023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ បទល្មើស «ប្លន់» និង «លួច»

(ភ្នំពេញ)៖ គ្មានទេបទល្មើស «ប្លន់» នាពេលបច្ចុប្បន្ននេះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ សិស្សនិសិ្សត និងអ្នកពាក់ព័ន្ធទាំងឡាយត្រូវចងចាំ។ ដើម្បីបកស្រាយចម្ងល់ខាងលើនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី បទល្មើស «ប្លន់» និង «លួច» មកបកស្រាយដូចខាងក្រោម៖ បទល្មើស «ប្លន់» ធ្លាប់ត្រូវបានបញ្ញត្តិក្នុងមាត្រា៣៤ នៃបទបញ្ញត្តិស្តីពីប្រព័ន្ធតុលាការច្បាប់ព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ សម្រាប់អនុវត្តនៅប្រទេសកម្ពុជាក្នុងសម័យអន្តរកាល គឺសម័យកាលក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារី ឬ សម័យអ៊ុនតាក់ ជាទូទៅត្រូវបានហៅថា «ច្បាប់ព្រហ្មទណ្ឌអន្តរកាល» ដែលត្រូវបានដាក់ឲ្យអនុវត្តតាំងពី ១៩៩២ មក និយមន័យនៃបទល្មើសប្លន់ ដែលមានចែងក្នុងច្បាប់ព្រហ្មទណ្ឌអន្តរកាលខាងលើបានកំណត់និយមន័យថា៖ ១៖ ជនណាដែលបានលួច ឬប៉ុនប៉ងនឹងលួចជនណាម្នាក់ទៀត ដែលមានស្ថានទម្ងន់ទោសទាំងនេះ៖ * ការលួចធ្វើដោយអំពើហិង្សា, មានអាវុធ ឬឥតអាវុធ, បណ្ដាល ឬមិនបណ្ដាលឲ្យមានរបួស * ឬការលួចនោះបានធ្វើឡើងដោយមានគ្នាច្រើន ឬដោយមានគាស់ទំលុះទំលាយ ។ ២៖ អំពើលួចប្លន់ គឺការបន្លំយកទ្រព្យសម្បត្ដិអ្នកដ៏ទៃ ក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។ ហើយជនដែលប្រព្រឹត្តបទល្មើសប្លន់ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ០៣ (បី) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ រួមនឹងប្រាក់ពិន័យមួយចំនួនទៀត។ ក្រោយមកបទល្មើសប្លន់នេះ ត្រូវបានលុបចោល តាមរយៈនៃការចូលជាធរមាននៃក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ដែលនឹងកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះផងដែរ ។ ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ ខាងលើនេះ មិនមានចែងអំពីបទល្មើសប្លន់ទៀតឡើយ ប៉ុន្តែសញ្ញាណនៃបទល្មើសប្លន់ ត្រូវបានដាក់បញ្ចូលទៅក្នុងបទល្មើសមួយទៀត ដែលត្រូវបានឲ្យឈ្មោះថាបទល្មើស «លួច» ដែលមានចែងក្នុងបញ្ញត្តមាត្រា៣៥៣ នៃក្រមព្រហ្មទណ្ឌ និងត្រូវឲ្យនិយមន័យថា៖ «អំពីលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទិ្ធរបស់ខ្លួន»។ ដោយឡែកចំពោះកំរិតទោសដែលត្រូវផ្តន្ទាជនដែលបានប្រព្រឹត្តបទល្មើស «លួច» ត្រូវបានកំណត់ និងបែងចែកខុសៗគ្នា តាមរូបភាពនៃអំពើ ឬ/និង ទំហំព្យសនកម្ម (ផលប៉ះពាល់) ដែលកើតចេញពីអំពើលួចនោះ ដោយត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ០៦ (ប្រាំមួយ) ខែ ទៅដល់ ៣០ (សាមសិប) ឆ្នាំ រួមនឹងប្រាក់ពិន័យមួយចំនួនទៀត។ ទោសដែលត្រូវផ្តន្ទាសម្រាប់បទល្មើសលួច ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌត្រូវបានកំណត់ និងបែងចែកដូចខាងក្រោម៖ * មាត្រា៣៥៦៖ អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០៦ (ប្រាំមួយ) ខែ ទៅ ០៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០ (មួយលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល ។ * មាត្រា៣៥៧៖ «ស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា» អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០៣ (បី) ឆ្នាំ ទី ១០ (ដប់) ឆ្នាំ ក្នុងករណីដូចតទៅ៖ ១៖ អំពើលួចនេះ ប្រព្រឹត្តទៅមុនពេល ក្នុងពេល ឬ ក្រោយពេលប្រើហិង្សា ។ ២៖ អំពើលួចនេះ ប្រព្រឹត្តដោយការកាប់គាស់ ទម្លុះទម្លាយ ។ * មាត្រា ៣៥៨ “ស្ថានទម្ងន់ទោសដោយសារមានការកាត់អវយវៈ ឬ ពិការភាព” អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ ប្រសិនបើអំពើនេះប្រព្រឹត្តមុនពេល ក្នុងពេល ឬ ក្រោយពេលប្រើហិង្សា ដែលនាំឲ្យមានការកាត់អវយវ ឬ ពិការភាពអចិន្ត្រៃយ៍។ * ៣៥៩ «ស្ថានទម្ងន់ទោសដោយសារការធ្វើទារុណកម្ម ឬអំពើឃោរឃៅ» អំពើលួចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំ ប្រសិនបើអំពើនេះប្រព្រឹត្ត មុនពេល ក្នុងពេល ឬ ក្រោយពេល ប្រើទារុណកម្ម ឬ អំពើឃោរឃៅ ។ * មាត្រា ៣៦០ «ស្ថានទម្ងន់ទោសដោយសារមរណៈភាពនៃជនរងគ្រោះ» អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំ ប្រសិនបើអំពើនេះប្រព្រឹត្ត មុនពេល ក្នុងពេល ឬ ក្រោយពេល ប្រើហិង្សាដែលបណ្តាលឲ្យជនរងគ្រោះស្លាប់ ដោយគ្មានចេតនាសម្លាប់។ សរុបមកវិញ ចាប់តាំងពីក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ចូលជាធរមាន រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺមិនមានទៀតឡើយនូវបទល្មើស «ប្លន់» គឺមានតែបទល្មើស «លួច» ដែលដូចមានរៀបរាប់ខាងលើ ហេតុដូច្នេះសូមបងប្អូនប្រជាពលរដ្ឋឈប់មានការយល់ច្រឡំ និងប្រើប្រាស់ខុសនូវឈ្មោះបទល្មើសខាងលើតទៅទៀត។ រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងលោកស្រី នូ ពិសី ជំនួយការមេធាវី និងជាសមាជិកក្រុមស្រាវជ្រាវច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.

2020-04-22 10:27:47

យល់ដឹងផ្នែកច្បាប់៖ ការរំលូត​កូន ជាអំពើខុសច្បាប់ដែរ ឬទេ?

(ភ្នំពេញ)៖ រំលូតកូន បើស្តាប់ភ្លាមអាចគិតថាជាអំពើមិនសមរម្យ​ និងមិនគប្បី ដែលសង្គមជាទូទៅមិនអាចទទួលយកបាន ឬ ជាអំពើខុសច្បាប់ ។ ប៉ុន្តែបើពិនិត្យឲ្យបានត្រឹមត្រូវសកម្មភាពរំលូត​កូនមួយ មិនអាចកំណត់ថាជាអំពើត្រឹមត្រូវ ឬ ខុស​ច្បាប់​នោះទេ គឺត្រូវ​ពិចារណា​ឲ្យ​ល្អិត​ល្អន់​អំពីមូលហេតុពិតប្រាកដអំពីសកម្មភាពនោះ ។ ការរំលូតកូនដោយមូលហេតុមានផ្ទៃពោះដោយចៃដន្យ ដោយមិន​មានគម្រោង ឬការមានផ្ទៃព្រោះក្រៅឆន្ទៈ (មានផ្ទៃពោះដោយអំពើរំលោភ​សេពសន្ថវៈ) នាំឲ្យអាណាព្យាបាល ឬ ស្ដ្រីមានផ្ទៃពោះមួយចំនួនសម្រេចចិត្ត​ធ្វើការរំលូតកូន ។ «តើការរំលូតកូនជាអំពើខុសច្បាប់ដែរ ឬទេ?» ដើម្បីយល់ដឹង​ឲ្យ​បាន​ច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «ការរំលូតកូនជាអំពើខុសច្បាប់ដែរ ឬទេ?» មកធ្វើការបកស្រាយដូចតទៅ៖ ដើម្បីកុំឲ្យមានការភ័ន្តច្រឡំលើពាក្យ «ការរលូត» និង «ការរំលូតកូន» យើងខ្ញុំសូមធ្វើការគូសបញ្ជាក់នូវនិយមន័យនៃ​ ពាក្យខាងលើដូចតទៅ៖ ការរលូតកូន គឺជាការខ្ជាក់ចេញដោយឯកឯងនូវធាតុបង្កកូន ហើយកូនដែលធ្លាក់នោះមិនអាច​រស់បានទេ ទោះបីមានការសង្គ្រោះល្អយ៉ាងណាក៏ដោយ។ រីឯ ការរំលូតកូន គឺជាការធ្វើឲ្យធ្លាក់ធាតុបង្កកូនដោយកោស ឬ កាយ ឬ ដាក់ថ្នាំ ឬ ជាការបញ្ចប់ជីវិតទារកដែលនៅក្នុងផ្ទៃ ខណៈពេលដែលស្ត្រីកំពុងមានផ្ទៃពោះ ។ យោងតាមបញ្ញត្តិមាត្រា៥ មាត្រា៦ និងមាត្រា៨ នៃច្បាប់ស្តី​ពីការរំលូតកូន នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យស្ត្រីដែលកំពុងមានគភ៌អាចរំលូតកូនដោយត្រឹមត្រូវ មានសុវត្ថិភាព និងស្របតាមច្បាប់បាន លុះត្រាតែគភ៌ (ទារក) នោះមានអាយុក្រោម១២សប្ដាហ៍ និងប្រព្រឹត្ដទៅបានតែនៅមន្ទីរពេទ្យ មណ្ឌលសុខភាព គ្លីនិក មន្ទីរសម្ភពសាធារណៈ ឬឯកជន ដែលបានទទួលការអនុញ្ញាតពីក្រសួងសុខាភិបាល ។ ប៉ុន្តែប្រសិនបើគភ៌ (ទារក) មានអាយុលើសពី១២សប្តាហ៍នោះ ការរំលូតកូនអាចទទួលបានការអនុញ្ញាតបាន លុះត្រាតែក្នុងពេលធ្វើរោគវិនិច្ឆ័យឃើញថា៖ -​គភ៌ (ទារក) នោះមានភវនីយភាពមិនលូតលាស់ដូចប្រក្រតី ឬអាចបង្កគ្រោះថ្នាក់ដល់ជីវិតម្តាយ - កូនដែលនឹងកើតមកអាចមានជម្ងឺធ្ងន់ធ្ងរព្យាបាលពុំជា - ក្នុងករណីដែលត្រូវគេរំលោភបណ្តាលឲ្យមានគភ៌ ការរំលូតកូនអាចប្រព្រឹត្តទៅបាន ដោយគិតពីលក្ខខណ្ឌដូចមានរៀបរាប់ខាងលើ តែត្រូវមានការស្នើសុំពីសាមីខ្លួនផ្ទាល់ ប្រសិនបើសាមីខ្លួននោះមានអាយុ១៨ឆ្នាំឡើង ។ ប៉ុន្តែក្នុងករណីស្តី្រនោះអាយុក្រោម១៨ឆ្នាំវិញ ត្រូវមានការស្នើសុំដោយទទូចពីឪពុកម្តាយ ឬ អាណាព្យាបាល និងសាមីខ្លួន ។ ជាមួយគ្នានេះ ការសម្រេចនៃបញ្ហានេះ ត្រូវមានការឯកភាពពីក្រុមគ្រួសារចំនួន ២ ឬ ៣រូប រួមទាំងសាមីខ្លួនផង ។ ជាពិសេស វេជ្ជបណ្ឌិត ឬ គ្រូពេទ្យ/ឆ្មបមធ្យម ដែលមានភារកិច្ចធ្វើការរំលូតកូន ត្រូវតែពន្យល់ណែនាំដល់ស្ត្រីដែលមានគភ៌មកសុំធ្វើការរំលូតកូន ពីគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុបណ្តាលមកពីការរំលូតកូននេះ និងពីផល​ប្រយោជ​​​ន៍​​​នៃ​កិច្ចពន្យារកំណើតមុននឹងធ្វើការរំលូតកូន ។ ប៉ុន្តែប្រសិនបើសាមីខ្លួននៅតែទទូចសុំធ្វើការរំលូតកូន វេជ្ជបណ្ឌិត ឬ គ្រូពេទ្យ​/ឆ្មបមធ្យមអាចធ្វើការរំលូតកូនបាន តែត្រូវស្ថិតក្នុងលក្ខខណ្ឌដូចមានរៀបរាប់ខាងលើ ។ សរុបមក ការរំលូតកូនមិនមែនជាអំពើខុសច្បាប់ និងមានសុវត្ថិភាពផងដែរ ប្រសិនបើយើងគោរពនូវលក្ខខណ្ឌដែលច្បាប់បានកំណត់ និងមានការប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិត ឬពេទ្យមធ្យម ឬឆ្មបមធ្យមដែលមាន​ជំនាញច្បាស់លាស់ តាមមន្ទីរពេទ្យ មណ្ឌលសុខភាព គី្លនិក មន្ទីរសម្ភពសាធារណៈ ឬឯកជន ដែលបានទទួលការអនុញ្ញាតពីក្រសួងសុខាភិបាល ។ ផ្ទុយទៅវិញ ក្នុងករណីជនទាំងឡាយណាដែលមិនគោរពនូវលក្ខខណ្ឌ ដូចមានចែងក្នុងច្បាប់ស្តីពីការរំលូតកូន នោះជនដែលបានប្រព្រឹត្តនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន​ នៃព្រះរាជាណាចក្រកម្ពុជា ។ រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងកញ្ញា សាវី លីដា ជំនួយការច្បាប់ និងជាសមាជិកាក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ។

