023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ ការឃុំខ្លួនបណ្ដោះអាសន្ន

(ភ្នំពេញ)៖ តាមស្ថានភាព​ជាក់ស្ដែង​នៃសង្គមបច្ចុប្បន្ន នៅពេល​កើតមានបទល្មើស​ណា​មួយ​ដែលមាន​ចរិតលក្ខ​ណៈធ្ងន់ធ្ងរ ជនដែលបាន​ប្រព្រឹត្ត​បទល្មើសអាចនឹង​ត្រូវបា​នគេឃាត់ខ្លួ​នភ្លាមៗ ឬអាចស​ម្រេចឃុំ​ខ្លួនជាដើម ដើម្បីធានា​បាននូវស​ណ្ដាប់ធ្នាប់ ឬកើតមាន​ផលប៉ះ​ពាល់កាន់តែធ្ង​ន់ធ្ងរជា​ងមុនពីអំពើល្មើ​សនោះ ។ ប៉ុន្តែមិនមែនគ្រប់ពេលដែលមានបទល្មើសកើតឡើង ការសម្រេច​ឃុំត្រូវតែធ្វើឡើងនោះទេ ពោលគេត្រូវសិក្សាទៅលើស្ថានភាពនៃបទល្មើស ក៏ដូចជាស្ថាន​ភាពជនដែ​លបា​នប្រព្រឹត្តបទល្មើស​ជាមុនសិន ដើម្បីជៀសវា​ងថាការសម្រេចឃុំខ្លួន​នោះ នឹងអាចធ្វើ​ឲ្យប៉ះពាល់ដល់​សិទ្ធិ និង​សេរីភាពបុគ្គល​របស់គេ ។ ដូច្នេះ​តើការឃុំ​ត្រូវ​ធ្វើឡើងបែបណា​ទើប​ស្របតា​ម​នីតិវិធីច្បាប់ ? ដើម្បីស្វែងយល់ពីនីតិវិធីនេះឲ្យបានច្បាស់ កម្មវិធីយល់ដឹងផ្នែក​ច្បាប់រប​ស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើក​យកប្រធាន​ប​ទស្ដីពី «ការឃុំខ្លួនបណ្ដោះអាសន្ន» មកបង្ហាញ​ជូនបងប្អូន​ប្រជាពលរដ្ឋ សិស្ស និស្សិត​ដូចត​ទៅ៖ ការឃុំខ្លួនប​ណ្ដោះអាសន្ន ជានីតិវិធីមួយដែល​ធ្វើឡើង​នៅ​មុនពេល​ជម្រះក្ដី ក្នុងពេល​ដែល​សំណុំរឿង​ព្រហ្មទណ្ឌ​ស្ថិតនៅ​ក្នុងដំណាក់​កាលរបស់ចៅក្រមស៊ើ​បសួរ ។ ការឃុំខ្លួន​បណ្ដោះ​អាសន្ន​អាចធ្វើឡើ​ងបាន​ក្នុងករណី​ចោទប្រកា​ន់​ពីបទឧក្រិដ្ឋ ឬមជ្ឃិម ដែ​លច្បា​ប់កំណ​ត់ផ្តន្ទា​ទោសដា​ក់ពន្ធនា​គារស្មើ ឬលើសពី ១ (មួយ) ឆ្នាំ ឡើងទៅ ។ យោងតាមមាត្រា ២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ការឃុំខ្លួនបណ្ដោះអាសន្នអាចត្រូវបានបង្គាប់ កាលណាការឃុំខ្លួនបណ្ដោះអាសន្ននេះ ជាការចាំបាច់ ៖ ១. ដើម្បីបញ្ចប់បទល្មើស ឬបង្ការបទល្មើសកុំឲ្យកើតជាថ្មី ។ ២. ដើម្បីរារាំងកុំឲ្យមានការគាប​សង្កត់លើ​សាក្សី ឬជនរងគ្រោះ ឬដើម្បីរា​រាំងកុំឲ្យ​មានកា​រត្រូវរ៉ូវគ្នា រវាងជន​ត្រូវចោទ និងអ្នក​សមគំនិត ។ ៣. ដើម្បីរក្សា​ភស្តុតាង ឬតម្រុយជាសម្ភារៈ ។ ៤. ដើម្បីធានារក្សាជនត្រូវចោទ ទុកជូនតុលាការចាត់កា​រតាម​នីតិវិធី ។ ៥. ដើម្បីការពារ​សន្តិសុខ​ឲ្យជ​នត្រូវចោទ ។ ៦. ដើម្បីធានា​រក្សាស​ណ្ដាប់ធ្នា​ប់សា​ធារណៈកុំឲ្យមានការច្របូក​ច្របល់ ដែលបណ្ដា​លមកពីបទ​ល្មើស ។ ជាទូទៅការឃុំ​ខ្លួនបណ្ដោះអាសន្ន អាចធ្វើឡើ​ងតាមរយៈគំនិ​តផ្ដើមពី​ចៅក្រ​ម​ស៊ើបសួរ ឬ តាមរយៈដី​កាសន្និ​ដ្ឋានរបស់​ព្រះរាជអាជ្ញា ដោយ​​យោង​តាមការពិចារ​ណា ការស្វែង​យល់​ដោយផ្ទាល់ទៅលើ​បុគ្គលិកលក្ខណៈ​របស់ជនត្រូវ​ចោទ ឬស្ថានភា​ពជាក់ស្ដែងនៃបទ​ល្មើសដែល​បានប្រ​ព្រឹត្ត ។ នៅពេលដែលចៅក្រមស៊ើបសួរសម្រេចពីការឃុំខ្លួនបណ្ដោះអាសន្ន នោះគឺត្រូវធ្វើឡើងតាមរយៈ «ដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន» ដែលត្រូវជូនដំណឹងភ្លាមដល់ព្រះរាជអាជ្ញា និងជនត្រូវចោទ ។ ចំពោះថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្ន ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ដាច់ដោយឡែកពីគ្នាទៅតាមស្ថានភាពនៃជនត្រូវចោទ (នីតិជន ឬអនីតិជន) ឬ​លក្ខណៈ​នៃបទ​ល្មើ​ស​ (បទមជ្ឃិម ឬបទឧក្រិដ្ឋ)។ ១. ជនត្រូវចោទជានីតិជនថិរវេលានៃការឃុំខ្លួនបណ្ដោអាសន្នត្រូវកំណត់ដូចខាងក្រោម៖ ចំពោះនីតិជន​ដែល​ត្រូវ​ចោទ​បាន​ប្រកាន់ពីបទឧក្រិដ្ឋ ការឃុំខ្លួនបណ្ដោះអាសន្នមិនអាចលើសពី៦ (ប្រាំ​មួយ) ខែ បានទេ ។ ប៉ុន្តែនៅ​ពេលជិតផុតថិរវេលា​នេះ ចៅក្រម​ស៊ើប​សួរអាចព​ន្យារការ​ឃុំខ្លួនបណ្ដោះអាសន្នម្ដងបាន ៦ (ប្រាំមួយ) ខែ ហើយ​ការសម្រេច​ពន្យារនេះអា​ចធ្វើបាន​តែ ២ (ពីរ) ដងគត់ (មាត្រា ២០៨ នៃក្រមនី​តិវិធីព្រ​ហ្មទណ្ឌ) ។ ចំពោះនីតិជន​ដែលត្រូវចោទប្រកាន់​ពីបទ​មជ្ឃិម ការឃុំខ្លួន​បណ្ដោះ​អាសន្ន​មិនអាចលើសពី ៤ (បួន)ខែបានទេ។ ប៉ុន្តែនៅ​ពេល​ដែលជិ​តផុតថិរវេ​លានេះ ចៅក្រមស៊ើ​បសួរអា​ចពន្យារការឃុំខ្លួនបណ្ដោះ អាសន្នបាន​ម្ដងគត់ ដោ​យមិនអាច​លើសពី ២ (ពីរ) ខែ (មាត្រា ២០៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) ។ ២. ជនត្រូវ​ចោទជាអ​នីតិជនថិ​រវេលា​នៃការ​ឃុំខ្លួនប​ណ្ដោះអាសន្ន​​ត្រូវកំ​ណ​ត់ដូចខាងក្រោម៖ ២.១. ចំពោះអនីតិជន​អាយុចាប់ពី ១៤ (ដប់បួន) ឆ្នាំដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំនឹងត្រូវ​ចោទប្រកាន់ ពីបទឧក្រិដ្ឋដែល​ថិរវេលា​ឃុំខ្លួនប​ណ្តោះអា​សន្ន​មានដូចតទៅ៖ ការឃុំខ្លួនបណ្តោះ​អាសន្នមិនអាចលើសពី ៤ (បួន) ខែ បានទេ កាលណាអនីតិជននេះមានអាយុតិចជាង ១៦ (ដប់ប្រាំមួយ) ឆ្នាំ ។ ការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី ៦ (ប្រាំមួយ) ខែ បានទេ កាលណាអនីតិជននេះមានអាយុចាប់ពី១៦ (ដប់ប្រាំមួយ) ឆ្នាំដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ ។ ២.២. បើក្នុងករណីជាបទមជ្ឈិមមវិញ ការឃុំខ្លួនបណ្តោះអាសន្នចំពោះអនីតិជនអាយុចាប់ពី១៤ (ដប់បួន) ឆ្នាំ ដល់ ក្រោម ១៨ (ដប់ប្រាំបី) ត្រូវបានកំណត់ដូចខាងក្រោម៖ ការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី ២ (ពីរ) ខែ បានទេ កាលណាអនីតិជននេះមានអាយុតិចជាង១៦ (ដប់ប្រាំមួយ) ឆ្នាំ។ ការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី ៤ (បួន) ខែបានទេកាលណាអនីតិជននេះមានអាយុចាប់ពី ១៦ (ដប់ប្រាំមួយ) ឆ្នាំដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ ។ ថិរវេលានៃការឃុំខ្លួនបណ្តោះ​អាសន្ន​តាមចំណុ​ចទី ២.១ និងចំណុច ២.២ ខាងលើនេះមិ​នត្រូវ​លើស​ពីពា​ក់កណ្តាលនៃអ​ប្ប​បរមា​នៃទោ​សដែ​ល​ច្បាប់​បានកំណត់សម្រា​ប់អនីតិជន​នោះឡើយ ។ ចំពោះ​អនីតិជន​ដែលមា​នអា​យុក្រោម ១៤ (ដប់បួន) ឆ្នាំវិញ ​មិនអាចត្រូវ​បា​នឃុំខ្លួនបណ្ដោះអាសន្នទេ ។ ចៅក្រមស៊ើបសួរអាចសម្រេច​ប្រគល់​អនីតិ​ជននេះ​ឲ្យឪពុកម្ដាយ អ្នកអាណា​ព្យាបាល ឬក្នុងករណី​គ្មានអ្នក​អាណា​ព្យាបាល ត្រូវប្រគល់​ទៅម​ជ្ឈមណ្ឌ​លអប់​រំថែរ​ក្សាប​ណ្ដោះ​អាសន្ន រង់ចាំ​សេចក្ដីសម្រេច​របស់តុលាការ (មាត្រា ២១២ នៃក្រមនីតិវិ​ធី​ព្រហ្មទណ្ឌ ) និងមាត្រា ៣៩ កថា​ខណ្ឌទី២ នៃច្បាប់​ស្ដី​ពីយុត្តិធម៌អ​នីតិជន បានចែងថា អនីតិជន​អាយុក្រោ​ម១៤ ឆ្នាំ មិនត្រូវ​បាន​ឃុំខ្លួន​បណ្ដោះ​អាសន្នឡើយ ។ ក្នុងករណីអនីតិជនដែលកំ​ពុងជាប់ឃុំត្រូ​វ រក​ឃើ​ញថាមានអាយុ​​ក្រោម១៤ ​ឆ្នាំ ចៅក្រមស៊ើប​សួរត្រូវចេញដី​កា​រដំណោះស្រាយ​លើកលែង​ចោទ​ប្រកាន់ និងបង្គាប់​ឲ្យដោះ​លែង​អនីតិជ​ននោះ​ជាបន្ទាន់​ទោះបីមា​នបណ្ដឹងឧទ្ធរណ៍​របស់ព្រះរាជាអាជ្ញាក៏​ដោយ ហើយប្រគល់​អនីតិជននោះ​ទៅឲ្យអ្នកតំណាង​ដែលច្បាប់បាន​កំណត់ ។ សរុបមក ការឃុំខ្លួនបណ្ដោះ​អាសន្នគឺជានី​តិវិធីមួយ ដែល​ធ្វើឡើ​​ងនៅក្នុង​ដំ​ណា​ក់ការនៃចៅក្រ​មស៊ើបសួរ ដែលសម្រេចឡើងតាមរ​យៈ​ការ​តាមរយៈ​គំនិតផ្ដើ​មពីចៅក្រម​ស៊ើបសួរ ឬ តាម​រយៈ​​ដីកា​សន្និ​​ដ្ឋាន​​របស់ព្រះរាជ​អាជ្ញា ដោយយោង​តាមកា​រពិចារណា​ទៅលើ​ស្ថានភាព​នៃជន​ត្រូវចោទ ឬលក្ខណៈ​នៃបទ​ល្មើសនោះ។ ការសម្រេចឃុំខ្លួនប​ណ្ដោះអាសន្នធ្វើឡើង​ដើម្បីរក្សាសណ្ដាប់ធ្នាប់ ធានាដំណើ​រការនីតិវិធី​ប្រក​បដោយរលូន និងត្រឹមត្រូវ​ និងការពារមានផលប៉ះពាល់​មិនល្អ ដែ​លកើតឡើងពីជ​នត្រូវចោទដែលនៅក្រៅ​ការឃុំខ្លួន ជាដើម ។ រៀបរៀងដោយ៖ លោក ប៊ុន វិទូ ប្រធានផ្នែកសេវាកម្មច្បាប់ និងលោក ឡេង ពុទ្ធិតារា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 14:07:25

