023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ ទំនាស់ផលប្រយោជន៍ក្នុងក្រមសីលធម៌មេធាវី

(ភ្នំពេញ)៖ វិជ្ជាជីវៈមេធាវី គឺជាវិជ្ជាជីវៈឯករាជ្យ និងសេរី ដែលចូលរួមបម្រើវិស័យយុត្តិធម៌ ហើយវិជ្ជាជីវៈនេះប្រព្រឹត្តទៅបានតែក្នុងក្របខ័ណ្ឌនៃគណៈមេធាវីតែប៉ុណ្ណោះ។ ដើម្បីអាចប្រកបវិជ្ជាជីវៈបាន មេធាវី ត្រូវចុះឈ្មោះក្នុងបញ្ជីរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវអនុលោមតាមវិធានវិជ្ជាជីវៈមេធាវីឱ្យបានខ្ជាប់ខ្ជួន ដែលក្នុងនោះរួមមាន (១)៖ ច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី, (២)៖ ក្រមសីលធម៌មេធាវី, និង (៣)៖ បទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវី។ ក្នុងការបំពេញបេសកកម្មរបស់ខ្លួន មេធាវីមានសេរីភាពក្នុងការសម្រេចចិត្តជ្រើសរើសប្រភេទរឿងក្ដីដែលខ្លួនចង់បំពេញ និងសមាសភាពកូនក្ដីដែលខ្លួនត្រូវការពារ ឬតំណាង ហើយមេធាវីក៏ត្រូវប្រកែក មិនទទួលយកបេសកកម្មទាំងទ្បាយណា ឬអំពើទាំងទ្បាយណាដែលផ្ទុយនឹងច្បាប់ វិធានវិជ្ជាជីវៈ និងសម្បជញ្ញៈរបស់ខ្លួន។ មុននឹងទទួលរឿងក្ដីណាមួយយកមកបំពេញ មេធាវីត្រូវពិចារណាអំពីកត្ដាមួយចំនួនរួមមាន ពេលវេលារបស់ខ្លួនក្នុងការបំពេញបេសកកម្មក្នុងរឿងក្ដីនោះ លទ្ធភាពក្នុងការប្រឹក្សាយោបល់ផ្នែកច្បាប់ ស្វែងរកមធ្យោបាយដោះស្រាយបញ្ហាជូនកូនក្ដី ទិដ្ឋភាពផ្នែកច្បាប់ពាក់ព័ន្ធនឹងសំណុំរឿង និងជាពិសេសគឺបញ្ហាទំនាស់ផលប្រយោជន៍។ ក្នុងករណីដែលមេធាវី បានដឹងថាមានទំនាស់ផលប្រយោជន៍ នៅក្នុងរឿងក្ដី ហើយនៅតែយល់ព្រមទទួលយករឿងក្ដីនោះមកបំពេញទៀត នោះនឹងត្រូវប្រឈមមុខជាមួយទណ្ឌកម្មនានាដែលបានកំណត់ក្នុងវិធានវិជ្ជាជីវៈមេធាវី។ តើកាលៈទេសៈណាខ្លះ ដែលបង្កឱ្យមានទំនាស់ផលប្រយោជន៍? មេធាវីដែលទទួលរឿងក្ដី ដែលមានទំនាស់ផលប្រយោជន៍យកមកបំពេញ នឹងត្រូវប្រឈមជាមួយទណ្ឌកម្មបែបណាខ្លះ? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងធ្វើការចែករំលែកអំពីប្រធានបទទាក់ទងនឹង «ទំនាស់ផលប្រយោជន៍ក្នុងក្រមសីលធម៌មេធាវី» ជូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចតទៅ៖ ពាក្យថា ទំនាស់ផលប្រយោជន៍ មានកំណត់នៅក្នុងនិយមន័យ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលមានន័យថា ផលប្រយោជន៍ជាទឹកប្រាក់ ផលប្រយោជន៍នយោបាយ ផលប្រយោជន៍សម្រាប់គ្រួសារ ឬផលប្រយោជន៍ ផ្ទាល់ខ្លួន ដែលអាចមានឥទ្ធិពលលើទង្វើរបស់ជនណាម្នាក់ ក្នុងការអនុវត្តកាតព្វកិច្ចជាផ្លូវការបស់ខ្លួន។ សម្រាប់ក្រមសីលធម៌ នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១២ ត្រង់មាត្រា ២៥ ក៏បានកំណត់អំពីទំនាស់ផលប្រយោជន៍ ដោយហាមមេធាវីមិនត្រូវទទួលរឿងក្ដីទាំងឡាយដូចខាងក្រោម៖ ១៖ រឿងក្ដីមួយដែលមានមេធាវីខ្លួនឯង ឬក្រុមមេធាវីរបស់ខ្លួន បានជួយបដិភាគី (ភាគីម្ខាងទៀតនៃរឿងក្ដី) ក្នុងការផ្ដល់យោបល់ ឬបានទទួលយល់ព្រមតំណាងឱ្យបដិភាគីរួចហើយ។ ក្នុងន័យនេះ ក្រុមមេធាវី សំដៅទៅលើមេធាវីជាសហការី បំពេញកិច្ចការផេ្សងៗក្នុងនាម និងក្រោមការទទួលខុសត្រូវរបស់សហភាតា ដែលជាប្រធានក្រុមតាមកិច្ចសន្យានៃកិច្ចសហការ។ ក្នុងករណីសមាជិកនៃក្រុមមេធាវីទទួលបេសកកម្ម ក្នុងនាមខ្លួនផ្ទាល់ក្រៅក្រុម មេធាវីនោះត្រូវតែទទួលខុសត្រូវជាមួយអតិថិជនដោយខ្លួនឯង តែបេសកកម្មនោះមិនត្រូវមានទំនាស់ផលប្រយោជន៍ជាមួយក្រុមខ្លួនទេ។ ២៖ នៅពេលដែលផលប្រយោជន៍របស់អតិថិជនម្នាក់ មានទំនាស់ជាមួយផលប្រយោជន៍អតិថិជនម្នាក់ទៀត នៅក្នុងរឿងក្ដីដែលមេធាវី ឬក្រុមមេធាវីរបស់ខ្លួនកំពុងកាន់។ ៣៖ នៅពេលដែលអតិថិជនទាំងពីរ ជាភាគីវិវាទនៅក្នុងរឿងក្ដីតែមួយ។ ៥៖ នៅពេលដែលអតិថិជនម្នាក់ចង់ពឹងពាក់មេធាវី ឬក្រុមមេធាវីរបស់ខ្លួន តែមេធាវី ឬក្រុមមេធាវីនេះធ្លាប់បានទទួលជួយបដិភាគីនៅក្នុងរឿងក្ដីដទៃ ឬមេធាវីបានយល់ព្រមផ្ដល់យោបល់ផ្នែកច្បាប់បន្តទៀត លើកលែងតែរឿងក្ដីចុងក្រោយដែលមេធាវី ឬក្រុមមេធាវីដែលធ្លាប់ពាក់ព័ន្ធនោះ បានកន្លងផុតទៅអស់ រយៈពេល ២ (ពីរ) ឆ្នាំ។ ៦៖ រឿងក្ដីមួយដែលមេធាវី ឬក្រុមមេធាវីរបស់ខ្លួនបានដើរតួជាអាជ្ញាកណ្ដាល អ្នកផ្សះផ្សា ឬអ្នកសម្របសម្រួល ក្នុងទម្រង់នីតិវិធីនៃការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ។ ៧៖ ករណីដែលមេធាវី ឬក្រុមមេធាវី ជាទីប្រឹក្សា ឬធ្លាប់ជាទីប្រឹក្សារបស់អតិថិជនច្រើនគ្នានោះ មេធាវីនឹងអាចទទួលការពារប្រយោជន៍ភាគីណាមួយបាន លុះត្រាតែត្រូវជម្រាបទៅភាគីឯទៀត និងបន្ទាប់ពីទទួលបានការយល់ព្រមសិន ហើយត្រូវប្រុងប្រយ័ត្នកុំឱ្យបាត់បង់នូវភាពថ្លៃថ្នូរ កិត្តិយស និងការសម្ងាត់វិជ្ជាជីវៈ។ ផ្អែកលើមាត្រា៥៩ មាត្រា៦៣ និងមាត្រា៦៤ នៃច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី ប្រសិនបើមេធាវីណាប្រព្រឹត្តល្មើសនឹងវិធាននៃវិជ្ជាជីវៈ ឬប្រព្រឹត្តអំពើណាមួយដែលប៉ះពាល់ដល់សីលធម៌ ឬកិត្តិយសមេធាវី ទោះបីប្រព្រឹត្តក្រៅពីការប្រកបវិជ្ជាជីវៈរបស់ខ្លួនក៏ដោយ មេធាវីនោះនឹងត្រូវទទួលទណ្ឌកម្មជាបទពិន័យ ដែលអាចធ្វើឡើងក្នុងទម្រង់ជា ការព្រមាន ការស្ដីបន្ទោស ការហាមឃាត់ប្រកបវិជ្ជាជីវៈមួយរយៈពេល (មិនអាចលើសពី ២ ឆ្នាំ) ការលុបឈ្មោះចោលពីបញ្ជីនៃគណៈមេធាវី ការលុបឈ្មោះចោលពីបញ្ជីនៃមេធាវីកម្មសិក្សា ឬការហូតងារកិត្តិយស។ ចំពោះ ទោសហាមឃាត់ប្រកបវិជ្ជាជីវៈមួយរយៈពេល អាចព្យួរបាន ប៉ុន្តែបើក្នុងរយៈពេល ៥ ឆ្នាំ ក្រោយពីបានប្រកាសទោសព្យួរនេះ មេធាវី នោះត្រូវបានផ្តន្ទាទោសវិន័យថ្មីមួយទៀត ក្នុងករណីនេះត្រូវអនុវត្តទោសហាមឃាត់ប្រកបវិជ្ជាជីវៈមួយរយៈ ដោយយកទោសថ្មីទៅបូកជាមួយទោសចាស់ដែលបានព្យួរ។ សរុបមក ទំនាស់ផលប្រយោជន៍ក្នុងក្រមសីលធម៌មេធាវី ជាចំណុចសំខាន់មួយដែលមេធាវីគ្រប់រូបគួរពិចារណា ឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការសម្រេចចិត្តទទួលយកការពឹងពាក់ពីកូនក្ដី។ ការគោរពតាមវិធានវិជ្ជាជីវៈមេធាវី ក៏ដូចជាការបដិសេធមិនទទួលរឿងក្ដីណាមួយ ដែលមានទំនាស់ផលប្រយោជន៍ដូចមានរៀបរាប់ខាងលើ គឺជាវិធីសាស្ត្រដ៏ល្អ ក្នុងការបង្ហាញអំពីសេចក្ដីថ្លៃថ្នូរនៃវិជ្ជាជីវៈនេះ ព្រោះមេធាវីត្រូវគិតពីផលប្រយោជន៍របស់កូនក្ដី ធំជាងការគិតពីប្រយោជន៍ផ្ទាល់ខ្លួន និងអាចគេចផុតពីទណ្ឌកម្មជាបទពិន័យ ដែលអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្លួននៅពេលក្រោយ៕ រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងកញ្ញា គន្ធ វិជិតា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៉ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com,ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.

