023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ ប្រភេទនៃសាលក្រម និងសាលដីកាក្នុងរឿងក្តីរដ្ឋប្បវេណី

(ភ្នំពេញ)៖ កាលពីសប្ដាហ៍មុន កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទ “ប្រភេទនៃសាលក្រម និងសាលដីកាក្នុងរឿងក្តីព្រហ្មទណ្ឌ” មកធ្វើការបកស្រាយរួចមកហើយ ។ សម្រាប់សប្តាហ៍នេះ យើងនឹងលើកយកប្រធានបទស្ដីពី «ប្រភេទនៃសាលក្រម និងសាលដីកាក្នុងរឿងក្តីរដ្ឋប្បវេណី» មកធ្វើការពន្យល់ និងបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ វិញម្តង ។ សាលក្រម និងសាលដីការដ្ឋប្បវេណី គឺជាប្រភេទនៃសេចក្ដីសម្រេចរបស់តុលាការផ្នែករដ្ឋប្បវេណី ចំពោះបណ្ដឹងរដ្ឋប្បវេណីណាមួយ ។ សាលក្រមរដ្ឋប្បវេណី គឺជាប្រភេទនៃសេចក្ដីសម្រេចរបស់សាលាជម្រះក្ដីរដ្ឋប្បវេណីជាន់ទាប ដែលមានសាលាដំបូងរាជធានី/ខេត្ដ លើបណ្ដឹងរដ្ឋប្បវេណីទាំងឡាយណាដែលស្ថិតនៅក្នុង សមត្ថកិច្ចរបស់ខ្លួន។ ចំពោះ សាលដីការដ្ឋប្បវេណី គឺជាប្រភេទនៃសេចក្ដីសម្រេចចំពោះបណ្ដឹងឧបាស្រ័យផ្នែករដ្ឋប្បវេណីដែលចេញដោយតុលាការជាន់ខ្ពស់ ដែលមានសាលាឧទ្ធរណ៍ និងតុលាការកំពូល។ សាលដីការដ្ឋប្បវេណីរបស់សាលាឧទ្ធរណ៍ ជាសេចក្ដីសម្រេចលើបណ្ដឹងឧទ្ធរណ៍ផ្នែករដ្ឋប្បវេណីទាំងឡាយណា ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន។ ចំណែកឯសាលដីការបស់តុលាការកំពូល គឺជាប្រភេទនៃសេចក្ដីសម្រេចលើបណ្ដឹងសាទុក្ខផ្នែករដ្ឋប្បវេណីទាំងឡាយណា ដែលបានប្ដឹងមកតុលាការកំពូល។ ១៖ សាលក្រមរដ្ឋប្បវេណី របស់សាលាដំបូងរាជធានី/ខេត្ត ជាទូទៅយើងអាចធ្វើការកំណត់ប្រភេទតាមពីរលក្ខខណ្ឌ គឺប្រភេទនៃសាលក្រមក្នុងលក្ខខណ្ឌទូទៅ និងប្រភេទនៃសាលក្រមក្នុងលក្ខខណ្ឌពាក់ព័ន្ធនឹងកាលៈទេសៈនៃការចេញសាលក្រម។ នៅក្នុងលក្ខខណ្ឌជាទូទៅសាលក្រមរដ្ឋប្បវេណីមានពីរប្រភេទ គឺ សាលក្រមចុងក្រោយដែលបញ្ចប់លើបណ្ដឹង និងសាលក្រមចាត់របៀបដែលមិនបញ្ចប់លើបណ្ដឹង។ ចំពោះលក្ខខណ្ឌពាក់ព័ន្ធនឹងកាលៈទេសៈនៃការចេញសាលក្រមវិញ សាលក្រមរដ្ឋប្បវេណីមានពីរប្រភេទគឺ សាលក្រមចំពោះមុខ និងសាលក្រមកំបាំងមុខ ។ ១.១. ប្រភេទនៃសាលក្រមក្នុងលក្ខខណ្ឌទូទៅ៖ * សាលក្រមចុងក្រោយ៖ បណ្ដឹងត្រូវបានចាប់ផ្ដើមដោយការទាមទាររបស់ដើមចោទ តាមរយៈពាក្យបណ្ដឹងសុំឲ្យតុលាការចេញសាលក្រមដែលមានខ្លឹមសារជាកំណត់ណាមួយ ហើយជាគោលការណ៍បណ្ដឹងត្រូវបញ្ចប់ដោយសាលក្រមរបស់តុលាការដែលជាការឆ្លើយតបចំពោះការទាមទាររបស់ដើមចោទនោះ។ នៅពេលនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ និងការពិនិត្យភស្ដុតាងត្រូវបានបញ្ចប់ តុលាការត្រូវកំណត់កាលបរិច្ឆេទសម្រាប់ការប្រកាសសាលក្រម និង ត្រូវប្រកាសសាលក្រម (មាត្រា ១៨០ កថាខណ្ឌទី១ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ។ ពេលដែលសាលក្រមនោះចូលជាស្ថាពរ គោលដៅនៃបណ្ដឹងក៏ត្រូវបានសម្រេច ហើយបណ្ដឹងនោះត្រូវចប់។ ក៏ប៉ុន្ដែសាលក្រមដែលមានអានុភាពបញ្ចប់បណ្ដឹង ចាំបាច់ត្រូវជាសាលក្រមបញ្ចប់រឿងក្ដីទាំងមូល ឬមួយភាគ ។ សាលក្រមដែលបញ្ចប់រឿងក្ដីទាំងមូល ឬ មួយភាគនោះគេហៅថា សាលក្រមចុងក្រោយ ។ * សាលក្រមចាត់របៀប៖ គឺជាសាលក្រមដែលគ្មានអានុភាពបញ្ចប់បណ្ដឹងទេ ដោយគ្រាន់តែជាសេចក្ដីសម្រេចចំពោះចំណុចដែលជាបុរេលក្ខខណ្ឌសម្រាប់ការចេញសាលក្រមចុងក្រោយ ។ សាលក្រមប្រភេទនេះ មានគោលបំណងរៀបចំ និងសម្រួលធ្វើឲ្យការវិនិច្ឆ័យលើបណ្ដឹងមានសណ្ដាប់ធ្នាប់ ហើយតុលាការអាចចេញសាលក្រមនេះបានតែចំពោះចំណុចដែលត្រូវនឹងគោលបំណងនោះតែប៉ុណ្ណោះ ។ យោងមាត្រា ១៨១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ចំណុចដែលអាចចេញសាលក្រមចាត់របៀបបានមាន ៤ គឺ៖ ១៖ សាលក្រមដែលសម្រេចលើអត្ថិភាពនៃការទាមទារក្នុងករណីដែលមានវិវាទលើអត្ថិភាព និងចំនួនទឹកប្រាក់នៃការទាមទារ។ ២៖ សាលក្រមដែលសម្រេចពីមធ្យោបាយតទល់ ឬការពារខ្លួន ដែលអាចវិនិច្ឆ័យដោយឯករាជ្យបាន ។ ៣៖ សាលក្រមដែលសម្រេចអំពីអត្ថិភាព ឬនត្ថិភាពនៃលក្ខខណ្ឌបណ្ដឹង និង ៤៖ សាលក្រមដែលសម្រេចអំពីហេតុដែលទាក់ទងនឹងការបញ្ចប់បណ្ដឹង។ ១.២. ប្រភេទនៃសាលក្រមក្នុងលក្ខខណ្ឌពាក់ព័ន្ធនឹងកាលៈទេសៈនៃការចេញសាលក្រម៖ * សាលក្រមចំពោះមុខ៖ គឺជាប្រភេទនៃសាលក្រមមួយដែលចេញ និងប្រកាសចំពោះមុខដើមចោទ ឬចុងចម្លើយ ឬចំពោះមុខអ្នកតំណាងរបស់ដើមចោទ ឬចុងចម្លើយ ក្នុងករណីដែលភាគី ឬអ្នកតំណាងមានវត្ដមាននៅក្នុងនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ ។ * សាលក្រមកំបាំងមុខ៖ គឺជាប្រភេទនៃសាលក្រមដែលចេញ និងប្រកាសកំបាំងមុខដើមចោទ ឬចុងចម្លើយ ក្នុងករណីដែលដើមចោទ ឬចុងចម្លើយមិនបានបង្ហាញខ្លួននៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលដោយផ្ទាល់មាត់លើកទីមួយ និងនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។ មានន័យថានៅពេលដែលដើមចោទ ឬចុងចម្លើយបានទទួលការកោះហៅពីតុលាការឲ្យចូលក្នុងនីតិវិធីត្រៀមសម្រាប់ការទាយហេតុផលលើកទី១ ហើយដើមចោទ ឬចុងចម្លើយមិនបានចូលរួមតាមកាលបរិច្ឆេទកំណត់ នោះតុលាការអាចបញ្ឈប់នីតិវិធីត្រៀមសម្រាប់ការទាញហេតុផលដោយភ្លាមៗ ហើយកំណត់នូវកាលបរិច្ឆេទលើកទី១ នៃការទាញហេតុផលដោយផ្ទាល់មាត់ ហើយបើដើមចោទ ឬចុងចម្លើយមិនបានបង្ហាញខ្លួន នៅកាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់នេះទៀត នោះតុលាការនឹងច្រានចោលការទាមទារ ឬចាត់ទុកថាបានសារភាព ដោយចេញសាលក្រមកំបាំងមុខ។ ប៉ុន្តែតុលាការមិនអាចចេញសាលក្រមកំបាំងមុខបានឡើយ បើមានករណីណាមួយដូចជា : (១). ភាគីដែលមិនបានបង្ហាញខ្លួន មិនបានទទួលការកោះហៅស្របច្បាប់ (២).ភាគីដែលមិនបានបង្ហាញខ្លួនមានមូលហេតុដែលអាចទទួល ស្គាល់ថា ពិតជាមិនអាចបង្ហាញខ្លួនបានមែនដោយសារគ្រោះមហន្ដរាយធម្មជាតិ ឬ កាលៈទេសៈផ្សេងទៀត ដែលមិនអាចជៀសវាងបាន (៣).បណ្ដឹងមិនស្របច្បាប់ និង (៤).ខ្លឹមសារនៃសេចក្ដីថ្លៃងការណ៍ ដែលដើមចោទបានធ្វើនៅកាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ដែលចុងចម្លើយមិនបានបង្ហាញខ្លួន ហើយខ្លឹមសារនៃសេចក្ដីថ្លៃងការណ៍នោះមិនបានជូនដំណឹងទៅចុងចម្លើយមុនកាល បរិច្ឆេទនោះ (មាត្រា២០២ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ។ ២៖ សាលដីការដ្ឋប្បវេណី៖ គឺជាប្រភេទនៃសេចក្ដីសម្រេចរបស់តុលាការជាន់ខ្ពស់ដែលមានសាលាឧទ្ធរណ៍ និងតុលាការកំពូល។ ប្រភេទនៃសាលដីការដ្ឋប្បវេណី មិនខុសគ្នាពីប្រភេទនៃសាលក្រមប៉ុន្មាននោះទេ តែដោយនៅនីតិវិធីតុលាការជាន់ខ្ពស់ ពុំមាននីតិវិធីត្រៀមសម្រាប់ការទាញហេតុផលដោយផ្ទាល់មាត់នោះទេ ដូចនេះតុលាការជាន់ខ្ពស់ ពិនិត្យតែចំពោះភាពត្រឹមត្រូវ ឬមិនត្រូវនៃបណ្ដឹងឧបាស្រ័យ និងធ្វើការវិនិច្ឆ័យចំពោះសេចក្ដីសម្រេចរបស់តុលាការជាន់ទាប ឬសាលាឧទ្ធរណ៍ដែលត្រូវបានឧបាស្រ័យនោះតែប៉ុណ្ណោះ។ ជាទូទៅប្រភេទនៃសាលដីការបស់សាលាឧទ្ធរណ៍មាន៣ ប្រភេទគឺ (១). សាលដីកាដែលលើកបណ្ដឹងឧទ្ធរណ៍ចោល (២). សាលដីកាច្រានចោលបណ្ដឹងឧទ្ធរណ៍ និង (៣). សាលដីកាទទួលស្គាល់បណ្ដឹងឧទ្ធរណ៍។ ចំពោះប្រភេទនៃសាលដីកាតុលាការកំពូល មាន២ប្រភេទ គឺសាលដីកាច្រានចោលបណ្ដឹងសាទុក្ខ និងសាលដីកាទទួលស្គាល់បណ្ដឹងសាទុក្ខ ដោយចំពោះការលើកចោលបណ្ដឹងសាទុក្ខត្រូវធ្វើឡើងដោយដីកាសម្រេច។ រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក រ៉ាត់ ចាន់ធី សមាជិកស្រាវជ្រាវ និងចងក្រងអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ

2020-04-22 10:00:35

ស្វែងយល់ផ្នែកច្បាប់៖ ប្រភេទសាលក្រម និងសាលដីកាក្នុងរឿងព្រហ្មទណ្ឌ

(ភ្នំពេញ)៖ កន្លងមកជាច្រើនសប្ដាហ៍មកហើយ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទនានាមកធ្វើការផ្សព្វផ្សាយក្នុងគោលបំណង បង្កើនការយល់ដឹងនូវចំណេះដឹងផ្លូវច្បាប់ដល់ប្រជាពលរដ្ឋ និងសិស្សនិស្សិត ហើយសម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់សូមលើកយកប្រធានបទស្ដីពី «ប្រភេទនៃសាលក្រម និងសាលដីកាក្នុងរឿងព្រហ្មទណ្ឌ» មកធ្វើការចែករំលែកដូចតទៅ៖ ក្នុងរឿងក្តីព្រហ្មទណ្ឌ ដើម្បីកំណត់បានថា ជនណាម្នាក់មានទោស ឬ មិនមានទោស គឺអាស្រ័យលើសេចក្តីសម្រេចចុងក្រោយរបស់សាលាជម្រះក្តីនីមួយៗ ដោយត្រូវឆ្លងកាត់នីតិវិធីសវនាការ ដែលក្នុងន័យច្បាប់ត្រូវបានហៅថា “សាលក្រម ឬ សាលដីកា” ។ យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ សេចក្តីសម្រេចចុងក្រោយដែលកំណត់អំពីពិរុទ្ធភាព ឬ ការឲ្យរួចផុតពីបទចោទណាមួយសាលាជម្រះក្តីជាន់ទាប (សាលាដំបូងរាជធានី-ខេត្ត និងតុលាការយោធា) ត្រូវបានហៅថា «សាលក្រម» និងសម្រាប់សាលាជម្រះក្តីជាន់ខ្ពស់ (សាលាឧទ្ធរណ៍ និងតុលាការកំពូល) ត្រូវបានហៅថា «សាលដីកា» ។ តើសាលក្រម និង សាលដីការបស់ស្ថាប័នតុលាការមានប៉ុន្មានប្រភេទ? តើប្រភេទសាលក្រម ឬសាលដីកានីមួយៗខុសគ្នាយ៉ាងដូចម្តេច? សាលក្រម និងសាលដីកាមានពីរប្រភេទដូចគ្នា គឺ (១) សាលក្រម ឬសាលដីកាមុនអង្គសេចក្ដី ឬហៅថា (សាលក្រម ឬសាលដីកាចាត់របៀប) ។ (២) សាលក្រម ឬសាលដីកាអង្គសេចក្ដី រួមមាន៖ សាលក្រម ឬសាលដីកាចំពោះមុខ សាលក្រម ឬសាលដីកាដែលចាត់ទុកថាចំពោះមុខ និងសាលក្រម ឬសាលដីកាកំបាំងមុខ។ (១) សាលក្រម ឬសាលដីកាមុនអង្គសេចក្ដី (សាលក្រម ឬសាលដីកាចាត់របៀប) គឺជាសាលក្រម ឬសាលដីកាដែលសម្រេចអំពីបញ្ហានីតិវិធី ហើយមិនជំនុំជម្រះដល់អង្គសេចក្ដីនោះទេ នៅពេលលេចឡើងនូវអញ្ញាត្រកម្ម ឬអង្គហេតុថ្មី ត្រូវចាត់របៀប។ (២) សាលក្រម ឬសាលដីកាអង្គសេចក្ដី គឺជាសេចក្ដីសម្រេចដែលវិនិច្ឆ័យសេចក្ដីដល់អង្គហេតុ និងអង្គច្បាប់ទាំងមូល ក្រោយបញ្ចប់កិច្ចពិភាក្សាដេញដោល(សវនាការ) រួមមាន៖ * សាលក្រម ឬសាលដីកាចំពោះមុខ គឺជាសាលក្រម ឬសាលដីកា ដែលសម្រេចសេចក្ដីក្នុងករណីដែលជនជាប់ចោទចូលបង្ហាញខ្លួនក្នុងពេលសវនាការ។ សាលក្រម ឬសាលដីកានៅតែចំពោះមុខដដែល បើទោះបីជនជាប់ចោទចាកចេញពីបន្ទប់សវនាការភ្លាមៗក៏ដោយ ។ ម៉្យាងវិញទៀត សាលក្រម ឬសាលដីកាអាចជាចំពោះមុខផងដែរ កាលណាជនជាប់ចោទត្រូវបានសួរចម្លើយនៅទីកន្លែងដែលជននោះនៅ លក្ខខណ្ឌដែលមានចែងក្នុង (មាត្រា៣០៩) នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ ចំពោះដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកទទួលខុសត្រូវរដ្ឋប្បវេណី ដែលបានចូលបង្ហាញខ្លួននៅពេលសវនាការ ឬ មានអ្នកតំណាងដោយត្រឹមត្រូវនោះ សាលក្រម ឬសាលដីកា ត្រូវតែជាសាលក្រម ឬសាលដីកាចំពោះមុខ ។ សាលក្រម ឬសាលដីកាចំពោះមុខដើមបណ្តឹងរដ្ឋប្បវេណី ចំពោះមុខអ្នកទទួលខុសត្រូវរដ្ឋប្បវេណី និងចំពោះមុខជនជាប់ចោទនេះ មិនតម្រូវឲ្យមានការបញ្ជូនឡើយ (មិនចាំបាច់ជូនដំណឹងដល់សាមីជនទាំងនោះទៀតឡើយ) ។ សាលក្រម ឬសាលដីកាចំពោះមុខអាចប្តឹងឧទ្ធរណ៍ និងប្ដឹងសាទុក្ខបាន។ (មាត្រា៣៦០,៣៦៣, ៣៦៤ និងមាត្រា៤២០) នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ * សាលក្រម ឬសាលដីកាដែលចាត់ទុកថាចំពោះមុខ គឺជាសាលក្រម ឬសាលដីកាដែលសម្រេចសេចក្ដី ក្នុងករណីដែលនៅពេលសវនាការជនជាប់ចោទមិនបានចូលមកបង្ហាញខ្លួននៅពេលនោះទេ ប៉ុន្តែសាមីខ្លួនបានដឹងអំពីដីកាបញ្ជូនទៅជំនុំជម្រះផ្ទាល់ ឬបានដឹងពីការកោះហៅហើយនោះ សាលក្រម ឬ សាលដីកា ត្រូវចាត់ទុកថាចំពោះមុខជនជាប់ចោទ។ សាលក្រម ឬសាលដីកាអាចចាត់ទុកថាចំពោះមុខនេះត្រូវឲ្យដំណឹងដល់ជនជាប់ចោទ ហើយអាចប្តឹងឧទ្ធរណ៍ និងប្ដឹងសាទុក្ខបាន។ (មាត្រា៣៦១ និងមាត្រា៤២០) នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ * សាលក្រម ឬសាលដីកាកំបាំងមុខ គឺជាសាលក្រម ឬសាលដីកាសម្រេចសេចក្ដីមួយ នៅពេលសវនាការ ប្រសិនបើជនជាប់ចោទមិនចូលមកបង្ហាញខ្លួននៅពេលនោះទេ ហើយនឹងប្រសិនបើគ្មានភ័ស្តុតាងបង្ហាញឲ្យឃើញថាសាមីខ្លួនដឹងពីដីកាបញ្ជូនខ្លួនទៅជំនុំជម្រះ ឬបានដឹងអំពីការកោះហៅនោះទេ ។ សាលក្រម ឬសាលដីកា ត្រូវប្រកាសដោយកំបាំងមុខជនជាប់ចោទ ។ ម្យ៉ាងវិញទៀត ចំពោះបុគ្គលកោះហៅក្នុងឋានៈជាដើមបណ្ដឹងរដ្ឋប្បវេណី ឬជាអ្នកទទួលខុសត្រូវរដ្ឋប្បវេណី មិនចូលបង្ហាញខ្លួននៅពេលសវនាការ និងគ្មានអ្នកតំណាងត្រឹមត្រូវទេ សាលក្រម ឬសាលដីកាត្រូវសម្រេចដោយកំបាំងមុខដូចគ្នានឹងជនជាប់ចោទដែរ។ សាលក្រម ឬសាលដីកាកំបាំងមុខនេះ ត្រូវឲ្យដំណឹងដល់សាមីជនទាំងនោះ ហើយសាលក្រម ឬសាលដីកានេះអាចប្តឹងទាស់បាន។ (មាត្រា៣៦២,៣៦៣,៣៦៤ និងមាត្រា៤០៩) នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ អត្ថបទនេះរៀបរៀងដោយលោកមេធាវី ឡាន ស៊ីនីត និងកញ្ញា សាវី លីដា សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ

2020-04-22 09:57:12

យល់ដឹងផ្នែកច្បាប់៖ ភាគីក្នុងរឿងក្តីរដ្ឋប្បវេណី

(ភ្នំពេញ)៖ កាលពីពីរសប្តាហ៍មុន កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុម-មេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទស្តីពី “ភាគីក្នុងរឿងក្តីព្រហ្មទណ្ឌ” យកមកបង្ហាញរួចមកហើយ។ ដោយឡែកនៅសប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់បានលើកយកប្រធានបទស្តីពី “ភាគីក្នុងរឿងក្តី រដ្ឋប្បវេណី” យកមកធ្វើការបង្ហាញជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សនិស្សិតឲ្យបានយល់កាន់តែច្បាស់ពីភាពខុស គ្នារវាង “ភាគីក្នុងរឿងក្តីរដ្ឋប្បវេណី” និង “ភាគីក្នុងរឿងក្តីព្រហ្មទណ្ឌ”។ តើនៅពេលមានវិវាទរដ្ឋប្បវេណីមួយកើតឡើង បុគ្គលដែលប្តឹងគេ និងបុគ្គលដែលត្រូវបានគេប្តឹងត្រូវហៅ យ៉ាងដូចម្តេចនៅដំណាក់កាលនៃនីតិវិធីជំនុំជម្រះលើកទី១ ? សមាសភាពភាគីក្នុងរឿងក្តីរដ្ឋប្បវេណីរួមមាន៖ * ដើមចោទ ឬ សហដើមចោទ * ចុងចម្លើយ ឬ សហចុងចម្លើយ * តំណាងអយ្យការ (មិនមែនជាភាគីនោះទេ) ទី១៖ ដើមចោទ ឬ សហដើមចោទ គឺសម្តៅទៅលើបុគ្គលម្នាក់ ឬច្រើននាក់បានដាក់ពាក្យបណ្តឹងទៅតុលាការរដ្ឋប្បវេណី ។ ឧទាហរណ៍ទី១៖ លោក ក បានដាក់ពាក្យបណ្តឹងទៅតុលាការរដ្ឋប្បវេណីប្តឹងទាមទារ ដី មួយកន្លែងពី លោក ខ ដូច្នេះ លោក ក គឺជាដើមចោទ ។ ឧទាហរណ៍ទី២៖ លោក ក,ខ និង គ... បានដាក់ពាក្យបណ្តឹងទៅតុលាការរដ្ឋប្បវេណីប្តឹងទាមទារ ដី មួយកន្លែងពី លោក ឃ ដូច្នេះ ក,ខ និង គ គឺជាសហដើមចោទ ។ ទី២៖ ចុងចម្លើយ ឬ សហចុងចម្លើយ សម្តៅទៅលើបុគ្គលតែម្នាក់ ឬច្រើននាក់ដែលត្រូវបានភាគីម្ខាងទៀតប្តឹងទៅតុលាការរដ្ឋប្បវេណី ។ ឧទាហរណ៍ទី១៖ លោក ក បានដាក់ពាក្យបណ្តឹងទៅតុលាការរដ្ឋប្បវេណីប្តឹងទាមទារ ដី មួយកន្លែងពី លោក ខ ដូច្នេះ លោក ខ គឺជាចុងចម្លើយ ។ ឧទាហរណ៍ទី២៖ លោក ក បានដាក់ពាក្យបណ្តឹងទៅតុលាការរដ្ឋប្បវេណីប្តឹងទាមទារ ដី មួយកន្លែងពី លោក ខ, គ និង ឃ ដូច្នេះ ខ,គ និង ឃ គឺជាសហចុងចម្លើយ ។ ឧទាហរណ៍ទី៣៖ លោក ក ប្តឹងលោក ខ ទាមទារ ដី មួយកន្លែងបន្ទាប់មកមាន លោក គ (ជាតតិយជន) បានប្តឹងលោក ក និង លោក ខ ទៅតុលាការរដ្ឋប្បវេណីដើម្បីទាមទារ ដី នោះដែរ ដូច្នេះលោក ក និង លោក ខ ត្រូវជាសហចុងចម្លើយ វិញ ។ ទី៣៖ តំណាងអយ្យការ ជាទូទៅតំណាងអយ្យការ មិនចាំបាច់ចូលរួមក្នុងនីតិវិធីបណ្តឹងរដ្ឋប្បវេណី នោះទេ ក៏ប៉ុន្តែក្នុងករណីចាំបាច់ត្រូវការពារប្រយោជន៍សាធារណៈ នោះតំណាងអយ្យការអាចចូលរួមក្នុងនីតិវិធីបណ្តឹង រដ្ឋប្បវេណីបាន (យោងតាមបញ្ញត្តិមាត្រា៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ។ មានន័យថាប្រសិនបើសំណុំរឿង រដ្ឋប្បវេណីមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍សាធារណៈ ឬ ពាក់ព័ន្ធនឹងឋានៈបុគ្គលនោះតំណាងអយ្យការអាច មានវត្តមាន ឬ អាចចូលរួមដើម្បីធ្វើការផ្តល់យោបល់ ឬការពារ ឬធ្វើសេចក្តីសន្និដ្ឋានស្នើនៅចំពោះមុខតុលាការរដ្ឋ-ប្បវេណីក្នុងគោលដៅការពារដល់ផលប្រយោជន៍សាធារណៈ។ សូមបញ្ជាក់ថាវត្តមានរបស់តំណាងអយ្យការ នៅក្នុងរឿងក្តីរដ្ឋប្បវេណីមិនមែនជាភាគីនោះទេ ។ ឧទាហរណ៍៖ លោក ក បានរៀបការជាមួយនារី ខ និងបានចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់ ហើយពួកគេមានកូនប្រុសម្នាក់ អាយុ៥ឆ្នាំ។ ក្រោយមកនារី ខ បានដាក់ពាក្យបណ្តឹងលែងលះ ពីលោក ក និង សុំសិទ្ធិអំណាចមេបាលើកូនទៅតុលាការរដ្ឋប្បវេណី ហើយលោក ក ក៏បានទាមទារសិទ្ធិអំណាចមេបាលើកូន ផងដែរ ដូច្នេះក្នុងករណីនេះ លោក ក គឺជាចុងចម្លើយ ចំណែក នារី ខ ជាដើមចោទ ។ ដោយសារតែភាគីទាំងពីរ ទាមទារសិទ្ធិអំណាចមេបាលើកូនរៀងៗខ្លួន ដូច្នេះហើយករណីនេះតម្រូវឲ្យមានការចូលរួមរបស់តំណាងអយ្យការ ក្នុងការការពារប្រយោជន៍ដល់កុមារនោះដោយធ្វើសេចក្តីសន្និដ្ឋានស្នើសុំទៅតុលាការថា គួរប្រគល់សិទ្ធិអំណាច មេបាទៅឲ្យដើមចោទ ឬ ចុងចម្លើយ ទៅតាមការយល់ឃើញរបស់ខ្លួន អំពីផលប្រយោជន៍របស់កូន ថាតើភាគី ណាដែលនឹងមានសមត្ថភាពមើលថែ និងផ្តល់អនាគតឲ្យកូនបានល្អ ។ ទោះយ៉ាងណាក៏ដោយ ការហៅភាគីនីមួយៗខាងលើនេះ គេប្រើប្រាស់នៅក្នុងដំណាក់កាលនីតិវិធីនៃការ ជំនុំជម្រះលើកទី១ (នៅសាលាដំបូងរាជធានី/ខេត្ត) តែប៉ុណ្ណោះ។ ចំពោះការហៅភាគីនៅក្នុងដំណាក់កាលតុលាការ ជាន់ខ្ពស់រួមមានសាលាឧទ្ធរណ៍ និងតុលាការកំពូលគឺមានការកំណត់ផ្សេងពីនេះ។ ដូច្នេះយើងខ្ញុំសង្ឃឹមថាតាម រយៈការបង្ហាញខាងលើប្រជាពលរដ្ឋ និងសិស្សនិស្សិតទាំងអស់នឹងយល់កាន់តែច្បាស់អំពីការប្រើប្រាស់ពាក្យច្បាប់ សម្រាប់ហៅភាគីនីមួយៗ នៅដំណាក់កាលនៃនីតិវិធីជំនុំជម្រះលើកទី១ឲ្យបានត្រឹមត្រូវ។ រៀបចំដោយលោកមេធាវី សេង ឈុនលី អនុប្រធានក្រុមមេធាវី និងលោក លាង ប៊ុនឡេង ជំនួយការច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ

2020-04-22 09:55:35

យល់ដឹងផ្នែកច្បាប់៖ ការកំណត់សមត្ថកិច្ចតុលាការ

(ភ្នំពេញ)៖ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទនានាមកធ្វើការផ្សព្វផ្សាយក្នុងគោលបំណង បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងផ្នែកច្បាប់ ។ សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់សូមលើកយកប្រធានបទស្តីពី “ការកំណត់សមត្ថកិច្ចតុលាការ” មកធ្វើការចែករំលែក តដូចតទៅ៖ នៅពេលដែលបញ្ហាវិវាទកើតឡើង ហើយភាគីមិនអាចរកដំណោះស្រាយតាមការចរចា ឬ ផ្សះផ្សារ ដែលតម្រូវឲ្យជ្រើសរើសយកការដោះស្រាយតាមប្រព័ន្ធតុលាការ តើតុលាការមួយណា ដែលភាគីត្រូវជ្រើសរើសសម្រាប់ដំណើរការរឿងក្តីរបស់ខ្លួន ? តុលាការដែលមានសមត្ថកិច្ច ក្នុងការដោះស្រាយរឿងក្តី គឺត្រូវបានកំណត់ដោយច្បាប់ ប៉ុន្តែ ច្បាប់ក៏បានផ្តល់សិទ្ធិជូនភាគី ក្នុងការជ្រើសរើសតុលាការផងដែរ ។ ខាងក្រោមនេះ គឺជាការបង្ហាញអំពីសមត្ថកិច្ចរបស់តុលាការក្នុងការដោះស្រាយរឿងក្តីរដ្ឋប្បវេណី និងរឿងក្តីព្រហ្មទណ្ឌ ដែលត្រូវបានដកស្រង់ចេញពីលក្ខខណ្ឌផ្លូវច្បាប់ដែលមានបញ្ញត្តិក្នុងក្រមនីតិវិធីរដ្ឋប្បវេណី និងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។ ១៖ ការកំណត់សមត្ថកិច្ចតុលាការក្នុងរឿងក្តីរដ្ឋប្បវេណី៖ តើតុលាការរដ្ឋប្បវេណីត្រូវកំណត់សមត្ថកិច្ចយ៉ាងដូចម្តេច? យោងមាតា្រ៧ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានបញ្ញត្តិថា តុលាការដែលមានសមត្ថកិច្ច គឺជាតុលាការដែលអាចទទួលដោយស្របច្បាប់នូវពាក្យបណ្តឹង ដើម្បីវិនិច្ឆ័យលើរឿងក្តី ហើយចេញសាលក្រម ឬសាលដីកាបាន។ ការកំណត់សមត្ថកិច្ចរបស់តុលាការរដ្ឋប្បវេណីត្រូវបែងចែកជាអាទិ៍៖ ១.១. សមត្ថកិច្ចតាមលំនៅឋាន(មាត្រា៨ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ៖ ដើមចោទអាចដាក់ពាក្យបណ្តឹងទៅតុលាការដែលមានទីតាំងស្ថិតនៅលំនៅឋានរបស់ចុងចម្លើយ ប៉ុន្តែក្នុងករណីដែលចុងចម្លើយពុំមានលំនៅឋាន ឬមានលំនៅឋានមិនពិតប្រាកដនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺផ្អែកលើទីសំណាក់ចុងក្រោយ (កន្លែងស្នាក់នៅចុងក្រោយ)។ ក្នុងករណីពុំមានទីសំណាក់ ឬមានទីសំណាក់មិនពិតប្រាកដ គឺផ្អែកលើលំនៅឋានចុងក្រោយ។ ចំណែកការដាក់ពាក្យបណ្តឹងលើនីតិបុគ្គលក្នុងប្រទេស (ក្រុមហ៊ុន/អង្គការ) ពាក្យបណ្តឹងត្រូវដាក់នៅទីស្នាក់ការ ឬទីកន្លែងសកម្មភាពអាជីវកម្មចម្បង ឬលំនៅឋានរបស់អ្នកតំណាង ឬរបស់អ្នកទទួលភារកិច្ចចាត់ចែងការងារចម្បង បើគ្មានទីស្នាក់ការ ឬទីកន្លែងសកម្មភាពអាជីវកម្ម។ ដោយទ្បែកចំពោះការដាក់ពាក្យបណ្តឹងលើនីតិបុគ្គលបរទេស ពាក្យបណ្តឹងត្រូវដាក់នៅទីស្នាក់ការ ឬទីកន្លែងសកម្មភាពអាជីវកម្មចម្បង ឬលំនៅឋានរបស់អ្នកតំណាងប្រចាំព្រះរាជាណាចក្រកម្ពុជា ឬរបស់អ្នកទទួលភារកិច្ចចាត់ចែងការងារចម្បងក្នុងព្រះរាជាណាចក្រកម្ពុជាបើគ្មានទីស្នាក់ការ ឬទីកន្លែងសកម្មភាពអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ។ ១.២. សមត្ថកិច្ចតុលាការតាមរយៈទ្រព្យសម្បត្តិមានជាអាទិ៍ (មាត្រា៩នៃក្រមនីតិវិធីរដ្ឋប្បវេណី)៖ ក. តុលាការនៃកន្លែងដែលត្រូវអនុវត្តកាតព្វកិច្ច៖ ចំពោះបណ្តឹងទាមទារឲ្យអនុវត្តកាតព្វកិច្ច។ ខ. តុលាការនៃកន្លែងដែលត្រូវបង់ប្រាក់៖ ចំពោះបណ្តឹងទាមទារឲ្យបង់ប្រាក់។ គ. តុលាការនៃកន្លែងដែលជាកម្មវត្ថុនៃការទាមទារ ឬកម្មវត្ថុនៃប្រាតិភោគដែលធានាលើការទាមទារនោះ ឬទ្រព្យសម្បត្តិចុងចម្លើយដែលអាចរឹបអូសបានស្ថិតនៅ៖ ចំពោះបណ្តឹងទាមទារឲ្យអនុវត្តកាតព្វកិច្ចចំពោះបុគ្គលដែលមិនមានលំនៅឋាន ឬពុំមានលំនៅឋានពិតប្រាកដក្នុងព្រះរាជាណាចក្រកម្ពុជា។ ឃ. តុលាការនៃកន្លែងដែលជាកម្មវត្ថុនៃការទាមទារ ឬ កម្មវត្ថុនៃប្រាតិភោគដែលធានាលើការទាមទារនោះ ឬទ្រព្យសម្បត្តិចុងចម្លើយដែលអាចរឹបអូសបានស្ថិតនៅ៖ ចំពោះបណ្តឹងទាមទារឲ្យអនុវត្តកាតព្វកិច្ចចំពោះនីតិបុគ្គល(ក្រុមហ៊ុនឬអង្គការ) ដែលមិនមានទីស្នាក់ការ ឬទីកន្លែងអាជីវកម្ម ឬទីកន្លែងអាជីវកម្ម មិនពិតប្រាកដក្នុងព្រះរាជាណាចក្រកម្ពុជា ។ ង. តុលាការនៃទីស្នាក់ការ ឬទីកន្លែងអាជីវកម្ម៖ ចំពោះបណ្តឹងលើបុគ្គលដែលមានទីស្នាក់ការ ឬ ទីកន្លែងអាជីវកម្មដែលទាក់ទងនឹងសកម្មភាពការងាររបស់ទីស្នាក់ការ ឬទីកន្លែងអាជីវកម្មនោះ ។ ច. តុលាការនៃកន្លែងដែលអំពើអនីត្យានុកូលកើតឡើង៖ ចំពោះបណ្តឹងទាក់ទងនឹងអំពើអនីត្យានុកូល។ ឆ. តុលាការនៃកន្លែងដែលអចលនវត្ថុស្ថិតនៅ៖ ចំពោះបណ្តឹងទាក់ទងនិងអចលនវត្ថុ។ ជ.តុលាការនៃកន្លែងដែលត្រូវចុះបញ្ជី៖ ចំពោះបណ្តឹងទាក់ទងនឹងការចុះបញ្ជី ។ ឈ.តុលាការនៃលំនៅឋានរបស់មរតកជន នៅពេលសន្តិកម្មត្រូវចាប់ផ្តើម ឬ ទីសំណាក់ (ក្នុងករណីមរតកជនមិនមានលំនៅឋានក្នុងព្រះរាជាចក្រកម្ពុជា ឬមិនមានលំនៅឋានពិតប្រាកដ) ឬលំនៅឋានចុងក្រោយ (បើមរតកជនមិនមានទីសំណាក់ ឬមានទីសំណាក់មិនពិតប្រាកដក្នុងព្រះរាជាណាចក្រកម្ពុជា៖ ចំពោះបណ្តឹងទាក់ទងនឹងមរតក។ ក្នុងករណីមានតុលាការច្រើនមានសមត្ថកិច្ចធ្វើការសម្រេចសេចក្តី ភាគីអាចជ្រើសរើសតុលាការមួយក្នុងចំណោមតុលាការ ដែលមានសមត្ថកិច្ចដោយផ្អែកលើកត្តាសេដ្ឋកិច្ច ឬភាពងាយស្រួលក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនក្រោយពេលសម្រេចសេចក្តី។ ១.៣. សមត្ថកិច្ចតុលាការបណ្តឹងទាក់ទងនឹងឋានៈបុគ្គល ដែលជាប្រភេទរឿងក្តីពាក់ព័ន្ធនឹងញាតិ (មាត្រា១០ នៃក្រមនីតិវិធីរដ្ឋប្បវេណី) បណ្តឹងទាក់ទងនឹងឋានៈបុគ្គលមានជាអាទិ៍ បណ្តឹងសុំលែងលះ និងបណ្តឹងសុំបញ្ជាក់អត្ថិភាព ឬនត្ថិភាពនៃបុត្តភាព (ក្រសែញាតិដែលទាក់ទងពីឪពុកម្តាយទៅកូនបង្កើតរបស់ខ្លួន) ត្រូវស្ថិតក្រោមសមត្ថកិច្ចផ្តាច់មុខរបស់តុលាការនៃលំនៅឋាន របស់ភាគីនៃទំនាក់ទំនងឋានៈបុគ្គល ដែលពាក់ព័ន្ធនឹងបណ្តឹងនោះ ឬលំនៅឋាននាពេលដែលភាគីនោះទទួលមរណភាព។ ១.៤. សមត្ថកិច្ចតុលាការដែលមានរឿងក្តីមានការទាមទារច្រើនចំណុច (មាត្រា១១ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ចំពោះបណ្តឹងដែលមានកម្មវត្ថុនៃការទាមទារច្រើនចំណុចហើយស្ថិតនៅកន្លែងផ្សេងគ្នា ដើមចោទមានសិទ្ធិជ្រើសរើសប្តឹងតុលាការមួយណាក៏បានដោយបញ្ចូល ការទាមទារផ្សេងទៀតជាមួយគ្នា។ ១.៥. សមត្ថកិច្ចតុលាការតាមរយៈការព្រមព្រៀង (មាត្រា១៣ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ៖ ភាគីសងខាងនៃបណ្តឹងអាចព្រមព្រៀងគ្នាជាលាយល័ក្ខអក្សរក្នុងការជ្រើសរើសតុលាការដែលខ្លួនចង់ឲ្យធ្វើការវិនិច្ឆ័យរឿងក្តីរបស់ខ្លួន ប៉ុន្តែការព្រមព្រៀងនេះអាចត្រូវបានទទួលស្គាល់លុះត្រាតែ ធ្វើឡើងរវាងពាណិជ្ជករនិងពាណិជ្ជករ ឬនីតិបុគ្គល និងនីតិបុគ្គល ឬពាណិជ្ជករនិងនីតិបុគ្គល (ព្រមព្រៀងបានតែការជំនុំជម្រះលើកទី១ប៉ុណ្ណោះ)។ ១.៦. សមត្ថកិច្ចតុលាការដែលកើតឡើងដោយគ្មានការតវ៉ាពីចុងចម្លើយ (មាត្រា១៤ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ៖ ក្នុងករណីដែលចុងចម្លើយមិនបានធ្វើសកម្មភាពតវ៉ាលើសមត្ថកិច្ចតុលាការដែលភាគីដើមបណ្តឹងបានដាក់ នោះតុលាការដែលទទួលពាក្យបណ្តឹងនោះនឹងក្លាយជាតុលាការមានសមត្ថកិច្ច បន្ទាប់ពីចុងចម្លើយបានធ្វើសេចក្តីដោះសារអំពីអង្គសេចក្តី នៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬបានឆ្លើយទាញហេតុផលអំពីអង្គសេចក្តីនៅក្នុងការទាញហេតុផលផ្ទាល់មាត់រួចហើយ ។ តុលាការកំពូលត្រូវកំណត់សមត្ថកិច្ច ក្នុងករណីដែលតុលាការមានសមត្ថកិច្ចមិនអាចអនុវត្តនូវសិទ្ធិដោយសារច្បាប់ ឬ ហេតុការពិត ឬ ដែនសមត្ថកិច្ចតុលាការមិនពិតប្រាកដ ដោយដីកាសម្រេចតាមពាក្យសុំរបស់ភាគី ។ ២. សមត្ថកិច្ចតុលាការក្នុងរឿងក្តីព្រហ្មទណ្ឌ (មាត្រា៣៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) ៖ ចំពោះរឿងក្តីព្រហ្មទណ្ឌ ជនរងគ្រោះ ឬ ភាគីពាក់ព័ន្ធអាចធ្វើការដាក់ពាក្យបណ្តឹងនៅ៖ ២.១. តុលាការ (អយ្យការអមសាលាដំបូង) នៃកន្លែងដែលមានការប្រព្រឹត្តបទល្មើស ២.២. តុលាការ (អយ្យការអមសាលាដំបូង) នៃលំនៅរបស់ជនដែលត្រូវគេសង្ស័យថា បានប្រព្រឹត្តបទល្មើស ២.៣. តុលាការ (អយ្យការអមសាលាដំបូង) នៃទីកន្លែងចាប់ខ្លួនជនដែលត្រូវបានសង្ស័យថា បានប្រព្រឹត្តបទល្មើស។ រៀបចំដោយលោកមេធាវី ម៉េង វណ្ណីសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាមេធាវីនៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ និងលោក ថន យូសៀង សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយច្បាប់៕