យល់ដឹងផ្នែកច្បាប់៖ ការប៉ះពាល់ដល់សេរីភាពបុគ្គល

(ភ្នំពេញ)៖ នៅក្នុងសង្គមមនុស្សបច្ចុប្បន្ន បុគ្គលគ្រប់រូបត្រូវបានផ្ដល់ឲ្យនូវសិទ្ធិ និងសេរីភាពពេញលេញក្នុងការប្រាស្រ័យទាក់ទង ក៏ដូចជាការរស់នៅចិញ្ចឹមជិវិតប្រចាំថ្ងៃដោយគ្មាន​ការហាម​ឃាត់ឡើយ។ ប៉ុន្តែការប្រើប្រាស់នូវសិទ្ធិ សេរីភាពរបស់បុគ្គលម្នាក់ៗចាំបាច់ត្រូវតែស្ថិតក្រោមបញ្ញត្តិច្បាប់ ហើយការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនទៀតសោត​មិនត្រូវ​ធ្វើឲ្យ​ប៉ះពា​ល់ដ​ល់សិទ្ធិសេរីភាព​របស់​អ្នកដទៃ​ឡើយ។ ការធ្វើឲ្យប៉ះពាល់ដល់សេរីភាពរបស់អ្នកដទៃ ដែលផ្ទុយនឹងច្បាប់អនុញ្ញាត នឹងត្រូវទទួលខុសត្រូវចំពោះអំពើរបស់ខ្លួននោះនៅចំពោះមុខច្បាប់។ ជាការពិតណាស់​នៅ​ពេល​ដែ​លបុគ្គល​មួយទ​ទួលរងនូវកា​ររំ​លោភ​បំពាន ដែល​ធ្វើឲ្យប៉ះ​ពាល់​ដល់​សេរី​ភាព​បុគ្គល អ្នកប្រ​ព្រឹត្តនឹ​ងទទួល​ខុសត្រូ​វ​ចំពោះអំពើដែលខ្លួនបានប្រព្រឹត្ត។ ប៉ុន្តែតើអំពើបែបណាខ្លះទៅ ដែលត្រូវបានកំណត់ថាជាការរំលោភបំពានមួយ ដែលប៉ះពាល់ដល់សេរីភាពបុគ្គល ? ហើយថាតើបុគ្គលដែលប្រព្រឹត្តនឹងត្រូវទទួលខុសត្រូវបែបណាខ្លះ ? ដើម្បីស្វែងយល់ពីអំពើនេះឲ្យបានច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការប៉ះពាល់ដល់សេរីភាព» មកបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចតទៅ៖ ពាក្យថាសេរីភាព គឺជាលទ្ធភាពរបស់មនុស្សដែលធ្វើអ្វីមួយស្របទៅតាមបំណងនិងចំណង់ចំណូលចិត្តរបស់គេឬអាចនិយាយ​បានថា​ជាលក្ខណៈមួ​យដែល​មនុស្សមិនត្រូវបានគេ​កំណត់​ព្រំដែន​ដោយ​លក្ខខណ្ឌ ឬការបង្ខិតបង្ខំណាមួយឡើយ។ ចំណែកឯវចនានុក្រមសម្ដេច ជួន ណាត បានសរសេរថា «សេរីភាព ជាអំណាចដែលធ្វើអ្វីបានតាមអំពើចិត្ត ប៉ុន្តែស្ថិតនៅក្រោមច្បាប់, អំណាចពេញទី (ប៉ុន្តែមានមាត្រាច្បាប់គោលដែរ)» ។ នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាក៏បានចែងពីចំណុចនេះផងដែរថា ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធសេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធានឬស្ថានភាពឯទៀត។ ការប្រើសិទ្ធិ​សេរីភាពផ្ទា​ល់ខ្លួនរបស់​បុគ្គល​ម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមល័ក្ខខ័ណ្ឌកំណត់ក្នុងច្បាប់។ ជារួមសេរីភាពជាការប្រើប្រាស់អំណាចពេញទីរបស់បុគ្គលគ្រប់រូប ប៉ុន្តែមិនអាចប្រើដោយហួសព្រំដែនច្បាប់ ដែលអាចនាំឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់អ្នកដទៃឡើយឡើយ បើពុំដូចនោះទេអ្នកប្រព្រឹត្តនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាក៏បានកំណត់យ៉ាងច្បាស់លាស់អំពីសញ្ញាណមួយចំនួន ពាក់ព័ន្ធនឹងអំពើដែលធ្វើឲ្យប៉ះពាល់ដល់សេរីភាពអ្នកដទៃផងដែរ ដែលមានបញ្ញត្តិក្នុងជំពូកទី៥ ស្ដីអំពី «ការប៉ះពាល់ដល់សេរីភាព» ។ នៅក្នុងជំពូកទី៥នៃក្រមព្រហ្មទណ្ឌនេះបានបង្ហាញពីបទល្មើសចំនួនពីរដែលមានលក្ខណៈជាការប៉ះពាល់ដល់សេរីភាពអ្នកដទៃ ដែលទី១ គឺបទចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ដែលបញ្ញត្តិក្នុងមាត្រា២៥៣ ថា បុគ្គលដែលចាប់ ដែលឃុំឃាំង ដែលបង្ខាំងបុគ្គលផ្សេងទៀតដែលគ្មានបញ្ជាពីអាជ្ញាធរស្របច្បាប់ ឬក្រៅពីករណីដែលច្បាប់អនុញ្ញាត ត្រូវផ្តន្ទាទោស៖ ១/ ដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំទៅ ៣ (បី) ឆ្នាំ បើការចាប់ ការឃុំឃាំង ឬការបង្ខាំង មានរយៈពេលតិចជាង ៤៨ (សែសិបប្រាំបី) ម៉ោង ។ ២/ ដាក់ពន្ធនាគារពី ៣ (បី) ឆ្នាំទៅ ៥ (ប្រាំ ឆ្នាំ បើការចាប់ ការឃុំឃាំង ឬការបង្ខាំង មានរយៈពេលតិចជាង ៤៨ (សែសិបប្រាំបី) ម៉ោង ដល់តិចជាង ១ (មួយ) ខែ ។ ៣/ ដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំទៅ ១០ (ដប់) ឆ្នាំ បើការចាប់ ការឃុំឃាំង ឬការបង្ខាំង មានរយៈពេលស្មើ ឬលើសពី ១ (មួយ) ខែ ។ បទល្មើសមួយទៀតនោះគឺ បទដណ្ដើមកាន់កាប់មធ្យោបាយដឹកជញ្ជូន ដែលបានបញ្ញត្តិក្នុងមាត្រា២៥៦ ថា៖ «អំពើដណ្ដើមយក ឬត្រួតត្រាលើមធ្យោបាយដឹកជញ្ជូន ដែលមានបុគ្គលច្រើនរូបជិះក្នុងនោះ ដោយហិង្សា ឬដោយគំរាមកំហែងថានឹងប្រើហិង្សា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ»។ មិនតែប៉ុណ្ណោះ ការផ្តន្ទាទោសចំពោះបទល្មើសទាំងពីរខាងលើនេះ នឹងត្រូវបន្ថែមកាន់តែធ្ងន់ជាងមុន បើគេរកឃើញថា ការប្រព្រឹត្តបទល្មើសទាំងពីរខាងលើនេះមានស្ថានទម្ងន់ទោស ។ សរុបមក សេរីភាពគ្រប់រូបបុគ្គលសុទ្ធតែត្រូវបានផ្ដល់ឲ្យយ៉ាងពេញលេញ និងស្ថិតក្រោមការការពារពីច្បាប់ដែលជាគោលការណ៍​ច្បាប់មិនអាចអ​នុញ្ញាតឲ្យ​បុ​គ្គលណាម្នាក់ប្រព្រឹ​ត្តនូវ​អំពើ​ណាមួយដែល​ធ្វើឲ្យប៉ះពាល់​ទៅដល់សិទ្ធិសេរីភាពរបស់អ្នកដទៃឡើយ ។ ការបញ្ញត្តិច្បាប់ដើម្បីផ្តន្ទាទោសចំពោះការរំលោភបំពានដល់សិទ្ធិសេរីភាពរបស់អ្នកដទៃនេះ ពិតជាវិធានមួយដ៏សំខាន់ ដើម្បីធានាបាននូវសង្គមមួយប្រកបដោយការគោរព ការឲ្យតម្លៃគ្នាទៅវិញទៅមករវាងគ្នា និងគ្នា។ រៀបរៀងដោយ៖ កញ្ញាមេធាវី មាស រ៉ាវីន និងលោក ឡេង ពុទ្ធិតារា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 14:06:23

យល់ដឹងផ្នែកច្បាប់៖ សន្ដតិកម្ម

(ភ្នំពេញ)៖ ជាទូទៅមនុស្សម្នាក់ៗនៅពេលរស់រានមានជីវិត គឺពិតណាស់បានខិតខំប្រឹងប្រែងក្នុងការស្វែងរកនូវទ្រព្យសម្បត្ដិ មាស ប្រាក់ ដីធ្លី ផ្ទះសម្បែងជាដើម ហើយទទឹមនឹងនោះ ក៏មាននូវទ្រព្យអកម្មមួយចំនួនដូចជាបំណុល ជាអាទិ៍ផងដែរ។ ហើយនៅពេលដែលបុគ្គលនោះបានទទួលមរណៈភាព (ស្លាប់) ទៅ ទ្រព្យសម្បត្ដិ និងបំណុលទាំងនោះ ត្រូវធ្លាក់ទៅញាតិរបស់គាត់ ហើយសាច់ញាតិនឹងយកទៅធ្វើការចាត់ចែង និងបែងចែកគ្នា ដែលការចាត់ចែងទ្រព្យសម្បត្ដិរបស់ជនដែលបានស្លាប់ទៅនេះ ហៅថា «សន្ដតិកម្ម» ។ ហេតុដូចនេះ ដើម្បីឱ្យបានជ្រាបច្បាស់ថា តើការធ្វើសន្ដតិកម្មបែបណាទើបត្រឹមត្រូវ និងមានអានុភាពតាមផ្លូវច្បាប់នោះ? នៅក្នុងសប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់ អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទ “សន្ដតិកម្ម” មកធ្វើការបង្ហាញជូនសាធារណៈជនឲ្យបានយល់ដឹងដូចខាងក្រោម៖ យោងតាមក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា សន្ដតិកម្មចាប់ផ្ដើមដោយមរណៈភាពរបស់មតកជន (បុគ្គលដែលបានស្លាប់) សន្ដតិកម្មត្រូវធ្វើឡើងដោយផ្អែកតាមច្បាប់ ឬតាមឆន្ទៈរបស់មតកជន ។ ទីកន្លែងដែលត្រូវធ្វើសន្ដតិកម្ម គឺត្រូវចាប់ផ្ដើមនៅលំនៅរបស់មតកជន នាពេលទទួលមរណៈភាព ។ ការចាប់ផ្ដើមសន្ដតិកម្ម នាំឱ្យមានអានុភាពនូវការទទួលបន្ដនូវមត៌ក សិទ្ធិលើទ្រព្យសម្បត្ដិ ព្រមទាំងសិទ្ធិ និងកាតព្វកិច្ចផ្សេងៗទៀតពីមតកជន ។ មត៌ក គឺជាទ្រព្យសម្បត្ដិជាកេរ្ដ៍ទាំងឡាយ ដែលបុគ្គលម្នាក់ (មតកជន) បានបន្សល់ទុកក្រោយពេលស្លាប់ ។ បុគ្គលដែលត្រូវទទួលបន្ដនូវមត៌ក ហៅថា សន្ដតិជន ជាជនដែលត្រូវទទួលបន្ដនូវសិទ្ធិ និងករណីយកិច្ចរបស់មតកជនតាមរយៈសន្ដតិកម្ម ។ សន្ដតិជនត្រូវទទួលបន្ដនូវសិទ្ធិ និងកាតព្វកិច្ចទាំងអស់ ដែលស្ថិតនៅក្រោមទ្រព្យសម្បត្ដិរបស់មតកជន ចាប់ពីពេលដែលចាប់ផ្ដើមសន្ដតិកម្ម លើកលែងតែសិទ្ធិ និងករណីកិច្ចផ្ដាច់មុខរបស់មតកជន ។ ក្នុងនោះសន្ដតិជន ក៏មានសិទ្ធិក្នុងការបោះបង់នូវមត៌កនោះចោលផងដែរ ទៅតាមលក្ខខណ្ឌ និងពេលវេលាដែលបានកំណត់ដោយច្បាប់ ។ តាមច្បាប់បើក្នុងករណីដែលគ្មានសន្ដតិជន និងជនដែលមាននិស្ស័យពិសេសនោះទេ មត៌កទាំងអស់ត្រូវក្លាយទៅជាទ្រព្យសម្បត្ដិរបស់រដ្ឋ ។ ១៖ សន្ដតិជន មិនមែនគ្រប់បុគ្គលទាំងអស់សុទ្ធតែអាចក្លាចជាសន្ដតិជននោះទេ យោងតាមច្បាប់ដើម្បីអាចមានលក្ខណៈសម្បតិ្ដជាសន្ដតិជនបានត្រូវតែជាជនមានជីវិតរស់នៅនាពេលចាប់ផ្ដើមសន្ដតិកម្ម ក្រៅពីអភ័ព្វបុគ្គល និងបុគ្គលដែលត្រូវបានកាត់ផ្ដាច់មត៌ក ឬជាទារកក្នុងគ៌ភ ប្រសិនបើទារកនោះមានជីវិតនៅពេលកើតមកនៅពេលក្រោយ ។ យោងតាមក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា សន្ដតិជន រួមមានដូចជា សហព័ទ្ធ (ប្ដី ឬប្រពន្ធ) ជា សន្ដតិជនជានិច្ច, កូន គឺជាសន្ដតិជនលំដាប់ទី១, បុព្វញាតិផ្ទាល់ (ឪពុកម្ដាយ) ជាសន្ដតិជនលំដាប់ទី២, បងប្អូនបង្កើត ជាសន្ដតិជនលំដាប់ទី៣ ។ ចំពោះការកំណត់អំពីលំដាប់នៃសន្ដតិជននេះ គឺដើម្បីថា បើក្នុងករណីដែលគ្មានសន្ដតិជនលំដាប់ទី១ ទេ គឺសន្ដតិជនលំដាប់បន្ដបន្ទាប់ និងត្រូវទទួលបាននូវចំណែកមត៌កនោះ ។ សន្ដតិជនជំនួស គឺជាសន្ដតិជនដែលទទួលស្នងចំពោះបុគ្គលដែលត្រូវបានជាសន្ដតិជន ក៏ប៉ុន្ដែ បានទទួលមរណភាពមុនពេលចាប់ផ្ដើមសន្ដតិ កម្ម ឬជាអភ័ព្វបុគ្គល ឬជាបុគ្គលដែលត្រូវបានកាត់ផ្ដាច់មត៌ក ជាអាទិ៍ ហើយបច្ឆាញាតិផ្ទាល់ របស់សន្ដតិជនត្រូវក្លាយជាសន្ដតិជនជំនួស ។ ហើយក្នុងករណីដែលគ្មានសន្ដតិជននោះទេ គឺជនដែលមាននិស្ស័យពិសេស ជាបុគ្គលដែលមិនមែនជាសន្ដតិជនតែមានជីវភាពរស់នៅជាមួយគ្នានឹងមតកជន ឬជាបុគ្គលដែលបានខិតខំមើលព្យាបាលមតកជន ជាអាទិ៍។ ២៖ ប្រភេទនៃសន្ដតិកម្ម ជាទូទៅគោលការណ៍សន្ដតិកម្ម មានចំនួន ០២ (ពីរ) គឺ គោលការណ៍ជម្រះបញ្ជី និងគោលការណ៍សន្ដតិកម្មដោយស្វ័យប្រវត្ដិ ។ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា​បានប្រកាន់យកគោល​ការណ៍​សន្ដតិក​ម្មដោយស្វ័យ ​ប្រវត្ដិមក​អនុវត្ដ ។ នៅក្នុងនោះ គោលការណ៍សន្ដតិកម្មដោយស្វ័យប្រវត្ដិ គឺជាគោលការណ៍មួយដែលសន្ដតិជនត្រូវទទួលដោយស្វ័យប្រវត្ដិនូវសិទ្ធិ និងករណីកិច្ចទាំងអស់ នៅពេលដែលមតកជនទទួលមរណៈភាព ។ យោងតាមច្បាប់កម្ពុជា នីតិវិធីធ្វើសន្ដតិកម្មត្រូវបានបែងចែកជា ០២ (ពីរ) គឺ ការធ្វើសន្ដតិកម្មតាមច្បាប់ និងការធ្វើសន្ដតិកម្មតាមតកសាសន៍ (តាមបណ្ដាំ) ។ ក. សន្ដតិកម្មតាមច្បាប់ នៅក្នុងករណីដែលមតកជនបានទទួលមរណភាព ដោយពុំមានធ្វើមតកសាសន៍ (គ្មានបណ្ដាំ) ឬក៏ករណីដែលមតកសាសន៍ត្រូវបានមោឃភាព ឬលុបចោល នោះការបែងចែកមត៌កត្រូវប្រើវិធីសន្ដតិកម្មតាមច្បាប់ ។ ច្បាប់កម្ពុជា បានកំណត់ទុកជាមុននូវវិធីនៃការបែងចែកមត៌ត ដូចជាការកំណត់នូវចំណែកមត៌ក វិធីក្នុងការសម្រួលចំណែកមត៌ក កំណត់ពីជនដែលត្រូវបានទទួលមត៌ក កំណត់ពីចំណែកមត៌កត្រូវទទួលបានរបស់សន្ដតិជននីមួយៗ និងព្រមទាំងរបៀបនៃការបែងចែកមត៌ក ជាអាទិ៍ ។ ជាក់ស្ដែងច្បាប់បានកំណត់ថា សហព័ទ្ធត្រូវបានចំណែកមត៌ក ១/២ ឬ ១/៣, កូនត្រូវបានចំណែក ១/២, ឪពុកម្ដាយ ត្រូវបានចំណែក ២/៣ ឬ ១/២ នៃមត៌ករបស់មតកជន ជាអាទិ៍ ដូចនេះនៅពេលធ្វើការបែងចែក គេត្រូវតែបែងចែកតាមចំនួននៃចំណែកដែលបានកំណត់នៅក្នុងច្បាប់នេះ ។ ខ. សន្ដតិកម្មតាមមតកសាសន៍ ឬបណ្ដាំ ដោយហេតុថាច្បាប់កម្ពុជា គោរពនូវគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន ដូចនេះច្បាប់ទទួលស្គាល់នូវឆន្ទៈរបស់មតក​ជននៅពេ​លដែ​លខ្លួន​នៅរស់ក្នុ​ងការចាត់ចែងដោ​យសេរីនូ​វទ្រព្យសម្ប​ត្ដិរបស់ខ្លួ​ន ។ មានន័យថានៅពេលដែលនៅរស់មតកជន មានបំណងចាត់ចែងទ្រព្យរបស់ខ្លួនតាមបែបណានោះ ក្រោយពេលដែលគាត់ទទួលមរណភាពទៅ ឆន្ទៈនោះត្រូវបានគេគោរព និងយកមកអនុវត្ដតាម ។ តែទោះបីជាយ៉ាងណាក៏ដោយ ដើម្បីឱ្យការសម្ដែងឆន្ទៈរបស់មតកជនមានអានុភាព ច្បាប់ក៏បានកំណត់ផងដែរ ពីទម្រង់ និងបែបបទក្នុងការសម្ដែងឆន្ទៈទាំងនោះ ក៏ដូចជាវិធីនៃការបែងចែកទ្រព្យមត៌ក នោះផងដែរ ។ មតកសាសន៍ គឺជាលិខិតបណ្ដាំដែលបុគ្គលម្នាក់បានធ្វើឡើងតាមទម្រង់ ដែលកំណត់ដោយច្បាប់ ដើម្បីសម្ដែងឆន្ទៈចុងក្រោយ អំពីការចាត់ចែង (អច្ច័យទាន) ទ្រព្យសម្បត្ដិរបស់ខ្លួនជាអាទិ៍ បន្ទាប់ពីខ្លួនទទួលមរណភាព ។ អច្ច័យទាន គឺជាការធ្វើប្រទានកម្ម នូវទ្រព្យសម្បត្ដិរបស់មតកជន តាមរយៈមតកសាសន៍ ។ ជាទូទៅខ្លឹមសារនៃមតកសាសន៍ គឺកំណត់អំពីចំណែកមត៌ក កំណត់ពីវិធីបែងចែកមត៌ក អនុប្បទាន និងកំណត់ពីអ្នកប្រតិបត្ដិមតកសាសន៍ជាដើម ។ ចំពោះ​មត​កសា​សន៍​ទម្រង់ដែលមានកំណត់នៅក្នុងច្បាប់មានដូចជា, មតកសាសន៍ដោយលិខិតយថាភូត, មតកសាសន៍ដោយលិខិតសម្ងាត់, មតកសាសន៍ដោយលិខិតឯកជន, មតកសាសន៍នៃជនស្ថិតក្រោយរបបអាណាព្យាបាលទូទៅ, មតកសាសន៍នៃជនដែលកំពុងជួបគ្រោះថ្នាក់ដល់ជីវិត, មតកសាសន៍របស់ជនដែលជាប់ឃុំឃាំង, មតកសាសន៍របស់ជនដែលមិនអាចនិយាយបាន និងទម្រង់មតកសាសន៍របស់បុគ្គលដែលមានសញ្ជាតិខ្មែរដែលរស់នៅបរទេស ជាអាទិ៍ ។ នៅក្នុងរណីដែលមតកសាសន៍ ត្រូវបានធ្វើឡើង ខុសនឹងម្រង់ដែលមានកំណត់ខាងលើនេះ គឺមិនមានអានុភាពតាមផ្លូវច្បាប់ឡើយ ។ សរុបមក សន្ដតិកម្ម គឺជាប្រព័ន្ធនៃការបែងចែកទ្រព្យសម្បត្ដិមួយ ដែលត្រូវបានធានាដោយច្បាប់ ក្នុងគោលបំណងការពារនូវសិទ្ធិនិង​ផលប្រយោជន៍រ​បស់ជ​នដែ​លពា​ក់ព័ន្ធនឹងបុ​គ្គលដែលបា​នទទួល​មរណៈភាព ជាពិសេសទៅលើទ្រព្យសម្បត្ដិរបស់ជននោះ រួមមានទាំងទ្រព្យសកម្ម និងអកម្ម ។ រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងលោក រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group។