2021-12-21 09:07:17

យល់ដឹងផ្នែកច្បាប់៖ អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល

(ភ្នំពេញ)៖ ប្រជាពលរដ្ឋទូទៅតែងតែមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកជាប្រចាំថ្ងៃ លើការជួញដូរទំនិញដើម្បីប្រកបរបរចិញ្ចឹមជីវិត ។ ក្នុងនោះបំណុលដែលកើតឡើងពីជំនួញ និងការខ្ចីប្រាក់រវាងកូនបំណុល និងម្ចាស់បំណុល មានជាហូរហែជាកត្កាមួយធ្វើឱ្យមានវិវាទប្រសិនបើភាគីណាមួយមិនអនុវត្តកាតព្វកិច្ចរបស់ខ្លួនដែលបានកំណត់។ ដូច្នេះជៀសវាងការធ្វេសប្រហែសបណ្ដាលឱ្យបាត់បង់សិទ្ធិលើបំណុលរបស់ម្ចាស់បំណុល និងខូចប្រយោជន៍កូនបំណុល ក្រមរដ្ឋប្បវេណីបានចែងពីអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល ដើម្បីកាត់បន្ថយនូវបណ្តឹងដែលមិនច្បាស់លាស់ ផុតពេលវេលាប្តឹង និងកំណត់ពេលវេលាជាក់លាក់សម្រាប់ម្ចាស់បំណុលក្នុងការធ្វើបណ្តឹង ជៀសវាងតុលាការចំណាយពេលយូរលើបណ្តឹងទាំងនោះ។ ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់ថា អ្វីទៅជាអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល, កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល» មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម៖ ក្រមរដ្ឋប្បវេណីបានបញ្ញត្តិពីអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល ដូច្នេះសូមធ្វើការបង្ហាញអំពីអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលទូទៅ និងអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលដែលមានអំឡុងពេលខ្លី។ ចំពោះពេលដែលចាប់ផ្ដើមគិតអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល គឺត្រូវគិតចាប់ពីពេលដែលម្ចាស់បំណុលអាចអនុវត្តសិទ្ធិលើបំណុលនោះបាន ពោលគឺ នៅពេលដែលលែងមានឧបសគ្គតាមផ្លូវច្បាប់ ក្នុងការអនុវត្តសិទ្ធិលើបំណុល។ រីឯអំឡុងពេលនៃអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល ទូទៅ មានរយៈពេល ០៥ (ប្រាំ) ឆ្នាំ។ ចំណែកអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលអំពីថ្លៃទំនិញ ឬ ថ្លៃសេវាដែលផលិតករ ឬ ពាណិជ្ជករលក់ ឬ ផ្ដល់ទៅឱ្យអ្នកដែលមិនមែនជាពាណិជ្ជករនោះ អាជ្ញាយុកាលនៃការរំលត់សិទ្ធិនេះ មានអំឡុងពេលត្រឹមតែ ០២ (ពីរ) ឆ្នាំ ប៉ុណ្ណោះ។ ចំពោះសិទ្ធិលើបំណុលដែលចូលជាស្ថាពរ ដោយសាលក្រម ឬ សាលដីកាស្ថាពរ ឬ ដោយការផ្សះផ្សាតាមផ្លូវតុលាការ ឬ ដោយវិធីផ្សេងដែលមានអានុភាពដូចគ្នានឹងសាលក្រមស្ថាពរ ទោះបីជាមានបញ្ញត្តិដែលកំណត់អំឡុងពេលនៃអាជ្ញាយុកាលតិចជាង ០៥ (ប្រាំ) ឆ្នាំក៏ដោយ ក៏អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលស្ថាពរនោះ ត្រូវមានអំឡុងពេល ០៥ (ប្រាំ) ឆ្នាំ ដោយគិតចាប់ពីពេលដែលសិទ្ធិលើបំណុលនោះចូលជាស្ថាពរដែរ។ ប្រសិនបើនិយាយពីអានុភាពនៃអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលវិញ គឺមានអានុភាពប្រតិសកម្ម (អនុភាពនៃលក្ខខណ្ឌគតិយុត្តដែលមានទៅលើសកម្មភាពពីអតីតកាល) ចាប់តាំងពីថ្ងៃដែលចាប់ផ្ដើមគិតអាជ្ញាយុកាល មានន័យថា បើអាជ្ញាយុកាលនោះបានកន្លងផុត ដូច្នេះ សិទ្ធិលើបំណុលត្រូវបានរំលត់ដោយប្រតិសកម្មចាប់ពីថ្ងៃដែលចាប់ផ្ដើមគិតអាជ្ញាយុកាលមកម្ល៉េះ ហើយនឹងនាំឱ្យកូនបំណុលរួចផុតពីកាតព្វកិច្ច ឬ សំណងនៃការខូចខាតផ្សេងៗទៀតដែលបានកើតឡើងនៅក្នុងអំឡុងពេលចាប់ផ្ដើមគិតអាជ្ញាយុកាលនេះ។ អ្នកដែលមានសិទ្ធិអាចលើកឡើងនូវអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលនោះ គឺមានដូចជាកូនបំណុល ឬ កូនបំណុលដោយសាមគ្គីភាព អ្នកធានាបំណុល អ្នកធានាបំណុលដោយវត្ថុ តតិយជនដែលបានធ្វើលទ្ធកម្ម និងបុគ្គលដែលមានផលប្រយោជន៍ត្រឹមត្រូវតាមផ្លូវច្បាប់។ ជាគោលការណ៍ ការលើកឡើងពីអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល អាចត្រូវបានតវ៉ាដោយម្ចាស់បំណុលបាន ដោយយោងលើមូលហេតុដែលរួមមានដូចជា ការផ្អាកអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល និង ការបង្អង់អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល។ ការផ្អាកអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល គឺចង់សំដៅដល់ការមិនបន្តដំណើរការនៃអាជ្ញាយុកាល ក្នុងករណីដែលមានហេតុនៃការផ្អាក ដោយចាត់ទុកថាអំឡុងពេលនៃអាជ្ញាយុកាលដែលមានដំណើរការកន្លងមក គឺពុំមានអានុភាពតាមច្បាប់ ។ រីឯហេតុនៃការផ្អាកអាជ្ញាយុកាល មានដូចជា ការទាមទារតាមផ្លូវតុលាការ ឬ ការចូលរួមក្នុងនីតិវិធីក្ស័យធន ឬ ការអនុវត្តសិទ្ធិដែលមានលក្ខណៈប្រហាក់ប្រហែល ឬ សកម្មភាពអនុវត្តដោយបង្ខំ ឬ សកម្មភាពចាត់ចែងការរក្សាការពារ និង ការទទួលស្គាល់កាតព្វកិច្ច ដោយការសងមួយផ្នែក ការបង់ការប្រាក់ ការដាក់ប្រាតិភោគ ឬ វិធីផ្សេង។ ការបង្អង់អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល ជាការមិនបន្តដំណើរការនៃអាជ្ញាយុកាល ក្នុងអំឡុងពេលដែលត្រូវបង្អង់ ពោលគឺគ្រាន់តែជាការធ្វើឡើងដើម្បីពន្យារពេលកុំឱ្យអាជ្ញាយុកាលត្រូវបានផុតរលត់មួយរយៈពេលតែប៉ុណ្ណោះ។ ចំណែកឯមូលហេតុនៃការបង្អង់អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលនោះ រួមមាន ករណីម្ចាស់បំណុលបានធ្វើការដាស់តឿន ករណីអនីតិជន ឬ ជនស្ថិតនៅក្រោមរបបអាណាព្យាបាលទូទៅ ដែលគ្មានអ្នកតំណាងដែលច្បាប់បានកំណត់ក្នុងអំឡុងពេល ០៦ (ប្រាំមួយ) ខែ មុនពេលផុតអំឡុងពេលនៃអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល ករណីបង្អង់ការសម្រេចអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលរវាងប្តីប្រពន្ធ និង ការបង្អង់ការសម្រេចអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលដោយមហន្តរាយធម្មជាតិ។ សរុបជារួមមក អាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល ពិតជាមានសារៈសំខាន់ណាស់ក្នុងការការពារផលប្រយោជន៍ស្របច្បាប់របស់កូនបំណុល ព្រមទាំងតតិយជនផ្សេងទៀត ដែលអាចមានផលប្រយោជន៍ និងមានសារៈសំខាន់សម្រាប់កាត់បន្ថយនូវបញ្ហាលំបាកក្នុងការប្រមូលភស្តុតាង ព្រមទាំងធ្វើឱ្យមានស្ថិរភាព និងរក្សានូវសណ្ដាប់ធ្នាប់សង្គម ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ម្ចាស់បំណុលខ្លាំងណាស់ប្រសិនបើអាជ្ញាយុកាលនេះ ត្រូវបានផុតរលត់រយៈពេលដែលច្បាប់បានកំណត់៕ រៀបរៀងដោយ៖ មេធាវី ទ្រី ស្រីល័ក្ខណ និងលោក សូត្រ សុវណ្ណរាជ្យ ជាជំនួយការផ្នែកសេវាកម្មច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group

2021-12-16 09:19:02

យល់ដឹងផ្នែកច្បាប់៖ ការកំណត់របៀបរាយការណ៍អំពីស្ថានភាពកូនដោយតុលាការ

(ភ្នំពេញ)៖ នៅក្នុងសំណុំរឿងលែងលះ ក្រៅពីការបែងចែកទ្រព្យរួមរបស់ប្តីប្រពន្ធ ប្រសិនបើប្តីប្រពន្ធដែលជាគូភាគីវិវាទនោះមាន កូនជាអនីតិជន (កូនមានអាយុក្រោម១៨ឆ្នាំ) ហើយតុលាការបានកំណត់អ្នកមានអំណាចមេបា គឺជាម្តាយ ជាអាទិ៍ ឪពុកដែលគ្មានអំណាចមេបា ក្រោយការលែងលះ មានសិទ្ធិទទួលព័ត៌មានអំពីស្ថានភាពកូនជាអនីតិជនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម្តាយ តាមរយៈឪពុកនោះស្នើសុំទៅតុលាការ ឬទោះបីជាគ្មានការស្នើសុំក៏ដោយ ក៏តុលាការត្រូវសម្រេចអំពីរបៀបនៃការរាយការណ៍អំពីស្ថានភាពកូននោះផងដែរ បើឪពុកម្តាយដែលបានលែងលះនោះ មិនអាចពិភាក្សាគ្នាអំពីរបៀបនៃការរាយការណ៍អំពីស្ថានភាពកូនបានដោយវិជ្ជមាន។ តើតុលាការអាចកំណត់របៀបរាយការណ៍អំពីស្ថានភាពកូនដោយវិធីណា? ដើម្បីឱ្យយល់កាន់តែច្បាស់ អំពីការកំណត់របៀបរាយការណ៍អំពីស្ថានភាពកូនដោយតុលាការ សម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយវិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកប្រធានបទស្តីពី ការកំណត់របៀបរាយការណ៍អំពីស្ថានភាពកូនដោយតុលាការ មកធ្វើការបកស្រាយ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖ នៅក្នុងករណីខាងលើ ឪពុកដែលគ្មានអំណាចមេបា អាចស្នើសុំទៅតុលាការដោយកំណត់អំពីរបៀបនៃការរាយការណ៍អំពីស្ថានភាពកូន ប៉ុន្តែការស្នើសុំរបស់ឪពុកនោះមិនតម្រូវថាតុលាការត្រូវពិចារណានោះទេ អ្វីដែលតុលាការត្រូវធ្វើការពិចារណាអំពីរបៀបនៃការរាយការណ៍អំពីស្ថានភាពកូន គឺជាខ្លឹមសារ មានលក្ខណៈជាការឱ្យម្តាយដែលជាអ្នកមានអំណាចមេបា ធ្វើសកម្មភាពជាកំណត់មួយ ក្នុងគោលដៅឱ្យឪពុកដែលគ្មានអំណាចមេបា អាចទទួលបានសិទ្ធិទាមទារឱ្យរាយការណ៍អំពីស្ថានភាពកូន បើមានការប្រឆាំង ឬមិនសហការពីម្តាយ។ ជាទូទៅ បុគ្គលដែលគ្មានអំណាចមេបា គឺពិបាកទទួលការសហការពីបុគ្គលដែលមានអំណាចមេបា ពេលចង់បានព័ត៌មានអំពីស្ថានភាពកូនជាក់ស្តែង ហេតុនេះសេចក្តីសម្រេចរបស់តុលាការ ទី១ ត្រូវមានភាពបត់បែន ទី២ មានខ្លឹមសារជាអាជ្ញាបញ្ជា ដូចជា បង្គាប់ឱ្យម្តាយប្រគល់របាយការណ៍ស្តីពីស្ថានភាពកូនឱ្យឪពុក ដើម្បីនៅពេលម្តាយមិនធ្វើ គឺអាចអនុវត្តដោយបង្ខំ និងទី៣ គិតពីប្រយោជន៍របស់កូន។ ផ្អែកលើមូលដ្ឋានទាំងនេះ សេចក្តីសម្រេចបញ្ចប់ករណីការប្រាស្រ័យទាក់ទងកូន អាចមានខ្លឹមសារថា បង្គាប់បញ្ជា តាមវិធី ដូចខាងក្រោម៖ * ទី១.ចំនួនដង៖ រាយការណ៍មួយខែមួយដង នៅរៀងរាល់ចុងខែនីមួយៗ ដោយភ្ជាប់របាយការណ៍ជាលាយលក្ខណ៍អក្សរ * ទី២.វិធីប្រគល់៖ ម្តាយត្រូវប្រគល់របាយការណ៍អំពីស្ថានភាពកូនឱ្យឪពុក នៅទីកន្លែងប្រគល់, ទីកន្លែងប្រគល់ អាស្រ័យលើការពិភាក្សា បើមិនអាចពិភាក្សា គឺទីកន្លែងប្រគល់ដែលនៅជិតកន្លែងកូនស្នាក់នៅ * ទី៣.របៀបជំនួស៖ ក្នុងករណីមិនអាចអនុវត្តតាមការកំណត់ខាងលើនេះទេ ដូចជា ឪពុកឈឺ ឬម្តាយឈឺ ឬជាប់រវល់ ជាអាទិ៍ គូភាគីត្រូវកំណត់ផ្សេងតាមការពិភាក្សា បើមិនអាចពិភាក្សាគ្នា ត្រូវផ្ញើរបាយការណ៍អំពីស្ថានភាពកូនឪពុកតាមរយៈ Messenger ឈ្មោះ #DAD# ជាអាទិ៍។ ប្រសិនបើខ្លឹមសារនៃសេចក្តីសម្រេចបញ្ចប់មិនមានលក្ខណៈបង្គាប់បញ្ជា នៅពេលអ្នកមានអំណាចមេបា មិនសហការជាមួយនឹងអ្នកគ្មានអំណាចមេបា ក្រោយពេលបណ្តឹងបានចប់ និងចូលជាស្ថាពរ នឹងបង្កការលំបាកដល់អ្នកគ្មានអំណាចមេបា ក្នុងការទទួលបានព័ត៌មានអំពីស្ថានភាពកូន នាំឱ្យសិទ្ធិនេះ មិនអាចអនុវត្តជាក់ស្តែង ធ្វើឱ្យគោលបំណងនៃបណ្តឹងដែលថាបញ្ចប់វិវាទដោយសេចក្តីសម្រេចរបស់តុលាការ ជាអាទិ៍ មិនអាចកើតមានឡើងជាក់ស្តែង ហេតុនេះ មានភាពចាំបាច់ត្រូវស្វែងយល់អំពីវិធីនៃការរាយការណ៍អំពីស្ថានភាពកូន មិនមែនបញ្ជាក់ឡើងវិញនៃលក្ខណៈសារធាតុនៃសិទ្ធិនោះទេ ពីព្រោះសិទ្ធិទាមទារឱ្យរាយការណ៍អំពីស្ថានភាពរបស់កូន ច្បាប់ទទួលស្គាល់រួចទៅហើយ ដូចមានកំណត់នៅក្នុងមាត្រា ១០៤១ នៃក្រមរដ្ឋប្បវេណី ប៉ុន្តែអ្វីដែលត្រូវធ្វើ គឺសម្រេចយ៉ាងណាឱ្យលក្ខណៈសារធាតុនៃសិទ្ធិនោះអាចអនុវត្តជាសត្យានុម័ត ប្រសិនបើគ្មានការសហការពីអ្នកមានអំណាចមេបា៕ រៀបរៀងដោយ៖ លោកមេធាវី អ៉ីវ ប៉ូលី គ្រូបង្រៀនច្បាប់នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងជាអ្នកបណ្តុះបណ្តាលនៃកម្មវិធីវិភាគទានច្បាប់

