023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ ការបង្កើតហ៉ីប៉ូតែក

(ភ្នំពេញ)៖ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋម្នាក់ៗ ហិរញ្ញវត្ថុ គឺជាតម្រូវការដ៏ចាំបាច់មួយដែលខ្វះមិនបាន ក្នុងការដោះស្រាយបញ្ហានានាក្នុងជីវភាព ក៏ដូចជាអាជីវកម្មរបស់ខ្លួន ហើយជាទូទៅ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ពួកគាត់តែងតែជ្រើសរើសយកកម្ចីហិរញ្ញវត្ថុ ដែលភាគច្រើនកម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ពាក់ព័ន្ធនឹងប្រតិបត្តិការកម្ចីរវាងកូនបំណុល និងម្ចាស់បំណុលនេះផងដែរ ដើម្បីបង្កើនការទុកចិត្ត ក៏ដូចជាការពារផលប្រយោជន៍របស់គូភាគីទាំងសងខាង របបគតិយុត្តមួយប្រភេទត្រូវបានបង្កើតឡើង ដោយមានឈ្មោះថា ហ៉ីប៉ូតែក ដែលអនុញ្ញាតឱ្យកូនបំណុលប្រើប្រាស់សិទ្ធិលើអចលនវត្ថុរបស់ខ្លួនទៅធានាការអនុវត្តកាតព្វកិច្ចរបស់ខ្លួនជាមួយម្ចាស់បំណុល។ ដូចនេះដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ថា តើអ្វីទៅជាហ៉ីប៉ូតែក? ហើយហ៉ីប៉ូតែកត្រូវបង្កើតឡើងបែបណាទើបត្រឹមត្រូវស្របតាមច្បាប់? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពីការបង្កើតហ៉ីប៉ូតែក មកធ្វើការបង្ហាញជូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម៖ យោងតាមមាត្រា ៨៤៣ នៃក្រមរដ្ឋប្បវេណី បានឱ្យនិយមន័យ ហ៉ីប៉ូតែក ដែលសំដៅលើសិទ្ធិមួយដែលម្ចាស់បំណុលទទួលការសងចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត ចំពោះអចលនវត្ថុដែលបានដាក់ជាប្រាតិភោគនៃកាតព្វកិច្ចដោយកូនបំណុល ឬតតិយជនដោយមិនផ្ទេរការកាន់កាប់។ ក្នុងន័យនេះយើងឃើញថា ហ៉ីប៉ូតែក គឺជាប្រភេទមួយនៃសិទ្ធិប្រាតិភោគប្រត្យក្ស ដែលកូនបំណុល ឬតតិយជនបានយកទ្រព្យសម្បត្តិមកដាក់ហ៉ីប៉ូតែក ដើម្បីធានាកាតព្វកិច្ចដែលមានចំពោះបំណុលជាមួយម្ចាស់បំណុល ដោយមិនមានការផ្ទេរនូវការកាន់កាប់ទ្រព្យនោះទៅឱ្យម្ចាស់បំណុលឡើយ។ ជាគោលការណ៍ ហ៉ីប៉ូតែកត្រូវបានបង្កើតឡើងដោយព្រមព្រៀងគ្នារវាងម្ចាស់បំណុល និងកូនបំណុល ឬតតិយជនដែលយកអចលនវត្ថុរបស់ខ្លួនមកដាក់ហ៉ីប៉ូតែក តាមរយៈកិច្ចសន្យាបង្កើតហ៉ីប៉ូតែក។ ជាទូទៅ កិច្ចសន្យាបង្កើតហ៉ីប៉ូតែកអាចត្រូវបានបង្កើតឡើង និងមានអានុភាពអនុវត្តបាន ក្នុងទម្រង់ជាលិខិតសាមញ្ញ ប៉ុន្តែម្ចាស់បំណុលនឹងមិនអាចយកហ៉ីប៉ូតែកនេះទៅតតាំងជាមួយនឹងតតិយជនឡើយ។ ដើម្បីអាចបង្កើតលក្ខខណ្ឌតតាំងជាមួយតតិយជនបាន លុះត្រាតែកិច្ចសន្យាបង្កើតហ៉ីប៉ូតែកត្រូវបានបង្កើតឡើងជាទម្រង់លិខិតយថាភូត និងត្រូវបានចុះបញ្ជីនៅក្នុងសៀវភៅបញ្ជីដីធ្លី។ ខាងក្រោមនេះ ជាទិដ្ឋភាពជាក់ស្ដែងទាក់ទងនឹងការបង្កើតហ៉ីប៉ូតែក ចាប់ផ្ដើមពីការបង្កើតឱ្យមានសិទ្ធិលើបំណុល រហូតដល់ហ៉ីប៉ូតែកត្រូវបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់៖ * ដំណាក់កាលទី១៖ នៅក្នុងការអនុវត្តទូទៅ មុននឹងមានការបង្កើតហ៉ីប៉ូតែក សិទ្ធិលើបំណុលចាំបាច់ត្រូវតែកើតមានរវាងម្ចាស់បំណុល និងកូនបំណុលជាមុនសិន។ ជាទូទៅ សិទ្ធិលើបំណុលអាចត្រូវបានបង្កើតឡើងច្រើនរូបភាព ដែលភាគច្រើនយើងអាចមើលឃើញតាមរយៈការបង្កើតកិច្ចសន្យាខ្ចីបរិភោគរវាងកូនបំណុល និងម្ចាស់បំណុល។ នៅពេលបង្កើតកិច្ចសន្យាខ្ចីបរិភោគរួចរាល់ ប្រសិនបើភាគីឯកភាពគ្នាក្នុងការយកទ្រព្យរបស់កូនបំណុលទៅដាក់ហ៉ីប៉ូតែក ដើម្បីធានាលើបំណុលនោះគូភាគីត្រូវតែធ្វើកិច្ចសន្យាបង្កើតហ៉ីប៉ូតែក។ ដំណាក់កាលទី២៖ បន្ទាប់ពីឯកភាពគ្នាក្នុងការយកទ្រព្យរបស់កូនបំណុលទៅដាក់ហ៉ីប៉ូតែក ដើម្បីធានាលើបំណុល ម្ចាស់បំណុល និងកូនបំណុល ត្រូវរៀបចំកិច្ចសន្យាបង្កើតហ៉ីប៉ូតែកមួយឡើង។ ដូចបានបញ្ជាក់ខាងលើ កិច្ចសន្យាបង្កើតហ៉ីប៉ូតែកនឹងមិនអាចយកទៅតតាំងជាមួយតតិយជនបានឡើយ បើមិនបានធ្វើឡើងជាទម្រង់លិខិតយថាភូត និងត្រូវបានចុះបញ្ជីនៅក្នុងសៀវភៅបញ្ជីដីធ្លី។ លិខិតយថាភូតត្រង់ចំណុចនេះមានន័យថា ជាកិច្ចសន្យាបង្កើតហ៉ីប៉ូតែកត្រូវបានបង្កើតឡើង និងមានបញ្ជាក់ដោយមន្រ្តីមានសមត្ថកិច្ច។ មន្រ្តីមានសមត្ថកិច្ចត្រង់ចំណុចនេះអាចជាមេឃុំ ឬចៅសង្កាត់ ឬជាសារការី។ ដំណាក់កាលទី៣៖ បន្ទាប់ពីបានរៀបចំកិច្ចសន្យាបង្កើតហ៉ីប៉ូតែកជាទម្រង់លិខិតយថាភូតរួចរាល់ ជំហានបន្ទាប់គឺត្រូវរៀបចំពាក្យសុំចុះបញ្ជីអំពីការបង្កើតហ៉ីប៉ូតែក ដើម្បីស្នើសុំចុះបញ្ជីទៅរដ្ឋបាលសុរិយោដី។ ពាក្យសុំចុះបញ្ជីហ៉ីប៉ូតែកអំពីការបង្កើតហ៉ីប៉ូតែកត្រូវតែធ្វើឡើងរួមគ្នាដោយបុគ្គលមានសិទ្ធិចុះបញ្ជី និងបុគ្គលមានកាតព្វកិច្ចចុះបញ្ជី។ ពាក្យសុំចុះបញ្ជី ត្រូវបញ្ជាក់នូវព័ត៌មាន និងឯកសារចាំបាច់មួយចំនួន ដូចជា៖ * គោលបំណងនៃការចុះបញ្ជី៖ ការបង្កើតហ៉ីប៉ូតែកលើកម្មសិទ្ធិ។ * មូលហេតុ៖ កិច្ចសន្យាខ្ចីបរិភោគ និងកិច្ចសន្យាបង្កើតហ៉ីប៉ូតែក។ * អត្តសញ្ញាណបុគ្គលមានសិទ្ធិទាមទារឱ្យចុះបញ្ជី។ * អត្តសញ្ញាណបុគ្គលមានកាតព្វកិច្ចចុះបញ្ជី។ * ចំណុចផ្សេងៗ៖ ប្រាក់ដើម ការប្រាក់ សំណងនៃការខូចខាត។ * អត្តសញ្ញាណកម្មវត្ថុនៃហ៉ីប៉ូតែក។ ដំណាក់កាលទី៤៖ ដំណាក់កាលនេះ គឺជានីតិវិធីរបស់មន្រ្តីទទួលបន្ទុកចុះបញ្ជីហ៉ីប៉ូតែក ដូចដែលមានបញ្ជាក់នៅក្នុងប្រកាសអន្តរក្រសួងស្ដីពីនីតិវិធីនៃការចុះបញ្ជី អំពីសិទ្ធិប្រត្យក្សទាក់ទងនឹងក្រមរដ្ឋប្បវេណី។ សរុបមក ហ៉ីប៉ូតែក គឺជារបបគតិយុត្តមួយដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងការពារផលប្រយោជន៍ស្របច្បាប់របស់ម្ចាស់បំណុល តាមរយៈការដាក់វត្ថុធានាដល់ការសងបំណុល ដែលជាទូទៅនៅពេលកូនបំណុលមិនអនុវត្តកាតព្វកិច្ច ម្ចាស់បំណុលអាចអនុវត្តសិទ្ធិរបស់ខ្លួនបានទៅលើវត្ថុដែលដាក់ធានានោះ។ ហ៉ីប៉ូតែកដែលត្រូវបានបង្កើតឡើងស្របតាមលក្ខខណ្ឌតតាំង ពោលគឺធ្វើឡើងជាទម្រង់លិខិតយថាភូត និងបានចុះបញ្ជីបង្កើតហ៉ីប៉ូតែកត្រឹមត្រូវស្របតាមលក្ខខណ្ឌច្បាប់កំណត់ មានអានុភាពតតាំងជាមួយនឹងតតិយជន ក៏ដូចជាម្ចាស់បំណុលផ្សេងៗទៀត អាស្រ័យទៅលើលំដាប់នៃហ៉ីប៉ូតែក៕

