023 986 245 |078 272 785

ភាសា :

ស្វែងយល់ផ្នែកច្បាប់៖ បទហិង្សាដោយចេតនា

(ភ្នំពេញ)៖ ហិង្សា គឺជាអំពើដែលបង្កើតឲ្យមានផលវិបាកធ្ងន់ធ្ងរលើរូបរាងកាយ ផ្លូវចិត្ត ផ្លូវភេទ និងសេដ្ឋកិច្ចដល់ជនរងគ្រោះ ក្រុមគ្រួសារ និងសង្គមជាតិ ។ ហេតុដូច្នេះ ដើម្បីបង្ការ និងកាត់បន្ថយជាអតិបរិមានូវអំពើដែលផ្តល់ផលអវិជ្ជមានក្នុងសង្គមនេះ បទល្មើសហិង្សាដោយចេតនា និងកំរិតទោសដែលត្រូវផ្តន្ទាសម្រាប់អ្នកប្រព្រឹត្តអំពើហិង្សា ត្រូវបានបញ្ញត្តក្នុងក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ។ តើអំពើហិង្សាដោយចេតនាមានន័យដូចម្តេច? ហើយអ្នកដែលប្រពឹ្រត្តនឹងត្រូវទទួលទោសទណ្ឌកំរិតណា? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់ អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយ ក្រុមមេធាវី​កម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សូមលើកយកប្រធានបទស្ដីពី «បទហិង្សាដោយចេតនា» មកបង្ហាញជូនបងប្អូនប្រជាពលរដ្ឋបានស្វែងយល់ដូចតទៅ៖ ហិង្សាដោយចេតនា គឺជាអំពើបៀតបៀនលើរូបរាងកាយរបស់អ្នកដទៃដោយចេតនាតាមគ្រប់មធ្យោបាយទុច្ចរិត ដែលបណ្តាលឲ្យ​មានរបួស ឬគ្មានរបួស ឬខូចសុខភាពជាដើម។ ចំពោះកម្រិតទោសត្រូវផ្តន្ទាទោសលើជនដែលបានប្រព្រឹត្តបទហិង្សាដោយចេតនា ត្រូវបានកំណត់ និងបែងចែកខុសៗគ្នាតាមរូបភាពនៃអំពើ ឬ/និងទំហំព្យសនកម្ម (ការខូចខាត) ដូចខាងក្រោម៖ ១៖ បទហិង្សាដោយចេតនា មាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌបានបញ្ញត្តថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល ។ ២៖ ត្រូវចាត់ទុកថាជាបទហិង្សាដោយចេតនាដូចគ្នាផងដែរ (មាត្រា២២៥-មាត្រា២២៧) ចំពោះអំពើដូចខាងក្រោម៖ • អំពើដែលឲ្យអ្នកដទៃផឹក លេប ឬបញ្ចូលទៅក្នុងខ្លួនអ្នកដទៃ តាមមធ្យោបាយណាក៏ដោយ ដោយចេតនានូវសារជាតិពុលដែលបណ្ដាលឲ្យខូចសុខភាព។ • អំពើលក់ ធ្វើអនុប្បទាន ឬឲ្យចំណី ឬភេសជ្ជៈ ដោយដឹងថាចំណី ឬភេសជ្ជៈនោះមានសារជាតិពុលនាំឲ្យខូច សុខភាព ។ • អំពើប្រព្រឹត្តឡើងដោយចេតនា ដោយដាក់បញ្ចូលនូវសារជាតិពុលនាំឲ្យខូចសុខភាពទៅក្នុងទឹកសម្រាប់ហូបជាសាធារណៈ ។ ៣៖ ស្ថានទម្ងន់ទោសចំពោះបទហិង្សាដោយចេតនា (មាត្រា២១៨ - មាត្រា២២២) ៣-១៖ អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០​០០ (បួនលាន) រៀល ដល់ ១០,០០០,០០០ (ដប់លាន) រៀល កាលបើអំពើហិង្សានេះបានប្រព្រឹត្តទ្បើងក្នុងស្ថានភាពណាមួយដូចខាងក្រោម៖ • ប្រព្រឹត្តទ្បើងដោយមានការគិតទុកជាមុន។ • ប្រព្រឹត្តទ្បើងដោយប្រើអាវុធ ឬគំរាមគំហែងនឹងអាវុធ ។ • ប្រព្រឹត្តដោយមានមនុស្សច្រើននាក់ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត • ប្រព្រឹត្តលើបុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ។ • ប្រព្រឹត្តលើនារីមានគភ៌ កាលបើគភ៌ត្រូវបានគេឃើញជាក់ស្តែង ឬកាលបើជនល្មើសបានដឹង ។ • ប្រព្រឹត្តលើបុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុនៃជំងឺ ឬពិការភាព កាលបើស្ថានភាពបុគ្គលនេះត្រូវបានគេឃើញជាក់សែ្តង ឬកាលបើជនល្មើសបានដឹង។ • ប្រព្រឹត្តលើជនរងគ្រោះ ឬ​ដើមបណ្តឹងរដ្ឋប្បវេណី ដើម្បីរារាំងជននេះកុំឲ្យប្តឹងបរិហារពីបទល្មើស ឬសុំឲ្យធ្វើការជួសជុលព្យសនកម្ម។ • ប្រព្រឹត្តលើសាក្សី ដើម្បីរារាំងកុំឲ្យឆ្លើយផ្តល់ភស្តុតាងនៅពេលស៊ើបអង្កេត ស៊ើបសួរ សវនាការ ឬនៅក្នុងនីតិវិធីនៃបណ្តឹងផ្សេងទៀត ។ • ប្រព្រឹត្តលើជនរងគ្រោះ ឬ​​ដើមបណ្តឹងរដ្ឋប្បវេណី ពីព្រោះជននេះបានបរិហារពីបទល្មើស ឬ សុំឲ្យជួសជុលព្យសនកម្ម ។ • ប្រព្រឹត្តលើសាក្សី ដោយមូលហេតុសាក្សីនេះបានផ្តល់ភស្តុតាងនៅពេលស៊ើបអង្កេត ស៊ើបសួរ សវនាការ ឬ នៅក្នុងនីតិវិធីនៃបណ្តឹងផ្សេងទៀត ។ • ប្រព្រឹត្តដោយអ្នករាជការសាធារណៈនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ នៅក្នុងពេលបំពេញមុខងាររបស់ខ្លួន ។ • ប្រព្រឹត្តដោយសហព័ទ្ធ (ប្តី ឬ ប្រពន្ធតាមច្បាប់) ឬដោយអនីតិសង្វាសជន (ជនដែលរស់នៅជាមួយគ្នាដូចប្តី-ប្រពន្ធតែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍) របស់ជនរងគ្រោះ។ ៣-២៖ អំពើហិង្សាដោយចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ កាលបើអំពើនេះនាំឲ្យមានការកាត់អវយវៈ ឬ ឲ្យមានពិការភាពជាអចិន្រ្តៃយ៍ដល់ជនរងគ្រោះ (មាត្រា២២៣) ។ ៣-៣. អំពើហិង្សាដោយចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ កាលបើអំពើនេះបណ្ដាលឲ្យជនរងគ្រោះស្លាប់ ដោយគ្មានចេតនាសម្លាប់ (មាត្រា២២៤) ។ ៤៖ បទហិង្សាស្រាល (បទលហុ) អំពើប្រព្រឹត្តទៅលើអ្នកដទៃនូវហិង្សាស្រាល ដែលមិននាំឲ្យមានរបួសនោះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥,០០០ (ប្រាំពាន់) រៀល ទៅ ១០០,០០០ (មួយសែន) រៀល (មាត្រា២២៨) ។ សរុបមកបទហិង្សាដោយចេតនាក្នុងក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ បញ្ញត្តយ៉ាងច្បាស់លាស់ អំពីគោលការណ៍ដើម្បីធានាប្រសិទ្ធិភាព កំណត់ការផ្តន្ទាទោស ទោសពិន័យ ពីអំពើដែលជនល្មើសបានប្រព្រឹត្តទៅលើអ្នកដទៃ ក៏ដូចជាបង្កចលាចលដល់សង្គម ធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ ។ រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា មាស រ៉ាវីន ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំនិងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group។

2020-04-22 10:48:33

យល់ដឹងផ្នែកច្បាប់៖ ភាពខុសគ្នានៃបទឆបោក និងបទរំលោភទំនុកចិត្ត

(ភ្នំពេញ)៖ កន្លងមកកម្មវីធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទស្តីពី “បទឆបោក” និង “បទរំលោភលើទំនុកចិត្ត” ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌមកធ្វើការចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ និងមិត្តអ្នកអានឲ្យបានជ្រាប។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋ និងសិស្សនិសិត្សមួយចំនួននៅមានការភ័ន្តច្រឡំ ឬ មិនទាន់បែងចែងឲ្យបានច្បាស់ និងដាច់ពីគ្នាអំពីបទល្មើសទាំងពីរខាងលើ ហេតុដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់ក្នុងសប្តាហិ៍នេះ សូមលើកយកប្រធានបទ ស្តីពី «ភាពខុសគ្នានៃបទឆបោក និងបទរំលោភលើទំនុកចិត្ត» មកធ្វើការចែករំលែកដូចតទៅ៖ មុនឈានដល់ការស្វែងយល់អំពីភាពខុសគ្នារវាងបទល្មើសទាំងពីរនេះ សូមធ្វើការរំលឹកជាថ្មីនូវនិយមន័យ របស់បទល្មើសឆបោក និងបទល្មើសរំលោភទំនុកចិត្ត ជាមុនសិន ។ ១៖ បទឆបោក គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដ ឬដោយប្រើឧបាយកលទុច្ចរិត ហើយដូច្នេះបានទទួលពីបុគ្គលនេះ ដែលនាំឲ្យខូចផលប្រយោជន៍របស់បុគ្គលនេះ ឬរបស់តតិយជននូវ៖ -​ ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ។ - ការផ្គត់ផ្គង់សេវា។ - ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឲ្យរួចពិកាតព្វកិច្ច។ ឧទាហរណ៍៖ លោក ក បានប្រាប់លោក ខ ថាលោកជាមន្ត្រីជាន់ខ្ពស់ នៅក្នុងស្ថាប័នមួយ ប្រសិនបើលោក ខ ចង់ចូលធ្វើបម្រើការនៅស្ថាប័ននេះ។ គាត់អាចជួយលោក ខ បាន ដោយតម្រូវឲ្យលោក ខ ប្រគល់ចំនួន៥,០០០ដុល្លារមកឲ្យខ្លួន។ ប៉ុន្តែជាក់ស្តែងលោក ក គ្រាន់តែជាមន្ត្រីជាប់កិច្ចសន្យាតែប៉ុណ្ណោះ។ ហេតុនេះអំពើរបស់លោក ក គឺជាការក្លែងនូវឋានៈ ដើម្បីទទួលបានតម្លៃ ឬទ្រព្យសម្បត្តិពីលោក ខ។ ២៖​​ បទរំលោភទំនុកចិត្ត គឺជាអំពើគៃបំបាត់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយនាំឲ្យខូចផលប្រយោជន៍អ្នកដទៃ ប្រព្រឹត្តដោយបុគ្គលណាម្នាក់ ដែលគេបានប្រគល់ឲ្យបុគ្គលនោះ ហើយបុគ្គលនោះបានយល់ព្រមដោយមានភារកិច្ចប្រគល់សងវិញ បង្ហាញ ឬ យកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះ ទៅធ្វើការប្រើប្រាស់ជាកំណត់ ។ ឧទាហរណ៍៖ លោក មករា និងលោក សីហា ជាមិត្តភក្តិជិតស្និតនឹងគ្នា ។ នៅថ្ងៃមួយ លោក មករា បានខ្ចីម៉ូតូហុងដាឌ្រីម សេរីឆ្នាំ២០១៨ ពីលោក សីហា ដើម្បីជូនប្រពន្ធទៅពេទ្យ ។ បន្ទាប់ពីលោក មករា បានខ្ចីម៉ូតូពីលោក សីហា រួច លោកក៏យកម៉ូតូខាងលើទៅបញ្ចាំ ដើម្បីយកប្រាក់ទៅលេងល្បែង ។ លោក មករា មិនបានប្រគល់ (សង) ម៉ូតូខាងលើទៅឲ្យលោក សីហា ឡើយ ដោយប្រាប់ថា យកម៉ូតូទៅដាក់បញ្ចាំ ដើម្បីទិញថាំ្នឲ្យប្រពន្ធ។ ឆ្លងកាត់តាមការពន្យល់នូវនិយមន័យ ដែលភ្ជាប់ជាមួយនូវឧទាហរណ៍ខាងលើនេះ បញ្ជាក់ឲ្យឃើញថា បទ ឆបោក និងបទរំលោភទំនុកចិត្ត មានភាពខុសគ្នា ដោយហេតុថា បទឆបោក គឺជាអំពើរបស់ជនប្រព្រឹត្តដែលមានចេតនាទុច្ចរិតរួចជាស្រេច ក្នុងការប្រើឈ្មោះក្លែង អះអាងទៅលើឋានៈក្លែង រំលោភលើឋានៈពិតប្រាកដ ឬប្រើឧបាយកលទុច្ចរិត ដើម្បីទទួលបានមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វី ទទួលបានការផ្គត់ផ្គង់សេវា និងទទួលការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឲ្យរួចពីកាតព្វកិច្ច ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃ ។ ចំណែកឯ បទល្មើសរំលោភទំនុកចិត្ត គឺអំពើមួយដែលជនប្រព្រឹត្តមានចេតនាទុច្ចរិតយកនូវមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះ ដើម្បីប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ដែលខុសពីឆន្ទៈ ឬគោលបំណងរបស់បុគ្គលជាម្ចាស់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះ ដោយជនប្រព្រឹត្តមិនបានប្រគល់សងវិញ បង្ហាញ ឬយកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះ ទៅធ្វើការប្រើប្រាស់ជាកំណត់ឡើយ ដែលធ្វើឲ្យខូចប្រយោជន៍ម្ចាស់មូលនិធិ ឬ ម្ចាស់ទ្រព្យសម្បត្តិ ឬអ្នកដទៃ។ រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក លាង ប៊ុនឡេង សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 10:36:10