2021-12-06 16:54:16

យល់ដឹងផ្នែកច្បាប់៖ សំណងនៃការខូចខាត

(ភ្នំពេញ)៖ នៅពេលភាគីព្រមព្រៀងគ្នាបង្កើតកិច្ចសន្យា ភាគីត្រូវអនុវត្តតាមសិទ្ធិ និងកាតព្វកិច្ចដូចមានកំណត់ក្នុងកិច្ចសន្យា ប៉ុន្ដែផ្ទុយទៅវិញប្រសិនបើមានភាគីម្ខាងណាមិនអនុវត្តកាតព្វកិច្ចដូចមានកំណត់ក្នុងកិច្ចសន្យាទេ ភាគីម្ខាងទៀតអាចប្រើប្រាស់វិធីសង្គ្រោះចំពោះការមិនអនុវត្តកាតព្វកិច្ចនោះបាន តាមរយៈការទាមទារឱ្យអនុវត្ដដោយបង្ខំ សងសំណងនៃការខូចខាត ឬរំលាយកិច្ចសន្យា។ សំណងនៃការខូចខាតជាវិធីសង្រ្គោះមួយក្នុងចំណោមវិធីសង្គ្រោះផ្សេងៗទៀត ដែលត្រូវបានប្រើប្រាស់ដើម្បីសងការខូចខាតផ្សេងៗដែលម្ចាស់បំណុលទទួលរង ដោយសារការមិនអនុវត្តកាតព្វកិច្ចរបស់កូនបំណុល។ តើអ្វីទៅជាសំណងការខូចខាត? សប្ដាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាព Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី សំណងការខូចខាត មកធ្វើការបង្ហាញជូនបងប្អូន ប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម៖ ជាគោលការណ៍សំណងការខូចខាត ដែលកើតចេញពីការមិនអនុវត្តកាតព្វកិច្ចរបស់កូនបំណុល ត្រូវសងទៅម្ចាស់បំណុលជាប្រាក់ (មាត្រា៤០៤ នៃក្រមរដ្ឋប្បវេណី) ប៉ុន្ដែប្រសិនបើគូភាគីបានសន្យាពិសេសផ្សេងពីនេះ សំណងនៃការខូចខាតអាចត្រូវផ្លាស់ប្ដូរទៅតាមការសន្យាពិសេសរបស់គូភាគីផងដែរ។ ឧទាហរណ៍ ករណីបែកវត្ថុតម្រូវឱ្យជួសជុសវត្ថុនោះវិញ ជាដើម។ កូនបំណុលត្រូវសងសំណងនៃការខូចខាតទៅម្ចាស់បំណុលចំពោះ ការខូចខាតដែលកើតឡើងជាធម្មតា និង ការខូចខាតដែលកើតឡើងដោយ សារកាលៈទេសៈពិសេស។ ការខូចខាតដែលកើតឡើងជាធម្មតា គឺជាការខូចខាតដែលនឹងកើតឡើងដោយសារកូនបំណុលមិនអនុវត្តកាតព្វកិច្ច។ ឧទាហរណ៍ ករណីអ្នកលក់មិនព្រមប្រគល់កម្មវត្ថុនៃការទិញលក់តាមការកំណត់ទៅឱ្យអ្នកទិញ ការបាត់បង់ផលប្រយោជន៍របស់អ្នកទិញដែលកើតចេញ ពីការមិនអនុវត្តកាតព្វកិច្ចរបស់អ្នកលក់ គឺជាការខូចខាតដែលកើតឡើងជាធម្មតា។ ការខូចខាតដែលកើតឡើងដោយសារកាលៈទេសៈពិសេស គឺជាការខូចខាតដែលភាគីអាចព្យាករបានថានឹងអាចកើតមានឡើងនៅពេលធ្វើកិច្ចសន្យា។ ឧទាហរណ៍ កិច្ចសន្យាដឹកជញ្ជូនគំនូរមានតម្លៃខ្ពស់ និងងាយស្រួលធ្វើឱ្យខូចខាត ឬបាត់បង់ ប្រសិនបើអ្នកដឹកជញ្ជូនបានធ្វើឱ្យគំនូរខូចខាត ឬបាត់បង់ដោយ សារកំហុសរបស់ខ្លួន នោះម្ចាស់គំនូរអាចធ្វើការទាមទារសំណងការខូចខាត ដែលមានចំនួនទឹកប្រាក់ច្រើនដោយអះអាងថាការខូចខាតជាការខូចខាត ដែលកើតឡើងដោយសារកាលៈទេសៈពិសេស។ លក្ខខណ្ឌដើម្បីទាមទារសំណងនៃការខូចខាតរួមមាន៖ ការមិនអនុវត្តកាតព្វកិច្ចរបស់កូនបំណុល, អត្ថិភាពនៃការខូចខាត, កំហុសរបស់កូនបំណុល និងទំនាក់ទំនងហេតុនិងផល មានន័យថាការខូចខាតរបស់ម្ចាស់បំណុល គឺកើតចេញពីកំហុសរបស់កូនបំណុលដោយផ្ទាល់ ដែលមិនបានអនុវត្តកាតព្វកិច្ចដូចមានកំណត់ក្នុងកិច្ចសន្យា។ ឧទាហរណ៍ ក និង ខ បានចុះកិច្ចសន្យាទិញលក់ផ្ទះជាមួយគ្នា។ បន្ទាប់ពី ក បានប្រគល់ប្រាក់ថ្លៃទិញផ្ទះចប់សព្វគ្រប់ហើយ ខ មិនបានប្រគល់ផ្ទះតាមការកំណត់ដូចក្នុងកិច្ចសន្យានោះទេ ជាហេតុធ្វើឱ្យ ក ត្រូវជួលផ្ទះសំណាក់ដើម្បីស្នាក់នៅជាបណ្ដោះអាសន្នសិន ហេតុនេះថ្លៃឈ្នួលជួលផ្ទះសំណាក់នោះ គឺជាការខូចខាតរបស់ ក ដែលកើតចេញពីកំហុសដោយផ្ទាល់របស់ ខ ដែលមិនអនុវត្តកាតព្វកិច្ចដូចមានកំណត់ក្នុងកិច្ចសន្យាទិញលក់រវាងភាគីទាំងពីរ។ ម្ចាស់បំណុលអាចទាមទារសំណងការខូចខាតពីកូនបំណុលនូវ៖ ផលប្រយោជន៍ពីការអនុវត្តដែលខ្លួនទទួលបានដោយកិច្ចសន្យា, ចំណាយដែលគ្មានប្រយោជន៍ដោយសារការមិនអនុវត្ដ, ចំណាយដែលបង្កើនឡើងដោយសារការមិនអនុវត្តកាតព្វកិច្ច និងសំណងការខូចខាតខាងផ្លូវចិត្ដ។ ឧទាហរណ៍ ក បានទិញរថយន្ដពី ខ តម្លៃ ២.០០០ USD ដើម្បីលក់បន្ដឱ្យ គ ក្នុងតម្លៃ ៣.០០០ USD។ បន្ទាប់ពី ក បានប្រគល់ប្រាក់ថ្លៃទិញរថយន្ដគ្រប់ចំនួន ខ មិនបានប្រគល់រថយន្ដតាមការកំណត់នោះទេដែលធ្វើឱ្យ ក មិនអាចលក់រថយន្ដបន្ដបាន។ ដោយសារការមិនអនុវត្តកាតព្វកិច្ច ក បានផ្ញើលិខិតជូនដំណឹងដាស់តឿនតាមប្រៃសណីយ៍ និងបានពិគ្រោះយោបល់ជាមួយមេធាវីអស់ចំនួន ៣០០ USD លើសពីនេះទៀត ក បានចំណាយប្រាក់ចំនួន ៥០ USD ឱ្យតតិយជនដើម្បីធ្វើការវាយតម្លៃរថយន្ដមុនពេលចុះកិច្ចសន្យាទិញលក់រថយន្ដ ដូច្នេះ ក អាចទាមទារសំណងនៃការខូចខាតពី ខ នូវទំហំទឹកប្រាក់ ១.០០០ USD (ផលប្រយោជន៍ពីការអនុវត្តដែលខ្លួនទទួលបានដោយកិច្ចសន្យា), ៣០០ USD (ចំណាយដែលបង្កើនឡើងដោយសារការមិនអនុវត្តកាតព្វកិច្ច) និង ៥០ USD (ចំណាយដែលគ្មានប្រយោជន៍ដោយសារការមិនអនុវត្ដ) សរុបចំនួន ១.៣៥០ USD ព្រមទាំងសំណងការខូចខាតខាងផ្លូវចិត្ត (ត្រូវកំណត់តាមឆន្ទានុសិទ្ធិរបស់តុលាការ)។ ម្ចាស់បំណុល និងកូនបំណុល អាចកំណត់ជាមុននូវការសន្យាពិសេសអំពីលក្ខខណ្ឌ និងចំនួនសំណងការខូចខាតដូចជាករណីចែងបញ្ជាក់ថា ប្រសិនបើអ្នកលក់មិនអនុវត្តកាតព្វកិច្ចរបស់ខ្លួនតាមការកំណត់នោះទេ អ្នកលក់ត្រូវទទួលខុសត្រូវការសងសំណងនៃការខូចខាតទោះបីជាអ្នកលក់មានកំហុស ឬគ្មានកំហុស ប៉ុន្ដែចំពោះការសន្យាពិសេសដែលនាំឱ្យកូនបំណុលរួចផុតជាមុន ពីការទទួលខុសត្រូវក្នុងការមិនអនុវត្តកាតព្វកិច្ចដោយចេតនា ឬដោយកំហុសដ៏ធ្ងន់ធ្ងរច្បាប់មិនបានទទួលស្គាស់អានុភាព នៃការកំណត់លក្ខខណ្ឌបែបនេះនោះទេ។ លើសពីនេះទៀត ប្រាក់ធានាសំណងក្នុងករណីបំពានកិច្ចសន្យា ត្រូវសន្មតជាការកំណត់ជាមុននូវចំនួននៃសំណង។ ឧទាហរណ៍ ប្រាក់កក់ក្នុងកិច្ចសន្យាទិញលក់ គឺជាចំនួននៃសំណងការខូចខាតដែលត្រូវបានកំណត់ជាមុនផងដែរ។ ជាគោលការណ៍ ប្រសិនបើភាគីបានធ្វើការសន្យាពិសេសអំពីចំនួន នៃសំណងការខូចខាតតុលាការមិនអាចបន្ថែម ឬបន្ថយចំនួននោះបាននោះទេ លុះត្រាតែចំនួនទឹកប្រាក់ដែលភាគីទាំងសងខាង បានកំណត់ជាមុននោះច្រើនហួសហេតុពេក ឬតិចហួសហេតុពេកបើធៀបនឹងការខូចខាត។ អាជ្ញាយុកាលនៃការរំលត់សិទ្ធិទាមទារឱ្យសងការខូចខាត ដោយសារការមិនអនុវត្ដកាតព្វកិច្ច មានអំឡុងពេល ០៥ (ប្រាំ) ឆ្នាំក្រោយពីពេលដែលការខូចខាតនោះបានកើតឡើង (មាត្រា៥០៦ នៃក្រមរដ្ឋប្បវេណី)។ សរុបសេចក្ដីមក សំណងនៃការខូចខាត គឺជាផ្នែកមួយដ៏សំខាន់នៃវិធីសង្រ្គោះចំពោះការមិនអនុវត្តកាតព្វកិច្ចរបស់កូនបំណុល ដែលត្រូវបានប្រើប្រាស់ដើម្បីធានាឱ្យម្ចាស់បំណុលទទួលបាននូវប្រាក់សំណង តបស្នងចំពោះការខូចខាតដែលខ្លួនបានទទួលរង ដោយសារការមិនអនុវត្តកាតព្វកិច្ចរបស់កូនបំណុល៕ រៀបរៀងដោយ៖ លោក ប៊ុន វិទូ ជាប្រធានផ្នែកសេវាកម្មច្បាប់ និងលោក ប៉ូល គីមសេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុង ភូមិឧកញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ president@ciclg.com គេហទំព័រ៖ http://www.ciclg.com/, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group.

