023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ បញ្ជីថ្កោលទោស

(ភ្នំពេញ)៖ ជាទូទៅនៅក្នុងទំនាក់ទំនងនៃមនុស្សនៅក្នុងសង្គម ការណ៍ដែលបានដឹងអំពីប្រវត្ដិរបស់បុគ្គលម្នាក់ៗ គឺជារឿងមួយចាំបាច់ដែលប្រើប្រាស់ជាមូលដ្ឋានក្នុងការវាយតម្លៃទៅលើបុគ្គលនោះ មុននឹងសម្រេចបង្កើតនូវទំនាក់ទំនង ការវិនិច្ឆ័យ និងទទួលយក ឬផ្ដល់ឱ្យនូវភារកិច្ចអ្វីមួយ ជាពិសេសអំពីប្រវត្ដិនៃការប្រព្រឹត្ដបទល្មើសព្រហ្មទណ្ឌរបស់បុគ្គលនោះ។ អាស្រ័យដូចនេះ ដើម្បីអាចដឹងថាបុគ្គលម្នាក់ធ្លាប់បានប្រព្រឹត្ដបទល្មើសណាមួយពីមុនមក ឬអត់ចាំបាច់ណាស់ត្រូវតែមានកំណត់ត្រាណាមួយអំពីប្រវត្ដិនៃការផ្ដន្ទាទោសចំពោះបុគ្គលនោះ។ ជាក់ស្ដែងនៅកម្ពុជា ដើម្បីធ្វើការកត់ត្រាអំពីប្រវត្ដិនៃការផ្ដន្ទាទោសព្រហ្មទណ្ឌទៅលើបុគ្គលណាម្នាក់នោះ យើងបានបង្កើតឱ្យមានឡើងនូវសៀវភៅកំណត់ត្រាមួយដែលត្រូវបានគ្រប់គ្រងដោយ ក្រសួងយុត្ដិធម៌ ដែលហៅថា បញ្ជីថ្កោលទោស។ តើអ្វីទៅជាបញ្ជីថ្កោលទោស? តើបញ្ជីនោះកត់ត្រាអំពីអ្វីខ្លះ? ហើយត្រូវបានគ្រប់គ្រង និងប្រើប្រាស់យ៉ាងម្ដេច? នៅក្នុងសប្ដាហ៍នេះ អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បញ្ជីថ្កោលទោស» មកធ្វើការពន្យល់ និងបកស្រាយជូនបងប្អូនប្រជាពលរដ្ឋដូចតទៅ៖ បញ្ជីថ្កោលទោស គឺជាប្រភេទនៃបញ្ជីមួយដែលមានបញ្ញត្ដិ នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានកាន់កាប់ដោយអង្គភាពមួយ នៃក្រសួងយុត្ដិធម៍ ដែលជាកំណត់ត្រាទិន្នន័យពិសេសអំពីការផ្ដន្ទាទោសព្រហ្មទណ្ឌស្ថាពរ និងវិធានការណ៍ផ្សេងៗទៀតដែលទាក់ទងនឹងទោសព្រហ្មទណ្ឌ ព្រមទាំងវិធានការណ៍មួយចំនួនទៀតដែលមាន លក្ខណៈប្រហាក់ប្រហែលនិងទោស ផ្នែករដ្ឋប្បវេណីរបស់ពលរដ្ឋម្នាក់ៗដែលជាទណ្ឌិត ឬធ្លាប់បានប្រព្រឹត្ដបទល្មើសព្រហ្មទណ្ឌពីមុនមក ។ យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ បញ្ជីថ្កោលទោសត្រូវទទួលសាលកបត្រកំណត់ត្រាអំពី៖ * ការផ្ដន្ទាទោសដែលត្រូវបានប្រកាសដោយតុលាការបរទេស ហើយដែលអនុវត្ដតាមកិច្ចព្រមព្រៀងអន្ដរជាតិ ត្រូវបានជូនដំណឹងមកអាជ្ញាធរកម្ពុជា * វិធានការលើកលែងទោស និងបន្ធូបន្ថយទោស ដែលប្រទានដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា * សេចក្ដីសម្រេចក្នុងរឿងដោះលែងដោយមានលក្ខខណ្ឌ * សេចក្ដីសម្រេចស្ដីពីការបង្ខំដល់រូបកាយ * សាលក្រម ឬសាលដីកាដែលប្រកាសការក្ស័យធន * សេចក្ដីសម្រេចឱ្យមានការផ្ដល់នីតិសម្បទាឡើងវិញតាមផ្លូវតុលាការ * សេចក្ដីសម្រេចបណ្ដេញជនបរទេស។ និទ្ទេសខាងលើនេះនឹងត្រូវចុះនៅក្នុងបញ្ជីថ្កោលទោសកាលណា៖ * ទណ្ឌិតបានទទួលទោសពន្ធនាគារ ឬ ការបង្ខំដល់រូបកាយរួចរាល់ហើយ។ * កាលបរិច្ឆេទនៃការអនុវត្ដទោស ឬ ការបង្ខំដល់រូបកាយនេះ កាលណាទណ្ឌិតបានបង់ប្រាក់ពិន័យ និងប្រាក់ពន្ធនៃនីតិវិធី កាលបរិច្ឆេទនៃការបង់ប្រាក់នេះ។ * ការផ្ដន្ទាទោសណាមួយត្រូវបានទទួលនីតិសម្បទាជាថ្មីដោយពេញលក្ខណៈច្បាប់។ និទ្ទេសខាងលើនេះអាចត្រូវដកចេញពីបញ្ជីថ្កោលទោសនៅក្នុងករណីមួយចំនួន៖ * ការផ្ដន្ទាទោសដែលសម្រេចដោយកំបាំងមុខ កាលណាការផ្ដន្ទាទោសនេះត្រូវទុកជាអាសាបង់នៅពលមានបណ្ដឹងទាស់ * ការផ្ដន្ទាទោសដែលត្រូវបានលុបលាងដោយការលើកលែងទោសជាទូទៅ * ការផ្ដន្ទាទោសដែលកើតមកដោយការភ័ន្ដច្រឡំអត្ដសញ្ញាណ * ការផ្ដន្ទាទោសដែលត្រូវបានចាត់ទុកជាអាសារបង់ដោយនីតិវិធីនៃបណ្ដឹងសើរើ។ បញ្ជីថ្កោលទោសក៏ទទួលផងដែរនូវសាលកបត្រដែលទាក់ទងនឹងបុគ្គលកើតនៅឯបរទេស និងបុគ្គលដែលអត្ដសញ្ញាណមិនអាចផ្ទៀងផ្ទាត់មើលបាន ឬ គួរឱ្យសង្ស័យ ហើយនៅក្នុងករណីនេះ ត្រូវចុះនិទ្ទេសពិសេសនៅក្នុងបញ្ជីថ្កោលទោសថាអត្ដសញ្ញាណមិនអាចផ្ទៀងផ្ទាត់មើលបាន ឬអត្ដសញ្ញាណគួរឱ្យសង្ស័យ។ ជាទូទៅព័ត៌មាន និងសាលាកបត្រដែលត្រូវចុះនិទ្ទេសក្នុងបញ្ជីថ្កោលទោស គឺទទួលបានពីនាយដ្ឋានក្រឡាបញ្ជីតុលាការ ប្រធានពន្ធនាគារ និងអង្គភាពរតនាគារដែលពាក់ព័ន្ធនឹង សេចក្ដីសម្រេចផ្ដន្ទាទោស លិខិតជូនដំណឹងអំពីការអនុវត្ដទោស ការបង្ខំដល់រូបកាយ ការបង់ប្រាក់វិន័យ និងព័ត៌មានអំពីវិធានការលើកលែងទោស និងបន្ធូ បន្ថយទោសដែលប្រទានដោយព្រះមហាក្សត្រ និងសេចក្ដីសម្រេចបណ្ដេញជនបរទេសជាអាទិ៍។ ចំពោះព័ត៌មាននៃបញ្ជីថ្កោលទោសទាក់ទងនឹងនីតិបុគ្គល ត្រូវទទួលចុះសាលកបត្រទាំងឡាយដែលបញ្ជាក់ពីការផ្ដន្ទាទោសគ្រប់ប្រភេទដោយតុលាការព្រហ្មទណ្ឌចំពោះនីតិបុគ្គលនោះ។ អង្គភាពបញ្ជីថ្កោលទោសអាចចេញព្រឹត្ដិបទបញ្ជីថ្កោលទោស ដែលព្រឹត្ដិបត្រនេះ គឺជាសម្រង់នៃនិទ្ទេសទាំងអស់ ឬ មួយផ្នែកដែលមានចុះនៅក្នុងបញ្ជីថ្កោលទោសចំពោះបុគ្គលណាមួយជាកំណត់។ យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ បានកំណត់ព្រឹត្ដិបត្រថ្កោលទោសមាន ៣ លេខគឺ៖ ក៖ ព្រឹត្ដិបត្រលេខ១ នៃបញ្ជីថ្កោលទោស រួមមាននិទ្ទេសទាំងអស់ដែលចុះនៅក្នុងបញ្ជីថ្កោលទោសបុគ្គលនីមួយៗ ដែលព្រឹត្ដិបត្រលេខ១ នេះ អាចចេញឱ្យដល់អាជ្ញាធរតុលាការតែប៉ុណ្ណោះ។ ខ៖ ព្រឹត្ដិបត្រលេខ២ មាននិទ្ទេសទាំងអស់ដែលចុះនៅក្នុងព្រឹត្ដិបត្រលេខ១ លើកលែងតែ៖ * ការផ្ដន្ទាទោសដែលត្រូវបានលុបបំបាត់ដោយការផ្ដល់នីតិសម្បទាឡើងវិញតាមផ្លូវតុលាការ ឬដោយពេញលក្ខណៈច្បាប់ * ការផ្ដន្ទាទោសដោយគ្មានការដកហូត * សាលក្រម ឬសាលដីកាដែលប្រកាសការក្ស័យធនក្នុងករណីដែលទទួលបាននីតិសម្បទាឡើងវិញ។ ព្រឹត្ដិបត្រលេខ២ នេះត្រូវចេញឱ្យដល់អាជ្ញាធរតុលាការអាជ្ញាធរយោធាដែលទទួលពាក្យសុំចូលបំរើក្នុងកងទ័ពភ្នាក់ងារដែលកាន់បញ្ជីពាណិជ្ជកម្ម។ ព្រឹត្ដិបត្រលេខ២ ក៏ត្រូវចេញឱ្យដល់អភិបាលខេត្ដ ក្រុង និងអង្គភាពរដ្ឋផងដែរកាលណាអភិបាលខេត្ដ ក្រុង និងអង្គភាពរដ្ឋបានទទួលពាក្យសុំធ្វើការរដ្ឋ បានទទួលពាក្យស្នើស្ដីពីការងារសាធារណៈ ឬអាបណសញ្ញាសាធារណៈ បានទទួលពាក្យសុំបើកគ្រឹះស្ថានដែលត្រូវតែមានការអនុញ្ញាត ឬនៅក្នុងក្របខណ្ឌនៃនីតិវិធីខាងវិន័យ។ គ៖ ព្រឹត្ដិបត្រលេខ៣ មានចុះតែការផ្ដន្ទា ទោសជាប់ ពន្ធនាគារដោយគ្មានការព្យួរទោសដែលប្រកាសទៅបុគ្គលណាមួយ ពីបទឧក្រិដ្ឋ ឬ បទមជ្ឈិមប៉ុណ្ណោះ។ ក៏ប៉ុន្ដែការផ្ដន្ទាទោសដែលបានទទួល នីតិសម្បទា វិញហើយ គ្មានចុះក្នុង ព្រឹត្ដិបត្រលេខ ៣ទេ។ ព្រឹត្ដិបត្រលេខ ៣ ត្រូវចេញឱ្យដល់សាមីជនដែលពាក់ព័ន្ធ ក្នុងករណីណាក៏ដោយព្រឹត្ដិបត្រលេខ ៣ មិនត្រូវចេញឱ្យដល់តតិយជនទេ។ ប្រកាសរបស់ក្រសួងយុត្ដិធម៍ក៏កំណត់វិធានការណ៍ទាំងឡាយណាដែលចាំបាច់ សម្រាប់ការប្រព្រឹត្ដទៅនៃអង្គភាពបញ្ជីថ្កោលទោស។ ប្រកាសនេះកំណត់ជាអាទិ៍នូវលក្ខខណ្ឌទាំងឡាយដែល សាលកបត្រត្រូវបានបង្កើតឡើង ត្រូវបានត្រួតពិនិត្យ និងត្រូវបានបញ្ជូនដោយក្រឡាបញ្ជីព្រមទាំងលក្ខខណ្ឌទាំងឡាយណានៃការចេញព្រឹត្ដិបត្រ។ កាលណាបុគ្គលណាមួយត្រូវបានផ្ដន្ទាទោសដោយមានភាពខុសអត្ដសញ្ញាណ អយ្យការត្រូវតែសុំឱ្យធ្វើការកែត្រូវបញ្ជីថ្កោលទោសភ្លាម។ ការឱ្យមាននីតិសម្បទាឡើងវិញ លុបលាងចោលទណ្ឌកម្មព្រហ្មទណ្ឌ។ ប៉ុន្ដែទោសនេះនៅតែមានចុះក្នុងបញ្ជីថ្កោលទោសដដែល ដោយមានចុះនិទ្ទេសថា ត្រូវបាននីតិសម្បទាឡើងវិញ។ សរុបមកបញ្ជីថ្កោលទោស គឺជាកំណត់កត់ត្រាដើម្បីឲ្យដឹងថារូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយធ្លាប់មានប្រវត្តអំពីការប្រព្រឹត្តបទល្មើស ឬផ្តន្ទាទោស និងការពិន័យ ជាអាទិ៍ ហើយម្យ៉ាងវិញទៀតវា គឺព្រឹត្ដិបត្របង្ហាញពីភាពស្អាតស្អំដើម្បីឲ្យរូបវន្តបុគ្គល ឬនីតិបុគ្គល យកទៅប្រើប្រាស់ជាប្រយោជន៍ក្នុងវិស័យការងារ មុខរបប និងអាជីវកម្មរបស់ខ្លួន។ល។ រៀបរៀងដោយ៖ លោក ប៊ុន វិទូ ប្រធានផ្នែកសេវាកម្មច្បាប់ និងលោក រ៉ាត់ ចាន់ធី អនុប្រធានផ្នែកសេវាកម្មច្បាប់ និង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ http://www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-09-21 09:10:20