2020-04-22 09:54:20

យល់ដឹងផ្នែកច្បាប់៖ បណ្តឹងអាជ្ញា

(ភ្នំពេញ)៖ សប្តាហ៍កន្លងមក កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិបានលើកយកប្រធានបទ ស្តីពី “បណ្តឹងរដ្ឋប្បវេណី” មកធ្វើការបកស្រាយសម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់សូមលើកយកប្រធានបទស្តីពី «បណ្តឹងអាជ្ញា» មកធ្វើការឆ្លុះបញ្ចាំងជូនបងប្អូនប្រជាពលរដ្ឋវិញម្តង។ ជាធម្មតានៅក្នុងសង្គមមួយ បើទោះបីជាមានសុខសន្តិភាពពេញលេញ និងសន្តិសុខសង្គមល្អ ប៉ុន្តែ សកម្មភាពអសកម្ម និងអវិជ្ជមានមួយចំនួននៅតែអាចកើតមាន តាមរយៈទង្វើរបស់បុគ្គល ឬ ក្រុមបុគ្គលមួយចំនួន ដែលបង្កឲ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ។ នៅពេលហេតុការណ៍អាក្រក់ខាងលើ កើតឡើង រដ្ឋត្រូវមានតួនាទីក្នុងការការពារ និងធានានូវសណ្តាប់ធ្នាប់សាធារណៈ តាមរយៈការចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល និងក្រុមបុគ្គលដែលបានប្រព្រឹត្តនូវអំពើទាំងនោះ ។ អំពើដែលបង្កឲ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងប្រយោជន៍ទូទៅរបស់សង្គម ហើយត្រូវបានកំណត់ជាបទល្មើសព្រហ្មទណ្ឌ បុគ្គលដែលប្រព្រឹត្តនឹងត្រូវផ្តន្ទាទោសតាមច្បាប់ តាមរយៈដំណើរការនៃបណ្តឹងអាជ្ញា ។ តើបណ្តឹងអាជ្ញាជាអ្វី? ហើយនរណាដែលមានសិទ្ធិធ្វើ និងចាប់ផ្តើមបណ្តឹងអាជ្ញា? បណ្តឹងអាជ្ញា ឬជាទូទៅត្រូវបានហៅថា «បណ្តឹងព្រហ្មទណ្ឌ» មានគោលបំណងពិនិត្យអត្ថិភាពនៃបទល្មើស បង្ហាញឲ្យឃើញពិរុទ្ធភាពនៃជនល្មើស និងផ្តន្ទាទោសជនដែលបាន ប្រព្រឹត្តិបទល្មើសតាមកំណត់ច្បាប់។ បណ្តឹងអាជ្ញាត្រូវអនុវត្តលើបុគ្គលគ្រប់រូប ទាំងរូបវន្តបុគ្គល ទាំងនីតិបុគ្គល ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។ យោងតាមមាត្រា១៣១ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិថា «មានតែអង្គការអយ្យការទេដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា» ដូច្នេះការធ្វើបណ្តឹងអាជ្ញាគឺជាសិទ្ធិផ្តាច់មុខរបស់ស្ថាប័នអយ្យការ ហើយបណ្តឹងអាជ្ញានឹងត្រូវចាប់ផ្តើមដំណើរការ ដោយការចោទប្រកាន់ពីបទព្រហ្មទណ្ឌណាមួយដោយអយ្យការ និងសុំឲ្យអនុវត្តច្បាប់នៅចំពោះមុខយុត្តាធិការស៊ើបសួរ និងយុត្តាធិការជំនុំជម្រះ។ ថ្វីត្បិតតែ បណ្តឹងអាជ្ញាត្រូវធ្វើឡើងដោយស្ថាប័នអយ្យការ ដើម្បីធានានូវសណ្តាប់ធ្នាប់សាធារណៈ និងប្រយោជន៍ទូទៅរបស់សង្គម ប៉ុន្តែបុគ្គលដែលទទួលរងគ្រោះដោយផ្ទាល់ ឬ ភាគីពាក់ព័ន្ធនឹងហេតុការណ៍ដែលត្រូវបានកំណត់ក្នុងបណ្តឹងអាជ្ញានោះ មានសិទ្ធិប្តឹងទាមទារសំណងរដ្ឋប្បវេណី ដែលត្រូវបានកំណត់ថា ជាប្រភេទបណ្តឹងរដ្ឋប្បវេណីក្នុងនីតិវិធីព្រហ្មទណ្ឌ ដែលបណ្តឹងរដ្ឋប្បវេណីនេះ មានគោលបំណងឲ្យភាគីរងគ្រោះបានទទួលសំណងជម្ងឺចិត្តធួនល្មមនឹងព្យសនកម្មដែលខ្លួនទទួលរង ។ តើបណ្តឹងអាជ្ញានឹងត្រូវរលត់ដោយសារកត្តាអ្វីខ្លះ? ប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅមានការយល់ច្រឡំថា បណ្តឹងអាជ្ញានឹងត្រូវបញ្ចប់ ឬរលត់នៅពេលដែលជនដែលត្រូវបានសន្មត់ថា បានប្រព្រឹត្តបទល្មើសសងសំណងជម្ងឺចិត្ត ដល់ភាគីរងគ្រោះ ហើយភាគីរងគ្រោះបានដកពាក្យបណ្តឹង (បណ្តឹងរដ្ឋប្បវេណី)។ តាមគោលការណ៍ច្បាប់ បើទោះបីជាសំណងជម្ងឺចិត្តត្រូវបានផ្តល់ជូនភាគីរងគ្រោះហើយក៏ដោយ និងមានការសម្របសម្រួលដកពាក្យបណ្តឹងពីសំណាក់ភាគីរងគ្រោះ ក៏បណ្តឹងអាជ្ញាមិនរលត់ឡើយ។ ការដកបណ្តឹងរដ្ឋប្បវេណីរបស់ភាគីរងគ្រោះ គ្រាន់តែជាការបញ្ចប់នូវការទាមទារ ផ្នែកសំណងរដ្ឋប្បវេណីរបស់ភាគីរងគ្រោះតែប៉ុណ្ណោះ គឺមិនមែនជាកត្តាដែលអាចនាំឲ្យបណ្តឹងអាជ្ញាត្រូវរលត់ទេ។ យោងតាមមាត្រា៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ការរលត់បណ្តឹងអាជ្ញា មានមូលហេតុដូចខាងក្រោម៖ ១៖ មរណភាពនៃជនល្មើស កាលណាជនល្មើស ជនសង្ស័យ ជនត្រូវចោទ ឬ ជនជាប់ចោទ ដែលកំពុងស្ថិតក្នុងបណ្តឹងអាជ្ញាមួយ ហើយជននោះបានទទួលមរណៈភាព នឹងនាំឲ្យបណ្តឹងអាជ្ញាដែលកំពុងតែមានលើជននោះត្រូវរលត់ ហើយដំណើរការទាំងឡាយនៃនីតិវិធីនឹងបិទត្រូវបញ្ចប់ ។ ២៖ ការផុតអាជ្ញាយុកាល អាជ្ញាយុកាល គឺជាពេលវេលាកំណត់មួយដែលមានចែងក្នុងច្បាប់ អំពីរយៈពេលដែលអាចធ្វើ ឬ ចាប់ផ្តើមបណ្តឹងអាជ្ញាបាន ។ ប្រសិនបើសកម្មភាពល្មើសមួយត្រូវបានកើតឡើង ដែលនាំឲ្យការគិតអំពីអាជ្ញាយុកាលនៃបទល្មើសត្រូវបានចាប់ផ្តើម ហើយដល់រយៈកំណត់នៅតែមិនមានបណ្តឹងអាជ្ញាណាមួយត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងសកម្មភាពនោះ នោះនាំឲ្យបណ្តឹងអាជ្ញាត្រូវរលត់ ដោយមូលហេតុនៃការផុតអាជ្ញាយុកាល ។ អាជ្ញាយុកាលមានរយៈពេលខុសៗតាមប្រភេទបទល្មើស សម្រាប់បទល្មើសលហុអាជ្ញាយុកាលមានរយៈពេល ០១ (មួយ) ឆ្នាំ, បទល្មើសមជ្ឈិមមានអាជ្ញាយុកាល ៥ (ប្រាំ) ឆ្នាំ និងបទឧក្រិដ្ឋមានអាជ្ញាយុកាល ១៥ (ដប់ប្រាំ) ឆ្នាំ ។ ប៉ុន្តែ មានបទឧក្រិដ្ឋធ្ងន់ធ្ងរមួយចំនួនច្បាប់មិនមានកំណត់អាជ្ញាយុកាលនោះទេ ដូចជាបទល្មើសប្រល័យពូជសាសន៍ បទល្មើសប្រឆាំមនុស្សជាតិ និងបទល្មើសឧក្រិដ្ឋកម្មសង្រ្គាមជាដើម ។ ៣. ការលើកលែងទោសជាទូទៅ ការលើកលែងទោសជាទូទៅ ខុសពីកាលលើកលែងទោសដោយជារាជានុសិទ្ធិរបស់ព្រះមហាក្សត្រដែលមានចែងក្នុងច្បាប់ ដែលជាទូទៅធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងឳកាសនៃព្រះរាជពិធីបុណ្យជាតិធំៗ ។ បណ្តឹងអាជ្ញាមួយអាចនឹងត្រូវរលត់តាមរយៈការលើកលែងទោសជាទូទៅ ដែលការលើកលែងទោសនេះ សំដៅលើការធ្វើច្បាប់ដែលអនុម័តដោយរដ្ឋសភា សម្រាប់លើកលែងទោស ឬ លុបចោលនូវប្រភេទបទល្មើសណាមួយដែលនាំឲ្យបណ្តឹងអាជ្ញាដែលកំពុងដំណើរការក្នុងនីតិវិធីនឹងត្រូវរលត់ ។ ៤៖ និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ បណ្តឹងអាជ្ញាមួយត្រូវបានធ្វើឡើងតាមរយៈនៃការចោទប្រកាន់របស់អយ្យការក្នុងបទល្មើសណាមួយ ប៉ុន្តែដោយហេតុថា បទល្មើសដែលត្រូវបានចោទប្រកាន់នោះត្រូវបាននិរាករណ៍ដោយមានច្បាប់ព្រហ្មទណ្ឌថ្មី ហេតុនេះ បណ្តឹងអាជ្ញាដែលធ្វើឡើងដោយឈរលើមូលដ្ឋាននៃបទល្មើសដែលមានចែងក្នុងច្បាប់ចាស់នឹងត្រូវរលត់ ។ ៥៖ អាជ្ញាអស់ជំនុំ កាលណាអង្គហេតុនៃបទល្មើសមួយត្រូវបានកើតឡើងហើយត្រូវបានធ្វើការចោទប្រកាន់ដោយអយ្យការ និងមានការជំនុំជម្រះសេចក្តីរហូតមានសាលក្រម ឬ សាលដីកាស្ថាពរហើយ អង្គហេតុនោះមិនត្រូវបានលើកយកមកធ្វើការចោទប្រកាន់ជាថ្មីបានឡើយ។ មានមូលហេតុមួយចំនួនទៀតនៃការរលត់បណ្តឹងអាជ្ញាផងដែរ កាលណាមានច្បាប់ដោយឡែកបានចែងដោយជាក់លាក់ ដូចជា៖ ១. ដោយការសម្របសម្រួលជាមួយរដ្ឋ (ជាពិសេស ករណីបទល្មើសពន្ធគយ) ២. ដោយការដកពាក្យបណ្តឹង នៅក្នុងករណីដែលពាក្យបណ្តឹងនេះជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ជាបទព្រហ្មទណ្ឌ ។ ៣. ដោយការបង់ប្រាក់ពិន័យសរុប ឬ ប្រាក់ពិន័យសម្របសម្រួល (ករណីបទល្មើសព្រៃឈើខ្លះ)។ រៀបរៀងដោយ៖ លោក ថន យូសៀង និងកញ្ញា សាវី លីដា សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ

2020-04-22 09:52:03

យល់ដឹងផ្នែកច្បាប់៖ ភាគីក្នុងរឿងក្ដីព្រហ្មទណ្ឌ

(ភ្នំពេញ)៖ ស្ថាប័នអយ្យការ គឺជាម្ចាស់បណ្តឹងអាជ្ញា ឬជាទូទៅត្រូវបានហៅថា «បណ្តឹងព្រហ្មទណ្ឌ»។ នេះបើតាមការបកស្រាយក្នុងប្រធានបទ ស្តីពី «បណ្តឹងអាជ្ញា» តាមរយៈកម្មវិធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ នាសប្តាហ៍កន្លងមក។ តើក្រៅពីភាគីអង្គការអយ្យការ មានភាគីណាផ្សេងទៀតក្នុង បណ្តឹងព្រហ្មទណ្ឌ? ឆ្លើយតបនឹងសំណួរនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទ ស្តីពី «ភាគីក្នុងរឿងក្តីព្រហ្មទណ្ឌ» មកធ្វើការពិពណ៌នាដូចតទៅ៖ តួអង្គសំខាន់ៗក្នុងបណ្តឹងព្រហ្មទណ្ឌមាន៖ *អង្គការអយ្យការ *ជនសង្ស័យ ជនល្មើស ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន ឬទណ្ឌិត *ជនរងគ្រោះ *ដើមបណ្តឹងរដ្ឋប្បវេណី *អ្នកទទួលខុសត្រូវរដ្ឋប្បវេណី ទី១៖ អង្គការអយ្យការ (ម្ចាស់បណ្ដឹងអាជ្ញា) អង្គការអយ្យការ ជាម្ចាស់បណ្ដឹងអាជ្ញា មាននៅអមគ្រប់សាលាជម្រះក្តី បំពេញតួនាទីការពារផលប្រយោជន៍ និងសណ្ដាប់ធ្នាប់សាធារណៈ។ នៅពេលពិនិត្យឃើញអង្គហេតុណាមួយ ដែលជាបទល្មើស អយ្យការត្រូវធ្វើការចោទប្រកាន់ និងសុំឲ្យអនុវត្តច្បាប់ចំពោះមុខយុត្តាធិការស៊ើបសួរ និងយុត្តាធិការជំនុំជម្រះ។ ជាទូទៅនៅពេលដែលតំណាងអយ្យការ រួមមាន៖ អគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង បានដឹង ឬបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ឬក៏កំណត់ហេតុពីមន្រ្តីនគរបាលយុត្តិធម៌ ពាក់ព័ន្ធនឹងអំពើល្មើសណាមួយ អាចធ្វើចំណាត់ការតាមជម្រើសពីរយ៉ាង (១) ការធ្វើការចោទប្រកាន់ទៅលើអំពើនោះ ឬ (២) សម្រេចតម្កល់រឿងទុកឥតចាត់ការ។ ករណីតំណាងអយ្យការពិនិត្យឃើញថា អំពើនោះមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ពីបទព្រហ្មទណ្ឌណាមួយ នោះអយ្យការត្រូវធ្វើការចោទប្រកាន់ ហើយអាចជ្រើសរើសបើកការស៊ើបសួរ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងទៅស៊ើបសួរ ឬតាមការបញ្ជូនទៅជំនុំជម្រះផ្ទាល់ តាមរយៈ ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ ឬនីតិវីធីបង្គាប់ឲ្យចូលបង្ហាញខ្លួនភ្លាម តាមរយៈកំណត់ហេតុស្ដីពី ការបង្គាប់ឲ្យចូលបង្ហាញខ្លួនភ្លាម។ ប៉ុន្តែប្រសិនបើអយ្យការយល់ឃើញថា អំពើទាំងនោះពុំមានធាតុផ្សំគ្រប់គ្រាន់ទេ អយ្យការអាចសម្រេចមិនធ្វើការចោទប្រកាន់ ដោយតម្កល់រឿងទុកឥតចាត់ការ តាមរយៈដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការ។ ទី២៖ ជនសង្ស័យ ជនល្មើស ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន ឬ ទណ្ឌិត ជនល្មើស គឺអាចជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តនូវអំពើល្មើសច្បាប់ណាមួយ ដែលខ្លួនត្រូវទទួលខុសចំពោះអំពើរបស់ខ្លួនតាមកំណត់ច្បាប់។ ផ្អែកតាមបញ្ញត្តិ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ការប្រើប្រាស់វាក្យស័ព្ទចំពោះជនដែលប្រព្រឹត្តបទល្មើសនេះ គឺប្រែប្រួលទៅតាមដំណាក់កាលនីមួយៗ នៃនីតិវិធីរបស់បណ្តឹងអាជ្ញាដូចជា នៅក្នុងដំណាក់កាលដំបូង នៃនីតិវីធី នៅពេលជនម្នាក់ ត្រូវបានឃាត់ខ្លួនដោយនគរបាលយុត្តិធម៌គេប្រើពាក្យ «ជនសង្ស័យ ជនជាប់សង្ស័យ ឬក៏ជនល្មើស» តែម្ដង។ នៅដំណាក់កាលអយ្យការ បានចាប់ផ្ដើមធ្វើការចោទប្រកាន់ ជនសង្ស័យប្រែក្លាយទៅជា «ជនត្រូវចោទ» ។ ពាក្យ «ជនត្រូវចោទ» ត្រូវបានប្រើរហូតដល់មានដីកាសម្រេចបញ្ជូនរឿងទៅជំនុំជម្រះ ដោយត្រូវហៅថា «ជនជាប់ចោទ» នេះបើយោងតាមមាត្រា២៩១ កថាខណ្ឌ២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ក្រោយពីមានសេចក្ដីសម្រេចផ្ដន្ទាទោស (សាលក្រម) លើជនជាប់ចោទហើយ គេហៅជនជាប់ចោទថា «ពិរុទ្ធជន» (មាត្រា ៣៦៥ និងមាត្រាបន្តបន្ទាប់ នៃក្រមនីតិវីធីព្រហ្មទណ្ឌ)។ ប្រសិនបើករណី ពិរុទ្ធជនប្ដឹងឧទ្ធរណ៍នឹងសាលក្រម ឬ ប្តឹងសាទុក្ខនឹងសាលដីកា ដែលសម្រេចផ្ដន្ទាទោសខ្លួន គេប្រើពាក្យ «ជនជាប់ចោទ» វិញ។ ម្យ៉ាងវិញទៀត ប្រសិនបើសាលក្រម ឬ សាលដីកាដែលសេចក្ដីសម្រេចផ្ដន្ទាទោសជនជាប់ចោទចូលស្ថាពរ ជននេះត្រូវហៅថា «ទណ្ឌិត» ដែលជាជនត្រូវអនុវត្តទោសក្នុងពន្ធនាគារ។ ទី៣៖ ជនរងគ្រោះ ជនរងគ្រោះ គឺជាបុគ្គលដែលទទួលរងគ្រោះដោយផ្ទាល់ ពីអំពើល្មើសរបស់ជនដែលប្រព្រឹត្តបទល្មើស។ ការខូចខាតដែលជនរងគ្រោះទទួលរង អាចជាព្យសនកម្មខាងរូបកាយ ផ្លូវចិត្ត ទ្រព្យសម្បត្តិ ជាដើម។ នៅក្នុងនីតិវិធី បណ្តឹងព្រហ្មទណ្ឌ ជនរងគ្រោះអាចដាក់ពាក្យបណ្តឹងរដ្ឋប្បវេណី ដើម្បីទាមទារសំណងពីជនល្មើស តាមទំហំនៃព្យសនកម្មដែលខ្លួនទទួលរង។ ទី៤៖ ដើមបណ្តឹងរដ្ឋប្បវេណី ដើមបណ្ដឹងរដ្ឋប្បវេណី មានក្នុងរឿងក្តីព្រហ្មទណ្ឌ នៅពេលដែលជនរងគ្រោះ នៃរឿងក្តីនោះ ជាអនីតិជន ឬ ជនស្ថិតក្រោមរបបអាណាព្យាបាលទូទៅ ឬជនស្ថិតក្រោមហិតូបត្ថម្ភ ដែលតម្រូវឲ្យអ្នកមានសិទ្ធិគ្រប់គ្រងលើជនរងគ្រោះដែលជាអនីតិជន ជនស្ថិតក្រោមរបបអាណាព្យាបាលទូទៅ ឬជនស្ថិតក្រោមហិតូបត្ថម្ភ ឬសិទ្ធិវ័ន្តរបស់ជនរងគ្រោះ អាចតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ដើម្បីទាមទារសំណងរដ្ឋប្បវេណីពីជនល្មើស។ ការតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី ត្រូវធ្វើឡើងក្នុងនាមផលប្រយោជន៍របស់ជនរងគ្រោះ និងអាចធ្វើនៅពេលណាក៏បាន ដរាបណាចៅក្រមមិនទាន់សម្រេចលើអង្គសេចក្ដី។ ទី៥៖ អ្នកទទួលខុសត្រូវរដ្ឋប្បវេណី អ្នកទទួលខុសត្រូវរដ្ឋប្បវេណី គឺជាជនទាំងឡាយណា ដែលច្បាប់តម្រូវឲ្យទទួលខុសត្រូវខាងសំណងរដ្ឋប្បវេណី ចំពោះទង្វើរបស់ជនល្មើស ដែលជននោះកំពុងស្ថិតនៅក្រោមការគ្រប់គ្រង របស់អ្នកទទួលខុសត្រូវរដ្ឋប្បវេណី ដែលច្បាប់ទទួលស្គាល់។ អ្នកទទួលខុសត្រូវរដ្ឋប្បវេណីអាចជា៖ *ឪពុកម្ដាយ ឬ អាណាព្យាបាលរបស់ជនល្មើសដែលជាអនីតិជន *អ្នកមានសិទ្ធិជាអាណាព្យាបាលទូទៅ ឬ ហិតូបត្ថម្ភកៈរបស់ជនល្មើស *សិទ្ធិវ័ន្តរបស់ជនល្មើស *និយោជករបស់ជនល្មើស *ក្រុមហ៊ុនធានារ៉ាប់រង៕

