(ភ្នំពេញ)៖ ក្នុងសង្គមប្រជាធិបតេយ្យ ក៏ដូចជាប្រទេសកម្ពុជាផងដែរ ពលរដ្ឋដែលជាសមាជិកសង្គមគ្រប់រូបមានសិទ្ធិ និងសេរីភាពពេញលេញក្នុងការបញ្ចេញមតិ និងធ្វើការប្រមូលផ្តុំដើម្បីសំដែងមតិរបស់ខ្លួនតាមគ្រប់មធ្យោបាយ ត្រឹមដែនកំណត់របស់ច្បាប់ ។ ប៉ុន្តែការធ្វើសកម្មភាពញុះញង់ តាមរយៈការអុចអាល ឬជំរុញអ្នកដទៃឲ្យប្រព្រឹត្តបទល្មើស ឬបង្កឲ្យមានភាពវឹកវរ ដែលបណ្ដាលឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សារធារណៈ ក៏ដូចជាសន្តិសុខសង្គម ឬធ្វើឲ្យអ្នកដទៃបាក់បែកសាមគ្គីភាព ដោយបង្កើតឲ្យមានការរើសអើងជាដើម គឺពុំមែនជាសេរីភាព ឬសិទ្ធិរបស់បុគ្គលឡើយ ។ផ្ទុយទៅវិញអំពើនេះត្រូវបានច្បាប់ព្រហ្មទណ្ឌចាត់ទុកថាជា បទល្មើសព្រហ្មទណ្ឌ ។ តើទម្រង់នៃអំពើណាខ្លះត្រូវបានចាត់ទុកថាជា ការញុះញង់ឲ្យប្រព្រឹត្តិបទល្មើស ? ហើយចុះជនបង្កត្រូវទទួលទោសតាមច្បាប់កម្រិតណាខ្លះ? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការញុះញង់ឲ្យប្រព្រឹត្តបទល្មើស» មកបកស្រាយ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ ដូចតទៅ៖ ទម្រង់នៃអំពើដែលក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកថាជា ការញុះញង់ឲ្យប្រព្រឹត្តបទល្មើសមានជាអាទិ៍ដូចខាងក្រោម៖ ក៖ ការញុះញង់ដោយផ្ទាល់ តាមការប្រើពាក្យសម្ដីតាមប្រភេទណាក៏ដោយ ដែលប្រកាសនៅតាមកន្លែងទីសាធារណៈ ឬពេលមានប្រជុំសាធារណៈ ឲ្យអ្នកដទៃប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើដែលបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ឬឲ្យមានការរើសអើង ការគុំគួន ឬអំពើហឹង្សា ចំពោះបុគ្គលណាម្នាក់ ឬក្រុមណាមួយ ដោយមូលហេតុបុគ្គលនោះ ជាសមាជិក ឬមិនមែនជាសមាជិក នៃជាតិពិន្ធុ ក្រុមជាតិ ពូជសាសន៍ ឬនៃសាសនាណាមួយជាកំណត់ ។ ខ៖ ការញុះញង់ដោយផ្ទាល់ ដោយសំណេរ ឬគំនូរ តាមប្រភេទណាក៏ដោយ ដែលត្រូវផ្សព្វផ្សាយ នៅក្នុងចំណោមសាធារណៈ ឬតាំងឲ្យសាធារណៈជនមើល ដែលសំណេរ ឬគំនូរ ឲ្យអ្នកដទៃប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើដែលបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ឬ ឲ្យមានការរើសអើង ការគុំគួន ឬអំពើហឹង្សា ចំពោះបុគ្គលណាម្នាក់ ឬក្រុមណាមួយ ដោយមូលហេតុបុគ្គលនោះ ជាសមាជិក ឬមិនមែនជាសមាជិកនៃជាតិពិន្ធុ ក្រុមជាតិ ពូជសាសន៍ ឬនៃសាសនាណាមួយជាកំណត់ ។ គ៖ ការញុះញង់ដោយផ្ទាល់ ដោយការប្រើប្រាស់គ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ ដើម្បី ធ្វើការចាក់ផ្សាយតាមស្ថានីទូរទស្សន៍ ឬតាមរយៈវិទ្យុជាសាធារណៈជាអាទិ៍ សម្រាប់សាធារណៈជន ឲ្យអ្នកដទៃប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើដែលបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ឬឲ្យមានការរើសអើង ការគុំគួន ឬអំពើហឹង្សា ចំពោះបុគ្គលណាម្នាក់ ឬ ក្រុមណាមួយ ដោយមូលហេតុបុគ្គលនោះ ជាសមាជិក ឬមិនមែនជាសមាជិកនៃជាតិពិន្ធុ ក្រុមជាតិ ពូជសាសន៍ ឬនៃសាសនាណាមួយជាកំណត់ ។ ចំពោះជន ទាំងឡាយណាដែលបានប្រព្រឹត្តការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ តាមគ្រប់មធ្យោបាយ ដូចដែលបានរៀបរាប់ខាងលើនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០៛ ទៅ ៤,០០០,០០០៛ ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាព (មាត្រា៤៩៥) ។ រីឯការញុះញង់ឲ្យមានការរើសអើងដោយផ្ទាល់ តាមគ្រប់មធ្យោបាយដែលមានចែងក្នុង មាត្រា ៤៩៤ ដែលក្នុងគោលបំណងបង្កើតឲ្យមានការគុំកួន ការបង្កហិង្សា ចំពោះបុគ្គលណាម្នាក់ ឬក្រុមណាមួយ ដោយមូលហេតុបុគ្គលនេះ ជាសមាជិក ឬមិនមែនជាសមាជិកនៃជាតិពន្ធុ ក្រុមជាតិ ពូជសាសន៍ ឬនៃសាសនាណាមួយជាកំណត់នោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យ ជាប្រាក់ចាប់ពី ២,០០០,០០០៛ ទៅ ៦,០០០,០០០៛ ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ ។ ចំណែកឯ ការញុះញង់ឲ្យប្រព្រឹត្តបទល្មើសតាមផ្លូវសារព័ត៌មាន ត្រូវអនុវត្តតាមបទបញ្ញត្តិ នៃច្បាប់ស្ដីពី របបសារព័ត៌មាន ។ បន្ថែមពីនេះ បទល្មើសខាងលើនេះអាចនឹងត្រូវបានប្រកាសទោសបន្ថែមដូចខាងក្រោម៖ *ការដកសិទ្ធិខ្លះជាប្រជាពលរដ្ឋ ជាស្ថាពរ ឬសម្រាប់រយៈពេល ៥ឆ្នាំ យ៉ាងច្រើន ។ *ការហាមឃាត់ចំពោះការកាន់កាប់ ឬយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ជាស្ថាពរ ឬសម្រាប់រយៈពេល ៥ឆ្នាំ យ៉ាងច្រើន ។ *ការបិទផ្សាយសេចក្ដីសម្រេចផ្តន្ទាទោស សម្រាប់រយៈពេល ២ខែ យ៉ាងច្រើន ។ *ការផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោសនៅក្នុងសារព័ត៌មាន ។ *ការផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ សម្រាប់ រយៈពេល ៨ថ្ងៃ យ៉ាងច្រើន ។ សរុបរួម ការធ្វើសកម្មញុះញង់ដោយការអុចអាល ឬជំរុញអ្នកដទៃឲ្យប្រព្រឹត្តបទល្មើស ឬបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សារធារណៈ ក៏ដូចជាសន្តិសុខសង្គម ឬធ្វើឲ្យអ្នកដទៃបាក់បែកសាមគ្គីភាព ដោយបង្កើតឲ្យមានការរើសអើងជាដើម គឺពុំមែនជាសេរីភាព ឬសិទ្ធិរបស់បុគ្គលឡើយ ។ រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងកញ្ញា ថន រ៉ាវ៉ាឌី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ។
