ចំពោះអចលនវត្ថុដែលបានចុះបញ្ជីហ៉ីប៉ូតែកនោះ។ ជាឧទាហរណ៍ជាក់ស្តែង ប្រសិនបើ អចលនវត្ថុហ៉ីប៉ូតែកត្រូវបានលក់ដោយតុលាការក្នុងតម្លៃ ២៥០,០០០ដុល្លារ ហើយម្ចាស់បំណុលហ៉ីប៉ូតែក A មានសិទ្ធិលើបំណុល ២០០,០០០ដុល្លារ និងម្ចាស់បំណុល B (ដែលគ្មានហ៉ីប៉ូតែក) មានសិទ្ធិលើបំណុលចំនួន ១០០,០០០ដុល្លារ នោះលទ្ធផលនៃការចែកចំណែកត្រូវអនុវត្តដូចខាងក្រោម៖ ម្ចាស់បំណុលហ៉ីប៉ូតែកទទួលបានការសងពេញលេញ និងដោយមានអាទិភាព នូវប្រាក់ចំនួន ២០០,០០០ដុល្លារ ហើយប្រាក់ដែលនៅសល់ត្រូវសងទៅម្ចាស់បំណុល B។ * ផលប្រយោជន៍ទី២. ហ៉ីប៉ូតែកអនុញ្ញាតឲ្យកូនបំណុលនៅបន្តការកាន់កាប់ និងអាស្រ័យផលជាធម្មតានៅលើអចលនវត្ថុ៖ កូនបំណុលដែលជាម្ចាស់អចលនវត្ថុហ៉ីប៉ូតែក អាចប្រើប្រាស់អចលនវត្ថុនោះដោយសេរីជាធម្មតា ពោលគឺអាចប្រើប្រាស់វាដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួន ឬជួលអោយតតិយជន ឬធ្វើកសិកម្ម ឬសកម្មភាពផ្សេងៗទៀតបាន។ * ផលប្រយោជន៍ទី៣. ហ៉ីប៉ូតែកការពារម្ចាស់បំណុលពីហានិភ័យក្នុងករណីដែលអចលនវត្ថុត្រូវបានលក់ ឬរឹបអូសដោយតុលាការ នាក្រោយពេលដែលវាត្រូវបានបង្កើត៖ ក្រោយពេលហ៉ីប៉ូតែក ត្រូវបានបង្កើត និងបានចុះបញ្ជីត្រឹមត្រូវ ទោះបីជាក្រោយមក វាត្រូវបានលក់ឲ្យតតិយជន ឬមានម្ចាស់បំណុលផ្សេងទៀតធ្វើការរឹបអូសអចលនវត្ថុហ៉ីប៉ូតែកនោះក៏ដោយ ម្ចាស់បំណុលហ៉ីប៉ូតែក អាចអះអាងអំពីហ៉ីប៉ូតែករបស់ខ្លួនចំពោះអ្នកដែលបានចុះបញ្ជីក្រោយៗទៀតបាន។ ឬនិយាយម្យ៉ាងទៀតថា ទោះបីជាអចលនវត្ថុហ៉ីប៉ូតែកស្ថិតនៅក្នុងដៃបុគ្គលណាក៏ដោយ ក៏ហ៉ីប៉ូតែកនៅតែមានអានុភាព៕ រៀបរៀងដោយ លោក ស៉ិន ច័ន្ទផល្គុន អ្នកបណ្តុះបណ្តាល នៃវិភាគទានច្បាប់

2022-08-15 10:42:49

យល់ដឹងផ្នែកច្បាប់៖ សន្ធានកម្ម

(ភ្នំពេញ)៖ ជាទូទៅ រាល់ពេលមានវិវាទកើតឡើង ភាគីនៃវិវាទតែងព្យាយាមស្វែងរកដំណោះស្រាយតាមរយៈមធ្យោបាយផ្សេងៗដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន ដែលអាចធ្វើឡើងក្នុងនីតិវិធីរបស់តុលាការ ឬក្រៅប្រព័ន្ធតុលាការ។ សម្រាប់ពេលបច្ចុប្បន្ន ដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលប្រជាពលរដ្ឋនិយមយកមកអនុវត្តអាចស្ថិតក្នុងរូបភាពជាច្រើនទម្រង់ ដែលក្នុងនោះរួមមាន ការចរចា សន្ធានកម្ម និងមជ្ឈត្តកម្មជាដើម។ ទម្រង់នីមួយៗ សុទ្ធសឹងតែមានអត្ថប្រយោជន៍ និងគុណវិបត្តិផ្សេងៗគ្នា ដែលភាគីនៃវិវាទរមែងយកមកពិចារណា មុននឹងសម្រេចចិត្តថាគួរជ្រើសរើសយកយន្ដការណាមួយមកដោះស្រាយវិវាទរបស់ខ្លួនឱ្យមានប្រសិទ្ធិភាពខ្ពស់។ សម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកនូវប្រធានបទស្ដីអំពីយន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមួយ ក្នុងចំណោមយន្ដការជាច្រើនផ្សេងទៀត គឺ «សន្ធានកម្ម» មកបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ឱ្យបានស្វែងយល់បន្ថែមដូចតទៅ៖ សន្ធានកម្ម ឬ ការសម្រុះសម្រួល គឺជាដំណើរការដោះស្រាយវិវាទដែលមានការជួយសម្របសម្រួលពីសន្ធានការី ឬភាគីទី៣ ហើយមានលក្ខណៈខុសគ្នាពីការចរចាត្រង់ថា ការចរចាគឺធ្វើឡើងរវាងភាគីនៃវិវាទ ឬមេធាវីតំណាងឱ្យភាគីតែប៉ុណ្ណោះ។ សន្ធានការី គឺជាបុគ្គលដែលមានអព្យាក្រឹតភាព និងមិនមានទំនាក់ទំនងផលប្រយោជន៍ជាមួយភាគីនៃវិវាទឡើយ។ ទន្ទឹមនឹងនេះ សន្ធានការីដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្របសម្រួលដំណើរការសន្ធានកម្មតាមរយៈ ការព្យាយាមស្ដាប់ និងស្វែងយល់អំពីចំណុចវិវាទជាមុន, ការសិក្សាអំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ភាគីទាំងសងខាង, ការជួយឱ្យភាគីបង្កើតជម្រើសក្នុងការដោះស្រាយវិវាទ ជាជាងការផ្ដោតទៅលើតែបញ្ហា, និងការជួយឱ្យភាគីពិចារណាជ្រើសរើសដំណោះស្រាយណាមួយដែលអាចរក្សាផលប្រយោជន៍របស់ភាគីទាំងសងខាង។ អ្នកដែលអាចដើរតួធ្វើជាសន្ធានការីបាន រួមមានក្រុមប្រឹក្សាឃុំ-សង្កាត់ អាជ្ញាធរមូលដ្ឋាន មន្ត្រីនៅតាមស្ថាប័នពាក់ព័ន្ធ ចាស់ព្រឹទ្ធាចារ្យ បុគ្គលឯកជន ឬក្រុមការងារនៃមជ្ឈមណ្ឌលផ្ដល់សេវាកម្មសន្ធានកម្មឯកជនណាមួយជាអាទិ៍។ វិវាទដែលសាកសមសម្រាប់ការដោះស្រាយតាមរយៈសន្ធានកម្ម គឺវិវាទផ្នែករដ្ឋប្បវេណី ដូចជាវិវាទការងារ វិវាទពាណិជ្ជកម្ម វិវាទគ្រួសារ(ជាពិសេសករណីលែងលះ) វិវាទដីធ្លី និងវិវាទដែលកើតចេញពីកិច្ចសន្យាជាដើម ប្រសិនបើយើងពិចារណាទៅលើអត្ថប្រយោជន៍ដែលភាគីអាចទទួលបានពីការធ្វើសន្ធានកម្ម ដែលរួមមានដូចជា៖ * ភាគីនៅតែអាចបន្តរក្សាទំនាក់ទំនងល្អជាមួយគ្នា ដោយហេតុថាគោលបំណងចម្បងនៃសន្ធានកម្មគឺផ្ដល់ឱកាសឱ្យភាគីស្វែងរកដំណោះស្រាយរួមមួយ ដែលអាចផ្ដល់ផលចំណេញទៅវិញទៅមក។ * សន្ធានកម្មគឺសាកសមបំផុតសម្រាប់ភាគីដែលចង់ដោះស្រាយបញ្ហាជាលក្ខណៈឯកជន និងចង់រក្សាការសម្ងាត់ ព្រោះសន្ធានការីក៏ត្រូវមានកាតព្វកិច្ចក្នុងការរក្សាការសម្ងាត់នៃវិវាទផងដែរ។ * ភាគីអាចចំណេញពេលវេលា និងចំណាយធនធានតិច ដោយសារតែដំណើរការសន្ធានកម្មអាចប្រព្រឹត្តទៅតែមួយលើក (ក្នុងមួយលើកអាចប្រើរយៈពេល ០១ ទៅ ០២ ថ្ងៃ) ឬច្រើនជាងនេះ អាស្រ័យទៅតាមការព្រមពៀងរបស់ភាគី។ * ភាគីជាអ្នកគ្រប់គ្រងលើដំណើរការដោះស្រាយវិវាទ ដោយហេតុថា ភាគីមានសិទ្ធិព្រមព្រៀងក្នុងការធ្វើសន្ធានកម្ម, មានសិទ្ធិជ្រើសរើសសន្ធានការី ដោយផ្អែកទៅលើចំណេះដឹងពាក់ព័ន្ធនឹងវិវាទ អព្យាក្រឹតភាព និងសមត្ថភាពក្នុងការសម្របសម្រួលរបស់សន្ធានការីនោះ, មានសិទ្ធិជ្រើសរើសពេលវេលា និងទីកន្លែងសម្រាប់ធ្វើសន្ធានកម្ម, ហើយជាពិសេសនោះគឺភាគីជាអ្នកសម្រេចចិត្តក្នុងការជ្រើសរើសដំណោះស្រាយដែលសមស្របសម្រាប់ខ្លួន ដោយមិនស្ថិតនៅលើការសម្រេចចិត្តរបស់សន្ធានការីនោះឡើយ។ ដោយមើលឃើញពីភាពវិជ្ជមាននៃសន្ធានកម្មបែបនេះហើយ ទើបច្បាប់នៃព្រះរាជាណាចក្រកម្ពុជាបានជម្រុញឱ្យមានការធ្វើសន្ធានកម្មទាំងនៅក្នុងនីតិវិធីតុលាការ និងក្រៅប្រព័ន្ធតុលាការជាលក្ខណៈឯកជន។ ជាក់ស្ដែង មាត្រា ៩៧ នៃក្រមនីតិវិធីរដ្ឋប្បវេណីបានចែងថា «តុលាការអាចសាកល្បងធ្វើការផ្សះផ្សាបាន ទោះបីជាបណ្ដឹងស្ថិតនៅក្នុងដំណាក់កាលណាក៏ដោយ»។ បន្ថែមពីលើនេះទៅទៀត មាត្រា ១០៤ នៃក្រមនេះដដែលក៏បានចែងថា «នៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល តុលាការត្រូវសាកល្បងផ្សះផ្សាជាដំបូងសិន លើកលែងតែយល់ឃើញថាមិនសមរម្យ»។ នៅក្នុងករណីនេះ ភាគីអាចជ្រើសរើសធ្វើការផ្សះផ្សានៅក្រៅប្រព័ន្ធតុលាការក៏បាន ឬអាចធ្វើសន្ធានកម្មដោយមានការជួយសម្របសម្រួលពីតុលាការក៏បាន។ ប្រសិនបើភាគីអាចឈានរកដំណោះស្រាយក្នុងការសះជា តុលាការអាចធ្វើកំណត់ហេតុស្ដីពីការសះជា តាមមាត្រា ២២២ នៃក្រមនីតិវិធីរដ្ឋប្បវេណី ដែលមានអានុភាពអនុវត្តដូចគ្នានឹងសាលក្រមស្ថាពរដែរ។ បើយើងក្រឡេកទៅមើលនីតិវិធីនៅក្នុងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មវិញ មាត្រា ៣៨ នៃច្បាប់ស្ដីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ក៏បានចង្អុលបង្ហាញឱ្យវេទិកាមជ្ឈត្តកម្មព្យាយាមពិភាក្សាជាមួយភាគីវិវាទដើម្បីដោះស្រាយវិវាទដោយស្ម័គ្រចិត្ត ដែលអាចធ្វើឡើងក្នុងទម្រង់ជាសន្ធានកម្ម មុនពេលចាប់ផ្ដើមដំណើរការមជ្ឈត្តការផ្លូវការផងដែរ។ ប្រសិនបើមានការស្នើសុំពីភាគីវិវាទ វេទិកាមជ្ឈត្តកម្មអាចកត់ត្រាទុកការដោះស្រាយនោះ ក្នុងមជ្ឈត្តវិនិច្ឆ័យរបស់វេទិកាមជ្ឈត្តកម្ម។ សរុបមកវិញ សន្ធានកម្មគឺជាវិធីសាស្ត្រក្នុងការដោះស្រាយវិវាទមួយដែលអាចផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ភាគី ប៉ុន្តែដំណើរការសន្ធានកម្មអាចទទួលបានលទ្ធផលជោគជ័យកម្រិតណានោះ គឺវាអាស្រ័យទៅលើភាពស្មុគស្មាញនៃវិវាទ សមត្ថភាពក្នុងការសម្របសម្រួលរបស់សន្ធានការី និងឆន្ទៈក្នុងការដោះស្រាយវិវាទដោយសន្តិវិធីរបស់ភាគីខ្លួនឯងផ្ទាល់ផងដែរ។ រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា គន្ធ វិជិតា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនង៖ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ president@ciclg.com, គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2022-07-24 17:34:20