2021-11-16 08:20:05

យល់ដឹងផ្នែកច្បាប់៖ បទល្មើសក្នុងវិស័យអាវុធ និងគ្រឿងផ្ទុះ

(ភ្នំពេញ)៖ ជាទូទៅ បទល្មើសឧក្រិដ្ឋកម្មធំៗដែលកើតមានឡើងនៅក្នុងសង្គម យើងតែងតែសង្កេតឃើញថាជនល្មើសភាគច្រើនបានប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវក្នុងការសម្រេចនូវបទល្មើសទាំងនោះ ដូចជា អំពើភេរវកម្ម ឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើឃាតកម្ម ជាអាទិ៍។ ដោយហេតុថា អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ គឺអាចបង្កគ្រោះថ្នាក់ដល់មនុស្ស ប៉ះពាល់ធ្ងន់ធ្ងរដល់សន្ដិសុខ និងសណ្ដាប់ធ្នាប់របស់សង្គមជាតិ ហេតុដូចនេះហើយទើបតម្រូវឱ្យមានច្បាប់គ្រប់គ្រង និងកំណត់ឱ្យបានច្បាស់លាស់នូវបុគ្គលដែលមានសិទ្ធិកាន់កាប់ និងប្រើប្រាស់អាវុធទាំងនោះ ក៏ដូចជាត្រូវកំណត់ការផ្ដន្ទាទោសឱ្យធ្ងន់ចំពោះជនទាំងឡាយណាដែលបានប្រើប្រាស់អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវផ្ទុយពីការកំណត់របស់ច្បាប់នេះ។ * បើយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តើសកម្មភាពណាខ្លះដែលចាត់ជាបទល្មើសក្នុងវិស័យអាវុធ គ្រឿងផ្ទុះ និងមានទោសទណ្ឌដូចម្តេចខ្លះ? ហេតុដូច្នេះដើម្បីឱ្យជ្រាបច្បាស់ នៅក្នុងសប្ដាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពីបទល្មើសក្នុងវិស័យអាវុធ និងគ្រឿងផ្ទុះ មកបង្ហាញជូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចតទៅ៖ យោងតាមក្រមព្រហ្មណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់នូវនិយមន័យចំពោះអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវដូចខាងក្រោម៖ ១៖ អាវុធ គឺសំដៅដល់កាំភ្លើងគ្រប់ប្រភេទដែលផលិត ឬកែច្នៃដំឡើង និងដែលអាចប្រើប្រាស់ដើម្បីសម្លាប់ ឬធ្វើឱ្យរបួស ឬធ្វើឱ្យប៉ះពាល់ខូចខាតដល់ទ្រព្យសម្បត្តិ។ ២៖ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ សំដៅដល់ឧបករណ៍ ឬសម្ភារៈដែលគេផលិត ឬកែច្នៃ ដែលអាចប្រើប្រាស់សម្លាប់ ឬធ្វើឱ្យរបួស ឬធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ។ ៣៖ អាវុធគីមី អាវុធជីវសាស្ត្រគ្រប់ប្រភេទ ឬគ្រាប់ដទៃទៀតដែលផ្ទុកជាតិគីមី ផ្ទុកជីវសាស្ត្រ សំដៅដល់សារធាតុដែលគេផលិត ឬកែច្នៃដំឡើង និងដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព អាយុជីវិត ឬទ្រព្យសម្បត្តិ និងបរិស្ថាន។ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ថា ជនស៊ីវិល (គឺជាជនទាំងឡាយណាដែលមិនមែនមានតួនាទីជាកងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ មន្ត្រីមុខងារសាធារណៈ មន្ត្រីតុលាការ និងមន្ត្រីនៃស្ថាប័នកំពូលរបស់ជាតិ) គ្មានសិទ្ធិក្នុងការប្រើប្រាស់ កាន់កាប់ យកតាមខ្លួន ទិញ-លក់ ចែកចាយ នាំចេញ-ចូល ជួល ផលិត ដំឡើង កែច្នៃ ដឹកជញ្ជូន រក្សាទុកអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទនោះទេ ពោលគឺជនដែលអាចមានសិទ្ធិកាន់កាប់ យកតាមខ្លួន ប្រើប្រាស់ ដឹកជញ្ជូន រក្សាទុក អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទបាន ត្រូវចាំបាច់មានលិខិតអនុញ្ញាត ឬលិខិតបញ្ជាបេសកកម្ម ដែលចេញដោយក្រសួងមហាផ្ទៃ ឬក្រសួងការពារជាតិ ជាអាទិ៍។ ករណីប្រសិនបើជនណាដែលបានផលិត នាំចេញ-ចូលអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ រីឯចំពោះការផលិត ការនាំចេញ-ចូលអាវុធសម្រាប់ប្រហារផ្សេងទៀត ដូចជា ចំពុះទុង ដាវ ស្នាប់ដៃ ជាអាទិ៍ សម្រាប់សម្លាប់ ឬធ្វើឱ្យរបួស ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០០០ (បួនលាន) រៀល ទៅ ១០,០០០,០០០ (ដប់លាន) រៀល ដែលមានចែងនៅមាត្រា ៤៨៨ និង ៤៨៩ នៃក្រមព្រហ្មទណ្ឌ។ ចំពោះគ្រប់បុគ្គលដែលនៅក្រៅលំនៅឋានរបស់ខ្លួន ដោយយកតាមខ្លួន ឬដឹកជញ្ជូននូវអាវុធគ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទ ឬអាវុធសម្រាប់ប្រហារផ្សេងៗទៀត ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០ (មួយលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល ។ ចំពោះអំពើបោះបង់អាវុធ ឬវត្ថុដទៃទៀតដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់បុគ្គលនៅក្នុងទីសាធារណៈ ឬទីកន្លែងដែលសាធារណជនអាចចូលទៅបាន តុលាការអាចប្រកាសរឹបអូសអាវុធ ឬវត្ថុដែលអាចនាំឱ្យមានគ្រោះថ្នាក់នោះ ព្រមទាំងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០ (មួយលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល ក្រៅពីទោសដាក់ពន្ធនាគារ និងការពិន័យជាប្រាក់ តុលាការអាចសម្រេចឱ្យមានទោសបន្ថែមដូចជាការដកសិទ្ធិជាពលរដ្ឋរយៈពេល ៥ (ប្រាំ) ឆ្នាំ ការហាមចាកចេញពីព្រះរាជាណាចក្រកម្ពុជា ការរឹបអូសយានជំនិះរបស់ទណ្ឌិតមួយគ្រឿង ឬច្រើនគ្រឿងជាដើម។ សរុបមក ក្នុងការប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវផ្សេងៗត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងពីក្រសួងមានសមត្ថកិច្ច ចៀសវាងមានការប្រើប្រាស់ដោយគ្មានការអនុញ្ញាតដែលអាចបង្កឱ្យមានភាពអសន្តិសុខក្នុងសង្គម ក្រៅពីនេះបុគ្គលដែលប្រព្រឹត្តបទល្មើសដែលពាក់ព័ន្ធនឹងអាវុធជាតិផ្ទុះ ត្រូវបានអនុវត្តច្បាប់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនមានការលើកលែងឡើយ។ ការកំណត់អំពីសកម្មភាព និងទោសដែលមានចែងនៅក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ ពោលគឺដើម្បីគ្រប់គ្រងចំពោះគ្រប់សកម្មភាពដល់អ្នកដែលពាក់ព័ន្ធ ឬកាន់កាប់អាវុធជាតិផ្ទុះឱ្យមានការទទួលខុសត្រូវខ្ពស់ ចៀសវាងការបង្កឱ្យមានភាពអសកម្ម និងបង្កជាបទល្មើសផ្សេងៗក្នុងសង្គមកម្ពុជា៕ រៀបរៀងដោយលោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក ហេង សុគន្ធ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ អាសយដ្ឋាន៖ អគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ៖ 023 986 245 អ៉ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ Cambodia International Cooperation Law Group

2021-11-08 08:38:44

យល់ដឹងផ្នែកច្បាប់៖ ការកំណត់អំពីសិទ្ធិជួបប្រាស្រ័យទាក់ទងកូនដោយតុលាការ

(ភ្នំពេញ)៖ នៅពេលដែលប្តីប្រពន្ធលែងលះគ្នា ហើយមានកូនជាអនីតិជន (អាយុក្រោម១៨ឆ្នាំ) តុលាការត្រូវកំណត់អំពីអ្នកមានសិទ្ធិគ្រប់គ្រងកូន ឬអ្នកមានអំណាចមេបា។ ទន្ទឹមនឹងនោះ តុលាការក៏ត្រូវកំណត់ផងដែរអំពីសិទ្ធិរបស់អ្នកដែលពុំមានអំណាចមេបា ហៅថា «ការកំណត់អំពីសិទ្ធិជួបប្រាស្រ័យទាក់ទងកូនដោយតុលាការ»។ ហេតុដូច្នេះ ដើម្បីអាចកំណត់អំពីសិទ្ធិជួបប្រាស្រ័យទាក់ទងកូនបាន តើតុលាការត្រូវសម្រេចដោយវិធីណា? ដើម្បីឱ្យយល់កាន់តែច្បាស់ថា តើអ្វីទៅជាសិទ្ធិជួបប្រាស្រ័យទាក់ទងកូន? សម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយវិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកប្រធានបទស្តីពី «ការកំណត់អំពីសិទ្ធិជួបប្រាស្រ័យទាក់ទងកូនដោយតុលាការ» មកធ្វើការបកស្រាយ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖ សិទ្ធិជួបប្រាស្រ័យទាក់ទងកូន គឺជាសិទ្ធិដែលត្រូវផ្តល់ឱ្យឪពុក ឬម្តាយដែលពុំមានអំណាចមេបា ឬមិនទទួលបានសិទ្ធិគ្រប់គ្រងកូនក្រោយការលែងលះ អាចធ្វើទំនាក់ទំនង ឬតាមដានស្ថានភាពរស់នៅរបស់កូនដែលត្រូវបានធានាជាអប្បបរមា ក្នុងន័យមនោសញ្ចេតនា និងក្តីស្រលាញ់របស់ឪពុក ឬម្តាយ ចំពោះកូនក្នុងទម្រង់មួយដែលមានលក្ខណៈសមស្របតាមការព្រមព្រៀងរបស់ឪពុក និងម្តាយ ឬតាមសេចក្តីសម្រេចរបស់តុលាការ។ * តើអ្នកដែលពុំមានអំណាចមេបាចំពោះកូន អាចជួបប្រាស្រ័យទាក់ទងកូនតាមវិធីណា? តុលាការត្រូវកំណត់អំពីវិធីជួបប្រាស្រ័យទាក់ទងកូន ដែលមានភាពបត់បែនងាយស្រួលក្នុងការអនុវត្ត ហើយខ្លឹមសារនៃសេចក្តីសម្រេចមានលក្ខណៈចាប់បង្ខំ ប្រសិនបើអ្នកមានអំណាចមេបាមិនព្រមសហការ ពីព្រោះនៅក្នុងការអនុវត្តជាក់ស្តែង មានករណីជាច្រើនដែលភាគីមានអំណាចមេបាមិនសហការ បង្កផលលំបាកដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិរបស់ភាគីដែលពុំមានអំណាចមេបា ហើយករណីខ្លះទៀត ឈានដល់ការដាក់សម្ពាធចំពោះកូន។ វិធីក្នុងការជួបប្រាស្រ័យទាក់ទងកូនអាចកំណត់ពី៖ (១) ចំនួនដងនៃការជួបតាមសប្តាហ៍ ឬខែ (២) រយៈពេលនៃការជួប (៣) ម៉ោងក្នុងការជួប (៤) ទីកន្លែងដែលត្រូវជួប (៥) វិធីប្រគល់កូន (៦) ថ្ងៃជំនួសក្នុងករណីកូនឈឺ ជាអាទិ៍។ ឧទាហរណ៍៖ នារី «ក» បានដាក់ពាក្យបណ្តឹងលែងលះបុរស «ខ» ពួកគេមានកូនឈ្មោះ «ឃ» អាយុ១០ឆ្នាំ។ តុលាការបានកំណត់ឱ្យនារី «ក» មានអំណាចមេបាចំពោះកូន «ឃ» ហើយបានធ្វើការកំណត់អំពីសិទ្ធិជួបប្រាស្រ័យទាក់ទងកូនដោយបង្គាប់ឱ្យដើមចោទ (នារី «ក») នាំកូន «ឃ» មកឱ្យចុងចម្លើយ (បុរស«ខ») ដែលជាឪពុកជួបប្រាស្រ័យទាក់ទង ដូចខាងក្រោម ៖ ១៖ ចំនួននៃការជួប៖ ក្នុងមួយសប្តាហ៍មួយដង គឺថ្ងៃអាទិត្យ។ ២៖ រយៈពេលនៃការចូលជួប៖ ជួបមួយដងប្រាំពីរម៉ោង ហើយម៉ោងជាក់លាក់អាស្រ័យលើការពិភាក្សារបស់គូភាគី ក្នុងករណីមិនអាចពិភាក្សាគ្នាបានទេ គិតចាប់ពីម៉ោង ១០ ដល់ម៉ោង ១៧។ ៣៖ វិធីប្រគល់៖ ដើមចោទប្រគល់កូនឱ្យចុងចម្លើយនៅទីកន្លែងប្រគល់ ហើយនៅពេលបញ្ចប់រយៈពេលចូលជួបចុងចម្លើយត្រូវប្រគល់កូនឱ្យដើមចោទនៅទីកន្លែងប្រគល់។ ទីកន្លែងប្រគល់អាស្រ័យលើការពិភាក្សារបស់គូភាគី ក្នុងករណីមិនអាចពិភាក្សាគ្នាបានទេ ទីកន្លែងប្រគល់ គឺផ្ទះរបស់ដើមចោទ ឬទីកន្លែងជាក់លាក់ណាមួយដែលផ្តល់ភាពងាយស្រួលចំពោះកូន ជាអាទិ៍។ ៤៖ ថ្ងៃជំនួស៖ ក្នុងករណីមិនអាចអនុវត្តតាមការកំណត់ខាងលើនេះទេ ដោយមូលហេតុដូចជាកូនឈឺ ឬជាប់កម្មវិធីរបស់សាលា ឬដើមចោទឈឺ ឬចុងចម្លើយឈឺ ជាអាទិ៍ គូភាគីត្រូវកំណត់ផ្សេងតាមការពិភាក្សាគ្នា ក្នុងករណីមិនអាចពិភាក្សាគ្នាបានទេ ត្រូវយកថ្ងៃសៅរ៍នៃសប្តាហ៍នីមួយៗ។ * ក្នុងករណីអ្នកមានអំណាចមេបាមិនព្រមសហការតាមខ្លឹមសារនៃការសម្រេចខាងលើ តើត្រូវធ្វើដូចម្តេច? ទោះបីជាពុំមានការសហការពីភាគីដែលមានអំណាចមេបាក៏ដោយ ភាគីដែលគ្មានអំណាចមេបាមិនអាចអនុវត្តសិទ្ធិដោយខ្លួនឯងបានទេ ដូចជា ការទៅយកកូនពីសាលារៀន ឬការទៅចាប់កូនមក ជាអាទិ៍ ពីព្រោះស្ថានភាពបែបនេះប៉ះពាល់ដល់ផ្លូវចិត្តរបស់កូនយ៉ាងធ្ងន់ធ្ងរ។ ក្នុងករណីនេះ ជាយន្តការតាមផ្លូវច្បាប់ ដោយសារសេចក្តីសម្រេចខាងលើមានលក្ខណៈជាការបញ្ជា មានអំណាចចាប់បង្ខំ ហេតុនេះភាគីដែលពុំមានអំណាចមេបាអាចទាមទារឱ្យភាគីដែលមានអំណាចមេបាអនុវត្តបាន តាមរយៈវិធានបង្ខំដោយផ្ទាល់តាមផ្លូវតុលាការ គឺស្ថាប័នអនុវត្តនឹងចុះមកអនុវត្តតាមរយៈការយកកូននោះពីអ្នកមានអំណាចមេបា មកប្រគល់ឱ្យអ្នកដែលគ្មានអំណាចមេបា ប៉ុន្តែបើការអនុវត្តបែបនេះមិនសមស្របតាមស្ថានភាពជាក់ស្តែង គឺអាចប្រើការអនុវត្តបង្ខំដោយប្រយោល (ការពិន័យជាប្រាក់ គឺធ្វើឡើងក្នុងករណីមិនអនុវត្តតាមអ្វីដែលបានកំណត់នៅក្នុងសេចក្តីសម្រេច)។ ប្រសិនបើស្ថានភាពបំពានរបស់អ្នកមានអំណាចមេបាកាន់តែធ្ងន់ធ្ងរ និងប៉ះពាល់ដល់កូន អ្នកដែលពុំមានអំណាចមេបាអាចសុំធ្វើការផ្លាស់ប្តូរអ្នកមានអំណាចមេបាបាន៕