ស្វែងយល់ផ្នែកច្បាប់៖ បទល្មើសចរាចរណ៍ផ្លូវគោក

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ ជាពិសេស គ្រោះថ្នាក់ចរចារណ៍ផ្លូវគោក គឺជាមូលហេតុចម្បងនៃមរណៈភាពរបស់ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន បើប្រៀបធៀបនឹង មូលហេតុដ៏ទៃទៀត ។ គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបំផ្លាញអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិ ប៉ះពាល់ដល់ស្ថានភាពគ្រួសារ បង្កឲ្យមានវិបត្តិផ្លូវចិត្ត និងរាង្គកាយទាំងជនរងគ្រោះ និងអ្នកដែលបង្ក រួមទាំងអ្នកពាក់ព័ន្ធ ហើយជាចុងក្រោយគឺបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល។ ការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការធ្វេសប្រហែសក្នុងការត្រួតពិនិត្យ ប្រើប្រាស់ និងបញ្ជាយានយន្ត ការមិនគោរពច្បាប់ ក៏ដូចជាវិធានទាំងឡាយដែលមានចែង (ការមិនគោរពភ្លើង ឬ ស្លាកសញ្ញាចរាចរណ៍ ការមិនពាក់មួក ឬ ខ្សែក្រវាត់សុវត្ថិភាព....) រួមទាំងកត្តាផ្លូវថ្នល់ជាដើម គឺជាមូលហេតុចម្បងដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ។ ដោយហេតុថា គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចនេះ តើអ្នកបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ត្រូវទទួលខុសត្រូវអ្វីខ្លះ? ដើម្បីបកស្រាយសំណួរខាងលើនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «បទល្មើសចរាចរណ៍ផ្លូវគោក» មកធ្វើការបកស្រាយដូចតទៅ៖ ក្រៅពីទទួលខុសត្រូវចំពោះសំណងរដ្ឋប្បវេណីដល់ជនរងគ្រោះ ឬ គ្រួសារជនរងគ្រោះ អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ នឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោសតាមបញ្ញត្តិនៃបទល្មើស ចរាចរណ៍ ដែលមានចែងក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ឆ្នាំ២០១៥។ បទល្មើសចរាចរណ៍ អាចជាបទល្មើសលហុ ដោយត្រូវពិន័យជាប្រាក់ ឬជាប់ពន្ធធនាគារ មិនលើសពី ០៦ (ប្រាំមួយ) ថ្ងៃ ឬ អាចជាបទល្មើសមជ្ឈឹម អាស្រ័យទៅលើរូបភាពនៃបទល្មើសចរចារណ៍ដែលកើតមាន និងព្យសនកម្មដែលកើតមានពីបទល្មើសនោះ។ យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានចូលជាធរមានតាំងពីឆ្នាំ២០១៥ ទោសពិន័យក្នុងបទល្មើសចរាចរណ៍ផ្លូវគោក បែងចែកជា ០២ (ពីរ)៖ ១. បទល្មើសចរាចរណ៍ផ្លូវគោកដែលត្រូវផ្តន្ទាទោសជាការពិន័យអន្តរការណ៍ ដែលកំណត់ដោយអនុក្រឹត្យ។ ២. បទល្មើសចរាចរណ៍ផ្លូវគោកដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ឬ/និង ពិន័យជាសាច់ប្រាក់។ បទល្មើសចរាចរណ៍ផ្លូវគោកដែលត្រូវផ្តន្ទាទោសជាការពិន័យអន្តរការណ៍ គឺជាអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយត្រូវពិន័យជាសាច់ប្រាក់ ដូចមានកំណត់ក្នុងអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាល ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។ ប៉ុន្តែមិនមែនមានន័យថា អ្នកដែលប្រព្រឹត្តបទល្មើសចរាចរណ៍ក្នុងរូបភាពខាងលើច្រើនលើកច្រើនសារ ទទួលរងតែការបង់ប្រាក់ពិន័យនោះទេ ប្រសិនបើអ្នកដែលប្រព្រឹត្តបទល្មើសដដែល ក្នុងអំឡុងពេល៦(ប្រាំមួយ) ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកទី១ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានី/ខេត្ត។ រីឯបទល្មើសចរាចរណ៍ផ្លូវគោកដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ឬ/និង ពិន័យជាប្រាក់ ដូចមានចែងក្នុងមាត្រា ៦៩ ដល់មាត្រា ៩០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៥ ប្រសិនបើស្ថិតនៅក្រោមលក្ខខណ្ឌដូចខាងក្រោមនេះ៖ * ករណីដែលមន្ត្រីទទួលបន្ទុកសណ្ដាប់ធ្នាប់ចរាចរណ៍ប្រើអំណាច ដោយការរំលោភសិទ្ធិក្នុងការដកហូតយកប័ណ្ណបើកបរ, ផ្លាកលេខ និងប័ណ្ណសំគាល់ជាអាទិ៍... មន្ត្រីនោះត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃទៅ១ខែ ឬ/និងពិន័យជាសាច់ប្រាក់ពី ២៥,០០០រៀល ទៅ ២០០,០០០រៀល។ ចំពោះមន្ត្រី ឬភ្នាក់ងារទទួលបន្ទុកសណ្ដាប់ធ្នាប់ចរាចរណ៍ បង្ខំទារប្រាក់ពិន័យមិនត្រឹមត្រូវតាមច្បាប់កំណត់, ទទួលប្រាក់ដោយការប្រើប្រាស់ក្បាលសៀវភៅសម្រាប់ពិន័យដែលមានគល់បញ្ជីមិនត្រឹមត្រូវ ឬដោយមិនចេញបង្កាន់ដៃ ប្រាក់ពិន័យឲ្យអ្នកបើកបរ មន្ត្រីនោះត្រូវផ្ដន្ទាទោសពី ១ឆ្នាំ ទៅ ៣ឆ្នាំ ឬ/និងត្រូវទទួលពិន័យជាសាច់ប្រាក់ពី ២លានរៀល ទៅ ៦លានរៀល។ * ករណីដែលប័ណ្ណបើកបរត្រូវព្យួរទុក ឬទុកជាមោឃៈ ហើយសាម៉ីខ្លួនមិនព្រមប្រគល់ប័ណ្ណបើកបរតាមពេលកំណត់ ជននោះត្រូវផ្ដន្ទាទោសពន្ធនាគារពី ១ថ្ងៃ ទៅ ៥ថ្ងៃ ឬ/និងពិន័យជាសាច់ប្រាក់ពី ៥,០០០ រៀល ទៅ ២៥,០០០រៀល។ * ករណីបើកបរដោយគ្មានប័ណ្ណបើកបរ ឬក្នុងរយៈពេលប័ណ្ណបើកបរត្រូវបានដកហូតវិញ ឬទុកជាមោឃភាព ជននោះត្រូវផ្ដន្ទាទោសពន្ធនាគារពី ៦ថ្ងៃ ទៅ ១ខែ ឬ/និង ពិន័យជាសាច់ប្រាក់ពី ២៥,០០០រៀល ទៅ ២០០,០០០ម៉ឺនរៀល។ * ករណីជនដែលរារាំង ការឃាត់យានយន្ត ឬមិនព្រមបញ្ឈប់យានយន្ត ឬប្រកែកមិនព្រមដាក់ខ្លួនឲ្យធ្វើតេស្ដ ពិនិត្យជាតិអាល់កុល ឬគ្រឿងញៀន ជននោះត្រូវផ្តន្ទាទោសពន្ធនាគារដូចករណីបើកបរដោយគ្មានប័ណ្ណបើកបរខាងលើដែរ។ * ករណីជនដែលបើកបរពេលខ្លួនកំពុងស្រវឹងដោយមានជាតិអាល់កុលពី ០.៤០ មី.ក្រ/១លីត្រខ្យល់ រហូតដល់ ០.៨ ក្រ./១លីត្រឈាម ជននោះត្រូវផ្ដន្ទាទោសពន្ធនាគារពី ៦ថ្ងៃ ទៅ ៦ខែ ឬ/និងពិន័យជាសាច់ប្រាក់ពី ២៥,០០០រៀល ទៅ ១,០០០,០០០រៀល។ * ករណីជនដែលប្រើប្រាស់យានដោយគ្មានប័ណ្ណសម្គាល់ និងគ្មានស្លាកលេខសម្គាល់ ត្រូវផ្តន្ទាទោសពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ ឬ/និងពិន័យជាសាច់ប្រាក់ពី ២០០,០០០រៀល ទៅ ២,០០០,០០០រៀល។ * ករណីជនបង្កឲ្យមានរបួសស្នាមដល់អ្នកដទៃដោយអចេតនា និងបណ្ដាលឲ្យអសមត្ថភាពការងារស្មើ ឬលើសពី៨ថ្ងៃ ជននោះត្រូវផ្តន្ទាទោសពន្ធនាគារពី ៦ថ្ងៃ ទៅ១ឆ្នាំ ឬ/និងពិន័យ ជាសាច់ប្រាក់ពី ២៥,០០០រៀល ទៅ២,០០០,០០០រៀល។ ការបង្កឲ្យមានរបួសស្នាមនេះនឹងត្រូវផ្តន្ទាទោសដល់កម្រិតអតិបរមា ប្រសិនបើជននោះបើកបរដោយគ្មានប័ណ្ណបើកបរ, ស្ថិតក្នុងស្ថានភាពស្រវឹងដោយជាតិអាល់កុលពី ០.៤ មី.ក្រ/១លីត្រខ្យល់ ទៅ ០.៨ ក្រ./១លីត្រឈាម និងមានរបួសមនុស្សច្រើន ជាអាទិ៍...។ * ករណីបង្កឲ្យអ្នកដទៃមានរបួសបណ្ដាលឲ្យពិការជាអចិន្ត្រៃយ៍ ត្រូវផ្ដន្ទាទោសពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ ឬ/និង ពិន័យជាសាច់ប្រាក់ពី ២,០០០,០០០រៀល ទៅ ៦,០០០,០០០រៀល និងត្រូវផ្ដទ្ទាទោសដល់កម្រិតអតិបរមា ករណីអ្នកបើកបរយានយន្តដោយគ្មានប័ណ្ណ, ស្ថិតក្នុងស្ថានភាពស្រវឹង, បណ្ដាលឲ្យមានរបួសដល់មនុស្សច្រើន និងរត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។ * ករណីជនដែលបង្កឲ្យស្លាប់ដល់អ្នកដទៃ គឺត្រូវផ្ដន្ទាទោសពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ ឬ/និងពិន័យជាប្រាក់ពី ២,០០០,០០០រៀល ទៅ ៦,០០០,០០០រៀល។ * ករណីអាណាព្យាបាលដែលបណ្ដោយឲ្យក្មេងដើររហេតរហូតលើផ្លូវថ្នល់ បណ្ដាលឲ្យមានគ្រោះថ្នាក់នឹងត្រូវទទួលខុសត្រូវផ្នែករដ្ឋប្បវេណី និងដូចគ្នាដែរចំពោះម្ចាស់សត្វដែល បណ្ដាលឲ្យសត្វចិញ្ចឹមរបស់ខ្លួនដើរពេញផ្លូវ។ សូមបញ្ជាក់ថា បទល្មើសចរាចរណ៍ជាបទល្មើសព្រហ្មទណ្ឌ ហេតុដូច្នេះ ការសងសំណងរដ្ឋប្បវេណីដល់ជនរងគ្រោះ ឬ សាច់ញាតិជនរងគ្រោះមិនមែនជាមូលហេតុនៃការរំលត់បណ្តឹង អាជ្ញាទេ ហើយសំណុំរឿងបទល្មើសចរាចរណ៍ នឹងត្រូវដំណើរការតាមនីតិវីធីព្រហ្មទណ្ឌជាធរមាន។ រៀបរៀងដោយ៖ កញ្ញា សាវី លីដា ជំនួយការមេធាវី និងកញ្ញា យ៉េ នីតា ជាសមាជិកាក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 10:32:10