2020-04-22 09:53:07

យល់ដឹងផ្នែកច្បាប់៖ «បណ្ដឹងរដ្ឋប្បវេណី»

(ភ្នំពេញ)៖ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជា សហប្រតិបតិ្តការអន្តរជាតិ ក្នុងសប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «បណ្តឹងរដ្ឋប្បវេណី» មកធ្វើការបកស្រាយដូចតទៅ៖ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ តែងតែមាននូវទំនាក់ទំនង ឬការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ជាប្រចាំដូចជា ទំនាក់ទំនងញាតិ ការពឹងអាស្រ័យគ្នា ឬ តាមរយៈការ ​ប្រកបអាជីវកម្មផ្សេងៗជាអាទិ៍។ ទន្ទឹមនឹងនេះ ទំនាក់ទំនងមួយចំនួនបានបង្កើតឲ្យមានជាវិវាទ តាមរយៈភាពមិនចុះសម្រុងគ្នា បញ្ហាទំនាស់ផលប្រយោជន៍ ភាពមិនស្មោះត្រង់ ការបំពានសិទ្ធិ និងកាតព្វកិច្ចជាដើម។ នៅពេលវិវាទកើតឡើង គូវិវាទ នឹងព្យាយាមស្វែងរកដំណោះស្រាយ តាមរយៈវិធានដូចជាការចរចា ឬ ការសម្រុះសម្រួល ហើយក្នុងករណីដែល វិធានខាងលើនេះ មិនអាចសម្រេច ទៅបាន នោះនីតិវិធីបណ្តឹងតាមផ្លូវតុលាការ គឺជាយន្តការមួយយ៉ាងសំខាន់ និងមានប្រសិទ្ធិភាព ដែលអាចរកដំណោះស្រាយ និងផ្តល់យុត្តិធម៌តាមគោលការណ៍ច្បាប់ជូនគូវិវាទបាន។ ករណីវិវាទ ដែលកើតចេញពីទំនាក់ទំនងដូចរៀបរាប់ខាងលើ ហើយប្រសិនជាត្រូវបានភាគីវិវាទ លើកបណ្តឹងឡើងតាមផ្លូវតុលាការ ដើម្បីរកដោះស្រាយនោះបណ្តឹងនេះ ត្រូវបានហៅថា «បណ្តឹងរដ្ឋប្បវេណី»។ អ្វីទៅជាបណ្ដឹងរដ្ឋប្បវេណី? បណ្តឹងរដ្ឋប្បវេណី គឺជាសិទ្ធិមួយដែលច្បាប់ទទួលស្គាល់ សម្រាប់បុគ្គលឯកជន អាចជារូបវន្តបុគ្គល ឬ ជានីតិបុគ្គល ក្នុងការធ្វើបណ្តឹងទៅស្ថាប័នតុលាការ ឲ្យជួយដោះស្រាយនូវបញ្ហាដែលកើតមានឡើង ក្នុងគោលបំណងទាមទារឲ្យតុលាការចេញសាលក្រមតាមការទាមទារ ដោយផ្អែកតាម ភស្តុតាង និងគតិច្បាប់។ ម្យ៉ាងទៀតបណ្ដឹងរដ្ឋប្បវេណី គឺជាលិខិតលាយល័ក្ខណ៍ អក្សរដែលរៀបចំឡើងដោយដើមចោទ (ម្ចាស់បណ្ដឹង) ធ្វើការអះអាងអំពីអត្ថិភាព ឬនិត្ថិភាពនៃសិទ្ធិទាមទារ តាមច្បាប់សារធាតុ (ច្បាប់នីតិវិធី) ចំពោះឲ្យភាគីម្ខាងទៀត ហៅថាចុងចម្លើយ (អ្នកដែលត្រូវគេប្ដឹង)។ បណ្ដឹងរដ្ឋប្បវេណីមានកម្មវត្ថុ ដើម្បីទាមទារឲ្យតុលាការទទួលស្គាល់អត្ថិភាព ឬនត្ថិភាព នៃសិទ្ធិទាមទារ តាមច្បាប់សារធាតុ។ តើបណ្តឹងរដ្ឋប្បវេណីមានប៉ុន្មានប្រភេទ? បណ្តឹងរដ្ឋប្បវេណីមានបីប្រភេទ រួមមាន ១៖ បណ្តឹងទាមទារឲ្យផ្តល់តាវកាលិក, ២៖ បណ្តឹងទាមទារឲ្យបញ្ជាក់ និង៣៖ បណ្តឹងទាមទារឲ្យបង្កើត កែប្រែ ឬ រំលត់ទំនាក់ទំនងគតិយុត្ត។ ១៖ បណ្តឹងទាមទារឲ្យផ្តល់តាវកាលិក គឺជាបណ្តឹងទាមទារ ឲ្យតុលាការចេញសាលក្រម ដោយបង្គាប់ឲ្យចុងចម្លើយផ្តល់តាវកាលិក (វត្ថុ សកម្មភាព ឬ ជាកម្មវត្ថុនៃកាតព្វកិច្ច) ជាកំណត់មួយ ដោយផ្អែកលើការអះអាងអំពីអត្ថិភាពនៃសិទ្ធិទាមទារតាមផ្លូវច្បាប់។ ការទាមទារក្នុងបណ្តឹងនេះ អាចជាការទាមទារឲ្យប្រគល់ (ប្រាក់ ឬ វត្ថុ) ទាមទារឲ្យធ្វើសកម្មភាពជាកំណត់មួយ (ឧៈ តុលាការបង្គាប់ឲ្យចុងចម្លើយ រុះរើសម្ភារៈចេញពីផ្ទះជួល) ឬ ទាមទារមិនឲ្យធ្វើសកម្មភាពជាកំណត់មួយ (ឧៈ តុលាការបង្គាប់ឲ្យចុងចម្លើយផ្អាកការសាងសង់ផ្ទះ)។ ២៖ បណ្តឹងទាមទារឲ្យបញ្ជាក់ គឺជាបណ្តឹងទាមទារឲ្យតុលាការចេញសាលក្រមបញ្ជាក់នូវអត្ថិភាព ឬនត្ថិភាពនៃសិទ្ធិ ឬទំនាក់ទំនងគតិយុត្ត ដោយផ្អែកលើការអះអាងរបស់ដើមចោទ នូវសិទ្ធិ ឬទំនាក់ទំនងគតិយុត្តណាមួយ ដែលជាការទាមទារតាមផ្លូវបណ្តឹង។ ឧទាហរណ៍៖ ដើមចោទទាមទារ ឲ្យតុលាការចេញសាលក្រម ដែលមានខ្លឹមសារបញ្ជាក់អំពីអត្ថិភាព នៃសិទ្ធិលុបចោលរបស់ដើមចោទ ចំពោះកិច្ចសន្យាលក់ទិញដីរវាងដើមចោទ ជាមួយចុងចម្លើយ។ ៣៖ បណ្តឹងទាមទារឲ្យបង្កើត កែប្រែ ឬ រំលត់ទំនាក់ទំនងគតិយុត្ត គឺជាបណ្តឹងទាមទារ ឲ្យតុលាការចេញសាលក្រមប្រកាសបង្កើតជាថ្មី នូវទំនាក់ទំនងគតិយុត្ត ដោយផ្អែកលើការអះអាង អំពីអត្ថិភាពនៃសិទ្ធិ ឬ អំពីមូលហេតុនៃការបង្កើតទំនាក់ទំនងគតិយុត្តកំណត់មួយ ដែលជាការទាមទារតាមផ្លូវបណ្តឹង។ ឧទាហរណ៍៖ ដើមចោទទាមទារឲ្យតុលាការចេញសាលក្រម ដោយបង្គាប់ឲ្យដើមចោទលែងលះជាមួយចុងចម្លើយ។ តើបណ្តឹងរដ្ឋប្បវេណី ត្រូវធ្វើឡើងក្នុងទម្រង់បែបណា? បណ្តឹងរដ្ឋប្បវេណី ខុសពីបណ្តឹងព្រហ្មទណ្ឌ ដែលជាទូទៅអាចធ្វើឡើងតាមរយៈការរាយការណ៍ អំពីអង្គហេតុដោយផ្ទាល់មាត់ ឬ ការប្តឹងបរិហារទៅសមត្ថកិច្ចដោយផ្ទាល់មាត់។ បណ្តឹងរដ្ឋប្បវេណី ត្រូវធ្វើឡើងជាលាយល័ក្ខណ៍អក្សរ ដែលមានកំណត់យ៉ាងច្បាស់លាស់ក្នុងមាត្រា ៧៥ នៃក្រមនីតិវិធីរដ្ឋប្បវេណី។ ក្រៅពីកំណត់អំពីទម្រង់ជាលិខិតលាយល័ក្ខណ៍អក្សរ មាត្រាខាងលើដដែល ក៏បានកំណត់នូវចំណុចចាំបាច់មួយចំនួន ដែលត្រូវសរសេរក្នុងពាក្យបណ្តឹងរដ្ឋប្បវេណីរួមមាន៖ ឈ្មោះ ឬ នាមករណ៍ និងអាសយដ្ឋានរបស់ភាគី (ដើមចោទ និងចុងចម្លើយ) និងអ្នកតំណាងដែលច្បាប់បានកំណត់ប្រសិនបើមាន ខ្លឹមសារនៃសាលក្រមដែលដើមចោទទាមទារ ឲ្យតុលាការចេញ អង្គហេតុចាំបាច់ ដើម្បីបញ្ជាក់នូវការទាមទារ និងអង្គហេតុដែលជាមូលហេតុនៃការទាមទារ។ ក្នុងករណីដែលពាក្យបណ្តឹង បានធ្វើឡើងខុសពីទម្រង់ ដែលជាលក្ខខណ្ឌច្បាប់តម្រូវដូចរៀបរាប់ខាងលើ តុលាការអាចនឹងចេញដីការសម្រេចឲ្យធ្វើការកែតម្រូវ ក្នុងករណីដែលមិនបាន ធ្វើការកែតម្រូវលើចំណុចខ្វះខាតលើពាក្យបណ្តឹងទេ នោះតុលាការនឹងសម្រេចលើកពាក្យបណ្តឹងចោលនោះ ចោលដោយដីការសម្រេច។ បន្ថែមពីនេះ ទោះបីជាពាក្យបណ្តឹងនោះ ស្របតាមទម្រង់ដែលកំណត់ដោយច្បាប់ខាងលើក៏ដោយ ក៏តុលាការអាចសម្រេចលើកចោលពាក្យបណ្តឹងនោះផងដែរ បើសិនជាពាក្យបណ្តឹង របស់ដើមចោទធ្វើឡើងដោយផ្ទុយច្បាប់ ឬ ករណីបណ្តឹងជាន់គ្នាជាអាទិ៍ពោល គឺដើមចោទមិនមានផលប្រយោជន៍ស្របច្បាប់ណាមួយទាក់ទងនឹងពាក្យបណ្តឹងនោះ៕ រៀបចំដោយលោកមេធាវី ឡាន ស៊ីនីត សមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាមេធាវីនៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ!