2020-04-22 10:25:37

យល់ដឹងផ្នែកច្បាប់៖ ការកាត់កាល់កូន

(ភ្នំពេញ)៖ នៅក្នុងសង្គមគ្រួសារមួយ ទំនាក់ទំនងរវាងឪពុក-ម្ដាយជាមួយនឹងកូន គឺជាទំនាក់ទំនងដែលជិតស្និទបំផុត តាមរយៈ ញាត្តិលោហិត និងមនោសញ្ចេតនាដែលកើតចេញពី ការរួមរស់នៅជាមួយគ្នា ។ តាមរយៈញាតិលោហិត និងសេចក្តីស្រលាញ់របស់ឪពុកម្ដាយចំពោះកូនៗ គឺមិនងាយនឹងកាត់ផ្ដាច់ចេញពីគ្នាបានឡើយ ដូចសុភាសិតខ្មែរមួយឃ្លាបាន ពោលថា «កាត់ទឹកមិនដាច់ កាត់សាច់មិនបាន»។ ឪពុកម្ដាយគ្រប់រូបដែលបានបង្កើតកូនមកហើយ ខិតខំចិញ្ចឹមបីបាច់ថែរក្សាអប់រំកូនឲ្យដើរតាមគន្លងធម៌ ដោយសម្លឹងទៅថ្ងៃអនាគតចង់ឃើញកូនរបស់ខ្លួនក្លាយជាកូនល្អ និងពលរដ្ឋល្អ។ តែផ្ទុយទៅវិញ ក៏មានឪពុកម្ដាយខ្លះបែរជាខកបំណង ដោយត្រូវកូនៗធ្វើទុក្ខបុកម្នេញ ប្រព្រឹត្តអំពើមិនគប្បី ឬសកម្មភាពផ្សេងៗដែលផ្ទុយនឹងច្បាប់ ធ្វើឲ្យគ្រួសារមិនមានសេចក្ដីសុខ គ្មានសុភមង្គល រហូតធ្វើឲ្យឪពុកម្ដាយខ្លះបង្ខំចិត្តកាត់កាល់កូននោះ ។ កន្លងមក ដើម្បីកាត់កាល់កូនឪពុកម្ដាយបានប្រើប្រាស់វិធីផ្សេងៗដូចជា ចុះផ្សាយអំពីដំណឹងកាត់កាល់តាម កាសែត ផ្សាយវិទ្យុ ទូរស្សន៍ និងតាមបណ្តាញទំនាក់ទំនងសង្គមជាដើម ហើយជាទូទៅការកាត់កាល់កូន គឺធ្វើឡើងក្នុងគោលបំណងរួចផុតពីទំនួលខុសត្រូវ អំពើខុសច្បាប់របស់កូន ឬ/និង មិនចង់ទទួលខុសត្រូវលើរាល់សំណងផ្នែករដ្ឋប្បវេណីផ្សេងៗ ឬ មិនពេញចិត្តនឹងអំពីរបស់កូនដែលធ្វើមិនគប្បីចំពោះខ្លួនជាឪពុកម្ដាយ ហើយកាត់កាល់កូនដោយមិនចង់ឲ្យកូននោះទទួលបាននូវមរតក ។ ការបារម្ភរបស់ឪពុកម្ដាយខាងលើនេះ គឺមិនត្រឹមត្រូវនោះទេ អនុលោមតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញតិថា ការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ គឺត្រូវអនុវត្តតាមគោលការណ៍ឯកត្តកម្មនៃទោស ពោលគឺ មានតែអ្នកដែលប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ ដែលត្រូវចោទប្រកាន់ និងផ្តន្ទាទោស។ ដោយឡែកចំពោះបញ្ហាសំណងផ្នែករដ្ឋប្បវេណី ឪពុកម្ដាយ ទទួលខុសត្រូវចំពោះអំពើរបស់កូន តែក្នុងករណីដែលកូនមានអាយុតិចជាង១៨ឆ្នាំ ប៉ុន្តែក្នុងករណីដែលកូនមាន អាយុចាប់ពី១៨ឆ្នាំឡើងទៅ នោះឪពុកម្ដាយក៏មិនមានកាតព្វកិច្ចក្នុងការទទួលខុសត្រូវ លើផ្នែកសំណងរដ្ឋប្បវេណីដែលកើតចេញពីសកម្មភាពរបស់កូនទៀតដែរ លើកលែងតែ ក្នុងករណីពិសេសដូចជា កូនជានីតិជន តែស្ថិតក្រោម របបអាណាព្យាបាលទូទៅ ឬ របបហិតូបត្ថម្ភ។ តើឪពុកម្ដាយអាចកាត់កាល់កូនបង្កើតបានដែរទេ? ដើម្បីឲ្យយល់កាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ ក្នុងសប្តាហ៍នេះសូមលើកយកប្រធានបទ «ការកាត់កាល់កូន» មកធ្វើការចែករំលែកដូចតទៅ៖ យោងតាមក្រមរដ្ឋប្បវេណី គឺពុំមានបញ្ញត្តិណាមួយចែងអំពីការកាត់កាល់កូនបង្កើតទ្បើយ ប៉ុន្តែក្នុងក្រមរដ្ឋប្បវេណីបានបញ្ញត្តិតែអំពីការកាត់កាល់កូនស្មុំតែប៉ុណ្ណោះ។ មានន័យថា តាមផ្លូវច្បាប់ឪពុកម្ដាយពុំអាចកាត់កាល់កូនបង្កើតបាន ទ្បើយ ក៏ប៉ុន្ដែឪពុកម្ដាយបង្កើតអាចធ្វើការកាត់ផ្ដាច់នូវផលប្រយោជន៍របស់កូន តាមរយៈការកាត់ផ្ដាច់នូវមរតកដោយ ការដាក់ពាក្យសុំទៅតុលាការ និងតាមរយៈលិខិតបណ្តាំមរតកដោយមានបញ្ជាក់មូលហេតុក្នុងច្បាប់ជាអាទិ៍។ ដើម្បីឲ្យការកាត់កាល់កូនក្នុងក្របខណ្ឌនៃការស្មុំកូន មានអានុភាពតាមផ្លូវច្បាប់ តើត្រូវគោរពទៅតាមលក្ខខណ្ឌអ្វីខ្លះ? ដោយរបបនៃការស្មុំកូនមាន០២ ទម្រង់ គឺស្មុំកូនពេញលេញ និងស្មុំកូនធម្មតា ដូចនេះទម្រង់នៃការកាត់កាល់នៃស្មុំកូន គឺត្រូវអនុវត្តដូចខាងក្រោម៖ ១៖ ការកាត់កាល់នៃស្មុំកូនពេញលេញ៖ តាមទស្សនៈទាននៃការបង្កើតរបបស្មុំកូនពេញលេញ គឺដើម្បីផលប្រយោជន៍របស់កូនសុំតែប៉ុណ្ណោះ ហេតុដូចនេះ ការកាត់កាល់ស្មុំកូនពេញលេញ ឪពុកម្ដាយចិញ្ចឹមមិនអាចធ្វើការកាត់កាល់កូនសុំបានឡើយ។ បើយល់ឃើញថាមានភាពចាំបាច់ពិសេសដើម្បីផលប្រយោជន៍របស់កូនសុំ តុលាការអាចកាត់កាល់ភាគីនៃស្មុំកូនបាន ( ឪពុកម្ដាយចិញ្ចឹម) តាមពាក្យសុំរបស់កូនសុំ ឪពុកម្ដាយបង្កើត ឬតំណាងអយ្យការ លុះត្រាតែក្នុងករណីដែលត្រូវនឹងចំណុចទាំងអស់ ដែលកំណត់នៅក្នុងចំណុចនីមួយៗខាងក្រោមនេះ៖ ក. បើមានការធ្វើបាបដោយឪពុកម្ដាយចិញ្ចឹម បោះបង់កូនសុំចោលដោយគំនិតទុច្ចរិត ឬហេតុផលផ្សេងៗទៀត ដែលបំពានផលប្រយោជន៍របស់កូនសុំយ៉ាងធ្ងន់ធ្ងរ ។ ខ. បើឪពុកម្ដាយបង្កើតអាចគ្រប់គ្រងថែរក្សាដោយសមរម្យ។ ២៖ ការកាត់កាល់ស្មុំកូនធម្មតា៖ ការកាត់កាល់ស្មុំកូនធម្មតា មានលក្ខណៈស្រដៀងគ្នាទៅនឹងការកាត់កាល់ស្មុំកូនពេញលេញផងដែរ ក៏ប៉ុន្ដែចំពោះ នីតិវិធី នៃការកាត់កាល់ស្មុំកូនធម្មតានេះ ឪពុកម្ដាយចិញ្ចឹមមានសិទ្ធិធ្វើការកាត់កាល់កូនសុំ ដែលជានីតិជនបាន ហើយការកាត់កាល់នេះ អាចធ្វើឡើងតាម ០២ ទម្រង់ គឺតាមពាក្យសុំ និងតាមបណ្ដឹងកាត់កាល់ស្មុំកូន។ ក. ពាក្យសុំកាត់កាល់ស្មុំកូនធម្មតា៖ ភាគីនៃស្មុំកូន (ឪពុកម្តាយចិញ្ចឹម និងកូន) អាចដាក់ពាក្យសុំទៅតុលាការឲ្យកាត់កាល់ស្មុំកូនបាន ក្នុងករណីដែលភាគីសងខាងព្រមព្រៀងអំពីការកាត់កាល់នោះ។ ក្នុងករណីដែលកូនសុំជាអនីតិជន (អាយុក្រោម ១៨ ឆ្នាំ) ពាក្យសុំដែលបានកំណត់ខាងលើនេះ ត្រូវធ្វើឡើងដោយឪពុកម្ដាយចិញ្ចឹម និងបុគ្គលដែលក្លាយជាអ្នកតំណាងដែលច្បាប់កំណត់ ក្រោយពេលកាត់កាល់។ ប៉ុន្ដែបើកូនសុំមានអាយុ១៥ ឆ្នាំហើយ ការកាត់កាល់ត្រូវទទួលការយល់ព្រមពីកូនសុំនោះ។ ទោះបីជាអនីតិជននោះមិនទាន់ដល់អាយុ ១៥ ឆ្នាំក៏ដោយ បើអនីតិជននោះអាចបង្ហាញឆន្ទៈរបស់ខ្លួនបាន តុលាការត្រូវសួរយោបល់របស់អនីតិជននោះ។ ខ.បណ្ដឹងកាត់កាល់ស្មុំកូនធម្មតា៖ ក្នុងករណីមានការបោះបង់ចោលដោយភាគីម្ខាងទៀត (ឪពុកម្តាយចិញ្ចឹម ឬកូនសុំ) ដោយទុច្ចរិត ឬបើមិនច្បាស់ថា ក្នុងអំឡុងពេលយ៉ាងតិច១ឆ្នាំ ថាភាគីម្ខាងទៀតនៅរស់ ឬទទួលមរណៈភាព ឬបើមានហេតុធ្ងន់ធ្ងរផ្សេងទៀត ដែលបណ្ដាលឲ្យមានការពិបាកក្នុងការបន្ដស្មុំកូន នោះភាគីម្ខាងនៃស្មុំកូនអាចដាក់ពាក្យបណ្តឹងឲ្យកាត់កាល់បាន។ ប៉ុន្តែក្នុងអំឡុងពេលដែលកូនសុំពុំទាន់ក្លាយជានីតិជន ឪពុកម្ដាយចិញ្ចឹមមិនអាចដាក់ពាក្យបណ្ដឹងដែលបានកំណត់នៅចំណុចខាងលើនេះចំពោះកូនសុំបានឡើយ ។ ក្នុងករណីកូនសុំមានអាយុ១៥ ឆ្នាំហើយ ការកាត់កាល់អាចធ្វើទៅបាន បើសិនជាទទួលការយល់ព្រមពីកូនសុំនោះ ។ ជាមួយគ្នានេះផងដែរ ដើម្បីការពារផលប្រយោជន៍របស់កូនសុំ ច្បាប់ក៏បានអនុញ្ញាតឲ្យកូនសុំជាអនីតិជនកាត់កាល់នូវឪពុកម្តាយចិញ្ចឹមតាមរយៈពាក្យបណ្តឹងរបស់កូនសុំ ឪពុក ឬម្តាយបង្កើត ឬអ្នកតំណាងដែលច្បាប់កំណត់ ។ សរុបជារួមមក ការកាត់កាល់កូនបង្កើតមិនអាចធ្វើបានទ្បើយ ហើយចំពោះការកាត់កាល់កូនសុំវិញ ច្បាប់អនុញ្ញាតឲ្យឪពុកម្តាយចិញ្ចឹមធ្វើការកាត់កាល់បានតែចំពោះកូនសុំធម្មតា ដែលជានីតិជន (អាយុចាប់ពី១៨ឆ្នាំ) តែប៉ុណ្ណោះ។ ចំពោះ នីតិវិធីនៃការកាត់កាល់ត្រូវធ្វើតាមផ្លូវតុលាការ ហើយអានុភាពនៃការកាត់កាល់កើតមាននៅពេល ដែលសេចក្តីសម្រេចអំពីការកាត់នោះចូលជាស្ថាពរ។ រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក រ៉ាត់ ចាន់ធី ជាជំនួយការមេធាវី នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ

2020-04-22 10:22:11

យល់ដឹងផ្នែកច្បាប់៖ ការស្មុំកូន

(ភ្នំពេញ)៖ បុរស-នារីដែលមានគោលបំណងរៀបអាពាហ៍ពិពាហ៍បង្កើតជាគ្រួសារមួយ គឺផ្តើមចេញសេចក្តីស្រលាញ់របស់អ្នកទាំងពីរ បន្ថែមពីនេះគោលបំណងចំបងមួយទៀត នៃអាពាហ៍ពិពាហ៍ គឺការបង្កើតកូនសម្រាប់បន្តវង្សត្រកូល។ ប៉ុន្តែគ្រប់គ្រួសារទាំងអស់មិនប្រាកដថា នឹងអាចសម្រេចបាននូវគោលបំណងក្នុងការបង្កើតកូនបន្តពូជពង្សបាននោះទេ ដែលបញ្ហានេះភាគច្រើនកើតចេញពីកត្តាវេជ្ជសាស្រ្ត។ ក្នុងករណីដែលប្តីប្រពន្ធនៃគ្រួសារមួយមិនអាចបង្កើតកូនដោយខ្លួនឯងបាន ពួកគេអាចស្វែងរកសុំកូនរបស់អ្នកដទៃ ឬ កូនរបស់សាច់ញាតិខ្លួនឯងមកចញ្ចឹមបាន ដែលសកម្មភាពនៃការសុំកូននេះ ក្នុងច្បាប់ត្រូវបានហៅថា «ការស្មុំកូន»។ ដើម្បីឲ្យយល់កាន់តែច្បាស់អំពី «ការស្មុំកូន» ថាតើការស្មុំកូនអាចធ្វើឡើងតាមវិធីណាខ្លះ និងត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ? កម្មវីធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ក្នុងសប្តាហ៍នេះសូមលើកយកប្រធានបទស្តីពី «ការស្មុំកូន» មកធ្វើការបកស្រាយដូចតទៅ៖ «ការស្មុំកូន» គឺជាការសុំកូនរបស់អ្នកដទៃមកចិញ្ចឹមដោយស្របច្បាប់ និងបង្កើតទំនាក់ទំនងញាតិរវាងពួកគេ ពោលគឺធ្វើឲ្យទំនាក់ទំនងញាតិរវាងឪពុកម្តាយចិញ្ចឹម និងកូនចិញ្ចឹម ដូចគ្នាទៅនឹងឪពុកម្តាយនិងកូនបង្កើតដែរ ។ គោលបំណងនៃការស្មុំកូនគឺធ្វើឡើងសម្រាប់៖ * អ្នកដែលគ្មានទាយាទស្នងអាជីវកម្ម ត្រូវរកទាយាទស្នងបានតាមរយៈការស្មុំកូន * អ្នកដែលគ្មានទាយាទស្នងមរតក៌ ឬសន្តតិកម្មទ្រព្យសម្បត្តិជាអាទិ៍ ត្រូវរកទាយាទស្នងបានតាមរយៈការស្មុំកូន * អ្នកដែលអសមត្ថភាពគ្មានកូន ត្រូវការកូនដើម្បីអាចផ្តល់អាហារកិច្ច ឬមើលថែខ្លួននៅពេលចាស់ទៅ * រកឪពុកម្តាយសម្រាប់កុមារកំព្រា ឬកុមារដែលខ្វះការថែរក្សា ឬការយកចិត្តទុកដាក់ពីឪពុកមា្តយបង្កើត......។ល។ អនុលោមតាមក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន បានបើកផ្លូវដល់អ្នកដែលមានបំណង “ស្មុំកូន” ឬ “សុំកូនគេមកចិញ្ចឹមដោយស្របច្បាប់” អាចធ្វើឡើងតាមរូបភាព ០២ (ពីរ) គឺ៖ (១).ការស្មុំកូនពេញលេញ និង (២).ការស្មុំកូនធម្មតា។ (១)៖ ការស្មុំកូនពេញលេញ៖ គឺជាការសុំកូនរបស់អ្នកដទៃយកមកចញ្ចឹមដោយស្របច្បាប់ និងធ្វើឡើងតាមផ្លូវតុលាការ ដោយទាមទារឲ្យផ្តាច់ទំនាក់ទំនងញាតិ និងទំនាក់ទំនងគតិយុត្តិ រវាងឪពុកម្តាយបង្តើត និងញាតិសន្តានរបស់កូនសុំនោះទាំងស្រុង ដើម្បីបង្កើតឲ្យមាននូវទំនាក់ទំនងញាតិ និងទំនាក់ទំនងគតិយុត្ត រវាងឪពុកម្តាយចិញ្ចឹម និងកូនសុំនោះវិញ។ ការណ៍ដែលធ្វើបែបនេះ គឺដើម្បីឲ្យទំនាក់ទំនងរបស់ឪពុកម្តាយចិញ្ចឹម និងកូនសុំនោះ ដូចគ្នាទៅនឹងទំនាក់ទំនងឪពុកម្តាយ និងកូនបង្កើតដែលច្បាប់បានទទួលស្គាល់ ។ គោលបំណងនៃការស្មុំកូនពេញលេញខាងលើនេះ គឺធ្វើឡើងដើម្បីផ្តល់នូវគ្រួសារមួយ ដែលមានឪពុកម្តាយមានជីវភាពសមរម្យ និងអាចផ្គត់ផ្គង់គ្រប់គ្រាន់ដល់កុមារអភ័ព្វ (កូនសុំ) និងដើម្បីផលប្រយោជន៍កុមារដែលខ្វះការថែរក្សា ខ្វះការយកចិត្តទុកដាក់ពីឪពុកមា្តយបង្កើត ឬឪពុកមា្តយបង្កើតមានជីវភាពក្រីក្រ ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការមើលថែរក្សាកូនបាន ឬ ដោយសារស្ថានភាពណាមួយ ដូចជាបញ្ហាវិបត្តិស្មារតី ឬ ពិការភាពជាដើម.....។ ខាងក្រោមនេះជាលក្ខខណ្ឌដើម្បីស្មុំកូនពេញលេញ៖ * ឪពុក-ម្តាយចិញ្ចឹម ត្រូវតែមានសហព័ទ្ធ(ប្តី/ប្រពន្ធស្របច្បាប់) និងត្រូវមានឆន្ទះព្រមព្រៀងគ្នាក្នុងការស្មុំកូន * ឪពុក¬-ម្តាយចិញ្ចឹម ត្រូវមានអាយុចាប់ពី ២៥ ឆ្នាំឡើងទៅ ហើយត្រូវមានអាយុច្រើនជាង “កូនសុំ” យ៉ាងតិច ២០ឆ្នាំ * ជាគោលការណ៍ “កូនសុំ” ត្រូវតែជាអនីតិជន ដែលមានអាយុតិចជាង ៨ឆ្នាំ * ត្រូវមានការយល់ព្រមពីឪពុកម្តាយបង្កើត ឬ អាណាព្យាបាលរបស់ «កូនសុំ» ប៉ុន្តែប្រសិនបើឪពុកម្តាយបង្កើតមិនអាចបង្ហាញឆន្ទះបាន ឬ ករណីដែលឪពុកម្តាយបង្កើតនោះបានបោះបង់កូនចោលដោយគំនិតទុច្ចរិត ឬ ហេតុផ្សេងៗទៀត ដែលបំពានផលប្រយោជន៍កុមារដែលនឹងក្លាយជាកូនសុំនោះ គឺមិនចាំបាច់មានការយល់ព្រមពីឪពុកម្តាយបង្កើតរបស់ «កូនសុំ» នោះឡើយ។ * មូលហេតុនៃការស្មុំកូនពេញលេញ ត្រូវតែនៅក្នុងករណីដែលស្ថានភាពរបស់កុមារ (កូនសុំ) មានការពិបាកខ្លាំង និងបានជាប្រយោជន៍របស់កុមារដែលនឹងក្លាយជាកូនសុំនោះ ។ * ការសាកល្បងចិញ្ចឹមកុមារដែលនឹងក្លាយជាកូនសុំនោះ រយៈពេល ០៦ (ប្រាំមួយ) ខែ ដើម្បីជាមូលដ្ឋានក្នុងការសម្រេចសេចក្តីរបស់តុលាការ ។ បន្ទាប់ពីមានលក្ខខណ្ឌដូចរៀបរាប់ខាងលើនេះហើយ ឪពុក-ម្តាយចិញ្ចឹម ត្រូវតែមានឆន្ទៈសហការគ្នា និងព្រមព្រៀងដាក់ពាក្យសុំទៅកាន់តុលាការនៃទីលំនៅរបស់ឪពុកម្ដាយចិញ្ចឹមនោះ ដើម្បីឲ្យតុលាការចេញដីកាសម្រេចបង្កើតស្មុំកូនពេញលេញ ។ (២)៖ ការស្មុំកូនធម្មតា៖ គឺជាការបង្កើតទំនាក់ទំនងញាតិរវាងកូនអ្នកដទៃ និងឪពុកម្តាយចិញ្ចឹមដែលបានសុំកូនអ្នកដទៃនោះយកមកចិញ្ចឹមបីបាច់ថែរក្សាដូចជាកូនរបស់ខ្លួនឯង បង្កើតតាមផ្លូវតុលាការ ប៉ុន្តែការស្មុំកូនធម្មតានេះមិនបានធ្វើឲ្យផ្តាច់ទំនាក់ទំនងញាតិរវាងឪពុកម្តាយបង្កើត និងកូនសុំនោះទេ ពោលគឺទំនាក់ទំនងញាតិរបស់ពួកគេនៅតែបន្តអត្ថិភាព នាំឲ្យពួកគេមានសិទ្ធិទាមទារ និងករណីយកិច្ចផ្គត់ផ្គង់អាហារកិច្ចគ្នាទៅវិញទៅមក ។ ជាងនេះទៅទៀតកូនសុំនោះនៅតែជាសន្តតិជន (ទាយាទ) មានសិទ្ធិទទួលបានមរតក៌ របស់ឪពុកម្តាយបង្កើតរបស់គេដដែល ។ ទន្ទឹមនឹងនេះកូនសុំក៏មានសិទ្ធិទទួលសន្តតិកម្មពីឪពុកម្ដាយចិញ្ចឹមផងដែរ។ ខាងក្រោមនេះជាលក្ខខណ្ឌដើម្បីស្មុំកូនធម្មតា៖ * ឪពុកម្តាយចិញ្ចឹម អាចនៅលីវ ឬមានសហព័ទ្ធ (ប្តី-ប្រពន្ធស្របច្បាប់) * ឪពុក-ម្តាយចិញ្ចឹម ត្រូវមានអាយុចាប់ពី ២៥ ឆ្នាំឡើងទៅ * កូនសុំ អាចជាអនីតិជន ឬ នីតិជន ប៉ុន្តែមិនត្រូវជាបុព្វញាតិ ឬ មានអាយុច្រើនជាងឪពុក-ម្តាយចិញ្ចឹមឡើយ * កូនសុំ ជាអនីតិជន ត្រូវមានការយល់ព្រមពីឪពុក/ម្តាយបង្កើត ឬអ្នកមានអំណាចមេបា ឬអាណាព្យាបាល ។ បន្ទាប់ពីមានលក្ខខណ្ឌដូចរៀបរាប់ខាងលើនេះហើយ ឪពុក-ម្តាយចិញ្ចឹម និងកូនសុំ ត្រូវមានឆន្ទៈដូចគ្នា និងព្រមព្រៀងដាក់ពាក្យសុំជាមួយគ្នា ទៅកាន់តុលាការនៃទីលំនៅរបស់ កូនសុំនោះដើម្បីឲ្យតុលាការចេញដីកាសម្រេចបង្កើតស្មុំកូនធម្មតា។ ប៉ុន្តែបើកូនសុំជាអនីតិជន ឪពុក-ម្តាយចិញ្ចឹមត្រូវដាក់ពាក្យសុំជាមួយអ្នកមានអំណាចមេបា ឬអាណាព្យាបាល នៃកូនសុំនោះ ទៅកាន់តុលាការនៃទីលំនៅរបស់កូនសុំ។ អ្នកដាក់ពាក្យសុំមិនចាំបាច់ត្រូវតែជាអ្នកមានសហព័ទ្ធ (ប្ដី-ប្រពន្ធស្របច្បាប់) នោះទេ ពោលគឺបុរស ឬនារីដែលនៅលីវ ក៏អាចក្លាយជាឪពុក ឬ ម្ដាយចិញ្ចឹមបានដែរ ប៉ុន្តែចំពោះអ្នកមានសហព័ទ្ធ (ប្ដី-ប្រពន្ធស្របច្បាប់) ប្រសិនបើមានតែសហព័ទ្ធម្ខាងដែលចង់បានកូនចិញ្ចឹមនោះ អានុភាពមានតែចំពោះតែអ្នកដែលបានដាក់ពាក្យសុំតែប៉ុណ្ណោះ។ យ៉ាងណាមិញការសុំកូនអ្នកដទៃយកមកចិញ្ចឹមដោយស្របច្បាប់ ដែលយើងហៅថាការស្មុំកូននេះ ត្រូវតែធ្វើឡើងតាមផ្លូវតុលាការ ដូច្នេះការដែលចង់រំលាយការស្មុំកូននេះវិញ ក៏ត្រូវធ្វើឡើងតាមរយៈការកាត់កាលតាមផ្លូវតុលាការ ដូចគ្នាផងដែរ។ សូមបញ្ជាក់ផងដែរថាចំពោះជនបរទេស ដែលមានបំណងសុំកុមារកម្ពុជាទៅចិញ្ចឹម គឺត្រូវបំពេញតាមលក្ខខណ្ឌដោយឡែក (ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស)។ រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា សាវី លីដា សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ

2020-04-22 10:20:32

យល់ដឹងផ្នែកច្បាប់៖ ទ្រព្យរួម និងទ្រព្យដោយឡែករបស់ប្តីប្រពន្ធ

(ភ្នំពេញ)៖ នៅក្នុងសង្គមបច្ចុប្បន្ន បញ្ហាចម្រូសចម្រាសនៅក្នុងទំនាក់ទំនងប្តីប្រពន្ធ អំពីការគ្រប់គ្រង ប្រើប្រាស់ ចាត់ចែង និងបែងចែកទ្រព្យសម្បត្តិអាចនាំទៅរកវិវាទ ទាំងនៅក្នុងពេល ជាប់ចំណងអាពាហ៍ពិពាហ៍ ក៏ដូចជានៅពេលលែងលះ។ ដើម្បីបង្កា និងដោះស្រាយវិវាទទាំងនេះ ក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា បានចែងអំពីប្រព័ន្ធ គ្រប់គ្រងទ្រព្យសម្បត្តិប្តីប្រពន្ធ។ ប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិប្តីប្រពន្ធជាមូលដ្ឋានរួមមាន៖ «ប្រព័ន្ធទ្រព្យដោយឡែក» គឺជាប្រព័ន្ធដែលមិនធ្វើឲ្យមានផលប៉ះពាល់ដល់ទំនាក់ទំនង ទ្រព្យសម្បត្តិរបស់ប្តីប្រពន្ធទេ ទោះបីជាបានរៀបអាពាហ៍ពិពាហ៍ក៏ដោយ និង«ប្រព័ន្ធទ្រព្យរួម» គឺជាប្រព័ន្ធដែលនឹងមានផលប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិរបស់ប្តីប្រពន្ធ នៅក្រោយពេលរៀបអាពាហ៍ពិពាហ៍ ហើយទ្រព្យទាំងនោះ ត្រូវក្លាយជាទ្រព្យរួម។ ដូច្នេះកម្មវីធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិសូមលើកយកប្រធានបទស្តីពី “ទ្រព្យរួម និងទ្រព្យដោយឡែករបស់ប្តីប្រពន្ធ” មកធ្វើការចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ សិស្សនិសិ្សតដូចតទៅ៖ តើទ្រព្យសម្បត្តិណាខ្លះ ត្រូវចាត់ទុកជាទ្រព្យសម្បត្តិរួម ហើយទ្រព្យសម្បត្តិណាខ្លះត្រូវចាត់ទុកជាទ្រព្យដោយឡែក? ១៖ ទ្រព្យសម្បត្តិដោយឡែក ទ្រព្យសម្បត្តិដោយឡែក គឺជាទ្រព្យសម្បត្តិដែលស្ថិតនៅក្រោមកម្មសិទ្ធិរបស់សហព័ទ្ធ (ប្តី ឬ ប្រពន្ធ)ណាម្នាក់ ដូចខាងក្រោម៖ ក. ទ្រព្យសម្បត្តិដែលប្តី ឬប្រពន្ធមាននៅមុនពេលរៀបអាពាហ៍ពិពាហ៍ មានន័យថាភាគីប្តី ឬប្រពន្ធមានទ្រព្យនោះ នៅមុនពេលរៀបអាពាហ៍ពិពាហ៍ ទោះបីក្រោយរៀប អាពាហ៍ពិពាហ៍ក៏ដោយ ក៏គេចាត់ទុកថា ទ្រព្យនោះ ជាទ្រព្យដោយឡែករបស់ប្តី ឬប្រពន្ធនោះដដែល។ ឧទាហរណ៍៖ ប្តីមានផ្ទះមួយល្វែងមុនពេលរៀបអាពាហ៍ពិពាហ៍ ទោះក្រោយរៀបអាពាហ៍ពិពាហ៍ ក៏ផ្ទះនោះ នៅតែជាទ្រព្យរបស់ប្តីដដែល គឺមិនអាចរាប់ជាទ្រព្យរួមនោះទេ។ ខ. ទ្រព្យសម្បត្តិដែលប្តីឬប្រពន្ធទទួលបានដោយប្រទានកម្ម សន្តតិកម្ម ឬអច្ច័យទាន នៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ។ ក្នុងករណីប្រសិនបើម្ចាស់អំណោយទ្រព្យអោយទៅប្តី ឬប្រពន្ធនោះមានន័យថា អំណោយនោះនឹងក្លាយទៅជាទ្រព្យដោយឡែករបស់ប្តី ឬប្រពន្ធនោះ។ លើកលែងតែម្ចាស់អំណោយបានបញ្ជាក់ថាឱ្យទាំងប្តី និងប្រពន្ធ ទើបទ្រព្យនោះក្លាយទៅជាទ្រព្យរួមរបស់ប្តី និប្រពន្ធ ។ ឧទាហរណ៍៖ ឪពុករបស់លោក “ក” បានប្រគល់ផ្ទះមួយល្វែងឱ្យគាត់នៅក្នុងពេលចំណងអាពាហ៍ពិពាហ៍។ នោះ គេចាត់ទុកថាផ្ទះនោះជាទ្រព្យដោយឡែករបស់លោក “ក” ទោះបីជាទ្រព្យនោះបានមកក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ក៏ដោយ។ គ. ទ្រព្យសម្បត្តិជាតម្លៃតបទាក់ទងនឹងការចាត់ចែងទ្រព្យដោយឡែក គេចាត់ទុកថាជាទ្រព្យដោយឡែក។ ឧទាហរណ៍៖ ប្តីមានផ្ទះមួយខ្នងដែលជាទ្រព្យដោយឡែករបស់ខ្លួន ក្រោយមកនៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ប្តីបានលក់ផ្ទះនោះក្នុងតម្លៃ៥ម៉ឺនដុល្លារ ដូច្នេះប្រាក់ដែលបានមក ពីការលក់ផ្ទះនោះ ក៏គេចាត់ទុកថាជាទ្រព្យរបស់ប្តីដដែល ទោះបីជាប្តីលក់នៅក្នុងអំឡុងពេលជីវិតអាពាហ៍ពិពាហ៍ក៏ដោយ។ ម្យ៉ាងវិញទៀតប្រសិនបើប្តីយកលុយនោះទៅទិញដីហើយ លក់ទៅវិញបានប្រាក់ចំណេញបន្ថែមទៀតក៏ដោយ ក៏វានៅតែជាទ្រព្យដោយឡែករបស់ប្តីព្រោះផលចំណេញនោះកើតចេញពីតម្លៃតបនៃវត្ថុដែលជាទ្រព្យដោយឡែករបស់ប្តី ។ ២៖ ទ្រព្យសម្បត្តិរួម ទ្រព្យសម្បត្តិរួម គឺជាទ្រព្យសម្បតិ្តទាំងឡាយណា ដែលប្តីប្រពន្ធទាំងសងខាង ឬ តែម្ខាងទទួលបាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ក្នុងលក្ខណៈជាប្រាក់បៀវត្សរ៍ ឬ ប្រាក់ឈ្នួល ឬ ប្រាក់កម្រៃឬ ប្រយោជន៍នានាផ្សេងពីចំនុចទាំង ៣ ខាងលើ ។ ឧទាហរណ៍៖ ប្តីធ្វើការជាមន្ត្រីរាជការ និងទទួលបានប្រាក់បៀវត្ស១លានរៀល ក្នុងមួយខែ ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍។ ហេតុដូច្នេះហើយប្រាក់បៀវត្សរបស់ប្តី ត្រូវចាត់ទុកជាទ្រព្យសម្បត្តិរួមរបស់ប្តី និងប្រពន្ធ។ ក្នុងករណីប្រាក់ចំណូលដែលប្តីរកបានតែម្ខាង ហើយប្រពន្ធត្រឹមតែជាស្រ្តីមេផ្ទះ ធ្វើតែការងារគេហកិច្ច (ការងារក្នុងផ្ទះ) តើប្រាក់ចំណូលដែលប្តីរកបានតែម្ខាងត្រូវចាត់ទុកថាវាជាទ្រព្យរួម ឬ ទ្រព្យដោយឡែក? ជាគោលការណ៍ច្បាប់ការងារគេហកិច្ច (ការងារនៅក្នុងផ្ទះ) ត្រូវចាត់ទុកថាមានតម្លៃស្មើនឹងការងារដែល ធ្វើនៅក្រៅផ្ទះដែរ មានន័យថា ប្តីមិនអាចបដិសេធចំពោះចំណូលដែលខ្លួនរក បានពីការងារក្រៅផ្ទះ ថាមិនមែនជាទ្រព្យរួម ឬបន្ថយសិទ្ធិរបស់ប្រពន្ធលើចំណូលរបស់ខ្លួន ដោយសំអាងថាប្រពន្ធរបស់ខ្លួនធ្វើតែការងារផ្ទះ មើលថែទាំកូន ដាំស្ល បោកគក់...ល ដោយមិនបានប្រឡូកនឹងការងារខាងក្រៅ ដែលនឿយហត់ដូចការងាររបស់ខ្លួនឡើយ។ ចំពោះប្រាក់ឈ្នួលដែលបានមកពីការជួលផ្ទះ ដែលជាទ្រព្យរបស់ប្តី ឬ ប្រពន្ធមានមុនពេលរៀបអាពាហ៍ពិពាហ៍ តើយើងអាចចាត់ទុកថាជាទ្រព្យរួម ឬ ជាទ្រព្យដោយឡែក? ដូចនឹងឧទាហរណ៍ខាងលើ ដែលប្តីធ្វើការជាមន្ត្រីរាជការ និងទទួលបានប្រាក់បៀវត្ស ១លានរៀល ក្នុងមួយខែ ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍។ ហេតុដូច្នេះហើយប្រាក់បៀវត្សរបស់ប្តី ត្រូវចាត់ទុកជាទ្រព្យសម្បត្តិរួមរបស់ប្តី និងប្រពន្ធ។ ស្របពេលគ្នានោះដែរ ប្តីក៏មានផ្ទះមួយល្វែងដែលជាទ្រព្យដោយឡែករបស់ខ្លួន ហើយប្តីបានដាក់ផ្ទះនោះជួលដើម្បីបាន ថ្លៃឈ្នួលប្រចាំខែ។ ដូច្នេះថ្លៃឈ្នួលប្រចាំខែ ដែលបានមកពីការជួលផ្ទះនោះ គេចាត់ទុកថាជាទ្រព្យរួមរបស់ប្តី និងប្រពន្ធ។ ក្នុងករណីបំណុលរួមប្តីប្រពន្ធត្រូវតែទទួលខុសត្រូវរួមគ្នា ទោះបីជាបំណុលនោះប្តីប្រពន្ធទាំងពីរជាអ្នកខ្ចីរួមគ្នា ឬក៏សហព័ទ្ធណាម្នាក់ជាអ្នកខ្ចីឱ្យតែមានការ ព្រមព្រៀងជាលាយល័ក្ខណ៍អក្សរពីសហព័ទ្ធម្នាក់ទៀត។ ប៉ុន្តែបើទោះបីជាគ្មានការព្រមព្រៀងជាលាយល័ក្ខណ៍អក្សរពីសហព័ទ្ធម្ខាងទៀតក៏ដោយ ក៏អាចចាត់ទុកថាជាបំណុលរួមបានផងដែរ ប្រសិនបើបំណុលនោះស្ថិតក្រោមរូបភាពជាបំណុលដែលជាប់ពាក់ព័ន្ធនឹងការរក្សាជីវភាពរួមរបស់ប្តីប្រពន្ធ ការអប់រំ ការថែទាំ និងព្យាបាលកូន, បំណុលដែលជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រង និងរក្សាទ្រព្យសម្បត្តិរួម៕ រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី អនុប្រធានក្រុមមេធាវី និងកញ្ញា សាំង សុភាព សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ

2020-04-22 10:18:22

យល់ដឹងផ្នែកច្បាប់៖ នីតិវិធីក្នុងការលែងលះ

(ភ្នំពេញ)៖ តើអ្វីទៅជា «ការលែងលះ» ? ការលែងលះគឺសំដៅទៅលើការផ្តាច់ ឬការរំលាយចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ រវាងប្តី និងប្រពន្ធ ដែលបានចុះសំបុត្រអាពាហ៍ពិពាហ៍នៅចំពោះមុខមន្រ្តីអត្រានុកូលដ្ឋាន។ ដូចដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនបានដឹងរួចមកហើយថា បុរស-នារីបើគ្រាន់តែរៀបអាពាហ៍ពិពាហ៍ (រៀបការ) តាមបែបប្រពៃណី ទំនៀមទម្លាប់ ឬពិធីតាមបែបសាសនាណាមួយ ដោយមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍នៅចំពោះមុខមន្រ្តីអត្រានុកូលដ្ឋាន នោះមិនអាចចាត់ទុកថាមានចំណងអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ជាប្តី-ប្រពន្ធទ្បើយ ហើយការរួមរស់ជាប្តី-ប្រពន្ធដោយមិនមានចំណងអាពាហ៍ ពិពាហ៍តាមផ្លូវច្បាប់បែបនេះ ត្រូវបានហៅថា “អនីតិសង្វាស” ការរស់នៅជាអនីតិសង្វាសបែបនេះ ប្រសិនបើ បុរស-នារីរូបនោះអស់មនោសញ្ចេតនាលែងចង់រួមរស់ជាមួយគ្នាទៀត ពួកគេគ្រាន់តែសម្រេចចិត្តដើរចេញ បែកលំនៅឋានគ្នា និងលែងរួមរស់នៅជាមួយគ្នាជាការស្រេច។ ដូច្នេះកម្មវីធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ក្នុងសប្តាហ៍នេះសូមលើកយកប្រធានបទស្តីពី “នីតិវិធីក្នុងការលែងលះ” មកធ្វើការបកស្រាយដូចតទៅ៖ នីតិវិធីក្នុងការលែងលះសម្រាប់ចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ មាន០២ ប្រភេទគឺ (០១)ការលែងលះដោយមានការព្រមព្រៀង និង(០២) ការលែងលះដែលមានមូលហេតុ ដូចមានចែងនៅក្នុងក្រមរដ្ឋប្បវេណី នេះបើយោងតាមមាត្រា៩៧៨ និង៩៧៩ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា។ (០១) ការលែងលះដោយមានការព្រមព្រៀង មានន័យថាភាគី(ប្តី និងប្រពន្ធ)នៃអាពាហ៍ពិពាហ៍ បានឯកភាពគ្នាដោយស្ម័គ្រចិត្តរំលាយចំណងអាពាហ៍ពិពាហ៍ ហើយភាគី ត្រូវដាក់ពាក្យសុំលែងលះ ដោយភ្ជាប់ជាមួយកិច្ចព្រមព្រៀងលែងលះដោយស្ម័គ្រចិត្ត ទៅសាលាដំបូងរាជធានី/ខេត្ត បើតុលាការរកឃើញថាភាគីទាំងពីរមានឆន្ទៈព្រមព្រៀងពិតប្រាកដ ក្នុងការរំលាយចំណងអាពាហ៍ពិពាហ៍ នោះតុលាការនឹងសម្រេចឲ្យភាគីលែងលះគ្នាតាមរយៈអំណាច “ដីកាសម្រេច” (យោងតាមមាត្រា០៣ កថាខណ្ឌ២ នៃច្បាប់ស្តីពីនីតិវិធីនៃរឿងក្តីរដ្ឋប្បវេណីដែលមិនមែនជាបណ្តឹង) ។ (០២) ការលែងលះដែលមានមូលហេតុដូចមានចែងនៅក្នុងក្រមរដ្ឋប្បវេណី គឺជាការលែងលះដោយមិនមានការព្រមព្រៀង មានន័យថាភាគីម្ខាង(ប្តី/ប្រពន្ធ)នៃអាពាហ៍ពិពាហ៍ មិនមានឆន្ទៈក្នុងការលែងលះ តែភាគីម្ខាងទៀតមិនអាចរួមរស់ជាមួយគ្នាទៀតបាន ដោយយោងទៅលើមូលហេតុនៃការលែងលះ ដែលមានបញ្ញត្តិនៅក្នុងក្រមរដ្ឋប្បវេណី (មាត្រា៩៧៨ កថាខណ្ឌ១) ដូចខាងក្រោម៖ * មានអំពើផិតក្បត់ ទៅលើសហព័ទ្ធ * បោះបង់សហព័ទ្ធចោល ដោយគ្មានមូលហេតុត្រឹមត្រូវ * មិនដឹងច្បាស់ថា សហព័ទ្ធស្លាប់ ឬរស់អស់រយៈពេលជាង១ឆ្នាំ * សហព័ទ្ធបានរស់នៅបែកគ្នាជាបន្តបន្ទាប់ អស់រយៈពេលជាង ០១ឆ្នាំ ដែលផ្ទុយនឹងគោលបំណងអាពាហ៍ពិពាហ៍ * ករណីផ្សេងទៀតដែលនាំឲ្យទំនាក់ទំនងត្រូវបានបែកបាក់ ហើយគ្មានសង្ឃឹមថានឹងអាចបដិទានឡើងវិញបាន ។ ដូច្នេះភាគីម្ខាង(ប្តី/ប្រពន្ធ)នៃអាពាហ៍ពិពាហ៍ អាចដាក់ពាក្យបណ្តឹងទាមទារលែងលះគ្នា ទៅសាលាដំបូងរាជធានី/ខេត្ត ហើយបើតុលាការរកឃើញថាមានមូលហេតុ និងភស្តុតាងបញ្ជាក់យ៉ាងច្បាស់លាស់ថាភាគីទាំងពីរពិតជាមិនអាចរួមរស់នៅជាមួយគ្នាជាប្តី/ប្រពន្ធទៀតបាន នោះតុលាការត្រូវសម្រេចឲ្យភាគីលែងលះគ្នាតាមរយៈអំណាច «សាលក្រម» នេះបើយោងតាមច្បាប់ស្តីពីនីតិវិធីបណ្តឹងទាក់ទងនឹងឋានៈបុគ្គល។ បើទោះបីជាពាក្យបណ្តឹងទាមទារការលែងលះរបស់ភាគី មានមូលហេតុដូចមានរៀបរាប់ខាងលើក៏ដោយ ប៉ុន្តែប្រសិន បើតុលាការយល់ឃើញថាការលែងលះនោះ បណ្តាលឲ្យការ ទ្រទ្រង់ជីវភាពរបស់ប្តី/ប្រពន្ធ ឬកូន ក្រលំបាក ឬឈឺចាប់ដែលពុំអាចទ្រាំទ្របាន ឬដោយសារតែការទាមទារនោះផ្ទុយនឹងភាពសុចរិតនោះ តុលាការអាចច្រានចោល ការទាមទារលែងលះគ្នានោះបាន ដោយពិចារណាលើស្ថានភាពជាក់ស្តែង ឬដោយឆន្ទានុសិទ្ធិ។ ជាចុងក្រោយការលែងលះ ឬការរំលាយចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ ដែលប្តី/ប្រពន្ធបានចុះសំបុត្រអាពាហ៍ពិពាហ៍ ត្រូវតែធ្វើឡើងតាមផ្លូវតុលាការ ។ ភាគី(ប្តី/ប្រពន្ធ)មិនអាចបង្កើតកិច្ចព្រមព្រៀងលែងលះក្រៅប្រព័ន្ធតុលាការ ឬគ្រាន់តែដាក់លិខិតជូនដំណឹងទៅសាលាឃុំ/សង្កាត់បានទេ។ ប្រសិនបើមិនបានឆ្លងកាត់ការសម្រេចសេចក្តីតាមរយៈសេចក្តីសម្រេចរបស់តុលាការនោះទេ ចំណងអាពាហ៍ពិពាហ៍របស់ពួកគេត្រូវទុកជាបានការដដែល។ ផ្ទុយមកវិញបើសិនជាចំណងអាពាហ៍ពិពាហ៍ដែលបុរស-នារី បានរួមរស់នៅជាមួយគ្នាដោយគ្រាន់តែរៀបអាពាហ៍ពិពាហ៍ (រៀបការ) តាមបែបប្រពៃណីទំនៀមទម្លាប់ ឬពិធីតាមបែបសាសនា ដោយមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ (អនីតិសង្វាស) ពួកគេពុំចាំបាច់ឆ្លងកាត់ការលែងលះ ឬការរំលាយចំណងអាពាហ៍ពិពាហ៍ តាមរយៈប្រព័ន្ធតុលាការឡើយ ពោលគឺបុរស-នារីរូបនោះ គ្រាន់តែរស់នៅបែកគ្នាជាការស្រេច ប៉ុន្តែក្នុងករណីពួកគេមានកូនៗ ឬទ្រព្យសម្បត្តិ ដែលត្រូវធ្វើការបែងចែកអំណាចមេបា និងការផ្តល់អាហាកាតព្វកិច្ច ឬការបែងចែកទ្រព្យដោយឡែក/ទ្រព្យរួម ពួកគេអាចដាក់ពាក្យសុំ ឬពាក្យបណ្តឹងទៅតុលាការដើម្បីសម្រេចសេចក្តីជូនពួកគេបាន (ពាក្យបណ្តឹងដែលមានកម្មវត្ថុស្នើសុំសិទ្ធិអំណាចមេបាលើកូន ឬ/និង បែងចែកទ្រព្យ)៕ រៀបរៀងដោយ៖ កញ្ញា សាវី លីដា សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ និងលោក សុខ ពន្លឺ ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ

2020-04-22 10:08:07

យល់ដឹងផ្នែកច្បាប់៖ អត្រានុកូលដ្ឋានកំណើត

(ភ្នំពេញ)៖ កាលពីសប្តាហ៍កន្លងមក បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសិស្ស និស្សិត បានយល់ដឹងអំពី អ្វីទៅជាអត្រានុកូលដ្ឋានរួចមកហើយ សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទ «អត្រានុកូលដ្ឋានកំណើត» ដែលជាផ្នែកមួយនៃអត្រានុកូលដ្ឋាន ធ្វើការបញ្ជាក់លម្អិតបន្ថែមជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សនិស្សិត។ អត្រានុកូលដ្ឋានរបស់បុគ្គលម្នាក់សំដៅលើស្ថានភាពបីគឺ កំណើតអាពាហ៍ពិពាហ៍ និងមរណភាព។ អត្រានុកូលដ្ឋានមានន័យជារួម គឺជាចំណងផ្សាភ្ជាប់សញ្ជាតិទៅនឹងរដ្ឋ និងស្ថានភាពជាក់ស្តែង ដែលជននោះមាននៅក្នុងត្រកូលគ្រួសារខ្លួន និងសង្គមជាតិ ដែលធ្វើឲ្យបុគ្កលនោះមានសិទ្ធិ និងករណីយកិច្ចតាមផ្លូវច្បាប់ ។ ប៉ុន្តែចំពោះអត្រានុកូលដ្ឋានកំណើតតែមួយមានន័យដូចម្តេច? ហើយមានលក្ខខណ្ឌ និងនីតិវិធីអ្វីខ្លះដើម្បីអាចធ្វើការចុះបញ្ជីអត្រានុកូលដ្ឋានកំណើតបាន? សូមបញ្ជាក់ថា ការបកស្រាយខាងក្រោមនេះ គឺផ្ដោតតែទៅលើការចុះបញ្ជីអត្រានុកូលដ្ឋានកំណើតសម្រាប់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ។ អត្រានុកូលដ្ឋានកំណើត សំដៅលើសៀវភៅអត្រានុកូលដ្ឋានទាក់ទងនឹងកំណើត និងក្រដាសអត្រានុកូល-ដ្ឋានទាក់ទងនឹងកំណើត ។ ក្រដាសអត្រានុកូលដ្ឋានទាក់ទងនឹងកំណើត ដែលប្រជាពលរដ្ឋអាចយកមកប្រើប្រាស់ជាផ្លូវការនោះ រួមមានៈ សំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សេចក្តីចម្លងសំបុត្រកំណើត និងសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ។ ការចុះបញ្ជី និងចេញនូវអត្រានុកូលដ្ឋានកំណើតជូនប្រជាពលរដ្ឋ ត្រូវធ្វើឡើងដោយមន្ត្រីអត្រានុកូលដ្ឋានឃុំ/សង្កាត់ សម្រាប់បង្ហាញអំពីស្ថានភាពកំណើតរបស់ទារក នៅពេលដែលទារកនោះកើតមក ។ ជាទូទៅ នៅពេលដែលទារកកើតមក ឪពុកម្ដាយរបស់ទារកនោះមានកាតព្វកិច្ចក្នុងការរាយការណ៍ ដើម្បីសុំចុះបញ្ជីអត្រានុកូលដ្ឋានកំណើតឲ្យទារកនោះ នៅចំពោះមុខមន្រ្តីអត្រានុកូលដ្ឋានឃុំ/សង្កាត់ នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់ឪពុកម្ដាយរបស់ទារក ដោយមិនឲ្យកន្លងផុតរយៈពេល ៣០ ថ្ងៃបន្ទាប់ពីថ្ងៃកើតឡើយ ។ ចំពោះឯកសារដែលត្រូវភ្ជាប់ជាមួយរួមមាន៖ * លិខិតបញ្ជាក់ទទួលស្គាល់កំណើត៖ ១៖ លិខិតទទួលស្គាល់កំណើតរបស់មន្ទីរពេទ្យដែលជាកន្លែងរបស់ទារកកើត (បើកើតនៅមន្ទីរពេទ្យ) ឬ ២៖ លិខិតបញ្ជាក់ទទួលស្គាល់កំណើតរបស់មេភូមិ (បើកើតនៅផ្ទះ) ឬ ៣៖ កំណត់ហេតុអំពីកំណើតទារករបស់អ្នកទទួលខុសត្រូវមណ្ឌលអប់រំកែប្រែ ឬ ពន្ធនាគារ (បើកើតនៅមណ្ឌលអប់រំកែប្រែ ឬ ពន្ធនាគារ)។ * លិខិតបញ្ជាក់របស់ឪពុកម្ដាយទារកអំពីនាមត្រកូល នាមខ្លួន និងថ្ងៃ ខែ ឆ្នាំកំណើតរបស់ទារក បើឪពុក ម្ដាយរវល់ ហើយពឹងញាតិជានីតិជនដែលរស់នៅ ជាមួយឪពុកម្ដាយនោះទៅរាយការណ៍ជំនួស។ * សៀវភៅគ្រួសារដែលមានឈ្មោះឪពុកម្ដាយទារក (ប្រសិនបើមាន)។ * អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ឪពុកម្ដាយទារក (ប្រសិនបើមាន)។ * សេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើតរបស់ឪពុកម្ដាយទារក។ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ របស់ឪពុកម្ដាយទារក (ប្រសិនបើមាន)។ ក្នុងករណីនេះ នៅពេលដែលដំណើរការនៃការចុះបញ្ជីបានចប់សព្វគ្រប់ នោះមន្រ្តីអត្រានុកូលដ្ឋានឃុំ/ សង្កាត់ នឹងប្រគល់សំបុត្រអត្រានុកូលដ្ឋានមួយប្រភេទគឺសំបុត្រកំណើតឲ្យ ឪពុកម្ដាយទារកនោះ សម្រាប់ទុកប្រើប្រាស់តាមតម្រូវការចាំបាច់។ ប៉ុន្តែបើក្នុងករណីកន្លងហួសរយៈពេល ៣០ថ្ងៃ បន្ទាប់ពីថ្ងៃកើតដោយមិនបានធ្វើការរាយការណ៍ សុំចុះបញ្ជីអត្រានុកូលដ្ឋានកំណើតទេ នោះសាមីខ្លួន (ពេលទារកធំដឹងក្តី) ឬ ឪពុកម្ដាយ ឬ អាណាព្យាបាលត្រូវប្ដឹងសុំចុះបញ្ជីអត្រានុកូលដ្ឋានបញ្ជាក់កំណើត នៅសាលាឃុំ/សង្កាត់ សាមី ដែលខ្លួនរស់នៅពិតប្រាកដ ដោយនាំទៅជាមួយនូវសាក្សីពីររូបជានីតិជនមកបញ្ជាក់នៅចំពោះមុខមន្រ្តីអត្រានុកូលដ្ឋានឃុំ/សង្កាត់ ដើម្បីស្នើសុំចុះបញ្ជីអត្រានុកូលដ្ឋានបញ្ជាក់កំណើត។ ចំពោះឯកសារដែលសាមីខ្លួន និងសាក្សីត្រូវយកទៅភ្ជាប់ជាមួយរួមមាន៖ * ពាក្យប្ដឹងសុំចុះបញ្ជីអត្រានុកូលដ្ឋានបញ្ជាក់កំណើតរបស់សាមីខ្លួន ឬ ឪពុកម្ដាយ ឬ អាណាព្យាបាល * សៀវភៅគ្រួសាររបស់សាមីខ្លួន និងរបស់សាក្សី ឬ * អត្តសញ្ញាណប័ណ្ណរបស់សាមីខ្លួន និងរបស់សាក្សី (ប្រសិនបើមាន) ឬ * ឯកសារបៀវត្ស ឬ សោធននិវត្តន៍ ឬ សេចក្ដីបញ្ជាក់ពីស្ថាប័នសាមី បើសាមីខ្លូនជាមន្រ្តីរាជការ នៅពេលដែលដំណើរការនៃការចុះបញ្ជីរួចរាល់ មន្រ្តីអត្រានុកូលដ្ឋានឃុំ/សង្កាត់ នឹងផ្ដល់ឲ្យសាមីខ្លួននូវអត្រានុកូលដ្ឋានមួយប្រភេទ គឺ សំបុត្របញ្ជាក់កំណើត ដើម្បីទុកជាឯកសារប្រើប្រាស់ទៅតាមតម្រូវការជាក់ស្ដែងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ម៉្យាងវិញទៀតក្នុងករណីដែលមានគេរើសបានទារក ហើយប្រគល់ទៅឲ្យមន្រ្តីអត្រានុកូលដ្ឋានឃុំ/សង្កាត់ នោះមន្រ្តីអត្រានុកូលដ្ឋានឃុំ/សង្កាត់ ត្រូវផ្ដល់អត្រានុកូលដ្ឋាន កំណើតដល់ទារកនោះផងដែរ ដោយត្រូវពិគ្រោះយោបល់ជាមួយមន្រ្តីសុខាភិបាល ក្នុងការដាក់ថ្ងៃខែឆ្នាំកំណើតដល់ទារកនោះដោយស្មាន ហើយព័ត៌មានអំពីឈ្មោះឪពុកម្ដាយ ត្រូវដាក់ថាមិនស្គាល់។ ប៉ុន្តែបើមានគេសុំកូនដែលរើសបាននោះយកទៅចិញ្ចឹម នោះមន្រ្តីអត្រានុកូលដ្ឋានឃុំ/សង្កាត់ ត្រូវសន្មតអ្នកសុំនោះជាឪពុកម្ដាយ ដោយត្រូវយកនាមត្រកូល តាមឪពុកម្ដាយនោះ ហើយត្រូវមានសិទ្ធិ និងករណីយកិច្ចដូចគ្នាទៅនឹងកូនបង្កើត។ ប៉ុន្តែបើគ្មានអ្នកសុំទេ មន្រ្តីអត្រានុកូលដ្ឋានឃុំ/សង្កាត់ ត្រូវបញ្ជូនទារកនោះទៅមណ្ឌលសង្គ្រោះទារក ឬមណ្ឌលកុមារកំព្រាដែលនៅជិតបំផុត ដោយភ្ជាប់ទៅជាមួយនូវសំបុត្រកំណើតរបស់ទារកនោះផងដែរ ។ គួរបញ្ជាក់ផងដែរថា សំបុត្រកំណើត និងសំបុត្របញ្ជាក់កំណើត អាចចេញជូនបានតែម្ដងប៉ុណ្ណោះ ដូចនេះ ដើម្បីអាចប្រើប្រាស់បានគ្រប់គ្រាន់តាមតម្រូវការជាក់ស្ដែង យើងត្រូវស្នើសុំទៅមន្រ្តីអត្រានុកូលដ្ឋាន ដើម្បីទទួលបានក្រដាសអត្រានុកូលដ្ឋានមួយប្រភេទគឺសេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត យកមកប្រើប្រាស់។ ជាទូទៅប្រសិន បើក្នុងករណីដែលការសុំចម្លងស្ថិតនៅក្នុងឆ្នាំដដែលជាមួយនឹងការចុះបញ្ជី នោះការសុំចម្លងអាចធ្វើនៅត្រឹមថ្នាក់ឃុំ/ សង្កាត់ ដែលមានមន្រ្តីអត្រានុកូលដ្ឋានឃុំ/សង្កាត់ ជាអ្នកផ្ដល់ជូន ប៉ុន្តែបើករណីផុតឆ្នាំ នោះការសុំចម្លងត្រូវតែធ្វើឡើងនៅថ្នាក់ក្រុង/ស្រុក/ខណ្ឌ ដោយសារតែរៀងរាល់ចុងឆ្នាំសៀវភៅបញ្ជីអត្រានុកូលដ្ឋានទាំងអស់ ត្រូវបានបញ្ជូនទៅថ្នាក់ក្រុង/ស្រុក/ខណ្ឌទាំងអស់។ សរុបមកអត្រានុកូលដ្ឋានកំណើត គឺជាឯកសារដ៏សំខាន់មួយដែលបានកត់ត្រា ក៏ដូចជាបានបង្ហាញនូវស្ថានភាពកំណើតរបស់បុគ្គលគ្រប់ៗរូប។ ក្រដាសអត្រានុកូលដ្ឋានកំណើតមានបួនប្រភេទគឺ (១) សំបុត្រកំណើត (២) សំបុត្របញ្ជាក់កំណើត (៣) សេចក្តីចម្លងសំបុត្រកំណើត និង (៤) សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ដែលវាមានតម្លៃគតិយុត្តស្មើៗគ្នា ដោយគ្រាន់តែខុសគ្នាត្រង់លក្ខខណ្ឌនៃការទទួលបានតែប៉ុណ្ណោះ។ ម៉្យាងវិញទៀតគ្រប់បុគ្គលទាំងអស់ ទោះកើតចេញពីឪពុកម្ដាយ ដែលមានចំណងអាពាហ៍ពិពាហ៍ក្ដី ឬគ្មានចំណងអាពាហ៍ពិពាហ៍ក្ដី ក៏នៅតែមានសិទ្ធិក្នុងការទទួលបានអត្រានុកូលដ្ឋានកំណើតបានដូចគ្នាផងដែរ។ រៀបរៀងដោយៈ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក ឡេង ពុទិ្ធតារា សមាជិកក្រុមការងារស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ

2020-04-22 10:05:54

យល់ដឹងផ្នែកច្បាប់៖ «កំជាប់ពាក្យ»

(ភ្នំពេញ)៖ កាលពីសប្ដាហ៍មុន កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទជាច្រើនទាក់ទងនឹង «ការរៀបអាពាហ៍ពិពាហ៍» មកធ្វើការបកស្រាយរួចមកហើយ។ សម្រាប់សប្តាហ៍នេះ យើងនឹងស្វែងយល់អំពី “ពិធីកំជាប់ពាក្យ” មកធ្វើការពន្យល់ និងបកស្រាយជូនបងប្អូនប្រជាពលរដ្ឋវិញម្តង។ ជាទូទៅនៅក្នុងប្រពៃណីទំនៀមទំលាប់ខែ្មរ កំជាប់ពាក្យ ឬ ជាទូទៅត្រូវបានហៅថា «ភ្ជាប់ពាក្យ» គឺជាពីធីបែបប្រពៃណីមួយ ដែលត្រូវបានប្រជានជនខ្មែរអនុវត្ដតៗគ្នាតាំងពីបុរាណកាលរហូតមកដល់ពេលបច្ចុប្បនេះ ក្នុងគោលបំណងភ្ជាប់នូវសម្ព័ន្ធភាពរវាងគ្រួសារពីរ មុននឹងឈានដល់ពិធីអាពាហ៍ពិពាហ៍។ យើងសម្គាល់ឃើញថា បុរស និងនារី ដែលមានបំណងនឹងរៀបអាពាហ៍ពិពាហ៍ តែងតែរៀបចំនូវពិធីកំជាប់ពាក្យនេះឡើង ដោយហៅជាសាមញ្ញថាពិធីស្ដីដណ្ដឹង ឬ តាមប្រពៃណីហៅថា «ពិធីលើកស្លា» ដែលក្នុងពិធីនេះយើងឃើញថា ភាគីខាងបុរសរៀបចំនូវជំនូន បណ្ណាការ ជូនទៅខាងនារី ដោយមានការចូលរួមពីឪពុកម្ដាយ ញាតិមិត្ដ បងប្អូនទាំងសងខាង ដើម្បីចូលចែវចូវ ។ ការរៀបរាប់ខាងលើនេះ គឺជាសកម្មភាពប្រពៃណីដែលប្រជាជនខ្មែរតែងតែប្រារព្ធ ប៉ុន្តែបើយើងពិនិត្យលើអត្ថន័យ និងទិដ្ឋភាពច្បាប់វិញ តើកំជាប់ពាក្យមានលក្ខខណ្ឌយ៉ាងដូចម្តេច? តាមន័យច្បាប់ កំជាប់ពាក្យត្រូវបានបង្កើតឡើងតាមការសន្យារវាងបុរស និងនារីថា នឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានាថ្ងៃអនាគត ដោយធ្វើពិធីកំជាប់ពាក្យ។ កំជាប់ពាក្យត្រូវបានគោរពយ៉ាងតឹងរឹងនូវឆន្ទៈរបស់ជនដែលពាក់ព័ន្ធ គឺបុរស និងនារី មិនមែនគោរពលើឆន្ទៈរបស់ឪពុកម្ដាយនោះទេ ប៉ុន្ដែជាក់ស្ដែងនៅក្នុងសង្គមខ្មែរ កំជាប់ពាក្យត្រូវបានគោរពតាមឆន្ទៈរបស់ឪពុកម្ដាយទៅវិញ។ នៅក្នុងទំនាក់ទំនងនៃកំជាប់ពាក្យយើងសង្កេតឃើញថា មានគូស្រករមួយចំនួនបានសម្រេចបំណង ដល់បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ហើយរួមរស់ជាគូស្វាមីភរិយាតទៅ ។ ប៉ុន្តែមានករណីមួយចំនួនទៀត បុរសនារីដែលបានប្រារព្ធពីធីកំជាប់ពាក្យហើយ ក៏មិនអាចសម្រេចបាននូវអាពាហ៍ពិពាហ៍ជាមួយគ្នាផងដែរ ដោយត្រូវរំលាយកំជាប់ពាក្យទៅវិញ។ មានស្ថានភាពជាច្រើនដែលនាំឱ្យគោលបំណងនៃកំជាប់ពាក្យមិនបានសម្រេច ដែលជាហេតុនាំឱ្យកំជាប់ពាក្យត្រូវបានរំលាយដូចជា ការទទួលមរណៈភាពរបស់ភាគីម្ខាងទៀត ការប្រព្រឹត្ដកំហុសធ្ងន់ធ្ងរដោយភាគីម្ខាងទៀត ឬដោយការព្រមព្រៀងគ្នាជាអាទិ៍។ ទាំងនេះសុទ្ធសឹងតែជាមូលហេតុនៃការរំលាយកំជាប់ពាក្យ។ តើអ្វីទៅដែលចោទជាបញ្ហាពាក់ព័ន្ធនឹងកំជាប់ពាក្យនេះ ក្នុងករណីដែលកំជាប់ពាក្យត្រូវបានរំលាយ តើភាគីអាចទាមទារជំនូនមកវិញបានដែរឬទេ? ហើយតើភាគីណាជាអ្នកទទួលខុសត្រូវចំពោះការសងជំនូន? យោងតាមក្រមរដ្ឋប្បវេណី មាត្រា ៩៤៥ ក្នុងករណីដែលកំជាប់ពាក្យត្រូវបានរំលាយ ភាគីដែលបានលើកជំនូននៅពេលកំជាប់ពាក្យ ដែលសង្ឃឹមថា នឹងបានរៀបអាពាហ៍ពិពាហ៍ អាចទាមទារឱ្យភាគីម្ខាងទៀតសងជំនូនទាំងនោះមកវិញបាន។ ក្នុងន័យនេះ បើភាគីបុរសជាអ្នកជូនជំនូន នោះភាគីខាងបុរសអាចទាមទារជំនូននោះ ពីភាគីខាងនារីវិញបាន។ ក៏ប៉ុន្ដែក្នុងករណីដែលភាគីម្ខាងបានធ្វើការរំលាយកំជាប់ពាក្យចោលដោយមូលហេតុមិនត្រឹមត្រូវ ឬមិនសមស្រប ភាគីម្ខាងទៀតអាចទាមទារសំណងនៃការខូចខាតបាន ដោយយោងតាមបញ្ញត្តិមាត្រា ៩៤៦ នៃក្រមរដ្ឋប្បវេណី។ ឧបមាថា៖ កំជាប់ពាក្យត្រូវបានបង្កើតឡើងរួចហើយ ហើយភាគីម្ខាងបានប្រកាសរំលាយកំជាប់ពាក្យនោះដោយគ្មានមូលហេតុត្រឹមត្រូវ នោះភាគីម្ខាងទៀតអាចទាមទារសំណងនៃការខូចខាតបាន ដែលការទាមទារសំណងនេះ អាចឈរលើមូលដ្ឋាននៃការមិនអនុវត្ដកាតព្វកិច្ច ឬអំពើអនីត្យានុកូល ដែលមានចែងក្នុងក្រមរដ្ឋប្បវេណី។ ចំពោះសំណងនៃការខូចខាតដែលត្រូវទាមទារ អាចរាប់បញ្ជូលទាំងសំណងខាងផ្លូវចិត្ដ សម្ភារៈ និងសេដ្ឋកិច្ច ដែលក្រៅពីជំនូន មានន័យថា ការសងជំនូនមិនមែនជាផ្នែកមួយ នៃសំណងនៃការខូចខាតនោះទេ ព្រោះការទាមទារជំនូនអាចអនុវត្ដតែចំពោះភាគីលើកជំនូនដែលជាខាងបុរសតែប៉ុណ្ណោះ។ បានសេចក្ដីថា បើភាគីដែលបដិសេធ កំជាប់ពាក្យជាភាគីខាងបុរសវិញ នោះខាងនារីមិនអាចទាមទារឱ្យសងជំនូនបានឡើយ ដោយហេតុថា ជំនូនត្រូវបានភាគីខាងនារីទទួលបានហើយ តែភាគីខាងនារីអាចទាមទារនូវការខូចខាតដូចជាថ្លៃជួលរោង តុ ចុងភៅ សំអាងការ ថ្លៃគ្រឿងអលង្ការ (ចិញ្ជៀនភ្ជាប់ពាក្យ) និងសំណងជំងឺចិត្ដជាអាទិ៍។ ផ្ទុយមកវិញ បើកំជាប់ពាក្យត្រូវបានរំលាយដោយសារការព្រមព្រៀង ភាគីអាចកំណត់ពីការទទួលខុសត្រូវរៀងៗខ្លួនបាន ហើយភាគីត្រូវគោរពតាមការព្រមព្រៀងនោះ។ ឧទាហរណ៍ថា ភាគីបុរស និងនារីបានព្រមព្រៀងគ្នារំលាយកំជាប់ពាក្យដោយមិនទាមទារអ្វីពីគ្នាទៅវិញទៅមកឡើយ ដោយខាងបុរសមិនទាមទារជំនូន ហើយខាងនារីមិនទាមទារថ្លៃសោហ៊ុយកំជាប់ពាក្យជាដើម។ តើភាគីអាចទាមទារឱ្យសងជំនូន ឬការខូចខាតដោយសារការរំលាយកំជាប់ពាក្យបានយ៉ាងដូចម្ដេច? ចំពោះការទាមទារឱ្យសងជំនូន និងការទាមទារសំណងខូចខាត ភាគីអាចអនុវត្ដសិទ្ធិទាមទារតាមផ្លូវតុលាការ ដោយយោងតាមមាត្រា ៩៤៧ នៃក្រមរដ្ឋប្បវេណី។ អំឡុងពេលនៃការដាក់ពាក្យបណ្ដឹងទាមទារត្រូវធ្វើឡើងក្នុងរយៈពេល១ (មួយ) ឆ្នាំ គិតចាប់ពីពេលដែលកំជាប់ពាក្យនោះត្រូវបានរលាយ ។ ឧទាហរណ៍៖ កំជាប់ពាក្យត្រូវបានរំលាយ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នោះថេរៈវេលាមួយឆ្នាំ គឺ ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ដូចនេះភាគីអាចដាក់ពាក្យបណ្ដឹងក្នុងអំឡុងពេលនេះបាន។ ផុតរយៈពេលខាងលើ ភាគីលែងមានសិទ្ធិទាមទារសំណងទៀតឡើយ (ថ្លោះសិទ្ធិ)។ រៀបរៀងដោយលោកមេធាវី ឡាន ស៊ីនីត និងលោក រ៉ាត់ ចាន់ធី ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំនិងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ

2020-04-22 10:04:35

ស្វែងយល់ផ្នែកច្បាប់៖ ប្រធានបទស្តីពីអត្រានុកូលដ្ឋាន

(ភ្នំពេញ)៖ តើអ្វីទៅជាចំណងរួមភ្ជាប់សញ្ជាតិទៅនឹងរដ្ឋជាមួយស្ថានភាពជាក់ស្តែងដែលបុគ្គលមួយមាន ក្នុងក្រុមគ្រួសាររបស់ខ្លួន និងក្នុងសង្គមជាតិ ដែលបង្កើតបានជាសិទ្ធិ និងករណីយកិច្ច ? ចម្លើយគឺសំបុត្រអត្រានុកូលដ្ឋាន ប៉ុន្តែក្នុងពេលបច្ចុប្បន្ន ប្រជាពលរដ្ឋមួយចំនួនមានការភាន់ច្រឡំថា សំបុត្រអត្រានុកូលដ្ឋាន គឺជាសំបុត្រកំណើត ឬត្រឹមតែជាសំបុត្រមរណភាព។ កម្មវិធីយល់ដឹងផ្នែកច្បាប់បានលើកយកប្រធានបទស្តីពី «អត្រានុកូលដ្ឋាន» យកមកធ្វើការបង្ហាញជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សនិស្សិតឲ្យបានយល់កាន់តែច្បាស់ អំពីសារៈសំខាន់នៃអត្រានុកូលដ្ឋានដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការប្រកបរបរប្រចាំថ្ងៃ។ នៅសប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ នឹងលើកយកប្រធានបទស្តីពី «អត្រានុកូលដ្ឋាន» មកធ្វើការបកស្រាយដូចខាងក្រោម៖ អត្រានុកូលដ្ឋានរបស់បុគ្គលម្នាក់សំដៅលើស្ថានភាពបី គឺកំណើត អាពាហ៍ពិពាហ៍ និងមរណភាព បើយោងតាមមាត្រា២ នៃអនុក្រឹត្យលេខ១០៣ អន ក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០០ ស្តីពីអត្រានុកូលដ្ឋាន បញ្ញត្តិថា អត្រានុកូលដ្ឋាន គឺជាចំណងភ្ជាប់សញ្ជាតិទៅនឹងរដ្ឋ និងស្ថានភាពជាក់ស្តែង ដែលជននោះមាននៅក្នុងត្រកូលគ្រួសារខ្លួន និងសង្គមជាតិ និងដែលបង្កើតជននោះមានសិទ្ធិ និងករណីយកិច្ច។ ចំណែកឯសំបុត្រអត្រានុកូលដ្ឋាន គឺជាសំបុត្រសម្រាប់កត់ត្រាភាពជាស៊ីវិលនៃពលរដ្ឋខ្មែរ និងជនបរទេសដែលរស់នៅស្របច្បាប់ ក្នុងដែនសមត្ថកិច្ចកំណត់ នៃច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ អនុលោមតាម អនុក្រឹត្យលេខ១០៣ អន ក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០០ ស្តីពីអត្រានុកូលដ្ឋានបញ្ញត្តិថា សំបុត្រអត្រានុកូលដ្ឋានមាន៣ ប្រភេទដូចខាងក្រោម៖ ១. សំបុត្រកំណើត៖ បើមានទារកកើតឪពុក ឬម្តាយមានកាតព្វកិច្ចត្រូវរាយការណ៍ ចុះសៀវភៅកំណើតនៅចំពោះមុខមន្រ្តីអត្រានុកូលដ្ឋាននៅសាលាឃុំ ឬសង្កាត់នៃលំនៅឋាន របស់ឪពុក/ម្តាយរបស់ទារកនោះមិនឲ្យហួស ៣០ ថ្ងៃ ដោយបញ្ជាក់ឲ្យបានច្បាស់ថាឪពុក/ម្តាយរបស់ទារកនោះបានរៀបអាពាហ៍ពិពាហ៍ស្របតាមច្បាប់ ឬមិនបានរៀប អាពាហ៍ពិពាហ៍ស្របតាមច្បាប់ ក្នុងករណី ឪពុក/ម្តាយរបស់ទារកនោះ បានរៀបអាពាហ៍ពិពាហ៍ស្របតាមច្បាប់ត្រូវបង្ហាញសំបុត្រអាពាហ៍ពិពាហ៍ (យោងមាត្រា ១៧ នៃអនុក្រឹត្យលេខ១០៤ អន ក្រ.បក)។ ប្រសិនបើ ឪពុក/ម្តាយរបស់ទារកនោះទុកឲ្យហួសរយៈពេល ៣០ថ្ងៃ ហើយពុំទាន់មានសំបុត្រកំណើតប្រើប្រាស់ សាម៉ីខ្លួន ឬឪពុក ឬម្តាយ ឬអាណាព្យាបាល ត្រូវប្តឹងសុំចុះ សៀវភៅអត្រានុកូលដ្ឋានបញ្ជាក់កំណើត(សំបុត្របញ្ជាក់កំណើត) នៅសាលាឃុំ/សង្កាត់សាម៉ី ដែលខ្លួនរស់នៅពិតប្រាកដ ដោយនាំទៅជាមួយនូវសាក្សី០២រូប ជានីតិជន ហើយត្រូវមានទីលំនៅពិតប្រាកដមកបញ្ជាក់ចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន។ ២. សំបុត្រអាពាហ៍ពិពាហ៍៖ បុរសនារីដែលមានបំណងរៀបអាពាហ៍ពិពាហ៍ ត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ទៅមន្រ្តីអត្រានុកូលដ្ឋាននៃឃុំ/សង្កាត់នៃលំនៅឋានសាម៉ីខ្លួនខាងនារី។ ចំពោះ បុរស នារីដែលបានរួមរស់នៅជាមួយគ្នាក្នុងស្ថានភាពជាប្តីប្រពន្ធ ឬ បានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីរួចហើយ ប៉ុន្តែពុំបានចុះសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីឲ្យការរស់នៅ ជាមួយគ្នា មានស្ថានភាពស្របតាមច្បាប់ សាម៉ីខ្លួនទាំងពីររូបត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ទៅមន្រ្តីអត្រានុកូលដ្ឋានឃុំ/សង្កាត់ នៃលំនៅដ្ឋានដែលខ្លួនរស់នៅពិតប្រាកដ។ ក្រោយពីដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ក្នុងករណីដែលមន្ត្រីអត្រានុកូលដ្ឋានពិនិត្យឃើញថាត្រឹមត្រូវ មន្ត្រីអត្រានុកូលដ្ឋាននឹងចេញប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ដែលប័ណ្ណនេះ ត្រូវបិទប្រកាសរយៈពេល១០ថ្ងៃ មុនថ្ងៃរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី ឬថ្ងៃចុះបញ្ជីអាពាហ៍ពិពាហ៍ នៅលំនៅដ្ឋានខាងបុរស និងស្រ្តី ដើម្បីឲ្យអ្នកដែលមានផលប្រយោជន៍ ពាក់ព័ន្ធក្នុងរឿងនោះ អាចប្តឹងជំទាស់នឹងអាពាហ៍ពិពាហ៍នោះបាន។ ក្រោយផុតរយៈពេល១០ថ្ងៃ អាពាហ៍ពិពាហ៍ អាចធ្វើទៅបានបើគ្មានការប្តឹងជំទាស់សាម៉ីខ្លួនទាំង ២ នាក់អាចសុំចុះសៀវភៅអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ និងសុំចុះសំបុត្រពាហ៍ពិពាហ៍(អេតាស៊ីវិល) ដោយនាំទៅជាមួយនូវសាក្សី០២រូប ជានីតិជនដែលចាត់ទុកថា ជាការរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់។ ៣. សំបុត្រមរណភាព៖ ពេលមានអ្នកស្លាប់ភ្លាមក្រុមគ្រួសារ ឬសាច់ញាតិ ឬ អ្នកជិតខាង ឬ អ្នកមានភារកិច្ចនៅក្រសួងស្ថាប័ន អង្គភាពរបស់អ្នកស្លាប់ ត្រូវរាយការណ៍ជូនមន្រ្តី អត្រានុកូលដ្ឋានសាលាឃុំ/សង្កាត់នៃទីកន្លែងរស់នៅជាប់លាប់របស់អ្នកស្លាប់ឲ្យទាន់រយៈពេល ១៥ ថ្ងៃ ក្រោយពីថ្ងៃដែលទទួលមរណភាព។ មន្ត្រីអត្រានុកូលដ្ឋាន និងផ្តល់សំបុត្រ មរណភាពច្បាប់ដើមចំនួនមួយសន្លឹកដោយឥតគិតថ្លៃ ជូនចំពោះក្រុមគ្រួសារ ឬ សាច់ញាតិដែលមករាយការណ៍ចុះសៀវភៅអត្រានុកូលដ្ឋានមរណភាពឲ្យអ្នកស្លាប់ ក្នុងរយៈពេល ១៥ ថ្ងៃ។ ក្នុងករណីក្រុមគ្រួសារ ឬសាច់ញាតិ មិនបានទៅរាយការណ៍ដល់មន្ត្រីអត្រានុកូលដ្ឋានក្នុងអំឡុងពេល១៥ថ្ងៃ ត្រូវអនុវត្តដូចខាងក្រោម៖ * បើយឺតយ៉ាវជាងរយៈពេល ១៥ ថ្ងៃ នៅក្នុងឆ្នាំពុំបានទៅរាយការណ៍ ដល់មន្ត្រីអត្រានុកូលដ្ឋាន ក្រុមគ្រួសារ ឬ សាច់ញាតិ ត្រូវប្តឹងសុំទៅ មេឃុំ/ចៅសង្កាត់ នៃលំនៅឋានរបស់អ្នកស្លាប់ ។ * ករណីយឺតយ៉ាវលើសពី ១ឆ្នាំ ហើយនៅតែពុំទាន់បានទៅរាយការណ៍ដល់មន្ត្រីអត្រានុកូលដ្ឋាន ក្រុមគ្រួសារ ឬសាច់ញាតិ ត្រូវប្តឹងសុំសាលក្រមពីសាលាដំបូង (តុលាការ) រាជធានី/ខេត្ត រួចយកសាលក្រមនោះមកសុំមន្ត្រីអត្រានុកូលដ្ឋានឃុំ/សង្កាត់នៃអ្នកស្លាប់ ដើម្បីចុះបញ្ជីអត្រានុកូលដ្ឋាន។ សំបុត្រអត្រានុកូលដ្ឋានផ្តល់នូវសារប្រយោជន៍ សំខាន់ពីរយ៉ាងគឺចំពោះសង្គមជាតិ និងពលរដ្ឋខ្មែរ និងជនបរទេសដែលរស់នៅស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៖ * ចំពោះសង្គមជាតិ * ជួយពង្រឹងនីតិរដ្ឋ និងជួយកសាងប្រទេស៖ មានន័យថាសំបុត្រអត្រានុកូលដ្ឋានជាចំណែកមួយក្នុងការអនុវត្តច្បាប់ព្រោះថា ប្រសិនបើប្រជាពលរដ្ឋមានសំបុត្រ អត្រានុកូលដ្ឋានគ្រប់គ្នានោះការប្រតិបត្តិច្បាប់ និងការដំណើរការរបស់ស្ថាប័ននានា នឹងប្រព្រឹត្តទៅដោយរលូន ព្រមទាំងមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ * ជួយពង្រឹងសន្តិសុខសង្គម និងប្រទេសជាតិ៖ មានន័យថាសំបុត្រអត្រានុកូលដ្ឋានបានបញ្ជាក់អំពីអត្តសញ្ញាណរបស់បុគ្គលជាមួយទំនាក់ទំនងច្បាប់របស់ប្រទេស ហើយសំបុត្រអត្រានុកូលដ្ឋាន ក៏ជាសំណុំឯកសារយ៉ាងសំខាន់សម្រាប់ដំណើរការនីតិវិធីរបស់តុលាការផងដែរ ។ * ចំពោះពលរដ្ឋខ្លួនឯង * សម្រាប់បញ្ជាក់អំពីចំណងសាច់ញាតិក្នុងរង្វង់គ្រួសារ * សម្រាប់ធ្វើរាល់ឯកសារមួយចំនួនដូចជា ស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណ និង លិខិតឆ្លងដែនជាអាទិ៍ * សម្រាប់ដាក់ពាក្យស្នើសុំចូលបម្រើការងារនៅតាមក្រុមហ៊ុន ឬដាក់ពាក្យប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋជាអាទិ៍ ។ * សម្រាប់ចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតជាអាទិ៍ * សម្រាប់ចុះឈ្មោះចូលរៀនតាមគ្រឹះស្ថានសិក្សានានារបស់ស្ថាប័នរដ្ឋ និងឯកជន * សម្រាប់ពេលសវនាការ ឬពេលដោះស្រាយវិវាទ * សម្រាប់ការស្នើសុំធ្វើលិខិតថ្កោលទោសជាដើម ។ ការមិនបានចុះសៀវភៅអត្រានុកូលដ្ឋាននាំឲ្យពលរដ្ឋបាត់បង់អត្តសញ្ញាណផ្ទាល់ខ្លួន។ ការបាត់បង់នេះអាចនឹងបង្កការលំបាកក្នុងសង្គមពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួន របស់ប្រជាពលរដ្ឋ និងខកខានមិនបានបំពេញករណីយកិច្ចចំពោះគ្រួសារ ក៏ដូចជាសង្គមជាតិ ជាពិសេសពាក់ព័ន្ធក្នុងនីតិវិធីតុលាការដែរ។ រៀបរៀងដោយលោក ថន យូសៀង ប្រធានផ្នែកសេវាកម្មច្បាប់ និងលោក លាង ប៊ុនឡេង សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ៕

