023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ បទទទួលផលចោរកម្ម

(ភ្នំពេញ)៖ ចោរកម្មបានបង្កឲ្យមានព្យសនកម្ម (ការខូចខាត) ជាពិសេសផ្នែកទ្រព្យសម្បត្តិដល់ជនរងគ្រោះ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងសង្គម។ ទ្រព្យសម្បត្តិ ឬវត្ថុមួយចំនួនដែលកើតចេញពីអំពើចោរកម្មអាចនឹងត្រូវបានជនល្មើសយកទៅលក់ ឬយកទៅបញ្ចាំ។ ក្នុងករណីខ្លះមានបុគ្គលមួយចំនួនតូចបានដឹង និងមានចេតនាទទួលទិញ ឬទទួលបញ្ចាំវត្ថុទាំងនោះក្នុងគោលបំណងគេងចំណេញពីការលក់ដូរ ឬបញ្ចាំរបស់ដែលជាកម្មវត្ថុនៃអំពើចោរកម្ម ត្រូវចាត់ថាជាបទល្មើសទទួលផលចោរកម្ម។ ដើម្បីយល់កាន់តែច្បាស់ថាអំពើទទួលផលចោរកម្ម មានខ្លឹមសារ និងមានទោសកម្រិតណា? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្ដាហ៌នេះសូមលើកយកបទល្មើសទទួលផលចោរកម្ម មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ និងសិស្ស និស្សិត ដូចតទៅ៖ ការទទួលផលចោរកម្ម គឺជាប្រភេទបទល្មើសមជ្ឈិមដែលត្រូវមានបញ្ញត្តិនៅក្នុងមាត្រា៣៩៩ នៃក្រម ព្រហ្មទណ្ឌ ឆ្នាំ ២០០៩ ហើយត្រូវបានកំណត់និយមន័យថា «គឺជាអំពើទទួល លាក់បំបាំងរក្សាទុក ឬបញ្ជូនវត្ថុអ្វីមួយ ដោយដឹងថាវត្ថុនោះបានមកពីបទឧក្រិដ្ឋ ឬបទមជ្ឈិម»។ យោងតាមខ្លឹមសារនេះ បានបង្ហាញថា ប្រសិនបើជនណាម្នាក់បានទទួល លាក់បំបាំង ឬបញ្ជូនវត្ថុអ្វីមួយ ដោយខ្លួនបានដឹងថាវត្ថុនោះ គឺជាវត្ថុដែលបានមកពីការប្រព្រឹត្ដរាល់បទល្មើស គឺជាអំពើទទួលផលចោរកម្ម។ ដើម្បីឲ្យកាន់តែងាយស្រួលយល់យើងសូមលើកឧទាហរណ៍ដូចតទៅ៖ លោក «ក» ជាអាជីវករហាងបញ្ចាំមួយកន្លែង បានដឹងថាលោក «ខ» មាន ម៉ូតូមួយគ្រឿងដែលបានមកពីអំពើទុច្ចរិត ប៉ុន្តែលោក «ក» នៅតែទទួលទិញម៉ូតូនោះពីលោក «ខ» ក្នុងតម្លៃទាបបំផុត ដោយគ្មានប័ណ្ណសំគាល់ទោចក្រយានយន្ត និងឯកសារពាក់ព័ន្ធ ដើម្បីរក្សាទុកប្រើប្រាស់ ឬយកទៅលក់បន្តដើម្បីយកចំណេញ។ ករណីខាងលើនេះ លោក “ក” បានប្រព្រឹត្តអំពើទទួលផលចោរកម្ម នឹងត្រូវ ផ្តន្ទាទោសតាមបញ្ញត្តិនៃក្រមព្រហ្មទណ្ឌ។ ក្រៅពីរូបភាពនៃអំពើខាងលើនេះ គឺមានសកម្មភាពមួយចំនួនទៀត ដែលគេចាត់ទុកថាជាការទទួលផលចោរកម្មផងដែរ ដែលសកម្មភាពនោះមានដូចជា ៖ ១. អំពើធ្វើជាអន្តការី ដើម្បីបញ្ជូនវត្ថុអ្វីមួយដោយដឹងថារបស់នោះបានមកពីបទឧក្រិដ្ឋ ឬ បទមជ្ឈិម។ ២. អំពើដែលបានទទួលផលពីផលនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ដោយបានដឹងហេតុការណ៍ច្បាស់ ។ យោងមាត្រា ៤០០ នៃក្រមព្រហ្មទណ្ឌ អំពើទទួលផលចោរកម្ម ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ។ ស្ថានទម្ងន់ទោសនៃអំពើទទួលផលចោរកម្ម មានចែងក្នុងមាត្រា ៤០១ នៃក្រមព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៥ ( ប្រាំ ) ឆ្នាំ ទៅ ១០ ( ដប់ ) ឆ្នាំ កាលណាអំពើនោះប្រព្រឹត្តឡើង ៖ ១. ជាទម្លាប់។ ២. ដោយប្រើប្រាស់ភាពងាយស្រួលដែលការប្រកបសកម្មភាពវិជ្ជាជីវៈផ្តល់ឲ្យ។ ៣. ការប្រព្រឹត្តជាក្រុមមានការចាត់តាំង។ ដោយទ្បែកអតិបរមានៃទោសពិន័យ អាចស្មើនឹងតម្លៃវត្ថុនៃអំពើទទួលផលចោរកម្មនោះ (មាត្រា ៤០២) ។ សរុបមក ការទទួលផលចោរកម្ម គឺជាបទល្មើសមួយប្រភេទដែលមានលក្ខណៈបំពេញបន្ថែមឱ្យបទល្មើសផ្សេងទៀត។ ការទទួលផលចោរកម្មមិនសំដៅដល់តែការទទួលផលដែលបានមកពីបទល្មើសលួចតែមួយប្រភេទនោះទេ ផលដែលទទួលបានពីបទល្មើសមជ្ឈិម ឬបទឧក្រិដ្ឋផ្សេងទៀត ក៏អាចជាកម្មវត្ថុនៃអំពើទទួលផលចោរកម្មផងដែរ ។ រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វ ផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group។

2020-04-22 11:21:16

យល់ដឹងផ្នែកច្បាប់៖ បទបោះបង់អនីតិជន

(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ ទារកក្នុងតួលេខគួរឲ្យព្រួយបារម្ភមួយ ដែលត្រូវបានឪពុកម្តាយឬអាណាព្យាបាល​បោះបង់​នៅតាមមណ្ឌលសុខភាព ទីកន្លែងសាធារណៈ ឬករណីខ្លះក៏មាននៅតាមកន្លែងចោលសម្រាមផងដែរ ។ ទារក និងកុមារដែលជាអនីតិជនទាំងនោះ ដែលត្រូវបោះបង់អាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ប៉ះពាល់ដល់សុខភាព ឬមិនអាចមានអនាគតល្អ ដោយហេតុថា ក្រោយការបោះបង់ពីសំណាក់ឪពុកម្តាយ ឬអាណាព្យាបាលរបស់ពួកគេ ពួកគេនឹងជួបប្រទះនូវរឿងជាច្រើនដែលនឹកស្មានមិនដល់ ។ យោងតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិថា មាតាបិតាមានកាតព្វកិច្ចថែរក្សា និងអប់រំកូនឲ្យទៅជាពលរដ្ឋល្អ ។ ដូចនេះ ការបោះបង់ចោលកូនជាអនីតិជនដែលស្ថិត​នៅក្រោម​អាណាព្យាបាល​របស់ខ្លួននោះ គឺជាទង្វើល្មើសច្បាប់ ។ សម្រាប់សប្តាហិ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី “បទបោះបង់អនីតិជន” មកធ្វើការចែករំលែកដូចតទៅ ៖ ការបោះបង់អនីតិជន គឺជាបទល្មើសមជ្ឈិម ដែលក្រមព្រហ្មទណ្ឌបានកំណត់យ៉ាងជាក់លាក់ថា “អំពើរបស់បុគ្គលមានអំណាចថែរក្សា ដែលបោះបង់អនីតិជនអាយុតិចជាង ១៥ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ប្រសិនបើអំពើបោះបង់នោះបណ្ដាលឲ្យអន្តរាយដល់សុខភាព ឬសន្តិសុខរបស់អនីតិជននោះ” ។ ដូចនេះ សកម្មភាពរបស់ឪពុកម្តាយ ឬ អាណាព្យាបាលដែលបានបោះបង់អនីតិជនអាយុតិចជាង ១៥ឆ្នាំ ដោយ បណ្តាលឲ្យអន្តរាយដល់សុខភាព ឬ សន្តិសុខរបស់អនីតិជន នោះឪពុកម្តាយ ឬ អាណាព្យាបាលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។ ជាមួយគ្នានេះ មានសំនួរមួយត្រូវបានលើកឡើងថា “តើការឲ្យកូនជាអនីតិជនទៅបុគ្គលផ្សេងចិញ្ចឹម ចាត់ទុកជាបទល្មើសដែរ ឬទេ?” ការឲ្យកូនជាអនីតិជនទៅបុគ្គលផ្សេងចិញ្ចឹម នោះមិនមែនជាបទល្មើសទេ ប្រសិនបើការឲ្យអនីតិជនទៅបុគ្គលផ្សេងចិញ្ចឹមស្របតាមលក្ខខណ្ឌច្បាប់ ដូចមានចែងក្នុងក្រម រដ្ឋប្បវេណី ឆ្នាំ២០០៧ ពាក់ព័ន្ធនឹងបទបញ្ញត្តិស្មុំកូន និងមិនធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អនីតិជនទេ ដែលមានកំណត់ក្នុងបញ្ញត្តិខាងលើ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ។ សរុបមក អំពើបោះបង់អនីតិជន គឺជាអំពើខុសច្បាប់ និងធ្វើឲ្យសង្គមយើងកើនឡើងនូវក្មេងអនាថា ដែលមិនមានអត្តសញ្ញាណច្បាស់លាស់ ហើយអាចនឹងធ្វើឲ្យជីវិតរបស់ពួកគេតែលតោល និងគ្មានការអប់រំជាដើម ជាហេតុធ្វើឲ្យជនខិលខូចមួយចំនួន ឆ្លៀតឱកាសកេងប្រវ័ញ្ចកម្លាំងពលកម្ម និងវាយធ្វើបាបអនីតិជនទាំងនោះ ។ រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងកញ្ញា យ៉េ នីតា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 11:19:53