យល់ដឹងផ្នែកច្បាប់៖ មូលហេតុនៃការរលត់បណ្តឹងអាជ្ញា

(ភ្នំពេញ)៖ ជាទស្សនៈទូទៅរបស់ប្រជាពលរដ្ឋ យល់ឃើញថា ការផ្ដល់សំណងនៃការខូចខាតទៅឱ្យជនរងគ្រោះ ឬ ជនរងគ្រោះមិនប្ដឹង ឬមានការដកបណ្ដឹងពីជនរងគ្រោះ ជាដើម ជាមូលហេតុដែលអាចធ្វើឱ្យរួចផុតពីការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ ឬរលត់បណ្ដឹងអាជ្ញា ។ ការយល់ឃើញបែបនេះ គឺពុំត្រឹមត្រូវនោះទេ ពីព្រោះថាបណ្ដឹងអាជ្ញា គឺត្រូវបានធ្វើឡើងដោយរដ្ឋ ពុំមែនធ្វើឡើងដោយជនរងគ្រោះនោះទេ ហើយមូលហេតុនៃការរលត់បណ្ដឹងអាជ្ញានេះ គឺមានបញ្ញត្ដិជាក់លាក់នៅក្នុងច្បាប់ជាធរមាន ។ បើយោងតាមច្បាប់ តើមានមូលហេតុអ្វីខ្លះដែលអាចធ្វើឱ្យបណ្ដឹងអាជ្ញាត្រូវរលត់? ហេតុដូច្នេះ ដើម្បីស្រាយចម្ងល់ខាងលើនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «មូលហេតុនៃការរលត់បណ្ដឹងអាជ្ញា» មកធ្វើការចែករំលែកដូចតទៅ។ តាមគោលការណ៍ច្បាប់ បើទោះបីជាសំណងនៃការខូចខាតត្រូវបានផ្តល់ជូនភាគីរងគ្រោះ និងមានការសម្របសម្រួលដកពាក្យបណ្តឹងពីសំណាក់ភាគីរងគ្រោះ ឬករណីដែលជនរងគ្រោះពុំបានដាក់ពាក្យបណ្ដឹងក៏ដោយ ក៏បណ្តឹងអាជ្ញាមិនរលត់ឡើយ ។ មូលហេតុនៃការដកបណ្តឹងរបស់ភាគីរងគ្រោះ គឺមានអានុភាពត្រឹមតែជាការបញ្ចប់នូវការទាមទារ ផ្នែកសំណងរដ្ឋប្បវេណីតែប៉ុណ្ណោះ ពោលគឺមិនមែនជាកត្តាដែលអាចនាំឱ្យបណ្តឹងអាជ្ញាត្រូវរលត់ឡើយ។ យោងតាមមាត្រា៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ មូលហេតុនៃការរលត់បណ្តឹងអាជ្ញា មានដូចខាងក្រោម៖ ១៖ មរណភាពនៃជនល្មើស បណ្ដឹងអាជ្ញានឹងត្រូវរលត់ នៅពេលដែល ជនសង្ស័យ ជនត្រូវចោទ ឬជនជាប់ចោទ បានទទួលមរណភាព ។ បើផ្អែកតាមគោលការណ៍ឯកត្ដកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ ដូចមានចែងក្នុងមាត្រា ២៤ នៃក្រមព្រហ្មទណ្ឌ ដែលសំដៅដល់ការទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួនតែប៉ុណ្ណោះ ពោលគឺបុគ្គលណាជាអ្នកប្រព្រឹត្តបទល្មើស បុគ្គលនោះជាអ្នកទទួលខុសត្រូវទោសព្រហ្មទណ្ឌ ដោយមិនអាចឱ្យអ្នកដទៃ ឬសាច់ញាតិរបស់ខ្លួនទទួលទោសជំនួសបានទ្បើយ ។ ដូចនេះដំណាក់កាលនីតិវិធីទាំងអស់នៃសំណុំរឿងព្រហ្មទណ្ឌនឹងត្រូវបញ្ចប់ ប្រសិនបើជនសង្ស័យ ជនត្រូវចោទ ឬជនជាប់ចោទ បានទទួលមរណៈភាព ដោយសារតែបណ្ដឹងអាជ្ញាត្រូវបានរលត់។ ២៖ ការផុតអាជ្ញាយុកាល អាជ្ញាយុកាលនៃ បទល្មើស គឺជារយៈពេលដែលកំណត់ដោយច្បាប់ ដែលក្នុងករណីដែលផុតរយៈពេលកំណត់នេះ នោះព្រះរាជអាជ្ញាពុំអាចធ្វើការចោទប្រកាន់បានទេ ។ រយៈពេលនៃអាជ្ញាយុកាលត្រូវប្រែប្រួលទៅតាមប្រភេទនៃបទល្មើសនីមួយៗពោលគឺ ១(មួយ) ឆ្នាំ ចំពោះបទលហុ ៥ (ប្រាំ) ឆ្នាំ ចំពោះបទមជ្ឈិម និង ១៥ (ដប់ប្រាំ) ឆ្នាំ ចំពោះបទ ឧក្រិដ្ឋ ហើយត្រូវរាប់គិតចាប់ពីពេលដែលបទល្មើសត្រូវបានប្រពឹត្ត។ ឧទាហរណ៍៖ លោក (ក) បានបង្កអំពើហិង្សាដោយចេតនា ដែលជាបទមជ្ឈិម លើលោក (ខ) ដែលជាមិត្ភភក្ដិ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ហើយធ្វើការរត់គេចខ្លួនទៅក្រៅប្រទេស ។ ក្រោយមកជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹង ដើម្បីឱ្យមានការស៊ើបអង្កេតស្វែងរក លោក (ក) នោះឡើយដោយយល់ឃើញថាធ្លាប់ជាមិត្តភក្ដិនឹងគ្នា។ ដូចនេះ ប្រសិនបើលោក (ក) ត្រឡប់មកប្រទេសកម្ពុជាវិញនៅរយៈពេល ៥ ឆ្នាំក្រោយ ពោលគឺថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៧ នោះ ខាងស្ថាប័នអយ្យការមិនអាចធ្វើការចោទប្រកាន់លើបទល្មើសហិង្សាដោយចេតនានេះ បានទៀតទេ ដោយសារតែ ការរយៈពេលនៃអាជ្ញាយុកាលត្រូវបានផុតកំណត់។ ដោយឡែកយើងត្រូវកត់សម្គាល់ផងដែរថា រយៈពេលនៃអាជ្ញាយុកាលនឹងត្រូវរាប់សារជាថ្មីម្ដងទៀតនៅពេលដែលបញ្ចប់កិច្ចចោទប្រកាន់ ឫកិច្ចស៊ើបសួរនីមួយ មានន័យថា ប្រសិនបើភ្លាមៗ ក្រោយពេលដែលរងរបួស លោក (ខ) បានដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌ ទៅកាន់មន្ត្រីនគរបាលយុត្តិធម៌ ដែលឈានដល់មានការចោទប្រកាន់ពីស្ថាប័នអយ្យការ ឬ បើកការស៊ើបសួរពីសំណាក់ចៅក្រមស៊ើបសួរ នោះរយៈពេលនៃអាជ្ញាយុកាលនឹងត្រូវរាប់សារជាថ្មីម្ដង នៅពេលដែលបញ្ចប់ការចោទប្រកាន់ ឬការស៊ើបសួរនោះ។ ៣៖ ការលើកលែងទោសទូទៅ ការលើកលែងទោសទូទៅត្រង់មាត្រា ៧ នេះមិនសំដៅទៅលើ ការលើកលែងទោសដោយជារាជានុសិទ្ធិរបស់ព្រះមហាក្សត្រ ដែលជាទូទៅធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យជាតិធំៗនោះទេ ។ ការលើកលែងទោសទូទៅដែលធ្វើឱ្យបណ្តឹងអាជ្ញាមួយរលត់ សំដៅលើការធ្វើច្បាប់ដែលអនុម័តដោយរដ្ឋសភា សម្រាប់លើកលែងទោស ឬ លុបចោលនូវប្រភេទបទល្មើសណាមួយដែលនាំឱ្យបណ្តឹងអាជ្ញាដែលកំពុងដំណើរការក្នុងនីតិវិធីនឹងត្រូវរលត់ ។ ៤៖ និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ ដូចបានបញ្ជាក់ជូនខាងលើ ស្ថាប័នអយ្យការអាចធ្វើការចោទប្រកាន់ទៅលើអំពើដែលត្រូវបានកំណត់ថាជាបទល្មើសនៅក្នុងក្រមព្រហ្មទណ្ឌបាន តាមរយៈបណ្ដឹងអាជ្ញា ប៉ុន្ដែទោះបីជាមានការចោទប្រកាន់ក៏ដោយ ក៏បណ្ដឹងអាជ្ញាអាចត្រូវបានរលត់ផងដែរ ប្រសិនបើបទល្មើសនោះត្រូវបាននិរាករណ៍ ពោលគឺ អំពើដែលបានប្រព្រឹត្តដោយជនល្មើសនោះ លែងត្រូវបានកំណត់ថាជាបទល្មើសនៅក្នុងក្រមព្រហ្មទណ្ឌតទៅទៀត ។ ៥៖ អាជ្ញាអស់ជំនុំ ប្រសិនបើជនជាប់ចោទត្រូវបានតុលាការសម្រេចឱ្យរួចខ្លួនជាស្ថាពរ តាមរយៈសាលក្រម ឬសាលដីកាណាមួយហើយ ជនជាប់ចោទនោះមិនអាចត្រូវបានចោទប្រកាន់ចំពោះអំពើដដែលទៀតនោះទេ ទោះបីជាការចោទប្រកាន់នោះក្រោមការកំណត់ឈ្មោះបទល្មើសថ្មីផ្សេងទៀតក៏ដោយ។ ក្រៅពីមូលហេតុដែលបានរៀបរាប់ខាងលើនេះ មាត្រា៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ក៏បានចែងពីមូលហេតុចំនួន៣ ផ្សេងទៀតនៃការរលត់បណ្ដឹងអាជ្ញាផងដែរ៖ ក. ដោយការសម្របសម្រូលជាមួយរដ្ឋ។ ឧទាហរណ៍៖ បទល្មើសពាក់ព័ន្ធជាមួយនឹងពន្ធ ។ល។ ខ. ដោយការដកពាក្យបណ្តឹង នៅក្នុងករណីដែលពាក្យបណ្តឹងនេះជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ជាបទព្រហ្មទណ្ឌ។ ឧទាហរណ៍៖ បទល្មើសពាក់ព័ន្ធជាមួយ អំពើផិត ឬ អំពើហឹង្សាក្នុងគ្រួសារដែលជាបទមជ្ឈិមស្រាល ឬបទលហុ ។ គ. ដោយការបង់ប្រាក់ពិន័យសរុប ឬប្រាក់ពិន័យសម្របសម្រួល។ ឧទាហរណ៍៖ ការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះបទល្មើសចរាចរណ៍ ។ល។ សរុបមក មូលហេតុនៃការរលត់នៃបណ្ដឹងអាជ្ញា គឺជាមូលហេតុដែលបានកំណត់នៅក្នុងច្បាប់ជាធរមាន ហើយកាលណាបណ្ដឹងអាជ្ញាត្រូវបានរលត់ដោយផ្អែកលើមូលហេតុណាមួយដូចមានរៀបរាប់ខាងលើនេះ នោះរាល់ការចោទប្រកាន់ខាងបទព្រហ្មទណ្ឌមិនអាចចាប់ផ្ដើមបានទៀតទេ ឬត្រូវតែបញ្ឈប់ ៕ រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក គន្ធ មូលសក្ដា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.

