023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ ការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស

(ភ្នំពេញ)៖ នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ ឃើញថាអត្រាកំណើននៃជនបរទេសដែលចូលមកដើម្បីស្នាក់នៅ មានចំនួនច្រើនគួរឱ្យកត់សម្គាល់។ នៅក្នុងចំណោមជនបរទេសទាំងនោះ មានជនមួយចំនួនបានចូលមកដើម្បីធ្វើសកម្មភាពជាអាទិ៍ ដូចជា ការចូលមកវិនិយោគ ទេសចរណ៍ និងការចូលមកប្រកបការងារផ្សេងៗដែលមានចម្រុះជាតិសាសន៍មកពីជុំវិញពិភពលោក ។ ការណ៍នេះបានទាញជាផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ និងចំណូលរបស់ពលរដ្ឋខ្មែរផងដែរ។ ទន្ទឹមនឹងនេះសង្កេតឃើញថាជនបរទេសមួយចំនួន បានបង្កើតនូវទំនាក់ទំនងជាមួយនឹងពលរដ្ឋខ្មែររហូតមានចំណងអាពាហ៍ពិពាហ៍នឹងគ្នា។ ប្រជាជនទូទៅភាគច្រើន ពុំទាន់បានយល់ច្បាស់លាស់ថាតើនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេសមានលក្ខណៈយ៉ាងដូចម្ដេចខ្លះនោះទេ។ ដូច្នេះដើម្បីឱ្យបានជ្រាបច្បាស់ សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទថ្មីមួយទៀតស្តីពី «ការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស» មកធ្វើការបង្ហាញជូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចតទៅ។ ការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស អាចមានពីររូបភាពគឺ៖ ទីមួយការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេសនៅបរទេស និងទីពីរ គឺការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេសនៅកម្ពុជា។ ចំពោះការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេសនៅបរទេសអាចមានជម្រើសពីរ គឺការប្រើប្រាស់នីតិវិធីដែលមានចែងនៅក្នុងច្បាប់ នៃប្រទេសដែលសាមីខ្លួនស្នាក់នៅ ឬប្រើប្រាស់នីតិវិធីដែលមានចែងនៅក្នុងច្បាប់កម្ពុជា។ ចំណែកឯការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេសនៅកម្ពុជា គឺត្រូវអនុវត្ដតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមច្បាប់កម្ពុជា ដើម្បីឱ្យជនបរទេសអាចរៀបអាពាហ៍ពិពាហ៍ដោយស្របច្បាប់ជាមួយពលរដ្ឋកម្ពុជាបាន នោះត្រូវគោរពតាមលក្ខខណ្ឌ ២ គឺ៖ (១) លក្ខខណ្ឌគ្រឹះ និង(២) លក្ខខណ្ឌទម្រង់នៃការរៀបអាពាហ៍ពិពាហ៍។ * លក្ខខណ្ឌគ្រឹះ នេះគឺជាលក្ខខណ្ឌដាច់ខាតដែលតម្រូវដោយច្បាប់ក្នុងការរៀបអាពាហ៍ពិពាហ៍ដែលរួមមានលក្ខខណ្ឌភេទ អាយុដែលអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍ និងលក្ខខណ្ឌទាក់ទងនឹងសមត្ថភាពរបស់គូភាគី (សមត្ថភាពខាងឆន្ទៈ ដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំ ឬបោកប្រាស់នោះទេ ហាមដាច់ខាតតាមរយៈភ្នាក់ងាររើសគូស្រករ ឈ្មួញកណ្តាល ឬការបោកបញ្ឆោត ក្នុងគោលបំណងកេងប្រវ័ញ្ចពលកម្ម ការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ជាអាទិ៍) និងលក្ខខណ្ឌទាក់ទងនឹងទំនាក់ទំនងញាតិរវាងគូភាគី (ច្បាប់ហាមឃាត់មិនឱ្យមានការរៀបអាពាហ៍ពិពាហ៍រវាងញាតិលោហិតក្នុង៦ ថ្នាក់ និងញាតិពន្ធក្នុង៣ ថ្នាក់ជាដើម)។ * ចំពោះលក្ខខណ្ឌទម្រង់ សាមីភាគី ត្រូវបំពេញបែបបទ និងសំណុំឯកសារមួយចំនួនជាចាំបាច់ ស្របតាមនីតិវិធីដែលមានកំណត់នៅក្នុងអនុក្រឹត្យ ស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេសលេខៈ១៨៣ អនក្រ.បក,ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០៨ ដែលកំណត់នូវនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍នេះជាពីរដំណាក់កាលដូចខាងក្រោម៖ ១៖ ដំណាក់កាលរដ្ឋបាល៖ ដំណាក់កាលនេះតម្រូវឱ្យជនបរទេសដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ ចាំបាច់ត្រូវមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដើម្បីមកបំពេញបែបបទ និងនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍ នៅក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា។ ឯកសារចាំបាច់ដែលត្រូវភ្ជាប់ជូនក្រសួងពិនិត្យមានដូចជា៖ ១. ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ២. លិខិតឆ្លងដែនដែលមានទិដ្ឋាការចូលក្នុងប្រទេសកម្ពុជាមានសុពលភាព (ថតចម្លង) ៣. លិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយ (ចេញដោយប្រទេសសាមី) ៤. លិខិតបញ្ជាក់សុខភាព ៥. លិខិតថ្កោលទោស (ចេញដោយប្រទេសសាមី) ៦. លិខិតបញ្ជាក់អំពីមុខរបរពិតប្រាកដ (ចេញដោយប្រទេសសាមី) ។ ក្រោយពីក្រសួងការបរទេសទទួលបានឯកសារគ្រប់ចំនួន នោះគេនឹងធ្វើការពិនិត្យផ្តល់យោបល់លើសំណុំឯកសាររបស់សាមីខ្លួនដែលដាក់ពាក្យសុំ ដោយត្រូវចំណាយរយៈពេលយ៉ាងយូរ ០៥ថ្ងៃនៃថ្ងៃធ្វើការ។ បន្ទាប់ពីទទួលសំណុំឯកសារពីក្រសួងការបរទេស ក្រសួងមហាផ្ទៃក៏ចូលរួមចំណែកក្នុងដំណើរការនេះដែរ ពោលគឺត្រូវពិនិត្យអំពីភាពត្រឹមត្រូវតាមផ្លូវច្បាប់ រួចបញ្ជូនសំណុំឯកសារទៅសាមីខ្លួនបរទេសវិញ យ៉ាងយូរ ០៥ថ្ងៃនៃថ្ងៃធ្វើការ និងត្រូវបញ្ជូនមកមន្ត្រីអត្រានុកូលដ្ឋានឃុំសង្កាត់ នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់សាមីខ្លួនពលរដ្ឋខ្មែរអំពីការដាក់ពាក្យសុំនេះ។ ២. ដំណាក់កាលនៃការចុះបញ្ជីអាពាហ៌ពិពាហ៌៖ នៅក្នុងដំណាក់កាលនេះ គឺតម្រូវឱ្យសាមីភាគីបន្ទាប់ពីបានទទួលការពិនិត្យ និងផ្តល់យោបល់លើការស្នើសុំរួចហើយ សាមីខ្លួនត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ទៅមន្ត្រីអត្រានុកូលដ្ឋានឃុំសង្កាត់ នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់សាមីខ្លួនជាពលរដ្ឋខ្មែរ ។ ក្នុងនោះផងដែរ សាមីខ្លួនដែលជាពលរដ្ឋខ្មែរក៏ត្រូវបំពេញនូវឯកសារចាំបាច់មួយចំនួនដូចជា៖ ១. ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ២. សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ៣. លិខិតបញ្ជាក់ភាពនៅលីវ ឬមេម៉ាយ ឬពោះម៉ាយ ដែលចេញដោយមេឃុំ ឬចៅសង្កាត់ ៤. លិខិតបញ្ជាក់សុខភាពចេញដោយមន្ទីរពេទ្យ ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល។ ចំពោះរាល់ឯកសារនៃការស្នើសុំរៀបអាពាហ៍ពិពាហ៍ របស់ជនបរទេស និងពលរដ្ឋខ្មែរ ត្រូវដាក់ស្របពេលគ្នាទៅមន្រ្តីអត្រានុកូលដ្ឋាន ដើម្បីអនុវត្តតាមទម្រង់នីតិវិធីនៃការងារអត្រានុកូលដ្ឋាន ។ ក្រោយពីបានដាក់ពាក្យស្នើសុំរួចរាល់ មន្ត្រីអត្រានុកូលដ្ឋានមានភារកិច្ចពិនិត្យ និងសម្រេចលើពាក្យសុំរបស់សាមីខ្លួនដែលបានដាក់ពាក្យសុំបុរស និងនារី យ៉ាងយូរក្នុងរយៈពេល ០៣ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីពិនិត្យអំពីភាពត្រឹមត្រូវតាមគោលការណ៍ច្បាប់រួចហើយ មន្ត្រីអត្រានុកូលដ្ឋានត្រូវរៀបចំប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ដោយមានវត្តមានសាមីខ្លួនបុរស និងនារីនៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់សាមីខ្លួនជាពលរដ្ឋខ្មែរ។ ចំពោះប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ត្រូវបិទផ្សាយជាសាធារណៈនៅស្ថានទូត ឬស្ថានតំណាងនៃប្រទេសសាមីខ្លួនជនបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅលំនៅដ្ឋានអចិន្ត្រៃយ៍ និងនៅសាលាឃុំ សង្កាត់នៃសាមីខ្លួនពលរដ្ឋខ្មែរ រយៈពេល ១០ថ្ងៃ។ ផុតរយៈពេលនេះ ប្រសិនបើគ្មានការប្តឹងតវ៉ា ឬប្តឹងជំទាស់នឹងអាពាហ៍ពិពាហ៍ទេ នោះទើបសាមីខ្លួនបុរស និងនារីអាចរៀបអាពាហ៍ពិពាហ៍បាន ។ ម្យ៉ាងវិញទៀត អាពាហ៍ពិពាហ៍ដែលនឹងមានអនុភាពពេញលក្ខណៈច្បាប់បានលុះត្រាតែ សាមីខ្លួនបុរស និងនារីបានទៅចុះកិច្ចសន្យាអាពាហ៍ពិពាហ៍(អេតាស៉ីវិល) ដោយផ្ទាល់នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន ដោយនាំមកនូវសាក្សីដែលមានអាយុគ្រប់ការចំនួន ០២រូបផង ដែលស្របទៅតាមទម្រង់បែបបទ និងនីតិវិធីនៃការងារអត្រានុកូលដ្ឋាន។ សរុបមក ចំពោះជនបរទេសដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរដោយស្របច្បាប់ គឺអាចដាក់ពាក្យសុំដូចដែលបានរៀបរាប់ខាងលើ និងលំហូរនៃនីតិវិធីរបស់ប្រទេសកម្ពុជា ដែលមិនមានភាពស្មុគស្មាញនោះទេ ប្រសិនបើសាមីខ្លួនបានរៀបចំខ្លួនរួចជាស្រេចនូវឯកសារ ដែលតម្រូវចាំបាច់ក្នុងការដំណើរការនីតិវិធី ។ ការរៀបអាពាហ៍ពិពាហ៍ដោយស្របច្បាប់ជាមួយជនបរទេស ពិតជាបង្ហាញពីទំនាក់ទំនងរវាងកម្ពុជាទៅជុំវិញពិភពលោកកាន់តែទូលំទូលាយ និងបានជាផលប្រយោជន៍ក្នុងការទាក់ទាញពិភពលោកឱ្យស្គាល់ពីកម្ពុជាផងដែរ។ រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងលោក ហេង សុគន្ធ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៉ីម៉ែល៖ president@ciclg.com, គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2022-02-28 09:34:29

