023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ កិច្ចសន្យាម៉ៅការ

(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួនគម្រោងសាងសង់មានការកើនឡើងជាច្រើននៅក្នុងប្រទេសកម្ពុជា ដូចជាការសាងសង់៖ ភូមិគ្រឹះ វីឡា អាផាតមិន ខុនដូ សណ្ឋាគារ កាស៊ីណូ និងផ្សារទំនើបជាដើម។ ក្នុងការសាងសង់នូវសំណង់ធំៗទាំងនោះ គឺគេតែងបង្កើតនូវកិច្ចសន្យារវាងម្ចាស់ការ និងអ្នកម៉ៅការ ដើម្បីចងភ្ជាប់នូវកាតព្វកិច្ចរបស់ភាគីនៃកិច្ចសន្យាដែលនោះហៅថា «កិច្ចសន្យាម៉ៅការ»។ ដើម្បីយល់កាន់តែច្បាស់អំពីកិច្ចសន្យាម៉ៅការ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន FRESH NEWS សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបកស្រាយពាក់ព័ន្ធនឹងប្រធានបទ «កិច្ចសន្យាម៉ៅការ» ជូនប្រជាពលរដ្ឋដូចតទៅ៖ ដោយយោងតាមក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៦៥២ បានឲ្យនិយមន័យថា កិច្ចសន្យាម៉ៅការ សំដៅលើកិច្ចសន្យាមួយដែលភាគីម្ខាង ហៅថាអ្នកម៉ៅការ មានករណីយកិច្ចសម្រេចការងារដែលព្រមព្រៀង ហើយភាគីម្ខាងទៀត ហៅថាម្ចាស់ការ មានករណីយកិច្ចផ្តល់កម្រៃចំពោះលទ្ធផលនៃការងារដែលបានធ្វើនោះ។ ចំពោះកម្រៃ គឺត្រូវបង់ដំណាលគ្នានឹងការប្រគល់វត្ថុដែលជាកម្មវត្ថុនៃការងារ។ បើពុំចាំបាច់ក្នុងការប្រគល់វត្ថុទេ ក្រោយពីបានសម្រេចការងារហើយ អ្នកម៉ៅការអាចទាមទារឲ្យបង់កម្រៃបាន។ ដោយឡែកអ្នកម៉ៅការមានករណីយកិច្ចសម្រេចការងារដោយគ្មានវិការៈចំពោះម្ចាស់ការ។ បើការងារពុំមានលក្ខណៈដូចបានព្រមព្រៀងទេ ឬ ក្នុងករណីដែលមិនបានព្រមព្រៀងអំពីលក្ខណៈ បើការងារនោះមិនត្រឹមត្រូវក្នុងការប្រើប្រាស់ជាប្រក្រតីទេ ត្រូវចាត់ទុកថា ជាការងារមានវិការៈ។ ប្រសិនបើអ្នកម៉ៅការ បានធ្វើការផ្ទុយនឹងការបញ្ជា ឬ បើការងារដែលបានធ្វើនោះមិនគ្រប់ចំនួនទេ ត្រូវចាត់ទុកថា ជាការងារមានវិការៈ ។ ចំពោះការងារមានវិការៈ ម្ចាស់ការអាចទាមទារចំពោះអ្នកម៉ៅការ ឲ្យអនុវត្តការងារពេញលេញ ដោយកំណត់អំឡុងពេលសមរម្យបាន។ ក្នុងករណីនេះ អ្នកម៉ៅការអាចជួសជុលវិការៈនៃការងារនោះ ឬ អាចធ្វើការងារនោះសាជាថ្មីឡើងវិញ ដោយផ្អែកតាមការជ្រើសរើសបាន។ បើការអនុវត្តការងារឲ្យពេញលេញនេះ ចាំបាច់ត្រូវចំណាយសោហ៊ុយច្រើនហួសហេតុ បើប្រៀបធៀបទៅនឹងការខូចខាតផលប្រយោជន៍ដោយវិការៈនោះ អ្នកម៉ៅការអាចបដិសេធបាន។ បើអ្នកម៉ៅការបានចាប់ផ្តើមធ្វើការងារនោះឡើងវិញ អ្នកម៉ៅការនោះអាចទាមទារឲ្យម្ចាស់ការសងការងារដែលមានវិការៈមកវិញបាន។ នៅពេលដែលការងារមានវិការៈ ម្ចាស់ការអាចជួសជុលវិការៈដោយខ្លួនឯងផ្ទាល់ ហើយអាចទាមទារសោហ៊ុយដែលចាំបាច់លើការជួសជុលវិការៈនោះ ពីអ្នកម៉ៅការបាន ប្រសិនបើអំឡុងពេលសមរម្យដែលបានកំណត់ដើម្បីអនុវត្តការងារឲ្យពេញលេញនោះ បានកន្លងផុត ឬ ក្នុងករណីដែលការអនុវត្តការងារឲ្យពេញលេញ មិនបានសម្រេច ឬ ក្នុងករណីដែលវាយតម្លៃថា ការអនុវត្តការងារឲ្យពេញលេញដោយអ្នកម៉ៅការ នឹងធ្វើឲ្យមានការខូចខាតប្រយោជន៍ដោយមិនត្រឹមត្រូវ ចំពោះម្ចាស់ការ។ ម្ចាស់ការមានសិទ្ធិរំលាយកិច្ចសន្យា ឬ មានសិទ្ធិទាមទារឲ្យបន្ថយតម្លៃ ឬ មានសិទ្ធិទាមទារសំណងនៃការខូចខាត ដោយយកមូលហេតុវិការៈនៃការងារ ឬក្នុងករណីដែលការអនុវត្តការងារ ឲ្យពេញលេញមិនបានសម្រេច ឬ ក្នុងករណីដែលវាយតម្លៃថា ការអនុវត្តការងារឲ្យពេញលេញដោយអ្នកម៉ៅការនឹងធ្វើឲ្យមានការខូចខាត ផលប្រយោជន៍ដោយមិនត្រឹមត្រូវ ចំពោះម្ចាស់ការ។ ប៉ុន្តែចំពោះការទាមទារសំណងនៃការខូចខាត ប្រសិនបើការអនុវត្តការងារឲ្យពេញលេញនេះចាំបាច់ត្រូវចំណាយសោហ៊ុយច្រើនហួសហេតុ បើប្រៀបធៀបទៅនឹងការខូចខាត ផលប្រយោជន៍ដោយវិការៈនោះ ម្ចាស់ការមិនអាចទាមទារចំនួនទឹកប្រាក់ ដែលសមរម្យនឹងសោហ៊ុយដែលចាំបាច់ក្នុងការជួសជុលវិការៈនោះ ថាជាសំណងនៃការខូចខាតនោះទេ។ យ៉ាងណាមិញ ទោះបីជាគូភាគីបានព្រមព្រៀងគ្នាធ្វើនូវកិច្ចសន្យាពិសេសមិនទទួលខុសត្រូវក្នុងការធានាក៏ដោយ ចំពោះហេតុការណ៍ដែលបានដឹងហើយ តែបែរជាមិនបានរាយការណ៍ប្រាប់ទេនោះ អ្នកម៉ៅការមិនអាចរួចផុតពីការទទួលខុសត្រូវ ឬ ការកម្រិតការទទួលខុសត្រូវបានឡើយ។ ម្យ៉ាងទៀតម្ចាស់ការអាចរំលាយកិច្ចសន្យា នៅពេលណាក៏បាន ដោយសងសំណាងនៃការខូចខាត រហូតដល់ពេលដែលអ្នកម៉ៅការបានសម្រេចការងារ។ សរុបជារួម កិច្ចសន្យាម៉ៅការ ជាកិច្ចសន្យាដែលទាមទារឲ្យមានការសរសេរជាលាយលក្ខណ៍អក្សរឲ្យបានត្រឹមត្រូវ ដោយកំណត់ឲ្យបានច្បាស់អំពីសិទ្ធិ និងករណីយកិច្ចរបស់ភាគីនីមួយៗ។ ប្រសិនបើមិនបានកំណត់នៅក្នុងកិច្ចសន្យាទេ ភាគីត្រូវតែគោរពទៅតាមបញ្ញត្តិដែលបានចែងនៅក្នុងក្រមរដ្ឋប្បវេណី ឬ នៅក្នុងច្បាប់ពិសេសប្រសិនបើមាន។ រៀបរៀងដោយ៖ កញ្ញាមេធាវី មាស រ៉ាវីន និងកញ្ញា សាំង សុភាព ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖ president@ciclg.com, គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-06-10 08:30:49

