023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ បទរុកកួនខាងផ្លូវភេទ

(ភ្នំពេញ)៖ ជាទូទៅប្រជាជនគ្រប់រូបត្រូវបាន​ទទួលស្គាល់ ​នូវសិទ្ធិខាងទំនាក់ទំនង​ក្នុងសកម្មភាពនានា ឱ្យតែការប្រើប្រាស់សិទ្ធិនោះ មិនប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃ មិនផ្ទុយនឹងសណ្ដាប់ធ្នាប់ ប្រពៃណីល្អរបស់សង្គម ឬផ្ទុយនឹងច្បាប់ដែលបានហាមឃាត់។ ចំពោះទំនាក់ទំនងខាងផ្លូវភេទ ជាសិទ្ធិរបស់គ្រប់បុគ្គល​ដែលដល់​នីតិភាព​ក្នុងការរួមភេទ ហើយត្រូវធ្វើឡើងដោយឆន្ទៈរបស់គូភាគី ក៏ប៉ុន្តែបើទំនាក់ទំនងខាងផ្លូវភេទនោះ បានធ្វើឡើងដោយមានការរងសំពាធ ពីបុគ្គលដែលមានឋានៈ មុខងារ តួនាទី លើបុគ្គលម្ខាងទៀតដែលស្ថិតនៅក្រោម អំណាចឋានានុក្រម អំណាចនៃមុខងារ តួនាទីរបស់ខ្លួន គឺជាបទល្មើសព្រហ្មទណ្ឌ។ ករណីបែបនេះ យើងសង្កេតឃើញថា អាចមានការកើតឡើងមិនថាក្នុងវិស័យឯកជន ឬស្ថាប័នរដ្ឋ ដូចជាទំនាក់ទំនងខាងផ្លូវភេទរវាងគ្រូ-សាស្រ្ដាចារ្យ និងសិស្ស-និស្សិត រវាងនិយោជក និងកម្មករ-និយោជិត ជាដើម។ ហេតុនេះដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងសិស្សនិសិត្សបានយល់ដឹងច្បាប់ថា តើសកម្មភាពប្រភេទណាខ្លះ ដែលត្រូវបានចាត់ទុកថាជាបទល្មើសរុកកួនខាងផ្លូវភេទ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បទល្មើសរុកកួនខាងផ្លូវភេទ» មកបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ មន្រ្ដីរាជការ សិស្សនិស្សិតដូចតទៅ៖ យោងតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា២៥០ បានបញ្ញតិ្ដថា «អំពើរុកកួនខាងផ្លូវភេទ គឺជាអំពើដែលបុគ្គលម្នាក់រំលោភអំណាចដែលមុខងាររបស់ខ្លួនប្រគល់ឱ្យ ធ្វើការគាបសង្កត់ម្តងហើយម្តងទៀតទៅលើអ្នកដទៃ ក្នុងគោលបំណងទទួលការអនុគ្រោះខាងផ្លូវភេទ» ។ មានន័យថា កាលណាបុគ្គលម្នាក់ដែលមានអំណាច ទទួលបានពីឋានៈ មុខងារ តួនាទី ឬអំណាចដែលទទួលបានពីហេតុផ្សេងៗទៀតលើបុគ្គលណាម្នាក់ ហើយបានប្រើនូវអំណាចរបស់ខ្លួននោះ តាមមធ្យោបាយទុច្ចរិត ដើម្បីធ្វើការគាបសង្កត់ចំពោះបុគ្គលដ៏ទៃ (បុគ្គលសំដៅដល់មនុស្សទាំងពីរភេទ) ម្ដងហើយម្ដងទៀត ដើម្បីឱ្យបុគ្គលនោះយល់ព្រមរួមភេទជាមួយខ្លួន គឺជាបទល្មើសរុកគួនខាងផ្លូវភេទ។ ចំពោះមធ្យោបាយនៃការគាបសង្កត់អាចធ្វើឡើងក្រោមរូបភាពជា កាយវិការ ពាក្យសម្ដី ឬសកម្មភាពអ្វីមួយដែលមានសម្ពាធដល់ជនរងគ្រោះដោយគ្មានហិង្សា ឬការគំរាមកំហែងដោយអាវុធណាមួយឡើយ ហើយអំពើនោះបានធ្វើឡើងម្ដងហើយម្ដងទៀត ។ ឧទាហរណ៍ៈ លោក ក ជាសាស្រ្ដាចារ្យនៃសាកលវិទ្យាល័យមួយ នៅក្នុងពេលបំពេញវិជ្ជាជីវៈ លោក ក បានប្រើប្រាស់ឋានៈជាសាស្រ្ដាចារ្យរបស់ខ្លួន ដើម្បីនិយាយទៅកាន់និស្សិតស្រីម្នាក់ដែលបានប្រឡងធ្លាក់ថា ប្រសិនបើនាងព្រមប្រគល់ខ្លួនប្រាណឱ្យគាត់ នោះគាត់នឹងជួយសម្រួលឱ្យនាងបានជាប់ការប្រឡងនោះ ហើយគាត់តែងតែនិយាយបែបនេះជាច្រើនដងទៅកាន់នាង ។ ចំពោះចារី នៃបទល្មើសរុកគួនខាងផ្លូវភេទ គឺត្រូវតែជាបុគ្គលដែលទទួលបានអំណាចតាមរយៈមុខងារផ្ដល់ឱ្យក្នុងសង្គមដូចជា ថ្នាក់លើរបស់មន្រ្ដីរាជការ ឬមុខងារក្នុងវិស័យឯកជនដូចជា ថៅកែ ឬនិយោជក និងមុខងារក្នុងគ្រួសារដូចជាអ្នកអាណាព្យាបាល ជាអាទិ៍ ។ ឧទាហរណ៍ៈ ប្រធានក្រុមហ៊ុនមួយ បានពោលពាក្យសម្ដីជាច្រើនដងទៅចំពោះបុគ្គលិកស្រីរបស់ខ្លួនមួយរូប ដោយទទូចសុំឱ្យនាងអនុគ្រោះខាងផ្លូវភេទ ដើម្បីជាថ្នូរនឹងការផ្ដល់ទួនាទីជាលេខា នៅក្នុងក្រុមហ៊ុនរបស់ខ្លួន ដោយភ័យខ្លាចបាត់បង់តួនាទី ក្រោយមកនាងក៏បានយល់ព្រមតាមការទទូចសុំរបស់គាត់ ។ ដោយបទល្មើសរុកកួនខាងផ្លូវភេទ គឺជាបទល្មើសខាងរូបភាព ហេតុនេះគឺមិនគិតពីលទ្ធផលថា តើជនល្មើសបានទទួលការអនុគ្រោះខាងផ្លូវភេទពីជនរងគ្រោះ ឬអត់នោះទេ ឱ្យតែជនល្មើសនោះបានធ្វើការគាបសង្កត់ ដោយរំលោភអំណាចដែលទទួលបានពីមុខងាររបស់ខ្លួន ចាប់ពីពីរដងឡើងទៅ ក្នុងគោលបំណងទទួលបានការអនុគ្រោះខាងផ្លូវភេទ គឺចាត់ទុកថាបទល្មើសនោះបានសម្រេចហើយ។ ចំពោះទណ្ឌកម្ម យោងតាមមាត្រា ២៥០ នៃក្រមព្រហ្មទណ្ឌដដែលបានបញ្ញតិថា «អំពើរុកកួនខាងផ្លូវភេទ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ថ្ងៃ ដល់ ៣ (បី) ខែ និងពិន័យ ១០០,០០០ (មួយសែនរៀល) ដល់ ៥០០,០០០ (ប្រាំសែនរៀល)»។ សរុបមកអំពើរុកកួនខាងផ្លូវភេទ គឺជាប្រភេទមួយនៃអំពើបំពារបំពានខាងផ្លូវភេទ ដែលច្បាប់ព្រហ្មទណ្ឌកម្ពុជាបានកំណត់ជាបទល្មើស និងផ្ដន្ទាទោស ក្នុងគោលបំណងដើម្បីការពារនូវកិត្ដិយស សេចក្ដីថ្លៃថ្នូររបស់បុគ្គល សន្ដិសុខសណ្ដាប់ធ្នាប់ និងប្រពៃណីល្អរបស់សង្គមខ្មែរ ។ រៀបរៀងដោយ៖ លោក ថន យូសៀង ប្រធានផ្នែកសេវាកម្មច្បាប់ និងលោក រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 11:04:30