2022-07-22 08:34:06

យល់ដឹងផ្នែកច្បាប់៖ ការគ្រប់គ្រងអាជីវកម្មនេសាទនៅកម្ពុជា

(ភ្នំពេញ)៖ កម្ពុជា គឺជាប្រទេសមួយដែលប្រមូលផ្តុំទៅដោយធនធានធម្មជាតិយ៉ាងសម្បូរបែប។ ប្រជាជនកម្ពុជាមួយចំនួនធំ បានប្រើប្រាស់ធនធានធម្មជាតិទាំងនោះដើម្បីចិញ្ចឹមជីវិត និងដោះស្រាយតាមតម្រូវការផ្សេងៗ។ តួយ៉ាង ប្រសិនបើយើងក្រឡេកទៅមើលពីធនធានធម្មជាតិនៅក្នុងទឹកវិញ ឃើញថាមុខរបរនេសាទមានការពេញនិយមពីសំណាក់បងប្អូនប្រជាជនខ្មែរជាងគេ ពោលគឺអាជីវកម្មនេសាទបានដើរតួយ៉ាងសំខាន់ និងជាប្រភពស្បៀងអាហារដ៏ធំមួយសម្រាប់ប្រជាជនក្នុងប្រទេស ហើយថែមទាំងជាប្រភពចំណូលយ៉ាងទៀងទាត់មួយផងដែរ សម្រាប់សេដ្ឋកិច្ចកម្ពុជា។ ធនធានធម្មជាតិនៅក្នុងទឹកទាំងអស់នេះ ប្រសិនបើមិនមានការគ្រប់គ្រង និងថែរក្សាឱ្យបានល្អទេ នោះនឹងមានការថមថយចុះ ឬបាត់បង់នូវធនធានទាំងអស់នោះជាក់ជាមិនខាន ។ ដូច្នេះតើរដ្ឋមានវិធានការបែបណាក្នុងការគ្រប់គ្រងអាជីវកម្មនេសាទនៅកម្ពុជាមិនឱ្យមានការបាត់បង់ និងថមថយនូវធនធានធម្មជាតិនៅក្នុងទឹកទាំងនោះ? សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន FRESH NEWS សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទថ្មីមួយទៀតស្តីពី «ការគ្រប់គ្រងអាជីវកម្មនេសាទនៅកម្ពុជា» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដើម្បីស្វែងយល់ឱ្យបានលម្អិត ថាតើការធ្វើអាជីវកម្មនេសាទនៅកម្ពុជា អាចប្រព្រឹត្តទៅបានដោយស្របច្បាប់យ៉ាងដូចម្តេច ហើយមានលក្ខណៈបែបណា។ យោងតាមច្បាប់ស្តីពីជលផលនៅកម្ពុជា បានកំណត់យ៉ាងច្បាស់លាស់អំពីលក្ខខណ្ឌនៃឧបករណ៍នេសាទដោយបែងចែកជា ០៣ ប្រភេទធំៗរួមមាន៖ ឧបករណ៍នេសាទគ្រួសារ, ឧបករណ៍នេសាទសិប្បកម្ម និងឧបករណ៍នេសាទឧស្សាហកម្ម។ ឧបករណ៍ទាំងបីខាងលើនេះ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ គ្រប់ការធ្វើនេសាទនៅក្នុងដែននេសាទទឹកសាប និងដែននេសាទសមុទ្រ លើកលែងតែការនេសាទ លក្ខណៈគ្រួសារ គឺដាច់ខាតត្រូវតែមានលិខិតអនុញ្ញាតក្នុងការធ្វើអាជីវកម្មនេសាទ, គោរពតាមបទបញ្ជាដែលមានចែងក្នុងលិខិតអនុញ្ញាតឱ្យធ្វើនេសាទ, មានកាតព្វកិច្ចបង់ពន្ធ និងថ្លៃឈ្នួលនេសាទជូនរដ្ឋ។ ចំពោះទីតាំងនៃការធ្វើនេសាទអាចប្រព្រឹត្តទៅបានតែនៅក្នុងទីកន្លែងបម្រុងទុក នៃដែននេសាទទឹកសាប ឬដែននេសាទសមុទ្រ សម្រាប់ឧបករណ៍នេសាទសិប្បកម្ម រីឯការនេសាទឧស្សាហកម្មវិញ អាចប្រព្រឹត្តទៅបានតែក្នុងឡូតិ៍នេសាទនៃដែននេសាទទឹកសាប ឬនៅក្នុងដែននេសាទសមុទ្រតែប៉ុណ្ណោះ ហើយត្រូវប្រើប្រាស់ឧបករណ៍សម្រាប់ឧស្សាហកម្ម។ មួយវិញទៀត ចំពោះទីតាំងនៃឡូតិ៍នេសាទដែលអាចធ្វើការនេសាទ ឬធ្វើអាជីវកម្មបានទាំងនោះ អាចប្រព្រឹត្តទៅបានតាមការ វិនិយោគ តាមការដេញថ្លៃជាសាធារណៈ ឬការជួលតាមការព្រមព្រៀងចំពោះឡូត៍នេសាទណាមួយដែលគ្មានអ្នកដេញថ្លៃយក។ លើសពីនេះទៅទៀត រាល់នាវាទាំងអស់ ដែលអាជីវករនេសាទប្រើប្រាស់ក្នុងដែនព្រះរាជាណាចក្រកម្ពុជា ត្រូវសុំចុះបញ្ជីនាវា និងបរិក្ខារបម្រើការងារនេសាទពីរដ្ឋបាលជលផល បន្ទាប់ពីបានត្រួតពិនិត្យតាមគោលការណ៍បច្ចេកទេសរួចរាល់។ គ្រប់សកម្មភាពធ្វើអាជីវកម្មនេសាទ ធ្វើវារីវប្បកម្ម ធ្វើសន្និធិ កែច្នៃ និងទិញ-លក់ផលិតផលជលផល ត្រូវតម្រូវឱ្យមានលិខិតអនុញ្ញាត និងត្រូវមានសៀវភៅសម្រាប់កត់ត្រាស្ថិតិ ដែលចេញដោយរដ្ឋបាលជលផលដែលមានសមត្ថកិច្ច ម្យ៉ាងទៀតសៀវភៅកត់ត្រាស្ថិតិនេះ ចាំបាច់ត្រូវមានការកត់ត្រាស្ថិតិឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ និងត្រូវចុះហត្ថលេខាបញ្ជាក់ពីរដ្ឋបាលដែលមានសមត្ថកិច្ចជារៀងរាល់ខែផងដែរ។ គ្រប់ការបោះទីតាំងនេសាទ ឬដាក់ឧបករណ៍នេសាទគ្រប់ប្រភេទ ដែលលាតសន្ធឹងធ្វើឱ្យរាំងស្ទះផ្លូវជលយានគ្រប់ប្រភេទ ត្រូវបានហាមឃាត់ និងត្រូវបើកមុខទឹកមួយភាគបី (១/៣) ឬយ៉ាងតិចបំផុតពីរភាគបី (២/៣) នៅពេលទឹកនាច ដើម្បីទុកឱ្យជលយានគ្រប់ប្រភេទអាចធ្វើចរាចរណ៍បាន ចំពោះទីតាំងស្ទឹង ព្រែក ឬផ្លូវទឹកនៃតំបន់ឆ្នេរសមុទ្រ។ ច្បាប់ស្តីពីជលផល បានហាមឃាត់ការនេសាទលក្ខណៈសិប្បកម្ម និងឧស្សាហកម្មនៅរដូវបិទនេសាទ, ការធ្វើនេសាទជាលក្ខណៈឧស្សាហកម្មនៅក្នុងកន្លែងនេសាទបម្រុង, ការធ្វើនេសាទក្នុងកន្លែងនេសាទបម្រុង ដោយប្រើឧបករណ៍គ្រប់ប្រភេទ, ការប្រើប្រាស់សាច់មង អួន ឬលួសសំណាញ់ដែលមានក្រឡាតូចជាងបួនសង់ទីម៉ែត្រ ធ្វើជារបាំងរួមផ្សំ ឬជំនួសរបាំងព្រួល និងការនេសាទដោយប្រើប្រាស់ឧបករណ៍ដាយចាប់ត្រី ឬដាយចាប់បង្កងខុសទីតាំងកំណត់របស់ឡូត៍ ដាយចាប់ត្រី ឬដាយចាប់បង្កង ចំពោះនេសាទទឹកសាប ។ ចំពោះការនេសាទសមុទ្រ ត្រូវបានហាមឃាត់ ការធ្វើនេសាទ ឬការធ្វើអាជីវកម្មផ្សេងៗទៀត ដែលប៉ះពាល់ ឬរំខានដល់ការលូតលាស់នៃស្មៅសមុទ្រ ឬផ្កាថ្ម, ការប្រមូលផល ការទិញ ការលក់ ការដឹកជញ្ជូនផ្កាថ្ម, ការចូលសំចត ឬការបោះយុថ្កានៅក្នុងតំបន់ផ្កាថ្ម, ការបំផ្លាញស្មៅសមុទ្រ ឬផ្កាថ្មដោយសកម្មភាពផ្សេងៗទៀត និងហាមដាច់ខាតចំពោះការរៀបចំឧបករណ៍ដែលមានលក្ខណៈត្រៀមនេសាទ នៅក្នុងដែននេសាទសមុទ្រ ចំពោះនាវាទាំងឡាយណាដែលគ្មានលិខិតអនុញ្ញាត។ សរុបមក ដើម្បីការពារ និងថែរក្សាឱ្យបាននូវធនធានធម្មជាតិនៅក្នុងទឹក ចំពោះការនេសាទ ទាំងនេសាទទឹកសាប និងនេសាទសមុទ្រទាំងអស់ តម្រូវឱ្យមានលិខិតអនុញ្ញាត និងមានទីតាំងនេសាទត្រឹមត្រូវច្បាស់លាស់ ពីអាជ្ញាធរដែលមានសមត្ថកិច្ចផ្នែកជលផល ទើបអាចធ្វើសកម្មភាពនេសាទនៅក្នុងដែនព្រះរាជាណាចក្រកម្ពុជាបាន លើកលែងតែការនេសាទលក្ខណៈគ្រួសារតែមួយប៉ុណ្ណោះ ដែលមិនតម្រូវឱ្យសុំការអនុញ្ញាត ប៉ុន្តែការនេសាទលក្ខណៈគ្រួសារត្រូវប្រើប្រាស់តែឧបករណ៍នេសាទគ្រួសារដែលច្បាប់បានកំណត់។ ជាងនេះទៅទៀត មិនត្រឹមតែត្រូវមានលិខិតអនុញ្ញាតក្នុងការនេសាទប៉ុណ្ណោះទេ គ្រប់នាវាដែលចេញនេសាទ និងឧបករណ៍ផ្សេងៗក៏ត្រូវតែសុំលិខិតអនុញ្ញាតក្នុងការប្រើប្រាស់ និងគោរពទៅតាមបទដ្ឋានលក្ខណៈបច្ចេកទេស ពីអាជ្ញាធរដែលមានសមត្ថកិច្ចជាមុនសិន ទើបអាចប្រើប្រាស់បាន ។ ដូច្នេះរាល់ការនេសាទសិប្បកម្ម និងនេសាទឧស្សាហកម្ម ដែលស្ថិតក្នុងដែនទឹកសាប និងដែនសមុទ្រនៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងរុក្ខាប្រមាញ់ និងនេសាទ ដែលជាអ្នកគ្រប់គ្រង ត្រួតពិនិត្យ និងអនុញ្ញាតដល់គ្រប់អាជីវកម្មនេសាទទាំងអស់៕ រៀបរៀងដោយ៖ លោក ប៊ុន វិទូ និងលោក ហេង សុគន្ធ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៉ីម៉ែល៖ president@ciclg.com, គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group