យល់ដឹងផ្នែកច្បាប់៖ ការប្តឹងបរិហារបង្កាច់កេរិ៍្ត

(ភ្នំពេញ)៖ សប្តាហ៍កន្លងមក កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវី​កម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទស្តីពី បទល្មើសបរិហារកេរិ៍តជាសាធារណៈ មកធ្វើការចែករំលែកជូនប្រិយមិត្តដើម្បីយល់ដឹង។ សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់ សូមលើកយកបទល្មើសមួយទៀតដែលមាន សូរសៀងប្រហាក់ប្រហែលគ្នា នឹងបទបរិហារកេរិ៍តជាសាធារណៈដែរ ប៉ុន្តែ​មានសញ្ញាណ​ និងកម្រិតទោសខុសគ្នា មកធ្វើការបង្ហាញជូនសាធារណៈជន គឺ “ការប្តឹងបរិហារបង្កាច់កេរិ៍្ត” ។ បទល្មើសបរិហារបង្កាច់កេរិ៍្ត ជាបទល្មើសមួយប្រភេទក្នុងចំណោមបទល្មើសជាច្រើន​ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ នៃព្រះរាជាណាចក្រកម្ពុជា និងមានគោលបំណងផ្តន្ទាទោស រាល់បុគ្គលទាំងឡាយណា ដែលបានធ្វើបណ្តឹងបរិហារលើបុគ្គលផ្សេងទៀត ដែលបណ្តឹងនោះធ្វើឡើងដោយខុសពីការពិត មិនមានមូលដ្ឋានផ្លូវច្បាប់ ឬគ្មានភស្តុតាងជាក់លាក់ ​និងដោយមានចេតនាបង្ក​ឲ្យមានផលប៉ះពាល់ទៅដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់បុគ្គលដែលទទួលរងដោយសារបណ្តឹងនោះ​​ ។ យោងតាមមាត្រា៣១១ នៃក្រមព្រហ្មទណ្ឌចែងថា ការប្តឹងបរិហារបង្កាច់កេរិ៍្ត ​​គឺ ជាអំពើប្តឹងបរិហារអំពីអំពើ​ដែលគេដឹងថាមិនពិត ហើយដែលនាំឲ្យមានទណ្ឌកម្មព្រហ្មទណ្ឌ ឬ វិន័យ កាលបើការប្តឹងបរិហារនេះត្រូវបានផ្ញើទៅដល់៖ * អាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់ការដូចជា ចៅក្រម មន្រ្តីនគរបាលយុត្តិធម៌ ឬនិយោជក ឬបុគ្គលដែលមានអំណាចប្តឹងទៅអាជ្ញាធរដែលមានសមត្ថកិច្ច។ ឧទាហរណ៍១៖ លោក «ក» និង លោក «ខ»​ មានផ្ទះនៅក្បែរគ្នា ។ លោក «ខ» មានរបររកស៊ីលក់ត្រីក្រឹមនៅនឹងផ្ទះតែម្តង ។ ​រៀងរាល់ថ្ងៃផ្ទះរបស់លោក «ខ» មានមនុស្សជាច្រើនចេញចូលទៅទិញត្រីក្រឹម ។ ដោយឡែកលោក “ក” និងលោក “ខ” មិនត្រូវគ្នានោះទេ។ លោក “ក” មានការធុញទ្រាន់នឹងផ្ទះរបស់លោក “ខ” ដែលមានមនុស្សចេញចូលច្រើន​ជារៀងរាល់ថ្ងៃ ។ លោក «ក» បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចដោយចោទថា ​ផ្ទះរបស់លោក «ខ» បានបើកបនល្បែង​ដែលជាសកម្មភាពខុសច្បាប់។ ក្រោយពេលមានពាក្យបណ្តឹងសមត្ថកិច្ចបានចុះមកធ្វើការស្រាវជ្រាវនៅផ្ទះរបស់លោក «ខ» រកឃើញថា មិនមានភស្តុតាងដែលបញ្ជាក់ថា លោក «ខ» បានបើកល្បែងស៊ីសង ដូចក្នុងពាក្យបណ្តឹង​របស់លោក «ក» នោះ​ទេ។ ក្នុងករណីនេះលោក «ខ» អាចប្តឹងលោក «ក» ពី «ការប្តឹងបរិហារបង្កាច់កេរិ៍្ត» លោកបាន។ ឧទាហរណ៍២៖ ដោយមានការច្រណែននឹងការពេញចិត្តពីសំណាក់ប្រធានក្រុមហ៊ុន ចំពោះលោក “សៅ” ដែលជាបុគ្គលថ្មី ។ លោក “សុខ” ដែលជាបុគ្គលិកចាស់ បានប្រឌិតរឿងចោទប្រកាន់លោក “សៅ” ថា បានលួចកេងចំណេញពីក្រុមហ៊ុន ដោយប្តឹងលោក “សៅ” ទៅប្រធានក្រុមហ៊ុន ក្នុងគោលបំណងឲ្យក្រុមហ៊ុនដាក់វិន័យ ឬ បញ្ឈប់លោក “សៅ” ពីការងារ ។ ប៉ុន្តែតាមការស៊ើបអង្កេតផ្ទៃក្នុង បានរកឃើញថា លោក “សៅ” ពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់ លោក “សុខ” នោះទេ ហើយបណ្តឹងប្រឆាំងលោក “សៅ” គឺធ្វើឡើងក្នុងគោលបំណងបង្ខូច កិតិ្តយសរ​បស់គាត់ក្នុងក្រុមហ៊ុនតែប៉ុណ្ណោះ។ ករណីនេះ លោក “សៅ” មានសិទ្ធិប្តឹងលោក “សុខ” ពី “ការប្តឹងបរិហារបង្កាច់កេរិ៍ត” របស់លោកបាន ។ តាមរយៈឧទាហរណ៍ទាំងពីរខាងលើនេះ យើងអាចយល់ច្បាស់បានថា សញ្ញាណនៃបទល្មើស “ការប្តឹងបរិហារបង្កាច់កេរិ៍ត” គឺសំដៅលើសកម្មភាពបណ្តឹងដែលធ្វើឡើងដោយខុសពីការពិត ដោយមានបំណងឲ្យអ្នកណាម្នាក់ទទួលរងនូវទោសព្រហ្មទណ្ឌ ឬ ទោសវិន័យណាមួយ ហើយបណ្តឹងនោះត្រូវបានដាក់ជូន​អាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់ការដូចជា ចៅក្រម មន្រ្តីនគរបាលយុត្តិធម៌ ឬនិយោជក ឬ បុគ្គលដែលមានអំណាចប្តឹងទៅអាជ្ញាធរដែលមានសមត្ថកិច្ច ។ យោងតាមបញ្ញត្តិមាត្រា៣១២ នៃក្រមព្រហ្មទណ្ឌ «ការប្តឹងបរិហារបង្កាច់កេរិ៍្ត» ​ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ខែ ទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល ​។ ម្យ៉ាងទៀតអាជ្ញាយុកាលនៃការធ្វើបណ្តឹង «ការប្តឹងបរិហារបង្កាច់កេរិ៍្ត» មានរយៈពេល ១ (មួយ) ឆ្នាំ ផ្តើមគិតពីបណ្តឹងបរិហារបង្កាច់កេរិ៍តបានមកដល់ ឬ ​ថ្ងៃដែលពាក្យបណ្តឹងបានដាក់មកអាជ្ញាធរមានសមត្ថកិច្ច។ ក្នុងករណីដែលបណ្តឹងបរិហារបង្កាច់កេរិ៍្ត ​នាំ​ឲ្យមានការចោទប្រកាន់ខាងបទព្រហ្មទណ្ឌ នីតិវិធីដែលផ្តើមអំពីបទល្មើស «ការប្តឹងបរិហារបង្កាច់កេរ្តិ៍» នោះ នាំឲ្យផ្អាកអាជ្ញាយុកាល​រហូតដល់ពេលបញ្ចប់កិច្ចចោទប្រកាន់។ មានន័យថា៖ បណ្តឹងបរិហារបង្កាច់កេរិ៍ត នឹងមិនអាចធ្វើបានទេ ប្រសិនបើរយៈពេល១ឆ្នាំ​បានកន្លងផុតទៅ ចាប់ពីថ្ងៃដែលពាក្យបណ្តឹងបានមកដល់អាជ្ញាធរមានសមត្ថកិច្ច។ ប៉ុន្តែប្រសិនបើពាក្យប្តឹងអំពីបទ​បរិហារបង្កាច់កេរិ៍ត ត្រូវបានអយ្យការធ្វើការចោទប្រកាន់ខាងព្រហ្មទណ្ឌ ដូចនេះអាជ្ញាយុកាលនឹងមិនត្រូវរាប់ទៀត​នោះទេ រហូតដល់ពេលបញ្ចប់កិច្ចចោទប្រកាន់។ ​ដោយឡែកចំពោះបទល្មើសខាងលើក៏មាននូវទោសបន្ថែម ដែលតុលាការអាចប្រកាសដូចខាងក្រោម៖ ​១៖ ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសសម្រាប់រយៈពេល២ ខែ យ៉ាងច្រើន។ ​២៖ ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន។ ៣៖ ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោស ​តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ ​សម្រាប់រយៈ​ពេល៨ថ្ងៃយ៉ាងច្រើន។ រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងលោក លាង ប៊ុនឡេង ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 11:07:49