យល់ដឹងផ្នែកច្បាប់៖ អភ័យឯកសិទ្ធិគ្រួសារ

(ភ្នំពេញ)៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងអំពីអភ័យឯកសិទ្ធិរបស់សមាជិកសភា (តំណាងរាស្រ្ត) និងសមាជិកព្រឹទ្ធសភា ដែលធានា និងការពារពីការចោទប្រកាន់ ការចាប់ ការឃាត់ និងការឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួន។ ក្រៅពីអភ័យឯកសិទ្ធិដែលផ្តល់ជូនសមាជិកសភា និងសមាជិកព្រឹទ្ធសភា ដូចបានរៀបរាប់ខាងលើ ក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចែងអំពីអភ័យឯកសិទ្ធិដល់បុគ្គលដែលមិនអាចត្រូវផ្តន្ទាទោសព្រហ្មទណ្ឌផងដែរ គឺ «អភ័យឯកសិទ្ធិគ្រួសារ» ។ តើអភ័យឯកសិទ្ធិគ្រួសារជាអ្វី? ហើយបុគ្គលណាខ្លះដែលគួរទទួលបានអភ័យឯកសិទ្ធិនេះ? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «អភ័យឯកសិទ្ធិគ្រួសារ» មកធ្វើការបកស្រាយដូចតទៅ៖ អភ័យឯកសិទ្ធិគ្រួសារ មានចែងក្នុងមាត្រា៣៥៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា សំដៅទៅលើភាពមិនអាចផ្តន្ទាទោសព្រហ្មទណ្ឌបាន ចំពោះជនដែលបានប្រព្រឹត្តបទល្មើសលួច (អំពើលួចទ្រព្យសម្បត្តិ) បើជននោះលួចទ្រព្យសម្បត្តិរបស់បុព្វញាតិ ឬបច្ឆាញាតិ និងទ្រព្យសម្បត្តិរបស់សហព័ទ្ធខ្លួន។ មុននឹងឈានដល់ការស្វែងយល់នូវខ្លឹមសារនៃមាត្រាខាងលើ កម្មវិធីយើងនឹងធ្វើការបញ្ជាក់ជូនអំពីអត្ថន័យនៃពាក្យគន្លឹះមួយចំនួន ដូចជា «បុព្វញាតិ» «បច្ឆាញាតិ» និង «សហព័ទ្ធ» ជាមុនសិន។ ពាក្យថា «បុព្វញាតិ និងបច្ឆាញាតិ» ដែលមានពន្យល់ក្នុងសទ្ទានុក្រម នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ បានឱ្យនិយមន័យនៃពាក្យ «បុព្វញាតិ» ថា ជាជនដែលស្ថិតក្នុងថ្នាក់ញាតិខ្ពស់ជាងខ្លួន ពោលគឺ ជីដូនជីតា ឪពុកម្តាយ មាមីង ឬ ន័យសាមញ្ញត្រូវបានហៅថា អ្នកជំនាន់មុន ។ ដោយឡែកសម្រាប់ពាក្យថា «បច្ឆាញាតិ» គឺជន ឬពួកជន ដែលកើតពីជនមួយពួកទៀត ពោលគឺ កូន ចៅ ក្មួយ ឬ ហៅថា អ្នកជំនាន់ក្រោយ។ រីឯពាក្យថា «សហព័ទ្ធ» គឺសំដៅទៅលើប្តី ឬប្រពន្ធ ឬទាំងប្តីទាំងប្រពន្ធដែលទទួលបានឋានៈជាសហព័ទ្ធនេះក្រោយពីបានចុះបញ្ជីអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់។ ដូច្នេះប្រសិនបើមានករណីលួចទ្រព្យសម្បតិ្តនៅក្នុងសង្គមគ្រួសារដែលប្រព្រឹត្តឡើងដោយបុព្វញាតិ ឬបច្ឆាញាតិ ក៏ដូចជាសហព័ទ្ធពិតមែន នោះមាត្រា ៣៥៥ នៃក្រមព្រហ្មទណ្ឌមានអានុភាពអនុវត្តចំពោះករណីនេះ ដែលអាចឱ្យអ្នកប្រព្រឹត្តនោះ រួចផុតពីការផ្តន្ទាទោសចំពោះបទល្មើសលួចទ្រព្យសម្បត្តិ ។ ឧទាហរណ៍៖ លោក សុក បានលួចម៉ូតូដែលជាកម្មសិទ្ធិរបស់លោក សៅ ត្រូវជាជីតារបស់ខ្លួនទៅលក់ ដើម្បីយកទៅលេងល្បែង។ ចំពោះករណីនេះ តុលាការមិនអាចផ្តន្ទាទោសលោក សុក បានឡើយ ពីព្រោះលោក សុក ត្រូវជាចៅ (បច្ឆាញាតិ) របស់លោក សៅ ដែលត្រូវបានផ្តល់អភ័យឯកសិទ្ធិតាមរយៈមាត្រា ៣៥៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ សរុបមក ចំពោះអំពើលួចទ្រព្យសម្បតិ្តកើតឡើងក្នុងរង្វង់គ្រួសារដែលប្រព្រឹត្តឡើងដោយបុព្វញាតិ ឬបច្ឆាញាតិ និងសហព័ទ្ធ មិនត្រូវបានផ្តន្ទាទោសតាមច្បាប់ឡើយ។ អភ័យឯកសិទ្ធិគ្រួសារនេះ មានបំណងបញ្ចៀសនូវរាល់ផលវិបាកទាំងឡាយ ដែលអាចកើតចេញពីរឿងក្តីព្រហ្មទណ្ឌនៅក្នុងរង្វង់គ្រួសារ។ គួរបញ្ជាក់ផងដែរ អភ័យឯកសិទ្ធិនេះអាចអនុវត្តបានចំពោះតែបទល្មើសលួចតែប៉ុណ្ណោះ ដោយមិនគ្របដណ្តប់លើស្ថានទម្ងន់ទោសទេ។ រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងកញ្ញា សាំង សុភាព សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាន នៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 11:02:03

យល់ដឹងផ្នែកច្បាប់៖ បទល្មើសរំលោភសេពសន្ថវៈ

(ភ្នំពេញ)៖ អំពើរំលោភសេពសន្ថវៈ គឺជាអំពើមួយក្នុងចំណោមអំពើបៀតបៀន ដល់ផ្លូវភេទដទៃទៀត ដែលបានកើតមានជា​ញឹកញាប់ស្ទើរតែរៀងរាល់ថ្ងៃ ហើយអំពើនេះភាគច្រើន កើតមានចំពោះស្រ្តី និងកុមារដែលមិនទាន់គ្រប់អាយុ។ កន្លងមក​អំពើរំលោភសេពសន្ថវៈ ក៏ធ្លាប់កើតមានផងដែរ ក្នុងរូបភាព ជាឪពុកចុងរំលោភកូនដើម តារំលោភចៅ និង​ពូរំលោភក្មួយ​ជាដើម។ល។ អំពើរំលោភសេពសន្ថវៈ បានបង្កជាវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ចំពោះជនរងគ្រោះផ្ទាល់ គ្រួសារសាច់ញាតិ និង​សង្គមជាតិទាំងមូល ដែលទាមទារជាចាំបាច់ ឲ្យមានវិធានការដើម្បីទប់ស្កាត់ និង​ផ្ដន្ទាទោសចំពោះជនដែលប្រព្រឹត្តអំពើ​ល្មើសនេះ។ តើអំពើបែបណាខ្លះដែលត្រូវបានកំណត់ថាជា បទល្មើសសេពសន្ថវៈ? ហើយជនដែលប្រព្រឹត្តល្មើសនឹងត្រូវ ផ្ដន្ទាទោសកម្រិតណា? កម្មវីធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយ​ក្រុមមេធាវី ​សហប្រតិបត្តិការអន្តរជាតិ ក្នុងសប្តាហ៍នេះ សូមលើកយកប្រធានបទ​ស្តីពី «​បទល្មើសរំលោភសេពសន្ថវៈ» មកធ្វើការចែក​រំលែកជូនបងប្អូនប្រជាពលរដ្ឋ និង​សិស្ស និស្សិត​ដូចតទៅ៖ «រំលោភសេពសន្ថវៈ» ជាសញ្ញាណនៃអំពើបំពានទៅលើផ្លូវភេទមួយប្រភេទ ដែលមានចែងយ៉ាងច្បាស់លាស់ក្នុង ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែលក្ខណៈ នៃអំពើដែលបំពានទៅលើផ្លូវភេទមានច្រើនបែប​ច្រើនទម្រង់ ដែលក្រមព្រហ្មទណ្ឌបានកំណត់ថា ជាបទល្មើសផ្សេងៗគ្នា ទៅតាមលក្ខណៈសត្យានុម័តដាច់ដោយឡែករបស់វា ដូចជា «បទរំលោភសេពសន្ថវៈ» «បទប្រទូសកេរខ្មាស» «បទរុកកួនខាងផ្លូវភេទ» ជាដើម។ «បទល្មើសរំលោភសេពសន្ថវៈ» ត្រូវបានកំណត់ក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងមាត្រា២៣៩ ដែលបានបញ្ញត្តថា៖ «គ្រប់អំពើបញ្ចូលអង្គជាត តាមបែបណាក៏ដោយ ឬអំពើបញ្ចូលឧបករណ៍ណាមួយទៅក្នុងអង្គជាត ដែលប្រព្រឹត្តទៅលើអ្នកដទៃ ទោះបីមានភេទដូចគ្នា ឬមិនដូចគ្នាក៏ដោយ ដោយការប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាម កំហែង ឬដោយឆ្មក់ឱកាស គឺជាបទរំលោភសេពសន្ថវៈ»។ ចំណុចសំខាន់ដែលយើងត្រូវយល់ពីសញ្ញាណ នៃបទល្មើស​នេះគឺ​ ទី១៖ ទាក់ទងនឹងចេតនា (ការព្រមព្រៀង) របស់ជនរងគ្រោះដែលនៅក្នុងបទល្មើស រំលោភសេពសន្ថវៈ គឺមិនមាន​ការព្រមព្រៀងពីជនរងគ្រោះឡើយ និង​ទី២៖ ជនល្មើសប្រព្រឹត្តអំពើនេះ ក្រោមរូបភាពបំពានលើសិទិ្ធ ខាងផ្លូវភេទជនរង​គ្រោះ ដោយការប្រើប្រាស់ហិង្សា បង្ខិតបង្ខំ គំរាមកំហែង ការឆ្មក់ឱកាសទៅលើជនរងគ្រោះដើម្បីប្រព្រឹត្តបទល្មើសដើម្បី សម្រេចចំណង់ផ្លូវភេទខ្លួន ដើម្បីបញ្ចូលអង្គជាតរបស់ខ្លួន ទៅក្នុងអង្គជាត (អវយវៈភេទ) របស់ជនរងគ្រោះ ឬកន្លែង ផ្សេងៗទៀតរបស់ជនរងគ្រោះ ដូចជា គូទ ឬមាត់ជាដើម។ ជនល្មើសក៏អាចប្រើប្រាស់ឧបករណ៍ ផ្សេងៗទៀត ដើម្បីបញ្ចូល​ទៅក្នុងអង្គជាតរបស់ជនរងគ្រោះផងដែរ។​ ម៉្យាងវិញទៀត ជនល្មើសអាចប្រព្រឹត្តអំពើនេះ ដោយការប្រើប្រាស់អាវុធ ឬ​គំរាមកំហែងថា នឹងប្រើប្រាស់អាវុធ ឬប្រើប្រាស់នូវគ្រឿងញៀន ឬសារធាតុផ្សេងៗទៀត ដើម្បីធ្វើឲ្យជនរងគ្រោះបាត់បង់​ស្មារតីជាដើម។ ជនរងគ្រោះនៅក្នុងបទល្មើសរំលោភសេពសន្ថវៈ ត្រូវតែជារូបវន្តបុគ្គល ដែលនៅរស់រានមានជីវិត ទោះបី​ជាមានភេទដូចគ្នា ឬក៏ខុសគ្នាក៏ដោយ។ ចំពោះការផ្តន្ទាទោសទៅលើបទល្មើសរំលោភសេពសន្ថវៈវិញ មាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តថា «បទរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)​ឆ្នាំ ​ទៅ​១០​ (ដប់)​ឆ្នាំ»។ ការផ្តន្ទាទោសនេះ សំដៅតែលើ​បទល្មើសរំលោភសេពសន្ថវៈធម្មតា ដែលមិនមានស្ថានទម្ងន់ទោសតែប៉ុណ្ណោះ។ ប្រសិនបើមានស្ថានទម្ងន់ទោសនោះ កម្រិតនៃការផ្តន្ទាទោសនឹងប្រែប្រួលដូចខាងក្រោម៖ *មាត្រា​២៤០៖ បទរំលោភសេពសន្ថវៈត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ កាលបើអំពើនេះប្រព្រឹត្តឡើងដោយ៖ ១៖ប្រើប្រាស់អាវុធ ឬគំរាមកំហែងថានឹងប្រើប្រាស់អាវុធ ២៖ប្រើប្រាស់គ្រឿងញៀន ឬវីធីផ្សេងៗ នាំឲ្យជនរងគ្រោះបាត់បង់ស្មារតី ៣៖បុគ្គលដែលមានអំណាចលើជនរងគ្រោះ ៤៖បុគ្គលដែលរំលោភអំណាច ដែលមុខងាររបស់ខ្លួនបានប្រគល់ឲ្យ ៥៖បុគ្គលច្រើនរូបក្នុងនាមជាចារី សហចារី អ្នកផ្ដើមគំនិត អ្នកសមគំនិត។ *មាត្រា​២៤១៖ បទល្មើសរំលោភសេពសន្ថ​វៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ​១៥ (ដប់ប្រាំ) ឆ្នាំ កាលបើអំពើនេះប្រព្រឹត្តទៅលើ៖ ១៖បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ ២៖នារីមានគភ៌ កាលបើគភ៌ត្រូវបានគេឃើញជាក់ស្ដែង ឬកាលបើជនល្មើសបានដឹង ៣៖បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុនៃជំងឺ ឬពិការភាព កាលបើស្ថានភាពនៃបុគ្គលនេះ ត្រូវបានគេមើលឃើញជាក់ស្ដែង ឬកាលបើជនល្មើសបានដឹង។ *មាត្រា​២៤២៖ បទល្មើសរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ កាលបើអំពើនេះនាំឲ្យមានការកាត់អវយវៈ ឬពិការភាពជាអចិន្ត្រៃយ៍ ដល់ជនរងគ្រោះ។ *មាត្រា​២៤៣៖ បទល្មើសរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំ កាលបើអំពើនេះប្រព្រឹត្តឡើងមុនពេល ក្នុងពេល ឬក្រោយពេលប្រព្រឹត្តអំពើទារុណកម្ម ឬអំពើឃោរឃៅ។ *មាត្រា​២៤៤៖ បទល្មើសរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ៣០(សាមសិប) ឆ្នាំ កាលបើបទល្មើសនេះបណ្ដាលឲ្យ ជនរងគ្រោះស្លាប់​ដោយគ្មានចេតនាសម្លាប់​។ ក្រៅពីការផ្តន្ទាទោសដាក់ពន្ធនាគារ មានទោសបន្ថែមផ្សេងៗទៀត ដែលអាចត្រូវប្រកាសចំពោះជនល្មើស ហើយទោសបន្ថែមទាំងនោះ មានចែងក្នុងមាត្រា​២៤៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕ រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និង​លោក ឡេង ពុទ្ធិតារា ជំនួយការមេធាវី និង​ជាសមាជិកក្រុមការងាររៀបចំ និង​ផ្សព្វផ្សាយអត្ថបទច្បាប់នៃ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ​៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥ អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group​