យល់ដឹងផ្នែកច្បាប់៖ សេចក្ដីចម្រើនដោយឥតហេតុ

(ភ្នំពេញ)៖ នីតិរដ្ឋប្បវេណី ជាគោលការណ៍សំខាន់មួយសម្រាប់គ្រប់គ្រងសកម្មភាព ផ្នែករដ្ឋប្បវេណីរបស់បុគ្គលគ្រប់រូប ជាពិសេសផ្ដល់ឲ្យគ្រប់គ្នានូវសិទ្ធិ ករណីយកិច្ច ចំពោះមុខច្បាប់ក្នុងករណីមានទំនាក់ទំនងគតិយុត្តណាមួយកើតឡើង ក្នុងគោលបំណងការពារនូវផលប្រយោជន៍ស្របច្បាប់របស់បុគ្គលគ្រប់គ្នា។ ក្នុងករណីដែលបុគ្គលណាម្នាក់ទទួលបានផលប្រយោជន៍ ហើយធ្វើឲ្យបុគ្គលម្នាក់ទៀតបាត់បង់ផលប្រយោជន៍របស់ខ្លួន ដោយមិនមានមូលហេតុគតិយុត្តណាមួយទេ នោះច្បាប់ផ្ដល់សិទ្ធិឲ្យអ្នកដែលបាត់បង់ផលប្រយោជន៍ អាចធ្វើការទាមទារផលប្រយោជន៍របស់ខ្លួនពីអ្នកទទួលបានផលប្រយោជន៍នោះយកមកវិញបាន ហើយអ្នកដែលទទួលបានផលប្រយោជន៍នោះ ត្រូវប្រគល់ត្រឡប់ទៅវិញនូវអ្វីដែលខ្លួនបានទទួល។ ទាក់ទងនឹងសកម្មភាពបែបនេះ គឺមានកំណត់នៅក្នុងក្រមរដ្ឋប្បវេណីថាជា «សេចក្ដីចម្រើនដោយឥតហេតុ»។ ដូចនេះតើអ្វីទៅជាសេចក្ដីចម្រើនដោយឥតហេតុ? ហើយចុះអ្នកដែលទទួលផលប្រយោជន៍ដែលស្ដែងចេញពីសេចក្ដីចម្រើនដោយឥតហេតុ ត្រូវមានកាតព្វកិច្ចតាមផ្លូវច្បាប់អ្វីខ្លះ? ដើម្បីជ្រាបកាន់តែច្បាស់ អង្គភាពសារព័ត៌មាន Fresh News បានសហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទមួយស្ដីអំពី «សេចក្ដីចម្រើនដោយឥតហេតុ» មកចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ សិស្សនិស្សិតដូចតទៅ៖ តាមគោលការណ៍រដ្ឋប្បវេណី សេចក្ដីចម្រើនដោយឥតហេតុ សំដៅលើការទទួលបានផលប្រយោជន៍ដោយ សារទ្រព្យសម្បត្តិ ឬកម្លាំងពលកម្មរបស់អ្នកដទៃដោយគ្មានមូលហេតុតាមផ្លូវច្បាប់ ហើយការទទួលបានផលប្រយោជន៍នោះធ្វើឲ្យកើតមានការបាត់បង់ផលប្រយោជន៍របស់អ្នកដទៃ។ គ្រប់ផលប្រយោជន៍ទាំងអស់មានសណ្ឋានជារូបិយ និង អរូបិយ ដោយផលរូបិយអាចជា ចលនវត្ថុ ឬ អចលនវត្ថុ ចំណែកឯផលអរូបិយវិញ អាចទទួលបានតាមរយៈការប្រើប្រាស់ ឬ ដោយការចាត់ចែងនៃផលប្រយោជន៍នោះ ដោយយើងអាចកំណត់បានថាផលរូបិយធៀបទៅនឹងទ្រព្យសម្បត្តិ រីឯផលអរូបិយធៀបទៅនឹងកម្លាំងពលកម្មជាដើម។ លក្ខខណ្ឌដែលអាចត្រូវបានកំណត់ថាជាសេចក្ដីចម្រើនដោយឥតហេតុអាចត្រូវបានមើលឃើញក្រោមរូបភាពដូចខាងក្រោម៖ ១៖ ការសងដោយគ្មានកាតព្វកិច្ច៖ ចំពោះបុគ្គលណាដែលគ្មានកាតព្វកិច្ច ហើយបានសងនូវកាតព្វកិច្ចនោះ បុគ្គលនោះត្រូវចាត់ទុកថារងនូវការបាត់បង់ផលប្រយោជន៍។ ផ្ទុយទៅវិញប្រសិនបើបុគ្គលណាដែលគ្មានសិទ្ធិលើបំណុល ហើយ បានទទួលការសងចំពោះសិទ្ធិលើបំណុលនោះ បុគ្គលនោះត្រូវចាត់ទុកថាបានទទួលផលប្រយោជន៍ដោយគ្មានមូលហេតុផ្លូវច្បាប់។ ជារួមក្នុងករណីនេះបុគ្គលដែលបានបាត់បង់ផលប្រយោជន៍ អាចធ្វើការទាមទារឲ្យសងនូវតាវកាលិក(ជាសកម្មភាព ឬជាវត្ថុ) ដែលខ្លួនបានផ្ដល់ជាការសងមកវិញបានក៏ប៉ុន្ដែលើកលែងចំពោះបុគ្គលដែលបានសងកាតព្វកិច្ចដោយដឹងអំពីនត្ថិភាពនៃកាតព្វកិច្ចនោះ ។ ២៖ ការសងកាតព្វកិច្ចរបស់អ្នកដទៃ៖ ក្នុងករណីដែលបុគ្គលណាម្នាក់ដែលមិនមានកាតព្វកិច្ចក្នុងការសងលើបំណុល ហើយបានសងកាតព្វកិច្ចលើបំណុលនោះទៅម្ចាស់បំណុល ដោយការភាន់ច្រឡំពីកាតព្វកិច្ចរបស់អ្នកដទៃ ដែលមានភាពស្រដៀងនឹងកាតព្វកិច្ចរបស់ខ្លួន បុគ្គលនោះអាចទាមទារឲ្យសងមកវិញនូវកម្រិតតាវកាលិកដែលខ្លួនបានផ្ដល់ឲ្យពីម្ចាស់បំណុលបាន។ ក៏ប៉ុន្ដែប្រសិនបើបុគ្គលនោះបាន សងកាតព្វកិច្ចលើបំណុលទៅឲ្យម្ចាស់បំណុលដោយការភាន់ច្រឡំ ហើយម្ចាស់បំណុលមិនបានដឹង ដោយយល់ថាការសងនោះមានសុពលភាពព្រមទាំងបានបំផ្លាញចោលនូវ ឯកសារគតិយុត្តដែលអាចបញ្ជាក់អំពីអត្ថិភាពនៃសិទ្ធិលើបំណុលចោល នោះអ្នកសងមិនអាចទាមទារតាវកាលិកនោះមកវិញបានឡើយ។ ៣៖ ការសងនៅមុនកំណត់ពេល៖ ជាគោលការណ៍ច្បាប់ បើទោះបីជាកូនបំណុល បានសងកាតព្វកិច្ចមុនពេលកំណត់ក៏ដោយ ក៏កូនបំណុលមិនអាចទាមទារនូវតាវកាលិកដែលបានផ្ដល់ឲ្យម្ចាស់បំណុលមកវិញបានឡើយ។ ប៉ុន្តែប្រសិនបើ កូនបំណុលបានសងកាតព្វកិច្ចដោយមិនបានដឹងអំពីពេលកំណត់មិនទាន់មកដល់ នោះកូនបំណុលអាចធ្វើការទាមទារឲ្យសងនូវផលប្រយោជន៍ ដែលម្ចាស់បំណុលអាចប្រើប្រាស់តាវកាលិកដែលខ្លួនបានទទួលមុនពេលកំណត់សង រហូតដល់ពេលកំណត់សងពីម្ចាស់ បំណុលបាន។ ៤៖ ការផ្ដល់តាវកាលិកដោយមូលហេតុខុសច្បាប់៖ ការផ្ដល់តាវកាលិកដោយមូលហេតុខុសច្បាប់ អាចកើតឡើងក្នុងករណីកិច្ចសន្យាត្រូវមោឃៈដោយសារភាពផ្ទុយនឹងសណ្ដាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ ឬផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំណាមួយ។ ហេតុនេះប្រសិនបើមានការទាមទារដែលមានសកម្មភាពប្រឆាំងនឹងសង្គម នោះនឹងមានការបដិសេធចំពោះការទាមទារឲ្យសងនូវតាវកាលិក។ ដូចនេះប្រសិនបើគេរកឃើញថា ផលប្រយោជន៍ដែលបុគ្គលណាមួយទទួលបាននោះតាមរយៈសេចក្ដីចម្រើនដោយឥតហេតុ នោះច្បាប់តម្រូវឲ្យបុគ្គលដែលទទួលបានផលប្រយោជន៍នោះ សងត្រឡប់ទៅវិញនូវអ្វីដែលខ្លួនបានទទួលទៅឲ្យបុគ្គលដែលបាត់បង់ផលប្រយោជន៍ និងផ្ដល់សិទ្ធិឲ្យបុគ្គលដែលបាត់បង់ផលប្រយោជន៍នោះអាចទាមទារមកវិញនូវអ្វីដែលខ្លួនបានបាត់បង់ ដោយគ្មានមូលហេតុតាមផ្លូវច្បាប់នោះ។ លក្ខខណ្ឌនៃការសងត្រឡប់ទៅវិញ នឹងត្រូវកំណត់ដូចខាងក្រោម៖ ១៖ កាតព្វកិច្ចសងរបស់អ្នកទទួលផលប្រយោជន៍ដោយសុចរិត៖ ចំពោះកាតព្វកិច្ចសងរបស់អ្នកទទួលផលប្រយោជន៍ ដោយសារទ្រព្យសម្បតិ្ត ឬកម្លាំងពលកម្មរបស់អ្នកដទៃ បើទោះជាគ្មានមូលហេតុលើផ្លូវច្បាប់ក៏ដោយ ក៏អ្នកទទួលផលប្រយោជន៍ត្រូវមានកាតព្វកិច្ច សងផលប្រយោជន៍ទាំងនោះទៅអ្នកបាត់បង់ផលប្រយោជន៍វិញ។ តែទោះបីជាយ៉ាងណាក៏ដោយ ក្នុងគោលការណ៍ច្បាប់ក៏មានការយោគយល់ដែរ ចំពោះអ្នកទទួលផលប្រយោជន៍ដែលទទួល រងនូវការខូចខាតនៅពេលដែលត្រូវបង្គាប់ឱ្យសងទៅវិញ នូវផលប្រយោជន៍ដែលគាត់ទទួលបានក្រោយពេលបរិភោគផលប្រយោជន៍នោះរួច នោះគាត់ត្រូវសងទៅវិញត្រឹមតែផលប្រយោជន៍ដែលមានតែប៉ុណ្ណោះ ប្រសិនបើគាត់សុចរិត។ ២៖ កាតព្វកិច្ចសងរបស់អ្នកទទួលផលប្រយោជន៍ដោយទុច្ចរិត៖ ប្រសិនបើអ្នកទទួលផលប្រយោជន៍នោះទុច្ចរិត ព្រមទាំងបានដឹងថាខ្លួនបានទទួលផលប្រយោជន៍ដែលគ្មានមូលហេតុគតិយុត្តពីអ្នកដទៃ ហើយធ្វើឱ្យខូចខាតផលប្រយោជន៍របស់អ្នកដទៃទៀតនោះ អ្នកទទួលផលប្រយោជន៍ត្រូវសងនូវសំណងនៃការខូចខាត រួមទាំងការប្រាក់នៃផលប្រយោជន៍នោះទៅអ្នកខូចខាត ឬបាត់បង់ផលប្រយោជន៍វិញ។ សរុបមក សេចក្ដីចម្រើនដោយឥតហេតុ មានការផ្សារភ្ជាប់ជាមួយនឹងកិច្ចសន្យាសំខាន់ៗ និងអំពើអនីត្យានុកូល ហេតុនេះនាំឲ្យកើតមានទំនាក់ទំនងរវាងសិទ្ធិ និងកាតព្វកិច្ចរវាងម្ចាស់បំណុល ជាមួយកូនបំណុលដើម្បីបង្កើតបានជាកាតព្វកិច្ចការពារការខ្វែងគំនិតគ្នានៅពេលមានការបាត់បង់នូវផលប្រយោជន៍ ឬទទួលបានផលប្រយោជន៍ណាមួយដោយគ្មានមូលហេតុត្រឹមត្រូវតាមផ្លូវច្បាប់ពីបុគ្គលដទៃ។ បន្ថែមពីនេះ ក្រមរដ្ឋប្បវេណី មាត្រា៧៣៦ ដល់ ៧៤១ ចែងឡើងដើម្បីការពារផលប្រយោជន៍របស់បុគ្គលដែលទទួលរងនូវផលប៉ះពាល់ដោយសេចក្ដីចម្រើនដោយឥតហេតុ រួមទាំងកត្តាមួយចំនួនដែលកើតចេញពី មូលហេតុខាងលើនេះ ហើយនាំឲ្យមានការប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ឬទំនៀមទម្លាប់ល្អរបស់សង្គម ឬផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំណាមួយ។ រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា ថន រ៉ាវ៉ាឌី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖ president@ciclg.com, គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-06-03 10:35:29

យល់ដឹងផ្នែកច្បាប់៖ ការគំរាមកំហែង

(ភ្នំពេញ)៖ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិមានសេរីភាព និងមានសុវត្ថិភាពផ្ទាល់ខ្លួន ត្រូវបានការពារដោយច្បាប់ ដោយមិនអាចមានបុគ្គណាមួយមកបំពានបានឡើយ ទោះបីក្រោមរូបភាពណាមួយនោះទេ។ ការធ្វើសកម្មភាពគំរាមកំហែងដល់អ្នកដទៃ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឱ្យយល់កាន់តែច្បាស់ថា តើការគំរាមកំហែងជាអ្វី? អំពើណាខ្លះដែលចាត់ទុកថាជាការគំរាមកំហែង? ត្រូវបានច្បាប់ផ្តន្ទាទោសកម្រិតណា? ដូច្នេះថ្ងៃនេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៍មាន FRESH NEWS ក្រោមកិច្ចសហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «ការគំរាមកំហែង» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖ ការគំរាមកំហែង គឺជាអំពើគំរាមកំហែងថានឹងប្រព្រឹត្តបទឧក្រិដ្ឋ ឬ បទមជ្ឈិមប្រឆាំងនឹងបុគ្គល កាលបើការគំរាមកំហែងនេះធ្វើឡើងម្តងហើយម្តងទៀត ឬ សម្តែងចេញតាមលិខិត រូបភាព ឬ វត្ថុអ្វីមួយ ។ ចំពោះទោសទណ្ឌវិញ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៦ (ប្រាំមួយ) ខែ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល នេះបើដែលយោងតាមមាត្រា ២៣១ នៃក្រមព្រហ្មទណ្ឌ។ ដោយឡែកក្នុងករណីដែលជាការគំរាមកំហែងថានឹងសម្លាប់វិញ កាលបើគំរាមកំហែងនោះធ្វើឡើងម្តងហើយម្តងទៀត ឬសម្តែងចេញតាមលិខិត រូបភាព ឬ វត្ថុអ្វីមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពី ៦ (ប្រាំមួយខែ) ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៤.០០០.០០០ (បួនលាន) រៀល។ ឧទាហរណ៌ៈ ឈ្មោះ «ក» បានសរសេរសារ ទៅកាន់ឈ្មោះ «ខ» ម្តងហើយម្តងទៀត ដោយថានឹងសម្លាប់ឈ្មោះ «ខ» ប្រសិនបើឈ្មោះ «ខ» មិនព្រមឈប់ទាក់ទងស្នេហាជាមួយប្តីរបស់ខ្លួន។ អំពើនេះគឺចាត់ទុកថាជាការគំរាមកំហែងនឹងសម្លាប់ បើយោងតាមមាត្រា ២៣៣ នៃក្រមព្រហ្មទណ្ឌ។ ក្នុងនោះដែរក្រមព្រហ្មទណ្ឌក៏បានចែងចំពោះអំពើគំរាមកំហែង ណាដែលភ្ជាប់ដោយបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ ត្រូវទទួលទោសទណ្ឌធ្ងន់ជាងអំពើគំរាមកំហែង ដែលមិនភ្ជាប់ដោយបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ ដូចមានចែងក្នុងមាត្រា ២៣២ នៃក្រមព្រហ្មទណ្ឌ បញ្ញត្តិអំពីការគំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៤.០០០.០០០ (បួនលាន) រៀល។ ចំណែកឯអំពើគំរាមកំហែងថានឹងសម្លាប់ដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយនិងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ ពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល នេះបើយើងតាមស្មារតីមាត្រា ២៣៤ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ឧទាហរណ៌ៈ បុរសឈ្មោះ «ក» បានគម្រាម លោក «ខ» ថាបើមិនព្រមឈប់ធ្វើសាក្សីឲ្យលោក «គ» ប្រឆាំងនឹងខ្លួន គាត់នឹងសម្លាប់លោក «ខ» ចោល ។ សរុបសេចក្តីមក អំពើទាំងឡាយណាដែលបង្កជាការគំរាមកំហែងដូចបានរៀបរាប់ខាងលើ និងមានចែងក្នុង មាត្រា ២៣១មាត្រា ២៣២ មាត្រា ២៣៣ និងមាត្រា ២៣៤ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា គឺជាបទល្មើសព្រហ្មទណ្ឌ ដែលវាពុំមែនជាសិទ្ធិឡើយ ដូច្នេះសូមបុគ្គលគ្រប់រូប មានការប្រុងប្រយ័ត្នអំពីការប្រើប្រាស់ពាក្យពេចន៍ដែលមានចេតនាក្នុងការគំរាមកំហែងតាម គ្រប់រូបភាព ចៀងវាងពីការទទួលខុសត្រូវព្រហ្មទណ្ឌ។ រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងលោក ហេង សុគន្ធ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖ president@ciclg.com, គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕

2020-05-26 16:06:41

យល់ដឹងផ្នែកច្បាប់៖ សិទ្ធិ និងករណីកិច្ចរបស់កម្មសិទ្ធិករនៃដីជាប់គ្នា

(ភ្នំពេញ)៖ នៅក្នុងព្រះរាជាណាចក្រកម្ពុជា កម្មសិទ្ធិលើអចលនវត្ថុ ជាដីធ្លី ឬផ្ទះសម្បែងជាអាទិ៍ គឺត្រូវបានទទួលស្គាល់ និងការពារដោយច្បាប់ ដែលផ្ដល់ឱ្យប្រជាពលរដ្ឋអាចគ្រប់គ្រង ប្រើប្រាស់ អាស្រ័យផល និងចាត់ចែងលើអចលនវត្ថុដែលជាកម្មសិទ្ធិរបស់ខ្លួនបានដោយសេរី។ ជាទូទៅ នៅក្នុងសកម្មភាពនៃការប្រើប្រាស់ និងអាស្រ័យផលនៅលើអចលនវត្ថុ តែងតែកើតមានឡើងនូវវិវាទ ជាពិសេសរវាងទំនាក់ទំនងរបស់កម្មសិទ្ធករនៃអចលនវត្ថុដែលជាប់ព្រំគ្នា ពោលគឺវិវាទរវាងកម្មសិទ្ធិករនៃដីធ្លី ផ្ទះសម្បែង ដែលជាប់ព្រំ (អ្នកជិតខាង) ដែលកើតចេញពីការប្រើប្រាស់ដីធ្លី ឬផ្ទះសម្បែងរបស់ខ្លួននោះ។ ហេតុដូចនេះ ថាតើច្បាប់នៃព្រះរាជាណាចក្រកម្ពុជាបានកំណត់អំពីករណីកិច្ច និងផ្ដល់សិទ្ធិដល់កម្មសិទ្ធិករនៃដីដែលជាប់ព្រំយ៉ាងដូចម្ដេចនោះ? សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សូមលើកយកប្រធានបទស្ដីពី “សិទ្ធិ និងករណីកិច្ចរបស់កម្មសិទ្ធិករនៃដីជាប់គ្នា” មកធ្វើការចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ និងសិស្ស និស្សិត ដូចតទៅ៖ យោងតាមក្រមរដ្ឋប្បវេណី នៃព្រះរាណាចក្រកម្ពុជា បានកំណត់អំពីសិទ្ធិ និងករណីកិច្ចរបស់កម្មសិទ្ធិករនៃដីដែលជាប់ព្រំគ្នា ដូចខាងក្រោម ៖ ១៖ អំពីសិទ្ធិរបស់កម្មសិទ្ធិករនៃដីជាប់ព្រំគ្នា៖ ក* សិទ្ធិប្រើប្រាស់ដីជាប់គ្នា៖ កម្មសិទ្ធិករនៃដីអាចទាមទារប្រើប្រាស់នៃដីជាប់គ្នាបាន ក្នុងទំហំចាំបាច់ដើម្បីធ្វើរបង ឬ សំណង់ ឬជួសជុល របស់ទាំងពីរនេះ នៅព្រំប្រទល់ដី ឬនៅក្បែរព្រំប្រទល់នោះ ។ ប្រសិនបើអ្នកជិតខាងទទួលការខូចខាតដោយសារការសាងសង់ ឬ ជួសជុលនេះ កម្មសិទ្ធិករនៃដីត្រូវបង់ប្រាក់សំណង។ ខ* សិទ្ធិចេញចូលដីបិទជិត៖ ដីដែលព័ទ្ធជុំវិញដោយដីរបស់អ្នកដទៃ ហើយគ្មានច្រកចេញទៅផ្លូវសាធារណៈ និងដីដែលមានច្រកចេញនោះមិនគ្រប់គ្រាន់ ហើយមានឧបសគ្គ ដ៏ខ្លាំងដើម្បីប្រើប្រាស់ដីនោះ សម្រាប់ការធ្វើកសិកម្ម ឬ ឧស្សាហកម្ម ហៅថាដីបិទជិត។ កម្មសិទ្ធិករនៃដីបិទជិត មានសិទ្ធិស្នើសុំឆ្លងកាត់ដីអ្នកជិតខាងបាន ដោយបង់ប្រាក់សំណងតាមការខូចខាត ដោយសារការឆ្លងកាត់នោះ។ ជាគោលការណ៍ សិទ្ធិឆ្លងកាត់នេះត្រូវរៀបចំតាមទិស ឬផ្លូវដែលមានចម្ងាយជិតបំផុត ពីដីបិទជិតទៅផ្លូវសាធារណៈ។ សិទ្ធិឆ្លងកាត់នេះត្រូវរៀបចំ នៅកន្លែងណាដែលមានការខូចខាតតិចបំផុតសម្រាប់កម្មសិទ្ធិករនៃដីដែលទទួលបន្ទុកឱ្យឆ្លងកាត់នោះ។ ប្រសិនបើដីបិទជិតកើតចេញពីការបែងចែកដីតាមរយៈការលក់ ការដូ ការចែកមត៌ក ឬកិច្ចសន្យាផ្សេងទៀត សិទ្ធិឆ្លងកាត់អាចស្នើសុំបានតែចំពោះដីដែលនៅសល់ក្រោយការបែងចែកនោះប៉ុណ្ណោះ ហើយកម្មសិទ្ធិករនៃដីបិទជិតមិនចាំបាច់បង់ប្រាក់សំណងឡើយ។ គ* សិទ្ធិប្រើទឹកភ្លៀង ជាអាទិ៍៖ កម្មសិទ្ធិករនៃដីលើមានសិទ្ធិប្រើប្រាស់ទឹកដែលមានប្រភពផុសឡើងនៅលើដីរបស់ខ្លួន និងទឹកភ្លៀងដែលធ្លាក់មកលើដីរបស់ខ្លួន និងមានសិទ្ធិបង្ហូរចោលទឹកទាំងអស់នោះ។ ឃ* សិទ្ធិធ្វើផ្លូវទឹកដើម្បីស្រោចស្រព៖ កម្មសិទ្ធិករដែលចង់ឱ្យទឹកដែលខ្លួនមានសិទ្ធិប្រើប្រាស់ដើម្បីស្រោចស្រពលើដីរបស់ខ្លួន អាចធ្វើ និងរក្សាទុកនូវផ្លូវទឹកឆ្លងកាត់ដីដែលស្ថិតនៅចន្លោះប្រភពទឹកនឹងដីរបស់ខ្លួនបាន ដោយបង់ប្រាក់សំណងនៃការខូចខាតដល់កម្មសិទ្ធិករនៃដីដែលត្រូវឆ្លងកាត់នោះ។ ង* សិទ្ធិបង្ហូរចោលទឹកស្រោចស្រព៖ កម្មសិទ្ធិករនៃដីអាចបង្ហូរចោលទឹកដែលបានស្រោចស្រពហើយលើដីរបស់ខ្លួន ឆ្លងកាត់ដីក្រោមបានដោយបង់ប្រាក់សំណង ដល់កម្មសិទ្ធិករនៃដីក្រោមនោះ។ ច* សិទ្ធិបង្ហូរទឹកចោលនៃកម្មសិទ្ធិករនៃដីលិចទឹក៖ កម្មសិទ្ធិករនៃដីលិចទឹកទាំងស្រុង ឬ មួយចំណែក អាចបង្ហូរទឹកដែលបណ្ដាលឱ្យមានការខូចខាតចេញពីដីរបស់ខ្លួនបាន លុះត្រាតែគោរពបញ្ញត្ដិនៃច្បាប់ ឬ បទដ្ឋានគតិយុត្ដិស្ដីពីអនាម័យ។ ឆ* សិទ្ធិលើក និងសិទ្ធិប្រើប្រាស់ទំនប់ ជាអាទិ៍៖ កម្មសិទ្ធិករនៃដីជាប់មាត់ទន្លេរ ស្ទឹង ឬ ព្រែក ដែលចង់ប្រើប្រាស់ទឹកទន្លេ ស្ទឹង ឬព្រែក ដើម្បីស្រោចស្រពលើដីរបស់ខ្លួន អាចធ្វើសិល្បៈការ្យ (សំណង់) ចាំបាច់ដើម្បីយកទឹកនៅលើដីដែលស្ថិតក្នុងមាត់ទឹកម្ខាងទៀតបាន ដោយបង់ប្រាក់សំណងដល់កម្មសិទ្ធិករនៃដីនៅមាត់ទឹកម្ខាងទៀត។ កម្មសិទ្ធិករនៃដីដែលអនុញ្ញាតឱ្យ ធ្វើសល្បៈការ្យនៅលើដីរបស់ខ្លួន អាចទាមទារប្រើប្រាស់រួមនូវទំនប់ទឹក ជាអាទិ៍ ពីអ្នកដែលបានធ្វើសីល្បៈការ្យនោះបាន ដោយយកល័ក្ខខ័ណ្ឌទទួលបន្ទុកពាក់កណ្ដាលនៃសោហ៊ុយធ្វើ និង ថែទាំ។ ក្នុងករណីនេះ អ្នកដែលបានធ្វើសល្បៈការ្យពុំមានករណីកិច្ចបង់ប្រាក់សំណងដែលបានកំណត់ក្នុងកថាខណ្ឌទី១ ខាងលើនេះទេ ហើយអាចទាមទារឱ្យសងសំណងដែលខ្លួនបានបង់ហើយវិញបាន។ ២៖ ករណីកិច្ចរបស់កម្មសិទ្ធិករដែលជាព្រំគ្នា៖ ក* ករណីកិច្ចទទួលទឹកហូរពីធម្មជាតិ៖ កម្មសិទ្ធិករនៃដីក្រោមមានករណីកិច្ចទទួលទឹកហូរពីធម្មជាតិពីដីលើ។ កម្មសិទ្ធិករនៃដីក្រោមមិនអាចលើកទំនប់ ភ្លឺ របាំង ឬ ការ្យផ្សេៗទៀត ទប់មិនឱ្យទឹកហូរបានឡើយ។ កម្មសិទ្ធិករនៃដីលើមិនអាចធ្វើអំពើអ្វីបន្ថែមបន្ទុករបស់កម្មសិទ្ធិករនៃដីក្រោមបានឡើយ។ ពេលមានការប្រែប្រួលដោយប្រធានសក្ដិ ដែលគ្មានការទទួលខុសត្រូវរបស់ភាគី ធ្វើឱ្យរាំស្ទះទឹកហូរនៃដីក្រោម កម្មសិទ្ធិករនៃដីលើអាចធ្វើប្រឡាយឱ្យទឹកហូរដោយចេញសោហ៊ុយផ្ទាល់ខ្លួនបាន។ ខ* ករណីកិច្ចរក្សាការពារទឹកហូរ៖ កម្មសិទ្ធិករនៃដីដែលស្ថិតនៅជាប់ផ្លូវទឹកហូរ មានករណីកិច្ចទុកឱ្យទឹកហូរទៅលើដីអ្នកជិតខាង តាមតម្រូវការនៃកសិកម្ម ហើយកម្មសិទ្ធិករនៃដីជិតខាងក៏មានករណីកិច្ចដូចគ្នាដែរ ដោយយោគយល់ចំពោះដីដែលនៅឆ្ងាយទៀត។ គ* អំពើដែលរំខានដល់ជីវភាពរស់នៅ៖ កម្មសិទ្ធិករដែលមានបំណធ្វើនៅលើដីរបស់ខ្លួន នូវអំពើដែលនឹងអាចរំខានដល់ជីវភាពរស់នៅរបស់អ្នកជិតខាង ដោយការខួងអណ្ដួង ការជីកស្ទង់ ការជីករុករក ឬដោយការទុកវត្ថុមានគ្រោះថ្នាក់ វត្ថុដែលរំខានដល់អ្នកដទៃ ឬវត្ថុគ្មានអនាម័យ ត្រូវអនុលោមតាមច្បាប់ពិសេសដែលកំណត់អំពីចម្ងាយដែលត្រូវគោរព និងអំពើដែលត្រូវអនុវត្ដ។ ឃ* ករណីដាក់ដាក់រនាំងបាំងនៅបង្អួច កើយ ជាអាទិ៍៖ អ្នកដែលធ្វើបង្អួច កើយ ឬ សិល្បៈការ្យប្រហាក់ប្រហែលរបស់ទាំងអស់នេះ ដែលសម្លឹងទៅឃើញដី ផ្ទះអ្នកជិតខាងនោះ នៅចម្ងាយតិចជាង ២ (ពីរ) ម៉ែត្រពីព្រំដីអ្នកជិតខាងត្រូវដាក់រនាំងបាំង។ ង* ដើមឈើនៅជិតព្រំ៖ កម្មសិទ្ធិករនៃដី មិនអាចដាំដើមឈើ គុម្ពោត ឬចុល្លព្រឹកដែលមានកម្ពស់លើសពី ២ (ពីរ) ម៉ែត្រ ក្នុងចម្ងាយ ០២ (ពីរ) ម៉ែត្រពីព្រំប្រទល់ដីអ្នកជិតខាងឡើយ។ ក្នុងករណីដែលមានការបំពានដោយកម្មសិទ្ធិករនៃដីជិតខាង កម្មសិទ្ធិករនេះ មានករណីកិច្ចដកចេញតាមការទាមទាររបស់កម្មសិទ្ធិករនៃដីជិតខាង។ នៅពេលដែលមែកឈើ ឬ ឫសឈើនៃដីជិតខាងបានលយចូលមកដីរបស់ខ្លួន កម្មសិទ្ធិករនៃដីអាចយកផលពីមែកឈើ ឬ ឫសឈើនោះ ឬ កាប់មែកឈើ ឬ ឫសឈើនោះបាន។ សរុបមក ទំនាក់ទំនងរវាងដីដែលជាប់គ្នា គឺត្រូវបានច្បាប់កំណត់អំពីសិទ្ធិ និងករណីយកិច្ចក្នុងការប្រើប្រាស់ដីរបស់កម្មករនៃដីដែលជាប់គ្នា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់របស់ដីរបស់អ្នកដទៃទៅតាមស្ថានភាពដូចបានរៀបរាប់ខាងលើ និងជៀសវាងការរារាំង ឬបំពានណាមួយពីកម្មសិទ្ធិករនៃដីជិតខាង។ រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និង រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥ អ៊ីម៉ែល៖president@ciclg.com (អ៊ីម៉ែល៖president@ciclg.com) គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-05-18 08:50:10

