023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ «កំជាប់ពាក្យ»

(ភ្នំពេញ)៖ កាលពីសប្ដាហ៍មុន កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទជាច្រើនទាក់ទងនឹង «ការរៀបអាពាហ៍ពិពាហ៍» មកធ្វើការបកស្រាយរួចមកហើយ។ សម្រាប់សប្តាហ៍នេះ យើងនឹងស្វែងយល់អំពី “ពិធីកំជាប់ពាក្យ” មកធ្វើការពន្យល់ និងបកស្រាយជូនបងប្អូនប្រជាពលរដ្ឋវិញម្តង។ ជាទូទៅនៅក្នុងប្រពៃណីទំនៀមទំលាប់ខែ្មរ កំជាប់ពាក្យ ឬ ជាទូទៅត្រូវបានហៅថា «ភ្ជាប់ពាក្យ» គឺជាពីធីបែបប្រពៃណីមួយ ដែលត្រូវបានប្រជានជនខ្មែរអនុវត្ដតៗគ្នាតាំងពីបុរាណកាលរហូតមកដល់ពេលបច្ចុប្បនេះ ក្នុងគោលបំណងភ្ជាប់នូវសម្ព័ន្ធភាពរវាងគ្រួសារពីរ មុននឹងឈានដល់ពិធីអាពាហ៍ពិពាហ៍។ យើងសម្គាល់ឃើញថា បុរស និងនារី ដែលមានបំណងនឹងរៀបអាពាហ៍ពិពាហ៍ តែងតែរៀបចំនូវពិធីកំជាប់ពាក្យនេះឡើង ដោយហៅជាសាមញ្ញថាពិធីស្ដីដណ្ដឹង ឬ តាមប្រពៃណីហៅថា «ពិធីលើកស្លា» ដែលក្នុងពិធីនេះយើងឃើញថា ភាគីខាងបុរសរៀបចំនូវជំនូន បណ្ណាការ ជូនទៅខាងនារី ដោយមានការចូលរួមពីឪពុកម្ដាយ ញាតិមិត្ដ បងប្អូនទាំងសងខាង ដើម្បីចូលចែវចូវ ។ ការរៀបរាប់ខាងលើនេះ គឺជាសកម្មភាពប្រពៃណីដែលប្រជាជនខ្មែរតែងតែប្រារព្ធ ប៉ុន្តែបើយើងពិនិត្យលើអត្ថន័យ និងទិដ្ឋភាពច្បាប់វិញ តើកំជាប់ពាក្យមានលក្ខខណ្ឌយ៉ាងដូចម្តេច? តាមន័យច្បាប់ កំជាប់ពាក្យត្រូវបានបង្កើតឡើងតាមការសន្យារវាងបុរស និងនារីថា នឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានាថ្ងៃអនាគត ដោយធ្វើពិធីកំជាប់ពាក្យ។ កំជាប់ពាក្យត្រូវបានគោរពយ៉ាងតឹងរឹងនូវឆន្ទៈរបស់ជនដែលពាក់ព័ន្ធ គឺបុរស និងនារី មិនមែនគោរពលើឆន្ទៈរបស់ឪពុកម្ដាយនោះទេ ប៉ុន្ដែជាក់ស្ដែងនៅក្នុងសង្គមខ្មែរ កំជាប់ពាក្យត្រូវបានគោរពតាមឆន្ទៈរបស់ឪពុកម្ដាយទៅវិញ។ នៅក្នុងទំនាក់ទំនងនៃកំជាប់ពាក្យយើងសង្កេតឃើញថា មានគូស្រករមួយចំនួនបានសម្រេចបំណង ដល់បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ហើយរួមរស់ជាគូស្វាមីភរិយាតទៅ ។ ប៉ុន្តែមានករណីមួយចំនួនទៀត បុរសនារីដែលបានប្រារព្ធពីធីកំជាប់ពាក្យហើយ ក៏មិនអាចសម្រេចបាននូវអាពាហ៍ពិពាហ៍ជាមួយគ្នាផងដែរ ដោយត្រូវរំលាយកំជាប់ពាក្យទៅវិញ។ មានស្ថានភាពជាច្រើនដែលនាំឱ្យគោលបំណងនៃកំជាប់ពាក្យមិនបានសម្រេច ដែលជាហេតុនាំឱ្យកំជាប់ពាក្យត្រូវបានរំលាយដូចជា ការទទួលមរណៈភាពរបស់ភាគីម្ខាងទៀត ការប្រព្រឹត្ដកំហុសធ្ងន់ធ្ងរដោយភាគីម្ខាងទៀត ឬដោយការព្រមព្រៀងគ្នាជាអាទិ៍។ ទាំងនេះសុទ្ធសឹងតែជាមូលហេតុនៃការរំលាយកំជាប់ពាក្យ។ តើអ្វីទៅដែលចោទជាបញ្ហាពាក់ព័ន្ធនឹងកំជាប់ពាក្យនេះ ក្នុងករណីដែលកំជាប់ពាក្យត្រូវបានរំលាយ តើភាគីអាចទាមទារជំនូនមកវិញបានដែរឬទេ? ហើយតើភាគីណាជាអ្នកទទួលខុសត្រូវចំពោះការសងជំនូន? យោងតាមក្រមរដ្ឋប្បវេណី មាត្រា ៩៤៥ ក្នុងករណីដែលកំជាប់ពាក្យត្រូវបានរំលាយ ភាគីដែលបានលើកជំនូននៅពេលកំជាប់ពាក្យ ដែលសង្ឃឹមថា នឹងបានរៀបអាពាហ៍ពិពាហ៍ អាចទាមទារឱ្យភាគីម្ខាងទៀតសងជំនូនទាំងនោះមកវិញបាន។ ក្នុងន័យនេះ បើភាគីបុរសជាអ្នកជូនជំនូន នោះភាគីខាងបុរសអាចទាមទារជំនូននោះ ពីភាគីខាងនារីវិញបាន។ ក៏ប៉ុន្ដែក្នុងករណីដែលភាគីម្ខាងបានធ្វើការរំលាយកំជាប់ពាក្យចោលដោយមូលហេតុមិនត្រឹមត្រូវ ឬមិនសមស្រប ភាគីម្ខាងទៀតអាចទាមទារសំណងនៃការខូចខាតបាន ដោយយោងតាមបញ្ញត្តិមាត្រា ៩៤៦ នៃក្រមរដ្ឋប្បវេណី។ ឧបមាថា៖ កំជាប់ពាក្យត្រូវបានបង្កើតឡើងរួចហើយ ហើយភាគីម្ខាងបានប្រកាសរំលាយកំជាប់ពាក្យនោះដោយគ្មានមូលហេតុត្រឹមត្រូវ នោះភាគីម្ខាងទៀតអាចទាមទារសំណងនៃការខូចខាតបាន ដែលការទាមទារសំណងនេះ អាចឈរលើមូលដ្ឋាននៃការមិនអនុវត្ដកាតព្វកិច្ច ឬអំពើអនីត្យានុកូល ដែលមានចែងក្នុងក្រមរដ្ឋប្បវេណី។ ចំពោះសំណងនៃការខូចខាតដែលត្រូវទាមទារ អាចរាប់បញ្ជូលទាំងសំណងខាងផ្លូវចិត្ដ សម្ភារៈ និងសេដ្ឋកិច្ច ដែលក្រៅពីជំនូន មានន័យថា ការសងជំនូនមិនមែនជាផ្នែកមួយ នៃសំណងនៃការខូចខាតនោះទេ ព្រោះការទាមទារជំនូនអាចអនុវត្ដតែចំពោះភាគីលើកជំនូនដែលជាខាងបុរសតែប៉ុណ្ណោះ។ បានសេចក្ដីថា បើភាគីដែលបដិសេធ កំជាប់ពាក្យជាភាគីខាងបុរសវិញ នោះខាងនារីមិនអាចទាមទារឱ្យសងជំនូនបានឡើយ ដោយហេតុថា ជំនូនត្រូវបានភាគីខាងនារីទទួលបានហើយ តែភាគីខាងនារីអាចទាមទារនូវការខូចខាតដូចជាថ្លៃជួលរោង តុ ចុងភៅ សំអាងការ ថ្លៃគ្រឿងអលង្ការ (ចិញ្ជៀនភ្ជាប់ពាក្យ) និងសំណងជំងឺចិត្ដជាអាទិ៍។ ផ្ទុយមកវិញ បើកំជាប់ពាក្យត្រូវបានរំលាយដោយសារការព្រមព្រៀង ភាគីអាចកំណត់ពីការទទួលខុសត្រូវរៀងៗខ្លួនបាន ហើយភាគីត្រូវគោរពតាមការព្រមព្រៀងនោះ។ ឧទាហរណ៍ថា ភាគីបុរស និងនារីបានព្រមព្រៀងគ្នារំលាយកំជាប់ពាក្យដោយមិនទាមទារអ្វីពីគ្នាទៅវិញទៅមកឡើយ ដោយខាងបុរសមិនទាមទារជំនូន ហើយខាងនារីមិនទាមទារថ្លៃសោហ៊ុយកំជាប់ពាក្យជាដើម។ តើភាគីអាចទាមទារឱ្យសងជំនូន ឬការខូចខាតដោយសារការរំលាយកំជាប់ពាក្យបានយ៉ាងដូចម្ដេច? ចំពោះការទាមទារឱ្យសងជំនូន និងការទាមទារសំណងខូចខាត ភាគីអាចអនុវត្ដសិទ្ធិទាមទារតាមផ្លូវតុលាការ ដោយយោងតាមមាត្រា ៩៤៧ នៃក្រមរដ្ឋប្បវេណី។ អំឡុងពេលនៃការដាក់ពាក្យបណ្ដឹងទាមទារត្រូវធ្វើឡើងក្នុងរយៈពេល១ (មួយ) ឆ្នាំ គិតចាប់ពីពេលដែលកំជាប់ពាក្យនោះត្រូវបានរលាយ ។ ឧទាហរណ៍៖ កំជាប់ពាក្យត្រូវបានរំលាយ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នោះថេរៈវេលាមួយឆ្នាំ គឺ ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ដូចនេះភាគីអាចដាក់ពាក្យបណ្ដឹងក្នុងអំឡុងពេលនេះបាន។ ផុតរយៈពេលខាងលើ ភាគីលែងមានសិទ្ធិទាមទារសំណងទៀតឡើយ (ថ្លោះសិទ្ធិ)។ រៀបរៀងដោយលោកមេធាវី ឡាន ស៊ីនីត និងលោក រ៉ាត់ ចាន់ធី ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំនិងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ

2020-04-22 10:04:35

ស្វែងយល់ផ្នែកច្បាប់៖ ប្រធានបទស្តីពីអត្រានុកូលដ្ឋាន

(ភ្នំពេញ)៖ តើអ្វីទៅជាចំណងរួមភ្ជាប់សញ្ជាតិទៅនឹងរដ្ឋជាមួយស្ថានភាពជាក់ស្តែងដែលបុគ្គលមួយមាន ក្នុងក្រុមគ្រួសាររបស់ខ្លួន និងក្នុងសង្គមជាតិ ដែលបង្កើតបានជាសិទ្ធិ និងករណីយកិច្ច ? ចម្លើយគឺសំបុត្រអត្រានុកូលដ្ឋាន ប៉ុន្តែក្នុងពេលបច្ចុប្បន្ន ប្រជាពលរដ្ឋមួយចំនួនមានការភាន់ច្រឡំថា សំបុត្រអត្រានុកូលដ្ឋាន គឺជាសំបុត្រកំណើត ឬត្រឹមតែជាសំបុត្រមរណភាព។ កម្មវិធីយល់ដឹងផ្នែកច្បាប់បានលើកយកប្រធានបទស្តីពី «អត្រានុកូលដ្ឋាន» យកមកធ្វើការបង្ហាញជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សនិស្សិតឲ្យបានយល់កាន់តែច្បាស់ អំពីសារៈសំខាន់នៃអត្រានុកូលដ្ឋានដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការប្រកបរបរប្រចាំថ្ងៃ។ នៅសប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ នឹងលើកយកប្រធានបទស្តីពី «អត្រានុកូលដ្ឋាន» មកធ្វើការបកស្រាយដូចខាងក្រោម៖ អត្រានុកូលដ្ឋានរបស់បុគ្គលម្នាក់សំដៅលើស្ថានភាពបី គឺកំណើត អាពាហ៍ពិពាហ៍ និងមរណភាព បើយោងតាមមាត្រា២ នៃអនុក្រឹត្យលេខ១០៣ អន ក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០០ ស្តីពីអត្រានុកូលដ្ឋាន បញ្ញត្តិថា អត្រានុកូលដ្ឋាន គឺជាចំណងភ្ជាប់សញ្ជាតិទៅនឹងរដ្ឋ និងស្ថានភាពជាក់ស្តែង ដែលជននោះមាននៅក្នុងត្រកូលគ្រួសារខ្លួន និងសង្គមជាតិ និងដែលបង្កើតជននោះមានសិទ្ធិ និងករណីយកិច្ច។ ចំណែកឯសំបុត្រអត្រានុកូលដ្ឋាន គឺជាសំបុត្រសម្រាប់កត់ត្រាភាពជាស៊ីវិលនៃពលរដ្ឋខ្មែរ និងជនបរទេសដែលរស់នៅស្របច្បាប់ ក្នុងដែនសមត្ថកិច្ចកំណត់ នៃច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ អនុលោមតាម អនុក្រឹត្យលេខ១០៣ អន ក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០០ ស្តីពីអត្រានុកូលដ្ឋានបញ្ញត្តិថា សំបុត្រអត្រានុកូលដ្ឋានមាន៣ ប្រភេទដូចខាងក្រោម៖ ១. សំបុត្រកំណើត៖ បើមានទារកកើតឪពុក ឬម្តាយមានកាតព្វកិច្ចត្រូវរាយការណ៍ ចុះសៀវភៅកំណើតនៅចំពោះមុខមន្រ្តីអត្រានុកូលដ្ឋាននៅសាលាឃុំ ឬសង្កាត់នៃលំនៅឋាន របស់ឪពុក/ម្តាយរបស់ទារកនោះមិនឲ្យហួស ៣០ ថ្ងៃ ដោយបញ្ជាក់ឲ្យបានច្បាស់ថាឪពុក/ម្តាយរបស់ទារកនោះបានរៀបអាពាហ៍ពិពាហ៍ស្របតាមច្បាប់ ឬមិនបានរៀប អាពាហ៍ពិពាហ៍ស្របតាមច្បាប់ ក្នុងករណី ឪពុក/ម្តាយរបស់ទារកនោះ បានរៀបអាពាហ៍ពិពាហ៍ស្របតាមច្បាប់ត្រូវបង្ហាញសំបុត្រអាពាហ៍ពិពាហ៍ (យោងមាត្រា ១៧ នៃអនុក្រឹត្យលេខ១០៤ អន ក្រ.បក)។ ប្រសិនបើ ឪពុក/ម្តាយរបស់ទារកនោះទុកឲ្យហួសរយៈពេល ៣០ថ្ងៃ ហើយពុំទាន់មានសំបុត្រកំណើតប្រើប្រាស់ សាម៉ីខ្លួន ឬឪពុក ឬម្តាយ ឬអាណាព្យាបាល ត្រូវប្តឹងសុំចុះ សៀវភៅអត្រានុកូលដ្ឋានបញ្ជាក់កំណើត(សំបុត្របញ្ជាក់កំណើត) នៅសាលាឃុំ/សង្កាត់សាម៉ី ដែលខ្លួនរស់នៅពិតប្រាកដ ដោយនាំទៅជាមួយនូវសាក្សី០២រូប ជានីតិជន ហើយត្រូវមានទីលំនៅពិតប្រាកដមកបញ្ជាក់ចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន។ ២. សំបុត្រអាពាហ៍ពិពាហ៍៖ បុរសនារីដែលមានបំណងរៀបអាពាហ៍ពិពាហ៍ ត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ទៅមន្រ្តីអត្រានុកូលដ្ឋាននៃឃុំ/សង្កាត់នៃលំនៅឋានសាម៉ីខ្លួនខាងនារី។ ចំពោះ បុរស នារីដែលបានរួមរស់នៅជាមួយគ្នាក្នុងស្ថានភាពជាប្តីប្រពន្ធ ឬ បានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីរួចហើយ ប៉ុន្តែពុំបានចុះសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីឲ្យការរស់នៅ ជាមួយគ្នា មានស្ថានភាពស្របតាមច្បាប់ សាម៉ីខ្លួនទាំងពីររូបត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ទៅមន្រ្តីអត្រានុកូលដ្ឋានឃុំ/សង្កាត់ នៃលំនៅដ្ឋានដែលខ្លួនរស់នៅពិតប្រាកដ។ ក្រោយពីដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ក្នុងករណីដែលមន្ត្រីអត្រានុកូលដ្ឋានពិនិត្យឃើញថាត្រឹមត្រូវ មន្ត្រីអត្រានុកូលដ្ឋាននឹងចេញប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ដែលប័ណ្ណនេះ ត្រូវបិទប្រកាសរយៈពេល១០ថ្ងៃ មុនថ្ងៃរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី ឬថ្ងៃចុះបញ្ជីអាពាហ៍ពិពាហ៍ នៅលំនៅដ្ឋានខាងបុរស និងស្រ្តី ដើម្បីឲ្យអ្នកដែលមានផលប្រយោជន៍ ពាក់ព័ន្ធក្នុងរឿងនោះ អាចប្តឹងជំទាស់នឹងអាពាហ៍ពិពាហ៍នោះបាន។ ក្រោយផុតរយៈពេល១០ថ្ងៃ អាពាហ៍ពិពាហ៍ អាចធ្វើទៅបានបើគ្មានការប្តឹងជំទាស់សាម៉ីខ្លួនទាំង ២ នាក់អាចសុំចុះសៀវភៅអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ និងសុំចុះសំបុត្រពាហ៍ពិពាហ៍(អេតាស៊ីវិល) ដោយនាំទៅជាមួយនូវសាក្សី០២រូប ជានីតិជនដែលចាត់ទុកថា ជាការរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់។ ៣. សំបុត្រមរណភាព៖ ពេលមានអ្នកស្លាប់ភ្លាមក្រុមគ្រួសារ ឬសាច់ញាតិ ឬ អ្នកជិតខាង ឬ អ្នកមានភារកិច្ចនៅក្រសួងស្ថាប័ន អង្គភាពរបស់អ្នកស្លាប់ ត្រូវរាយការណ៍ជូនមន្រ្តី អត្រានុកូលដ្ឋានសាលាឃុំ/សង្កាត់នៃទីកន្លែងរស់នៅជាប់លាប់របស់អ្នកស្លាប់ឲ្យទាន់រយៈពេល ១៥ ថ្ងៃ ក្រោយពីថ្ងៃដែលទទួលមរណភាព។ មន្ត្រីអត្រានុកូលដ្ឋាន និងផ្តល់សំបុត្រ មរណភាពច្បាប់ដើមចំនួនមួយសន្លឹកដោយឥតគិតថ្លៃ ជូនចំពោះក្រុមគ្រួសារ ឬ សាច់ញាតិដែលមករាយការណ៍ចុះសៀវភៅអត្រានុកូលដ្ឋានមរណភាពឲ្យអ្នកស្លាប់ ក្នុងរយៈពេល ១៥ ថ្ងៃ។ ក្នុងករណីក្រុមគ្រួសារ ឬសាច់ញាតិ មិនបានទៅរាយការណ៍ដល់មន្ត្រីអត្រានុកូលដ្ឋានក្នុងអំឡុងពេល១៥ថ្ងៃ ត្រូវអនុវត្តដូចខាងក្រោម៖ * បើយឺតយ៉ាវជាងរយៈពេល ១៥ ថ្ងៃ នៅក្នុងឆ្នាំពុំបានទៅរាយការណ៍ ដល់មន្ត្រីអត្រានុកូលដ្ឋាន ក្រុមគ្រួសារ ឬ សាច់ញាតិ ត្រូវប្តឹងសុំទៅ មេឃុំ/ចៅសង្កាត់ នៃលំនៅឋានរបស់អ្នកស្លាប់ ។ * ករណីយឺតយ៉ាវលើសពី ១ឆ្នាំ ហើយនៅតែពុំទាន់បានទៅរាយការណ៍ដល់មន្ត្រីអត្រានុកូលដ្ឋាន ក្រុមគ្រួសារ ឬសាច់ញាតិ ត្រូវប្តឹងសុំសាលក្រមពីសាលាដំបូង (តុលាការ) រាជធានី/ខេត្ត រួចយកសាលក្រមនោះមកសុំមន្ត្រីអត្រានុកូលដ្ឋានឃុំ/សង្កាត់នៃអ្នកស្លាប់ ដើម្បីចុះបញ្ជីអត្រានុកូលដ្ឋាន។ សំបុត្រអត្រានុកូលដ្ឋានផ្តល់នូវសារប្រយោជន៍ សំខាន់ពីរយ៉ាងគឺចំពោះសង្គមជាតិ និងពលរដ្ឋខ្មែរ និងជនបរទេសដែលរស់នៅស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៖ * ចំពោះសង្គមជាតិ * ជួយពង្រឹងនីតិរដ្ឋ និងជួយកសាងប្រទេស៖ មានន័យថាសំបុត្រអត្រានុកូលដ្ឋានជាចំណែកមួយក្នុងការអនុវត្តច្បាប់ព្រោះថា ប្រសិនបើប្រជាពលរដ្ឋមានសំបុត្រ អត្រានុកូលដ្ឋានគ្រប់គ្នានោះការប្រតិបត្តិច្បាប់ និងការដំណើរការរបស់ស្ថាប័ននានា នឹងប្រព្រឹត្តទៅដោយរលូន ព្រមទាំងមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ * ជួយពង្រឹងសន្តិសុខសង្គម និងប្រទេសជាតិ៖ មានន័យថាសំបុត្រអត្រានុកូលដ្ឋានបានបញ្ជាក់អំពីអត្តសញ្ញាណរបស់បុគ្គលជាមួយទំនាក់ទំនងច្បាប់របស់ប្រទេស ហើយសំបុត្រអត្រានុកូលដ្ឋាន ក៏ជាសំណុំឯកសារយ៉ាងសំខាន់សម្រាប់ដំណើរការនីតិវិធីរបស់តុលាការផងដែរ ។ * ចំពោះពលរដ្ឋខ្លួនឯង * សម្រាប់បញ្ជាក់អំពីចំណងសាច់ញាតិក្នុងរង្វង់គ្រួសារ * សម្រាប់ធ្វើរាល់ឯកសារមួយចំនួនដូចជា ស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណ និង លិខិតឆ្លងដែនជាអាទិ៍ * សម្រាប់ដាក់ពាក្យស្នើសុំចូលបម្រើការងារនៅតាមក្រុមហ៊ុន ឬដាក់ពាក្យប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋជាអាទិ៍ ។ * សម្រាប់ចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតជាអាទិ៍ * សម្រាប់ចុះឈ្មោះចូលរៀនតាមគ្រឹះស្ថានសិក្សានានារបស់ស្ថាប័នរដ្ឋ និងឯកជន * សម្រាប់ពេលសវនាការ ឬពេលដោះស្រាយវិវាទ * សម្រាប់ការស្នើសុំធ្វើលិខិតថ្កោលទោសជាដើម ។ ការមិនបានចុះសៀវភៅអត្រានុកូលដ្ឋាននាំឲ្យពលរដ្ឋបាត់បង់អត្តសញ្ញាណផ្ទាល់ខ្លួន។ ការបាត់បង់នេះអាចនឹងបង្កការលំបាកក្នុងសង្គមពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួន របស់ប្រជាពលរដ្ឋ និងខកខានមិនបានបំពេញករណីយកិច្ចចំពោះគ្រួសារ ក៏ដូចជាសង្គមជាតិ ជាពិសេសពាក់ព័ន្ធក្នុងនីតិវិធីតុលាការដែរ។ រៀបរៀងដោយលោក ថន យូសៀង ប្រធានផ្នែកសេវាកម្មច្បាប់ និងលោក លាង ប៊ុនឡេង សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ៕