2021-11-30 08:45:45

យល់ដឹងផ្នែកច្បាប់៖ ការបន្ធូរបន្ថយទោស និងការលើកលែងទោស

(ភ្នំពេញ)៖ ជារៀងរាល់ពេលបុណ្យជាតិ និងព្រឹត្ដិការណ៍ជាតិធំៗ យើងសង្កេតឃើញថាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់តែងតែឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យ ដើម្បីព្រះរាជទានផ្ដល់នូវការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតដែលជាប់ក្នុងពន្ធនាគារ ដើម្បីឱ្យពួកគាត់បានរួចផុតរយៈពេលនៃការអនុវត្ដទោសពន្ធនាគារមកតិចជាងមុន ឬឱ្យរួចផុតពីទោសដាក់ពន្ធនាគារ ដោយត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញជាអាទិ៍។ ព្រះរាជទានរបស់ព្រះមហាក្សត្រក្នុងការបន្ធូរបន្ថយ និងលើកលែងទោសចំពោះទណ្ឌិតនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើសមាហរណកម្មទណ្ឌិតនោះ ឱ្យចូលទៅរួមរស់នៅក្នុងសង្គមវិញ ឬក្នុងគោលបំណងផ្នែកមនុស្សធម៌។ តើការបន្ធូរបន្ថយទោស និងការលើកលែងទោសអាចត្រូវបានធ្វើឡើងនៅក្នុងបុណ្យជាតិ ឬព្រឹត្ដិការណ៍អ្វីខ្លះ? តើមានលក្ខខណ្ឌ ទម្រង់បែបបទ និងនីតិវិធីយ៉ាងដូចម្ដេច ដើម្បីទទួលបានការបន្ធូរបន្ថយ និងការលើកលែងទោសនេះ? ដើម្បីឱ្យជ្រាបច្បាស់សម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការបន្ធូរបន្ថយទោស និងការលើកលែងទោស» មកបកស្រាយ និងចែករំលែកជូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចតទៅ៖ យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ២៧ បានបញ្ញត្ដិថា «ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយ និងលើកលែងទោស»។ ចំពោះលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការបន្ធូរបន្ថយទោស និងការលើកលែងទោសនេះ ត្រូវបានកំណត់នៅក្នុងព្រះរាជក្រឹត្យលេខ នស/រតក/០១២១/០៣០ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ គឺ ការបន្ធូរបន្ថយ និងការលើកលែងទោសចំពោះទណ្ឌិតត្រូវកំណត់អាចស្នើសុំ ៥ (ប្រាំ) ដង ក្នុង ១ (មួយ) ឆ្នាំ ដោយធ្វើឡើងនៅក្នុងឱកាសនៃពិធីបុណ្យជាតិ ឬព្រឹត្ដិការណ៍ធំៗ ដូចជា (១) ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ (២) ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ (៣) ពិធីបុណ្យវិសាខបូជា (៤) ពិធីបុណ្យឯករាជ្យជាតិ និង (៥) ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ ការបន្ធូរបន្ថយ និងការលើកលែងទោស ក៏អាចធ្វើបានដែរក្នុងពិធីបុណ្យ ឬព្រឹត្ដិការណ៍ធំៗរបស់ជាតិ ហើយអាចធ្វើសម្រាប់ពិធីបុណ្យនីមួយៗខាងលើដោយដាច់ដោយឡែក ឬរួមគ្នា។ ១៖ សម្រាប់លក្ខខណ្ឌនៃការទទួលបានការបន្ធូរបន្ថយ និងលើកលែងទោស ទណ្ឌិតដែលអាចនឹងត្រូវបានបន្ធូរបន្ថយ និងលើកលែងទោសត្រូវបំពេញនូវលក្ខខណ្ឌមួយចំនួនដូចជា៖ * ទណ្ឌិតទាំងអស់ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារដោយសាលក្រម ឬសាលដីកាស្ថាពររបស់តុលាការនៃព្រះរាជាណាចក្រកម្ពុជា ឬត្រូវបានបញ្ជូនមកអនុវត្ដទោសនៅព្រះរាជាណាចក្រកម្ពុជា។ * ភ្ញាក់រលឹកខិតខំកែប្រែគំនិតមារយាទឱ្យក្លាយជាពលរដ្ឋសុចរិត ដើម្បីធ្វើសមាហរណកម្មចូលរួមរស់នៅក្នុងសង្គមវិញ។ * គោរពប្រតិបត្ដិយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ តាមបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ និងជាគំរូល្អដល់ទណ្ឌិត និងជនជាប់ឃុំដទៃទៀត។ * ចូលរួមអនុវត្ដយ៉ាងសកម្ម និងទៀងទាត់នូវកម្មវិធីអប់រំកែប្រែ កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកម្មវិធីសមាហរណកម្ម។ * គោរពប្រតិបត្ដិយ៉ាងហ្មត់ចត់ និងត្រឹមត្រូវតាមសេចក្ដីណែនាំផ្សេងទៀតរបស់ពន្ធនាគារ។ លើសពីនេះទៅទៀត ការបន្ធូរបន្ថយទោស និងការលើកលែងទោស អាចអនុវត្ដផងដែរ ក្នុងហេតុផលមនុស្សធម៌ចំពោះទណ្ឌិតដែលមានវ័យចាស់ជរា ជាស្រ្ដីមានគភ៌ ឬមានជំងឺរ៉ាំរៃធ្ងន់ធ្ងរ វិបល្លាសស្មារតី ឬពិការភាពដោយមានលិខិតបញ្ជាក់ពីគ្រូពេទ្យ ដែលទទួលស្គាល់ដោយក្រសួងមានសមត្ថកិច្ច។ ប្រធានពន្ធនាគារ ត្រូវធ្វើការបញ្ជាក់អំពីការបំពេញលក្ខខណ្ឌតាមស្ថានភាពនីមួយៗរបស់ទណ្ឌិតដូចមានចែងក្នុងកថាខណ្ឌខាងលើ ដើម្បីរៀបចំបញ្ជីឈ្មោះ ទណ្ឌិតដែលត្រូវស្នើសុំទៅគណៈកម្មការរាជធានី ខេត្ដ និងគណៈកម្មការក្រសួងមហាផ្ទៃ។ ក៏ប៉ុន្ដែ ទោះបីជាទណ្ឌិតដែលបានបំពេញលក្ខខណ្ឌខាងលើក៏ដោយ ដើម្បីអាចទទួលការបន្ធូរបន្ថយទោសបាន លុះត្រាតែទណ្ឌិតនោះបានទទួលរងទោស ១/៣ (មួយភាគបី) នៃទោសដាក់ពន្ធនាគារដែលតុលាការបានកំណត់ ហើយចំពោះទោសដាក់ពន្ធនាគារមួយជីវិត ទណ្ឌិតត្រូវទទួលរងទោស ១០ (ដប់) ឆ្នាំជាមុនសិន។ ដើម្បីអាចលើកលែងទោសបានលុះត្រាតែទណ្ឌិតបានទទួលរងទោសដាក់ពន្ធនាគារ ចំនួន ២/៣ (ពីរភាគបី) នៃទោស ហើយចំពោះទោសដាក់ពន្ធនាគារមួយជីវិត អាចទទួលបានការលើកលែង បើសិនជាទណ្ឌិតនោះ អនុវត្តទោសយ៉ាងតិច ៣០ (សាមសិប) ឆ្នាំ ឬ២០ (ម្ភៃ) ឆ្នាំ ក្នុងទោសករណីដែលមានការបន្ធូរបន្ថយទោស។ ២៖ បែបបទ នីតិវិធីនៃការបន្ធូរបន្ថយ និងការលើកលែងទោស ប្រធានពន្ធនាគារត្រូវរៀបចំបញ្ជីឈ្មោះទណ្ឌិត ដែលមានលក្ខណៈសម្បត្ដិអាចស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស រួមនឹងសំណុំឯកសារពាក់ព័ន្ធ បញ្ជូនមក គណៈកម្មការរាជធានី ខេត្ដ និងគណៈកម្មការក្រសួងមហាផ្ទៃ ដើម្បីត្រូតពិនិត្យ និងវាយតម្លៃអំពីលក្ខណៈសម្បត្ដិរបស់ទណ្ឌិតម្នាក់ៗ និងរៀបចំបញ្ជីឈ្មោះទណ្ឌិតស្នើសុំ រួមនឹងសំណុំឯកសារពាក់ព័ន្ធ បញ្ជូនទៅគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃយ៉ាងយឺតបំផុត ៣០ (សាមសិប) ថ្ងៃ មុនថ្ងៃកំណត់។ បញ្ជីឈ្មោះទណ្ឌិត ដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស រួមនិងសំណុំឯកសារពាក់ព័ន្ធ ដូចត្រូវកំណត់ដោយគណៈកម្មការថ្នាក់ជាតិ។ ប្រសិនបើទណ្ឌិតដែលយល់ឃើញថា ខ្លួនបានបំពេញលក្ខខណ្ឌក្នុងការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ប៉ុន្ដែមិនត្រូវបានប្រធានពន្ធនាគារស្នើសុំឱ្យខ្លួន សាមីខ្លួន ឬអ្នកតំណាងស្របច្បាប់មានសិទ្ធិបឹ្ដងតវ៉ាទៅគណៈកម្មការថ្នាក់ជាតិ ដោយមានការគាំទ្រពីក្រុមការងារប្រលងប្រណាំងនៅក្នុងពន្ធនាគារ។ ពាក្យបណ្ដឹងតវ៉ានេះត្រូវដាក់នៅគណៈកម្មការថ្នាក់ជាតិដោយផ្ទាល់ ឬតាមរយៈប្រធានពន្ធនាគារ។ បន្ទាប់ពីបានទទួលពាក្យសុំតវ៉ានេះ ប្រធានពន្ធនាគារត្រូវបញ្ជូនពាក្យប្ដឹងនេះ មកគណៈកម្មការថ្នាក់ជាតិ ដោយភ្ជាប់ជាមួយនូវរបាយការណ៍ពាក់ព័ន្ធនឹងការអនុវត្ដទោសរបស់ទណ្ឌិតនោះ។ គណៈកម្មការថ្នាក់ជាតិ ត្រូវប្រជុំពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស និងរៀបចំបែបបទជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចដើម្បីដាក់សំណុំថ្វាយព្រះមហាក្សត្រសុំបន្ធូរបន្ថយ និងលើកលែងទោសឱ្យទណ្ឌិត យ៉ាងយឺតបំផុត ១០ (ដប់) ថ្ងៃ មុនថ្ងៃកំណត់។ ៣៖ ការអនុវត្ដព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងការលើកលែងទោស រដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី ត្រូវរៀបចំសំណៅចែកផ្សាយជូនក្រសួងយុត្ដិធម៌ដើម្បីចាត់ចែងអនុវត្ដ ក្រោយពីទទួលបានព្រះរាជក្រឹត្យបន្ធូរបន្ថយ និងលើកលែងទោស។ រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ ត្រូវចាត់បញ្ជូនព្រះរាជក្រឹត្យបន្ធូរបន្ថយ និងលើកលែងទោស ទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីខេត្ដ ដែលមានសមត្ថកិច្ចដើម្បីអនុវត្ដ។ ចំពោះទណ្ឌិតដែលត្រូវបានលើកលែងទោសដោយព្រះរាជក្រឹត្យ នឹងត្រូវដោះលែងឱ្យមានសេរីភាពភ្លាម ដោយប្រធានពន្ធនាគារ បន្ទាប់ពីទទួលបានដីកាបង្គាប់ឱ្យដោះលែងទណ្ឌិត របស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីខេត្ដដែលមានសមត្ថកិច្ច។ ចំពោះទណ្ឌិត ដែលត្រូវបានបន្ធូរបន្ថយទោសដោយព្រះរាជក្រឹត្យ លើកលែងឱ្យទណ្ឌិតនោះរួចផុតពីការអនុវត្ដទោសសម្រាប់រយៈពេលដែលត្រូវបានបន្ធូរបន្ថយ។ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីខេត្ដដែលមានសមត្ថកិច្ច និងប្រធានពន្ធនាគារត្រូវធ្វើការប្រកាសផ្សាយព្រះរាជក្រឹត្យបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតដែលត្រូវបានបន្ធូរបន្ថយទោស។ ការបន្ធូរបន្ថយ និងលើកលែងទោស មិនមែនជាឧបសគ្គដល់សិទ្ធិរបស់ជនរងគ្រោះ ក្នុងការទទួលសំណងជួសជុលការខូចខាតទេ លើកលែងតែមានបញ្ញត្ដិផ្ទុយនឹងព្រះរាជក្រឹត្យដែលពាក់ព័ន្ធនឹងការបន្ធូរបន្ថយ និងលើកលែងទោសនោះ។ សរុបមកការបន្ធូរបន្ថយ និងការលើកលែងទោស មិនមែនជាសិទ្ធិរបស់ទណ្ឌិតនោះទេ តែគឺជាការពិនិត្យ វាយតម្លៃ និងប្រទានផ្ដល់ឱ្យដោយព្រះមហាក្សត្រស្របតាមរដ្ឋធម្មនុញ្ញ ធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើសមាហរណកម្មទណ្ឌិតនោះឱ្យចូលទៅរួមរស់នៅក្នុងសង្គមវិញ ឬក្នុងគោលបំណងផ្នែកមនុស្សធម៌៕ រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងលោក រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិឧញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.