2021-11-02 08:58:45

យល់ដឹងផ្នែកច្បាប់៖ ឧបាទេសកម្មដោយអ្នកមានសិទ្ធិលើបំណុល

(ភ្នំពេញ)៖ នៅពេលទំនាក់ទំនងគតិយុត្ត រវាងម្ចាស់បំណុល ជាមួយកូនបំណុលកើតឡើង ស្របពេលជាមួយគ្នានេះ សិទ្ធិ និងកាតព្វកិច្ចរបស់ម្ចាស់បំណុល និងកូនបំណុល ក៏ត្រូវកើតឡើងផងដែរ ដោយកូនបំណុលមានកាតព្វកិច្ចត្រូវសងជាប្រាក់ ឬវត្ថុ នូវចំនួន បរិមាណ ឬទំហំដែលខ្លួនបានទទួលពីម្ចាស់បំណុលទៅឱ្យម្ចាស់បំណុលវិញ ហើយម្ចាស់បំណុលមានកាតព្វកិច្ចទទួលការសងពីកូនបំណុលដោយផ្ទាល់។ ប៉ុន្តែ មានករណីមួយចំនួន ដែលម្ចាស់បំណុលមិនអាចអនុវត្តសិទ្ធិលើបំណុលជាមួយកូនបំណុលបាន មានន័យថា គាត់មិនអាចទទួលបានការសងដោយផ្ទាល់ពីកូនបំណុល ករណីនេះគាត់អាចមានសិទ្ធិអនុវត្តសិទ្ធិដែលកូនបំណុលមាន ជំនួសកូនបំណុលបាន ដែលច្បាប់បានកំណត់ថា «ឧបាទេសកម្មដោយអ្នកមានសិទ្ធិលើបំណុល»។ ដូចនេះតើអ្វីទៅជាឧបាទេសកម្មដោយអ្នកមានសិទ្ធិលើបំណុល? តើមានលក្ខខណ្ឌបែបណាខ្លះដែលម្ចាស់បំណុលអាចអនុវត្តសិទ្ធិឧបាទេសកម្មនេះបាន? ដើម្បីឱ្យកាន់តែច្បាស់ សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងលើកយកប្រធានបទស្ដីពី ឧបាទេសកម្មដោយអ្នកមានសិទ្ធិលើបំណុល មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖ យោងតាមក្រមរដ្ឋប្បវេណី ឧបាទេសកម្មដោយអ្នកមានសិទ្ធិលើបំណុល គឺសិទ្ធិឧបាទេសកម្មរបស់ម្ចាស់បំណុល ដោយម្ចាស់បំណុលទទួលបានសិទ្ធិអំណាច ដើម្បីរក្សាការពារនូវសិទ្ធិលើបំណុលរបស់ខ្លួន ហើយម្ចាស់បំណុលត្រូវបានទទួលស្គាល់នូវសិទ្ធិធ្វើអន្តរាគមន៍លើសិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូនបំណុល ក្នុងទំហំចាំបាច់មួយ ប្រសិនបើស្ថិតក្នុងស្ថានភាពដែលកូនបំណុលពុំអាចមានធនធានហិរញ្ញវត្ថុ ដែលមិនអាចធ្វើការសងទៅម្ចាស់បំណុលបាន លើកលែងតែករណី ម្ចាស់បំណុលបានអនុវត្តសិទ្ធិលើបំណុលរបស់កូនបំណុល ហើយធ្វើការប្រមូលសិទ្ធិលើបំណុលនោះពីកូនបំណុលទី៣រួច។ មួយវិញទៀត ចំពោះករណីចាំបាច់ដើម្បីទទួលការបំពេញចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ម្ចាស់បំណុលក៏អាចអនុវត្តសិទ្ធិលើបំណុល របស់កូនបំណុលដែលមានការទាក់ទងយ៉ាងខ្លាំងនឹងសិទ្ធិលើបំណុលរបស់ម្ចាស់បំណុលនោះ ដោយឧបាទេសកម្មបានដែរ។ ឧទាហរណ៍ ករណីគ្រោះថ្នាក់ចរាចរណ៍ ជនរងគ្រោះមានសិទ្ធិទាមទារសំណងការខូចខាតពីចារី (ជនបង្ក) ដោយជនរងគ្រោះមានបំណងធ្វើឧបាទេសកម្មនូវសិទ្ធិលើបំណុលរបស់ចារីនោះ ក្នុងការទាមទារបុព្វលាភពីក្រុមហ៊ុនធានារ៉ាប់រង ដោយច្បាប់ទទួលស្គាល់នូវសិទ្ធិឧបាទេសកម្មនេះ ហេតុនេះជនរងគ្រោះត្រូវក្លាយជាម្ចាស់បំណុល ហើយចារីក្លាយជាកូនបំណុល រីឯក្រុមហ៊ុនធានារ៉ាប់រងក្លាយជាកូនបំណុលទី៣។ និយាយរួម មានន័យថាម្ចាស់បំណុលមានសិទ្ធិអនុវត្តនូវសិទ្ធិដែលកូនបំណុលមាន ជំនួសកូនបំណុលបាន ហើយម្ចាស់បំណុលអាចអនុវត្តនូវសិទ្ធិឧបាទេសកម្មនេះបាន លុះត្រាតែកូនបំណុលមិនទាន់បានអនុវត្តនូវសិទ្ធិរបស់ខ្លួន ប៉ុន្ដែក្នុងករណីមួយចំនួនម្ចាស់បំណុលមិនអាចអនុវត្តនូវសិទ្ធិដែលកូនបំណុលមាន ជំនួសកូនបំណុលបានឡើយ ដូចជាករណី៖ * (១)៖ សិទ្ធិលើបំណុលជាសិទ្ធិផ្ដាច់មុខរបស់កូនបំណុល ដែលកូនបំណុលអាចសម្រេចដោយឆន្ទៈសេរីរបស់ខ្លួនថានឹងអនុវត្ត ឬមិនអនុវត្តសិទ្ធិលើបំណុលនោះ។ ឧទាហរណ៍៖ ការបែងចែកទ្រព្យសម្បត្តិរួមរបស់ប្ដីប្រពន្ធ ចំពោះករណីលែងលះ ជាអាទិ៍។ * (២)៖ កិច្ចសន្យាអញ្ញមញ្ញ ត្រូវតែមានសំណើ និងស្វីការ ស៉ីសង្វាក់គ្នា ដូច្នេះកូនបំណុលត្រូវផ្ដល់ស្វីការ (ការយល់ព្រម) ទៅនឹងសំណើនៃកិច្ចសន្យាថាយល់ព្រមទទួលយក ឬមិនទទួលយក នេះគឺជាសិទ្ធិរបស់កូនបំណុលក្នុងការសម្រេចចិត្តដោយផ្ទាល់។ * (៣)៖ សិទ្ធិហាមមិនឱ្យរឹបអូស ដូចជាសិទ្ធិទទួលបានប្រាក់បៀវត្ស (សិទ្ធិលើបំណុលចំពោះប្រាក់បៀវត្សមួយផ្នែកត្រូវបានហាមមិនឱ្យរឹបអូស យោងតាមមាត្រា៣៨២ នៃក្រមនីតិវិធីរដ្ឋប្បវេណី)។ ដើម្បីអនុវត្តសិទ្ធិឧបាទេសកម្មបាន លុះត្រាតែកូនបំណុលមិនទាន់បានអនុវត្តសិទ្ធិរបស់ខ្លួន ប៉ុន្ដែប្រសិនបើពេលកំណត់នៃសិទ្ធិលើបំណុលមិនទាន់មកដល់ទេ នោះម្ចាស់បំណុលមិនអាចអនុវត្តសិទ្ធិឧបាទេសកម្មបានឡើយ លើកលែងតែទទួលបានការអនុញ្ញាតពីតុលាការ។ ប៉ុន្ដែ សិទ្ធិឧបាទេសកម្មនេះក៏អាចអនុវត្តដោយពុំចាំបាច់មានការអនុញ្ញាតពីតុលាការបានដែរ ចំពោះសកម្មភាពរក្សាទុក ដូចជាការផ្អាកអាជ្ញាយុកាល ជាអាទិ៍ ដោយគ្រាន់តែទំហំនៃការធ្វើអន្តរាគមន៍ទៅលើទ្រព្យសម្បត្តិរបស់កូនបំណុលត្រូវមានកម្រិតទាប និងមានភាពបន្ទាន់ (ក្នុងករណីដែលកូនបំណុលពុំមានហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការសង)។ ក្រោយពីម្ចាស់បំណុលបានជូនដំណឹងទៅកូនបំណុល បញ្ជាក់ថាខ្លួនបានអនុវត្តសិទ្ធិរបស់កូនបំណុលដោយឧបាទេសកម្មរួច នោះកូនបំណុលមិនអាចអនុវត្តសិទ្ធិចំពោះកូនបំណុលទី៣ដោយជាន់គ្នាបានឡើយ លើកលែងតែកូនបំណុលទទួលការសងដោយស្ម័គ្រចិត្តពីកូនបំណុលទី៣ ហើយការទទួលការសងនេះមិនធ្វើឱ្យមានផលប៉ះពាល់ ឬខូចខាតដល់សិទ្ធិឧបាទេសកម្មរបស់ម្ចាស់បំណុលឡើយ។ អានុភាពនៃសិទ្ធិឧបាទេសកម្មរបស់ម្ចាស់បំណុល នឹងមានដោយផ្ទាល់ជាមួយកូនបំណុល ក្នុងករណីម្ចាស់បំណុលបានទទួលការសងនូវវត្ថុដែលជាកម្មវត្ថុនៃកាតព្វកិច្ចពីកូនបំណុលទី៣ មានន័យថា កូនបំណុលទី៣ បានសងចំពោះម្ចាស់បំណុលទី២ (ត្រូវជាកូនបំណុលរបស់ម្ចាស់បំណុលទី១) របស់ខ្លួនដោយផ្ទាល់ ដូច្នេះ ក្រោយពីកូនបំណុលទី៣ បានសងទៅម្ចាស់បំណុលទី២រួច នោះកាតព្វកិច្ចរបស់កូនបំណុលទី៣ ត្រូវបានរលត់។ ប៉ុន្ដែ ក្នុងករណីកូនបំណុលមិនសហការក្នុងការទទួលតាវកាលិក ឬមានមូលហេតុផ្សេងដែលនាំឱ្យកូនបំណុលមិនទទួលយកតាវកាលិកពីកូនបំណុលទី៣ទេ នោះម្ចាស់បំណុលដែលអនុវត្តសិទ្ធិឧបាទេសកម្ម អាចទាមទារឱ្យកូនបំណុលទី៣ ផ្ដល់នូវតាវកាលិកនោះចំពោះខ្លួនដោយផ្ទាល់បាន។ ជាមួយគ្នានេះ កូនបំណុលទី៣ ក៏មានសិទ្ធិតវ៉ានឹងម្ចាស់បំណុលដែលធ្វើឧបាទេសកម្មបានដែរ ក្នុងករណីកូនបំណុលទី៣មានសិទ្ធិលើបំណុលតបចំពោះកូនបំណុល នោះកូនបំណុលទី៣អាចធ្វើការអះអាងការទូទាត់(ទូទាត់ជាមួយកូនបំណុល) ជាមួយម្ចាស់បំណុលដែលធ្វើឧបាទេសកម្មបាន។ យ៉ាងណាមិញ ចំពោះសិទ្ធិទាមទារឱ្យប្រគល់ខាងលើនេះ គឺមិនអាចធ្វើបានគ្រប់កម្មវត្ថុឡើយ ដោយម្ចាស់បំណុលអាចទាមទារ ឱ្យប្រគល់ចំពោះខ្លួនបានចំពោះតែប្រាក់ ឬចលនវត្ថុ តែប៉ុណ្ណោះ។ ចំណែកឯការទាមទារឱ្យប្រគល់នូវអចលនវត្ថុ ដូចជាការទាមទារឱ្យធ្វើការចុះបញ្ជីការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុ គឺច្បាប់មិនអនុញ្ញាតឡើយ។ ចំពោះករណីដែលមានម្ចាស់បំណុលផ្សេងទៀត នោះម្ចាស់បំណុលដែលបានធ្វើឧបាទេសកម្មលើទ្រព្យសម្បត្តិកូនបំណុលពុំមានអាទិភាពណាមួយ ក្នុងការសម្រេចសិទ្ធិលើបំណុលរបស់ខ្លួនមុនម្ចាស់បំណុលផ្សេងទៀតបានឡើយ ដោយម្ចាស់បំណុលផ្សេងៗទៀត អាចទាមទារឱ្យចែកចំណែកនូវវត្ថុដែលម្ចាស់បំណុលដែលធ្វើឧបាទេសកម្មបានទទួលដោយផ្ទាល់ពីកូនបំណុលទី៣ មកខ្លួនបាន។ ដោយឡែក ម្ចាស់បំណុលដែលធ្វើឧបាទេសកម្មលើទ្រព្យសម្បត្តិរបស់កូនបំណុល មិនអនុញ្ញាតឱ្យធ្វើការទូទាត់នូវសិទ្ធិលើបំណុលដែលខ្លួនមានចំពោះកូនបំណុល ជាមួយកាតព្វកិច្ចដែលខ្លួនត្រូវសងទៅកូនបំណុលឡើយ។ សរុបរួមមក ឧបាទេសកម្មអ្នកមានសិទ្ធិលើបំណុល គឺជាសិទិ្ធអំណាចមួយដែលម្ចាស់បំណុលទទួលបាន ដោយអនុលោមតាមច្បាប់ ដើម្បីអនុវត្តសិទ្ធិលើបំណុលដែលកូនបំណុលមានជំនួសកូនបំណុល ក្នុងករណីកូនបំណុលមិនមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការសង។ ជាពិសេស សិទ្ធិឧបាទេសកម្មនេះ អាចអនុវត្តបានក្រៅប្រព័ន្ធតុលាការ ដែលនេះជានីតិវិធីមួយផ្ដល់ភាពងាយស្រួលដល់ម្ចាស់បំណុលក្នុងការការពារសិទ្ធិលើបំណុលរបស់ខ្លួនបានទាន់ពេលវេលា និងឆាប់រហ័ស លើកលែងតែពេលកំណត់នៃសិទ្ធិលើបំណុលនោះមិនទាន់មកដល់ ដែលចាំបាច់ត្រូវមានការអនុញ្ញាតពីតុលាការ។ រៀបរៀងដោយ៖ លោកស្រីមេធាវី មាស រ៉ាវីន និងកញ្ញា ថន រ៉ាវ៉ាឌី ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៉ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com , ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2021-10-25 08:57:57