2020-04-22 11:01:03

យល់ដឹងផ្នែកច្បាប់៖ បទប្រទូស្តកេរខ្មាស

(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាទូទៅបានឮ បានដឹងអំពីបទល្មើសរំលោភសេពសន្ថវៈ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនតូចមិនមានការចាប់អារម្មណ៍អំពីបទល្មើសប្រទូស្តកេរខ្មាសទ្បើយ។ តាមពិតទៅបទប្រទូស្តកេរខ្មាស មានបញ្ញត្តនៅក្នុងក្រមព្រហ្មទណ្ឌឆ្នាំ២០០៩។ ដូច្នេះដើម្បីយល់កាន់តែច្បាស់ថាតើ បទប្រទូស្តកេរខ្មាស មានន័យដូចម្តេច? ហើយអ្នកដែលប្រព្រឹត្តបទល្មើសប្រទូស្តកេរខ្មាសនេះមានទោសកម្រិតណា? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «បទប្រទូស្តកេរខ្មាស» មកធ្វើការបង្ហាញជូនដូចខាងក្រោម៖ បទប្រទូស្តកេរខ្មាស គឺជាប្រភេទបទល្មើសមជ្ឈិមដែលត្រូវមានបញ្ញត្តនៅក្នុងមាត្រា២៤៦ នៃក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ ហើយត្រូវបានកំណត់និយមន័យថា «គ្រប់អំពើប៉ះពាល់ ស្ទាប អង្អែលកេរភេទ ឫ ផ្នែកភេទផ្សេងទៀតរបស់បុគ្គលដទៃ តែបុគ្គលនេះមិនស្ម័គ្រផងទេ ឬ បង្ខំបុគ្គលដទៃឲ្យប្រព្រឹត្តអំពើនេះមកលើខ្លួន ឬ ទៅលើតតិយបុគ្គលក្នុងគោលបំណងធ្វើឲ្យរំជួល ឬ រីករាយដល់ចំណង់ផ្លូវភេទរបស់ជនល្មើស គឺជាអំពើប្រទូស្តកេរខ្មាស»។ ផ្អែកលើនិយមន័យខាងលើនេះ កេរភេទ គឺសំដៅទៅលើប្រដាប់បន្តពូជបុរស និងប្រដាប់បន្តពូជនារីតាមបែប វេជ្ជសាស្រ្ត រីឯផែ្នកភេទផ្សេងទៀតអាចសំដៅលើ សុដន់ គូទ កន្លែងអាថ៌កំបាំងនៃរាងកាយ ជាដើម ដែលការកំណត់នេះ ផ្អែកលើកត្តាសង្គម វប្បធម៌ និងប្រពៃណីខ្មែរ។ ទន្ទឹមនឹងនេះ ជនដែលប្រព្រឹត្តបទល្មើសនេះ មិនសំដៅតែទៅលើបុរសបំពានលើនារីនោះទេ អាចជានារីបំពានលើបុរស ឬអាចបុរសបំពានលើបុរស ឬអាចនារីបំពានលើនារី ឬជនល្មើសបង្ខំឲ្យជនរងគ្រោះប្រព្រឹត្តទៅលើតតិយបុគ្គល (បុគ្គលកទី៣) ក្នុងគោលបំណងធ្វើឲ្យរំជួល ឬរីករាយចំណង់ផ្លូវភេទរបស់ជនល្មើស ដោយគ្មានបំណងបញ្ជូលអង្គជាត (លិង្គ,យោនី) ឬបញ្ជូល ឧបករណ៍ណាមួយទៅក្នុងអង្គជាតដូចបទរំលោភសេពសន្ថវៈទ្បើយ។ ចំពោះទោសដែលត្រូវអនុវត្តវិញ អនុលោមតាមមាត្រា ២៤៦ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តថា អំពើប្រទូស្តកេរខ្មាសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០(ពីរលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល។ ដោយឡែក បទប្រទូស្តកេរខ្មាស ក៏មានបញ្ញត្តអំពីស្ថានទម្ងន់ទោសនៅក្នុងមាត្រា ២៤៧ និងមាត្រា ២៤៨ ដោយបានបញ្ញត្តថា៖ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល កាលបើអំពើនេះប្រព្រឹត្តឡើងក្នុងស្ថានភាពណាមួយដូចខាងក្រោម៖ ១៖ ដោយការប្រើប្រាស់អាវុធ ឬ ការគំរាមកំហែងនឹងអាវុធ។ ២៖ ដោយការប្រើប្រាស់គ្រឿងញៀន ឬ គ្រប់វិធីដែលនាំឲ្យជនរងគ្រោះបាត់បង់ ឬ ចុះខ្សោយលទ្ធភាពទប់ទល់។ ៣៖ ដោយបុគ្គលដែលមានអំណាចទៅលើជនរងគ្រោះ។ ៤៖ ដោយបុគ្គលដែលរំលោភអំណាច ដែលមុខងាររបស់ខ្លួនបានប្រគល់ឲ្យ ។ ៥៖ ដោយបុគ្គលច្រើនរូប ដែលប្រព្រឹត្តឡើងក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត ឬជាអ្នកសមគំនិត។ ៦៖ បុគ្គលដែលទន់ខ្សោយជាពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ។ ៧៖ នារីមានគភ៌ កាលបើគភ៌ត្រូវបានគេឃើញជាក់ស្ដែង ឬកាលបើជនល្មើសបានដឹង។ ៨៖ បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុនៃជម្ងឺ ឬពិការភាព កាលបើស្ថានភាពបុគ្គលនេះត្រូវបានឃើញជាក់ស្ដែង ឬ កាលបើជនល្មើសបានដឹង។ សរុបមកបទប្រទូស្តកេរខ្មាសក្នុងក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ បានបញ្ញត្តយ៉ាងច្បាស់លាស់អំពីគោលការណ៍ដើម្បីធានាប្រសិទ្ធិភាព កំណត់ការផ្តន្ទាទោស និងទោសពិន័យ ពីអំពើដែលជនល្មើសបានប្រព្រឹត្តទៅលើអ្នកដទៃ ក៏ដូចជាធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងប្រពៃណីផូរផង់របស់ខ្មែរ។ រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក ប៊ុន វិទូ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០១២ ៣០៣ ០៤២, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 10:58:52