យល់ដឹងផ្នែកច្បាប់៖ ការគ្រប់គ្រងដោយឈឺឆ្អាល

(ភ្នំពេញ)៖ ការជួយគ្នាទៅវិញទៅមករវាងអ្នកជិតខាង សាមគ្គីភាពក្នុងសង្គម និងកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក មានសារៈសំខាន់ណាស់នៅក្នុងជីវភាពរបស់មនុស្សយើង ។ ប៉ុន្តែយើងដឹងច្បាស់ហើយថា ការជួយគ្នាទៅវិញទៅមកបែបនេះគឺជា ការជ្រៀតជ្រែកចូលក្នុងកិច្ចការអ្នកដទៃ ព្រោះថាជាទូទៅ បុគ្គលមានសេរីភាពខាងឆន្ទៈ កាលណាគ្មានឆន្ទៈ គឺគ្មានកាតព្វកិច្ច ហេតុនេះគ្មាននរណាម្នាក់អាចចាប់បង្ខំបុគ្គលណាមួយឲ្យមានកាតព្វកិច្ចចំពោះអំពើមួយបានឡើយ បើគេគ្មានឆន្ទៈ នេះយោងទៅតាមទ្រឹស្ដីនៃស្វ័យភាពបុគ្គល។ ប្រសិនបើយើងអនុវត្តគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជនឲ្យជាក់លាក់ទៅ ការជួយគ្នាទៅវិញទៅមកបែបនេះត្រូវបានវាយតម្លៃថា ខុសច្បាប់ ។ ដោយសារតែហេតុផលនេះហើយ ជាករណីលើកលែងចំពោះគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន នៃក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញតិ្តដែលធ្វើឱ្យ ការជ្រៀតជ្រែកចូលទៅក្នុងកិច្ចការរបស់អ្នកដទៃ ជាអំពើមិនខុសច្បាប់ ដែលច្បាប់បានកំណត់ថា «ការគ្រប់គ្រងដោយឈឺឆ្អាល»។ តើអ្វីទៅជាការគ្រប់គ្រងដោយឈឺឆ្អាល? ដូច្នេះដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីអត្ថន័យនៃការគ្រប់ គ្រងដោយឈឺឆ្អាល កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការគ្រប់គ្រងដោយឈឺឆ្អាល» មកបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖ យោងតាមស្មារតីនៃមាត្រា ៧២៩ នៃក្រមរដ្ឋប្បវេណីបានកំណត់និយមន័យថា៖ ការចាប់ផ្ដើមគ្រប់គ្រងកិច្ចការដើម្បីបុគ្គលដទៃ ឬការជ្រៀតជ្រែកចូលកិច្ចការអ្នកដទៃ តាមរយៈការជួយគ្នាទៅវិញទៅមក ដោយគ្មានសិទ្ធិអំណាច គឺជា «ការគ្រប់គ្រងដោយឈឺឆ្អាល» ។ ចំពោះបុគ្គលដែលធ្វើការគ្រប់គ្រងដោយឈឺឆ្អាល ហៅថា អ្នកគ្រប់គ្រងដោយឈឺឆ្អាល។ ពោលដើម្បីឲ្យសកម្មភាពនោះជាការគ្រប់គ្រង ដោយឈឺឆ្អាល អ្នកគ្រប់គ្រងចាំបាច់ត្រូវមានឆន្ទៈគ្រប់គ្រងកិច្ចការនោះគឺដើម្បីបុគ្គលដទៃ។ ករណីថា បើបុគ្គលដែលគ្រប់គ្រងដោយឈឺឆ្អាលគ្មានឆន្ទៈក្នុងការគ្រប់គ្រងទេ សកម្មភាពគ្រប់គ្រងនោះមិនត្រូវបានចាត់ទុកជាការគ្រប់គ្រងដោយឈឺឆ្អាលឡើយ ហើយអ្នកគ្រប់គ្រងនោះនឹងមិនអាចទាមទារឲ្យសងវិញនូវសោហ៊ុយដែលបានចំណាយសម្រាប់ការគ្រប់គ្រងនោះទេ។ ឧទាហរណ៍៖ “ក” ជាអ្នកជិតខាង “ខ” ហើយ “ខ” មិនបាននៅផ្ទះនោះទេ ស្រាប់តែនៅថ្ងៃនោះមានភ្លៀង និងខ្យល់បក់បោកយ៉ាងខ្លាំងបណ្ដាលឲ្យទ្វារបងផ្ទះ “ខ” រលំ ឃើញដូច្នេះ “ក” ខ្លាចថាអាចនឹងមានចោរចូល ដូច្នេះ “ក” ក៏បានហៅជាងឲ្យមកជួសជុលអស់ប្រាក់ចំនួន USD ២០០ (ពីរយដុល្លារអាមរិក)។ ករណីនេះ “ក” អាចទាមទារសោហ៊ុយដែលខ្លួនបានចំណាយនោះពី “ខ” វិញបាន ។ អំពីករណីយកិច្ចជាមូលដ្ឋានរបស់អ្នកគ្រប់គ្រង៖ អ្នកគ្រប់គ្រងដោយឈឺឆ្អាល មានករណីយកិច្ចគ្រប់គ្រងដោយប្រុងប្រយ័ត្ន ក្នុងនាមជាអ្នកគ្រប់គ្រងដោយសុចរិតដើម្បីគ្រប់គ្រងកិច្ចការ តាមវិធីសមរម្យជាងគេដើម្បីផលប្រយោជន៍របស់សាមីខ្លួន លក្ខខណ្ឌនេះ គឺជាការការពារដល់សាមីខ្លួនក្នុងការបង់សោហ៊ុយច្រើនហួសហេតុ ដោយការគ្រប់គ្រងដោយឈឺឆ្អាលនោះ ឬ ក៏ជាការធ្វើឲ្យបានត្រឹមត្រូវ និងយុត្តិធម៌ក្នុងនាមជាអ្នកជួយគ្រប់គ្រងដោយភាពសុចរិត និងឆ្លើយតបទៅនឹងអំពើមនុស្សធម៌ ប្រកបដោយសីលធម៌ និងសមធម៌រវាងបុគ្គលឯកជន។ ប្រសិនជាអ្នកគ្រប់គ្រងមិនបានបំពេញករណីយកិច្ចគ្រប់គ្រងដោយប្រុងប្រយ័ត្នក្នុងនាមជាអ្នកគ្រប់គ្រងដោយសុច រិតទេ នោះសកម្មភាពគ្រប់គ្រងនោះត្រូវចាត់ទុកថា ខុសច្បាប់ ហើយអ្នកគ្រប់គ្រងត្រូវទទួលខុសត្រូវក្នុងការសងសំណងចំពោះការខូចខាតដែលកើតឡើងពីការខកខាននោះ។ ពោលករណីយកិច្ចគ្រប់គ្រងដោយប្រុងប្រយ័ត្នក្នុងនាមជាអ្នកគ្រប់គ្រងដោយសុចរិត មានន័យថា ជាការគ្រប់គ្រងកិច្ចការដោយមានការយកចិត្តទុកដាក់ខ្ពស់។ លើសពីនេះប្រសិនបើអ្នកគ្រប់គ្រងដោយឈឺឆ្អាល បានដឹង ឬមិនបានដឹងអំពីឆន្ទៈរបស់សាមីខ្លួន ឬប្រសិនបើអាចដឹងអំពីឆន្ទៈនោះបាន ត្រូវធ្វើការគ្រប់គ្រងដោយផ្អែកតាមឆន្ទៈនោះ មានន័យថាចំពោះវិធីដែលសមរម្យជាងគេ ប្រសិនបើអ្នកគ្រប់គ្រងបានដឹង ឬ អាចដឹងអំពីឆន្ទៈរបស់សាមីខ្លួន អ្នកគ្រប់គ្រងនោះត្រូវគ្រប់គ្រងដោយផ្អែកតាមឆន្ទៈ យោងតាមមាត្រា៧២៩ ដដែល ប៉ុន្តែប្រសិនបើអ្នកគ្រប់គ្រងមិនអាចដឹងអំពីឆន្ទៈពិតប្រាកដទេ អ្វីដែលសមស្របជាងគេនោះ គឺត្រូវកំណត់ដោយឆន្ទៈរបស់អ្នកគ្រប់គ្រងផ្ទាល់។ ឧទាហរណ៍៖ ភ្ជាប់ទៅនឹងឧទាហរណ៍ខាងលើ ដោយទ្វាររបងផ្ទះខាងលើជារបងឈើ ហើយ “ក” មិនច្បាស់ថា “ខ” មានបំណងធ្វើទ្វាររបងថ្មី ឬយ៉ាងណានោះទេ តែជាក់ស្ដែង “ក” ខ្លាចថាអាចនឹងមានចោរចូល ដូច្នេះ “ក” ក៏សម្រេចតាមឆន្ទៈរបស់ខ្លួនដោយបានហៅជាងឲ្យមកជួសជុលធ្វើទ្វាររបងឈើដដែល។ ដូច្នេះការជួយបែបនេះ គឺត្រូវបានចាត់ទុកថាជាវិធីដែលសមស្របជាងគេ ពីព្រោះការជួយយកអាសារគ្នាបែបនេះជាអំពើល្អ និងសមរម្យជាងគេ។ មួយវិញទៀតគឺ ការគ្រប់គ្រងដោយឈឺឆ្អាលក្នុងភាពបន្ទាន់ ស្របតាមមាត្រា៧៣០ នៃក្រមរដ្ឋប្បវេណីបានបញ្ញតិ្តថា៖ ប្រសិនបើអ្នកគ្រប់គ្រងដោយឈឺឆ្អាល បានធ្វើការគ្រប់គ្រងដោយឈឺឆ្អាល ដើម្បីជៀសវាងគ្រោះថ្នាក់ នៅក្នុងសភាពបន្ទាន់ ចំពោះរូបកាយសាមីខ្លួន កិត្តិយស ឬទ្រព្យសម្បតិ្ត លុះត្រាតែគ្មានគំនិតទុច្ចរិត ឬកំហុសធ្ងន់ធ្ងរ តែប៉ុណ្ណោះទេ ទើបអ្នកគ្រប់គ្រងដោយឈឺឆ្អាល ពុំមានការទទួលខុសត្រូវលើសំណងនៃការខូចខាត ដែលកើតឡើងដោយសារការគ្រប់គ្រងនោះ ពោលក្នុងករណីបន្ទាន់នេះ ទោះបីជាការគ្រប់គ្រងនោះ បណ្ដាលឲ្យមានការខូចខាតក៏ដោយ។ ឧទាហរណ៍៖ នៅថ្ងៃបុណ្យឈប់សម្រាក ក្រុមគ្រួសារលោក “ក” បាននាំគ្នាធ្វើដំណើរកំសាន្តទៅតាមខេត្ត ស្រាប់តែនៅយប់ថ្ងៃនោះ ក៏មានអគ្គីភ័យឆាបឆេះផ្ទះរបស់លោក “ក” ឃើញដូច្នេះលោក “ខ” ដែលជាអ្នកជិតខាងក៏បានទម្លុះទ្វារផ្ទះលោក “ក” ដើម្បីចូលទៅពន្លត់អគ្គីភ័យដែលកំពុងឆាបឆេះនោះ។ ដូច្នេះក្នុងករណីនេះលោក “ខ” មិនត្រូវទទួលទោសព្រហ្មទណ្ឌ និងទទួលខុសត្រូវលើសំណងដែលបានទម្លុះទ្វារផ្ទះលោក “ក” នោះទេ ព្រោះថា ហេតុការណ៍នេះជាករណីចាំបាច់។ សរុបមកការគ្រប់គ្រងដោយឈឺឆ្អាលគឺ ជាសកម្មភាពរបស់អ្នកដ៏ទៃ ដែលបានជួយគ្នាទៅវិញទៅមកក្នុងន័យសាមគ្គីភាពទោះបីនៅក្នុងកាលៈទេសៈបែបណាក៏ដោយ ឲ្យតែការជួយ ឬការគ្រប់គ្រងនោះមានភាពសមស្របជាងគេ។ ដោយឡែកចំពោះបុគ្គលដែលធ្វើការប្រតិបត្តិការគ្រប់គ្រងដោយឈឺឆ្អាលត្រូវតែមានឆន្ទៈ សុច្ចរិត និងស្មោះត្រង់។ រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងកញ្ញា យ៉េ នីតា ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖president@ciclg.com (អ៊ីម៉ែល៖president@ciclg.com) គេហទំព័រ៖www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group៕