យល់ដឹងផ្នែកច្បាប់៖ ទោសដែលអាចអនុវត្តចំពោះអនីតិជន

(ភ្នំពេញ)៖ បទល្មើសព្រហ្មទណ្ឌទាំងឡាយដែលជនល្មើសបានប្រព្រឹត្ដ ទោះដោយចេតនា ឬដោយអចេតនា ដោយផ្ទាល់ ឬដោយប្រយោលក្ដី អំពើទាំងនោះ បានធ្វើឱ្យប៉ះពាល់ដល់របៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខសង្គមដូចគ្នា។ ក្រមព្រហ្មទណ្ឌ ប្បញ្ញត្តិពីគោលការណ៍ឯកត្តកម្ម នៃការទទួលខុសត្រូវព្រហ្មទណ្ឌរបស់បុគ្គលម្នាក់ៗ ដោយត្រូវទទួលទោសព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួនតែប៉ុណ្ណោះ ពុំអាចបុគ្គលណាម្នាក់មកទទួលទោសជំនួសបានឡើយ កាលបើបុគ្គលដែលបានប្រព្រឹត្តបទល្មើសនោះ គ្រប់អាយុដែលច្បាប់បានកំណត់ឱ្យផ្តន្ទាទោសតាមទំហំនៃអំពើដែលបានប្រព្រឹត្ត។ នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌ ត្រូវបានកំណត់អាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំ ឡើងទៅ ប៉ុន្តែអនីតិជនអាយុចាប់ពី ១៤ (ដប់បួន) ឆ្នាំឡើងទៅ ក៏ត្រូវទទួលការផ្តន្ទាទោសផងដែរ ដោយតុលាការពិចារណាលើកាលៈទេសៈនៃបទល្មើស និងបុគ្គលិកលក្ខណៈរបស់អនីតិជន ដែលបានប្រព្រឹត្តបទល្មើស។ តើក្រមព្រហ្មទណ្ឌបានកំណត់ការអនុវត្តទោសលើអនីតិជនដែលប្រព្រឹត្តបទល្មើសយ៉ាងដូចម្តេច? ហើយទោសដែលត្រូវអនុវត្តនឹងត្រូវកំណត់បែបណា? ដូចនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ក្នុងសប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «ទោសដែលអាចអនុវត្តចំពោះអនីតិជន» មកធ្វើការចែករំលែកជូនប្រជាពលរដ្ឋ និងសិស្ស និស្សិត ដូចតទៅ។ យោងតាមក្រមព្រហ្មទណ្ឌ មាត្រា ១៦០ មូលទោសអនុវត្តចំពោះអនីតិជនអាយុចាប់ពី ១៤ ឆ្នាំ ឡើងទៅ បានប្បញ្ញតិ្ត កាលណាតុលាការ សម្រេចផ្ដន្ទាទោសព្រហ្មទណ្ឌទៅលើអនីតិជនអាយុចាប់ពី ១៤ (ដប់បួន) ឆ្នាំ ឡើងទៅ មូលទោសលើបទល្មើសដែលចោទប្រកាន់ ត្រូវបានបន្ថយក្នុងលក្ខខណ្ឌដូចតទៅ៖ ១៖ អតិបរមានៃទោសដាក់ពន្ធនាគារត្រូវបន្ថយពាក់កណ្តាល។ ២៖ ប្រសិនបើអតិបរមានៃទោសនោះ គឺជាទោសដាក់ពន្ធនាគារអស់មួយជីវិត អតិបរមាត្រូវបន្ថយមកដាក់ពន្ធនាគារ ២០ (ម្ភៃ) ឆ្នាំ។ ៣៖ អប្បបរមានៃទោសដាក់ពន្ធនាគារ ត្រូវបន្ថយពាក់កណ្តាល ប្រសិនបើអប្បបរមានេះលើសពី ១ (មួយ) ថ្ងៃ។ ៤៖ អប្បបរមា និងអតិបរមានៃទោសពិន័យជាប្រាក់ត្រូវ បន្ថយពាក់កណ្តាល។ ក្នុងករណីចោទប្រកាន់ពីបទឧក្រិដ្ឋ ប្រសិនបើបទប្បញ្ញត្តិនៃមាត្រានេះមានអានុភាពបន្ថយអតិបរមានៃទោសដាក់ពន្ធនាគារ មកត្រឹមថិរវេលាមួយស្មើ ឬតិចជាង ៥ (ប្រាំ) ឆ្នាំ នោះ បទល្មើសដែលចោទប្រកាន់នៅតែជាបទឧក្រិដ្ឋដដែល។ ក្រៅពីមូលទោស តុលាការក៏អាចប្រកាសទោសបន្ថែមលើអនីតិជនដោយ ការរឹបអូសឧបករណ៍ សម្ភារៈ ឬវត្ថុអ្វីមួយដែលបានប្រើក្នុងការប្រព្រឹត្តបទល្មើស ឬដែលមានគោលដៅប្រព្រឹត្តបទល្មើស មូលនិធិដែលជាកម្មវត្ថុនៃបទល្មើស ផលទុន ទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស ឧបភោគភណ្ឌ ចលនវត្ថុនៅក្នុងទីកន្លែងដែលប្រព្រឹត្តបទល្មើស និងហាមឃាត់ចំពោះការកាន់កាប់ ឬការយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ។ ចំពោះអនីតិជនអាយុយ៉ាងតិច ១៦ (ដប់ប្រាំមួយ) ឆ្នាំ ដែលតុលាការប្រកាសមូលទោស អាចនឹងទទួលការផ្តន្ទាទោសបន្ថែម ជាទោសការងារសហគមន៍ មានលក្ខណៈជាការបណ្តុះបណ្តាល និងសម្រួលដល់ការបញ្ចូលខ្លួនទៅរស់នៅក្នុងសង្គមវិញ។ លើសពីនេះ បទប្បញ្ញត្តិស្តីពីការមិនរាងចាល នៃការប្រព្រឹត្តបទល្មើសរបស់អនីតិជន មិនត្រូវយកមកអនុវត្តលើអនីតិជនឡើយ ស្របតាមមាត្រា ១៦៣ នៃក្រមព្រហ្មទណ្ឌ។ យោងតាមខ្លឹមសារនៃមាត្រា ១៦៤ ការទទួលប្រយោជន៍នៃស្ថានសម្រាលទោស នៃក្រមព្រហ្មទណ្ឌ បានចែងថា ស្ថានសម្រាលទោសត្រូវអនុវត្តទៅលើអនីតិជន។ កាលបើតុលាការបានសម្រេចឱ្យមានស្ថានសម្រាលទោស អប្បបរមានៃមូលទោសលើអនីតិជនពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវបន្ថយតាមខ្នាតដោយឡែកដូចតទៅ៖ ១៖ ប្រសិនបើអប្បបរមានៃទោសដាក់ពន្ធនាគារស្មើ ឬលើសពី ១០ (ដប់) ឆ្នាំ នោះអប្បបរមា ត្រូវបន្ថយមកនៅត្រឹម ១ (មួយ) ឆ្នាំ។ ២៖ ប្រសិនបើអប្បបរមានៃទោសជាប់ពន្ធនាគារស្មើ ឬលើសពី ៥ (ប្រាំ) ឆ្នាំ និងតិចជាង ១០ (ដប់) ឆ្នាំ នោះអប្បបរមា ត្រូវបន្ថយមកត្រឹម ៦ (ប្រាំមួយ) ខែ។ ៣៖ ប្រសិនបើអប្បបរមានៃទោសដាក់ពន្ធនាគារស្មើ ឬលើសពី ២ (ពីរ) ឆ្នាំ និងតិចជាង ៥ (ប្រាំ) ឆ្នាំ នោះអប្បបរមា ត្រូវបន្ថយមកត្រឹម ៣ (បី) ខែ។ ៤៖ ប្រសិនបើអប្បបរមានៃទោសដាក់ពន្ធនាគារស្មើ ឬលើសពី ៦ (ប្រាំមួយ) ថ្ងៃ និងតិចជាង ២ (ពីរ) ឆ្នាំ នោះអប្បបរមា ត្រូវបន្ថយត្រឹម ១ (មួយ) ថ្ងៃ។ ៥៖ អប្បបរមានៃទោសពិន័យជាប្រាក់ ត្រូវបន្ថយពាក់កណ្តាល។ សរុបរួមមក បុគ្គលគ្រប់រូបត្រូវទទួលខុសត្រូវទណ្ឌកម្មព្រហ្មទណ្ឌ ចំពោះអំពើដែលខ្លួនបានប្រព្រឹត្ត ដោយឡែកអនីតិជនដែលមានអាយុក្រោម ១៤ ឆ្នាំ ច្បាប់បានប្បញ្ញតិ្តថាពុំត្រូវទទួលខុសត្រូវព្រហ្មទណ្ឌនោះទេពោលគឺអនីតិជនអាយុក្រោម ១៤ ឆ្នាំ មិនត្រូវបានចាប់ខ្លួន ឃាត់ខ្លួន ឃុំខ្លួន និងផ្តន្ទាទោសនោះឡើយ ក៏ប៉ុន្តែក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីយុត្តិធម៌អនីតិជនបានប្បញ្ញត្តិពីការអនុវត្តទោសលើអនីតិជនដែលមានអាយុចាប់ពី ១៤ ឆ្នាំឡើង ដល់អាយុក្រោម ១៨ ឆ្នាំ ដើម្បីឱ្យអនីតិជនទទួលបានប្រយោជន៍នៃស្ថានសម្រាលទោស និងកែខ្លួនចូលទៅរួមរស់ជាមួយសង្គមគ្រួសារវិញ។ រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា ម៉េង សៀវយី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2022-02-21 14:50:05

យល់ដឹងផ្នែកច្បាប់៖ ការស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស

(ភ្នំពេញ)៖ នៅពេលចាប់ផ្ដើមបើកដំណើរការក្រុមហ៊ុន រោងចក្រ សហគ្រាសអាជីវកម្មមួយ កម្មករនិយោជិតបំពេញការងារ គឺជាតម្រូវការចាំបាច់មួយដើម្បីធានានូវសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន រោងចក្រ សហគ្រាសនោះ ។ ជាគោលការណ៍ កម្មករនិយោជិតជាជនជាតិខ្មែរ ត្រូវតែមានអាទិភាពមុនគេ សម្រាប់ការជ្រើសរើសឱ្យចូលទៅបម្រើការងារនៅក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាស ។ ប៉ុន្តែក្នុងករណីមិនអាចរកកម្មករនិយោជិត ជាជនជាតិខ្មែរសម្រាប់បំពេញតម្រូវការជាក់ស្ដែងបាន ឬមានបំណងចង់បានកម្មករនិយោជិតបរទេសដែលជាអ្នកជំនាញ អ្នកឯកទេស ដើម្បីចូលមកបំពេញការងារឱ្យខ្លួន ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់ អាចធ្វើការស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេសទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទៅតាមតម្រូវការជាក់ស្ដែង និងស្របតាមលក្ខខណ្ឌដែលច្បាប់បានកំណត់ ។ តើអ្វីទៅជាការស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស ? តើមានលក្ខខណ្ឌ និងបែបបទក្នុងការស្នើសុំបែបណាខ្លះ ? ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស» មកធ្វើការបង្ហាញជូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម។ ការស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) គឺជាការស្នើសុំកម្មករនិយោជិត ដែលជាជនជាតិបរទេស ដើម្បីឱ្យចូលមកបម្រើការងារនៅក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាសមួយ ទៅតាមតម្រូវការជាក់ស្ដែង ។ ជាទូទៅ ការស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស ត្រូវធ្វើឱ្យបានមុនដំណាច់ខែវិច្ឆិកា នៃឆ្នាំនីមួយៗ ដើម្បីប្រើប្រាស់សម្រាប់ឆ្នាំបន្ទាប់ ។ ចំនួនហត្ថពលកម្មដែលនឹងត្រូវអនុញ្ញាតឱ្យប្រើប្រាស់ ត្រូវបានកំណត់មិនលើសពី ១០% នៃចំនួនកម្មករនិយោជិតខ្មែរសរុប ដែលមាននៅក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាសនោះ ។ ការកំណត់ចំនួនអតិបរមា ១០% នេះ ត្រូវបែងចែកទៅតាមប្រភេទកម្មករនិយោជិតដូចខាងក្រោម៖ ១៖ និយោជិតការិយាល័យ ៣ % ២៖ និយោជិត ឬកម្មករឯកទេស ៦% ៣៖ និយោជិត ឬកម្មករគ្មានឯកទេស ១% ។ ក្នុងករណីមានតម្រូវការចាំបាច់ ដែលត្រូវប្រើប្រាស់ហត្ថពលកម្មបរទេសលើសពីចំនួនអត្រា ១០ % ដែលបានកំណត់ ការស្នើសុំត្រូវតែលម្អិតអំពីឯកទេស ឬមុខជំនាញរបស់កម្មករនិយោជិតបរទេសម្នាក់ៗឱ្យបានច្បាស់ ក៏ដូចជាមូលហេតុដែលនាំឱ្យមានតម្រូវការប្រើប្រាស់លើសពីចំនួនដែលត្រូវអនុញ្ញាតនោះ ។ បន្ថែមពីនេះ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេស (The Foreign Workers Centralized Management System) ដើម្បីគ្រប់គ្រងការប្រើប្រាស់ហត្ថពលកម្មបរទេសនៅកម្ពុជា តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រ www.fwcms.mlvt.gov.kh (http://www.fwcms.mlvt.gov.kh/) ដែលនឹងត្រូវដំណើរការចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ តទៅ ។ មានន័យថា ការស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) ត្រូវស្នើសុំតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ FWCMS ដោយត្រូវបំពេញនូវរាល់ព័ត៌មានតម្រូវទាំងអស់ និងអនុវត្តតាមលក្ខខណ្ឌទាំងអស់ ដែលមានកំណត់នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ FWCMS ។ យោងតាមប្រកាសអន្តរក្រសួង ស្ដីពីការផ្ដល់សេវាសាធារណៈដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រាល់ការស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) ទាំងអស់ តម្រូវឱ្យបង់សេវាសាធារណៈចំនួន ២០.០០០ ម៉ឺនរៀល ដែលជាភាពងាយស្រួល អ្នកស្នើសុំអាចបង់កម្រៃសេវា តាមរយៈធនាគារក្នុងស្រុកមួយចំនួន ដែលក្រសួងបានកំណត់ ។ បន្ទាប់ពីបានស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេសរួចរាល់ហើយ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសនោះ ត្រូវមានកាតព្វកិច្ចយកកិច្ចសន្យាការងាររបស់ជនបរទេសម្នាក់ៗ មកចុះបញ្ជីការនៅនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ សម្រាប់រោងចក្រ សហគ្រាសនៅតាមបណ្ដាខេត្ត អាចចុះបញ្ជីការនៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្នុងខេត្តនោះបាន ។ ផ្ទុយទៅវិញក្នុងករណីក្រុមហ៊ុន រោងចក្រ សហគ្រាសណាមួយ ដែលមានប្រើប្រាស់ហត្ថពលកម្មបរទេស ប៉ុន្តែមិនបានស្នើសុំឱ្យបានត្រឹមត្រូវស្របតាមច្បាប់ទេ ក្រុមហ៊ុន រោងចក្រ សហគ្រាសនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងទទួលពិន័យស្របតាមទោសបញ្ញត្តិដែលមានចែងនៅក្នុងច្បាប់ស្ដីពីការងារ ។ សរុបសេចក្ដីមក នៅពេលដែលក្រុមហ៊ុន រោងចក្រ សហគ្រាសមួយមានតម្រូវការចង់បានកម្មករនិយោជិតជាជនបរទេសមកបំពេញការងារ ចាំបាច់ត្រូវស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ ម៉្យាងវិញទៀត បច្ចុប្បន្ននេះ ដើម្បីផ្ដល់ភាពងាយស្រួល និងកាត់បន្ថយការចំណាយពេលវេលា ក៏ដូចជាធានាបាននូវនិរន្តរភាពការងារ នៅក្នុងបរិបទនៃការរីករាលដាល នៃជំងឺកូវីដ-១៩ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់ អាចធ្វើការស្នើសុំហត្ថពលកម្មបរទេស (កូតា) តាមរយៈប្រព័ន្ធគ្រប់គ្រងការប្រើប្រាស់ហត្ថពលកម្មបរទេសនៅកម្ពុជា FWCMS បានយ៉ាងងាយស្រួល និងឆាប់រហ័ស។ រៀបរៀងដោយ៖ លោកស្រីមេធាវី មាស រ៉ាវីន និងលោក ឡេង ពុទ្ធិតារា ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥, អ៉ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com (http://www.ciclg.com/), ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕

2022-03-03 11:25:25

យល់ដឹងផ្នែកច្បាប់៖ ការសុំចូលប្រកបវិជ្ជាជីវៈមេធាវី

(ភ្នំពេញ)៖ មានមតិមួយចំនួនតែងតែមានការយល់ច្រលំថា និស្សិតដែលបានបញ្ចប់បរិញ្ញាបត្រនីតិសាស្រ្ត (បរិញ្ញាបត្រច្បាប់) សុទ្ធតែអាចក្លាយជាមេធាវីដោយមិនចាំបាច់ត្រូវបំពេញលក្ខខណ្ឌអ្វីផ្សេងឡើយ។ ប៉ុន្តែជាក់ស្ដែងនៅក្នុងវិស័យយុត្តិធម៌ មានការងារវិជ្ជាជីវៈជាច្រើនប្រភេទ ដែលនិស្សិតច្បាប់អាចបន្តចាប់យកបាន ដែលក្នុងនោះរួមមានវិជ្ជាជីវៈមេធាវី ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា សារការី មជ្ឈត្តករ ជាដើម។ ដើម្បីអាចបំពេញការងារលើវិជ្ជាជីវៈទាំងនេះបាន បុគ្គលដែលមានបំណងចង់ចាប់យកវិជ្ជាជីវៈណាមួយ ត្រូវឆ្លងកាត់ការស្នើសុំការប្រលងធ្វើតេស្ដសមត្ថភាព និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដែលតម្រូវទៅតាមវិជ្ជាជីវៈនីមួយៗ ជាពិសេសសម្រាប់ការស្នើសុំចូលប្រកបវិជ្ជាជីវៈមេធាវីនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺត្រូវបានគ្រប់គ្រង និងកំណត់លក្ខខណ្ឌដោយច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី និងបទប្បញ្ញត្តិមួយចំនួនទៀត ដែលចេញដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ តើត្រូវបំពេញលក្ខខណ្ឌតម្រូវដូចម្ដេចខ្លះ ទើបអាចចូលប្រកបវិជ្ជាជីវៈមេធាវីបាន? ហើយស្ថាប័នណាមួយជាអ្នកមានសិទ្ធិសម្រេចលើការស្នើសុំនេះ? សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងលើកយកប្រធានបទទាក់ទងនឹង «ការសុំចូលប្រកបវិជ្ជាជីវៈមេធាវី» មកបកស្រាយដូចតទៅ។ ដើម្បីបានចូលប្រកបវិជ្ជាជីវៈមេធាវី អាចធ្វើទ្បើងតាមពីររបៀប គឺទី១ តាមរយៈមាត្រា៣១ និងទី២ តាមរយៈមាត្រា ៣២ នៃច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី។ សម្រាប់របៀបទី១ យោងតាមមាត្រា ៣១ បានបញ្ញត្តិថា ជនដែលអាចប្រកបវិជ្ជាជីវៈមេធាវីបាន ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖ ១៖ ត្រូវមានសញ្ជាតិខ្មែរ។ ២៖ ត្រូវមានបរិញ្ញាបត្រច្បាប់ ឬសញ្ញាបត្រច្បាប់ដែលបានប្រកាសថាមានតម្លៃសមមូល។ ៣៖ ត្រូវមានវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី ដែលចេញដោយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី។ ដើម្បីទទួលបានវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី ត្រូវធ្វើការសិក្សារយៈពេល ១ ឆ្នាំ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី។ ៤៖ មិនដែលត្រូវបានផ្ដន្ទាទោសជាបទមជ្ឈិម ឬឧក្រិដ្ឋ ឬផ្ដន្ទាទោសជាបទវិន័យ ឬផ្ដន្ទាទោសជាបទរដ្ឋបាលដូចជាការលុបឈ្មោះចោល ការបញ្ឈប់ពីមុខងារ ការហូតងារអំពីអំពើផ្ទុយនឹងកិត្តិយស ឬអំពើមិនស្អាតស្អំ។ មិនត្រូវមានធនក្ស័យផ្ទាល់ខ្លួនដែលប្រកាសដោយតុលាការ។ ដោយឡែក សម្រាប់របៀបទី២ វិញ មាត្រា ៣២ នៃច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី ក៏បានបញ្ញត្តិពីករណីដែលអ្នកស្នើសុំមិនចាំបាច់មានវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី និងមិនចាំបាច់មានបរិញ្ញាបត្រច្បាប់នោះទេ ប្រសិនបើបុគ្គលនោះគឺជាចៅក្រមដែលបានបម្រើការងារក្នុងវិជ្ជាជីវៈរបស់ខ្លួនលើសពី ០៥ ឆ្នាំ និងអតីតចៅក្រមដែលមានសញ្ញាបត្រមធ្យមសិក្សាច្បាប់ ហើយដែលបានបម្រើក្នុងវិជ្ជាជីវៈរបស់ខ្លួនលើសពី ០២ ឆ្នាំ។ ក្នុងករណីមួយចំនួនទៀត អ្នកស្នើសុំចូលប្រកបវិជ្ជាជីវៈមិនចាំបាច់មានវិញ្ញាបនបត្រខាងវិជ្ជាជីវៈមេធាវីនោះទេ ប្រសិនបើបុគ្គលនោះស្ថិតក្នុងលក្ខខណ្ឌណាមួយ ក្នុងចំណោមលក្ខខណ្ឌដូចខាងក្រោម៖ * អ្នកមានបរិញ្ញាបត្រច្បាប់ ហើយដែលបានបម្រើការងារក្នុងវិស័យច្បាប់ ឬតុលាការលើសពី ២ឆ្នាំ។ * មេធាវីដែលមានសញ្ជាតិដើមជាខ្មែរ ដែលបានចុះឈ្មោះក្នុងបញ្ជីគណៈមេធាវីនៅបរទេស។ * អ្នកមានសញ្ញាបត្របណ្ឌិតច្បាប់។ យោងតាមសេចក្ដីសម្រេចលេខ ១១៦/សសគម/២១ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីនីតិវិធីនៃការទទួលពិនិត្យ និងសម្រេចលើពាក្យសុំចូលប្រកបវិជ្ជាជីវៈមេធាវី ត្រង់ប្រការ ៤ និងប្រការ ១៤ បានចែងថា បុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដូចបានកំណត់ខាងលើ ហើយមានបំណងចូលប្រកបវិជ្ជាជីវៈមេធាវី ត្រូវមកទិញពាក្យសុំចូលប្រកបវិជ្ជាជីវៈមេធាវី នៅនាយកដ្ឋានបុគ្គលិក និងរដ្ឋបាល នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (ការដាក់ពាក្យសុំ និងឯកសារតម្រូវផេ្សងៗត្រូវកំណត់ដោយគណៈមេធាវី) តាមការប្រកាសរបស់គណៈមេធាវីនៅរៀងរាល់ម៉ោងធ្វើការនៃថ្ងៃបំពេញការងារ។ ចំពោះបុគ្គលដែលបានដាក់ពាក្យចូលប្រកបតាមមាត្រា ៣២ នឹងត្រូវធ្វើអធិការកិច្ច ដើម្បីត្រួតពិនិត្យអំពីភាពត្រឹមត្រូវនៃឯកសារ និងត្រូវឆ្លងកាត់ការប្រលងធ្វើតេស្ដសមត្ថភាពលើវិញ្ញាសាសរសេរ និងវិញ្ញាសាសួរផ្ទាល់មាត់ផងដែរ។ ការយល់ព្រមឱ្យប្រកបវិជ្ជាជីវៈមេធាវីត្រូវសម្រេចដោយក្រុមប្រឹក្សាគណៈមេធាវី ក្រោយពីបានពិនិត្យលើការបំពេញលក្ខខណ្ឌសព្វគ្រប់ ដែលមានកំណត់ក្នុងច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី សេចក្ដីសម្រេចលេខ ១១៦/សសគម/២១ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោយពីមានយោបល់របស់អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ។ ក្នុងករណីដែលសាម៉ីខ្លួន មិនយល់ស្របតាមសេចក្ដីសម្រេចរបស់គណៈមេធាវីទេនោះ សាម៉ីខ្លួនអាចប្ដឹងតវ៉ាទៅសាលាឧទ្ធរណ៍ភ្នំពេញបាន ក្នុងរយៈពេល ០២ ខែ ចាប់ពីថ្ងៃទទួលដំណឹង។ សម្រាប់មេធាវីដែលត្រូវបានទទួលឱ្យប្រកបវិជ្ជាជីវៈមេធាវី ត្រូវធ្វើសច្ចាប្រណិធានជាមុននៅចំពោះមុខសាលាឧទ្ធរណ៍ភ្នំពេញ ដោយមានវត្តមានរបស់ប្រធានគណៈមេធាវី ឬតំណាងដែលចាត់តាំងដោយប្រធានគណៈមេធាវី។ ដើម្បីធានាឱ្យបាននូវគុណភាព និងប្រសិទ្ធភាពក្នុងការបំពេញការងាររបស់មេធាវី មេធាវីដែលទើបបានចុះឈ្មោះត្រូវធ្វើកម្មសិក្សារយៈពេល ០១ ឆ្នាំ តាមបែបបទដែលកំណត់ដោយបទបញ្ជាផ្ទៃក្នុងរបស់គណៈមេធាវី លើកលែងតែមេធាវីណាដែលមានការអនុញ្ញាតឱ្យរួចពីកម្មសិក្សា។ ក្នុងរយៈពេលនៃកម្មសិក្សា មេធាវីត្រូវទទួលការបំប៉នបន្ថែមដែលរៀបចំឡើងដោយគណៈមេធាវី និងត្រូវចូលរួមបម្រើការងារឱ្យពិតប្រាកដ ជាសហការីក្នុងការិយាល័យមេធាវីណាមួយ។ នៅអំឡុងពេលនោះ ក្រុមប្រឹក្សាគណៈមេធាវីនឹងចាត់មេធាវីម្នាក់ ជាមេធាវីពេញសិទ្ធិដែលប្រកបវិជ្ជាជីវៈមេធាវីយ៉ាងតិច ០៣ ឆ្នាំ ដើម្បីធ្វើជាគ្រូកម្មសិក្សា ដែលត្រូវបានជ្រើសរើសដោយស្ម័គ្រចិត្ត និងតាមការព្រមព្រៀងរវាងគ្រូកម្មសិក្សា និងកម្មសិក្សាការី ដោយត្រូវមានកិច្ចសន្យាសហការរវាងគ្រូកម្មសិក្សា និងកម្មសិក្សាការី។ គ្រូកម្មសិក្សា បានដើរតួនាទីយ៉ាងសំខាន់ត្រូវទទួលខុសត្រូវក្នុងការបង្ហាត់បង្រៀន និងផ្តល់ចំណេះដឹងដល់កម្មសិក្សាការីចំពោះការប្រកបវិជ្ជាជីវៈមេធាវី និងការធ្វើរបាយការណ៍បញ្ចប់កម្មសិក្សា។ ក្នុងអំទ្បុងពេលកម្មសិក្សា ចំពោះកម្មសិក្សាការីដែលចូលប្រកបតាមមាត្រា ៣២ ត្រូវចូលរួមក្នុងវគ្គសុក្រិត្យការវិជ្ជាជីវៈមេធាវី និងការបណ្ដុះបណ្ដាលនានាតាមការកំណត់របស់គណៈមេធាវី។ ក្រោយពេលបញ្ចប់កម្មសិក្សា និងផ្អែកលើរបាយការណ៍មានលក្ខណៈត្រឹមត្រូវតាមការកំណត់នៃលក្ខខណ្ឌ ទម្រង់ និងខ្លឹមសារហើយ ក្រុមប្រឹក្សាគណៈមេធាវីនឹងសម្រេចចុះឈ្មោះរបស់កម្មសិក្សាការីក្នុងបញ្ជីគណៈមេធាវី។ សរុបមកវិញ អ្នកដែលមានបំណងចង់ចូលប្រកបវិជ្ជាជីវៈមេធាវី គួរគប្បីសិក្សាស្វែងយល់ពីលក្ខខណ្ឌតម្រូវ និងស្វែងយល់បន្ថែមពីវិធានវិជ្ជាជីវៈមេធាវី ដែលរួមមានច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌មេធាវី និងបទបញ្ជាផ្ទៃក្នុង រួមទាំងសេចក្ដីសម្រេចលេខ ១១៦/សសគម/២១ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអាចត្រៀមលក្ខណៈសម្បត្តិរបស់ខ្លួនឱ្យបានរួចរាល់ទុកជាមុន។ រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងកញ្ញា គន្ធ វិជិតា ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ៤៥៣៥ ផ្លូវលេខ១០០៣ ភូមិឧកញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៉ីម៉ែល៖president@ciclg.com, គេហទំព័រ៖www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2022-02-07 08:29:30