យល់ដឹងផ្នែកច្បាប់៖ បទជេរប្រមាថជាសាធារណៈ

(ភ្នំពេញ)៖ មនុស្សគ្រប់រូបមានសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិយោបល់របស់ខ្លួនគ្រប់រូបភាព ប៉ុន្តែការប្រើប្រាស់សិទ្ធិ សេរីភាពទាំងនេះ មិនត្រូវប៉ះពាល់ដល់សិទ្ធិ និងសេរីភាពអ្នកដ៏ទៃ ឬដល់សន្ដិសុខ សណ្ដាប់ធ្នាប់សង្គមឡើយ ។ ដូចជាការបញ្ចេញមតិយោបល់ចំពោះបុគ្គលណាម្នាក់ ដោយការប្រើប្រាស់ពាក្យមិនសមរម្យ ពាក្យជេរប្រមាថ ពាក្យមើលងាយ ឬគ្រប់ពាក្យទ្រគោះ ជាសាធារណៈ ឬនៅទីសាធារណៈ គឺជាទង្វើមិនគប្បី នាំឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាព កិត្ដិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលនោះ។ តើទង្វើបែបនេះត្រូវបានចាត់ទុកជាបទល្មើសដែរឬទេ ? និងត្រូវផ្តន្ទាទោសយ៉ាងដូចម្តេច ? ដូច្នេះកម្មវីធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «បទល្មើសជេរប្រមាថជាសាធារណៈ» មកធ្វើការចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ និងសិស្ស និស្សិត ដូចតទៅ៖ យោងតាមក្រមព្រហ្មទណ្ឌមាត្រា ៣០៧ (បទល្មើសជេរប្រមាថជាសាធារណៈ) បានបញ្ញតិ្ដថា៖ «គ្រប់ពាក្យប្រមាថ គ្រប់ពាក្យមើលងាយ ឬគ្រប់ពាក្យទ្រគោះ ដែលគ្មានការទំលាក់កំហុស ទៅលើអំពើណាមួយគឺជាការជេរប្រមាថ»។ មានន័យថា ប្រសិនបើបុគ្គលម្នាក់ ឬមួយក្រុម ប្រើពាក្យពេចន៍មិនសមរម្យដូចជាជេរប្រទេច ឬ ដោយពាក្យមើលងាយ ទៅបុគ្គលណាម្នាក់ ឬមួយក្រុម ដោយគ្មានចេតនាទំលាក់កំហុសចំពោះអំពើណាមួយនោះទេ វាគឺជាការជេរប្រមាថ។ បទជេរប្រមាថត្រូវពិន័យជាប្រាក់ពី ១០០,០០០(មួយសែនរៀល) ទៅ១០,០០០,០០០ (ដប់លានរៀល) ប្រសិនបើការជេរប្រមាថ បានប្រព្រឹត្តឡើងតាមមធ្យោបាយ ណាមួយដូចខាងក្រោម៖ ១៖ តាមពាក្យសំដី ទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងពេលប្រជុំសាធារណៈ។ ឧទាហរណ៍ លោក ក នៅក្នុងអង្គប្រជុំមួយ គាត់បានប្រើពាក្យពេចន៍មិនសមរម្យ (ពាក្យអាតិរច្ឆាន) ចំពោះលោក ខ និងបានប្រៀបធៀបលោក ខ ទៅនឹងសត្វឆ្កែ ឆ្មា ជាដើម ។ ២៖ តាមលិខិត ឬគំនូរ ទោះបីជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយក្នុងចំណោមសាធារណៈជន ឬដាក់តាំងឱ្យសាធារណៈជនមើល ។ ឧទាហរណ៍ លោក សុខ នៅលើគេហទំព័រហេ្វសប៊ុករបស់ខ្លួន បានសរសេរនូវពាក្យប្រមាថមើលងាយចំពោះ លោក សៅ និងបានប្រើប្រាស់នូវរូបភាពកាត់តរូបលោកសៅ ដោយដាក់ក្បាលជាសត្វឆ្កែ ហើយផុសផ្សាយជាសាធារណៈ ។ ៣៖ តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍សម្រាប់សាធារណៈជន ។ មធ្យោបាយទូរគមនាគន៍សោតទស្សន៍ អាចដូចជា តាមកញ្ចក់ទូរទស្សន៍ វិទ្យុ ជាដើម ។ ឧទាហរណ៍ អ្នកស្រី ស្រស់ បានថតសម្លេងជេរប្រមាថរបស់ខ្លួនចំពោះ លោក សង្ហារ ហើយបានយកខ្សែអាត់សម្លេងនោះទៅចាក់ផ្សាយនៅក្នុងស្ថានីយ៍វិទ្យុមួយ ។ ចំពោះអំពើនៃការជេរប្រមាថតាមសារព័ត៌មានត្រូវស្ថិតនៅក្រោមច្បាប់ស្តីពីរបបសារព័ត៌មាន ។ ចំពោះនីតិវិធីបណ្ដឹង បទជេរប្រមាថមានលក្ខណៈពិសេសខុសពីបទល្មើសផ្សេងៗទៀត បើយោងមាត្រា ៣០៩ (ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា) បណ្ដឹងចំពោះបទល្មើសជេរប្រមាថជាសាធារណៈ អាចធ្វើឡើងក្រោមរូបភាព ៣ យ៉ាងគឺ ៖ ១៖ ក្នុងករណីដែលការជេរប្រមាថ ចំពោះសមាជិករដ្ឋាភិបាល ឬមន្រ្ដីរាជការសាធារណៈ ឬពលរដ្ឋទទួល អាណត្ដិសាធារណៈ ការចោទប្រកាន់ត្រូវធ្វើឡើងដោយសាមីខ្លួន ឬរបស់ប្រធានស្ថាប័នសាមី ។ ២៖ ក្នុងករណីដែលមាន ការជេរប្រមាថចំពោះបុគ្គលឯកជន ការចោទប្រកាន់នឹងត្រូវធ្វើឡើងដោយសាមីខ្លួនដែលទទួលរងនូវការជេរប្រមាថនោះ។ ៣៖ ការចោទប្រកាន់ធ្វើឡើងដោយស្វ័យប្រវត្ដដោយព្រះរាជអាជ្ញា កាលបើការជេរប្រមាថ ត្រូវធ្វើឡើងប្រឆាំងនឹងបុគ្គលម្នាក់ ឬមួយក្រុមដោយមូលហេតុដើមកំណើត ជាតិពន្ធុ ពូជសាសន៍ សញ្ជាតិ ឬសាសនារបស់បុគ្គលនោះ ។ ក្នុងករណីនេះ នីតិវិធីនៃការបញ្ជូនទៅជំនុំជម្រះ ត្រូវអនុលោមតាមបញ្ញត្ដិនៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ នៅក្នុងករណីពាក្យបណ្ដឹងធ្វើឡើងដោយសាមីខ្លួន ឬស្ថាប័នសាមី ដែលកំណត់ក្នុងចំណុច ១ និង២ ខាងលើនេះ គឺជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌដោយអយ្យការ ហើយការដកបណ្ដឹងរបស់អ្នកប្ដឹង នាំឱ្យបណ្ដឹងអាជ្ញានោះរលត់ ។ សរុបមកបទជេរប្រមាថជាសាធារណៈ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលជាប្រភេទនៃបទលហុ និងមានទណ្ឌកម្មត្រឹមតែពិន័យជាប្រាក់តែប៉ុណ្ណោះ ហើយបទលើ្មសប្រភេទនេះវាមាននីតិវិធី ពិសេសសម្រាប់ការធ្វើបណ្ដឹងចោទប្រកាន់ ដោយពាក្យបណ្ដឹងធ្វើឡើងដោយសាមីខ្លួន ឬស្ថាប័នសាមី គឺជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ហើយបណ្ដឹងអាជ្ញាក៏ត្រូវរលត់ដោយការដកបណ្ដឹងរបស់សាមីខ្លួន ឬស្ថាប័នសាមី ផងដែរ។ រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងលោក រ៉ាត់ ចាន់ធី ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំនិងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group