2021-11-22 08:09:13

យល់ដឹងផ្នែកច្បាប់៖ ការបង្កើតហ៉ីប៉ូតែក

(ភ្នំពេញ)៖ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋម្នាក់ៗ ហិរញ្ញវត្ថុ គឺជាតម្រូវការដ៏ចាំបាច់មួយដែលខ្វះមិនបាន ក្នុងការដោះស្រាយបញ្ហានានាក្នុងជីវភាព ក៏ដូចជាអាជីវកម្មរបស់ខ្លួន ហើយជាទូទៅ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ពួកគាត់តែងតែជ្រើសរើសយកកម្ចីហិរញ្ញវត្ថុ ដែលភាគច្រើនកម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ពាក់ព័ន្ធនឹងប្រតិបត្តិការកម្ចីរវាងកូនបំណុល និងម្ចាស់បំណុលនេះផងដែរ ដើម្បីបង្កើនការទុកចិត្ត ក៏ដូចជាការពារផលប្រយោជន៍របស់គូភាគីទាំងសងខាង របបគតិយុត្តមួយប្រភេទត្រូវបានបង្កើតឡើង ដោយមានឈ្មោះថា ហ៉ីប៉ូតែក ដែលអនុញ្ញាតឱ្យកូនបំណុលប្រើប្រាស់សិទ្ធិលើអចលនវត្ថុរបស់ខ្លួនទៅធានាការអនុវត្តកាតព្វកិច្ចរបស់ខ្លួនជាមួយម្ចាស់បំណុល។ ដូចនេះដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ថា តើអ្វីទៅជាហ៉ីប៉ូតែក? ហើយហ៉ីប៉ូតែកត្រូវបង្កើតឡើងបែបណាទើបត្រឹមត្រូវស្របតាមច្បាប់? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពីការបង្កើតហ៉ីប៉ូតែក មកធ្វើការបង្ហាញជូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម៖ យោងតាមមាត្រា ៨៤៣ នៃក្រមរដ្ឋប្បវេណី បានឱ្យនិយមន័យ ហ៉ីប៉ូតែក ដែលសំដៅលើសិទ្ធិមួយដែលម្ចាស់បំណុលទទួលការសងចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត ចំពោះអចលនវត្ថុដែលបានដាក់ជាប្រាតិភោគនៃកាតព្វកិច្ចដោយកូនបំណុល ឬតតិយជនដោយមិនផ្ទេរការកាន់កាប់។ ក្នុងន័យនេះយើងឃើញថា ហ៉ីប៉ូតែក គឺជាប្រភេទមួយនៃសិទ្ធិប្រាតិភោគប្រត្យក្ស ដែលកូនបំណុល ឬតតិយជនបានយកទ្រព្យសម្បត្តិមកដាក់ហ៉ីប៉ូតែក ដើម្បីធានាកាតព្វកិច្ចដែលមានចំពោះបំណុលជាមួយម្ចាស់បំណុល ដោយមិនមានការផ្ទេរនូវការកាន់កាប់ទ្រព្យនោះទៅឱ្យម្ចាស់បំណុលឡើយ។ ជាគោលការណ៍ ហ៉ីប៉ូតែកត្រូវបានបង្កើតឡើងដោយព្រមព្រៀងគ្នារវាងម្ចាស់បំណុល និងកូនបំណុល ឬតតិយជនដែលយកអចលនវត្ថុរបស់ខ្លួនមកដាក់ហ៉ីប៉ូតែក តាមរយៈកិច្ចសន្យាបង្កើតហ៉ីប៉ូតែក។ ជាទូទៅ កិច្ចសន្យាបង្កើតហ៉ីប៉ូតែកអាចត្រូវបានបង្កើតឡើង និងមានអានុភាពអនុវត្តបាន ក្នុងទម្រង់ជាលិខិតសាមញ្ញ ប៉ុន្តែម្ចាស់បំណុលនឹងមិនអាចយកហ៉ីប៉ូតែកនេះទៅតតាំងជាមួយនឹងតតិយជនឡើយ។ ដើម្បីអាចបង្កើតលក្ខខណ្ឌតតាំងជាមួយតតិយជនបាន លុះត្រាតែកិច្ចសន្យាបង្កើតហ៉ីប៉ូតែកត្រូវបានបង្កើតឡើងជាទម្រង់លិខិតយថាភូត និងត្រូវបានចុះបញ្ជីនៅក្នុងសៀវភៅបញ្ជីដីធ្លី។ ខាងក្រោមនេះ ជាទិដ្ឋភាពជាក់ស្ដែងទាក់ទងនឹងការបង្កើតហ៉ីប៉ូតែក ចាប់ផ្ដើមពីការបង្កើតឱ្យមានសិទ្ធិលើបំណុល រហូតដល់ហ៉ីប៉ូតែកត្រូវបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់៖ * ដំណាក់កាលទី១៖ នៅក្នុងការអនុវត្តទូទៅ មុននឹងមានការបង្កើតហ៉ីប៉ូតែក សិទ្ធិលើបំណុលចាំបាច់ត្រូវតែកើតមានរវាងម្ចាស់បំណុល និងកូនបំណុលជាមុនសិន។ ជាទូទៅ សិទ្ធិលើបំណុលអាចត្រូវបានបង្កើតឡើងច្រើនរូបភាព ដែលភាគច្រើនយើងអាចមើលឃើញតាមរយៈការបង្កើតកិច្ចសន្យាខ្ចីបរិភោគរវាងកូនបំណុល និងម្ចាស់បំណុល។ នៅពេលបង្កើតកិច្ចសន្យាខ្ចីបរិភោគរួចរាល់ ប្រសិនបើភាគីឯកភាពគ្នាក្នុងការយកទ្រព្យរបស់កូនបំណុលទៅដាក់ហ៉ីប៉ូតែក ដើម្បីធានាលើបំណុលនោះគូភាគីត្រូវតែធ្វើកិច្ចសន្យាបង្កើតហ៉ីប៉ូតែក។ ដំណាក់កាលទី២៖ បន្ទាប់ពីឯកភាពគ្នាក្នុងការយកទ្រព្យរបស់កូនបំណុលទៅដាក់ហ៉ីប៉ូតែក ដើម្បីធានាលើបំណុល ម្ចាស់បំណុល និងកូនបំណុល ត្រូវរៀបចំកិច្ចសន្យាបង្កើតហ៉ីប៉ូតែកមួយឡើង។ ដូចបានបញ្ជាក់ខាងលើ កិច្ចសន្យាបង្កើតហ៉ីប៉ូតែកនឹងមិនអាចយកទៅតតាំងជាមួយតតិយជនបានឡើយ បើមិនបានធ្វើឡើងជាទម្រង់លិខិតយថាភូត និងត្រូវបានចុះបញ្ជីនៅក្នុងសៀវភៅបញ្ជីដីធ្លី។ លិខិតយថាភូតត្រង់ចំណុចនេះមានន័យថា ជាកិច្ចសន្យាបង្កើតហ៉ីប៉ូតែកត្រូវបានបង្កើតឡើង និងមានបញ្ជាក់ដោយមន្រ្តីមានសមត្ថកិច្ច។ មន្រ្តីមានសមត្ថកិច្ចត្រង់ចំណុចនេះអាចជាមេឃុំ ឬចៅសង្កាត់ ឬជាសារការី។ ដំណាក់កាលទី៣៖ បន្ទាប់ពីបានរៀបចំកិច្ចសន្យាបង្កើតហ៉ីប៉ូតែកជាទម្រង់លិខិតយថាភូតរួចរាល់ ជំហានបន្ទាប់គឺត្រូវរៀបចំពាក្យសុំចុះបញ្ជីអំពីការបង្កើតហ៉ីប៉ូតែក ដើម្បីស្នើសុំចុះបញ្ជីទៅរដ្ឋបាលសុរិយោដី។ ពាក្យសុំចុះបញ្ជីហ៉ីប៉ូតែកអំពីការបង្កើតហ៉ីប៉ូតែកត្រូវតែធ្វើឡើងរួមគ្នាដោយបុគ្គលមានសិទ្ធិចុះបញ្ជី និងបុគ្គលមានកាតព្វកិច្ចចុះបញ្ជី។ ពាក្យសុំចុះបញ្ជី ត្រូវបញ្ជាក់នូវព័ត៌មាន និងឯកសារចាំបាច់មួយចំនួន ដូចជា៖ * គោលបំណងនៃការចុះបញ្ជី៖ ការបង្កើតហ៉ីប៉ូតែកលើកម្មសិទ្ធិ។ * មូលហេតុ៖ កិច្ចសន្យាខ្ចីបរិភោគ និងកិច្ចសន្យាបង្កើតហ៉ីប៉ូតែក។ * អត្តសញ្ញាណបុគ្គលមានសិទ្ធិទាមទារឱ្យចុះបញ្ជី។ * អត្តសញ្ញាណបុគ្គលមានកាតព្វកិច្ចចុះបញ្ជី។ * ចំណុចផ្សេងៗ៖ ប្រាក់ដើម ការប្រាក់ សំណងនៃការខូចខាត។ * អត្តសញ្ញាណកម្មវត្ថុនៃហ៉ីប៉ូតែក។ ដំណាក់កាលទី៤៖ ដំណាក់កាលនេះ គឺជានីតិវិធីរបស់មន្រ្តីទទួលបន្ទុកចុះបញ្ជីហ៉ីប៉ូតែក ដូចដែលមានបញ្ជាក់នៅក្នុងប្រកាសអន្តរក្រសួងស្ដីពីនីតិវិធីនៃការចុះបញ្ជី អំពីសិទ្ធិប្រត្យក្សទាក់ទងនឹងក្រមរដ្ឋប្បវេណី។ សរុបមក ហ៉ីប៉ូតែក គឺជារបបគតិយុត្តមួយដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងការពារផលប្រយោជន៍ស្របច្បាប់របស់ម្ចាស់បំណុល តាមរយៈការដាក់វត្ថុធានាដល់ការសងបំណុល ដែលជាទូទៅនៅពេលកូនបំណុលមិនអនុវត្តកាតព្វកិច្ច ម្ចាស់បំណុលអាចអនុវត្តសិទ្ធិរបស់ខ្លួនបានទៅលើវត្ថុដែលដាក់ធានានោះ។ ហ៉ីប៉ូតែកដែលត្រូវបានបង្កើតឡើងស្របតាមលក្ខខណ្ឌតតាំង ពោលគឺធ្វើឡើងជាទម្រង់លិខិតយថាភូត និងបានចុះបញ្ជីបង្កើតហ៉ីប៉ូតែកត្រឹមត្រូវស្របតាមលក្ខខណ្ឌច្បាប់កំណត់ មានអានុភាពតតាំងជាមួយនឹងតតិយជន ក៏ដូចជាម្ចាស់បំណុលផ្សេងៗទៀត អាស្រ័យទៅលើលំដាប់នៃហ៉ីប៉ូតែក៕