យល់ដឹងផ្នែកច្បាប់៖ គោលការណ៍នៃការចោទប្រកាន់

(ភ្នំពេញ)៖ ជាទូទៅនៅពេលដែលមានបទល្មើស ឬអំពើបំពារបំពានណាមួយកើតមានឡើង គេតែងតែឃើញមានការដាក់ពាក្យបណ្ដឹងពីសំណាក់ជនរងគ្រោះ ឬក៏ក្រុមគ្រួសាររបស់ជនរងគ្រោះ ទៅកាន់មន្រ្តីនគរបាលយុត្តិធម៌ ឬអង្គការអយ្យការ ដើម្បីទាមទារយុត្តិធម៌ និងសំណងរដ្ឋប្បវេណី។ អង្គការអយ្យការ បានដើរតួនាទីយ៉ាងសំខាន់ដើម្បីពិនិត្យ និងធ្វើការថ្លឹងថ្លែងចំពោះអំពើទាំងនោះ តើគួរធ្វើការចោទប្រកាន់ ឬតម្កល់រឿងទុកឥតចាត់ការ (មិនចោទប្រកាន់)។ ដើម្បីយល់ដឹងឱ្យបានកាន់តែច្បាស់ អំពីគោលការណ៍នៃការចោទប្រកាន់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្តាហ៍នេះ នឹងធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖ យោងតាមមាត្រា ៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានបញ្ញត្តិថា៖ អយ្យការធ្វើការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ និងសុំឱ្យអនុវត្តច្បាប់នៅចំពោះមុខយុត្តាធិការស៉ើបសួរ និងយុត្តាធិការជំនុំជម្រះ។ មានន័យថា ស្ថាប័នអយ្យការជាស្ថាប័នមួយដែលមានសមត្ថកិច្ចកំណត់បានថាសញ្ញាណនៃអំពើល្មើសណាមួយ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវធ្វើការចោទប្រកាន់ និងសុំឱ្យយុត្តាធិការស៉ើបសួរ និងយុត្តាធិការជំនុំជម្រះធ្វើចំណាត់ការបន្ត។ នៅក្នុងក្របខណ្ឌនៃនីតិព្រហ្មទណ្ឌ មានគោលការណ៍ចំនួនពីរ សម្រាប់ធ្វើការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ គឺគោលការណ៍នីត្យានុកូលភាពនៃការចោទប្រកាន់ និងគោលការណ៍កាលានុវត្តភាពនៃការចោទប្រកាន់។ * គោលការណ៍នីត្យានុកូលភាពនៃការចោទប្រកាន់ វាត្រូវបានយកមកប្រើប្រាស់នៅក្នុងច្បាប់ព្រហ្មទណ្ឌអន្តរកាលរបស់កម្ពុជា ឆ្នាំ១៩៩២។ នៅក្នុងគោលការណ៍នេះ ប្រសិនបើបទល្មើសព្រហ្មទណ្ឌមួយកើតឡើង ព្រះរាជអាជ្ញាដាច់ខាតត្រូវតែធ្វើការចោទប្រកាន់ មិនឱ្យអំពើល្មើសណាមួយគេចផុតពីការផ្តន្ទាទោសពីបញ្ញត្តិច្បាប់ទ្បើយ ហើយព្រះរាជអាជ្ញា មិនអាចសម្រេចតម្កល់រឿងទុកឥតចាត់ការបានឡើយ ទោះបីជាអំពើល្មើសនោះជាអំពើតូចតាចក្តី ឬមានការប៉ះពាល់សណ្តាប់ធ្នាប់សង្គមតិចតួចក៏ដោយ ពោលគឺឱ្យតែមានអង្គហេតុដែលជាបទល្មើសព្រហ្មទណ្ឌកើតឡើង ព្រះរាជអាជ្ញាត្រូវធ្វើការចោទប្រកាន់ទាំងអស់។ គោលការណ៍នេះមានភាពវិជ្ជមានត្រង់ថា គ្រប់អង្គហេតុក្នុងរឿងព្រហ្មទណ្ឌទាំងអស់ គឺសុទ្ធតែត្រូវបានចោទប្រកាន់ដោយព្រះរាជអាជ្ញា ដែលអាចផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ក៏ដូចជាចៀសវាងការសម្រេចតម្កល់រឿងទុកឥតចាត់ការ ដែលអាចមានភាពមិនប្រក្រតីណាមួយ។ ប៉ុន្តែផ្ទុយទៅវិញ នៅពេលដែលគ្រប់សំណុំរឿងសុទ្ធតែត្រូវបានចោទប្រកាន់ដោយព្រះរាជអាជ្ញា នោះធ្វើឱ្យសំណុំរឿងព្រហ្មទណ្ឌអាចនឹងត្រូវបានកកស្ទះច្រើន ដែលធ្វើឱ្យដំណើរការនីតិវិធីក្នុងរឿងក្ដីព្រហ្មទណ្ឌនីមួយៗ មិនអាចបញ្ចប់ដោយឆាប់រហ័សបាន។ គោលការណ៍នីត្យានុកូលភាពនៃការចោទប្រកាន់ ត្រូវបាននិរាករណ៍ដោយវត្តមានក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧ ដោយជំនួសមកវិញនូវគោលការណ៍កាលានុវត្តភាពនៃការចោទប្រកាន់ សម្រាប់ដំណើរការរឿងក្តីព្រហ្មទណ្ឌ។ *គោលការណ៍កាលានុវត្តភាពនៃការចោទប្រកាន់ វាគឺជាគោលការណ៍មួយក្នុងនីតិវិធីព្រហ្មទណ្ឌដែលផ្តល់សិទ្ធិអំណាចដល់ព្រះរាជអាជ្ញា ធ្វើការថ្លឹងថ្លែងអំពីចំណាត់ការលើពាក្យប្តឹង និងពាក្យបណ្តឹងបរិហារដែលខ្លួនបានទទួលដោយផ្ទាល់ ឬដែលមន្រ្តីនគរបាលបញ្ជូនមក ដើម្បីសម្រេចថាតើគួរតែតម្កល់រឿងទុកឥតចាត់ការ ឬគួរធ្វើការចោទប្រកាន់ទៅលើជនណាម្នាក់ដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដែលគេអាចហៅបានថាជា ជម្រើសនៃការចោទប្រកាន់។ តាមរយៈគោលការណ៍នេះ ព្រះរាជអាជ្ញាអាចប្រើអំណាចឆន្ទានុសិទ្ធិរបស់ខ្លួន ក្នុងការសម្រេចមិនធ្វើការចោទប្រកាន់ទៅលើបទល្មើសព្រហ្មទណ្ឌណាមួយ ទោះបីជាអំពើនោះមានចែងក្នុងក្រមព្រហ្មទណ្ឌ ឬច្បាប់ផ្សេងៗទៀតក៏ដោយ។ ជាគោលការណ៍ព្រះរាជអាជ្ញាអាចពិចារណាអំពីតុល្យភាពនៃការផ្តន្ទាទោស និងទំហំនៃព្យសនកម្ម (ការខូចខាត) របស់ជនរងគ្រោះ និងសង្គមជាតិទាំងមូលត្រូវទទួលរង។ ជាឧទាហរណ៍៖ ករណីលួចផ្លែស្វាយ ២ ទៅ ៣ ផ្លែ ដើម្បីទទួលទាន ដែលតាមរយៈវិធានព្រហ្មទណ្ឌ គឺគ្រប់ធាតុផ្សំនៃបទល្មើសដែលព្រះរាជអាជ្ញាត្រូវធ្វើការចោទប្រកាន់ ប៉ុន្តែតាមរយៈគោលការណ៍នេះ ព្រះរាជអាជ្ញាអាចពិចារណាថ្លឹងថ្លែងបានថា តើជនរងគ្រោះ និងសង្គមជាតិទាំងមូល បានទទួលរងព្យសនកម្មធ្ងន់ធ្ងរកម្រិតណា ដោយគ្រាន់តែលួចផ្លែស្វាយ ២ ឬ៣ ផ្លែ ? តើការផ្ដន្ទាទោសទៅលើជនល្មើស អាចផ្ដល់ផលចំណេញដែរឬទេដល់សង្គមជាតិ? បើមានការចោទប្រកាន់ និងផ្តន្ទាទោសមែន តើរដ្ឋនឹងត្រូវចំណាយថវិកាប៉ុន្មានដើម្បីចិញ្ចឹមទណ្ឌិត?។ គោលការណ៍នេះផ្តល់ប្រសិទ្ធភាពគ្រប់គ្រាន់ ក្នុងការស្វែងរកភស្តុតាងដាក់បន្ទុក ក៏ដូចជាដំណើរការក្ដីដោយភាពឆាប់រហ័ស និងកាត់បន្ថយការកកស្ទះសំណុំរឿង។ ប៉ុន្តែករណីមួយចំនួន ប្រសិនបើការសម្រេចតម្កល់រឿងទុកឥតចាត់ការ ត្រូវបានសម្រេចដោយព្រះរាជអាជ្ញា ដោយមិនបានពិចារណាថ្លឹងថ្លែងច្បាស់លាស់ទេ ក៏អាចជះនូវភាពអវិជ្ជមានផងដែរ។ ដើម្បីចៀសវាងការប្រើប្រាស់អំណាចជ្រុលពីសំណាក់ព្រះរាជអាជ្ញាតាមរយៈការតម្កល់រឿងទុកឥតចាត់ការ ក្រមនីតិវិធីព្រហ្មទណ្ឌ ត្រង់មាត្រា៤១ កថាខណ្ឌ៤ និង៦ បានបញ្ញត្តិថា ប្រសិនបើអ្នកប្តឹងមិនសុខចិត្តនឹងសេចក្តីសម្រេចតម្កល់រឿងទុកឥតចាត់ការទេ សាមីខ្លួនអាចធ្វើការតវ៉ាទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍បាន។ ប្រសិនបើយល់ឃើញថា ការតវ៉ានេះមានមូលហេតុត្រឹមត្រូវ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ចេញអធិបញ្ជាដល់ព្រះរាជអាជ្ញាអមសាលាដំបូងឱ្យធ្វើការចោទប្រកាន់។ អគ្គព្រះរាជអាជ្ញា ធ្វើអធិបញ្ជាតាមការណែនាំជាលាយលក្ខណ៍អក្សរ។ នៅក្នុងករណីផ្ទុយពីនេះ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ តម្កល់សេចក្តីសម្រេចរបស់ព្រះរាជអាជ្ញាអមសាលាដំបូងទុកជាបានការ។ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ត្រូវឱ្យដំណឹងអំពីសេចក្តីសម្រេចនេះដល់អ្នកប្តឹងតវ៉ា។ ទន្ទឹមនឹងនេះ មាត្រា ២៩ កថាខណ្ឌ១ បានបញ្ញត្តិថា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អាចប្តឹងបរិហារទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ឬព្រះរាជអាជ្ញាអមសាលាដំបូង អំពីបទល្មើសដែលខ្លួនបានដឹង អាចធ្វើអធិបញ្ជាតាមការណែនាំជាលាយលក្ខណ៍អក្សរដែលត្រូវដាក់បញ្ជូលទៅក្នុងសំណុំរឿងឱ្យអគ្គព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញាធ្វើការ​ចោទប្រកាន់ ឬធ្វើសេចក្តីសន្និដ្ឋានយ៉ាងណាតាមការដែលរដ្ឋមន្រ្តីយល់ឃើញថាជាការគួរ។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មិនអាចធ្វើអធិបញ្ជាដល់អគ្គព្រះរាជអាជ្ញា ឬព្រះរាជ​អាជ្ញា ឱ្យធ្វើការតម្កល់រឿងទុកឥតចាត់ការនូវរឿងក្តីព្រហ្មទណ្ឌណាមួយទ្បើយ។ សរុបមក នៅក្នុងក្របខណ្ឌនៃនីតិព្រហ្មទណ្ឌមានគោលការណ៍ចំនួនពីរ សម្រាប់អង្គការអយ្យការធ្វើការចោទប្រកាន់ គឺគោលការណ៍នីត្យានុកូលភាពនៃការចោទប្រកាន់ ដែលគោលការណ៍នេះត្រូវបានប្រើប្រាស់ក្នុងច្បាប់ព្រហ្មទណ្ឌអន្តរកាលរបស់កម្ពុជា ឆ្នាំ១៩៩២ ហើយគោលការណ៍នេះត្រូវបាននិរាករណ៍ដោយវត្តមាន​ក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧ ដោយជំនួសមកវិញនូវគោលការណ៍កាលានុវត្តភាពនៃការចោទប្រកាន់ ដែលជាវិធានសម្រាប់អយ្យការធ្វើការចោទប្រកាន់ នៅក្នុងដំណើរការនីតិវិធីរឿងព្រហ្មទណ្ឌ។ រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក ឡេង ពុទ្ធិតារា ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៉ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2021-10-18 09:37:37