2020-04-22 14:05:05

យល់ដឹងផ្នែកច្បាប់៖ ប្រទានកម្ម

(ភ្នំពេញ)៖ អំណោយ គឺជាភាសាសាមញ្ញមួយ ដែលត្រូវបានគេប្រើប្រាស់ជាទូទៅ មានន័យថា​ជាការឱ្យ ឬប្រគល់​នូវវត្ថុ ឬទ្រព្យ​សម្បត្តិ ដោយស្ម័គ្រចិត្តទៅ បុគ្គល​ម្នាក់ទៀត។ ប៉ុន្តែ​ក្នុងន័យ​ច្បាប់ អំណោយត្រូ​វបាន​កំណត់ថា ជាការផ្តល់ឱ្យ​ដោយ​មានឆន្ទៈ​ឯកតោភាគី ចំពោះ​បុគ្គល​ដែលបានកំ​ណត់​ជាក់លាក់ ហៅថា «ប្រទានកម្ម» ។ តើប្រទាន​កម្មជាអ្វី? តើត្រូ​វធ្វើដូច​ម្តេច​ទើបប្រ​ទាន​កម្ម​មាន​អានុ​ភាព​ស្របនឹ​ងច្បាប់? ដូចេ្នះដើ​ម្បី​ឲ្យជ្រាប​ច្បាស់ ក្នុងសប្តា​ហ៍​នេះ កម្មវិធីយ​ល់ដឹងផ្នែក​ច្បាប់រ​បស់​អង្គភាព​ព័ត៌មាន Fresh News សហការជាមួយ ក្រុម​មេធាវី​កម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ សូមលើក​យក​ប្រធាន​បទ «ប្រទានកម្ម» មកធ្វើ​ការប​ង្ហាញ​ជូន​សាធារណៈ​ជនឲ្យបានយល់​ដឹងដូ​ចខាង​ក្រោម៖ យោងតាមមាត្រា ៥៦៨ នៃក្រម​រដ្ឋប្បវេណី នៃព្រះរា​ណាចក្រ​កម្ពុជា ប្រទា​នកម្ម សំដៅ​ដល់កិច្ចសន្យាមួយ ដែល​ត្រូវមា​នអានុភាព ដោយ​ភាគីម្ខាង​បង្ហាញ​ឆន្ទៈ​ផ្តល់ទៅ​ឱ្យភា​គីម្ខាង​ទៀតនូវទ្រព្យ​សម្បត្តិ ដោយ​មិនយ​កថ្លៃ ហើយភាគី​ម្ខាងទៀត​យល់​ព្រមទទួល។ តាមរយៈនិ​យមន័យ​ខាងលើនេះ ប្រទា​នកម្ម ត្រូវបាន​បង្កើត​ឡើង ដោយ​មាន​ការព្រម​ព្រៀងរ​វាង អ្នកធ្វើ​អំណោយ ហៅថា ទាយក និង អ្នកទទួល​អំណោយ ហៅថា​បដិគ្គាហក តែប៉ុណ្ណោះ។ ប្រទានកម្ម អាច​ត្រូវបាន​ធ្វើឡើង​ដោយផ្ទា​ល់មាត់ ឬជាលា​យល័ក្ខណ៍អក្សរ ហើ​យកម្មវត្ថុ​នៃកិច្ចសន្យា​ប្រទានកម្ម អាច​ជាវត្ថុ ប្រាក់ ប៉ុន្តែ​ចំពោះ អចលនវ​ត្ថុវិញ ប្រទា​នកម្ម​នឹងមានអានុភាព​តាមផ្លូវ​ច្បាប់ លុះត្រា​តែបា​ន​ធ្វើលិ​ខិត​យថា​ភូត។ យោង​តាម​ច្បាប់​ប្រទានក​ម្មត្រូវបានបែ​ងចែ​កជា ៣ ប្រភេទ គឺ ប្រទាន​កម្ម​ដោយមា​នកំណត់​ពេល ប្រទានក​ម្មដោយមានភ្ជាប់បន្ទុក និងប្រ​ទានកម្ម​ដោយមូ​លហេតុម​រណៈភាព៖ ក. ប្រទាន​កម្មដោ​យ​មានកំណត់ពេល៖ គឺជា​ប្រទានកម្ម ដែល​ធ្វើឡើ​ងក្នុងគោ​លបំណង​ផ្តល់តាវកា​លិក​ដោយមា​នកំណត់​ពេល​ជាក់​លាក់មួយ នឹងត្រូ​វបាត់ប​ង់​អា​នុភាព នៅពេល​ដែលទាយ​ក ឬ​បដិគ្គា​ហកបានទទួល​មរណៈ​ភាព។ ខ. ប្រទានកម្មដោយ​មាន​ភ្ជាប់ប​ន្ទុក៖ ប្រទានកម្ម ដែលប​ដិគ្គាហកមា​នករ​ណី​យកិ​ច្ចត្រូវ​បាន​អនុវត្ត ការ​ផ្តល់តាវកាលិ​កជាកំណត់ ដើម្បីទ​ទួលទ្រព្យសម្បត្តិដែល​ជាក​ម្មវត្ថុ​នៃប្រទា​នកម្ម ត្រូវហៅថា ប្រទាន​កម្មដែ​លមាន​ភ្ជាប់បន្ទុក ។ ចំពោះ​ទាយក​ នៃប្រទានកម្ម​ដែល​មាន​ភ្ជាប់បន្ទុក អាចរំ​លាយកិ​ច្ច​សន្យាប្រទាន​កម្មដែ​លមាន​ភ្ជាប់​បន្ទុកនោះ នៅក្នុ​ងករណីដែ​លបដិគ្គាហកមិនបា​​នអនុវ​ត្តបន្ទុក។ គ. ប្រទាន​កម្មដោ​យមូលហេតុ​មរណភាព៖ ប្រទាន​កម្មនេះ​នឹង​មានអានុ​ភាពនៅក្រោ​យពេល​ដែលទាយ​កបាន​ទទួ​ល​មរណៈភាព។ មូលហេតុនៃការលុបចោលប្រទានកម្ម៖ ក. ការលុប​ចោលប្រទានក​ម្មដែលមិនធ្វើ​ជា​លាយល័ក្ខណ៍អក្សរ៖ ភាគី​នៃកិច្ច​សន្យា​អាចលុបចោ​លកិច្ចសន្យា​ប្រទាន​កម្មនេះ​បាន ប្រសិន​បើ​កិច្ចស​ន្យា​នោះមិនបានធ្វើឡើង​ជាលាយលក្ខណ៍​អក្សរ។ ប៉ុន្ដែចំពោះ​ផ្នែក​ដែល​បា​នអនុវត្ដ​រួចហើយ គឺមិន​អាចលុប​ចោលបា​ន​ទេ។ ខ. ការលុប​ចោលប្រទា​នកម្មដោយ​សារ​អំពើ​រំលោភ​លើទំនុក​ចិត្ត៖ ទាយ​កអាច​ធ្វើការ​លុបចោល​ប្រទាន​កម្មបាន​ក្នុងរយៈពេល ៥ ឆ្នាំ ប្រសិន​បើទា​យក​បានដឹងថា បដិគ្គា​ហកបាន​ធ្វើអំពើរំលោភ​លើទំនុក​ចិត្ដធ្ងន់​ធ្ងរចំ​ពោះខ្លួន ។ គ. ការលុបចោល​ប្រទាន​កម្មដោយសា​រភាពទីទ័ល​ក្ររប​ស់ទា​យក៖ ទាយកអា​ចធ្វើ​ការ​លុបចោលប្រទាន​កម្មដែល​បាន​អនុវត្ដ​ហើយបាន ក្នុងរយៈ​ពេល ៥ ឆ្នាំ គិតចាប់ពី​ពេល​ដែល​បាន​អនុវត្ដ ប្រសិន​បើទាយក​នោះ បានធ្លាក់ខ្លួនក្នុង​ស្ថានភាព​ទីទ័ល​ក្រ មិនអាច​រក្សាជីវភា​ពរស់នៅ របស់​ខ្លួន​ដោយផ្ទា​ល់​បាន។ ជារួមមក យើងអាច​ធ្វើការ​សន្និដ្ឋាន​បានថា កិច្ចសន្យា​ប្រទានកម្ម គឺជាកា​រស្ម័គ្រចិត្ត ក្នុងការ​ប្រគល់​នូវ វត្ថុ ឬទ្រព្យ​សម្បត្តិ​របស់ខ្លួន ឱ្យទៅ​ភាគីម្ខា​ងទៀត ដោយមា​នភ្ជាប់ប​ន្ទុក ឬករណីម​រណភាព​របស់ភាគី​ជាដើម។ យ៉ាងណាមិញ​ ប្រទានកម្ម នៅតែអាចកែប្រែបាននៅពេលកិច្ចសន្យាប្រ​ទានកម្មនោះ មិនបាន​ធ្វើឡើង​ជាលាយ​ល័ក្ខណ៍អ​ក្សរ ហើយផ្នែក​មិនទាន់បានកើ​តឡើង ប៉ុន្តែចំ​ពោះផ្នែក​ដែលបា​នអនុវត្ត​ហើយ ទាយកក៏អាច​ធ្វើកា​រទាមទារត្រ​លប់មកវិញ ក្នុងក​រណីមាន​ការរំលោ​ភលើ​ទំនុក​ចិត្តធ្ងន់ធ្ងរ និងភាព​ទីទ័ល​ក្ររ​បស់ទាយក ដែលការ​ទាមទារ​អាចធ្វើបានក្នុ​ងកំឡុង​ពេល ៥ ឆ្នាំ។ រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងអ្នកស្រី នូ ពិសី ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៧ ៧៧៧ ៣៩៤, អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/ Cambodia International Cooperation Law Group៕

2020-04-22 14:03:48

យល់ដឹងផ្នែកច្បាប់៖ បទល្មើសប្រើប្រាស់គ្រឿងញៀន

(ភ្នំពេញ)៖ គ្រឿងញៀន តែងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល ក្នុងនោះយុវជនគឺជាក្រុមដែលងាយរងគ្រោះជាងគេ ។ យុវជនមួយចំនួនតូចត្រូវបានគេអូសទាញឲ្យប្រើប្រាស់វា ដោយសារតែវាធ្វើឲ្យសប្បាយនៅគ្រាដំបូងៗ ។ គ្រឿងញៀនមានផលប៉ះពាល់ភ្លាមៗដល់ផ្លូវកាយ និងផ្លូវចិត្ត ហើយអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់បញ្ញា ស្មារតី និងផ្លូវអារម្មណ៍របស់យុវជន ។ បច្ចុប្បន្នបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភ និងកំពុងធ្វើឲ្យប៉ះពាល់ដល់សង្គម មិនថាទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ។ ឥទ្ធិពល នៃ​គ្រឿងញៀន​កំពុងបំ​ផ្លាញ​ធនធានមនុស្សកាន់តែច្រើនឡើងៗគួរឲ្យកត់សម្គាល់ ។ តើការប្រើប្រាស់គ្រឿងញៀនផ្តល់នូវផលប៉ះពាល់អ្វីខ្លះ សម្រាប់ខ្លួនឯង ក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិ? ព្រមទាំងត្រូវទទួលទណ្ឌកម្មដូចម្តេចខ្លះ ចំពោះការប្រើប្រាស់គ្រឿងញៀននេះ? សម្រាប់សបា្តហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់ដែលមាន​កិច្ច​សហកា​ររវាង​ក្រុមមេធាវីកម្ពុជាស​ហប្រតិបត្តិការ​អន្តរជាតិ និងអង្គភា​ព​សា​រព័ត៌មាន Fresh News សូមលើក​យកប្រ​ធានប​ទទា​ក់ទងនឹង «បទល្មើសប្រើប្រាស់គ្រឿងញៀន» មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋឲ្យបានយល់ដឹងដូចខាងក្រោម៖ យោងតាមមាត្រា ៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១២ បានចែងអំពីនិយមន័យនៃពាក្យ «គ្រឿងញៀន» ដែលសំដៅដល់រុក្ខជាតិញៀន សារធាតុញៀន និងសារធាតុគីមីផ្សំទាំងឡាយដែលបានកំណត់ក្នុងតារាងដែលជាឧបសម្ព័ន្ធនៃច្បាប់នេះ ។ តាមខ្លឹមសារនៃមាត្រា ៥ នៃច្បាប់ដដែល គ្រឿងញៀនត្រូវបានធ្វើចំណាត់ថ្នាក់ដូចខាងក្រោម៖ * តារាងទី១៖ រុក្ខជាតិ និងសារធាតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយដែលពុំមានផលប្រយោជន៍ខាងវេជ្ជ សាស្ត្រ រួមមានដូចជា ហេរ៉ូអ៊ីន កញ្ឆា ជ័រកញ្ឆា ប្រេងកញ្ឆា ។ល។ * តារាងទី២៖ រុក្ខជាតិ និងសារធាតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ប៉ុន្តែមានផលប្រយោជន៍ខាងវេជ្ជសាស្ត្រ រួមមានដូចជា កូកាអ៊ីន អាភៀន ទឹកកំហាប់ដើមអាភៀន ម័រហ្វីន មេតំហ្វេតាមីន ។ល។ * តារាងទី៣៖ រុក្ខជាតិ និងសារធាតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ ប៉ុន្តែមានផលប្រយោជន៍ខាងវេជ្ជសាស្ត្រ រួមមានដូចជា កេតាមីន ហ្វង់ទែរមីន ឡេហ្វេតាមីន ។ល។ * តារាងទី៤៖ សារធាតុគីមីទាំងឡាយដែលបានចាត់ថ្នាក់ក្នុងអនុសញ្ញារប​ស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងការចរាចរគ្រឿងញៀនខុសច្បាប់ និងសារធាតុដែល​ធ្វើឲ្យប៉ះពា​ល់ដល់ប្រព័ន្ធសរសៃ​ប្រសាទ ឆ្នាំ១៩៨៨ ឬក្នុងការអនុវត្តសញ្ញានេះប្រឆាំងនឹងការចរាចរគ្រឿងញៀនខុសច្បាប់ ។ សារធាតុនេះរួមមានដូចជា៖ ប្រេងម្រះព្រៅភ្នំ អាសេតូន អាស៊ីដក្ល័ររីឌ្រីក អាស៊ីដហ្វ័រមីក អាស៊ីដស៊ុលហ្វួរិក ។ល។ ប៉ុន្តែបើយើងក្រឡេកមើលនិយមន័យទូទៅ គេបានឲ្យនិយមន័យ «គ្រឿងញៀន» គឺជាសារធាតុដែលធ្វើឲ្យអ្នកប្រើផ្លាស់ប្តូរចិត្តអារម្មណ៍ និងអាកប្បកិរិយា ព្រមទាំង​ជួបគ្រោះ​ថ្នាក់ធ្ងន់ធ្ងរ​រហូតដល់ជីវិ​ត​ផង​ដែរ ។ «គ្រឿងញៀន» ជារុក្ខជាតិ ឬសារធាតុ​ចម្រាញ់​ចេញពីរុក្ខជាតិ​សារធាតុគី​មី​ដែលធ្វើឲ្យមាន ការផ្លា​ស់ប្តូរនូវមុខ​ងារផ្សេ​ងៗសា​រពាង្គកាយ​មនុស្ស ឬ​សត្វ ហើយជាពិ​សេសវាធ្វើឲ្យ​មាន​ការប្រែប្រួលប្រព័ន្ធសរសៃ​ប្រសាទ និងខួរក្បា​លនៅ​ពេល​ប្រើវា ។ ការប្រើប្រាស់គ្រឿងញៀន​វាផ្តល់នូវផលប៉ះពាល់ទៅដល់អ្នកប្រើ ក្រុម​គ្រួសារ ព្រមទាំង​សង្គមជាតិ ដូចជា៖ * ផលប៉ះពាល់ចំពោះបុគ្គលអ្នកប្រើ មានដូចជា ប៉ះពាល់ចំពោះសុខភាពផ្លូវកាយ ដែលនៅពេលបុគ្គលនោះប្រើប្រាស់គ្រឿងញៀន គឺវាបានជ្រាបចូលក្នុងសរីរាង្គរបស់មនុស្សមានថ្លើម បេះដូង តម្រងនោម និងសួត ហើយបង្កឲ្យមានជម្ងឺដោយសារធាតុពុល និងជម្ងឺឆ្លងផ្សេងៗ រាងកាយស្គមស្គាំង ស្លេកស្លាំង មិនងងុយដេក មិនឃ្លានអាហារ និងកម្លាំងចុះថយ ។ សម្រាប់ស្រ្តីមានផ្ទៃពោះ ប្រសិនបើប្រើប្រាស់គ្រឿងញៀន អាចមានឥទ្ធិពលផ្ទាល់ទៅលើទារកក្នុងផ្ទៃ ទាំងរាងកាយ និងខួរក្បាល ។ សម្រាប់សុខភាពផ្លូវចិត្ត វាផ្តល់នូវផលប៉ះពាល់ដូចជា សតិស្មារតីមិនប្រក្រតី គ្មានភាពច្បាស់លាស់នូវការឃើញ ការស្តាប់ ការចងចាំថយចុះ ឬបាត់បង់តែម្តង នៅពេលដែលប្រើប្រាស់គ្រឿងញៀនលើសកម្រិត ។ * ផលប៉ះពាល់ចំពោះក្រុមគ្រួសារ មានដូចជា បាត់បង់កិតិ្តយស បំផ្លាញទ្រព្យសម្បត្តិគ្រួសារ បង្កភាពភ័យខ្លាច អំពើហិង្សាក្នុងគ្រួសារ ខាតបង់ថវិកាជាដើម ។ * ផលប៉ះពាល់ចំពោះសង្គមជាតិ មានដូចជា បង្កនូវអំពើអសីលធម៌ផ្សេងៗ (អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងផ្លូវភេទ) គ្រោះថ្នាក់ចរាចរណ៍ ការប្រព្រឹត្តអំពើឆក់ប្លន់ និងបទឧក្រិដ្ឋផ្សេងៗ រួមទាំងបាត់បង់ធនធានមនុស្សជាដើម ។ ចំពោះទោសទណ្ឌនៃការប្រើប្រាស់គ្រឿងញៀន យោងតាមមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១២ បានបញ្ញត្តិថា ជនណា​ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដែលស្ថិ​តនៅក្នុងតារាងទី ១ និងតារាងទី ២ តាមគ្រ​ប់រូបភាព និងធ្លាប់ត្រូវបានទទួល​រងនូវវិធាន​ការព្យាបាលដោយបង្ខំ ត្រូវផ្តន្ទាទោ​សដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៦ (ប្រាំមួយ) ខែនិងអាចត្រូវផ្តន្ទា​​ទោស​ពិន័យជា​ប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១.០០០.០០០(មួយលាន) រៀល ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងអាចត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល ។ ការប៉ុនប៉ងប្រព្រឹត្តបទមជ្ឈិមដែលមានចែងក្នុងកថាខណ្ឌទី១ និងទី២ ខាងលើនេះ ត្រូវផ្តន្ទាទោសដូចគ្នានឹងបទមជ្ឈិមខាងលើដែរ ។ ប្រសិនបើបទល្មើសត្រូ​វបានប្រព្រឹត្តដោយសារធាតុញៀនដែ​លស្ថិត​នៅក្នុ​ងតារាងទី១ និងតារាងទី២ មានបរិមាណតិចតួច និងប្រព្រឹត្តក្នុងក្របខ័ណ្ឌទទួលទា​នតាម​ទម្លាប់​ព្រះរាជអាជ្ញាអាច​ឲ្យជនប្រព្រឹត្តរួចខ្លួ​នពីបទចោទ ។ ប្រសិនបើរឿងនេះទៅដល់តុលាការ តុលាការអាចសម្រេចឲ្យ​ចារីនៃ​ហេតុការណ៍នេះ​មិនបាច់​ទទួលទោ​ស ឬគ្រាន់តែស្តីបន្ទោសជ​ន​នោះតែប៉ុ​ណ្ណោះ ។ ត្រូវចាត់ទុ​កថាជា​ការទទួលទា​នតាមទម្លាប់ ការទទួលទា​នដែលមិនប​​ណ្តាលឲ្យញៀន​ ហើយអ្នកទទួលទាន​ជាអ្នកស្រុ​កទទួលទាន​តាមដូ​ន​តាធ្លាប់ប្រព្រឹ​ត្តជាយូរម​កហើយ​ ។ បទល្មើសតាមខ្លឹមសារនៃមាត្រា ៤៥ នេះ ត្រូវមានលក្ខខណ្ឌចំនួនពីរយ៉ាងគឺ៖ * ជនល្មើសបានប្រើប្រាស់ដោយផ្ទាល់ខ្លួននូវគ្រឿងញៀន ដែលស្ថិតក្នុងតារាងទី ១ និងតារាងទី ២ ដូចជា ជក់ ហិត លេប ឬ ចាក់បញ្ចូលជាដើម ។ * ជនល្មើសធ្លាប់បានទទួលរងនូវវិធានការព្យាបាលដោយបង្ខំ រួចម្តងមកហើយ ។ យោងតាមមាត្រា ១០៧ នៃច្បាប់ដដែល ចំពោះការព្យាបាល និងការស្តារនីតិសម្បទាដោយបង្ខំ អាចធ្វើបានក្នុងករណីដែលបុគ្គលនោះស្ថិតក្នុងស្ថានភាពញៀនគ្រឿងញៀនធ្ងន់ធ្ងរ និងមានការគំរាម​កំហែ​ង​យ៉ាងជាក់​ស្តែងថា​នឹង​មានគ្រោះថ្នាក់ធ្ងន់ធ្ងរភ្លាមៗ ចំពោះអ្នកញៀនគ្រឿងញៀនខ្លួនឯង និងអ្នកដទៃ ឬក៏ក្នុងករណីដែលអ្នកញៀនគ្រឿ​ងញៀនខ្វះសមត្ថភាព ក្នុងការសម្តែងឆន្ទៈ​ទទួលយក​ការព្យាបាល និងការស្តារនីតិសម្បទាដោយស្ម័គ្រចិត្ត ។ វិធានការនេះអាចត្រូវបង្ខំដោយព្រះរាជអាជ្ញា ឬ ចៅក្រមស៊ើបសួរ ឬ ចៅក្រមជំនុំជម្រះ ។ ឧទាហរណ៍៖ លោក «ក» បានញៀនគ្រឿងញៀនធ្ងន់ធ្ងរ ហើយត្រូវបានឪពុកម្តាយប្តឹងទៅតុលាការ ដើម្បីចាត់វិធានការព្យាបាល និងស្តារនីតិសម្បទា ។ ក្រោយពីគ្រូពេទ្យបានពិនិត្យរួច គ្រូពេទ្យយល់ឃើញថាលោក «ក» ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហេតុដូច្នេះទើបតុលាការបានសម្រេចចេញជាដីកាសម្រេចបង្ខំឲ្យមានការព្យាបាល និងការស្តារនីតិសម្បទា ទោះបីជាលោក «ក» មិនបានយល់ព្រមទទួលការព្យាបាលបែបនេះក៏ដោយ ។ ក្រោយពីបានទទួលការព្យាបាលចប់សព្វគ្រប់ហើយ លោក «ក» នៅតែលួចទៅជក់គ្រឿងញៀនជាមួយនឹងមិត្តភក្តិរបស់ខ្លួនទៀត ហើយបន្ទាប់មកក៏ត្រូវបានឃាត់ខ្លួន ។ ក្នុងករណីនេះ លោក «ក» ស្ថិតក្នុងស្ថានភាពដែលត្រូវផ្តន្ទាទោសតាមបញ្ញតិ្តមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ សរុបជារួម ការប្រើប្រាស់គ្រឿងញៀន មិនមែនជាវិធីសាស្ត្រមួយល្អក្នុងការដោះស្រាយនូវបញ្ហានោះទេ ព្រោះថាការប្រើប្រាស់គ្រឿងញៀនវាអាចបណ្តាលឲ្យមានផលប៉ះពាល់មិនថាទាំងខ្លួនឯង ក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិផងដែរ ។ មិនតែប៉ុណ្ណោះបុគ្គលដែលប្រើប្រាស់គ្រឿងញៀននោះអាចនឹងឈានដល់ការទទួលនូវទោសពិន័យ ក៏ដូចជាទោសពន្ធនាគារផងដែរ ប្រសិនបើការប្រើប្រាស់គ្រឿងញៀននោះលើសចំណុះ ដូចមានចែងក្នុងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ រៀបរៀងដោយ៖ លោក ប៊ុន វិទូ និងកញ្ញា សាំង សុភាព ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕

2020-04-22 14:00:32

យល់ដឹងផ្នែកច្បាប់៖ បទល្មើស​ជួញដូរ​ដោយ​ខុស​ច្បាប់នូ​វសារ​ធា​តុញៀន

(ភ្នំពេញ)៖ វត្តមានគ្រឿង​ញៀន​ជាចំណែកមួយ​ដ៏ធំក្នុងកា​របង្កទុក្ខកង្វល់ដល់​ប្រជាពលរដ្ឋ និងសង្គមជាតិ ព្រមទាំងមាន​លប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់​សណ្តាប់ធ្នាប់ សាធារណៈផងដែរ។ ជនខិល​ខូចមួយចំនួ​នតូចដែលគិតតែ​ផលប្រយោជន៍ផ្ទាល់ខ្លួន បានឆ្លៀតឱកាសលក់ទិញ ដោះដូរដោយខុសច្បាប់នូវ​សារធាតុញៀន ពុំខ្វល់​ពីឥ​ទ្ធិពលអា​ក្រក់ដែល​ប៉ះពាល់​ដល់ប្រទេស​ជាតិឡើ​យ។ ដើម្បីគ្រប់​គ្រង និងទប់ស្កាត់ការជួញ​ដូរដោយខុ​សច្បាប់នូវសា​រធាតុញៀន ប្រទេសកម្ពុជា​បានបង្កើតឱ្យ​មាន «ច្បាប់ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន» ក្នុងគោល​បំណង​ត្រួត​ពិនិត្យ បង្ការ ទប់ស្កាត់ និងប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន។ ដើម្បីឲ្យជ្រា​បកាន់តែច្បាស់ពីសកម្មភាព​បែបណា​ដែលត្រូវ​បានចាត់ទុកថាជា​ការជួញដូរគ្រឿងញៀន? ហើ​យជនដែល​ប្រព្រឹត្តអំពើនេះត្រូវផ្តន្ទាទោស​កម្រិតណា​? ដូច្នេះសម្រាប់សប្ដាហ៍នេះ​កម្មវិធីយ​ល់ដឹងផ្នែ​កច្បាប់របស់អង្គភាព​ព័ត៌មាន Fresh News សហការ​ជាមួ​យ ក្រុមមេ​ធាវីកម្ពុជា​សហ​ប្រតិបត្តិការ​អ​ន្តរជាតិ សូមលើក​យកប្រធានបទស្ដីអំពី « បទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» មកបង្ហាញ​ជូនបងប្អូ​ន​ប្រជាពលរដ្ឋ សិស្ស ​និស្សិត​ដូចតទៅ៖ យោងតាម​មាត្រា ៤០ នៃច្បាប់ស្ដី​ពីការត្រួតពិនិត្យគ្រឿ​ងញៀ​ន ឆ្នាំ២០១២ បញ្ញតិ្តថា «អំពើជួញ​ដូរដោយ​ខុសច្បាប់​នូវសារធា​តុញៀន» ជាការផ្ដល់​សម្រាប់​លក់ ការលក់ ​ការទិ​ញដើម្បីលក់ ឬដោះ​ដូរ និងការដោះ​ដូរដោ​យខុស​ច្បាប់​នូវសារធាតុញៀន។ ជនល្មើសដែលជួញដូរដោយខុសច្បា​ប់នូវសារធា​តុញៀ​នដែលស្ថិតនៅក្នុង​តារាងទី១ និងតារាងទី២ ត្រូវផ្ដន្ទាទោ​សដាក់ព​ន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ។ ក្រៅពី​ការដា​ក់ពន្ធនាគារជ​នល្មើ​សនឹងអាច​ត្រូវទទួលប​ន្ថែមនូវទោ​សពិន័យជា​ប្រាក់ពី ៤.០០០.០​០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ។ ចំពោះតារាងទី១ សំដៅលើ រុក្ខជាតិ និងសារធាតុដែលបណ្តាល​ឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយដែល​ពុំមាន​ផលប្រ​យោជន៍​ខាងវេជ្ជសាស្ត្រ រួ​មមានដូចជា ហេរ៉ូអ៊ីន កញ្ឆា ជ័រកញ្ឆា ប្រេងកញ្ឆា។ តារាងទី២ រុក្ខជាតិ និងសារធាតុដែ​លបណ្តាលឲ្យ​មានគ្រោះថ្នាក់​ធ្ងន់ធ្ងរ ប៉ុន្តែមាន​ផលប្រយោជន៍​ខាងវេជ្ជ​សាស្ត្រ រួមមានដូចជា កូកាអ៊ីន​ អាភៀន ទឹកកំហាប់ដើ​មអាភៀន ម័​រហ្វីន មេតំ​ហ្វេតាមីន​។ ចំពោះ​ស្ថាន​ទម្ងន់ទោសពាក់ព័ន្ធ​នឹងបទល្មើ​សខាងលើ បា​នកំណត់​កម្រិត​ទោសដូ​ចខា​ងក្រោម៖ ត្រូវផ្តន្ទា​ទោស​ជាប់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ និងផ្ដន្ទាទោសពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ក្នុងករណីដែលប្រព្រឹត្តបទល្មើស ស្ថិតក្នុងស្ថានភាពណាមួយដូចខាងក្រោម៖ ១. បទល្មើសត្រូវបានប្រព្រឹត្តច្រើនដង ២. បទល្មើសត្រូវបានប្រព្រឹត្តនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ នៅក្នុងឱកាសនៃការបំពេញមុខងារ ៣. ជ័រអាភៀន ជ័រកញ្ឆា ឬកាវកូកា មានបរិមាណសុទ្ធចាប់ពី ៤០០ (បួនរយ) ក្រាម រហូតក្រោម ៨០០ (បួនរយ) ក្រាម។ ៤. ប្រេងកញ្ឆាមានបរិមាណសុទ្ធចាប់ពី ២០០ (ពីររយ) ក្រាម រហូតដល់ក្រោម ៤០០ (បួនរយ) ក្រាម។ ៥. ម័រហ្វីន ហេរ៉ូអ៊ីន ឬកូកាអ៊ីនមានបរិមាណសុទ្ធចាប់ពី ៤ (បួន) ក្រាម រហូតដល់ក្រោម ២៥ (ម្ភៃប្រាំ) ក្រាម។ ៦. អំហ្វេតាមីន មេតំហ្វេតាមីន ឬអ៊ិចស្តាស៊ី មានបរិមាណសុទ្ធចាប់ពី ១៥ (ដប់ប្រាំ) ក្រាម រហូតដល់ក្រោម ៨០ (ប៉ែតសិប) ក្រាម។ ៧. កញ្ឆាស្ងួត ឬស្លឹកកូកា មានបរិមាណចាប់ពី ៨ (ប្រាំបី) គីឡូក្រាម រហូតដល់ក្រោម ២០ (ម្ភៃ) គីឡូក្រាម។ ៨. ផ្លែអាភៀនស្រស់មានបរិមាណចាប់ពី ៨ (ប្រាំបី) គីឡូក្រាម រហូតដល់ក្រោម ៤០ (សែសិប) គីឡូក្រាម។ ៩. ផ្លែអាភៀនស្ងួតមានបរិមាណចាប់ពី ៤០ (សែសិប) គីឡូក្រាម រហូតដល់ក្រោម ១៦០ (មួយរយ ហុកសិប) គីឡូក្រាម។ ១០. បណ្តាសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតមានបរិមាណសុទ្ធចាប់ពី ១៥ (ដប់ប្រាំ) ក្រាម រហូតដល់ ៨០ (ប៉ែតសិប) ក្រាម។ ១១. សារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតចាប់ពីពីរប្រភេទឡើងទៅ ហើយមានបរិមាណសុទ្ធសារធាតុញៀន ដែលបានកំណត់នៅក្នុងចំណុចណាមួយចាប់ពីចំណុចទី៣ ដល់ចំណុចទី១០ នៃកថាខណ្ឌនេះ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ២០.០០០.០០០ (ម្ភៃលាន) រៀល ទៅ ៤០.០០០.០០០ (សែសិបលាន) រៀល ក្នុងករណីដែល​ការប្រព្រត្តឹប​ទល្មើស ស្ថិតក្នុងស្ថាន​ភាពណា​មួយខាង​ក្រោម៖ ១. ជ័រអាភៀន ជ័រកញ្ឆា ឬកាវកូកា មានបរិមាណសុទ្ធចាប់ពី ៨០០ (ប្រាំបីរយ) ក្រាម រហូតក្រោម ១.៦០០ (មួយពាន់ប្រាំមួយរយ) ក្រាម។ ២. ប្រេងកញ្ឆាមានបរិមាណសុទ្ធចាប់ពី ៤០០ (បួនរយ) ក្រាម រហូតដល់ ៨០០ (ប្រាំបីរយ) ក្រាម។ ៣. ម័រហ្វីន ហេរ៉ូអ៊ីន ឬកូកាអ៊ីនមានបរិមាណសុទ្ធចាប់ពី ២៥ (ម្ភៃប្រាំ) ក្រាម រហូតដល់ក្រោម ៨០ (ប៉ែតសិប) ក្រាម។ ៤. អំហ្វេតាមីន មេតំហ្វេតាមីន ឬអ៊ិចស្តាស៊ី មានបរិមាណសុទ្ធចាប់ពី ៨០ (ប៉ែតសិប) ក្រាម រហូតដល់ក្រោម ២៤០ (ពីររយសែសិប) ក្រាម។ ៥. កញ្ឆាស្ងួត ឬស្លឹកកូកា មានបរិមាណចាប់ពី ២០ (ម្ភៃ) គីឡូក្រាម រហូតដល់ក្រោម ៦០ (ហុកសិប) គីឡូក្រាម។ ៦. ផ្លែអាភៀនស្រស់មានបរិមាណចាប់ពី ៤០ (សែសិប) គីឡូក្រាម រហូតដល់ក្រោម ១២០ (មួយរយម្ភៃ) គីឡូក្រាម។ ៧. ផ្លែអាភៀនស្ងួតមានបរិមាណចាប់ពី ១៦០ (មួយរយហុក) គីឡូក្រាម រហូតដល់ក្រោម ៤៨០ ( បួនរយប៉ែតសិប) គីឡូក្រាម។ ៨. បណ្តាសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតមានបរិមាណសុទ្ធចាប់ពី ៨០ (ប៉ែតសិប) ក្រាម រហូតដល់ ២៤០ (ពីររយសែបសិប)ក្រាម។ ៩. សារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតចាប់ពីពីរប្រភេទឡើងទៅ ហើយមានបរិមាណសុទ្ធសរុបនៃសារធាតុ ស្មើនិងបរិមាណសុទ្ធសារធាតុញៀនដែលបានកំណត់នៅក្នុងចំណុចណាមួយចាប់ពីចំណុចទី១ ដល់ចំណុចទី ៨ នៃកថាខណ្ឌនេះ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២០ (ម្ភៃ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំឬអស់មួយជីវិត និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៤០.០០០.០០០ (សែសិបលាន) រៀល ទៅ ១០០.០០០.០០០ (មួយរយលាន) រៀល ក្នុងករណីដែលការប្រព្រត្តឹបទល្មើស ស្ថិតក្នុងស្ថានភាពណាមួយខាងក្រោម៖ ១. ជ័រអាភៀន ជ័រកញ្ឆា ឬកាវកូកា មានបរិមាណសុទ្ធចាប់ពី ១.៦០០ (មួយពាន់ប្រាំមួយរយ) ក្រាមឡើយទៅ។ ២. ប្រេងកញ្ឆាមានបរិមាណសុទ្ធចាប់ពី ៨០០ (ប្រាំបីរយ) ក្រាម ឡើងទៅ។ ៣. ម័រហ្វីន ហេរ៉ូអ៊ីន ឬកូកាអ៊ីនមានបរិមាណសុទ្ធចាប់ពី ៨០ (ប៉ែតសិប) ក្រាមឡើងទៅ។ ៤. អំហ្វេតាមីន មេតំហ្វេតាមីន ឬអ៊ិចស្តាស៊ី មានបរិមាណសុទ្ធចាប់ពី ២៤០ (ពីររយសែសិប) ក្រាម ឡើងទៅ។ ៥. កញ្ឆាស្ងួត ឬស្លឹកកូកា មានបរិមាណចាប់ពី ៦០ (ហុកសិប) គីឡូក្រាម ឡើងទៅ។ ៦. ផ្លែអាភៀនស្រស់មានបរិមាណចាប់ពី ១២០ (មួយរយម្ភៃ) គីឡូក្រាម ឡើងទៅ។ ៧. ផ្លែអាភៀនស្ងួតមានបរិមាណចាប់ពី ៤៨០ (បួនរយប៉ែតសិប) គីឡូក្រាម ឡើងទៅ។ ៨. បណ្តាសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតមានបរិមាណសុទ្ធចាប់ពី ២៤០ (ពីររយសែបសិប) ក្រាម ឡើងទៅ។ ៩.សារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតចាប់ពីពីរប្រភេទឡើងទៅ ហើយមានបរិមាណសុទ្ធសរុបនៃសារធាតុស្មើនិងបរិមាណសុទ្ធសារធាតុញៀនដែលបានកំណត់នៅក្នុងចំណុចណាមួយ ចាប់ពីចំណុចទី១ ដល់ចំណុចទី ៨ នៃកថាខណ្ឌនេះ។ ចំពោះការកាន់កាប់ ការលាក់ទុក សន្និធិ និងសកម្មភាព​ប្រហាក់​ប្រហែល​ផ្សេងទៀត និងការបញ្ជូន​តាមគ្រប់រូប​ភាព​ដែលនាំ​ឱ្យមានការផ្លា​ស់ទីពីទីកន្លែង​មួយ​ទៅទីកន្លែង​មួយ​ទៀតពីមនុ​ស្សម្នាក់​ទៅមនុស្ស​ម្នាក់ទៀត ពីប្រទេស​មួយទៅប្រទេសមួយទៀត ឬ តា​មរយៈការផ្ញើ ការធ្វើចរា​ចរ ការនាំចូល​ការនាំចេញ នូវសា​រធា​តុញៀន ក៏ត្រូវ​ទទួល​ការផ្តន្ទាទោ​សក្នុ​ងមាត្រា៤០​ នៃច្បាប់ស្តី​ពីការត្រួតពិនិ​ត្យគ្រឿ​ងញៀន​ នេះដែរ ។ សរុបមកច្បាប់ស្ដីពីការត្រួត​ពិនិត្យ​គ្រឿងញៀន បានកំ​ណត់​ទោស​យ៉ាងតឹ​ងរឹងរ​ហូត​ឈានដ​ល់ការជា​ប់ពន្ធនាគា​រអស់មួយ​ជីវិតទៀត​ផង។ ទន្ទឹមនឹ​ងនេះ រាជរដ្ឋា​ភិបាលកម្ពុជា​បា​ន និងកំពុ​ង​ធ្វើយុទ្ធនាការយ៉ាងសកម្មដើម្បីប្រ​យុទ្ធប្រឆាំងគ្រឿ​ងញៀ​នខុសច្បាប់ ក្នុង​គោល​បំណងលុបបំបា​ត់ការជួញ​ដូរ និងការ​ប្រើប្រាស់​គ្រឿង​ញៀនដោយខុ​សច្បាប់នៅទូទាំ​ងប្រទេស។ រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា គន្ធ វិជិតា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 14:01:38