យល់ដឹងផ្នែកច្បាប់៖ បទល្មើស​បរិហារកេរ្តិ៍​ជា​សាធារណៈ

​(ភ្នំពេញ)៖ ការបញ្ចេញមតិ គឺជាសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ហើយសិទ្ធិបញ្ចេញមតិនេះ ត្រូវបានចែងក្នុងមាត្រា ៤‌១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ថា «ប្រជាពលរដ្ឋខ្មែរមានសេរីភាពនៃការបញ្ចេញមតិនៃគំនិតរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន ​សេរីភាពខាងបោះពុម្ភផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឲ្យប៉ះពាល់ដល់កិត្តិយស របស់អ្នកដទៃ ដល់ទំនៀមទំលាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ»។ ក្រៅពីនេះសិទ្ធិបញ្ចេញមតិក៏មានចែងផងដែរក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ។ ទោះបីការបញ្ចេញមតិ គឺជាសិទ្ធិដែលបុគ្គលគ្រប់រូបមាន និងត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលក៏ដោយ ប៉ុន្តែបុគ្គលគ្រប់រូបមិនត្រូវប្រើប្រាស់ការបញ្ចេញមតិ របស់ខ្លួនឲ្យប៉ះពាល់ ឬ បំពានដល់សិទ្ធិរបស់អ្នកដទៃឡើយ ពីព្រោះថា ការបបញ្ចេញមតិដែលប៉ះពាល់ដល់សិទ្ធិ និងបំពានដល់ផលប្រយោជន៍របស់អ្នកដទៃ ត្រូវចាត់ទុកថាជាបទល្មើស ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាគឺបទបរិហារកេរ្តិ៍ជាសាធារណៈ។ តើសកម្មភាពបែបណាខ្លះដែលត្រូវចាត់ទុកថាជាបទល្មើស «បរិហារកេរ្តិ៍ជាសាធារណៈ» ហើយអ្នកប្រព្រឹត្តបទល្មើស​នេះត្រូវទទួលទោសទណ្ឌយ៉ាងដូចម្តេច? និងថាតើនីតិវិធីប្តឹងចំពោះបទបរិហារកេរ្តិ៍នេះត្រូវធ្វើឡើងដូចម្តេច? សម្រាប់សប្តាហិ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជា​សហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី “បទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ” មកធ្វើការចែករំលែកជូនសាធារណជនដូចតទៅ៖ យោងតាមក្រម​ព្រហ្ម​ទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា ៣០៥ បានឲ្យនិយមន័យបទល្មើស​បរិហារកេរ្តិ៍​ជា​សាធារណៈ​ថា គ្រប់ការ​អះអាង​បំ​ផ្លើស ឬ​ការទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត​លើ​អំពើ​ណាមួយ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស ឬ​កិត្តិសព្ទ​នៃ​បុគ្គល ឬ​នៃ​ស្ថាប័ន​ណាមួយ គឺជា​ការបរិហារកេរ្តិ៍​ ។ សញ្ញាណនៃបទល្មើស​បរិហារកេរ្តិ៍ គឺជាសកម្មភាព​អះអាង​បំ​ផ្លើស ឬ​ការទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត នាំ​ឲ្យ​ខូច​កិ​ត្តិយស​បុគ្គល ឬ​ស្ថាប័ន​ណាមួយ​នោះ អាចធ្វើឡើង​តាមរយៈ​សកម្ម​ភាពដូចខាងក្រោម ៖ ១៖ តាមរយៈ​សំដី ទោះជា​​ប្រភេទ​ណាក៏ដោយ​ ការប្រើប្រាស់សម្តី​នៅតាម​ទីសាធារណៈ ឬ​នៅក្នុង​សាលប្រជុំ​សាធារណៈ​។ ២៖ សកម្មភាព​តាមរយៈ​លិខិត ឬ​គំនូរ ទោះជា​ប្រភេទ​ណាក៏ដោយ​ដែល​ផ្សព្វផ្សាយ​នៅក្នុង​ចំណោមសាធារណ​ជន ឬ​ដាក់តាំង​ឲ្យ​សាធារណជន​មើល​។ ៣៖ តាម​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍​សោតទស្សន៍​សម្រាប់​សាធារណជន​ ។ ដោយហេតុតែ «បទបរិហារកេរិ៍ដជាសាធារណៈ» ពុំមែនជាអំពើមួយដែលឃោរឃៅ ពុំទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដូច្នេះហើយនៅក្នុងក្រមព្រហ្មទណ្ឌ ពុំមានការចែងដាក់ទោសជាប់ពន្ធនាគារចំពោះជនដែលបានប្រព្រឹត្តបទល្មើសនោះឡើយ ពោលគឺជនណាដែលប្រព្រឹត្តអំពើបរិហារកេរិ៍ដជាសាធារណៈចំពោះបុគ្គល ឬស្ថាប័នណាមួយ នឹងត្រូវទទួលការផាកពិន័យជាប្រាក់ និងផ្តល់ជាសំណងរដ្ឋប្បវេណីដើម្បីជួសជុលព្យសនកម្មដល់ជនរងគ្រោះតែប៉ុណ្ណោះ។ ការផ្តន្ទាទោសក្នុងបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ ត្រូវពិន័យជាប្រាក់ពី ១០០,០០០ រៀល ទៅ ១០,០០០,០០០ លានរៀល។ រីឯនីតិវិធីនៃបណ្តឹងចំពោះបទល្មើសនេះ គឺត្រូវអនុវត្តតាមមាត្រា៣០៩ នៃក្រមព្រហ្មទណ្ឌ ដែលបានកំណត់ថា ក្នុងករណីដែលមានការបរិហារកេរ្តិ៍ចំពោះសមាជិករាជរដ្ឋាភិបាល មន្ត្រីរាជការសាធារណៈ ឬពលរដ្ឋដែលទទួលបន្ទុកបេសកកម្មសាធារណៈ ឬអាណត្តិសាធារណៈ ការចោទប្រកាន់នឹងត្រូវធ្វើឡើងតាមបណ្តឹងរបស់សាមីខ្លួន ឬបណ្តឹងរបស់ប្រធានស្ថាប័នសាមី។ ហើយក្នុងករណីដែលមានការបរិហារកេរ្តិ៍ ចំពោះបុគ្គលឯកជន ការចោទប្រកាន់នឹងត្រូវធ្វើឡើងតាមបណ្តឹងរបស់សាមីខ្លួន ដែលទទួលរងនូវការបរិហារកេរ្តិ៍នោះ។ ពាក្យបណ្តឹងរបស់សាមីខ្លួន ឬប្រធានស្ថាប័នសាមី ដែលមានចែងខាងលើ គឺជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់អំពីបទល្មើសព្រហ្មទណ្ឌ ដោយអយ្យការ ហើយការដកពាក្យបណ្តឹងឲ្យជនរងគ្រោះ ឬ ដើមបណ្តឹងរដ្ឋប្បវេណីអាចនាំឲ្យបណ្តឹងអាជ្ញារលត់។ ប៉ុន្តែការចោទប្រកាន់នឹងអាចត្រូវធ្វើឡើងដោយស្វ័យប្រវត្តិដោយព្រះរាជអាជ្ញា កាលបើការបរិហារកេរ្តិ៍នោះ ត្រូវបានធ្វើឡើងប្រឆាំងនឹងបុគ្គលម្នាក់ ឬបុគ្គលមួយក្រុម ដោយមូលហេតុដើមកំណើត ពូជសាសន៍ សញ្ជាតិ ឬសាសនា របស់បុគ្គលនោះ។ ដូច្នេះសូមប្រជាពលរដ្ឋគ្រប់រូបប្រើប្រាស់នូវសិទិ្ធសេរីភាពនៃការបញ្ចេញមតិ ឬ សិទ្ធិសេរីភាពផ្សេងទៀត ត្រឹមដែនកំណត់នៃច្បាប់ ដើម្បីជៀសវាងការអនុវត្តខុស ឬ លើសពីដែនកំណត់នៃសិទ្ធិសេរីភាពរបស់ខ្លួន ដែលអាចទទួលរងនូវការចោទប្រកាន់ពីបទព្រហ្មទណ្ឌបាន ជាពិសេស គឺ បទបរិហារកេរ្តិ៍ជាសាធារណៈ ។ រៀបរៀងដោយ៖ កញ្ញា សាវី លីដា ប្រធានផ្នែករដ្ឋបាល និងជាជំនួយការច្បាប់ និងកញ្ញា ថន រ៉ាវ៉ាឌី ជាជំនួយការច្បាប់ និងជាសមាជិកាក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 11:13:52