យល់ដឹងផ្នែកច្បាប់៖ ការកំណត់អ្នកមានសិទ្ធិគ្រប់គ្រងកូននៅពេលប្តីប្រពន្ធលែងលះគ្នា

(ភ្នំពេញ)៖ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ប្តីប្រពន្ធដែលមានបំណងលែងលះគ្នា ត្រូវធ្វើការលែងលះតាមផ្លូវតុលាការដោយដាក់ពាក្យបណ្តឹង ឬ ពាក្យសុំ ហើយក្នុងករណី ប្តីប្រពន្ធមានកូនជាអនីតិជន (ជនដែលមានអាយុក្រោម១៨ឆ្នាំ) តុលាការត្រូវសម្រេចអំពីអ្នកមានសិទ្ធិគ្រប់គ្រងកូន ភាសាច្បាប់ហៅថា «អ្នកមានអំណាចមេបា»។ ហេតុដូច្នេះ ដើម្បីអាចកំណត់បានថាប្ដី ឬ ប្រពន្ធជាអ្នកគួរតែមានសិទ្ធិគ្រប់គ្រងកូន តើតុលាការត្រូវសម្រេចដោយវិធីណា? តើការសម្រេចនោះ ផ្អែកទៅលើមូលដ្ឋានអ្វីខ្លះក្នុងការពិចារណា? ដើម្បីឱ្យយល់កាន់តែច្បាស់អំពីការកំណត់នូវអ្នកដែលមានសិទ្ធិគ្រប់គ្រងកូន សម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយវិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកប្រធានបទស្តីពី «ការកំណត់អ្នកមានសិទ្ធិគ្រប់គ្រងកូននៅពេលប្តីប្រពន្ធលែងលះគ្នា» មកធ្វើការបកស្រាយ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖ ក្នុងករណីប្តីប្រពន្ធបានចុះសំបុត្រអាពាហ៍ពិពាហ៍ ការប្រើប្រាស់អំណាចមេបា (សិទ្ធិគ្រប់គ្រងកូន) ត្រូវធ្វើដោយសហការគ្នា ប៉ុន្តែប្រសិនបើ ពួកគេលែងលះគ្នា ការអនុវត្តអំណាចមេបាដោយសហការ មិនអាចធ្វើបានទេ ក្នុងករណីនេះ ត្រូវអនុវត្តអំណាចមេបាទោល (ប្តី ឬ ប្រពន្ធជាអ្នកមានអំណាចមេបា)។ នៅពេលលែងលះគ្នា តើ ប្តី ឬ ប្រពន្ធ ជាអ្នកទទួលបានសិទ្ធិគ្រប់គ្រងកូន? តុលាការកំណត់អ្នកមានសិទ្ធិគ្រប់គ្រងកូន ដោយផ្អែកតាមការព្រមព្រៀងរបស់ប្តីប្រពន្ធ ដូចជា ប្តីប្រពន្ធ ព្រមព្រៀងគ្នា ឱ្យប្រពន្ធជាអ្នកទទួលបានសិទ្ធិគ្រប់គ្រងកូន ប៉ុន្តែប្រសិនបើ ប្តីប្រពន្ធមិនអាចព្រមព្រៀងគ្នាបានទេ តុលាការនឹងកំណត់យកប្តី ឬ ប្រពន្ធជាអ្នកមានសិទ្ធិគ្រប់គ្រងកូន ដោយផ្អែកលើផលប្រយោជន៍របស់កូន (កូនរស់នៅជាមួយនរណាល្អជាង)។ តើមានមូលដ្ឋានអ្វីខ្លះ ក្នុងការពិចារណាអំពីផលប្រយោជន៍របស់កូន ? ដើម្បីកំណត់យកឪពុក ឬ ម្តាយ ដែលអាចធានាផលប្រយោជន៍របស់កូនបាន តុលាការត្រូវធ្វើការវាយតម្លៃចំពោះស្ថានភាពរបស់ឪពុកម្តាយ ដូចជាសមត្ថភាពក្នុងការគ្រប់គ្រង (អាយុ និងស្ថានភាពសុខភាពរបស់ឪពុកម្តាយ) ស្ថានភាពសេដ្ឋកិច្ច (ប្រាក់ចំណូល មុខរបរ ចំណេះដឹង និងលំនៅឋាន) ទំនាក់ទំនងនាពេលកន្លងមក (កូននៅជាមួយនរណាច្រើនជាង នរណាដឹងពីការៀនសូត្រ និងស្ថានភាពសុខភាពរបស់កូនច្រើនជាង ជាអាទិ៍)។ ក្រៅពីនេះតុលាការក៏ត្រូវវាយតម្លៃអំពីស្ថានភាពរបស់កូនផងដែរ ដូចជា អាយុរបស់កូន ស្ថានភាពនៃការលូតលាស់ ចិត្តគំនិត ឆន្ទៈរបស់កូន (កូនចង់រស់នៅជាមួយនរណា) និងភាពជាបងប្អូន (មិនមែនបំបែកបងប្អូនដោយ ម្នាក់ឱ្យទៅម្តាយ និងម្នាក់ទៀតឱ្យទៅឪពុក) ជាអាទិ៍។ ឧទាហរណ៍៖ លោក «ក» ជាឪពុក ហើយលោកស្រី «ខ» ជាម្តាយ ពួកគេមានកូន ២ នាក់ អាយុ ៥ ឆ្នាំ ជាកូនភ្លោះ។ លោកស្រី «ខ» ជាអតីតបុគ្គលិកក្រុមហ៊ុនឯកជន តាំងពីមានកូនទាំងពីរនេះ លោកស្រី «ខ» បានឈប់សម្រាកពីការងារ ហើយមកលក់ផលិតផលតាមអនឡាញ ក្នុងមួយខែអាចរកចំណូលបាន ២.០០០ ដុល្លារអាមេរិក ចំណែកឯ លោក «ក» ជាប្រធានក្រុមហ៊ុន ដែលអាចរកចំណូលបានក្នុងមួយខែ ៣០.០០០ ដុល្លារអាមេរិក។ ប៉ុន្តែ លោក «ក» រវល់ខ្លាំងជាមួយការងារ និងចេញទៅធ្វើការនៅបរទេសញឹកញាប់ ហើយជាក់ស្តែងកូនទាំងពីរនេះ តាមម្តាយជាងឪពុក ហើយទំនាក់ទំនងរវាងកូនទាំងពីរនេះ មិនអាចបែកគ្នាបានទេ។ ក្នុងករណីនេះ តុលាការអាចកំណត់ឱ្យ លោកស្រី «ខ» ជាម្តាយ មានសិទ្ធិគ្រប់គ្រងកូន ដោយផ្អែកលើកត្តាជាច្រើនដូចជា លោកស្រី «ខ» មានពេលវេលាគ្រប់គ្រាន់ក្នុងការថែទាំកូន ការងាររបស់លោកស្រី «ខ» មិនប៉ះពាល់ដល់ការមើលថែកូន កូនមានភាពស្និតស្នាលជាមួយម្តាយច្រើនជាងឪពុក កូនភ្លោះមិនគួររស់នៅបែកពីគ្នា ហើយលោកស្រី «ខ» ក៏មានប្រាក់ចំណូលខ្ពស់ ដែលអាចធានាបានចំពោះការរស់នៅ។ ក្នុងករណី ប្តីប្រពន្ធលែងលះគ្នា មុនពេលកូនកើត តើតុលាការសម្រេចអំពីសិទ្ធិគ្រប់គ្រងកូនបែបណា? ចំពោះប្តីប្រពន្ធលែងលះគ្នាមុនកំណើតកូន (លែងលះខណៈពេលកូននៅក្នុងផ្ទៃ) តុលាការមិនអាចសម្រេចកំណត់អំពីអ្នកមានសិទ្ធិគ្រប់គ្រងកូនបានទេ (មិនអាចកំណត់យកឪពុក ឬ ម្តាយជាអ្នកមានអំណាចមេបាចំពោះកូនដែលមិនទាន់កើតបានឡើយ)។ ក្នុងករណីនេះ ច្បាប់បានកំណត់ដោយស្វ័យប្រវត្តិថា ម្តាយដែលកំពុងពរពោះកូននោះ គឺជាអ្នកមានអំណាចមេបា ដោយមិនចាំបាច់មានការសម្រេចរបស់តុលាការ មានន័យថា នៅពេលដែលប្តីប្រពន្ធលែងលះគ្នា ខណៈពេលដែលកូននៅក្នុងផ្ទៃ ម្តាយជាអ្នកមានអំណាចមេបាចំពោះកូនដែលកើតមកនោះ ប៉ុន្តែក្រោយពេលកូនកើតមក តុលាការអាចកំណត់យកឪពុក ឬ ម្ដាយជាអ្នកមានអំណាចមេបា (អ្នកមានសិទ្ធិអំណាចគ្រប់គ្រងកូន) ផ្អែកតាមការព្រមព្រៀង ឬ ការពិភាក្សារបស់ឪពុកម្តាយបាន ប្រសិនបើមិនអាចពិភាក្សាគ្នា ឬ ការពិភាក្សាមិនទទួលបានលទ្ធផលជាវិជ្ជមាន តុលាការត្រូវកំណត់អ្នកមានអំណាចមេបា ដោយពិចារណាទៅលើផលប្រយោជន៍របស់កូន៕ រៀបរៀងដោយ៖ លោកមេធាវី អ៉ីវ ប៉ូលី គ្រូបង្រៀនច្បាប់នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងជាអ្នកបណ្តុះបណ្តាលនៃកម្មវិធីវិភាគទានច្បាប់