យល់ដឹងផ្នែកច្បាប់៖ អំពើពេស្យាចារ

(ភ្នំពេញ)៖ ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលប្រកាន់ខ្ជាប់នូវ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីតាំងពីបុរាណមក ហើយក៏ជាប្រទេសមួយដែលគិតគូរ និងប្រកាន់ខ្ជាប់នូវតម្លៃរបស់ស្ត្រី។ ហេតុនេះហើយ ទើបសព្វថ្ងៃនេះ ប្រជាពលរដ្ឋក្នុងសង្គមកម្ពុជាយើងភាគច្រើន មិនទាន់អាចទទួលស្គាល់ អំពើពេស្យាចារ ឬការរកស៉ីផ្លូវភេទ ជាមុខរបរត្រឹមត្រូវមួយនោះទេ។ ក្នុងនោះមានមតិមួយចំនួនបង្ហាញថា អំពើពេស្យាចារ ជាអំពើមួយដែលផ្ទុយទៅនឹងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ថែមទាំងជាបទល្មើសមួយនៅក្រោមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ រីឯប្រជាពលរដ្ឋយើងមួយចំនួនទៀត បានទទួលស្គាល់ការប្រកបមុខរបរនេះ ថែមទាំងផ្ដល់តម្លៃដល់ស្ដ្រីដែលប្រកបរបររកស៉ីផ្លូវភេទ ដោយពួកគាត់យល់ឃើញថា ស្ដ្រីដែលប្រកបរបររកស៉ីផ្លូវភេទក៏ជាប្រជាពលរដ្ឋមួយរូប ដែលមានសិទ្ធិក្នុងការប្រកបមុខរបរស្របច្បាប់ និងគួរតែត្រូវទទួលបានការគាំពារពីច្បាប់ផងដែរ។ ហេតុដូច្នេះ ដើម្បីផ្ដល់ការយល់ដឹងផ្នែកច្បាប់ និងជាគំនិតដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្ស និសិ្សត ក្នុងសប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «អំពើពេស្យាចារ» មកធ្វើការបង្ហាញដូចខាងក្រោមនេះ។ ជាដំបូង ដើម្បីឱ្យមានភាពងាយស្រួលក្នុងការយល់ដឹងពីប្រធានបទនេះ យើងត្រូវស្គាល់ពីភាពខុសគ្នារវាងអំពើពេស្យាចារ និង អំពើសញ្ចារកម្ម ជាមុនសិន ដោយហេតុតែប្រជាពលរដ្ឋយើងមួយចំនួនតែងតែមានការយល់ច្រឡំរវាងអំពើទាំងពីរនេះ។ បើយោងតាមច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ អំពើពេស្យាចារ សំដៅទៅលើការរួមភេទជាមួយជនណាម្នាក់ដែលមិនកំណត់ ឬ អំពើគ្រប់រូបភាពផ្សេងទៀត ដែលទាក់ទងនឹងភេទ ដោយផ្ដោះប្តូរនឹងវត្ថុតម្លៃអ្វីមួយ។ ចំណែកឯអំពើសញ្ចារកម្ម សំដៅទៅលើការទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីពេស្យាចារ ជួយ ឬការពារអំពើពេស្យាចាររបស់អ្នកដទៃ ជ្រើសរើស ពង្រត់ ឬអូសទាញបុគ្គលណាមួយឱ្យធ្វើអំពើពេស្យាចារ និងធ្វើការគាបសង្កត់លើបុគ្គលណាមួយ ដើម្បីឱ្យបុគ្គលនោះធ្វើពេស្យាចារ។ ជាភាសាសាមញ្ញ បុគ្គលដែលប្រព្រឹត្តអំពើពេស្យាចារ គឺសំដៅទៅលើ អ្នកប្រកបរបររកស៉ីផ្លូវភេទ រីឯបុគ្គលដែលប្រព្រឹត្តអំពើសញ្ចារកម្មវិញនោះ គឺសំដៅទៅលើអ្នកដែលបើកអាជីវកម្មជួញដូរផ្លូវភេទ ដែលប្រជាពលរដ្ឋយើងតែងតែហៅថា «មេបន»។ អំពើសញ្ចារកម្មនេះ ត្រូវបានកំណត់ថាជាបទមជ្ឈិម ទាំងនៅក្នុងក្រមព្រហ្មទណ្ឌ និងក្នុងច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ដោយឡែក នៅក្នុងប្រទេសកម្ពុជាយើង មិនមានច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តណាមួយ ដែលចែងពីបទល្មើស ឬ ការដាក់ទោសព្រហ្មទណ្ឌ ចំពោះអ្នកដែលប្រព្រឹត្តអំពើពេស្យាចារនោះឡើយ ។ គួរបញ្ជាក់ផងដែរថា បើយោងទៅតាមគោលការណ៍នីត្យានុកូលភាពនៃក្រមព្រហ្មទណ្ឌ មានតែអំពើដែលបង្កើតជាបទល្មើស នៅពេលដែលអំពើនោះមានចែងក្នុងបទបញ្ញត្តិព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះ ទើបត្រូវបានចាត់ទុកថាជាបទល្មើស និងផ្ដន្ទាទោសព្រហ្មទណ្ឌបាន។ ម៉្យាងវិញទៀត មាត្រា ៣៦ នៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ក៏បានចែងផងដែរថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិជ្រើសរើសមុខរបរ សមស្របតាមសមត្ថភាពរបស់ខ្លួន តាមសេចក្ដីត្រូវការរបស់សង្គម។ ផ្ទុយទៅវិញ ប្រសិនបើជនណាអូសទាញដោយចេតនានូវជនដទៃក្នុងទីសាធារណៈ ក្នុងគោលដៅប្រព្រឹត្តអំពើពេស្យាចារផ្ទាល់ខ្លួន ហើយអ្នកដែលប្រព្រឹត្តអំពើនេះនឹងត្រូវបានផ្តន្ទទាទោសដាក់ពន្ធនាគារពី ១ (មួយ) ថ្ងៃដល់ ៦ (ប្រាំមួយ) ថ្ងៃ និងពិន័យជាប្រាក់ពី ៣.០០០ (បីពាន់) រៀល ដល់ ១០.០០០ (មួយម៉ឺន) រៀល យោងតាមមាត្រា ២៤ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ម្យ៉ាងវិញទៀត ក៏មានបទល្មើសមួយក្នុងក្រមព្រហ្មទណ្ឌបានចែងផងដែរថា បុគ្គលណាដែលហៅអ្នកដទៃនៅទីសាធារណៈ ដើម្បីញ៉ាំងឱ្យមានទំនាក់ទំនងផ្លូវភេទ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥.០០០ (ប្រាំពាន់) រៀល ទៅ ៥០.០០០ (ប្រាំម៉ឺន) រៀល។ សរុបមក អំពើពេស្យាចារ នេះនៅតែជាប្រធានបទមួយដែលប្រជាពលរដ្ឋក្នុងសង្គមកម្ពុជាតែងតែជជែក វែកញែក និងបញ្ចេញនូវមតិផ្សេងៗផ្ទុយពីគ្នា។ ជាការពិតណាស់ ប្រទេសយើង គឺជាប្រទេសមួយដែលប្រកាន់ខ្ជាប់នូវ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ក៏ដូចជាការប្រកាន់ខ្ជាប់នូវតម្លៃរបស់ស្ត្រីផងដែរ ប៉ុន្តែជាក់ស្ដែង អំពើពេស្យាចារ នេះមិនត្រូវបានកំណត់ដោយច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តិណាមួយ ថាជាបទល្មើសព្រហ្មទណ្ឌ និងមិនអាចត្រូវបានផ្ដន្ទាទោសព្រហ្មទណ្ឌដោយអំពើនេះបានឡើយ។ រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក គន្ធ មូលសក្ដា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2022-02-03 09:23:48

