023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ ប្រទានកម្ម

(ភ្នំពេញ)៖ អំណោយ គឺជាភាសាសាមញ្ញមួយ ដែលត្រូវបានគេប្រើប្រាស់ជាទូទៅ មានន័យថា​ជាការឱ្យ ឬប្រគល់​នូវវត្ថុ ឬទ្រព្យ​សម្បត្តិ ដោយស្ម័គ្រចិត្តទៅ បុគ្គល​ម្នាក់ទៀត។ ប៉ុន្តែ​ក្នុងន័យ​ច្បាប់ អំណោយត្រូ​វបាន​កំណត់ថា ជាការផ្តល់ឱ្យ​ដោយ​មានឆន្ទៈ​ឯកតោភាគី ចំពោះ​បុគ្គល​ដែលបានកំ​ណត់​ជាក់លាក់ ហៅថា «ប្រទានកម្ម» ។ តើប្រទាន​កម្មជាអ្វី? តើត្រូ​វធ្វើដូច​ម្តេច​ទើបប្រ​ទាន​កម្ម​មាន​អានុ​ភាព​ស្របនឹ​ងច្បាប់? ដូចេ្នះដើ​ម្បី​ឲ្យជ្រាប​ច្បាស់ ក្នុងសប្តា​ហ៍​នេះ កម្មវិធីយ​ល់ដឹងផ្នែក​ច្បាប់រ​បស់​អង្គភាព​ព័ត៌មាន Fresh News សហការជាមួយ ក្រុម​មេធាវី​កម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ សូមលើក​យក​ប្រធាន​បទ «ប្រទានកម្ម» មកធ្វើ​ការប​ង្ហាញ​ជូន​សាធារណៈ​ជនឲ្យបានយល់​ដឹងដូ​ចខាង​ក្រោម៖ យោងតាមមាត្រា ៥៦៨ នៃក្រម​រដ្ឋប្បវេណី នៃព្រះរា​ណាចក្រ​កម្ពុជា ប្រទា​នកម្ម សំដៅ​ដល់កិច្ចសន្យាមួយ ដែល​ត្រូវមា​នអានុភាព ដោយ​ភាគីម្ខាង​បង្ហាញ​ឆន្ទៈ​ផ្តល់ទៅ​ឱ្យភា​គីម្ខាង​ទៀតនូវទ្រព្យ​សម្បត្តិ ដោយ​មិនយ​កថ្លៃ ហើយភាគី​ម្ខាងទៀត​យល់​ព្រមទទួល។ តាមរយៈនិ​យមន័យ​ខាងលើនេះ ប្រទា​នកម្ម ត្រូវបាន​បង្កើត​ឡើង ដោយ​មាន​ការព្រម​ព្រៀងរ​វាង អ្នកធ្វើ​អំណោយ ហៅថា ទាយក និង អ្នកទទួល​អំណោយ ហៅថា​បដិគ្គាហក តែប៉ុណ្ណោះ។ ប្រទានកម្ម អាច​ត្រូវបាន​ធ្វើឡើង​ដោយផ្ទា​ល់មាត់ ឬជាលា​យល័ក្ខណ៍អក្សរ ហើ​យកម្មវត្ថុ​នៃកិច្ចសន្យា​ប្រទានកម្ម អាច​ជាវត្ថុ ប្រាក់ ប៉ុន្តែ​ចំពោះ អចលនវ​ត្ថុវិញ ប្រទា​នកម្ម​នឹងមានអានុភាព​តាមផ្លូវ​ច្បាប់ លុះត្រា​តែបា​ន​ធ្វើលិ​ខិត​យថា​ភូត។ យោង​តាម​ច្បាប់​ប្រទានក​ម្មត្រូវបានបែ​ងចែ​កជា ៣ ប្រភេទ គឺ ប្រទាន​កម្ម​ដោយមា​នកំណត់​ពេល ប្រទានក​ម្មដោយមានភ្ជាប់បន្ទុក និងប្រ​ទានកម្ម​ដោយមូ​លហេតុម​រណៈភាព៖ ក. ប្រទាន​កម្មដោ​យ​មានកំណត់ពេល៖ គឺជា​ប្រទានកម្ម ដែល​ធ្វើឡើ​ងក្នុងគោ​លបំណង​ផ្តល់តាវកា​លិក​ដោយមា​នកំណត់​ពេល​ជាក់​លាក់មួយ នឹងត្រូ​វបាត់ប​ង់​អា​នុភាព នៅពេល​ដែលទាយ​ក ឬ​បដិគ្គា​ហកបានទទួល​មរណៈ​ភាព។ ខ. ប្រទានកម្មដោយ​មាន​ភ្ជាប់ប​ន្ទុក៖ ប្រទានកម្ម ដែលប​ដិគ្គាហកមា​នករ​ណី​យកិ​ច្ចត្រូវ​បាន​អនុវត្ត ការ​ផ្តល់តាវកាលិ​កជាកំណត់ ដើម្បីទ​ទួលទ្រព្យសម្បត្តិដែល​ជាក​ម្មវត្ថុ​នៃប្រទា​នកម្ម ត្រូវហៅថា ប្រទាន​កម្មដែ​លមាន​ភ្ជាប់បន្ទុក ។ ចំពោះ​ទាយក​ នៃប្រទានកម្ម​ដែល​មាន​ភ្ជាប់បន្ទុក អាចរំ​លាយកិ​ច្ច​សន្យាប្រទាន​កម្មដែ​លមាន​ភ្ជាប់​បន្ទុកនោះ នៅក្នុ​ងករណីដែ​លបដិគ្គាហកមិនបា​​នអនុវ​ត្តបន្ទុក។ គ. ប្រទាន​កម្មដោ​យមូលហេតុ​មរណភាព៖ ប្រទាន​កម្មនេះ​នឹង​មានអានុ​ភាពនៅក្រោ​យពេល​ដែលទាយ​កបាន​ទទួ​ល​មរណៈភាព។ មូលហេតុនៃការលុបចោលប្រទានកម្ម៖ ក. ការលុប​ចោលប្រទានក​ម្មដែលមិនធ្វើ​ជា​លាយល័ក្ខណ៍អក្សរ៖ ភាគី​នៃកិច្ច​សន្យា​អាចលុបចោ​លកិច្ចសន្យា​ប្រទាន​កម្មនេះ​បាន ប្រសិន​បើ​កិច្ចស​ន្យា​នោះមិនបានធ្វើឡើង​ជាលាយលក្ខណ៍​អក្សរ។ ប៉ុន្ដែចំពោះ​ផ្នែក​ដែល​បា​នអនុវត្ដ​រួចហើយ គឺមិន​អាចលុប​ចោលបា​ន​ទេ។ ខ. ការលុប​ចោលប្រទា​នកម្មដោយ​សារ​អំពើ​រំលោភ​លើទំនុក​ចិត្ត៖ ទាយ​កអាច​ធ្វើការ​លុបចោល​ប្រទាន​កម្មបាន​ក្នុងរយៈពេល ៥ ឆ្នាំ ប្រសិន​បើទា​យក​បានដឹងថា បដិគ្គា​ហកបាន​ធ្វើអំពើរំលោភ​លើទំនុក​ចិត្ដធ្ងន់​ធ្ងរចំ​ពោះខ្លួន ។ គ. ការលុបចោល​ប្រទាន​កម្មដោយសា​រភាពទីទ័ល​ក្ររប​ស់ទា​យក៖ ទាយកអា​ចធ្វើ​ការ​លុបចោលប្រទាន​កម្មដែល​បាន​អនុវត្ដ​ហើយបាន ក្នុងរយៈ​ពេល ៥ ឆ្នាំ គិតចាប់ពី​ពេល​ដែល​បាន​អនុវត្ដ ប្រសិន​បើទាយក​នោះ បានធ្លាក់ខ្លួនក្នុង​ស្ថានភាព​ទីទ័ល​ក្រ មិនអាច​រក្សាជីវភា​ពរស់នៅ របស់​ខ្លួន​ដោយផ្ទា​ល់​បាន។ ជារួមមក យើងអាច​ធ្វើការ​សន្និដ្ឋាន​បានថា កិច្ចសន្យា​ប្រទានកម្ម គឺជាកា​រស្ម័គ្រចិត្ត ក្នុងការ​ប្រគល់​នូវ វត្ថុ ឬទ្រព្យ​សម្បត្តិ​របស់ខ្លួន ឱ្យទៅ​ភាគីម្ខា​ងទៀត ដោយមា​នភ្ជាប់ប​ន្ទុក ឬករណីម​រណភាព​របស់ភាគី​ជាដើម។ យ៉ាងណាមិញ​ ប្រទានកម្ម នៅតែអាចកែប្រែបាននៅពេលកិច្ចសន្យាប្រ​ទានកម្មនោះ មិនបាន​ធ្វើឡើង​ជាលាយ​ល័ក្ខណ៍អ​ក្សរ ហើយផ្នែក​មិនទាន់បានកើ​តឡើង ប៉ុន្តែចំ​ពោះផ្នែក​ដែលបា​នអនុវត្ត​ហើយ ទាយកក៏អាច​ធ្វើកា​រទាមទារត្រ​លប់មកវិញ ក្នុងក​រណីមាន​ការរំលោ​ភលើ​ទំនុក​ចិត្តធ្ងន់ធ្ងរ និងភាព​ទីទ័ល​ក្ររ​បស់ទាយក ដែលការ​ទាមទារ​អាចធ្វើបានក្នុ​ងកំឡុង​ពេល ៥ ឆ្នាំ។ រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងអ្នកស្រី នូ ពិសី ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៧ ៧៧៧ ៣៩៤, អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/ Cambodia International Cooperation Law Group៕

2020-04-22 14:03:48

យល់ដឹងផ្នែកច្បាប់៖ បទល្មើសប្រើប្រាស់គ្រឿងញៀន

(ភ្នំពេញ)៖ គ្រឿងញៀន តែងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល ក្នុងនោះយុវជនគឺជាក្រុមដែលងាយរងគ្រោះជាងគេ ។ យុវជនមួយចំនួនតូចត្រូវបានគេអូសទាញឲ្យប្រើប្រាស់វា ដោយសារតែវាធ្វើឲ្យសប្បាយនៅគ្រាដំបូងៗ ។ គ្រឿងញៀនមានផលប៉ះពាល់ភ្លាមៗដល់ផ្លូវកាយ និងផ្លូវចិត្ត ហើយអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់បញ្ញា ស្មារតី និងផ្លូវអារម្មណ៍របស់យុវជន ។ បច្ចុប្បន្នបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភ និងកំពុងធ្វើឲ្យប៉ះពាល់ដល់សង្គម មិនថាទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ។ ឥទ្ធិពល នៃ​គ្រឿងញៀន​កំពុងបំ​ផ្លាញ​ធនធានមនុស្សកាន់តែច្រើនឡើងៗគួរឲ្យកត់សម្គាល់ ។ តើការប្រើប្រាស់គ្រឿងញៀនផ្តល់នូវផលប៉ះពាល់អ្វីខ្លះ សម្រាប់ខ្លួនឯង ក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិ? ព្រមទាំងត្រូវទទួលទណ្ឌកម្មដូចម្តេចខ្លះ ចំពោះការប្រើប្រាស់គ្រឿងញៀននេះ? សម្រាប់សបា្តហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់ដែលមាន​កិច្ច​សហកា​ររវាង​ក្រុមមេធាវីកម្ពុជាស​ហប្រតិបត្តិការ​អន្តរជាតិ និងអង្គភា​ព​សា​រព័ត៌មាន Fresh News សូមលើក​យកប្រ​ធានប​ទទា​ក់ទងនឹង «បទល្មើសប្រើប្រាស់គ្រឿងញៀន» មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋឲ្យបានយល់ដឹងដូចខាងក្រោម៖ យោងតាមមាត្រា ៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១២ បានចែងអំពីនិយមន័យនៃពាក្យ «គ្រឿងញៀន» ដែលសំដៅដល់រុក្ខជាតិញៀន សារធាតុញៀន និងសារធាតុគីមីផ្សំទាំងឡាយដែលបានកំណត់ក្នុងតារាងដែលជាឧបសម្ព័ន្ធនៃច្បាប់នេះ ។ តាមខ្លឹមសារនៃមាត្រា ៥ នៃច្បាប់ដដែល គ្រឿងញៀនត្រូវបានធ្វើចំណាត់ថ្នាក់ដូចខាងក្រោម៖ * តារាងទី១៖ រុក្ខជាតិ និងសារធាតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយដែលពុំមានផលប្រយោជន៍ខាងវេជ្ជ សាស្ត្រ រួមមានដូចជា ហេរ៉ូអ៊ីន កញ្ឆា ជ័រកញ្ឆា ប្រេងកញ្ឆា ។ល។ * តារាងទី២៖ រុក្ខជាតិ និងសារធាតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ប៉ុន្តែមានផលប្រយោជន៍ខាងវេជ្ជសាស្ត្រ រួមមានដូចជា កូកាអ៊ីន អាភៀន ទឹកកំហាប់ដើមអាភៀន ម័រហ្វីន មេតំហ្វេតាមីន ។ល។ * តារាងទី៣៖ រុក្ខជាតិ និងសារធាតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ ប៉ុន្តែមានផលប្រយោជន៍ខាងវេជ្ជសាស្ត្រ រួមមានដូចជា កេតាមីន ហ្វង់ទែរមីន ឡេហ្វេតាមីន ។ល។ * តារាងទី៤៖ សារធាតុគីមីទាំងឡាយដែលបានចាត់ថ្នាក់ក្នុងអនុសញ្ញារប​ស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងការចរាចរគ្រឿងញៀនខុសច្បាប់ និងសារធាតុដែល​ធ្វើឲ្យប៉ះពា​ល់ដល់ប្រព័ន្ធសរសៃ​ប្រសាទ ឆ្នាំ១៩៨៨ ឬក្នុងការអនុវត្តសញ្ញានេះប្រឆាំងនឹងការចរាចរគ្រឿងញៀនខុសច្បាប់ ។ សារធាតុនេះរួមមានដូចជា៖ ប្រេងម្រះព្រៅភ្នំ អាសេតូន អាស៊ីដក្ល័ររីឌ្រីក អាស៊ីដហ្វ័រមីក អាស៊ីដស៊ុលហ្វួរិក ។ល។ ប៉ុន្តែបើយើងក្រឡេកមើលនិយមន័យទូទៅ គេបានឲ្យនិយមន័យ «គ្រឿងញៀន» គឺជាសារធាតុដែលធ្វើឲ្យអ្នកប្រើផ្លាស់ប្តូរចិត្តអារម្មណ៍ និងអាកប្បកិរិយា ព្រមទាំង​ជួបគ្រោះ​ថ្នាក់ធ្ងន់ធ្ងរ​រហូតដល់ជីវិ​ត​ផង​ដែរ ។ «គ្រឿងញៀន» ជារុក្ខជាតិ ឬសារធាតុ​ចម្រាញ់​ចេញពីរុក្ខជាតិ​សារធាតុគី​មី​ដែលធ្វើឲ្យមាន ការផ្លា​ស់ប្តូរនូវមុខ​ងារផ្សេ​ងៗសា​រពាង្គកាយ​មនុស្ស ឬ​សត្វ ហើយជាពិ​សេសវាធ្វើឲ្យ​មាន​ការប្រែប្រួលប្រព័ន្ធសរសៃ​ប្រសាទ និងខួរក្បា​លនៅ​ពេល​ប្រើវា ។ ការប្រើប្រាស់គ្រឿងញៀន​វាផ្តល់នូវផលប៉ះពាល់ទៅដល់អ្នកប្រើ ក្រុម​គ្រួសារ ព្រមទាំង​សង្គមជាតិ ដូចជា៖ * ផលប៉ះពាល់ចំពោះបុគ្គលអ្នកប្រើ មានដូចជា ប៉ះពាល់ចំពោះសុខភាពផ្លូវកាយ ដែលនៅពេលបុគ្គលនោះប្រើប្រាស់គ្រឿងញៀន គឺវាបានជ្រាបចូលក្នុងសរីរាង្គរបស់មនុស្សមានថ្លើម បេះដូង តម្រងនោម និងសួត ហើយបង្កឲ្យមានជម្ងឺដោយសារធាតុពុល និងជម្ងឺឆ្លងផ្សេងៗ រាងកាយស្គមស្គាំង ស្លេកស្លាំង មិនងងុយដេក មិនឃ្លានអាហារ និងកម្លាំងចុះថយ ។ សម្រាប់ស្រ្តីមានផ្ទៃពោះ ប្រសិនបើប្រើប្រាស់គ្រឿងញៀន អាចមានឥទ្ធិពលផ្ទាល់ទៅលើទារកក្នុងផ្ទៃ ទាំងរាងកាយ និងខួរក្បាល ។ សម្រាប់សុខភាពផ្លូវចិត្ត វាផ្តល់នូវផលប៉ះពាល់ដូចជា សតិស្មារតីមិនប្រក្រតី គ្មានភាពច្បាស់លាស់នូវការឃើញ ការស្តាប់ ការចងចាំថយចុះ ឬបាត់បង់តែម្តង នៅពេលដែលប្រើប្រាស់គ្រឿងញៀនលើសកម្រិត ។ * ផលប៉ះពាល់ចំពោះក្រុមគ្រួសារ មានដូចជា បាត់បង់កិតិ្តយស បំផ្លាញទ្រព្យសម្បត្តិគ្រួសារ បង្កភាពភ័យខ្លាច អំពើហិង្សាក្នុងគ្រួសារ ខាតបង់ថវិកាជាដើម ។ * ផលប៉ះពាល់ចំពោះសង្គមជាតិ មានដូចជា បង្កនូវអំពើអសីលធម៌ផ្សេងៗ (អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងផ្លូវភេទ) គ្រោះថ្នាក់ចរាចរណ៍ ការប្រព្រឹត្តអំពើឆក់ប្លន់ និងបទឧក្រិដ្ឋផ្សេងៗ រួមទាំងបាត់បង់ធនធានមនុស្សជាដើម ។ ចំពោះទោសទណ្ឌនៃការប្រើប្រាស់គ្រឿងញៀន យោងតាមមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១២ បានបញ្ញត្តិថា ជនណា​ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដែលស្ថិ​តនៅក្នុងតារាងទី ១ និងតារាងទី ២ តាមគ្រ​ប់រូបភាព និងធ្លាប់ត្រូវបានទទួល​រងនូវវិធាន​ការព្យាបាលដោយបង្ខំ ត្រូវផ្តន្ទាទោ​សដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៦ (ប្រាំមួយ) ខែនិងអាចត្រូវផ្តន្ទា​​ទោស​ពិន័យជា​ប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១.០០០.០០០(មួយលាន) រៀល ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងអាចត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល ។ ការប៉ុនប៉ងប្រព្រឹត្តបទមជ្ឈិមដែលមានចែងក្នុងកថាខណ្ឌទី១ និងទី២ ខាងលើនេះ ត្រូវផ្តន្ទាទោសដូចគ្នានឹងបទមជ្ឈិមខាងលើដែរ ។ ប្រសិនបើបទល្មើសត្រូ​វបានប្រព្រឹត្តដោយសារធាតុញៀនដែ​លស្ថិត​នៅក្នុ​ងតារាងទី១ និងតារាងទី២ មានបរិមាណតិចតួច និងប្រព្រឹត្តក្នុងក្របខ័ណ្ឌទទួលទា​នតាម​ទម្លាប់​ព្រះរាជអាជ្ញាអាច​ឲ្យជនប្រព្រឹត្តរួចខ្លួ​នពីបទចោទ ។ ប្រសិនបើរឿងនេះទៅដល់តុលាការ តុលាការអាចសម្រេចឲ្យ​ចារីនៃ​ហេតុការណ៍នេះ​មិនបាច់​ទទួលទោ​ស ឬគ្រាន់តែស្តីបន្ទោសជ​ន​នោះតែប៉ុ​ណ្ណោះ ។ ត្រូវចាត់ទុ​កថាជា​ការទទួលទា​នតាមទម្លាប់ ការទទួលទា​នដែលមិនប​​ណ្តាលឲ្យញៀន​ ហើយអ្នកទទួលទាន​ជាអ្នកស្រុ​កទទួលទាន​តាមដូ​ន​តាធ្លាប់ប្រព្រឹ​ត្តជាយូរម​កហើយ​ ។ បទល្មើសតាមខ្លឹមសារនៃមាត្រា ៤៥ នេះ ត្រូវមានលក្ខខណ្ឌចំនួនពីរយ៉ាងគឺ៖ * ជនល្មើសបានប្រើប្រាស់ដោយផ្ទាល់ខ្លួននូវគ្រឿងញៀន ដែលស្ថិតក្នុងតារាងទី ១ និងតារាងទី ២ ដូចជា ជក់ ហិត លេប ឬ ចាក់បញ្ចូលជាដើម ។ * ជនល្មើសធ្លាប់បានទទួលរងនូវវិធានការព្យាបាលដោយបង្ខំ រួចម្តងមកហើយ ។ យោងតាមមាត្រា ១០៧ នៃច្បាប់ដដែល ចំពោះការព្យាបាល និងការស្តារនីតិសម្បទាដោយបង្ខំ អាចធ្វើបានក្នុងករណីដែលបុគ្គលនោះស្ថិតក្នុងស្ថានភាពញៀនគ្រឿងញៀនធ្ងន់ធ្ងរ និងមានការគំរាម​កំហែ​ង​យ៉ាងជាក់​ស្តែងថា​នឹង​មានគ្រោះថ្នាក់ធ្ងន់ធ្ងរភ្លាមៗ ចំពោះអ្នកញៀនគ្រឿងញៀនខ្លួនឯង និងអ្នកដទៃ ឬក៏ក្នុងករណីដែលអ្នកញៀនគ្រឿ​ងញៀនខ្វះសមត្ថភាព ក្នុងការសម្តែងឆន្ទៈ​ទទួលយក​ការព្យាបាល និងការស្តារនីតិសម្បទាដោយស្ម័គ្រចិត្ត ។ វិធានការនេះអាចត្រូវបង្ខំដោយព្រះរាជអាជ្ញា ឬ ចៅក្រមស៊ើបសួរ ឬ ចៅក្រមជំនុំជម្រះ ។ ឧទាហរណ៍៖ លោក «ក» បានញៀនគ្រឿងញៀនធ្ងន់ធ្ងរ ហើយត្រូវបានឪពុកម្តាយប្តឹងទៅតុលាការ ដើម្បីចាត់វិធានការព្យាបាល និងស្តារនីតិសម្បទា ។ ក្រោយពីគ្រូពេទ្យបានពិនិត្យរួច គ្រូពេទ្យយល់ឃើញថាលោក «ក» ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហេតុដូច្នេះទើបតុលាការបានសម្រេចចេញជាដីកាសម្រេចបង្ខំឲ្យមានការព្យាបាល និងការស្តារនីតិសម្បទា ទោះបីជាលោក «ក» មិនបានយល់ព្រមទទួលការព្យាបាលបែបនេះក៏ដោយ ។ ក្រោយពីបានទទួលការព្យាបាលចប់សព្វគ្រប់ហើយ លោក «ក» នៅតែលួចទៅជក់គ្រឿងញៀនជាមួយនឹងមិត្តភក្តិរបស់ខ្លួនទៀត ហើយបន្ទាប់មកក៏ត្រូវបានឃាត់ខ្លួន ។ ក្នុងករណីនេះ លោក «ក» ស្ថិតក្នុងស្ថានភាពដែលត្រូវផ្តន្ទាទោសតាមបញ្ញតិ្តមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ សរុបជារួម ការប្រើប្រាស់គ្រឿងញៀន មិនមែនជាវិធីសាស្ត្រមួយល្អក្នុងការដោះស្រាយនូវបញ្ហានោះទេ ព្រោះថាការប្រើប្រាស់គ្រឿងញៀនវាអាចបណ្តាលឲ្យមានផលប៉ះពាល់មិនថាទាំងខ្លួនឯង ក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិផងដែរ ។ មិនតែប៉ុណ្ណោះបុគ្គលដែលប្រើប្រាស់គ្រឿងញៀននោះអាចនឹងឈានដល់ការទទួលនូវទោសពិន័យ ក៏ដូចជាទោសពន្ធនាគារផងដែរ ប្រសិនបើការប្រើប្រាស់គ្រឿងញៀននោះលើសចំណុះ ដូចមានចែងក្នុងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ រៀបរៀងដោយ៖ លោក ប៊ុន វិទូ និងកញ្ញា សាំង សុភាព ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕

2020-04-22 14:00:32

យល់ដឹងផ្នែកច្បាប់៖ បទល្មើស​ជួញដូរ​ដោយ​ខុស​ច្បាប់នូ​វសារ​ធា​តុញៀន

(ភ្នំពេញ)៖ វត្តមានគ្រឿង​ញៀន​ជាចំណែកមួយ​ដ៏ធំក្នុងកា​របង្កទុក្ខកង្វល់ដល់​ប្រជាពលរដ្ឋ និងសង្គមជាតិ ព្រមទាំងមាន​លប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់​សណ្តាប់ធ្នាប់ សាធារណៈផងដែរ។ ជនខិល​ខូចមួយចំនួ​នតូចដែលគិតតែ​ផលប្រយោជន៍ផ្ទាល់ខ្លួន បានឆ្លៀតឱកាសលក់ទិញ ដោះដូរដោយខុសច្បាប់នូវ​សារធាតុញៀន ពុំខ្វល់​ពីឥ​ទ្ធិពលអា​ក្រក់ដែល​ប៉ះពាល់​ដល់ប្រទេស​ជាតិឡើ​យ។ ដើម្បីគ្រប់​គ្រង និងទប់ស្កាត់ការជួញ​ដូរដោយខុ​សច្បាប់នូវសា​រធាតុញៀន ប្រទេសកម្ពុជា​បានបង្កើតឱ្យ​មាន «ច្បាប់ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន» ក្នុងគោល​បំណង​ត្រួត​ពិនិត្យ បង្ការ ទប់ស្កាត់ និងប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន។ ដើម្បីឲ្យជ្រា​បកាន់តែច្បាស់ពីសកម្មភាព​បែបណា​ដែលត្រូវ​បានចាត់ទុកថាជា​ការជួញដូរគ្រឿងញៀន? ហើ​យជនដែល​ប្រព្រឹត្តអំពើនេះត្រូវផ្តន្ទាទោស​កម្រិតណា​? ដូច្នេះសម្រាប់សប្ដាហ៍នេះ​កម្មវិធីយ​ល់ដឹងផ្នែ​កច្បាប់របស់អង្គភាព​ព័ត៌មាន Fresh News សហការ​ជាមួ​យ ក្រុមមេ​ធាវីកម្ពុជា​សហ​ប្រតិបត្តិការ​អ​ន្តរជាតិ សូមលើក​យកប្រធានបទស្ដីអំពី « បទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» មកបង្ហាញ​ជូនបងប្អូ​ន​ប្រជាពលរដ្ឋ សិស្ស ​និស្សិត​ដូចតទៅ៖ យោងតាម​មាត្រា ៤០ នៃច្បាប់ស្ដី​ពីការត្រួតពិនិត្យគ្រឿ​ងញៀ​ន ឆ្នាំ២០១២ បញ្ញតិ្តថា «អំពើជួញ​ដូរដោយ​ខុសច្បាប់​នូវសារធា​តុញៀន» ជាការផ្ដល់​សម្រាប់​លក់ ការលក់ ​ការទិ​ញដើម្បីលក់ ឬដោះ​ដូរ និងការដោះ​ដូរដោ​យខុស​ច្បាប់​នូវសារធាតុញៀន។ ជនល្មើសដែលជួញដូរដោយខុសច្បា​ប់នូវសារធា​តុញៀ​នដែលស្ថិតនៅក្នុង​តារាងទី១ និងតារាងទី២ ត្រូវផ្ដន្ទាទោ​សដាក់ព​ន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ។ ក្រៅពី​ការដា​ក់ពន្ធនាគារជ​នល្មើ​សនឹងអាច​ត្រូវទទួលប​ន្ថែមនូវទោ​សពិន័យជា​ប្រាក់ពី ៤.០០០.០​០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ។ ចំពោះតារាងទី១ សំដៅលើ រុក្ខជាតិ និងសារធាតុដែលបណ្តាល​ឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយដែល​ពុំមាន​ផលប្រ​យោជន៍​ខាងវេជ្ជសាស្ត្រ រួ​មមានដូចជា ហេរ៉ូអ៊ីន កញ្ឆា ជ័រកញ្ឆា ប្រេងកញ្ឆា។ តារាងទី២ រុក្ខជាតិ និងសារធាតុដែ​លបណ្តាលឲ្យ​មានគ្រោះថ្នាក់​ធ្ងន់ធ្ងរ ប៉ុន្តែមាន​ផលប្រយោជន៍​ខាងវេជ្ជ​សាស្ត្រ រួមមានដូចជា កូកាអ៊ីន​ អាភៀន ទឹកកំហាប់ដើ​មអាភៀន ម័​រហ្វីន មេតំ​ហ្វេតាមីន​។ ចំពោះ​ស្ថាន​ទម្ងន់ទោសពាក់ព័ន្ធ​នឹងបទល្មើ​សខាងលើ បា​នកំណត់​កម្រិត​ទោសដូ​ចខា​ងក្រោម៖ ត្រូវផ្តន្ទា​ទោស​ជាប់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ និងផ្ដន្ទាទោសពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ក្នុងករណីដែលប្រព្រឹត្តបទល្មើស ស្ថិតក្នុងស្ថានភាពណាមួយដូចខាងក្រោម៖ ១. បទល្មើសត្រូវបានប្រព្រឹត្តច្រើនដង ២. បទល្មើសត្រូវបានប្រព្រឹត្តនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ នៅក្នុងឱកាសនៃការបំពេញមុខងារ ៣. ជ័រអាភៀន ជ័រកញ្ឆា ឬកាវកូកា មានបរិមាណសុទ្ធចាប់ពី ៤០០ (បួនរយ) ក្រាម រហូតក្រោម ៨០០ (បួនរយ) ក្រាម។ ៤. ប្រេងកញ្ឆាមានបរិមាណសុទ្ធចាប់ពី ២០០ (ពីររយ) ក្រាម រហូតដល់ក្រោម ៤០០ (បួនរយ) ក្រាម។ ៥. ម័រហ្វីន ហេរ៉ូអ៊ីន ឬកូកាអ៊ីនមានបរិមាណសុទ្ធចាប់ពី ៤ (បួន) ក្រាម រហូតដល់ក្រោម ២៥ (ម្ភៃប្រាំ) ក្រាម។ ៦. អំហ្វេតាមីន មេតំហ្វេតាមីន ឬអ៊ិចស្តាស៊ី មានបរិមាណសុទ្ធចាប់ពី ១៥ (ដប់ប្រាំ) ក្រាម រហូតដល់ក្រោម ៨០ (ប៉ែតសិប) ក្រាម។ ៧. កញ្ឆាស្ងួត ឬស្លឹកកូកា មានបរិមាណចាប់ពី ៨ (ប្រាំបី) គីឡូក្រាម រហូតដល់ក្រោម ២០ (ម្ភៃ) គីឡូក្រាម។ ៨. ផ្លែអាភៀនស្រស់មានបរិមាណចាប់ពី ៨ (ប្រាំបី) គីឡូក្រាម រហូតដល់ក្រោម ៤០ (សែសិប) គីឡូក្រាម។ ៩. ផ្លែអាភៀនស្ងួតមានបរិមាណចាប់ពី ៤០ (សែសិប) គីឡូក្រាម រហូតដល់ក្រោម ១៦០ (មួយរយ ហុកសិប) គីឡូក្រាម។ ១០. បណ្តាសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតមានបរិមាណសុទ្ធចាប់ពី ១៥ (ដប់ប្រាំ) ក្រាម រហូតដល់ ៨០ (ប៉ែតសិប) ក្រាម។ ១១. សារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតចាប់ពីពីរប្រភេទឡើងទៅ ហើយមានបរិមាណសុទ្ធសារធាតុញៀន ដែលបានកំណត់នៅក្នុងចំណុចណាមួយចាប់ពីចំណុចទី៣ ដល់ចំណុចទី១០ នៃកថាខណ្ឌនេះ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ២០.០០០.០០០ (ម្ភៃលាន) រៀល ទៅ ៤០.០០០.០០០ (សែសិបលាន) រៀល ក្នុងករណីដែល​ការប្រព្រត្តឹប​ទល្មើស ស្ថិតក្នុងស្ថាន​ភាពណា​មួយខាង​ក្រោម៖ ១. ជ័រអាភៀន ជ័រកញ្ឆា ឬកាវកូកា មានបរិមាណសុទ្ធចាប់ពី ៨០០ (ប្រាំបីរយ) ក្រាម រហូតក្រោម ១.៦០០ (មួយពាន់ប្រាំមួយរយ) ក្រាម។ ២. ប្រេងកញ្ឆាមានបរិមាណសុទ្ធចាប់ពី ៤០០ (បួនរយ) ក្រាម រហូតដល់ ៨០០ (ប្រាំបីរយ) ក្រាម។ ៣. ម័រហ្វីន ហេរ៉ូអ៊ីន ឬកូកាអ៊ីនមានបរិមាណសុទ្ធចាប់ពី ២៥ (ម្ភៃប្រាំ) ក្រាម រហូតដល់ក្រោម ៨០ (ប៉ែតសិប) ក្រាម។ ៤. អំហ្វេតាមីន មេតំហ្វេតាមីន ឬអ៊ិចស្តាស៊ី មានបរិមាណសុទ្ធចាប់ពី ៨០ (ប៉ែតសិប) ក្រាម រហូតដល់ក្រោម ២៤០ (ពីររយសែសិប) ក្រាម។ ៥. កញ្ឆាស្ងួត ឬស្លឹកកូកា មានបរិមាណចាប់ពី ២០ (ម្ភៃ) គីឡូក្រាម រហូតដល់ក្រោម ៦០ (ហុកសិប) គីឡូក្រាម។ ៦. ផ្លែអាភៀនស្រស់មានបរិមាណចាប់ពី ៤០ (សែសិប) គីឡូក្រាម រហូតដល់ក្រោម ១២០ (មួយរយម្ភៃ) គីឡូក្រាម។ ៧. ផ្លែអាភៀនស្ងួតមានបរិមាណចាប់ពី ១៦០ (មួយរយហុក) គីឡូក្រាម រហូតដល់ក្រោម ៤៨០ ( បួនរយប៉ែតសិប) គីឡូក្រាម។ ៨. បណ្តាសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតមានបរិមាណសុទ្ធចាប់ពី ៨០ (ប៉ែតសិប) ក្រាម រហូតដល់ ២៤០ (ពីររយសែបសិប)ក្រាម។ ៩. សារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតចាប់ពីពីរប្រភេទឡើងទៅ ហើយមានបរិមាណសុទ្ធសរុបនៃសារធាតុ ស្មើនិងបរិមាណសុទ្ធសារធាតុញៀនដែលបានកំណត់នៅក្នុងចំណុចណាមួយចាប់ពីចំណុចទី១ ដល់ចំណុចទី ៨ នៃកថាខណ្ឌនេះ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២០ (ម្ភៃ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំឬអស់មួយជីវិត និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៤០.០០០.០០០ (សែសិបលាន) រៀល ទៅ ១០០.០០០.០០០ (មួយរយលាន) រៀល ក្នុងករណីដែលការប្រព្រត្តឹបទល្មើស ស្ថិតក្នុងស្ថានភាពណាមួយខាងក្រោម៖ ១. ជ័រអាភៀន ជ័រកញ្ឆា ឬកាវកូកា មានបរិមាណសុទ្ធចាប់ពី ១.៦០០ (មួយពាន់ប្រាំមួយរយ) ក្រាមឡើយទៅ។ ២. ប្រេងកញ្ឆាមានបរិមាណសុទ្ធចាប់ពី ៨០០ (ប្រាំបីរយ) ក្រាម ឡើងទៅ។ ៣. ម័រហ្វីន ហេរ៉ូអ៊ីន ឬកូកាអ៊ីនមានបរិមាណសុទ្ធចាប់ពី ៨០ (ប៉ែតសិប) ក្រាមឡើងទៅ។ ៤. អំហ្វេតាមីន មេតំហ្វេតាមីន ឬអ៊ិចស្តាស៊ី មានបរិមាណសុទ្ធចាប់ពី ២៤០ (ពីររយសែសិប) ក្រាម ឡើងទៅ។ ៥. កញ្ឆាស្ងួត ឬស្លឹកកូកា មានបរិមាណចាប់ពី ៦០ (ហុកសិប) គីឡូក្រាម ឡើងទៅ។ ៦. ផ្លែអាភៀនស្រស់មានបរិមាណចាប់ពី ១២០ (មួយរយម្ភៃ) គីឡូក្រាម ឡើងទៅ។ ៧. ផ្លែអាភៀនស្ងួតមានបរិមាណចាប់ពី ៤៨០ (បួនរយប៉ែតសិប) គីឡូក្រាម ឡើងទៅ។ ៨. បណ្តាសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតមានបរិមាណសុទ្ធចាប់ពី ២៤០ (ពីររយសែបសិប) ក្រាម ឡើងទៅ។ ៩.សារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតចាប់ពីពីរប្រភេទឡើងទៅ ហើយមានបរិមាណសុទ្ធសរុបនៃសារធាតុស្មើនិងបរិមាណសុទ្ធសារធាតុញៀនដែលបានកំណត់នៅក្នុងចំណុចណាមួយ ចាប់ពីចំណុចទី១ ដល់ចំណុចទី ៨ នៃកថាខណ្ឌនេះ។ ចំពោះការកាន់កាប់ ការលាក់ទុក សន្និធិ និងសកម្មភាព​ប្រហាក់​ប្រហែល​ផ្សេងទៀត និងការបញ្ជូន​តាមគ្រប់រូប​ភាព​ដែលនាំ​ឱ្យមានការផ្លា​ស់ទីពីទីកន្លែង​មួយ​ទៅទីកន្លែង​មួយ​ទៀតពីមនុ​ស្សម្នាក់​ទៅមនុស្ស​ម្នាក់ទៀត ពីប្រទេស​មួយទៅប្រទេសមួយទៀត ឬ តា​មរយៈការផ្ញើ ការធ្វើចរា​ចរ ការនាំចូល​ការនាំចេញ នូវសា​រធា​តុញៀន ក៏ត្រូវ​ទទួល​ការផ្តន្ទាទោ​សក្នុ​ងមាត្រា៤០​ នៃច្បាប់ស្តី​ពីការត្រួតពិនិ​ត្យគ្រឿ​ងញៀន​ នេះដែរ ។ សរុបមកច្បាប់ស្ដីពីការត្រួត​ពិនិត្យ​គ្រឿងញៀន បានកំ​ណត់​ទោស​យ៉ាងតឹ​ងរឹងរ​ហូត​ឈានដ​ល់ការជា​ប់ពន្ធនាគា​រអស់មួយ​ជីវិតទៀត​ផង។ ទន្ទឹមនឹ​ងនេះ រាជរដ្ឋា​ភិបាលកម្ពុជា​បា​ន និងកំពុ​ង​ធ្វើយុទ្ធនាការយ៉ាងសកម្មដើម្បីប្រ​យុទ្ធប្រឆាំងគ្រឿ​ងញៀ​នខុសច្បាប់ ក្នុង​គោល​បំណងលុបបំបា​ត់ការជួញ​ដូរ និងការ​ប្រើប្រាស់​គ្រឿង​ញៀនដោយខុ​សច្បាប់នៅទូទាំ​ងប្រទេស។ រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា គន្ធ វិជិតា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 14:01:38