យល់ដឹងផ្នែកច្បាប់៖ បណ្តឹងសាទុក្ខក្នុងរឿងក្តីរដ្ឋប្បវេណី

(ភ្នំពេញ)៖ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តុលាការត្រូវបានបែងចែកជា ២ជាន់ និង៣ថ្នាក់ ដែលមានដូចជាតុលាការជាន់ទាប (សាលាដំបូងរាជធានី/ខេត្ត) និង តុលាការជាន់ខ្ពស់ (សាលាឧទ្ធរណ៍, តុលាការកំពូល) យើងដឹងហើយថា តុលាការគ្រប់ជាន់ថ្នាក់ធ្វើការសម្រេចសេចក្តីតាមសាលក្រម ឬសាលដីកា។ ចំពោះសាលាដំបូងរាជធានី/ខេត្ត ធ្វើការសម្រេចសេចក្តីតាមរយៈសាលក្រម រីឯសាលាឧទ្ធរណ៍ និងតុលាការកំពូល ធ្វើការសម្រេចសេចក្តីតាមរយៈសាលដីកា។ ជាក់ស្តែងក្នុងករណីដែលភាគីមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់សាលដំបូងរាជធានី/ខេត្ត ភាគីអាចធ្វើការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រម ដែលបានចេញដោយសាលាដំបូងរាជធានី/ខេត្ត មួយវិញទៀតក្នុងករណីដែលភាគីនៅតែមិនពេញចិត្តចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ភាគីអាចធ្វើការប្តឹងសាទុក្ខប្រឆាំងនឹងសាលដីកា ដែលបានចេញដោយសាលាឧទ្ធរណ៍ផងដែរ។ ប្រធានបទសប្តាហ៍នេះ នឹងធ្វើការបកស្រាយដោយ ផ្តោតលើចំណុចសំខាន់ផ្សេងៗ នៅក្នុងនីតិវិធីនៃបណ្តឹងសាទុក្ខតែប៉ុណ្ណោះ។ ដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាព FRESH NEWS ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិសូមលើកយកប្រធានបទស្តីពី «បណ្តឹងសាទុក្ខក្នុងរឿងក្តីរដ្ឋប្បវេណី» មកធ្វើការបង្ហាញជូនបងប្អូន ប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖ បណ្តឹងសាទុក្ខ គឺជាប្រភេទមួយនៃបណ្តឹងឧបាស្រ័យដែលធ្វើទៅតុលាការជាន់ខ្ពស់និងជាបណ្តឹងដែលធ្វើឡើងប្រឆាំងនឹងសេចក្តីសម្រេចចុងក្រោយរបស់សាលាឧទ្ធរណ៍ ឬធ្វើឡើងប្រឆាំងនឹង សាលក្រមរបស់សាលាដំបូងរាជធានី/ខេត្តក្នុងករណីដែលគូភាគីបានព្រមព្រៀងគ្នាមិនប្តឹងឧទ្ធរណ៍។ សូមបញ្ជាក់ថានៅក្នុងរឿងក្តីរដ្ឋប្បវេណីគូភាគីបន្ទាប់ពីសាលាដំបូងរាជធានី/ខេត្តចេញសេចក្តីសម្រេចរួចមក គូភាគីអាចធ្វើការព្រមព្រៀងគ្នាជាលាយលក្ខណ៍អក្សរថា មិនប្តឹងឧទ្ធរណ៍ ហើយទុកសិទ្ធិប្តឹងសាទុក្ខទៅតុលាការកំពូលតែម្តង។ សាលក្រម ឬសាលដីកា ដែលអាចប្តឹងសាទុក្ខបានមានដូចជា សាលដីកាចុងក្រោយដែលត្រូវបានជំនុំជម្រះលើកទី២ ដោយសាលាឧទ្ធរណ៍ គឺជាសាលដីកាដែលសាលាឧទ្ធរណ៍ ចេញបន្ទាប់ពីការពិនិត្យ លើភស្តុតាង និងការទាញហេតុផលដោយផ្ទាល់មាត់ (សវនាការ), សាលដីកាចុងក្រោយដែលសាលាឧទ្ធរណ៍បានជំនុំជម្រះលើកទី១ តាមបញ្ញត្តិនៃច្បាប់ពិសេស ដូចជា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាគណៈមេធាវី បន្ទាប់ពីសាលាឧទ្ធរណ៍បានជំនុំជម្រះលើកទី១ សាលដីកាចុងក្រោយនេះអាចធ្វើការប្តឹងសាទុក្ខបាន, សាលក្រមចុងក្រោយ ដែលធ្វើការជំនុំជម្រះលើកទី១ ដោយសាលាដំបូងរាជធានី/ខេត្ត ក្នុងករណីដែលគូភាគីបានព្រមព្រៀងគ្នាជាលាយលក្ខណ៍អក្សរថាមិនប្តឹងឧទ្ធរណ៍ និងរក្សាសិទ្ធិក្នុងការប្តឹងសាទុក្ខទៅតុលាការកំពូលតែម្តង។ មូលហេតុនៃបណ្តឹងសាទុក្ខត្រូវបានបែងចែកជាពីរគឺ ទី១៖ មូលហេតុទូទៅនៃបណ្តឹងសាទុក្ខ សំដៅដល់ការចេញសាលក្រម ឬសាលដីកា របស់តុលាការមានអត្ថន័យផ្ទុយពី រដ្ឋធម្មនុញ្ញ, ច្បាប់, បទដ្ឋានគតិយុត្តជាដើម។ ទី២៖ មូលហេតុដាច់ខាតនៃបណ្តឹងសាទុក្ខមានដូចជា ចៅក្រមដែលចេញសាលដីកា ឬសាលក្រមមិនត្រូវបានចាត់តាំងដោយស្របច្បាប់, ចៅក្រមដែលច្បាប់មិនអនុញ្ញាតឱ្យចូលរួមក្នុងការចេញសាលក្រម ឬសាលដីកា តែបានចូលរួម (ចៅក្រមដែលត្រូវបានប្តឹងដិតចិត្ត), ភាពផ្ទុយនឹងសមត្ថកិច្ចផ្តាច់មុខ (បណ្តឹងលែងលះ), ការខ្វះសិទ្ធិតំណាងដែលកំណត់ដោយច្បាប់ (អ្នកតំណាងមិនបានដាក់ឯកសារបញ្ជាក់ថាខ្លួនមានសិទ្ធិតំណាង) ខ្វះសិទ្ធិតំណាងដោយអាណត្តិ (ធ្វើសកម្មភាពបណ្តឹងដោយមិនមានការប្រគល់សិទ្ធិ ឬចាត់តាំង) ខ្វះការប្រគល់សិទ្ធិចំាបាច់សម្រាប់អ្នកតំណាងដើម្បីធ្វើសកម្មភាពបណ្តឹង (មិនមានលិខិតប្រគល់សិទ្ធិធ្វើបណ្តឹងជាអាទិ៍), ភាពផ្ទុយពីការបើកការទាញហេតុផល ដោយផ្ទាល់មាត់ជាសាធារណៈ (ការបើកសវនាការជាសាធារណៈចំពោះរឿងក្តីលែងលះ), សាលក្រម ឬសាលដីកា គ្មានសំអាងហេតុ ឬមានសំអាងហេតុដែលមានភាពផ្ទុយគ្នា នឹងសេចក្តីសម្រេចបញ្ចប់។ របៀបប្តឹងសាទុក្ខ ដើម្បីធ្វើការប្តឹងសាទុក្ខ ភាគីត្រូវដាក់ពាក្យបណ្តឹងទៅតុលាការដើម ក្នុងករណីនេះពាក្យបណ្តឹងសាទុក្ខត្រូវដាក់ នៅសាលាឧទ្ធរណ៍ប្រសិនបើធ្វើការប្តឹងប្រឆាំងនឹង សាលដីកាចុងក្រោយរបស់សាលាឧទ្ធរណ៍ ឬបណ្តឹងសាទុក្ខត្រូវដាក់នៅសាលាដំបូងរាជធានី/ខេត្ត ចំពោះករណីដែលភាគីព្រមព្រៀងជាលាយលក្ខណ៍អក្សរមិនប្តឹងឧទ្ធរណ៍។ នៅពេលដែលមាន បណ្តឹងសាទុក្ខ ច្បាប់តម្រូវឱ្យតុលាការដើម (សាលាឧទ្ធរណ៍, សាលាដំបូងរាជធានី/ខេត្ត) ធ្វើការបញ្ជូនឱ្យឆាប់រហ័ស នូវពាក្យបណ្តឹងសាទុក្ខ និងសំណុំរឿងទៅតុលាការ នៃបណ្តឹងសាទុក្ខ (តុលាការកំពូល)។ ចំពោះអាជ្ញាយុកាលនៃការប្តឹងសាទុក្ខ ភាគីមានអំឡុងពេល ០១(មួយ)ខែ ដែលត្រូវគិតចាប់ពីថ្ងៃដែលទទួលការបញ្ជូនលិខិតសាលក្រម ឬសាលដីកា។ ការសរសេរមូលហេតុនៃបណ្តឹងសាទុក្ខ បន្ទាប់ពីទទួលពាក្យបណ្តឹងសាទុក្ខរបស់ដើមបណ្តឹងសាទុក្ខ តុលាការកំពូលត្រូវបញ្ជូនលិខិតទទួលពាក្យបណ្តឹងសាទុក្ខទៅភាគី ហើយចំពោះភាគីជាចុងបណ្តឹងសាទុក្ខត្រូវភ្ជាប់មកជាមួយនូវពាក្យបណ្តឹងសាទុក្ខផងដែរ។ បន្ទាប់ពីទទួលបានលិខិតទទួលពាក្យបណ្តឹង ដើមបណ្តឹងសាទុក្ខ ត្រូវដាក់មូលហេតុនៃបណ្តឹងសាទុក្ខ ក្នុងអំឡុងពេល ៣០ (សាមសិប)ថ្ងៃ។ ក្នុងករណីបណ្តឹងសាទុក្ខធ្វើឡើងដោយយោងតាមមូលហេតុទូទៅនៃបណ្តឹងសាទុក្ខដូចបញ្ជាក់ខាងលើ ដើមបណ្តឹងសាទុក្ខត្រូវសរសេរបញ្ជាក់ពីហេតុដែលបានសម្រេចសេចក្តីផ្ទុយនឹងរដ្ឋធម្មនុញ្ញ, ច្បាប់, បទដ្ឋានគតិយុត្តនោះ ឬក្នុងករណីបណ្តឹងសាទុក្ខធ្វើឡើងដោយសារមូលហេតុដាច់ខាតនៃបណឹ្តងសាទុក្ខ ដើមបណ្តឹងសាទុក្ខត្រូវ សរសេរបញ្ជាក់ពីអង្គហេតុដែលត្រឹមនឹងចំណុចណាមួយ នៃមូលហេតុដាច់ខាតនោះឱ្យបានច្បាស់លាស់។ បណ្តឹងសាទុក្ខ នឹងត្រូវបានលើកចោលដោយដីកាសម្រេចក្នុងករណីដូចជា បណ្តឹងសាទុក្ខនោះជាបណ្តឹងខុសច្បាប់ ហើយមិនអាចកែតម្រូវចំណុចខ្វះខាតបាន ឬបើមិនដាក់លិខិតបញ្ជាក់ពីមូលហេតុនៃបណ្តឹងសាទុក្ខ។ បណ្តឹងសាទុក្ខក៏អាចត្រូវច្រានចោលដោយសាលដីកា ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីនៃការទាញហេតុផលដោយផ្ទាល់មាត់ (សវនាការ) ផងដែរ ប្រសិនបើតុលាការពិនិត្យលើពាក្យបណ្តឹងសាទុក្ខ, លិខិតបញ្ជាក់មូលហេតុនៃបណ្តឹងសាទុក្ខ និងឯកសារផ្សេងៗ ហើយយល់ឃើញថាបណ្តឹងសាទុក្ខនោះគ្មានមូលហេតុសម្រាប់ប្តឹងសាទុក្ខ។ សរុបសេចក្តីមក បណ្តឹងសាទុក្ខ គឺជាប្រភេទមួយនៃបណ្តឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់ ដែលធ្វើឡើងប្រឆាំងនឹង សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ឬសាលាដំបូងរាជធានី/ខេត្ត (ចំពោះករណីដែលភាគីព្រមព្រៀងគ្នាជាលាយលក្ខណ៍អក្សរថាមិនប្តឹ ងឧទ្ធរណ៍)។ លើសពីនេះទៀតបណ្តឹងសាទុក្ខ ត្រូវធ្វើទៅតុលាការកំពូលដោយផ្អែកលើមូលហេតុមួយ ដែលច្បាប់បានកំណត់ជាក់លាក់។ ផ្ទុយមកវិញបណ្តឹងសាទុក្ខ ក៏អាចត្រូវលើកចោលដោយហេតុថា ជាបណ្តឹងខុសច្បាប់ ឬច្រានចោលដោយសារគ្មាន មូលហេតុច្បាស់លាស់តាមផ្លូវច្បាប់។ រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងលោក ប៉ូល គីមសេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅ អគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល president@ciclg.com គេហទំព័រ៖ http://www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-09-14 09:04:23