2021-10-06 17:28:57

យល់ដឹងផ្នែកច្បាប់៖ ការសង

(ភ្នំពេញ)៖ នៅក្នុងសង្គមរស់នៅបច្ចុប្បន្ន ការប្រាស្រ័យទាក់ទងគឺជាកត្ដាចាំបាច់បំផុតដែលមិនអាចខ្វះបាន ហើយការប្រាស្រ័យទាក់ទងទៀតសោត មានបំណងបម្រើផលប្រយោជន៍បុគ្គលរៀងៗខ្លួន។ ការវិវត្តនៃសង្គមបានជំរុញឱ្យទំនាក់ទំនងទាំងនោះបានបង្កើតចំណងគតិយុត្តចងភ្ជាប់រវាងបុគ្គលពីរ ឬច្រើននាក់ដោយទំនាក់ទំនងសិទ្ធិ និងកាតព្វកិច្ច។ កាតព្វកិច្ចកើតឡើងដោយសារ កិច្ចសន្យា អំពើអនីត្យានុកូល សេចក្ដីចម្រើនដោយឥតហេតុ ការគ្រប់គ្រងដោយឈឺឆ្អាល។ ទន្ទឹមនឹងនេះ កាតព្វកិច្ចក៏អាចរលត់ទៅវិញប្រសិនបើមានមូលហេតុដែលច្បាប់បានកំណត់ ក្នុងនោះ ការសង គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុដទៃទៀត។ តើការសងមានសញ្ញាណគតិយុត្តយ៉ាងដូចម្ដេចខ្លះ? ហើយបុគ្គលណាជាអ្នកសង និងបុគ្គលណាជាអ្នកដែលត្រូវទទួលការសង? តើការសងត្រូវធ្វើឡើងយ៉ាងដូចម្ដេចខ្លះ? តើការសងនឹងមានអានុភាពអ្វីខ្លះ? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាព Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «ការសង» មកធ្វើការបង្ហាញជូនបងប្អូន ប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម៖ ការសង គឺជាសកម្មភាពដែលកូនបំណុល ឬតតិយជនបានបំពេញ ដើម្បីរំលត់កាតព្វកិច្ចណាមួយ ដោយការសងនឹងមានសុពលភាពលុះត្រាតែបានធ្វើចំពោះម្ចាស់បំណុល ឬបុគ្គលដែលមានសិទ្ធិទទួលការសង។ ការសងដោយកូនបំណុលនឹងក្លាយជាការសងដែលមានអានុភាពផ្នែកច្បាប់ ប៉ុន្ដែជាគោលការណ៍ការសងក៏អាចធ្វើឡើងដោយតតិយជន (ជនដែលមិនមែនជាភាគីក្នុងទំនាក់ទំនងគតិយុត្ត) ផងដែរ។ គួរបញ្ជាក់ថា មិនមែនតតិយជនអាចក្លាយជាអ្នកសងគ្រប់ករណីទាំងអស់នោះទេ មានករណីខ្លះតតិយជនអាចក្លាយជាអ្នកសងបានលុះត្រាតែមានការយល់ព្រមពីម្ចាស់បំណុល ដោយសារគោលបំណងនៃកាតព្វកិច្ចមិនអាចសម្រេចដោយតតិយជន ឧទាហរណ៍៖ កិច្ចសន្យាការងារ ឬកិច្ចសន្យាគូររូប ជាអាទិ៍ ចំពោះករណីផ្សេងពីនេះគឺម្ចាស់បំណុល និងកូនបំណុលបានព្រមព្រៀងគ្នាមិនទទួលស្គាល់ការសងដោយតតិយជន។ ហើយអ្នកទទួលការសងពីអ្នកសងត្រូវតែជាម្ចាស់បំណុល ឬបុគ្គលដែលមានសិទ្ធិទទួលការសង (អ្នកតំណាងដែលទទួលការប្រគល់សិទ្ធិពីម្ចាស់បំណុលឱ្យទទួលការសង ជាដើម)។ ក្នុងករណីអ្នកសង បានសងទៅបុគ្គលដែលគ្មានសិទ្ធិទទួលការសង អ្នកសងត្រូវប្រឈមនឹងការសងសាជាថ្មីម្ដងទៀត តាមការទាមទាររបស់អ្នកដែលត្រូវទទួលការសង ប៉ុន្ដែបើអ្នកសងបានសងទៅបុគ្គលដែលហាក់បីដូចជាអ្នកដែលត្រូវទទួលការសង នោះការសងត្រូវចាត់ទុកថាមានសុពលភាព។ ឧទាហរណ៍៖ ករណីសងទៅប្រពន្ធ ប៉ុន្ដែប្រាក់ដែលបានជំពាក់នោះ គឺជាទ្រព្យដោយឡែករបស់ប្ដី ដូច្នេះការសងត្រូវចាត់ទុកថាមានសុពលភាព ហើយម្ចាស់បំណុលពិតប្រាកដ មិនអាចទាមទារឱ្យកូនបំណុលសងម្ដងទៀតនោះទេ តែម្ចាស់បំណុលអាចទាមទារឱ្យអ្នកទទួលការសងពីកូនបំណុល ប្រគល់ប្រាក់នោះឱ្យមកខ្លួនវិញបាន។ ការសងត្រូវធ្វើឡើងតាមខ្លឹមសារនៃកាតព្វកិច្ច និងតាមគោលការណ៍នៃភាពសុចរិត និងភាពស្មោះត្រង់។ ជាទូទៅការសងត្រូវតែគ្រប់ចំនួន ហើយម្ចាស់បំណុលមិនមានករណីយកិច្ចទទួលការសងមួយភាគនោះទេ តែបើមានការសន្យាពិសេសអំពីការសងបន្ដិចម្ដងៗ ការសងមួយភាគអាចធ្វើទៅបាន ក្នុងករណីម្ចាស់បំណុលទទួលការសងមួយភាគនោះការសងត្រូវមានសុពលភាពត្រឹមទំហំដែលបានសងប៉ុណ្ណោះ។ លើសពីនេះទៀត កូនបំណុលក៏អាចផ្តល់តាវកាលិកផ្សេងជំនួសតាវកាលិកដើមវិញបាន ដោយទទួលការយល់ព្រមពីម្ចាស់បំណុល ហើយតាវកាលិកនោះនឹងមានអានុភាពដូចការសងដែរ។ ឧទាហរណ៍៖ កូនបំណុលជំពាក់ប្រាក់ម្ចាស់បំណុល ក្រោយមកកូនបំណុលយកអចលនវត្ថុ (ដី) មកសងជំនួសវិញ ការសងបែបនេះមិនអាចសម្រេចលើឆន្ទៈកូនបំណុលតែម្នាក់ឯងនោះទេ ពោលកូនបំណុលអាចយកអចលនវត្ថុមកសងជំនួសបាន លុះត្រាតែម្ចាស់បំណុលយល់ព្រមទើបការសងអាចមានសុពលភាព។ ដោយសារការកំណត់ពេលសងជាប្រយោជន៍របស់កូនបំណុល ហើយកូនបំណុលត្រូវសងនៅពេលកំណត់ត្រូវអនុវត្តកាតព្វកិច្ចបានមកដល់ប៉ុណ្ណោះ ដូច្នេះម្ចាស់បំណុលមិនអាចទាមទារឱ្យកូនបំណុលសងមុនការកំណត់ពេលមកដល់នោះទេ។ ការសង ត្រូវធ្វើឡើងនៅក្នុងម៉ោងធ្វើការធម្មតា តាមទំនៀមទំលាប់ និងគោលការណ៍នៃភាពសុចរិត និងភាពស្មោះត្រង់ ការកំណត់នេះដើម្បីឱ្យភាគីមានភាពងាយស្រួលក្នុងការកំណត់ម៉ោងសង ជៀសវាងការកំណត់ម៉ោងសងមិនត្រឹមត្រូវ។ ឧទាហរណ៍៖ កំណត់សងថ្ងៃអាទិត្យ ម៉ោង ០១៖០០នាទីព្រឹកនៅក្នុងរង្គសាល ជាដើម។ ម្យ៉ាងវិញទៀតកូនបំណុលក៏អាចសងមុនពេលកំណត់បាន ប្រសិនបើការសងនោះមិនបានធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍របស់ម្ចាស់បំណុល ប៉ុន្ដែបើការសងមុនពេលកំណត់នាំឱ្យប៉ះពាល់ផលប្រយោជន៍របស់ម្ចាស់បំណុល នោះកូនបំណុលត្រូវសងសំណងការខូចខាតដល់ម្ចាស់បំណុលផងដែរ។ ហើយទីកន្លែងដែលត្រូវសងប្រសិនបើគ្មានការព្រមព្រៀងគ្នានោះទេ ការសងវត្ថុជាក់លាក់ដូចជា ម៉ូតូ ឡាន វត្ថុបុរាណ ត្រូវធ្វើឡើងនៅកន្លែងដែលវត្ថុទាំងនោះស្ថិតនៅពេលធ្វើកិច្ចសន្យា តែបើមានការព្រមព្រៀងគ្នាផ្សេង នោះការប្រគល់វត្ថុអាចធ្វើឡើងនៅទីកន្លែងដែលបានព្រមព្រៀងគ្នាវិញ។ ចំពោះកាតព្វកិច្ចក្រៅពីនេះ រួមមាន កាតព្វកិច្ចប្រគល់វត្ថុមិនជាក់លាក់ កាតព្វកិច្ចត្រូវធ្វើសកម្មភាព ឬមិនត្រូវធ្វើសកម្មភាព ឬកាតព្វកិច្ចត្រូវសងជាប្រាក់ ជាអាទិ៍ ការសងត្រូវធ្វើឡើងនៅលំនៅឋានរបស់ម្ចាស់បំណុល (ប្រសិនបើគ្មានការព្រមព្រៀង)។ កូនបំណុលត្រូវទទួលបន្ទុកនូវសោហ៊ុយនៃការសង បើមិនមានការព្រមព្រៀងគ្នាកន្លងមកទេ ប៉ុន្ដែបើសោហ៊ុយនៃការសងកើតឡើងដោយសារការផ្លាស់ប្ដូរលំនៅឋាន ឬអំពើផ្សេងរបស់ម្ចាស់បំណុល នោះម្ចាស់បំណុលត្រូវទទួលបន្ទុកនូវចំនួនកំណើននៃសោហ៊ុយទាំងនោះ។ ឧទាហរណ៍៖ កូនបំណុល និងម្ចាស់បំណុលរស់នៅរាជធានីភ្នំពេញ ក្រោយមកទៀតម្ចាស់បំណុលបានផ្លាស់លំនៅឋានទៅខេត្តសៀមរាប ហេតុនេះកូនបំណុលត្រូវធ្វើដំណើរទៅខេត្តសៀមរាបដើម្បីសងម្ចាស់បំណុល ដូច្នេះសោហ៊ុយធ្វើដំណើរត្រូវជាបន្ទុករបស់ម្ចាស់បំណុលអ្នកចំណាយ។ ពេលសង អ្នកសងអាចទាមទារឱ្យអ្នកដែលត្រូវទទួលការសងចេញលិខិតបញ្ជាក់នូវការទទួលការសង ដោយការចេញលិខិតបញ្ជាក់នូវការទទួលការសងដោយម្ចាស់បំណុល និងការសងដោយកូនបំណុលត្រូវអនុវត្តព្រមជាមួយគ្នា លើសពីនេះទៀតកូនបំណុលអាចបដិសេធមិនសង រហូតដល់ម្ចាស់បំណុលចេញលិខិតបញ្ជាក់នូវការទទួលការសង។ បន្ទាប់ពីការសងបានបញ្ចប់សព្វគ្រប់ រាល់លិខិតបញ្ជាក់អំពីអត្ថិភាពនៃសិទ្ធិលើបំណុល ត្រូវប្រគល់មកឱ្យកូនបំណុលវិញតាមការទាមទាររបស់កូនបំណុល ដោយសារបើមិនព្រមប្រគល់មកវិញនូវលិខិតបញ្ជាក់នោះទេ អាចមានការសន្មតថាកាតព្វកិច្ចនៅតែមានអត្ថិភាព ហើយនេះធ្វើឱ្យមានការខូចខាតចំពោះកូនបំណុលដែលបានសងកាតព្វកិច្ចរួចម្ដង។ លិខិតបញ្ជាក់អំពីសិទ្ធិលើបំណុល ត្រូវប្រគល់ជូនកូនបំណុលវិញ ក្នុងករណីដែលកាតព្វកិច្ចទាំងមូលត្រូវបានសងប៉ុណ្ណោះ ប៉ុន្ដែក្នុងករណីសងមួយភាគ លិខិតបញ្ជាក់អំពីសិទ្ធិលើបំណុលមិនត្រូវបានប្រគល់ជូនកូនបំណុលវិញឡើយ។ នៅពេលកូនបំណុល ឬតតិយជនបានសងទៅកាន់ម្ចាស់បំណុល ឬបុគ្គលដែលមានសិទ្ធិទទួលការសង នោះអានុភាពនៃការសងនឹងកើតឡើង ដោយកាតព្វកិច្ចដើមនឹងត្រូវរលត់ ប៉ុន្ដែការសងដោយតតិយជននឹងក្លាយទៅជាសេចក្ដីចម្រើនដោយឥតហេតុ ហើយតតិយជនអាចទាមទារឱ្យកូនបំណុលសងត្រឡប់វិញចំពោះការសងដែលតតិយជននោះបានសងទៅកាន់ម្ចាស់បំណុល។ ជាចុងក្រោយអាចសង្កេតឃើញថា ការសង គឺជារបបគតិយុត្តមួយដែលបានបញ្ញត្តិក្នុងក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ ដែលត្រូវបានប្រើប្រាស់ដោយកូនបំណុល ឬតតិយជន ដើម្បីរំលត់កាតព្វកិច្ចជាមួយនឹងម្ចាស់បំណុល លើសពីនេះទៀតច្បាប់ក៏បានចែងពីរបៀបដែលកូនបំណុលត្រូវសងរួមមាន ពេលវេលា ទីកន្លែង សោហ៊ុយនៃការសង ព្រមទាំងការចេញលិខិតបញ្ជាក់នូវការទទួលការសង និងការប្រគល់លិខិតបញ្ជាក់អំពីអត្ថិភាពនៃសិទ្ធិលើបំណុលផងដែរ ដូច្នេះម្ចាស់បំណុល និងកូនបំណុលគួរតែប្រតិបត្តិឱ្យបានត្រឹមត្រូវតាមច្បាប់ដើម្បីជៀសវាងមានវិវាទនាពេលក្រោយ។ រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងលោក ប៉ូល គីមសេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុង ភូមិឧកញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com , ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group ៕