យល់ដឹងផ្នែកច្បាប់៖ អនុប្បទានសិទ្ធិលើបំណុល

(ភ្នំពេញ)៖ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ យើងបានចេញអត្ថបទច្បាប់លើប្រធានបទស្ដីពី ឧបាទេសកម្មដោយអ្នកមានសិទ្ធិលើបំណុលរួចមកហើយ ដែលផ្ដោតសំខាន់ទៅលើសិទ្ធិរបស់ម្ចាស់បំណុល ក្នុងការអនុវត្តសិទ្ធិលើបំណុលដែលកូនបំណុលមាន ជំនួសកូនបំណុល។ ដោយឡែក ក្នុងសប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទមួយទៀតស្ដីពី «អនុប្បទានសិទ្ធិលើបំណុល» មកធ្វើការចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត វិញម្ដង។ តើអ្វីទៅជាអនុប្បទានសិទ្ធិលើបំណុល? ហើយថាតើត្រូវគោរពលក្ខខណ្ឌអ្វីខ្លះ ដើម្បីបង្កើត ក៏ដូចជាធ្វើឱ្យមានអានុភាពអនុវត្តអនុប្បទានសិទ្ធិលើបំណុលបាន? យោងតាមក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា អនុប្បទានសិទ្ធិលើបំណុល គឺជាការផ្ទេរសិទ្ធិលើបំណុលពីអ្នកមានសិទ្ធិលើបំណុល ទៅបុគ្គលផ្សេងទៀតដែលមិនមែនជាកូនបំណុល ដោយច្បាប់បានបញ្ញត្តិថា អ្នកមានសិទ្ធិលើបំណុលគឺ «អនុប្បទាយី» រីឯអ្នកទទួលសិទ្ធិលើបំណុលវិញគឺ «អនុប្បទានិក»។ ជាមួយគ្នានេះ ច្បាប់មិនបានកំណត់ពីលក្ខខណ្ឌ ឬទម្រង់នៃការបង្កើតអនុប្បទានសិទ្ធិលើបំណុលច្បាស់លាស់ឡើយ ហេតុនេះ ភាគីមិនចាំបាច់ធ្វើឡើងជាលាយលក្ខណ៍អក្សរ ឬជាទម្រង់លិខិតយថាភូតក៏បានដែរ ដោយភាគីអាចបង្កើតឡើងបានតាមការព្រមព្រៀង ឬតាមបញ្ញត្តិច្បាប់ ដោយការលក់សិទ្ធិលើបំណុល ឬដូរ ឬធ្វើប្រទានកម្ម ជាអាទិ៍។ ក្រោយពីមានការព្រមព្រៀងគ្នារវាងអនុប្បទាយី (ម្ចាស់បំណុល) ដែលមានគោលបំណងធ្វើអនុប្បទានសិទ្ធិលើបំណុល ជាមួយអនុប្បទានិកដែលមានគោលបំណងទទួលសិទ្ធិលើបំណុលនោះរួចរាល់ នាំឱ្យកើតមានអានុភាពនៃអនុប្បទានសិទ្ធិលើបំណុលផងដែរ។ បន្ទាប់ពីអនុប្បទាយី បានប្រគល់សិទ្ធិលើបំណុលទៅឱ្យអនុប្បទានិក នោះអនុប្បទានិកនឹងក្លាយជាម្ចាស់បំណុលថ្មី ហើយមានសិទ្ធិអនុវត្តនូវសិទ្ធិលើបំណុលដើមជំនួសអនុប្បទាយីបាន។ យ៉ាងណាមិញ សិទ្ធិលើបំណុលមួយចំនួន មិនអាចធ្វើអនុប្បទានបានឡើយ ដោយហេតុថា សិទ្ធិលើបំណុលនោះ មានការចងកាតព្វកិច្ចរវាងតែម្ចាស់បំណុលជាមួយកូនបំណុលតែប៉ុណ្ណោះ។ មួយវិញទៀត ភាគីអាចធ្វើការសន្យាពិសេសដែលបង្ហាញឆន្ទៈដើម្បីហាមឃាត់មិនឱ្យធ្វើអនុប្បទានសិទ្ធិលើបំណុលបាន ប៉ុន្ដែករណីនេះ មិនអាចតតាំងចំពោះតតិយជនដែលមិនបានដឹងអំពីការណ៍នេះបានឡើយ (លើកលែងតែមិនបានដឹងដោយកំហុសធ្ងន់ធ្ងរ)។ ដូច្នេះ តើអនុប្បទាយី ឬអនុប្បទានិក គួរធ្វើបែបណាទើបអាចមានសិទ្ធិតតាំងជាមួយតតិយជន ឬកូនបំណុលបាន? ជាគោលការណ៍ច្បាប់ បានអនុញ្ញាតឱ្យអនុប្បទានិក ដែលម្ចាស់បំណុលបានកំណត់ឈ្មោះជាក់លាក់ (សិទ្ធិលើការកំណត់ឈ្មោះជាសិទ្ធិរបស់ម្ចាស់បំណុល) ជាអ្នកមានសិទ្ធិលើបំណុល អាចអះអាងអំពីសិទ្ធិនេះ យកទៅតតាំងជាមួយតតិយជនបាន ។ ប៉ុន្ដែអនុប្បទាយី ឬអនុប្បទានិក មិនអាចតតាំងជាមួយកូនបំណុល ឬតតិយជនផ្សេងបានឡើយ ប្រសិនបើមិនបានជូនដំណឹងអំពីអនុប្បទានសិទ្ធិលើបំណុលនេះ ដល់កូនបំណុល ឬមិនមានការយល់ព្រមពីកូនបំណុល។ ចំពោះការជូនដំណឹង ឬការយល់ព្រមនេះ ពុំមានកំណត់ទម្រង់អ្វីនោះទេ ហេតុនេះការជូនដំណឹងអាចធ្វើឡើងដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ ប៉ុន្ដែការជូនដំណឹង ឬការយល់ព្រមខាងលើនេះ បើមិនធ្វើឡើងដោយលិខិតដែលមានកាលបរិច្ឆេទស្ថាពរទេ (សំដៅលើលិខិតដែលធ្វើឡើងជាលាយលក្ខណ៍អក្សរ ដែលតាក់តែងឡើងដោយស្ថាប័នរដ្ឋ ឬលិខិតយថាភូតដែលតាក់តែងដោយសារការី ឬមេធាវី ដោយមានសរសេរអំពីព័ត៌មានអត្តសញ្ញាណរបស់អ្នកជូនដំណឹង និងឈ្មោះ រួមទាំងទីតាំងរបស់អ្នកទទួល កម្មវត្ថុ ឬគោលបំណង កាលបរិច្ឆេទ ស្នាមមេដៃ ឬហត្ថលេខារបស់អ្នកជូនដំណឹង រួមជាមួយហត្ថលេខា និងត្រារបស់ស្ថាប័នរដ្ឋ ឬសារការី ឬមេធាវី អមជាមួយដើម្បីបញ្ជាក់អំពីភាពត្រឹមត្រូវនៃលិខិតនោះ) នោះពុំមានអានុភាពតតាំងជាមួយតតិយជនបានឡើយក្រៅពីកូនបំណុល។ ជាពិសេស ប្រសិនបើអនុប្បទានិកបានបំពេញលក្ខខណ្ឌដូចបានរៀបរាប់ខាងលើនេះ ដូច្នេះអនុប្បទានិកមានសិទ្ធិតាំងខ្លួនជាម្ចាស់បំណុលថ្មី ក្នុងការទាមទារឱ្យកូនបំណុលអនុវត្តកាតព្វកិច្ចចំពោះខ្លួនបាន។ ក្នុងករណីដែលធ្វើអនុប្បទានសិទ្ធិលើបំណុលតែមួយ តែធ្វើឡើងច្រើនដង នោះអាទិភាពនៃអនុប្បទាននេះ ត្រូវកំណត់យកការជូនដំណឹង ដែលមានកាលបរិច្ឆេទស្ថាពរបានដល់កូនបំណុល ឬពេលដែលកូនបំណុលយល់ព្រមទទួលលិខិតនោះ។ ប៉ុន្តែ ប្រសិនបើមិនអាចកំណត់លំដាប់នៃការជូនដំណឹងបានដល់ ឬពេលដែលកូនបំណុលបានយល់ព្រមទេ នោះត្រូវចាត់ទុកថា ការជូនដំណឹងនីមួយៗបានដល់កូនបំណុលក្នុងពេលតែមួយ ឬកូនបំណុលបានយល់ព្រមក្នុងពេលជាមួយគ្នាដែរ។ ដូច្នេះ អនុប្បទានិកនីមួយៗអាចទាមទារឱ្យកូនបំណុលអនុវត្តកាតព្វកិច្ចចំពោះខ្លួនបាន ប៉ុន្ដែក្នុងករណីនេះ កូនបំណុលអាចសងចំពោះម្ចាស់បំណុលណាម្នាក់ដែលមានអាទិភាព រួមទាំងត្រូវតម្កល់នូវវត្ថុដែលជាកម្មវត្ថុនៃកាតព្វកិច្ច នោះទើបកាតព្វកិច្ចរបស់កូនបំណុលត្រូវបានរំលត់។ ជាមួយគ្នានេះ កូនបំណុលមិនអាចលើកយកមូលហេតុដែលខ្លួនអាចធ្វើការតតាំងជាមួយអនុប្បទានិកបានឡើយ ប្រសិនបើខ្លួនបានធ្វើការយល់ព្រមដោយគ្មានការតវ៉ាចំពោះការធ្វើអនុប្បទាននេះ ប៉ុន្ដែអាចធ្វើការតតាំងជាមួយអនុប្បទានិកបាន ប្រសិនបើអនុប្បទាយីគ្រាន់តែជូនដំណឹងមកខ្លួនអំពីអនុប្បទាននេះ តែខ្លួនមិនទាន់បានយល់ព្រមនៅឡើយ។ មួយវិញទៀតប្រសិនបើកូនបំណុលបានសងប្រាក់ទៅអនុប្បទាយីដើម្បីរំលត់កាតព្វកិច្ចរួចរាល់ ហើយកូនបំណុលត្រូវទទួលបន្ទុកកាតព្វកិច្ចមួយទៀត ដើម្បីរំលត់កាតព្វកិច្ចដើម នោះកូនបំណុលអាចទាមទារឱ្យអនុប្បទាយីសងប្រាក់មកខ្លួនវិញបាន។ សរុបរួមមក អនុប្បទានសិទ្ធិលើបំណុល គឺជាការផ្ទេរសិទ្ធិលើបំណុល ពីអនុប្បទាយី ទៅអនុប្បទានិក តាមការព្រមព្រៀង ឬតាមបញ្ញត្តិច្បាប់ ដោយការលក់សិទ្ធិលើបំណុល ឬដូរ ឬធ្វើប្រទានកម្ម ជាអាទិ៍។ ក្រោយពីមានការព្រមព្រៀងគ្នាបង្កើតអនុប្បទានសិទ្ធិលើបំណុល នោះនាំឱ្យអានុភាពរបស់វាកើតឡើងស្របពេលជាមួយគ្នាផងដែរ។ ជាមួយគ្នានេះ ដើម្បីឱ្យអនុប្បទានសិទ្ធិលើបំណុលនេះរឹតតែមានអានុភាពអាចតតាំងជាមួយកូនបំណុល ឬតតិយជនផ្សេងបាន អនុប្បទាយី ឬអនុប្បទានិក ត្រូវធ្វើការជូនដំណឹងដល់កូនបំណុលជាលាយលក្ខណ៍អក្សរ ឬទទួលការយល់ព្រមពីកូនបំណុល តែបើមិនធ្វើជាលាយលក្ខណ៍អក្សរទេ នោះមិនអាចតតាំងជាមួយតតិយជនផ្សេងបានឡើយ។ រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងកញ្ញា ថន រ៉ាវ៉ាឌី ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2022-01-24 10:04:56