យល់ដឹងផ្នែកច្បាប់៖ ការបង្វែរវត្ថុរឹបអូស ឬដាក់ធានា

(ភ្នំពេញ)៖ ដោយសារមានកំណើនសេដ្ឋកិច្ច និងមានតម្រូវការចាំបាច់ជាច្រើននៅក្នុងជីវភាពប្រចាំថ្ងៃ ធ្វើឱ្យប្រជាពលរដ្ឋភាគច្រើនបើកអាជីវកម្មនានា ដើម្បីចាប់យកឱកាសមាសប្រាក់នេះ។ ទន្ទឹមនឹងនេះ ដើម្បីបង្កើន ឬពង្រឹងអាជីវកម្ម និងសម្រេចគោលបំណងរបស់ខ្លួនបាន ប្រជាពលរដ្ឋបានទៅខ្ចីប្រាក់ពីសាច់ញាតិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារជាអាទិ៍។ នៅពេលមានការកម្ចីប្រាក់បែបនេះ ជាទូទៅម្ចាស់បំណុល (អ្នកឱ្យខ្ចី) តែងតែតម្រូវឱ្យកូនបំណុល (អ្នកខ្ចី) ដាក់តម្កល់ធានានូវទ្រព្យសម្បត្តិ (វត្ថុ) មកឱ្យខ្លួន។ ក្រោយពីកូនបំណុលបានខ្ចីប្រាក់ ពីម្ចាស់បំណុលរួចមក ស្រាប់តែកូនបំណុលខកខាន ឬមិនបានបង់ការប្រាក់ ឬ/និងប្រាក់ដើមមកឱ្យម្ចាស់បំណុលទៅតាមកាលកំណត់ទេ ជាពិសេស កូនបំណុលបានបង្វែរវត្ថុរឹបអូស ឬដាក់ធានានោះទៅឱ្យជនទី៣ផងដែរ។ ដូចនេះ ថាតើកូនបំណុលត្រូវបានផ្តន្ទាទោសដែរ ឬទេ ចំពោះទង្វើខាងលើនេះ? ដើម្បីជ្រាបកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន FRESH NEWS បានសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «ការបង្វែរវត្ថុរឹបអូស ឬដាក់ធានា» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ ដូចតទៅ៖ យោងតាមមាត្រា ៣៩៧ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តិថា «ការបង្វែរវត្ថុរឹបអូស ឬដាក់ធានា គឺជាអំពើរបស់កូនបំណុលដែលគៃបំបាត់ ឬបំផ្លាញវត្ថុដែលបានឃាត់ទុក ឬរឹបអូស ដោយអាជ្ញាធរមាននីតិសម្បទា ឬ ដាក់ដើម្បីធានានូវសិទ្ធិលើបំណុល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ)ខែ ទៅ ១ (មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន)រៀល ទៅ ២.០០០.០០០ (ពីរលាន)រៀល»។ ដើម្បីយល់កាន់តែច្បាស់អំពីខ្លឹមសារនៃមាត្រានេះ សូមលើកឧទាហរណ៍ដូចខាងក្រោម៖ ឧទាហរណ៍៖ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ លោក “ក” (កូនបំណុល) បានខ្ចីប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិកពីធនាគារមួយកន្លែង (ម្ចាស់បំណុល) ដោយមានភ្ជាប់ការប្រាក់ និងការប្រាក់យឺតយ៉ាវទៅតាមច្បាប់កម្រិត ព្រមទាំងបានដាក់តម្កល់ធានាផ្ទះមួយកន្លែង ដែលមានលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង (ប្លង់ទន់) ទៅឱ្យម្ចាស់បំណុល ដែលថ្ងៃកំណត់ត្រូវសងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ គួរបញ្ជាក់ផងដែរ ផ្ទះខាងលើនេះមាន ប្លង់ទន់ចំនួន ២ច្បាប់ ប៉ុន្តែកូនបំណុលមិនបានប្រាប់ និងដាក់តម្កល់ទៅឱ្យម្ចាស់បំណុលទាំងពីរច្បាប់នោះទេ។ មួយរយៈក្រោយមក កូនបំណុលបានលក់ និងបានផ្ទេរសិទ្ធិ (ប្លង់ទន់) នូវផ្ទះខាងលើនេះទៅឱ្យលោក “ខ” ជាអ្នកទិញសុច្ចរិត។ ទង្វើរបស់លោក “ក” ជាកូនបំណុល បានធ្វើឱ្យបាត់នូវវត្ថុដែលបានដាក់ដើម្បីធានានូវសិទ្ធិលើបំណុល ដែលម្ចាស់បំណុលមានចំពោះខ្លួន ដែលធ្វើឱ្យខូចប្រយោជន៍ដល់ម្ចាស់បំណុលយ៉ាងធ្ងន់ធ្ងរ។ ដូចនេះ លោក “ក” នឹងទទួលខុសត្រូវចំពោះមុខច្បាប់ ដូចមានចែងក្នុងមាត្រា ៣៩៧ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ការប៉ុនប៉ងប្រព្រឹត្តបទមជ្ឈិម (បទល្មើសខាងលើ) នេះ ត្រូវផ្តន្ទាទោសដូចគ្នានឹងបទមជ្ឈិមខាងលើដែរ តាមមាត្រា ៣៩៨ នៃក្រមព្រហ្មទណ្ឌ។ សរុបសេចក្តីមក ការប្រព្រឹត្ត ឬការប៉ុនប៉ងក្នុងការប្រព្រឹត្តអំពើខាងលើនេះ សុទ្ធតែជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ស្របតាមបញ្ញត្តិមាត្រា ៣៩៧ និងមាត្រា ៣៩៨ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។ រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក ហេង សុគន្ធ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖ president@ciclg.com, គេហទំព័រ៖ http://www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕

2020-09-14 09:01:33

យល់ដឹងផ្នែកច្បាប់៖ បុត្តភាព

(ភ្នំពេញ)៖ នៅក្នុងសង្គមគ្រួសារនីមួយៗ ទំនាក់ទំនងគតិយុត្តនៃញាតិលោហិត រវាងឪពុកម្ដាយជាមួយកូន ជាភាពចាំបាច់មួយ ដើម្បីបញ្ជាក់ពីបិតុភាព និងមាតុភាពរបស់កូនជាគោលការណ៍ច្បាប់ នៅពេលដែលទារកកើតមកភ្លាមដោយមិនឲ្យលើស ពីរយៈពេល ៣០ (សាមសិប)ថ្ងៃ ទោះបីជាឪពុកម្ដាយរបស់កូននោះបានរៀបអាពាហ៍ពិពាហ៍ ឬមិនបានរៀបអាពាហ៍ពិពាហ៍ គឺត្រូវតែធ្វើការសុំចុះកំណើតកូននៅ ឃុំ/សង្កាត់ ដែលជាទីកំណើតរបស់កូន តែប្រសិនបើការស្នើសុំចុះកំណើតនេះលើស ពីរយៈពេលកំណត់ដែលច្បាប់បានអនុញ្ញាត នោះអ្នកស្នើសុំត្រូវទទួលការផាកពិន័យតាមច្បាប់កំណត់។ រយៈពេល ៣០ (សាមសិប) ថ្ងៃនេះ គឺជារយៈពេលមួយដែលជួយសម្រួលដល់ឪពុកដែលនៅឆ្ងាយ ហើយម្ដាយទើបសម្រាលកូនរួចនៅសរសៃខ្ចីជាដើមដែលពុំអាចធ្វើការ សុំចុះកំណើតកូន បានទាន់ពេលវេលា ប៉ុន្ដែករណីនេះ មិនមានន័យថា ត្រូវតែជាឪពុក ម្ដាយរបស់កូនទើបមានសិទ្ធិសុំចុះកំណើតកូននោះទេដោយច្បាប់បានអនុញ្ញាតដល់សាច់ញាតិ ដែលរស់នៅជាមួយឪពុក ម្ដាយរបស់កូននោះ ក៏អាចធ្វើការសុំចុះកំណើតកូនជំនួសឪពុកម្ដាយរបស់កូនបានដែរ។ តើអ្វីទៅជាបុត្តភាព? ហើយចុះ ហេតុអ្វីត្រូវចាំបាច់ធ្វើការបញ្ជាក់ពីបិតុភាព និងមាតុភាពរបស់កូន? ដើម្បីធ្វើការស្វែងយល់ឲ្យបានកាន់តែច្បាស់ ដូច្នេះក្នុងថ្ងៃនេះ អង្គភាពសារព័ត៌មាន Fresh News បានសហការ ជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទ «បុត្តភាព» មកធ្វើការបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖ បុត្តភាព សំដៅលើទំនាក់ទំនងញាតិលោហិតខ្សែផ្ទាល់របស់ឪពុកម្ដាយ ដែលយើងតែងហៅថាជាកូនបង្កើត។ ជាទូទៅស្រ្ដីដែលបានសម្រាលកូន ច្បាប់បានកំណត់ថា កូននោះជាកូនបង្កើតរបស់ម្ដាយ និងជាកូនបង្កើតរបស់ឪពុកដែល ស្ថិតក្នុងចំណងអាពាហ៍ពិពាហ៍ ឬស្ថិតក្នុងអំឡុងពេលមួយដែលច្បាប់បានកំណត់ថាជាឪពុករបស់កូនក៏ប៉ុន្ដែប្រសិនបើមិនអាចសន្មតជនដែលត្រូវជា ឪពុករបស់កូនបានទេ នោះកូន ឬអ្នកតំណាងរបស់កូន ត្រូវធ្វើការបញ្ជាក់ពីបិតុភាពរបស់កូន បានតាមផ្លូវច្បាប់។ ហេតុអ្វីចាំបាច់ធ្វើការបញ្ជាក់ពីបិតុភាព និងមាតុភាពរបស់កូន? យោងតាមអនុសញ្ញាស្ដីពីសិទ្ធិកុមារ មាត្រា៧ បានចែងថា កុមារត្រូវបានចុះបញ្ជីអត្រានុកូលដ្ឋានភ្លាមបន្ទាប់ពី ពេលកើត និងត្រូវមានសិទ្ធិមានឈ្មោះមួយពីពេលកើតមក មានសិទ្ធិទទួលបានសញ្ជាតិ មួយ និងតាមដែលអាចធ្វើទៅបាន កុមារត្រូវមានសិទ្ធិស្គាល់ឪពុកម្ដាយ និងទទួលបានការថែទាំពីឪពុកម្ដាយ។ អនុសញ្ញានេះ បានបញ្ជាក់យ៉ាងច្បាស់ថា កូនដែលទើបនឹងកើតត្រូវចុះកំណើត ហើយកូនមានសិទ្ធិស្គាល់ឪពុកម្ដាយរបស់ខ្លួន ហេតុនេះវាជាភាពចាំបាច់មួយសម្រាប់កូនៗដើម្បីទទួលបាននូវអត្តសញ្ញាណមួយច្បាស់លាស់ និងក្លាយជាពលរដ្ឋម្នាក់ពេញលេញ រួមទាំងទទួលបានភាពកក់ក្ដៅពីឪពុកម្ដាយរបស់ខ្លួន។ ការបញ្ជាក់ពីបិតុភាពរបស់កូន មានបីរបៀប៖ របៀបទី១៖ គឺត្រូវបានសន្មតថា ទារកដែលនៅក្នុងគភ៌ប្រពន្ធដែលស្ថិត ក្នុងចំណងនៃអាពាហ៍ពិពាហ៍ជាកូនរបស់ប្ដី។ របៀបទី២៖ កូនដែលកើតក្រោយអំឡុងពេល ១៨០ថ្ងៃ គិតចាប់ពីថ្ងៃដែល អាពាហ៍ពិពាហ៍បានបង្កើត ឬអំឡុងពេល ៣០០ថ្ងៃ គិតចាប់ពីថ្ងៃបានរំលាយ ឬលុបចោលអាពាហ៍ពិពាហ៍ ត្រូវបានសន្មតថា មានគភ៌អំឡុងពេលអាពាហ៍ពិពាហ៍។ របៀបទី៣៖ ប្រសិនស្ដ្រីបានរៀបអាពាហ៍ពិពាហ៍ថ្មីក្នុងអំឡុងពេលហាមឃាត់មិនឲ្យរៀបអាពាហ៍ពិពាហ៍ថ្មី នោះប្រសិនបើមិនអាចកំណត់ឪពុករបស់កូនបាន ត្រូវសន្មតថាជាកូនរបស់ប្ដីដែលបានរៀបអាពាហ៍ពិពាហ៍ថ្មី។ ចំពោះឪពុកដែលមានបំណងទទួលស្គាល់កូនដោយស្ម័គ្រចិត្ត ច្បាប់បានអនុញ្ញាត ក៏ប៉ុន្ដែត្រូវមានការយល់ព្រមពីម្ដាយរបស់កូនជាមុនប្រសិនបើកូនជាអនីតិជន តែបើកូនជានីតិជនត្រូវមានការយល់ព្រមពីកូនដោយផ្ទាល់ ហើយបែបបទនៃទម្រង់ការទទួលស្គាល់នេះ ត្រូវធ្វើការជូនដំណឹងទៅមន្ត្រីអត្រានុកូលដ្ឋាន ឬតាមរយៈមតកសាសន៍ (ការយល់ព្រមរបស់ម្តាយត្រូវមាន ការចុះហត្ថលេខាលើលិខិតទទួលស្គាល់)។ តែផ្ទុយទៅវិញ ក្នុងករណីដែលឪពុក ឬកូន បានដឹងថាមិនមែនជាឪពុកកូនបង្កើត ជនដែលត្រូវបានសន្មតថា ជាឪពុក ឬជាកូនអាចមានសិទ្ធិបដិសេធចំពោះបិតុភាពបាន (មាត្រា ៩៨៩ នៃក្រមរដ្ឋប្បវេណី)។ ចំពោះជនដែលត្រូវបាន សន្មតថាជាឪពុក ការដាក់ពាក្យបណ្ដឹងបដិសេធបិតុភាពចំពោះកូន ត្រូវធ្វើឡើងក្នុងអំឡុងពេល ៦ខែ ដោយគិតចាប់ពីពេល ដែលខ្លួនបានដឹងពីកំណើតរបស់កូន ក៏ប៉ុន្ដែការគណនាអំឡុងពេលនឹងត្រូវប្រែប្រួល ប្រសិនបើជនដែលសន្មតថាជាឪពុក ជាជនស្ថិតក្រោមអាណាព្យាបាលទូទៅ ដោយអំឡុងពេលនេះត្រូវ គិតចាប់ពីពេលដែលមានការលុបចោលការប្រកាស ចាប់ផ្ដើមអាណាព្យាបាលទូទៅ។ ចំណែកឯកូនវិញ ប្រសិនបើកូនជា អនីតិជន ត្រូវមានម្ដាយ ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជន ធ្វើជាអ្នកតំណាងក្នុងការដាក់ពាក្យបណ្ដឹងបដិសេធបិតុភាពនេះ តែបើមិនមានទេ នោះតុលាការនឹងជ្រើស តាំងអ្នកតំណាងពិសេស។ បណ្ដឹងបដិសេធបិតុភាពពីកូននឹងមិនអាចអនុវត្តបានឡើយ ប្រសិនបើអំឡុងពេល ៦ខែ បានកន្លងផុត គិតចាប់ពីពេលដែលខ្លួនបានក្លាយជានីតិជន ប៉ុន្ដែប្រសិនបើកូននោះ ជាជនស្ថិតនៅក្រោមអាណាព្យាបាល ទូទៅ អំឡុងពេលនោះត្រូវគិតចាប់ពីពេលមានការលុបចោលការប្រកាសចាប់ផ្ដើមអាណាព្យាបាលទូទៅ។ (មាត្រា៩៩០ និងមាត្រា៩៩១ នៃក្រមរដ្ឋប្បវេណី)។ ក្នុងករណី បិតុភាព ឬមាតុភាពបង្កើតឡើងដោយផ្ទុយនឹងការពិតជាក់ស្ដែង កូនមានសិទ្ធិដាក់ពាក្យបណ្ដឹងទាមទារ ឲ្យបញ្ជាក់អំពីនត្ថិភាពនៃបុត្តភាពជាមួយឪពុកម្ដាយ រីឯឪពុកក៏មានសិទ្ធិដាក់ពាក្យបណ្ដឹងទាមទារឲ្យបញ្ជាក់អំពីនត្ថិភាពនៃ បិតុភាពជាមួយកូន ហើយម្ដាយក៏មានសិទ្ធិដាក់ពាក្យបណ្ដឹងទាមទារឲ្យបញ្ជាក់អំពីនត្ថិភាពនៃមាតុភាពជាមួយកូន បានដែរ ដោយត្រូវដាក់ពាក្យបណ្ដឹងតាមផ្លូវតុលាការដែលមានសមត្ថកិច្ច ចំពោះជនដែលបានចុះជាឪពុក ឬម្ដាយដែលបានចុះនៅ ក្នុងសៀវភៅកំណើត បើទោះបីជាមិនបានទទួលសន្មតថាជាឪពុក ឬគ្មានមូលហេតុអាចបញ្ជាក់បានថាជាម្ដាយដែលបាន សម្រាលកូនក៏ដោយ (មាត្រា១០០២ នៃក្រមរដ្ឋប្បវេណី)។ ប៉ុន្ដែ បណ្ដឹងនេះនឹងមិនមានអានុភាពអនុវត្តទៀតឡើយ ប្រសិនបើ អំឡុងពេល ២០ (ម្ភៃ)ឆ្នាំ បានកន្លងផុតទៅ គិតចាប់ពីថ្ងៃកំណើតរបស់កូន ឬថ្ងៃដែលអានុភាពនៃការទទួលស្គាល់ បានកើតឡើង ។ ក៏ប៉ុន្ដែ ប្រសិនបើកូនជានីតិជន ត្រូវមានការយល់ព្រមពីកូនជាមុនសិន ទើបអាចធ្វើការដាក់ពាក្យបណ្ដឹងនេះបាន។ ដោយឡែក ចំពោះកូនដែលត្រូវបានម្ដាយបោះបង់ចោលតាំងពីនៅតូច ឬមូលហេតុណាមួយដែលធ្វើឲ្យកូនមិនស្គាល់ម្តាយ ហើយក្រោយមកបានដឹងអំពីអត្តសញ្ញាណរបស់ស្ដ្រីដែលបានសម្រាលខ្លួន កូនអាចដាក់បណ្ដឹងទាមទារឲ្យ បញ្ជាក់អំពីអត្ថិភាពនៃមាតុភាពចំពោះស្រ្តីដែលបានបង្កើតខ្លួនបាន ហើយបើទោះបីជាកូនបានទទួលមរណភាពក៏ដោយក៏ បច្ឆាញាតិផ្ទាល់របស់កូន អាចធ្វើការដាក់ពាក្យបណ្ដឹងនេះបានដែរ ដោយអំឡុងពេលនៃការដាក់ពាក្យបណ្ដឹងមានរយៈពេល ១ឆ្នាំ គិតចាប់ពីពេលដែលដឹងថាជាម្ដាយ។ ចំណែកឯម្ដាយវិញ ក៏អាចដាក់បណ្ដឹងទាមទារឲ្យបញ្ជាក់អំពីអត្ថិភាពនៃ មាតុភាពចំពោះកូនបានដែរ តែប្រសិនបើកូនបានទទួលមរណភាព ពាក្យបណ្ដឹងនេះអាចធ្វើទៅបានទាល់តែកូនមាន បច្ឆាញាតិផ្ទាល់។ មួយវិញទៀត ប្រសិនបើកូន ឬបច្ឆាញាតិផ្ទាល់ ជានីតិជន ម្ដាយត្រូវមានការយល់ព្រមពីកូន ឬបច្ឆាញាតិផ្ទាល់ នោះជាមុនសិនទើបអាចដាក់ពាក្យបណ្ដឹងនេះបាន ។ សរុបជារួមមក បុត្តភាព សំដៅលើកូនបង្កើតរបស់ឪពុកម្ដាយ ហើយកូនមានសិទ្ធិទទួលបានការចុះបញ្ជីអត្រានុកូលដ្ឋាន ទទួលបានសញ្ជាតិមួយ ទទួលបានការថែទាំ ទទួលបានការអប់រំ និងស្គាល់ពីឪពុកម្ដាយរបស់ខ្លួន ។ រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងកញ្ញា ថន រ៉ាវ៉ាឌី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥ អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ http://www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-09-02 09:10:45