2021-09-27 09:07:57

យល់ដឹងផ្នែកច្បាប់៖ ការដោះលែងដោយមានលក្ខខណ្ឌ

(ភ្នំពេញ)៖ ជាគោលការណ៍នៃការអនុវត្ដទោសព្រហ្មទណ្ឌ លើជនដែលបានប្រព្រឹត្តបទល្មើសក្រោយពីស្ថាប័នតុលាការ បានប្រកាសពីការផ្តន្ទាទោសដាក់ពន្ធនាគារ ទណ្ឌិតត្រូវបានដាក់ឱ្យអនុវត្ដឱ្យបានគ្រប់ចំនួននូវទោសដាក់ពន្ធនាគាររបស់ខ្លួន ទើបអាចត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញបាន។ ក៏ប៉ុន្ដែ ដោយឈរលើគោលការណ៍ នៃការអនុគ្រោះផ្នែកសិទ្ធិមនុស្ស ព្រះរាជាណាចក្រកម្ពុជាបានបង្កើតឱ្យមាននូវប្រព័ន្ធមួយ ដែលអាចឱ្យមានការដោះលែងទណ្ឌិតមុនថិរវេលាបាន ដោយទណ្ឌិតត្រូវបំពេញឱ្យបានគ្រប់នូវលក្ខខណ្ឌមួយចំនួនដែលកំណត់ដោយច្បាប់ ហៅថា «ការដោះលែងដោយមានលក្ខខណ្ឌ»។ យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តើមានលក្ខខណ្ឌអ្វីខ្លះដែលអាចដោះលែងទណ្ឌិតឱ្យមានសិទ្ធិសេរីភាពវិញបាន? តើទណ្ឌិត ត្រូវបំពេញបែបបទអ្វីខ្លះ? ដូច្នេះសម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការដោះលែងដោយមានលក្ខខណ្ឌ» មកបកស្រាយ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចតទៅ៖ យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ទណ្ឌិតអាចត្រូវបានដោះលែងឱ្យមានសេរីភាពមុនកាលកំណត់នៃការអនុវត្ដទោស ដោយត្រូវគោរពនូវលក្ខខណ្ឌ ០២ ដូចខាងក្រោម៖ ១៖ លក្ខខណ្ឌទាក់ទងនឹងកិរិយាមារយាទ៖ ទណ្ឌិតត្រូវបង្ហាញឱ្យឃើញថាខ្លួនមានគំនិតមារយាទល្អក្នុងរយៈពេលជាប់ឃុំ និងមានសម្បទាដែលអាចបញ្ជូនខ្លួនទៅក្នុងសង្គមវិញបាន។ មានន័យថា ទណ្ឌិតត្រូវធ្វើសកម្មភាពផ្សេងៗជាអាទិ៍ ការរាងចាល ការដឹងកំហុស ការសម្ដែងឆន្ទៈសោកស្ដាយចំពោះអំពើរបស់ខ្លួន ជាដើមដែលឱ្យគេមើលឃើញថាខ្លួនពិតជាមានឆន្ទៈ និងលក្ខណៈគ្រប់គ្រាន់អាចចេញពីពន្ធនាគារដោយការដឹងកំហុស ចេះកែប្រែខ្លួនឡើងវិញ។ ២៖ លក្ខខណ្ឌទាក់ទងនឹងថិរវេលានៃទោសដែលត្រូវបានទទួលរួចរាល់ហើយ៖ ការដោះលែងដោយមានលក្ខខណ្ឌ អាចត្រូវផ្ដល់ឱ្យដល់ទណ្ឌិតដែលបានទទួលរងទោសដាក់ពន្ធនាគារបានត្រឹមកម្រិតមួយចំនួនដូចជា៖ * ក. ចំនួនពាក់កណ្ដាលនៃទោសប្រសិនបើទោសនោះតិចជាង ឬស្មើ ១ឆ្នាំ * ខ. ចំនួនពីរភាគបី នៃទោសក្នុងករណីផ្សេងទៀត * គ.ទណ្ឌិតដែលត្រូវជាប់ពន្ធនាគារអស់មួយជីវិត អាចទទួលការដោះលែងដោយមានលក្ខខណ្ឌ ប្រសិនបើទណ្ឌិតនោះទទួលទោសជាប់ពន្ធនាគារយ៉ាងតិចបំផុត២០ (ម្ភៃ) ឆ្នាំរួចមកហើយ។ ចំពោះនីតិវិធីនៃការសម្រេចដោះលែងដោយមានលក្ខខណ្ឌនេះត្រូវសម្រេច និងផ្ដល់ឱ្យដោយប្រធានសាលាដំបូងនៃទីកន្លែងឃុំខ្លួនដោយត្រូវឆ្លងកាត់នីតិវិធីដូចជា៖ * ប្រធានសាលាដំបូង ត្រូវបញ្ជូនទៅគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌនូវសំណុំឯកសាររួមមានជាអាទិ៍ នូវពាក្យសុំ, សាលក្រម ឬសាលដីកាផ្តន្ទាទោស, សាលក្រម ឬសាលដីកា(មួយ ឬច្រើន), ព្រឹត្តិបត្រលេខ១ នៃបញ្ជីថ្កោលទោស, យោបល់ព្រះរាជអាជ្ញា និងគ្រប់លិខិតទាំងអស់ដែលមានប្រយោជន៍ ដើម្បីពិនិត្យ និងផ្ដល់យោបល់។ គណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌរួមមាន៖ សមាជិក២ (ពីរ) រូប ចាត់តាំងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ១ (មួយ) រូបជាប្រធាន និង ១ (មួយ) រូបទៀតជាប្រធានពន្ធនាគារ ឬតំណាងជាសមាជិក។ បន្ទាប់ពីបានពិនិត្យរួច គណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ បញ្ចេញយោបល់របស់ខ្លួននៅក្នុងរយៈពេលយ៉ាងខ្លីបំផុត។ យោបល់នេះត្រូវធ្វើជាលាយលក្ខណ៍អក្សរ និងមានសំអាងហេតុ ត្រូវផ្ញើជូនទៅតុលាការសាលាដំបូងភ្លាម។ * ប្រធានសាលាដំបូង មិនត្រូវជាប់ជំពាក់នឹងយោបល់របស់គណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌទេ។ បន្ទាប់ពីបានទទួលយោបល់ ពីគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌរួចមក ប្រធានសាលាដំបូង ត្រូវចេញសេចក្ដីសម្រេចតាមដីកាដោយមានសំអាងហេតុ។ សេចក្ដីសម្រេច របស់ប្រធានតុលាការនេះ អាចត្រូវតវ៉ាទៅប្រធានសាលាឧទ្ធរណ៍បានក្នុងរយៈពេល ៥ ថ្ងៃ។ បណ្ដឹងតវ៉ានេះ អាចធ្វើបានដោយអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ឬព្រះរាជអាជ្ញា នៃតុលាការសាមីតែប៉ុណ្ណោះ។ ប្រសិនបើមានការតវ៉ា សេចក្ដីសម្រេចនេះគ្មានអានុភាពអនុវត្តទេ រហូតដល់មានដីការបស់ប្រធានសាលាឧទ្ធរណ៍។ ប្រធានសាលាឧទ្ធរណ៍សម្រេចតាមដីកាដោយមានសំអាងហេតុ និងមិនអាចតវ៉ាបានឡើយ។ សេចក្ដីសម្រេចឱ្យដោះលែងដោយមានលក្ខខណ្ឌ ត្រូវកំណត់បែបបទនៃការអនុវត្ត និងលក្ខខណ្ឌនៃការដោះលែងទណ្ឌិត។ សេចក្ដីសម្រេចនេះ កំណត់រយៈពេលសាកល្បងដែលមិនអាចលើសពីថិរវេលានៃទោស ដែលនៅសល់មិនទាន់បានទទួលរងឡើយ។ លើសពីនេះថ្មីៗនេះ ក្រសួងយុត្តិធម៌បានចេញប្រកាសស្តីពីបែបបទនៃការឃ្លាំមើលតាមដាន ការត្រួតពិនិត្យ និងការបញ្ចូលទៅក្នុងសង្គមវិញនៃទណ្ឌិត ដែលត្រូវបានដោះលែងដោយមានលក្ខខណ្ឌ លេខ ០៩០ កយប្រក/២១ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ផងដែរ។ ប្រសិនបើទណ្ឌិតដែលត្រូវបានដោះលែងដោយមានលក្ខខណ្ឌ បានបំពាននូវលក្ខខណ្ឌដូចដែលមានកំណត់នៅក្នុងសេចក្ដីសម្រេចដោះលែងរបស់ខ្លួន ក្នុងករណីនេះព្រះរាជអាជ្ញានៃតុលាការសាមី អាចបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិតដែលបានដោះលែងនោះបាន។ ព្រះរាជអាជ្ញាត្រូវជូនដំណឹងទៅប្រធានសាលាដំបូងភ្លាម ក្នុងករណីដកហូតការដោះលែងដោយមានលក្ខខណ្ឌ ទណ្ឌិតត្រូវទទួលទោសរបស់ខ្លួនដែលនៅសេសសល់។ រយៈពេលសេសសល់ ត្រូវគិតចាប់ពីពេល ដែលទណ្ឌិតទទួលសេចក្ដីសម្រេចឱ្យដោះលែងដោយមានលក្ខខណ្ឌ។ ប្រសិនបើទណ្ឌិតត្រូវបានចាប់ខ្លួនឡើងវិញ រយៈពេលឃុំខ្លួនរហូតទល់នឹងសេចក្ដីសម្រេចដកហូតការដោះលែងដោយមានលក្ខខណ្ឌនេះ ត្រូវយកមកគិតក្នុងថិរវេលានៃទោសដែលនៅសេសសល់។ ប្រសិនបើការដោះលែងដោយមានលក្ខខណ្ឌ មិនត្រូវបានដកហូតក្នុងរយៈពេលសាកល្បងទេ ការដោះលែងក្លាយទៅជាស្ថាពរ។ ក្នុងករណីនេះ ទោសត្រូវចាត់ទុកថាបានទទួលតាំងពីថ្ងៃដោះលែងដោយមានលក្ខខណ្ឌមកម្ល៉េះ។ សរុបមក ការដោះលែងដោយមានលក្ខខណ្ឌ គឺជានីតិវិធីពិសេសមួយដែល មានកំណត់នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាក្នុងមាត្រា៥១២ ដល់មាត្រា ៥២២, ច្បាប់ស្តីពីពន្ធនាគារ និងប្រកាសស្តីពីបែបបទនៃការឃ្លាំមើលតាមដាន ការត្រួតពិនិត្យ និងការបញ្ចូលទៅក្នុងសង្គមវិញ នៃទណ្ឌិតដែលត្រូវបានដោះលែងដោយមានលក្ខខណ្ឌ លេខ ០៩០ កយប្រក/២១ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានយកមកអនុវត្ដដើម្បីជួយសម្រួលដល់ទណ្ឌិតណា ដែលបានដឹងពីទោសកំហុសរបស់ខ្លួន ហើយមានឆន្ទៈកែប្រែខ្លួនឡើងវិញ ដោយបានអនុវត្ដទោសនៅក្នុងពន្ធនាគារបានមួយរយៈរួចហើយ តាមលក្ខខណ្ឌនៃច្បាប់កំណត់ ឱ្យពួកគាត់បានជួបជុំគ្រួសារ ប្រកបមុខរបរ និងមានសិទ្ធិសេរីភាពអាចចូលរួមក្នុងសង្គមឡើងវិញបាន៕ រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងលោក រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិឧញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.