យល់ដឹងផ្នែកច្បាប់៖ ការទទួលខុសត្រូវរបស់ក្រុមហ៊ុនឯកជន ទទួលខុសត្រូវមានកម្រិត

(ភ្នំពេញ)៖ ក្រុមហ៊ុន គឺជានីតិបុគ្គលដែលបង្កើតឡើងដោយស្ថិតនៅក្រោមវិសាលភាព ច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម ឬច្បាប់ពិសេសណាមួយ។ ដោយឡែក ក្រុមហ៊ុន ដែលបង្កើតឡើងស្ថិតក្រោមក្របខណ្ឌ ច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម ត្រូវបានបែងចែកជា ២ ទម្រង់ដូចខាងក្រោមគឺៈ ១. ក្រុមហ៊ុនសហកម្មសិទ្ធិ ដែលមាន ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ និងក្រុមហ៊ុនសហកម្មសិទ្ធិមាន កម្រិត ២.ក្រុមហ៊ុនមូលធន ដែលមាន ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិត និង ក្រុមហ៊ុនមហាជន ទទួលខុសត្រូវមានកម្រិត។ សម្រាប់សប្តាហ៍នេះផងដែរ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងលើកយកប្រធានបទស្តីពី ការទទួល​ខុសត្រូវ ​របស់​ក្រុមហ៊ុន​ឯកបុគ្គល ទទួលខុសត្រូវមានកម្រិត ដែលជាក្រុមហ៊ុនមួយប្រភេទ ស្ថិតក្នុងទម្រង់ក្រុមហ៊ុនមូលធន មកបកស្រាយ ជូនបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សនិស្សិតដូចតទៅ ៖ យោងតាមមាត្រា ៨៦ នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត គឺជា​​ក្រុមហ៊ុន​ទទួល​ខុសត្រូវ មានកម្រិតដែល​មាន​ភាគហ៊ុន​ចាប់ពី ២ ទៅ ៣០ នាក់ ហើយសមាជិកភាគហ៊ុន អាចជារូបវន្ដបុគ្គល ឬជានីតិបុគ្គល ។ ប៉ុន្តែគួរកត់សម្គាល់ថា បុគ្គលតែម្នាក់ក៏អាចបង្កើត​ក្រុមហ៊ុនបាន ដោយមានឈ្មោះថា សហគ្រាសឯកបុគ្គល​ទទួលខុសត្រូវមានកម្រិត ។ សហគ្រាស​ឯកបុគ្គល​ទទួលខុស​ត្រូវមានកម្រិត មានលក្ខណៈដូចគ្នាទៅនឹងលក្ខខណ្ឌទាំងឡាយ របស់ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតដែរ ។ ពោលគឺសហគ្រាស​ឯកបុគ្គល​ទទួលខុសត្រូវ​មានកម្រិតគឺ ត្រូវបាន​ចាត់ទុក​ថាជាក្រុមហ៊ុន​ឯកជន ទទួលខុសត្រូវ​មានកម្រិតផង ហេតុនេះការទទួលខុសត្រូវរបស់ម្ចាស់ភាគហ៊ុន លើបំណុល និងកាតព្វកិច្ចផ្សេងៗ មានត្រឹមតែ កម្រិតភាគហ៊ុន និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនប៉ុណ្ណោះ ។ យោងតាមមាត្រា ៨៥ នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត មិនអាចយក​ទៅប្រើប្រាស់ ក្នុងការធ្វើអាជីវកម្ម ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនឥនទានបានឡើយ ។ អនុលោមតាមមាត្រា ១៤៧ (ការទទួលខុសត្រូវរបស់សមាជិកភាគហ៊ុន) នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម បានចែងថា “ការទទួលខុសត្រូវរបស់ម្ចាស់ភាគហ៊ុនទាំងឡាយចំពោះបំណុលនៅក្នុងក្រុមហ៊ុនគឺមានកម្រិតត្រឹមតម្លៃជាវភាគហ៊ុន របស់ម្ចាស់ហ៊ុនម្នាក់ៗតែប៉ុណ្ណោះ ។” ក្រុមហ៊ុនមួយ គឺជានីតិបុគ្គលដាច់ដោយឡែកពី ម្ចាស់ភាគហ៊ុនដែលដូច្នេះហើយ ការទទួលខុសត្រូវរបស់ម្ចាស់ភាគហ៊ុន លើបំណុល របស់ក្រុមហ៊ុន គឺមានកម្រិតត្រឹមចំណែកភាគហ៊ុនរបស់ខ្លួនតែប៉ុណ្ណោះ។ នៅពេលដែល ម្ចាស់ភាគហ៊ុន​​បានបង់​ចំនួន​ទឹកប្រាក់ ដែលត្រូវទូទាត់សម្រាប់តម្លៃជាវភាគហ៊ុនពួកគេនឹងមិនទទួលខុសត្រូវលើចំនួនណាបន្ថែមទៀតឡើយ ។ ប្រសិនបើក្រុមហ៊ុនត្រូវទទួលខុសត្រូវ បំណុលណាមួយនោះ ការទទួលខុសត្រូវបែបនោះមិនមែនជា​ការទទួល​​ខុស​ត្រូវ​របស់​ម្ចាស់​ភាគហ៊ុន​នោះឡើយ ។ ភាគហ៊ុនត្រូវបានការពារពីម្ចាស់បំណុលរបស់ក្រុមហ៊ុន និងហានិភ័យ​ទាំងស្រុង​នៃការបរាជ័យ​អាជីវកម្ម។ ការទទួលខុសត្រូវមានកម្រិត របស់ភាគហ៊ុននេះមានទំនាក់ទំនង ជាពិសេសនៅពេលមាន ការរំលាយក្រុមហ៊ុន និងនៅពេលដែលប្រាក់ចំណេញទទួលបានពី ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន មិនគ្រប់គ្រាន់​ក្នុងការទូទាត់​បំណុល​របស់ក្រុមហ៊ុន។ សូមបញ្ជាក់ផងដែរថា សហគ្រាសឯកបុគ្គលទទួល​ខុសត្រូវ​មានកម្រិតគឺ ត្រូវបាន​ចាត់ទុកថា ជាក្រុមហ៊ុន​ឯកជនទទួល​ខុសត្រូវ​មានកម្រិតផងដែរ ហេតុនេះការទទួលខុសត្រូវរបស់ម្ចាស់​ភាគហ៊ុនលើបំណុល និងកាតព្វកិច្ចផ្សេងៗ មានត្រឹមតែ​កម្រិតភាគហ៊ុនរ​បស់ខ្លួន និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនប៉ុណ្ណោះពោលគឺ បំណុល​របស់ក្រុមហ៊ុន​ពុំមានជាប់ពាក់ព័ន្ធ​ទៅនឹង​ទ្រព្យសម្បត្តិ​របស់ម្ចាស់ភាគហ៊ុនឡើយ ។ ឧទាហរណ៍ៈ ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិតរបស់លោក ក មានដើមទុនសរុប ២០០,០០០ ដុល្លារអាមេរិក ដែលលោក ក គឺជាម្ចាស់ភាគហ៊ុន១០០ ភាគរយ បានចុះកិច្ចសន្យាដឹកជញ្ជូនទំនិញទៅបរទេស ជាមួយក្រុមហ៊ុន B ចាប់តាំងពីឆ្នាំ២០១៥ ។ ក្នុងប្រតិបត្តការរបស់ខ្លួន ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិតរបស់លោក ក បានខាតបង់ប្រាក់អស់ជាច្រើន រហូតដល់លែងមានលទ្ធភាពបន្តដំណើរការក្រុមហ៊ុនទៀតបានទើបបាន​សម្រេចចិត្ត​បិទក្រុមហ៊ុន ។ ក្នុងពេលសហការជាមួយក្រុមហ៊ុនដឹកជញ្ជូន B ក្រុមហ៊ុនឯកបុគ្គល​ទទួល​ខុសត្រូវ​មានកម្រិត របស់លោក ក បានជំពាក់បំណុល ក្រុមហ៊ុនដឹកជញ្ជូន B រហូតដល់ ៤០០,០០០ ដុល្លារអាមេរិក ។ យោងតាមស្មារតី មាត្រា ១៤៧ ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម លោក ក ដែលជាភាគហ៊ុននិកតែម្នាក់ របស់ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិត ត្រឹមកម្រិតភាគហ៊ុន​​ដែលគាត់​មានតែប៉ុណ្ណោះ ពោលគឺក្រុមហ៊ុន B ដែលម្ចាស់បំណុល ទទួល​បានត្រឹមតែ​កម្រិត​ភាគហ៊ុន​របស់លោក ក ដែលមានក្នុងដើមទុនរបស់ក្រុមហ៊ុន និង​ទ្រព្យសម្បត្តិរបស់​ក្រុមហ៊ុន​តែប៉ុណ្ណោះ ហើយ​ក្រុមហ៊ុន B ពុំមានសិទ្ធិធ្វើការទាមទារទ្រព្យសម្បត្តិឯកជនរបស់លោក ក ឡើយ ។ រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា សរ ម៉ារីណា លេខាប្រធានក្រុមមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group