យល់ដឹងផ្នែកច្បាប់៖ សញ្ចារកម្ម

(ភ្នំពេញ)៖ អំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ ជាពិសេសទៅលើស្រ្តី និងកុមារ ត្រូវបានប្រទេសមួយចំនួននៅលើសកលលោកយកចិត្តទុកដាក់ប្រឆាំងយ៉ាងមុតមាំហើយត្រូវបាន គាំពារដោយអនុសញ្ញា និងពិធីសារអង្គការសហប្រជាជាតិ ស្តីពីការទប់ស្កាត់ ការបង្រ្កាប និងការផ្តន្ទាទោសការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ ដែលព្រះរាជាណាចក្រកម្ពុជាបានឱ្យសច្ចាប័ន។ រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ក៏បានហាមឃាត់អំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និងអំពើអាសអាភាស ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារីផងដែរ។ ទោះបីជាអំពើទាំងនោះត្រូវបាន ច្បាប់ប្រឆាំងដាច់ខាតក៏ដោយ ក៏នៅមានបុគ្គលមួយចំនួនតូចបានធ្វើសកម្មភាពបង្ខិតបង្ខំ និងអូសទាញជនរងគ្រោះឱ្យធ្វើពេស្យាចារដើម្បីផលប្រយោជន៍របស់ខ្លួនដែលសកម្មភាពនេះ ជាអំពើសញ្ចារកម្ម។ សញ្ចារកម្ម ជាអំពើមួយដែលចូលរួមចំណែក និងជំរុញឱ្យមានការកើតទ្បើងនូវអំពើពេស្យាចារ និងបទល្មើសផងដែរ។ ដើម្បីយល់កាន់តែច្បាស់ថា អ្វីជាសញ្ចារកម្ម ហើយអំពើនេះត្រូវ ផ្តន្ទាទោសកម្រិតណា? ដូច្នេះសម្រាប់សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់ អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «សញ្ចារកម្ម» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម៖ យោងតាមមាត្រា ២៨៤,២៨៨,២៨៩,២៩០ នៃក្រមព្រហ្មទណ្ឌ ២០០៩ បានបញ្ញតិ្តថា៖ អំពើសញ្ចារកម្ម គឺជាអំពើ៖ ទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់អ្នកដទៃជួយ ឬការពារអំពើពេស្យាចាររបស់អ្នកដទៃ ឬរៀបចំតាមគ្រប់មធ្យោបាយនូវសកម្មភាពពេស្យាចារ ជ្រើសរើស ពង្រត់ ឬអូសទាញបុគ្គលណាមួយឱ្យធ្វើអំពើពេស្យាចារ និងធ្វើការគាបសង្កត់លើបុគ្គល ណាមួយដើម្បីឱ្យបុគ្គលនោះធ្វើពេស្យាចារ។ សញ្ចារកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២(ពីរ)ឆ្នាំ ដល់៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៤,០០០,០០០ (បួនលាន) រៀល ទៅ១០,០០០,០០០ (ដប់លាន) រៀល។ ស្ថានទម្ងន់ទោសទាក់ទងនឹងចារី៖ សញ្ចារកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ដល់ ១០(ដប់) ឆ្នាំ ក្នុងករណីដូចខាងក្រោម៖ ១៖ កាលបើសញ្ចារិក សញ្ចារិកា ឬជនជាមេពេស្យាជាបុព្វញាតិ ឬបច្ឆាញាតិ របស់បុគ្គលដែលធ្វើពេស្យាចារ។ ២៖ កាលបើសញ្ចារិក សញ្ចារិកា ឬជាជនមេពេស្យា រំលោភអំណាច ដែលមុខងាររបស់ខ្លួនផ្តល់ទៅលើបុគ្គលដែលធ្វើពេស្យាចារ។ ៣៖ កាលបើសញ្ចារិក សញ្ចារិកា ឬជាជនមេពេស្យា ប្រើហិង្សា ឬបង្ខិតបង្ខំចំពោះបុគ្គលដែលធ្វើពេស្យាចារ។ ៤៖ កាលបើសញ្ចារកម្មត្រូវបានប្រព្រឹត្តជាក្រុមមានការចាត់តាំង។ ៥៖ កាលបើសញ្ចារកម្មត្រូវបានប្រព្រឹត្តលើបុគ្គលច្រើននាក់ធ្វើពេស្យាចារ។ ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ៖ សញ្ចារកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ កាលបើបុគ្គលដែលធ្វើពេស្យាចារនោះជាអនីតិជន ។ លើសពីនេះទៀត សញ្ចារកម្មត្រូវផ្តន្ទាទោសពី ១០(ដប់) ឆ្នាំ ដល់ ២០(ម្ភៃ) ឆ្នាំ កាលបើ សញ្ចារិក សញ្ចារិកា ឬជនជាមេពេស្យា បានប្រើទារុណ កម្ម ឬអំពើឃោរឃៅចំពោះបុគ្គលដែលធ្វើពេស្យាចារ ។ សរុបមក សញ្ចារកម្មជាអំពើមួយដែលបានជំរុញ និងបង្កឱ្យកើតមានអាជីវកម្មពេស្យាកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងប្រពៃណីដ៏ផូរផង់របស់ខ្មែរ ជាពិសេសអំពើនេះបានធ្វើ ឱ្យជនរងគ្រោះទទួលរងនូវការឈឺចាប់ លើផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ សេដ្ឋកិច្ច និងកិតិ្តយសគ្រួសារ ដោយសារការកេងយកផលប្រយោជន៍ពីជនល្មើស។ សញ្ចារកម្មត្រូវបានក្រមព្រហ្មទណ្ឌបញ្ញត្តិថា ជាអំពើខុសច្បាប់ និងត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ព្រោះអំពើនេះបានបង្កនូវព្យសនកម្មធំធេងដល់សង្គមជាតិ និងជនរងគ្រោះ។ រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោកស្រី នូ ពិសី ជាជំនួយការផ្នែកច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ៤៥៣៥ ផ្លូវលេខ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com,ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group៕

2020-08-24 14:49:28

យល់ដឹងផ្នែកច្បាប់៖ កិច្ចសន្យាក្រុមហ៊ុន

(ភ្នំពេញ)៖ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តែងតែកើតមាននូវទំនាក់ទំនងគ្នា និងប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដែលការប្រាស្រ័យទាក់ទងទាំងនោះ ស្ថិតនៅក្រោមរូបភាពខុសៗពីគ្នាដូចជា៖ ការប្រាស្រ័យទាក់ទងគ្នាបែបធម្មតាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការជួយ ការដោះដូរទំនិញ ឬការធ្វើអាជីវកម្មទិញលក់ជាដើម។ ក្រោមរូបភាពនៃទំនាក់ទំនងនេះ យើងអាចសង្កេតឃើញថា គូភាគីបានបង្កើតទំនាក់ទំនងទាំងនេះតាមរយៈកិច្ចសន្យាដោយផ្ទាល់មាត់ ឬតាមរយៈកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។ គូសបញ្ជាក់ផងដែរថា កិច្ចសន្យាដែលបានធ្វើឡើងជា លាយលក្ខណ៍អក្សរមានលក្ខណៈរឹងមាំ ជាងកិច្ចសន្យាផ្ទាល់មាត់ត្រង់ថា ក្នុងករណីមានវិវាទ (ជម្លោះ) កើតឡើង កិច្ចសន្យាដែលបាន ធ្វើជាលាយលក្ខណ៍អក្សរ ភាគីអាចយកកិច្ចសន្យានោះទៅធ្វើជាភស្តុតាងតតាំងចំពោះភាគី ឬតតិយជន ឬចំពោះមុខច្បាប់បាន។ បើយើងមើលក្នុងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៧ ត្រង់គន្ថីទី៥គឺជាបណ្ដុំនៃកិច្ចសន្យាសំខាន់ៗ ហើយមានកិច្ចសន្យាមួយក្នុងចំណោមកិច្ចសន្យាជាច្រើន ដែលមានលក្ខណៈសេដ្ឋកិច្ចខ្ពស់ជាងគេនោះគឺ «កិច្ចសន្យាក្រុមហ៊ុន»។ តើអ្វីទៅជាកិច្ចសន្យាក្រុមហ៊ុន ហើយកិច្ចសន្យាក្រុមហ៊ុនត្រូវបានបង្កើតឡើង និងរំលាយទៅវិញក្នុងរូបភាពបែបណា? ដូច្នេះសម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «កិច្ចសន្យាក្រុមហ៊ុន» មកបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖ សូមបញ្ជាក់ថា ប្រធានបទខាងលើយើងខ្ញុំសូមលើកបកស្រាយផ្ដោតសំខាន់ទៅលើកិច្ចសន្យាក្រុមហ៊ុនដែលមានចែងនៅក្នុងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៧ តែប៉ុណ្ណោះ។ យោងតាមមាត្រា៦៩៩ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ បានឲ្យនិយមន័យនៃកិច្ចសន្យាក្រុមហ៊ុនថា៖ «កិច្ចសន្យាក្រុមហ៊ុន សំដៅទៅលើកិច្ចសន្យាដែលបង្កើតឡើងជាក្រុម ដែលគ្មានការរៀបចំលក្ខណៈជានីតិបុគ្គល ដើម្បីប្រកបកិច្ចការ ដោយសហការគ្នា ដោយភាគីនីមួយៗធ្វើការវិនិយោគទ្រព្យធនរៀងៗខ្លួន»។ កិច្ចសន្យាក្រុមហ៊ុនអាចបង្កើតឡើងបានដោយផ្អែកតាមស្មារតីនៃមាត្រា៧០០ នៃក្រមរដ្ឋប្បវេណីបានបង្ហាញពីការបង្កើតកិច្ចសន្យាក្រុមហ៊ុនមានដូចខាងក្រោម៖ ១៖ ក្រុមហ៊ុន គឺជាក្រុមហ៊ុនដែលបានបង្កើតឡើងដោយការសន្យា ដែលភាគីនីមួយៗវិនិយោគទ្រព្យធនរៀងៗខ្លួន ហើយប្រកបកិច្ចការដោយសហការគ្នា។ ពោលកិច្ចសន្យាក្រុមហ៊ុន អាចបង្កើតឡើងបានលុះត្រាតែមានការព្រមព្រៀងពីភាគី ទើបអាចបង្កើតជាកិច្ចសន្យាក្រុមហ៊ុនបាន។ ២៖ ទ្រព្យធនដែលភាគីនីមួយៗត្រូវវិនិយោគ នៅក្នុងកិច្ចសន្យាក្រុមហ៊ុន ក្រៅពីទ្រព្យសម្បត្តិ គឺយកពលកម្ម មកធ្វើជាកម្មវត្ថុបាន។ មានន័យថាទ្រព្យធនវិនិយោគនៅក្នុងកិច្ចសន្យាក្រុមហ៊ុនមិនចាំបាច់ទាល់តែទ្រព្យសម្បត្តិរបស់ភាគីនោះទេ គឺកម្លាំងពលកម្មក៏អាចក្លាយជាកម្មវត្ថុនៃការវិនិយោគបានដែរ។ ៣៖ ក្នុងករណីដែលភាគីបានយកប្រាក់ធ្វើជាកម្មវត្ថុនៃការវិនិយោគទ្រព្យធន បើមានការយឺតយ៉ាវក្នុងការបង់ប្រាក់នោះ ក្រៅពីត្រូវបង់ការប្រាក់នៃការយឺតយ៉ាវ ក៏ត្រូវបង់ទៅលើការខូចខាតដែលកើតឡើងដោយសារការយឺតយ៉ាវនោះ ចំពោះក្រុមហ៊ុនផងដែរ។ ត្រង់បញ្ញត្តិនេះបានឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់ភាគី ចំពោះការយឺតយ៉ាវរបស់ខ្លួនក្នុងការបង់ប្រាក់តាមពេលវេលាកំណត់។ ៤៖ ក្នុងករណីដែលសកម្មភាពនៃការបង្កើតក្រុមហ៊ុនរបស់ភាគីណាមួយ ក្នុងចំណោមភាគីដែលបានព្រមព្រៀងបង្កើតក្រុមហ៊ុន ក្លាយទៅជាមោឃៈ ឬត្រូវបានលុបចោល ដោយយោងតាម បញ្ញត្តិផ្នែកទី២ (វិការៈក្នុងការបង្ហាញឆន្ទៈ និងសុពលភាពនៃកិច្ចសន្យា៖ ការបង្ហាញឆន្ទៈត្រូវធ្វើឡើងដោយការភាន់ច្រឡំ ការបង្ហាញឆន្ទៈធ្វើឡើងដោយការឆបោក ឬការគម្រាមកំហែង ឬការបង្ហាញការមិនពិតរបស់ភាគីម្ខាងទៀត ឬការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយអំពើឆ្លៀតឱកាសដោយមានគោលបំណងកេងយកចំណេញហួសហេតុ) ដូច្នេះក្នុងជំពូកទី២ នៃគន្ថីទី៤ ត្រូវចាត់ទុកថា ក្រុមហ៊ុននោះត្រូវបានបង្កើតដោយភាគីដទៃទៀត។ ប៉ុន្តែ ក្នុងករណីដែលក្រុមហ៊ុនពុំអាចសម្រេចគោលបំណងបាន ដោយសារកង្វះភាគីនោះត្រូវចាត់ទុកថាក្រុមហ៊ុននោះ ពុំត្រូវបានបង្កើតឡើយ។ ឧទាហរណ៍៖ លោក «ក» និងលោក «ខ» មានហ៊ុន១០,០០០ USD (មួយម៉ឺនដុល្លារអាមេរិក) ក្នុងមួយនាក់ ប៉ុន្តែលោក «គ» ពុំមានប្រាក់ចូលហ៊ុននោះទេ តែគាត់មានជំនាញផ្នែកចុងភៅ គាត់បានយកជំនាញរបស់គាត់ដើម្បី ចូលហ៊ុនគ្នាបើកភោជនីយដ្ឋានមួយកន្លែង ដោយបានព្រមព្រៀងគ្នាធ្វើកិច្ចសន្យាលាយលក្ខណ៍អក្សរដើម្បីជាភស្តុតាង និងជាទំនុកចិត្តក្នុងការប្រកបអាជីវកម្ម។ ដូច្នេះកិច្ចសន្យាដែលពួកគាត់ត្រូវធ្វើនោះគឺជា កិច្ចសន្យាក្រុមហ៊ុន។ ក្រៅពីការបង្កើតកិច្ចសន្យា ឬការបង្កើតក្រុមហ៊ុន ក៏អាចកើតមាននូវការរំលាយផងដែរ ដោយផ្អែកតាមការមិនអនុវត្តកាតព្វកិច្ចរបស់ភាគី។ ដោយយោងតាមមាត្រា៧១៣ ការរំលាយក្រុមហ៊ុនអាចប្រព្រឹត្តទៅបានលុះត្រា៖ ១/ ក្រុមហ៊ុន ត្រូវរំលាយតាមករណីណាមួយ ដូចកំណត់ខាងក្រោមនេះ៖ ក៖ ការបញ្ចប់កិច្ចការដែលជាកម្មវត្ថុក្រុមហ៊ុន ឬអលទ្ធភាពក្នុងការបំពេញកិច្ចការនោះ។ ខ៖ បើមានការព្រមព្រៀងពីសមាជិកទាំងអស់របស់ក្រុមហ៊ុន។ គ៖ បើនៅសល់សមាជិកក្រុមហ៊ុនតែម្នាក់។ ឃ៖ បើអំឡុងពេលនៃអតិ្ថភាពរបស់ក្រុមហ៊ុន ដែលកំណត់នៅក្នុងកិច្ចសន្យាក្រុមហ៊ុន ត្រូវបានបញ្ចប់។ ២/ ក្នុងករណីដែលមានមូលហេតុមិនអាចជៀសវាងបាន សមាជិកនីមួយៗរបស់ក្រុមហ៊ុនអាចទាមទារឱ្យរំលាយក្រុមហ៊ុនបាន។ ៣/ ការទាមទារនៃកថាខណ្ឌទី២ ខាងលើនេះត្រូវធ្វើដោយការបង្ហាញឆន្ទៈចំពោះសមាជិកផ្សេងទៀតទាំងអស់ របស់ក្រុមហ៊ុន។ សរុបមកកិច្ចសន្យាក្រុមហ៊ុន គឺជាកិច្ចសន្យាមួយប្រភេទដែលមានលក្ខណៈសេដ្ឋកិច្ចខ្ពស់ និងជះផលវិជ្ជមានដល់សង្កមហើយដើម្បីឲ្យកិច្ចសន្យានេះ រឹងមាំគូភាគីគួរធ្វើកិច្ចសន្យាដែលមាន ទម្រង់លាយលក្ខណ៍អក្សរ ជាពិសេសដើម្បីឲ្យកិច្ចសន្យានេះ មានសុពលភាពលុះត្រាតែកិច្ចសន្យានេះ បង្កើតឡើងដោយមានការព្រមព្រៀងគ្នា សមត្ថភាពក្នុងការបង្ហាញឆន្ទៈ ដោយត្រូវអនុវត្តតាមបញ្ញត្តិដែល បានកំណត់នៅក្នុងក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧។ រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងលោកស្រី យ៉េ នីតា ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group៕