2020-04-22 10:03:28

យល់ដឹងផ្នែកច្បាប់៖ អាពាហ៍ពិពាហ៍ស្របច្បាប់

(ភ្នំពេញ)៖ នៅក្នុងសង្គមខែ្មរបុរស-នារីនៅពេលដល់អាយុពេញវ័យ ឪពុក-ម្តាយតែងតែរៀបចំទុកដាក់ឲ្យមានគូស្រករដើម្បីបង្កើតគ្រួសារ បន្តពូជវង្សត្រកូលតាមរយៈការរៀបចំពិធី អាពាហ៍ពិពាហ៍ ដែលមានលក្ខណៈតូច ឬធំទៅតាមលទ្ធភាពគ្រួសារ និងគោរពទៅតាមប្រពៃណី ទំនៀមទម្លាប់ខ្មែរ។ ប្រជាពលរដ្ឋមួយចំនួន ជាពិសេសនៅតាមជនបទហាក់មានទំនោរយ៉ាងខ្លាំងទៅលើការរៀបអាពាហ៍ពិពាហ៍តាមបែបប្រពៃណី ទំនៀមទម្លាប់ ដោយមិនមានការចាប់អារម្មណ៍ទៅលើការចុះបញ្ជីអាពាហ៍ពិពាហ៍ ដែលប្រជាពលរដ្ឋមួយចំនួនតែងនិយមហៅថា «អេតាស៊ីវិល» ដែលជាពាក្យរបស់បារាំង។ ដើម្បីយល់កាន់តែច្បាស់ថា តើដូចម្តេចហៅថា អាពាហ៍ពិពាហ៍ស្របច្បាប់ និងដើម្បីឲ្យអាពាហ៍ពិពាហ៍មួយមានលក្ខណៈស្របច្បាប់ ត្រូវមានគោរពតាមលក្ខខណ្ឌអ្វីខ្លះ? កម្មវិធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ក្នុងសប្តាហ៍នេះសូមលើកយកប្រធានបទស្តីពី «អាពាហ៍ពិពាហ៍ស្របច្បាប់» មកធ្វើការចែករំលែកដូចតទៅ៖ បុរស-នារីបើគ្រាន់តែរៀបអាពាហ៍ពិពាហ៍ (រៀបការ) តាមបែបប្រពៃណី ទំនៀមទម្លាប់ ឬពិធីតាមបែបសាសនាណាមួយ ដោយមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍នៅចំពោះមុខ មន្រ្តីអត្រានុកូលដ្ឋានខាងលំនៅដ្ឋានរបស់នារី នោះមិនអាចចាត់ទុកថា មានចំណងអាពាហ៍ពិពាហ៍ តាមផ្លូវច្បាប់ជាប្តី-ប្រពន្ធទ្បើយ។ ការរួមរស់ជាប្តី-ប្រពន្ធដោយមិនមានចំណងអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់បែបនេះ ត្រូវបានហៅថា «អនីតិសង្វាស់» អាចនាំឲ្យកូនដែលកើតមក គឺជាកូនរបស់ម្តាយ ប៉ុន្តែអាចមិនមែនជាកូនរបស់ឪពុកទ្បើយ មានន័យថា បើគ្មានអាពាហ៍ពិពាហ៍ស្របច្បាប់ទេ យើងមិនអាចសន្មត់ថា បុគ្គលណាមួយជាឪពុករបស់ក្មេងទ្បើយ ប៉ុន្តែគេអាចទទួលស្គាល់ចំណងបុត្តភាពនៅពេលក្រោយបាន។ ក្រៅពីចំណុចនេះក៏អាចនំាឲ្យភាគីម្ខាងលបលួចទៅរួមរស់ ឬ រួមសេវនកិច្ចជាមួយបុរស-នារីផេ្សងទៀត ហើយភាគីម្ខាងគ្មានសិទិ្ធប្តឹងភាគីម្ខាងទៀតឲ្យទទួលខុសត្រូវក្នុងបទល្មើសព្រហ្មទណ្ឌជាដើម។ ដើម្បីឲ្យអាពាហ៍ពិពាហ៍ស្របច្បាប់ បុរស-នារីត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖ ក៖ លក្ខខណ្ឌសារធាតុ៖ ១- ការព្រមព្រៀង៖ អាពាហ៍ពិពាហ៍ គឺការព្រមព្រៀងដែលកើតចេញពីឆន្ទៈពិតប្រាកដរបស់បុរស-នារី ដើម្បីរួមរស់ជាមួយគ្នា ហើយគ្មានភាគីណាមួយអាចរំលាយ អាពាហ៍ពិពាហ៍នេះទៅតាមទំនើងចិត្តបានទ្បើយ។ ២. ភេទ៖ ការរៀបអាពាហ៍ពិពាហ៍ ភាគីចាំបាច់ត្រូវតែមានភេទផ្ទុយគ្នា។ ច្បាប់មិនអនុញ្ញាតឲ្យភាគីមានភេទដូចគ្នារៀបអាពាហ៍ពិពាហ៍ទ្បើយ។ ៣. អាយុ៖ បុរស-នារីដែលដល់នីតិភាព ពោលគឺចាប់ពីអាយុ១៨ឆ្នាំឡើងទៅ អាចរៀបអាពាហ៍ពិពាហ៍បាន។ ប៉ុន្ដែក្នុងករណីដែលភាគីម្ខាងបានដល់នីតិភាព ហើយភាគីម្ខាងទៀតជា អនីតិជនដែលមានអាយុមិនតិចជាង១៦ឆ្នាំ អាចរៀបអាពាហ៍ពិពាហ៍បានដោយទទួលការយល់ព្រមពីអ្នកដែលមានអំណាចមេបា ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនរបស់ អនីតិជននោះ។ បើអ្នកដែលមានអំណាចមេបាម្ខាងណាមិនយល់ព្រមទេ គ្រាន់តែមានការយល់ព្រមពីសំណាក់អ្នកដែលមានអំណាចមេបាម្ខាងជាការគ្រប់គ្រាន់។ ក្នុងករណីដែលអ្នកមានអំណាចមេបា ឬអាណាព្យាបាលសម្រាប់អនីតិជន បដិសេធការយល់ព្រមដោយគ្មានមូលហេតុសមរម្យ អនីតិជនដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍ អាចទាមទារទៅតុលាការឲ្យសម្រេចសេចក្តីជំនួសការយល់ព្រមនោះបាន។ ៤. នៅលីវ៖ ច្បាប់បានទទួលស្គាល់តាមគោលការណ៍ស្ម័គ្រចិត្តប្តីមួយប្រពន្ធមួយ ហេតុនេះបុរស-នារីដែលមាន បំណងរៀបអាពាហ៍ពិពាហហ៍ត្រូវតែនៅលីវ។ ប្រសិនបើភាគីណាមួយកំពុងមានចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ ត្រូវតែបញ្ចប់ចំណងអាពាហពិពាហ៍នោះជាមុនសិនតាមរយៈសេចក្តីសម្រចរបស់តុលាការ។ ក្រៅពីលក្ខខណ្ឌខាងលើ ច្បាប់បានហាមឃាត់ការរៀបអាពាហ៍ពិពាហ៍ដូចខាងក្រោម៖ * ហាមឃាត់មិនឲ្យមានទ្វេពន្ធភាព៖ បុគ្គលដែលមានសហព័ទ្ឋ (ប្តី-ប្រពន្ធ) ហើយ ពុំអាចរៀបអាពាហ៍ពិពាហ៍ទៀតបានទ្បើយ។ * អំទ្បុងពេលហាមឃាត់មិនឲ្យរៀបអាពាហ៍ពិពាហ៍ថ្មីទៀត៖ នារីពុំអាចរៀបអាពាហ៍ពិពាហ៍ថ្មីទៀតបានទ្បើយ ប្រសិនបើអំទ្បុងពេល ១២០ ថ្ងៃ ពុំទាន់បានកន្លងផុត គិតចាប់ពីថ្ងៃដែលអាពាហ៍ពិពាហ៍មុនត្រូវបានរំលាយ ឬ លុបចោល ។ * ហាមឃាត់អាពាហ៍ពិពាហរវាងញាតិ៖ អាពាហ៍ពិពាហ៍មិនអាចធ្វើទ្បើងរវាងញាតិលោហិតផ្ទាល់ ឬសាខាញាតិលោហិតក្នុង ៣ ថ្នាក់ រាប់ទាំងថ្នាក់ទី ៣ ផង និងរវាងញាតិពន្ធនៃខ្សែផ្ទាល់ ព្រមទាំងរវាងសាខាញាតិពន្ធនៅក្នុង ៣ ថ្នាក់ រាប់ទាំងថ្នាក់ទី៣ ផង។ ខ. លក្ខខណ្ឌទម្រង់ ឬនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍ មានដូចខាងក្រោម៖ ១៖ ការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍៖ បុរស-នារីដែលមានបំណងរៀបអាពាហ៍ពិពាហ៍នៅពេលខាងមុខ ត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ទៅមន្ត្រីអត្រានុកូលដ្ឋាននៃឃុំ-សង្កាត់លំនៅដ្ឋានសាមីខ្លួនខាងនារី ។ មន្ត្រីអត្រានុកូលដ្ឋាន ត្រូវពិនិត្យឲ្យបានហ្មត់ចត់នូវពាក្យសុំនោះ ដោយផ្អែកទៅលើលក្ខខណ្ឌដែលបានកំណត់ក្នុងច្បាប់ ។ ២៖ ការប្រកាសអាពាហ៍ពិពាហ៍៖ បន្ទាប់ពីបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវហើយ មន្រ្តីអត្រានុកូល ដ្ឋានឃុំ-សង្កាត់ ត្រូវចេញប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ដើម្បីយកទៅ បិទផ្សាយជាសាធារណៈនៅលំនៅដ្ឋាននិងនៅសាលាឃុំ-សង្កាត់នៃសាមីខ្លួននារី និងនៅមុខលំនៅដ្ឋាននិងសាលាឃុំ/សង្កាត់សាមីខ្លួនបុរស។ ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ត្រូវបិទផ្សាយក្នុងរយៈពេល១០ថ្ងៃ មុនថ្ងៃរៀបអាពាហ៍ពិពាហ៍ ដើម្បីឲ្យជនដែលមានប្រយោជន៍ក្នុងរឿងនេះ អាចប្តឹងជំទាស់នឹងអាពាហ៍ពិពាហ៍នោះបាន ប្រសិនបើមានការមិន យល់ស្របនឹងអាពាហ៍ពិពាហ៍នោះ។ ផុតរយៈពេល១០ថ្ងៃ អាពាហ៍ពិពាហ៍អាចធ្វើទៅបានបើគ្មានការប្តឹងជំទាស់។ បើមានបណ្តឹងជំទាស់នឹងអាចរៀបអាពាហ៍ពិពាហ៍បាន លុះត្រាតែបណ្តឹងជំទាស់នោះត្រូវបានសមត្ថកិច្ចដោះស្រាយចប់។ ៣៖ ការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍៖ បន្ទាប់ពីបានបិទប័ណ្ណប្រកាសអាពាហ៍ពិពាហ៍បាន ចំនួន១០ថ្ងៃ ដោយមិនមានការប្ដឹងជំទាស់ទេ និងរៀបចំពិធីអាពាហ៍ពិពាហ៍ចប់សព្វគ្រប់ សាមីខ្លួនទាំងសងខាងត្រូវទៅសាលាឃុំ/សង្កាត់ ដើម្បីចុះកិច្ចសន្យាអាពាហ៍ពិពាហ៍នៅចំពោះមុខមន្រ្តីអាត្រានុកូលដ្ឋានខាងលំនៅដ្ឋាននារី។ ការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ត្រូវមានសាក្សីពីរនាក់គ្រប់អាយុការទៅជាមួយ ដើម្បីបញ្ជាក់ពីការដឹងលឺ ឬធ្វើជាសាក្សី ។ ៤៖ ការចុះបញ្ជីអាពាហ៍ពិពាហ៍៖ បន្ទាប់ពីបានចុះកិច្ចសន្យាអាពាហ៍ពិពាហ៍រួច មន្រ្តីអត្រានុកូលដ្ឋានត្រូវស្រង់ទិន្នន័យភាគីទាំងសងខាង និងចុះសៀវភៅអាពាហ៍ពិពាហ៍ រួចហើយត្រូវប្រគល់ឲ្យសាមីខ្លួនប្តី-ប្រពន្ធនូវសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) ច្បាប់ដើម និងចេញសេចក្តីចម្លងតាមការស្នើសុំរបស់សាមីខ្លួនដើម្បីទុកប្រើប្រាស់។ សរុបមកអាពាហ៍ពិពាហ៍ដែលស្របច្បាប់ ត្រូវតែគោរពនូវលក្ខខណ្ឌទាំងពីរខាងលើ ក៏ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនមានការយល់ច្រឡំត្រង់ចំណុចទីពីរនៃលក្ខខណ្ឌទម្រង់ គឺការទទួលបានប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ដោយយល់ច្រទ្បំថាវាជាសំបុត្រអាពាហ៍ពិពាហ៍ តែធាតុពិតចំណុចនេះគ្រាន់តែជាផ្នែកមួយនៃនីតិវិធី ចុះបញ្ជីអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ប៉ុណ្ណោះ។ រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក ប៊ុន វិទូ ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ

2020-04-22 10:01:36

យល់ដឹងផ្នែកច្បាប់៖ ប្រភេទនៃសាលក្រម និងសាលដីកាក្នុងរឿងក្តីរដ្ឋប្បវេណី

(ភ្នំពេញ)៖ កាលពីសប្ដាហ៍មុន កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទ “ប្រភេទនៃសាលក្រម និងសាលដីកាក្នុងរឿងក្តីព្រហ្មទណ្ឌ” មកធ្វើការបកស្រាយរួចមកហើយ ។ សម្រាប់សប្តាហ៍នេះ យើងនឹងលើកយកប្រធានបទស្ដីពី «ប្រភេទនៃសាលក្រម និងសាលដីកាក្នុងរឿងក្តីរដ្ឋប្បវេណី» មកធ្វើការពន្យល់ និងបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ វិញម្តង ។ សាលក្រម និងសាលដីការដ្ឋប្បវេណី គឺជាប្រភេទនៃសេចក្ដីសម្រេចរបស់តុលាការផ្នែករដ្ឋប្បវេណី ចំពោះបណ្ដឹងរដ្ឋប្បវេណីណាមួយ ។ សាលក្រមរដ្ឋប្បវេណី គឺជាប្រភេទនៃសេចក្ដីសម្រេចរបស់សាលាជម្រះក្ដីរដ្ឋប្បវេណីជាន់ទាប ដែលមានសាលាដំបូងរាជធានី/ខេត្ដ លើបណ្ដឹងរដ្ឋប្បវេណីទាំងឡាយណាដែលស្ថិតនៅក្នុង សមត្ថកិច្ចរបស់ខ្លួន។ ចំពោះ សាលដីការដ្ឋប្បវេណី គឺជាប្រភេទនៃសេចក្ដីសម្រេចចំពោះបណ្ដឹងឧបាស្រ័យផ្នែករដ្ឋប្បវេណីដែលចេញដោយតុលាការជាន់ខ្ពស់ ដែលមានសាលាឧទ្ធរណ៍ និងតុលាការកំពូល។ សាលដីការដ្ឋប្បវេណីរបស់សាលាឧទ្ធរណ៍ ជាសេចក្ដីសម្រេចលើបណ្ដឹងឧទ្ធរណ៍ផ្នែករដ្ឋប្បវេណីទាំងឡាយណា ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន។ ចំណែកឯសាលដីការបស់តុលាការកំពូល គឺជាប្រភេទនៃសេចក្ដីសម្រេចលើបណ្ដឹងសាទុក្ខផ្នែករដ្ឋប្បវេណីទាំងឡាយណា ដែលបានប្ដឹងមកតុលាការកំពូល។ ១៖ សាលក្រមរដ្ឋប្បវេណី របស់សាលាដំបូងរាជធានី/ខេត្ត ជាទូទៅយើងអាចធ្វើការកំណត់ប្រភេទតាមពីរលក្ខខណ្ឌ គឺប្រភេទនៃសាលក្រមក្នុងលក្ខខណ្ឌទូទៅ និងប្រភេទនៃសាលក្រមក្នុងលក្ខខណ្ឌពាក់ព័ន្ធនឹងកាលៈទេសៈនៃការចេញសាលក្រម។ នៅក្នុងលក្ខខណ្ឌជាទូទៅសាលក្រមរដ្ឋប្បវេណីមានពីរប្រភេទ គឺ សាលក្រមចុងក្រោយដែលបញ្ចប់លើបណ្ដឹង និងសាលក្រមចាត់របៀបដែលមិនបញ្ចប់លើបណ្ដឹង។ ចំពោះលក្ខខណ្ឌពាក់ព័ន្ធនឹងកាលៈទេសៈនៃការចេញសាលក្រមវិញ សាលក្រមរដ្ឋប្បវេណីមានពីរប្រភេទគឺ សាលក្រមចំពោះមុខ និងសាលក្រមកំបាំងមុខ ។ ១.១. ប្រភេទនៃសាលក្រមក្នុងលក្ខខណ្ឌទូទៅ៖ * សាលក្រមចុងក្រោយ៖ បណ្ដឹងត្រូវបានចាប់ផ្ដើមដោយការទាមទាររបស់ដើមចោទ តាមរយៈពាក្យបណ្ដឹងសុំឲ្យតុលាការចេញសាលក្រមដែលមានខ្លឹមសារជាកំណត់ណាមួយ ហើយជាគោលការណ៍បណ្ដឹងត្រូវបញ្ចប់ដោយសាលក្រមរបស់តុលាការដែលជាការឆ្លើយតបចំពោះការទាមទាររបស់ដើមចោទនោះ។ នៅពេលនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ និងការពិនិត្យភស្ដុតាងត្រូវបានបញ្ចប់ តុលាការត្រូវកំណត់កាលបរិច្ឆេទសម្រាប់ការប្រកាសសាលក្រម និង ត្រូវប្រកាសសាលក្រម (មាត្រា ១៨០ កថាខណ្ឌទី១ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ។ ពេលដែលសាលក្រមនោះចូលជាស្ថាពរ គោលដៅនៃបណ្ដឹងក៏ត្រូវបានសម្រេច ហើយបណ្ដឹងនោះត្រូវចប់។ ក៏ប៉ុន្ដែសាលក្រមដែលមានអានុភាពបញ្ចប់បណ្ដឹង ចាំបាច់ត្រូវជាសាលក្រមបញ្ចប់រឿងក្ដីទាំងមូល ឬមួយភាគ ។ សាលក្រមដែលបញ្ចប់រឿងក្ដីទាំងមូល ឬ មួយភាគនោះគេហៅថា សាលក្រមចុងក្រោយ ។ * សាលក្រមចាត់របៀប៖ គឺជាសាលក្រមដែលគ្មានអានុភាពបញ្ចប់បណ្ដឹងទេ ដោយគ្រាន់តែជាសេចក្ដីសម្រេចចំពោះចំណុចដែលជាបុរេលក្ខខណ្ឌសម្រាប់ការចេញសាលក្រមចុងក្រោយ ។ សាលក្រមប្រភេទនេះ មានគោលបំណងរៀបចំ និងសម្រួលធ្វើឲ្យការវិនិច្ឆ័យលើបណ្ដឹងមានសណ្ដាប់ធ្នាប់ ហើយតុលាការអាចចេញសាលក្រមនេះបានតែចំពោះចំណុចដែលត្រូវនឹងគោលបំណងនោះតែប៉ុណ្ណោះ ។ យោងមាត្រា ១៨១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ចំណុចដែលអាចចេញសាលក្រមចាត់របៀបបានមាន ៤ គឺ៖ ១៖ សាលក្រមដែលសម្រេចលើអត្ថិភាពនៃការទាមទារក្នុងករណីដែលមានវិវាទលើអត្ថិភាព និងចំនួនទឹកប្រាក់នៃការទាមទារ។ ២៖ សាលក្រមដែលសម្រេចពីមធ្យោបាយតទល់ ឬការពារខ្លួន ដែលអាចវិនិច្ឆ័យដោយឯករាជ្យបាន ។ ៣៖ សាលក្រមដែលសម្រេចអំពីអត្ថិភាព ឬនត្ថិភាពនៃលក្ខខណ្ឌបណ្ដឹង និង ៤៖ សាលក្រមដែលសម្រេចអំពីហេតុដែលទាក់ទងនឹងការបញ្ចប់បណ្ដឹង។ ១.២. ប្រភេទនៃសាលក្រមក្នុងលក្ខខណ្ឌពាក់ព័ន្ធនឹងកាលៈទេសៈនៃការចេញសាលក្រម៖ * សាលក្រមចំពោះមុខ៖ គឺជាប្រភេទនៃសាលក្រមមួយដែលចេញ និងប្រកាសចំពោះមុខដើមចោទ ឬចុងចម្លើយ ឬចំពោះមុខអ្នកតំណាងរបស់ដើមចោទ ឬចុងចម្លើយ ក្នុងករណីដែលភាគី ឬអ្នកតំណាងមានវត្ដមាននៅក្នុងនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ ។ * សាលក្រមកំបាំងមុខ៖ គឺជាប្រភេទនៃសាលក្រមដែលចេញ និងប្រកាសកំបាំងមុខដើមចោទ ឬចុងចម្លើយ ក្នុងករណីដែលដើមចោទ ឬចុងចម្លើយមិនបានបង្ហាញខ្លួននៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលដោយផ្ទាល់មាត់លើកទីមួយ និងនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។ មានន័យថានៅពេលដែលដើមចោទ ឬចុងចម្លើយបានទទួលការកោះហៅពីតុលាការឲ្យចូលក្នុងនីតិវិធីត្រៀមសម្រាប់ការទាយហេតុផលលើកទី១ ហើយដើមចោទ ឬចុងចម្លើយមិនបានចូលរួមតាមកាលបរិច្ឆេទកំណត់ នោះតុលាការអាចបញ្ឈប់នីតិវិធីត្រៀមសម្រាប់ការទាញហេតុផលដោយភ្លាមៗ ហើយកំណត់នូវកាលបរិច្ឆេទលើកទី១ នៃការទាញហេតុផលដោយផ្ទាល់មាត់ ហើយបើដើមចោទ ឬចុងចម្លើយមិនបានបង្ហាញខ្លួន នៅកាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់នេះទៀត នោះតុលាការនឹងច្រានចោលការទាមទារ ឬចាត់ទុកថាបានសារភាព ដោយចេញសាលក្រមកំបាំងមុខ។ ប៉ុន្តែតុលាការមិនអាចចេញសាលក្រមកំបាំងមុខបានឡើយ បើមានករណីណាមួយដូចជា : (១). ភាគីដែលមិនបានបង្ហាញខ្លួន មិនបានទទួលការកោះហៅស្របច្បាប់ (២).ភាគីដែលមិនបានបង្ហាញខ្លួនមានមូលហេតុដែលអាចទទួល ស្គាល់ថា ពិតជាមិនអាចបង្ហាញខ្លួនបានមែនដោយសារគ្រោះមហន្ដរាយធម្មជាតិ ឬ កាលៈទេសៈផ្សេងទៀត ដែលមិនអាចជៀសវាងបាន (៣).បណ្ដឹងមិនស្របច្បាប់ និង (៤).ខ្លឹមសារនៃសេចក្ដីថ្លៃងការណ៍ ដែលដើមចោទបានធ្វើនៅកាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ដែលចុងចម្លើយមិនបានបង្ហាញខ្លួន ហើយខ្លឹមសារនៃសេចក្ដីថ្លៃងការណ៍នោះមិនបានជូនដំណឹងទៅចុងចម្លើយមុនកាល បរិច្ឆេទនោះ (មាត្រា២០២ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ។ ២៖ សាលដីការដ្ឋប្បវេណី៖ គឺជាប្រភេទនៃសេចក្ដីសម្រេចរបស់តុលាការជាន់ខ្ពស់ដែលមានសាលាឧទ្ធរណ៍ និងតុលាការកំពូល។ ប្រភេទនៃសាលដីការដ្ឋប្បវេណី មិនខុសគ្នាពីប្រភេទនៃសាលក្រមប៉ុន្មាននោះទេ តែដោយនៅនីតិវិធីតុលាការជាន់ខ្ពស់ ពុំមាននីតិវិធីត្រៀមសម្រាប់ការទាញហេតុផលដោយផ្ទាល់មាត់នោះទេ ដូចនេះតុលាការជាន់ខ្ពស់ ពិនិត្យតែចំពោះភាពត្រឹមត្រូវ ឬមិនត្រូវនៃបណ្ដឹងឧបាស្រ័យ និងធ្វើការវិនិច្ឆ័យចំពោះសេចក្ដីសម្រេចរបស់តុលាការជាន់ទាប ឬសាលាឧទ្ធរណ៍ដែលត្រូវបានឧបាស្រ័យនោះតែប៉ុណ្ណោះ។ ជាទូទៅប្រភេទនៃសាលដីការបស់សាលាឧទ្ធរណ៍មាន៣ ប្រភេទគឺ (១). សាលដីកាដែលលើកបណ្ដឹងឧទ្ធរណ៍ចោល (២). សាលដីកាច្រានចោលបណ្ដឹងឧទ្ធរណ៍ និង (៣). សាលដីកាទទួលស្គាល់បណ្ដឹងឧទ្ធរណ៍។ ចំពោះប្រភេទនៃសាលដីកាតុលាការកំពូល មាន២ប្រភេទ គឺសាលដីកាច្រានចោលបណ្ដឹងសាទុក្ខ និងសាលដីកាទទួលស្គាល់បណ្ដឹងសាទុក្ខ ដោយចំពោះការលើកចោលបណ្ដឹងសាទុក្ខត្រូវធ្វើឡើងដោយដីកាសម្រេច។ រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក រ៉ាត់ ចាន់ធី សមាជិកស្រាវជ្រាវ និងចងក្រងអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ

2020-04-22 10:00:35

ស្វែងយល់ផ្នែកច្បាប់៖ ប្រភេទសាលក្រម និងសាលដីកាក្នុងរឿងព្រហ្មទណ្ឌ

(ភ្នំពេញ)៖ កន្លងមកជាច្រើនសប្ដាហ៍មកហើយ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទនានាមកធ្វើការផ្សព្វផ្សាយក្នុងគោលបំណង បង្កើនការយល់ដឹងនូវចំណេះដឹងផ្លូវច្បាប់ដល់ប្រជាពលរដ្ឋ និងសិស្សនិស្សិត ហើយសម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់សូមលើកយកប្រធានបទស្ដីពី «ប្រភេទនៃសាលក្រម និងសាលដីកាក្នុងរឿងព្រហ្មទណ្ឌ» មកធ្វើការចែករំលែកដូចតទៅ៖ ក្នុងរឿងក្តីព្រហ្មទណ្ឌ ដើម្បីកំណត់បានថា ជនណាម្នាក់មានទោស ឬ មិនមានទោស គឺអាស្រ័យលើសេចក្តីសម្រេចចុងក្រោយរបស់សាលាជម្រះក្តីនីមួយៗ ដោយត្រូវឆ្លងកាត់នីតិវិធីសវនាការ ដែលក្នុងន័យច្បាប់ត្រូវបានហៅថា “សាលក្រម ឬ សាលដីកា” ។ យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ សេចក្តីសម្រេចចុងក្រោយដែលកំណត់អំពីពិរុទ្ធភាព ឬ ការឲ្យរួចផុតពីបទចោទណាមួយសាលាជម្រះក្តីជាន់ទាប (សាលាដំបូងរាជធានី-ខេត្ត និងតុលាការយោធា) ត្រូវបានហៅថា «សាលក្រម» និងសម្រាប់សាលាជម្រះក្តីជាន់ខ្ពស់ (សាលាឧទ្ធរណ៍ និងតុលាការកំពូល) ត្រូវបានហៅថា «សាលដីកា» ។ តើសាលក្រម និង សាលដីការបស់ស្ថាប័នតុលាការមានប៉ុន្មានប្រភេទ? តើប្រភេទសាលក្រម ឬសាលដីកានីមួយៗខុសគ្នាយ៉ាងដូចម្តេច? សាលក្រម និងសាលដីកាមានពីរប្រភេទដូចគ្នា គឺ (១) សាលក្រម ឬសាលដីកាមុនអង្គសេចក្ដី ឬហៅថា (សាលក្រម ឬសាលដីកាចាត់របៀប) ។ (២) សាលក្រម ឬសាលដីកាអង្គសេចក្ដី រួមមាន៖ សាលក្រម ឬសាលដីកាចំពោះមុខ សាលក្រម ឬសាលដីកាដែលចាត់ទុកថាចំពោះមុខ និងសាលក្រម ឬសាលដីកាកំបាំងមុខ។ (១) សាលក្រម ឬសាលដីកាមុនអង្គសេចក្ដី (សាលក្រម ឬសាលដីកាចាត់របៀប) គឺជាសាលក្រម ឬសាលដីកាដែលសម្រេចអំពីបញ្ហានីតិវិធី ហើយមិនជំនុំជម្រះដល់អង្គសេចក្ដីនោះទេ នៅពេលលេចឡើងនូវអញ្ញាត្រកម្ម ឬអង្គហេតុថ្មី ត្រូវចាត់របៀប។ (២) សាលក្រម ឬសាលដីកាអង្គសេចក្ដី គឺជាសេចក្ដីសម្រេចដែលវិនិច្ឆ័យសេចក្ដីដល់អង្គហេតុ និងអង្គច្បាប់ទាំងមូល ក្រោយបញ្ចប់កិច្ចពិភាក្សាដេញដោល(សវនាការ) រួមមាន៖ * សាលក្រម ឬសាលដីកាចំពោះមុខ គឺជាសាលក្រម ឬសាលដីកា ដែលសម្រេចសេចក្ដីក្នុងករណីដែលជនជាប់ចោទចូលបង្ហាញខ្លួនក្នុងពេលសវនាការ។ សាលក្រម ឬសាលដីកានៅតែចំពោះមុខដដែល បើទោះបីជនជាប់ចោទចាកចេញពីបន្ទប់សវនាការភ្លាមៗក៏ដោយ ។ ម៉្យាងវិញទៀត សាលក្រម ឬសាលដីកាអាចជាចំពោះមុខផងដែរ កាលណាជនជាប់ចោទត្រូវបានសួរចម្លើយនៅទីកន្លែងដែលជននោះនៅ លក្ខខណ្ឌដែលមានចែងក្នុង (មាត្រា៣០៩) នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ ចំពោះដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកទទួលខុសត្រូវរដ្ឋប្បវេណី ដែលបានចូលបង្ហាញខ្លួននៅពេលសវនាការ ឬ មានអ្នកតំណាងដោយត្រឹមត្រូវនោះ សាលក្រម ឬសាលដីកា ត្រូវតែជាសាលក្រម ឬសាលដីកាចំពោះមុខ ។ សាលក្រម ឬសាលដីកាចំពោះមុខដើមបណ្តឹងរដ្ឋប្បវេណី ចំពោះមុខអ្នកទទួលខុសត្រូវរដ្ឋប្បវេណី និងចំពោះមុខជនជាប់ចោទនេះ មិនតម្រូវឲ្យមានការបញ្ជូនឡើយ (មិនចាំបាច់ជូនដំណឹងដល់សាមីជនទាំងនោះទៀតឡើយ) ។ សាលក្រម ឬសាលដីកាចំពោះមុខអាចប្តឹងឧទ្ធរណ៍ និងប្ដឹងសាទុក្ខបាន។ (មាត្រា៣៦០,៣៦៣, ៣៦៤ និងមាត្រា៤២០) នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ * សាលក្រម ឬសាលដីកាដែលចាត់ទុកថាចំពោះមុខ គឺជាសាលក្រម ឬសាលដីកាដែលសម្រេចសេចក្ដី ក្នុងករណីដែលនៅពេលសវនាការជនជាប់ចោទមិនបានចូលមកបង្ហាញខ្លួននៅពេលនោះទេ ប៉ុន្តែសាមីខ្លួនបានដឹងអំពីដីកាបញ្ជូនទៅជំនុំជម្រះផ្ទាល់ ឬបានដឹងពីការកោះហៅហើយនោះ សាលក្រម ឬ សាលដីកា ត្រូវចាត់ទុកថាចំពោះមុខជនជាប់ចោទ។ សាលក្រម ឬសាលដីកាអាចចាត់ទុកថាចំពោះមុខនេះត្រូវឲ្យដំណឹងដល់ជនជាប់ចោទ ហើយអាចប្តឹងឧទ្ធរណ៍ និងប្ដឹងសាទុក្ខបាន។ (មាត្រា៣៦១ និងមាត្រា៤២០) នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ * សាលក្រម ឬសាលដីកាកំបាំងមុខ គឺជាសាលក្រម ឬសាលដីកាសម្រេចសេចក្ដីមួយ នៅពេលសវនាការ ប្រសិនបើជនជាប់ចោទមិនចូលមកបង្ហាញខ្លួននៅពេលនោះទេ ហើយនឹងប្រសិនបើគ្មានភ័ស្តុតាងបង្ហាញឲ្យឃើញថាសាមីខ្លួនដឹងពីដីកាបញ្ជូនខ្លួនទៅជំនុំជម្រះ ឬបានដឹងអំពីការកោះហៅនោះទេ ។ សាលក្រម ឬសាលដីកា ត្រូវប្រកាសដោយកំបាំងមុខជនជាប់ចោទ ។ ម្យ៉ាងវិញទៀត ចំពោះបុគ្គលកោះហៅក្នុងឋានៈជាដើមបណ្ដឹងរដ្ឋប្បវេណី ឬជាអ្នកទទួលខុសត្រូវរដ្ឋប្បវេណី មិនចូលបង្ហាញខ្លួននៅពេលសវនាការ និងគ្មានអ្នកតំណាងត្រឹមត្រូវទេ សាលក្រម ឬសាលដីកាត្រូវសម្រេចដោយកំបាំងមុខដូចគ្នានឹងជនជាប់ចោទដែរ។ សាលក្រម ឬសាលដីកាកំបាំងមុខនេះ ត្រូវឲ្យដំណឹងដល់សាមីជនទាំងនោះ ហើយសាលក្រម ឬសាលដីកានេះអាចប្តឹងទាស់បាន។ (មាត្រា៣៦២,៣៦៣,៣៦៤ និងមាត្រា៤០៩) នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ អត្ថបទនេះរៀបរៀងដោយលោកមេធាវី ឡាន ស៊ីនីត និងកញ្ញា សាវី លីដា សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ

2020-04-22 09:57:12

យល់ដឹងផ្នែកច្បាប់៖ ភាគីក្នុងរឿងក្តីរដ្ឋប្បវេណី

(ភ្នំពេញ)៖ កាលពីពីរសប្តាហ៍មុន កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុម-មេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទស្តីពី “ភាគីក្នុងរឿងក្តីព្រហ្មទណ្ឌ” យកមកបង្ហាញរួចមកហើយ។ ដោយឡែកនៅសប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់បានលើកយកប្រធានបទស្តីពី “ភាគីក្នុងរឿងក្តី រដ្ឋប្បវេណី” យកមកធ្វើការបង្ហាញជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សនិស្សិតឲ្យបានយល់កាន់តែច្បាស់ពីភាពខុស គ្នារវាង “ភាគីក្នុងរឿងក្តីរដ្ឋប្បវេណី” និង “ភាគីក្នុងរឿងក្តីព្រហ្មទណ្ឌ”។ តើនៅពេលមានវិវាទរដ្ឋប្បវេណីមួយកើតឡើង បុគ្គលដែលប្តឹងគេ និងបុគ្គលដែលត្រូវបានគេប្តឹងត្រូវហៅ យ៉ាងដូចម្តេចនៅដំណាក់កាលនៃនីតិវិធីជំនុំជម្រះលើកទី១ ? សមាសភាពភាគីក្នុងរឿងក្តីរដ្ឋប្បវេណីរួមមាន៖ * ដើមចោទ ឬ សហដើមចោទ * ចុងចម្លើយ ឬ សហចុងចម្លើយ * តំណាងអយ្យការ (មិនមែនជាភាគីនោះទេ) ទី១៖ ដើមចោទ ឬ សហដើមចោទ គឺសម្តៅទៅលើបុគ្គលម្នាក់ ឬច្រើននាក់បានដាក់ពាក្យបណ្តឹងទៅតុលាការរដ្ឋប្បវេណី ។ ឧទាហរណ៍ទី១៖ លោក ក បានដាក់ពាក្យបណ្តឹងទៅតុលាការរដ្ឋប្បវេណីប្តឹងទាមទារ ដី មួយកន្លែងពី លោក ខ ដូច្នេះ លោក ក គឺជាដើមចោទ ។ ឧទាហរណ៍ទី២៖ លោក ក,ខ និង គ... បានដាក់ពាក្យបណ្តឹងទៅតុលាការរដ្ឋប្បវេណីប្តឹងទាមទារ ដី មួយកន្លែងពី លោក ឃ ដូច្នេះ ក,ខ និង គ គឺជាសហដើមចោទ ។ ទី២៖ ចុងចម្លើយ ឬ សហចុងចម្លើយ សម្តៅទៅលើបុគ្គលតែម្នាក់ ឬច្រើននាក់ដែលត្រូវបានភាគីម្ខាងទៀតប្តឹងទៅតុលាការរដ្ឋប្បវេណី ។ ឧទាហរណ៍ទី១៖ លោក ក បានដាក់ពាក្យបណ្តឹងទៅតុលាការរដ្ឋប្បវេណីប្តឹងទាមទារ ដី មួយកន្លែងពី លោក ខ ដូច្នេះ លោក ខ គឺជាចុងចម្លើយ ។ ឧទាហរណ៍ទី២៖ លោក ក បានដាក់ពាក្យបណ្តឹងទៅតុលាការរដ្ឋប្បវេណីប្តឹងទាមទារ ដី មួយកន្លែងពី លោក ខ, គ និង ឃ ដូច្នេះ ខ,គ និង ឃ គឺជាសហចុងចម្លើយ ។ ឧទាហរណ៍ទី៣៖ លោក ក ប្តឹងលោក ខ ទាមទារ ដី មួយកន្លែងបន្ទាប់មកមាន លោក គ (ជាតតិយជន) បានប្តឹងលោក ក និង លោក ខ ទៅតុលាការរដ្ឋប្បវេណីដើម្បីទាមទារ ដី នោះដែរ ដូច្នេះលោក ក និង លោក ខ ត្រូវជាសហចុងចម្លើយ វិញ ។ ទី៣៖ តំណាងអយ្យការ ជាទូទៅតំណាងអយ្យការ មិនចាំបាច់ចូលរួមក្នុងនីតិវិធីបណ្តឹងរដ្ឋប្បវេណី នោះទេ ក៏ប៉ុន្តែក្នុងករណីចាំបាច់ត្រូវការពារប្រយោជន៍សាធារណៈ នោះតំណាងអយ្យការអាចចូលរួមក្នុងនីតិវិធីបណ្តឹង រដ្ឋប្បវេណីបាន (យោងតាមបញ្ញត្តិមាត្រា៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ។ មានន័យថាប្រសិនបើសំណុំរឿង រដ្ឋប្បវេណីមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍សាធារណៈ ឬ ពាក់ព័ន្ធនឹងឋានៈបុគ្គលនោះតំណាងអយ្យការអាច មានវត្តមាន ឬ អាចចូលរួមដើម្បីធ្វើការផ្តល់យោបល់ ឬការពារ ឬធ្វើសេចក្តីសន្និដ្ឋានស្នើនៅចំពោះមុខតុលាការរដ្ឋ-ប្បវេណីក្នុងគោលដៅការពារដល់ផលប្រយោជន៍សាធារណៈ។ សូមបញ្ជាក់ថាវត្តមានរបស់តំណាងអយ្យការ នៅក្នុងរឿងក្តីរដ្ឋប្បវេណីមិនមែនជាភាគីនោះទេ ។ ឧទាហរណ៍៖ លោក ក បានរៀបការជាមួយនារី ខ និងបានចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់ ហើយពួកគេមានកូនប្រុសម្នាក់ អាយុ៥ឆ្នាំ។ ក្រោយមកនារី ខ បានដាក់ពាក្យបណ្តឹងលែងលះ ពីលោក ក និង សុំសិទ្ធិអំណាចមេបាលើកូនទៅតុលាការរដ្ឋប្បវេណី ហើយលោក ក ក៏បានទាមទារសិទ្ធិអំណាចមេបាលើកូន ផងដែរ ដូច្នេះក្នុងករណីនេះ លោក ក គឺជាចុងចម្លើយ ចំណែក នារី ខ ជាដើមចោទ ។ ដោយសារតែភាគីទាំងពីរ ទាមទារសិទ្ធិអំណាចមេបាលើកូនរៀងៗខ្លួន ដូច្នេះហើយករណីនេះតម្រូវឲ្យមានការចូលរួមរបស់តំណាងអយ្យការ ក្នុងការការពារប្រយោជន៍ដល់កុមារនោះដោយធ្វើសេចក្តីសន្និដ្ឋានស្នើសុំទៅតុលាការថា គួរប្រគល់សិទ្ធិអំណាច មេបាទៅឲ្យដើមចោទ ឬ ចុងចម្លើយ ទៅតាមការយល់ឃើញរបស់ខ្លួន អំពីផលប្រយោជន៍របស់កូន ថាតើភាគី ណាដែលនឹងមានសមត្ថភាពមើលថែ និងផ្តល់អនាគតឲ្យកូនបានល្អ ។ ទោះយ៉ាងណាក៏ដោយ ការហៅភាគីនីមួយៗខាងលើនេះ គេប្រើប្រាស់នៅក្នុងដំណាក់កាលនីតិវិធីនៃការ ជំនុំជម្រះលើកទី១ (នៅសាលាដំបូងរាជធានី/ខេត្ត) តែប៉ុណ្ណោះ។ ចំពោះការហៅភាគីនៅក្នុងដំណាក់កាលតុលាការ ជាន់ខ្ពស់រួមមានសាលាឧទ្ធរណ៍ និងតុលាការកំពូលគឺមានការកំណត់ផ្សេងពីនេះ។ ដូច្នេះយើងខ្ញុំសង្ឃឹមថាតាម រយៈការបង្ហាញខាងលើប្រជាពលរដ្ឋ និងសិស្សនិស្សិតទាំងអស់នឹងយល់កាន់តែច្បាស់អំពីការប្រើប្រាស់ពាក្យច្បាប់ សម្រាប់ហៅភាគីនីមួយៗ នៅដំណាក់កាលនៃនីតិវិធីជំនុំជម្រះលើកទី១ឲ្យបានត្រឹមត្រូវ។ រៀបចំដោយលោកមេធាវី សេង ឈុនលី អនុប្រធានក្រុមមេធាវី និងលោក លាង ប៊ុនឡេង ជំនួយការច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ

2020-04-22 09:55:35

យល់ដឹងផ្នែកច្បាប់៖ ការកំណត់សមត្ថកិច្ចតុលាការ

(ភ្នំពេញ)៖ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទនានាមកធ្វើការផ្សព្វផ្សាយក្នុងគោលបំណង បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងផ្នែកច្បាប់ ។ សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់សូមលើកយកប្រធានបទស្តីពី “ការកំណត់សមត្ថកិច្ចតុលាការ” មកធ្វើការចែករំលែក តដូចតទៅ៖ នៅពេលដែលបញ្ហាវិវាទកើតឡើង ហើយភាគីមិនអាចរកដំណោះស្រាយតាមការចរចា ឬ ផ្សះផ្សារ ដែលតម្រូវឲ្យជ្រើសរើសយកការដោះស្រាយតាមប្រព័ន្ធតុលាការ តើតុលាការមួយណា ដែលភាគីត្រូវជ្រើសរើសសម្រាប់ដំណើរការរឿងក្តីរបស់ខ្លួន ? តុលាការដែលមានសមត្ថកិច្ច ក្នុងការដោះស្រាយរឿងក្តី គឺត្រូវបានកំណត់ដោយច្បាប់ ប៉ុន្តែ ច្បាប់ក៏បានផ្តល់សិទ្ធិជូនភាគី ក្នុងការជ្រើសរើសតុលាការផងដែរ ។ ខាងក្រោមនេះ គឺជាការបង្ហាញអំពីសមត្ថកិច្ចរបស់តុលាការក្នុងការដោះស្រាយរឿងក្តីរដ្ឋប្បវេណី និងរឿងក្តីព្រហ្មទណ្ឌ ដែលត្រូវបានដកស្រង់ចេញពីលក្ខខណ្ឌផ្លូវច្បាប់ដែលមានបញ្ញត្តិក្នុងក្រមនីតិវិធីរដ្ឋប្បវេណី និងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។ ១៖ ការកំណត់សមត្ថកិច្ចតុលាការក្នុងរឿងក្តីរដ្ឋប្បវេណី៖ តើតុលាការរដ្ឋប្បវេណីត្រូវកំណត់សមត្ថកិច្ចយ៉ាងដូចម្តេច? យោងមាតា្រ៧ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានបញ្ញត្តិថា តុលាការដែលមានសមត្ថកិច្ច គឺជាតុលាការដែលអាចទទួលដោយស្របច្បាប់នូវពាក្យបណ្តឹង ដើម្បីវិនិច្ឆ័យលើរឿងក្តី ហើយចេញសាលក្រម ឬសាលដីកាបាន។ ការកំណត់សមត្ថកិច្ចរបស់តុលាការរដ្ឋប្បវេណីត្រូវបែងចែកជាអាទិ៍៖ ១.១. សមត្ថកិច្ចតាមលំនៅឋាន(មាត្រា៨ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ៖ ដើមចោទអាចដាក់ពាក្យបណ្តឹងទៅតុលាការដែលមានទីតាំងស្ថិតនៅលំនៅឋានរបស់ចុងចម្លើយ ប៉ុន្តែក្នុងករណីដែលចុងចម្លើយពុំមានលំនៅឋាន ឬមានលំនៅឋានមិនពិតប្រាកដនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺផ្អែកលើទីសំណាក់ចុងក្រោយ (កន្លែងស្នាក់នៅចុងក្រោយ)។ ក្នុងករណីពុំមានទីសំណាក់ ឬមានទីសំណាក់មិនពិតប្រាកដ គឺផ្អែកលើលំនៅឋានចុងក្រោយ។ ចំណែកការដាក់ពាក្យបណ្តឹងលើនីតិបុគ្គលក្នុងប្រទេស (ក្រុមហ៊ុន/អង្គការ) ពាក្យបណ្តឹងត្រូវដាក់នៅទីស្នាក់ការ ឬទីកន្លែងសកម្មភាពអាជីវកម្មចម្បង ឬលំនៅឋានរបស់អ្នកតំណាង ឬរបស់អ្នកទទួលភារកិច្ចចាត់ចែងការងារចម្បង បើគ្មានទីស្នាក់ការ ឬទីកន្លែងសកម្មភាពអាជីវកម្ម។ ដោយទ្បែកចំពោះការដាក់ពាក្យបណ្តឹងលើនីតិបុគ្គលបរទេស ពាក្យបណ្តឹងត្រូវដាក់នៅទីស្នាក់ការ ឬទីកន្លែងសកម្មភាពអាជីវកម្មចម្បង ឬលំនៅឋានរបស់អ្នកតំណាងប្រចាំព្រះរាជាណាចក្រកម្ពុជា ឬរបស់អ្នកទទួលភារកិច្ចចាត់ចែងការងារចម្បងក្នុងព្រះរាជាណាចក្រកម្ពុជាបើគ្មានទីស្នាក់ការ ឬទីកន្លែងសកម្មភាពអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ។ ១.២. សមត្ថកិច្ចតុលាការតាមរយៈទ្រព្យសម្បត្តិមានជាអាទិ៍ (មាត្រា៩នៃក្រមនីតិវិធីរដ្ឋប្បវេណី)៖ ក. តុលាការនៃកន្លែងដែលត្រូវអនុវត្តកាតព្វកិច្ច៖ ចំពោះបណ្តឹងទាមទារឲ្យអនុវត្តកាតព្វកិច្ច។ ខ. តុលាការនៃកន្លែងដែលត្រូវបង់ប្រាក់៖ ចំពោះបណ្តឹងទាមទារឲ្យបង់ប្រាក់។ គ. តុលាការនៃកន្លែងដែលជាកម្មវត្ថុនៃការទាមទារ ឬកម្មវត្ថុនៃប្រាតិភោគដែលធានាលើការទាមទារនោះ ឬទ្រព្យសម្បត្តិចុងចម្លើយដែលអាចរឹបអូសបានស្ថិតនៅ៖ ចំពោះបណ្តឹងទាមទារឲ្យអនុវត្តកាតព្វកិច្ចចំពោះបុគ្គលដែលមិនមានលំនៅឋាន ឬពុំមានលំនៅឋានពិតប្រាកដក្នុងព្រះរាជាណាចក្រកម្ពុជា។ ឃ. តុលាការនៃកន្លែងដែលជាកម្មវត្ថុនៃការទាមទារ ឬ កម្មវត្ថុនៃប្រាតិភោគដែលធានាលើការទាមទារនោះ ឬទ្រព្យសម្បត្តិចុងចម្លើយដែលអាចរឹបអូសបានស្ថិតនៅ៖ ចំពោះបណ្តឹងទាមទារឲ្យអនុវត្តកាតព្វកិច្ចចំពោះនីតិបុគ្គល(ក្រុមហ៊ុនឬអង្គការ) ដែលមិនមានទីស្នាក់ការ ឬទីកន្លែងអាជីវកម្ម ឬទីកន្លែងអាជីវកម្ម មិនពិតប្រាកដក្នុងព្រះរាជាណាចក្រកម្ពុជា ។ ង. តុលាការនៃទីស្នាក់ការ ឬទីកន្លែងអាជីវកម្ម៖ ចំពោះបណ្តឹងលើបុគ្គលដែលមានទីស្នាក់ការ ឬ ទីកន្លែងអាជីវកម្មដែលទាក់ទងនឹងសកម្មភាពការងាររបស់ទីស្នាក់ការ ឬទីកន្លែងអាជីវកម្មនោះ ។ ច. តុលាការនៃកន្លែងដែលអំពើអនីត្យានុកូលកើតឡើង៖ ចំពោះបណ្តឹងទាក់ទងនឹងអំពើអនីត្យានុកូល។ ឆ. តុលាការនៃកន្លែងដែលអចលនវត្ថុស្ថិតនៅ៖ ចំពោះបណ្តឹងទាក់ទងនិងអចលនវត្ថុ។ ជ.តុលាការនៃកន្លែងដែលត្រូវចុះបញ្ជី៖ ចំពោះបណ្តឹងទាក់ទងនឹងការចុះបញ្ជី ។ ឈ.តុលាការនៃលំនៅឋានរបស់មរតកជន នៅពេលសន្តិកម្មត្រូវចាប់ផ្តើម ឬ ទីសំណាក់ (ក្នុងករណីមរតកជនមិនមានលំនៅឋានក្នុងព្រះរាជាចក្រកម្ពុជា ឬមិនមានលំនៅឋានពិតប្រាកដ) ឬលំនៅឋានចុងក្រោយ (បើមរតកជនមិនមានទីសំណាក់ ឬមានទីសំណាក់មិនពិតប្រាកដក្នុងព្រះរាជាណាចក្រកម្ពុជា៖ ចំពោះបណ្តឹងទាក់ទងនឹងមរតក។ ក្នុងករណីមានតុលាការច្រើនមានសមត្ថកិច្ចធ្វើការសម្រេចសេចក្តី ភាគីអាចជ្រើសរើសតុលាការមួយក្នុងចំណោមតុលាការ ដែលមានសមត្ថកិច្ចដោយផ្អែកលើកត្តាសេដ្ឋកិច្ច ឬភាពងាយស្រួលក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនក្រោយពេលសម្រេចសេចក្តី។ ១.៣. សមត្ថកិច្ចតុលាការបណ្តឹងទាក់ទងនឹងឋានៈបុគ្គល ដែលជាប្រភេទរឿងក្តីពាក់ព័ន្ធនឹងញាតិ (មាត្រា១០ នៃក្រមនីតិវិធីរដ្ឋប្បវេណី) បណ្តឹងទាក់ទងនឹងឋានៈបុគ្គលមានជាអាទិ៍ បណ្តឹងសុំលែងលះ និងបណ្តឹងសុំបញ្ជាក់អត្ថិភាព ឬនត្ថិភាពនៃបុត្តភាព (ក្រសែញាតិដែលទាក់ទងពីឪពុកម្តាយទៅកូនបង្កើតរបស់ខ្លួន) ត្រូវស្ថិតក្រោមសមត្ថកិច្ចផ្តាច់មុខរបស់តុលាការនៃលំនៅឋាន របស់ភាគីនៃទំនាក់ទំនងឋានៈបុគ្គល ដែលពាក់ព័ន្ធនឹងបណ្តឹងនោះ ឬលំនៅឋាននាពេលដែលភាគីនោះទទួលមរណភាព។ ១.៤. សមត្ថកិច្ចតុលាការដែលមានរឿងក្តីមានការទាមទារច្រើនចំណុច (មាត្រា១១ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ចំពោះបណ្តឹងដែលមានកម្មវត្ថុនៃការទាមទារច្រើនចំណុចហើយស្ថិតនៅកន្លែងផ្សេងគ្នា ដើមចោទមានសិទ្ធិជ្រើសរើសប្តឹងតុលាការមួយណាក៏បានដោយបញ្ចូល ការទាមទារផ្សេងទៀតជាមួយគ្នា។ ១.៥. សមត្ថកិច្ចតុលាការតាមរយៈការព្រមព្រៀង (មាត្រា១៣ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ៖ ភាគីសងខាងនៃបណ្តឹងអាចព្រមព្រៀងគ្នាជាលាយល័ក្ខអក្សរក្នុងការជ្រើសរើសតុលាការដែលខ្លួនចង់ឲ្យធ្វើការវិនិច្ឆ័យរឿងក្តីរបស់ខ្លួន ប៉ុន្តែការព្រមព្រៀងនេះអាចត្រូវបានទទួលស្គាល់លុះត្រាតែ ធ្វើឡើងរវាងពាណិជ្ជករនិងពាណិជ្ជករ ឬនីតិបុគ្គល និងនីតិបុគ្គល ឬពាណិជ្ជករនិងនីតិបុគ្គល (ព្រមព្រៀងបានតែការជំនុំជម្រះលើកទី១ប៉ុណ្ណោះ)។ ១.៦. សមត្ថកិច្ចតុលាការដែលកើតឡើងដោយគ្មានការតវ៉ាពីចុងចម្លើយ (មាត្រា១៤ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ៖ ក្នុងករណីដែលចុងចម្លើយមិនបានធ្វើសកម្មភាពតវ៉ាលើសមត្ថកិច្ចតុលាការដែលភាគីដើមបណ្តឹងបានដាក់ នោះតុលាការដែលទទួលពាក្យបណ្តឹងនោះនឹងក្លាយជាតុលាការមានសមត្ថកិច្ច បន្ទាប់ពីចុងចម្លើយបានធ្វើសេចក្តីដោះសារអំពីអង្គសេចក្តី នៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬបានឆ្លើយទាញហេតុផលអំពីអង្គសេចក្តីនៅក្នុងការទាញហេតុផលផ្ទាល់មាត់រួចហើយ ។ តុលាការកំពូលត្រូវកំណត់សមត្ថកិច្ច ក្នុងករណីដែលតុលាការមានសមត្ថកិច្ចមិនអាចអនុវត្តនូវសិទ្ធិដោយសារច្បាប់ ឬ ហេតុការពិត ឬ ដែនសមត្ថកិច្ចតុលាការមិនពិតប្រាកដ ដោយដីកាសម្រេចតាមពាក្យសុំរបស់ភាគី ។ ២. សមត្ថកិច្ចតុលាការក្នុងរឿងក្តីព្រហ្មទណ្ឌ (មាត្រា៣៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) ៖ ចំពោះរឿងក្តីព្រហ្មទណ្ឌ ជនរងគ្រោះ ឬ ភាគីពាក់ព័ន្ធអាចធ្វើការដាក់ពាក្យបណ្តឹងនៅ៖ ២.១. តុលាការ (អយ្យការអមសាលាដំបូង) នៃកន្លែងដែលមានការប្រព្រឹត្តបទល្មើស ២.២. តុលាការ (អយ្យការអមសាលាដំបូង) នៃលំនៅរបស់ជនដែលត្រូវគេសង្ស័យថា បានប្រព្រឹត្តបទល្មើស ២.៣. តុលាការ (អយ្យការអមសាលាដំបូង) នៃទីកន្លែងចាប់ខ្លួនជនដែលត្រូវបានសង្ស័យថា បានប្រព្រឹត្តបទល្មើស។ រៀបចំដោយលោកមេធាវី ម៉េង វណ្ណីសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាមេធាវីនៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ និងលោក ថន យូសៀង សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយច្បាប់៕