យល់ដឹងផ្នែកច្បាប់៖ ប្រធានបទការចុះបញ្ជីពាណិជ្ជកម្ម

(ភ្នំពេញ)៖ យោងតាមច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម​របស់ក្រសួង​ពាណិជ្ជកម្មនៃ​ព្រះរាជាណាចក្រកម្ពុជា នៅពេលអ្នក​ចង់បង្កើតអាជីវកម្ម ដើម្បីស្វែងរកប្រាក់ចំណេញ អ្នកត្រូវធ្វើការចុះបញ្ជីពាណិជ្ជកម្មលើអាជីវកម្មរបស់អ្នកនៅក្រសួងពាណិជ្ជកម្ម ។ តើហេតុអ្វីបានជារាជរដ្ឋាភិបាល តម្រូវអោយធ្វើការចុះបញ្ជីពាណិជ្ជកម្ម? ពីព្រោះការចុះបញ្ជីពាណិជ្ជកម្ម វាពិតជាមានសារៈសំខាន់ណាស់ ដើម្បីបង្ហាញថា អាជីវកម្មមួយ​ជា​អាជីវកម្មស្រប​ច្បាប់ និងទទួលបាន ការការពារ​ដោយ​ច្បាប់​នៅពេលមានជម្លោះ ឬក៏បញ្ហា​ណាមួយ​ដែលកើតឡើង​ជាយ​ថាហេតុ ។ ប៉ុន្តែការចុះបញ្ជីនេះទៀតសោត ទាមទារឱ្យមានការយល់ដឹងពី ផ្នែកហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ នៅក្នុង​អាជីវក​ម្មនីមួយៗ ឬនិយាយ​ឱ្យចំគឺ លំហូរសាច់ប្រាក់ នៅក្នុងអាជីវកម្មរបស់ខ្លួនថា អា​ចរក​ប្រាក់ចំណូល និងចំណេញបា​ន​ប៉ុណ្ណា​ដែរ។ ដូច្នេះការចុះបញ្ជី​ពាណិជ្ជកម្ម​ស្រប​ទៅនឹ​ងស្ថានភាពបច្ចុប្បន្ន គឺធ្វើឡើង​ដើម្បីធានាឱ្យ​បាន​នូវភាព​ស្របច្បាប់ រួមមាន​ឈ្មោះក្រុមហ៊ុន ប្រភេទ​ក្រុមហ៊ុនជា (ឯកកម្មសិទ្ធិ សហកម្មសិទ្ធិ ក្រុមហ៊ុន​ឯកជន​ទទួល​ខុសត្រូ​វ​មានកម្រិត ក្រុមហ៊ុនសាធា​រណៈទទួលខុ​សត្រូវមានកម្រិត និងក្រុមហ៊ុន​បរទេសជាដើម…) ផលិតផល និងសេ​វាកម្មរបស់ក្រុមហ៊ុនអ្នក ។ បន្ទាប់ពីបានធ្វើការចុះ​បញ្ជី​ពាណិជ្ជកម្ម​រួចមក អាជីវកម្ម​របស់អ្ន​ក​នឹងត្រូវ​ទទួលបា​នលិ​ខិតបញ្ជាក់ ព្រមទាំ​ងទទួល​បានកា​រការ​ពារទៀតផង ប្រសិន​បើមាន​ការច​ម្លងឈ្មោះ ឬផលិតផល​ជាដើម ។ ដូច្នេះ ដើម្បីឱ្យកាន់តែច្បាស់ ក្នុងសប្តា​ហ៍នេះ កម្មវិធីយល់​ដឹងផ្នែកច្បាប់ ដែល​មានកិច្ចស​ហការរ​វាងអង្គភាព សារព័ត៌មាន Fresh News ជាមួយ​ក្រុមមេធា​វីកម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ សូមលើក​យកប្រធានបទ «ការចុះបញ្ជីពាណិជ្ជកម្ម» មកធ្វើការប​ង្ហាញ​ជូនបង​ប្អូនប្រ​ជាពលរដ្ឋ​ទាំងអស់​ដូចខាងក្រោម៖ យោងតាមប្រកាសលេខ ២១៣ ព.ណ ចបព.ប្រក ប្រការ១ របស់​ក្រសួង​ពាណិជ្ជកម្ម ការចុះបញ្ជី​ពាណិជ្ជកម្ម គឺជាកាតព្វកិច្ចដែល​ពាណិជ្ជករ និងក្រុមហ៊ុន​ពាណិជ្ជកម្ម ដែលមាន​គ្រឹះស្ថាន សាខា ការិយាល័យ តំណាង បុត្រសម្ព័ន្ធ ឬទីភ្នាក់ងារ​របស់ខ្លួន ​នៅព្រះ​រាជាណាចក្រកម្ពុជា ត្រូវចុះ​ឈ្មោះក្នុងបញ្ជី​ពាណិជ្ជ​កម្ម នៅក្នុង​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិសម្រាប់ ចុះបញ្ជី​ពាណិជ្ជកម្ម​របស់ក្រ​សួងពាណិជ្ជក​ម្ម​តាមរយៈគេ​ហទំព័រៈ www.businessregistration.moc.gov.kh ។ ប៉ុន្ដែ​បើពុំអា​ចធ្វើ​ការ​បំពេញ​ព័ត៌មាន និងបញ្ចូល​លក្ខខណ្ឌ​តម្រូវក្នុង ប្រព័ន្ធស្វ័យ​ប្រវត្តិ​បានដោយ​ខ្លួនឯង​នោះទេ ត្រូវមក ក្រសួ​ងពាណិជ្ជ​កម្មដើ​ម្បីស្នើសុំ​ឱ្យម​ន្ដ្រីចុះ​បញ្ជី​បំពេញជំ​នួស​បាន (ប្រការ២ នៃប្រកាសដដែល) ។ ចំណែកឯ លក្ខខណ្ឌ​ក្នុងការចុះ​បញ្ជីពា​ណិជ្ជកម្ម អ្នកត្រូ​វបំពេញ​នូវសំ​ណុំ​ឯកសារ តាម​បែប​បទ​ដែល​ក្រសួង​បានកំ​ណត់ ហើយប​ន្ទាប់ពី​បំពេញ​រួចរាល់ អ្នក​ត្រូវបង់ថ្លៃ​​សេវាក្នុ​ងការសិក្សាសំណុំ​ឯកសារ​​ចុះបញ្ជី ។ នៅពេលដែលការចុះបញ្ជីពាណិជ្ជកម្ម បានសម្រេចអ្នកនឹងទទួលបាន លិខិតបញ្ជាក់ពីការចុះបញ្ជីរបស់អ្នក ។ ​ហើយចំពោះការចុះបញ្ជីពាណិជ្ជកម្ម នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបែងចែកជាបីមានដូចជា៖ ១៖ លក្ខខណ្ឌក្នុងការចុះបញ្ជីពាណិជ្ជកម្មសម្រាប់ពាណិជ្ជករជារូបវ័ន្ដបុគ្គល រាល់រូបវ័ន្ដបុគ្គលដែលជាពាណិជ្ជករ ត្រូវចុះ​បញ្ជីពាណិជ្ជកម្ម​នៅមន្ទីរពាណិជ្ជកម្ម​ខេត្ត/ក្រុង ឬកន្លែង​ផ្សេងទៀត​ដែលក្រសួងពា​ណិជ្ជ​កម្ម​បានកំណត់ នៅកន្លែង​ដែលសាមីជន​នោះ ធ្វើពាណិជ្ជកម្មយ៉ាងយូររយៈពេល ១៥ (ដប់ប្រាំ)ថ្ងៃ មុនពេល​បើកដំណើរ​ការអាជីវកម្មរ​បស់ខ្លួន ។ ម្យ៉ាងទៀត ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម​អាចធ្វើការ​ស្នើសុំដោយ សាមីជ​ននោះ ឬដោយអាណត្តិ​គាហករប​ស់គេ ហើយអាណត្តិគា​ហកត្រូវតែមាន​ លិខិ​តប្រគល់​សិទ្ធិអំណាចដើម្បីតម្កល់​ទុកនៅក្រឡាបញ្ជី​នៃតុលាការ​ពាណិជ្ជកម្ម​ដែលខ្លួនបាន​ស្នើសុំចុះបញ្ជីនោះ ។ មិនតែប៉ុណ្ណោះ ពាណិជ្ជករត្រូវប្រគល់​ប្រតិវេទន៍​ដែលមានចុះហត្ថលេខា និងស្នាមម្រាម​ដៃដល់​កន្លែងទ​ទួលពា​ក្យចុះ​បញ្ជីពាណិជ្ជកម្ម ចំនួន ២ (ពីរ) ច្បាប់ផងដែរ (មាត្រា១៤ កថាខណ្ឌ១ ២ ៣ នៃច្បាប់​ស្ដីពីវិ​ធានពាណិជ្ជកម្ម និងបញ្ជី​ពាណិជ្ជកម្ម) ។ ២៖ លក្ខខណ្ឌក្នុងការចុះបញ្ជីពាណិជ្ជកម្មសម្រាប់ពាណិជ្ជករជានីតិបុគ្គល រីឯនីតិបុគ្គលដែលបានបង្កើត​ក្រុមហ៊ុន​ធ្វើពាណិជ្ជកម្ម​នៅព្រះរាជាណាចក្រកម្ពុជាវិញ បើទោះបី​ជាបែបបទ នៃការបង្កើត និងថេរវេលា​បែបណាក៏ដោយ គឺត្រូវតែ​ធ្វើការ​ចុះប​ញ្ជីពា​ណិជ្ជកម្ម ហើយការចុះឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម ត្រូវធ្វើ​ឡើងដោយ​បណ្ណាធិការ ឬអភិបាល​នៃសាមី​ក្រុមហ៊ុន​នៅក្នុង​ខែនៃកា​របង្កើត​ក្រុមហ៊ុន និងមុន​កាលប​រិច្ឆេទ​បើកប្រ​តិបត្តិការ​ពាណិជ្ជកម្ម ១៥ (ដប់ប្រាំ) ថ្ងៃ ។ ចំណែកឯអ្នក​ស្នើសុំចុះប​ញ្ជី ត្រូវប្រគល់​ប្រតិវេទ​ន៍ចំនួន ២ (ពីរ) ច្បាប់ ព្រមទាំ​ងត្រូវតម្កល់ទុកនូវលក្ខន្ដិកៈ ក្រុមហ៊ុន​ដល់​កន្លែង​ទទួល​ពាក្យចុះ​បញ្ជី ពាណិជ្ជកម្មផងដែរ (មាត្រា១៧ កថាខណ្ឌ១ ២ ៣ នៃច្បាប់ស្ដីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម) ។ ៣៖ លក្ខខណ្ឌក្នុង​ការចុះ​បញ្ជី​ពាណិជ្ជកម្ម​សម្រាប់​ពាណិជ្ជ​ករ​ជានី​តិបុគ្គលបរទេស ចំណែកឯ ក្រុមហ៊ុនពាណិជ្ជកម្មបរទេសទាំងអស់ ដែលមានតែសាខា ឬទីភ្នាក់ងារ នៅព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើការបំពេញ​ទំរង់ចុះ​បញ្ជី​ពាណិជ្ជកម្ម​តាមមាត្រា១៧ និងមាត្រា១៨ នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ដូចគ្នានឹងពាណិជ្ជករជានីតិបុគ្គលដែរ (មាត្រា១៩ កថាខណ្ឌ១ ២ នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម) ។ ផ្ទុយទៅវិញ ករណីដែលពាណិជ្ជករ និងក្រុមហ៊ុន​ពាណិជ្ជកម្ម​ទាំងឡាយណា ដែលមិនបាន​ចុះបញ្ជី​ពាណិជ្ជកម្ម តាមការបញ្ញត្តិ​របស់ក្រសួ​​ងពាណិជ្ជកម្មទេ ត្រូវផ្ដន្ទាទោស​ពិន័យ​ជាប្រាក់ចំនួន ៥០,០០០៛ (ប្រាំម៉ឺនរៀល) ទៅ ៥០០,០០០៛ (ប្រាំសែនរៀល) (មាត្រា៤០ ចំណុច១ នៃច្បាប់ស្ដីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម) ឬមានទោសនិទ្ធនភាពសាមញ្ញក្នុងករណីធនក្ស័យ (មាត្រា ៤១ នៃច្បាប់ដដែល) ។ ហើយចំពោះករណី ពាណិជ្ជករ ឬរាល់​អ្នកដឹកនាំ​ក្រុមហ៊ុន​ពាណិជ្ជកម្ម ទាំងឡាយ​ណាដែលប្រើឯក​សារ​ក្លែងក្លាយនោះ ត្រូវផ្ដន្ទាទោស​ចាប់ពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០៛ (មួយលានរៀល) ដល់ ១០,០០០,០០០៛ (ដប់លានរៀល)(មាត្រា ៤២ នៃច្បាប់ដដែល) ។ សរុបមកសម្រាប់​ពាណិជ្ជករ និងក្រុមហ៊ុន​ពាណិជ្ជ​កម្ម​ទាំងឡាយ​ណាដែលបាន​ធ្វើការ​ចុះប​ញ្ជី​ពាណិជ្ជកម្ម លើអាជីវ​កម្មរប​ស់ខ្លួន ពួកគេនឹ​ងទទួលបាន នូវអាជីវកម្មមួ​យស្រ​បច្បាប់ ហើយទទួលបាននូវការការពារចំពោះឈ្មោះ និងផលិតផលរបស់ក្រុមហ៊ុននោះ ព្រមទាំងដើម្បីធ្វើការបញ្ជៀស​ ការខាតបង់ផលប្រយោជន៍នានា ដែលបណ្ដាល មក​ពីជន​ទុច្ចរឹត​ធ្វើកា​រក្លែង​បន្លំឈ្មោះ ឬផលិតផលរបស់ក្រុមហ៊ុននោះផងដែរ ។ ចំពោះ​ករណីនេះ ម្ចាស់អា​ជីវកម្ម ក៏អាច​ធ្វើការប្ដឹងទៅ​ក្រសួង​ពាណិជ្ជកម្មដើម្បីធ្វើការរំលាយ អាជីវកម្មរបស់​ជនទុច្ចរឹតនោះបានដែរ ប៉ុន្ដែបើ​អំពើរបស់ជននោះ បានធ្វើឱ្យខាតបង់ផល​ប្រយោជន៍​ធ្ងន់ធ្ងរ នោះម្ចាស់​អាជីវក​ម្មដែលទ​ទួលរងគ្រោះ​អាចធ្វើកា​រប្ដឹងទាមទារ សំណងតាមផ្លូវ​តុលាការ​ដែ​លមានសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជាបាន ។ រៀបរៀងដោយ៖ កញ្ញាមេធាវី មាស រ៉ាវីន និងកញ្ញាថន រ៉ាវ៉ាឌី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 13:59:21