2020-08-10 08:32:38

យល់ដឹងផ្នែកច្បាប់៖ បទល្មើសត្រួតគ្នា

(ភ្នំពេញ)៖ បទល្មើស គឺជាអំពើទាំងឡាយណាដែលបានប្រព្រឹត្តដោយបុគ្គលណាម្នាក់ ឬច្រើនអ្នក ហើយអំពើនោះទៀតសោត បានបង្កឱ្យមានភាពចលាចល ខូចសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ អសន្តិសុខនៅក្នុងសង្គម ជាដើម។ ការប្រព្រឹត្តបទល្មើសច្រើនអាចកើតមានឡើងក្នុងករណីច្រើនបែបច្រើនយ៉ាង ដោយឡែកប្រសិនបើជនល្មើសបានប្រព្រឹត្តបទល្មើសជាច្រើនក្នុងពេលតែមួយ ឬក្នុងពេលខុសៗគ្នា ដោយជនល្មើសបានប្រព្រឹត្តបទល្មើសមួយហើយមួយទៀត នៅមុនពេលតុលាការបានផ្តន្ទាទោសជនល្មើសនោះជាស្ថាពរ។ ក្នុងករណីនេះគេចាត់ទុកថាជាបទល្មើសត្រួតគ្នា ដែលចាំបាច់ត្រូវតែយកវិធាននៃបទល្មើសត្រួតគ្នាមកអនុវត្តទៅលើជនល្មើស។ ដើម្បីឱ្យយល់កាន់តែច្បាស់ថាតើអ្វីទៅជា «បទល្មើសត្រួតគ្នា» ? ហើយចំពោះជនដែលបាន ប្រព្រឹត្តបទល្មើសត្រួតគ្នានេះផងដែរ តើច្បាប់នឹងមានវិធានការអ្វីខ្លះសំរាប់ការអនុវត្តទៅលើជន ដែលបានប្រព្រឹត្តបទល្មើសប្រភេទនេះ? ដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាព FRESH NEWS ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «បទល្មើសត្រួតគ្នា» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖ ដោយយោងទៅតាមមាត្រា ១៣៦ នៃក្រមព្រហ្មទណ្ឌក៏បានចែងថា៖ «មានបទល្មើសត្រួតគ្នាកើតឡើង កាលបើបទល្មើសមួយត្រូវបានប្រព្រឹត្តដោយបុគ្គលម្នាក់ មុនពេលដែលបុគ្គល នេះត្រូវបានផ្ដន្ទាទោសជាស្ថាពរចំពោះបទល្មើសមួយផ្សេងទៀត»។ បទល្មើសត្រួតគ្នាគឺចង់សំដៅដល់ស្ថានភាពមួយដែលបុគ្គលម្នាក់បានប្រព្រឹត្តបទល្មើសណាមួយ មុនពេលដែលបុគ្គលនោះត្រូវបានផ្តន្ទាទោសជាស្ថាពរចំពោះបទល្មើសមួយផ្សេងទៀត ពោលគឺប្រសិនបើបុគ្គលណាម្នាក់បានប្រព្រឹត្តបទល្មើសទី១ ហើយមិនទាន់មានសេចក្តីសម្រេចផ្តន្ទាទោសជាស្ថាពរណាមួយនៅឡើយ បុគ្គលនោះបានប្រព្រឹត្តបទល្មើសទី២ ផ្សេងទៀត នោះរាល់បទល្មើសដែលមានទម្រង់ និងរូបភាពបែបនេះត្រូវបានគេស្គាល់ថាជាបទល្មើសត្រួតគ្នា។ ចំណែកឯនៅក្នុងបទល្មើសត្រួតគ្នានេះ ត្រូវបានគេប្រើប្រាស់វិធានទូទៅចំនួនពីរ ដើម្បីយកមកអនុវត្តទៅលើជនល្មើស ដែលមានដូចជា ការចោទប្រកាន់តែមួយ និង ការចោទប្រកាន់ដាច់ពីគ្នា។ ក៏ប៉ុន្តែក្នុងករណីពិសេស ក្រមព្រហ្មទណ្ឌតម្រូវឱ្យធ្វើការបូកទោសបញ្ចូលគ្នា ដោយមិនចាំបាច់ពិចារណាថាជាការចោទប្រកាន់តែមួយ ឬ ការចោទប្រកាន់ដាច់ពីគ្នានោះទេ។ ១/ការចោទប្រកាន់តែមួយ៖ សំដៅដល់ស្ថានភាពមួយដែលក្នុងនោះបទល្មើសត្រួតគ្នាទាំងអស់ត្រូវបានចោទប្រកាន់នៅក្នុងលិខិតចោទប្រកាន់តែមួយ ដោយស្ថាប័នអយ្យការ (ព្រះរាជអាជ្ញា) ដូចជា នៅក្នុងកំណត់ហេតុស្ដីពីការបង្ហាញខ្លួនភ្លាមតែមួយ ឬនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរតែមួយ ឬនៅក្នុងដីកាកោះហៅបញ្ជូនរឿងទៅជំនុំជម្រះតែមួយជាដើម។ នៅក្នុងករណីដែលមាន ការចោទប្រកាន់តែមួយ លើបទល្មើសត្រួតគ្នា តុលាការត្រូវអនុវត្តវិធានការនៃការស្រូបទោស ដោយស្វ័យប្រវត្តិតាមមាត្រា ១៣៧ នៃក្រមព្រហ្មទណ្ឌ។ ឧទាហរណ៍៖ បុគ្គល “ក” បានប្រព្រឹត្តបទល្មើសចំនួន២ ដែលមានដូចជា បទហិង្សាដោយចេតនា ដែលទោសដាក់ពន្ធនាគារកំណត់យក ៣(បី) ឆ្នាំ និងពិន័យជាប្រាក់ ៦.០០០.០០០ (ប្រាំមួយលាន) រៀល និង បទគំរាមកំហែង ដែលទោសដាក់ពន្ធនាគារកំណត់យក ៦(ប្រាំមួយ) ខែ និងពិន័យជាប្រាក់ ១.០០០.០០០ (មួយលាន) រៀល។ ក្នុងករណីនេះ តុលាការត្រូវប្រកាសទោសតែមួយប៉ុណ្ណោះ ចំពោះប្រភេទនៃទោសដាក់ពន្ធនាគារ និងប្រកាសទោសតែមួយចំពោះប្រភេទនៃទោសពិន័យជាប្រាក់ នៅក្នុងព្រំដែននៃអតិបរមាស្របច្បាប់ដែលខ្ពស់ជាងគេ។ ដូចនេះបុគ្គល “ក” ត្រូវទទួលរងនូវការអនុវត្តទោសដាក់ពន្ធនាគារជាអតិបរមាត្រឹម ៣(បី) ឆ្នាំ និងពិន័យជាប្រាក់៦.០០០.០០០ (ប្រាំមួយលាន) រៀល។ ២/ការចោទប្រកាន់ដាច់ពីគ្នា៖ សំដៅដល់ស្ថានភាពមួយ ដែលស្ថាប័នអយ្យការ (ព្រះរាជអាជ្ញា) សម្រេចចោទប្រកាន់ចំពោះបទល្មើសផ្សេងគ្នាតាមរយៈ កំណត់ហេតុស្ដីពីការបង្ហាញខ្លួនភ្លាម ឬនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ឬនៅក្នុងដីកាកោះហៅបញ្ជូនរឿងទៅជំនុំជម្រះ ជាដើម។ នៅពេលដែលជនល្មើសត្រូវបានគេរកឃើញថាបានប្រព្រឹត្តបទល្មើសច្រើន ក្នុងករណីដែលមានបទល្មើសត្រួតគ្នានៅក្នុងពេលដែលតុលាការធ្វើការចោទប្រកាន់ដាច់ពីគ្នា ទោសអាចត្រូវអនុវត្តត្រួតគ្នា ឬក៏ត្រូវប្រកាសឱ្យស្រូបបញ្ចូលគ្នា អាស្រ័យទៅលើស្ថានភាព នៃបទល្មើសរបស់ជនល្មើសបានប្រព្រឹត្តផងដែរ។ ហើយចំពោះទោសដែលត្រូវប្រកាស ត្រូវអនុវត្តត្រួតគ្នានៅក្នុងព្រំដែននៃអតិបរមាស្របច្បាប់ដែលខ្ពស់ជាងគេ ។ ឧទាហរណ៍៖ បុគ្គល “ខ” បានប្រព្រឹត្តបទល្មើសនៅក្នុងស្ថានភាពបទល្មើសត្រួតគ្នា ដែលរួមមាន ប្រព្រឹត្តបទលើ្មស បទរំលោភដោយសេពសន្ថវៈ ដែលទោសដាក់ពន្ធនាគារកំណត់យក ៥(ប្រាំ) ឆ្នាំ និងបទឃាតកម្ម ដែលទោសដាក់ពន្ធនាគារកំណត់យក ១៥(ដប់ប្រាំ) ឆ្នាំ។ នៅក្នុងករណីនេះបុគ្គល “ខ” ត្រូវបានចោទប្រកាន់នៅក្នុងសំណុំរឿងចំនួន ២ ដាច់ពីគ្នា ហើយតុលាការបាន សម្រេចផ្តន្ទាទោសតាមសាលក្រម ឬ សាលដីកាស្ថាពរចំនួន ២ ដាច់ពីគ្នាផងដែរ ដោយត្រូវអនុវត្តតាមមាត្រា ១៣៨ នៃក្រមព្រហ្មទណ្ឌ ដូចនេះបុគ្គល “ខ” ត្រូវទទួលរងនូវការអនុវត្តទោស ដាក់ពន្ធនាគារជាអតិបរមាត្រឹម ១៥(ដប់ប្រាំ) ឆ្នាំ ។ ៣/ការបូកទោសបញ្ចូលគ្នា៖ គឺជាវិធានដែលត្រូវយកមកអនុវត្តចំពោះបទល្មើសត្រួតគ្នា ទោះនៅក្នុងនីតិវិធីនៃការចោទប្រកាន់តែមួយ ឬ ក៏នៅក្នុងនីតិវិធីនៃការចោទប្រកាន់ដាច់ពីគ្នាក៏ដោយ ចំពោះវិធាននេះបានបញ្ញត្តិនៅក្នុងមាត្រា ១៤០ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ការបូកបញ្ចូលគ្នានៃទោស ក៏ត្រូវយកទៅអនុវត្ត នៅក្នុងករណីក្រៅពីស្ថានភាពនៃបទល្មើសត្រួតគ្នា ជាអាទិ៍ ដោយក្នុងករណីដែលមានការដកហូតការព្យួរទោស ដោយសារមានការផ្ដន្ទាទោសថ្មីតាមលក្ខខណ្ឌផងដែរ។ហើយចំពោះករណីទាំងនេះ ទោសទី១ ត្រូវអនុវត្តដោយបូកបញ្ចូលគ្នាជាមួយទោសទី២ ដោយគ្មានការស្រូបចូលគ្នា ឬត្រួតគ្នាឡើយ។ ដូចជាទោសពិន័យដែលត្រូវប្រកាសចំពោះបទលហុ មិនអាចយកទៅស្រូបបញ្ចូលគ្នាជាមួយនឹងទោសពិន័យដែលបានប្រកាសឡើងចំពោះបទលហុ ឬបទមជ្ឈិម ឬ បទឧក្រិដ្ឋផ្សេងទៀតឡើយ។ ឧទាហរណ៍៖ បុគ្គល “គ” បានប្រព្រឹត្តបទល្មើសចំនួន២ ដែលមានដូចជា បទបរិហាកេរ្តិ៍ជាសាធារណៈ ដែលទោសពិន័យជាប្រាក់កំណត់យក ១០០.០០០ (មួយសែន) រៀល និង បទញុះញង់អនីតិជនឱ្យបរិភោគគ្រឿងស្រវឹង ដែលទោសដាក់ពន្ធនាគារកំណត់យក ២(ពីរ) ឆ្នាំ និងពិន័យជាប្រាក់ ៤.០០០.០០០ (បួនលាន) រៀល។ បទបរិហាកេរ្តិ៍ជាសាធារណៈ ជាបទលហុ ចំពោះទោសពិន័យដែលត្រូវប្រកាសឡើងពីបទបរិហាកេរ្តិ៍ជាសាធារណៈនេះ ត្រូវយកទៅបូកជាមួយនឹងទោសពិន័យដែល ត្រូវប្រកាសពីបទញុះញង់អនីតិជន ឱ្យបរិភោគគ្រឿងស្រវឹង ដូចនេះតុលាការអាចប្រកាសទោសដាក់ពន្ធនាគារចំនួន ២(ពីរ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤.១០០.០០០ (បួនលានមួយសែន) រៀល ទៅលើជនល្មើសបាន។ សរុបមក បទល្មើសត្រួតគ្នា គឺជាបទល្មើស ដែលជនណាម្នាក់បានប្រព្រឹត្តបទល្មើសមួយរួចមកហើយ និងមិនទាន់បានចេញសេចក្ដីសម្រេចជាស្ថាពរពីតុលាការនៅឡើយ បន្ទាប់មកជននោះបាន ទៅប្រព្រឹត្តបទល្មើសមួយផ្សេងទៀត ហើយចំពោះការផ្ដន្ទាទោស ករណីបែបនេះគឺគោលការណ៍ច្បាប់បានកំណត់យកវិធានមួយចំនួនដូចបានរៀបរាប់ខាងលើ ដើម្បីយកមកអនុវត្តទៅលើ ជនល្មើសផងដែរ។ រៀបរៀងដោយ៖ កញ្ញាមេធាវី មាស រ៉ាវីន និងលោក រៀម គីមឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-08-03 08:39:50