យល់ដឹងផ្នែកច្បាប់៖ ប្រធានបទការចុះបញ្ជីពាណិជ្ជកម្ម

(ភ្នំពេញ)៖ យោងតាមច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម​របស់ក្រសួង​ពាណិជ្ជកម្មនៃ​ព្រះរាជាណាចក្រកម្ពុជា នៅពេលអ្នក​ចង់បង្កើតអាជីវកម្ម ដើម្បីស្វែងរកប្រាក់ចំណេញ អ្នកត្រូវធ្វើការចុះបញ្ជីពាណិជ្ជកម្មលើអាជីវកម្មរបស់អ្នកនៅក្រសួងពាណិជ្ជកម្ម ។ តើហេតុអ្វីបានជារាជរដ្ឋាភិបាល តម្រូវអោយធ្វើការចុះបញ្ជីពាណិជ្ជកម្ម? ពីព្រោះការចុះបញ្ជីពាណិជ្ជកម្ម វាពិតជាមានសារៈសំខាន់ណាស់ ដើម្បីបង្ហាញថា អាជីវកម្មមួយ​ជា​អាជីវកម្មស្រប​ច្បាប់ និងទទួលបាន ការការពារ​ដោយ​ច្បាប់​នៅពេលមានជម្លោះ ឬក៏បញ្ហា​ណាមួយ​ដែលកើតឡើង​ជាយ​ថាហេតុ ។ ប៉ុន្តែការចុះបញ្ជីនេះទៀតសោត ទាមទារឱ្យមានការយល់ដឹងពី ផ្នែកហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ នៅក្នុង​អាជីវក​ម្មនីមួយៗ ឬនិយាយ​ឱ្យចំគឺ លំហូរសាច់ប្រាក់ នៅក្នុងអាជីវកម្មរបស់ខ្លួនថា អា​ចរក​ប្រាក់ចំណូល និងចំណេញបា​ន​ប៉ុណ្ណា​ដែរ។ ដូច្នេះការចុះបញ្ជី​ពាណិជ្ជកម្ម​ស្រប​ទៅនឹ​ងស្ថានភាពបច្ចុប្បន្ន គឺធ្វើឡើង​ដើម្បីធានាឱ្យ​បាន​នូវភាព​ស្របច្បាប់ រួមមាន​ឈ្មោះក្រុមហ៊ុន ប្រភេទ​ក្រុមហ៊ុនជា (ឯកកម្មសិទ្ធិ សហកម្មសិទ្ធិ ក្រុមហ៊ុន​ឯកជន​ទទួល​ខុសត្រូ​វ​មានកម្រិត ក្រុមហ៊ុនសាធា​រណៈទទួលខុ​សត្រូវមានកម្រិត និងក្រុមហ៊ុន​បរទេសជាដើម…) ផលិតផល និងសេ​វាកម្មរបស់ក្រុមហ៊ុនអ្នក ។ បន្ទាប់ពីបានធ្វើការចុះ​បញ្ជី​ពាណិជ្ជកម្ម​រួចមក អាជីវកម្ម​របស់អ្ន​ក​នឹងត្រូវ​ទទួលបា​នលិ​ខិតបញ្ជាក់ ព្រមទាំ​ងទទួល​បានកា​រការ​ពារទៀតផង ប្រសិន​បើមាន​ការច​ម្លងឈ្មោះ ឬផលិតផល​ជាដើម ។ ដូច្នេះ ដើម្បីឱ្យកាន់តែច្បាស់ ក្នុងសប្តា​ហ៍នេះ កម្មវិធីយល់​ដឹងផ្នែកច្បាប់ ដែល​មានកិច្ចស​ហការរ​វាងអង្គភាព សារព័ត៌មាន Fresh News ជាមួយ​ក្រុមមេធា​វីកម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ សូមលើក​យកប្រធានបទ «ការចុះបញ្ជីពាណិជ្ជកម្ម» មកធ្វើការប​ង្ហាញ​ជូនបង​ប្អូនប្រ​ជាពលរដ្ឋ​ទាំងអស់​ដូចខាងក្រោម៖ យោងតាមប្រកាសលេខ ២១៣ ព.ណ ចបព.ប្រក ប្រការ១ របស់​ក្រសួង​ពាណិជ្ជកម្ម ការចុះបញ្ជី​ពាណិជ្ជកម្ម គឺជាកាតព្វកិច្ចដែល​ពាណិជ្ជករ និងក្រុមហ៊ុន​ពាណិជ្ជកម្ម ដែលមាន​គ្រឹះស្ថាន សាខា ការិយាល័យ តំណាង បុត្រសម្ព័ន្ធ ឬទីភ្នាក់ងារ​របស់ខ្លួន ​នៅព្រះ​រាជាណាចក្រកម្ពុជា ត្រូវចុះ​ឈ្មោះក្នុងបញ្ជី​ពាណិជ្ជ​កម្ម នៅក្នុង​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិសម្រាប់ ចុះបញ្ជី​ពាណិជ្ជកម្ម​របស់ក្រ​សួងពាណិជ្ជក​ម្ម​តាមរយៈគេ​ហទំព័រៈ www.businessregistration.moc.gov.kh ។ ប៉ុន្ដែ​បើពុំអា​ចធ្វើ​ការ​បំពេញ​ព័ត៌មាន និងបញ្ចូល​លក្ខខណ្ឌ​តម្រូវក្នុង ប្រព័ន្ធស្វ័យ​ប្រវត្តិ​បានដោយ​ខ្លួនឯង​នោះទេ ត្រូវមក ក្រសួ​ងពាណិជ្ជ​កម្មដើ​ម្បីស្នើសុំ​ឱ្យម​ន្ដ្រីចុះ​បញ្ជី​បំពេញជំ​នួស​បាន (ប្រការ២ នៃប្រកាសដដែល) ។ ចំណែកឯ លក្ខខណ្ឌ​ក្នុងការចុះ​បញ្ជីពា​ណិជ្ជកម្ម អ្នកត្រូ​វបំពេញ​នូវសំ​ណុំ​ឯកសារ តាម​បែប​បទ​ដែល​ក្រសួង​បានកំ​ណត់ ហើយប​ន្ទាប់ពី​បំពេញ​រួចរាល់ អ្នក​ត្រូវបង់ថ្លៃ​​សេវាក្នុ​ងការសិក្សាសំណុំ​ឯកសារ​​ចុះបញ្ជី ។ នៅពេលដែលការចុះបញ្ជីពាណិជ្ជកម្ម បានសម្រេចអ្នកនឹងទទួលបាន លិខិតបញ្ជាក់ពីការចុះបញ្ជីរបស់អ្នក ។ ​ហើយចំពោះការចុះបញ្ជីពាណិជ្ជកម្ម នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបែងចែកជាបីមានដូចជា៖ ១៖ លក្ខខណ្ឌក្នុងការចុះបញ្ជីពាណិជ្ជកម្មសម្រាប់ពាណិជ្ជករជារូបវ័ន្ដបុគ្គល រាល់រូបវ័ន្ដបុគ្គលដែលជាពាណិជ្ជករ ត្រូវចុះ​បញ្ជីពាណិជ្ជកម្ម​នៅមន្ទីរពាណិជ្ជកម្ម​ខេត្ត/ក្រុង ឬកន្លែង​ផ្សេងទៀត​ដែលក្រសួងពា​ណិជ្ជ​កម្ម​បានកំណត់ នៅកន្លែង​ដែលសាមីជន​នោះ ធ្វើពាណិជ្ជកម្មយ៉ាងយូររយៈពេល ១៥ (ដប់ប្រាំ)ថ្ងៃ មុនពេល​បើកដំណើរ​ការអាជីវកម្មរ​បស់ខ្លួន ។ ម្យ៉ាងទៀត ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម​អាចធ្វើការ​ស្នើសុំដោយ សាមីជ​ននោះ ឬដោយអាណត្តិ​គាហករប​ស់គេ ហើយអាណត្តិគា​ហកត្រូវតែមាន​ លិខិ​តប្រគល់​សិទ្ធិអំណាចដើម្បីតម្កល់​ទុកនៅក្រឡាបញ្ជី​នៃតុលាការ​ពាណិជ្ជកម្ម​ដែលខ្លួនបាន​ស្នើសុំចុះបញ្ជីនោះ ។ មិនតែប៉ុណ្ណោះ ពាណិជ្ជករត្រូវប្រគល់​ប្រតិវេទន៍​ដែលមានចុះហត្ថលេខា និងស្នាមម្រាម​ដៃដល់​កន្លែងទ​ទួលពា​ក្យចុះ​បញ្ជីពាណិជ្ជកម្ម ចំនួន ២ (ពីរ) ច្បាប់ផងដែរ (មាត្រា១៤ កថាខណ្ឌ១ ២ ៣ នៃច្បាប់​ស្ដីពីវិ​ធានពាណិជ្ជកម្ម និងបញ្ជី​ពាណិជ្ជកម្ម) ។ ២៖ លក្ខខណ្ឌក្នុងការចុះបញ្ជីពាណិជ្ជកម្មសម្រាប់ពាណិជ្ជករជានីតិបុគ្គល រីឯនីតិបុគ្គលដែលបានបង្កើត​ក្រុមហ៊ុន​ធ្វើពាណិជ្ជកម្ម​នៅព្រះរាជាណាចក្រកម្ពុជាវិញ បើទោះបី​ជាបែបបទ នៃការបង្កើត និងថេរវេលា​បែបណាក៏ដោយ គឺត្រូវតែ​ធ្វើការ​ចុះប​ញ្ជីពា​ណិជ្ជកម្ម ហើយការចុះឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម ត្រូវធ្វើ​ឡើងដោយ​បណ្ណាធិការ ឬអភិបាល​នៃសាមី​ក្រុមហ៊ុន​នៅក្នុង​ខែនៃកា​របង្កើត​ក្រុមហ៊ុន និងមុន​កាលប​រិច្ឆេទ​បើកប្រ​តិបត្តិការ​ពាណិជ្ជកម្ម ១៥ (ដប់ប្រាំ) ថ្ងៃ ។ ចំណែកឯអ្នក​ស្នើសុំចុះប​ញ្ជី ត្រូវប្រគល់​ប្រតិវេទ​ន៍ចំនួន ២ (ពីរ) ច្បាប់ ព្រមទាំ​ងត្រូវតម្កល់ទុកនូវលក្ខន្ដិកៈ ក្រុមហ៊ុន​ដល់​កន្លែង​ទទួល​ពាក្យចុះ​បញ្ជី ពាណិជ្ជកម្មផងដែរ (មាត្រា១៧ កថាខណ្ឌ១ ២ ៣ នៃច្បាប់ស្ដីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម) ។ ៣៖ លក្ខខណ្ឌក្នុង​ការចុះ​បញ្ជី​ពាណិជ្ជកម្ម​សម្រាប់​ពាណិជ្ជ​ករ​ជានី​តិបុគ្គលបរទេស ចំណែកឯ ក្រុមហ៊ុនពាណិជ្ជកម្មបរទេសទាំងអស់ ដែលមានតែសាខា ឬទីភ្នាក់ងារ នៅព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើការបំពេញ​ទំរង់ចុះ​បញ្ជី​ពាណិជ្ជកម្ម​តាមមាត្រា១៧ និងមាត្រា១៨ នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ដូចគ្នានឹងពាណិជ្ជករជានីតិបុគ្គលដែរ (មាត្រា១៩ កថាខណ្ឌ១ ២ នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម) ។ ផ្ទុយទៅវិញ ករណីដែលពាណិជ្ជករ និងក្រុមហ៊ុន​ពាណិជ្ជកម្ម​ទាំងឡាយណា ដែលមិនបាន​ចុះបញ្ជី​ពាណិជ្ជកម្ម តាមការបញ្ញត្តិ​របស់ក្រសួ​​ងពាណិជ្ជកម្មទេ ត្រូវផ្ដន្ទាទោស​ពិន័យ​ជាប្រាក់ចំនួន ៥០,០០០៛ (ប្រាំម៉ឺនរៀល) ទៅ ៥០០,០០០៛ (ប្រាំសែនរៀល) (មាត្រា៤០ ចំណុច១ នៃច្បាប់ស្ដីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម) ឬមានទោសនិទ្ធនភាពសាមញ្ញក្នុងករណីធនក្ស័យ (មាត្រា ៤១ នៃច្បាប់ដដែល) ។ ហើយចំពោះករណី ពាណិជ្ជករ ឬរាល់​អ្នកដឹកនាំ​ក្រុមហ៊ុន​ពាណិជ្ជកម្ម ទាំងឡាយ​ណាដែលប្រើឯក​សារ​ក្លែងក្លាយនោះ ត្រូវផ្ដន្ទាទោស​ចាប់ពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០៛ (មួយលានរៀល) ដល់ ១០,០០០,០០០៛ (ដប់លានរៀល)(មាត្រា ៤២ នៃច្បាប់ដដែល) ។ សរុបមកសម្រាប់​ពាណិជ្ជករ និងក្រុមហ៊ុន​ពាណិជ្ជ​កម្ម​ទាំងឡាយ​ណាដែលបាន​ធ្វើការ​ចុះប​ញ្ជី​ពាណិជ្ជកម្ម លើអាជីវ​កម្មរប​ស់ខ្លួន ពួកគេនឹ​ងទទួលបាន នូវអាជីវកម្មមួ​យស្រ​បច្បាប់ ហើយទទួលបាននូវការការពារចំពោះឈ្មោះ និងផលិតផលរបស់ក្រុមហ៊ុននោះ ព្រមទាំងដើម្បីធ្វើការបញ្ជៀស​ ការខាតបង់ផលប្រយោជន៍នានា ដែលបណ្ដាល មក​ពីជន​ទុច្ចរឹត​ធ្វើកា​រក្លែង​បន្លំឈ្មោះ ឬផលិតផលរបស់ក្រុមហ៊ុននោះផងដែរ ។ ចំពោះ​ករណីនេះ ម្ចាស់អា​ជីវកម្ម ក៏អាច​ធ្វើការប្ដឹងទៅ​ក្រសួង​ពាណិជ្ជកម្មដើម្បីធ្វើការរំលាយ អាជីវកម្មរបស់​ជនទុច្ចរឹតនោះបានដែរ ប៉ុន្ដែបើ​អំពើរបស់ជននោះ បានធ្វើឱ្យខាតបង់ផល​ប្រយោជន៍​ធ្ងន់ធ្ងរ នោះម្ចាស់​អាជីវក​ម្មដែលទ​ទួលរងគ្រោះ​អាចធ្វើកា​រប្ដឹងទាមទារ សំណងតាមផ្លូវ​តុលាការ​ដែ​លមានសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជាបាន ។ រៀបរៀងដោយ៖ កញ្ញាមេធាវី មាស រ៉ាវីន និងកញ្ញាថន រ៉ាវ៉ាឌី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 13:59:21