យល់ដឹងផ្នែកច្បាប់៖ «បទល្មើសឆបោក»

(ភ្នំពេញ)៖ បទល្មើស «ឆបោក» ជាបទល្មើសមួយដែលមានចែងនៅក្នុងក្រម ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ ហើយបទល្មើសនេះក៏កំពុងតែកើត មានច្រើនផងដែរនៅក្នុងសង្គមខ្មែរយើងនេះ ដែលធ្វើឲ្យ ជនរងគ្រោះនៃបទល្មើស “ឆបោក” នេះ បាត់បង់នូវផលប្រយោជន៍ និងធ្វើអោយប៉ះពាល់ដល់សង្គមយ៉ាងធ្ងន់ធ្ងរ ។ ដូចនេះទើបកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះសូមលើកយក ប្រធានបទស្តីពីបទល្មើស «ឆបោក» មកបកស្រាយដូចខាងក្រោម៖ បទល្មើស «ឆបោក» គឺជាប្រភេទបទល្មើសមជ្ឈិម ដែលត្រូវបានចែងនៅក្នុងក្រមព្រហ្មទណ្ឌមាត្រា៣៧៧ ហើយត្រូវបានកំណត់និយមន័យថា ” គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គលឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែងដោយអះអាងទៅលើឋានៈក្លែងដោយរំលោភទៅលើឋានៈពិតប្រាកដ ឬដោយប្រើឧបាយកលទុច្ចរិតហើយដូច្នេះបានទទួលពីបុគ្គលនេះដោយធ្វើអោយខូចប្រយោជន៍ របស់បុគ្គលនេះឬរបស់តតិយជននូវ៖ ទី១៖ ការប្រគល់មូលនិធិតម្លៃ ឬ ទ្រព្យសម្បត្តិអ្វីមួយ។ ទី២៖ ការផ្គត់ផ្គង់សេវា។ ទី៣៖ ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឲ្យរួចពីកាតព្វកិច្ច។ ឧទាហរណ៍៖ លោក A បានក្លែងថា ឋានៈជានាយកប្រតិបត្តរបស់ក្រុមហ៊ុន C ហើយបានយកប្រាក់ លោក B ចំនួន ១០,០០ ដុល្លា ដោយសន្យាថាខ្លួននឹងប្រគល់តួនាទីឲ្យលោក B ជាប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនC ទាំងលោក A មានឋានៈត្រឹមតែជាបុគ្គលិកធម្មតាប៉ុណ្ណោះ។ ចំនុចនេះបានបង្ហាញថា លោក A បានប្រព្រឹត្តបទល្មើសឆបោកទៅលើលោក B ដោយហេតុថាគាត់បានក្លែងឋានៈរបស់គាត់ថាជា នាយកប្រតិបត្ត ដោយចេតនាទុច្ចរិត ដើម្បីទទួលបានប្រាក់របស់លោក B ។ ចំពោះទោសដែលត្រូវអនុវត្តវិញ អនុលោមតាម មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តិថា អំពើឆបោក ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០(មួយលាន)រៀលទៅ៦.០០០.000(ប្រាំមួយ)លានរៀល។ ដោយឡែកបទល្មើសនេះក៏មានស្ថានទម្ងន់ទោសផងដែរ ស្ថានទម្ងន់ទោសទាំងនោះរួមមាន៖ ស្ថាន ទម្ងន់ទោស ទាក់ទង ទៅ នឹង ជនរងគ្រោះ អំពើឆបោក ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំទៅ៥(ប្រាំ)ឆ្នាំ កាលបើអំពើនេះ បានប្រព្រឹត្តនាំឲ្យខូចប្រយោជន៍ៈ ១៖ បុគ្គលដែលទន់ខ្សោយពិសេសដោយមូលហេតុនៃអាយុបុគ្គលនោះ។ ២៖ នារីមានគភ៌ កាលបើគភ៌ ត្រូវបានគេឃើញជាក់ស្តែង ឬកាលបើជនល្មើសបានដឹង ។ ៣៖ បុគ្គលដែលទន់ខ្សោយពិសេសដោយមូលហេតុនៃជំងឺឬពិការភាពកាលបើស្ថានភាពរបស់បុគ្គលនោះត្រូវបានគេឃើញជាក់ស្តែង ឬកាលបើជនល្មើសបានដឹង។ ស្ថានទម្ងន់ទោសផ្សេងទៀត អំពើឆបោកត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំទៅ៥(ប្រាំ)ឆ្នាំ កាលបើអំពើនេះ បានប្រព្រឹត្ត៖ ១៖ ដោយ អ្នករាជការសាធារណៈ នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬក្នុងឱកាសនៃការបំពេញ មុខងាររបស់ខ្លួន។ ២៖ ដោយបុគ្គលដែលតាំងខ្លួនជាអ្នករាជការសាធារណៈ។ ៣៖ ដោយបុគ្គលដែលធ្វើការអំពាវនាវដល់សាធារណជន ដើម្បីបោះពុម្ពចេញឲ្យប្រើប្រាស់នូវមូលបត្រ។ ៤៖ ដោយបុគ្គលដែលធ្វើការអំពាវនាវដល់សាធារណជនដើម្បីអង្គាសមូលនិធិ សម្រាប់ជាជំនួយមនុស្សធម៌ ឬសង្គមកិច្ច។ ៥៖ ជាក្រុមមានការចាត់តាំង។ សរុបមកបទល្មើស «ឆបោក» គឺជាបទល្មើសមួយដែលបុគ្គលដែលប្រព្រឹត្ត មានគំនិតទុច្ចរិតតាំងពីដំបូង ហើយបានដឹងទុកជាមុនរួចមកហើយថា ទង្វើរបស់ខ្លួននឹងធ្វើឲ្យ ប៉ះពាល់នូវផលប្រយោជន៍របស់បុគ្គលម្ខាងទៀត។ រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី ជាប្រធានក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ និងលោក ប៊ុន វិទូ ជាជំនួយការមេធាវី នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 10:30:56