យល់ដឹងផ្នែកច្បាប់៖​ បទបន្លំ

(ភ្នំពេញ)៖ ជាភាពចាំបាច់ដែលប្រជាពលរដ្ឋនៅក្នុងប្រទេសរបស់ខ្លួន ត្រូវប្រព្រឹត្តអំពើសុចរិតនៅក្នុងសង្គម ការគោរពច្បាប់របស់ប្រជាពលរដ្ឋជា ការកាត់បន្ថយបទល្មើសកុំឱ្យកើតមាន ហើយដើម្បីបញ្ចៀសនូវបទល្មើស ក្រមព្រហ្មទណ្ឌបានបញ្ញតិអំពីការផ្តន្ទាទោសលើរូបរាងកាយ (ជាប់ពន្ធនាគារ) និងពិន័យជាប្រាក់ដើម្បីបង់ជូនរដ្ឋដោយកំណត់ទោស ទៅតាមទំហំនៃការប្រព្រឹត្តរបស់បុគ្គលនីមួយៗ។ ពោលក្រមព្រហ្មទណ្ឌបញ្ញត្តិឡើងក្នុងគោលបំណង រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឱ្យមានរបៀបរៀបរយនៅក្នុងសង្គម ប៉ុន្តែទោះបីជាមានការបង្ការបទល្មើស កុំឱ្យកើតមានយ៉ាងណាក្តី ក៏នៅតែមានបុគ្គលមួយចំនួនតូច ដែលមានចេតនាប្រព្រឹត្តបទល្មើសដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើការបញ្ឆោត បន្លំ ឬបំបាត់ទ្រព្យអ្នកដទៃជាដើម។ ដើម្បីយល់កាន់តែច្បាស់ ថាអ្វីជាបទបន្លំ និងត្រូវទទួលទោសត្រឹមកម្រិតណានោះ ដូច្នេះសម្រាប់សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់ អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បទបន្លំ» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖ យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាមាត្រា ៣៨៤ បានបញ្ញតិ្តថា៖ អំពើបន្លំ គឺជាអំពើរបស់បុគ្គលដែលដឹងខ្លួនថា គ្មានលទ្ធភាពដាច់ខាតនឹងបង់ថ្លៃ ឬដែលសម្រេចចិត្តមិនបង់ថ្លៃ៖ ១៖ ឱ្យគេបម្រើម្ហូបអាហារ ឬភេសជ្ជៈនៅក្នុងរង្គសាល ភោជនីយដ្ឋាន ឬ នៅក្នុងគ្រឹះស្ថានដទៃទៀត ដែលបើកចំហដល់សាធារណជន។ ២៖ឱ្យគេប្រគល់បន្ទប់មួយ និងកាន់កាប់បន្ទប់នេះនៅក្នុងសណ្ឋាគារ ឬគ្រឹះស្ថានដទៃទៀត ដែលបើកចំហដល់សាធារណជន។ ៣៖ ឱ្យគេដឹកជញ្ជូនខ្លួនតាមត្រីចក្រយាន តាមរថយន្តឈ្នួល ឬតាមមធ្យោបាយដឹកជញ្ជូនផ្សេងទៀត។ ដើម្បីជាភាពងាយយល់ពីចំណុចទាំងបីខាងលើនេះ យើងខ្ញុំសូមនិម្មិតឧទាហរណ៍ដូចខាងក្រោម៖ ឧបមាថា លោក «ក» បានដឹងថាខ្លួនគ្មានប្រាក់ក៏បានម៉ៅរថយន្តតាក់ស៊ីពីភ្នំពេញទៅខេត្តមួយ លុះទៅ ដល់ទីរួមខេត្តលោក «ក» បានឱ្យរថយន្ដឈប់សម្រាកចូលបន្ទប់ទឹក ហើយក៏បានរត់គេច ខ្លួនក្នុងបំណងគេចវេះពីការបង់ថ្លៃរថយន្ដ។ បន្ទាប់ពីនោះ លោក «ក» ក៏បានជួលបន្ទប់សណ្ឋាគារមួយដើម្បីស្នាក់នៅ និងទទួល ទានអាហារមួយពេលដោយថ្លៃអាហារនេះ លោកបានឱ្យអ្នកគ្រប់គ្រងគិតជាមួយថ្លៃបន្ទប់សណ្ឋាគារ។ លុះដល់ពេលព្រឹកព្រលឹម លោក «ក» ក៏បានចាកចេញពីសណ្ឋាគារដោយមិនបានបង់ថ្លៃបន្ទប់ និងថ្លៃអាហារឡើយ។ សកម្មភាពរបស់លោក «ក» ក្នុងចំណោមសកម្មភាពទាំងបីខាងលើនេះ គឺជាការបន្លំដែលត្រូវបានបញ្ញត្តិក្នុង ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ជនណាដែលបានប្រព្រឹត្តអំពើបន្លំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយ) ថ្ងៃ ទៅ ៣ (បី) ខែ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ៥០០.០០០ (ប្រាំសែន) រៀល។ ចំពោះការប៉ុនប៉ងប្រព្រឹត្តក៏ត្រូវទទួល ការផ្តន្ទាទោសដូចគ្នាផងដែរ។ លើសពីនេះប្រសិនបើតុលាការយល់ឃើញថា បុគ្គលដែលបានប្រព្រឹត្តបទបន្លំត្រូវទទួលទោសបន្ថែមនោះ ក្រមព្រហ្មទណ្ឌបានចែងក្នុងមាត្រា៣៨៦ ដូចខាងក្រោម៖ ១៖ ការដកសិទ្ធិខ្លះជាពលរដ្ឋ ជាស្ថាពរ ឬសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន។ ២៖ ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ កាលបើបទល្មើសនេះ បានប្រព្រឹត្ត នៅក្នុងការប្រកបវិជ្ជាជីវៈឬ នៅក្នុងឱកាសនៃការប្រកបវិជ្ជាជិវៈនេះ ជាស្ថាពរ ឬសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន។ ៣៖ ការរឹបអូសផលទុន និងទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស។ ៤៖ ការរឹបអូសយានជំនិះរបស់ទណ្ឌិតមួយគ្រឿង ឬច្រើនគ្រឿង។ ៥៖ ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសសម្រាប់រយៈពេល២ (ពីរ) ខែយ៉ាងច្រើន។ ៦៖ ការផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោសនៅក្នុងសារព័ត៌មាន។ ៧៖ ការផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ សម្រាប់រយៈពេល ៨ (ប្រាំបី) ថ្ងៃ យ៉ាងច្រើន។ សរុបមក ថ្វីត្បិតតែប្រជាពលរដ្ឋមួយចំនួនគិតថាអំពើបន្លំ គឺជារឿងតូចតាចនៅក្នុងសង្គម ជារឿងសាមញ្ញក៏ដោយតែទង្វើទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបានបង្កជាបទល្មើសដែលមានបញ្ញត្ដិនៅក្នុងក្រមព្រហ្មទណ្ឌជាធរមាន ហើយជនដែលបានប្រព្រឹត្តបទល្មើសនឹងត្រូវទទួលការផ្ដន្ទាទោសទៅតាមច្បាប់កំណត់ ។ រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងលោកស្រី យ៉េ នីតា ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ៤៥៣៥ ផ្លូវលេខ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group៕