2021-11-16 08:20:05

យល់ដឹងផ្នែកច្បាប់៖ បទល្មើសក្នុងវិស័យអាវុធ និងគ្រឿងផ្ទុះ

(ភ្នំពេញ)៖ ជាទូទៅ បទល្មើសឧក្រិដ្ឋកម្មធំៗដែលកើតមានឡើងនៅក្នុងសង្គម យើងតែងតែសង្កេតឃើញថាជនល្មើសភាគច្រើនបានប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវក្នុងការសម្រេចនូវបទល្មើសទាំងនោះ ដូចជា អំពើភេរវកម្ម ឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើឃាតកម្ម ជាអាទិ៍។ ដោយហេតុថា អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ គឺអាចបង្កគ្រោះថ្នាក់ដល់មនុស្ស ប៉ះពាល់ធ្ងន់ធ្ងរដល់សន្ដិសុខ និងសណ្ដាប់ធ្នាប់របស់សង្គមជាតិ ហេតុដូចនេះហើយទើបតម្រូវឱ្យមានច្បាប់គ្រប់គ្រង និងកំណត់ឱ្យបានច្បាស់លាស់នូវបុគ្គលដែលមានសិទ្ធិកាន់កាប់ និងប្រើប្រាស់អាវុធទាំងនោះ ក៏ដូចជាត្រូវកំណត់ការផ្ដន្ទាទោសឱ្យធ្ងន់ចំពោះជនទាំងឡាយណាដែលបានប្រើប្រាស់អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវផ្ទុយពីការកំណត់របស់ច្បាប់នេះ។ * បើយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តើសកម្មភាពណាខ្លះដែលចាត់ជាបទល្មើសក្នុងវិស័យអាវុធ គ្រឿងផ្ទុះ និងមានទោសទណ្ឌដូចម្តេចខ្លះ? ហេតុដូច្នេះដើម្បីឱ្យជ្រាបច្បាស់ នៅក្នុងសប្ដាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពីបទល្មើសក្នុងវិស័យអាវុធ និងគ្រឿងផ្ទុះ មកបង្ហាញជូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចតទៅ៖ យោងតាមក្រមព្រហ្មណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់នូវនិយមន័យចំពោះអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវដូចខាងក្រោម៖ ១៖ អាវុធ គឺសំដៅដល់កាំភ្លើងគ្រប់ប្រភេទដែលផលិត ឬកែច្នៃដំឡើង និងដែលអាចប្រើប្រាស់ដើម្បីសម្លាប់ ឬធ្វើឱ្យរបួស ឬធ្វើឱ្យប៉ះពាល់ខូចខាតដល់ទ្រព្យសម្បត្តិ។ ២៖ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ សំដៅដល់ឧបករណ៍ ឬសម្ភារៈដែលគេផលិត ឬកែច្នៃ ដែលអាចប្រើប្រាស់សម្លាប់ ឬធ្វើឱ្យរបួស ឬធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ។ ៣៖ អាវុធគីមី អាវុធជីវសាស្ត្រគ្រប់ប្រភេទ ឬគ្រាប់ដទៃទៀតដែលផ្ទុកជាតិគីមី ផ្ទុកជីវសាស្ត្រ សំដៅដល់សារធាតុដែលគេផលិត ឬកែច្នៃដំឡើង និងដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព អាយុជីវិត ឬទ្រព្យសម្បត្តិ និងបរិស្ថាន។ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ថា ជនស៊ីវិល (គឺជាជនទាំងឡាយណាដែលមិនមែនមានតួនាទីជាកងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ មន្ត្រីមុខងារសាធារណៈ មន្ត្រីតុលាការ និងមន្ត្រីនៃស្ថាប័នកំពូលរបស់ជាតិ) គ្មានសិទ្ធិក្នុងការប្រើប្រាស់ កាន់កាប់ យកតាមខ្លួន ទិញ-លក់ ចែកចាយ នាំចេញ-ចូល ជួល ផលិត ដំឡើង កែច្នៃ ដឹកជញ្ជូន រក្សាទុកអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទនោះទេ ពោលគឺជនដែលអាចមានសិទ្ធិកាន់កាប់ យកតាមខ្លួន ប្រើប្រាស់ ដឹកជញ្ជូន រក្សាទុក អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទបាន ត្រូវចាំបាច់មានលិខិតអនុញ្ញាត ឬលិខិតបញ្ជាបេសកកម្ម ដែលចេញដោយក្រសួងមហាផ្ទៃ ឬក្រសួងការពារជាតិ ជាអាទិ៍។ ករណីប្រសិនបើជនណាដែលបានផលិត នាំចេញ-ចូលអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ រីឯចំពោះការផលិត ការនាំចេញ-ចូលអាវុធសម្រាប់ប្រហារផ្សេងទៀត ដូចជា ចំពុះទុង ដាវ ស្នាប់ដៃ ជាអាទិ៍ សម្រាប់សម្លាប់ ឬធ្វើឱ្យរបួស ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០០០ (បួនលាន) រៀល ទៅ ១០,០០០,០០០ (ដប់លាន) រៀល ដែលមានចែងនៅមាត្រា ៤៨៨ និង ៤៨៩ នៃក្រមព្រហ្មទណ្ឌ។ ចំពោះគ្រប់បុគ្គលដែលនៅក្រៅលំនៅឋានរបស់ខ្លួន ដោយយកតាមខ្លួន ឬដឹកជញ្ជូននូវអាវុធគ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទ ឬអាវុធសម្រាប់ប្រហារផ្សេងៗទៀត ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០ (មួយលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល ។ ចំពោះអំពើបោះបង់អាវុធ ឬវត្ថុដទៃទៀតដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់បុគ្គលនៅក្នុងទីសាធារណៈ ឬទីកន្លែងដែលសាធារណជនអាចចូលទៅបាន តុលាការអាចប្រកាសរឹបអូសអាវុធ ឬវត្ថុដែលអាចនាំឱ្យមានគ្រោះថ្នាក់នោះ ព្រមទាំងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០ (មួយលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល ក្រៅពីទោសដាក់ពន្ធនាគារ និងការពិន័យជាប្រាក់ តុលាការអាចសម្រេចឱ្យមានទោសបន្ថែមដូចជាការដកសិទ្ធិជាពលរដ្ឋរយៈពេល ៥ (ប្រាំ) ឆ្នាំ ការហាមចាកចេញពីព្រះរាជាណាចក្រកម្ពុជា ការរឹបអូសយានជំនិះរបស់ទណ្ឌិតមួយគ្រឿង ឬច្រើនគ្រឿងជាដើម។ សរុបមក ក្នុងការប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវផ្សេងៗត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងពីក្រសួងមានសមត្ថកិច្ច ចៀសវាងមានការប្រើប្រាស់ដោយគ្មានការអនុញ្ញាតដែលអាចបង្កឱ្យមានភាពអសន្តិសុខក្នុងសង្គម ក្រៅពីនេះបុគ្គលដែលប្រព្រឹត្តបទល្មើសដែលពាក់ព័ន្ធនឹងអាវុធជាតិផ្ទុះ ត្រូវបានអនុវត្តច្បាប់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនមានការលើកលែងឡើយ។ ការកំណត់អំពីសកម្មភាព និងទោសដែលមានចែងនៅក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ ពោលគឺដើម្បីគ្រប់គ្រងចំពោះគ្រប់សកម្មភាពដល់អ្នកដែលពាក់ព័ន្ធ ឬកាន់កាប់អាវុធជាតិផ្ទុះឱ្យមានការទទួលខុសត្រូវខ្ពស់ ចៀសវាងការបង្កឱ្យមានភាពអសកម្ម និងបង្កជាបទល្មើសផ្សេងៗក្នុងសង្គមកម្ពុជា៕ រៀបរៀងដោយលោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក ហេង សុគន្ធ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ អាសយដ្ឋាន៖ អគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ៖ 023 986 245 អ៉ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ Cambodia International Cooperation Law Group

2021-11-08 08:38:44

យល់ដឹងផ្នែកច្បាប់៖ ការកំណត់អំពីសិទ្ធិជួបប្រាស្រ័យទាក់ទងកូនដោយតុលាការ

(ភ្នំពេញ)៖ នៅពេលដែលប្តីប្រពន្ធលែងលះគ្នា ហើយមានកូនជាអនីតិជន (អាយុក្រោម១៨ឆ្នាំ) តុលាការត្រូវកំណត់អំពីអ្នកមានសិទ្ធិគ្រប់គ្រងកូន ឬអ្នកមានអំណាចមេបា។ ទន្ទឹមនឹងនោះ តុលាការក៏ត្រូវកំណត់ផងដែរអំពីសិទ្ធិរបស់អ្នកដែលពុំមានអំណាចមេបា ហៅថា «ការកំណត់អំពីសិទ្ធិជួបប្រាស្រ័យទាក់ទងកូនដោយតុលាការ»។ ហេតុដូច្នេះ ដើម្បីអាចកំណត់អំពីសិទ្ធិជួបប្រាស្រ័យទាក់ទងកូនបាន តើតុលាការត្រូវសម្រេចដោយវិធីណា? ដើម្បីឱ្យយល់កាន់តែច្បាស់ថា តើអ្វីទៅជាសិទ្ធិជួបប្រាស្រ័យទាក់ទងកូន? សម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយវិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកប្រធានបទស្តីពី «ការកំណត់អំពីសិទ្ធិជួបប្រាស្រ័យទាក់ទងកូនដោយតុលាការ» មកធ្វើការបកស្រាយ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖ សិទ្ធិជួបប្រាស្រ័យទាក់ទងកូន គឺជាសិទ្ធិដែលត្រូវផ្តល់ឱ្យឪពុក ឬម្តាយដែលពុំមានអំណាចមេបា ឬមិនទទួលបានសិទ្ធិគ្រប់គ្រងកូនក្រោយការលែងលះ អាចធ្វើទំនាក់ទំនង ឬតាមដានស្ថានភាពរស់នៅរបស់កូនដែលត្រូវបានធានាជាអប្បបរមា ក្នុងន័យមនោសញ្ចេតនា និងក្តីស្រលាញ់របស់ឪពុក ឬម្តាយ ចំពោះកូនក្នុងទម្រង់មួយដែលមានលក្ខណៈសមស្របតាមការព្រមព្រៀងរបស់ឪពុក និងម្តាយ ឬតាមសេចក្តីសម្រេចរបស់តុលាការ។ * តើអ្នកដែលពុំមានអំណាចមេបាចំពោះកូន អាចជួបប្រាស្រ័យទាក់ទងកូនតាមវិធីណា? តុលាការត្រូវកំណត់អំពីវិធីជួបប្រាស្រ័យទាក់ទងកូន ដែលមានភាពបត់បែនងាយស្រួលក្នុងការអនុវត្ត ហើយខ្លឹមសារនៃសេចក្តីសម្រេចមានលក្ខណៈចាប់បង្ខំ ប្រសិនបើអ្នកមានអំណាចមេបាមិនព្រមសហការ ពីព្រោះនៅក្នុងការអនុវត្តជាក់ស្តែង មានករណីជាច្រើនដែលភាគីមានអំណាចមេបាមិនសហការ បង្កផលលំបាកដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិរបស់ភាគីដែលពុំមានអំណាចមេបា ហើយករណីខ្លះទៀត ឈានដល់ការដាក់សម្ពាធចំពោះកូន។ វិធីក្នុងការជួបប្រាស្រ័យទាក់ទងកូនអាចកំណត់ពី៖ (១) ចំនួនដងនៃការជួបតាមសប្តាហ៍ ឬខែ (២) រយៈពេលនៃការជួប (៣) ម៉ោងក្នុងការជួប (៤) ទីកន្លែងដែលត្រូវជួប (៥) វិធីប្រគល់កូន (៦) ថ្ងៃជំនួសក្នុងករណីកូនឈឺ ជាអាទិ៍។ ឧទាហរណ៍៖ នារី «ក» បានដាក់ពាក្យបណ្តឹងលែងលះបុរស «ខ» ពួកគេមានកូនឈ្មោះ «ឃ» អាយុ១០ឆ្នាំ។ តុលាការបានកំណត់ឱ្យនារី «ក» មានអំណាចមេបាចំពោះកូន «ឃ» ហើយបានធ្វើការកំណត់អំពីសិទ្ធិជួបប្រាស្រ័យទាក់ទងកូនដោយបង្គាប់ឱ្យដើមចោទ (នារី «ក») នាំកូន «ឃ» មកឱ្យចុងចម្លើយ (បុរស«ខ») ដែលជាឪពុកជួបប្រាស្រ័យទាក់ទង ដូចខាងក្រោម ៖ ១៖ ចំនួននៃការជួប៖ ក្នុងមួយសប្តាហ៍មួយដង គឺថ្ងៃអាទិត្យ។ ២៖ រយៈពេលនៃការចូលជួប៖ ជួបមួយដងប្រាំពីរម៉ោង ហើយម៉ោងជាក់លាក់អាស្រ័យលើការពិភាក្សារបស់គូភាគី ក្នុងករណីមិនអាចពិភាក្សាគ្នាបានទេ គិតចាប់ពីម៉ោង ១០ ដល់ម៉ោង ១៧។ ៣៖ វិធីប្រគល់៖ ដើមចោទប្រគល់កូនឱ្យចុងចម្លើយនៅទីកន្លែងប្រគល់ ហើយនៅពេលបញ្ចប់រយៈពេលចូលជួបចុងចម្លើយត្រូវប្រគល់កូនឱ្យដើមចោទនៅទីកន្លែងប្រគល់។ ទីកន្លែងប្រគល់អាស្រ័យលើការពិភាក្សារបស់គូភាគី ក្នុងករណីមិនអាចពិភាក្សាគ្នាបានទេ ទីកន្លែងប្រគល់ គឺផ្ទះរបស់ដើមចោទ ឬទីកន្លែងជាក់លាក់ណាមួយដែលផ្តល់ភាពងាយស្រួលចំពោះកូន ជាអាទិ៍។ ៤៖ ថ្ងៃជំនួស៖ ក្នុងករណីមិនអាចអនុវត្តតាមការកំណត់ខាងលើនេះទេ ដោយមូលហេតុដូចជាកូនឈឺ ឬជាប់កម្មវិធីរបស់សាលា ឬដើមចោទឈឺ ឬចុងចម្លើយឈឺ ជាអាទិ៍ គូភាគីត្រូវកំណត់ផ្សេងតាមការពិភាក្សាគ្នា ក្នុងករណីមិនអាចពិភាក្សាគ្នាបានទេ ត្រូវយកថ្ងៃសៅរ៍នៃសប្តាហ៍នីមួយៗ។ * ក្នុងករណីអ្នកមានអំណាចមេបាមិនព្រមសហការតាមខ្លឹមសារនៃការសម្រេចខាងលើ តើត្រូវធ្វើដូចម្តេច? ទោះបីជាពុំមានការសហការពីភាគីដែលមានអំណាចមេបាក៏ដោយ ភាគីដែលគ្មានអំណាចមេបាមិនអាចអនុវត្តសិទ្ធិដោយខ្លួនឯងបានទេ ដូចជា ការទៅយកកូនពីសាលារៀន ឬការទៅចាប់កូនមក ជាអាទិ៍ ពីព្រោះស្ថានភាពបែបនេះប៉ះពាល់ដល់ផ្លូវចិត្តរបស់កូនយ៉ាងធ្ងន់ធ្ងរ។ ក្នុងករណីនេះ ជាយន្តការតាមផ្លូវច្បាប់ ដោយសារសេចក្តីសម្រេចខាងលើមានលក្ខណៈជាការបញ្ជា មានអំណាចចាប់បង្ខំ ហេតុនេះភាគីដែលពុំមានអំណាចមេបាអាចទាមទារឱ្យភាគីដែលមានអំណាចមេបាអនុវត្តបាន តាមរយៈវិធានបង្ខំដោយផ្ទាល់តាមផ្លូវតុលាការ គឺស្ថាប័នអនុវត្តនឹងចុះមកអនុវត្តតាមរយៈការយកកូននោះពីអ្នកមានអំណាចមេបា មកប្រគល់ឱ្យអ្នកដែលគ្មានអំណាចមេបា ប៉ុន្តែបើការអនុវត្តបែបនេះមិនសមស្របតាមស្ថានភាពជាក់ស្តែង គឺអាចប្រើការអនុវត្តបង្ខំដោយប្រយោល (ការពិន័យជាប្រាក់ គឺធ្វើឡើងក្នុងករណីមិនអនុវត្តតាមអ្វីដែលបានកំណត់នៅក្នុងសេចក្តីសម្រេច)។ ប្រសិនបើស្ថានភាពបំពានរបស់អ្នកមានអំណាចមេបាកាន់តែធ្ងន់ធ្ងរ និងប៉ះពាល់ដល់កូន អ្នកដែលពុំមានអំណាចមេបាអាចសុំធ្វើការផ្លាស់ប្តូរអ្នកមានអំណាចមេបាបាន៕