2020-04-22 09:54:20

យល់ដឹងផ្នែកច្បាប់៖ បណ្តឹងអាជ្ញា

(ភ្នំពេញ)៖ សប្តាហ៍កន្លងមក កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិបានលើកយកប្រធានបទ ស្តីពី “បណ្តឹងរដ្ឋប្បវេណី” មកធ្វើការបកស្រាយសម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់សូមលើកយកប្រធានបទស្តីពី «បណ្តឹងអាជ្ញា» មកធ្វើការឆ្លុះបញ្ចាំងជូនបងប្អូនប្រជាពលរដ្ឋវិញម្តង។ ជាធម្មតានៅក្នុងសង្គមមួយ បើទោះបីជាមានសុខសន្តិភាពពេញលេញ និងសន្តិសុខសង្គមល្អ ប៉ុន្តែ សកម្មភាពអសកម្ម និងអវិជ្ជមានមួយចំនួននៅតែអាចកើតមាន តាមរយៈទង្វើរបស់បុគ្គល ឬ ក្រុមបុគ្គលមួយចំនួន ដែលបង្កឲ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ។ នៅពេលហេតុការណ៍អាក្រក់ខាងលើ កើតឡើង រដ្ឋត្រូវមានតួនាទីក្នុងការការពារ និងធានានូវសណ្តាប់ធ្នាប់សាធារណៈ តាមរយៈការចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល និងក្រុមបុគ្គលដែលបានប្រព្រឹត្តនូវអំពើទាំងនោះ ។ អំពើដែលបង្កឲ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងប្រយោជន៍ទូទៅរបស់សង្គម ហើយត្រូវបានកំណត់ជាបទល្មើសព្រហ្មទណ្ឌ បុគ្គលដែលប្រព្រឹត្តនឹងត្រូវផ្តន្ទាទោសតាមច្បាប់ តាមរយៈដំណើរការនៃបណ្តឹងអាជ្ញា ។ តើបណ្តឹងអាជ្ញាជាអ្វី? ហើយនរណាដែលមានសិទ្ធិធ្វើ និងចាប់ផ្តើមបណ្តឹងអាជ្ញា? បណ្តឹងអាជ្ញា ឬជាទូទៅត្រូវបានហៅថា «បណ្តឹងព្រហ្មទណ្ឌ» មានគោលបំណងពិនិត្យអត្ថិភាពនៃបទល្មើស បង្ហាញឲ្យឃើញពិរុទ្ធភាពនៃជនល្មើស និងផ្តន្ទាទោសជនដែលបាន ប្រព្រឹត្តិបទល្មើសតាមកំណត់ច្បាប់។ បណ្តឹងអាជ្ញាត្រូវអនុវត្តលើបុគ្គលគ្រប់រូប ទាំងរូបវន្តបុគ្គល ទាំងនីតិបុគ្គល ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។ យោងតាមមាត្រា១៣១ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិថា «មានតែអង្គការអយ្យការទេដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា» ដូច្នេះការធ្វើបណ្តឹងអាជ្ញាគឺជាសិទ្ធិផ្តាច់មុខរបស់ស្ថាប័នអយ្យការ ហើយបណ្តឹងអាជ្ញានឹងត្រូវចាប់ផ្តើមដំណើរការ ដោយការចោទប្រកាន់ពីបទព្រហ្មទណ្ឌណាមួយដោយអយ្យការ និងសុំឲ្យអនុវត្តច្បាប់នៅចំពោះមុខយុត្តាធិការស៊ើបសួរ និងយុត្តាធិការជំនុំជម្រះ។ ថ្វីត្បិតតែ បណ្តឹងអាជ្ញាត្រូវធ្វើឡើងដោយស្ថាប័នអយ្យការ ដើម្បីធានានូវសណ្តាប់ធ្នាប់សាធារណៈ និងប្រយោជន៍ទូទៅរបស់សង្គម ប៉ុន្តែបុគ្គលដែលទទួលរងគ្រោះដោយផ្ទាល់ ឬ ភាគីពាក់ព័ន្ធនឹងហេតុការណ៍ដែលត្រូវបានកំណត់ក្នុងបណ្តឹងអាជ្ញានោះ មានសិទ្ធិប្តឹងទាមទារសំណងរដ្ឋប្បវេណី ដែលត្រូវបានកំណត់ថា ជាប្រភេទបណ្តឹងរដ្ឋប្បវេណីក្នុងនីតិវិធីព្រហ្មទណ្ឌ ដែលបណ្តឹងរដ្ឋប្បវេណីនេះ មានគោលបំណងឲ្យភាគីរងគ្រោះបានទទួលសំណងជម្ងឺចិត្តធួនល្មមនឹងព្យសនកម្មដែលខ្លួនទទួលរង ។ តើបណ្តឹងអាជ្ញានឹងត្រូវរលត់ដោយសារកត្តាអ្វីខ្លះ? ប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅមានការយល់ច្រឡំថា បណ្តឹងអាជ្ញានឹងត្រូវបញ្ចប់ ឬរលត់នៅពេលដែលជនដែលត្រូវបានសន្មត់ថា បានប្រព្រឹត្តបទល្មើសសងសំណងជម្ងឺចិត្ត ដល់ភាគីរងគ្រោះ ហើយភាគីរងគ្រោះបានដកពាក្យបណ្តឹង (បណ្តឹងរដ្ឋប្បវេណី)។ តាមគោលការណ៍ច្បាប់ បើទោះបីជាសំណងជម្ងឺចិត្តត្រូវបានផ្តល់ជូនភាគីរងគ្រោះហើយក៏ដោយ និងមានការសម្របសម្រួលដកពាក្យបណ្តឹងពីសំណាក់ភាគីរងគ្រោះ ក៏បណ្តឹងអាជ្ញាមិនរលត់ឡើយ។ ការដកបណ្តឹងរដ្ឋប្បវេណីរបស់ភាគីរងគ្រោះ គ្រាន់តែជាការបញ្ចប់នូវការទាមទារ ផ្នែកសំណងរដ្ឋប្បវេណីរបស់ភាគីរងគ្រោះតែប៉ុណ្ណោះ គឺមិនមែនជាកត្តាដែលអាចនាំឲ្យបណ្តឹងអាជ្ញាត្រូវរលត់ទេ។ យោងតាមមាត្រា៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ការរលត់បណ្តឹងអាជ្ញា មានមូលហេតុដូចខាងក្រោម៖ ១៖ មរណភាពនៃជនល្មើស កាលណាជនល្មើស ជនសង្ស័យ ជនត្រូវចោទ ឬ ជនជាប់ចោទ ដែលកំពុងស្ថិតក្នុងបណ្តឹងអាជ្ញាមួយ ហើយជននោះបានទទួលមរណៈភាព នឹងនាំឲ្យបណ្តឹងអាជ្ញាដែលកំពុងតែមានលើជននោះត្រូវរលត់ ហើយដំណើរការទាំងឡាយនៃនីតិវិធីនឹងបិទត្រូវបញ្ចប់ ។ ២៖ ការផុតអាជ្ញាយុកាល អាជ្ញាយុកាល គឺជាពេលវេលាកំណត់មួយដែលមានចែងក្នុងច្បាប់ អំពីរយៈពេលដែលអាចធ្វើ ឬ ចាប់ផ្តើមបណ្តឹងអាជ្ញាបាន ។ ប្រសិនបើសកម្មភាពល្មើសមួយត្រូវបានកើតឡើង ដែលនាំឲ្យការគិតអំពីអាជ្ញាយុកាលនៃបទល្មើសត្រូវបានចាប់ផ្តើម ហើយដល់រយៈកំណត់នៅតែមិនមានបណ្តឹងអាជ្ញាណាមួយត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងសកម្មភាពនោះ នោះនាំឲ្យបណ្តឹងអាជ្ញាត្រូវរលត់ ដោយមូលហេតុនៃការផុតអាជ្ញាយុកាល ។ អាជ្ញាយុកាលមានរយៈពេលខុសៗតាមប្រភេទបទល្មើស សម្រាប់បទល្មើសលហុអាជ្ញាយុកាលមានរយៈពេល ០១ (មួយ) ឆ្នាំ, បទល្មើសមជ្ឈិមមានអាជ្ញាយុកាល ៥ (ប្រាំ) ឆ្នាំ និងបទឧក្រិដ្ឋមានអាជ្ញាយុកាល ១៥ (ដប់ប្រាំ) ឆ្នាំ ។ ប៉ុន្តែ មានបទឧក្រិដ្ឋធ្ងន់ធ្ងរមួយចំនួនច្បាប់មិនមានកំណត់អាជ្ញាយុកាលនោះទេ ដូចជាបទល្មើសប្រល័យពូជសាសន៍ បទល្មើសប្រឆាំមនុស្សជាតិ និងបទល្មើសឧក្រិដ្ឋកម្មសង្រ្គាមជាដើម ។ ៣. ការលើកលែងទោសជាទូទៅ ការលើកលែងទោសជាទូទៅ ខុសពីកាលលើកលែងទោសដោយជារាជានុសិទ្ធិរបស់ព្រះមហាក្សត្រដែលមានចែងក្នុងច្បាប់ ដែលជាទូទៅធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងឳកាសនៃព្រះរាជពិធីបុណ្យជាតិធំៗ ។ បណ្តឹងអាជ្ញាមួយអាចនឹងត្រូវរលត់តាមរយៈការលើកលែងទោសជាទូទៅ ដែលការលើកលែងទោសនេះ សំដៅលើការធ្វើច្បាប់ដែលអនុម័តដោយរដ្ឋសភា សម្រាប់លើកលែងទោស ឬ លុបចោលនូវប្រភេទបទល្មើសណាមួយដែលនាំឲ្យបណ្តឹងអាជ្ញាដែលកំពុងដំណើរការក្នុងនីតិវិធីនឹងត្រូវរលត់ ។ ៤៖ និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ បណ្តឹងអាជ្ញាមួយត្រូវបានធ្វើឡើងតាមរយៈនៃការចោទប្រកាន់របស់អយ្យការក្នុងបទល្មើសណាមួយ ប៉ុន្តែដោយហេតុថា បទល្មើសដែលត្រូវបានចោទប្រកាន់នោះត្រូវបាននិរាករណ៍ដោយមានច្បាប់ព្រហ្មទណ្ឌថ្មី ហេតុនេះ បណ្តឹងអាជ្ញាដែលធ្វើឡើងដោយឈរលើមូលដ្ឋាននៃបទល្មើសដែលមានចែងក្នុងច្បាប់ចាស់នឹងត្រូវរលត់ ។ ៥៖ អាជ្ញាអស់ជំនុំ កាលណាអង្គហេតុនៃបទល្មើសមួយត្រូវបានកើតឡើងហើយត្រូវបានធ្វើការចោទប្រកាន់ដោយអយ្យការ និងមានការជំនុំជម្រះសេចក្តីរហូតមានសាលក្រម ឬ សាលដីកាស្ថាពរហើយ អង្គហេតុនោះមិនត្រូវបានលើកយកមកធ្វើការចោទប្រកាន់ជាថ្មីបានឡើយ។ មានមូលហេតុមួយចំនួនទៀតនៃការរលត់បណ្តឹងអាជ្ញាផងដែរ កាលណាមានច្បាប់ដោយឡែកបានចែងដោយជាក់លាក់ ដូចជា៖ ១. ដោយការសម្របសម្រួលជាមួយរដ្ឋ (ជាពិសេស ករណីបទល្មើសពន្ធគយ) ២. ដោយការដកពាក្យបណ្តឹង នៅក្នុងករណីដែលពាក្យបណ្តឹងនេះជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ជាបទព្រហ្មទណ្ឌ ។ ៣. ដោយការបង់ប្រាក់ពិន័យសរុប ឬ ប្រាក់ពិន័យសម្របសម្រួល (ករណីបទល្មើសព្រៃឈើខ្លះ)។ រៀបរៀងដោយ៖ លោក ថន យូសៀង និងកញ្ញា សាវី លីដា សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ

2020-04-22 09:52:03

យល់ដឹងផ្នែកច្បាប់៖ ភាគីក្នុងរឿងក្ដីព្រហ្មទណ្ឌ

(ភ្នំពេញ)៖ ស្ថាប័នអយ្យការ គឺជាម្ចាស់បណ្តឹងអាជ្ញា ឬជាទូទៅត្រូវបានហៅថា «បណ្តឹងព្រហ្មទណ្ឌ»។ នេះបើតាមការបកស្រាយក្នុងប្រធានបទ ស្តីពី «បណ្តឹងអាជ្ញា» តាមរយៈកម្មវិធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ នាសប្តាហ៍កន្លងមក។ តើក្រៅពីភាគីអង្គការអយ្យការ មានភាគីណាផ្សេងទៀតក្នុង បណ្តឹងព្រហ្មទណ្ឌ? ឆ្លើយតបនឹងសំណួរនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទ ស្តីពី «ភាគីក្នុងរឿងក្តីព្រហ្មទណ្ឌ» មកធ្វើការពិពណ៌នាដូចតទៅ៖ តួអង្គសំខាន់ៗក្នុងបណ្តឹងព្រហ្មទណ្ឌមាន៖ *អង្គការអយ្យការ *ជនសង្ស័យ ជនល្មើស ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន ឬទណ្ឌិត *ជនរងគ្រោះ *ដើមបណ្តឹងរដ្ឋប្បវេណី *អ្នកទទួលខុសត្រូវរដ្ឋប្បវេណី ទី១៖ អង្គការអយ្យការ (ម្ចាស់បណ្ដឹងអាជ្ញា) អង្គការអយ្យការ ជាម្ចាស់បណ្ដឹងអាជ្ញា មាននៅអមគ្រប់សាលាជម្រះក្តី បំពេញតួនាទីការពារផលប្រយោជន៍ និងសណ្ដាប់ធ្នាប់សាធារណៈ។ នៅពេលពិនិត្យឃើញអង្គហេតុណាមួយ ដែលជាបទល្មើស អយ្យការត្រូវធ្វើការចោទប្រកាន់ និងសុំឲ្យអនុវត្តច្បាប់ចំពោះមុខយុត្តាធិការស៊ើបសួរ និងយុត្តាធិការជំនុំជម្រះ។ ជាទូទៅនៅពេលដែលតំណាងអយ្យការ រួមមាន៖ អគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង បានដឹង ឬបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ឬក៏កំណត់ហេតុពីមន្រ្តីនគរបាលយុត្តិធម៌ ពាក់ព័ន្ធនឹងអំពើល្មើសណាមួយ អាចធ្វើចំណាត់ការតាមជម្រើសពីរយ៉ាង (១) ការធ្វើការចោទប្រកាន់ទៅលើអំពើនោះ ឬ (២) សម្រេចតម្កល់រឿងទុកឥតចាត់ការ។ ករណីតំណាងអយ្យការពិនិត្យឃើញថា អំពើនោះមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ពីបទព្រហ្មទណ្ឌណាមួយ នោះអយ្យការត្រូវធ្វើការចោទប្រកាន់ ហើយអាចជ្រើសរើសបើកការស៊ើបសួរ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងទៅស៊ើបសួរ ឬតាមការបញ្ជូនទៅជំនុំជម្រះផ្ទាល់ តាមរយៈ ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ ឬនីតិវីធីបង្គាប់ឲ្យចូលបង្ហាញខ្លួនភ្លាម តាមរយៈកំណត់ហេតុស្ដីពី ការបង្គាប់ឲ្យចូលបង្ហាញខ្លួនភ្លាម។ ប៉ុន្តែប្រសិនបើអយ្យការយល់ឃើញថា អំពើទាំងនោះពុំមានធាតុផ្សំគ្រប់គ្រាន់ទេ អយ្យការអាចសម្រេចមិនធ្វើការចោទប្រកាន់ ដោយតម្កល់រឿងទុកឥតចាត់ការ តាមរយៈដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការ។ ទី២៖ ជនសង្ស័យ ជនល្មើស ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន ឬ ទណ្ឌិត ជនល្មើស គឺអាចជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តនូវអំពើល្មើសច្បាប់ណាមួយ ដែលខ្លួនត្រូវទទួលខុសចំពោះអំពើរបស់ខ្លួនតាមកំណត់ច្បាប់។ ផ្អែកតាមបញ្ញត្តិ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ការប្រើប្រាស់វាក្យស័ព្ទចំពោះជនដែលប្រព្រឹត្តបទល្មើសនេះ គឺប្រែប្រួលទៅតាមដំណាក់កាលនីមួយៗ នៃនីតិវិធីរបស់បណ្តឹងអាជ្ញាដូចជា នៅក្នុងដំណាក់កាលដំបូង នៃនីតិវីធី នៅពេលជនម្នាក់ ត្រូវបានឃាត់ខ្លួនដោយនគរបាលយុត្តិធម៌គេប្រើពាក្យ «ជនសង្ស័យ ជនជាប់សង្ស័យ ឬក៏ជនល្មើស» តែម្ដង។ នៅដំណាក់កាលអយ្យការ បានចាប់ផ្ដើមធ្វើការចោទប្រកាន់ ជនសង្ស័យប្រែក្លាយទៅជា «ជនត្រូវចោទ» ។ ពាក្យ «ជនត្រូវចោទ» ត្រូវបានប្រើរហូតដល់មានដីកាសម្រេចបញ្ជូនរឿងទៅជំនុំជម្រះ ដោយត្រូវហៅថា «ជនជាប់ចោទ» នេះបើយោងតាមមាត្រា២៩១ កថាខណ្ឌ២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ក្រោយពីមានសេចក្ដីសម្រេចផ្ដន្ទាទោស (សាលក្រម) លើជនជាប់ចោទហើយ គេហៅជនជាប់ចោទថា «ពិរុទ្ធជន» (មាត្រា ៣៦៥ និងមាត្រាបន្តបន្ទាប់ នៃក្រមនីតិវីធីព្រហ្មទណ្ឌ)។ ប្រសិនបើករណី ពិរុទ្ធជនប្ដឹងឧទ្ធរណ៍នឹងសាលក្រម ឬ ប្តឹងសាទុក្ខនឹងសាលដីកា ដែលសម្រេចផ្ដន្ទាទោសខ្លួន គេប្រើពាក្យ «ជនជាប់ចោទ» វិញ។ ម្យ៉ាងវិញទៀត ប្រសិនបើសាលក្រម ឬ សាលដីកាដែលសេចក្ដីសម្រេចផ្ដន្ទាទោសជនជាប់ចោទចូលស្ថាពរ ជននេះត្រូវហៅថា «ទណ្ឌិត» ដែលជាជនត្រូវអនុវត្តទោសក្នុងពន្ធនាគារ។ ទី៣៖ ជនរងគ្រោះ ជនរងគ្រោះ គឺជាបុគ្គលដែលទទួលរងគ្រោះដោយផ្ទាល់ ពីអំពើល្មើសរបស់ជនដែលប្រព្រឹត្តបទល្មើស។ ការខូចខាតដែលជនរងគ្រោះទទួលរង អាចជាព្យសនកម្មខាងរូបកាយ ផ្លូវចិត្ត ទ្រព្យសម្បត្តិ ជាដើម។ នៅក្នុងនីតិវិធី បណ្តឹងព្រហ្មទណ្ឌ ជនរងគ្រោះអាចដាក់ពាក្យបណ្តឹងរដ្ឋប្បវេណី ដើម្បីទាមទារសំណងពីជនល្មើស តាមទំហំនៃព្យសនកម្មដែលខ្លួនទទួលរង។ ទី៤៖ ដើមបណ្តឹងរដ្ឋប្បវេណី ដើមបណ្ដឹងរដ្ឋប្បវេណី មានក្នុងរឿងក្តីព្រហ្មទណ្ឌ នៅពេលដែលជនរងគ្រោះ នៃរឿងក្តីនោះ ជាអនីតិជន ឬ ជនស្ថិតក្រោមរបបអាណាព្យាបាលទូទៅ ឬជនស្ថិតក្រោមហិតូបត្ថម្ភ ដែលតម្រូវឲ្យអ្នកមានសិទ្ធិគ្រប់គ្រងលើជនរងគ្រោះដែលជាអនីតិជន ជនស្ថិតក្រោមរបបអាណាព្យាបាលទូទៅ ឬជនស្ថិតក្រោមហិតូបត្ថម្ភ ឬសិទ្ធិវ័ន្តរបស់ជនរងគ្រោះ អាចតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ដើម្បីទាមទារសំណងរដ្ឋប្បវេណីពីជនល្មើស។ ការតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី ត្រូវធ្វើឡើងក្នុងនាមផលប្រយោជន៍របស់ជនរងគ្រោះ និងអាចធ្វើនៅពេលណាក៏បាន ដរាបណាចៅក្រមមិនទាន់សម្រេចលើអង្គសេចក្ដី។ ទី៥៖ អ្នកទទួលខុសត្រូវរដ្ឋប្បវេណី អ្នកទទួលខុសត្រូវរដ្ឋប្បវេណី គឺជាជនទាំងឡាយណា ដែលច្បាប់តម្រូវឲ្យទទួលខុសត្រូវខាងសំណងរដ្ឋប្បវេណី ចំពោះទង្វើរបស់ជនល្មើស ដែលជននោះកំពុងស្ថិតនៅក្រោមការគ្រប់គ្រង របស់អ្នកទទួលខុសត្រូវរដ្ឋប្បវេណី ដែលច្បាប់ទទួលស្គាល់។ អ្នកទទួលខុសត្រូវរដ្ឋប្បវេណីអាចជា៖ *ឪពុកម្ដាយ ឬ អាណាព្យាបាលរបស់ជនល្មើសដែលជាអនីតិជន *អ្នកមានសិទ្ធិជាអាណាព្យាបាលទូទៅ ឬ ហិតូបត្ថម្ភកៈរបស់ជនល្មើស *សិទ្ធិវ័ន្តរបស់ជនល្មើស *និយោជករបស់ជនល្មើស *ក្រុមហ៊ុនធានារ៉ាប់រង៕