2020-07-27 08:44:45

យល់ដឹងផ្នែកច្បាប់៖ ផលុបភោគ

(ភ្នំពេញ)៖ ដោយសារការមមាញឹកនឹងការងារ បុគ្គលមួយចំនួនដែលមាន អចលនវត្ថុ (ដី,អគារ/ផ្ទះ) នៅតាមបណ្តាខេត្តដែលនៅឆ្ងាយពីគេហដ្ឋានរបស់ខ្លួន បុគ្គលទាំងនោះតែងតែស្វែងរក អ្នកត្រួតពិនិត្យ ឬថែរក្សាផ្ទះ ឬចាំមើលដី ឱ្យខ្លួន ដែលអ្នកថែរក្សាដីមានសិទ្ធិក្នុងការប្រើប្រាស់ដីដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន ដើម្បីដាំដំណាំ ឬធ្វើស្រែចំការជាដើម ទៀតសោតអ្នកថែរក្សា ឬអ្នកចាំដី ក៏មានសិទ្ធិក្នុងការអាស្រ័យផល (ទទួលផល) ពីដំណាំដែលខ្លួនបានដំានោះផងដែរ។ ថ្វីត្បិតតែអ្នកចាំដី មានសិទ្ធិប្រើប្រាស់ (ដំាដំណាំ) និងសិទ្ធិអាស្រ័យផល (ទទួលផលដំណាំ) ក៏ពិតមែន ប៉ុន្តែអ្នកចាំដី ពុំមានសិទ្ធិក្នុងការចាត់ចែង (លក់) ដីនោះឡើយ ដោយហេតុថាដីដែល អ្នកថែរក្សាកំពុងកាន់កាប់ គឺជាដីរបស់អ្នកដទៃមិនមែនជាកម្មសិទ្ធិផ្ទាល់ខ្លួនឡើយ។ ចំពោះទម្រង់នៃការកាន់កាប់ដីបែបនេះ ត្រូវបានគេស្គាល់ក្នុងអត្ថន័យច្បាប់ថាជា ផលុបភោគ។ យើងនឹងធ្វើការពិនិត្យទៅលើនិយមន័យផលុបភោគ, ការបង្កើតផលុបភោគ, សិទ្ធិ និងករណីយកិច្ចរបស់ផលុបភោគី និងការបញ្ចប់ផលុបភោគផងដែរ។ ដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាព FRESH NEWS ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «ផលុបភោគ» មកធ្វើការបង្ហាញជូនបងប្អូន ប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖ ផលុបភោគ សំដៅទៅលើសិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើអចលនវត្ថុដែលជាកម្មសិទ្ធិរបស់អ្នកទៃ។ មានអត្ថន័យថា ផលុបភោគគឺ ជារបបគតិយុត្តមួយដែល ផ្តល់សិទ្ធិឱ្យបុគ្គលម្នាក់ហៅថា ផលុបភោគី មានសិទ្ធិប្រើប្រាស់ដីសម្រាប់ដំាដំណាំ, ធ្វើស្រែចំការ ឬផ្ទះដើម្បីជួលបន្តឱ្យទៅអ្នកដទៃទៀតបាន និងមានសិទ្ធិអាស្រ័យផលធម្មជាតិ ដែលមានដូចជាផលដំណាំលើសពី នេះទៅទៀតផលុបភោគី អាចធ្វើការអាស្រ័យផលស៊ីវិល គឺប្រាក់ឈ្នួលកើតពីជួលអគារឱ្យអ្នកដទៃផងដែរ។ ផលុបភោគ អាចបង្កើតតាមលិខិតលាយលក្ខណ៍អក្សរ ឬមិនតាមលិខិតលាយលក្ខណ៍អក្សរ(ផ្ទាល់មាត់) ហើយចំពោះអាណត្តិនៃការបង្កើតផលុបភោគ អាចបង្កើតក្នុងរយៈពេលកំណត់ណាមួយ ដែលមិនឱ្យលើសពីមួយជីវិតរបស់ផលុបភោគី។ បន្ទាប់ពីការបង្កើតផលុបភោគរួច ដើម្បីមានសិទ្ធិតតាំងចំពោះបុគ្គលផ្សេងដែលអះអាងលើអចលនវត្ថុ (ដី,អគារ/ផ្ទះ) ផលុបភោគីត្រូវចុះបញ្ជីនៅមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ ផលុបភោគី មានសិទ្ធិអាស្រ័យផលធម្មជាតិ (ទទួលបានដំណាំដែលដុះលើដី), សិទ្ធិអាស្រ័យផលស៊ីវិល (ប្រាក់ឈ្នួលដែលកើតចេញពីការជួលដី,អគារ/ផ្ទះ), សិទ្ធិទាមទារដោយផ្អែកលើសិទ្ធិប្រត្យក្ស ដូចដែលម្ចាស់កម្មសិទ្ធិករនៃដីមាន, មានសិទ្ធិយកអចលនវត្ថុ(ដី,អគារ/ផ្ទះ) ដែលជាកម្មវត្ថុនៃផលុបភោគទៅជួលបន្តបាន ដែលមានថិរវេលាមិនឱ្យលើសពី៣(បី)ឆ្នាំ និងអាចបន្តសាជាថ្មីបាន ដោយមិនឱ្យលើសពី៣(បី)ឆ្នាំ។ ផលុបភោគីត្រូវមានករណីយកិច្ចជូនដំណឹងដោយគ្មានការយឺតយ៉ាវទៅម្ចាស់កម្មសិទ្ធិករនៃអចលនវត្ថុ (ដី,អគារ/ផ្ទះ) ក្នុងករណីមានបុគ្គលណាផ្សេង អះអាងថាខ្លួនមានសិទ្ធិលើអចលនវត្ថុ (ដី,អគារ/ផ្ទះ), ករណីយកិច្ចថែរក្សាអចលនវត្ថុ(ដី,អគារ/ផ្ទះ) ឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃផលុបភោគ, ករណីយកិច្ចចេញថ្លៃសេវាជួសជុលថែទាំអចលនវត្ថុ (លើកលែងតែជួសជុលធំៗ ជាបន្ទុករបស់កម្មសិទ្ធិករ), ករណីយកិច្ចទទួលបន្ទុកបង់ពន្ធ និងអាករ (បង់ពន្ធផ្ទះ, បង់ពន្ធដី) និងករណីយកិច្ចបង់ថ្លៃសេវាធានារ៉ាប់រងអចលនវត្ថុជាដើម។ ផលុបភោគ ត្រូវបញ្ចប់នៅក្នុងករណីដូចជា៖ មរណភាពនៃផលុបភោគី, អំឡុងពេលបញ្ចប់មកដល់, ផលុបភោគីប្រព្រឹត្តផ្ទុយពីខ្លឹមសារនៃកិច្ចព្រមព្រៀងផលុបភោគ ឬបញ្ញត្តិច្បាប់(បង្កឱ្យមានការខូចខាត, ថែរក្សាមិនបានត្រឹមត្រូវ), ចំពោះផលុបភោគដែលមិនធ្វើឡើងក្រោមទម្រង់ជាលាយលក្ខណ៍អក្សរ កម្មសិទ្ធិករ (ម្ចាស់ដី,អគារ/ផ្ទះ) អាចស្នើសុំឱ្យរំលត់ពេលណាក៏បាន។ ក្នុងករណីស្នើសុំរំលត់ផលុបភោគ ដោយមិនបញ្ជាក់អំពីពេលរលត់ នោះផលុបភោគត្រូវរលត់នៅអំឡុងពេលដែល បានកំណត់បានកន្លងហួសដូចជា៖ ៣(បី)ខែចំពោះអគារ, ១(មួយ)ឆ្នាំចំពោះដី, មុនពេលផលុបភោគីចាប់ផ្តើមការងារកសិកម្ម សម្រាប់រដូវបន្ទាប់ (ចំពោះដីមានរដូវប្រមូលផល)។ ជាចុងក្រោយយើងអាចសង្កេតបានថាផលុបភោគ ជារបបគតិយុត្តមួយដែលមានបញ្ញត្តិនៅក្នុងក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា និងជារបបដែលបង្កើតឡើង តាមរយៈការលាយលក្ខណ៍អក្សរ ឬមិនលាយលក្ខណ៍អក្សរក៏បាន, យកថ្លៃឈ្នួល ឬមិនយកថ្លៃឈ្នួលក៏បាន តាមរយៈការព្រមព្រៀងគ្នាជាក់ស្តែង រវាងកម្មសិទ្ធិករ និងផលុបភោគី។ ម្យ៉ាងវិញទៀត ផលុបភោគី ត្រូវគោរពតាមសិទ្ធិ ក៏ដូចជាករណីយកិច្ចដូចដែលបានបញ្ញត្តិ ជៀសវាងមានបញ្ហាផ្សេងៗ កើតឡើងដូចជាការបញ្ចប់នូវរបបផលុបភោគពីកម្មសិទ្ធិករជាដើម។ រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និង លោក ប៉ូល គីមសេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-07-20 09:04:35

យល់ដឹងផ្នែកច្បាប់៖ បទស្ដាប់ ឬថតពាក្យសំដីឯកជន

(ភ្នំពេញ)៖ ក្នុងការរស់នៅប្រចាំថ្ងៃ បុគ្គលម្នាក់ៗរមែងមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក តាមរយៈការជួបជជែកដោយផ្ទាល់ ការឆ្លើយឆ្លងតាមទូរស័ព្ទដៃ ការសន្ទនាតាមបណ្ដាញសង្គម ឬតាមមធ្យោបាយផ្សេងៗទៀត។ ក្នុងនោះផងដែរ ការសន្ទនាមួយចំនួនអាចពាក់ព័ន្ធនឹងបញ្ហាផ្ទាល់ខ្លួន បញ្ហាគ្រួសារ ឬការសម្ងាត់ជំនួញ ដែលសាមីខ្លួនមិនអាច ឬមិនចង់ឱ្យជនទីបីដឹងឮ។ ជីវិតរស់នៅឯកជនរបស់បុគ្គលនឹងត្រូវបានរំលោភបំពាន ប្រសិនបើការសន្ទនាទាំងនោះត្រូវបានគេលួចស្ដាប់ ឬថតចម្លងដោយមិនមានការអនុញ្ញាតជាមុន លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ ដូច្នេះដើម្បីឲ្យជ្រាបកាន់តែច្បាស់ថា តើសកម្មភាពបែបណា ដែលត្រូវបានចាត់ទុកថាជាការស្ដាប់ ឬថតពាក្យសម្ដីឯកជន? ហើយជនដែលប្រព្រឹត្តអំពើនេះ ត្រូវទទួលទោសតាមច្បាប់កម្រិតណា? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បទស្ដាប់ ឬថតពាក្យសំដីឯកជន» មកបកស្រាយ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋដូចតទៅ៖ ដើម្បីចៀសវាងនូវការរំលោភបំពានសិទ្ធិ ក្នុងការសន្ទនារបស់បុគ្គលឯកជន ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិត្រង់មាត្រា៣០១ថា៖ «អំពើស្តាប់ ឬថតសំដីដែលនិយាយជាឯកជន ឬជាការសម្ងាត់ ដោយគ្មានការយល់ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ)ខែ ទៅ ១ (មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន)រៀល ទៅ ២.០០០.០០០ (ពីរលាន)រៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ ត្រូវបានសន្មត់ជាការព្រមព្រៀង ប្រសិនបើបុគ្គលដែលពាក់ព័ន្ធនេះ បានទទួលដំណឹងអំពីការស្តាប់ ឬថតហើយ បុគ្គលនោះមិនបានជំទាស់ទេនោះ»។ យោងតាមបទបញ្ញត្តិខាងលើ បើគ្មានការអនុញ្ញាតពីបុគ្គលពាក់ព័ន្ធ ឬច្បាប់ទេនោះ គ្មានជនណាម្នាក់អាចស្តាប់ ឬថតពាក្យសម្ដីឯកជន ឬការសម្ងាត់ទាំងនោះបានឡើយ។ ការលួចថតនេះទៀតសោត អាចធ្វើឡើងតាមរយៈការលួចបង្កប់ម៉ាស៊ីនថតសម្លេងនៅពេលសន្ទនាដោយផ្ទាល់ ឬលួចថតសម្លេងនៅពេលសន្ទនាតាមរយៈទូរស័ព្ទជាដើម។ យ៉ាងណាមិញ មាត្រាខាងលើក៏បានបញ្ជាក់ផងដែរថា ទោះបីជាភាគីដែលពាក់ព័ន្ធមិនបាន បញ្ជាក់អំពីការអនុញ្ញាតឱ្យ ស្តាប់ ឬថតសម្ដីឯកជនក៏ដោយ ក៏ប៉ុន្ដែបើភាគីបានដឹងថា មានជនទីបីកំពុងស្ដាប់ ឬថតសម្លេង ដោយមិនបានជំទាស់ ឬហាមឃាត់ណាមួយនោះទេ សកម្មភាពនេះត្រូវបានចាត់ទុកថា ជាការព្រមព្រៀងឱ្យស្ដាប់ ឬថតសម្លេងនូវការសន្ទនានោះ។ ឧទាហរណ៍៖ បុគ្គលម្នាក់ត្រូវបានជួបសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ហើយគាត់បានឃើញម៉ាស៊ីនថតសម្លេងនៅលើតុសម្ភាសន៍រួចហើយ ហេតុដូចនេះ ប្រសិនបើបុគ្គលនោះមិនបាន ធ្វើការជំទាស់ទេ សកម្មភាពថតសម្លេងរបស់អ្នកសារព័ត៌មានមិនត្រូវបានចាត់ទុកថាជាបទលើ្មសនោះទេ។ សរុបរួមមក ជនទាំងឡាយណាដែលបាន ស្ដាប់ និងថតពាក្យសម្ដីឯកជន ឬការសម្ងាត់ដោយគ្មានការអនុញ្ញាត ត្រូវទទួលការផ្តន្ទាទោសតាមច្បាប់កំណត់ ដូចបានរៀបរាប់ខាងលើ។ ទន្ទឹមនឹងនេះ ដើម្បីចៀសវាងនូវការរំលោភបំពានសិទ្ធិឯកជនរបស់ខ្លូន ប្រជាពលរដ្ឋគ្រប់រូបគួរតែមានការប្រុងប្រយ័ត្ន មុនពេលជជែកពិភាក្សាអំពីការសម្ងាត់ផ្សេងៗ និងត្រូវបង្ហាញការជំទាស់ភ្លាមៗ ប្រសិនបើខ្លួនមិនចង់ឱ្យមានការលួចស្តាប់ ឬថតពាក្យសម្ដីឯកជនណាមួយនោះទេ ។ រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងកញ្ញា គន្ធ វិជិតា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ http://www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-07-17 08:35:44