យល់ដឹងផ្នែកច្បាប់៖ យន្ដការដោះស្រាយវិវាទដីធ្លីនៅកម្ពុជា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្ដ​ទុកដា​ក់ខ្ពស់ក្នុង​ការគោរព​នូវសិទ្ធិមនុស្ស ជាពិសេសសិទ្ធិ​ឯកជន​ភាពរបស់​បងប្អូនប្រជាពលរដ្ឋ។ ជាក់ស្ដែងនៅអំឡុងឆ្នាំ ១៩៩២ កម្ពុជាបានអនុវត្តច្បាប់ភូមិ​បាលមួយ ដែលច្បា​ប់នេះបានបញ្ជាក់ពីការទទួលបាននូវ សិទ្ធិកម្មសិទ្ធិនៅលើ​ដីធ្លី​តា​មរ​យៈសន្តតិកម្ម កិច្ចស​ន្យា ឬ ដោយការ​ផ្លាស់ប្ដូរពី «ការកាន់​កាប់បណ្តោះ​អាសន្ន» ទៅជា «កម្មសិ​ទ្ធិពេញលេញ» ជាអាទិ៍។ ក្រោយមកនៅឆ្នាំ ២០០១ ច្បាប់ភូមិ​បាលបច្ចុ​ប្បន្នត្រូវបានប្រកាស​ឱ្យប្រើ ដែល​ច្បាប់​នេះអ​នុញ្ញាត​ឱ្យមា​នកម្មសិទ្ធិឯ​កជនលើ​ដីធ្លីពេ​ញលេ​ញនៅកម្ពុជា ព្រមទាំ​ងបាន​បង្កើតឱ្យមាន នូវប្រព័ន្ធ​បញ្ជីឈ្មោះដីធ្លី និងមា​នប័ណ្ណកម្ម​សិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ ទន្ទឹម​នឹងនោះ កម្ពុជា​បាន​ទទួលជំនួយពី​ធនាគា​រពិភពលោក ក្នុងការរៀបចំការចុះបញ្ជីដីធ្លីលក្ខណៈ ​ជាប្រព័​ន្ធដើ​ម្បីចេ​ញប័ណ្ណ​កម្មសិ​ទ្ធិជូនប្រ​ជាពល​រដ្ឋផងដែរ។ នៅក្នុងអំ​ឡុង​ពេលចុះ​បញ្ជី​ដីធ្លីនេះ យើងបាន​ប្រឈ​មនឹង​បញ្ហាច​ម្បង​ធំ គឺវិវាទដីធ្លី ដែលទា​មទារចាំបា​ច់ឱ្យ​មានកា​រដោះ​ស្រាយជាបន្ទាន់ជូនបង​ប្អូនប្រជាព​លរដ្ឋ ផងដែរ។ តើកម្ពុជា​មានយ​ន្ដការ​អ្វីខ្លះក្នុងការ​ដោះ​ស្រា​យវិវា​ទដី​ធ្លី?​ ដើម្បីស្វែង​យល់ឱ្យកា​ន់តែច្បាស់អំពី «យន្ដការ​ដោះស្រាយ​វិវាទដីធ្លីនៅកម្ពុជា» កម្មវិធីយ​ល់ដឹងផ្នែកច្បាប់ របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយ ក្រុម​មេធាវីកម្ពុជាសហ​ប្រតិបត្ដិការ​អន្ដរជាតិ សូម​លើកយ​កប្រធាន​បទនេះ​មកធ្វើ​ការប​ក​ស្រាយជូនប​ងប្អូនប្រជាពលរដ្ឋ​ដូចខាងក្រោម ៖​ អនុលោមតាមស្មារតី​ប្រកាសអន្តរក្រសួងលេខ ០២ ប្រកច.០៣ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៣ រវាងក្រសួងយុត្តិធម៌ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីការកំណត់ភារ​កិច្ចរ​បស់តុលា​ការ និងគណៈក​ម្មការ​សុរិយោដីពាក់ព័ន្ធនឹងវិវាទដីធ្លី បានបែងចែកជាវិវាទដីធ្លីជា ០២ (ពីរ) ប្រភេទគឺ ១៖ វិវាទដីធ្លីដែលបានចុះបញ្ជីរួចហើយ គឺដីធ្លី​ដែលមានប័​ណ្ណសម្គាល់សិទ្ធិគ្រប់ប្រ​ភេទចេញដោយរ​ដ្ឋបាល​សុ​រិយោដី ត្រូវស្ថិត​ក្រោមសមត្ថ​កិច្ចរបស់តុលាការ និង ២៖ វិវាទដីធ្លីដែ​លមិនទាន់បាន​ចុះបញ្ជីសុរិយោដី គឺដីធ្លីដែ​លពុំទាន់មា​នប័ណ្ណសម្គាល់សិ​ទ្ធិគ្រប់ប្រ​ភេទ​ចេញ​ដោយ​រដ្ឋបាលសុរិយោដី ត្រូវស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការសុរិយោដី ។ ១៖ ការដោះស្រាយវិវាទរបស់គណៈកម្មការសុរិយោដី គណៈកម្មការសុរិយោដីត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ដែលក្នុងនោះរួមមានគណៈកម្មការសុរិយោដី ៣ (បី) ថ្នាក់គឺ គណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខណ្ឌ គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត និងគណៈកម្មការសុរិយោដីថ្នាក់ជាតិ ។ ចំពោះវិធានស្ដីពីនីតិវិធីផ្សេងៗរបស់គណៈកម្មការសុរិយោដី ត្រូវបានកំណត់នៅក្នុងប្រកាសលេខ ១១២ ដនស/ប្រក ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០០២ ស្ដីពីគោលការណ៍ណែនាំ និងនីតិវិធីរបស់គណៈកម្មការសុរិយោដី។ ដោយនៅក្នុងនោះ គណៈកម្មកាសុរិយោដីមានបេសកកម្មដោះស្រាយវិវាទដីធ្លី (ដីគ្មានប័ណ្ណចេញដោយរដ្ឋបាលសុរិយោដី) ដែលមិនទាន់ចុះបញ្ជីសុរិយោដីដែលស្ថិតនៅក្រៅតំបន់វិនិច្ឆ័យ ឬក្នុងតំបន់វិនិច្ឆ័យដែល​មិនអាច​សម្រុះ​សម្រួលបានដោយគណៈកម្មការ​រដ្ឋបាល និងមិនមែនជាវិវាទដីធ្លីដែលពាក់ព័ន្ធនឹង បណ្តឹងទាមទារបែងចែកមរតក ឬវិវាទអំពីកិច្ចសន្យា ទិញលក់ ជួល ឬបញ្ចាំ ជាដើម។ គណៈកម្មការសុរិយោដីធ្វើការដោះស្រាយវិវាទដីធ្លីនីមួយៗដោយចាប់ផ្តើមពីថ្នាក់ស្រុក ខណ្ឌ ឡើងទៅថ្នាក់រាជធានី ខេត្ត និងចុងក្រោយទៅគណៈកម្មការរសុរិយោដីថ្នាក់ជាតិ ៖ ក/. ការដោះស្រាយវិវាទដោយគណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ ការទទួលពាក្យបណ្តឹង និងឆ្លើយតបពាក្យបណ្តឹង៖ បុគ្គលគ្រប់រូបដែលមានវិវាទពាក់ព័ន្ធនឹងដីធ្លីមិនទាន់ចុះបញ្ជីសុរិយោដី មានសិទ្ធិដាក់ពាក្យបណ្តឹងដោយផ្ទាល់ទៅគណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ ។ បន្ទាប់មក គណៈកម្មការនឹងជូនដំណឹងអំពីបណ្តឹងទៅភាគីចុងបណ្តឹង ឬបុគ្គលដែលមានផលប្រយោជន៍ពាក់ព័ន្ធនឹងដីវិវាទដើម្បីឆ្លើយតបក្នុងរយៈពេល៣០ ថ្ងៃ បន្ទាប់ពីទ​​ទួលបា​នសេចក្តីជូនដំណឹង។ ការស៊ើបអង្កេតបន្ទាប់ពីទទួ​​លពាក្យបណ្តឹង៖ គណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ នឹងចាត់មន្ត្រីឱ្យចុះស៊ើបអង្កេត ដើម្បីជួបជាមួយគូភាគីវិវាទ សាក្សី អាជ្ញាធរមូលដ្ឋាន និងធ្វើការវាស់វែងកំណត់ទំហំដី និងព្រំប្រទល់ដីវិវាទឱ្យបានច្បាស់លាស់។ បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតគណៈកម្មការសុរិយោដីនឹងពិនិត្យមើលថា តើករណីវិវាទនោះស្ថិតក្នុងសមត្ថកិច្ចដោះស្រាយរបស់ខ្លួនឬទេ? ករណីមិនស្ថិតក្នុងសមត្ថកិច្ចបណ្តឹងនោះត្រូវបានច្រានចោល ហើយត្រូវជូនដំណឹងដល់ភាគីវិវាទជាលាយល័ក្ខណ៍អក្សរ ។ ករណី​ភាគី​វិវាទ​មិនពេ​ញចិត្តចំ​ពោះការច្រាន​ចោលនោះ ភាគីវិ​វាទ​នោះអាចប្តឹង​ទៅគណៈ​កម្មការសុរិយោដី ថ្នាក់​លើបន្ទាប់ក្នុងរយៈពេ​ល ៣០ ថ្ងៃ បន្ទាប់ពីភាគីទ​ទួលបាន​សេចក្តីជូ​នដំណឹង ឬទម្រង់បែ​បបទច្រា​នចោលពាក្យ​បណ្តឹង​នោះ។ អំពីកិច្ចប្រ​​ជុំរដ្ឋបាល៖ គណៈកម្មការសុរិយោដីថា្នក់ស្រុក ខណ្ឌ ត្រូវអ​ញ្ជើញគូ​ភាគីវិវាទចូលរួម​ប្រជុំរដ្ឋបាល ដើម្បីណែនាំអំពីដំណើរការ និងនីតិវិ​ធីនៃការដោះស្រាយវិវាទ។ ភាគីត្រូវធ្វើការ​ជ្រើសរើស​អ្នកស​ម្រុះសម្រួល ៣ រូប និងទទួលព័ត៌មាន​អំពី​សិទ្ធិរ​បស់ខ្លួន​ក្នុងការជ្រើសរើស បុគ្គល​ណាម្នាក់​ដែលភា​គីជឿជាក់​ថា អាចជួយខ្លួន​បានក្នុងនាម​ជាជំនួយ​ការភា​គី។ ទន្ទឹម​នោះគូ​ភា​គីត្រូវ​កំណត់ពេលវេលាទីកន្លែងដោះ​ស្រា​យជា​មួយនឹងអ្ន​សម្រុះ​ស​ម្រួល ឬគូភាគី​អាចជូ​នដំណឹងអំពីការសុំ​ជំទាស់ពី វិវាទ​ផលប្រយោជន៍​រវាងភាគីណា​មួយ​ជាមួយ​គណៈ​កម្មការ​សុរិយោដី។​ ការសម្រុះសម្រួល៖ ក្រោយពេលបញ្ចប់ការស៊ើបអង្កេតយ៉ាងតិច ៣០ ថ្ងៃ គិតចាប់ពីថ្ងៃបិទផ្សាយបណ្ដឹង គណៈកម្មការសុរិយោដីថា្នក់ស្រុក ខណ្ឌ ត្រូវបើក​កិច្ច​ប្រជុំដើ​ម្បី​ស​ម្រេ​ចលើ ដំណើ​រការសម្រុះ​សម្រួល​វិវាទ ហើ​យកិច្ចប្រជុំត្រូវធ្វើឡើងនៅទីតាំងវិវាទ​ ឬនៅ​កន្លែងដែលជិតនឹងទីតាំងវិវាទ​នោះ។ ការសម្រុះសម្រួល និង/ឬ ការស​ម្រេចរបស់គណៈកម្មការសុរិយោដី ធ្វើឡើងដោយគ្មានការបង្ខិតបង្ខំគ្មានការគំរាមកំហែង មានន័យថាជាការដោះស្រាយមួយដោយ យកការសម្រុះសម្រួលជាមូលដ្ឋាន ពោលគឺ យកឆន្ទៈ​របស់គូភាគីវិវាទ​ ដែលសុខចិត្តចែករំលែក​ផលប្រយោជន៍ឱ្យគ្នា​ទៅវិញ​ទៅមក ក្រោមការខិតខំ​ប្រឹងប្រែង​រកវិធី​ដោះ​ស្រាយពីអ្នក​សម្រុះស​ម្រួល។ ភា​គីវិវាទ និងអ្នក​ជំនួយ​ការភាគីត្រូ​វ​ចូលរួម​ក្នុងកិច្ចប្រជុំស​ម្រុះសម្រួ​លនេះ ​ហើយដំ​ណើរការប្រជុំស​ម្រុះសម្រួល ត្រូវស្ថិត​ក្រោមវិធា​ននៃការស​ម្រុះសម្រួលមួ​យ។ ប្រសិនបើការដោះស្រាយទទួលបានជោគជ័យ ភាគីទាំងពីរត្រូវផ្តិតមេដៃលើទម្រង់បែបបទបញ្ចប់វិវាទតាមខ្លឹមសារដែលបានព្រមព្រៀង។ ប្រសិនបើ​ករណីវិវាទ ​មិនអាចធ្វើកា​រ​ដោះ​ស្រាយដោយ​ការសម្រុះ​ សម្រួលបានទេ​នោះ គណៈកម្ម​ការសុរិយោ​ដីថ្នាក់​ស្រុក ខណ្ឌ នឹងបញ្ជូនករណីវិវាទនោះទៅគណៈកម្មការសុរិយោ​ដីថ្នាក់​រាជធានី ​ខេត្ត ដើម្បីធ្វើការដោះស្រាយបន្ត។ ការវាស់វែងត្រៀមចេញប័ណ្ណ៖ ក្រោយពេលវិវាទត្រូវបានដោះស្រាយ បញ្ចប់ដោយជោគជ័យទាំងការសម្រុះ សម្រួល ឬសម្រេច គ​ណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ នឹងចុះធ្វើការវាស់វែ​ងកំណ​ត់ទំហំដី និងព្រំប្រទ​ល់​តាម​ការព្រមព្រៀងរប​ស់គូភាគី ឬតាមសេចក្តីសម្រេចចូលជាស្ថាពរ។ បន្ទា​ប់មកមន្ទីរៀ​បចំដែនដី នគ​រូបនីយកម្ម សំណង់ និងភូមិបាល ក្រុង ស្រុក ខណ្ឌ នឹងចាប់ផ្តើ​មនីតិវិធី​ចុះប​ញ្ជី​ក្បា​លដី​តាមកា​រស្នើសុំ​រប​ស់ភា​គីវិ​វាទ ។ ខ/. ការដោះស្រាយវិវាទដោយគណៈកម្មការសុរិយោដីរាជធានី ខេត្ដ បន្ទាប់ពីទទួលបានការបញ្ជូនករណីវិវាទពី គណៈកម្មការសុរិយោដីថា្នក់ស្រុក ខណ្ឌ គណៈកម្មការ​សុរិយោដី​ថ្នាក់រាជធានី​ ខេត្ត នឹងព្យាយាម​ធ្វើការ​សម្រុះស​ម្រួលបន្តទៀតតា​ម​នីតិវិធី​ដែល​នកំណត់។ ក្នុងរយៈពេល ៦០ ថ្ងៃ បន្ទាប់ពីបានទទួលបណ្ដឹងវិវាទ គណៈកម្មការសុរិយោដីរាជធានី ខេត្ដ ត្រូវរៀបចំកិច្ចប្រជុំ​រដ្ឋបា​លរវាងគណៈកម្មការសុរិយោដីខេត្ដ ក្រុង និងភាគីវិវាទ។ បើការសម្រុះសម្រួលមិន​អាចទទួ​លបាន​ជោគជ័​យទេនោះ ​គណៈកម្មកា​រសុរិយោ​ដីថ្នាក់រាជ​ធានី ខេត្ត ត្រូវធ្វើនី​តិវិធីដោយឡែកផ្សេងទៀត គឺ​ការធ្វើសេចក្តី​សម្រេច។ បើភាគីណាមួយមិនសុខចិត្ត ចំពោះសេចក្ដីសម្រេចរបស់ គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត ក្នុងរយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីទទួលបានសេចក្តីសម្រេច ឬទទួលបានព័ត៌មានអំពីសេចក្តីសម្រេច ភាគីវិវាទនោះមានសិទ្ធិប្តឹងសុំឱ្យ គណៈកម្មការសុរិយោដីថ្នាក់ជាតិធ្វើសវនាការជាថ្មីបាន។ គ/. ការដោះស្រាយវិវាទដោយគណៈកម្មការសុរិយោដីថ្នាក់ជាតិ គណៈកម្មការសុរិយោដីថ្នាក់ជាតិ មានសិទ្ធិសម្រេចលើវិវាទទាំងឡាយណាដែលស្ថិតនៅក្រៅតំបន់វិនិច្ឆ័យ ហើយដែលមិនអាចដោះស្រាយបានដោយគណៈកម្មការសុរិយោដីថា្នក់ស្រុក ខណ្ឌ និងគណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ដ និងរាល់វិវាទដែលកើតមានក្នុងតំបន់វិនិច្ឆ័យដែលមិនអាចដោះស្រាយបានដោយគណៈកម្មការរដ្ឋបាល។ ក្នុងករណីដែលបានទទួលការបញ្ជូនករណីវិវាទពី គណៈកម្មការសុរិយោដីថ្នាក់រាជធានីខេត្ដ ឬគណៈកម្មការរដ្ឋបាល គណៈកម្មការសុរិយោដីថ្នាក់ជាតិនឹងព្យាយាម ធ្វើការសម្រុះសម្រួលបន្ត តែបើការសម្រុះសម្រួលមិនអាចទទួលបានជោគជ័យទេ គណៈកម្មការសុរិយោដីថ្នាក់ជាតិនឹងបើកសវនាការសម្រេច។ គូភាគីមានសិទ្ធិប្តឹងតវ៉ានឹងសេចក្ដីសម្រេច របស់គណៈកម្មការសុរិយោដីថ្នាក់ជាតិទៅ តុលាការក្នុងរយៈពេល ៣០ថ្ងៃ ក្រោយពីបានទទួលសេចក្តីសម្រេចនេះ។ ២៖ ការដោះស្រាយវិវាទដោយស្ថាប័នតុលាការ តុលាការមានសមត្ថកិច្ចដោះស្រាយលើទំទាស់ដីធ្លីណាដែលបានចុះបញ្ជី និងដីដែលបានផ្ដល់ប័ណ្ណកម្មសិទ្ធិរួចរាល់ហើយ បើយោងតាមប្រកាសរួមលេខ ០៣ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៣ របស់ក្រសួងយុត្ដិធម៌ និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ តុលាការក៏មានសមត្ថកិច្ចផងដែរ ចំពោះ​បណ្ដឹងតវ៉ានឹ​ងសេចក្ដីសម្រេចរ​បស់គណៈកម្មធិការសុរិយោដី​ថ្នាក់ជាតិ។ ក្រៅពី​នោះតុលាការក៏មានសមត្ថកិ​ច្ចផង​ដែរ ពាក់ព័ន្ធនឹងដីមិនទា​ន់ចុះបញ្ជី (មិនទាន់ចេញប័​ណ្ណកម្មសិទ្ធិ) ដូចជាករណី​បណ្ដឹងបែងចែកមត៌ក បណ្ដឹងពាក់ព័ន្ធនឹងការទិញលក់ និ​ងការអនុវ​ត្ដសិទ្ធិប្រា​តិភោគលើអចលនវត្ថុជាអាទិ៍។ ​ចំពោះវិវាទដីធ្លី​ គឺជាប្រភេទរឿ​ងក្ដីរដ្ឋប្បវេណី ដូចនេះ​ភាគី និងតុលាការត្រូវអនុវត្ដតាមគោ​លការណ៍​នៃនីតិវិធីផ្នែករដ្ឋប្បវេ​ណីចំពោះបណ្ដឹងពាក់ព័ន្ធនឹងដីធ្លី។ សរុបជារួមមកវិញ ចំពោះយន្ដការសម្រាប់ដោះស្រាយវិវាទដីធ្លីនៅកម្ពុជា មានពីរប្រភេទ គឺយន្ដការដោះស្រាយវិវាទដោយគណៈកម្មការសុរិយោដី ចំពោះដីដែលមិនទាន់បានចុះបញ្ជី និងការដោះស្រាយដោយស្ថាប័នតុលាការចំពោះដីដែលបានចុះបញ្ជីរួចរាល់ និងមានប័ណ្ណកម្មសិទ្ធិ។ ហេតុដូចនេះសូមបញ្ជាក់ថា រាល់វិវាទដីធ្លីដែលមិនទាន់ចុះបញ្ជី ត្រូវតែបញ្ជូនទៅដោះស្រាយនៅគណៈកម្មការសុរិយោដីជាមុនសិន មុននឹងប្ដឹងមកតុលាការ។ រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងលោក រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group។