2021-09-21 22:08:46

ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ របស់ក្រុមហ៊ុន នៅក្រសួងពាណិជ្ជកម្ម

(ភ្នំពេញ)៖ បន្ទាប់ពីបានចុះបញ្ជីពាណិជ្ជកម្មស្របតាមបញ្ញត្តិនៃច្បាប់ ក៏ដូចជាបំពេញលក្ខខណ្ឌផ្លូវច្បាប់តម្រូវផ្សេងៗទៀតរួចមក ក្រុមហ៊ុនទាំងអស់អាចទទួលបាននូវនីតិបុគ្គលិកលក្ខណៈ (ទម្រង់តាមផ្លូវច្បាប់) ដែលអនុញ្ញាតឱ្យក្រុមហ៊ុនទាំងនោះ អាចប្រកបពាណិជ្ជកិច្ចស្របតាមច្បាប់ និង ស្របតាមកម្មវត្ថុអាជីវកម្មរបស់ខ្លួនបាន។ យ៉ាងណាមិញ ជាកាតព្វកិច្ចដែលកំណត់ដោយច្បាប់ រាល់ក្រុមហ៊ុនដែលបានចុះបញ្ជីទាំងឡាយ ត្រូវតែធ្វើការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ នៅក្រសួងពាណិជ្ជកម្មជារៀងរាល់ឆ្នាំ។ ដូចនេះ តើអ្វីទៅជាការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ? ប្រសិនបើមានការខកខានមិនបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ តើក្រុមហ៊ុននីមួយៗនឹងត្រូវទទួលខុសត្រូវកម្រិតណា? ដើម្បីយល់ដឹងឱ្យបានកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖ យោងតាមច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងប្រកាសលេខ១០៧ ព.ណ ចបព.ប្រក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ស្ដីពីការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំតាមប្រព័ន្ធស្វ័យប្រវត្តិកម្មបានកំណត់ថា ក្រុមហ៊ុនដែលបានចុះបញ្ជីពាណិជ្ជកម្មរួច ត្រូវមានកាតព្វកិច្ចតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ជារៀងរាល់ឆ្នាំ។ ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ គឺជាការពិនិត្យ និងផ្ទៀងផ្ទាត់ ក៏ដូចជាធ្វើបច្ចុប្បន្នភាពព័ត៌មានចុះបញ្ជីពាណិជ្ជកម្ម និងឯកសារផ្សេងៗរបស់ក្រុមហ៊ុន ដែលមាននៅក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈគេហទំព័រ www.businessregistration.moc.gov.kh។ ប្រសិនបើពិនិត្យឃើញថា មានភាពមិនត្រឹមត្រូវ ឬមានព័ត៌មានថ្មីដែលត្រូវធ្វើបច្ចុប្បន្នភាព នោះក្រុមហ៊ុនចាំបាច់ត្រូវធ្វើការកែប្រែព័ត៌មាននោះឱ្យបានត្រឹមត្រូវឡើងវិញ។ ជាទូទៅ ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំមានរយៈពេល ០៣ ខែ ដោយគិតចាប់ពីថ្ងៃខែចុះបញ្ជីរបស់ក្រុមហ៊ុន នៃឆ្នាំនីមួយៗ រៀងរាល់ឆ្នាំ ហើយកាលបរិច្ឆេទនៃការតម្រូវឱ្យតម្កល់ប្រតិវេទន៍នេះ ក៏នឹងមានការជូនដំណឹងរំលឹកដោយស្វ័យប្រវត្តិពីក្រសួង តាមរយៈសារអេឡិចត្រូនិច (E-mail) ទៅកាន់អាសយដ្ឋានសារអេឡិចត្រូនិច (E-mail Address) របស់ក្រុមហ៊ុននីមួយៗចំនួន ៤ ដង គឺលើកទី១ ជូនដំណឹងមុនកាលបរិច្ឆេទចាប់ផ្ដើមតម្កល់ប្រតិវេទន៍មួយខែ និងលើកទី២ ដល់ទី៤ ជូនដំណឹងនៅរៀងរាល់ ៣០ ថ្ងៃម្ដង នៅក្នុងអំឡុងពេល ៣ ខែ ដែលតម្រូវឱ្យតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ដូចមានបញ្ជាក់ខាងលើ។ សូមបញ្ជាក់ដែរថា អាសយដ្ឋានសារអេឡិចត្រូនិចដែលនឹងត្រូវទទួលបានការរំលឹកពីក្រសួង គឺជាអាសយដ្ឋានសារអេឡិចត្រូនិច ដែលក្រុមហ៊ុនបានផ្ដល់ឱ្យក្រសួងនៅពេលចុះបញ្ជីដំបូង ដូចនេះប្រសិនបើក្រុមហ៊ុនផ្ដល់ឱ្យមិនបានត្រឹមត្រូវ ឬមិនច្បាស់លាស់ ឬមានកំហុសក្នុងការគ្រប់គ្រង នោះក្រុមហ៊ុនត្រូវទទួលខុសត្រូវ ចំពោះការខកខានមិនបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ។ ចំពោះព័ត៌មាន និងសំណុំឯកសារតម្កល់ប្រតិវេទន៍ ដែលត្រូវបញ្ចូលទៅក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្មមានដូចជា៖ * លេខអត្តសញ្ញាណសារពើពន្ធ * កាលបរិច្ឆេទចុះបញ្ជីសារពើពន្ធ * ពន្ធប៉ាតង់នៃឆ្នាំដែលត្រូវប្រកាសប្រតិវេទន៍ សម្រាប់រាល់សកម្មភាពអាជីវកម្មដែលកំពុងមានប្រតិបត្តិការ * ចំនួនបុគ្គលិក និងឯកសារភ្ជាប់ ស្ដីពីតួនាទីរបស់និយោជិក * អ៉ីមែល និងលេខទូរស័ព្ទក្រុមហ៊ុន ដែលកំពុងប្រើប្រាស់ * របាយការណ៍ហិរញ្ញវត្ថុ និងបញ្ជីម្ចាស់ភាគហ៊ុន (សម្រាប់ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត)។ ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ តម្រូវឱ្យបង់កម្រៃសេវាសាធារណៈចំនួន ៨០.០០០ (ប្រាំបីម៉ឺន) រៀល ហើយក្នុងករណីក្រុមហ៊ុនមានបញ្ហាណាមួយ ដែលមិនអាចធ្វើការតម្កល់ប្រតិវេទន៍តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មបានទេ ក្រុមហ៊ុនក៏អាចធ្វើសំណើសុំតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ដោយផ្ទាល់ទៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម ដោយត្រូវធ្វើការបញ្ជាក់ឱ្យបានច្បាស់លាស់អំពីមូលហេតុដែលមិនអាចតម្កល់ប្រតិវេទន៍តាមប្រព័ន្ធស្វ័យប្រវត្តិកម្មបាន ប៉ុន្តែត្រូវឆ្លងកាត់ការពិនិត្យ និងទទួលការយល់ព្រមពីមន្រ្តីក្រសួងពាណិជ្ជកម្ម។ ផ្ទុយទៅវិញ ប្រសិនបើក្រុមហ៊ុនណាមួយខកខានមិនបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ តាមកាលកំណត់ទេ ក្រុមហ៊ុននោះនឹងត្រូវទទួលពិន័យជាប្រាក់ចំនួន ២.០០០.០០០ (ពីរលាន) រៀល ដូចមានកំណត់នៅក្នុង ប្រកាសរួមលេខ ១២១៧ សហវ.ប្រក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការផ្ដល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម។ សរុបមក ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ គឺជាកាតព្វកិច្ចរបស់ក្រុមហ៊ុននីមួយៗដែលបានចុះបញ្ជីពាណិជ្ជកម្ម ក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានផ្សេងៗដែលពាក់ព័ន្ធជាមួយក្រុមហ៊ុន ទៅក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មជារៀងរាល់ឆ្នាំ។ ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ គឺជាកាតព្វកិច្ចតាមផ្លូវច្បាប់មួយដែលក្រុមហ៊ុនទាំងអស់ត្រូវតែធ្វើជាចាំបាច់ និងទៀងទាត់ ដើម្បីជូនដំណឹងអំពីព័ត៌មាន ទិន្នន័យ ក៏ដូចជាស្ថានភាពចុងក្រោយរបស់ក្រុមហ៊ុន ទៅក្រសួងពាណិជ្ជកម្ម ដើម្បីគ្រប់គ្រងឱ្យបានច្បាស់លាស់។ ម៉្យាងវិញទៀត ប្រសិនបើខកខានមិនបានបំពេញកាតព្វកិច្ចនេះទេ ក្រុមហ៊ុននីមួយៗ ត្រូវប្រឈមនឹងការពិន័យពីក្រសួងផងដែរ៕ រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងលោក ឡេង ពុទ្ធិតារា ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុក ផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.

2021-09-13 09:05:28

បទញុះញង់អនីតិជនឱ្យបរិភោគគ្រឿងស្រវឹង

(ភ្នំពេញ)៖ គ្រឿងស្រវឹងជាប្រភេទភេសជ្ជៈ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព នៅពេលដែលមានការបរិភោគលើសកម្រិត និងជាប្រចាំ ហើយការបរិភោគគ្រឿងស្រវឹងលើសកម្រិតនេះទៀតសោត ក៏អាចបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ ដូចជា ការបើកបរក្នុងស្ថានភាពស្រវឹង និង ការបង្កអំពើហិង្សាផ្សេងៗក្នុងស្ថានភាពស្រវឹងផងដែរ។ ដោយសារតែមានផលប៉ះពាល់ច្រើនបែបនេះ ទើបប្រទេសនីមួយៗ តែងតែមានការរឹតត្បិតក្នុងការទទួលទានគ្រឿងស្រវឹង ជាពិសេសចំពោះអនីតិជន។ ជាមួយគ្នានេះ ច្បាប់កម្ពុជាក៏បានផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ទៅលើបុគ្គលណាដែលបានញុះញង់អនីតិជនឱ្យបរិភោគគ្រឿងស្រវឹងផងដែរ។ ហេតុដូចនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បទញុះញង់អនីតិជនឱ្យបរិភោគគ្រឿងស្រវឹង» មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម ៖ ជាទូទៅនិយមន័យនៃការញុះញង់ មានពីរប្រភេទ គឺ តាមន័យធម្មតា និង តាមន័យច្បាប់។ ចំពោះនិយមន័យធម្មតា ការញុះញង់ គឺជាការនិយាយចាក់រុកនាំអុជអាលឱ្យអ្នកដទៃធ្វើអ្វីមួយដែលមិនគប្បី។ ចំណែកឯនិយមន័យច្បាប់វិញ ការញុះញង់ គឺជាការផ្ដើមគំនិតឱ្យអ្នកណាម្នាក់ប្រព្រឹត្តបទល្មើសមជ្ឈិម ឬឧក្រិដ្ឋ។ ការញុះញង់នេះអាចប្រព្រឹត្តដោយសំដី សំណេរ ឬគំនូរតាមប្រភេទណាក៏ដោយ និងគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍។ ការញុះញង់អនីតិជនឱ្យបរិភោគគ្រឿងស្រវឹង គឺជាបទល្មើសមួយដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ម នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់យកមកអនុវត្តទៅលើបុគ្គលដែលមានចេតនាក្នុងការញុះញង់ ឬបង្ខិតបង្ខំឱ្យអនីតិជនបរិភោគគ្រឿងស្រវឹង។ ការណ៍នេះ គឺជាសកម្មភាពមួយដែលធ្វើឱ្យប៉ះពាល់ និងរំលោភបំពានសិទ្ធិរបស់អនីតិជនយ៉ាងធ្ងន់ធ្ងរ។ យើងដឹងហើយថា អនីតិជន គឺជាជនដែលមានអាយុក្រោម១៨ ឆ្នាំ ឬ ជនដែលមិនទាន់គ្រប់អាយុតាមច្បាប់កំណត់ ដូច្នេះហើយការញុះញង់អនីតិជនឱ្យបរិភោគគ្រឿងស្រវឹង គឺមិនត្រឹមតែជាអំពើខុសច្បាប់នោះទេ សកម្មភាពនេះអាចនាំឱ្យមានគ្រោះថ្នាក់ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់អនីតិជនថែមទៀត។ ដោយយោងទៅតាមមាត្រា ៣៤៣ និងមាត្រា ៣៤៨ នៃក្រមព្រហ្មទណ្ឌ បានបញ្ញតិ្តថា៖ * មាត្រា ៣៤៣ បទញុះញង់អនីតិជនឱ្យបរិភោគគ្រឿងស្រវឹង៖ អំពើញុះញង់អនីតិជនដោយផ្ទាល់ឱ្យបរិភោគជាប្រចាំ និងយ៉ាងច្រើននូវគ្រឿងស្រវឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៤.០០០.០០០ (បួនលាន) រៀល។ * មាត្រា ៣៤៨ ការប៉ុនប៉ង៖ ការប៉ុនប៉ងប្រព្រឹត្តបទមជ្ឈិមដែលមានចែងក្នុងជំពូកនេះ ត្រូវផ្តន្ទាទោសដូចគ្នានឹងបទមជ្ឈិមខាងលើដែរ។ សរុបមក ទោះបីជាបុគ្គលនោះប៉ុនប៉ង ឬបានញុះញង់អនីតិជនឱ្យបរិភោគគ្រឿងស្រវឹងក៏ដោយ ក៏ត្រូវបានផ្តន្ទាទោសទៅតាមផ្លូវច្បាប់ជាធរមានផងដែរ។ ការញុះញង់ ឬណែនាំអនីតិជនឱ្យបរិភោគគ្រឿងស្រវឹងនេះបានធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ទំនៀមទម្លាប់ ប្រពៃណីជាតិ ជាពិសេសសុខភាពរបស់អនីតិជន៕ រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក រៀម គីមឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.

2021-09-06 09:46:37