2020-04-22 11:05:37

យល់ដឹងផ្នែកច្បាប់៖ បទរុកកួនខាងផ្លូវភេទ

(ភ្នំពេញ)៖ ជាទូទៅប្រជាជនគ្រប់រូបត្រូវបាន​ទទួលស្គាល់ ​នូវសិទ្ធិខាងទំនាក់ទំនង​ក្នុងសកម្មភាពនានា ឱ្យតែការប្រើប្រាស់សិទ្ធិនោះ មិនប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃ មិនផ្ទុយនឹងសណ្ដាប់ធ្នាប់ ប្រពៃណីល្អរបស់សង្គម ឬផ្ទុយនឹងច្បាប់ដែលបានហាមឃាត់។ ចំពោះទំនាក់ទំនងខាងផ្លូវភេទ ជាសិទ្ធិរបស់គ្រប់បុគ្គល​ដែលដល់​នីតិភាព​ក្នុងការរួមភេទ ហើយត្រូវធ្វើឡើងដោយឆន្ទៈរបស់គូភាគី ក៏ប៉ុន្តែបើទំនាក់ទំនងខាងផ្លូវភេទនោះ បានធ្វើឡើងដោយមានការរងសំពាធ ពីបុគ្គលដែលមានឋានៈ មុខងារ តួនាទី លើបុគ្គលម្ខាងទៀតដែលស្ថិតនៅក្រោម អំណាចឋានានុក្រម អំណាចនៃមុខងារ តួនាទីរបស់ខ្លួន គឺជាបទល្មើសព្រហ្មទណ្ឌ។ ករណីបែបនេះ យើងសង្កេតឃើញថា អាចមានការកើតឡើងមិនថាក្នុងវិស័យឯកជន ឬស្ថាប័នរដ្ឋ ដូចជាទំនាក់ទំនងខាងផ្លូវភេទរវាងគ្រូ-សាស្រ្ដាចារ្យ និងសិស្ស-និស្សិត រវាងនិយោជក និងកម្មករ-និយោជិត ជាដើម។ ហេតុនេះដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងសិស្សនិសិត្សបានយល់ដឹងច្បាប់ថា តើសកម្មភាពប្រភេទណាខ្លះ ដែលត្រូវបានចាត់ទុកថាជាបទល្មើសរុកកួនខាងផ្លូវភេទ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បទល្មើសរុកកួនខាងផ្លូវភេទ» មកបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ មន្រ្ដីរាជការ សិស្សនិស្សិតដូចតទៅ៖ យោងតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា២៥០ បានបញ្ញតិ្ដថា «អំពើរុកកួនខាងផ្លូវភេទ គឺជាអំពើដែលបុគ្គលម្នាក់រំលោភអំណាចដែលមុខងាររបស់ខ្លួនប្រគល់ឱ្យ ធ្វើការគាបសង្កត់ម្តងហើយម្តងទៀតទៅលើអ្នកដទៃ ក្នុងគោលបំណងទទួលការអនុគ្រោះខាងផ្លូវភេទ» ។ មានន័យថា កាលណាបុគ្គលម្នាក់ដែលមានអំណាច ទទួលបានពីឋានៈ មុខងារ តួនាទី ឬអំណាចដែលទទួលបានពីហេតុផ្សេងៗទៀតលើបុគ្គលណាម្នាក់ ហើយបានប្រើនូវអំណាចរបស់ខ្លួននោះ តាមមធ្យោបាយទុច្ចរិត ដើម្បីធ្វើការគាបសង្កត់ចំពោះបុគ្គលដ៏ទៃ (បុគ្គលសំដៅដល់មនុស្សទាំងពីរភេទ) ម្ដងហើយម្ដងទៀត ដើម្បីឱ្យបុគ្គលនោះយល់ព្រមរួមភេទជាមួយខ្លួន គឺជាបទល្មើសរុកគួនខាងផ្លូវភេទ។ ចំពោះមធ្យោបាយនៃការគាបសង្កត់អាចធ្វើឡើងក្រោមរូបភាពជា កាយវិការ ពាក្យសម្ដី ឬសកម្មភាពអ្វីមួយដែលមានសម្ពាធដល់ជនរងគ្រោះដោយគ្មានហិង្សា ឬការគំរាមកំហែងដោយអាវុធណាមួយឡើយ ហើយអំពើនោះបានធ្វើឡើងម្ដងហើយម្ដងទៀត ។ ឧទាហរណ៍ៈ លោក ក ជាសាស្រ្ដាចារ្យនៃសាកលវិទ្យាល័យមួយ នៅក្នុងពេលបំពេញវិជ្ជាជីវៈ លោក ក បានប្រើប្រាស់ឋានៈជាសាស្រ្ដាចារ្យរបស់ខ្លួន ដើម្បីនិយាយទៅកាន់និស្សិតស្រីម្នាក់ដែលបានប្រឡងធ្លាក់ថា ប្រសិនបើនាងព្រមប្រគល់ខ្លួនប្រាណឱ្យគាត់ នោះគាត់នឹងជួយសម្រួលឱ្យនាងបានជាប់ការប្រឡងនោះ ហើយគាត់តែងតែនិយាយបែបនេះជាច្រើនដងទៅកាន់នាង ។ ចំពោះចារី នៃបទល្មើសរុកគួនខាងផ្លូវភេទ គឺត្រូវតែជាបុគ្គលដែលទទួលបានអំណាចតាមរយៈមុខងារផ្ដល់ឱ្យក្នុងសង្គមដូចជា ថ្នាក់លើរបស់មន្រ្ដីរាជការ ឬមុខងារក្នុងវិស័យឯកជនដូចជា ថៅកែ ឬនិយោជក និងមុខងារក្នុងគ្រួសារដូចជាអ្នកអាណាព្យាបាល ជាអាទិ៍ ។ ឧទាហរណ៍ៈ ប្រធានក្រុមហ៊ុនមួយ បានពោលពាក្យសម្ដីជាច្រើនដងទៅចំពោះបុគ្គលិកស្រីរបស់ខ្លួនមួយរូប ដោយទទូចសុំឱ្យនាងអនុគ្រោះខាងផ្លូវភេទ ដើម្បីជាថ្នូរនឹងការផ្ដល់ទួនាទីជាលេខា នៅក្នុងក្រុមហ៊ុនរបស់ខ្លួន ដោយភ័យខ្លាចបាត់បង់តួនាទី ក្រោយមកនាងក៏បានយល់ព្រមតាមការទទូចសុំរបស់គាត់ ។ ដោយបទល្មើសរុកកួនខាងផ្លូវភេទ គឺជាបទល្មើសខាងរូបភាព ហេតុនេះគឺមិនគិតពីលទ្ធផលថា តើជនល្មើសបានទទួលការអនុគ្រោះខាងផ្លូវភេទពីជនរងគ្រោះ ឬអត់នោះទេ ឱ្យតែជនល្មើសនោះបានធ្វើការគាបសង្កត់ ដោយរំលោភអំណាចដែលទទួលបានពីមុខងាររបស់ខ្លួន ចាប់ពីពីរដងឡើងទៅ ក្នុងគោលបំណងទទួលបានការអនុគ្រោះខាងផ្លូវភេទ គឺចាត់ទុកថាបទល្មើសនោះបានសម្រេចហើយ។ ចំពោះទណ្ឌកម្ម យោងតាមមាត្រា ២៥០ នៃក្រមព្រហ្មទណ្ឌដដែលបានបញ្ញតិថា «អំពើរុកកួនខាងផ្លូវភេទ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ថ្ងៃ ដល់ ៣ (បី) ខែ និងពិន័យ ១០០,០០០ (មួយសែនរៀល) ដល់ ៥០០,០០០ (ប្រាំសែនរៀល)»។ សរុបមកអំពើរុកកួនខាងផ្លូវភេទ គឺជាប្រភេទមួយនៃអំពើបំពារបំពានខាងផ្លូវភេទ ដែលច្បាប់ព្រហ្មទណ្ឌកម្ពុជាបានកំណត់ជាបទល្មើស និងផ្ដន្ទាទោស ក្នុងគោលបំណងដើម្បីការពារនូវកិត្ដិយស សេចក្ដីថ្លៃថ្នូររបស់បុគ្គល សន្ដិសុខសណ្ដាប់ធ្នាប់ និងប្រពៃណីល្អរបស់សង្គមខ្មែរ ។ រៀបរៀងដោយ៖ លោក ថន យូសៀង ប្រធានផ្នែកសេវាកម្មច្បាប់ និងលោក រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 11:04:30