2020-04-22 10:57:35

ស្វែងយល់ផ្នែកច្បាប់៖ បទហិង្សាដោយចេតនា

(ភ្នំពេញ)៖ ហិង្សា គឺជាអំពើដែលបង្កើតឲ្យមានផលវិបាកធ្ងន់ធ្ងរលើរូបរាងកាយ ផ្លូវចិត្ត ផ្លូវភេទ និងសេដ្ឋកិច្ចដល់ជនរងគ្រោះ ក្រុមគ្រួសារ និងសង្គមជាតិ ។ ហេតុដូច្នេះ ដើម្បីបង្ការ និងកាត់បន្ថយជាអតិបរិមានូវអំពើដែលផ្តល់ផលអវិជ្ជមានក្នុងសង្គមនេះ បទល្មើសហិង្សាដោយចេតនា និងកំរិតទោសដែលត្រូវផ្តន្ទាសម្រាប់អ្នកប្រព្រឹត្តអំពើហិង្សា ត្រូវបានបញ្ញត្តក្នុងក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ។ តើអំពើហិង្សាដោយចេតនាមានន័យដូចម្តេច? ហើយអ្នកដែលប្រពឹ្រត្តនឹងត្រូវទទួលទោសទណ្ឌកំរិតណា? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់ អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយ ក្រុមមេធាវី​កម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សូមលើកយកប្រធានបទស្ដីពី «បទហិង្សាដោយចេតនា» មកបង្ហាញជូនបងប្អូនប្រជាពលរដ្ឋបានស្វែងយល់ដូចតទៅ៖ ហិង្សាដោយចេតនា គឺជាអំពើបៀតបៀនលើរូបរាងកាយរបស់អ្នកដទៃដោយចេតនាតាមគ្រប់មធ្យោបាយទុច្ចរិត ដែលបណ្តាលឲ្យ​មានរបួស ឬគ្មានរបួស ឬខូចសុខភាពជាដើម។ ចំពោះកម្រិតទោសត្រូវផ្តន្ទាទោសលើជនដែលបានប្រព្រឹត្តបទហិង្សាដោយចេតនា ត្រូវបានកំណត់ និងបែងចែកខុសៗគ្នាតាមរូបភាពនៃអំពើ ឬ/និងទំហំព្យសនកម្ម (ការខូចខាត) ដូចខាងក្រោម៖ ១៖ បទហិង្សាដោយចេតនា មាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌបានបញ្ញត្តថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល ។ ២៖ ត្រូវចាត់ទុកថាជាបទហិង្សាដោយចេតនាដូចគ្នាផងដែរ (មាត្រា២២៥-មាត្រា២២៧) ចំពោះអំពើដូចខាងក្រោម៖ • អំពើដែលឲ្យអ្នកដទៃផឹក លេប ឬបញ្ចូលទៅក្នុងខ្លួនអ្នកដទៃ តាមមធ្យោបាយណាក៏ដោយ ដោយចេតនានូវសារជាតិពុលដែលបណ្ដាលឲ្យខូចសុខភាព។ • អំពើលក់ ធ្វើអនុប្បទាន ឬឲ្យចំណី ឬភេសជ្ជៈ ដោយដឹងថាចំណី ឬភេសជ្ជៈនោះមានសារជាតិពុលនាំឲ្យខូច សុខភាព ។ • អំពើប្រព្រឹត្តឡើងដោយចេតនា ដោយដាក់បញ្ចូលនូវសារជាតិពុលនាំឲ្យខូចសុខភាពទៅក្នុងទឹកសម្រាប់ហូបជាសាធារណៈ ។ ៣៖ ស្ថានទម្ងន់ទោសចំពោះបទហិង្សាដោយចេតនា (មាត្រា២១៨ - មាត្រា២២២) ៣-១៖ អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០​០០ (បួនលាន) រៀល ដល់ ១០,០០០,០០០ (ដប់លាន) រៀល កាលបើអំពើហិង្សានេះបានប្រព្រឹត្តទ្បើងក្នុងស្ថានភាពណាមួយដូចខាងក្រោម៖ • ប្រព្រឹត្តទ្បើងដោយមានការគិតទុកជាមុន។ • ប្រព្រឹត្តទ្បើងដោយប្រើអាវុធ ឬគំរាមគំហែងនឹងអាវុធ ។ • ប្រព្រឹត្តដោយមានមនុស្សច្រើននាក់ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត • ប្រព្រឹត្តលើបុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ។ • ប្រព្រឹត្តលើនារីមានគភ៌ កាលបើគភ៌ត្រូវបានគេឃើញជាក់ស្តែង ឬកាលបើជនល្មើសបានដឹង ។ • ប្រព្រឹត្តលើបុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុនៃជំងឺ ឬពិការភាព កាលបើស្ថានភាពបុគ្គលនេះត្រូវបានគេឃើញជាក់សែ្តង ឬកាលបើជនល្មើសបានដឹង។ • ប្រព្រឹត្តលើជនរងគ្រោះ ឬ​ដើមបណ្តឹងរដ្ឋប្បវេណី ដើម្បីរារាំងជននេះកុំឲ្យប្តឹងបរិហារពីបទល្មើស ឬសុំឲ្យធ្វើការជួសជុលព្យសនកម្ម។ • ប្រព្រឹត្តលើសាក្សី ដើម្បីរារាំងកុំឲ្យឆ្លើយផ្តល់ភស្តុតាងនៅពេលស៊ើបអង្កេត ស៊ើបសួរ សវនាការ ឬនៅក្នុងនីតិវិធីនៃបណ្តឹងផ្សេងទៀត ។ • ប្រព្រឹត្តលើជនរងគ្រោះ ឬ​​ដើមបណ្តឹងរដ្ឋប្បវេណី ពីព្រោះជននេះបានបរិហារពីបទល្មើស ឬ សុំឲ្យជួសជុលព្យសនកម្ម ។ • ប្រព្រឹត្តលើសាក្សី ដោយមូលហេតុសាក្សីនេះបានផ្តល់ភស្តុតាងនៅពេលស៊ើបអង្កេត ស៊ើបសួរ សវនាការ ឬ នៅក្នុងនីតិវិធីនៃបណ្តឹងផ្សេងទៀត ។ • ប្រព្រឹត្តដោយអ្នករាជការសាធារណៈនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ នៅក្នុងពេលបំពេញមុខងាររបស់ខ្លួន ។ • ប្រព្រឹត្តដោយសហព័ទ្ធ (ប្តី ឬ ប្រពន្ធតាមច្បាប់) ឬដោយអនីតិសង្វាសជន (ជនដែលរស់នៅជាមួយគ្នាដូចប្តី-ប្រពន្ធតែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍) របស់ជនរងគ្រោះ។ ៣-២៖ អំពើហិង្សាដោយចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ កាលបើអំពើនេះនាំឲ្យមានការកាត់អវយវៈ ឬ ឲ្យមានពិការភាពជាអចិន្រ្តៃយ៍ដល់ជនរងគ្រោះ (មាត្រា២២៣) ។ ៣-៣. អំពើហិង្សាដោយចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ កាលបើអំពើនេះបណ្ដាលឲ្យជនរងគ្រោះស្លាប់ ដោយគ្មានចេតនាសម្លាប់ (មាត្រា២២៤) ។ ៤៖ បទហិង្សាស្រាល (បទលហុ) អំពើប្រព្រឹត្តទៅលើអ្នកដទៃនូវហិង្សាស្រាល ដែលមិននាំឲ្យមានរបួសនោះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥,០០០ (ប្រាំពាន់) រៀល ទៅ ១០០,០០០ (មួយសែន) រៀល (មាត្រា២២៨) ។ សរុបមកបទហិង្សាដោយចេតនាក្នុងក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ បញ្ញត្តយ៉ាងច្បាស់លាស់ អំពីគោលការណ៍ដើម្បីធានាប្រសិទ្ធិភាព កំណត់ការផ្តន្ទាទោស ទោសពិន័យ ពីអំពើដែលជនល្មើសបានប្រព្រឹត្តទៅលើអ្នកដទៃ ក៏ដូចជាបង្កចលាចលដល់សង្គម ធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ ។ រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា មាស រ៉ាវីន ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំនិងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group។