2020-04-22 09:53:07

យល់ដឹងផ្នែកច្បាប់៖ «បណ្ដឹងរដ្ឋប្បវេណី»

(ភ្នំពេញ)៖ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជា សហប្រតិបតិ្តការអន្តរជាតិ ក្នុងសប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «បណ្តឹងរដ្ឋប្បវេណី» មកធ្វើការបកស្រាយដូចតទៅ៖ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ តែងតែមាននូវទំនាក់ទំនង ឬការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ជាប្រចាំដូចជា ទំនាក់ទំនងញាតិ ការពឹងអាស្រ័យគ្នា ឬ តាមរយៈការ ​ប្រកបអាជីវកម្មផ្សេងៗជាអាទិ៍។ ទន្ទឹមនឹងនេះ ទំនាក់ទំនងមួយចំនួនបានបង្កើតឲ្យមានជាវិវាទ តាមរយៈភាពមិនចុះសម្រុងគ្នា បញ្ហាទំនាស់ផលប្រយោជន៍ ភាពមិនស្មោះត្រង់ ការបំពានសិទ្ធិ និងកាតព្វកិច្ចជាដើម។ នៅពេលវិវាទកើតឡើង គូវិវាទ នឹងព្យាយាមស្វែងរកដំណោះស្រាយ តាមរយៈវិធានដូចជាការចរចា ឬ ការសម្រុះសម្រួល ហើយក្នុងករណីដែល វិធានខាងលើនេះ មិនអាចសម្រេច ទៅបាន នោះនីតិវិធីបណ្តឹងតាមផ្លូវតុលាការ គឺជាយន្តការមួយយ៉ាងសំខាន់ និងមានប្រសិទ្ធិភាព ដែលអាចរកដំណោះស្រាយ និងផ្តល់យុត្តិធម៌តាមគោលការណ៍ច្បាប់ជូនគូវិវាទបាន។ ករណីវិវាទ ដែលកើតចេញពីទំនាក់ទំនងដូចរៀបរាប់ខាងលើ ហើយប្រសិនជាត្រូវបានភាគីវិវាទ លើកបណ្តឹងឡើងតាមផ្លូវតុលាការ ដើម្បីរកដោះស្រាយនោះបណ្តឹងនេះ ត្រូវបានហៅថា «បណ្តឹងរដ្ឋប្បវេណី»។ អ្វីទៅជាបណ្ដឹងរដ្ឋប្បវេណី? បណ្តឹងរដ្ឋប្បវេណី គឺជាសិទ្ធិមួយដែលច្បាប់ទទួលស្គាល់ សម្រាប់បុគ្គលឯកជន អាចជារូបវន្តបុគ្គល ឬ ជានីតិបុគ្គល ក្នុងការធ្វើបណ្តឹងទៅស្ថាប័នតុលាការ ឲ្យជួយដោះស្រាយនូវបញ្ហាដែលកើតមានឡើង ក្នុងគោលបំណងទាមទារឲ្យតុលាការចេញសាលក្រមតាមការទាមទារ ដោយផ្អែកតាម ភស្តុតាង និងគតិច្បាប់។ ម្យ៉ាងទៀតបណ្ដឹងរដ្ឋប្បវេណី គឺជាលិខិតលាយល័ក្ខណ៍ អក្សរដែលរៀបចំឡើងដោយដើមចោទ (ម្ចាស់បណ្ដឹង) ធ្វើការអះអាងអំពីអត្ថិភាព ឬនិត្ថិភាពនៃសិទ្ធិទាមទារ តាមច្បាប់សារធាតុ (ច្បាប់នីតិវិធី) ចំពោះឲ្យភាគីម្ខាងទៀត ហៅថាចុងចម្លើយ (អ្នកដែលត្រូវគេប្ដឹង)។ បណ្ដឹងរដ្ឋប្បវេណីមានកម្មវត្ថុ ដើម្បីទាមទារឲ្យតុលាការទទួលស្គាល់អត្ថិភាព ឬនត្ថិភាព នៃសិទ្ធិទាមទារ តាមច្បាប់សារធាតុ។ តើបណ្តឹងរដ្ឋប្បវេណីមានប៉ុន្មានប្រភេទ? បណ្តឹងរដ្ឋប្បវេណីមានបីប្រភេទ រួមមាន ១៖ បណ្តឹងទាមទារឲ្យផ្តល់តាវកាលិក, ២៖ បណ្តឹងទាមទារឲ្យបញ្ជាក់ និង៣៖ បណ្តឹងទាមទារឲ្យបង្កើត កែប្រែ ឬ រំលត់ទំនាក់ទំនងគតិយុត្ត។ ១៖ បណ្តឹងទាមទារឲ្យផ្តល់តាវកាលិក គឺជាបណ្តឹងទាមទារ ឲ្យតុលាការចេញសាលក្រម ដោយបង្គាប់ឲ្យចុងចម្លើយផ្តល់តាវកាលិក (វត្ថុ សកម្មភាព ឬ ជាកម្មវត្ថុនៃកាតព្វកិច្ច) ជាកំណត់មួយ ដោយផ្អែកលើការអះអាងអំពីអត្ថិភាពនៃសិទ្ធិទាមទារតាមផ្លូវច្បាប់។ ការទាមទារក្នុងបណ្តឹងនេះ អាចជាការទាមទារឲ្យប្រគល់ (ប្រាក់ ឬ វត្ថុ) ទាមទារឲ្យធ្វើសកម្មភាពជាកំណត់មួយ (ឧៈ តុលាការបង្គាប់ឲ្យចុងចម្លើយ រុះរើសម្ភារៈចេញពីផ្ទះជួល) ឬ ទាមទារមិនឲ្យធ្វើសកម្មភាពជាកំណត់មួយ (ឧៈ តុលាការបង្គាប់ឲ្យចុងចម្លើយផ្អាកការសាងសង់ផ្ទះ)។ ២៖ បណ្តឹងទាមទារឲ្យបញ្ជាក់ គឺជាបណ្តឹងទាមទារឲ្យតុលាការចេញសាលក្រមបញ្ជាក់នូវអត្ថិភាព ឬនត្ថិភាពនៃសិទ្ធិ ឬទំនាក់ទំនងគតិយុត្ត ដោយផ្អែកលើការអះអាងរបស់ដើមចោទ នូវសិទ្ធិ ឬទំនាក់ទំនងគតិយុត្តណាមួយ ដែលជាការទាមទារតាមផ្លូវបណ្តឹង។ ឧទាហរណ៍៖ ដើមចោទទាមទារ ឲ្យតុលាការចេញសាលក្រម ដែលមានខ្លឹមសារបញ្ជាក់អំពីអត្ថិភាព នៃសិទ្ធិលុបចោលរបស់ដើមចោទ ចំពោះកិច្ចសន្យាលក់ទិញដីរវាងដើមចោទ ជាមួយចុងចម្លើយ។ ៣៖ បណ្តឹងទាមទារឲ្យបង្កើត កែប្រែ ឬ រំលត់ទំនាក់ទំនងគតិយុត្ត គឺជាបណ្តឹងទាមទារ ឲ្យតុលាការចេញសាលក្រមប្រកាសបង្កើតជាថ្មី នូវទំនាក់ទំនងគតិយុត្ត ដោយផ្អែកលើការអះអាង អំពីអត្ថិភាពនៃសិទ្ធិ ឬ អំពីមូលហេតុនៃការបង្កើតទំនាក់ទំនងគតិយុត្តកំណត់មួយ ដែលជាការទាមទារតាមផ្លូវបណ្តឹង។ ឧទាហរណ៍៖ ដើមចោទទាមទារឲ្យតុលាការចេញសាលក្រម ដោយបង្គាប់ឲ្យដើមចោទលែងលះជាមួយចុងចម្លើយ។ តើបណ្តឹងរដ្ឋប្បវេណី ត្រូវធ្វើឡើងក្នុងទម្រង់បែបណា? បណ្តឹងរដ្ឋប្បវេណី ខុសពីបណ្តឹងព្រហ្មទណ្ឌ ដែលជាទូទៅអាចធ្វើឡើងតាមរយៈការរាយការណ៍ អំពីអង្គហេតុដោយផ្ទាល់មាត់ ឬ ការប្តឹងបរិហារទៅសមត្ថកិច្ចដោយផ្ទាល់មាត់។ បណ្តឹងរដ្ឋប្បវេណី ត្រូវធ្វើឡើងជាលាយល័ក្ខណ៍អក្សរ ដែលមានកំណត់យ៉ាងច្បាស់លាស់ក្នុងមាត្រា ៧៥ នៃក្រមនីតិវិធីរដ្ឋប្បវេណី។ ក្រៅពីកំណត់អំពីទម្រង់ជាលិខិតលាយល័ក្ខណ៍អក្សរ មាត្រាខាងលើដដែល ក៏បានកំណត់នូវចំណុចចាំបាច់មួយចំនួន ដែលត្រូវសរសេរក្នុងពាក្យបណ្តឹងរដ្ឋប្បវេណីរួមមាន៖ ឈ្មោះ ឬ នាមករណ៍ និងអាសយដ្ឋានរបស់ភាគី (ដើមចោទ និងចុងចម្លើយ) និងអ្នកតំណាងដែលច្បាប់បានកំណត់ប្រសិនបើមាន ខ្លឹមសារនៃសាលក្រមដែលដើមចោទទាមទារ ឲ្យតុលាការចេញ អង្គហេតុចាំបាច់ ដើម្បីបញ្ជាក់នូវការទាមទារ និងអង្គហេតុដែលជាមូលហេតុនៃការទាមទារ។ ក្នុងករណីដែលពាក្យបណ្តឹង បានធ្វើឡើងខុសពីទម្រង់ ដែលជាលក្ខខណ្ឌច្បាប់តម្រូវដូចរៀបរាប់ខាងលើ តុលាការអាចនឹងចេញដីការសម្រេចឲ្យធ្វើការកែតម្រូវ ក្នុងករណីដែលមិនបាន ធ្វើការកែតម្រូវលើចំណុចខ្វះខាតលើពាក្យបណ្តឹងទេ នោះតុលាការនឹងសម្រេចលើកពាក្យបណ្តឹងចោលនោះ ចោលដោយដីការសម្រេច។ បន្ថែមពីនេះ ទោះបីជាពាក្យបណ្តឹងនោះ ស្របតាមទម្រង់ដែលកំណត់ដោយច្បាប់ខាងលើក៏ដោយ ក៏តុលាការអាចសម្រេចលើកចោលពាក្យបណ្តឹងនោះផងដែរ បើសិនជាពាក្យបណ្តឹង របស់ដើមចោទធ្វើឡើងដោយផ្ទុយច្បាប់ ឬ ករណីបណ្តឹងជាន់គ្នាជាអាទិ៍ពោល គឺដើមចោទមិនមានផលប្រយោជន៍ស្របច្បាប់ណាមួយទាក់ទងនឹងពាក្យបណ្តឹងនោះ៕ រៀបចំដោយលោកមេធាវី ឡាន ស៊ីនីត សមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាមេធាវីនៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ!

2020-04-22 09:50:31