យល់ដឹងផ្នែកច្បាប់៖ អភ័យឯកសិទ្ធិគ្រួសារ

(ភ្នំពេញ)៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងអំពីអភ័យឯកសិទ្ធិរបស់សមាជិកសភា (តំណាងរាស្រ្ត) និងសមាជិកព្រឹទ្ធសភា ដែលធានា និងការពារពីការចោទប្រកាន់ ការចាប់ ការឃាត់ និងការឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួន។ ក្រៅពីអភ័យឯកសិទ្ធិដែលផ្តល់ជូនសមាជិកសភា និងសមាជិកព្រឹទ្ធសភា ដូចបានរៀបរាប់ខាងលើ ក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចែងអំពីអភ័យឯកសិទ្ធិដល់បុគ្គលដែលមិនអាចត្រូវផ្តន្ទាទោសព្រហ្មទណ្ឌផងដែរ គឺ «អភ័យឯកសិទ្ធិគ្រួសារ» ។ តើអភ័យឯកសិទ្ធិគ្រួសារជាអ្វី? ហើយបុគ្គលណាខ្លះដែលគួរទទួលបានអភ័យឯកសិទ្ធិនេះ? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «អភ័យឯកសិទ្ធិគ្រួសារ» មកធ្វើការបកស្រាយដូចតទៅ៖ អភ័យឯកសិទ្ធិគ្រួសារ មានចែងក្នុងមាត្រា៣៥៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា សំដៅទៅលើភាពមិនអាចផ្តន្ទាទោសព្រហ្មទណ្ឌបាន ចំពោះជនដែលបានប្រព្រឹត្តបទល្មើសលួច (អំពើលួចទ្រព្យសម្បត្តិ) បើជននោះលួចទ្រព្យសម្បត្តិរបស់បុព្វញាតិ ឬបច្ឆាញាតិ និងទ្រព្យសម្បត្តិរបស់សហព័ទ្ធខ្លួន។ មុននឹងឈានដល់ការស្វែងយល់នូវខ្លឹមសារនៃមាត្រាខាងលើ កម្មវិធីយើងនឹងធ្វើការបញ្ជាក់ជូនអំពីអត្ថន័យនៃពាក្យគន្លឹះមួយចំនួន ដូចជា «បុព្វញាតិ» «បច្ឆាញាតិ» និង «សហព័ទ្ធ» ជាមុនសិន។ ពាក្យថា «បុព្វញាតិ និងបច្ឆាញាតិ» ដែលមានពន្យល់ក្នុងសទ្ទានុក្រម នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ បានឱ្យនិយមន័យនៃពាក្យ «បុព្វញាតិ» ថា ជាជនដែលស្ថិតក្នុងថ្នាក់ញាតិខ្ពស់ជាងខ្លួន ពោលគឺ ជីដូនជីតា ឪពុកម្តាយ មាមីង ឬ ន័យសាមញ្ញត្រូវបានហៅថា អ្នកជំនាន់មុន ។ ដោយឡែកសម្រាប់ពាក្យថា «បច្ឆាញាតិ» គឺជន ឬពួកជន ដែលកើតពីជនមួយពួកទៀត ពោលគឺ កូន ចៅ ក្មួយ ឬ ហៅថា អ្នកជំនាន់ក្រោយ។ រីឯពាក្យថា «សហព័ទ្ធ» គឺសំដៅទៅលើប្តី ឬប្រពន្ធ ឬទាំងប្តីទាំងប្រពន្ធដែលទទួលបានឋានៈជាសហព័ទ្ធនេះក្រោយពីបានចុះបញ្ជីអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់។ ដូច្នេះប្រសិនបើមានករណីលួចទ្រព្យសម្បតិ្តនៅក្នុងសង្គមគ្រួសារដែលប្រព្រឹត្តឡើងដោយបុព្វញាតិ ឬបច្ឆាញាតិ ក៏ដូចជាសហព័ទ្ធពិតមែន នោះមាត្រា ៣៥៥ នៃក្រមព្រហ្មទណ្ឌមានអានុភាពអនុវត្តចំពោះករណីនេះ ដែលអាចឱ្យអ្នកប្រព្រឹត្តនោះ រួចផុតពីការផ្តន្ទាទោសចំពោះបទល្មើសលួចទ្រព្យសម្បត្តិ ។ ឧទាហរណ៍៖ លោក សុក បានលួចម៉ូតូដែលជាកម្មសិទ្ធិរបស់លោក សៅ ត្រូវជាជីតារបស់ខ្លួនទៅលក់ ដើម្បីយកទៅលេងល្បែង។ ចំពោះករណីនេះ តុលាការមិនអាចផ្តន្ទាទោសលោក សុក បានឡើយ ពីព្រោះលោក សុក ត្រូវជាចៅ (បច្ឆាញាតិ) របស់លោក សៅ ដែលត្រូវបានផ្តល់អភ័យឯកសិទ្ធិតាមរយៈមាត្រា ៣៥៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ សរុបមក ចំពោះអំពើលួចទ្រព្យសម្បតិ្តកើតឡើងក្នុងរង្វង់គ្រួសារដែលប្រព្រឹត្តឡើងដោយបុព្វញាតិ ឬបច្ឆាញាតិ និងសហព័ទ្ធ មិនត្រូវបានផ្តន្ទាទោសតាមច្បាប់ឡើយ។ អភ័យឯកសិទ្ធិគ្រួសារនេះ មានបំណងបញ្ចៀសនូវរាល់ផលវិបាកទាំងឡាយ ដែលអាចកើតចេញពីរឿងក្តីព្រហ្មទណ្ឌនៅក្នុងរង្វង់គ្រួសារ។ គួរបញ្ជាក់ផងដែរ អភ័យឯកសិទ្ធិនេះអាចអនុវត្តបានចំពោះតែបទល្មើសលួចតែប៉ុណ្ណោះ ដោយមិនគ្របដណ្តប់លើស្ថានទម្ងន់ទោសទេ។ រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងកញ្ញា សាំង សុភាព សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាន នៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 11:02:03

យល់ដឹងផ្នែកច្បាប់៖ បទល្មើសរំលោភសេពសន្ថវៈ

(ភ្នំពេញ)៖ អំពើរំលោភសេពសន្ថវៈ គឺជាអំពើមួយក្នុងចំណោមអំពើបៀតបៀន ដល់ផ្លូវភេទដទៃទៀត ដែលបានកើតមានជា​ញឹកញាប់ស្ទើរតែរៀងរាល់ថ្ងៃ ហើយអំពើនេះភាគច្រើន កើតមានចំពោះស្រ្តី និងកុមារដែលមិនទាន់គ្រប់អាយុ។ កន្លងមក​អំពើរំលោភសេពសន្ថវៈ ក៏ធ្លាប់កើតមានផងដែរ ក្នុងរូបភាព ជាឪពុកចុងរំលោភកូនដើម តារំលោភចៅ និង​ពូរំលោភក្មួយ​ជាដើម។ល។ អំពើរំលោភសេពសន្ថវៈ បានបង្កជាវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ចំពោះជនរងគ្រោះផ្ទាល់ គ្រួសារសាច់ញាតិ និង​សង្គមជាតិទាំងមូល ដែលទាមទារជាចាំបាច់ ឲ្យមានវិធានការដើម្បីទប់ស្កាត់ និង​ផ្ដន្ទាទោសចំពោះជនដែលប្រព្រឹត្តអំពើ​ល្មើសនេះ។ តើអំពើបែបណាខ្លះដែលត្រូវបានកំណត់ថាជា បទល្មើសសេពសន្ថវៈ? ហើយជនដែលប្រព្រឹត្តល្មើសនឹងត្រូវ ផ្ដន្ទាទោសកម្រិតណា? កម្មវីធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយ​ក្រុមមេធាវី ​សហប្រតិបត្តិការអន្តរជាតិ ក្នុងសប្តាហ៍នេះ សូមលើកយកប្រធានបទ​ស្តីពី «​បទល្មើសរំលោភសេពសន្ថវៈ» មកធ្វើការចែក​រំលែកជូនបងប្អូនប្រជាពលរដ្ឋ និង​សិស្ស និស្សិត​ដូចតទៅ៖ «រំលោភសេពសន្ថវៈ» ជាសញ្ញាណនៃអំពើបំពានទៅលើផ្លូវភេទមួយប្រភេទ ដែលមានចែងយ៉ាងច្បាស់លាស់ក្នុង ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែលក្ខណៈ នៃអំពើដែលបំពានទៅលើផ្លូវភេទមានច្រើនបែប​ច្រើនទម្រង់ ដែលក្រមព្រហ្មទណ្ឌបានកំណត់ថា ជាបទល្មើសផ្សេងៗគ្នា ទៅតាមលក្ខណៈសត្យានុម័តដាច់ដោយឡែករបស់វា ដូចជា «បទរំលោភសេពសន្ថវៈ» «បទប្រទូសកេរខ្មាស» «បទរុកកួនខាងផ្លូវភេទ» ជាដើម។ «បទល្មើសរំលោភសេពសន្ថវៈ» ត្រូវបានកំណត់ក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងមាត្រា២៣៩ ដែលបានបញ្ញត្តថា៖ «គ្រប់អំពើបញ្ចូលអង្គជាត តាមបែបណាក៏ដោយ ឬអំពើបញ្ចូលឧបករណ៍ណាមួយទៅក្នុងអង្គជាត ដែលប្រព្រឹត្តទៅលើអ្នកដទៃ ទោះបីមានភេទដូចគ្នា ឬមិនដូចគ្នាក៏ដោយ ដោយការប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាម កំហែង ឬដោយឆ្មក់ឱកាស គឺជាបទរំលោភសេពសន្ថវៈ»។ ចំណុចសំខាន់ដែលយើងត្រូវយល់ពីសញ្ញាណ នៃបទល្មើស​នេះគឺ​ ទី១៖ ទាក់ទងនឹងចេតនា (ការព្រមព្រៀង) របស់ជនរងគ្រោះដែលនៅក្នុងបទល្មើស រំលោភសេពសន្ថវៈ គឺមិនមាន​ការព្រមព្រៀងពីជនរងគ្រោះឡើយ និង​ទី២៖ ជនល្មើសប្រព្រឹត្តអំពើនេះ ក្រោមរូបភាពបំពានលើសិទិ្ធ ខាងផ្លូវភេទជនរង​គ្រោះ ដោយការប្រើប្រាស់ហិង្សា បង្ខិតបង្ខំ គំរាមកំហែង ការឆ្មក់ឱកាសទៅលើជនរងគ្រោះដើម្បីប្រព្រឹត្តបទល្មើសដើម្បី សម្រេចចំណង់ផ្លូវភេទខ្លួន ដើម្បីបញ្ចូលអង្គជាតរបស់ខ្លួន ទៅក្នុងអង្គជាត (អវយវៈភេទ) របស់ជនរងគ្រោះ ឬកន្លែង ផ្សេងៗទៀតរបស់ជនរងគ្រោះ ដូចជា គូទ ឬមាត់ជាដើម។ ជនល្មើសក៏អាចប្រើប្រាស់ឧបករណ៍ ផ្សេងៗទៀត ដើម្បីបញ្ចូល​ទៅក្នុងអង្គជាតរបស់ជនរងគ្រោះផងដែរ។​ ម៉្យាងវិញទៀត ជនល្មើសអាចប្រព្រឹត្តអំពើនេះ ដោយការប្រើប្រាស់អាវុធ ឬ​គំរាមកំហែងថា នឹងប្រើប្រាស់អាវុធ ឬប្រើប្រាស់នូវគ្រឿងញៀន ឬសារធាតុផ្សេងៗទៀត ដើម្បីធ្វើឲ្យជនរងគ្រោះបាត់បង់​ស្មារតីជាដើម។ ជនរងគ្រោះនៅក្នុងបទល្មើសរំលោភសេពសន្ថវៈ ត្រូវតែជារូបវន្តបុគ្គល ដែលនៅរស់រានមានជីវិត ទោះបី​ជាមានភេទដូចគ្នា ឬក៏ខុសគ្នាក៏ដោយ។ ចំពោះការផ្តន្ទាទោសទៅលើបទល្មើសរំលោភសេពសន្ថវៈវិញ មាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តថា «បទរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)​ឆ្នាំ ​ទៅ​១០​ (ដប់)​ឆ្នាំ»។ ការផ្តន្ទាទោសនេះ សំដៅតែលើ​បទល្មើសរំលោភសេពសន្ថវៈធម្មតា ដែលមិនមានស្ថានទម្ងន់ទោសតែប៉ុណ្ណោះ។ ប្រសិនបើមានស្ថានទម្ងន់ទោសនោះ កម្រិតនៃការផ្តន្ទាទោសនឹងប្រែប្រួលដូចខាងក្រោម៖ *មាត្រា​២៤០៖ បទរំលោភសេពសន្ថវៈត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ កាលបើអំពើនេះប្រព្រឹត្តឡើងដោយ៖ ១៖ប្រើប្រាស់អាវុធ ឬគំរាមកំហែងថានឹងប្រើប្រាស់អាវុធ ២៖ប្រើប្រាស់គ្រឿងញៀន ឬវីធីផ្សេងៗ នាំឲ្យជនរងគ្រោះបាត់បង់ស្មារតី ៣៖បុគ្គលដែលមានអំណាចលើជនរងគ្រោះ ៤៖បុគ្គលដែលរំលោភអំណាច ដែលមុខងាររបស់ខ្លួនបានប្រគល់ឲ្យ ៥៖បុគ្គលច្រើនរូបក្នុងនាមជាចារី សហចារី អ្នកផ្ដើមគំនិត អ្នកសមគំនិត។ *មាត្រា​២៤១៖ បទល្មើសរំលោភសេពសន្ថ​វៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ​១៥ (ដប់ប្រាំ) ឆ្នាំ កាលបើអំពើនេះប្រព្រឹត្តទៅលើ៖ ១៖បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ ២៖នារីមានគភ៌ កាលបើគភ៌ត្រូវបានគេឃើញជាក់ស្ដែង ឬកាលបើជនល្មើសបានដឹង ៣៖បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុនៃជំងឺ ឬពិការភាព កាលបើស្ថានភាពនៃបុគ្គលនេះ ត្រូវបានគេមើលឃើញជាក់ស្ដែង ឬកាលបើជនល្មើសបានដឹង។ *មាត្រា​២៤២៖ បទល្មើសរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ កាលបើអំពើនេះនាំឲ្យមានការកាត់អវយវៈ ឬពិការភាពជាអចិន្ត្រៃយ៍ ដល់ជនរងគ្រោះ។ *មាត្រា​២៤៣៖ បទល្មើសរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំ កាលបើអំពើនេះប្រព្រឹត្តឡើងមុនពេល ក្នុងពេល ឬក្រោយពេលប្រព្រឹត្តអំពើទារុណកម្ម ឬអំពើឃោរឃៅ។ *មាត្រា​២៤៤៖ បទល្មើសរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ៣០(សាមសិប) ឆ្នាំ កាលបើបទល្មើសនេះបណ្ដាលឲ្យ ជនរងគ្រោះស្លាប់​ដោយគ្មានចេតនាសម្លាប់​។ ក្រៅពីការផ្តន្ទាទោសដាក់ពន្ធនាគារ មានទោសបន្ថែមផ្សេងៗទៀត ដែលអាចត្រូវប្រកាសចំពោះជនល្មើស ហើយទោសបន្ថែមទាំងនោះ មានចែងក្នុងមាត្រា​២៤៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕ រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និង​លោក ឡេង ពុទ្ធិតារា ជំនួយការមេធាវី និង​ជាសមាជិកក្រុមការងាររៀបចំ និង​ផ្សព្វផ្សាយអត្ថបទច្បាប់នៃ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ​៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥ អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group​