2020-04-22 10:03:28

យល់ដឹងផ្នែកច្បាប់៖ អាពាហ៍ពិពាហ៍ស្របច្បាប់

(ភ្នំពេញ)៖ នៅក្នុងសង្គមខែ្មរបុរស-នារីនៅពេលដល់អាយុពេញវ័យ ឪពុក-ម្តាយតែងតែរៀបចំទុកដាក់ឲ្យមានគូស្រករដើម្បីបង្កើតគ្រួសារ បន្តពូជវង្សត្រកូលតាមរយៈការរៀបចំពិធី អាពាហ៍ពិពាហ៍ ដែលមានលក្ខណៈតូច ឬធំទៅតាមលទ្ធភាពគ្រួសារ និងគោរពទៅតាមប្រពៃណី ទំនៀមទម្លាប់ខ្មែរ។ ប្រជាពលរដ្ឋមួយចំនួន ជាពិសេសនៅតាមជនបទហាក់មានទំនោរយ៉ាងខ្លាំងទៅលើការរៀបអាពាហ៍ពិពាហ៍តាមបែបប្រពៃណី ទំនៀមទម្លាប់ ដោយមិនមានការចាប់អារម្មណ៍ទៅលើការចុះបញ្ជីអាពាហ៍ពិពាហ៍ ដែលប្រជាពលរដ្ឋមួយចំនួនតែងនិយមហៅថា «អេតាស៊ីវិល» ដែលជាពាក្យរបស់បារាំង។ ដើម្បីយល់កាន់តែច្បាស់ថា តើដូចម្តេចហៅថា អាពាហ៍ពិពាហ៍ស្របច្បាប់ និងដើម្បីឲ្យអាពាហ៍ពិពាហ៍មួយមានលក្ខណៈស្របច្បាប់ ត្រូវមានគោរពតាមលក្ខខណ្ឌអ្វីខ្លះ? កម្មវិធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ក្នុងសប្តាហ៍នេះសូមលើកយកប្រធានបទស្តីពី «អាពាហ៍ពិពាហ៍ស្របច្បាប់» មកធ្វើការចែករំលែកដូចតទៅ៖ បុរស-នារីបើគ្រាន់តែរៀបអាពាហ៍ពិពាហ៍ (រៀបការ) តាមបែបប្រពៃណី ទំនៀមទម្លាប់ ឬពិធីតាមបែបសាសនាណាមួយ ដោយមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍នៅចំពោះមុខ មន្រ្តីអត្រានុកូលដ្ឋានខាងលំនៅដ្ឋានរបស់នារី នោះមិនអាចចាត់ទុកថា មានចំណងអាពាហ៍ពិពាហ៍ តាមផ្លូវច្បាប់ជាប្តី-ប្រពន្ធទ្បើយ។ ការរួមរស់ជាប្តី-ប្រពន្ធដោយមិនមានចំណងអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់បែបនេះ ត្រូវបានហៅថា «អនីតិសង្វាស់» អាចនាំឲ្យកូនដែលកើតមក គឺជាកូនរបស់ម្តាយ ប៉ុន្តែអាចមិនមែនជាកូនរបស់ឪពុកទ្បើយ មានន័យថា បើគ្មានអាពាហ៍ពិពាហ៍ស្របច្បាប់ទេ យើងមិនអាចសន្មត់ថា បុគ្គលណាមួយជាឪពុករបស់ក្មេងទ្បើយ ប៉ុន្តែគេអាចទទួលស្គាល់ចំណងបុត្តភាពនៅពេលក្រោយបាន។ ក្រៅពីចំណុចនេះក៏អាចនំាឲ្យភាគីម្ខាងលបលួចទៅរួមរស់ ឬ រួមសេវនកិច្ចជាមួយបុរស-នារីផេ្សងទៀត ហើយភាគីម្ខាងគ្មានសិទិ្ធប្តឹងភាគីម្ខាងទៀតឲ្យទទួលខុសត្រូវក្នុងបទល្មើសព្រហ្មទណ្ឌជាដើម។ ដើម្បីឲ្យអាពាហ៍ពិពាហ៍ស្របច្បាប់ បុរស-នារីត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖ ក៖ លក្ខខណ្ឌសារធាតុ៖ ១- ការព្រមព្រៀង៖ អាពាហ៍ពិពាហ៍ គឺការព្រមព្រៀងដែលកើតចេញពីឆន្ទៈពិតប្រាកដរបស់បុរស-នារី ដើម្បីរួមរស់ជាមួយគ្នា ហើយគ្មានភាគីណាមួយអាចរំលាយ អាពាហ៍ពិពាហ៍នេះទៅតាមទំនើងចិត្តបានទ្បើយ។ ២. ភេទ៖ ការរៀបអាពាហ៍ពិពាហ៍ ភាគីចាំបាច់ត្រូវតែមានភេទផ្ទុយគ្នា។ ច្បាប់មិនអនុញ្ញាតឲ្យភាគីមានភេទដូចគ្នារៀបអាពាហ៍ពិពាហ៍ទ្បើយ។ ៣. អាយុ៖ បុរស-នារីដែលដល់នីតិភាព ពោលគឺចាប់ពីអាយុ១៨ឆ្នាំឡើងទៅ អាចរៀបអាពាហ៍ពិពាហ៍បាន។ ប៉ុន្ដែក្នុងករណីដែលភាគីម្ខាងបានដល់នីតិភាព ហើយភាគីម្ខាងទៀតជា អនីតិជនដែលមានអាយុមិនតិចជាង១៦ឆ្នាំ អាចរៀបអាពាហ៍ពិពាហ៍បានដោយទទួលការយល់ព្រមពីអ្នកដែលមានអំណាចមេបា ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនរបស់ អនីតិជននោះ។ បើអ្នកដែលមានអំណាចមេបាម្ខាងណាមិនយល់ព្រមទេ គ្រាន់តែមានការយល់ព្រមពីសំណាក់អ្នកដែលមានអំណាចមេបាម្ខាងជាការគ្រប់គ្រាន់។ ក្នុងករណីដែលអ្នកមានអំណាចមេបា ឬអាណាព្យាបាលសម្រាប់អនីតិជន បដិសេធការយល់ព្រមដោយគ្មានមូលហេតុសមរម្យ អនីតិជនដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍ អាចទាមទារទៅតុលាការឲ្យសម្រេចសេចក្តីជំនួសការយល់ព្រមនោះបាន។ ៤. នៅលីវ៖ ច្បាប់បានទទួលស្គាល់តាមគោលការណ៍ស្ម័គ្រចិត្តប្តីមួយប្រពន្ធមួយ ហេតុនេះបុរស-នារីដែលមាន បំណងរៀបអាពាហ៍ពិពាហហ៍ត្រូវតែនៅលីវ។ ប្រសិនបើភាគីណាមួយកំពុងមានចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ ត្រូវតែបញ្ចប់ចំណងអាពាហពិពាហ៍នោះជាមុនសិនតាមរយៈសេចក្តីសម្រចរបស់តុលាការ។ ក្រៅពីលក្ខខណ្ឌខាងលើ ច្បាប់បានហាមឃាត់ការរៀបអាពាហ៍ពិពាហ៍ដូចខាងក្រោម៖ * ហាមឃាត់មិនឲ្យមានទ្វេពន្ធភាព៖ បុគ្គលដែលមានសហព័ទ្ឋ (ប្តី-ប្រពន្ធ) ហើយ ពុំអាចរៀបអាពាហ៍ពិពាហ៍ទៀតបានទ្បើយ។ * អំទ្បុងពេលហាមឃាត់មិនឲ្យរៀបអាពាហ៍ពិពាហ៍ថ្មីទៀត៖ នារីពុំអាចរៀបអាពាហ៍ពិពាហ៍ថ្មីទៀតបានទ្បើយ ប្រសិនបើអំទ្បុងពេល ១២០ ថ្ងៃ ពុំទាន់បានកន្លងផុត គិតចាប់ពីថ្ងៃដែលអាពាហ៍ពិពាហ៍មុនត្រូវបានរំលាយ ឬ លុបចោល ។ * ហាមឃាត់អាពាហ៍ពិពាហរវាងញាតិ៖ អាពាហ៍ពិពាហ៍មិនអាចធ្វើទ្បើងរវាងញាតិលោហិតផ្ទាល់ ឬសាខាញាតិលោហិតក្នុង ៣ ថ្នាក់ រាប់ទាំងថ្នាក់ទី ៣ ផង និងរវាងញាតិពន្ធនៃខ្សែផ្ទាល់ ព្រមទាំងរវាងសាខាញាតិពន្ធនៅក្នុង ៣ ថ្នាក់ រាប់ទាំងថ្នាក់ទី៣ ផង។ ខ. លក្ខខណ្ឌទម្រង់ ឬនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍ មានដូចខាងក្រោម៖ ១៖ ការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍៖ បុរស-នារីដែលមានបំណងរៀបអាពាហ៍ពិពាហ៍នៅពេលខាងមុខ ត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ទៅមន្ត្រីអត្រានុកូលដ្ឋាននៃឃុំ-សង្កាត់លំនៅដ្ឋានសាមីខ្លួនខាងនារី ។ មន្ត្រីអត្រានុកូលដ្ឋាន ត្រូវពិនិត្យឲ្យបានហ្មត់ចត់នូវពាក្យសុំនោះ ដោយផ្អែកទៅលើលក្ខខណ្ឌដែលបានកំណត់ក្នុងច្បាប់ ។ ២៖ ការប្រកាសអាពាហ៍ពិពាហ៍៖ បន្ទាប់ពីបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវហើយ មន្រ្តីអត្រានុកូល ដ្ឋានឃុំ-សង្កាត់ ត្រូវចេញប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ដើម្បីយកទៅ បិទផ្សាយជាសាធារណៈនៅលំនៅដ្ឋាននិងនៅសាលាឃុំ-សង្កាត់នៃសាមីខ្លួននារី និងនៅមុខលំនៅដ្ឋាននិងសាលាឃុំ/សង្កាត់សាមីខ្លួនបុរស។ ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ត្រូវបិទផ្សាយក្នុងរយៈពេល១០ថ្ងៃ មុនថ្ងៃរៀបអាពាហ៍ពិពាហ៍ ដើម្បីឲ្យជនដែលមានប្រយោជន៍ក្នុងរឿងនេះ អាចប្តឹងជំទាស់នឹងអាពាហ៍ពិពាហ៍នោះបាន ប្រសិនបើមានការមិន យល់ស្របនឹងអាពាហ៍ពិពាហ៍នោះ។ ផុតរយៈពេល១០ថ្ងៃ អាពាហ៍ពិពាហ៍អាចធ្វើទៅបានបើគ្មានការប្តឹងជំទាស់។ បើមានបណ្តឹងជំទាស់នឹងអាចរៀបអាពាហ៍ពិពាហ៍បាន លុះត្រាតែបណ្តឹងជំទាស់នោះត្រូវបានសមត្ថកិច្ចដោះស្រាយចប់។ ៣៖ ការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍៖ បន្ទាប់ពីបានបិទប័ណ្ណប្រកាសអាពាហ៍ពិពាហ៍បាន ចំនួន១០ថ្ងៃ ដោយមិនមានការប្ដឹងជំទាស់ទេ និងរៀបចំពិធីអាពាហ៍ពិពាហ៍ចប់សព្វគ្រប់ សាមីខ្លួនទាំងសងខាងត្រូវទៅសាលាឃុំ/សង្កាត់ ដើម្បីចុះកិច្ចសន្យាអាពាហ៍ពិពាហ៍នៅចំពោះមុខមន្រ្តីអាត្រានុកូលដ្ឋានខាងលំនៅដ្ឋាននារី។ ការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ត្រូវមានសាក្សីពីរនាក់គ្រប់អាយុការទៅជាមួយ ដើម្បីបញ្ជាក់ពីការដឹងលឺ ឬធ្វើជាសាក្សី ។ ៤៖ ការចុះបញ្ជីអាពាហ៍ពិពាហ៍៖ បន្ទាប់ពីបានចុះកិច្ចសន្យាអាពាហ៍ពិពាហ៍រួច មន្រ្តីអត្រានុកូលដ្ឋានត្រូវស្រង់ទិន្នន័យភាគីទាំងសងខាង និងចុះសៀវភៅអាពាហ៍ពិពាហ៍ រួចហើយត្រូវប្រគល់ឲ្យសាមីខ្លួនប្តី-ប្រពន្ធនូវសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) ច្បាប់ដើម និងចេញសេចក្តីចម្លងតាមការស្នើសុំរបស់សាមីខ្លួនដើម្បីទុកប្រើប្រាស់។ សរុបមកអាពាហ៍ពិពាហ៍ដែលស្របច្បាប់ ត្រូវតែគោរពនូវលក្ខខណ្ឌទាំងពីរខាងលើ ក៏ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនមានការយល់ច្រឡំត្រង់ចំណុចទីពីរនៃលក្ខខណ្ឌទម្រង់ គឺការទទួលបានប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ដោយយល់ច្រទ្បំថាវាជាសំបុត្រអាពាហ៍ពិពាហ៍ តែធាតុពិតចំណុចនេះគ្រាន់តែជាផ្នែកមួយនៃនីតិវិធី ចុះបញ្ជីអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ប៉ុណ្ណោះ។ រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក ប៊ុន វិទូ ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ

2020-04-22 10:01:36