2020-05-11 08:48:01

យល់ដឹងផ្នែកច្បាប់៖ អគារសហកម្មសិទ្ធិ

(ភ្នំពេញ)៖ វិស័យអចលទ្រព្យនៅកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថាមានសន្ទុះរីកដុះដាលយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ទាំងនេះជាផ្នែកមួយបានជំរុញឱ្យ សេដ្ឋកិច្ចជាតិមានការរីកចម្រើន និងបានលើកមុខមាត់ ព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិផងដែរ។ ដោយសារកត្តាទាំងអស់នេះ រួមផ្សំនឹងស្ថិរភាពនយោបាយនៅកម្ពុជា បានធ្វើឱ្យវិនិយោគិនក្នុង និងក្រៅប្រទេស បាននឹងកំពុងសម្លឹងឃើញទីផ្សារវិនិយោគលើគម្រោងសាងសង់ ជាច្រើននៅតំបន់ដែលមានសក្តានុពល ក្នុងនោះគម្រោងសាងសង់អគារខ្ពស់ៗជាចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេសដែលចូលមកដោយស្របច្បាប់ដើម្បីបំពេញការងារ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការរស់នៅបែបទំនើបនិយមនេះដែលគ្រប់គ្នាតែងហៅថា ខុនដូ រឺ អាផាតមិន ជាពាក្យកម្ចីពីបរទេស សម្រាប់ភាសាខ្មែរ ហៅថា អគារសហកម្មសិទ្ធិ។ តើបុគ្គលទាំងទ្បាយដែលរស់នៅក្នុងអគារសហកម្មសិទ្ធិ មានសិទ្ធិ និងកាតព្វកិច្ច យ៉ាងណា? ដូច្នេះសម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន FRESH NEWS សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «អគារសហកម្មសិទ្ធិ» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖ មុននឹងឈានដល់ការបកស្រាយខ្លឹមសារអត្ថបទ យើងសូមបង្ហាញជូននូវវាក្យសព្ទមួយចំនួនដូចខាងក្រោម៖ សហកម្មសិទ្ធិ គឺជាកម្មសិទ្ធិលើអចលនវត្ថុរបស់បុគ្គលច្រើននាក់ បែងចែកតាមឡូតិ៍ដែលម្នាក់ៗបានមួយចំណែកជាឯកជន ហើយមួយចំណែកទៀតជាផ្នែកនៃទ្រព្យរួម។ ចំពោះបុគ្គលដែលមានសិទ្ធិកម្មសិទ្ធិលើចំណែកឯកជន ត្រូវបានគេស្គាល់ថាជា សហកម្មសិទ្ធិករ។ ទន្ទឹមនឹងនេះដែរពាក្យថា អគារសហកម្មសិទ្ធិ គឺសំដៅដល់អគារ ឬសំណង់ដែលមានកម្មសិទ្ធិករច្រើននាក់រស់នៅ ប៉ុន្តែមានចំណែកខ្លះជាកម្មសិទ្ធិផ្តាច់មុខរបស់សហកម្មសិទ្ធិករនីមួយៗហៅថា «ចំណែកឯកជន» និងមានចំណែកខ្លះដែលជាលំហរួមសម្រាប់ការប្រើប្រាស់រួមរបស់សហកម្មសិទ្ធិករទាំងអស់នោះហៅថា «ចំណែករួម»។ ប្រភេទនៃអគារសហកម្មសិទ្ធិទាំងនោះមានដូចជា ភូមិគ្រឹះ ពាក់កណ្តាលភូមិគ្រឹះ ផ្ទះល្វែងដែលមានច្រើនល្វែង និង ច្រើនជាន់ជាប់គ្នា ខុនដូ ប្រភេទផ្ទះផ្សេងទៀត ដែលមានរចនាសម្ព័ន្ធជាប់គ្នា។ សហកម្មសិទ្ធិករនីមួយៗមានសិទ្ធិពេញលេញ ក្នុងការចាត់ចែងលើចំណែកឯកជនរបស់ខ្លួនដូចជា ការលក់ការដូរ ការជួល ប្រទានកម្ម បន្តមរតក ការជួលអចិន្ត្រៃយ៍ បង្កើតជាផលុបភោគ រៀបចំសិទ្ធិប្រើប្រាស់អាស្រ័យនៅ ដាក់ហ៊ីប៉ូតែក (ដាក់ជាទ្រព្យធានា) និងដាក់បញ្ចាំ ប៉ុន្តែមិនអាចបង្កើតជាសេវភាពបាននោះទេ និងត្រូវហាមឃាត់ជាដាច់ខាតនូវការរំខាន ឬរាំងស្ទះ ដល់ការប្រើប្រាស់ចំណែករួមរបស់សហកម្មសិទ្ធិករផ្សេងទៀត។ បើយើងក្រឡេកទៅមើលអំពីទំហំ និងប្រភេទនៃចំណែកឯកជននីមួយៗត្រូវបានគេកំណត់យ៉ាងច្បាស់លាស់នៅក្នុងវិញ្ញាបនប័ត្រសម្គាល់ម្ចាស់ចំណែកឯកជន (ប្លង់ខុនដូ)។ យើងដឹងហើយថាចំណែក ឯកជនត្រូវសម្គាល់ដោយការប្រើប្រាស់ដោយផ្តាច់មុខពីម្ចាស់កម្មសិទ្ធិករណាមួយ រីឯចំណែករួមត្រូវបានគេសម្គាល់ដោយការប្រើប្រាស់ជាប្រយោជន៍រួម ដែលមានដូចជា៖ ដី ទីធ្លា ឧទ្យាន សួនច្បារ ផ្លូវ ជណ្តើរ ជញ្ជាំងអឌ្ឍសិទ្ធិ ដំបូល សសរនៃអគារ ច្រកចេញ-ចូលជាដើម និងទីកន្លែង សេវាកម្មរួមផ្សេងៗដែលមានកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងនៃអគារសហកម្មសិទ្ធិនោះ។ អ្នកប្រើប្រាស់លើចំណែករួម ទាំងអស់ត្រូវចូលរួមក្នុងការទទួលបន្ទុកថែទាំចំណែករួមនេះផងដែរ។ ក្នុងករណីដែលសហកម្មសិទ្ធិករណាមួយបានធ្វើឱ្យមានការខូចខាត ឬបាត់សភាពដើមនៃចំណែករួម សហកម្មសិទ្ធិករនោះត្រូវធានាក្នុងការធ្វើឱ្យចំណែករួមនោះទៅជាសភាពដើមវិញ ឬក្នុងករណីដែលមានការទន្រ្ទានដណ្តើមយកចំណែករួមដើម្បីធ្វើការកាន់កាប់ នោះការកាន់កាប់ប្រភេទនេះ នឹងត្រូវចាត់ទុកជាការកាន់កាប់ដោយខុសច្បាប់។ ស្របពេលជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចក្នុងការបង្ខំឱ្យជននោះរុះរើចេញ ហើយត្រូវធានាក្នុងការធ្វើចំណែករួមដែលបានខូចខាតឱ្យទៅជាសភាពដើមវិញ។ បើយោងតាមមាត្រា ២៥៨ នៃច្បាប់ភូមិបាល ចំពោះសហកម្មសិទ្ធិករណាដែលមិនព្រមចូលរួមទទួលបន្ទុកថែទាំចំណែករួមនៃសហកម្មសិទ្ធិរបស់ខ្លួន ឬមិនគោរពតាមលក្ខខណ្ឌនៃសណ្តាប់ធ្នាប់ សាធារណៈត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០០,០០០ ( ប្រាំសែន ) រៀល ដល់ ៣,០០០,០០០ ( បីលាន ) រៀល ។ ចំពោះសហកម្មសិទិ្ធករពិសេស (ជនបរទេស) ជាគោលការណ៍ច្បាប់មិនអនុញ្ញាតឱ្យមានលក់ទិញអចលនវត្ថុទ្បើយ ប៉ុន្តែដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនបរទេសក្នុងការយកទុនមកវិនិយោគ និងជួយសម្រួលដល់ធុរកិច្ចរបស់វិនិយោគ លើវិស័យសំណង់ ព្រមទាំងឆ្លើយតបទៅនឹងការកើនឡើងនៃទីផ្សារអចលនវត្ថុ កម្ពុជាបានបង្កើតច្បាប់ស្តីពីការផ្តល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជន នៃអគារសហកម្មសិទ្ធិដល់ជនបរទេស ដោយបានអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិក្នុងការទិញលក់លើអគារសហកម្មសិទ្ធិ ចាប់ពីជាន់ទី១ ( មួយ ) ឡើងទៅ ដោយត្រូវបានផ្តល់សិទ្ធិក្នុងការប្រើប្រាស់ និងអាស្រ័យផលលើចំណែករួម ហើយសហកម្មសិទ្ធិករពិសេសលើចំណែកឯកជននៃអគារសហកម្មសិទ្ធិមានកាតព្វកិច្ច និងបន្ទុកផ្សេងៗដូចសហកម្មសិទ្ធិករខ្មែរដែរ។ សហកម្មសិទ្ធិករពិសេសត្រូវគោរពរាល់កាតព្វកិច្ច និង/ឬបន្ទុកដែលមានចែងក្នុងបទបញ្ជាផ្ទៃក្នុងនៃអគារសហកម្មសិទ្ធិ និង/ឬ ច្បាប់ជាធរមាន។ ក្នុងករណីណាក៏ដោយ ក៏ក្បាលដីដែលអគារសហកម្មសិទ្ធិតាំងនៅ មិនអាចជាកម្មវត្ថុនៃកម្មសិទ្ធិរបស់សហកម្មសិទ្ធិករពិសេសបានទ្បើយ។ ចំពោះ អគារសហកម្មសិទ្ធិសាងសង់នៅលើដីជួលពីបុគ្គលទី៣ ជនបរទេសមានសិទ្ធិជួលអចិន្រ្តៃយ៍លើចំណែកឯកជនដូចពលរដ្ឋខ្មែរដែរ។ ដោយទ្បែក ច្បាប់បានកម្រិតសិទ្ធិដល់សហកម្មសិទ្ធករពិសេសដូចខាងក្រោម៖ *មិនត្រូវបានអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិកម្មសិទ្ធិនៅជាន់ផ្ទាល់ដី និងជាន់ក្រោមដី ទ្បើយ។ *អាចមានសិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិមួយកន្លែងមិនលើសពី ៧០ (ចិតសិប) ភាគរយ នៃទំហំផ្ទៃក្រទ្បានៃចំណែកឯកជនទាំងអស់នៃអគារសហកម្មសិទ្ធិ។ *មិនត្រូវបានអនុញ្ញាតឱ្យមានសិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិ ស្ថិតនៅក្នុងចម្ងាយ ៣០ (សាមសិប) គីឡូម៉ែត្រពីព្រំដែនគោកទ្បើយ និងតំបន់មួយចំនួនទៀតដែលកំណត់ ដោយរាជរដ្ឋាភិបាល លើកលែងតែអគារសហកម្មសិទ្ធិនោះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ទីប្រជុំជនសំខាន់ៗ និងតំបន់ផ្សេងទៀតដែលកំណត់ដោយរាជរដ្ឋាភិបាល។ សរុបមក អគារសហកម្មសិទ្ធិ សំដៅដល់សំណង់ដែលមានកម្មសិទ្ធិករច្រើននាក់រស់នៅ ហើយសហកម្មសិទ្ធិករទាំងឡាយត្រូវមានកាតព្វកិច្ចថែរក្សាចំណែកឯកជន និងចំណែករួម ដោយគោរពបទបញ្ជាផ្ទៃក្នុង និងបទបញ្ញាត្តិនានា ប៉ុន្តែក្នុងករណីសហកម្មសិទ្ធិករណាមួយធ្វើឱ្យប៉ះពាល់ដល់ចំណែករួមនៃអគារសហកម្មសិទ្ធិនោះ នឹងត្រូវទទួលទោសពិន័យជាប្រាក់តាមបញ្ញត្តិច្បាប់ដែលបានកំណត់ ។ រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងលោក ហេង សុគន្ធ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖ president@ciclg.com, គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕

2020-05-07 15:27:16

យល់ដឹងអំពីច្បាប់៖ បទប្រឆាំងនឹងអ្នករាជការសាធារណៈ

(ភ្នំពេញ)៖ អ្នករាជការសាធារណៈ ត្រូវបានគេស្គាល់ជាទូទៅថាជាបុគ្គលដែលបម្រើការងារនៅតាមក្រសួង-ស្ថាប័នរបស់រដ្ឋ និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។ នៅក្នុងពេលបំពេញបេសកកម្មរបស់ខ្លួន អ្នករាជការសាធារណៈតែងតែជួបនូវឧបសគ្គនានា ដោយពេលខ្លះមានបុគ្គលមួយចំនួនតូចបានប្រើប្រាស់នូវអំពើហិង្សា និងសកម្មភាពទុច្ចរិតផ្សេងៗដើម្បីធ្វើការតទល់ និងរារាំងកុំឱ្យការអនុវត្តច្បាប់ ទទួលបានជោគជ័យ។ អំពើប្រឆាំងដោយប្រើការតទល់ដោយហិង្សា នឹងអ្នករាជការសាធារណៈដែលធ្វើសកម្មភាពដើម្បីអនុវត្តច្បាប់ បទបញ្ជារបស់អាជ្ញាធរសាធារណៈ ឬសេចក្តីសម្រេចរបស់តុលាការ ដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍សាធារណៈ គឺជាបទល្មើសព្រហ្មទណ្ឌ។ ដើម្បីយល់កាន់តែច្បាស់ថាតើ «បទប្រឆាំងនឹងអ្នករាជការសាធារណៈ» មានទោសកម្រិតណា? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្ដាហ៌នេះសូមធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ និងសិស្ស និស្សិត ដូចតទៅ៖ បទប្រឆាំងនឹងអ្នករាជការសាធារណៈ បញ្ញត្តិទ្បើងក្នុងគោលបំណងដើម្បីការពារចំពោះអំពើបំពារបំពានទាំងទ្បាយទៅលើអ្នករាជការសាធារណៈ ក្នុងពេលបំពេញបេសកកម្ម និងធានាឱ្យការបំពេញបេសកកម្ម ទទួលបានជោគជ័យ។ យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៥០៣ បានបញ្ញត្តិថា «ការប្រឆាំងនឹងអ្នករាជការសាធារណៈ គឺជាអំពើប្រឆាំងដោយការតទល់ដោយប្រើហិង្សានឹងអ្នករាជការ សាធារណៈដែលធ្វើសកម្មភាពដើម្បីអនុវត្តច្បាប់ បញ្ជារបស់អាជ្ញាធរសាធារណៈ ឬសេចក្ដីសម្រេចតុលាការ»។ តាមខ្លឹមសារនេះគឺសំដៅលើរាល់សកម្មភាពទាំងឡាយណាដែលធ្វើការប្រឆាំងតទល់នឹងអ្នករាជការសាធារណៈ ដែលកំពុងបំពេញការងារក្នុងក្របខណ្ឌ តួនាទីរបស់ខ្លួន ហើយការប្រឆាំងក្នុងសញ្ញាណនៃបទល្មើសនេះ គឺផ្ដោតលើសកម្មភាពប្រឆាំងទាំងឡាយណាស្ដែងឡើងមានលក្ខណៈជាហិង្សា ដែលធ្វើឱ្យមានការរំខាន ឬប៉ះពាល់ដល់ការបំពេញតួនាទីរបស់អ្នករាជការសាធារណៈ។ ពាក្យថាហិង្សាត្រង់ចំណុចនេះសំដៅលើសកម្មភាពមួយចំនួនដូចជា ការប្រើកម្លាំងដោយមានសកម្មភាពវាយតប់ ទាត់ធាក់ ប្រើអាវុធ ឬការគប់ដុំថ្ម និងសកម្មភាពហិង្សាក្រោមរូបភាពផ្សេងៗទៀតទៅលើអ្នករាជការសាធារណៈ ដែលជនបង្កបានដឹងយ៉ាងជាក់លាក់ថាជាអ្នករាជការសាធារណៈដែលកំពុងបំពេញបេសកកម្មការងាររបស់ខ្លួន។ សកម្មភាពដែលស្ដែងឡើងក្នុងរូបភាពដូចបានរៀបរាប់ខាងលើ ត្រូវបានកំណត់ថាជាបទប្រឆាំងនឹងអ្នករាជការសាធារណៈ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៣ (បី) ខែ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ៥០០.០០០ (ប្រាំសែន) រៀល។ លើសពីនេះ យោងតាមមាត្រា ៥០៤ ពាក់ព័ន្ធនឹងស្ថានទម្ងន់នៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល នៅក្នុងករណីដូចតទៅ៖ ១-ការប្រឆាំងនឹងអ្នករាជការសាធារណៈ បានប្រព្រឹត្តដោយបុគ្គលច្រើនរូប ធ្វើសកម្មភាពក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត ឬជាអ្នកផ្សំគំនិត។ ២- ចារីមានអាវុធ។ សរុបមកបទប្រឆាំងនឹងអ្នករាជការសាធារណៈត្រូវបានបញ្ញត្តិទ្បើងដើម្បីការពារចំពោះអំពើបំពារបំពានទាំងទ្បាយ ទៅលើអ្នករាជការសាធារណៈក្នុងពេល បំពេញបេសកកម្ម និងធានាឱ្យការបំពេញបេសកកម្ម ទទួលបានជោគជ័យ ព្រមទាំងដាក់ទោសទណ្ឌទៅលើជនបង្កដែលបានប្រើហិង្សាគ្រប់រូបភាព ទៅលើអ្នករាជសាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍សាធារណៈ។ រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក ទ្បេង ពុទ្ធិតារា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-27 08:55:18