2020-04-22 10:48:33

យល់ដឹងផ្នែកច្បាប់៖ ភាពខុសគ្នានៃបទឆបោក និងបទរំលោភទំនុកចិត្ត

(ភ្នំពេញ)៖ កន្លងមកកម្មវីធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទស្តីពី “បទឆបោក” និង “បទរំលោភលើទំនុកចិត្ត” ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌមកធ្វើការចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ និងមិត្តអ្នកអានឲ្យបានជ្រាប។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋ និងសិស្សនិសិត្សមួយចំនួននៅមានការភ័ន្តច្រឡំ ឬ មិនទាន់បែងចែងឲ្យបានច្បាស់ និងដាច់ពីគ្នាអំពីបទល្មើសទាំងពីរខាងលើ ហេតុដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់ក្នុងសប្តាហិ៍នេះ សូមលើកយកប្រធានបទ ស្តីពី «ភាពខុសគ្នានៃបទឆបោក និងបទរំលោភលើទំនុកចិត្ត» មកធ្វើការចែករំលែកដូចតទៅ៖ មុនឈានដល់ការស្វែងយល់អំពីភាពខុសគ្នារវាងបទល្មើសទាំងពីរនេះ សូមធ្វើការរំលឹកជាថ្មីនូវនិយមន័យ របស់បទល្មើសឆបោក និងបទល្មើសរំលោភទំនុកចិត្ត ជាមុនសិន ។ ១៖ បទឆបោក គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដ ឬដោយប្រើឧបាយកលទុច្ចរិត ហើយដូច្នេះបានទទួលពីបុគ្គលនេះ ដែលនាំឲ្យខូចផលប្រយោជន៍របស់បុគ្គលនេះ ឬរបស់តតិយជននូវ៖ -​ ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ។ - ការផ្គត់ផ្គង់សេវា។ - ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឲ្យរួចពិកាតព្វកិច្ច។ ឧទាហរណ៍៖ លោក ក បានប្រាប់លោក ខ ថាលោកជាមន្ត្រីជាន់ខ្ពស់ នៅក្នុងស្ថាប័នមួយ ប្រសិនបើលោក ខ ចង់ចូលធ្វើបម្រើការនៅស្ថាប័ននេះ។ គាត់អាចជួយលោក ខ បាន ដោយតម្រូវឲ្យលោក ខ ប្រគល់ចំនួន៥,០០០ដុល្លារមកឲ្យខ្លួន។ ប៉ុន្តែជាក់ស្តែងលោក ក គ្រាន់តែជាមន្ត្រីជាប់កិច្ចសន្យាតែប៉ុណ្ណោះ។ ហេតុនេះអំពើរបស់លោក ក គឺជាការក្លែងនូវឋានៈ ដើម្បីទទួលបានតម្លៃ ឬទ្រព្យសម្បត្តិពីលោក ខ។ ២៖​​ បទរំលោភទំនុកចិត្ត គឺជាអំពើគៃបំបាត់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយនាំឲ្យខូចផលប្រយោជន៍អ្នកដទៃ ប្រព្រឹត្តដោយបុគ្គលណាម្នាក់ ដែលគេបានប្រគល់ឲ្យបុគ្គលនោះ ហើយបុគ្គលនោះបានយល់ព្រមដោយមានភារកិច្ចប្រគល់សងវិញ បង្ហាញ ឬ យកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះ ទៅធ្វើការប្រើប្រាស់ជាកំណត់ ។ ឧទាហរណ៍៖ លោក មករា និងលោក សីហា ជាមិត្តភក្តិជិតស្និតនឹងគ្នា ។ នៅថ្ងៃមួយ លោក មករា បានខ្ចីម៉ូតូហុងដាឌ្រីម សេរីឆ្នាំ២០១៨ ពីលោក សីហា ដើម្បីជូនប្រពន្ធទៅពេទ្យ ។ បន្ទាប់ពីលោក មករា បានខ្ចីម៉ូតូពីលោក សីហា រួច លោកក៏យកម៉ូតូខាងលើទៅបញ្ចាំ ដើម្បីយកប្រាក់ទៅលេងល្បែង ។ លោក មករា មិនបានប្រគល់ (សង) ម៉ូតូខាងលើទៅឲ្យលោក សីហា ឡើយ ដោយប្រាប់ថា យកម៉ូតូទៅដាក់បញ្ចាំ ដើម្បីទិញថាំ្នឲ្យប្រពន្ធ។ ឆ្លងកាត់តាមការពន្យល់នូវនិយមន័យ ដែលភ្ជាប់ជាមួយនូវឧទាហរណ៍ខាងលើនេះ បញ្ជាក់ឲ្យឃើញថា បទ ឆបោក និងបទរំលោភទំនុកចិត្ត មានភាពខុសគ្នា ដោយហេតុថា បទឆបោក គឺជាអំពើរបស់ជនប្រព្រឹត្តដែលមានចេតនាទុច្ចរិតរួចជាស្រេច ក្នុងការប្រើឈ្មោះក្លែង អះអាងទៅលើឋានៈក្លែង រំលោភលើឋានៈពិតប្រាកដ ឬប្រើឧបាយកលទុច្ចរិត ដើម្បីទទួលបានមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វី ទទួលបានការផ្គត់ផ្គង់សេវា និងទទួលការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឲ្យរួចពីកាតព្វកិច្ច ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃ ។ ចំណែកឯ បទល្មើសរំលោភទំនុកចិត្ត គឺអំពើមួយដែលជនប្រព្រឹត្តមានចេតនាទុច្ចរិតយកនូវមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះ ដើម្បីប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ដែលខុសពីឆន្ទៈ ឬគោលបំណងរបស់បុគ្គលជាម្ចាស់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះ ដោយជនប្រព្រឹត្តមិនបានប្រគល់សងវិញ បង្ហាញ ឬយកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះ ទៅធ្វើការប្រើប្រាស់ជាកំណត់ឡើយ ដែលធ្វើឲ្យខូចប្រយោជន៍ម្ចាស់មូលនិធិ ឬ ម្ចាស់ទ្រព្យសម្បត្តិ ឬអ្នកដទៃ។ រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក លាង ប៊ុនឡេង សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 10:36:10