2021-11-02 08:58:45

យល់ដឹងផ្នែកច្បាប់៖ ឧបាទេសកម្មដោយអ្នកមានសិទ្ធិលើបំណុល

(ភ្នំពេញ)៖ នៅពេលទំនាក់ទំនងគតិយុត្ត រវាងម្ចាស់បំណុល ជាមួយកូនបំណុលកើតឡើង ស្របពេលជាមួយគ្នានេះ សិទ្ធិ និងកាតព្វកិច្ចរបស់ម្ចាស់បំណុល និងកូនបំណុល ក៏ត្រូវកើតឡើងផងដែរ ដោយកូនបំណុលមានកាតព្វកិច្ចត្រូវសងជាប្រាក់ ឬវត្ថុ នូវចំនួន បរិមាណ ឬទំហំដែលខ្លួនបានទទួលពីម្ចាស់បំណុលទៅឱ្យម្ចាស់បំណុលវិញ ហើយម្ចាស់បំណុលមានកាតព្វកិច្ចទទួលការសងពីកូនបំណុលដោយផ្ទាល់។ ប៉ុន្តែ មានករណីមួយចំនួន ដែលម្ចាស់បំណុលមិនអាចអនុវត្តសិទ្ធិលើបំណុលជាមួយកូនបំណុលបាន មានន័យថា គាត់មិនអាចទទួលបានការសងដោយផ្ទាល់ពីកូនបំណុល ករណីនេះគាត់អាចមានសិទ្ធិអនុវត្តសិទ្ធិដែលកូនបំណុលមាន ជំនួសកូនបំណុលបាន ដែលច្បាប់បានកំណត់ថា «ឧបាទេសកម្មដោយអ្នកមានសិទ្ធិលើបំណុល»។ ដូចនេះតើអ្វីទៅជាឧបាទេសកម្មដោយអ្នកមានសិទ្ធិលើបំណុល? តើមានលក្ខខណ្ឌបែបណាខ្លះដែលម្ចាស់បំណុលអាចអនុវត្តសិទ្ធិឧបាទេសកម្មនេះបាន? ដើម្បីឱ្យកាន់តែច្បាស់ សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងលើកយកប្រធានបទស្ដីពី ឧបាទេសកម្មដោយអ្នកមានសិទ្ធិលើបំណុល មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖ យោងតាមក្រមរដ្ឋប្បវេណី ឧបាទេសកម្មដោយអ្នកមានសិទ្ធិលើបំណុល គឺសិទ្ធិឧបាទេសកម្មរបស់ម្ចាស់បំណុល ដោយម្ចាស់បំណុលទទួលបានសិទ្ធិអំណាច ដើម្បីរក្សាការពារនូវសិទ្ធិលើបំណុលរបស់ខ្លួន ហើយម្ចាស់បំណុលត្រូវបានទទួលស្គាល់នូវសិទ្ធិធ្វើអន្តរាគមន៍លើសិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូនបំណុល ក្នុងទំហំចាំបាច់មួយ ប្រសិនបើស្ថិតក្នុងស្ថានភាពដែលកូនបំណុលពុំអាចមានធនធានហិរញ្ញវត្ថុ ដែលមិនអាចធ្វើការសងទៅម្ចាស់បំណុលបាន លើកលែងតែករណី ម្ចាស់បំណុលបានអនុវត្តសិទ្ធិលើបំណុលរបស់កូនបំណុល ហើយធ្វើការប្រមូលសិទ្ធិលើបំណុលនោះពីកូនបំណុលទី៣រួច។ មួយវិញទៀត ចំពោះករណីចាំបាច់ដើម្បីទទួលការបំពេញចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ម្ចាស់បំណុលក៏អាចអនុវត្តសិទ្ធិលើបំណុល របស់កូនបំណុលដែលមានការទាក់ទងយ៉ាងខ្លាំងនឹងសិទ្ធិលើបំណុលរបស់ម្ចាស់បំណុលនោះ ដោយឧបាទេសកម្មបានដែរ។ ឧទាហរណ៍ ករណីគ្រោះថ្នាក់ចរាចរណ៍ ជនរងគ្រោះមានសិទ្ធិទាមទារសំណងការខូចខាតពីចារី (ជនបង្ក) ដោយជនរងគ្រោះមានបំណងធ្វើឧបាទេសកម្មនូវសិទ្ធិលើបំណុលរបស់ចារីនោះ ក្នុងការទាមទារបុព្វលាភពីក្រុមហ៊ុនធានារ៉ាប់រង ដោយច្បាប់ទទួលស្គាល់នូវសិទ្ធិឧបាទេសកម្មនេះ ហេតុនេះជនរងគ្រោះត្រូវក្លាយជាម្ចាស់បំណុល ហើយចារីក្លាយជាកូនបំណុល រីឯក្រុមហ៊ុនធានារ៉ាប់រងក្លាយជាកូនបំណុលទី៣។ និយាយរួម មានន័យថាម្ចាស់បំណុលមានសិទ្ធិអនុវត្តនូវសិទ្ធិដែលកូនបំណុលមាន ជំនួសកូនបំណុលបាន ហើយម្ចាស់បំណុលអាចអនុវត្តនូវសិទ្ធិឧបាទេសកម្មនេះបាន លុះត្រាតែកូនបំណុលមិនទាន់បានអនុវត្តនូវសិទ្ធិរបស់ខ្លួន ប៉ុន្ដែក្នុងករណីមួយចំនួនម្ចាស់បំណុលមិនអាចអនុវត្តនូវសិទ្ធិដែលកូនបំណុលមាន ជំនួសកូនបំណុលបានឡើយ ដូចជាករណី៖ * (១)៖ សិទ្ធិលើបំណុលជាសិទ្ធិផ្ដាច់មុខរបស់កូនបំណុល ដែលកូនបំណុលអាចសម្រេចដោយឆន្ទៈសេរីរបស់ខ្លួនថានឹងអនុវត្ត ឬមិនអនុវត្តសិទ្ធិលើបំណុលនោះ។ ឧទាហរណ៍៖ ការបែងចែកទ្រព្យសម្បត្តិរួមរបស់ប្ដីប្រពន្ធ ចំពោះករណីលែងលះ ជាអាទិ៍។ * (២)៖ កិច្ចសន្យាអញ្ញមញ្ញ ត្រូវតែមានសំណើ និងស្វីការ ស៉ីសង្វាក់គ្នា ដូច្នេះកូនបំណុលត្រូវផ្ដល់ស្វីការ (ការយល់ព្រម) ទៅនឹងសំណើនៃកិច្ចសន្យាថាយល់ព្រមទទួលយក ឬមិនទទួលយក នេះគឺជាសិទ្ធិរបស់កូនបំណុលក្នុងការសម្រេចចិត្តដោយផ្ទាល់។ * (៣)៖ សិទ្ធិហាមមិនឱ្យរឹបអូស ដូចជាសិទ្ធិទទួលបានប្រាក់បៀវត្ស (សិទ្ធិលើបំណុលចំពោះប្រាក់បៀវត្សមួយផ្នែកត្រូវបានហាមមិនឱ្យរឹបអូស យោងតាមមាត្រា៣៨២ នៃក្រមនីតិវិធីរដ្ឋប្បវេណី)។ ដើម្បីអនុវត្តសិទ្ធិឧបាទេសកម្មបាន លុះត្រាតែកូនបំណុលមិនទាន់បានអនុវត្តសិទ្ធិរបស់ខ្លួន ប៉ុន្ដែប្រសិនបើពេលកំណត់នៃសិទ្ធិលើបំណុលមិនទាន់មកដល់ទេ នោះម្ចាស់បំណុលមិនអាចអនុវត្តសិទ្ធិឧបាទេសកម្មបានឡើយ លើកលែងតែទទួលបានការអនុញ្ញាតពីតុលាការ។ ប៉ុន្ដែ សិទ្ធិឧបាទេសកម្មនេះក៏អាចអនុវត្តដោយពុំចាំបាច់មានការអនុញ្ញាតពីតុលាការបានដែរ ចំពោះសកម្មភាពរក្សាទុក ដូចជាការផ្អាកអាជ្ញាយុកាល ជាអាទិ៍ ដោយគ្រាន់តែទំហំនៃការធ្វើអន្តរាគមន៍ទៅលើទ្រព្យសម្បត្តិរបស់កូនបំណុលត្រូវមានកម្រិតទាប និងមានភាពបន្ទាន់ (ក្នុងករណីដែលកូនបំណុលពុំមានហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការសង)។ ក្រោយពីម្ចាស់បំណុលបានជូនដំណឹងទៅកូនបំណុល បញ្ជាក់ថាខ្លួនបានអនុវត្តសិទ្ធិរបស់កូនបំណុលដោយឧបាទេសកម្មរួច នោះកូនបំណុលមិនអាចអនុវត្តសិទ្ធិចំពោះកូនបំណុលទី៣ដោយជាន់គ្នាបានឡើយ លើកលែងតែកូនបំណុលទទួលការសងដោយស្ម័គ្រចិត្តពីកូនបំណុលទី៣ ហើយការទទួលការសងនេះមិនធ្វើឱ្យមានផលប៉ះពាល់ ឬខូចខាតដល់សិទ្ធិឧបាទេសកម្មរបស់ម្ចាស់បំណុលឡើយ។ អានុភាពនៃសិទ្ធិឧបាទេសកម្មរបស់ម្ចាស់បំណុល នឹងមានដោយផ្ទាល់ជាមួយកូនបំណុល ក្នុងករណីម្ចាស់បំណុលបានទទួលការសងនូវវត្ថុដែលជាកម្មវត្ថុនៃកាតព្វកិច្ចពីកូនបំណុលទី៣ មានន័យថា កូនបំណុលទី៣ បានសងចំពោះម្ចាស់បំណុលទី២ (ត្រូវជាកូនបំណុលរបស់ម្ចាស់បំណុលទី១) របស់ខ្លួនដោយផ្ទាល់ ដូច្នេះ ក្រោយពីកូនបំណុលទី៣ បានសងទៅម្ចាស់បំណុលទី២រួច នោះកាតព្វកិច្ចរបស់កូនបំណុលទី៣ ត្រូវបានរលត់។ ប៉ុន្ដែ ក្នុងករណីកូនបំណុលមិនសហការក្នុងការទទួលតាវកាលិក ឬមានមូលហេតុផ្សេងដែលនាំឱ្យកូនបំណុលមិនទទួលយកតាវកាលិកពីកូនបំណុលទី៣ទេ នោះម្ចាស់បំណុលដែលអនុវត្តសិទ្ធិឧបាទេសកម្ម អាចទាមទារឱ្យកូនបំណុលទី៣ ផ្ដល់នូវតាវកាលិកនោះចំពោះខ្លួនដោយផ្ទាល់បាន។ ជាមួយគ្នានេះ កូនបំណុលទី៣ ក៏មានសិទ្ធិតវ៉ានឹងម្ចាស់បំណុលដែលធ្វើឧបាទេសកម្មបានដែរ ក្នុងករណីកូនបំណុលទី៣មានសិទ្ធិលើបំណុលតបចំពោះកូនបំណុល នោះកូនបំណុលទី៣អាចធ្វើការអះអាងការទូទាត់(ទូទាត់ជាមួយកូនបំណុល) ជាមួយម្ចាស់បំណុលដែលធ្វើឧបាទេសកម្មបាន។ យ៉ាងណាមិញ ចំពោះសិទ្ធិទាមទារឱ្យប្រគល់ខាងលើនេះ គឺមិនអាចធ្វើបានគ្រប់កម្មវត្ថុឡើយ ដោយម្ចាស់បំណុលអាចទាមទារ ឱ្យប្រគល់ចំពោះខ្លួនបានចំពោះតែប្រាក់ ឬចលនវត្ថុ តែប៉ុណ្ណោះ។ ចំណែកឯការទាមទារឱ្យប្រគល់នូវអចលនវត្ថុ ដូចជាការទាមទារឱ្យធ្វើការចុះបញ្ជីការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុ គឺច្បាប់មិនអនុញ្ញាតឡើយ។ ចំពោះករណីដែលមានម្ចាស់បំណុលផ្សេងទៀត នោះម្ចាស់បំណុលដែលបានធ្វើឧបាទេសកម្មលើទ្រព្យសម្បត្តិកូនបំណុលពុំមានអាទិភាពណាមួយ ក្នុងការសម្រេចសិទ្ធិលើបំណុលរបស់ខ្លួនមុនម្ចាស់បំណុលផ្សេងទៀតបានឡើយ ដោយម្ចាស់បំណុលផ្សេងៗទៀត អាចទាមទារឱ្យចែកចំណែកនូវវត្ថុដែលម្ចាស់បំណុលដែលធ្វើឧបាទេសកម្មបានទទួលដោយផ្ទាល់ពីកូនបំណុលទី៣ មកខ្លួនបាន។ ដោយឡែក ម្ចាស់បំណុលដែលធ្វើឧបាទេសកម្មលើទ្រព្យសម្បត្តិរបស់កូនបំណុល មិនអនុញ្ញាតឱ្យធ្វើការទូទាត់នូវសិទ្ធិលើបំណុលដែលខ្លួនមានចំពោះកូនបំណុល ជាមួយកាតព្វកិច្ចដែលខ្លួនត្រូវសងទៅកូនបំណុលឡើយ។ សរុបរួមមក ឧបាទេសកម្មអ្នកមានសិទ្ធិលើបំណុល គឺជាសិទិ្ធអំណាចមួយដែលម្ចាស់បំណុលទទួលបាន ដោយអនុលោមតាមច្បាប់ ដើម្បីអនុវត្តសិទ្ធិលើបំណុលដែលកូនបំណុលមានជំនួសកូនបំណុល ក្នុងករណីកូនបំណុលមិនមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការសង។ ជាពិសេស សិទ្ធិឧបាទេសកម្មនេះ អាចអនុវត្តបានក្រៅប្រព័ន្ធតុលាការ ដែលនេះជានីតិវិធីមួយផ្ដល់ភាពងាយស្រួលដល់ម្ចាស់បំណុលក្នុងការការពារសិទ្ធិលើបំណុលរបស់ខ្លួនបានទាន់ពេលវេលា និងឆាប់រហ័ស លើកលែងតែពេលកំណត់នៃសិទ្ធិលើបំណុលនោះមិនទាន់មកដល់ ដែលចាំបាច់ត្រូវមានការអនុញ្ញាតពីតុលាការ។ រៀបរៀងដោយ៖ លោកស្រីមេធាវី មាស រ៉ាវីន និងកញ្ញា ថន រ៉ាវ៉ាឌី ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៉ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com , ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2021-10-25 08:57:57