យល់ដឹងផ្នែកច្បាប់៖ ឈ្វេងយល់ពី «គំនូរឧស្សាហកម្ម» ដែលជាផ្នែកមួយនៃកម្មសិទ្ធិបញ្ញា

(ភ្នំពេញ)៖ គំនូរឧស្សាហកម្ម ត្រូវបានបង្កើតឡើងដោយការយកចិត្តទុកដាក់ពីសំណាក់ម្ចាស់អាជីវកម្ម ឬបុគ្គលដែលមានភាពប៉ិនប្រសប់ក្នុងការស្រាវជ្រាវ ស្វែងរកនូវអ្វីដែលថ្មីៗមានលក្ខណៈពិសេស ប្លែក ទាក់ទាញ ដើម្បីទាញយកចំណាប់អារម្មណ៍ពីមហាជន ហើយគំនូរឧស្សាហកម្ម ត្រូវបានគេដឹងថា គឺជាផ្នែកមួយផ្សេងទៀតរបស់កម្មសិទ្ធិបញ្ញា ដែលទទួលបានការការពារទៅលើភាពថ្មីនៃរូបរាងពិសេសរបស់ផលិតផល។ ក្រោយពីបានបង្កើតស្នាដៃរួច ដើម្បីអាចជៀសវាងនូវការព្រួយបារម្ភថា នឹងមានការរំលោភបំពាននូវអ្វីដែលខ្លួនបានបង្កើត គឺតម្រូវឱ្យម្ចាស់គំនូរឧស្សាហកម្ម ត្រូវយកគំនូរនោះទៅចុះបញ្ជីនៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីទទួលបានការការពារ និងទទួលស្គាល់នូវកម្មសិទ្ធិបញ្ញាស្របច្បាប់។ តើអ្វីទៅជាគំនូរឧស្សាហកម្ម? សម្រាប់សប្ដាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «គំនូរឧស្សាហកម្ម» មកធ្វើការបង្ហាញជូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម៖ យោងតាមមាត្រា ៨៩ នៃច្បាប់ស្ដីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម បានបញ្ញត្តិថា គំនូរឧស្សាហកម្ម គឺជាការផ្គុំនៃបន្ទាត់ ឬពណ៌ ឬទម្រង់បីខ្នាត ឬសម្ភារៈណាមួយ ទោះបីជាមាន ឬពុំមានការផ្គុំរួមជាមួយបន្ទាត់ ឬពណ៌ក៏ដោយឱ្យតែការផ្គុំទម្រង់ ឬសម្ភារៈទាំងនោះរំលេចឡើងជារូបរាងពិសេសរបស់ផលិតផលឧស្សាហកម្ម ឬសិប្បកម្ម និងដែលអាចធ្វើជាគំរូផលិតផលឧស្សាហកម្ម ឬសិប្បកម្ម និងអាចសម្គាល់បានដោយចក្ខុ។ គំនូរឧស្សាហកម្មដែលអាចធ្វើការចុះបញ្ជីបាន គឺត្រូវតែថ្មី ហើយដែលអាចចាត់ទុកថាថ្មី ទាល់តែគំនូរឧស្សាហកម្មនោះ មិនទាន់បានបញ្ចេញឱ្យដឹងដល់សាធារណជននៅទីកន្លែងណាមួយនៅលើពិភពលោក មុនកាលបរិច្ឆេទសុំចុះបញ្ជី ឬមុនកាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំ តាមរយៈមធ្យោបាយផ្សព្វផ្សាយដោយប្រើរូបភាពជាក់ស្ដែង ឬតាមរយៈការប្រើប្រាស់ ឬតាមរយៈមធ្យោបាយផ្សព្វផ្សាយផ្សេងទៀត។ បន្ថែមពីនេះ ច្បាប់ក៏បានបញ្ញត្តិផងដែរ ចំពោះករណីលើកលែងដែលមិនត្រូវចាត់ទុកថា ជាការដឹងដល់សាធារណជន រួមមានដូចខាងក្រោម៖ ១៖ ការដឹងដល់សាធារណជន នូវគំនូរឧស្សាហកម្មដែលបានកើតឡើងក្នុងអំឡុងពេល ១២ (ដប់ពីរ) ខែ មុនកាលបរិច្ឆេទសុំចុះបញ្ជីសំណុំលិខិតស្នើសុំ ឬកាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំនោះ។ ២៖ ការធ្វើឱ្យលេចឮខ្ចរខ្ចាយព័ត៌មានអំពីគំនូរឧស្សាហកម្ម តាមរយៈអ្នកដាក់ពាក្យស្នើសុំ តាមរយៈអ្នកស្នងរបស់បុព្វជន ឬតាមរយៈការរំលោភបំពានរបស់ភាគីទីបី ទៅលើអ្នកដាក់ពាក្យសុំ តាមរយៈអ្នកស្នងរបស់បុព្វជនដែលបណ្ដាលឱ្យលេចឮខ្ចរខ្ចាយព័ត៌មាននេះ។ ជាមួយគ្នានេះផងដែរ ច្បាប់ក៏បានបញ្ញត្តិហាមឃាត់នូវគំនូរឧស្សាហកម្មមួយចំនួន ដែលមិនអនុញ្ញាតឱ្យចុះបញ្ជីដូចជា គំនូរឧស្សាហកម្មដែលផ្ទុយនឹងសណ្ដាប់ធ្នាប់សាធារណៈ ឬសីលធម៌ ហើយច្បាប់ក៏មិនបានការពារផ្នែកណាមួយនៃគំនូរឧស្សាហកម្ម ដែលបម្រើឱ្យក្នុងគោលបំណងសម្រាប់តែទទួលបាននូវលទ្ធផលបច្ចេកទេស និងដែលផ្នែកនោះមិនមានរូបរាងច្បាស់លាស់។ ចំពោះរយៈពេលការពារនៃគំនូរឧស្សាហកម្ម៖ * ការចុះបញ្ជីគំនូរឧស្សាហកម្មមានសុពលភាព ០៥ (ប្រាំ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទសុំចុះបញ្ជីសំណុំលិខិតស្នើសុំ។ * ការចុះបញ្ជីសាឡើងវិញអាចធ្វើបានចំនួន ០២ (ពីរ) ដងជាប់ៗគ្នា ដែលម្តងៗមានសុពលភាព ០៥ (ប្រាំ) ឆ្នាំ សរុបសុពលភាពនៃការការពារគឺចំនួន ១៥ (ដប់ប្រាំ) ឆ្នាំ ជាមួយនឹងការបង់កម្រៃបន្តសុពលភាព។ ក្នុងនោះផងដែរ សិទ្ធិដែលម្ចាស់គំនូរឧស្សាហកម្មត្រូវទទួលបានគឺ សិទិ្ធចំបង ហៅថាសិទ្ធិផ្ដាច់មុខ ដែលទទួលបានពីការចុះបញ្ជីគំនូរឧស្សាហកម្ម គឺជាសិទិ្ធក្នុងការទប់ស្កាត់ ហាមឃាត់បុគ្គលដទៃ ពីការធ្វើអាជីវកម្មលើគំនូរឧស្សាហកម្មដែលបានចុះបញ្ជីរួច។ ការធ្វើអាជីវកម្ម មានន័យថា ការផលិត ការលក់ ឬការនាំចូលវត្ថុទាំងឡាយដែលបង្កើតឡើងដោយគំនូរឧស្សាហកម្មនោះ ហើយការរំលោភបំពាននូវគំនូរឧស្សាហកម្ម កើតឡើងនៅពេលដែលគំនូរឧស្សាហកម្មដែលបានចុះបញ្ជី ត្រូវបានធ្វើអាជីវកម្មដោយបុគ្គលដទៃ និងដោយគ្មានការព្រមព្រៀងពីម្ចាស់ដែលបានទទួលសិទិ្ធការពារ។ បុគ្គលណាដែលបានរំលោភបំពាននូវកម្មសិទ្ធិបញ្ញានេះ ត្រូវទទួលទោសព្រហ្មទណ្ឌ ដោយត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលានរៀល) ទៅ ២០.០០០.០០០ (ម្ភៃលានរៀល) ឬត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ ឬត្រូវផ្តន្ទាទោសទាំងពីរ។ ក្នុងករណីមិនរាងចាលក្នុងរយៈពេលប្រាំ (៥) ឆ្នាំ គិតចាប់ពីពេលផ្តន្ទាទោសលើកមុន ត្រូវផ្តន្ទាទោសទ្វេដង។ សរុបមក ដើម្បីការពារនូវគំនូរឧស្សាហកម្មដែលជាស្នាដៃរបស់ខ្លួនបាន សិប្បករ ផលិតករ ឬម្ចាស់គំនូរ ចាំបាច់ត្រូវយកគំនូរដែលខ្លួនបានបង្កើតឡើង ទៅចុះបញ្ជីគំនូរឧស្សាហកម្ម នៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជៀសវាងនូវការរំលោភបំពានទាំងឡាយ និងការប្រើប្រាស់នូវគំនូរដែលជាស្នាដៃបង្កើតឡើងរបស់ខ្លួនដោយគ្មានការអនុញ្ញាត។ រៀបរៀងដោយ៖ លោកមេធាវី ឡាន សÏនីត និងលោកស្រី យ៉េ នីតា ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕

2022-01-19 08:26:07

យល់ដឹងផ្នែកច្បាប់៖ ការរលត់កាតព្វកិច្ចដើម ជំនួសកាតព្វកិច្ចថ្មី

(ភ្នំពេញ)៖ ជាទូទៅ រាល់ការបង្កើតកិច្ចសន្យានីមួយៗ គឺតែងតែមានការចងភ្ជាប់ជាមួយនូវកាតព្វកិច្ចរវាងគូភាគី នៃកិច្ចសន្យា។ ចំពោះកាតព្វកិច្ច នៅក្នុងកិច្ចសន្យាទៀតសោត ក៏អាចរលត់ទៅវិញបានផងដែរ ដោយមានមូលហេតុផ្សេងៗពីគ្នា ដែលមានកំណត់នៅក្នុងក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍ដូចជា ការរលត់កាតព្វកិច្ចដើមរវាងម្ចាស់បំណុល និងកូនបំណុល ដោយបង្កើតកាតព្វកិច្ចថ្មីជំនួសកាតព្វកិច្ចដើមនោះ។ តើការរលត់កាតព្វកិច្ចដើម ជំនួសកាតព្វកិច្ចថ្មីនេះអាចយកមកប្រើប្រាស់បាននៅពេលណា? ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នៅសប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «ការរលត់កាតព្វកិច្ចដើម ជំនួសកាតព្វកិច្ចថ្មី» មកបង្ហាញជូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម។ យោងតាមក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា ការរលត់កាតព្វកិច្ចដើម ជំនួសកាតព្វកិច្ចថ្មីនេះ គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងៗទៀត ដែលនាំឱ្យមានការរំលត់កាតព្វកិច្ច ដែលនៅក្នុងច្បាប់ហៅថា «នវកម្ម» ដោយនវកម្មនេះ សំដៅទៅលើកិច្ចសន្យារវាងម្ចាស់បំណុល និងកូនបំណុលដែលរំលត់កាតព្វកិច្ចដើម ហើយបង្កើតកាតព្វកិច្ចថ្មី ជំនួសកាតព្វកិច្ចដើមនោះ។ ឧទាហរណ៍៖ កាតព្វកិច្ចដែលមានគោលបំណងផ្ដល់ជាវត្ថុ ប្ដូរទៅជាកាតព្វកិច្ចដែលមានគោលបំណងសងជាប្រាក់ ឬ កាតព្វកិច្ចចំពោះថ្លៃលក់ប្ដូរទៅជាកាតព្វកិច្ចខ្ចីបរិភោគ។ ចំណែកឯសិទ្ធិលើការបញ្ចាំ ហ៉ីប៉ូតែក ឬ ប្រាតិភោគផ្សេងទៀតដែលបានបង្កើតឡើង ដើម្បីធានាកាតព្វកិច្ចដើម អាចផ្ទេរដើម្បីធានាកាតព្វកិច្ចថ្មី ក្នុងទំហំនៃកាតព្វកិច្ចដើម ដោយការព្រមព្រៀងគ្នារបស់គូភាគីនៃកិច្ចសន្យានវកម្មបាន។ ប៉ុន្តែ ប្រាតិភោគដែលត្រូវបានដាក់ដោយតតិយជន មិនត្រូវផ្ទេរឡើយ លើកលែងតែមានការយល់ព្រមពីតតិយជននោះ។ នៅក្នុងការរំលត់កាតព្វកិច្ចដើម ហើយបង្កើតកាតព្វកិច្ចថ្មីជំនួសកាតព្វកិច្ចដើមវិញដោយនវកម្ម ក្នុងករណីប្រសិនបើកាតព្វកិច្ចថ្មីមិនបានបង្កើតអានុភាព ដោយសារមូលហេតុណាមួយ ដូចជា មូលហេតុមិនស្របច្បាប់ ឬ ភាគីពាក់ព័ន្ធមិនអាចព្យាករបាន នោះគោលបំណងនៃនវកម្ម គឺមិនត្រូវបានសម្រេចទេ ហើយកាតព្វកិច្ចដើមក៏មិនត្រូវបានរលត់ដែរ។ ចំពោះមូលហេតុមិនស្របច្បាប់ គឺសំដៅទៅលើភាពផ្ទុយនឹងបញ្ញត្តិនៃច្បាប់ ភាពផ្ទុយនឹងសណ្ដាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ។ ឧទាហរណ៍៖ កិច្ចសន្យានវកម្មដែលរំលត់កាតព្វកិច្ចដើមរបស់កូនបំណុល ដែលត្រូវសងប្រាក់កម្ចីទៅឱ្យម្ចាស់បំណុល ហើយបង្កើតកាតព្វកិច្ចថ្មី ដែលកូនបំណុលត្រូវផ្ដល់គ្រឿងញៀនចំនួន ១០គីឡូក្រាម ទៅឱ្យម្ចាស់បំណុលវិញ ត្រូវចាត់ទុកជាមោឃៈ ដោយសារកិច្ចសន្យានវកម្មនេះផ្ទុយនឹងបញ្ញត្តិនៃច្បាប់ ក្នុងករណីនេះ កាតព្វកិច្ចដើមមិនត្រូវរលត់ឡើយ។ ចំណែកឯមូលហេតុដែលភាគីពាក់ព័ន្ធមិនអាចព្យាករបាន ក៏កាតព្វកិច្ចដើមមិនត្រូវរលត់ដែរ។ ឧទាហរណ៍៖ ក្នុងករណីកិច្ចសន្យានវកម្មចែងថា លោក (ក) ត្រូវមានកាតព្វកិច្ចសងប្រាក់កម្ចីទៅឱ្យ លោក (ខ) ត្រូវរលត់ដោយកាតព្វកិច្ចថ្មី ដែលលោក (ក) ត្រូវប្រគល់រថយន្តរបស់ខ្លួន ចំនួន ០១ គ្រឿង ដែលមានតម្លៃស្មើនឹងប្រាក់កម្ចី ជូនលោក (ខ) ជំនួសវិញ។ ប៉ុន្តែស្រាប់តែដល់ថ្ងៃប្រគល់រថយន្ត ក៏មានគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យរថយន្តនោះខូចខាតទាំងស្រុង មិនអាចប្រគល់ជូនលោក (ខ) បាន ក្នុងករណីនេះកាតព្វកិច្ចដើមក៏មិនត្រូវបានរលត់ដូចគ្នា។ សរុបជារួម ការរលត់កាតព្វកិច្ចដើម ជំនួសកាតព្វកិច្ចថ្មី គឺជាមូលហេតុនៃការរំលត់កាតព្វកិច្ចមួយ ដែលគេតែងតែយកមកប្រើប្រាស់សម្រាប់សកម្មភាពប្រចាំថ្ងៃ នៅពេលដែលម្ចាស់បំណុល និងកូនបំណុល មានគោលបំណងចង់ផ្លាស់ប្ដូរនូវកាតព្វកិច្ច ដោយបង្កើតកាតព្វកិច្ចថ្មីជំនួសមកវិញនូវកាតព្វកិច្ចដើម៕ រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក រៀម គីមឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.