2022-07-10 15:19:49

យល់ដឹងផ្នែកច្បាប់៖ អាករលើតម្លៃបន្ថែម

(ភ្នំពេញ)៖ ជាទូទៅ នៅពេលដែលយើងទិញទំនិញ ម្ហូបអាហារ ភេសជ្ជៈ ឬរបស់របរផ្សេងៗ ជាពិសេសនៅតាមបណ្ដាផ្សារទំនើប ឬភោជនីយដ្ឋានធំៗ គឺយើងតែងតែសង្កេតឃើញថា អ្នកលក់ទាមទារឱ្យអ្នកទិញត្រូវបង់ប្រាក់បន្ថែមចំនួន ១០% នៃប្រាក់ថ្លៃទំនិញដែលបានទិញនោះ។ ប្រាក់បន្ថែមចំនួន ១០% ដែលត្រូវបង់នេះ គឺជាពន្ធដែលត្រូវប្រមូលដោយអ្នកលក់សម្រាប់យកទៅបង់ជូនរដ្ឋ ដែលត្រូវបានហៅថា អាករលើតម្លៃបន្ថែម (Value Added Tax or VAT)។ តើអ្វីទៅជាអាករលើតម្លៃបន្ថែម? ហើយអាករលើតម្លៃបន្ថែមនេះត្រូវបានកំណត់យ៉ាងដូចម្ដេចខ្លះ? ដើម្បីយល់កាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «អាករលើតម្លៃបន្ថែម» ដែលហៅកាត់បានថា (អតប) មកធ្វើការបកស្រាយជូនសិស្ស និស្សិត និងបងប្អូនទាំងអស់គ្នា ដូចខាងក្រោម៖ យោងតាមច្បាប់ អាករលើតម្លៃបន្ថែម គឺជាពន្ធលើការចំណាយរបស់អ្នកប្រើប្រាស់ចុងក្រោយ ដែលត្រូវគិតបន្ថែមលើតម្លៃដើមនៃផលិតផល ឬសេវាកម្មជាប់អាករ។ ការប្រកបអាជីវកម្មភាគច្រើន ទាក់ទិនទៅនឹងការផ្គត់ផ្គង់ទំនិញ ឬ សេវា ហើយការប្រកបអាជីវកម្មទាំងនោះត្រូវជាប់ អតប ប្រសិនបើមានការផ្គត់ផ្គង់។ នៅក្នុងអត្ថបទមួយនេះនឹងយកចំណុចសំខាន់អំពី អតប ចំនួន ៣ ចំណុចយកមកបកស្រាយដោយមិនបូកបញ្ចូល ការស្នើសុំឥណទាន វិធាន និងនីតិវិធីសម្រាប់ អតប នោះទេ។ ចំណុចទាំង៣ នោះមានដូចជា៖ (១)បុគ្គលជាប់អាករ និងកាតព្វកិច្ច (២) ការផ្គត់ផ្គង់ជាប់អាករ និងការផ្គត់ផ្គង់មិនជាប់អាករ (៣) អត្រាអាករ។ ១៖ បុគ្គលជាប់អាករ គឺបុគ្គលជាប់ពន្ធតាមរបបស្វ័យប្រកាស និងធ្វើការផ្គត់ផ្គង់ជាប់អាករ។ បុគ្គលជាប់អាករមានដូចជា ក្រុមហ៊ុននីតិបុគ្គលគ្រប់ប្រភេទ សហគ្រាសវិនិយោគទាំងអស់ និងសហគ្រាស នីហរ័ណអាហរ័ណដែលធ្វើការផ្គត់ផ្គង់ជាប់អាករ។ សហគ្រាសដទៃទៀតដែលមាន ៣ចំណាត់ថ្នាក់ ជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលមានផលរបរប្រចាំឆ្នាំពីការផ្គត់ផ្គង់ទំនិញ និងសេវាដូចខាងក្រោម៖ ក. អ្នកជាប់ពន្ធតូច គឺជាសហគ្រាសឯកបុគ្គល ឬសហគ្រាសសហកម្មសិទ្ធិ មានផលរបរចាប់ពី ២៥០លាន ដល់ ៧០០លាន ក្នុង ១ឆ្នាំ ខ. អ្នកជាប់ពន្ធមធ្យម មានផលរបរចាប់ពី ៧០០លាន ដល់៤.០០០លាន ក្នុង១ឆ្នាំ គ. អ្នកជាប់ពន្ធធំ មានផលរបរលើសពី ៤.០០០លាន ក្នុង១ឆ្នាំ។ បន្ថែមពីនេះ សហគ្រាសដទៃទៀតអាចចុះបញ្ជី អតប ដោយស្ម័គ្រចិត្ត ប្រសិនបើវាមានផលប្រយោជន៍ដល់ខ្លួន និងស្ថាប័នរដ្ឋាភិបាលទាំងអស់ដែលធ្វើសកម្មភាពអាជីវកម្ម ត្រូវសុំចុះបញ្ជី អតប និងបុគ្គលដទៃទៀតដែលអគ្គនាយដ្ឋានពន្ធដារ (អនពដ) ចុះបញ្ជីជាឯកតោភាគី។ ចំណែកឯកាតព្វកិច្ច មានដូចជាកាតព្វកិច្ចក្នុងការចុះបញ្ជី ប្រសិនបើស្ថិតក្នុង និងធ្វើការផ្គត់ផ្គង់ជាប់ អតប និងត្រូវដាក់តាំងវិញ្ញាបនបត្រចុះបញ្ជី អតប នៅទីកន្លែងអាជីវកម្ម។ បុគ្គលជាប់ អតប ត្រូវគិត អតប លើអតិថិជនទាំងអស់ចាប់ពីកាលបរិច្ឆេទមានប្រសិទ្ធិភាព និងចេញវិក្កយបត្រ អតប ដល់អតិថិជនដែលជាបុគ្គលជាប់អាករ ចេញវិក្កយបត្រធម្មតាដល់អតិថិជនដែលជាបុគ្គលមិនជាប់អាករ។ ការចុះបញ្ជី អតប ត្រូវធ្វើមុនពេលអ្នកជាប់ពន្ធអាចនាំចូល និងនាំចេញសម្រាប់គោលដៅអាជីវកម្ម។ ត្រូវរក្សាកំណត់ត្រា និងគណនីទាក់ទិននឹង អតប សម្រាប់រយៈពេល ១០ ឆ្នាំ និងដាក់លិខិតប្រកាស អតប និងបង់ប្រាក់ពន្ធដែលប្រកាសប្រចាំខែ ត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែជាប់ពន្ធ។ ហើយធ្វើការជូនដំណឹងដល់អគ្គនាយកដ្ឋានពន្ធដារ អំពីការប្រែប្រួលស្ថានភាព អាជីវកម្មរួមមាន ការផ្ទេរអាជីវកម្ម ឬការស្នើសុំលុបចោលការចុះបញ្ជី អតប។ អនុញ្ញាតឱ្យមន្ត្រីអគ្គនាយកដ្ឋានពន្ធដារពិនិត្យមើលកំណត់ ឯកសារ និងទីតាំងអាជីវកម្មសហគ្រាស។ ២៖ ការផ្គត់ផ្គង់ជាប់អាករ មានដូចជា ការផ្គត់ផ្គង់ទំនិញ ឬសេវាដោយបុគ្គលជាប់ អតប នៅកម្ពុជា និងការដកទំនិញមកប្រើប្រាស់ផ្ទាល់ខ្លួនដោយបុគ្គលជាប់ អតប។ ការផ្តល់ជាអំណោយ ឬផ្គត់ផ្គង់ក្រោមតម្លៃពិតនូវទំនិញ និងសេវាដោយបុគ្គលជាប់ អតប និងការនាំចូលទំនិញចូលមកក្នុងតំបន់ត្រួតពិនិត្យគយកម្ពុជា។ ការផ្គត់ផ្គង់មិនជាប់អាករ មានដូចជា៖ * សេវាប្រៃសណីយ៍សាធារណៈ * សេវាមន្ទីរពេទ្យ និងគ្លីនិក សេវាខាងវេជ្ជសាស្ត្រ និងទន្តសាស្ត និងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្ត្រ និងទន្តសាស្ត ដែលទាក់ទិននឹងការបំពេញសេវាកម្មទាំងនេះ * សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ * សេវាធានារ៉ាប់រង * សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ ដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ * ការនាំចូល ឬផ្គត់ផ្គង់ផលិតផលកសិកម្មមិនទាន់កែច្នៃ * សេវាសិក្សាអប់រំ * ថាមពលអគ្គីសនី និងទឹកស្អាត * សេវាប្រមូល ឬសម្អាតកាកសំណល់រឹង-រាវ * ការនាំចូលរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយ * សកម្មភាពមិនស្វែងរកប្រាក់ចំណេញដើម្បីប្រយោជន៍សាធារណៈ * ការនាំចូល ឬទិញទំនិញសម្រាប់យកមកបំពេញមុខងារជាផ្លូវការរបស់បេសកកម្មការទូត និងកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។ ៣៖ អត្រាអាករ នៃ អតប ក្នុងប្រទេសកម្ពុជា ត្រូវបានកំណត់អត្រា ១០% ទៅលើការផ្គត់ផ្គង់លើអាករដែលមានដូចជា ការផ្គត់ផ្គង់ក្នុងស្រុក និងទំនិញនាំចូល។ ចំពោះការនាំទំនិញ ចេញពីព្រះរាជាណាចក្រកម្ពុជា ការផ្គត់ផ្គង់សេវាជាប់អាករ ដែលបានធ្វើនៅក្រៅព្រះរាជាណាចក្រកម្ពុជា និងការដឹកជញ្ជូនទំនិញ ឬអ្នកដំណើរជាអន្តរជាតិ ព្រមទាំងទំនិញ និងសេវាដែលទាក់ទិននឹងការនាំចេញ និងការដឹកជញ្ជូនអ្នកដំណើរជាអន្តរជាតិត្រូវជាប់អាករតាមអត្រា០%។ សរុបមក អតប គឺជាកាតព្វកិច្ច របស់គ្រប់សមាសភាពដូចបានកំណត់ដោយច្បាប់ ដើម្បីជាការរួមចំណែកដល់ប្រទេសជាតិហើយរាល់ការអនុវត្ត អតប ត្រូវអនុវត្តតាមការកំណត់ក្នុងច្បាប់ស្ដីពីសារពើពន្ធ និងប្រកាសស្ដីពីអាករលើតម្លៃបន្ថែម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕ រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងលោក លី លីនដូ ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ១០០៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.