យល់ដឹងផ្នែកច្បាប់៖ បទឃាតកម្ម

(ភ្នំពេញ)៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា «ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន» ហេតុដូច្នេះសិទ្ធិរស់រានមានជីវិតនេះ មិនសំដៅតែលើប្រជាពលរដ្ឋគ្រប់រូបទេ សូម្បីតែឧក្រិដ្ឋជនដែលបានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរក៏ទទួលបានការការពារដោយសិទ្ធិនេះផងដែរ។ ក្នុងករណីដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្សដោយចេតនាវាគឺជាបទល្មើស «ឃាតកម្ម»។ តើបទល្មើសឃាតកម្មមានន័យដូចម្ដេច? ហើយអ្នកប្រព្រឹត្តនឹងទទួលទោសកម្រិតណា? ដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បទឃាតកម្ម» មកបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖ បើយោងតាមវចនានុក្រមរបស់សម្តេចសង្ឈ ជួន ណាត បានឲ្យនិយមន័យពាក្យថា «ឃាតកម្ម» គឺជាអំពើសម្លាប់ ឬអំពើបៀតបៀន រីឯសទ្ទានុក្រមពាក្យច្បាប់ ក៏បានឲ្យនិយមន័យពាក្យថា «ឃាតកម្ម» គឺជាអំពើសម្លាប់មនុស្សដោយចេតនាតាមគ្រប់មធ្យោបាយ ទោះដោយប្រើអាវុធក្តី ឬមិនប្រើអាវុធក្តី។ ចំពោះក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា១៩៩ បានបញ្ញត្តិថា៖ «បទឃាតកម្ម» គឺជាអំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ)។ «បទឃាតកម្ម» ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០(ដប់)ឆ្នាំ ដល់ ១៥(ដប់ប្រាំ)ឆ្នាំ។ «បទឃាតកម្ម» ជាបទល្មើសសកម្ម ដូចនេះការសម្លាប់មនុស្សត្រូវស្តែងឡើងតាមកាយវិការដែលបង្ហាញមកក្រៅ ដោយការប្រើអាវុធក្តី ឬមិនប្រើអាវុធក្តី និងមានចេតនាក្នុងការធ្វើសកម្មភាពសម្លាប់ ដែលធ្វើឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗ។ ផ្ទុយទៅវិញ ប្រសិនបើការសម្លាប់មនុស្ស កើតចេញពីការរៀបចំគម្រោងសម្លាប់ ឬការសម្លាប់នោះមិនអាចធ្វើឲ្យជនរងគ្រោះស្លាប់ភ្លាមៗ ឬការសម្លាប់នោះកើតឡើងក្រៅឆន្ទៈរបស់ជនល្មើស ឬការសម្លាប់កើតឡើងដោយការធ្វើទារុណកម្មផ្សេងៗ ឬការសម្លាប់នោះពុំមែនមានចេតនាសម្លាប់ នោះមិនអាចចាត់ទុកថាជាបទឃាតកម្មនោះទេ ប៉ុន្តែនឹងត្រូវចាត់ទុកជាបទល្មើសផ្សេងដែលមានកំណត់នៅក្នុងក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ នៃព្រះរាជាណាចក្រកម្ពុជា។ ឧទាហរណ៍៖ បុរស «ក» បានជេរប្រមាថមើលងាយនារី «ខ» ថាជាស្រីមិនល្អ ដោយសារតែខឹងនឹងសម្តីមើលងាយលើរូបខ្លួនថាជាស្រីមិនល្អ នារី «ខ» បានយកដំបងវាយសំដៅទៅបុរស «ក» ត្រូវចំក្បាលមួយទំហឹងបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ។ ចំពោះករណីខាងលើនេះវាគឺជាបទល្មើស «បទឃាតកម្ម»។ សរុបជារួម បទឃាតកម្ម ជាអំពើផ្ដាច់ហូតយកជីវិត និងប្រឆាំងនឹងសិទ្ធិរស់រានមានជីវិត ព្រមទាំងបង្កឲ្យមានភាពវឹកវរដល់សង្គម ដែលត្រូវបានគេចាត់ទុកជាប្រភេទបទឧក្រិដ្ឋដែលត្រូវ ផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ។ រៀបរៀងដោយ៖ លោក ប៊ុន វិទូ និងកញ្ញា សាំង សុភាព ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាស័យដ្ឋាននៅអគារលេខ ៤៥៣៥ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖ president@ciclg.com, គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕

2020-04-22 14:33:41

យល់ដឹងផ្នែកច្បាប់៖ កម្មសិទ្ធិអវិភាគ

(ភ្នំពេញ)៖ ក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបែងចែក កម្មសិទ្ធិលើវត្ថុ (ចលនវត្ថុ និងអចលនវត្ថុ) ទៅតាមប្រភេទផ្សេងៗគ្នា និងតាមស្ថានភាពនីមួយៗខុសៗគ្នា។ ក្នុងនោះដែរ កម្មសិទ្ធិអវិភាគ គឺជាសិទ្ធិលើកម្មសិទ្ធិលើវត្ថុ ដែលកម្មសិទ្ធិករច្រើននាក់មាននៅលើវត្ថុតែមួយ ដែលមិនអាចបំបែកបាន។ ដើម្បីយល់កាន់តែច្បាស់ថា តើកម្មសិទ្ធិអវិភាគ មានលក្ខណៈបែបណា? តើម្ចាស់កម្មសិទ្ធិអវិភាគ មានសិទ្ធិនិងកាតព្វកិច្ចយ៉ាងដូចម្តេច? តើគេអាចបែងចែកវត្ថុកម្មសិទ្ធិអវិភាគបានដែរ ឬទេ? ហេតុនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់ អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបកស្រាយពាក់ព័ន្ធនឹងប្រធានបទស្ដីពី «កម្មសិទ្ធិអវិភាគ» ជូនប្រជាពលរដ្ឋ ដូចតទៅ៖ យោងតាមក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ២០២ បានឲ្យនិយមន័យថា ស្ថានភាពដែលបុគ្គលច្រើននាក់ មានកម្មសិទ្ធិស្របទៅតាមភាគចំណែករបស់ខ្លួន ដែលគិតតាមចំនួននៅលើទ្រព្យតែមួយ ហៅថា សិទ្ធិអវិភាគ។ ចំពោះភាគចំណែកនៃម្ចាស់កម្មសិទ្ធអវិភាគម្នាក់ៗ ត្រូវបានច្បាប់សន្មត់ថាស្មើគ្នា (មាត្រា ២០៣) ដែលមានន័យថា ប្រសិនបើក្នុងករណីម្ចាស់អវិភាគ មិនបានកំណត់ឱ្យលម្អិត ពីចំនួនចំណែកនៃកម្មសិទ្ធិអវិភាគ ឱ្យបានច្បាស់លាស់នោះទេ ចំណែកនៃកម្មសិទ្ធិករនីមួយៗ គឺស្មើគ្នា។ ក្នុងការគ្រប់គ្រង ប្រើប្រាស់ អាស្រ័យផលលើវត្ថុអវិភាគ តាមច្បាប់ម្ចាស់កម្មសិទ្ធិករម្នាក់ៗ មានសិទ្ធិអាចធ្វើអនុប្បទាន ឬដាក់ជាប្រោតិភោគនូវចំណែកអវិភាគរបស់ខ្លួន បានដោយមិនចាំបាច់មានការយល់ព្រម ពីកម្មសិទ្ធិករអវិភាគផ្សេងទៀតឡើយ ហើយម្ខាស់បំណុល នៃម្ចាស់កម្មសិទ្ធិអវិភាគនេះ ក៏អាចរឹបអូសចំណែកនោះបានដែល។ សិទ្ធិ និងកាតព្វកិច្ច របស់ម្ចាស់កម្មសិទ្ធិអវិភាគ មាន៤ចំណុច៖ ១* ការប្រើប្រាស់វត្ថុកម្មសិទ្ធិអវិភាគ៖ ម្ចាស់កម្មសិទ្ធិករ អាចប្រើប្រាស់វត្ថុជាកម្មសិទ្ធិអវិភាគទាំងមូល តាមសមាមាត្រនៃចំណែករបស់ខ្លួនបាន ។ ២* ការថែទាំវត្ថុកម្មសិទ្ធិអវិភាគ៖ ម្ចាស់កម្មសិទ្ធិករអាចធ្វើសកម្មភាពថែទាំ វត្ថុដែលជាកម្មសិទ្ធិអវិភាគ ដោយឯកឯងបាន ។ ៣* ការផ្លាស់ប្តូរមុខងារប្រើប្រាស់នៃវត្ថុកម្មសិទ្ធិអវិភាគ៖ លុះណាតែមានការយល់ព្រមពីម្ចាស់កម្មសិទ្ធិករអវិភាគផ្សេងទៀត។ ៤* ការគ្រប់គ្រងវត្ថុកម្មសិទ្ធិអវិភាគ៖ កិច្ចការទាំងឡាយដែលទាក់ទងនឹងការគ្រប់គ្រងវត្ថុកម្មសិទ្ធិអវិភាគ ត្រូវសម្រចដោយមតិភាគច្រើន តាមតម្លៃនៃចំណែករបស់ម្ចាស់កម្មសិទ្ធិអវិភាគម្នាក់ៗ ។ ៥* ម្ចាស់កម្មសិទ្ធិអវិភាគម្នាក់ៗ មានសិទ្ធិទាមទារឲ្យបែងចែកវត្ថុកម្មសិទ្ធិអវិភាគបានគ្រប់ពេលវេលា។ ប៉ុន្តែម្ចាស់កម្មសិទ្ធិអវិភាគអាចធ្វើកិច្ចសន្យាហាមមិនឲ្យបែងចែកវត្ថុកម្មសិទ្ធិអវិភាគ ក្នុងអំឡុងពេលដែលមិនលើសពី ៥(ប្រាំ) ឆ្នាំ បាន ។ ម្ចាស់កម្មសិទ្ធិករនៃវត្ថុអវិភាគម្នាក់ៗ ត្រូវទទួលបន្ទុកក្នុងការបង់សោហ៊ុយគ្រប់គ្រង ពន្ធដារ តាមភាគចំណែកដែលខ្លួនមានរៀងៗខ្លូន ហើយបើក្នុងករណី ដែលកម្មសិទ្ធិករណាម្នាក់បានបង់សោហ៊ុយ ដើម្បីថែទាំ គ្រប់គ្រង ឬបន្ទុកផ្សេងទៀតដែលលើសពីបន្ទុកដែលខ្លួនត្រូវបង់ ម្ចាស់កម្មសិទ្ធិករនោះអាចធ្វើការទាមទារ អោយមានម្ចាស់កម្មសិទ្ធិករដទៃទៀត សងប្រាក់ដែលខ្លួនបានបង់លើសនោះ តាមសមាមាត្រ នៃចំណែករៀងៗខ្លួន។ មួយវិញទៀត សិទ្ធិនៃការទាមទារខាងលើនេះ ក៏អាចធ្វើបានដែលចំពោះជនដែលបានទទួលបន្តនូវចំណែកកម្មសិទ្ធិអវិភាគផ្សេង ។ លើសពីនេះទៅទៀត ក្នុងករណីដែលម្ចាស់កម្មសិទ្ធិអវិភាគណាម្នាក់ បានបោះបង់នូវចំណែករបស់ខ្លួន ឬបានទទួលមរណៈភាព ហើយគ្មានសន្តតិជនទេនោះ ចំណែករបស់បុគ្គលនោះនឹងត្រូវបានទៅម្ចាស់កម្មសិទ្ធិអវិភាគផ្សេងទៀត ។ វិធីបែងចែកវត្ថុកម្មសិទ្ធិអវិភាគ មាន២ ប្រភេទ៖ ១* ធ្វើការបែងចែកតាមការព្រមព្រៀង៖ ជាគោលការណ៏ វីធីបែងចែកត្រូវធ្វើឡើងដោយការពិភាក្សាគ្នា ក្នុងចំណោមកម្មសិទ្ធិករអវិភាគទាំងអស់ ។ ២* ធ្វើការបែងចែកតាមផ្លូវតុលាការ៖ គឺការបែងចែកវត្ថុតាមរូបដើម ការលក់ដេញថ្លៃ និងចែកប្រាក់តាមចំណែក និងការផ្ទេរចំណែកទៅអោយម្ចាស់កម្មសិទ្ធិករអវិភាគណាម្នាក់ដោយផ្តល់សំណង។ ប្រសិនបើ ម្ចាស់កម្មសិទ្ធិអវិភាគណាម្នាក់ មានសិទ្ធិលើបំណុលចំពោះម្ចាស់កម្មសិទ្ធិអវិភាគឯទៀត ដោយ សារការថែទាំ ការគ្រប់គ្រង ឬបន្ទុកផ្សេងទៀតទៅលើកម្មវត្ថុអវិភាគ ម្ចាស់កម្មសិទ្ធិអវិភាគ នោះអាចអោយកូនបំណុលសង ដោយយកចំណែកនៃចំណែក នៃវត្ថុអវិភាគដែលជាចំណែករបស់កូនបំណុលបាន។ មួយវិញទៀត ក្នុងករណីដែលមានភាពចាំបាច់ត្រូវលក់វត្ថុ ដែលជាកម្មសិទ្ធិអវិភាគរបស់កូនបំណុលនោះ ម្ចាស់បំណុលអាចទាមទារការលក់ទៅតុលាការបាន ។ សរុបជារួមមក កម្មសិទ្ធិអវិភាគ ជាសិទ្ធិដែលម្ចាស់កម្មសិទ្ធិករច្រើននាក់មានលើ វត្ថុអវិភាគតែមួយ ដែលមិនអាចបំបែកបានហើយ ត្រូវសន្មត់ថាមានសមាមាត្រស្មើៗគ្នា បើម្ចាស់កម្មសិទ្ធិ ពុំបានធ្វើការកំណត់ឲ្យបានច្បាស់លាស់។ ដូចេ្នះម្ចាស់កម្មសិទ្ធិករម្នាក់ៗត្រូវស្វែងយល់អោយបានច្បាស់ពីសិទ្ធិរបស់ខ្លូននៅក្នុងចំណែកអវិភាគនីមួយៗ ដើម្បីកុំឲ្យកើតមានភាពលំបាកបែងចែកនាពេលមានវិវាទ ។ រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និង អ្នកស្រី នូ ពិសី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 14:32:58