យល់ដឹងផ្នែកច្បាប់៖ យន្ដការដោះស្រាយវិវាទដីធ្លីនៅកម្ពុជា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្ដ​ទុកដា​ក់ខ្ពស់ក្នុង​ការគោរព​នូវសិទ្ធិមនុស្ស ជាពិសេសសិទ្ធិ​ឯកជន​ភាពរបស់​បងប្អូនប្រជាពលរដ្ឋ។ ជាក់ស្ដែងនៅអំឡុងឆ្នាំ ១៩៩២ កម្ពុជាបានអនុវត្តច្បាប់ភូមិ​បាលមួយ ដែលច្បា​ប់នេះបានបញ្ជាក់ពីការទទួលបាននូវ សិទ្ធិកម្មសិទ្ធិនៅលើ​ដីធ្លី​តា​មរ​យៈសន្តតិកម្ម កិច្ចស​ន្យា ឬ ដោយការ​ផ្លាស់ប្ដូរពី «ការកាន់​កាប់បណ្តោះ​អាសន្ន» ទៅជា «កម្មសិ​ទ្ធិពេញលេញ» ជាអាទិ៍។ ក្រោយមកនៅឆ្នាំ ២០០១ ច្បាប់ភូមិ​បាលបច្ចុ​ប្បន្នត្រូវបានប្រកាស​ឱ្យប្រើ ដែល​ច្បាប់​នេះអ​នុញ្ញាត​ឱ្យមា​នកម្មសិទ្ធិឯ​កជនលើ​ដីធ្លីពេ​ញលេ​ញនៅកម្ពុជា ព្រមទាំ​ងបាន​បង្កើតឱ្យមាន នូវប្រព័ន្ធ​បញ្ជីឈ្មោះដីធ្លី និងមា​នប័ណ្ណកម្ម​សិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ ទន្ទឹម​នឹងនោះ កម្ពុជា​បាន​ទទួលជំនួយពី​ធនាគា​រពិភពលោក ក្នុងការរៀបចំការចុះបញ្ជីដីធ្លីលក្ខណៈ ​ជាប្រព័​ន្ធដើ​ម្បីចេ​ញប័ណ្ណ​កម្មសិ​ទ្ធិជូនប្រ​ជាពល​រដ្ឋផងដែរ។ នៅក្នុងអំ​ឡុង​ពេលចុះ​បញ្ជី​ដីធ្លីនេះ យើងបាន​ប្រឈ​មនឹង​បញ្ហាច​ម្បង​ធំ គឺវិវាទដីធ្លី ដែលទា​មទារចាំបា​ច់ឱ្យ​មានកា​រដោះ​ស្រាយជាបន្ទាន់ជូនបង​ប្អូនប្រជាព​លរដ្ឋ ផងដែរ។ តើកម្ពុជា​មានយ​ន្ដការ​អ្វីខ្លះក្នុងការ​ដោះ​ស្រា​យវិវា​ទដី​ធ្លី?​ ដើម្បីស្វែង​យល់ឱ្យកា​ន់តែច្បាស់អំពី «យន្ដការ​ដោះស្រាយ​វិវាទដីធ្លីនៅកម្ពុជា» កម្មវិធីយ​ល់ដឹងផ្នែកច្បាប់ របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយ ក្រុម​មេធាវីកម្ពុជាសហ​ប្រតិបត្ដិការ​អន្ដរជាតិ សូម​លើកយ​កប្រធាន​បទនេះ​មកធ្វើ​ការប​ក​ស្រាយជូនប​ងប្អូនប្រជាពលរដ្ឋ​ដូចខាងក្រោម ៖​ អនុលោមតាមស្មារតី​ប្រកាសអន្តរក្រសួងលេខ ០២ ប្រកច.០៣ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៣ រវាងក្រសួងយុត្តិធម៌ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីការកំណត់ភារ​កិច្ចរ​បស់តុលា​ការ និងគណៈក​ម្មការ​សុរិយោដីពាក់ព័ន្ធនឹងវិវាទដីធ្លី បានបែងចែកជាវិវាទដីធ្លីជា ០២ (ពីរ) ប្រភេទគឺ ១៖ វិវាទដីធ្លីដែលបានចុះបញ្ជីរួចហើយ គឺដីធ្លី​ដែលមានប័​ណ្ណសម្គាល់សិទ្ធិគ្រប់ប្រ​ភេទចេញដោយរ​ដ្ឋបាល​សុ​រិយោដី ត្រូវស្ថិត​ក្រោមសមត្ថ​កិច្ចរបស់តុលាការ និង ២៖ វិវាទដីធ្លីដែ​លមិនទាន់បាន​ចុះបញ្ជីសុរិយោដី គឺដីធ្លីដែ​លពុំទាន់មា​នប័ណ្ណសម្គាល់សិ​ទ្ធិគ្រប់ប្រ​ភេទ​ចេញ​ដោយ​រដ្ឋបាលសុរិយោដី ត្រូវស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការសុរិយោដី ។ ១៖ ការដោះស្រាយវិវាទរបស់គណៈកម្មការសុរិយោដី គណៈកម្មការសុរិយោដីត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ដែលក្នុងនោះរួមមានគណៈកម្មការសុរិយោដី ៣ (បី) ថ្នាក់គឺ គណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខណ្ឌ គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត និងគណៈកម្មការសុរិយោដីថ្នាក់ជាតិ ។ ចំពោះវិធានស្ដីពីនីតិវិធីផ្សេងៗរបស់គណៈកម្មការសុរិយោដី ត្រូវបានកំណត់នៅក្នុងប្រកាសលេខ ១១២ ដនស/ប្រក ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០០២ ស្ដីពីគោលការណ៍ណែនាំ និងនីតិវិធីរបស់គណៈកម្មការសុរិយោដី។ ដោយនៅក្នុងនោះ គណៈកម្មកាសុរិយោដីមានបេសកកម្មដោះស្រាយវិវាទដីធ្លី (ដីគ្មានប័ណ្ណចេញដោយរដ្ឋបាលសុរិយោដី) ដែលមិនទាន់ចុះបញ្ជីសុរិយោដីដែលស្ថិតនៅក្រៅតំបន់វិនិច្ឆ័យ ឬក្នុងតំបន់វិនិច្ឆ័យដែល​មិនអាច​សម្រុះ​សម្រួលបានដោយគណៈកម្មការ​រដ្ឋបាល និងមិនមែនជាវិវាទដីធ្លីដែលពាក់ព័ន្ធនឹង បណ្តឹងទាមទារបែងចែកមរតក ឬវិវាទអំពីកិច្ចសន្យា ទិញលក់ ជួល ឬបញ្ចាំ ជាដើម។ គណៈកម្មការសុរិយោដីធ្វើការដោះស្រាយវិវាទដីធ្លីនីមួយៗដោយចាប់ផ្តើមពីថ្នាក់ស្រុក ខណ្ឌ ឡើងទៅថ្នាក់រាជធានី ខេត្ត និងចុងក្រោយទៅគណៈកម្មការរសុរិយោដីថ្នាក់ជាតិ ៖ ក/. ការដោះស្រាយវិវាទដោយគណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ ការទទួលពាក្យបណ្តឹង និងឆ្លើយតបពាក្យបណ្តឹង៖ បុគ្គលគ្រប់រូបដែលមានវិវាទពាក់ព័ន្ធនឹងដីធ្លីមិនទាន់ចុះបញ្ជីសុរិយោដី មានសិទ្ធិដាក់ពាក្យបណ្តឹងដោយផ្ទាល់ទៅគណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ ។ បន្ទាប់មក គណៈកម្មការនឹងជូនដំណឹងអំពីបណ្តឹងទៅភាគីចុងបណ្តឹង ឬបុគ្គលដែលមានផលប្រយោជន៍ពាក់ព័ន្ធនឹងដីវិវាទដើម្បីឆ្លើយតបក្នុងរយៈពេល៣០ ថ្ងៃ បន្ទាប់ពីទ​​ទួលបា​នសេចក្តីជូនដំណឹង។ ការស៊ើបអង្កេតបន្ទាប់ពីទទួ​​លពាក្យបណ្តឹង៖ គណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ នឹងចាត់មន្ត្រីឱ្យចុះស៊ើបអង្កេត ដើម្បីជួបជាមួយគូភាគីវិវាទ សាក្សី អាជ្ញាធរមូលដ្ឋាន និងធ្វើការវាស់វែងកំណត់ទំហំដី និងព្រំប្រទល់ដីវិវាទឱ្យបានច្បាស់លាស់។ បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតគណៈកម្មការសុរិយោដីនឹងពិនិត្យមើលថា តើករណីវិវាទនោះស្ថិតក្នុងសមត្ថកិច្ចដោះស្រាយរបស់ខ្លួនឬទេ? ករណីមិនស្ថិតក្នុងសមត្ថកិច្ចបណ្តឹងនោះត្រូវបានច្រានចោល ហើយត្រូវជូនដំណឹងដល់ភាគីវិវាទជាលាយល័ក្ខណ៍អក្សរ ។ ករណី​ភាគី​វិវាទ​មិនពេ​ញចិត្តចំ​ពោះការច្រាន​ចោលនោះ ភាគីវិ​វាទ​នោះអាចប្តឹង​ទៅគណៈ​កម្មការសុរិយោដី ថ្នាក់​លើបន្ទាប់ក្នុងរយៈពេ​ល ៣០ ថ្ងៃ បន្ទាប់ពីភាគីទ​ទួលបាន​សេចក្តីជូ​នដំណឹង ឬទម្រង់បែ​បបទច្រា​នចោលពាក្យ​បណ្តឹង​នោះ។ អំពីកិច្ចប្រ​​ជុំរដ្ឋបាល៖ គណៈកម្មការសុរិយោដីថា្នក់ស្រុក ខណ្ឌ ត្រូវអ​ញ្ជើញគូ​ភាគីវិវាទចូលរួម​ប្រជុំរដ្ឋបាល ដើម្បីណែនាំអំពីដំណើរការ និងនីតិវិ​ធីនៃការដោះស្រាយវិវាទ។ ភាគីត្រូវធ្វើការ​ជ្រើសរើស​អ្នកស​ម្រុះសម្រួល ៣ រូប និងទទួលព័ត៌មាន​អំពី​សិទ្ធិរ​បស់ខ្លួន​ក្នុងការជ្រើសរើស បុគ្គល​ណាម្នាក់​ដែលភា​គីជឿជាក់​ថា អាចជួយខ្លួន​បានក្នុងនាម​ជាជំនួយ​ការភា​គី។ ទន្ទឹម​នោះគូ​ភា​គីត្រូវ​កំណត់ពេលវេលាទីកន្លែងដោះ​ស្រា​យជា​មួយនឹងអ្ន​សម្រុះ​ស​ម្រួល ឬគូភាគី​អាចជូ​នដំណឹងអំពីការសុំ​ជំទាស់ពី វិវាទ​ផលប្រយោជន៍​រវាងភាគីណា​មួយ​ជាមួយ​គណៈ​កម្មការ​សុរិយោដី។​ ការសម្រុះសម្រួល៖ ក្រោយពេលបញ្ចប់ការស៊ើបអង្កេតយ៉ាងតិច ៣០ ថ្ងៃ គិតចាប់ពីថ្ងៃបិទផ្សាយបណ្ដឹង គណៈកម្មការសុរិយោដីថា្នក់ស្រុក ខណ្ឌ ត្រូវបើក​កិច្ច​ប្រជុំដើ​ម្បី​ស​ម្រេ​ចលើ ដំណើ​រការសម្រុះ​សម្រួល​វិវាទ ហើ​យកិច្ចប្រជុំត្រូវធ្វើឡើងនៅទីតាំងវិវាទ​ ឬនៅ​កន្លែងដែលជិតនឹងទីតាំងវិវាទ​នោះ។ ការសម្រុះសម្រួល និង/ឬ ការស​ម្រេចរបស់គណៈកម្មការសុរិយោដី ធ្វើឡើងដោយគ្មានការបង្ខិតបង្ខំគ្មានការគំរាមកំហែង មានន័យថាជាការដោះស្រាយមួយដោយ យកការសម្រុះសម្រួលជាមូលដ្ឋាន ពោលគឺ យកឆន្ទៈ​របស់គូភាគីវិវាទ​ ដែលសុខចិត្តចែករំលែក​ផលប្រយោជន៍ឱ្យគ្នា​ទៅវិញ​ទៅមក ក្រោមការខិតខំ​ប្រឹងប្រែង​រកវិធី​ដោះ​ស្រាយពីអ្នក​សម្រុះស​ម្រួល។ ភា​គីវិវាទ និងអ្នក​ជំនួយ​ការភាគីត្រូ​វ​ចូលរួម​ក្នុងកិច្ចប្រជុំស​ម្រុះសម្រួ​លនេះ ​ហើយដំ​ណើរការប្រជុំស​ម្រុះសម្រួល ត្រូវស្ថិត​ក្រោមវិធា​ននៃការស​ម្រុះសម្រួលមួ​យ។ ប្រសិនបើការដោះស្រាយទទួលបានជោគជ័យ ភាគីទាំងពីរត្រូវផ្តិតមេដៃលើទម្រង់បែបបទបញ្ចប់វិវាទតាមខ្លឹមសារដែលបានព្រមព្រៀង។ ប្រសិនបើ​ករណីវិវាទ ​មិនអាចធ្វើកា​រ​ដោះ​ស្រាយដោយ​ការសម្រុះ​ សម្រួលបានទេ​នោះ គណៈកម្ម​ការសុរិយោ​ដីថ្នាក់​ស្រុក ខណ្ឌ នឹងបញ្ជូនករណីវិវាទនោះទៅគណៈកម្មការសុរិយោ​ដីថ្នាក់​រាជធានី ​ខេត្ត ដើម្បីធ្វើការដោះស្រាយបន្ត។ ការវាស់វែងត្រៀមចេញប័ណ្ណ៖ ក្រោយពេលវិវាទត្រូវបានដោះស្រាយ បញ្ចប់ដោយជោគជ័យទាំងការសម្រុះ សម្រួល ឬសម្រេច គ​ណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ នឹងចុះធ្វើការវាស់វែ​ងកំណ​ត់ទំហំដី និងព្រំប្រទ​ល់​តាម​ការព្រមព្រៀងរប​ស់គូភាគី ឬតាមសេចក្តីសម្រេចចូលជាស្ថាពរ។ បន្ទា​ប់មកមន្ទីរៀ​បចំដែនដី នគ​រូបនីយកម្ម សំណង់ និងភូមិបាល ក្រុង ស្រុក ខណ្ឌ នឹងចាប់ផ្តើ​មនីតិវិធី​ចុះប​ញ្ជី​ក្បា​លដី​តាមកា​រស្នើសុំ​រប​ស់ភា​គីវិ​វាទ ។ ខ/. ការដោះស្រាយវិវាទដោយគណៈកម្មការសុរិយោដីរាជធានី ខេត្ដ បន្ទាប់ពីទទួលបានការបញ្ជូនករណីវិវាទពី គណៈកម្មការសុរិយោដីថា្នក់ស្រុក ខណ្ឌ គណៈកម្មការ​សុរិយោដី​ថ្នាក់រាជធានី​ ខេត្ត នឹងព្យាយាម​ធ្វើការ​សម្រុះស​ម្រួលបន្តទៀតតា​ម​នីតិវិធី​ដែល​នកំណត់។ ក្នុងរយៈពេល ៦០ ថ្ងៃ បន្ទាប់ពីបានទទួលបណ្ដឹងវិវាទ គណៈកម្មការសុរិយោដីរាជធានី ខេត្ដ ត្រូវរៀបចំកិច្ចប្រជុំ​រដ្ឋបា​លរវាងគណៈកម្មការសុរិយោដីខេត្ដ ក្រុង និងភាគីវិវាទ។ បើការសម្រុះសម្រួលមិន​អាចទទួ​លបាន​ជោគជ័​យទេនោះ ​គណៈកម្មកា​រសុរិយោ​ដីថ្នាក់រាជ​ធានី ខេត្ត ត្រូវធ្វើនី​តិវិធីដោយឡែកផ្សេងទៀត គឺ​ការធ្វើសេចក្តី​សម្រេច។ បើភាគីណាមួយមិនសុខចិត្ត ចំពោះសេចក្ដីសម្រេចរបស់ គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត ក្នុងរយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីទទួលបានសេចក្តីសម្រេច ឬទទួលបានព័ត៌មានអំពីសេចក្តីសម្រេច ភាគីវិវាទនោះមានសិទ្ធិប្តឹងសុំឱ្យ គណៈកម្មការសុរិយោដីថ្នាក់ជាតិធ្វើសវនាការជាថ្មីបាន។ គ/. ការដោះស្រាយវិវាទដោយគណៈកម្មការសុរិយោដីថ្នាក់ជាតិ គណៈកម្មការសុរិយោដីថ្នាក់ជាតិ មានសិទ្ធិសម្រេចលើវិវាទទាំងឡាយណាដែលស្ថិតនៅក្រៅតំបន់វិនិច្ឆ័យ ហើយដែលមិនអាចដោះស្រាយបានដោយគណៈកម្មការសុរិយោដីថា្នក់ស្រុក ខណ្ឌ និងគណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ដ និងរាល់វិវាទដែលកើតមានក្នុងតំបន់វិនិច្ឆ័យដែលមិនអាចដោះស្រាយបានដោយគណៈកម្មការរដ្ឋបាល។ ក្នុងករណីដែលបានទទួលការបញ្ជូនករណីវិវាទពី គណៈកម្មការសុរិយោដីថ្នាក់រាជធានីខេត្ដ ឬគណៈកម្មការរដ្ឋបាល គណៈកម្មការសុរិយោដីថ្នាក់ជាតិនឹងព្យាយាម ធ្វើការសម្រុះសម្រួលបន្ត តែបើការសម្រុះសម្រួលមិនអាចទទួលបានជោគជ័យទេ គណៈកម្មការសុរិយោដីថ្នាក់ជាតិនឹងបើកសវនាការសម្រេច។ គូភាគីមានសិទ្ធិប្តឹងតវ៉ានឹងសេចក្ដីសម្រេច របស់គណៈកម្មការសុរិយោដីថ្នាក់ជាតិទៅ តុលាការក្នុងរយៈពេល ៣០ថ្ងៃ ក្រោយពីបានទទួលសេចក្តីសម្រេចនេះ។ ២៖ ការដោះស្រាយវិវាទដោយស្ថាប័នតុលាការ តុលាការមានសមត្ថកិច្ចដោះស្រាយលើទំទាស់ដីធ្លីណាដែលបានចុះបញ្ជី និងដីដែលបានផ្ដល់ប័ណ្ណកម្មសិទ្ធិរួចរាល់ហើយ បើយោងតាមប្រកាសរួមលេខ ០៣ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៣ របស់ក្រសួងយុត្ដិធម៌ និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ តុលាការក៏មានសមត្ថកិច្ចផងដែរ ចំពោះ​បណ្ដឹងតវ៉ានឹ​ងសេចក្ដីសម្រេចរ​បស់គណៈកម្មធិការសុរិយោដី​ថ្នាក់ជាតិ។ ក្រៅពី​នោះតុលាការក៏មានសមត្ថកិ​ច្ចផង​ដែរ ពាក់ព័ន្ធនឹងដីមិនទា​ន់ចុះបញ្ជី (មិនទាន់ចេញប័​ណ្ណកម្មសិទ្ធិ) ដូចជាករណី​បណ្ដឹងបែងចែកមត៌ក បណ្ដឹងពាក់ព័ន្ធនឹងការទិញលក់ និ​ងការអនុវ​ត្ដសិទ្ធិប្រា​តិភោគលើអចលនវត្ថុជាអាទិ៍។ ​ចំពោះវិវាទដីធ្លី​ គឺជាប្រភេទរឿ​ងក្ដីរដ្ឋប្បវេណី ដូចនេះ​ភាគី និងតុលាការត្រូវអនុវត្ដតាមគោ​លការណ៍​នៃនីតិវិធីផ្នែករដ្ឋប្បវេ​ណីចំពោះបណ្ដឹងពាក់ព័ន្ធនឹងដីធ្លី។ សរុបជារួមមកវិញ ចំពោះយន្ដការសម្រាប់ដោះស្រាយវិវាទដីធ្លីនៅកម្ពុជា មានពីរប្រភេទ គឺយន្ដការដោះស្រាយវិវាទដោយគណៈកម្មការសុរិយោដី ចំពោះដីដែលមិនទាន់បានចុះបញ្ជី និងការដោះស្រាយដោយស្ថាប័នតុលាការចំពោះដីដែលបានចុះបញ្ជីរួចរាល់ និងមានប័ណ្ណកម្មសិទ្ធិ។ ហេតុដូចនេះសូមបញ្ជាក់ថា រាល់វិវាទដីធ្លីដែលមិនទាន់ចុះបញ្ជី ត្រូវតែបញ្ជូនទៅដោះស្រាយនៅគណៈកម្មការសុរិយោដីជាមុនសិន មុននឹងប្ដឹងមកតុលាការ។ រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងលោក រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group។