2022-07-04 06:26:48

យល់ដឹងផ្នែកច្បាប់៖ ព្យាកុលភាព

(ភ្នំពេញ)៖ ជាទូទៅកាតព្វកិច្ច អាចកើតឡើងតាមរយៈកិច្ចសន្យា និងក្រៅកិច្ចសន្យា (កាតព្វកិច្ចដែលច្បាប់បញ្ញត្តិ) ហើយស្របពេលជាមួយគ្នានេះនាំឱ្យកើតមាននូវសិទ្ធិ និងកាតព្វកិច្ចផងដែរ។ ចំណែកឯលក្ខខណ្ឌក្នុងការរំលត់កាតព្វកិច្ចវិញ អាចកើតឡើងតាមច្រើនហេតុដូចជា បានបំពេញលក្ខខណ្ឌសិទ្ធិ និងកាតព្វកិច្ចតាមកិច្ចសន្យា ឬសកម្មភាពផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំ ឬផ្ទុយនឹងសណ្ដាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ ឬការបំពានកិច្ចសន្យាធ្ងន់ធ្ងរ ឬអលទ្ធភាពក្នុងការអនុវត្តកាតព្វកិច្ចដោយគ្មានកំហុសរបស់កូនបំណុល ឬការមិនអនុវត្តកាតព្វកិច្ចរបស់ម្ចាស់បំណុលក្នុងអំឡុងពេលកំណត់ ឬ/និង ដោយការសង ការទូទាត់ ការលើកលែង នវកម្ម ឬព្យាកុលភាព ជាដើម។ ដោយហេតុថា ព្យាកុលភាព គឺជាមូលហេតុមួយដែលជាប់ទាក់ទងយ៉ាងខ្លាំងនឹងការរំលត់កាតព្វកិច្ច ហើយវាមានលក្ខខណ្ឌពិសេសមួយក្នុងការប្រមូលផ្ដុំនូវសិទ្ធិ និងកាតព្វកិច្ច ហេតុនេះយើងនឹងលើកយកតែប្រធានបទនេះមកធ្វើការបកស្រាយតែប៉ុណ្ណោះ។ តើអ្វីទៅជាព្យាកុលភាព? ហើយវាមានអានុភាពបែបណា? ដើម្បីឱ្យកាន់តែច្បាស់ អង្គភាពសារព័ត៌មាន Fresh News បានសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី ព្យាកុលភាព មកបកស្រាយជូនបងប្អូនប្រជាពលរដ្ឋដូចតទៅ។ ព្យាកុលភាព សំដៅលើកម្មសិទ្ធិ ឬសិទ្ធិប្រត្យក្សផ្សេងទៀត ដែលមានលើវត្ថុ តែមួយ ធ្លាក់ទៅលើបុគ្គលតែម្នាក់ឬករណីដែលសិទ្ធិប្រត្យក្សក្រៅពីកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀត ដែលមានកម្មវត្ថុជាសិទ្ធិប្រត្យក្សនោះ ធ្លាក់ទៅលើបុគ្គលតែម្នាក់ ។ បើតាមន័យសាមញ្ញ ព្យាកុលភាព ជាមធ្យោបាយមួយដើម្បីរំលត់កាតព្វកិច្ច ដោយជនម្នាក់ប្រមូលឱ្យមូលមកលើដៃខ្លួនតែម្នាក់នូវគុណភាពជាម្ចាស់បំណុលផង និងជាកូនបំណុលផង ។ ប៉ុន្ដែចំពោះកាតព្វកិច្ចមួយចំនួន ដែលមានការជាប់ទាក់ទងនឹងកម្មវត្ថុរបស់តតិយជន ច្បាប់មិនអនុញ្ញាតឱ្យរំលត់ដោយព្យាកុលភាពឡើយ ពីព្រោះវាធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់តតិយជននោះ ករណីនោះមានដូចជា កម្មវត្ថុនៃសិទ្ធិលើការបញ្ចាំ ឬកម្មវត្ថុនៃការរឹបអូស ឬកម្មវត្ថុនៃសិទ្ធិផ្សេងទៀត។ ឧទាហរណ៍ទី១៖ លោក A ជាកម្មសិទ្ធិករលើដីមួយកន្លែង និងមានបំណងដាក់ជួល បន្ទាប់មកលោក B បានជួលដីនោះពីលោក A ដើម្បីសាងសង់មណ្ឌលកុមារកំព្រា និងបានចុះបញ្ជីអំពីសិទ្ធិជួលអចិន្ត្រៃយ៍រយៈពេល ១៥ឆ្នាំ។ ក្រោយមកលោក A បានបរិច្ចាគដីខាងលើនេះ ឱ្យទៅលោក B ហេតុនេះនាំឱ្យលោក B ក្លាយជាម្ចាស់កម្មសិទ្ធិករផង និងមានសិទ្ធិជួលអចិន្ត្រៃយ៍លើដីខាងលើនេះផងដែរ ។ ដូច្នេះករណីនេះ នាំឱ្យសិទ្ធិ និងកាតព្វកិច្ចរវាងលោក A ជាមួយលោក B ត្រូវបានរំលត់ដោយព្យាកុលភាព ។ (ពាក់ព័ន្ធនឹងកម្មសិទ្ធិ ដែលមានចែងក្នុងមាត្រា១៣៦ នៃក្រមរដ្ឋប្បវេណី)។ ឧទាហរណ៍ទី២៖ លោក A ជាម្ចាស់បំណុលហ៊ីប៉ូតែក លើដីមួយកន្លែង ហើយលោក B ជាកម្មសិទ្ធិករលើដីមួយកន្លែងនោះដែលត្រូវជាកូនបំណុលនៃការដាក់ធានាហ៊ីប៉ូតែកខាងលើ ។ ប៉ុន្ដែក្រោយមក លោក B សម្រេចចិត្តលក់ដីខាងលើទៅលោក A ហេតុនេះនាំឱ្យសិទ្ធិលើបំណុលនៃការដាក់ធានាហ៊ីប៉ូតែកត្រូវបានរំលត់ដោយព្យាកុលភាព ហើយលោក A ក្លាយទៅជាម្ចាស់បំណុលហ៊ីប៉ូតែកផង និងជាកម្មសិទ្ធិករផង។ (ពាក់ព័ន្ធនឹងកម្មសិទ្ធិ ដែលមានចែងក្នុងមាត្រា១៣៦ នៃក្រមរដ្ឋប្បវេណី)។ ឧទាហរណ៍ទី៣៖ លោក A ជាម្ចាស់រថយន្តមួយគ្រឿង បានដាក់ជួលឱ្យលោក B ដូច្នេះនាំឱ្យលោក A ក្លាយជាម្ចាស់បំណុល ហើយលោក B ក្លាយជាកូនបំណុល។ បន្ទាប់មក លោក A បានប្រគល់កម្មសិទ្ធិលើរថយន្តខាងលើទៅឱ្យលោក B តែម្តង ។ ហេតុនេះ នាំឱ្យលោក B ក្លាយជាម្ចាស់បំណុលផង និងជាកូនបំណុលផង ហេតុនេះមានន័យថា សិទ្ធិ និងកាតព្វកិច្ចត្រូវបានរំលត់ដោយព្យាកុលភាព ឬអាចសន្មតបានថា បំណុលត្រូវបានទូទាត់រួច ។ (ពាក់ព័ន្ធនឹងសិទ្ធិលើបំណុល ដែលមានចែងក្នុងមាត្រា ៤៧៩ នៃក្រមរដ្ឋប្បវេណី)។ សរុបរួមមក យើងសង្កេតឃើងថា ការរំលត់កាតព្វកិច្ចដោយព្យាកុលភាពនេះ ពុំសូវកើតមាននៅព្រះរាជាណាចក្រកម្ពុជានោះទេ ដោយភាគច្រើនការរំលត់កាតព្វកិច្ចច្រើនកើតឡើងដោយការបានបំពេញលក្ខខណ្ឌសិទ្ធិ និងកាតព្វកិច្ច ឬដោយការទូទាត់ ឬការរំលត់ដោយការសង ឬដល់ថេរវេលាកំណត់ ជាអាទិ៍។ រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងកញ្ញា ថន រ៉ាវ៉ាឌី ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋានស្ថិតនៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៧ ៧៧៧ ៣៩៤, អ៉ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2022-06-29 09:47:22