2020-04-22 11:01:03

យល់ដឹងផ្នែកច្បាប់៖ បទប្រទូស្តកេរខ្មាស

(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាទូទៅបានឮ បានដឹងអំពីបទល្មើសរំលោភសេពសន្ថវៈ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនតូចមិនមានការចាប់អារម្មណ៍អំពីបទល្មើសប្រទូស្តកេរខ្មាសទ្បើយ។ តាមពិតទៅបទប្រទូស្តកេរខ្មាស មានបញ្ញត្តនៅក្នុងក្រមព្រហ្មទណ្ឌឆ្នាំ២០០៩។ ដូច្នេះដើម្បីយល់កាន់តែច្បាស់ថាតើ បទប្រទូស្តកេរខ្មាស មានន័យដូចម្តេច? ហើយអ្នកដែលប្រព្រឹត្តបទល្មើសប្រទូស្តកេរខ្មាសនេះមានទោសកម្រិតណា? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «បទប្រទូស្តកេរខ្មាស» មកធ្វើការបង្ហាញជូនដូចខាងក្រោម៖ បទប្រទូស្តកេរខ្មាស គឺជាប្រភេទបទល្មើសមជ្ឈិមដែលត្រូវមានបញ្ញត្តនៅក្នុងមាត្រា២៤៦ នៃក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ ហើយត្រូវបានកំណត់និយមន័យថា «គ្រប់អំពើប៉ះពាល់ ស្ទាប អង្អែលកេរភេទ ឫ ផ្នែកភេទផ្សេងទៀតរបស់បុគ្គលដទៃ តែបុគ្គលនេះមិនស្ម័គ្រផងទេ ឬ បង្ខំបុគ្គលដទៃឲ្យប្រព្រឹត្តអំពើនេះមកលើខ្លួន ឬ ទៅលើតតិយបុគ្គលក្នុងគោលបំណងធ្វើឲ្យរំជួល ឬ រីករាយដល់ចំណង់ផ្លូវភេទរបស់ជនល្មើស គឺជាអំពើប្រទូស្តកេរខ្មាស»។ ផ្អែកលើនិយមន័យខាងលើនេះ កេរភេទ គឺសំដៅទៅលើប្រដាប់បន្តពូជបុរស និងប្រដាប់បន្តពូជនារីតាមបែប វេជ្ជសាស្រ្ត រីឯផែ្នកភេទផ្សេងទៀតអាចសំដៅលើ សុដន់ គូទ កន្លែងអាថ៌កំបាំងនៃរាងកាយ ជាដើម ដែលការកំណត់នេះ ផ្អែកលើកត្តាសង្គម វប្បធម៌ និងប្រពៃណីខ្មែរ។ ទន្ទឹមនឹងនេះ ជនដែលប្រព្រឹត្តបទល្មើសនេះ មិនសំដៅតែទៅលើបុរសបំពានលើនារីនោះទេ អាចជានារីបំពានលើបុរស ឬអាចបុរសបំពានលើបុរស ឬអាចនារីបំពានលើនារី ឬជនល្មើសបង្ខំឲ្យជនរងគ្រោះប្រព្រឹត្តទៅលើតតិយបុគ្គល (បុគ្គលកទី៣) ក្នុងគោលបំណងធ្វើឲ្យរំជួល ឬរីករាយចំណង់ផ្លូវភេទរបស់ជនល្មើស ដោយគ្មានបំណងបញ្ជូលអង្គជាត (លិង្គ,យោនី) ឬបញ្ជូល ឧបករណ៍ណាមួយទៅក្នុងអង្គជាតដូចបទរំលោភសេពសន្ថវៈទ្បើយ។ ចំពោះទោសដែលត្រូវអនុវត្តវិញ អនុលោមតាមមាត្រា ២៤៦ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តថា អំពើប្រទូស្តកេរខ្មាសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០(ពីរលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល។ ដោយឡែក បទប្រទូស្តកេរខ្មាស ក៏មានបញ្ញត្តអំពីស្ថានទម្ងន់ទោសនៅក្នុងមាត្រា ២៤៧ និងមាត្រា ២៤៨ ដោយបានបញ្ញត្តថា៖ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល កាលបើអំពើនេះប្រព្រឹត្តឡើងក្នុងស្ថានភាពណាមួយដូចខាងក្រោម៖ ១៖ ដោយការប្រើប្រាស់អាវុធ ឬ ការគំរាមកំហែងនឹងអាវុធ។ ២៖ ដោយការប្រើប្រាស់គ្រឿងញៀន ឬ គ្រប់វិធីដែលនាំឲ្យជនរងគ្រោះបាត់បង់ ឬ ចុះខ្សោយលទ្ធភាពទប់ទល់។ ៣៖ ដោយបុគ្គលដែលមានអំណាចទៅលើជនរងគ្រោះ។ ៤៖ ដោយបុគ្គលដែលរំលោភអំណាច ដែលមុខងាររបស់ខ្លួនបានប្រគល់ឲ្យ ។ ៥៖ ដោយបុគ្គលច្រើនរូប ដែលប្រព្រឹត្តឡើងក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត ឬជាអ្នកសមគំនិត។ ៦៖ បុគ្គលដែលទន់ខ្សោយជាពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ។ ៧៖ នារីមានគភ៌ កាលបើគភ៌ត្រូវបានគេឃើញជាក់ស្ដែង ឬកាលបើជនល្មើសបានដឹង។ ៨៖ បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុនៃជម្ងឺ ឬពិការភាព កាលបើស្ថានភាពបុគ្គលនេះត្រូវបានឃើញជាក់ស្ដែង ឬ កាលបើជនល្មើសបានដឹង។ សរុបមកបទប្រទូស្តកេរខ្មាសក្នុងក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ បានបញ្ញត្តយ៉ាងច្បាស់លាស់អំពីគោលការណ៍ដើម្បីធានាប្រសិទ្ធិភាព កំណត់ការផ្តន្ទាទោស និងទោសពិន័យ ពីអំពើដែលជនល្មើសបានប្រព្រឹត្តទៅលើអ្នកដទៃ ក៏ដូចជាធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងប្រពៃណីផូរផង់របស់ខ្មែរ។ រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក ប៊ុន វិទូ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០១២ ៣០៣ ០៤២, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 10:58:52