យល់ដឹងអំពីច្បាប់៖ បទល្មើសរំលោភលើទំនុកចិត្ត

(ភ្នំពេញ)៖ បើយើងនិយាយដល់ បទល្មើសរំលោភលើទំនុកចិត្ត ឃើញថានៅមានប្រជាពលរដ្ឋមួយចំនួន តែងតែមានការយល់ច្រលំ និងមានលំបាកក្នុងការបែងចែកឲ្យដាច់ជាមួយ នឹងការមិនអនុវត្តកាតព្វដែលមានចែងក្នុងកិច្ចសន្យា ដោយសាតែសកម្មភាពទាំងពីរនេះ មានលក្ខណៈមួយចំនួនស្រដៀងគ្នា។ ដូចនេះទើបកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «បទល្មើសរំលោភលើទំនុកចិត្ត» មកបកស្រាយដូចខាងក្រោម៖ សញ្ញាណនានានៃបទល្មើស “រំលោភលើទំនុកចិត្ត” ត្រូវបានបញ្ញត្តិក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៩ ចាប់ពីមាត្រា៣៩១ ដល់មាត្រា៣៩៦ ដែលក្នុងនោះក្នុងមាត្រា៣៩១ បានចែងទាក់ទងនឹងនិយមន័យ នៃការរំលោភលើទំនុកចិត្តថា «អំពើរំលោភលើទំនុកចិត្ត គឺជាអំពើគៃបំបាត់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ នាំឲ្យខូចប្រយោជន៍អ្នកដទៃ ប្រព្រឹត្តដោយបុគ្គលណាម្នាក់ ដែលគេបានប្រគល់ឲ្យបុគ្គលនោះ ហើយបុគ្គលនោះ បានយល់ព្រម ដោយមានភារកិច្ចប្រគល់សងវិញ បង្ហាញ ឬយកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះ ទៅធ្វើការប្រើប្រាស់ជាកំណត់» ។ ឧទាហរណ៍៖ លោក ក បានខ្ចីរថយន្តរបស់លោក ខ យកទៅប្រើប្រាស់មួយរយៈ ប៉ុន្តែដល់ពេលដែលត្រូវប្រគល់រថយន្តត្រលប់មកម្ចាស់គេវិញ លោក ក មិនបានប្រគល់រថយន្តឲ្យ លោក ខ វិញឡើយ បែរជាមានគំនិតទុចរិតយករថយន្តនោះ ទៅលក់ដើម្បីលេងល្បែង។ ក្នុងករណីនេះ លោក ក បានប្រព្រឹត្តអំពើរំលោភលើទំនុកចិត្ត ដោយសារគាត់មានចេតនាទុច្ចរិត ដោយមិនបានប្រគល់រថយន្តនោះទៅម្ចាស់គេវិញ ហើយថែមទាំងយកទៅលក់ថែមទៀត។ ចំពោះទោសដែលត្រូវអនុវត្តវិញ អនុលោមតាម មាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តិថា «អំពើរំលោភលើទំនុកចិត្ត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០ (មួយលាន) រៀល ទៅ៦,០០០,០០០ (ប្រាំមួយលាន) រៀល» ។ ម៉្យាងវិញទៀត បទល្មើសរំលោភទំនុកចិត្តក៏ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០០០ (បួនលាន) រៀល ទៅ ១០,០០០,០០០ (ដប់លាន) រៀល ផងដែរ ។ កាលបើអំពើរំលោភទំនុកចិត្តនេះ ត្រូវបានប្រព្រឹត្តដោយអភិបាល ឬអ្នកត្រួតពិនិត្យ របស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលមូលនិធិ ឬបុគ្គលដែលត្រូវបានតុលាការជ្រើសតាំងឱ្យ ធ្វើជំនួសនូវកិច្ចការរបស់អ្នកទាំងនេះ ឬនិយោជិតដែលទទួលអាណត្តិពីនីតីបុគ្គល ដែលប្រព្រឹត្តអំពើណាមួយដែលជាការរំលោភលើទំនុកចិត្តក្នុងគោលបំណងទទួលផលប្រយោជន៍ ដល់ខ្លួន ឬតតិយជន ឬក្នុងគោលបំណងធ្វើឱ្យ ខូចខាតដល់នីតិបុគ្គល ហើយបានបណ្តាលឱ្យមានការខូចខាត ទ្រព្យសម្បត្តិរបស់នីតិបុគ្គលនោះ។ មិនតែប៉ុណ្ណោះ អំពើរំលោភលើទំនុកចិត្តក៏ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០០០ (បួនលាន) រៀល ទៅ ១០,០០០,០០០ (ដប់លាន) រៀល ផងដែរ ប្រសិនបើគេរកឃើញថាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនល្មើស ។ ចំពោះស្ថានទម្ងន់ទោសនេះដែរ ក្នុងមាត្រា ៣៩៤ បានចែងពីលក្ខណៈដែលអាចកំណត់ថាជាស្ថានទម្ងន់ទោសបានទាល់តែ បទល្មើសនោះប្រព្រឹត្តឡើង៖ * ដោយបុគ្គលណាម្នាក់ដែលបានធ្វើការអំពាវនាវដល់សាធារណៈជន ដើម្បីទទួលបានមូលនិធិ ឬតម្លៃសម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួន ឬជាប្រយោជន៍សម្រាប់សហគ្រាសឧស្សហកម្ម ពាណិជ្ជកម្ម។ * ដោយអាណត្តិគាហករបស់តុលាការ ឬអ្នកជំនួយរបស់តុលាការនៅក្នុងក្របខណ្ឌនៃមុខងាររបស់ខ្លួន ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន។ * ដោយអ្នករាជការសាធារណៈ នៅក្នុងក្របខណ្ឌនៃមុខងារបស់ខ្លួន ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន។ បញ្ជាក់៖ ចំណែកការបំពានកាតព្វកិច្ច លើការអនុវត្តកិច្ចសន្យារដ្ឋប្បវេណី ឬកិច្ចសន្យាពាណិជ្ជកម្ម ពុំមែនជាកម្មវត្ថុ នៃបទល្មើសរំលោភលើទំនុកចិត្តដែលបញ្ញត្តិក្នុងក្រមព្រហ្មទណ្ឌ នោះឡើយ។ ក្នុងករណីដែលភាគីណាមួយមិនអនុវត្តការតព្វដែលមានចែងក្នុងកិច្ចសន្យា ភាគីដែលត្រូវបានគេបំពានអាចដាក់ពាក្យបណ្តឹងទៅតុលាការរដ្ឋប្បវេណី។ ឧទាហរណ៍៖ លោក ក បានខ្ចីប្រាក់របស់លោក ខ ចំនួន USD ១,០០០០ ដោយបានចុះកិច្ចសន្យាខ្ចីបា្រក់ ដោយកំណត់យកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ជាពេលដែលលោក ក ត្រូវសងប្រាក់។ កាលកំណត់សងបានមកដល់ ប៉ុន្តែលោក ក ពុំបានសងប្រាក់មកសងតាមការកំណត់ឡើយ ក្នុងករណីនេះអំពើដែលលោក ក បានប្រពឹត្ត គឺពុំមែនជា បទល្មើសរំលោភលើទំនុកចិត្ត ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌឡើយ ប៉ុន្តែសកម្មភាពនេះជាអំពើមិនអនុវត្តកាតព្វកិច្ចដូចមានចែងក្នុងក្រមរដ្ឋប្បវេណីប៉ុណ្ណោះ៕ រៀបរៀងដោយ៖ លោក ថន យូសៀង ជាប្រធានផ្នែកសេវាកម្មច្បាប់ និងសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ និងលោក ឡេង ពុទ្ធិដារា ជាជំនួយការមេធាវី នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 10:29:27

យល់ដឹងផ្នែកច្បាប់៖ បទល្មើស «ប្លន់» និង «លួច»

(ភ្នំពេញ)៖ គ្មានទេបទល្មើស «ប្លន់» នាពេលបច្ចុប្បន្ននេះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ សិស្សនិសិ្សត និងអ្នកពាក់ព័ន្ធទាំងឡាយត្រូវចងចាំ។ ដើម្បីបកស្រាយចម្ងល់ខាងលើនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី បទល្មើស «ប្លន់» និង «លួច» មកបកស្រាយដូចខាងក្រោម៖ បទល្មើស «ប្លន់» ធ្លាប់ត្រូវបានបញ្ញត្តិក្នុងមាត្រា៣៤ នៃបទបញ្ញត្តិស្តីពីប្រព័ន្ធតុលាការច្បាប់ព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ សម្រាប់អនុវត្តនៅប្រទេសកម្ពុជាក្នុងសម័យអន្តរកាល គឺសម័យកាលក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារី ឬ សម័យអ៊ុនតាក់ ជាទូទៅត្រូវបានហៅថា «ច្បាប់ព្រហ្មទណ្ឌអន្តរកាល» ដែលត្រូវបានដាក់ឲ្យអនុវត្តតាំងពី ១៩៩២ មក និយមន័យនៃបទល្មើសប្លន់ ដែលមានចែងក្នុងច្បាប់ព្រហ្មទណ្ឌអន្តរកាលខាងលើបានកំណត់និយមន័យថា៖ ១៖ ជនណាដែលបានលួច ឬប៉ុនប៉ងនឹងលួចជនណាម្នាក់ទៀត ដែលមានស្ថានទម្ងន់ទោសទាំងនេះ៖ * ការលួចធ្វើដោយអំពើហិង្សា, មានអាវុធ ឬឥតអាវុធ, បណ្ដាល ឬមិនបណ្ដាលឲ្យមានរបួស * ឬការលួចនោះបានធ្វើឡើងដោយមានគ្នាច្រើន ឬដោយមានគាស់ទំលុះទំលាយ ។ ២៖ អំពើលួចប្លន់ គឺការបន្លំយកទ្រព្យសម្បត្ដិអ្នកដ៏ទៃ ក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។ ហើយជនដែលប្រព្រឹត្តបទល្មើសប្លន់ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ០៣ (បី) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ រួមនឹងប្រាក់ពិន័យមួយចំនួនទៀត។ ក្រោយមកបទល្មើសប្លន់នេះ ត្រូវបានលុបចោល តាមរយៈនៃការចូលជាធរមាននៃក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ដែលនឹងកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះផងដែរ ។ ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ ខាងលើនេះ មិនមានចែងអំពីបទល្មើសប្លន់ទៀតឡើយ ប៉ុន្តែសញ្ញាណនៃបទល្មើសប្លន់ ត្រូវបានដាក់បញ្ចូលទៅក្នុងបទល្មើសមួយទៀត ដែលត្រូវបានឲ្យឈ្មោះថាបទល្មើស «លួច» ដែលមានចែងក្នុងបញ្ញត្តមាត្រា៣៥៣ នៃក្រមព្រហ្មទណ្ឌ និងត្រូវឲ្យនិយមន័យថា៖ «អំពីលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទិ្ធរបស់ខ្លួន»។ ដោយឡែកចំពោះកំរិតទោសដែលត្រូវផ្តន្ទាជនដែលបានប្រព្រឹត្តបទល្មើស «លួច» ត្រូវបានកំណត់ និងបែងចែកខុសៗគ្នា តាមរូបភាពនៃអំពើ ឬ/និង ទំហំព្យសនកម្ម (ផលប៉ះពាល់) ដែលកើតចេញពីអំពើលួចនោះ ដោយត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ០៦ (ប្រាំមួយ) ខែ ទៅដល់ ៣០ (សាមសិប) ឆ្នាំ រួមនឹងប្រាក់ពិន័យមួយចំនួនទៀត។ ទោសដែលត្រូវផ្តន្ទាសម្រាប់បទល្មើសលួច ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌត្រូវបានកំណត់ និងបែងចែកដូចខាងក្រោម៖ * មាត្រា៣៥៦៖ អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០៦ (ប្រាំមួយ) ខែ ទៅ ០៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០ (មួយលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល ។ * មាត្រា៣៥៧៖ «ស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា» អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០៣ (បី) ឆ្នាំ ទី ១០ (ដប់) ឆ្នាំ ក្នុងករណីដូចតទៅ៖ ១៖ អំពើលួចនេះ ប្រព្រឹត្តទៅមុនពេល ក្នុងពេល ឬ ក្រោយពេលប្រើហិង្សា ។ ២៖ អំពើលួចនេះ ប្រព្រឹត្តដោយការកាប់គាស់ ទម្លុះទម្លាយ ។ * មាត្រា ៣៥៨ “ស្ថានទម្ងន់ទោសដោយសារមានការកាត់អវយវៈ ឬ ពិការភាព” អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ ប្រសិនបើអំពើនេះប្រព្រឹត្តមុនពេល ក្នុងពេល ឬ ក្រោយពេលប្រើហិង្សា ដែលនាំឲ្យមានការកាត់អវយវ ឬ ពិការភាពអចិន្ត្រៃយ៍។ * ៣៥៩ «ស្ថានទម្ងន់ទោសដោយសារការធ្វើទារុណកម្ម ឬអំពើឃោរឃៅ» អំពើលួចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំ ប្រសិនបើអំពើនេះប្រព្រឹត្ត មុនពេល ក្នុងពេល ឬ ក្រោយពេល ប្រើទារុណកម្ម ឬ អំពើឃោរឃៅ ។ * មាត្រា ៣៦០ «ស្ថានទម្ងន់ទោសដោយសារមរណៈភាពនៃជនរងគ្រោះ» អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំ ប្រសិនបើអំពើនេះប្រព្រឹត្ត មុនពេល ក្នុងពេល ឬ ក្រោយពេល ប្រើហិង្សាដែលបណ្តាលឲ្យជនរងគ្រោះស្លាប់ ដោយគ្មានចេតនាសម្លាប់។ សរុបមកវិញ ចាប់តាំងពីក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ចូលជាធរមាន រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺមិនមានទៀតឡើយនូវបទល្មើស «ប្លន់» គឺមានតែបទល្មើស «លួច» ដែលដូចមានរៀបរាប់ខាងលើ ហេតុដូច្នេះសូមបងប្អូនប្រជាពលរដ្ឋឈប់មានការយល់ច្រឡំ និងប្រើប្រាស់ខុសនូវឈ្មោះបទល្មើសខាងលើតទៅទៀត។ រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងលោកស្រី នូ ពិសី ជំនួយការមេធាវី និងជាសមាជិកក្រុមស្រាវជ្រាវច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.