យល់ដឹងផ្នែកច្បាប់៖ បណ្ណការងារ និងសៀវភៅការងារជនបរទេស

(ភ្នំពេញ)៖ ប្រទេសកម្ពុជាជានីតិរដ្ឋ បានអនុញ្ញាតឱ្យមានច្បាប់ស្តីពីការងារដែលចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការផ្តល់ឱ្យហត្ថពលកម្មបរទេស ដែលមានបំណងចង់ចូលមកធ្វើការនៅក្នុងប្រទេសកម្ពុជា។ ជាគោលការណ៍គឺត្រូវតម្រូវឱ្យជននោះទៅបំពេញបែបបទស្នើសុំ បណ្ណការងារ និងសៀវភៅការងារជនបរទេស តាមលក្ខខណ្ឌដែលច្បាប់តម្រូវ ក្នុងគោលបំណងដើម្បីគ្រប់គ្រងនូវកម្លាំងពលកម្មបរទេស ដែលចូលមកប្រកបការងារស្របច្បាប់នៅក្នុងប្រទេសកម្ពុជា ពិសេសគឺគ្រប់គ្រងចំនួនអតិបរមានៃជនបរទេស ដែលត្រូវបានអនុញ្ញាតឱ្យបម្រើការងារនៅក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាសនីមួយៗ ដោយជៀសវាងការធ្វើអន្តោប្រវេសន៍ចូលធ្វើការដោយខុសច្បាប់ ។ លើសពីនេះមិនឱ្យលើសពី ១០% (ដបភាគរយ) នៃចំនួនកម្មករនិយោជិតជនជាតិខ្មែរសរុបនៅក្នុងក្រុមហ៊ុន ឬ រោងចក្រ ឬសហគ្រាសនោះទេ ។ តើអ្វីទៅជា បណ្ណការងារ និងសៀវភៅការងារជនបរទេស? ហេតុអ្វីទើបតម្រូវឱ្យជនបរទេសមានបណ្ណការងារ និងសៀវភៅការងារនេះ? សម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បណ្ណការងារ និងសៀវភៅការងារជនបរទេស» មកបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចតទៅ។ បណ្ណការងារ និងសៀវភៅការងារជនបរទេស ធ្វើឡើងចំពោះកម្មករនិយោជិតដែលចូលមកបម្រើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបណ្ណការងារ និងសៀវភៅការងារនេះ បង្កើតឡើងក្នុងគោលបំណងសម្រាប់សម្គាល់អត្តសញ្ញាណ និងប្រភេទមុខរបរដែលបានកំណត់អនុញ្ញាតឱ្យបម្រើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ យោងតាមស្មារតីនៃមាត្រា ២៦១ នៃច្បាប់ស្ដីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា គ្មានជនបរទេសណាម្នាក់ អាចប្រកបមុខរបរណាមួយ ដោយគ្មានបណ្ណការងារ និងសៀវភៅការងារ ដែលចេញឱ្យដោយក្រសួងទទួលបន្ទុកវិស័យការងារនោះទេ ។ ដើម្បីទទួលបានបណ្ណការងារ និងសៀវភៅការងារ សាមីខ្លួនត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖ ក. និយោជក ត្រូវមានជាមុននូវបណ្ណការងារត្រឹមត្រូវ ដើម្បីប្រកបមុខរបរ របស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ។ ខ. ជនបរទេសនោះ ត្រូវបានចូលមកព្រះរាជាណាចក្រកម្ពុជាដោយត្រឹមត្រូវតាមផ្លូវច្បាប់ ។ គ. ជនបរទេសនោះ ត្រូវមានលិខិតឆ្លងដែនត្រឹមត្រូវ ។ ឃ. ជនបរទេសនោះ ត្រូវមានប័ណ្ណស្នាក់នៅត្រឹមត្រូវ ។ ង. ជនបទេសនោះ ត្រូវមានកាយសម្បទាសមស្របនឹងមុខរបរនោះ ហើយគ្មានកើតជម្ងឺឆ្លងណាមួយទេ ។ លក្ខខណ្ណនេះត្រូវបានកំណត់ដោយប្រកាសក្រសួងសុខាភិបាល ដោយមានការឯកភាព ពីក្រសួងទទួលបន្ទុកវិស័យការងារ ។ ចំពោះបណ្ណការងារ និងសៀវភៅការងារជនបរទេសគឺ មានសុពលភាព ០១ (មួយ) ឆ្នាំ ហើយអាចពន្យារពេលក្នុងករណីដែលសុពលភាពនៃការពន្យារពេលនេះ មិនលើសពីរយៈពេលកំណត់នៃប័ណ្ណស្នាក់នៅរបស់ជននោះ ។ ដោយឡែក ចំពោះស្ថាប័នដែលមានតួនាទីក្នុងការផ្ដល់បណ្ណការងារ និងសៀវភៅការងារជូនចំពោះកម្មករ និយោជិតជនបរទេស ដែលចូលមកប្រកបរបរការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺ ក្រសួង/មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមសេចក្ដីស្នើសុំរបស់កម្មករនិយោជិត ឬម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ប៉ុន្តែមុននឹងឈានទៅធ្វើបណ្ណការងារ និងសៀវភៅការងារបាន តម្រូវឱ្យសាមីខ្លួនទៅពិនិត្យកាយសម្បទានៅពេទ្យការងារជាមុនសិន ឬស្នើសុំឱ្យមានការចុះទៅពិនិត្យដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសក៏បានដែរ ។ បន្ទាប់មកពេទ្យការងារនឹងចេញវិញ្ញាបនបត្រពិនិត្យកាយសម្បទាឱ្យ ដើម្បីយកទៅប្រើប្រាស់ ពីព្រោះថា នៅពេលស្នើសុំបណ្ណការងារ និងសៀវភៅការងារត្រូវភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រពិនិត្យកាយសម្បទានេះ ជាមួយនឹងឯកសារភ្ជាប់ផ្សេងទៀតមានដូចខាងក្រោម៖ * ពាក្យស្នើសុំបណ្ណ និងសៀវភៅការងារ * សេចក្ដីបញ្ជាក់ចំនួនកម្មករនិយោជិតខ្មែរ និងជនបរទេសបច្ចុប្បន្ន (Quota ស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស) * កិច្ចសន្យាការងារជនបរទេស * វិញ្ញាបនបត្រពិនិត្យកាយសម្បទា * រូបថត ៣ x ៤ ចំនួន ៥សន្លឹក * លិខិតឆ្លងដែនដែលមានសុពលភាព។ ចំពោះការស្នើសុំបណ្ណការងារ និងសៀវភៅការងារជនបរទេស តម្រូវឱ្យបង់សេវាសាធារណៈ តាមប្រកាសអន្តរក្រសួង ស្ដីពីការផ្ដល់សេវាសាធារណៈដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចេញដោយក្រសួងសេដ្ឋកិច្ច ។ បន្ថែមពីនេះ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្ម តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រ www. fwcms.mlvt.gov.kh ហើយប្រព័ន្ធនេះបានចាប់ដំណើរការតាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ។ មានន័យថា ការស្នើសុំបណ្ណការងារ និងសៀវភៅការងារជនបរទេស អាចស្នើសុំតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ LACMS ដោយត្រូវបំពេញនូវរាល់ព័ត៌មានតម្រូវទាំងអស់ និងអនុវត្តតាមលក្ខខណ្ឌមួយៗ ដែលមានកំណត់នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ LACMS ។ បន្ទាប់ពីបានស្នើសុំរួចរាល់ហើយ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសត្រូវរង់ចាំចំនួន ២០ (ម្ភៃ) ថ្ងៃ ក្រោយពីបានស្នើសុំរួចរាល់ ហើយនៅពេលដែលបណ្ណការងារ និងសៀវភៅការងារធ្វើរួចរាល់ អ្នកដាក់ពាក្យស្នើសុំអាចទៅយកបណ្ណការងារនិងសៀវភៅការងារនោះនៅនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ដោយឡែក សម្រាប់រោងចក្រ សហគ្រាស នៅតាមបណ្ដាខេត្ត អាចយកនៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្នុងខេត្តនោះបាន ។ ផ្ទុយទៅវិញ ក្នុងករណីក្រុមហ៊ុន រោងចក្រ សហគ្រាសណាមួយ ដែលបានជួលកម្មករនិយោជិតបរទេស ដោយពុំមានបណ្ណការងារ និងសៀវភៅការងារ នោះក្រុមហ៊ុន រោងចក្រ សហគ្រាសនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងទទួលពិន័យស្របតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ។ សរុបមក បណ្ណការងារ និងសៀវភៅការងារជនបរទេស បង្កើតឡើងក្នុងគោលបំណងសម្រាប់សំគាល់អត្តសញ្ញាណសាមីខ្លួន ជាពិសេសដើម្បីគ្រប់គ្រងឱ្យបាននូវកម្លាំងពលកម្មបរទេស ដែលប្រកបការងារនៅក្នុងប្រទេសកម្ពុជា ជៀសវាងការធ្វើអន្តោប្រវេសន៍ចូលមកធ្វើការដោយខុសច្បាប់ ។ ហើយបច្ចុប្បន្ននេះ ដើម្បីផ្ដល់ភាពងាយស្រួល និងកាត់បន្ថយការចំណាយពេលវេលា ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ពុំចាំបាច់ទៅស្នើសុំផ្ទាល់នៅក្រសួង ឬមន្ទីរការងារនោះទេ គឺក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់ អាចស្នើសុំបណ្ណការងារ និងសៀវភៅការងារជនបរទេស តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលមានគេហទំព័រ www.fwcms.mlvt.gov.kh បានយ៉ាងងាយស្រួល និងឆាប់រហ័ស ៕ រៀបរៀងដោយ៖ លោកស្រីមេធាវី មាស រ៉ាវីន និងលោកស្រី យ៉េ នីតា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group