2020-04-22 09:50:31

យល់ដឹងផ្នែកច្បាប់៖ សាលាជម្រះក្តី

(ភ្នំពេញ)៖ កម្មវិធីយល់ដឹងផ្នែកច្បាប់សម្រាប់សប្តាហិ៍នេះរបស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី សាលាជម្រះក្តី មកធ្វើការចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ សិស្សនិសិត្សដូចតទៅ៖ យោងតាមមាត្រា៥១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ អំណាចគ្រប់គ្រងរដ្ឋត្រូវបានបែងចែកជាបីដាច់ដោយឡែកពីគ្នា គឺ អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ តុលាការ គឺជាស្ថាប័នឯករាជ្យមួយ ដែលមានអំណាចក្នុងការជំនុំជម្រះគ្រប់រឿងក្តីទាំងអស់ រួមទាំងរឿងក្តីរដ្ឋបាលផង។ អំណាចតុលាការត្រូវបានអនុវត្តតាមរយៈសាលាជម្រះក្តី ដែលត្រូវបានបែងចែកជាពីរជាន់ គឺ សាលាជម្រះក្តីជាន់ទាប មានសាលាដំបូង និងសាលាជម្រះក្តីជាន់ខ្ពស់ មានសាលាឧទ្ធរណ៍ និងតុលាការកំពូល នេះបើយោងតាមមាត្រា៣ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ។ សាលាជម្រះក្តីជាន់ទាប ត្រូវបានដាក់ឲ្យមាននៅគ្រប់រាជធានី-ខេត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវបានហៅថា សាលាដំបូងរាជធានី-ខេត្ត លើកលែងតែករណីខេត្តកំពត និងខេត្តកែប គឺមានសាលាជម្រះក្តីតែមួយរួមគ្នា គឺសាលាដំបូងខេត្តកំពត ។ ជាគោលការណ៍ សាលាជម្រះក្តីជាន់ទាបត្រូវបែងចែកជាតុលាការជំនាញដូចជា តុលាការព្រហ្មទណ្ឌ តុលាការរដ្ឋប្បវេណី តុលាការការងារ និងតុលាការ ពាណិជ្ជកម្មជាដើម ។ ដោយឡែក តុលាការយោធា ក៏ត្រូវបានចាត់ចូលជាសាលាជម្រះក្តីជាន់ទាបផងដែរ ដោយតុលាការនេះមានលក្ខណៈពិសេស ទទួលដោះស្រាយតែទៅលើរឿងក្តីដែលមានចរិតលក្ខណៈ ជាប្រភេទបទល្មើសយោធា។ តុលាការយោធាមានតែមួយប៉ុណ្ណោះ គឺមានទីតាំងក្នុងរាជធានីភ្នំពេញ ប៉ុន្តែមានយុត្តាធិការលើគ្រប់សំណុំរឿងបទល្មើសយោធាទូទាំងប្រទេស ។ សាលាដំបូងរាជធានី-ខេត្ត ដំណើរការទៅដោយមានប្រធាន អនុប្រធាន ចៅក្រម ក្រឡាបញ្ជី និងមន្រ្តីរដ្ឋបាល មន្រ្តីហិរញ្ញវត្ថុ និងអាចមានមន្រ្តីជំនាញផ្នែកច្បាប់ផ្សេងទៀត ។ សាលាដំបូងរាជធានី-ខេត្ត មានតួនាទីក្នុងការស៊ើបសួរ និងជំនុំជម្រះក្តីទៅលើរឿងក្តីទាំងអស់ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន (សមត្ថកិច្ចដែនដី និងសមត្ថកិច្ចដែលកំណត់ដោយច្បាប់) ។ នៅតាមសាលាដំបូងរាជធានី-ខេត្ត មានស្ថាប័ន មួយនៅអមជាមួយហៅថា អយ្យការអមសាលាដំបូង ។ ស្ថាប័នអយ្យការមានមុខងារធ្វើបណ្តឹងអាជ្ញា និងស្នើសុំឲ្យអនុវត្តច្បាប់នៅមុខយុត្តាធិការស៊ើបសួរ និងយុត្តាធិការជំនុំជម្រះ ព្រមទាំងអនុវត្តមុខងារផ្សេងទៀតដែលច្បាប់បានកំណត់ ។ ស្ថាប័ននេះក៏មានតួនាទីជំរុញការអនុវត្តច្បាប់ និងធានាសណ្តាប់ធ្នាប់សាធារណៈផងដែរ។ ស្ថាប័នអយ្យការអមសាលាដំបូង រួមមាន ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី មន្រ្តីរដ្ឋបាល និងអាចមានមន្ត្រីជំនាញផ្នែកច្បាប់ផ្សេងទៀត ។ ការជំនុំជម្រះរឿងក្តី ឬ ការសម្រេចសេចក្តីរបស់សាលាដំបូងរាជធានី-ខេត្ត អាចធ្វើឡើងដោយចៅក្រមទោល (ម្នាក់) ឬ ដោយក្រុមប្រឹក្សាជំនុំជម្រះ (ចៅក្រមបីរូប) ដោយមានក្រឡាបញ្ជីជាអ្នកកត់ត្រា ចូលរួមដោយតំណាងអយ្យការ និងមេធាវីតំណាង ឬ ការពារសិទ្ធិឲ្យភាគី ដោយអនុលោមតាមបទប្បញ្ញត្តិស្តីពីនីតិវិធីរដ្ឋប្បវេណី នីតិវិធីព្រហ្មទណ្ឌ ឬ បទប្បញ្ញត្តិស្តីពីនីតិវិធីផ្សេងទៀត។ ដោយឆ្លងកាត់ការជំនុំជម្រះក្តី សាលាដំបូងត្រូវចេញសេចក្តីសម្រេចចុងក្រោយរបស់ខ្លួន ដែលត្រូវបានហៅថា «សាលក្រម»។ ភាគីដែលមិនសុខចិត្តនឹងការសម្រេចសេចក្តីដែលមានក្នុងសាលក្រម អាចប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។ ចំពោះសាលាជម្រះក្តីជាន់ខ្ពស់ ត្រូវបានបែងចែកជាពីរ គឺសាលាឧទ្ធរណ៍និងតុលាការកំពូល។ សាលាឧទ្ធរណ៍ គឺជាសាលាជម្រះក្តីថ្នាក់ទីពីរ ដែលជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍ និងបណ្តឹងជំទាស់លើសេចក្តីសម្រេចរបស់តុលាការជាន់ទាប។ សាលាឧទ្ធរណ៍ត្រូវបានបែងចែកជា សាលាឧទ្ធរណ៍ភ្នំពេញ និង សាលាឧទ្ធរណ៍តំបន់ ប៉ុន្តែបច្ចុប្បន្ននេះ យើងមានតែសាលាឧទ្ធរណ៍ភ្នំពេញតែមួយប៉ុណ្ណោះ គឺពុំទាន់បានបង្កើតសាលាឧទ្ធរណ៍តំបន់នៅឡើយទេ ។ សាលាឧទ្ធរណ៍មានសមាសភាពដូចជា ប្រធាន អនុប្រធាន ចៅក្រម ក្រឡាបញ្ជី មន្រ្តីរដ្ឋបាល និងអាចមានមន្រ្តីជំនាញច្បាប់ផ្សេងទៀត ។ ដំណើរការជំនុំជម្រះរបស់សាលាឧទ្ធរណ៍ត្រូវធ្វើឡើងតាមរយៈសភាជំនាញ ដែលមានដូចជា សភាស៊ើបសួរ សភាព្រហ្មទណ្ឌ សភារដ្ឋប្បវេណី សភាពាណិជ្ជកម្ម និង សភាការងារជាដើម។ សភាជំនាញនីមួយៗត្រូវមានប្រធានសភា ចៅក្រមប្រឹក្សា និងក្រឡាបញ្ជីរៀងៗខ្លួន។ នៅអមសាលាឧទ្ធរណ៍ក៏មានស្ថាប័នអយ្យការផងដែរ ហើយត្រូវបានហៅថា មហាអយ្យការអមសាលាឧទ្ធរណ៍។ មហាអយ្យការអមសាលាឧទ្ធរណ៍ មានសមាសភាពដូចជា អគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្រ្តីរដ្ឋបាល និងអាចមានមន្រ្តីជំនាញផ្នែកច្បាប់ផ្សេងទៀត ។ សាលាឧទ្ធរណ៍ធ្វើការជំនុំជម្រះដោយក្រុមប្រឹក្សាជំនុំជម្រះ ដែលមានចៅក្រម០៣រូប រួមមានប្រធាន០១រូប និងសមាជិក០២រូប និងមានការចូលរួមដោយក្រឡាបញ្ជីជាអ្នកកត់ត្រា ចូលរួមដោយតំណាងមហាអយ្យការ និងមេធាវីតំណាង ឬ ការពារសិទ្ធិឲ្យភាគី ដោយអនុលោមតាមបទប្បញ្ញត្តិស្តីពីនីតិវិធីរដ្ឋប្បវេណី នីតិវិធីព្រហ្មទណ្ឌ ឬបទប្បញ្ញត្តិ ស្តីពីនីតិវិធីផ្សេងទៀត។ ដោយឡែកសម្រាប់រឿងក្តីដែលត្រូវបានតុលាការកំពូលសម្រេចបង្វិលមកវិញ នោះសាលាឧទ្ធរណ៍ត្រូវធ្វើការជំនុំជម្រះម្តងទៀត ដោយមានក្រុមប្រឹក្សាជំនុំជម្រះ ជាចៅក្រមចំនួន០៥រូប ក្នុងនោះមានប្រធាន០១រូប ហើយចៅក្រមចំនួន០៤រូបទៀត សុទ្ធតែជាចៅក្រមដែលមិនបានចូលរួមជំនុំជម្រះ កាលពីលើកមុន។ សាលាឧទ្ធរណ៍ធ្វើការសម្រេចសេចក្តីដោយពិនិត្យមើលទាំងអង្គហេតុ និងអង្គច្បាប់។ ឆ្លងកាត់នីតិវិធីជំនុំជម្រះ សាលាឧទ្ធរណ៍ត្រូវចេញសេចក្តីសម្រេចចុងក្រោយរបស់ខ្លួន ដែលហៅថា «សាលដីកា» ។ ភាគីដែលមិនពេញចិត្តនឹងសេចក្តីសម្រេចដែលមានក្នុងសាលដីការបស់សាលាឧទ្ធរណ៍ អាចប្តឹងសាទុក្ខទៅតុលាការកំពូល តាមកំណត់ច្បាប់។ តុលាការកំពូលគឺជាសាលាជម្រះក្តីជាន់ខ្ពស់ និងចុងក្រោយបង្អស់ ។ សេចក្តីសម្រេចរបស់តុលាការកំពូល គឺជាសេចក្តីសម្រេចបិទផ្លូវតវ៉ា ។ តុលាការកំពូលមានតែមួយគត់ និងមានទីតាំងនៅរាជធានីភ្នំពេញ ។ សមាសភាពតុលាការកំពូលរួមមាន ប្រធាន អនុប្រធាន ចៅក្រម ក្រឡាបញ្ជី មន្រ្តីរដ្ឋបាល និងអាចមានមន្រ្តីជំនាញផ្នែកច្បាប់ផ្សេងទៀត ។ តុលាការកំពូលមានការបែងចែកជាសភាជំនាញ និងមានស្ថាប័នមហាអយ្យការនៅអមដូចសាលាឧទ្ធរណ៍ផងដែរ ។ តុលាការកំពូលមានសមត្ថកិច្ចជំនុំជម្រះលើបណ្តឹងសាទុក្ខ ដែលមានចៅក្រមចំនួន០៥រូប រួមមានប្រធាន ០១រូប និងចៅក្រមប្រឹក្សាចំនួន ០៤រូប ដោយពិនិត្យ និងសម្រេចទៅលើតែអង្គច្បាប់ប៉ុណ្ណោះ ។ ក្នុងករណីមានបណ្តឹងសាទុក្ខលើកទី២ តុលាការកំពូលធ្វើការជំនុំជម្រះដោយពិនិត្យទាំងអង្គហេតុ និងអង្គច្បាប់ ដោយមានចៅក្រមចំនួន ០៩រូប ក្នុងនោះមានប្រធាន០១រូប និងចៅក្រមប្រឹក្សា០៨រូប ដែលការជំនុំជម្រះនេះ ហៅថា សភាពេញអង្គ ឬ ការជំនុំជម្រះរួមក្រុម ។ សេចក្តីសម្រេចចុងក្រោយរបស់តុលាការកំពូលហៅថា “សាលដីកា” ដែលជាសេចក្តីសម្រេចបិទផ្លូវតវ៉ា និងមានលក្ខណៈស្ថាពរ ។ ទោះបីយ៉ាងណាក៏ដោយ ច្បាប់បានបើកផ្លូវឲ្យមានការប្តឹងជំនុំជម្រះសាជាថ្មី ឬ ជំនុំជម្រះឡើងវិញចំពោះសេចក្តីសម្រេចស្ថាពរផងដែរ ដោយត្រូវបំពេញតាមលក្ខខណ្ឌដែលមានកំណត់ដោយច្បាប់៕ រៀបចំដោយលោកមេធាវី សេង ឈុនលី អនុប្រធានក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ

2020-04-22 09:43:38

យល់ដឹងផ្នែកច្បាប់៖ តើមេធាវីជានរណា?