យល់ដឹងផ្នែកច្បាប់៖ គោលការណ៍នៃការចោទប្រកាន់

(ភ្នំពេញ)៖ ជាទូទៅនៅពេលដែលមានបទល្មើស ឬអំពើបំពារបំពានណាមួយកើតមានឡើង គេតែងតែឃើញមានការដាក់ពាក្យបណ្ដឹងពីសំណាក់ជនរងគ្រោះ ឬក៏ក្រុមគ្រួសាររបស់ជនរងគ្រោះ ទៅកាន់មន្រ្តីនគរបាលយុត្តិធម៌ ឬអង្គការអយ្យការ ដើម្បីទាមទារយុត្តិធម៌ និងសំណងរដ្ឋប្បវេណី។ អង្គការអយ្យការ បានដើរតួនាទីយ៉ាងសំខាន់ដើម្បីពិនិត្យ និងធ្វើការថ្លឹងថ្លែងចំពោះអំពើទាំងនោះ តើគួរធ្វើការចោទប្រកាន់ ឬតម្កល់រឿងទុកឥតចាត់ការ (មិនចោទប្រកាន់)។ ដើម្បីយល់ដឹងឱ្យបានកាន់តែច្បាស់ អំពីគោលការណ៍នៃការចោទប្រកាន់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្តាហ៍នេះ នឹងធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖ យោងតាមមាត្រា ៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានបញ្ញត្តិថា៖ អយ្យការធ្វើការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ និងសុំឱ្យអនុវត្តច្បាប់នៅចំពោះមុខយុត្តាធិការស៉ើបសួរ និងយុត្តាធិការជំនុំជម្រះ។ មានន័យថា ស្ថាប័នអយ្យការជាស្ថាប័នមួយដែលមានសមត្ថកិច្ចកំណត់បានថាសញ្ញាណនៃអំពើល្មើសណាមួយ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវធ្វើការចោទប្រកាន់ និងសុំឱ្យយុត្តាធិការស៉ើបសួរ និងយុត្តាធិការជំនុំជម្រះធ្វើចំណាត់ការបន្ត។ នៅក្នុងក្របខណ្ឌនៃនីតិព្រហ្មទណ្ឌ មានគោលការណ៍ចំនួនពីរ សម្រាប់ធ្វើការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ គឺគោលការណ៍នីត្យានុកូលភាពនៃការចោទប្រកាន់ និងគោលការណ៍កាលានុវត្តភាពនៃការចោទប្រកាន់។ * គោលការណ៍នីត្យានុកូលភាពនៃការចោទប្រកាន់ វាត្រូវបានយកមកប្រើប្រាស់នៅក្នុងច្បាប់ព្រហ្មទណ្ឌអន្តរកាលរបស់កម្ពុជា ឆ្នាំ១៩៩២។ នៅក្នុងគោលការណ៍នេះ ប្រសិនបើបទល្មើសព្រហ្មទណ្ឌមួយកើតឡើង ព្រះរាជអាជ្ញាដាច់ខាតត្រូវតែធ្វើការចោទប្រកាន់ មិនឱ្យអំពើល្មើសណាមួយគេចផុតពីការផ្តន្ទាទោសពីបញ្ញត្តិច្បាប់ទ្បើយ ហើយព្រះរាជអាជ្ញា មិនអាចសម្រេចតម្កល់រឿងទុកឥតចាត់ការបានឡើយ ទោះបីជាអំពើល្មើសនោះជាអំពើតូចតាចក្តី ឬមានការប៉ះពាល់សណ្តាប់ធ្នាប់សង្គមតិចតួចក៏ដោយ ពោលគឺឱ្យតែមានអង្គហេតុដែលជាបទល្មើសព្រហ្មទណ្ឌកើតឡើង ព្រះរាជអាជ្ញាត្រូវធ្វើការចោទប្រកាន់ទាំងអស់។ គោលការណ៍នេះមានភាពវិជ្ជមានត្រង់ថា គ្រប់អង្គហេតុក្នុងរឿងព្រហ្មទណ្ឌទាំងអស់ គឺសុទ្ធតែត្រូវបានចោទប្រកាន់ដោយព្រះរាជអាជ្ញា ដែលអាចផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ក៏ដូចជាចៀសវាងការសម្រេចតម្កល់រឿងទុកឥតចាត់ការ ដែលអាចមានភាពមិនប្រក្រតីណាមួយ។ ប៉ុន្តែផ្ទុយទៅវិញ នៅពេលដែលគ្រប់សំណុំរឿងសុទ្ធតែត្រូវបានចោទប្រកាន់ដោយព្រះរាជអាជ្ញា នោះធ្វើឱ្យសំណុំរឿងព្រហ្មទណ្ឌអាចនឹងត្រូវបានកកស្ទះច្រើន ដែលធ្វើឱ្យដំណើរការនីតិវិធីក្នុងរឿងក្ដីព្រហ្មទណ្ឌនីមួយៗ មិនអាចបញ្ចប់ដោយឆាប់រហ័សបាន។ គោលការណ៍នីត្យានុកូលភាពនៃការចោទប្រកាន់ ត្រូវបាននិរាករណ៍ដោយវត្តមានក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧ ដោយជំនួសមកវិញនូវគោលការណ៍កាលានុវត្តភាពនៃការចោទប្រកាន់ សម្រាប់ដំណើរការរឿងក្តីព្រហ្មទណ្ឌ។ *គោលការណ៍កាលានុវត្តភាពនៃការចោទប្រកាន់ វាគឺជាគោលការណ៍មួយក្នុងនីតិវិធីព្រហ្មទណ្ឌដែលផ្តល់សិទ្ធិអំណាចដល់ព្រះរាជអាជ្ញា ធ្វើការថ្លឹងថ្លែងអំពីចំណាត់ការលើពាក្យប្តឹង និងពាក្យបណ្តឹងបរិហារដែលខ្លួនបានទទួលដោយផ្ទាល់ ឬដែលមន្រ្តីនគរបាលបញ្ជូនមក ដើម្បីសម្រេចថាតើគួរតែតម្កល់រឿងទុកឥតចាត់ការ ឬគួរធ្វើការចោទប្រកាន់ទៅលើជនណាម្នាក់ដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដែលគេអាចហៅបានថាជា ជម្រើសនៃការចោទប្រកាន់។ តាមរយៈគោលការណ៍នេះ ព្រះរាជអាជ្ញាអាចប្រើអំណាចឆន្ទានុសិទ្ធិរបស់ខ្លួន ក្នុងការសម្រេចមិនធ្វើការចោទប្រកាន់ទៅលើបទល្មើសព្រហ្មទណ្ឌណាមួយ ទោះបីជាអំពើនោះមានចែងក្នុងក្រមព្រហ្មទណ្ឌ ឬច្បាប់ផ្សេងៗទៀតក៏ដោយ។ ជាគោលការណ៍ព្រះរាជអាជ្ញាអាចពិចារណាអំពីតុល្យភាពនៃការផ្តន្ទាទោស និងទំហំនៃព្យសនកម្ម (ការខូចខាត) របស់ជនរងគ្រោះ និងសង្គមជាតិទាំងមូលត្រូវទទួលរង។ ជាឧទាហរណ៍៖ ករណីលួចផ្លែស្វាយ ២ ទៅ ៣ ផ្លែ ដើម្បីទទួលទាន ដែលតាមរយៈវិធានព្រហ្មទណ្ឌ គឺគ្រប់ធាតុផ្សំនៃបទល្មើសដែលព្រះរាជអាជ្ញាត្រូវធ្វើការចោទប្រកាន់ ប៉ុន្តែតាមរយៈគោលការណ៍នេះ ព្រះរាជអាជ្ញាអាចពិចារណាថ្លឹងថ្លែងបានថា តើជនរងគ្រោះ និងសង្គមជាតិទាំងមូល បានទទួលរងព្យសនកម្មធ្ងន់ធ្ងរកម្រិតណា ដោយគ្រាន់តែលួចផ្លែស្វាយ ២ ឬ៣ ផ្លែ ? តើការផ្ដន្ទាទោសទៅលើជនល្មើស អាចផ្ដល់ផលចំណេញដែរឬទេដល់សង្គមជាតិ? បើមានការចោទប្រកាន់ និងផ្តន្ទាទោសមែន តើរដ្ឋនឹងត្រូវចំណាយថវិកាប៉ុន្មានដើម្បីចិញ្ចឹមទណ្ឌិត?។ គោលការណ៍នេះផ្តល់ប្រសិទ្ធភាពគ្រប់គ្រាន់ ក្នុងការស្វែងរកភស្តុតាងដាក់បន្ទុក ក៏ដូចជាដំណើរការក្ដីដោយភាពឆាប់រហ័ស និងកាត់បន្ថយការកកស្ទះសំណុំរឿង។ ប៉ុន្តែករណីមួយចំនួន ប្រសិនបើការសម្រេចតម្កល់រឿងទុកឥតចាត់ការ ត្រូវបានសម្រេចដោយព្រះរាជអាជ្ញា ដោយមិនបានពិចារណាថ្លឹងថ្លែងច្បាស់លាស់ទេ ក៏អាចជះនូវភាពអវិជ្ជមានផងដែរ។ ដើម្បីចៀសវាងការប្រើប្រាស់អំណាចជ្រុលពីសំណាក់ព្រះរាជអាជ្ញាតាមរយៈការតម្កល់រឿងទុកឥតចាត់ការ ក្រមនីតិវិធីព្រហ្មទណ្ឌ ត្រង់មាត្រា៤១ កថាខណ្ឌ៤ និង៦ បានបញ្ញត្តិថា ប្រសិនបើអ្នកប្តឹងមិនសុខចិត្តនឹងសេចក្តីសម្រេចតម្កល់រឿងទុកឥតចាត់ការទេ សាមីខ្លួនអាចធ្វើការតវ៉ាទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍បាន។ ប្រសិនបើយល់ឃើញថា ការតវ៉ានេះមានមូលហេតុត្រឹមត្រូវ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ចេញអធិបញ្ជាដល់ព្រះរាជអាជ្ញាអមសាលាដំបូងឱ្យធ្វើការចោទប្រកាន់។ អគ្គព្រះរាជអាជ្ញា ធ្វើអធិបញ្ជាតាមការណែនាំជាលាយលក្ខណ៍អក្សរ។ នៅក្នុងករណីផ្ទុយពីនេះ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ តម្កល់សេចក្តីសម្រេចរបស់ព្រះរាជអាជ្ញាអមសាលាដំបូងទុកជាបានការ។ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ត្រូវឱ្យដំណឹងអំពីសេចក្តីសម្រេចនេះដល់អ្នកប្តឹងតវ៉ា។ ទន្ទឹមនឹងនេះ មាត្រា ២៩ កថាខណ្ឌ១ បានបញ្ញត្តិថា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អាចប្តឹងបរិហារទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ឬព្រះរាជអាជ្ញាអមសាលាដំបូង អំពីបទល្មើសដែលខ្លួនបានដឹង អាចធ្វើអធិបញ្ជាតាមការណែនាំជាលាយលក្ខណ៍អក្សរដែលត្រូវដាក់បញ្ជូលទៅក្នុងសំណុំរឿងឱ្យអគ្គព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញាធ្វើការ​ចោទប្រកាន់ ឬធ្វើសេចក្តីសន្និដ្ឋានយ៉ាងណាតាមការដែលរដ្ឋមន្រ្តីយល់ឃើញថាជាការគួរ។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មិនអាចធ្វើអធិបញ្ជាដល់អគ្គព្រះរាជអាជ្ញា ឬព្រះរាជ​អាជ្ញា ឱ្យធ្វើការតម្កល់រឿងទុកឥតចាត់ការនូវរឿងក្តីព្រហ្មទណ្ឌណាមួយទ្បើយ។ សរុបមក នៅក្នុងក្របខណ្ឌនៃនីតិព្រហ្មទណ្ឌមានគោលការណ៍ចំនួនពីរ សម្រាប់អង្គការអយ្យការធ្វើការចោទប្រកាន់ គឺគោលការណ៍នីត្យានុកូលភាពនៃការចោទប្រកាន់ ដែលគោលការណ៍នេះត្រូវបានប្រើប្រាស់ក្នុងច្បាប់ព្រហ្មទណ្ឌអន្តរកាលរបស់កម្ពុជា ឆ្នាំ១៩៩២ ហើយគោលការណ៍នេះត្រូវបាននិរាករណ៍ដោយវត្តមាន​ក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧ ដោយជំនួសមកវិញនូវគោលការណ៍កាលានុវត្តភាពនៃការចោទប្រកាន់ ដែលជាវិធានសម្រាប់អយ្យការធ្វើការចោទប្រកាន់ នៅក្នុងដំណើរការនីតិវិធីរឿងព្រហ្មទណ្ឌ។ រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក ឡេង ពុទ្ធិតារា ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៉ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2021-10-18 09:37:37