2022-06-22 19:39:23

យល់ដឹងផ្នែកច្បាប់៖ សារប្រយោជន៍នៃការធ្វើបណ្តាំមត៌ក

(ភ្នំពេញ)៖ កាលពីអត្ថបទមុនៗ ប្រិយមិត្តធ្លាប់បានស្វែងយល់ច្រើនពាក់ព័ន្ធនឹងទំនាក់ទំនងអាពាហ៍ពិពាហ៍ រវាងប្តីប្រពន្ធ និងកូន។ ដោយឡែក នៅក្នុងអត្ថបទនេះ នឹងត្រូវបានលើកឡើងអំពីបណ្តាំមត៌កវិញម្តង ដែលផ្តោតសំខាន់ទៅលើសារប្រយោជន៍នៃការធ្វើបណ្តាំមត៌ក។ តើអ្វីទៅជាបណ្តាំមត៌ក? បណ្តាំមត៌ក សំដៅដល់លិខិតបណ្តាំ ដែលបុគ្គលម្នាក់បានធ្វើឡើងតាមទម្រង់ដែលកំណត់ដោយច្បាប់ ដើម្បីសម្តែងឆន្ទៈចុងក្រោយ អំពីការចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួន ជាអាទិ៍ បន្ទាប់ពីមរណភាព។ ប្រសិនបើបុគ្គលម្នាក់បានទទួលមរណភាព ហើយបានបន្សល់ទុកនូវបណ្តាំមត៌ក នោះមានន័យថា បុគ្គលនោះបានកំណត់អំពីការចាត់ចែងនូវទ្រព្យសម្បត្តិរបស់ខ្លួនទុកជាមុនរួចជាស្រេច ហេតុដូច្នេះ ក្រោយបុគ្គលនោះទទួលមរណភាព ការបែងចែកមត៌កត្រូវធ្វើតាមឆន្ទៈចុងក្រោយរបស់បុគ្គលនោះ ដូចមានកំណត់នៅក្នុងបណ្តាំមត៌ក។ ហេតុអ្វីចាំបាច់ធ្វើបណ្តាំមត៌ក? មូលហេតុដែលចាំបាច់ធ្វើបណ្តាំមត៌ក ដោយសារតែវាបានផ្តល់នូវសារប្រយោជន៍មួយចំនួន ដូចខាងក្រោម៖ * មូលហេតុទី១៖ កាត់បន្ថយវិវាទ ឬជម្លោះ ក្នុងកម្រិតអតិបរមា។ មូលហេតុគឺដោយសារតែម្ចាស់បណ្តាំបានបង្ហាញឆន្ទៈច្បាស់លាស់ ក្នុងការកំណត់បុគ្គលដែលត្រូវទទួលទ្រព្យសម្បត្តិ និងចំណែកមត៌ក តាមបណ្តាំមត៌ក ហេតុដូចនេះ ត្រូវអនុវត្តតាមឆន្ទៈនោះ។ * មូលហេតុទី២៖ កំណត់បុគ្គលដែលត្រូវទទួលបានមត៌ក និងចំណែកមត៌ក។ ម្ចាស់បណ្តាំអាចកំណត់អំពីការបែងចែកមត៌កដែលផ្ទុយពីការកំណត់របស់ច្បាប់។ មានន័យថា ម្ចាស់បណ្តាំអាចបែងចែក(ប្រគល់)មត៌កទៅទាយាទណាម្នាក់របស់ខ្លួន ឱ្យទទួលបានចំណែកមត៌កច្រើនជាងការកំណត់របស់ច្បាប់ ឬ បែងចែកមត៌កទៅបុគ្គលណាម្នាក់ដែលមិនមែនជាទាយាទ ឬ ញាតិរបស់ខ្លួនបាន។ * មូលហេតុទី៣៖ កំណត់បុគ្គលដែលមិនត្រូវទទួលបានមត៌ក។ ម្ចាស់បណ្តាំអាចបង្ហាញឆន្ទៈមិនបែងចែក(ប្រគល់)មត៌ក ឬកាត់ផ្តាច់មត៌កពីទាយាទណាម្នាក់តាមបណ្តាំមត៌កបាន។ ការមិនបែងចែក(ប្រគល់)មត៌កដល់ទាយាទណាម្នាក់ អាចដោយសារតែទាយាទនោះធ្លាប់បានទទួលទ្រព្យសម្បត្តិក្នុងអំឡុងពេលដែលម្ចាស់បណ្តាំនៅរស់រានមានជីវិត ចំណែកឯការកាត់ផ្តាច់មត៌កពីទាយាទណាម្នាក់ អាចដោយសារតែទាយាទនោះធ្លាប់បានធ្វើបាប ឬ ប្រមាថធ្ងន់ធ្ងរដល់ម្ចាស់បណ្តាំ ជាដើម។ * មូលហេតុទី៤៖ ទទួលស្គាល់កូន។ បើម្ចាស់បណ្តាំមិនហ៊ានបង្ហាញឆន្ទៈទទួលស្គាល់កូនពេលខ្លួននៅមានជីវិត ម្ចាស់បណ្តាំដែលជាឪពុករបស់កូននោះ អាចបង្ហាញឆន្ទៈទទួលស្គាល់កូនបាន ប្រសិនបើកូននោះពុំទាន់មានឪពុកស្របច្បាប់នៅឡើយ។ ការទទួលស្គាល់កូន គឺដើម្បីបង្កើតទំនាក់ទំនងញាតិរវាងកូននោះ និងញាតិរបស់ម្ចាស់បណ្តាំ ហើយក៏ដើម្បីផ្តល់សិទ្ធិឱ្យកូននោះទទួលបាននូវចំណែកមត៌កពីម្ចាស់បណ្តាំផងដែរ។ * មូលហេតុទី៥៖ កំណត់អ្នកមានសិទ្ធិគ្រប់គ្រងកូនដែលមិនទាន់គ្រប់អាយុតាមផ្លូវច្បាប់។ ប្រសិនបើម្ចាស់បណ្តាំមានកូនដែលមិនទាន់គ្រប់អាយុតាមផ្លូវច្បាប់ ហើយពុំមានប្តីឬប្រពន្ធ (ស្លាប់) នោះម្ចាស់បណ្តាំគួរតែកំណត់បុគ្គលណាម្នាក់ដែលខ្លួនទុកចិត្ត ដើម្បីមានសិទ្ធិថែរក្សា និងគ្រប់គ្រងកូន នៅពេលខ្លួនទទួលមរណភាព។ * មូលហេតុទី៦៖ ចំណេញពេលវេលា និងថវិកាដល់ទាយាទ។ មានន័យថា ក្រោយមរណភាពរបស់ម្ចាស់បណ្តាំ ប្រសិនបើមានបណ្តាំមត៌ក នោះទាយាទរបស់ម្ចាស់បណ្តាំពុំចាំបាច់ចំណាយ ពេលវេលា និងប្រាក់កាស់ច្រើន ព្រមទាំងការគិតពិចារណា ជាដើម ក្នុងការដោះស្រាយការបែងចែកមត៌កដល់ទាយាទដែលច្បាប់បានទទួលស្គាល់ឡើយ ពោលគឺគ្រាន់តែបែងចែកមត៌កទៅតាមឆន្ទៈដែលបានកំណត់នៅក្នុងបណ្តាំមត៌កប៉ុណ្ណោះ ប្រសិនបើបណ្តាំនោះបានកំណត់វិធីបែងចែកមត៌កច្បាស់លាស់រួចរាល់ហើយ។ * មូលហេតុទី៧៖ កំណត់បុគ្គលដែលត្រូវទទួលបន្ទុកក្នុងការបែងចែកមត៌ក (អ្នកប្រតិបត្តិបណ្តាំមត៌ក) ដល់បុគ្គលដែលត្រូវទទួលមត៌ក ស្របទៅតាមខ្លឹមសារនៃបណ្តាំមត៌ក។ ក្នុងករណីនេះ ម្ចាស់បណ្តាំគួរតែកំណត់បុគ្គលដែលជាអ្នកជំនាញផ្លូវច្បាប់ ដើម្បីទទួលបន្ទុកក្នុងការអនុវត្តបណ្តាំមត៌កប្រកបដោយប្រសិទ្ធភាព នៅពេលម្ចាស់បណ្តាំទទួលមរណភាព។ * មូលហេតុទី៨៖ កាត់បន្ថយការបារម្ភ ឬភាពតានតឹង ពាក់ព័ន្ធនឹងការបែងចែកមត៌កដល់ទាយាទ។ នៅពេលខ្លះ ម្ចាស់បណ្តាំមានការបារម្ភថា មិនដឹងថាទ្រព្យសម្បត្តិដែលខ្លួនមាននឹងទៅជាយ៉ាងណាឡើយ ក្រោយមរណភាពរបស់ខ្លួន ដូចនេះ ការធ្វើបណ្តាំមត៌ក អាចធ្វើឱ្យម្ចាស់បណ្តាំធូរស្បើយចិត្តបានមួយកម្រិតដែរ។ * មូលហេតុទី៩៖ ផ្តែផ្តាំពាក្យចុងក្រោយដល់ទាយាទ។ ម្ចាស់បណ្តាំអាចមានបណ្តាំចុងក្រោយ ដល់ទាយាទរបស់ខ្លួន ដូចជា ការផ្តល់ដំបូន្មាន ឬ យោបល់ ដើម្បីឱ្យមានសុខដុមរមនាដល់ក្រុមគ្រួសារ។ ហេតុដូចនេះ បើបានសរសេរបណ្តាំមត៌កទុកជាមុន ម្ចាស់បណ្តាំបានបន្សល់ទុកនូវពាក្យផ្តែផ្តាំចុងក្រោយដល់ទាយាទ ជៀសវាងការទទួលមរណភាពជាយថាហេតុ៕ រៀបរៀងដោយ លោក វ៉ៃ ភីរក្ស អ្នកបណ្តុះបណ្តាលកម្មវិធីវិភាគទានច្បាប់

2022-06-15 22:04:06