(ភ្នំពេញ)៖ ជាទូទៅនៅពេលដែលគេនិយាយដល់ពាក្យថា «មេធាវី» នោះគ្រប់គ្នាប្រាកដណាស់ថា គឺសំដៅលើអ្នកច្បាប់ ជាបុគ្គលដែលធ្វើការក្នុងវិស័យច្បាប់។ ប៉ុន្តែនៅក្នុងសង្គម កម្ពុជាបច្ចុប្បន្ន ក៏នៅមានពលរដ្ឋមិនតិចឡើយដែលមិនទាន់យល់ច្បាស់លាស់អំពីតួនាទី និងភារៈកិច្ចរបស់មេធាវី ។ ពលរដ្ឋមួយចំនួននៅយល់ច្រឡំថា មេធាវី គឺជាតួនាទីមួយក្នុងចំណោម តួនាទីដទៃទៀតក្នុងស្ថាប័នតុលាការ ដូចជា ចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីជាដើម ។ ពលរដ្ឋខ្លះរឹតតែភ័ន្តច្រឡំថា មេធាវី គឺជាអ្នកដោះស្រាយ ឬ ជាអ្នកសម្រេចសេចក្តីឲ្យគូវិវាទក្នុងស្ថាប័នតុលាការទៅវិញ។ ដើម្បីជៀសវាងការភ័ន្តច្រឡំ និងពង្រឹងការយល់ដឹងដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សនិសិ្សតគម្រោងបង្កើនការយល់ដឹង ផ្នែកច្បាប់របស់ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សហការជាមួយនឹងអង្គភាពព័ត៌មាន Fresh News សូមលើកយកប្រធានបទ «តើមេធាវីជានរណា?» មកធ្វើការបង្ហាញដូចតទៅ៖ មេធាវីគឺជាវិជ្ជាជីវៈមួយ ដែលមានលក្ខណៈឯករាជ្យ និងសេរី ត្រូវបានបង្កើតឡើងដើម្បីចូលរួមបម្រើវិស័យយុត្តិធម៌ ហើយវិជ្ជាជីវៈនេះអាចប្រព្រឹត្តទៅបានតែក្នុង ក្របខ័ណ្ឌនៃគណៈមេធាវីតែប៉ុណ្ណោះ នេះបើយោងតាមមាត្រា១ នៃច្បាប់ ស្តីពីលក្ខន្តិកៈមេធាវី ។ អាជីព ឬមុខរបរជាមេធាវីនេះ បានកើតមានឡើងតាំងពីសតវត្សរ៍ទី៥ មុនគ្រិស្តសករាជមកម្លេះ នៅឯទីក្រុងអាតែន ប្រទេសកិ្រច ដែលពេលនោះ មេធាវី គឺជាអ្នកប្រកបរបរស៊ីឈ្នួលនិយាយ ឬ ជជែកពិភាក្សាដេញដោលដោយយកកម្រៃ។ ជាបន្តបន្ទាប់វិជ្ជាជីវៈនេះ ត្រូវបានវិវត្តន៍ទៅតាមចរន្តនៃការរីកចម្រើនរបស់ពិភពលោក ហើយត្រូវបានចងក្រងជាបទដ្ឋាននៃក្របខ័ណ្ឌវិជ្ជាជីវៈជាក់លាក់មួយ។ ដោយឡែកសម្រាប់សង្គមកម្ពុជាវិជ្ជាជីវៈមេធាវីទើបតែហូរចូលក្នុងរយៈពេលជាងមួយសតវត្សរ៍ចុងក្រោយនេះតែប៉ុណ្ណោះ។ នៅដើមសតវត្សរ៍ទី២០ អំឡុងទសវត្សរ៍ឆ្នាំ១៩៣០ វិជ្ជាជីវៈមេធាវីត្រូវបានលេចរូបរាងជាផ្លូវការ តាមរយៈព្រះរាជប្រកាសរបស់ព្រះមហាក្សត្រ ប៉ុន្តែនាពេលនោះវិជ្ជាជីវៈនេះ ត្រូវបានគេហៅថា «វិជ្ជាជីវៈស្មាក្តី» ហើយអ្នកអនុវត្ត វិជ្ជាជីវៈនេះហៅថា «អ្នកថណាយក្តី»។ ដោយសារការវិវត្តន៍របស់សង្គមជាតិ ព្រមជាមួយនឹងការដាក់ចេញនូវបទបញ្ញត្តិជាច្រើនដោយរដ្ឋ ដើម្បីធ្វើការគ្រប់គ្រងនូវការវិវត្តន៍ទាំងនោះ បានធ្វើឲ្យវិជ្ជាជីវៈស្មាក្តីកាន់តែផុសអណ្តែតឡើងក្នុងសកម្មភាពសង្គម ដើម្បីចូលរួមសម្របសម្រួលដល់ការប្រាស្រ័យទាក់ទងទាំងក្នុងជីវិតឯកជន និងវិស័យពាណិជ្ជកម្ម របស់ប្រជាពលរដ្ឋ ហើយបន្ទាប់មក វិជ្ជាជីវៈនេះត្រូវបានប្រែក្លាយមកជាវិជ្ជាជីវៈមេធាវី។ យោងតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា ពាក្យថាមេធាវី គឺមកពីពាក្យថា «មេធា» ដែលមានន័យថា “អ្នកប្រាជ្ញ” ។ បច្ចុប្បន្ននេះ វិជ្ជាជីវៈមេធាវីត្រូវបានដាក់ឲ្យស្ថិតនៅក្រោមក្របខ័ណ្ឌនៃវិធានវិជ្ជាជីវៈមេធាវី ដែលរួមមានច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌មេធាវី និងបទបញ្ជាផ្ទៃក្នុងគណៈមេធាវី ។ មេធាវីមិនមែនជាមន្រ្តីក្នុងក្របខ័ណ្ឌតុលាការ ឬ របស់ក្រសួងយុត្តិធម៌ និងរិតតែមិនមែនជាបុគ្គលរដ្ឋ (មន្រ្តីរាជការ) នោះទេ ។ ហេតុដូច្នេះ មេធាវីពុំមានប្រាក់បៀរវត្សឡើយ ហើយការប្រកបអាជីពជាមេធាវីនេះ ក៏មិនមានការកំណត់អាយុ ឬ លក្ខខណ្ឌចូលនិវត្តន៍ឡើយ គឺ អ្នកប្រកបអាជីពមេធាវីអាចប្រកបបានមួយជីវិត លើកលែងតែក្នុងករណីសាមីខ្លួនសុំលាលែង ឬ ទទួលរងវិន័យដោយការលុបឈ្មោះដោយគណៈមេធាវី ឬ ទទួលការផ្តន្ទាទោសព្រហ្មទណ្ឌណាមួយ ។ ដោយសារមេធាវីមិនមែនជាមន្រ្តីរាជការ ហើយក៏មិនមានប្រាក់បៀរវត្ស ដូចនេះ ច្បាប់បានកំណត់ឲ្យមេធាវីបំពេញការងារផ្តល់សេវាកម្មច្បាប់ដោយយកកម្រៃពីអតិថិជន ឬ កូនក្តី ក៏មានដែរករណីដែលមេធាវីផ្តល់សេវាមិនយកកម្រៃ ដូចជាករណី ការពារក្តីជូនជនក្រីក្រតាមការចាត់តាំងរបស់គណៈមេធាវី ឬ តាមការសម្រេចរបស់សាម៉ីខ្លួនមេធាវីផ្ទាល់ ។ ថ្វីត្បិតតែមេធាវី មិនមែនជាមន្រ្តីក្នុងក្របខ័ណ្ឌតុលាការ ឬ ក្រសួងយុត្តិធម៌ ប៉ុន្តែមេធាវីដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមបម្រើវិស័យយុត្តិធម៌ ពង្រឹងនីតិរដ្ឋ និងការពារសិទ្ធិមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ មេធាវី ត្រូវបានប្រគល់សិទ្ធិ និងទទួលការពឹងពាក់ឲ្យការពារដោយកូនក្តី ឬ អតិថិជន ដើម្បីប្រើឲ្យអស់លទ្ធភាពនូវខាងមធ្យោបាយបច្ចេកទេសច្បាប់ ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជូនកូនក្តី និងអតិថិជន ។ ការស្វែងរកមេធាវីធ្វើជាអ្នកតំណាង ឬ ការពារតាមផ្លូវច្បាប់ គឺជាសេរីភាព និងឆន្ទៈរបស់កូនក្តី ប៉ុន្តែ ករណីពិសេសមួយចំនួន ច្បាប់បានកំណត់ថា ត្រូវតែមានមេធាវីជួយការពារក្តីជាដាច់ខាត ដូចជាករណី ជនជាប់ចោទជាអនីតិជន ឬ ជនជាប់ចោទក្នុងបទល្មើសឧក្រិដ្ឋជាដើម ។ ករណីនេះ បើជនជាប់ចោទមិនមានលទ្ធភាពរកមេធាវី តុលាការត្រូវធ្វើការស្នើសុំទៅគណៈមេធាវី ដើម្បីចាត់តាំងមេធាវីមកធ្វើការការពារក្តីជូន ។ អំពីឯករាជ្យភាព និងសេរីរបស់មេធាវី បើយោងតាមមាត្រា១ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ដែលត្រូវបានអនុម័តកាលពីឆ្នាំ១៩៩៥ បានចែងថា «វិជ្ជាជីវៈមេធាវី ជាវិជ្ជាជីវៈឯករាជ្យ និងសេរីដែលចូលរួមបម្រើវិស័យយុត្តិធម៌ វិជ្ជាជីវៈមេធាវីប្រព្រឹត្តទៅបានតែក្នុងក្របខណ្ឌនៃគណៈមេធាវី»។ ខ្លឹមសារនៃមាត្រានេះបានបង្ហាញថា មេធាវីត្រូវប្រកបវិជ្ជាជីវៈដោយឯករាជ្យ មិនស្ថិតក្រោមការគៀបសង្កត់ ឬការបញ្ជាពីបុគ្គលណាមួយទ្បើយ ទោះបីមានការបង្គាប់បញ្ជាពីប្រធានគណៈមេធាវីក៏ដោយ។ ទន្ទឹមនឹងនេះមេធាវីមានសេរីភាពពេញលេញក្នុង ការទទួល ឬមិនទទួលជួបពិគ្រោះយោបល់ជាមួយអតិថិជន ឬបដិសេធមិនទទួលជួយការពាររឿងក្តីណាមួយ ដែលខ្លួនយល់ថាមានលក្ខណៈស្មុគស្មាញ ផ្ទុយនឹងច្បាប់ និងផ្ទុយពីសម្បជញ្ញៈរបស់ខ្លួន។ មេធាវីមានសេរីភាពក្នុងការប្រកបវិជ្ជាជីវៈនៅគ្រប់ទីកន្លែងក្នុងដែនដីព្រះរាជាណាចក្រកម្ពុជា។ ដោយទ្បែកបុគ្គលដែលជាមេធាវីត្រូវស្ថិតក្រោមការគ្រប់គ្រងដោយគណៈមេធាវី ដែលជាស្ថាប័នមួយមានសិទិ្ធតាមផ្លូវច្បាប់ក្នុងការតាមដាន ត្រួតពិនិត្យមេធាវីរូបណាដែលអនុវត្តផ្ទុយនឹងវិធានវិជ្ជាជីវៈ ។ មេធាវីអាចបំពេញតួនាទីដូចខាងក្រោម ៖ * មេធាវីអាចតំណាងកូនក្តីក្នុងរឿងក្តីរដ្ឋប្បវេណីតាមការយល់ព្រមពីកូនក្តី តាមរយៈលិខិតប្រគល់សិទិ្ធជាមេធាវីតំណាងដោយអាណត្តិនៅគ្រប់សាលាជម្រះក្តី និងគ្រប់ដំណាក់កាល នៃនីតិវិធី លើកលែងតែមានបទបញ្ញត្តិច្បាប់ចែងផ្ទុយពីនេះជាពិសេសក្នុងរឿងរដ្ឋប្បវេណី ពាណិជ្ជកម្ម រដ្ឋបាល ការងារ សង្គមកិច្ច។ នៅក្នុងរឿងក្តីខាងលើនេះ មេធាវីដើរតួនាទីយ៉ាងសកម្មក្នុងការស្វែងភស្តុតាងបង្ហាញជូនតុលាការ។ * មេធាវីអាចការពារសិទ្ធិជនសង្ស័យ ជនត្រូវចោទ និងជនចាប់ចោទ តាមរយៈពាក្យសុំពឹងពាក់មេធាវីក្នុងរឿងក្តីព្រហ្មទណ្ឌ ប៉ុន្តែមេធាវីមិនអាចតំណាងជនទាំងនោះបានទ្បើយ លើកលែងតែក្នុងករណីអនុវត្តបទបញ្ញត្តិពិសេសនៃច្បាប់ ។ * មេធាវីអាចតំណាងអ្នកទទួលខុសត្រូវរដ្ឋប្បវេណី និងដើមបណ្តឹងរដ្ឋប្បវេណី តាមរយៈពាក្យសុំពឹងពាក់ និងប្រគល់សិទិ្ធ ។ * មេធាវីជួយការពារកូនក្តីបានដែរនៅចំពោះមុខក្រុមប្រឹក្សាវិន័យ ។ * មេធាវីផ្តល់យោបល់ និងតាក់តែងលិខិតស្នាមផ្សេងៗក្នុងវិស័យគតិយុត្ត ។ * មេធាវីអាចត្រូវបានចាត់តាំងដោយគូក្តី ឬចៅក្រមឲ្យបំពេញមុខងារជាអ្នកផ្សះផ្សារ ឬ ជាអ្នកសម្របសម្រួល ។ មេធាវីនឹងអាចត្រូវបានចាត់តាំងជាអាជ្ញាកណ្តាលបាន លុះត្រាតែមានច្បាប់អនុញ្ញាត។ * ផ្សព្វផ្សាយច្បាប់ ដើម្បីប្រជាពលរដ្ឋយល់ដឹងទូលំទូលាយ និងគាំទ្រការគោរពសិទិ្ធមុនស្ស៕ ចងក្រងដោយ៖ លោកមេធាវី លី រដ្ឋធី និងលោកមេធាវី ម៉េង វណ្ណី ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ គាំទ្រឧបត្ថម្ភដោយ៖ ក្រុមហ៊ុន ឌាន ដា បាយអូ-អេណីជី អ៊ិនវេសម៉ិន

2020-04-22 09:41:49