2020-04-22 13:58:17

យល់ដឹងផ្នែកច្បាប់៖ ការបង់ពន្ធ​ប្រថាប់​ត្រាលើការ​ផ្ទរ​កម្មសិទ្ធិ ឬសិទ្ធិកាន់​កាប់​អចលន​ទ្រព្យ

(ភ្នំពេញ)៖ បច្ចុប្បន្នវិស័យអចលនទ្រព្យ​នៅប្រទេស​កម្ពុជា​មានសន្ទុះ​យ៉ាងខ្លាំង មិនថា​ប្រជាពលរដ្ឋ ឬអ្នកវិនិយោគ​ទេបាន​នាំគ្នា​ប​ណ្តាក់ទុន ទៅលើវិស័យអចលនទ្រព្យជាច្រើន ហើយតាម​រយៈ​ការរីកចម្រើននៃវិស័យ​នេះផងដែរ រដ្ឋក៏​ទទួល​បានចំណូលជា​ច្រើនតាមរយៈការប្រមូលពន្ធប្រថាប់ត្រា ។ ពន្ធប្រថាប់ត្រា គឺជាពន្ធ​ដែល​រដ្ឋប្រមូលតាមរយៈ​ការផ្ទេរ​កម្មសិទ្ធិ ឬសិទ្ធិ​កាន់កា​ប់អច​លនទ្រព្យ​តាមរយៈ​ការទិញ​លក់​ជាអា​ទិ៍ ។ សម្រាប់ស​ប្តាហ៍នេះ កម្ម​វិធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាព​ព័ត៌មាន Fresh News សហការជាមួយ​ក្រុមមេធាវី​កម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ សូមលើក​យក​ប្រធានបទស្តីពី ការបង់​ពន្ធប្រថាប់​ត្រា​លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់​កាប់​អចលនទ្រព្យ មកធ្វើការ​ចែកជូន​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​សិស្ស​និស្សិតដូ​ចខាងក្រោ​ម៖ ចំពោះអចលនទ្រព្យដែល​បាន​ចុះបញ្ជី​ដោយមាន​ប័ណ្ណ​កម្មសិទ្ធិ (ប្លង់រឹង) រួចរាល់ នៅពេលអចលនវត្ថុត្រូវបានផ្ទេរ នោះ​អ្នក​ទទួល​កម្មសិទ្ធិ​ត្រូវមា​ន​កាតព្វកិច្ចបង់ពន្ធប្រថាប់​ត្រាលើ​ការ​ផ្ទេរ​នោះតា​ម​អត្រា ៤% (បួនភាគរយ) ​ស្របតា​មច្បាប់​ជាធរ​មាន ។ ដើម្បីបង់ពន្ធប្រ​ថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ នៅពេលដាក់ពា​ក្យស្នើសុំ​ផ្ទេរ​កម្មសិទ្ធិ ឬសិទ្ធិ​កាន់​កាប់​នៅរដ្ឋ​បាល​សុរិយោ​ដី នោះ​កម្មសិទ្ធិករ និងអ្ន​កទទួ​ល​កម្មសិទ្ធិ​ ត្រូវ​មកបំពេញ​ពាក្យស្នើសុំលើ ការបង់ពន្ធ​ប្រថាប់ត្រា​តាមទម្រង់​ដែលចេញដោ​យអគ្គនាយ​កដ្ឋា​ន​ពន្ធដារ ដោយត្រូវភ្ជាប់ជា​មួយ​នូវ សំ​ណុំឯ​កសារផ្ទេរកម្មសិទ្ធិ គំនូសបង្ហាញទីតាំង​អចល​នទ្រព្យ និងកំ​ណត់​បង្ហាញដែល​បញ្ជាក់ពីទំហំពិតប្រា​កដ​នៃអចលនទ្រព្យ​ដែល​ចេញ​ដោយរ​ដ្ឋបាលសុរិយោដី ។​ ក្រោយពីបា​នមកបំ​ពេញពាក្យ​ស្នើសុំ​បង់ព​ន្ធប្រថាប់ត្រា តាម​ទម្រ​ង់​របស់​អគ្គនាយ​កដ្ឋាន​ពន្ធដា​ររួចហើយ កម្ម​សិទ្ធិករ ឬអ្នកទទួល​បន្តនូវសិ​ទ្ធិត្រូវ​ប​ញ្ជូន​ឯកសារ​ទាំង​នោះ​មករដ្ឋបាល​សារ​ពើពន្ធ ដើម្បី​ធ្វើ​ការវា​យតម្លៃជា​ក់ស្តែង និងកំណត់ប្រាក់​ពន្ធ​ដែលត្រូវបង់ចូ​លជាថវិ​ការដ្ឋ ។ ​ ចំពោះ​អចលនទ្រព្យដែលពុំទា​ន់បា​នចុះបញ្ជី (ប្លង់ទន់) ពេ​លដែលអចលនទ្រព្យ​នោះ​ត្រូវបាន​ផ្ទេរសិទ្ធិកាន់កាប់នោះ​អ្នកទទួលសិទ្ធិមាន​កាតព្វកិច្ចត្រូវបង់​ពន្ធប្រ​ថាប់ត្រា​តាមអត្រា ៤% (បួន​ភាគរយ) ស្របតាមច្បាប់ជាធរ​មាន​ដូចគ្នា ​នឹងការផ្ទេរកម្មសិទ្ធិ​លើអចលនទ្រព្យ​ដែលមាន​ប្លង់រឹង​ផងដែ​រ ។ គួរបញ្ជា​ក់ផងដែរ ចំពោះអ​ចលន​ទ្រព្យ​ដែលពុំទាន់ចុះបញ្ជី ដែលបានផ្ទេ​រសិទ្ធិកាន់​កាប់នៅថ្នាក់ឃុំ សង្កាត់ ឬក្រុង ស្រុក ខណ្ឌ ដែលមា​នសាវតា​រផ្ទេរបន្តដៃគ្នា​ច្រើនដ​ងមុនថ្ងៃ​ទី០១ ខែមករា ឆ្នាំ២០១៧ អនុញាត​​ឲ្យបង់ពន្ធប្រថាប់ត្រា​តែមួយ​លើក​ចុងក្រោយ ដោយ​អនុគ្រោះ​ឲ្យដ​កចេញនូវ មូលដ្ឋានគិតពន្ធប្រថាប់ត្រា ៦០០ ០០០ ០០០ (ប្រាំមួយរយលាន) រៀល សម្រាប់​តែ​អចលនទ្រព្យ​ដែលបានស្នើសុំចុះប​ដំបូងនៅរដ្ឋបាល​សុរិយោដី​ប៉ុណ្ណោះ ។ ការផ្តល់ការអនុគ្រោះឲ្យដកចេញ​នូវ មូលដ្ឋានគិតពន្ធប្រថាប់​ត្រាខាងលើ​ គឺមានសុពលភាព​អនុវត្តសម្រាប់​តែអចលនទ្រព្យដែ​លបានស្នើសុំចុះបញ្ជីដំបូងនៅរដ្ឋបាល​សុរិយោដី ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ។ ដោយឡែក សម្រាប់អ​ចលនទ្រព្យ​ដែលពុំបាន​ចុះប​ញ្ជី ដែលបា​នផ្ទេរសិទ្ធិ​កាន់កាប់​បន្តដៃ​គ្នាជា​ច្រើនដងមុនថ្ងៃ​ទី០១ ខែមករា ឆ្នាំ២០១៧ ត្រូវបង់​ពន្ធប្រថាប់ត្រាមួយដង​លើកចុង​ក្រោយ ដោយមិន​អនុញាត​ឲ្យដក​នូវមូ​លដ្ឋានគិ​តពន្ធ ៦០០ ០០០ ០០០ (ប្រាំមួយរយលាន) រៀល ដូ​ចអចលនទ្រព្យដែលបានស្នើសុំចុះប​ញ្ជី​ឡើយ ។ មូលដ្ឋាននៃព​ន្ធប្រថាប់ត្រា​នេះត្រូវបានកំណត់តាមលំដាប់​អាទិភាព ដូចខាងក្រោម៖ ១​៖ តម្លៃអចលនទ្រព្យ ដែលបាន​កំណត់ក្នុង​ឧបសម្ព័ន្ធ​នៃប្រកាស​លេខ៣៤៣ សហវ.ប្រក ចុះថ្ងៃ​ទី២២ ខែមីនា ឆ្នាំ២០១៩ របស់​ក្រសួងសេ​ដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ ២៖ តម្លៃអច​លនទ្រព្យ ដែលបា​នកំណត់​នៅក្នុងកិច្ចសន្យា​ផ្ទេរកម្មសិទ្ធិ ឬសិទ្ធិ​កាន់កាប់ ឬលិខិត​គតិយុ​ត្តពា​ក់ព័ន្ធផ្សេង​ទៀត ក្នុងករណី​ដែលមានតម្លៃស្មើ ឬខ្ពស់ជាង​តម្លៃ ដូចមាន​ចែងក្នុងឧបសម្ព័ន្ធនៃប្រកា​ស៣៤៣ស​ហវ.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ បន្ថែមពី​នេះទៅ​ទៀត រាជរដ្ឋា​ភិបាលក៏បានជួយសម្រាលបន្ទុ​កជាច្រើនដ​ល់ ប្រជាពលរ​ដ្ឋក្នុង​ការ​បង់ពន្ធប្រថាប់ត្រា ពាក់ព័ន្ធនឹងកា​រផ្ទេរកម្មសិទ្ធិ ឬផ្ទេរ​សិទ្ធិកាន់កាប់ក្នុងរង្វង់ញាតិ និងស​កម្មភា​ពផ្សេ​ងៗ ដែលលក្ខខណ្ឌនៃកា​រលើកលែងបង់ពន្ធ​ប្រថាប់ត្រា​ត្រូវបា​នកំណត់ដូចខា​ងក្រោម៖ ១៖​​ ការធ្វើសន្តតិកម្មរវាងឪពុក-ម្តាយបង្កើត និង​កូនបង្កើត រវា​ងប្តី និងប្រពន្ធ​ រវាងយា​យ តាបង្កើត និ​ងចៅបង្កើត និងការធ្វើ​ប្រទាន​កម្មរវាង​ឪពុក ម្តាយបង្កើត និងកូ​នបង្កើត រវាងប្តី ​និងប្រពន្ធ រវាងយា​យ តាបង្កើត និងចៅបង្កើ​ត សម្រាប់តែការផ្ទេរ​លើក​ទីមួយប៉ុ​ណ្ណោះ ។ ២៖ ការទទួ​លបាន​កម្មសិទ្ធិ ឬសិទ្ធិកា​ន់កាប់ដីក្នុងលក្ខណៈ​ជាដី​ស​ម្បទាន​ពី រាជរ​ដ្ឋាភិបាល​សម្រាប់​ជាប្រយោជន៍​សេដ្ឋកិច្ច ឬសង្គម​កិច្ច ពីដី​ឯកជនរ​បស់​រដ្ឋ​ដល់ជ​នក្រីក្រ​ដែលខ្វះខាតដីសម្រាប់​សង់លំនៅដ្ឋាន ឬ/និងធ្វើ​ កសិ​ឧស្សា​ហកម្ម ឬក​សិ​កម្មជាលក្ខ​ណៈគ្រួសារ ។ ៣៖ ការទទួលកម្មសិទ្ធិ ​ឬសិទ្ធិកា​ន់កាប់អចលនទ្រព្យរបស់​បេសកកម្មកា​រ​ទូត ឬកុងស៊ុល​បរទេស ឬអង្គការ​អន្តរជាតិ ឬទីភ្នាក់ងារ​សហប្រតិបត្តិការ បច្ចេកទេ​សរបស់រដ្ឋាភិបា​ល​នានា និង​សកម្មភាព​ផ្សេងៗ​ទៀត ។ ទន្ទឹមនឹងនេះ រាជ​រដ្ឋាភិបាលក៏បានអនុគ្រោះពន្ធក្នុងកា​រផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អច​លនទ្រព្យក្នុងរង្វង់ញាតិ ដែលធ្វើឡើងរវាងបង​នបង្កើត និងរវាងឪពុក-ម្តាយក្មេក និងកូនប្រសារ ត្រូវបាន​អនុញ្ញាតឲ្យដ​កចេញពីមូលដ្ឋានគិតពន្ធប្រថា​ប់ត្រានូវទឹកប្រាក់ចំនួន ​២០០ ០០០ ០០០ (ពីររ​យលាន)រៀល ចំពោះ​ការធ្វើ​សន្តតិកម្ម និងចំនួន ១០០ ០០០ ០០០ ​(មួយរយលាន) រៀល ចំពោះ​ការធ្វើ​ប្រទានកម្ម ។ ដោយឡែក ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកា​ន់កាប់អ​ចលនទ្រ​ព្យដដែល ចាប់ពី​លើកទី២តទៅ ជាប្រទានកម្មក្នុងរ​ង្វង់ញាតិ រវាងឪពុក ម្តាយបង្កើត និងកូ​ន​ង្កើត រវាងប្តី និង​ប្រពន្ធ រវាង​យាយ តាបង្កើ​ត និងចៅ​បង្កើត ត្រូវបាន​អនុញ្ញាត​ឲ្យដក​ញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ១០០ ០០០ ០០០ (មួយរយលាន)រៀល ។ ការលើកលែង ឬអនុគ្រោះពន្ធ​ប្រថាប់ត្រាក្នុ​ងរង្វង់ញា​តិខាងលើត្រូវមា​ន ឯកសារជាភស្តុតាងបញ្ជា​ក់​ទំនាក់ទំនងអំពីញាតិ ដូចជា​សៀវភៅ​គ្រួសារ សំបុត្រ​កំណើត សំបុត្រ​អា​ពាហ៍ពិពាហ៍ និង/ឬឯ​កសារ​ដទៃទៀត ដែលអាចប​ញ្ជាក់ពីទំ​នា​ក់ទំនង ។ ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់​កាប់អចលនទ្រព្យ ដែលត្រូវបាន​លើកលែង ឬការអនុ​គ្រោះពន្ធ មានប្រា​ក់ពន្ធស្មើ ០ (សូន្យ) រៀល ក៏ត្រូវអនុវត្តតាមនី​តិវិធី និងបែបបទនៅ​រដ្ឋបាល​សារពើពន្ធជាធរមាន ដើម្បីចុះបញ្ជី និងកត់ត្រាទិ​ន្នន័យនូវរាល់ការផ្ទេរ​កម្ម​សិទ្ធិ ឬសិទ្ធិកា​ន់កាប់អចល​នទ្រព្យ​ទាំងនោះ ។ សរុបមកពន្ធប្រថាប់ត្រា គឺជា​ផ្នែកមួយយ៉ាងសំខាន់នៃប្រភពចំណូល របស់រដ្ឋដែលប្រមូល​ពីការផ្ទេរ​កម្មសិទ្ធិ ឬសិទ្ធិ​កាន់​កាប់​អចលន​ទ្រព្យ និង​សកម្មភាពនា​នា ដូចមា​នកំណ​ត់ក្នុងប្រកាសរបស់ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បីជាគុ​ណប្រយោជ​ន៍​ដល់​ប្រទេស​ជាតិ ។ រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក លាង ប៊ុនឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុម​មេ​វីកម្ពុជាសហ​ប្រតិបត្តិ​ការ​អន្តរជាតិ មា​នអាស​យ​ដ្ឋាន​នៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕

2020-04-22 13:56:37

យល់ដឹងផ្នែកច្បាប់៖ ការស្នើសុំលិខិតអនុញ្ញាតសាងសង់់

(ភ្នំពេញ)៖ វិស័យសំណង់នៅប្រទេសកម្ពុជា​នាពេល​បច្ចុប្បន្ន ចាប់ផ្ដើមមានការរីកចម្រើន និងរីកដុះដាលជាខ្លាំង ដោយសារ​មូលហេតុ​នៃកំណើនវិ​និយោគិន និងកំណើន​ប្រជាជន​មានការ​កើន​ឡើង ដូច្នេះតម្រូវការរបស់មនុស្សក៏កើនឡើងកាន់តែច្រើនដូចគ្នា ដែលក្នុងនោះយើងសង្កេតឃើញថា មានសំណង់លំនៅដ្ឋាន ឬអគារផ្សេងៗ​ត្រូវបា​ននឹ​ងកំពុងសាងស​ង់​យ៉ាងហូរហែ​ដើម្បី​បំពេញ​តាមសេច​ក្ដីត្រូវការ​ស់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិនបរទេស។ ទន្ទឹមនឹងនេះ ដើម្បីធានាថាការសាងសង់ និងសំណង់ទាំងនោះ ត្រូវបានធ្វើឡើងដោយ​ស្របទៅតា​មបទដ្ឋានគតិយុត្ត ព្រមទាំង​មិនបង្ក​នូវបញ្ហា ឬគ្រោះថ្នា​ក់ណាមួយជាយ​ថាហេតុ អ្នកដែល​មាន​បំណង​ច​ង់​សាង​សង់នូវសំណង់ថ្មី ត្រូវទទួលបាន​លិខិតអនុញ្ញា​តសាងសង់ជាមុនសិន ហើយ​លក្ខខណ្ឌ​នៃការស្នើសុំលិខិត​នេះទៀតសោតក៏ត្រូវបានបញ្ញត្ត​យ៉ាងជាក់​លាក់ដោ​យច្បាប់នៃព្រះរាជាណាចក្រ​កម្ពុជាផងដែរ។​ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ អំពី​នីតិវិធីនៃការស្នើសុំ​លិខិតអនុញ្ញាត​ខាងលើ កម្មវិធី​យល់​ដឹង​ផ្នែក​ច្បាប់​របស់​អង្គភាព​ព័ត៌មាន Fresh News សហការ​ជាមួយ ក្រុម​មេធា​វីកម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ សូម​លើក​យកប្រធានបទស្ដីពី «ការស្នើ​សុំលិ​ខិត​អនុញ្ញាត​សាងសង់» មកបកស្រាយ និង​ចែក​រំ​លែក ជូន​បងប្អូន​ប្រជាពលរដ្ឋ សិស្ស និស្សិត​ទាំងអស់​ដូច​ត​ទៅ៖​ យោងតាមអនុក្រឹត្យលេខ ៨៦ អនក្រ.បក ស្ដីពី​លិខិត​អនុញ្ញាត​សាងសង់ របស់​រាជរដ្ឋាភិបាល​នៃព្រះរាជាណា​ចក្រកម្ពុជា ចុះថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ១៩៩៧ សំណង់​ដែលតម្រូវ​ឱ្យមា​នលិខិតអនុញ្ញាត​សាង​សង់ជាមុនគឺ រាល់ការសាងសង់ថ្មី ឬសាង​សង់ឡើ​ងវិញលើអគារដែលមានស្រាប់ (ក្នុងករណីដែលការសាងស​ង់ឡើងវិញ​នោះប្ដូរទ្រង់ទ្រាយ ឬទិដ្ឋភាព​នៃសំណង់) នៅក្នុង​ទីក្រុង និងទី​ប្រជុំជន។ ចំណែកឯសំណង់ជាលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ​ដែលស្ថិត​នៅទីជនបទ ឬតំបន់ឆ្ងាយ​ពីផ្លូវជាតិ ផ្លូវដែក និងឆ្ងាយពី​តំបន់រមណីយដ្ឋាន​ទេសចរណ៍ តំបន់បេតិក​ភណ្ឌជាតិ ឬតំបន់រ​ក្សាទុកការពារវិ​ញនោះ គឺមិនតម្រូវឱ្យ​មានលិខិតអនុញ្ញាត​សាងសង់​នោះឡើយ។ លិខិត​អនុញ្ញាតសា​ងសង់ ត្រូវបានត​ម្រូវឱ្យស្នើសុំដោយម្ចាស់​គម្រោង ឬអ្ន​កតំណាង​ស្របច្បាប់រ​បស់ម្ចាស់​គម្រោង​។ ជាក់ស្ដែងនីតិវី​ធីនៃការស្នើ​សុំលិខិត​អនុញ្ញាត​សាងស​ង់នេះ មិនមាន​លក្ខណៈ​ស្មុ​គស្មាញ​ដែល​អាចបង្កជា​ ការលំ​បា​កដល់​បងប្អូន​ប្រជាព​លរដ្ឋ​នោះឡើយ។ មាត្រា៩ នៃ​អ​នុក្រឹត្យ ស្ដីពី​លិខិត​អ​នុញ្ញាត​សាងសង់ បានចែង​អំពី​ឯកសារ​ចាំបាច់​សម្រាប់​ការស្នើសុំ​ដូចខា​ងក្រោម៖ ១៖ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ ប័ណ្ណ​សម្គាល់​សិទ្ធិកាន់កាប់​ប្រើប្រាស់​អចលនវត្ថុ ឬលិខិត​កាន់កា​ប់ដីជាបណ្ដោះ​អាសន្ន ២៖ សលាកបត្រ​ដីឡូតិ៍ និងប្លង់​ទីតាំង​អគារ​នៅក្នុ​ង​ដីឡូតិ៍ ៣៖ ប្លង់ និង​គម្រោង​ស្ថាបត្យកម្ម វិស្វកម្ម ៤៖ អត្តសញ្ញាណប័ណ្ណ​សម្គាល់ជា​ជនជាតិខ្មែរ​របស់អ្នក​ស្នើសុំ ៥៖ ពាក្យសុំលិខិតអនុញ្ញាត​សាងសង់​ដោយ​មា​នហត្ថលេខា​របស់ម្ចា​ស់ដី និងអ្នក​ធ្វើគម្រោង។ (សំណុំ​លិខិត​ពាក្យសុំ​លិខិត​អនុញ្ញាត​សាងសង់​ទាំងអស់​ត្រូវធ្វើ​ឡើង​ជាភាសាខ្មែរ ហើយ​​អត្ថបទ​​ជាភាសា​​អង់គ្លេស និងភាសា​បារាំងអា​ចផ្ដល់ភ្ជាប់​ជាមួយនឹ​ងលិខិត​នេះ​បាន) គួរបញ្ជាក់ផងដែរថា អាជ្ញាធរដែលមាន​សមត្ថកិច្ចក្នុង​ការចេញលិខិត​អនុញ្ញា​តសាងសង់មាន​ចំនួន ០៣ ថ្នាក់។ ទី១ គឺថ្នា​ក់ក្រុង ស្រុក ខណ្ឌ ចំពោះសំណង់ដែល​មានផ្ទៃក្រឡា​កម្រាល​សំណង់​សរុបតូច​ជាង ឬស្មើ ៥០០​ ម៉ែត្រការ៉េ។ ទី២ គឺ​ថ្នាក់រា​ជធានី ខេ​ត្ត ចំពោះ​សំណង់​ដែលមានផ្ទៃ​ក្រឡាក​ម្រាលសំណង់ធំជាង ៥០០ ម៉ែត្រការ៉េ ដល់ ៣០០០ ម៉ែត្រការ៉េ​។ រីឯទី៣ គឺ​គម្រោង​សាងសង់​ណាដែលមា​នផ្ទៃក្រឡាកម្រាលសំ​ណង់ធំ​ជាង ៣០០០ ម៉ែត្រកា​រ៉េ ត្រូវមកសុំការអនុញ្ញាត​សាងសង់​នៅក្រសួង​រៀបចំដែន​ដី នគរូបនី​យកម្ម និង​សំណង់​ផ្ទាល់​តែម្តង ។ បើយោងតាម​អនុក្រឹត្យ​ខាងលើ​នេះដដែល រយៈ​ពេល​សម្រាប់ពិនិត្យសំ​ណុំ​លិខិតអ​នុញ្ញាត​សាងសង់ ត្រូវបា​នកំណ​ត់ត្រឹម ៤៥ ថ្ងៃធ្វើការ។ រយៈពេលនេះ គិតចា​ពីថ្ងៃដែលរាល់​លិខិ​តស្នាម ភ្ជាប់ជា​មួយនឹ​ង​ពាក្យ​សុំលិ​ខិត អនុញ្ញាត​សាងស​ង់បាន​បំពេញស​ព្វគ្រប់។ នៅចុង​រយៈពេល​កំណត់នេះ អ្ន​ក​ស្នើសុំនឹង​ទទួលបាន​ដំណឹង​អំពី​សេចក្ដីស​ម្រេច​ជាលាយ​លក្ខអក្សរ ស្ដីពី​ការអនុ​ញ្ញាត ការមិន​អនុញ្ញាត ឬកា​រអនុញ្ញាត​ដែរ តែស្នើ​សុំ​ឱ្យកែ​សម្រួល​បន្ថែម។ យោងទៅតាមប្រកាស​អន្តរ​ក្រសួង​រវាង ​ក្រសួងសេ​ដ្ឋកិច្ច និងហិ​រញ្ញវត្ថុ និង​ក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និង​សំណង់លេខ ០៣៣ ស.ហ.វ. ប្រ.ក ថ្ងៃទី១២ ខែមករា ២០០៦ ការបង់​ថ្លៃក្នុងការស្នើ​សុំគឺ​គិតទៅ​លើទំហំផ្ទៃក្រឡា និងប្រភេទ​គម្រោង​សាងស​ង់នោះ ។ ឧទាហរណ៍៖ សម្រាប់​គម្រោង​សំណង់លំនៅដ្ឋាន ដែលមា​នផ្ទៃក្រឡាសា​ងសង់​ទំហំ ៥០០ ម៉ែត្រការ៉េ តម្លៃសោ​ហ៊ុយ​សេវា​គឺប្រែប្រួលទៅ​តាម​ប្រភេទផ្ទះ​ដូចជា ភូមិគ្រឹះត្រូ​វបង់សេ​វាចន្លោះពី ៦សែន​រៀល ដល់១,៨​លានរៀល។ សម្រាប់​ផ្ទះល្វែង​ថ្លៃសេវា​ចន្លោះ​ពី ៤សែ​នរៀល ដល់១,២លានរៀល និង​សម្រាប់ផ្ទះ​ថ្មក្រោមឈើ​លើមា​ន​តម្លៃចន្លោះពី ១៤​ម៉ឺនរៀល ទៅ ២២ម៉ឺ​នរៀល។ ស្របគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋ​ទាំងអស់​គួរគប្បី​ស្វែងយល់ និងអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​ទៅតា​មនីតិវិ​ធីខាងលើ​ ដោយ​ហេតុថា​ រាល់​សំណង់​ដែលបាន ចាប់ផ្ដើម​ដោយមិន​មានលិខិ​តអនុញ្ញាត សាងសង់ពីអាជ្ញាធរ​មាន​សមត្ថកិច្ច នឹងត្រូ​វចាត់ទុក​ជាបទល្មើស ហើយការដ្ឋាន​សាងសង់នឹ​ងត្រូវបា​នប​ញ្ឈប់ជាបន្ទាន់។ លើសពីនេះ បុគ្គលដែលបានប្រព្រឹត្តល្មើសនឹងបទបញ្ជារ​បស់មន្ត្រី​មាន​សមត្ថកិច្ច នឹងត្រូ​វជាប់ចោទ ហើយឧបករណ៍​ទាំងអស់​នៅក្នុងការដ្ឋាននឹងត្រូ​វបានរឹ​បអូស និងអា​ចរងការពិន័យអន្តរ​ការណ៍​ថែមទៀតផង។ (យោង​តាម​មាត្រា​២៤ នៃអនុក្រឹត្យលេខ ៨៦ អនក្រ.បក ស្ដីពី​លិខិត​អនុញ្ញាត​សាងសង់ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ និង​យោងតាម ប្រកាស​អន្តរក្រ​សួងស្ដីពី នីតិវិធី​និង​បែបបទនៃ​ការធ្វើអធិការ​កិច្ច​សំណង់លេខៈ ១១៨ប្រក/ដ.ន.ស.កយ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩)៕ រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា គន្ធ វិជិតា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 13:55:28

យល់ដឹងផ្នែកច្បាប់៖ សិទ្ធិអ្នកនិពន្ធ (ភាគ ២)