2022-03-03 11:58:14

យល់ដឹងផ្នែកច្បាប់៖ ការពិភាក្សាជារួមរបស់ឪពុក ឬម្តាយដែលគ្មានអំណាចមេបា

(ភ្នំពេញ)៖ នៅក្នុងសំណុំរឿងលែងលះ ក្រៅពីការបែងចែកទ្រព្យរួមរបស់ប្តីប្រពន្ធ ប្រសិនបើប្តីប្រពន្ធដែលជាគូភាគីវិវាទនោះមាន កូនជាអនីតិជន (កូនមានអាយុក្រោម១៨ឆ្នាំ) ហើយតុលាការបានកំណត់អ្នកមានអំណាចមេបា គឺជាម្តាយ ជាអាទិ៍ ឪពុកដែលគ្មានអំណាចមេបា ក្រោយការលែងលះ មានសិទ្ធិជួបប្រាស្រ័យទាក់ទងកូនជាអនីតិជន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម្តាយ និងសិទ្ធិទាមទារឱ្យរាយការណ៍អំពីស្ថានភាពរបស់កូន តាមរយៈឪពុកនោះស្នើសុំទៅតុលាការ ឬទោះបីជាគ្មានការស្នើសុំក៏ដោយ ក៏តុលាការត្រូវសម្រេចអំពីរបៀបនៃការជួបប្រាស្រ័យទាក់ទងកូននោះ ឬរបៀបនៃការរាយការណ៍អំពីស្ថានភាពរបស់កូនផងដែរ បើឪពុកម្តាយដែលបានលែងលះនោះ មិនអាចពិភាក្សាគ្នាអំពីរបៀបទាំងនោះដោយវិជ្ជមាន។ ដើម្បីឱ្យយល់កាន់តែច្បាស់អំពីការពិភាក្សាជារួមរបស់ឪពុក ឬម្តាយដែលគ្មានអំណាចមេបា សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយវិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកប្រធានបទស្តីពី «ការពិភាក្សាជារួមរបស់ឪពុក ឬម្តាយដែលគ្មានអំណាចមេបា» មកធ្វើការបកស្រាយ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ។ ឪពុកដែលគ្មានអំណាចមេបា ច្បាប់ផ្តល់សិទ្ធិបន្ថែមទៀតទាក់ទងនឹងកូន (មាត្រា ១០៤២ នៃក្រមរដ្ឋប្បវេណី) ទោះបីខ្លួនគ្មានអំណាចមេបាក៏ដោយ ដោយតម្រូវឱ្យមានការពិភាក្សាជាមួយឪពុកដែលគ្មានអំណាចមេបា ទើបអាចបំពេញកិច្ចការខាងក្រោមនេះបាន ដូចជា៖ * ទី១ ការអប់រំកូន៖ ជាស្ថានភាពពាក់ព័ន្ធនឹងការសិក្សារបស់កូនជាអនីតិជន ថាតើរៀននៅសាលាណា? រៀននៅក្នុងស្រុក ឬបរទេស? ជាអាទិ៍ ពីព្រោះចំណុចនេះផ្សារភ្ជាប់នឹងការចំណាយ ហើយជាកត្តាកំណត់អំពីអនាគតកូន ហេតុនេះមានភាពចាំបាច់ត្រូវពិភាក្សាគ្នាជាមុនរវាងឪពុកម្តាយរបស់កូន។ * ទី២ ការផ្លាស់ប្តូរលំនៅឋានរបស់កូន៖ ជាស្ថានភាពពាក់ព័ន្ធនឹងបរិយាកាសនៃការរស់នៅ ហើយផ្សារភ្ជាប់ដល់សិទ្ធិជួបប្រាស្រ័យទាក់ទងកូន និងសិទ្ធិទាមទារឱ្យរាយការណ៍អំពីស្ថានភាពកូន ប្រសិនបើលំនៅឋានរបស់កូនត្រូវបានផ្លាស់ប្តូរពីរាជធានីទៅខេត្ត ឬពីខេត្ត មករាជធានី ជាអាទិ៍។ នេះជាចំណុចមិនល្អ សម្រាប់កូន និងឪពុកម្តាយដែលរស់នៅបែកបាក់គ្នា (ឪពុកម្តាយកូនដែលមិនបានរស់នៅជុំគ្នា) ហេតុនេះមានភាពចាំបាច់ត្រូវពិភាក្សាគ្នាជាមុនរវាងឪពុកម្តាយរបស់កូន។ * ទី៣ ការអនុញ្ញាតឱ្យកូនបំពេញការងារ ឬធ្វើអាជីវកម្ម៖ ជាធម្មតា កូនជាអនីតិជន មិនអាចប្រកបការងារ ឬធ្វើអាជីវកម្ម ខណៈពេលកំពុងទទួលការអប់រំនៅសាលា ស្របពេលជាមួយគ្នានោះទេ និងជាទូទៅ បើកូនជាអនីតិជន រៀនបណ្តើរ ធ្វើការបណ្តើរ គឺនឹងប៉ះពាល់ដល់ការសិក្សាកូន ហើយអាជីវកម្មខ្លះមិនសមស្របជាមួយកូនជាអនីតិជននោះទេ ហេតុនេះ ប្រសិនបើម្តាយជាអ្នកមានអំណាចមេបា អនុញ្ញាតឱ្យកូនជា អនីតិជនប្រកបអាជីវកម្ម ឬធ្វើការងារ ត្រូវពិភាក្សាជាមួយឪពុករបស់កូននោះជាមុនសិន។ * ទី៤ ការព្យាបាលកូនដែលពាក់ព័ន្ធនឹងអាយុជីវិត៖ ការព្យាបាលដែលពាក់ព័ន្ធនឹងអាយុជីវិតរបស់កូនជាអនីតិជន ដូចជាកូនមានជំងឺមហារីក តម្រូវឱ្យមានការវះកាត់ ឬព្យាបាលដោយប្រើថ្នាំ ឬបញ្ឈប់ការព្យាបាល ឬផ្លាស់ប្តូរវិធីព្យាបាល ឬពេទ្យ ឬអំឡុងពេលនៃការព្យាបាល ជាអាទិ៍ ម្តាយជាអ្នកមានអំណាចមេបា ត្រូវពិភាក្សាជាមួយឪពុករបស់កូននោះ ពីព្រោះចំណុចនេះសំខាន់ពាក់ព័ន្ធអនាគតកូន និងការចំណាយ ដែលត្រូវទទួលខុសត្រូវរួមគ្នា ក្នុងនាមជាឪពុកម្តាយរបស់កូន។ * ទី៥ ការចាត់ចែងទ្រព្យសម្បត្តិរបស់កូន៖ ក្នុងករណីកូនជាអនីតិជនមានទ្រព្យផ្ទាល់ខ្លួន ដូចជា មានកម្មសិទ្ធិនៅលើផ្ទះណាមួយ ដែលទទួលបានប្រទានកម្ម (អំណោយ) ពីជីដូន ជាអាទិ៍ ហើយម្តាយដែលជាអ្នកមានអំណាចមេបា ចង់លក់ផ្ទះនេះ ត្រូវពិភាក្សាជាមួយឪពុករបស់កូនជាមុនសិន។ * ទី៦ ការគ្រប់គ្រងថែរក្សាកូន៖ ចំណុចនេះជាស្ថានភាពពាក់ព័ន្ធនឹងផ្លូវចិត្ត និងសុខុមាលភាពរបស់កូនជាអនីតិជន ដោយផ្តោតលើករណីឱ្យកូនជាអនីតិជនរៀបអាពាហ៍ពិពាហ៍ ឬបង្កើតរបបស្មុំកូនជាមួយប្តីក្រោយ ជាអាទិ៍ ត្រូវចាត់ទុកថាជាចំណុចចាំបាច់ ដែលត្រូវពិភាក្សាជាមុនជាមួយឪពុកកូននោះ។ * ទី៧ ការគ្រប់គ្រងទ្រព្យសម្បត្តិកូន៖ ក្នុងករណីកូនជាអនីតិជនមានទ្រព្យផ្ទាល់ខ្លួន ដូចជា មានកម្មសិទ្ធិនៅលើផ្ទះណាមួយ ដែលទទួលបានប្រទានកម្ម (អំណោយ) ពីជីដូន ជាអាទិ៍ ហើយម្តាយដែលជាអ្នកមានអំណាចមេបា ចង់ជួសជុលផ្ទះ ឬមានអ្នកដទៃបំពានលើផ្ទះនេះ ដោយតម្រូវធ្វើបណ្តឹងទាមទារឱ្យប្រគល់ផ្ទះនេះ ជាអាទិ៍ មុនពេលធ្វើ ម្តាយត្រូវពិភាក្សាជាមួយឪពុករបស់កូនជាមុនសិន។ នៅក្នុងន័យច្បាប់ ទោះបីជាឪពុកម្តាយបានលែងលះគ្នាក៏ដោយ និងទោះបីតុលាការបានកំណត់ថាម្តាយជាអ្នកមានអំណាចមេបាចំពោះកូនជាអនីតិជនក៏ដោយ ដើម្បីសុខុមាលភាពរបស់កូន និងផ្លូវចិត្តរបស់កូន ជាពិសេសធានានូវផលប្រយោជន៍របស់កូន ឪពុកដែលគ្មានអំណាចមេបា និងម្តាយដែលមានអំណាចមេបា នៅតែត្រូវសហការ និងពិភាក្សាគ្នាជាចាំបាច់អំពីចំណុចខាងលើនេះ លើកលែងតែមានភាពចាំបាច់បន្ទាន់ ផ្អែកតាមករណីជាក់ស្តែង និងប្រកបដោយសុចរិតភាព ទើបមិនចាំបាច់ពិភាក្សា។ មួយវិញទៀត នឹងអាចមានករណីលើកឡើងថា បើពិភាក្សាបរាជ័យ តើនរណាជាអ្នកសម្រេចកិច្ចការខាងលើនេះ? ចម្លើយ គឺម្តាយដែលជាអ្នកមានអំណាចមេបា ប៉ុន្តែមុនសម្រេចត្រូវពិភាក្សា ហើយទោះបីម្តាយដែលជាអ្នកមានអំណាចមេបា មានសិទ្ធិសម្រេចចុងក្រោយក៏ដោយ បើការសម្រេចនោះមិនសមស្របនឹងផលប្រយោជន៍របស់កូន ម្តាយដែលមានអំណាចមេបានោះ អាចនឹងប្រឈមការផ្លាស់ប្តូរអំណាចមេបា បើមានការស្នើសុំរបស់ញាតិនៅក្នុង ០៤ (បួន) ថ្នាក់របស់កូនជាអនីតិជននោះ ទៅតុលាការ៕ រៀបរៀងដោយ៖ លោកមេធាវី អ៉ីវ ប៉ូលី អ្នកបង្រៀនច្បាប់នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងជាអ្នកបណ្តុះបណ្តាលនៃកម្មវិធីវិភាគទានច្បាប់