ស្វែងយល់ផ្នែកច្បាប់៖ បទល្មើសចរាចរណ៍ផ្លូវគោក

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ ជាពិសេស គ្រោះថ្នាក់ចរចារណ៍ផ្លូវគោក គឺជាមូលហេតុចម្បងនៃមរណៈភាពរបស់ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន បើប្រៀបធៀបនឹង មូលហេតុដ៏ទៃទៀត ។ គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបំផ្លាញអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិ ប៉ះពាល់ដល់ស្ថានភាពគ្រួសារ បង្កឲ្យមានវិបត្តិផ្លូវចិត្ត និងរាង្គកាយទាំងជនរងគ្រោះ និងអ្នកដែលបង្ក រួមទាំងអ្នកពាក់ព័ន្ធ ហើយជាចុងក្រោយគឺបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល។ ការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការធ្វេសប្រហែសក្នុងការត្រួតពិនិត្យ ប្រើប្រាស់ និងបញ្ជាយានយន្ត ការមិនគោរពច្បាប់ ក៏ដូចជាវិធានទាំងឡាយដែលមានចែង (ការមិនគោរពភ្លើង ឬ ស្លាកសញ្ញាចរាចរណ៍ ការមិនពាក់មួក ឬ ខ្សែក្រវាត់សុវត្ថិភាព....) រួមទាំងកត្តាផ្លូវថ្នល់ជាដើម គឺជាមូលហេតុចម្បងដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ។ ដោយហេតុថា គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចនេះ តើអ្នកបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ត្រូវទទួលខុសត្រូវអ្វីខ្លះ? ដើម្បីបកស្រាយសំណួរខាងលើនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «បទល្មើសចរាចរណ៍ផ្លូវគោក» មកធ្វើការបកស្រាយដូចតទៅ៖ ក្រៅពីទទួលខុសត្រូវចំពោះសំណងរដ្ឋប្បវេណីដល់ជនរងគ្រោះ ឬ គ្រួសារជនរងគ្រោះ អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ នឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោសតាមបញ្ញត្តិនៃបទល្មើស ចរាចរណ៍ ដែលមានចែងក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ឆ្នាំ២០១៥។ បទល្មើសចរាចរណ៍ អាចជាបទល្មើសលហុ ដោយត្រូវពិន័យជាប្រាក់ ឬជាប់ពន្ធធនាគារ មិនលើសពី ០៦ (ប្រាំមួយ) ថ្ងៃ ឬ អាចជាបទល្មើសមជ្ឈឹម អាស្រ័យទៅលើរូបភាពនៃបទល្មើសចរចារណ៍ដែលកើតមាន និងព្យសនកម្មដែលកើតមានពីបទល្មើសនោះ។ យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានចូលជាធរមានតាំងពីឆ្នាំ២០១៥ ទោសពិន័យក្នុងបទល្មើសចរាចរណ៍ផ្លូវគោក បែងចែកជា ០២ (ពីរ)៖ ១. បទល្មើសចរាចរណ៍ផ្លូវគោកដែលត្រូវផ្តន្ទាទោសជាការពិន័យអន្តរការណ៍ ដែលកំណត់ដោយអនុក្រឹត្យ។ ២. បទល្មើសចរាចរណ៍ផ្លូវគោកដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ឬ/និង ពិន័យជាសាច់ប្រាក់។ បទល្មើសចរាចរណ៍ផ្លូវគោកដែលត្រូវផ្តន្ទាទោសជាការពិន័យអន្តរការណ៍ គឺជាអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយត្រូវពិន័យជាសាច់ប្រាក់ ដូចមានកំណត់ក្នុងអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាល ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។ ប៉ុន្តែមិនមែនមានន័យថា អ្នកដែលប្រព្រឹត្តបទល្មើសចរាចរណ៍ក្នុងរូបភាពខាងលើច្រើនលើកច្រើនសារ ទទួលរងតែការបង់ប្រាក់ពិន័យនោះទេ ប្រសិនបើអ្នកដែលប្រព្រឹត្តបទល្មើសដដែល ក្នុងអំឡុងពេល៦(ប្រាំមួយ) ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកទី១ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានី/ខេត្ត។ រីឯបទល្មើសចរាចរណ៍ផ្លូវគោកដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ឬ/និង ពិន័យជាប្រាក់ ដូចមានចែងក្នុងមាត្រា ៦៩ ដល់មាត្រា ៩០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៥ ប្រសិនបើស្ថិតនៅក្រោមលក្ខខណ្ឌដូចខាងក្រោមនេះ៖ * ករណីដែលមន្ត្រីទទួលបន្ទុកសណ្ដាប់ធ្នាប់ចរាចរណ៍ប្រើអំណាច ដោយការរំលោភសិទ្ធិក្នុងការដកហូតយកប័ណ្ណបើកបរ, ផ្លាកលេខ និងប័ណ្ណសំគាល់ជាអាទិ៍... មន្ត្រីនោះត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃទៅ១ខែ ឬ/និងពិន័យជាសាច់ប្រាក់ពី ២៥,០០០រៀល ទៅ ២០០,០០០រៀល។ ចំពោះមន្ត្រី ឬភ្នាក់ងារទទួលបន្ទុកសណ្ដាប់ធ្នាប់ចរាចរណ៍ បង្ខំទារប្រាក់ពិន័យមិនត្រឹមត្រូវតាមច្បាប់កំណត់, ទទួលប្រាក់ដោយការប្រើប្រាស់ក្បាលសៀវភៅសម្រាប់ពិន័យដែលមានគល់បញ្ជីមិនត្រឹមត្រូវ ឬដោយមិនចេញបង្កាន់ដៃ ប្រាក់ពិន័យឲ្យអ្នកបើកបរ មន្ត្រីនោះត្រូវផ្ដន្ទាទោសពី ១ឆ្នាំ ទៅ ៣ឆ្នាំ ឬ/និងត្រូវទទួលពិន័យជាសាច់ប្រាក់ពី ២លានរៀល ទៅ ៦លានរៀល។ * ករណីដែលប័ណ្ណបើកបរត្រូវព្យួរទុក ឬទុកជាមោឃៈ ហើយសាម៉ីខ្លួនមិនព្រមប្រគល់ប័ណ្ណបើកបរតាមពេលកំណត់ ជននោះត្រូវផ្ដន្ទាទោសពន្ធនាគារពី ១ថ្ងៃ ទៅ ៥ថ្ងៃ ឬ/និងពិន័យជាសាច់ប្រាក់ពី ៥,០០០ រៀល ទៅ ២៥,០០០រៀល។ * ករណីបើកបរដោយគ្មានប័ណ្ណបើកបរ ឬក្នុងរយៈពេលប័ណ្ណបើកបរត្រូវបានដកហូតវិញ ឬទុកជាមោឃភាព ជននោះត្រូវផ្ដន្ទាទោសពន្ធនាគារពី ៦ថ្ងៃ ទៅ ១ខែ ឬ/និង ពិន័យជាសាច់ប្រាក់ពី ២៥,០០០រៀល ទៅ ២០០,០០០ម៉ឺនរៀល។ * ករណីជនដែលរារាំង ការឃាត់យានយន្ត ឬមិនព្រមបញ្ឈប់យានយន្ត ឬប្រកែកមិនព្រមដាក់ខ្លួនឲ្យធ្វើតេស្ដ ពិនិត្យជាតិអាល់កុល ឬគ្រឿងញៀន ជននោះត្រូវផ្តន្ទាទោសពន្ធនាគារដូចករណីបើកបរដោយគ្មានប័ណ្ណបើកបរខាងលើដែរ។ * ករណីជនដែលបើកបរពេលខ្លួនកំពុងស្រវឹងដោយមានជាតិអាល់កុលពី ០.៤០ មី.ក្រ/១លីត្រខ្យល់ រហូតដល់ ០.៨ ក្រ./១លីត្រឈាម ជននោះត្រូវផ្ដន្ទាទោសពន្ធនាគារពី ៦ថ្ងៃ ទៅ ៦ខែ ឬ/និងពិន័យជាសាច់ប្រាក់ពី ២៥,០០០រៀល ទៅ ១,០០០,០០០រៀល។ * ករណីជនដែលប្រើប្រាស់យានដោយគ្មានប័ណ្ណសម្គាល់ និងគ្មានស្លាកលេខសម្គាល់ ត្រូវផ្តន្ទាទោសពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ ឬ/និងពិន័យជាសាច់ប្រាក់ពី ២០០,០០០រៀល ទៅ ២,០០០,០០០រៀល។ * ករណីជនបង្កឲ្យមានរបួសស្នាមដល់អ្នកដទៃដោយអចេតនា និងបណ្ដាលឲ្យអសមត្ថភាពការងារស្មើ ឬលើសពី៨ថ្ងៃ ជននោះត្រូវផ្តន្ទាទោសពន្ធនាគារពី ៦ថ្ងៃ ទៅ១ឆ្នាំ ឬ/និងពិន័យ ជាសាច់ប្រាក់ពី ២៥,០០០រៀល ទៅ២,០០០,០០០រៀល។ ការបង្កឲ្យមានរបួសស្នាមនេះនឹងត្រូវផ្តន្ទាទោសដល់កម្រិតអតិបរមា ប្រសិនបើជននោះបើកបរដោយគ្មានប័ណ្ណបើកបរ, ស្ថិតក្នុងស្ថានភាពស្រវឹងដោយជាតិអាល់កុលពី ០.៤ មី.ក្រ/១លីត្រខ្យល់ ទៅ ០.៨ ក្រ./១លីត្រឈាម និងមានរបួសមនុស្សច្រើន ជាអាទិ៍...។ * ករណីបង្កឲ្យអ្នកដទៃមានរបួសបណ្ដាលឲ្យពិការជាអចិន្ត្រៃយ៍ ត្រូវផ្ដន្ទាទោសពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ ឬ/និង ពិន័យជាសាច់ប្រាក់ពី ២,០០០,០០០រៀល ទៅ ៦,០០០,០០០រៀល និងត្រូវផ្ដទ្ទាទោសដល់កម្រិតអតិបរមា ករណីអ្នកបើកបរយានយន្តដោយគ្មានប័ណ្ណ, ស្ថិតក្នុងស្ថានភាពស្រវឹង, បណ្ដាលឲ្យមានរបួសដល់មនុស្សច្រើន និងរត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។ * ករណីជនដែលបង្កឲ្យស្លាប់ដល់អ្នកដទៃ គឺត្រូវផ្ដន្ទាទោសពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ ឬ/និងពិន័យជាប្រាក់ពី ២,០០០,០០០រៀល ទៅ ៦,០០០,០០០រៀល។ * ករណីអាណាព្យាបាលដែលបណ្ដោយឲ្យក្មេងដើររហេតរហូតលើផ្លូវថ្នល់ បណ្ដាលឲ្យមានគ្រោះថ្នាក់នឹងត្រូវទទួលខុសត្រូវផ្នែករដ្ឋប្បវេណី និងដូចគ្នាដែរចំពោះម្ចាស់សត្វដែល បណ្ដាលឲ្យសត្វចិញ្ចឹមរបស់ខ្លួនដើរពេញផ្លូវ។ សូមបញ្ជាក់ថា បទល្មើសចរាចរណ៍ជាបទល្មើសព្រហ្មទណ្ឌ ហេតុដូច្នេះ ការសងសំណងរដ្ឋប្បវេណីដល់ជនរងគ្រោះ ឬ សាច់ញាតិជនរងគ្រោះមិនមែនជាមូលហេតុនៃការរំលត់បណ្តឹង អាជ្ញាទេ ហើយសំណុំរឿងបទល្មើសចរាចរណ៍ នឹងត្រូវដំណើរការតាមនីតិវីធីព្រហ្មទណ្ឌជាធរមាន។ រៀបរៀងដោយ៖ កញ្ញា សាវី លីដា ជំនួយការមេធាវី និងកញ្ញា យ៉េ នីតា ជាសមាជិកាក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 10:32:10

យល់ដឹងផ្នែកច្បាប់៖ «បទល្មើសឆបោក»

(ភ្នំពេញ)៖ បទល្មើស «ឆបោក» ជាបទល្មើសមួយដែលមានចែងនៅក្នុងក្រម ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ ហើយបទល្មើសនេះក៏កំពុងតែកើត មានច្រើនផងដែរនៅក្នុងសង្គមខ្មែរយើងនេះ ដែលធ្វើឲ្យ ជនរងគ្រោះនៃបទល្មើស “ឆបោក” នេះ បាត់បង់នូវផលប្រយោជន៍ និងធ្វើអោយប៉ះពាល់ដល់សង្គមយ៉ាងធ្ងន់ធ្ងរ ។ ដូចនេះទើបកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះសូមលើកយក ប្រធានបទស្តីពីបទល្មើស «ឆបោក» មកបកស្រាយដូចខាងក្រោម៖ បទល្មើស «ឆបោក» គឺជាប្រភេទបទល្មើសមជ្ឈិម ដែលត្រូវបានចែងនៅក្នុងក្រមព្រហ្មទណ្ឌមាត្រា៣៧៧ ហើយត្រូវបានកំណត់និយមន័យថា ” គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គលឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែងដោយអះអាងទៅលើឋានៈក្លែងដោយរំលោភទៅលើឋានៈពិតប្រាកដ ឬដោយប្រើឧបាយកលទុច្ចរិតហើយដូច្នេះបានទទួលពីបុគ្គលនេះដោយធ្វើអោយខូចប្រយោជន៍ របស់បុគ្គលនេះឬរបស់តតិយជននូវ៖ ទី១៖ ការប្រគល់មូលនិធិតម្លៃ ឬ ទ្រព្យសម្បត្តិអ្វីមួយ។ ទី២៖ ការផ្គត់ផ្គង់សេវា។ ទី៣៖ ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឲ្យរួចពីកាតព្វកិច្ច។ ឧទាហរណ៍៖ លោក A បានក្លែងថា ឋានៈជានាយកប្រតិបត្តរបស់ក្រុមហ៊ុន C ហើយបានយកប្រាក់ លោក B ចំនួន ១០,០០ ដុល្លា ដោយសន្យាថាខ្លួននឹងប្រគល់តួនាទីឲ្យលោក B ជាប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនC ទាំងលោក A មានឋានៈត្រឹមតែជាបុគ្គលិកធម្មតាប៉ុណ្ណោះ។ ចំនុចនេះបានបង្ហាញថា លោក A បានប្រព្រឹត្តបទល្មើសឆបោកទៅលើលោក B ដោយហេតុថាគាត់បានក្លែងឋានៈរបស់គាត់ថាជា នាយកប្រតិបត្ត ដោយចេតនាទុច្ចរិត ដើម្បីទទួលបានប្រាក់របស់លោក B ។ ចំពោះទោសដែលត្រូវអនុវត្តវិញ អនុលោមតាម មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តិថា អំពើឆបោក ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០(មួយលាន)រៀលទៅ៦.០០០.000(ប្រាំមួយ)លានរៀល។ ដោយឡែកបទល្មើសនេះក៏មានស្ថានទម្ងន់ទោសផងដែរ ស្ថានទម្ងន់ទោសទាំងនោះរួមមាន៖ ស្ថាន ទម្ងន់ទោស ទាក់ទង ទៅ នឹង ជនរងគ្រោះ អំពើឆបោក ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំទៅ៥(ប្រាំ)ឆ្នាំ កាលបើអំពើនេះ បានប្រព្រឹត្តនាំឲ្យខូចប្រយោជន៍ៈ ១៖ បុគ្គលដែលទន់ខ្សោយពិសេសដោយមូលហេតុនៃអាយុបុគ្គលនោះ។ ២៖ នារីមានគភ៌ កាលបើគភ៌ ត្រូវបានគេឃើញជាក់ស្តែង ឬកាលបើជនល្មើសបានដឹង ។ ៣៖ បុគ្គលដែលទន់ខ្សោយពិសេសដោយមូលហេតុនៃជំងឺឬពិការភាពកាលបើស្ថានភាពរបស់បុគ្គលនោះត្រូវបានគេឃើញជាក់ស្តែង ឬកាលបើជនល្មើសបានដឹង។ ស្ថានទម្ងន់ទោសផ្សេងទៀត អំពើឆបោកត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំទៅ៥(ប្រាំ)ឆ្នាំ កាលបើអំពើនេះ បានប្រព្រឹត្ត៖ ១៖ ដោយ អ្នករាជការសាធារណៈ នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬក្នុងឱកាសនៃការបំពេញ មុខងាររបស់ខ្លួន។ ២៖ ដោយបុគ្គលដែលតាំងខ្លួនជាអ្នករាជការសាធារណៈ។ ៣៖ ដោយបុគ្គលដែលធ្វើការអំពាវនាវដល់សាធារណជន ដើម្បីបោះពុម្ពចេញឲ្យប្រើប្រាស់នូវមូលបត្រ។ ៤៖ ដោយបុគ្គលដែលធ្វើការអំពាវនាវដល់សាធារណជនដើម្បីអង្គាសមូលនិធិ សម្រាប់ជាជំនួយមនុស្សធម៌ ឬសង្គមកិច្ច។ ៥៖ ជាក្រុមមានការចាត់តាំង។ សរុបមកបទល្មើស «ឆបោក» គឺជាបទល្មើសមួយដែលបុគ្គលដែលប្រព្រឹត្ត មានគំនិតទុច្ចរិតតាំងពីដំបូង ហើយបានដឹងទុកជាមុនរួចមកហើយថា ទង្វើរបស់ខ្លួននឹងធ្វើឲ្យ ប៉ះពាល់នូវផលប្រយោជន៍របស់បុគ្គលម្ខាងទៀត។ រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី ជាប្រធានក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ និងលោក ប៊ុន វិទូ ជាជំនួយការមេធាវី នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 10:30:56