(ភ្នំពេញ)៖ កាលពីសប្តាហ៍មុន កម្មវិធីយល់ដឹងផ្នែកច្បាប់ ដែលមានកិច្ចស​ហការរវាងអង្គភាពសារព័ត៌មាន Fresh News ជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើក​យក​ប្រធាន​បទទាក់​ទង​នឹង «សិទ្ធិអ្នកនិពន្ធ (ភាគ ១)» ដែលបកស្រាយអំពីប្រភេទនៃ​ស្នាដៃរប​ស់អ្នកនិពន្ធ មកធ្វើការបង្ហាញ​ជូនបងប្អូន​ប្រជាពលរដ្ឋរួច​មកហើយ។ សម្រាប់សប្តាហ៍នេះ យើងខ្ញុំនឹងលើកយ​​កប្រធានប​ទទាក់ទងនឹង «សិទ្ធិ​អ្នកនិពន្ធ (ភាគ ២)» ដែ​លបក​ស្រាយ​អំ​ពីវិ​សាលភាព​​នៃសិទ្ធិ លក្ខខណ្ឌ និងនីតិវិធី​ដើម្បីទទួលបា​នកិច្ចការពារពីច្បាប់លើស្នា​ដៃ​អ្នកនិពន្ធដូច​ខាងក្រោម៖ I. សិទ្ធិរបស់អ្នកនិពន្ធ៖ អ្នកនិពន្ធទទួលបានសិទ្ធិផ្តាច់មុខលើស្នាដៃ។ សិទ្ធិនេះត្រូវបានទទួលស្គាល់ដោយច្បាប់ជាតិ ។ សិទ្ធិអ្នកនិពន្ធមានពីរប្រភេទ គឺសិទ្ធិបេតិកភណ្ឌ និងសិទ្ធិសីលធម៌ ។ ១. សិទ្ធិបេតិកភណ្ឌ សិទ្ធិបេតិកភណ្ឌ ជាសិទ្ធិប្រកបអាជីវកម្មរបស់​អ្នកនិពន្ធ​លើទ្រព្យជា​ស្នាដៃរប​ស់ខ្លួន​តាមរយៈ​ការផលិត​ឡើងវិញ ការផ្សព្វផ្សាយ​ជាសារធារណៈ និងការ​បង្កើតស្នាដៃបន្ត ។ អ្នកនិពន្ធមាន​​សិទ្ធិផ្តាច់មុខ​​ធ្វើដោ​យ​ខ្លួនឯង ឬអនុញ្ញាត​ឲ្យ​គេធ្វើកិច្ចការ​ដូចតទៅ៖ ក. ការបកប្រែជាភាសាបរទេសនូវស្នាដៃរបស់ខ្លួន ។ ខ. ការយកលំនំាតាម ឬការកែសម្រួលផ្សេងៗទៀតនៃស្នាដៃ ។ គ. ការជួលស្នាដៃច្បាប់ដើម ឬច្បាប់ចម្លងស្នាដៃសោតទស្សន៍ ឬស្នាដៃថតបញ្ចូលជាហ្វូណូក្រាម កម្មវិធីកុំព្យូទ័រ ប្រព័ន្ធទិន្នន័យ ឬស្នាដៃតូរ្យតន្ត្រីជាអក្សរភ្លេង ។ ឃ. ការចែកចាយជាសាធារណៈតាមការលក់ ការជួល ឬតាមមធ្យោបាយផ្សេងទៀតនូវច្បាប់ដើម ឬច្បាប់ចម្លងដែលពុំទាន់បានលក់ ឬផ្ទេរកម្មសិទ្ធិ ។ ង. ការនំាចូលក្នុង​ប្រទេស​នូវស្នា​ដៃចម្លងចេ​ញពីស្នា​ដៃរបស់​សាមីខ្លួន​ដែលជា​អ្នកនិពន្ធ ។ ច. ការសម្តែ​ងស្នាដៃ​ជាសាធារណៈ ។ ជ. ការផ្សាយស្នា​ដៃជា​សាធារណៈ ។ ឈ. ការផ្សាយ​ស្នាដៃតា​មទូរផ្សាយ ។ ញ. ការផ្សាយ​ស្នាដៃជា​សាធារណៈ​តាមវិធីផ្សេង​ៗទៀត ។ សិទ្ធិដាក់ជួលក្នុងចំនុច គ មិនត្រូវអនុវត្ត​ចំពោះ​ការជួល​កម្មវិធី​កុំព្យូទ័រឡើយ ក្នុងករ​ណីដែលកម្មវិធីកុំ​ព្យូទ័រនោះ​មិនមែន​ជាកម្មវត្ថុ​ដ៏សំខាន់ស​ម្រាប់​ការ​ដាក់ជួល ។ ២. សិទ្ធិសីលធម៌ សិទ្ធិសីលធម៌របស់អ្នកនិពន្ធមានបីចំនុចដូចខាងក្រោម៖ ក. អ្នកនិពន្ធមានសិទ្ធិផ្តាច់មុខក្នុងការសម្រេចអំពីរបៀប និងពេលនៃការផ្សព្វផ្សាយស្នាដៃរបស់ខ្លួនជាសាធារណៈ ព្រមទាំងបែបបទគ្រប់គ្រងការផ្សព្វផ្សាយ ។ ខ. អ្នកនិពន្ធមានសិទ្ធិកំណត់ឲ្យគេទទួលស្គាល់ឈ្មោះ ឋានៈ និងស្នាដៃរបស់ខ្លួនសំរាប់ទាក់ទងជាមួយសាធារណជន ។ គ. អ្នកនិពន្ធមានសិទ្ធិជំទាស់នូវគ្រប់រូបភាពនៃការបំផ្លើស ឬការកាត់ចោលខ្លឹមសារ ឬការកែរប្រែខ្លឹមសារជាហេតុធ្វើឲ្យខូចកិត្តិយស ឬកេរ្តិ៍ឈ្មោះរបស់ខ្លួន ។ សិទ្ធិសីលធម៌របស់អ្នកនិពន្ធគឺជាសិទ្ធិអចិន្រ្តៃយ៍មិនអាចលក់ដូរបាន មិនអាចរឹបអូសបាន និងមិនអាចផុតអាជ្ញាយុកាល ។ II. លក្ខខណ្ឌការពារស្នាដៃតាមរយៈសិទ្ធិអ្នកនិពន្ធ៖ ច្បាប់ស្តីពីអ្នកនិពន្ធ បានបង្កើត​នូវលក្ខខណ្ឌ​មួយចំនួន ដើម្បី​ឲ្យស្នាដៃ​ដែលត្រូវបាន បង្កើតរួចរាល់​ហើយអាចទ​ទួលបាននូវកិច្ចការ​ពារពីច្បាប់ ឬអាចនិយាយ​ម្យ៉ាងទៀត​ថានឹងអា​ចបង្កើ​តសិទ្ធិ ឲ្យដល់អ្នកដែលខំប្រឹងប្រែ​ងបង្កើតស្នាដៃនោះ ។ ក្នុងប្រព័ន្ធនី​តិកម្មសិទ្ធិប​ញ្ញានៃប្រ​ទេសកម្ពុជា​ស្នាដៃអ្នកនិ​ពន្ធត្រូវបាន​ការពារ​ដោយស្វ័យប្រវត្តិ មានន័យថា ស្នាដៃអាច​ទទួលបាន​កិច្ចការពារតាមរយៈ​សិទ្ធិអ្នកនិ​ពន្ធ ទោះបីជាបានចុះបញ្ជី ឬមិនបានចុះ​បញ្ជីក៏​ដោយ ។ ពោលគឺការចុះ​បញ្ជីដើម្បីការពារ​ស្នាដៃអ្នក​និពន្ធគឺជា សិទ្ធិរ​បស់​ម្ចាស់ស្នាដៃ ពុំមែន​ជាកាតព្វកិច្ច​​តម្រូវដោ​យច្បាប់ ដូចកម្មសិ​ទ្ធិបញ្ញាផ្សេងទៀត​នោះឡើយ ។ ប៉ុន្តែក្នុង​ករណី​ដែល​អ្នកនិពន្ធ ឬម្ចា​ស់សិទ្ធិ ចង់ចុះបញ្ជី​ដើម្បីទ​ទួលបានកិច្ចការពារ​លើស្នាដៃ​របស់ខ្លួន គឺដាក់ពា​ក្យស្នើសុំ​ចុះបញ្ជី​ស្នាដៃសិទ្ធិអ្នកនិពន្ធ​នៅក្រ​សួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ។ ក. លក្ខខណ្ឌភាពដើមនៃស្នាដៃអ្នកនិពន្ធ ស្នាដៃដែលអា​ចត្រូវបាន​ការពារតាមរយៈសិទ្ធិអ្នកនិពន្ធ ត្រូវបំពេញលក្ខខណ្ឌ «ស្នាដៃដើម» ។ ស្នាដៃដើម ជាស្នាដៃដែលត្រូវបានបង្កើតឡើងតាមគំនិតប្រាជ្ញាផ្ទាល់របស់អ្នកនិពន្ធនៃស្នាដៃនោះ ។ ស្នាដៃដើម ជាស្នាដៃដែលមិនចម្លងពីស្នាដៃតតិយជន ។ ប៉ុន្តែភាពដើមនៃស្នាដៃពុំតម្រូវឲ្យស្នាដៃមួយត្រូវតែមានភាពថ្មីដាច់ខាត ឬភាពបង្កើត​បានមុនគេនៃស្នា​ដៃ​នោះទេ មានន័យថាស្នា​ដៃថ្មីទោះបីមា​នល​ក្ខណៈដូច ឬស្រដៀង​ទៅនឹងស្នាដៃ​ពីមុនក៏ដោយ ឲ្យតែមិនត្រូវ​បានច​ម្លងទាំងស្រុងពីស្នាដៃមុន អាចត្រូវបា​នការ​ពារតាមរ​យៈសិទ្ធិអ្នក​និពន្ធដែរ ។ ភាពដើម​អាចនឹង​ប្រែប្រួល​ផងដែរ ទៅតាមលក្ខណៈនៃការ​ប្រើប្រាស់ គំនិត​ប្រាជ្ញា​របស់អ្នក​និពន្ធ​ម្នាក់ទៅបង្កើត​ស្នាដៃមួយ ។ នៅក្នុងច្បាប់ក៏​បានបែងចែក​ពីភាពខុសប្លែក​គ្នារវាង​ស្នាដៃមុន និងស្នា​ដៃថ្មី ដោយផ្អែ​កលើការកម្រិត​នៃភាពខុសគ្នា ដោយ​ត្រូវពិចារ​ណាលើ​កម្រិតនៃ ការខិតខំ​ប្រឹងប្រែង​នៃស្នាដៃទាំងពីរ ។ កម្រិតនៃ​ភាពខុស​គ្នា នៃស្នា​ដៃទាំងពីរ គឺគេពិ​និត្យទៅលើសណ្ឋាននៃស្នាដៃ ដូចជារូ​បភាព អត្ថន័យ ពណ៌ ។ល។ ថាតើវា​មានភាពដូចគ្នាច្រើនរវា​ងស្នាដៃមុន និងស្នាដៃ​ថ្មីឬទេ ។ រីឯក​ម្រិតនៃកិច្ចខិតខំ​ប្រឹងប្រែង គឺសំដៅទៅ​លើការចំណា​យពេលវេលា ហិរញ្ញវត្ថុ និងកិច្ចខិតខំផ្សេងទៀតនៅក្នុងការ បង្កើ​តស្នាដៃរបស់​ម្ចាស់​ស្នាដៃ ។ ខ. លក្ខខណ្ឌនីត្យានុកូលភាពនៃស្នាដៃ ស្នាដៃរ​បស់អ្នកនិពន្ធដែលអាច​ទទួលបាន​នូវកិច្ចការពារ ត្រូវតែ​ជាប្រភេទ​ស្នាដៃ​ដែលមា​នចែងនៅក្នុងច្បាប់​សិទ្ធិអ្នកនិពន្ធ ។ ច្បាប់នេះ​កំណត់ប្រភេទ​ស្នាដៃដែលអាចត្រូវ​បាន​ការពារ និងមិនអាច​ការ​ពារនៅក្នុង​​ប្រទេស​កម្ពុជា ។ លើសពីនេះទៅទៀត ច្បាប់សិទ្ធិអ្នក​និពន្ធផ្តល់កិច្ចការពារ​លើស្នាដៃដែត្រូវ​បាន បង្កើត​ឡើងនៅ​ក្នុងប្រទេស​កម្ពុជា និងនៅ​ឯបរទេស ដោយកំ​ណត់លក្ខខណ្ឌ​ពិសេស​ដោយឡែ​កផ្សេង​ទៀត ។ ស្នាដៃដែល​ត្រូវបង្កើតឡើង​នៅក្នុងប្រទេសកម្ពុជា គឺជាស្នា​ដៃដែលត្រូវបានបង្កើតឡើង ​ស្របតាមច្បាប់នៃប្រទេស​កម្ពុជា​ដោយ ជន​ដែល​មានសញ្ជាតិខ្មែរ ឬដោយជនប​រទេសដែលមានលំនៅក្នុងប្រទេ​សកម្ពុជា ឬ ស្នាដៃរបស់​នីតិបុគ្គលដែ​លមានទីតាំង​ចុះបញ្ជី​ស្រប​ច្បាប់​ក្នុងប្រទេសកម្ពុជា ។ ស្នាដៃដែលត្រូវបានបង្កើត​ឡើងនៅឯបរទេសដោយជនជាតិខ្មែរ ឬជនបរទេស ត្រូវចាត់​ទុក​ថា​ជាស្នា​ដៃបរទេស ហើយ​មិនស្ថិតក្រោម​ការអនុវ​ត្តច្បាប់នៃ​ប្រទេស​កម្ពុជា​ឡើយ ។ ប៉ុន្តែ​ស្នាដៃ​បរទេ​ស​នេះក៏​នឹងទ​ទួលបាន នូវកិច្ចការពារ​ស្របច្បា​ប់ក្នុងប្រទេសក​ម្ពុជាដែរ ប្រសិន​បើស្នា​ដៃ​នោះត្រូវបាន​យកម​កបោះពុម្ពផ្សាយ​លើក​ដំបូងនៅ​ប្រទេសកម្ពុជា ឬត្រូវបាន​យកបោះពុម្ពផ្សាយក្នុងរយៈពេល ៣០ ថ្ងៃ នៅប្រទេសក​ម្ពុជាចា​ប់ពីថ្ងៃបោះពុម្ពផ្សាយលើកដំបូង នៅ​ប្រទេសសញ្ជាតិ​ដើមស្នា​ដៃនោះ ។ III. ការកម្រិតសិទ្ធិអ្នកនិពន្ធ៖ ទោះបីជាអ្នកនិពន្ធ​ត្រូវបា​ន​ផ្តល់សិទ្ធិ​ឲ្យក្នុ​ងការកាពា​រស្នាដៃ​របស់ខ្លួ​នតាមរ​យៈច្បាប់​ក៏ដោយ ប៉ុន្តែច្បាប់ក៏​បានចែងអំ​ពីការ​កម្រិត​សិទ្ធិអ្នកនិពន្ធ​ផងដែរ ដែលអ្ន​កនិពន្ធមិនអាចធ្វើការ​ហាម​ឃាត់បានចំ​ពោះ៖ ក. ការសម្តែងស្នា​ដៃជាឯកជនដោយមិនគិ​តជាកម្រៃ ជាការសម្តែង​ក្នុងរង្វង់គ្រួសារ ឬញាតិមិត្ត ។ ខ. ការរៀបចំទុកក្នុងបណ្ណាល័យ​នូវសំណៅ​ស្នាដៃណា​មួយ ដើម្បីរក្សា​ទុកឲ្យបានគង់​វង្ស ឬដើម្បីទុកស​ម្រាប់ធ្វើការស្រាវជ្រាវ ។ គ. ការប្រើប្រាស់ស្នា​ដៃសម្រាប់ការសិ​ក្សា​ដោយគ្មានរកប្រាក់កម្រៃ ។ ឃ. ការបកប្រែ​ស្នាដៃពីភាសាខ្មែ​រទៅជាភាសាជនជាតិភាគតិច ឬ​បកប្រែពីភា​សាជនជា​តិភាគតិចមកជា​ភាសាខ្មែរ ។ IV. រយៈពេលនៃកិច្ចការពារសិទ្ធិបេតិកភណ្ឌ៖ សិទ្ធិបេតិកភណ្ឌត្រូវបានការពា​រចា​ប់តាំងពីថ្ងៃដែលបានបង្កើ​តស្នាដៃ ។ រយៈពេលកិច្ចការ​ពារសិទ្ធិនេះត្រូវប្រ​ព្រឹត្ត​ទៅអស់​មួយជី​វិតអ្នកនិពន្ធ ព្រមទាំង​ប្រព្រឹត្តទៅ ៥០ ឆ្នាំ ក្រោយថ្ងៃ​ទទួល​មរណភាពរបស់អ្នកនិពន្ធ ។ កិច្ចការពារសិទ្ធិ​បេតិកភណ្ឌ​លើស្នាដៃ​សហការ​ប្រព្រឹត្តទៅអ​ស់មួយជីវិត​អ្នកនិពន្ធ​ ដែលរស់នៅចុង​ក្រោយគេ ព្រមទាំ​ងប្រព្រឹត្តទៅរយៈ​ពេល ៥០ (ហាសិប) ឆ្នាំ ក្រោយថ្ងៃទទួ​លមរណភាពរបស់អ្នកនិពន្ធចុងក្រោ​យនេះ ។ (មាត្រា ៣០) សិទ្ធិបេតិកភណ្ឌលើស្នាដៃមួយដែលត្រូវបានបោះផ្សាយជាអានាមិកក្តី ឬជារហស្សនាមក្តី ត្រូវទទួលបានកិច្ចការពារពីច្បាប់នេះ ក្នុងរយៈពេល ៧៥ ឆ្នាំ គិតចាប់ពីដំណាច់ឆ្នាំប្រក្រតីទិននៃឆ្នាំ ដែលស្នាដៃនោះបានបោះពុម្ពផ្សាយជាលើកដំបូង ដោយមានការអនុញ្ញាពីម្ចាស់កម្មសិទ្ធិ ។ (មាត្រា ៣១ កថាខណ្ឌទី១) សិទ្ធិបេតិកភណ្ឌលើ​ស្នាដៃ​សមូហ​ភាព ឬស្នាដៃសោតទ​ស្សន៍ ឬស្នាដៃប​ច្ឆាមរណៈត្រូ​វទទួល​បាននូ​វកិច្ច​ការពារក្នុងរ​យៈពេល ៧៥ ឆ្នាំ គិតចាប់ពី​ដំណាច់ឆ្នាំ​ប្រតិទិននៃ​ឆ្នាំដែល​ស្នា​ដៃនោះ​បានផ្សព្វផ្សាយលើ​កដំបូងត្រឹ​មត្រូវតាម​ច្បាប់ ។ (មាត្រា ៣១ កថាខណ្ឌទី៤) សរុបជារួម រាល់ស្នា​ដៃទាំងអស់​ត្រូវទទួលបាននូវ​កិច្ចការពារពីច្បាប់ស្តីពីសិទ្ធិអ្នកនិ​ពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដោយស្វ័យប្រវត្តិ ។ អ្នកនិពន្ធ ឬ​ម្ចាស់កម្ម​សិទ្ធិអាចតម្កល់ទុកស្នា​ដៃនៅក្រសួ​ងវប្បធម៌ និងវិចិត្រសិល្បៈ ។ ម្យ៉ាងវិ​ញទៀតច្បាប់​នេះទទួលស្គា​ល់ជនដែ​លបង្កើតស្នាដៃ​វប្បធម៌ ហើយជន​នោះមា​នសិទ្ធិ​ផ្តាច់មុខ​លើស្នា​ដៃ និងធានា​ទទួលបាននូវផលប្រយោជន៍ ពេលណា​មាន​អ្នកផ្សេងធ្វើ​អាជីកម្មលើ​ស្នាដៃរបស់ខ្លួ​ន ។ រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងកញ្ញា សាំង សុភាព សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវី​កម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ មាន​អាសយដ្ឋាន​នៅអគារលេខ៤៥៣៥ ផ្លូវលេខ១០០៣ ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ president@ciclg.com, គេហទំព័រ៖ www.ciclg.com ហេ្វសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.

2020-04-22 13:54:20

យល់ដឹងផ្នែកច្បាប់៖ កម្មសិទ្ធិបញ្ញាស្តីពី «ពាណិជ្ជនាម»