2020-04-22 10:27:47

យល់ដឹងផ្នែកច្បាប់៖ ការរំលូត​កូន ជាអំពើខុសច្បាប់ដែរ ឬទេ?

(ភ្នំពេញ)៖ រំលូតកូន បើស្តាប់ភ្លាមអាចគិតថាជាអំពើមិនសមរម្យ​ និងមិនគប្បី ដែលសង្គមជាទូទៅមិនអាចទទួលយកបាន ឬ ជាអំពើខុសច្បាប់ ។ ប៉ុន្តែបើពិនិត្យឲ្យបានត្រឹមត្រូវសកម្មភាពរំលូត​កូនមួយ មិនអាចកំណត់ថាជាអំពើត្រឹមត្រូវ ឬ ខុស​ច្បាប់​នោះទេ គឺត្រូវ​ពិចារណា​ឲ្យ​ល្អិត​ល្អន់​អំពីមូលហេតុពិតប្រាកដអំពីសកម្មភាពនោះ ។ ការរំលូតកូនដោយមូលហេតុមានផ្ទៃពោះដោយចៃដន្យ ដោយមិន​មានគម្រោង ឬការមានផ្ទៃព្រោះក្រៅឆន្ទៈ (មានផ្ទៃពោះដោយអំពើរំលោភ​សេពសន្ថវៈ) នាំឲ្យអាណាព្យាបាល ឬ ស្ដ្រីមានផ្ទៃពោះមួយចំនួនសម្រេចចិត្ត​ធ្វើការរំលូតកូន ។ «តើការរំលូតកូនជាអំពើខុសច្បាប់ដែរ ឬទេ?» ដើម្បីយល់ដឹង​ឲ្យ​បាន​ច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «ការរំលូតកូនជាអំពើខុសច្បាប់ដែរ ឬទេ?» មកធ្វើការបកស្រាយដូចតទៅ៖ ដើម្បីកុំឲ្យមានការភ័ន្តច្រឡំលើពាក្យ «ការរលូត» និង «ការរំលូតកូន» យើងខ្ញុំសូមធ្វើការគូសបញ្ជាក់នូវនិយមន័យនៃ​ ពាក្យខាងលើដូចតទៅ៖ ការរលូតកូន គឺជាការខ្ជាក់ចេញដោយឯកឯងនូវធាតុបង្កកូន ហើយកូនដែលធ្លាក់នោះមិនអាច​រស់បានទេ ទោះបីមានការសង្គ្រោះល្អយ៉ាងណាក៏ដោយ។ រីឯ ការរំលូតកូន គឺជាការធ្វើឲ្យធ្លាក់ធាតុបង្កកូនដោយកោស ឬ កាយ ឬ ដាក់ថ្នាំ ឬ ជាការបញ្ចប់ជីវិតទារកដែលនៅក្នុងផ្ទៃ ខណៈពេលដែលស្ត្រីកំពុងមានផ្ទៃពោះ ។ យោងតាមបញ្ញត្តិមាត្រា៥ មាត្រា៦ និងមាត្រា៨ នៃច្បាប់ស្តី​ពីការរំលូតកូន នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យស្ត្រីដែលកំពុងមានគភ៌អាចរំលូតកូនដោយត្រឹមត្រូវ មានសុវត្ថិភាព និងស្របតាមច្បាប់បាន លុះត្រាតែគភ៌ (ទារក) នោះមានអាយុក្រោម១២សប្ដាហ៍ និងប្រព្រឹត្ដទៅបានតែនៅមន្ទីរពេទ្យ មណ្ឌលសុខភាព គ្លីនិក មន្ទីរសម្ភពសាធារណៈ ឬឯកជន ដែលបានទទួលការអនុញ្ញាតពីក្រសួងសុខាភិបាល ។ ប៉ុន្តែប្រសិនបើគភ៌ (ទារក) មានអាយុលើសពី១២សប្តាហ៍នោះ ការរំលូតកូនអាចទទួលបានការអនុញ្ញាតបាន លុះត្រាតែក្នុងពេលធ្វើរោគវិនិច្ឆ័យឃើញថា៖ -​គភ៌ (ទារក) នោះមានភវនីយភាពមិនលូតលាស់ដូចប្រក្រតី ឬអាចបង្កគ្រោះថ្នាក់ដល់ជីវិតម្តាយ - កូនដែលនឹងកើតមកអាចមានជម្ងឺធ្ងន់ធ្ងរព្យាបាលពុំជា - ក្នុងករណីដែលត្រូវគេរំលោភបណ្តាលឲ្យមានគភ៌ ការរំលូតកូនអាចប្រព្រឹត្តទៅបាន ដោយគិតពីលក្ខខណ្ឌដូចមានរៀបរាប់ខាងលើ តែត្រូវមានការស្នើសុំពីសាមីខ្លួនផ្ទាល់ ប្រសិនបើសាមីខ្លួននោះមានអាយុ១៨ឆ្នាំឡើង ។ ប៉ុន្តែក្នុងករណីស្តី្រនោះអាយុក្រោម១៨ឆ្នាំវិញ ត្រូវមានការស្នើសុំដោយទទូចពីឪពុកម្តាយ ឬ អាណាព្យាបាល និងសាមីខ្លួន ។ ជាមួយគ្នានេះ ការសម្រេចនៃបញ្ហានេះ ត្រូវមានការឯកភាពពីក្រុមគ្រួសារចំនួន ២ ឬ ៣រូប រួមទាំងសាមីខ្លួនផង ។ ជាពិសេស វេជ្ជបណ្ឌិត ឬ គ្រូពេទ្យ/ឆ្មបមធ្យម ដែលមានភារកិច្ចធ្វើការរំលូតកូន ត្រូវតែពន្យល់ណែនាំដល់ស្ត្រីដែលមានគភ៌មកសុំធ្វើការរំលូតកូន ពីគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុបណ្តាលមកពីការរំលូតកូននេះ និងពីផល​ប្រយោជ​​​ន៍​​​នៃ​កិច្ចពន្យារកំណើតមុននឹងធ្វើការរំលូតកូន ។ ប៉ុន្តែប្រសិនបើសាមីខ្លួននៅតែទទូចសុំធ្វើការរំលូតកូន វេជ្ជបណ្ឌិត ឬ គ្រូពេទ្យ​/ឆ្មបមធ្យមអាចធ្វើការរំលូតកូនបាន តែត្រូវស្ថិតក្នុងលក្ខខណ្ឌដូចមានរៀបរាប់ខាងលើ ។ សរុបមក ការរំលូតកូនមិនមែនជាអំពើខុសច្បាប់ និងមានសុវត្ថិភាពផងដែរ ប្រសិនបើយើងគោរពនូវលក្ខខណ្ឌដែលច្បាប់បានកំណត់ និងមានការប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិត ឬពេទ្យមធ្យម ឬឆ្មបមធ្យមដែលមាន​ជំនាញច្បាស់លាស់ តាមមន្ទីរពេទ្យ មណ្ឌលសុខភាព គី្លនិក មន្ទីរសម្ភពសាធារណៈ ឬឯកជន ដែលបានទទួលការអនុញ្ញាតពីក្រសួងសុខាភិបាល ។ ផ្ទុយទៅវិញ ក្នុងករណីជនទាំងឡាយណាដែលមិនគោរពនូវលក្ខខណ្ឌ ដូចមានចែងក្នុងច្បាប់ស្តីពីការរំលូតកូន នោះជនដែលបានប្រព្រឹត្តនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន​ នៃព្រះរាជាណាចក្រកម្ពុជា ។ រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងកញ្ញា សាវី លីដា ជំនួយការច្បាប់ និងជាសមាជិកាក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ។