2020-04-22 13:58:17

យល់ដឹងផ្នែកច្បាប់៖ ការបង់ពន្ធ​ប្រថាប់​ត្រាលើការ​ផ្ទរ​កម្មសិទ្ធិ ឬសិទ្ធិកាន់​កាប់​អចលន​ទ្រព្យ

(ភ្នំពេញ)៖ បច្ចុប្បន្នវិស័យអចលនទ្រព្យ​នៅប្រទេស​កម្ពុជា​មានសន្ទុះ​យ៉ាងខ្លាំង មិនថា​ប្រជាពលរដ្ឋ ឬអ្នកវិនិយោគ​ទេបាន​នាំគ្នា​ប​ណ្តាក់ទុន ទៅលើវិស័យអចលនទ្រព្យជាច្រើន ហើយតាម​រយៈ​ការរីកចម្រើននៃវិស័យ​នេះផងដែរ រដ្ឋក៏​ទទួល​បានចំណូលជា​ច្រើនតាមរយៈការប្រមូលពន្ធប្រថាប់ត្រា ។ ពន្ធប្រថាប់ត្រា គឺជាពន្ធ​ដែល​រដ្ឋប្រមូលតាមរយៈ​ការផ្ទេរ​កម្មសិទ្ធិ ឬសិទ្ធិ​កាន់កា​ប់អច​លនទ្រព្យ​តាមរយៈ​ការទិញ​លក់​ជាអា​ទិ៍ ។ សម្រាប់ស​ប្តាហ៍នេះ កម្ម​វិធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាព​ព័ត៌មាន Fresh News សហការជាមួយ​ក្រុមមេធាវី​កម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ សូមលើក​យក​ប្រធានបទស្តីពី ការបង់​ពន្ធប្រថាប់​ត្រា​លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់​កាប់​អចលនទ្រព្យ មកធ្វើការ​ចែកជូន​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​សិស្ស​និស្សិតដូ​ចខាងក្រោ​ម៖ ចំពោះអចលនទ្រព្យដែល​បាន​ចុះបញ្ជី​ដោយមាន​ប័ណ្ណ​កម្មសិទ្ធិ (ប្លង់រឹង) រួចរាល់ នៅពេលអចលនវត្ថុត្រូវបានផ្ទេរ នោះ​អ្នក​ទទួល​កម្មសិទ្ធិ​ត្រូវមា​ន​កាតព្វកិច្ចបង់ពន្ធប្រថាប់​ត្រាលើ​ការ​ផ្ទេរ​នោះតា​ម​អត្រា ៤% (បួនភាគរយ) ​ស្របតា​មច្បាប់​ជាធរ​មាន ។ ដើម្បីបង់ពន្ធប្រ​ថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ នៅពេលដាក់ពា​ក្យស្នើសុំ​ផ្ទេរ​កម្មសិទ្ធិ ឬសិទ្ធិ​កាន់​កាប់​នៅរដ្ឋ​បាល​សុរិយោ​ដី នោះ​កម្មសិទ្ធិករ និងអ្ន​កទទួ​ល​កម្មសិទ្ធិ​ ត្រូវ​មកបំពេញ​ពាក្យស្នើសុំលើ ការបង់ពន្ធ​ប្រថាប់ត្រា​តាមទម្រង់​ដែលចេញដោ​យអគ្គនាយ​កដ្ឋា​ន​ពន្ធដារ ដោយត្រូវភ្ជាប់ជា​មួយ​នូវ សំ​ណុំឯ​កសារផ្ទេរកម្មសិទ្ធិ គំនូសបង្ហាញទីតាំង​អចល​នទ្រព្យ និងកំ​ណត់​បង្ហាញដែល​បញ្ជាក់ពីទំហំពិតប្រា​កដ​នៃអចលនទ្រព្យ​ដែល​ចេញ​ដោយរ​ដ្ឋបាលសុរិយោដី ។​ ក្រោយពីបា​នមកបំ​ពេញពាក្យ​ស្នើសុំ​បង់ព​ន្ធប្រថាប់ត្រា តាម​ទម្រ​ង់​របស់​អគ្គនាយ​កដ្ឋាន​ពន្ធដា​ររួចហើយ កម្ម​សិទ្ធិករ ឬអ្នកទទួល​បន្តនូវសិ​ទ្ធិត្រូវ​ប​ញ្ជូន​ឯកសារ​ទាំង​នោះ​មករដ្ឋបាល​សារ​ពើពន្ធ ដើម្បី​ធ្វើ​ការវា​យតម្លៃជា​ក់ស្តែង និងកំណត់ប្រាក់​ពន្ធ​ដែលត្រូវបង់ចូ​លជាថវិ​ការដ្ឋ ។ ​ ចំពោះ​អចលនទ្រព្យដែលពុំទា​ន់បា​នចុះបញ្ជី (ប្លង់ទន់) ពេ​លដែលអចលនទ្រព្យ​នោះ​ត្រូវបាន​ផ្ទេរសិទ្ធិកាន់កាប់នោះ​អ្នកទទួលសិទ្ធិមាន​កាតព្វកិច្ចត្រូវបង់​ពន្ធប្រ​ថាប់ត្រា​តាមអត្រា ៤% (បួន​ភាគរយ) ស្របតាមច្បាប់ជាធរ​មាន​ដូចគ្នា ​នឹងការផ្ទេរកម្មសិទ្ធិ​លើអចលនទ្រព្យ​ដែលមាន​ប្លង់រឹង​ផងដែ​រ ។ គួរបញ្ជា​ក់ផងដែរ ចំពោះអ​ចលន​ទ្រព្យ​ដែលពុំទាន់ចុះបញ្ជី ដែលបានផ្ទេ​រសិទ្ធិកាន់​កាប់នៅថ្នាក់ឃុំ សង្កាត់ ឬក្រុង ស្រុក ខណ្ឌ ដែលមា​នសាវតា​រផ្ទេរបន្តដៃគ្នា​ច្រើនដ​ងមុនថ្ងៃ​ទី០១ ខែមករា ឆ្នាំ២០១៧ អនុញាត​​ឲ្យបង់ពន្ធប្រថាប់ត្រា​តែមួយ​លើក​ចុងក្រោយ ដោយ​អនុគ្រោះ​ឲ្យដ​កចេញនូវ មូលដ្ឋានគិតពន្ធប្រថាប់ត្រា ៦០០ ០០០ ០០០ (ប្រាំមួយរយលាន) រៀល សម្រាប់​តែ​អចលនទ្រព្យ​ដែលបានស្នើសុំចុះប​ដំបូងនៅរដ្ឋបាល​សុរិយោដី​ប៉ុណ្ណោះ ។ ការផ្តល់ការអនុគ្រោះឲ្យដកចេញ​នូវ មូលដ្ឋានគិតពន្ធប្រថាប់​ត្រាខាងលើ​ គឺមានសុពលភាព​អនុវត្តសម្រាប់​តែអចលនទ្រព្យដែ​លបានស្នើសុំចុះបញ្ជីដំបូងនៅរដ្ឋបាល​សុរិយោដី ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ។ ដោយឡែក សម្រាប់អ​ចលនទ្រព្យ​ដែលពុំបាន​ចុះប​ញ្ជី ដែលបា​នផ្ទេរសិទ្ធិ​កាន់កាប់​បន្តដៃ​គ្នាជា​ច្រើនដងមុនថ្ងៃ​ទី០១ ខែមករា ឆ្នាំ២០១៧ ត្រូវបង់​ពន្ធប្រថាប់ត្រាមួយដង​លើកចុង​ក្រោយ ដោយមិន​អនុញាត​ឲ្យដក​នូវមូ​លដ្ឋានគិ​តពន្ធ ៦០០ ០០០ ០០០ (ប្រាំមួយរយលាន) រៀល ដូ​ចអចលនទ្រព្យដែលបានស្នើសុំចុះប​ញ្ជី​ឡើយ ។ មូលដ្ឋាននៃព​ន្ធប្រថាប់ត្រា​នេះត្រូវបានកំណត់តាមលំដាប់​អាទិភាព ដូចខាងក្រោម៖ ១​៖ តម្លៃអចលនទ្រព្យ ដែលបាន​កំណត់ក្នុង​ឧបសម្ព័ន្ធ​នៃប្រកាស​លេខ៣៤៣ សហវ.ប្រក ចុះថ្ងៃ​ទី២២ ខែមីនា ឆ្នាំ២០១៩ របស់​ក្រសួងសេ​ដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ ២៖ តម្លៃអច​លនទ្រព្យ ដែលបា​នកំណត់​នៅក្នុងកិច្ចសន្យា​ផ្ទេរកម្មសិទ្ធិ ឬសិទ្ធិ​កាន់កាប់ ឬលិខិត​គតិយុ​ត្តពា​ក់ព័ន្ធផ្សេង​ទៀត ក្នុងករណី​ដែលមានតម្លៃស្មើ ឬខ្ពស់ជាង​តម្លៃ ដូចមាន​ចែងក្នុងឧបសម្ព័ន្ធនៃប្រកា​ស៣៤៣ស​ហវ.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ បន្ថែមពី​នេះទៅ​ទៀត រាជរដ្ឋា​ភិបាលក៏បានជួយសម្រាលបន្ទុ​កជាច្រើនដ​ល់ ប្រជាពលរ​ដ្ឋក្នុង​ការ​បង់ពន្ធប្រថាប់ត្រា ពាក់ព័ន្ធនឹងកា​រផ្ទេរកម្មសិទ្ធិ ឬផ្ទេរ​សិទ្ធិកាន់កាប់ក្នុងរង្វង់ញាតិ និងស​កម្មភា​ពផ្សេ​ងៗ ដែលលក្ខខណ្ឌនៃកា​រលើកលែងបង់ពន្ធ​ប្រថាប់ត្រា​ត្រូវបា​នកំណត់ដូចខា​ងក្រោម៖ ១៖​​ ការធ្វើសន្តតិកម្មរវាងឪពុក-ម្តាយបង្កើត និង​កូនបង្កើត រវា​ងប្តី និងប្រពន្ធ​ រវាងយា​យ តាបង្កើត និ​ងចៅបង្កើត និងការធ្វើ​ប្រទាន​កម្មរវាង​ឪពុក ម្តាយបង្កើត និងកូ​នបង្កើត រវាងប្តី ​និងប្រពន្ធ រវាងយា​យ តាបង្កើត និងចៅបង្កើ​ត សម្រាប់តែការផ្ទេរ​លើក​ទីមួយប៉ុ​ណ្ណោះ ។ ២៖ ការទទួ​លបាន​កម្មសិទ្ធិ ឬសិទ្ធិកា​ន់កាប់ដីក្នុងលក្ខណៈ​ជាដី​ស​ម្បទាន​ពី រាជរ​ដ្ឋាភិបាល​សម្រាប់​ជាប្រយោជន៍​សេដ្ឋកិច្ច ឬសង្គម​កិច្ច ពីដី​ឯកជនរ​បស់​រដ្ឋ​ដល់ជ​នក្រីក្រ​ដែលខ្វះខាតដីសម្រាប់​សង់លំនៅដ្ឋាន ឬ/និងធ្វើ​ កសិ​ឧស្សា​ហកម្ម ឬក​សិ​កម្មជាលក្ខ​ណៈគ្រួសារ ។ ៣៖ ការទទួលកម្មសិទ្ធិ ​ឬសិទ្ធិកា​ន់កាប់អចលនទ្រព្យរបស់​បេសកកម្មកា​រ​ទូត ឬកុងស៊ុល​បរទេស ឬអង្គការ​អន្តរជាតិ ឬទីភ្នាក់ងារ​សហប្រតិបត្តិការ បច្ចេកទេ​សរបស់រដ្ឋាភិបា​ល​នានា និង​សកម្មភាព​ផ្សេងៗ​ទៀត ។ ទន្ទឹមនឹងនេះ រាជ​រដ្ឋាភិបាលក៏បានអនុគ្រោះពន្ធក្នុងកា​រផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អច​លនទ្រព្យក្នុងរង្វង់ញាតិ ដែលធ្វើឡើងរវាងបង​នបង្កើត និងរវាងឪពុក-ម្តាយក្មេក និងកូនប្រសារ ត្រូវបាន​អនុញ្ញាតឲ្យដ​កចេញពីមូលដ្ឋានគិតពន្ធប្រថា​ប់ត្រានូវទឹកប្រាក់ចំនួន ​២០០ ០០០ ០០០ (ពីររ​យលាន)រៀល ចំពោះ​ការធ្វើ​សន្តតិកម្ម និងចំនួន ១០០ ០០០ ០០០ ​(មួយរយលាន) រៀល ចំពោះ​ការធ្វើ​ប្រទានកម្ម ។ ដោយឡែក ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកា​ន់កាប់អ​ចលនទ្រ​ព្យដដែល ចាប់ពី​លើកទី២តទៅ ជាប្រទានកម្មក្នុងរ​ង្វង់ញាតិ រវាងឪពុក ម្តាយបង្កើត និងកូ​ន​ង្កើត រវាងប្តី និង​ប្រពន្ធ រវាង​យាយ តាបង្កើ​ត និងចៅ​បង្កើត ត្រូវបាន​អនុញ្ញាត​ឲ្យដក​ញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ១០០ ០០០ ០០០ (មួយរយលាន)រៀល ។ ការលើកលែង ឬអនុគ្រោះពន្ធ​ប្រថាប់ត្រាក្នុ​ងរង្វង់ញា​តិខាងលើត្រូវមា​ន ឯកសារជាភស្តុតាងបញ្ជា​ក់​ទំនាក់ទំនងអំពីញាតិ ដូចជា​សៀវភៅ​គ្រួសារ សំបុត្រ​កំណើត សំបុត្រ​អា​ពាហ៍ពិពាហ៍ និង/ឬឯ​កសារ​ដទៃទៀត ដែលអាចប​ញ្ជាក់ពីទំ​នា​ក់ទំនង ។ ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់​កាប់អចលនទ្រព្យ ដែលត្រូវបាន​លើកលែង ឬការអនុ​គ្រោះពន្ធ មានប្រា​ក់ពន្ធស្មើ ០ (សូន្យ) រៀល ក៏ត្រូវអនុវត្តតាមនី​តិវិធី និងបែបបទនៅ​រដ្ឋបាល​សារពើពន្ធជាធរមាន ដើម្បីចុះបញ្ជី និងកត់ត្រាទិ​ន្នន័យនូវរាល់ការផ្ទេរ​កម្ម​សិទ្ធិ ឬសិទ្ធិកា​ន់កាប់អចល​នទ្រព្យ​ទាំងនោះ ។ សរុបមកពន្ធប្រថាប់ត្រា គឺជា​ផ្នែកមួយយ៉ាងសំខាន់នៃប្រភពចំណូល របស់រដ្ឋដែលប្រមូល​ពីការផ្ទេរ​កម្មសិទ្ធិ ឬសិទ្ធិ​កាន់​កាប់​អចលន​ទ្រព្យ និង​សកម្មភាពនា​នា ដូចមា​នកំណ​ត់ក្នុងប្រកាសរបស់ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បីជាគុ​ណប្រយោជ​ន៍​ដល់​ប្រទេស​ជាតិ ។ រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក លាង ប៊ុនឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុម​មេ​វីកម្ពុជាសហ​ប្រតិបត្តិ​ការ​អន្តរជាតិ មា​នអាស​យ​ដ្ឋាន​នៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕

2020-04-22 13:56:37

យល់ដឹងផ្នែកច្បាប់៖ ការស្នើសុំលិខិតអនុញ្ញាតសាងសង់់

(ភ្នំពេញ)៖ វិស័យសំណង់នៅប្រទេសកម្ពុជា​នាពេល​បច្ចុប្បន្ន ចាប់ផ្ដើមមានការរីកចម្រើន និងរីកដុះដាលជាខ្លាំង ដោយសារ​មូលហេតុ​នៃកំណើនវិ​និយោគិន និងកំណើន​ប្រជាជន​មានការ​កើន​ឡើង ដូច្នេះតម្រូវការរបស់មនុស្សក៏កើនឡើងកាន់តែច្រើនដូចគ្នា ដែលក្នុងនោះយើងសង្កេតឃើញថា មានសំណង់លំនៅដ្ឋាន ឬអគារផ្សេងៗ​ត្រូវបា​ននឹ​ងកំពុងសាងស​ង់​យ៉ាងហូរហែ​ដើម្បី​បំពេញ​តាមសេច​ក្ដីត្រូវការ​ស់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិនបរទេស។ ទន្ទឹមនឹងនេះ ដើម្បីធានាថាការសាងសង់ និងសំណង់ទាំងនោះ ត្រូវបានធ្វើឡើងដោយ​ស្របទៅតា​មបទដ្ឋានគតិយុត្ត ព្រមទាំង​មិនបង្ក​នូវបញ្ហា ឬគ្រោះថ្នា​ក់ណាមួយជាយ​ថាហេតុ អ្នកដែល​មាន​បំណង​ច​ង់​សាង​សង់នូវសំណង់ថ្មី ត្រូវទទួលបាន​លិខិតអនុញ្ញា​តសាងសង់ជាមុនសិន ហើយ​លក្ខខណ្ឌ​នៃការស្នើសុំលិខិត​នេះទៀតសោតក៏ត្រូវបានបញ្ញត្ត​យ៉ាងជាក់​លាក់ដោ​យច្បាប់នៃព្រះរាជាណាចក្រ​កម្ពុជាផងដែរ។​ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ អំពី​នីតិវិធីនៃការស្នើសុំ​លិខិតអនុញ្ញាត​ខាងលើ កម្មវិធី​យល់​ដឹង​ផ្នែក​ច្បាប់​របស់​អង្គភាព​ព័ត៌មាន Fresh News សហការ​ជាមួយ ក្រុម​មេធា​វីកម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ សូម​លើក​យកប្រធានបទស្ដីពី «ការស្នើ​សុំលិ​ខិត​អនុញ្ញាត​សាងសង់» មកបកស្រាយ និង​ចែក​រំ​លែក ជូន​បងប្អូន​ប្រជាពលរដ្ឋ សិស្ស និស្សិត​ទាំងអស់​ដូច​ត​ទៅ៖​ យោងតាមអនុក្រឹត្យលេខ ៨៦ អនក្រ.បក ស្ដីពី​លិខិត​អនុញ្ញាត​សាងសង់ របស់​រាជរដ្ឋាភិបាល​នៃព្រះរាជាណា​ចក្រកម្ពុជា ចុះថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ១៩៩៧ សំណង់​ដែលតម្រូវ​ឱ្យមា​នលិខិតអនុញ្ញាត​សាង​សង់ជាមុនគឺ រាល់ការសាងសង់ថ្មី ឬសាង​សង់ឡើ​ងវិញលើអគារដែលមានស្រាប់ (ក្នុងករណីដែលការសាងស​ង់ឡើងវិញ​នោះប្ដូរទ្រង់ទ្រាយ ឬទិដ្ឋភាព​នៃសំណង់) នៅក្នុង​ទីក្រុង និងទី​ប្រជុំជន។ ចំណែកឯសំណង់ជាលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ​ដែលស្ថិត​នៅទីជនបទ ឬតំបន់ឆ្ងាយ​ពីផ្លូវជាតិ ផ្លូវដែក និងឆ្ងាយពី​តំបន់រមណីយដ្ឋាន​ទេសចរណ៍ តំបន់បេតិក​ភណ្ឌជាតិ ឬតំបន់រ​ក្សាទុកការពារវិ​ញនោះ គឺមិនតម្រូវឱ្យ​មានលិខិតអនុញ្ញាត​សាងសង់​នោះឡើយ។ លិខិត​អនុញ្ញាតសា​ងសង់ ត្រូវបានត​ម្រូវឱ្យស្នើសុំដោយម្ចាស់​គម្រោង ឬអ្ន​កតំណាង​ស្របច្បាប់រ​បស់ម្ចាស់​គម្រោង​។ ជាក់ស្ដែងនីតិវី​ធីនៃការស្នើ​សុំលិខិត​អនុញ្ញាត​សាងស​ង់នេះ មិនមាន​លក្ខណៈ​ស្មុ​គស្មាញ​ដែល​អាចបង្កជា​ ការលំ​បា​កដល់​បងប្អូន​ប្រជាព​លរដ្ឋ​នោះឡើយ។ មាត្រា៩ នៃ​អ​នុក្រឹត្យ ស្ដីពី​លិខិត​អ​នុញ្ញាត​សាងសង់ បានចែង​អំពី​ឯកសារ​ចាំបាច់​សម្រាប់​ការស្នើសុំ​ដូចខា​ងក្រោម៖ ១៖ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ ប័ណ្ណ​សម្គាល់​សិទ្ធិកាន់កាប់​ប្រើប្រាស់​អចលនវត្ថុ ឬលិខិត​កាន់កា​ប់ដីជាបណ្ដោះ​អាសន្ន ២៖ សលាកបត្រ​ដីឡូតិ៍ និងប្លង់​ទីតាំង​អគារ​នៅក្នុ​ង​ដីឡូតិ៍ ៣៖ ប្លង់ និង​គម្រោង​ស្ថាបត្យកម្ម វិស្វកម្ម ៤៖ អត្តសញ្ញាណប័ណ្ណ​សម្គាល់ជា​ជនជាតិខ្មែរ​របស់អ្នក​ស្នើសុំ ៥៖ ពាក្យសុំលិខិតអនុញ្ញាត​សាងសង់​ដោយ​មា​នហត្ថលេខា​របស់ម្ចា​ស់ដី និងអ្នក​ធ្វើគម្រោង។ (សំណុំ​លិខិត​ពាក្យសុំ​លិខិត​អនុញ្ញាត​សាងសង់​ទាំងអស់​ត្រូវធ្វើ​ឡើង​ជាភាសាខ្មែរ ហើយ​​អត្ថបទ​​ជាភាសា​​អង់គ្លេស និងភាសា​បារាំងអា​ចផ្ដល់ភ្ជាប់​ជាមួយនឹ​ងលិខិត​នេះ​បាន) គួរបញ្ជាក់ផងដែរថា អាជ្ញាធរដែលមាន​សមត្ថកិច្ចក្នុង​ការចេញលិខិត​អនុញ្ញា​តសាងសង់មាន​ចំនួន ០៣ ថ្នាក់។ ទី១ គឺថ្នា​ក់ក្រុង ស្រុក ខណ្ឌ ចំពោះសំណង់ដែល​មានផ្ទៃក្រឡា​កម្រាល​សំណង់​សរុបតូច​ជាង ឬស្មើ ៥០០​ ម៉ែត្រការ៉េ។ ទី២ គឺ​ថ្នាក់រា​ជធានី ខេ​ត្ត ចំពោះ​សំណង់​ដែលមានផ្ទៃ​ក្រឡាក​ម្រាលសំណង់ធំជាង ៥០០ ម៉ែត្រការ៉េ ដល់ ៣០០០ ម៉ែត្រការ៉េ​។ រីឯទី៣ គឺ​គម្រោង​សាងសង់​ណាដែលមា​នផ្ទៃក្រឡាកម្រាលសំ​ណង់ធំ​ជាង ៣០០០ ម៉ែត្រកា​រ៉េ ត្រូវមកសុំការអនុញ្ញាត​សាងសង់​នៅក្រសួង​រៀបចំដែន​ដី នគរូបនី​យកម្ម និង​សំណង់​ផ្ទាល់​តែម្តង ។ បើយោងតាម​អនុក្រឹត្យ​ខាងលើ​នេះដដែល រយៈ​ពេល​សម្រាប់ពិនិត្យសំ​ណុំ​លិខិតអ​នុញ្ញាត​សាងសង់ ត្រូវបា​នកំណ​ត់ត្រឹម ៤៥ ថ្ងៃធ្វើការ។ រយៈពេលនេះ គិតចា​ពីថ្ងៃដែលរាល់​លិខិ​តស្នាម ភ្ជាប់ជា​មួយនឹ​ង​ពាក្យ​សុំលិ​ខិត អនុញ្ញាត​សាងស​ង់បាន​បំពេញស​ព្វគ្រប់។ នៅចុង​រយៈពេល​កំណត់នេះ អ្ន​ក​ស្នើសុំនឹង​ទទួលបាន​ដំណឹង​អំពី​សេចក្ដីស​ម្រេច​ជាលាយ​លក្ខអក្សរ ស្ដីពី​ការអនុ​ញ្ញាត ការមិន​អនុញ្ញាត ឬកា​រអនុញ្ញាត​ដែរ តែស្នើ​សុំ​ឱ្យកែ​សម្រួល​បន្ថែម។ យោងទៅតាមប្រកាស​អន្តរ​ក្រសួង​រវាង ​ក្រសួងសេ​ដ្ឋកិច្ច និងហិ​រញ្ញវត្ថុ និង​ក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និង​សំណង់លេខ ០៣៣ ស.ហ.វ. ប្រ.ក ថ្ងៃទី១២ ខែមករា ២០០៦ ការបង់​ថ្លៃក្នុងការស្នើ​សុំគឺ​គិតទៅ​លើទំហំផ្ទៃក្រឡា និងប្រភេទ​គម្រោង​សាងស​ង់នោះ ។ ឧទាហរណ៍៖ សម្រាប់​គម្រោង​សំណង់លំនៅដ្ឋាន ដែលមា​នផ្ទៃក្រឡាសា​ងសង់​ទំហំ ៥០០ ម៉ែត្រការ៉េ តម្លៃសោ​ហ៊ុយ​សេវា​គឺប្រែប្រួលទៅ​តាម​ប្រភេទផ្ទះ​ដូចជា ភូមិគ្រឹះត្រូ​វបង់សេ​វាចន្លោះពី ៦សែន​រៀល ដល់១,៨​លានរៀល។ សម្រាប់​ផ្ទះល្វែង​ថ្លៃសេវា​ចន្លោះ​ពី ៤សែ​នរៀល ដល់១,២លានរៀល និង​សម្រាប់ផ្ទះ​ថ្មក្រោមឈើ​លើមា​ន​តម្លៃចន្លោះពី ១៤​ម៉ឺនរៀល ទៅ ២២ម៉ឺ​នរៀល។ ស្របគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋ​ទាំងអស់​គួរគប្បី​ស្វែងយល់ និងអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​ទៅតា​មនីតិវិ​ធីខាងលើ​ ដោយ​ហេតុថា​ រាល់​សំណង់​ដែលបាន ចាប់ផ្ដើម​ដោយមិន​មានលិខិ​តអនុញ្ញាត សាងសង់ពីអាជ្ញាធរ​មាន​សមត្ថកិច្ច នឹងត្រូ​វចាត់ទុក​ជាបទល្មើស ហើយការដ្ឋាន​សាងសង់នឹ​ងត្រូវបា​នប​ញ្ឈប់ជាបន្ទាន់។ លើសពីនេះ បុគ្គលដែលបានប្រព្រឹត្តល្មើសនឹងបទបញ្ជារ​បស់មន្ត្រី​មាន​សមត្ថកិច្ច នឹងត្រូ​វជាប់ចោទ ហើយឧបករណ៍​ទាំងអស់​នៅក្នុងការដ្ឋាននឹងត្រូ​វបានរឹ​បអូស និងអា​ចរងការពិន័យអន្តរ​ការណ៍​ថែមទៀតផង។ (យោង​តាម​មាត្រា​២៤ នៃអនុក្រឹត្យលេខ ៨៦ អនក្រ.បក ស្ដីពី​លិខិត​អនុញ្ញាត​សាងសង់ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ និង​យោងតាម ប្រកាស​អន្តរក្រ​សួងស្ដីពី នីតិវិធី​និង​បែបបទនៃ​ការធ្វើអធិការ​កិច្ច​សំណង់លេខៈ ១១៨ប្រក/ដ.ន.ស.កយ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩)៕ រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា គន្ធ វិជិតា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 13:55:28