(ភ្នំពេញ)៖ វិស័យពាណិជ្ជកម្ម គឺជាវិស័យមួយដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេស ពិសេសចំពោះប្រទេស​ដែលប្រកាន់ខ្ជាប់​យកនូវប្រព័ន្ធ​សេដ្ឋកិច្ចទីផ្សារសេរី ។ ក្រោយពីកម្ពុជាបានផ្លាស់ប្ដូរប្រព័ន្ធសេដ្ឋកិច្ចផែនការ ទៅជាប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីយើងសង្កេតឃើញថា សកម្មភាពពាណិជ្ជកម្មមានការរើកដុះដាលយ៉ាងខ្លាំងនៅក្នុងទីផ្សារកម្ពុជា ។ ស្របពេលជាមួយគ្នានេះដែរ ក៏មានបញ្ហា​ជាច្រើនបានកើតមានទៅលើវិស័យ​នេះផងដែរ ដូចជាការក្លែងបន្លំនូវម៉ាក ពាណិជ្ជនាម ឬការធ្វើការប្រកួតប្រជែងយកទីផ្សារ​ដែលមានលក្ខណៈមិនស្មោះត្រង់ជាដើម ។ ដូច្នេះដើម្បីការពារម៉ាក់ ឬពាណិជ្ចនាម (ឈ្មោះក្រុមហ៊ុន ឬសហគ្រាស) ឬសេវាផ្សេងៗ អ្នកត្រូវយល់ដឹងពីគុណសម្បត្តិក្នុងការចុះបញ្ជី និងគុណវិបត្តិដែលមិនបានចុះបញ្ជី ពាណិជ្ជនាម ឬម៉ាក់ដូចដែលមានចែងនៅក្នុងច្បាប់ស្ដីពីម៉ាក ពាណិជ្ចនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់។ ដោយកាលពីសប្ដាហ៍មុន កម្មវិធីយល់ដឹងផ្នែកច្បាប់ ដែលមានកិច្ចសហការរវាងអង្គភាពសារព័ត៌មាន Fresh News ជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិបានលើកយកប្រធានបទស្ដីអំពី «ម៉ាក» ធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាសិស្សនិសិ្សតរួចមកហើយ ដូច្នេះសម្រាប់សប្តាហ៍នេះយើងខ្ញុំសូមលើកយកប្រធានបទដែលទាក់ទងនឹងកម្មសិទ្ធិបញ្ញាស្ដីពី «ពាណិជ្ជនាម» មកធ្វើការបង្ហាញជូន​ដល់បងប្អូន​ប្រជាពលរដ្ឋវិញម្ដង៖ ដូចម្តេចដែលហៅថា ពាណិជ្ជនាម? តើពាណិជ្ជនាមណាខ្លះដែលមានសិទ្ធិចុះបញ្ជី និងត្រូវបានការការពារដោយច្បាប់ ? យោងតាមមាត្រា ២ កថាខណ្ឌ “គ” នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ បានបញ្ញត្តិថា «ពាណិជ្ជនាម» គឺជាឈ្មោះ ឬសញ្ញាសំគាល់ ឬជាឈ្មោះ និងសញ្ញាសំគាល់សំរាប់បញ្ជាក់ និងសំគាល់ លក្ខណៈខុសៗគ្នានៃសហគ្រាសនីមួយៗ ។ បើពិនិត្យទៅលើនិយមន័យនៃពាក្យ «ពាណិជ្ជនាម» ហាក់បីដូចជាច្រឡំទៅនឹងនិយមន័យនៃ «ម៉ាក» ។ ដូច្នេះដើម្បីកុំឱ្យការភាន់ច្រឡំសូមមើលឧទាហរណ៍ដូចតទៅ៖ ឧទាហរណ៍១៖ លោក “ក” មានក្រុមហ៊ុនភេសជ្ជៈមួយឈ្មោះ “C” ដូច្នេះឈ្មោះក្រុមហ៊ុនរបស់លោក “ក” យើងហៅថាជា “ពាណិជ្ជនាម” ដោយឡែក ឡូហ្គូ(Logo) របស់ភេសជ្ជៈ “C” យើងហៅថា “ម៉ាក” ។ ឧទាហរណ៍២៖ ឈ្មោះក្រុមហ៊ុន របស់ក្រុមហ៊ុន ហាម៉ុន ហ្គ្រេន អ៊ីនធឺណេសិនណល ខូលអិល ធីឌី គឺជាពាណិជ្ជនាមរបស់ក្រុមហ៊ុន ដោយឡែក ឡូហ្គូ(Logo) របស់ក្រុមហ៊ុន យើងហៅថា “ម៉ាក” ។ ជាមួយគ្នាផងដែរ “ពាណិជ្ជនាម” មួយចំនួនត្រូវបានហាមឃាត់ក្រោមច្បាប់ជាតិ មិនឱ្យធ្វើការចុះបញ្ជី ដើម្បីទទួលបានកិច្ចការពារនោះទេ ។ យោងតាមស្មារតីនៃមាត្រា ២០ នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ បានកំណត់ពីពាណិជ្ជនាមដែលហាម មិនឱ្យចុះបញ្ជីដូចខាងក្រោម ៖ • ឈ្មោះ ឬនាម ឬសញ្ញាសម្គាល់មិនត្រូវបានប្រើប្រាស់ជាពាណិជ្ជនាមឡើយ ប្រសិនបើសារជាតិ ឬការប្រើប្រាស់នាម ឬសញ្ញាសម្គាល់​ដែលបានកំ​ណត់នោះ ​ធ្វើឱ្យប៉ះពាល់ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ ឬសិលធម៌ ។ • ជាពិសេសការកំណត់ឈ្មោះ ឬនាមនោះ មិនអាចបំពេញនូវលក្ខណៈលេចធ្លោដាច់ដោយឡែកពីប្រភេទក្រុមហ៊ុន សហគ្រាសនីមួយៗ ដែលធ្វើឱ្យមជ្ឈដ្ឋានពាណិជ្ជកម្ម ឬសាធារណជនភាន់ច្រឡំ ។ ឧទាហរណ៍៖ ឈ្មោះ “អលង្ការប៉ៃលិន” មិនមែនជាឈ្មោះសមស្របស​ម្រាប់ក្រុមហ៊ុមមួ​យឡើយ ប្រសិនបើក្រុមហ៊ុននោះ​​ មិនមានលក់គ្រឿងអល​ង្ការត្បូងពីតំប​ន់ប៉ៃលិន។ ពោលប្រសិនបើយើ​ងដាក់ឈ្មោះដូច្នេះ​ អាចនឹងធ្វើឱ្យសាធារ​ណជនយល់ច្រឡំដោយគិត​ថាគ្រឿងអលង្ការ​ទាំងនោះ នាំយកមក​ពីខេត្តប៉ៃលិន ។ ក្រៅអំពីការហាមឃាត់ពាណិ​ជ្ជនាម(ឈ្មោះ) មួយចំនួន​ដែលមិនអាចចុះប​ញ្ជីបាន ដោយឡែកយោង​ទៅតាមមាត្រា២១ នៃច្បាប់ដដែ​លក៏បានបញ្ញត្តិការពា​រដល់បុគ្គលដែល ត្រូវបានគេ​រំលោភបំពានដូ​ចខាង​ក្រោម៖ • ទោះជាច្បាប់ ឬបទបញ្ជាទាំងឡាយចែងអំពីកាតព្វកិច្ចក្នុងការចុះបញ្ជីពាណិជ្ជនាមក៏ដោយ ក៏នាមទាំងនោះត្រូវបានការពារប្រឆាំងនឹងទង្វើមិនស្របច្បាប់របស់ភាគីទីបី ទោះមុនការចុះបញ្ជី ឬគ្មានការចុះបញ្ជីក៏ដោយ ។ • ការប្រើប្រាស់ពាណិជ្ជនាមជា​ប​ន្តបន្ទាប់​ដោយភាគីទីបី ទោះបីជាពាណិជ្ជនាម ឬម៉ាក ឬជាម៉ាក​សមូហភាព ឬការប្រើប្រាស់​ណាមួយដែលអា​ចធ្វើឱ្យ សាធារណជ​នភាន់ច្រឡំ ត្រូវចាត់ទុកថាមិ​នស្របច្បាប់ ។​ សរុបមក ដើម្បីការ​ពារនូវពាណិជ្ជនា​មក្រុមហ៊ុន ឬសហគ្រាស ដែលជាស្នាដៃ​របស់ខ្លួនបាន ម្ចាស់ក្រុមហ៊ុន ឬ​ម្ចាស់សហគ្រាស ចាំបាច់ត្រូវយក​ពាណិជ្ជនាម​ដែលខ្លួនបា​នបង្កើតឡើង ទៅចុះបញ្ជីពា​ណិជ្ជនាមនៅក្រ​សួងពាណិជ្ជកម្ម ជៀសវាងនូវ​ការរំលោ​ភបំពាន ពីសំណាក់ដៃគូ ​ឬជនខិលខូច ក្នុងកាលៈទេសៈ​ណាមួយជាយ​ថាហេតុ ។ រៀបរៀងដោយ៖ លោក ប៊ុន វិទូ និងកញ្ញា យ៉េ នីតា សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជាធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ president@ciclg.com, គេហទំព័រ៖ www.ciclg.com ហេ្វសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group

2020-04-22 13:53:00

យល់ដឹងផ្នែកច្បាប់៖ កម្មសិទ្ធិបញ្ញាស្តីពី «ម៉ាក»

(ភ្នំពេញ)៖ ម៉ាក ត្រូវបានសិប្បករប្រើប្រាស់ តាំងពីសម័យដើមយូរលង់ណាស់មកហើយ ដោយគេសង្កេត​ឃើញផលិតករ ឬសិប្បករបានចារឈ្មោះ ឬ ឆ្លាក់រូបអ្វីមួយនៅលើផលិតផល ដែលគេបានផលិត ដើម្បីសម្គាល់​​ថាផលិតផល​​នោះជាស្នាដៃ​របស់ខ្លួន ។ នៅក្នុងសម័យទំនើប ម៉ាកគឺជាសញ្ញាសម្គាល់​ផលិតផលទំនិញ ឬសម្គាល់សេវាកម្ម​របស់បុគ្គល ឬក្រុមហ៊ុននីមួយៗដែលមានលក្ខ​ណៈសម្គាល់ប្លែកៗពីគ្នា ។ ការបែងចែកឲ្យ​មានម៉ាកនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ​ព្រោះតាមរយៈការប្រើ​ប្រាស់ម៉ាក អតិថិជនអាចធ្វើការបែងចែកប្រភព ឬអត្តសញ្ញាណនៃទំនិញ ឬសេវារបស់សហគ្រាសមួយទៅ សហគ្រា​សមួយផ្សេងទៀតជា​ដៃគូប្រកួតប្រជែងរបស់ខ្លួន ដែលវា​ជាការផ្តល់ជ​ម្រើសមួ​យដល់អតិថិជន និងចៀសវាងការក្លែងប​ន្លំនូវម៉ាករបស់ខ្លួនពីបណ្តា​សហគ្រាសដែលជា​ដៃគូប្រកួតប្រជែង ។ សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់ ដែលមានកិច្ចសហការ​រវាងអង្គភាព​សារព័ត៌មាន Fresh News ជាមួយ​ក្រុមមេធាវី​កម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ សូមលើកយកប្រធានបទដែលទាក់ទងនឹង «កម្មសិទ្ធិបញ្ញាស្តីពី ម៉ាក» មកធ្វើការបង្ហាញដល់បងប្អូនប្រជាពលរដ្ឋ ដូចខាងក្រោម៖ ដូចម្តេចដែលហៅថា ម៉ាក? តើម៉ាកណាខ្លះដែលមានសិទ្ធិចុះបញ្ជី និងម៉ាកណាខ្លះពុំមានសិទ្ធិចុះបញ្ជី នៅក្នុងព្រះរាជាណាចក្រកម្ពុជា? យោងតាមមាត្រា ២ កថាខណ្ឌ “ក” នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ បានបញ្ញត្តិថា “ម៉ាក” គឺជាសញ្ញាដែលមើលឃើញ ហើយអាចសំគាល់​លក្ខណៈ​ខុសគ្នា​នៃទំនិញ ឬសេវា​​នៃសហគ្រាសនីមួយៗ ។ ម៉ាកដែល​ប្រើប្រាស់​សម្រាប់ទំនិញ ហៅថា ពាណិជ្ជសញ្ញា ហើយម៉ាក​ដែលប្រើប្រាស់​សម្រាប់សេវា ហៅថា សេវាសញ្ញា ។ ម៉ាកអាចមាន​លក្ខណៈជា​ពាក្យ អក្សរ លេខ រូបភាព រូបសញ្ញា (ឡូហ្គូ) និមិត្តសញ្ញា ពណ៌ បង្គុំនៃពណ៌ ឬ បង្គុំនៃសញ្ញា ។ ឧទាហរណ៍៖ ម៉ាកជាអក្សរ ជាលេខ មានដូចជា៖ ម៉ាក New One ម៉ាក Land Rover ម៉ាក 555 ម៉ាកជារូបភាព ឬ រូបសញ្ញា (ឡូហ្គូ) ឬ និមិត្តសញ្ញា និងបង្គុំនៃពណ៌មានដូចជា៖ ម៉ាក Total ម៉ាក Toyota ម៉ាក SHELL ទន្ទឹមនឹងនោះដែរ ក៏មានម៉ាកមួយចំនួនត្រូវបានហាមឃាត់ក្រោមច្បាប់ជាតិ មិនឲ្យធ្វើការចុះបញ្ជី ដើម្បីទទួលបានកិច្ចការពារនោះទេ ។ យោងតាមមាត្រា ៤ នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ កំណត់ពីម៉ាកមួយចំនួនដែលមិនអាចចុះបញ្ជីបាន ដូចខាងក្រោម៖ - ម៉ាកដែលមិនអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវា របស់សហគ្រាសមួយ ទៅនឹងសហគ្រាសមួយផ្សេងទៀត ។ - ម៉ាកដែលបណ្តាលឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌ ឬប្រពៃណីល្អរបស់ជាតិ ។ ឧទាហរណ៍៖ ម៉ាកដែលប្រើពាក្យ ឬ រូបអាសអាភាស ទាំងដោយផ្ទាល់ និងដោយប្រយោល ដែលធ្វើឲ្យប៉ះពាល់ដល់សង្គម ។ - ម៉ាកដែលនាំឲ្យសាធារណជន ឬមជ្ឈដ្ឋានពាណិជ្ជកម្ម ភាន់ច្រឡំទៅនឹងប្រភពភូមិសាស្ត្រទំនិញ ឬសេវាពាក់ព័ន្ធ ឬធាតុដើម ឬលក្ខណៈខាងក្រៅរបស់ទំនិញ ឬសេវានោះ ។ ឧទាហរណ៍៖ ការវេចខ្ចប់ម្រេចដែលដាក់នៅលើសំបកថា ជាម្រេចរបស់ខេត្តកំពត ប៉ុន្តែជាក់ស្តែងម្រេចនោះត្រូវបានគេដាំនៅខេត្តមណ្ឌលគីរី ។ - ម៉ាកដែលដូចគ្នានឹង ឬត្រាប់តាម ឬមានចំណុចណាមួយដូច សញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឈ្មោះ ឬឈ្មោះសង្ខេប ឬអក្សរកាត់ ឬសញ្ញា ឬត្រាជាផ្លូវការ ដែលអនុម័តដោយរដ្ឋណាមួយ អង្គការអន្តររដ្ឋាភិបាល ឬអង្គការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋនោះ ឬអង្គការនោះ ។ - ម៉ាកដែលដូចគ្នា ឬប្រហាក់ប្រហែលគ្នា ដែលនាំឲ្យច្រឡំនឹងម៉ាក ឬពាណិជ្ជកម្មមួយដែលល្បីក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបង្កើតពីការបកប្រែនៃម៉ាក ឬពាណិជ្ជនាមដែលល្បីនោះ សម្រាប់ទំនិញ ឬសេវាដូចគ្នា ឬប្រហាក់ប្រហែលគ្នានៃសហគ្រាសមួយទៀត ។ - ម៉ាកដែលដូចគ្នា ឬប្រហាក់ប្រហែលគ្នា ដែលនាំឲ្យច្រឡំនឹងម៉ាក ឬពាណិជ្ជកម្មមួយដែលល្បី ឬបង្កើតពីការបកប្រែនៃម៉ាក ឬពាណិជ្ជនាមដែលល្បីនោះ ហើយដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ទំនិញ ឬសេវាដែលមិនដូចគ្នា ឬមិនប្រហាក់ប្រហែលគ្នា ដោយការប្រើប្រាស់ម៉ាកនោះ ធ្វើឲ្យខូចខាតប្រយោជន៍របស់ម្ចាស់ម៉ាកល្បី ។ - ម៉ាកដែលដូច ឬស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងម៉ាកដែលជាកម្មសិទ្ធិរបស់ម្ចាស់ផ្សេង ដែលបានចុះបញ្ជីរួចហើយ ឬបានដាក់ពាក្យស្នើសុំចុះបញ្ជីមុន ឬបានទទួលអាទិភាពចុះបញ្ជីមុន នៅឯបរទេស ចំពោះទំនិញ ឬសេវាដូចគ្នា ឬទំនិញ ឬសេវាដែលពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ ។ ចំពោះម៉ាកដែលមិនមានចែងនៅក្នុងមាត្រា ២ នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដូចជា ម៉ាកជាក្លិន, រសជាតិ ឬក៏សម្លេង សម្រាប់នៅបរទេសក៏គេ​ធ្វើការការពារទៅលើម៉ាកទាំងនោះដែរ ប៉ុន្តែដោយឡែកនៅ​ក្នុងព្រះរាជាណាចក្រកម្ពុជាវិញ នៅមិ​នទាន់មានច្បាប់ណាបានបញ្ញត្តិចំពោះ​ការពារនូវម៉ាកទាំ​ងនោះនៅឡើយទេ មា​នន័យថាសញ្ញាដែលមិនអាចមើលឃើញ ច្បាប់ម៉ាកមិ​នទទួលឲ្យចុះបញ្ជី​ដើម្បីការពារ​នៅប្រទេស​កម្ពុជាទេ ។ ចំពោះការចុះបញ្ជីម៉ាក គឺត្រូវធ្វើឡើងនៅក្រសួង​ពាណិជ្ជកម្ម ដោយត្រូវ​ដាក់ពាក្យ​ស្នើសុំដែ​លមានភ្ជាប់ជា​មួយនូវ គំរូម៉ាក និងបញ្ជីទំនិ​ញ ឬសេវាដែ​លត្រូវចុះបញ្ជី ដោ​យរាយលំអិត​ តាមក្រុ​មមុខទំ​និញ ទៅតាមចំណាត់ថ្នាក់អន្តរជាតិ ។ • រយៈពេលការពារនៃម៉ាក - ម៉ាកដែលបានចុះបញ្ជីហើយ មានសុពលភាព ១០ឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃការទទួលពាក្យស្នើសុំចុះបញ្ជី ។ - តាមការស្នើសុំ ការចុះបញ្ជីម៉ាកមួយ អាចធ្វើសាជាថ្មីសម្រាប់រយៈពេល ១០ឆ្នាំម្តង ជាបន្តបន្ទាប់ ក្នុងលក្ខខណ្ឌដែលម្ចាស់ដើមបង់អាករចុះបញ្ជីជាថ្មីតាមការកំណត់ ។ - ការអនុគ្រោះចំពោះការយឺតយ៉ាវក្នុងការចុះបញ្ជីសាជាថ្មី ត្រូវបានអនុញ្ញាតត្រឹមរយៈពេល ៦ខែ ។ • សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជីម៉ាក មានដូចខាងក្រោម៖ - ចំពោះម៉ាកដែលទាក់ទងនឹងទំនិញ ឬសេវា ដែលបានចុះបញ្ជីរួចហើយ ការប្រើប្រាស់ម៉ាកនោះ ដោយជនណាមួយក្រៅពីម្ចាស់ដើម ត្រូវមានការយល់ព្រមពីម្ចាស់ម៉ាកដើមជាមុនសិន ។ - ម្ចាស់ដើមនៃម៉ាកមានសិទ្ធិប្តឹងទៅតុលាការប្រឆាំងនឹងជនណាម្នាក់ ដែលប្រើប្រាស់ដោយរំលោភនូវម៉ាករបស់ខ្លួន ដោយគ្មានការយល់ព្រមពីម្ចាស់ដើម ។ ម្ចាស់ដើមក៏មានសិទ្ធិប្តឹងផងដែរ ចំពោះការប្រើប្រាស់នូវសញ្ញាដែលប្រហាក់ប្រហែលនឹងម៉ាកដែលខ្លួនបានចុះបញ្ជីរួចហើយ និងការប្រើប្រាស់ម៉ាកដែលទាក់ទិនទៅនឹងទំនិញ និងសេវាដែលប្រហាក់ប្រហែលទៅនឹងទំនិញ ឬសេវានៃម៉ាកដែលចុះបញ្ជីរួចហើយ ដែលអាចបណ្តាលឲ្យមានការភាន់ច្រឡំជាសាធារណៈ ។ - សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជីម៉ាក នឹងមិនរាប់បញ្ចូលនូវការដាក់លក់ទំនិញនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយម្ចាស់ដែលបានចុះបញ្ជី ឬដោយមានការយល់ព្រមពីម្ចាស់ម៉ាកនោះទេ ។ សរុបមក ដើម្បីការពារនូវម៉ាកផលិតផលដែលជាស្នាដៃរបស់ខ្លួនបាន សិប្បករ ផលិតករ ឬម្ចាស់ម៉ាក ចាំបាច់ត្រូវយកម៉ាកដែលខ្លួនបានផលិត ឬបង្កើតឡើង ទៅចុះបញ្ជីម៉ាកនៅក្រសួងពាណិជ្ជកម្ម ជៀសវាងនូវការរំលោភបំពានទាំងឡាយ និងប្រើប្រាស់នូវម៉ាកដែលជាស្នាដៃបង្កើតឡើងរបស់ខ្លួន ដោយគ្មានការអនុញ្ញាតពីសំណាក់ដៃគូប្រកួតប្រជែង៕ រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា សាំង សុភាព សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជាធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ president@ciclg.com, គេហទំព័រ៖ www.ciclg.com ហេ្វសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group

2020-04-22 13:51:58