2020-04-22 10:25:37

យល់ដឹងផ្នែកច្បាប់៖ ការកាត់កាល់កូន

(ភ្នំពេញ)៖ នៅក្នុងសង្គមគ្រួសារមួយ ទំនាក់ទំនងរវាងឪពុក-ម្ដាយជាមួយនឹងកូន គឺជាទំនាក់ទំនងដែលជិតស្និទបំផុត តាមរយៈ ញាត្តិលោហិត និងមនោសញ្ចេតនាដែលកើតចេញពី ការរួមរស់នៅជាមួយគ្នា ។ តាមរយៈញាតិលោហិត និងសេចក្តីស្រលាញ់របស់ឪពុកម្ដាយចំពោះកូនៗ គឺមិនងាយនឹងកាត់ផ្ដាច់ចេញពីគ្នាបានឡើយ ដូចសុភាសិតខ្មែរមួយឃ្លាបាន ពោលថា «កាត់ទឹកមិនដាច់ កាត់សាច់មិនបាន»។ ឪពុកម្ដាយគ្រប់រូបដែលបានបង្កើតកូនមកហើយ ខិតខំចិញ្ចឹមបីបាច់ថែរក្សាអប់រំកូនឲ្យដើរតាមគន្លងធម៌ ដោយសម្លឹងទៅថ្ងៃអនាគតចង់ឃើញកូនរបស់ខ្លួនក្លាយជាកូនល្អ និងពលរដ្ឋល្អ។ តែផ្ទុយទៅវិញ ក៏មានឪពុកម្ដាយខ្លះបែរជាខកបំណង ដោយត្រូវកូនៗធ្វើទុក្ខបុកម្នេញ ប្រព្រឹត្តអំពើមិនគប្បី ឬសកម្មភាពផ្សេងៗដែលផ្ទុយនឹងច្បាប់ ធ្វើឲ្យគ្រួសារមិនមានសេចក្ដីសុខ គ្មានសុភមង្គល រហូតធ្វើឲ្យឪពុកម្ដាយខ្លះបង្ខំចិត្តកាត់កាល់កូននោះ ។ កន្លងមក ដើម្បីកាត់កាល់កូនឪពុកម្ដាយបានប្រើប្រាស់វិធីផ្សេងៗដូចជា ចុះផ្សាយអំពីដំណឹងកាត់កាល់តាម កាសែត ផ្សាយវិទ្យុ ទូរស្សន៍ និងតាមបណ្តាញទំនាក់ទំនងសង្គមជាដើម ហើយជាទូទៅការកាត់កាល់កូន គឺធ្វើឡើងក្នុងគោលបំណងរួចផុតពីទំនួលខុសត្រូវ អំពើខុសច្បាប់របស់កូន ឬ/និង មិនចង់ទទួលខុសត្រូវលើរាល់សំណងផ្នែករដ្ឋប្បវេណីផ្សេងៗ ឬ មិនពេញចិត្តនឹងអំពីរបស់កូនដែលធ្វើមិនគប្បីចំពោះខ្លួនជាឪពុកម្ដាយ ហើយកាត់កាល់កូនដោយមិនចង់ឲ្យកូននោះទទួលបាននូវមរតក ។ ការបារម្ភរបស់ឪពុកម្ដាយខាងលើនេះ គឺមិនត្រឹមត្រូវនោះទេ អនុលោមតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញតិថា ការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ គឺត្រូវអនុវត្តតាមគោលការណ៍ឯកត្តកម្មនៃទោស ពោលគឺ មានតែអ្នកដែលប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ ដែលត្រូវចោទប្រកាន់ និងផ្តន្ទាទោស។ ដោយឡែកចំពោះបញ្ហាសំណងផ្នែករដ្ឋប្បវេណី ឪពុកម្ដាយ ទទួលខុសត្រូវចំពោះអំពើរបស់កូន តែក្នុងករណីដែលកូនមានអាយុតិចជាង១៨ឆ្នាំ ប៉ុន្តែក្នុងករណីដែលកូនមាន អាយុចាប់ពី១៨ឆ្នាំឡើងទៅ នោះឪពុកម្ដាយក៏មិនមានកាតព្វកិច្ចក្នុងការទទួលខុសត្រូវ លើផ្នែកសំណងរដ្ឋប្បវេណីដែលកើតចេញពីសកម្មភាពរបស់កូនទៀតដែរ លើកលែងតែ ក្នុងករណីពិសេសដូចជា កូនជានីតិជន តែស្ថិតក្រោម របបអាណាព្យាបាលទូទៅ ឬ របបហិតូបត្ថម្ភ។ តើឪពុកម្ដាយអាចកាត់កាល់កូនបង្កើតបានដែរទេ? ដើម្បីឲ្យយល់កាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ ក្នុងសប្តាហ៍នេះសូមលើកយកប្រធានបទ «ការកាត់កាល់កូន» មកធ្វើការចែករំលែកដូចតទៅ៖ យោងតាមក្រមរដ្ឋប្បវេណី គឺពុំមានបញ្ញត្តិណាមួយចែងអំពីការកាត់កាល់កូនបង្កើតទ្បើយ ប៉ុន្តែក្នុងក្រមរដ្ឋប្បវេណីបានបញ្ញត្តិតែអំពីការកាត់កាល់កូនស្មុំតែប៉ុណ្ណោះ។ មានន័យថា តាមផ្លូវច្បាប់ឪពុកម្ដាយពុំអាចកាត់កាល់កូនបង្កើតបាន ទ្បើយ ក៏ប៉ុន្ដែឪពុកម្ដាយបង្កើតអាចធ្វើការកាត់ផ្ដាច់នូវផលប្រយោជន៍របស់កូន តាមរយៈការកាត់ផ្ដាច់នូវមរតកដោយ ការដាក់ពាក្យសុំទៅតុលាការ និងតាមរយៈលិខិតបណ្តាំមរតកដោយមានបញ្ជាក់មូលហេតុក្នុងច្បាប់ជាអាទិ៍។ ដើម្បីឲ្យការកាត់កាល់កូនក្នុងក្របខណ្ឌនៃការស្មុំកូន មានអានុភាពតាមផ្លូវច្បាប់ តើត្រូវគោរពទៅតាមលក្ខខណ្ឌអ្វីខ្លះ? ដោយរបបនៃការស្មុំកូនមាន០២ ទម្រង់ គឺស្មុំកូនពេញលេញ និងស្មុំកូនធម្មតា ដូចនេះទម្រង់នៃការកាត់កាល់នៃស្មុំកូន គឺត្រូវអនុវត្តដូចខាងក្រោម៖ ១៖ ការកាត់កាល់នៃស្មុំកូនពេញលេញ៖ តាមទស្សនៈទាននៃការបង្កើតរបបស្មុំកូនពេញលេញ គឺដើម្បីផលប្រយោជន៍របស់កូនសុំតែប៉ុណ្ណោះ ហេតុដូចនេះ ការកាត់កាល់ស្មុំកូនពេញលេញ ឪពុកម្ដាយចិញ្ចឹមមិនអាចធ្វើការកាត់កាល់កូនសុំបានឡើយ។ បើយល់ឃើញថាមានភាពចាំបាច់ពិសេសដើម្បីផលប្រយោជន៍របស់កូនសុំ តុលាការអាចកាត់កាល់ភាគីនៃស្មុំកូនបាន ( ឪពុកម្ដាយចិញ្ចឹម) តាមពាក្យសុំរបស់កូនសុំ ឪពុកម្ដាយបង្កើត ឬតំណាងអយ្យការ លុះត្រាតែក្នុងករណីដែលត្រូវនឹងចំណុចទាំងអស់ ដែលកំណត់នៅក្នុងចំណុចនីមួយៗខាងក្រោមនេះ៖ ក. បើមានការធ្វើបាបដោយឪពុកម្ដាយចិញ្ចឹម បោះបង់កូនសុំចោលដោយគំនិតទុច្ចរិត ឬហេតុផលផ្សេងៗទៀត ដែលបំពានផលប្រយោជន៍របស់កូនសុំយ៉ាងធ្ងន់ធ្ងរ ។ ខ. បើឪពុកម្ដាយបង្កើតអាចគ្រប់គ្រងថែរក្សាដោយសមរម្យ។ ២៖ ការកាត់កាល់ស្មុំកូនធម្មតា៖ ការកាត់កាល់ស្មុំកូនធម្មតា មានលក្ខណៈស្រដៀងគ្នាទៅនឹងការកាត់កាល់ស្មុំកូនពេញលេញផងដែរ ក៏ប៉ុន្ដែចំពោះ នីតិវិធី នៃការកាត់កាល់ស្មុំកូនធម្មតានេះ ឪពុកម្ដាយចិញ្ចឹមមានសិទ្ធិធ្វើការកាត់កាល់កូនសុំ ដែលជានីតិជនបាន ហើយការកាត់កាល់នេះ អាចធ្វើឡើងតាម ០២ ទម្រង់ គឺតាមពាក្យសុំ និងតាមបណ្ដឹងកាត់កាល់ស្មុំកូន។ ក. ពាក្យសុំកាត់កាល់ស្មុំកូនធម្មតា៖ ភាគីនៃស្មុំកូន (ឪពុកម្តាយចិញ្ចឹម និងកូន) អាចដាក់ពាក្យសុំទៅតុលាការឲ្យកាត់កាល់ស្មុំកូនបាន ក្នុងករណីដែលភាគីសងខាងព្រមព្រៀងអំពីការកាត់កាល់នោះ។ ក្នុងករណីដែលកូនសុំជាអនីតិជន (អាយុក្រោម ១៨ ឆ្នាំ) ពាក្យសុំដែលបានកំណត់ខាងលើនេះ ត្រូវធ្វើឡើងដោយឪពុកម្ដាយចិញ្ចឹម និងបុគ្គលដែលក្លាយជាអ្នកតំណាងដែលច្បាប់កំណត់ ក្រោយពេលកាត់កាល់។ ប៉ុន្ដែបើកូនសុំមានអាយុ១៥ ឆ្នាំហើយ ការកាត់កាល់ត្រូវទទួលការយល់ព្រមពីកូនសុំនោះ។ ទោះបីជាអនីតិជននោះមិនទាន់ដល់អាយុ ១៥ ឆ្នាំក៏ដោយ បើអនីតិជននោះអាចបង្ហាញឆន្ទៈរបស់ខ្លួនបាន តុលាការត្រូវសួរយោបល់របស់អនីតិជននោះ។ ខ.បណ្ដឹងកាត់កាល់ស្មុំកូនធម្មតា៖ ក្នុងករណីមានការបោះបង់ចោលដោយភាគីម្ខាងទៀត (ឪពុកម្តាយចិញ្ចឹម ឬកូនសុំ) ដោយទុច្ចរិត ឬបើមិនច្បាស់ថា ក្នុងអំឡុងពេលយ៉ាងតិច១ឆ្នាំ ថាភាគីម្ខាងទៀតនៅរស់ ឬទទួលមរណៈភាព ឬបើមានហេតុធ្ងន់ធ្ងរផ្សេងទៀត ដែលបណ្ដាលឲ្យមានការពិបាកក្នុងការបន្ដស្មុំកូន នោះភាគីម្ខាងនៃស្មុំកូនអាចដាក់ពាក្យបណ្តឹងឲ្យកាត់កាល់បាន។ ប៉ុន្តែក្នុងអំឡុងពេលដែលកូនសុំពុំទាន់ក្លាយជានីតិជន ឪពុកម្ដាយចិញ្ចឹមមិនអាចដាក់ពាក្យបណ្ដឹងដែលបានកំណត់នៅចំណុចខាងលើនេះចំពោះកូនសុំបានឡើយ ។ ក្នុងករណីកូនសុំមានអាយុ១៥ ឆ្នាំហើយ ការកាត់កាល់អាចធ្វើទៅបាន បើសិនជាទទួលការយល់ព្រមពីកូនសុំនោះ ។ ជាមួយគ្នានេះផងដែរ ដើម្បីការពារផលប្រយោជន៍របស់កូនសុំ ច្បាប់ក៏បានអនុញ្ញាតឲ្យកូនសុំជាអនីតិជនកាត់កាល់នូវឪពុកម្តាយចិញ្ចឹមតាមរយៈពាក្យបណ្តឹងរបស់កូនសុំ ឪពុក ឬម្តាយបង្កើត ឬអ្នកតំណាងដែលច្បាប់កំណត់ ។ សរុបជារួមមក ការកាត់កាល់កូនបង្កើតមិនអាចធ្វើបានទ្បើយ ហើយចំពោះការកាត់កាល់កូនសុំវិញ ច្បាប់អនុញ្ញាតឲ្យឪពុកម្តាយចិញ្ចឹមធ្វើការកាត់កាល់បានតែចំពោះកូនសុំធម្មតា ដែលជានីតិជន (អាយុចាប់ពី១៨ឆ្នាំ) តែប៉ុណ្ណោះ។ ចំពោះ នីតិវិធីនៃការកាត់កាល់ត្រូវធ្វើតាមផ្លូវតុលាការ ហើយអានុភាពនៃការកាត់កាល់កើតមាននៅពេល ដែលសេចក្តីសម្រេចអំពីការកាត់នោះចូលជាស្ថាពរ។ រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក រ៉ាត់ ចាន់ធី ជាជំនួយការមេធាវី នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ

2020-04-22 10:22:11

យល់ដឹងផ្នែកច្បាប់៖ ការស្មុំកូន

(ភ្នំពេញ)៖ បុរស-នារីដែលមានគោលបំណងរៀបអាពាហ៍ពិពាហ៍បង្កើតជាគ្រួសារមួយ គឺផ្តើមចេញសេចក្តីស្រលាញ់របស់អ្នកទាំងពីរ បន្ថែមពីនេះគោលបំណងចំបងមួយទៀត នៃអាពាហ៍ពិពាហ៍ គឺការបង្កើតកូនសម្រាប់បន្តវង្សត្រកូល។ ប៉ុន្តែគ្រប់គ្រួសារទាំងអស់មិនប្រាកដថា នឹងអាចសម្រេចបាននូវគោលបំណងក្នុងការបង្កើតកូនបន្តពូជពង្សបាននោះទេ ដែលបញ្ហានេះភាគច្រើនកើតចេញពីកត្តាវេជ្ជសាស្រ្ត។ ក្នុងករណីដែលប្តីប្រពន្ធនៃគ្រួសារមួយមិនអាចបង្កើតកូនដោយខ្លួនឯងបាន ពួកគេអាចស្វែងរកសុំកូនរបស់អ្នកដទៃ ឬ កូនរបស់សាច់ញាតិខ្លួនឯងមកចញ្ចឹមបាន ដែលសកម្មភាពនៃការសុំកូននេះ ក្នុងច្បាប់ត្រូវបានហៅថា «ការស្មុំកូន»។ ដើម្បីឲ្យយល់កាន់តែច្បាស់អំពី «ការស្មុំកូន» ថាតើការស្មុំកូនអាចធ្វើឡើងតាមវិធីណាខ្លះ និងត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ? កម្មវីធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ក្នុងសប្តាហ៍នេះសូមលើកយកប្រធានបទស្តីពី «ការស្មុំកូន» មកធ្វើការបកស្រាយដូចតទៅ៖ «ការស្មុំកូន» គឺជាការសុំកូនរបស់អ្នកដទៃមកចិញ្ចឹមដោយស្របច្បាប់ និងបង្កើតទំនាក់ទំនងញាតិរវាងពួកគេ ពោលគឺធ្វើឲ្យទំនាក់ទំនងញាតិរវាងឪពុកម្តាយចិញ្ចឹម និងកូនចិញ្ចឹម ដូចគ្នាទៅនឹងឪពុកម្តាយនិងកូនបង្កើតដែរ ។ គោលបំណងនៃការស្មុំកូនគឺធ្វើឡើងសម្រាប់៖ * អ្នកដែលគ្មានទាយាទស្នងអាជីវកម្ម ត្រូវរកទាយាទស្នងបានតាមរយៈការស្មុំកូន * អ្នកដែលគ្មានទាយាទស្នងមរតក៌ ឬសន្តតិកម្មទ្រព្យសម្បត្តិជាអាទិ៍ ត្រូវរកទាយាទស្នងបានតាមរយៈការស្មុំកូន * អ្នកដែលអសមត្ថភាពគ្មានកូន ត្រូវការកូនដើម្បីអាចផ្តល់អាហារកិច្ច ឬមើលថែខ្លួននៅពេលចាស់ទៅ * រកឪពុកម្តាយសម្រាប់កុមារកំព្រា ឬកុមារដែលខ្វះការថែរក្សា ឬការយកចិត្តទុកដាក់ពីឪពុកមា្តយបង្កើត......។ល។ អនុលោមតាមក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន បានបើកផ្លូវដល់អ្នកដែលមានបំណង “ស្មុំកូន” ឬ “សុំកូនគេមកចិញ្ចឹមដោយស្របច្បាប់” អាចធ្វើឡើងតាមរូបភាព ០២ (ពីរ) គឺ៖ (១).ការស្មុំកូនពេញលេញ និង (២).ការស្មុំកូនធម្មតា។ (១)៖ ការស្មុំកូនពេញលេញ៖ គឺជាការសុំកូនរបស់អ្នកដទៃយកមកចញ្ចឹមដោយស្របច្បាប់ និងធ្វើឡើងតាមផ្លូវតុលាការ ដោយទាមទារឲ្យផ្តាច់ទំនាក់ទំនងញាតិ និងទំនាក់ទំនងគតិយុត្តិ រវាងឪពុកម្តាយបង្តើត និងញាតិសន្តានរបស់កូនសុំនោះទាំងស្រុង ដើម្បីបង្កើតឲ្យមាននូវទំនាក់ទំនងញាតិ និងទំនាក់ទំនងគតិយុត្ត រវាងឪពុកម្តាយចិញ្ចឹម និងកូនសុំនោះវិញ។ ការណ៍ដែលធ្វើបែបនេះ គឺដើម្បីឲ្យទំនាក់ទំនងរបស់ឪពុកម្តាយចិញ្ចឹម និងកូនសុំនោះ ដូចគ្នាទៅនឹងទំនាក់ទំនងឪពុកម្តាយ និងកូនបង្កើតដែលច្បាប់បានទទួលស្គាល់ ។ គោលបំណងនៃការស្មុំកូនពេញលេញខាងលើនេះ គឺធ្វើឡើងដើម្បីផ្តល់នូវគ្រួសារមួយ ដែលមានឪពុកម្តាយមានជីវភាពសមរម្យ និងអាចផ្គត់ផ្គង់គ្រប់គ្រាន់ដល់កុមារអភ័ព្វ (កូនសុំ) និងដើម្បីផលប្រយោជន៍កុមារដែលខ្វះការថែរក្សា ខ្វះការយកចិត្តទុកដាក់ពីឪពុកមា្តយបង្កើត ឬឪពុកមា្តយបង្កើតមានជីវភាពក្រីក្រ ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការមើលថែរក្សាកូនបាន ឬ ដោយសារស្ថានភាពណាមួយ ដូចជាបញ្ហាវិបត្តិស្មារតី ឬ ពិការភាពជាដើម.....។ ខាងក្រោមនេះជាលក្ខខណ្ឌដើម្បីស្មុំកូនពេញលេញ៖ * ឪពុក-ម្តាយចិញ្ចឹម ត្រូវតែមានសហព័ទ្ធ(ប្តី/ប្រពន្ធស្របច្បាប់) និងត្រូវមានឆន្ទះព្រមព្រៀងគ្នាក្នុងការស្មុំកូន * ឪពុក¬-ម្តាយចិញ្ចឹម ត្រូវមានអាយុចាប់ពី ២៥ ឆ្នាំឡើងទៅ ហើយត្រូវមានអាយុច្រើនជាង “កូនសុំ” យ៉ាងតិច ២០ឆ្នាំ * ជាគោលការណ៍ “កូនសុំ” ត្រូវតែជាអនីតិជន ដែលមានអាយុតិចជាង ៨ឆ្នាំ * ត្រូវមានការយល់ព្រមពីឪពុកម្តាយបង្កើត ឬ អាណាព្យាបាលរបស់ «កូនសុំ» ប៉ុន្តែប្រសិនបើឪពុកម្តាយបង្កើតមិនអាចបង្ហាញឆន្ទះបាន ឬ ករណីដែលឪពុកម្តាយបង្កើតនោះបានបោះបង់កូនចោលដោយគំនិតទុច្ចរិត ឬ ហេតុផ្សេងៗទៀត ដែលបំពានផលប្រយោជន៍កុមារដែលនឹងក្លាយជាកូនសុំនោះ គឺមិនចាំបាច់មានការយល់ព្រមពីឪពុកម្តាយបង្កើតរបស់ «កូនសុំ» នោះឡើយ។ * មូលហេតុនៃការស្មុំកូនពេញលេញ ត្រូវតែនៅក្នុងករណីដែលស្ថានភាពរបស់កុមារ (កូនសុំ) មានការពិបាកខ្លាំង និងបានជាប្រយោជន៍របស់កុមារដែលនឹងក្លាយជាកូនសុំនោះ ។ * ការសាកល្បងចិញ្ចឹមកុមារដែលនឹងក្លាយជាកូនសុំនោះ រយៈពេល ០៦ (ប្រាំមួយ) ខែ ដើម្បីជាមូលដ្ឋានក្នុងការសម្រេចសេចក្តីរបស់តុលាការ ។ បន្ទាប់ពីមានលក្ខខណ្ឌដូចរៀបរាប់ខាងលើនេះហើយ ឪពុក-ម្តាយចិញ្ចឹម ត្រូវតែមានឆន្ទៈសហការគ្នា និងព្រមព្រៀងដាក់ពាក្យសុំទៅកាន់តុលាការនៃទីលំនៅរបស់ឪពុកម្ដាយចិញ្ចឹមនោះ ដើម្បីឲ្យតុលាការចេញដីកាសម្រេចបង្កើតស្មុំកូនពេញលេញ ។ (២)៖ ការស្មុំកូនធម្មតា៖ គឺជាការបង្កើតទំនាក់ទំនងញាតិរវាងកូនអ្នកដទៃ និងឪពុកម្តាយចិញ្ចឹមដែលបានសុំកូនអ្នកដទៃនោះយកមកចិញ្ចឹមបីបាច់ថែរក្សាដូចជាកូនរបស់ខ្លួនឯង បង្កើតតាមផ្លូវតុលាការ ប៉ុន្តែការស្មុំកូនធម្មតានេះមិនបានធ្វើឲ្យផ្តាច់ទំនាក់ទំនងញាតិរវាងឪពុកម្តាយបង្កើត និងកូនសុំនោះទេ ពោលគឺទំនាក់ទំនងញាតិរបស់ពួកគេនៅតែបន្តអត្ថិភាព នាំឲ្យពួកគេមានសិទ្ធិទាមទារ និងករណីយកិច្ចផ្គត់ផ្គង់អាហារកិច្ចគ្នាទៅវិញទៅមក ។ ជាងនេះទៅទៀតកូនសុំនោះនៅតែជាសន្តតិជន (ទាយាទ) មានសិទ្ធិទទួលបានមរតក៌ របស់ឪពុកម្តាយបង្កើតរបស់គេដដែល ។ ទន្ទឹមនឹងនេះកូនសុំក៏មានសិទ្ធិទទួលសន្តតិកម្មពីឪពុកម្ដាយចិញ្ចឹមផងដែរ។ ខាងក្រោមនេះជាលក្ខខណ្ឌដើម្បីស្មុំកូនធម្មតា៖ * ឪពុកម្តាយចិញ្ចឹម អាចនៅលីវ ឬមានសហព័ទ្ធ (ប្តី-ប្រពន្ធស្របច្បាប់) * ឪពុក-ម្តាយចិញ្ចឹម ត្រូវមានអាយុចាប់ពី ២៥ ឆ្នាំឡើងទៅ * កូនសុំ អាចជាអនីតិជន ឬ នីតិជន ប៉ុន្តែមិនត្រូវជាបុព្វញាតិ ឬ មានអាយុច្រើនជាងឪពុក-ម្តាយចិញ្ចឹមឡើយ * កូនសុំ ជាអនីតិជន ត្រូវមានការយល់ព្រមពីឪពុក/ម្តាយបង្កើត ឬអ្នកមានអំណាចមេបា ឬអាណាព្យាបាល ។ បន្ទាប់ពីមានលក្ខខណ្ឌដូចរៀបរាប់ខាងលើនេះហើយ ឪពុក-ម្តាយចិញ្ចឹម និងកូនសុំ ត្រូវមានឆន្ទៈដូចគ្នា និងព្រមព្រៀងដាក់ពាក្យសុំជាមួយគ្នា ទៅកាន់តុលាការនៃទីលំនៅរបស់ កូនសុំនោះដើម្បីឲ្យតុលាការចេញដីកាសម្រេចបង្កើតស្មុំកូនធម្មតា។ ប៉ុន្តែបើកូនសុំជាអនីតិជន ឪពុក-ម្តាយចិញ្ចឹមត្រូវដាក់ពាក្យសុំជាមួយអ្នកមានអំណាចមេបា ឬអាណាព្យាបាល នៃកូនសុំនោះ ទៅកាន់តុលាការនៃទីលំនៅរបស់កូនសុំ។ អ្នកដាក់ពាក្យសុំមិនចាំបាច់ត្រូវតែជាអ្នកមានសហព័ទ្ធ (ប្ដី-ប្រពន្ធស្របច្បាប់) នោះទេ ពោលគឺបុរស ឬនារីដែលនៅលីវ ក៏អាចក្លាយជាឪពុក ឬ ម្ដាយចិញ្ចឹមបានដែរ ប៉ុន្តែចំពោះអ្នកមានសហព័ទ្ធ (ប្ដី-ប្រពន្ធស្របច្បាប់) ប្រសិនបើមានតែសហព័ទ្ធម្ខាងដែលចង់បានកូនចិញ្ចឹមនោះ អានុភាពមានតែចំពោះតែអ្នកដែលបានដាក់ពាក្យសុំតែប៉ុណ្ណោះ។ យ៉ាងណាមិញការសុំកូនអ្នកដទៃយកមកចិញ្ចឹមដោយស្របច្បាប់ ដែលយើងហៅថាការស្មុំកូននេះ ត្រូវតែធ្វើឡើងតាមផ្លូវតុលាការ ដូច្នេះការដែលចង់រំលាយការស្មុំកូននេះវិញ ក៏ត្រូវធ្វើឡើងតាមរយៈការកាត់កាលតាមផ្លូវតុលាការ ដូចគ្នាផងដែរ។ សូមបញ្ជាក់ផងដែរថាចំពោះជនបរទេស ដែលមានបំណងសុំកុមារកម្ពុជាទៅចិញ្ចឹម គឺត្រូវបំពេញតាមលក្ខខណ្ឌដោយឡែក (ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស)។ រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា សាវី លីដា សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ

2020-04-22 10:20:32

យល់ដឹងផ្នែកច្បាប់៖ ទ្រព្យរួម និងទ្រព្យដោយឡែករបស់ប្តីប្រពន្ធ

(ភ្នំពេញ)៖ នៅក្នុងសង្គមបច្ចុប្បន្ន បញ្ហាចម្រូសចម្រាសនៅក្នុងទំនាក់ទំនងប្តីប្រពន្ធ អំពីការគ្រប់គ្រង ប្រើប្រាស់ ចាត់ចែង និងបែងចែកទ្រព្យសម្បត្តិអាចនាំទៅរកវិវាទ ទាំងនៅក្នុងពេល ជាប់ចំណងអាពាហ៍ពិពាហ៍ ក៏ដូចជានៅពេលលែងលះ។ ដើម្បីបង្កា និងដោះស្រាយវិវាទទាំងនេះ ក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា បានចែងអំពីប្រព័ន្ធ គ្រប់គ្រងទ្រព្យសម្បត្តិប្តីប្រពន្ធ។ ប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិប្តីប្រពន្ធជាមូលដ្ឋានរួមមាន៖ «ប្រព័ន្ធទ្រព្យដោយឡែក» គឺជាប្រព័ន្ធដែលមិនធ្វើឲ្យមានផលប៉ះពាល់ដល់ទំនាក់ទំនង ទ្រព្យសម្បត្តិរបស់ប្តីប្រពន្ធទេ ទោះបីជាបានរៀបអាពាហ៍ពិពាហ៍ក៏ដោយ និង«ប្រព័ន្ធទ្រព្យរួម» គឺជាប្រព័ន្ធដែលនឹងមានផលប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិរបស់ប្តីប្រពន្ធ នៅក្រោយពេលរៀបអាពាហ៍ពិពាហ៍ ហើយទ្រព្យទាំងនោះ ត្រូវក្លាយជាទ្រព្យរួម។ ដូច្នេះកម្មវីធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិសូមលើកយកប្រធានបទស្តីពី “ទ្រព្យរួម និងទ្រព្យដោយឡែករបស់ប្តីប្រពន្ធ” មកធ្វើការចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ សិស្សនិសិ្សតដូចតទៅ៖ តើទ្រព្យសម្បត្តិណាខ្លះ ត្រូវចាត់ទុកជាទ្រព្យសម្បត្តិរួម ហើយទ្រព្យសម្បត្តិណាខ្លះត្រូវចាត់ទុកជាទ្រព្យដោយឡែក? ១៖ ទ្រព្យសម្បត្តិដោយឡែក ទ្រព្យសម្បត្តិដោយឡែក គឺជាទ្រព្យសម្បត្តិដែលស្ថិតនៅក្រោមកម្មសិទ្ធិរបស់សហព័ទ្ធ (ប្តី ឬ ប្រពន្ធ)ណាម្នាក់ ដូចខាងក្រោម៖ ក. ទ្រព្យសម្បត្តិដែលប្តី ឬប្រពន្ធមាននៅមុនពេលរៀបអាពាហ៍ពិពាហ៍ មានន័យថាភាគីប្តី ឬប្រពន្ធមានទ្រព្យនោះ នៅមុនពេលរៀបអាពាហ៍ពិពាហ៍ ទោះបីក្រោយរៀប អាពាហ៍ពិពាហ៍ក៏ដោយ ក៏គេចាត់ទុកថា ទ្រព្យនោះ ជាទ្រព្យដោយឡែករបស់ប្តី ឬប្រពន្ធនោះដដែល។ ឧទាហរណ៍៖ ប្តីមានផ្ទះមួយល្វែងមុនពេលរៀបអាពាហ៍ពិពាហ៍ ទោះក្រោយរៀបអាពាហ៍ពិពាហ៍ ក៏ផ្ទះនោះ នៅតែជាទ្រព្យរបស់ប្តីដដែល គឺមិនអាចរាប់ជាទ្រព្យរួមនោះទេ។ ខ. ទ្រព្យសម្បត្តិដែលប្តីឬប្រពន្ធទទួលបានដោយប្រទានកម្ម សន្តតិកម្ម ឬអច្ច័យទាន នៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ។ ក្នុងករណីប្រសិនបើម្ចាស់អំណោយទ្រព្យអោយទៅប្តី ឬប្រពន្ធនោះមានន័យថា អំណោយនោះនឹងក្លាយទៅជាទ្រព្យដោយឡែករបស់ប្តី ឬប្រពន្ធនោះ។ លើកលែងតែម្ចាស់អំណោយបានបញ្ជាក់ថាឱ្យទាំងប្តី និងប្រពន្ធ ទើបទ្រព្យនោះក្លាយទៅជាទ្រព្យរួមរបស់ប្តី និប្រពន្ធ ។ ឧទាហរណ៍៖ ឪពុករបស់លោក “ក” បានប្រគល់ផ្ទះមួយល្វែងឱ្យគាត់នៅក្នុងពេលចំណងអាពាហ៍ពិពាហ៍។ នោះ គេចាត់ទុកថាផ្ទះនោះជាទ្រព្យដោយឡែករបស់លោក “ក” ទោះបីជាទ្រព្យនោះបានមកក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ក៏ដោយ។ គ. ទ្រព្យសម្បត្តិជាតម្លៃតបទាក់ទងនឹងការចាត់ចែងទ្រព្យដោយឡែក គេចាត់ទុកថាជាទ្រព្យដោយឡែក។ ឧទាហរណ៍៖ ប្តីមានផ្ទះមួយខ្នងដែលជាទ្រព្យដោយឡែករបស់ខ្លួន ក្រោយមកនៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ប្តីបានលក់ផ្ទះនោះក្នុងតម្លៃ៥ម៉ឺនដុល្លារ ដូច្នេះប្រាក់ដែលបានមក ពីការលក់ផ្ទះនោះ ក៏គេចាត់ទុកថាជាទ្រព្យរបស់ប្តីដដែល ទោះបីជាប្តីលក់នៅក្នុងអំឡុងពេលជីវិតអាពាហ៍ពិពាហ៍ក៏ដោយ។ ម្យ៉ាងវិញទៀតប្រសិនបើប្តីយកលុយនោះទៅទិញដីហើយ លក់ទៅវិញបានប្រាក់ចំណេញបន្ថែមទៀតក៏ដោយ ក៏វានៅតែជាទ្រព្យដោយឡែករបស់ប្តីព្រោះផលចំណេញនោះកើតចេញពីតម្លៃតបនៃវត្ថុដែលជាទ្រព្យដោយឡែករបស់ប្តី ។ ២៖ ទ្រព្យសម្បត្តិរួម ទ្រព្យសម្បត្តិរួម គឺជាទ្រព្យសម្បតិ្តទាំងឡាយណា ដែលប្តីប្រពន្ធទាំងសងខាង ឬ តែម្ខាងទទួលបាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ក្នុងលក្ខណៈជាប្រាក់បៀវត្សរ៍ ឬ ប្រាក់ឈ្នួល ឬ ប្រាក់កម្រៃឬ ប្រយោជន៍នានាផ្សេងពីចំនុចទាំង ៣ ខាងលើ ។ ឧទាហរណ៍៖ ប្តីធ្វើការជាមន្ត្រីរាជការ និងទទួលបានប្រាក់បៀវត្ស១លានរៀល ក្នុងមួយខែ ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍។ ហេតុដូច្នេះហើយប្រាក់បៀវត្សរបស់ប្តី ត្រូវចាត់ទុកជាទ្រព្យសម្បត្តិរួមរបស់ប្តី និងប្រពន្ធ។ ក្នុងករណីប្រាក់ចំណូលដែលប្តីរកបានតែម្ខាង ហើយប្រពន្ធត្រឹមតែជាស្រ្តីមេផ្ទះ ធ្វើតែការងារគេហកិច្ច (ការងារក្នុងផ្ទះ) តើប្រាក់ចំណូលដែលប្តីរកបានតែម្ខាងត្រូវចាត់ទុកថាវាជាទ្រព្យរួម ឬ ទ្រព្យដោយឡែក? ជាគោលការណ៍ច្បាប់ការងារគេហកិច្ច (ការងារនៅក្នុងផ្ទះ) ត្រូវចាត់ទុកថាមានតម្លៃស្មើនឹងការងារដែល ធ្វើនៅក្រៅផ្ទះដែរ មានន័យថា ប្តីមិនអាចបដិសេធចំពោះចំណូលដែលខ្លួនរក បានពីការងារក្រៅផ្ទះ ថាមិនមែនជាទ្រព្យរួម ឬបន្ថយសិទ្ធិរបស់ប្រពន្ធលើចំណូលរបស់ខ្លួន ដោយសំអាងថាប្រពន្ធរបស់ខ្លួនធ្វើតែការងារផ្ទះ មើលថែទាំកូន ដាំស្ល បោកគក់...ល ដោយមិនបានប្រឡូកនឹងការងារខាងក្រៅ ដែលនឿយហត់ដូចការងាររបស់ខ្លួនឡើយ។ ចំពោះប្រាក់ឈ្នួលដែលបានមកពីការជួលផ្ទះ ដែលជាទ្រព្យរបស់ប្តី ឬ ប្រពន្ធមានមុនពេលរៀបអាពាហ៍ពិពាហ៍ តើយើងអាចចាត់ទុកថាជាទ្រព្យរួម ឬ ជាទ្រព្យដោយឡែក? ដូចនឹងឧទាហរណ៍ខាងលើ ដែលប្តីធ្វើការជាមន្ត្រីរាជការ និងទទួលបានប្រាក់បៀវត្ស ១លានរៀល ក្នុងមួយខែ ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍។ ហេតុដូច្នេះហើយប្រាក់បៀវត្សរបស់ប្តី ត្រូវចាត់ទុកជាទ្រព្យសម្បត្តិរួមរបស់ប្តី និងប្រពន្ធ។ ស្របពេលគ្នានោះដែរ ប្តីក៏មានផ្ទះមួយល្វែងដែលជាទ្រព្យដោយឡែករបស់ខ្លួន ហើយប្តីបានដាក់ផ្ទះនោះជួលដើម្បីបាន ថ្លៃឈ្នួលប្រចាំខែ។ ដូច្នេះថ្លៃឈ្នួលប្រចាំខែ ដែលបានមកពីការជួលផ្ទះនោះ គេចាត់ទុកថាជាទ្រព្យរួមរបស់ប្តី និងប្រពន្ធ។ ក្នុងករណីបំណុលរួមប្តីប្រពន្ធត្រូវតែទទួលខុសត្រូវរួមគ្នា ទោះបីជាបំណុលនោះប្តីប្រពន្ធទាំងពីរជាអ្នកខ្ចីរួមគ្នា ឬក៏សហព័ទ្ធណាម្នាក់ជាអ្នកខ្ចីឱ្យតែមានការ ព្រមព្រៀងជាលាយល័ក្ខណ៍អក្សរពីសហព័ទ្ធម្នាក់ទៀត។ ប៉ុន្តែបើទោះបីជាគ្មានការព្រមព្រៀងជាលាយល័ក្ខណ៍អក្សរពីសហព័ទ្ធម្ខាងទៀតក៏ដោយ ក៏អាចចាត់ទុកថាជាបំណុលរួមបានផងដែរ ប្រសិនបើបំណុលនោះស្ថិតក្រោមរូបភាពជាបំណុលដែលជាប់ពាក់ព័ន្ធនឹងការរក្សាជីវភាពរួមរបស់ប្តីប្រពន្ធ ការអប់រំ ការថែទាំ និងព្យាបាលកូន, បំណុលដែលជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រង និងរក្សាទ្រព្យសម្បត្តិរួម៕ រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី អនុប្រធានក្រុមមេធាវី និងកញ្ញា សាំង សុភាព សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ

2020-04-22 10:18:22