2022-01-03 08:49:13

យល់ដឹងផ្នែកច្បាប់៖ អំពីវត្ថុដែលមានកំណត់ក្នុងក្រមរដ្ឋប្បវេណី

(ភ្នំពេញ)៖ សព្វថ្ងៃនេះ ប្រជាពលរដ្ឋយើងទូទៅបានស្គាល់រួចមកហើយថា អ្វីទៅដែលជាវត្ថុ និងទ្រព្យសម្បត្តិ។ ប៉ុន្តែពួកគាត់មួយចំនួន នៅពុំទាន់បានយល់ច្បាស់នូវការកំណត់អំពីវត្ថុតាមខ្លឹមសារច្បាប់នៅឡើយ។ ហេតុដូច្នេះហើយ បានជាមានការលើកយកនូវប្រធានបទ ‹‹អំពីវត្ថុដែលមានកំណត់ក្នុងក្រមរដ្ឋប្បវេណី›› មកធ្វើការបកស្រាយ។ តើវត្ថុដែលកំណត់ក្នុងក្រមរដ្ឋប្បវេណីមានអត្ថន័យយ៉ាងណា? តើវត្ថុទាំងនោះត្រូវបានបែងចែកយ៉ាងដូចម្ដេច? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ លើកយកប្រធានបទ ‹‹អំពីវត្ថុដែលមានកំណត់ក្នុងក្រមរដ្ឋប្បវេណី›› មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម។ អនុលោមតាមក្រមរដ្ឋប្បវេណី វត្ថុ គឺសំដៅទៅលើរបស់ទាំងឡាយណាដែលមានរូបរាង ជាសារធាតុរឹង ឬ ជាសារធាតុរាវ ឬ ជាសារធាតុឧស្ម័ន។ ឧទាហរណ៍ដូចជា ចាន (សារធាតុរឹង), ភេសជ្ជៈ (សារធាតុរាវ) និង អុកស៉ីហ្សែន (សារធាតុឧស្ម័ន)។ លើសពីនេះទៀត វត្ថុត្រូវបានបែងចែកជាពីរប្រភេទដោយឡែកផ្សេងពីគ្នា រួមមានចលនវត្ថុ និងអចលនវត្ថុ។ ចលនវត្ថុ សំដៅទៅលើវត្ថុដែលអាចរំកិល ឬ ផ្លាស់ទីតាំងបាន ដូចជារបស់របរផ្ទាល់ខ្លួន ឬ ទ្រព្យសម្បត្តិទាំងឡាយដែលអាចបម្លាស់ទីបាន ហើយមិនត្រូវបានចាត់ទុកជាប្រភេទនៃអចលនវត្ថុ។ រីឯអចលនវត្ថុ គឺសំដៅទៅលើវត្ថុដែលនៅជាប់ដី ដីធ្លី ហើយមិនអាចផ្លាស់ប្ដូរទីកន្លែងបាន ដូចជាអគារ សំណង់ រុក្ខជាតិ ជាដើម។ ពិសេសជាងនេះទៅទៀត អចលនវត្ថុ ក៏ត្រូវបានបែងចែក និងចាត់ថ្នាក់ ជាប្រភេទដោយឡែកពីគ្នាផងដែរ គឺមានដូចជា អចលនវត្ថុតាំងពីកំណើត អចលនវត្ថុតាមការកំណត់ដោយច្បាប់ និងអចលនវត្ថុតាមភ័ព្វវាសនា។ អចលនវត្ថុតាំងពីកំណើត គឺរួមមាន ដីធ្លី គេហដ្ឋានដែលសង់លើគ្រឹះ ឬ សង់ដោយបាយអរ និងឥដ្ឋសំណង់ទាំងឡាយ បើរុះរើទៅនោះ នឹងនាំឱ្យបាត់បង់តម្លៃជាសារធាតុ។ លើសពីនេះទៅទៀត ក៏មានដីធម្មជាតិ ដូចជាដីព្រៃឈើ ដីដាំដុះ ដីទុកទំនេរ ឬ ដីដែលមិនអាចដាំដុះបាន ដីលិចទឹក ឬ ការរៀបចំទាំងឡាយដែលស្ថិតនៅជាប់មួយកន្លែងកើតឡើងដោយអំពើរបស់មនុស្ស ហើយមិនអាចរំកិល ឬ ផ្លាស់ទីបាន។ ចំណែកឯអចលនវត្ថុ តាមការកំណត់ដោយច្បាប់ មានដូចជា សិទ្ធិប្រត្យក្សទាំងឡាយដែលមានលើអចលនវត្ថុ និងចលនវត្ថុដែលត្រូវបានកំណត់តាមច្បាប់ ដោយចាត់ទុកថាជាអចលនវត្ថុ។ ជាឧទាហរណ៍នៃចលនវត្ថុ ដែលច្បាប់ចាត់ទុកថាជាអចលនវត្ថុនោះ គឺមានដូចជា នាវា ឬ ផែ ដែលមានចំណុះទម្ងន់ ៣០ តោនឡើងទៅ។ រីឯអចលនវត្ថុតាមភ័ព្វវាសនា គឺមានភាពជាចលនវត្ថុពីដំបូង តែត្រូវបានចាត់ទុកថាជាអចលនវត្ថុ ពីព្រោះតែវាត្រូវភ្ជាប់ខ្លួនជាបរិវារនៃអចលនវត្ថុតាំងពីកំណើត ដែលគ្រាន់តែជាវត្ថុបន្ទាប់បន្សំប៉ុណ្ណោះ ប៉ុន្តែត្រូវបានចាត់ទុកថាជាអចលនវត្ថុ។ ឧទាហរណ៍ដូចជា កញ្ចក់ភ្ជាប់ជញ្ជាំង ទបង្ហូរទឹក និងពិដាន ជាដើម។ល។ ក្រៅពីអចលនវត្ថុ និងចលនវត្ថុ ក៏មានវត្ថុម្យ៉ាងទៀតផងដែរ ដែលហៅថា វត្ថុអរូបិយ។ វត្ថុនោះ គឺជាវត្ថុដែលគ្មានរូបរាង ប៉ុន្តែអាចគ្រប់គ្រងបានដូចជាវត្ថុដែលមានរូបរាងដែរ ហើយត្រូវបានបទប្បញ្ញត្តិច្បាប់ ចាត់ទុកថាជាចលនវត្ថុ។ វត្ថុអរូបិយ គឺមានដូចជា សិទ្ធិ ថាមពល អគ្គិសនី កម្ដៅ និងពន្លឺ ជាដើម។ ការបែងចែករវាងអចលនវត្ថុ និងចលនវត្ថុ គឺមានភាពចាំបាច់ណាស់ ព្រោះបញ្ញត្តិផ្សេងគ្នា ត្រូវយកមកអនុវត្តចំពោះប្រភេទវត្ថុទាំងពីរនេះ។ ផ្សេងពីវត្ថុ ច្បាប់ក៏បានបញ្ញត្តិពីសមាសភាគនៃវត្ថុផងដែរ ដែលសមាសភាគនៃវត្ថុនោះ គឺសំដៅលើផ្នែកមួយ ឬ ជាសមាសភាគនៃវត្ថុអ្វីមួយ ដែលមិនអាចបែងចែកបានប្រសិនបើមិនបំបែកវត្ថុនោះ ឬ ដោយមិនផ្លាស់ប្ដូរលក្ខណៈដើមនៃវត្ថុនោះទេ។ ម្យ៉ាងទៀត ភាគនៃវត្ថុនោះ មិនអាចក្លាយជាកម្មវត្ថុនៃសិទ្ធិឯករាជ្យបានឡើយ។ លើកលែងតែចំពោះអគារ ឬ សំណង់ផ្សេងទៀត ដែលម្ចាស់សិទ្ធិបានសង់នៅលើដី ឬ រុក្ខជាតិ ឬ ដំណាំដែលម្ចាស់សិទ្ធិបានដាំជាអាទិ៍ ឬ វត្ថុដែលត្រូវបានភ្ជាប់ជាមួយនឹងដី ដោយមានគោលបំណងជាបណ្ដោះអាសន្ន មិនត្រូវក្លាយជាសមាសភាគនៃដីបាននោះទេ។ ឧទាហរណ៍ អំពីសមាសភាគនៃវត្ថុគឺមានដូចជា ជើងកៅអីឈើមួយ គឺគ្រាន់តែជាផ្នែកមួយនៃកៅអីឈើ ដែលគេនឹងយកទៅផ្គុំដើម្បីឱ្យក្លាយជាកៅអីមួយពេញលក្ខណៈតែប៉ុណ្ណោះ មិនអាចក្លាយជាកម្មវត្ថុឯករាជ្យ នៃកម្មសិទ្ធិបានជាដាច់ខាត។ ក្រៅពីការបែងចែកដូចបានរៀបរាប់ខាងលើនេះ វត្ថុក៏អាចត្រូវបានបែងចែករវាងវត្ថុចម្បង និងវត្ថុចំណុះ ឬ អាចបែងចែករវាងវត្ថុដើម និងផល ផងដែរ ដែលការបែងចែកនេះ គឺជាទំនាក់ទំនងពិសេសរវាងវត្ថុ និងវត្ថុ។ វត្ថុចម្បង គឺជាវត្ថុដែលបានបកស្រាយខាងលើរួចមកហើយ។ ចំណែកឯ វត្ថុដែលមិនមែនជាសមាសភាគនៃវត្ថុចម្បង ហើយដែលកម្មសិទ្ធិករនៃវត្ថុចម្បង បានភ្ជាប់វត្ថុនោះទៅនឹងវត្ថុចម្បង ក្នុងគោលបំណងសេដ្ឋកិច្ចនៃវត្ថុចម្បងជាបន្តបន្ទាប់នោះ គឺហៅថា វត្ថុចំណុះ។ ការបង្កើត និងការផ្ទេរសិទ្ធិចំពោះវត្ថុចម្បង ត្រូវមានអានុភាពទៅលើវត្ថុចំណុះផងដែរ លើកលែងតែមានការសន្យាពិសេស។ ចំណែកឯវត្ថុដើម និងផលវិញ គឺច្បាប់បានបញ្ញត្តិយ៉ាងជាក់លាក់ថា អត្ថប្រយោជន៍ដែលកើតពីវត្ថុអ្វីមួយ ហៅថា ផល និងវត្ថុដែលបង្កើតផល ហៅថា វត្ថុដើម។ ផល គឺមានពីរប្រភេទដូចជា ផលធម្មជាតិ និងផលស៊ីវិល។ ផលធម្មជាតិ គឺជាផលដែលបានកើតឡើងតាមសភាពធម្មជាតិ ហើយត្រូវបានធ្វើលទ្ធកម្មតាមវិធីប្រើធម្មជាតិ ដូចជា បន្លែ ផ្លែឈើ ផលដំណាំ ជាដើម។ល។ រីឯផលស៉ីវិល គឺជាថ្នូរចំពោះការប្រើប្រាស់វត្ថុណាមួយដូចជា ប្រាក់ថ្លៃឈ្នួល ការប្រាក់ ភាគលាភ ឬ វត្ថុផ្សេងទៀតដែលទទួលស្គាល់ថាជាថ្នូរចំពោះការប្រើវត្ថុ។ កម្មសិទ្ធិករនៃវត្ថុដើម មានសិទ្ធិទទួលបានផល ទាំងផលធម្មជាតិ និងផលស៉ីវិល។ ផលធម្មជាតិ អាចទទួលបាននៅពេលដែលផលធម្មជាតិនោះបានបំបែកពីវត្ថុដើម។ ចំណែកឯផលស៉ីវិល អាចទទួលយកបានទៅតាមអំឡុងពេលដែលមានសិទ្ធិទទួលផលនេះ ដោយគណនាតាមចំនួនថ្ងៃ។ ក្នុងករណីដែលផលត្រូវបានបង្កើតឡើង ដោយអ្នកដទៃ ហើយម្ចាស់កម្មសិទ្ធិនៃវត្ថុដើមបានទទួលផលនោះ ដូច្នេះអ្នកដទៃដែលបានបង្កើតផល ហើយមានករណីយកិច្ចសងផលឱ្យម្ចាស់ដើមខាងលើ គឺអាចទាមទារឱ្យសងសោហ៊ុយធម្មតាក្នុងការបង្កើតផលបាន។ សោហ៊ុយធម្មតានោះ មិនអាចលើសពីតម្លៃនៃផលដែលត្រូវសងឡើយ។ សរុបជារួមមក ការកំណត់អំពីវត្ថុក្នុងក្រមរដ្ឋប្បវេណីឱ្យបានច្បាស់លាស់ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីអាចយកបទប្បញ្ញត្តិណាមួយ មកអនុវត្តលើប្រភេទវត្ថុនោះ ឱ្យត្រឹមត្រូវតាមគោលការណ៍ច្បាប់។ ពីព្រោះ ប្រសិនបើវត្ថុ មិនត្រូវបានកំណត់ និងបែងចែកជាប្រភេទឱ្យបានជាក់លាក់នោះទេ ការអនុវត្តច្បាប់ចំពោះវត្ថុ គឺប្រាកដជាមានភាពច្របូកច្របល់ ហើយការអនុវត្តសិទ្ធិលើវត្ថុនោះ នឹងគ្មានសណ្ដាប់ធ្នាប់ទៅតាមវិធានគតិយុត្តនោះឡើយ៕ រៀបរៀងដោយ៖ លោកស្រីមេធាវី មាស រ៉ាវីន និងលោក សូត្រ សុវណ្ណរាជ្យ ជាជំនួយការផ្នែកសេវាកម្មច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group

2021-12-27 08:42:28