យល់ដឹងផ្នែកច្បាប់៖ បទជេរប្រមាថជាសាធារណៈ

(ភ្នំពេញ)៖ មនុស្សគ្រប់រូបមានសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិយោបល់របស់ខ្លួនគ្រប់រូបភាព ប៉ុន្តែការប្រើប្រាស់សិទ្ធិ សេរីភាពទាំងនេះ មិនត្រូវប៉ះពាល់ដល់សិទ្ធិ និងសេរីភាពអ្នកដ៏ទៃ ឬដល់សន្ដិសុខ សណ្ដាប់ធ្នាប់សង្គមឡើយ ។ ដូចជាការបញ្ចេញមតិយោបល់ចំពោះបុគ្គលណាម្នាក់ ដោយការប្រើប្រាស់ពាក្យមិនសមរម្យ ពាក្យជេរប្រមាថ ពាក្យមើលងាយ ឬគ្រប់ពាក្យទ្រគោះ ជាសាធារណៈ ឬនៅទីសាធារណៈ គឺជាទង្វើមិនគប្បី នាំឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាព កិត្ដិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលនោះ។ តើទង្វើបែបនេះត្រូវបានចាត់ទុកជាបទល្មើសដែរឬទេ ? និងត្រូវផ្តន្ទាទោសយ៉ាងដូចម្តេច ? ដូច្នេះកម្មវីធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «បទល្មើសជេរប្រមាថជាសាធារណៈ» មកធ្វើការចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ និងសិស្ស និស្សិត ដូចតទៅ៖ យោងតាមក្រមព្រហ្មទណ្ឌមាត្រា ៣០៧ (បទល្មើសជេរប្រមាថជាសាធារណៈ) បានបញ្ញតិ្ដថា៖ «គ្រប់ពាក្យប្រមាថ គ្រប់ពាក្យមើលងាយ ឬគ្រប់ពាក្យទ្រគោះ ដែលគ្មានការទំលាក់កំហុស ទៅលើអំពើណាមួយគឺជាការជេរប្រមាថ»។ មានន័យថា ប្រសិនបើបុគ្គលម្នាក់ ឬមួយក្រុម ប្រើពាក្យពេចន៍មិនសមរម្យដូចជាជេរប្រទេច ឬ ដោយពាក្យមើលងាយ ទៅបុគ្គលណាម្នាក់ ឬមួយក្រុម ដោយគ្មានចេតនាទំលាក់កំហុសចំពោះអំពើណាមួយនោះទេ វាគឺជាការជេរប្រមាថ។ បទជេរប្រមាថត្រូវពិន័យជាប្រាក់ពី ១០០,០០០(មួយសែនរៀល) ទៅ១០,០០០,០០០ (ដប់លានរៀល) ប្រសិនបើការជេរប្រមាថ បានប្រព្រឹត្តឡើងតាមមធ្យោបាយ ណាមួយដូចខាងក្រោម៖ ១៖ តាមពាក្យសំដី ទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងពេលប្រជុំសាធារណៈ។ ឧទាហរណ៍ លោក ក នៅក្នុងអង្គប្រជុំមួយ គាត់បានប្រើពាក្យពេចន៍មិនសមរម្យ (ពាក្យអាតិរច្ឆាន) ចំពោះលោក ខ និងបានប្រៀបធៀបលោក ខ ទៅនឹងសត្វឆ្កែ ឆ្មា ជាដើម ។ ២៖ តាមលិខិត ឬគំនូរ ទោះបីជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយក្នុងចំណោមសាធារណៈជន ឬដាក់តាំងឱ្យសាធារណៈជនមើល ។ ឧទាហរណ៍ លោក សុខ នៅលើគេហទំព័រហេ្វសប៊ុករបស់ខ្លួន បានសរសេរនូវពាក្យប្រមាថមើលងាយចំពោះ លោក សៅ និងបានប្រើប្រាស់នូវរូបភាពកាត់តរូបលោកសៅ ដោយដាក់ក្បាលជាសត្វឆ្កែ ហើយផុសផ្សាយជាសាធារណៈ ។ ៣៖ តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍សម្រាប់សាធារណៈជន ។ មធ្យោបាយទូរគមនាគន៍សោតទស្សន៍ អាចដូចជា តាមកញ្ចក់ទូរទស្សន៍ វិទ្យុ ជាដើម ។ ឧទាហរណ៍ អ្នកស្រី ស្រស់ បានថតសម្លេងជេរប្រមាថរបស់ខ្លួនចំពោះ លោក សង្ហារ ហើយបានយកខ្សែអាត់សម្លេងនោះទៅចាក់ផ្សាយនៅក្នុងស្ថានីយ៍វិទ្យុមួយ ។ ចំពោះអំពើនៃការជេរប្រមាថតាមសារព័ត៌មានត្រូវស្ថិតនៅក្រោមច្បាប់ស្តីពីរបបសារព័ត៌មាន ។ ចំពោះនីតិវិធីបណ្ដឹង បទជេរប្រមាថមានលក្ខណៈពិសេសខុសពីបទល្មើសផ្សេងៗទៀត បើយោងមាត្រា ៣០៩ (ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា) បណ្ដឹងចំពោះបទល្មើសជេរប្រមាថជាសាធារណៈ អាចធ្វើឡើងក្រោមរូបភាព ៣ យ៉ាងគឺ ៖ ១៖ ក្នុងករណីដែលការជេរប្រមាថ ចំពោះសមាជិករដ្ឋាភិបាល ឬមន្រ្ដីរាជការសាធារណៈ ឬពលរដ្ឋទទួល អាណត្ដិសាធារណៈ ការចោទប្រកាន់ត្រូវធ្វើឡើងដោយសាមីខ្លួន ឬរបស់ប្រធានស្ថាប័នសាមី ។ ២៖ ក្នុងករណីដែលមាន ការជេរប្រមាថចំពោះបុគ្គលឯកជន ការចោទប្រកាន់នឹងត្រូវធ្វើឡើងដោយសាមីខ្លួនដែលទទួលរងនូវការជេរប្រមាថនោះ។ ៣៖ ការចោទប្រកាន់ធ្វើឡើងដោយស្វ័យប្រវត្ដដោយព្រះរាជអាជ្ញា កាលបើការជេរប្រមាថ ត្រូវធ្វើឡើងប្រឆាំងនឹងបុគ្គលម្នាក់ ឬមួយក្រុមដោយមូលហេតុដើមកំណើត ជាតិពន្ធុ ពូជសាសន៍ សញ្ជាតិ ឬសាសនារបស់បុគ្គលនោះ ។ ក្នុងករណីនេះ នីតិវិធីនៃការបញ្ជូនទៅជំនុំជម្រះ ត្រូវអនុលោមតាមបញ្ញត្ដិនៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ នៅក្នុងករណីពាក្យបណ្ដឹងធ្វើឡើងដោយសាមីខ្លួន ឬស្ថាប័នសាមី ដែលកំណត់ក្នុងចំណុច ១ និង២ ខាងលើនេះ គឺជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌដោយអយ្យការ ហើយការដកបណ្ដឹងរបស់អ្នកប្ដឹង នាំឱ្យបណ្ដឹងអាជ្ញានោះរលត់ ។ សរុបមកបទជេរប្រមាថជាសាធារណៈ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលជាប្រភេទនៃបទលហុ និងមានទណ្ឌកម្មត្រឹមតែពិន័យជាប្រាក់តែប៉ុណ្ណោះ ហើយបទលើ្មសប្រភេទនេះវាមាននីតិវិធី ពិសេសសម្រាប់ការធ្វើបណ្ដឹងចោទប្រកាន់ ដោយពាក្យបណ្ដឹងធ្វើឡើងដោយសាមីខ្លួន ឬស្ថាប័នសាមី គឺជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ហើយបណ្ដឹងអាជ្ញាក៏ត្រូវរលត់ដោយការដកបណ្ដឹងរបស់សាមីខ្លួន ឬស្ថាប័នសាមី ផងដែរ។ រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងលោក រ៉ាត់ ចាន់ធី ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំនិងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group

2020-04-22 10:57:35