យល់ដឹងផ្នែកច្បាប់៖ តួនាទី និងដែនសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរ

(ភ្នំពេញ)៖ នៅក្នុងតុលាការកម្ពុជាយុត្តាធិការព្រហ្មទណ្ឌ គឺជាយុត្តាធិការមួយដែលជ្រើសរើសប្រព័ន្ធនៃការស៊ើបសួរ ដើម្បីធានាការការពារសិទ្ធិ និងផលប្រយោជន៍ទាំងជនរងគ្រោះ និងជនត្រូវចោទឲ្យស្ថិតនៅក្នុងសមភាពមួយចំពោះមុខច្បាប់។ ហេតុដូចនេះ ដំណាក់កាលចៅក្រមស៊ើបសួរ គឺជានីតិវិធីមួយដ៏សំខាន់នៅក្នុងនីតិវិធីព្រហ្មទណ្ឌ ព្រោះដំណាក់កាលនេះត្រូវបានធ្វើឡើងដោយគោរពសិទ្ធិរបស់ភាគី ទោះជាជនរងគ្រោះ ឬជនត្រូវចោទក៏ដោយ ពោលគឺចៅក្រមស៊ើបសួរ ជាអ្នកស្វែងរកប្រមូលភស្តុតាងដាក់បន្ទុក និងភស្តុតាងដោះបន្ទុក ដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវសមភាពរវាងគូភាគី និងស្វែងរកឱ្យឃើញនូវការពិត មុននឹងសម្រេចចិត្តឃុំខ្លួន ឬមិនឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទ។ ហេតុដូច្នេះ ដើម្បីឱ្យចៅក្រមស៊ើបសួររកការពិតបាន ក្រមនីតិវិធីព្រហ្មទណ្ឌបានផ្ដល់សិទ្ធិអំណាចក៏ដូចជាតួនាទីយ៉ាងសំខាន់ ដល់ចៅក្រមស៊ើបសួរក្នុងវិធានការនៃការស្រាវជ្រាវ ក្នុងដំណាក់កាលស៊ើបសួររបស់ខ្លួន។ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «តួនាទី និងដែនសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរ» មកបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖ ១* តួនាទីរបស់ចៅក្រមស៊ើបសួរ៖ ការស៊ើបសួរ គឺជាសិទ្ធិ និងតួនាទីក្នុងការបំពេញកិច្ចរបស់ចៅក្រមស៊ើបសួរ ក្នុងការស្រាវជ្រាវចំពោះអង្គហេតុនៃបទល្មើសព្រហ្មទណ្ឌក្រោយពីទទួលបាន ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់តំណាងអយ្យការ។ ចំពោះកិច្ចស៊ើបសួរទាំងអស់ ត្រូវបានអនុវត្ត និងដឹកនាំផ្ទាល់ដោយចៅក្រមស៊ើបសួរ ដើម្បីប្រមូលភស្តុតាងទាំងអស់ដែលពាក់ព័ន្ធ និងបញ្ជាក់ពីការពិតនៃអង្គហេតុព្រហ្មទណ្ឌចាប់តាំងពីការចាប់ផ្តើមស្រាវជ្រាវរហូតដល់បញ្ចប់ការស៊ើបសួរ។ ការស៊ើបសួរត្រូវធ្វើដោយខានមិនបានចំពោះបទឧក្រិដ្ឋ រីឯចំពោះបទមជ្ឈិម ការស៊ើបសួរអាចធ្វើក៏បាន ឬ មិនធ្វើក៏បាន។ កិច្ចស៊ើបសួររបស់ចៅក្រមស៊ើបសួរ ត្រូវបានគេកំណត់ដូចជា ការដាក់ឱ្យស្ថិតក្រោមការពិនិត្យ ការសួរចម្លើយជនត្រូវចោទ ការស្តាប់ចម្លើយដើមបណ្តឹងរដ្ឋប្បវេណី ឬជនរងគ្រោះ ការស្ដាប់ចម្លើយសាក្សី ការឆែកឆេរ ការចាប់យកវត្ថុតាង កោសលវិច័យ ការស្តាប់ទូរស័ព្ទ ការចាត់ឱ្យស៊ើបសួរជំនួស និងវិធានការនិរន្តរាយ (ជាវិធានការសំដៅដល់ការចេញដីកាផ្សេងៗដោយចៅក្រមស៊ើបសួរ ដែលក្នុងនោះមានដីកាបង្គាប់ឱ្យចូលខ្លួន ដីកាបង្គាប់ឱ្យនាំខ្លួន ដីកាបង្គាប់ឱ្យចាប់ខ្លួន ដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន និងដីកាសម្រេចដាក់ជនត្រូវចោទឱ្យនៅក្រោមការពិនិត្យតាមផ្លូវតុលាការ)។ ចៅក្រមស៊ើបសួរក៏មានតួនាទីបំពេញកិច្ចស៊ើបសួរ តាមការស្នើសុំឱ្យបំពេញកិច្ចស៊ើបសួររបស់តំណាងអយ្យការ ជនត្រូវចោទ ដើមបណ្តឹងរដ្ឋប្បវេណី ឬជនរងគ្រោះ និងមេធាវី។ ក្នុងករណីមានការស្នើសុំឱ្យបំពេញកិច្ចណាមួយ ចៅក្រមស៊ើបសួរមិនជាប់កាតព្វកិច្ចត្រូវតែស៊ើបសួរតាមការស្នើសុំនោះទេ ដោយចៅក្រមស៊ើបសួរអាចបដិសេធសំណើរបានដោយតម្រូវឱ្យ ជូនដំណឹងដល់អ្នកស្នើសុំ ។ ប្រសិនបើគ្មានការជូនដំណឹងអំពីការបដិសេធដល់អ្នកស្នើសុំទេ នោះអ្នកស្នើសុំអាចប្តឹងឧទ្ធរណ៍ទៅសភាស៊ើបសួរបាន។ កាលណាចៅក្រមស៊ើបសួរយល់ឃើញថាការស៊ើបសួរបានបញ្ចប់ហើយ ចៅក្រមស៊ើបសួរនឹងមានចំណាត់ការដូចតទៅ៖ * ជូនព័ត៌មានពីការបិទការស៊ើបសួរនេះទៅតំណាងអយ្យការ ជនត្រូវចោទ ដើមបណ្តឹងរដ្ឋប្បវេណី ឬជនរងគ្រោះ មេធាវី (ដោយចេញលិខិតជូនដំណឹង ឬ ជូនព័ត៌មាន)។ * បញ្ជូនសំណុំរឿងទៅតំណាងអយ្យការ ២ ថ្ងៃក្រោយជូនដំណឹងអំពីការបិទការស៊ើបសួរ។ ក្នុងរយៈពេលនេះ ប្រសិនបើតំណាងអយ្យការ ជនត្រូវចោទ ដើមបណ្តឹងរដ្ឋប្បវេណី ឬជនរងគ្រោះ មេធាវី ស្នើសុំឱ្យបំពេញកិច្ចស៊ើបសួរបន្ថែម ចៅក្រមស៊ើបសួរត្រូវសម្រេចអំពីបញ្ហានេះ។ ក្រោយពីបានស៊ើបសួរបន្ថែមចប់សព្វគ្រប់ហើយចៅក្រមស៊ើបសួរត្រូវជូនដំណឹងពីការបិទការស៊ើបសួរម្តងទៀត។ * តំណាងអយ្យការបង្វិលសំណុំរឿងទៅចៅក្រមស៊ើបសួរវិញ ដោយមានដីកាសន្និដ្ឋានស្ថាពរភ្ជាប់មកជាមួយ ក្នុងរយៈពេល ១៥ ថ្ងៃ បើជនត្រូវចោទត្រូវឃុំខ្លួន និង ១ ខែ បើជនត្រូវចោទនៅក្រៅឃុំ គិតចាប់ពីថ្ងៃដែលតំណាងអយ្យការបានទទួលសំណុំរឿង។ ដីកាសន្និដ្ឋានស្ថាពរត្រូវធ្វើជាលាយលក្ខណ៍អក្សរ និងមានសំអាងហេតុ នៅក្នុងដីកាសន្និដ្ឋានស្ថាពរ តំណាងអយ្យការអាចប្តឹងសុំឱ្យចៅក្រមស៊ើបសួរ បញ្ជូនខ្លួនជនត្រូវចោទទៅកាន់តុលាការជំនុំជម្រះ ឬក៏លើកលែងចោទប្រកាន់។ * ចៅក្រមស៊ើបសួរចេញដីកាដំណោះស្រាយដែលមានសំអាងហេតុ និងជូនដំណឹងជាបន្ទាន់ដល់តំណាងអយ្យការ ជនត្រូវចោទដើមបណ្តឹងរដ្ឋប្បវេណីមេធាវី។ ដីកាដំណោះស្រាយអាចជា ដីកាសម្រេចបញ្ជូនសំណុំរឿងទៅជំនុំជម្រះ និងដីកាលើកលែងចោទប្រកាន់។ ២* សមត្ថកិច្ចដែនដីរបស់ចៅក្រមស៊ើបសួរ៖ ក្នុងនីតិវិធីនៃការស៊ើបសួរ ចៅក្រមស៊ើបសួរដែលមានសមត្ថកិច្ចដែនដីដើម្បីបំពេញតួនាទីរបស់ខ្លួន ជាទូទៅគេកំណត់តាមវិធីដូចខាងក្រោម៖ * សមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរនាទីកន្លែងប្រព្រឹត្តបទល្មើស។ * សមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរនាទីលំនៅឋាន ឬ ទីសំណាក់របស់បុគ្គលដែលសង្ស័យថាបានប្រព្រឹត្តបទល្មើស។ * សមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរនាទីកន្លែងចាប់ខ្លួនបុគ្គលដែលសង្ស័យថាបានប្រព្រឹត្តបទល្មើស។ ក្នុងករណីដែលមានទំនាស់រវាងចៅក្រមស៊ើបសួរច្រើនរូប នៅសាលាដំបូងខុសៗគ្នា ហើយទទួលបានបណ្តឹងទាំងអស់គ្នា អំពីរឿងក្តីព្រហ្មទណ្ឌតែមួយដូចគ្នា ទំនាស់នេះត្រូវបានបញ្ជូនទៅ ប្រធានសភាស៊ើបសួរ ដើម្បីសម្រេច។ វិវាទសមត្ថកិច្ចដែនដី រវាងសភាស៊ើបសួរច្រើន ត្រូវសម្រេចដោយប្រធានតុលាការកំពូល ដោយការសម្រេចនេះបិទផ្លូវតវ៉ា។ សរុបជារួមក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧ បានធ្វើការបញ្ញត្តិអំពីតួនាទី និងដែនសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរយ៉ាងលំអិត ដោយហេតុថាដំណាក់កាលចៅក្រមស៊ើបសួរ គឺជាដំណាក់កាលដែលដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការរឿងក្តីព្រហ្មទណ្ឌ ក្នុងការស៊ើបសួរទៅលើបទល្មើសដែលត្រូវបានចោទប្រកាន់ដោយតំណាងអយ្យការមកលើជនត្រូវចោទ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ដែលអាចកំណត់ថាជនត្រូវចោទបានប្រព្រឹត្ត ឬ មិនបានប្រព្រឹត្តបទល្មើស។ រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា សាំង សុភាព ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-04-22 14:31:37