យល់ដឹងអំពីច្បាប់៖ បទល្មើសរំលោភលើទំនុកចិត្ត

(ភ្នំពេញ)៖ បើយើងនិយាយដល់ បទល្មើសរំលោភលើទំនុកចិត្ត ឃើញថានៅមានប្រជាពលរដ្ឋមួយចំនួន តែងតែមានការយល់ច្រលំ និងមានលំបាកក្នុងការបែងចែកឲ្យដាច់ជាមួយ នឹងការមិនអនុវត្តកាតព្វដែលមានចែងក្នុងកិច្ចសន្យា ដោយសាតែសកម្មភាពទាំងពីរនេះ មានលក្ខណៈមួយចំនួនស្រដៀងគ្នា។ ដូចនេះទើបកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «បទល្មើសរំលោភលើទំនុកចិត្ត» មកបកស្រាយដូចខាងក្រោម៖ សញ្ញាណនានានៃបទល្មើស “រំលោភលើទំនុកចិត្ត” ត្រូវបានបញ្ញត្តិក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៩ ចាប់ពីមាត្រា៣៩១ ដល់មាត្រា៣៩៦ ដែលក្នុងនោះក្នុងមាត្រា៣៩១ បានចែងទាក់ទងនឹងនិយមន័យ នៃការរំលោភលើទំនុកចិត្តថា «អំពើរំលោភលើទំនុកចិត្ត គឺជាអំពើគៃបំបាត់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ នាំឲ្យខូចប្រយោជន៍អ្នកដទៃ ប្រព្រឹត្តដោយបុគ្គលណាម្នាក់ ដែលគេបានប្រគល់ឲ្យបុគ្គលនោះ ហើយបុគ្គលនោះ បានយល់ព្រម ដោយមានភារកិច្ចប្រគល់សងវិញ បង្ហាញ ឬយកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះ ទៅធ្វើការប្រើប្រាស់ជាកំណត់» ។ ឧទាហរណ៍៖ លោក ក បានខ្ចីរថយន្តរបស់លោក ខ យកទៅប្រើប្រាស់មួយរយៈ ប៉ុន្តែដល់ពេលដែលត្រូវប្រគល់រថយន្តត្រលប់មកម្ចាស់គេវិញ លោក ក មិនបានប្រគល់រថយន្តឲ្យ លោក ខ វិញឡើយ បែរជាមានគំនិតទុចរិតយករថយន្តនោះ ទៅលក់ដើម្បីលេងល្បែង។ ក្នុងករណីនេះ លោក ក បានប្រព្រឹត្តអំពើរំលោភលើទំនុកចិត្ត ដោយសារគាត់មានចេតនាទុច្ចរិត ដោយមិនបានប្រគល់រថយន្តនោះទៅម្ចាស់គេវិញ ហើយថែមទាំងយកទៅលក់ថែមទៀត។ ចំពោះទោសដែលត្រូវអនុវត្តវិញ អនុលោមតាម មាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តិថា «អំពើរំលោភលើទំនុកចិត្ត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០ (មួយលាន) រៀល ទៅ៦,០០០,០០០ (ប្រាំមួយលាន) រៀល» ។ ម៉្យាងវិញទៀត បទល្មើសរំលោភទំនុកចិត្តក៏ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០០០ (បួនលាន) រៀល ទៅ ១០,០០០,០០០ (ដប់លាន) រៀល ផងដែរ ។ កាលបើអំពើរំលោភទំនុកចិត្តនេះ ត្រូវបានប្រព្រឹត្តដោយអភិបាល ឬអ្នកត្រួតពិនិត្យ របស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលមូលនិធិ ឬបុគ្គលដែលត្រូវបានតុលាការជ្រើសតាំងឱ្យ ធ្វើជំនួសនូវកិច្ចការរបស់អ្នកទាំងនេះ ឬនិយោជិតដែលទទួលអាណត្តិពីនីតីបុគ្គល ដែលប្រព្រឹត្តអំពើណាមួយដែលជាការរំលោភលើទំនុកចិត្តក្នុងគោលបំណងទទួលផលប្រយោជន៍ ដល់ខ្លួន ឬតតិយជន ឬក្នុងគោលបំណងធ្វើឱ្យ ខូចខាតដល់នីតិបុគ្គល ហើយបានបណ្តាលឱ្យមានការខូចខាត ទ្រព្យសម្បត្តិរបស់នីតិបុគ្គលនោះ។ មិនតែប៉ុណ្ណោះ អំពើរំលោភលើទំនុកចិត្តក៏ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០០០ (បួនលាន) រៀល ទៅ ១០,០០០,០០០ (ដប់លាន) រៀល ផងដែរ ប្រសិនបើគេរកឃើញថាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនល្មើស ។ ចំពោះស្ថានទម្ងន់ទោសនេះដែរ ក្នុងមាត្រា ៣៩៤ បានចែងពីលក្ខណៈដែលអាចកំណត់ថាជាស្ថានទម្ងន់ទោសបានទាល់តែ បទល្មើសនោះប្រព្រឹត្តឡើង៖ * ដោយបុគ្គលណាម្នាក់ដែលបានធ្វើការអំពាវនាវដល់សាធារណៈជន ដើម្បីទទួលបានមូលនិធិ ឬតម្លៃសម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួន ឬជាប្រយោជន៍សម្រាប់សហគ្រាសឧស្សហកម្ម ពាណិជ្ជកម្ម។ * ដោយអាណត្តិគាហករបស់តុលាការ ឬអ្នកជំនួយរបស់តុលាការនៅក្នុងក្របខណ្ឌនៃមុខងាររបស់ខ្លួន ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន។ * ដោយអ្នករាជការសាធារណៈ នៅក្នុងក្របខណ្ឌនៃមុខងារបស់ខ្លួន ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន។ បញ្ជាក់៖ ចំណែកការបំពានកាតព្វកិច្ច លើការអនុវត្តកិច្ចសន្យារដ្ឋប្បវេណី ឬកិច្ចសន្យាពាណិជ្ជកម្ម ពុំមែនជាកម្មវត្ថុ នៃបទល្មើសរំលោភលើទំនុកចិត្តដែលបញ្ញត្តិក្នុងក្រមព្រហ្មទណ្ឌ នោះឡើយ។ ក្នុងករណីដែលភាគីណាមួយមិនអនុវត្តការតព្វដែលមានចែងក្នុងកិច្ចសន្យា ភាគីដែលត្រូវបានគេបំពានអាចដាក់ពាក្យបណ្តឹងទៅតុលាការរដ្ឋប្បវេណី។ ឧទាហរណ៍៖ លោក ក បានខ្ចីប្រាក់របស់លោក ខ ចំនួន USD ១,០០០០ ដោយបានចុះកិច្ចសន្យាខ្ចីបា្រក់ ដោយកំណត់យកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ជាពេលដែលលោក ក ត្រូវសងប្រាក់។ កាលកំណត់សងបានមកដល់ ប៉ុន្តែលោក ក ពុំបានសងប្រាក់មកសងតាមការកំណត់ឡើយ ក្នុងករណីនេះអំពើដែលលោក ក បានប្រពឹត្ត គឺពុំមែនជា បទល្មើសរំលោភលើទំនុកចិត្ត ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌឡើយ ប៉ុន្តែសកម្មភាពនេះជាអំពើមិនអនុវត្តកាតព្វកិច្ចដូចមានចែងក្នុងក្រមរដ្ឋប្បវេណីប៉ុណ្ណោះ៕ រៀបរៀងដោយ៖ លោក ថន យូសៀង ជាប្រធានផ្នែកសេវាកម្មច្បាប់ និងសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ និងលោក ឡេង ពុទ្ធិដារា ជាជំនួយការមេធាវី នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 10:29:27