2020-04-22 14:19:36
(ភ្នំពេញ)៖ ជាទូទៅមនុស្សគ្រប់រូបកើតមកមានសិទ្ធិសេរីភាព និងសន្តិសុខផ្ទាល់ខ្លួនដោយគ្មានបុគ្គលណាម្នាក់អាចធ្វើការដកហូតសិទ្ធិសេរីភាពទាំងនោះ ឬបំពារបំពានលើរូបរាងកាយ ដោយធ្វើការឃាត់ខ្លួន ឬចាប់ខ្លួនតាមទំនើងចិត្តបានឡើយ។ ប៉ុន្តែក្នុងករណីជនណាបានប្រព្រឹត្តអំពីដែលក្រមព្រហ្មទណ្ឌបានបញ្ញត្តិថាជាបទល្មើសព្រហ្មទណ្ឌ នោះបុគ្គលដែលទទួលបានគុណសម្បត្តិជាមន្ត្រីនគរបាលយុត្តិធម៌ អាចធ្វើការឃាត់ខ្លួនតាមកំណត់ច្បាប់ ដើម្បីធ្វើការសាកសួរថាតើជននោះបានប្រព្រឹត្តបទល្មើស ឬមានជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្តបទល្មើសដែររឺទេ ។ ដូច្នេះសម្រាប់កម្មវិធីយល់ដឹងផ្នែកច្បាប់ក្នុងសប្តាហ៍នេះអង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការឃាត់ខ្លួន» មកបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចតទៅ៖ មន្ត្រីនគរបាលយុត្តិធម៌អាចធ្វើការឃាត់ខ្លួនក្នុងករណីបទល្មើសជាក់ស្តែង និងការស៊ើបអង្កេតបឋម ករណីនេះគឺជាវិធានបង្ខិតបង្ខំដែលច្បាប់បានកំណត់។ ហេតុដូច្នេះ ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់នៃការស៊ើបអង្កេត មន្រ្តីនគរបាលយុត្តិធម៌ជាអាជ្ញាធរមានអំណាចក្នុងការសម្រេចឃាត់ខ្លួនបុគ្គលណាម្នាក់ ឬច្រើន ដែលត្រូវបានសង្ស័យថាបានចូលរួមប្រព្រឹត្តបទល្មើស ហើយក៏អាចឃាត់ខ្លួនរាល់បុគ្គលដទៃទៀតដែលអាចផ្ដល់ព័ត៌មានស្ដីអំពីរឿងហេតុបានផងដែរ ប្រសិនបើបុគ្គលទាំងនោះប្រកែកមិនព្រមផ្ដល់ព័ត៌មាន ដោយមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីព្រះរាជអាជ្ញាទើបអាចធ្វើការឃាត់ខ្លួនបាន។ ការឃាត់ខ្លួនត្រូវបានធ្វើឡើង ដើម្បីទទួលបានព័ត៌មានពាក់ព័ន្ធនឹងបទល្មើសពីបុគ្គលដែលត្រូវបានមន្រ្តីនគរបាលយុត្តិធម៌ឃាត់ខ្លួននោះ។ ក្នុងករណីបទឧក្រិដ្ឋ ឬបទមជ្ឃឹមជាក់ស្តែង គ្រប់បុគ្គលទាំងអស់មានសិទ្ធិចាប់ខ្លួនជនល្មើស ហើយប្រគល់ជូនមន្រ្តីនគរបាលយុត្តិធម៌ដែលនៅជិតបំផុតដើម្បីធ្វើការឃាត់ខ្លួន ដោយមានកំណត់ហេតុឃាត់ខ្លួន និងប្រាប់ជនល្មើសឲ្យបានដឹងពីមូលហេតុនៃការឃាត់ខ្លួន ។ផ្ទុយទៅវិញ ប្រសិនបើជនទាំងនោះធ្វើការចាប់ខ្លួនជនល្មើស ដោយមិនបានបញ្ជូនជនល្មើសទៅមន្ត្រីនគរបាលយុត្តិធម៌ដើម្បីធ្វើការឃាត់ខ្លួន ឬប្រើអំពើហិង្សាទៅលើជនល្មើស នោះជនបង្កនិងត្រូវទទួលទោសព្រហ្មទណ្ឌតាមកម្រិតនៃអំពើរបស់ខ្លួន ។ យោងតាមមាត្រា៩៦នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៅពេលដែលមានការឃាត់ខ្លួនបុគ្គលណាម្នាក់ នគរបាលយុត្តិធម៌ត្រូវរាយការណ៍ភ្លាមជូនទៅព្រះរាជអាជ្ញា ព្រមទាំងត្រូវបញ្ជូនគ្រប់ភស្តុតាងទាំងអស់ដែលនាំឲ្យមានការឃាត់ខ្លួននោះផងដែរ។ ដូចនេះនៅពេលមានការឃាត់ខ្លួន ថិរវេលានៃការឃាត់ខ្លួនត្រូវបានកំណត់ដូចខាងក្រោម៖ ១៖ ករណីឃាត់ខ្លួននីតិជន ការឃាត់ខ្លួនមានរយៈពេល៤៨ ម៉ោង ត្រូវគិតចាប់ពីម៉ោងដែលសាមីខ្លួនមកដល់អង្គភាពនគរបាល ឬកងរាជអាវុធហត្ថ ។ ប៉ុន្តែបើក្នុងករណីបទឧក្រិដ្ឋ ដែលមានតម្រុយពិរុទ្ធភាពលើបុគ្គលដែលត្រូវបានឃាត់ខ្លួន មន្រ្តីនគរបាលយុត្តធម៌អាចពន្យារពេលឃាត់ខ្លួនបាន ២៤ ម៉ោងទៀតក្នុងករណីចាំបាច់អាចនាំឲ្យការស៊ើបអង្កេតប្រព្រឹត្តទៅបានល្អ។ ម៉្យាងវិញទៀតការសម្រេចពន្យារនេះត្រូវស្នើសុំទៅព្រះរាជអាជ្ញាជាមុនសិន ហើយមិនអាចលើសពី២៤ម៉ោងទៀតឡើយ ដោយមិនគិតពីថិរវេលាចាំបាច់ក្នុងការដឹកជញ្ជូន ។ ចំពោះអនីតិជនការពន្យារពេលឃាត់ខ្លួនពុំអាចធ្វើឡើងបានឡើយ ។ ២៖ ករណីឃាត់ខ្លួនអនីតិជន ការសម្រេចឃាត់ខ្លួនត្រូវបានកំណត់ថិរវេលាដូចខាងក្រោម៖ * ចំពោះអនីតិជនដែលមានអាយុ ១៤ ឆ្នាំ ដល់ក្រោម១៦ ឆ្នាំ ដែលប្រព្រឹត្តបទឧក្រិដ្ឋ មិនអាចត្រូវបានគេឃាត់លើសពីរយៈពេល ៣៦ ម៉ោងឡើយ ។ * ចំពោះអនីតិជនដែលមានអាយុ ១៦ ឆ្នាំ ដល់ក្រោម១៨ ឆ្នាំ ដែលប្រព្រឹត្តបទឧក្រិដ្ឋ មិនអាចត្រូវបានគេឃាត់លើសពីរយៈពេល ៤៨ ម៉ោងឡើយ ។ * ចំពោះអនីតិជនដែលមានអាយុ ១៤ ឆ្នាំ ដល់ក្រោម១៦ ឆ្នាំ ដែលប្រព្រឹត្តបទមជ្ឃិម មិនអាចត្រូវបានគេឃាត់លើសពីរយៈពេល ២៤ ម៉ោងឡើយ។ * ចំពោះអនីតិជនដែលមានអាយុ ១៦ ឆ្នាំ ដល់ក្រោម១៨ ឆ្នាំ ដែលប្រព្រឹត្តបទមជ្ឃិម មិនអាចត្រូវបានគេឃាត់លើសពីរយៈពេល ៣៦ ម៉ោងឡើយ ។ * ចំពោះអនីតិជនដែលមានអាយុក្រោម១៤ ឆ្នាំ ពុំអាចត្រូវបានគេឃាត់ខ្លួនឡើយ ។ ប្រសិនបើផុតរយៈពេលនៃការឃាត់ខ្លួនដែលច្បាប់បានអនុញ្ញាតនេះ បុគ្គលដែលត្រូវបានគេឃាត់ខ្លួនអាចត្រូវបានគេដោះលែងឲ្យមានសេរីភាពឡើងវិញ ឬបញ្ជូនខ្លួនទៅព្រះរាជអាជ្ញា ។ ជនដែលបានឃាត់ខ្លួនអាចមានសិទ្ធិជំនួយពីមេធាវី រឺបុគ្គលណាម្នាក់ដែលខ្លួនជ្រើសរើស លើកលែងតែជនទាក់ទិនក្នុងរឿងជាមួយគ្នា រយៈពេល២៤ ម៉ោងកន្លងផុតទៅតាំងពីពេលឃាត់ខ្លួន និងសិទ្ធិជំនួយពីគ្រូពេទ្យ ប្រសិនបើជាជនបរទេសអាចមានអ្នកបកប្រែពេលធ្វើកំណត់ហេតុផងដែរ ។ សរុបមក ការឃាត់ខ្លួនត្រូវធ្វើឡើងតាមនីតិវិធីច្បាប់ដែលបានបញ្ញត្តិ និង គោរពរតាមថិរវេលានៃការឃាត់ខ្លួន ប្រសិនបើការឃាត់ខ្លួនពុំធ្វើតាមលក្ខខណ្ឌដែលបានចែងទេនោះ ការឃាត់ខ្លួននិងត្រូវទុកជាមោឃៈ។ រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីលក្ខ័ណ និងលោក ឡេង ពុទ្ធិតារា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕
2020-04-22 14:14:41
(ភ្នំពេញ)៖ បច្ចុប្បន្នសន្ទុះវិស័យអចលនវត្ថុនៅប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ដែលប្រជាជនភាគច្រើនបានធ្វើសកម្មភាពលក់ទិញ និងការជួលជាដើម ។ ទន្ទឹមនឹងនេះ អចលនវត្ថុ (ដីធ្លី ផ្ទះសម្បែង និងអគារ)ជាច្រើន ត្រូវបានដាក់ជួលសម្រាប់ស្នាក់នៅ ប្រកបអាជីវកម្ម ឬធ្វើជាការិយាល័យរបស់ក្រុមហ៊ុនជាដើម ។ កិច្ចសន្យាជួលនេះ ជាពាក្យសាមញ្ញរបស់ប្រជាជនប្រើប្រាស់ជាប្រចាំ ប៉ុន្តែប្រជាជនមួយចំនួនប្រហែលមិនដែលស្គាល់ ឬបានលឺពាក្យថា «ភតិសន្យា» ឡើយ ។ សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «កិច្ចសន្យាជួល» មកធ្វើការជម្រាបជូនបងប្អូនប្រជាពលរដ្ឋដូចតទៅ៖ កិច្ចសន្យាជួល សំដៅទៅលើកិច្ចសន្យាមួយ ដែលភាគីម្ខាង ឲ្យភាគីម្ខាងទៀតប្រើប្រាស់ និងអាស្រ័យផលពីវត្ថុណាមួយដោយយកថ្លៃ ដែលពាក្យច្បាប់ហៅថា «ភតិសន្យា» ។ ក្នុងន័យនេះ វត្ថុ គឺជាចលនវត្ថុ និងអចលនវត្ថុ ដែលជាកម្មវត្ថុនៃកិច្ចសន្យាជួល ។ កិច្ចសន្យាជួលនេះអាចបង្កើតឡើងដោយកំណត់ ឬមិនកំណត់អំឡុងពេលបាន ។ កិច្ចសន្យាជួលដោយកំណត់អំឡុងពេល ត្រូវបញ្ចប់ដោយការផុតអំឡុងពេលដែលបានកំណត់នោះ ប៉ុន្តែចំពោះកិច្ចសន្យាជួលអចលនវត្ថុដោយកំណត់អំឡុងពេលនេះ នឹងក្លាយជាកិច្ចសន្យាជួលដែលពុំមានកំណត់អំឡុងពេល ប្រសិនបើភាគីម្ខាងពុំបានបង្ហាញឆន្ទៈបដិសេធការបន្តជាថ្មី នៅមុនរយៈពេល០៣ (បី)ខែ មុនផុតកំណត់អំឡុងពេល ចំពោះផ្ទះឬអគារ នៅមុនរយៈពេល០១ (មួយ)ឆ្នាំ មុនផុតកំណត់អំឡុងពេលចំពោះដីធ្លី ។ កិច្ចសន្យាជួលដោយមិនកំណត់អំឡុងពេលនេះ អាចស្នើសុំឲ្យរំលាយកិច្ចសន្យា នៅពេលណាក៏បានដែរ ។ ប៉ុន្តែក្នុងករណីដែលការស្នើសុំឲ្យរំលាយ មិនបានបញ្ជាក់អំពីពេលរលាយ និងក្នុងករណីដែលអំឡុងពេលចាប់ពីពេលស្នើសុំឲ្យរំលាយ រហូតដល់ពេលវេលាដែលបានបញ្ជាក់នៅក្នុងការស្នើសុំឲ្យរំលាយនោះ តិចជាងអំឡុងពេលដូចបានកំណត់ក្នុងច្បាប់ កិច្ចសន្យាជួលត្រូវរលាយ នៅពេលដែលអំឡុងពេលដូចបានកំណត់ខាងក្រោមនេះ បានកន្លងហួស គិតចាប់ពីពេលស្នើសុំឲ្យរំលាយ៖ • ១ (មួយ) ថ្ងៃ ចំពោះចលនវត្ថុ • ៣ (បី) ខែចំពោះផ្ទះ ឬអាគារ • ១ (មួយ) ឆ្នាំចំពោះដីធ្លី ។ • ចំពោះកិច្ចសន្យាជួលដីធ្លីដែលមានរដូវប្រមូលផល ត្រូវធ្វើការស្នើសុំរំលាយកិច្ចសន្យាបាន នៅក្រោយរដូវនោះ មុនពេលចាប់ផ្តើមការធ្វើកសិកម្មសម្រាប់រដូវបន្ទាប់។ លើសពីនេះទៅទៀត ភាគីនៃកិច្ចសន្យាជួលក៏មានសិទ្ធិ និងករណីកិច្ចសំខាន់ៗមួយចំនួនផងដែរ ដែលជាទូទៅ អ្នកជួល និងម្ចាស់វត្ថុ មានសិទ្ធិ និងករណីកិច្ច ដូចខាងក្រោម៖ - អ្នកជួល (ភតិកៈ ជាពាក្យច្បាប់) មានសិទ្ធិ ប្រើប្រាស់ និងអាស្រ័យផល លើវត្ថុជួល ដោយផ្អែកទៅតាមវិធីប្រើប្រាស់ ដែលត្រូវបានកំណត់នៅក្នុងកិច្ចសន្យា ឬតាមលក្ខណៈនៃវត្ថុជួលនោះ ។ - អ្នកជួលអាចអនុវត្តសិទ្ធិទាមទារឲ្យប្រគល់វិញ សិទ្ធិទាមទារឲ្យបញ្ឈប់ការរារាំង និង សិទ្ធិទាមទារឲ្យបង្ការជាមុននូវការរារាំង ចំពោះការបំពានសិទ្ធិជួល ដូចសិទ្ធដែលកម្មសិទ្ធិករ (ម្ចាស់វត្ថុ) មាន ។ - អ្នកជួលមានសិទ្ធិធ្វើអនុប្បទានសិទ្ធិជួល ឬជួលបន្តនូវវត្ថុជួលទៅឲ្យតតិយជន (ជនទី៣) បាន បើមានការយល់ព្រមពីម្ចាស់វត្ថុ (ភតិបតី)។ - ភតិកៈត្រូវគ្រប់គ្រងវត្ថុជួល ដោយប្រុងប្រយ័ត្ន ក្នុងនាមជាអ្នកគ្រប់គ្រងដោយសុចរិត។ - អ្នកជួលត្រូវជូនដំណឹងទៅឲ្យម្ចាស់វត្ថុ ដោយគ្មានការយឺតយ៉ាវ បើមានការចាំបាច់លើការជួសជុលវត្ថុជួល ឬបើមានតតិយជនអះអាងអំពីសិទ្ធិ ចំពោះវត្ថុជួល ។ - អ្នកជួលត្រូវបង់ថ្លៃឈ្នួលជួល ទៅឲ្យម្ចាស់វត្ថុ ឬអ្នកតំណាង ទៅតាមពេលវេលាកំណត់ ដែលបានព្រមព្រៀងនៅក្នុងកិច្ចសន្យារបស់ភាគី។ ប៉ុន្តែ ក្នុងករណីដែលភាគីមិនបានកំណត់ជាពិសេសនៅក្នុងកិច្ចសន្យា អំពីពេលវេលាដែលត្រូវបង់ថ្លៃឈ្នួលទេ ចំពោះចលនវត្ថុ និងផ្ទះ ឬអគារ ត្រូវបង់នៅរៀងរាល់ចុងខែ ចំពោះដីធ្លីវិញ ត្រូវបង់នៅរៀងរាល់ចុងឆ្នាំ នេះបើតាមច្បាប់បានកំណត់ ។ - អ្នកជួលមានករណីកិច្ចធ្វើបដិទានវត្ថុជួលប្រគល់ទៅឲ្យម្ចាស់វត្ថុវិញ ជាបន្ទាន់ និងមានសិទ្ធិរុះរើចេញនូវវត្ថុដែលបានភ្ជាប់ជាមួយនឹងវត្ថុជួលនោះបាន។ - ម្ចាស់វត្ថុទទួលបានថ្លៃឈ្នួលជួលពីអ្នកជួល ទៅតាមពេលវេលាកំណត់ ដែលបានព្រមព្រៀងនៅក្នុងកិច្ចសន្យា ឬតាមច្បាប់កំណត់ ។ - ម្ចាស់វត្ថុត្រូវប្រគល់វត្ថុ ដែលជាកម្មវត្ថុនៃកិច្ចសន្យាទៅឲ្យអ្នកជួល ដើម្បីប្រើប្រាស់ និងអាស្រ័យផលលើវត្ថុនោះ។ - ម្ចាស់វត្ថុ មិនត្រូវធ្វើឲ្យរារាំងស្ទះក្នុងការប្រើប្រាស់ និងអាស្រ័យផល ដែលអ្នកជួលធ្វើដោយផ្អែកតាមវិធីប្រើប្រាស់ឡើយ។ - ម្ចាស់វត្ថុ ត្រូវធ្វើការជួសជុលដែលចំាបាច់ សម្រាប់ការប្រើប្រាស់ និងអាស្រ័យផលនៃវត្ថុជួលនោះ។ សរុបមក លក្ខខណ្ឌ សិទ្ធិ និងករណីកិច្ចមួយចំនួន ដែលបានជម្រាបជូនខាងលើ ពាក់ព័ន្ធនឹងប្រធានបទ «កិច្ចសន្យាជួល» ឬហៅថា ភតិសន្យានេះ ក្នុងគោលបំណងផ្តល់ជាមូលដ្ឋានក្នុងការតាក់តែងកិច្ចសន្យាជួល ក៏ដូចជាស្វែងយល់អំពីសិទ្ធិ និងករណីកិច្ចរបស់ភាគីនីមួយៗផងដែរ ដើម្បីការពារផលប្រយោជន៍របស់ខ្លួនតាមផ្លូវច្បាប់ ចៀសវាងភាគីមានវិវាទនឹងគ្នា នៅក្រោយពេលចុះកិច្ចសន្យារួច។ រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក លាង ប៊ុនឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៧ ៧៧៧ ៣៩៤, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com,ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕
2020-04-22 14:13:19
(ភ្នំពេញ)៖ នគរបាល គឺសំដៅទៅលើអ្នករក្សានគរ ដែលមានតួនាទី និងភារកិច្ចយ៉ាងសំខាន់ក្នុងការការពារ ថែរក្សានូវ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ សុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។ នៅពេលដែលមានបទល្មើសកើតឡើង ប្រជាពលរដ្ឋអាចដាក់ពាក្យបណ្តឹងទៅនគរបាលដែលទទួលបានគុណសម្បត្តិជាមន្រ្តីនគរបាលយុត្តិធម៌ ដែលនៅជិតខ្លួនបំផុត។ ដើម្បីយល់កាន់តែច្បាស់ថាតើមន្រ្តីនគរបាលយុត្តិធម៌មានបេសកកម្មយ៉ាងណាក្នុងការចូលរួមចំណែកផ្តល់សេវាយុត្តិធម៌ជូនប្រជាលរដ្ឋ ដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាព FRESH NEWS ក្រោមកិច្ចសហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «បេសកកម្មមន្រ្តីនគរបាលយុត្តិធម៌» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖ នគរបាលយុត្តិធម៌រួមមាន មន្រ្តីនគរបាលយុត្តិធម៌ ភា្នក់ងារនគរបាលយុត្តិធម៌ និងមន្រ្តីរាជការនិងភ្នាក់ងារ សាធារណៈដទៃទៀតដែលច្បាប់ដោយទ្បែកប្រគល់អំណាចឲ្យធ្វើការពិនិត្យបទល្មើសខ្លះៗ ក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួន។ សម្រាប់សប្តាហ៍នេះ កម្មវិធីយើងសូមលើកយកតែបេសកកម្មមន្រ្តីនគរបាលយុត្តិធម៌ ដែលបានបញ្ញាត្តិនៅក្នុង មាត្រា៧១-៧៥ នៃក្រមនីតិវិធីក្រមព្រហ្មទណ្ឌ ដូចខាងក្រោម៖ មន្ត្រីនគរបាលយុត្តិធម៌ទទួលបណ្តឹងទាមទារ និងបណ្តឹងបរិហារ។ មន្ត្រីនគរបាលយុត្តិធម៌មានតួនាទីពិនិត្យបទល្មើសទាំងឡាយ និងធ្វើការស៊ើបអង្កេតបទល្មើសជាក់ស្តែង និងធ្វើការស៊ើបអង្កេតបឋម ក្នុងលក្ខខណ្ឌនៃច្បាប់។ កាលណាការស៊ើបសួរបានចាប់ផ្តើម មន្ត្រីនគរបាលយុត្តិធម៌អនុវត្តដីកាចាត់ឲ្យស៊ើបសួរជំនួសពីចៅក្រមស៊ើបសួរ នៅក្នុងលក្ខខណ្ឌដែលបានចែងដោយមាត្រា ១៧៣ (ដីការចាត់ឲ្យស៊ើបសួរជំនួស) ដល់មាត្រា ១៨៤ (កំណត់ ហេតុកសាងដោយមន្ត្រីនគរបាលយុត្តិធម៌) នៃក្រមនេះ។ គ្រប់បណ្តឹងដែលទទួលបានដោយមន្ត្រីនគរបាលយុត្តិធម៌នោះតម្រូវឲ្យមានអ្នកធ្វើកំណត់ហេតុ។ កំណត់ហេតុត្រូវស្រង់ដោយត្រឹមត្រូវនូវសេចក្តីរាយការណ៏របស់អ្នកប្តឹង។ ក្នុងករណីចាំបាច់ មន្ត្រីនគរបាលយុត្តិធម៌ អាចហៅរកអ្នកបកប្រែម្នាក់ដែលត្រូវស្បថតាមជំនឿ ឬសាសនា ខ្លួននឹងបកប្រែភាសាឲ្យបានត្រឹមត្រូវតាមសេចក្តីរាយការណ៏។ នៅក្នុងករណីណាក៏ដោយ អ្នកបកប្រែភាសាមិនអាចត្រូវបានជ្រើសរើសក្នុងចំណោមនគរបាល ឬកងរាជអាវុធហត្ថដែលជាកម្លាំងរួមប្រតិបត្តិការបានឡើយ ។ កំណត់ហេតុស្តីអំពីការដាក់ពាក្យបណ្តឹងត្រូវមានចុះសេចក្តីដូចតទៅ ៖ * ឈ្មោះ និងឋានៈរបស់មន្ត្រីនគរបាលយុត្តិធម៌ * អង្គភាពរបស់មន្ត្រីនគរបាលយុត្តិធម៌នេះ * កាលបរិច្ឆេទ។ ទំព័រនីមួយៗ ត្រូវចុះហត្ថលេខាដោយមន្ត្រីនគរបាលយុត្តិធម៌ និងអ្នកប្តឹង ។ ការឆូត ការថែម និងការយោង ត្រូវតែមានបញ្ជាក់ដោយមានចុះហត្ថលេខារបស់មន្ត្រីនគរបាលយុត្តិធម៌ និងអ្នកប្តឹងនៅរឹមទំព័រ។ មុននឹងចុះហត្ថលេខា ឬផ្តិតម្រាមដៃ អ្នកប្តឹងត្រូវអានកំណត់ហេតុឡើងវិញ។ ក្នុងករណីចាំបាច់ មន្ត្រីនគរបាលយុត្តិធម៌ ត្រូវអានខ្លឹមសារកំណត់ហេតុដោយសម្លេងខ្លាំងៗ។ នៅគ្រប់អង្គភាពនគរបាលយុត្តិធម៌ ត្រូវតែមានបញ្ជីបណ្តឹងមួយ និងនៅគ្រប់ពេលដែលមានការដាក់ពាក្យបណ្តឹង មន្ត្រីនគរបាលយុត្តិធម៌ត្រូវចុះក្នុងបញ្ជីនិទ្ទេសដូចតទៅ ៖ * អត្តសញ្ញាណរបស់អ្នកប្តឹង * កាលបរិឆ្ឆេទនៃការដាក់ពាក្យប្តឹង * ឈ្មោះ និងឋានៈរបស់មន្ត្រីនគរបាលយុត្តិធម៌ ដែលធ្វើកំណត់ហេតុស្តីពីការដាក់ពាក្យប្តឹង * ប្រភេទនៃអំពើដែលប្តឹង * ចំណាត់ការលើបណ្តឹងដូចជាបញ្ជូនទៅព្រះរាជអាជ្ញា ឬក៏ផ្តើមធ្វើការស៊ើបអង្កេត ។ បញ្ជីបណ្តឹងត្រូវតែកាន់កាប់ជាអចិន្ត្រៃយ៏សម្រាប់ជូនអាជ្ញាធរតុលាការតាមត្រូវការ។ មន្ត្រីនគរបាលយុត្តិធម៌ដែលទទួលបណ្តឹងនោះ ត្រូវតែចាប់ផ្តើមភ្លាមៗធ្វើការស៊ើបអង្កេត ឬក៏បញ្ជូនកំណត់ហេតុស្តីពីការដាក់ពាក្យប្តឹងនោះ ទៅព្រះរាជអាជ្ញាដើម្បីចាត់ការតទៅ ។ មន្ត្រីនគរបាលយុត្តិធម៌ មុនធ្វើការស៊ើបអង្កេត អាចសុំសេចក្តីណែនាំពីព្រះរាជអាជ្ញា។ កាលណាទទួលបណ្តឹងបរិហារ ដែលមានបង្ហាញមូលហេតុជាក់ច្បាស់សមហេតុផល មន្ត្រីនគរបាលយុត្តិធម៌ ត្រូវជូនព័ត៌មានដល់ព្រះរាជអាជ្ញា និងសុំការណែនាំ ។ ក្នុងករណីណាក៏ដោយ មន្ត្រីនគរបាលយុត្តិធម៌ មិនអាចតម្កល់រឿងព្រហ្មទណ្ឌណាមួយទុកឥតចាត់ការបានទេ ទោះបីជាក្រោយពីមានការសម្រុះសម្រួលគ្នារវាងជនល្មើស និងជនរងគ្រោះ ឬក៏មានការដកពាក្យប្តឹងក៏ដោយ។ មន្ត្រីនគរបាលយុត្តិធម៌ដែលរក្សាទុកកំណត់ហេតុ ឬវត្ថុតាងដោយអចេតនា ឬក៏លាក់បំបាំងដល់អាជ្ញាធរ តុលាការ អំពីអត្ថិភាពនៃកំណត់ហេតុ ឬវត្ថុតាង ត្រូវចាត់ទុកថាមន្ត្រីនគរបាលនោះបានប្រព្រឹត្តិបទល្មើស ដែលត្រូវផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងជំពូកស្តីពីការស្រាវជ្រាវរកភស្តុតាង។ ដើម្បីយល់កាន់តែច្បាស់ពីចំណុចខាងលើនេះ យើងសូមជូនឧទាហរណ៏ដូចតទៅ៖ បុរស “ក” បានចាប់ផ្តើមមានទំនាក់ទំនងសេ្នហាជាមួយនារី “ខ” ដោយនៅថ្ងៃមួយបុរស “ក” បានបបួលនារី “ខ” ទៅដើរលេងកម្សាន្ត ហើយបានលួងលោមនារី “ខ” នោះឲ្យចូលមកលេងក្នុងផ្ទះរបស់ខ្លួន។ ដោយសារបុរស“ក” មានចំណងផ្លូវភេទជាខ្លាំងក៏បានចាប់បង្ខំនារី “ខ” រំលោភសេពសន្ថវៈរហូតដល់បានសម្រេច បើទោះតែជាមានការសុំអង្វរ និងរើបម្រាស់ពីនារី “ខ” យ៉ាងណាក៏ដោយ។ នៅថ្ងៃបន្ទាប់នារី “ខ” បានដាក់ពាក្យបណ្តឹងនៅមន្ត្រីនគរបាលយុត្តិធម៌ ប្តឹងបុរស “ក” ពីបទរំលោភ សេពសន្ថវៈ។ ដោយសារមានការសម្រុះសម្រួលគ្នា និងផ្តល់នូវសំណង់ជម្ងឺចិត្ត ទើបនារី “ខ” យល់ព្រមដកពាក្យ បណ្តឹងនៅមន្រ្តីនគរបាលយុត្តិធម៌។ ចំពោះករណីខាងលើនេះ ជាបទល្មើសព្រហ្មទណ្ឌមិនអាចត្រូវបានរំលត់ដោយការសម្រុះសម្រួលគ្នារវាងជនល្មើសជាមួយរងគ្រោះ ឬដោយសារមានការដកពាក្យបណ្តឹងវិញក៏ដោយ មន្ត្រីនគរបាលយុត្តិធម៌មិនអាចតម្កល់រឿងទុកឥតចាត់ការបានទ្បើយ ។ សរុបមក មន្រ្តីនគរបាលយុត្តិធម៌មានបេសកកម្មយ៉ាងសំខាន់ក្នុងការទទួលបណ្តឹងទាមទារ និងបណ្តឹងបរិហារ ដើម្បីធ្វើការស៊ើបអង្កេតបទល្មើសជាក់ស្តែង ធ្វើការស៊ើបអង្កេតបឋម និងចាប់ជនល្មើស ព្រមទាំងប្រមូលភស្តុតាងបញ្ជូនទៅស្ថាប័នអយ្យការ ចាត់ការបន្តតាមនីតិវីធិច្បាប់។ រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក ហេង សុគន្ធ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖ president@ciclg.com, គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕
2020-04-22 14:08:31
(ភ្នំពេញ)៖ តាមស្ថានភាពជាក់ស្ដែងនៃសង្គមបច្ចុប្បន្ន នៅពេលកើតមានបទល្មើសណាមួយដែលមានចរិតលក្ខណៈធ្ងន់ធ្ងរ ជនដែលបានប្រព្រឹត្តបទល្មើសអាចនឹងត្រូវបានគេឃាត់ខ្លួនភ្លាមៗ ឬអាចសម្រេចឃុំខ្លួនជាដើម ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់ ឬកើតមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរជាងមុនពីអំពើល្មើសនោះ ។ ប៉ុន្តែមិនមែនគ្រប់ពេលដែលមានបទល្មើសកើតឡើង ការសម្រេចឃុំត្រូវតែធ្វើឡើងនោះទេ ពោលគេត្រូវសិក្សាទៅលើស្ថានភាពនៃបទល្មើស ក៏ដូចជាស្ថានភាពជនដែលបានប្រព្រឹត្តបទល្មើសជាមុនសិន ដើម្បីជៀសវាងថាការសម្រេចឃុំខ្លួននោះ នឹងអាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាពបុគ្គលរបស់គេ ។ ដូច្នេះតើការឃុំត្រូវធ្វើឡើងបែបណាទើបស្របតាមនីតិវិធីច្បាប់ ? ដើម្បីស្វែងយល់ពីនីតិវិធីនេះឲ្យបានច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការឃុំខ្លួនបណ្ដោះអាសន្ន» មកបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចតទៅ៖ ការឃុំខ្លួនបណ្ដោះអាសន្ន ជានីតិវិធីមួយដែលធ្វើឡើងនៅមុនពេលជម្រះក្ដី ក្នុងពេលដែលសំណុំរឿងព្រហ្មទណ្ឌស្ថិតនៅក្នុងដំណាក់កាលរបស់ចៅក្រមស៊ើបសួរ ។ ការឃុំខ្លួនបណ្ដោះអាសន្នអាចធ្វើឡើងបានក្នុងករណីចោទប្រកាន់ពីបទឧក្រិដ្ឋ ឬមជ្ឃិម ដែលច្បាប់កំណត់ផ្តន្ទាទោសដាក់ពន្ធនាគារស្មើ ឬលើសពី ១ (មួយ) ឆ្នាំ ឡើងទៅ ។ យោងតាមមាត្រា ២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ការឃុំខ្លួនបណ្ដោះអាសន្នអាចត្រូវបានបង្គាប់ កាលណាការឃុំខ្លួនបណ្ដោះអាសន្ននេះ ជាការចាំបាច់ ៖ ១. ដើម្បីបញ្ចប់បទល្មើស ឬបង្ការបទល្មើសកុំឲ្យកើតជាថ្មី ។ ២. ដើម្បីរារាំងកុំឲ្យមានការគាបសង្កត់លើសាក្សី ឬជនរងគ្រោះ ឬដើម្បីរារាំងកុំឲ្យមានការត្រូវរ៉ូវគ្នា រវាងជនត្រូវចោទ និងអ្នកសមគំនិត ។ ៣. ដើម្បីរក្សាភស្តុតាង ឬតម្រុយជាសម្ភារៈ ។ ៤. ដើម្បីធានារក្សាជនត្រូវចោទ ទុកជូនតុលាការចាត់ការតាមនីតិវិធី ។ ៥. ដើម្បីការពារសន្តិសុខឲ្យជនត្រូវចោទ ។ ៦. ដើម្បីធានារក្សាសណ្ដាប់ធ្នាប់សាធារណៈកុំឲ្យមានការច្របូកច្របល់ ដែលបណ្ដាលមកពីបទល្មើស ។ ជាទូទៅការឃុំខ្លួនបណ្ដោះអាសន្ន អាចធ្វើឡើងតាមរយៈគំនិតផ្ដើមពីចៅក្រមស៊ើបសួរ ឬ តាមរយៈដីកាសន្និដ្ឋានរបស់ព្រះរាជអាជ្ញា ដោយយោងតាមការពិចារណា ការស្វែងយល់ដោយផ្ទាល់ទៅលើបុគ្គលិកលក្ខណៈរបស់ជនត្រូវចោទ ឬស្ថានភាពជាក់ស្ដែងនៃបទល្មើសដែលបានប្រព្រឹត្ត ។ នៅពេលដែលចៅក្រមស៊ើបសួរសម្រេចពីការឃុំខ្លួនបណ្ដោះអាសន្ន នោះគឺត្រូវធ្វើឡើងតាមរយៈ «ដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន» ដែលត្រូវជូនដំណឹងភ្លាមដល់ព្រះរាជអាជ្ញា និងជនត្រូវចោទ ។ ចំពោះថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្ន ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ដាច់ដោយឡែកពីគ្នាទៅតាមស្ថានភាពនៃជនត្រូវចោទ (នីតិជន ឬអនីតិជន) ឬលក្ខណៈនៃបទល្មើស (បទមជ្ឃិម ឬបទឧក្រិដ្ឋ)។ ១. ជនត្រូវចោទជានីតិជនថិរវេលានៃការឃុំខ្លួនបណ្ដោអាសន្នត្រូវកំណត់ដូចខាងក្រោម៖ ចំពោះនីតិជនដែលត្រូវចោទបានប្រកាន់ពីបទឧក្រិដ្ឋ ការឃុំខ្លួនបណ្ដោះអាសន្នមិនអាចលើសពី៦ (ប្រាំមួយ) ខែ បានទេ ។ ប៉ុន្តែនៅពេលជិតផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារការឃុំខ្លួនបណ្ដោះអាសន្នម្ដងបាន ៦ (ប្រាំមួយ) ខែ ហើយការសម្រេចពន្យារនេះអាចធ្វើបានតែ ២ (ពីរ) ដងគត់ (មាត្រា ២០៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) ។ ចំពោះនីតិជនដែលត្រូវចោទប្រកាន់ពីបទមជ្ឃិម ការឃុំខ្លួនបណ្ដោះអាសន្នមិនអាចលើសពី ៤ (បួន)ខែបានទេ។ ប៉ុន្តែនៅពេលដែលជិតផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារការឃុំខ្លួនបណ្ដោះ អាសន្នបានម្ដងគត់ ដោយមិនអាចលើសពី ២ (ពីរ) ខែ (មាត្រា ២០៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) ។ ២. ជនត្រូវចោទជាអនីតិជនថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នត្រូវកំណត់ដូចខាងក្រោម៖ ២.១. ចំពោះអនីតិជនអាយុចាប់ពី ១៤ (ដប់បួន) ឆ្នាំដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំនឹងត្រូវចោទប្រកាន់ ពីបទឧក្រិដ្ឋដែលថិរវេលាឃុំខ្លួនបណ្តោះអាសន្នមានដូចតទៅ៖ ការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី ៤ (បួន) ខែ បានទេ កាលណាអនីតិជននេះមានអាយុតិចជាង ១៦ (ដប់ប្រាំមួយ) ឆ្នាំ ។ ការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី ៦ (ប្រាំមួយ) ខែ បានទេ កាលណាអនីតិជននេះមានអាយុចាប់ពី១៦ (ដប់ប្រាំមួយ) ឆ្នាំដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ ។ ២.២. បើក្នុងករណីជាបទមជ្ឈិមមវិញ ការឃុំខ្លួនបណ្តោះអាសន្នចំពោះអនីតិជនអាយុចាប់ពី១៤ (ដប់បួន) ឆ្នាំ ដល់ ក្រោម ១៨ (ដប់ប្រាំបី) ត្រូវបានកំណត់ដូចខាងក្រោម៖ ការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី ២ (ពីរ) ខែ បានទេ កាលណាអនីតិជននេះមានអាយុតិចជាង១៦ (ដប់ប្រាំមួយ) ឆ្នាំ។ ការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី ៤ (បួន) ខែបានទេកាលណាអនីតិជននេះមានអាយុចាប់ពី ១៦ (ដប់ប្រាំមួយ) ឆ្នាំដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ ។ ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នតាមចំណុចទី ២.១ និងចំណុច ២.២ ខាងលើនេះមិនត្រូវលើសពីពាក់កណ្តាលនៃអប្បបរមានៃទោសដែលច្បាប់បានកំណត់សម្រាប់អនីតិជននោះឡើយ ។ ចំពោះអនីតិជនដែលមានអាយុក្រោម ១៤ (ដប់បួន) ឆ្នាំវិញ មិនអាចត្រូវបានឃុំខ្លួនបណ្ដោះអាសន្នទេ ។ ចៅក្រមស៊ើបសួរអាចសម្រេចប្រគល់អនីតិជននេះឲ្យឪពុកម្ដាយ អ្នកអាណាព្យាបាល ឬក្នុងករណីគ្មានអ្នកអាណាព្យាបាល ត្រូវប្រគល់ទៅមជ្ឈមណ្ឌលអប់រំថែរក្សាបណ្ដោះអាសន្ន រង់ចាំសេចក្ដីសម្រេចរបស់តុលាការ (មាត្រា ២១២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ) និងមាត្រា ៣៩ កថាខណ្ឌទី២ នៃច្បាប់ស្ដីពីយុត្តិធម៌អនីតិជន បានចែងថា អនីតិជនអាយុក្រោម១៤ ឆ្នាំ មិនត្រូវបានឃុំខ្លួនបណ្ដោះអាសន្នឡើយ ។ ក្នុងករណីអនីតិជនដែលកំពុងជាប់ឃុំត្រូវ រកឃើញថាមានអាយុក្រោម១៤ ឆ្នាំ ចៅក្រមស៊ើបសួរត្រូវចេញដីការដំណោះស្រាយលើកលែងចោទប្រកាន់ និងបង្គាប់ឲ្យដោះលែងអនីតិជននោះជាបន្ទាន់ទោះបីមានបណ្ដឹងឧទ្ធរណ៍របស់ព្រះរាជាអាជ្ញាក៏ដោយ ហើយប្រគល់អនីតិជននោះទៅឲ្យអ្នកតំណាងដែលច្បាប់បានកំណត់ ។ សរុបមក ការឃុំខ្លួនបណ្ដោះអាសន្នគឺជានីតិវិធីមួយ ដែលធ្វើឡើងនៅក្នុងដំណាក់ការនៃចៅក្រមស៊ើបសួរ ដែលសម្រេចឡើងតាមរយៈការតាមរយៈគំនិតផ្ដើមពីចៅក្រមស៊ើបសួរ ឬ តាមរយៈដីកាសន្និដ្ឋានរបស់ព្រះរាជអាជ្ញា ដោយយោងតាមការពិចារណាទៅលើស្ថានភាពនៃជនត្រូវចោទ ឬលក្ខណៈនៃបទល្មើសនោះ។ ការសម្រេចឃុំខ្លួនបណ្ដោះអាសន្នធ្វើឡើងដើម្បីរក្សាសណ្ដាប់ធ្នាប់ ធានាដំណើរការនីតិវិធីប្រកបដោយរលូន និងត្រឹមត្រូវ និងការពារមានផលប៉ះពាល់មិនល្អ ដែលកើតឡើងពីជនត្រូវចោទដែលនៅក្រៅការឃុំខ្លួន ជាដើម ។ រៀបរៀងដោយ៖ លោក ប៊ុន វិទូ ប្រធានផ្នែកសេវាកម្មច្បាប់ និងលោក ឡេង ពុទ្ធិតារា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕
2020-04-22 14:07:25
(ភ្នំពេញ)៖ នៅក្នុងសង្គមមនុស្សបច្ចុប្បន្ន បុគ្គលគ្រប់រូបត្រូវបានផ្ដល់ឲ្យនូវសិទ្ធិ និងសេរីភាពពេញលេញក្នុងការប្រាស្រ័យទាក់ទង ក៏ដូចជាការរស់នៅចិញ្ចឹមជិវិតប្រចាំថ្ងៃដោយគ្មានការហាមឃាត់ឡើយ។ ប៉ុន្តែការប្រើប្រាស់នូវសិទ្ធិ សេរីភាពរបស់បុគ្គលម្នាក់ៗចាំបាច់ត្រូវតែស្ថិតក្រោមបញ្ញត្តិច្បាប់ ហើយការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនទៀតសោតមិនត្រូវធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់អ្នកដទៃឡើយ។ ការធ្វើឲ្យប៉ះពាល់ដល់សេរីភាពរបស់អ្នកដទៃ ដែលផ្ទុយនឹងច្បាប់អនុញ្ញាត នឹងត្រូវទទួលខុសត្រូវចំពោះអំពើរបស់ខ្លួននោះនៅចំពោះមុខច្បាប់។ ជាការពិតណាស់នៅពេលដែលបុគ្គលមួយទទួលរងនូវការរំលោភបំពាន ដែលធ្វើឲ្យប៉ះពាល់ដល់សេរីភាពបុគ្គល អ្នកប្រព្រឹត្តនឹងទទួលខុសត្រូវចំពោះអំពើដែលខ្លួនបានប្រព្រឹត្ត។ ប៉ុន្តែតើអំពើបែបណាខ្លះទៅ ដែលត្រូវបានកំណត់ថាជាការរំលោភបំពានមួយ ដែលប៉ះពាល់ដល់សេរីភាពបុគ្គល ? ហើយថាតើបុគ្គលដែលប្រព្រឹត្តនឹងត្រូវទទួលខុសត្រូវបែបណាខ្លះ ? ដើម្បីស្វែងយល់ពីអំពើនេះឲ្យបានច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការប៉ះពាល់ដល់សេរីភាព» មកបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចតទៅ៖ ពាក្យថាសេរីភាព គឺជាលទ្ធភាពរបស់មនុស្សដែលធ្វើអ្វីមួយស្របទៅតាមបំណងនិងចំណង់ចំណូលចិត្តរបស់គេឬអាចនិយាយបានថាជាលក្ខណៈមួយដែលមនុស្សមិនត្រូវបានគេកំណត់ព្រំដែនដោយលក្ខខណ្ឌ ឬការបង្ខិតបង្ខំណាមួយឡើយ។ ចំណែកឯវចនានុក្រមសម្ដេច ជួន ណាត បានសរសេរថា «សេរីភាព ជាអំណាចដែលធ្វើអ្វីបានតាមអំពើចិត្ត ប៉ុន្តែស្ថិតនៅក្រោមច្បាប់, អំណាចពេញទី (ប៉ុន្តែមានមាត្រាច្បាប់គោលដែរ)» ។ នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាក៏បានចែងពីចំណុចនេះផងដែរថា ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធសេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធានឬស្ថានភាពឯទៀត។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមល័ក្ខខ័ណ្ឌកំណត់ក្នុងច្បាប់។ ជារួមសេរីភាពជាការប្រើប្រាស់អំណាចពេញទីរបស់បុគ្គលគ្រប់រូប ប៉ុន្តែមិនអាចប្រើដោយហួសព្រំដែនច្បាប់ ដែលអាចនាំឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់អ្នកដទៃឡើយឡើយ បើពុំដូចនោះទេអ្នកប្រព្រឹត្តនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាក៏បានកំណត់យ៉ាងច្បាស់លាស់អំពីសញ្ញាណមួយចំនួន ពាក់ព័ន្ធនឹងអំពើដែលធ្វើឲ្យប៉ះពាល់ដល់សេរីភាពអ្នកដទៃផងដែរ ដែលមានបញ្ញត្តិក្នុងជំពូកទី៥ ស្ដីអំពី «ការប៉ះពាល់ដល់សេរីភាព» ។ នៅក្នុងជំពូកទី៥នៃក្រមព្រហ្មទណ្ឌនេះបានបង្ហាញពីបទល្មើសចំនួនពីរដែលមានលក្ខណៈជាការប៉ះពាល់ដល់សេរីភាពអ្នកដទៃ ដែលទី១ គឺបទចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ដែលបញ្ញត្តិក្នុងមាត្រា២៥៣ ថា បុគ្គលដែលចាប់ ដែលឃុំឃាំង ដែលបង្ខាំងបុគ្គលផ្សេងទៀតដែលគ្មានបញ្ជាពីអាជ្ញាធរស្របច្បាប់ ឬក្រៅពីករណីដែលច្បាប់អនុញ្ញាត ត្រូវផ្តន្ទាទោស៖ ១/ ដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំទៅ ៣ (បី) ឆ្នាំ បើការចាប់ ការឃុំឃាំង ឬការបង្ខាំង មានរយៈពេលតិចជាង ៤៨ (សែសិបប្រាំបី) ម៉ោង ។ ២/ ដាក់ពន្ធនាគារពី ៣ (បី) ឆ្នាំទៅ ៥ (ប្រាំ ឆ្នាំ បើការចាប់ ការឃុំឃាំង ឬការបង្ខាំង មានរយៈពេលតិចជាង ៤៨ (សែសិបប្រាំបី) ម៉ោង ដល់តិចជាង ១ (មួយ) ខែ ។ ៣/ ដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំទៅ ១០ (ដប់) ឆ្នាំ បើការចាប់ ការឃុំឃាំង ឬការបង្ខាំង មានរយៈពេលស្មើ ឬលើសពី ១ (មួយ) ខែ ។ បទល្មើសមួយទៀតនោះគឺ បទដណ្ដើមកាន់កាប់មធ្យោបាយដឹកជញ្ជូន ដែលបានបញ្ញត្តិក្នុងមាត្រា២៥៦ ថា៖ «អំពើដណ្ដើមយក ឬត្រួតត្រាលើមធ្យោបាយដឹកជញ្ជូន ដែលមានបុគ្គលច្រើនរូបជិះក្នុងនោះ ដោយហិង្សា ឬដោយគំរាមកំហែងថានឹងប្រើហិង្សា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ»។ មិនតែប៉ុណ្ណោះ ការផ្តន្ទាទោសចំពោះបទល្មើសទាំងពីរខាងលើនេះ នឹងត្រូវបន្ថែមកាន់តែធ្ងន់ជាងមុន បើគេរកឃើញថា ការប្រព្រឹត្តបទល្មើសទាំងពីរខាងលើនេះមានស្ថានទម្ងន់ទោស ។ សរុបមក សេរីភាពគ្រប់រូបបុគ្គលសុទ្ធតែត្រូវបានផ្ដល់ឲ្យយ៉ាងពេញលេញ និងស្ថិតក្រោមការការពារពីច្បាប់ដែលជាគោលការណ៍ច្បាប់មិនអាចអនុញ្ញាតឲ្យបុគ្គលណាម្នាក់ប្រព្រឹត្តនូវអំពើណាមួយដែលធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិសេរីភាពរបស់អ្នកដទៃឡើយ ។ ការបញ្ញត្តិច្បាប់ដើម្បីផ្តន្ទាទោសចំពោះការរំលោភបំពានដល់សិទ្ធិសេរីភាពរបស់អ្នកដទៃនេះ ពិតជាវិធានមួយដ៏សំខាន់ ដើម្បីធានាបាននូវសង្គមមួយប្រកបដោយការគោរព ការឲ្យតម្លៃគ្នាទៅវិញទៅមករវាងគ្នា និងគ្នា។ រៀបរៀងដោយ៖ កញ្ញាមេធាវី មាស រ៉ាវីន និងលោក ឡេង ពុទ្ធិតារា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕
2020-04-22 14:06:23
(ភ្នំពេញ)៖ ជាទូទៅមនុស្សម្នាក់ៗនៅពេលរស់រានមានជីវិត គឺពិតណាស់បានខិតខំប្រឹងប្រែងក្នុងការស្វែងរកនូវទ្រព្យសម្បត្ដិ មាស ប្រាក់ ដីធ្លី ផ្ទះសម្បែងជាដើម ហើយទទឹមនឹងនោះ ក៏មាននូវទ្រព្យអកម្មមួយចំនួនដូចជាបំណុល ជាអាទិ៍ផងដែរ។ ហើយនៅពេលដែលបុគ្គលនោះបានទទួលមរណៈភាព (ស្លាប់) ទៅ ទ្រព្យសម្បត្ដិ និងបំណុលទាំងនោះ ត្រូវធ្លាក់ទៅញាតិរបស់គាត់ ហើយសាច់ញាតិនឹងយកទៅធ្វើការចាត់ចែង និងបែងចែកគ្នា ដែលការចាត់ចែងទ្រព្យសម្បត្ដិរបស់ជនដែលបានស្លាប់ទៅនេះ ហៅថា «សន្ដតិកម្ម» ។ ហេតុដូចនេះ ដើម្បីឱ្យបានជ្រាបច្បាស់ថា តើការធ្វើសន្ដតិកម្មបែបណាទើបត្រឹមត្រូវ និងមានអានុភាពតាមផ្លូវច្បាប់នោះ? នៅក្នុងសប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់ អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទ “សន្ដតិកម្ម” មកធ្វើការបង្ហាញជូនសាធារណៈជនឲ្យបានយល់ដឹងដូចខាងក្រោម៖ យោងតាមក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា សន្ដតិកម្មចាប់ផ្ដើមដោយមរណៈភាពរបស់មតកជន (បុគ្គលដែលបានស្លាប់) សន្ដតិកម្មត្រូវធ្វើឡើងដោយផ្អែកតាមច្បាប់ ឬតាមឆន្ទៈរបស់មតកជន ។ ទីកន្លែងដែលត្រូវធ្វើសន្ដតិកម្ម គឺត្រូវចាប់ផ្ដើមនៅលំនៅរបស់មតកជន នាពេលទទួលមរណៈភាព ។ ការចាប់ផ្ដើមសន្ដតិកម្ម នាំឱ្យមានអានុភាពនូវការទទួលបន្ដនូវមត៌ក សិទ្ធិលើទ្រព្យសម្បត្ដិ ព្រមទាំងសិទ្ធិ និងកាតព្វកិច្ចផ្សេងៗទៀតពីមតកជន ។ មត៌ក គឺជាទ្រព្យសម្បត្ដិជាកេរ្ដ៍ទាំងឡាយ ដែលបុគ្គលម្នាក់ (មតកជន) បានបន្សល់ទុកក្រោយពេលស្លាប់ ។ បុគ្គលដែលត្រូវទទួលបន្ដនូវមត៌ក ហៅថា សន្ដតិជន ជាជនដែលត្រូវទទួលបន្ដនូវសិទ្ធិ និងករណីយកិច្ចរបស់មតកជនតាមរយៈសន្ដតិកម្ម ។ សន្ដតិជនត្រូវទទួលបន្ដនូវសិទ្ធិ និងកាតព្វកិច្ចទាំងអស់ ដែលស្ថិតនៅក្រោមទ្រព្យសម្បត្ដិរបស់មតកជន ចាប់ពីពេលដែលចាប់ផ្ដើមសន្ដតិកម្ម លើកលែងតែសិទ្ធិ និងករណីកិច្ចផ្ដាច់មុខរបស់មតកជន ។ ក្នុងនោះសន្ដតិជន ក៏មានសិទ្ធិក្នុងការបោះបង់នូវមត៌កនោះចោលផងដែរ ទៅតាមលក្ខខណ្ឌ និងពេលវេលាដែលបានកំណត់ដោយច្បាប់ ។ តាមច្បាប់បើក្នុងករណីដែលគ្មានសន្ដតិជន និងជនដែលមាននិស្ស័យពិសេសនោះទេ មត៌កទាំងអស់ត្រូវក្លាយទៅជាទ្រព្យសម្បត្ដិរបស់រដ្ឋ ។ ១៖ សន្ដតិជន មិនមែនគ្រប់បុគ្គលទាំងអស់សុទ្ធតែអាចក្លាចជាសន្ដតិជននោះទេ យោងតាមច្បាប់ដើម្បីអាចមានលក្ខណៈសម្បតិ្ដជាសន្ដតិជនបានត្រូវតែជាជនមានជីវិតរស់នៅនាពេលចាប់ផ្ដើមសន្ដតិកម្ម ក្រៅពីអភ័ព្វបុគ្គល និងបុគ្គលដែលត្រូវបានកាត់ផ្ដាច់មត៌ក ឬជាទារកក្នុងគ៌ភ ប្រសិនបើទារកនោះមានជីវិតនៅពេលកើតមកនៅពេលក្រោយ ។ យោងតាមក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា សន្ដតិជន រួមមានដូចជា សហព័ទ្ធ (ប្ដី ឬប្រពន្ធ) ជា សន្ដតិជនជានិច្ច, កូន គឺជាសន្ដតិជនលំដាប់ទី១, បុព្វញាតិផ្ទាល់ (ឪពុកម្ដាយ) ជាសន្ដតិជនលំដាប់ទី២, បងប្អូនបង្កើត ជាសន្ដតិជនលំដាប់ទី៣ ។ ចំពោះការកំណត់អំពីលំដាប់នៃសន្ដតិជននេះ គឺដើម្បីថា បើក្នុងករណីដែលគ្មានសន្ដតិជនលំដាប់ទី១ ទេ គឺសន្ដតិជនលំដាប់បន្ដបន្ទាប់ និងត្រូវទទួលបាននូវចំណែកមត៌កនោះ ។ សន្ដតិជនជំនួស គឺជាសន្ដតិជនដែលទទួលស្នងចំពោះបុគ្គលដែលត្រូវបានជាសន្ដតិជន ក៏ប៉ុន្ដែ បានទទួលមរណភាពមុនពេលចាប់ផ្ដើមសន្ដតិ កម្ម ឬជាអភ័ព្វបុគ្គល ឬជាបុគ្គលដែលត្រូវបានកាត់ផ្ដាច់មត៌ក ជាអាទិ៍ ហើយបច្ឆាញាតិផ្ទាល់ របស់សន្ដតិជនត្រូវក្លាយជាសន្ដតិជនជំនួស ។ ហើយក្នុងករណីដែលគ្មានសន្ដតិជននោះទេ គឺជនដែលមាននិស្ស័យពិសេស ជាបុគ្គលដែលមិនមែនជាសន្ដតិជនតែមានជីវភាពរស់នៅជាមួយគ្នានឹងមតកជន ឬជាបុគ្គលដែលបានខិតខំមើលព្យាបាលមតកជន ជាអាទិ៍។ ២៖ ប្រភេទនៃសន្ដតិកម្ម ជាទូទៅគោលការណ៍សន្ដតិកម្ម មានចំនួន ០២ (ពីរ) គឺ គោលការណ៍ជម្រះបញ្ជី និងគោលការណ៍សន្ដតិកម្មដោយស្វ័យប្រវត្ដិ ។ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាន់យកគោលការណ៍សន្ដតិកម្មដោយស្វ័យ ប្រវត្ដិមកអនុវត្ដ ។ នៅក្នុងនោះ គោលការណ៍សន្ដតិកម្មដោយស្វ័យប្រវត្ដិ គឺជាគោលការណ៍មួយដែលសន្ដតិជនត្រូវទទួលដោយស្វ័យប្រវត្ដិនូវសិទ្ធិ និងករណីកិច្ចទាំងអស់ នៅពេលដែលមតកជនទទួលមរណៈភាព ។ យោងតាមច្បាប់កម្ពុជា នីតិវិធីធ្វើសន្ដតិកម្មត្រូវបានបែងចែកជា ០២ (ពីរ) គឺ ការធ្វើសន្ដតិកម្មតាមច្បាប់ និងការធ្វើសន្ដតិកម្មតាមតកសាសន៍ (តាមបណ្ដាំ) ។ ក. សន្ដតិកម្មតាមច្បាប់ នៅក្នុងករណីដែលមតកជនបានទទួលមរណភាព ដោយពុំមានធ្វើមតកសាសន៍ (គ្មានបណ្ដាំ) ឬក៏ករណីដែលមតកសាសន៍ត្រូវបានមោឃភាព ឬលុបចោល នោះការបែងចែកមត៌កត្រូវប្រើវិធីសន្ដតិកម្មតាមច្បាប់ ។ ច្បាប់កម្ពុជា បានកំណត់ទុកជាមុននូវវិធីនៃការបែងចែកមត៌ត ដូចជាការកំណត់នូវចំណែកមត៌ក វិធីក្នុងការសម្រួលចំណែកមត៌ក កំណត់ពីជនដែលត្រូវបានទទួលមត៌ក កំណត់ពីចំណែកមត៌កត្រូវទទួលបានរបស់សន្ដតិជននីមួយៗ និងព្រមទាំងរបៀបនៃការបែងចែកមត៌ក ជាអាទិ៍ ។ ជាក់ស្ដែងច្បាប់បានកំណត់ថា សហព័ទ្ធត្រូវបានចំណែកមត៌ក ១/២ ឬ ១/៣, កូនត្រូវបានចំណែក ១/២, ឪពុកម្ដាយ ត្រូវបានចំណែក ២/៣ ឬ ១/២ នៃមត៌ករបស់មតកជន ជាអាទិ៍ ដូចនេះនៅពេលធ្វើការបែងចែក គេត្រូវតែបែងចែកតាមចំនួននៃចំណែកដែលបានកំណត់នៅក្នុងច្បាប់នេះ ។ ខ. សន្ដតិកម្មតាមមតកសាសន៍ ឬបណ្ដាំ ដោយហេតុថាច្បាប់កម្ពុជា គោរពនូវគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន ដូចនេះច្បាប់ទទួលស្គាល់នូវឆន្ទៈរបស់មតកជននៅពេលដែលខ្លួននៅរស់ក្នុងការចាត់ចែងដោយសេរីនូវទ្រព្យសម្បត្ដិរបស់ខ្លួន ។ មានន័យថានៅពេលដែលនៅរស់មតកជន មានបំណងចាត់ចែងទ្រព្យរបស់ខ្លួនតាមបែបណានោះ ក្រោយពេលដែលគាត់ទទួលមរណភាពទៅ ឆន្ទៈនោះត្រូវបានគេគោរព និងយកមកអនុវត្ដតាម ។ តែទោះបីជាយ៉ាងណាក៏ដោយ ដើម្បីឱ្យការសម្ដែងឆន្ទៈរបស់មតកជនមានអានុភាព ច្បាប់ក៏បានកំណត់ផងដែរ ពីទម្រង់ និងបែបបទក្នុងការសម្ដែងឆន្ទៈទាំងនោះ ក៏ដូចជាវិធីនៃការបែងចែកទ្រព្យមត៌ក នោះផងដែរ ។ មតកសាសន៍ គឺជាលិខិតបណ្ដាំដែលបុគ្គលម្នាក់បានធ្វើឡើងតាមទម្រង់ ដែលកំណត់ដោយច្បាប់ ដើម្បីសម្ដែងឆន្ទៈចុងក្រោយ អំពីការចាត់ចែង (អច្ច័យទាន) ទ្រព្យសម្បត្ដិរបស់ខ្លួនជាអាទិ៍ បន្ទាប់ពីខ្លួនទទួលមរណភាព ។ អច្ច័យទាន គឺជាការធ្វើប្រទានកម្ម នូវទ្រព្យសម្បត្ដិរបស់មតកជន តាមរយៈមតកសាសន៍ ។ ជាទូទៅខ្លឹមសារនៃមតកសាសន៍ គឺកំណត់អំពីចំណែកមត៌ក កំណត់ពីវិធីបែងចែកមត៌ក អនុប្បទាន និងកំណត់ពីអ្នកប្រតិបត្ដិមតកសាសន៍ជាដើម ។ ចំពោះមតកសាសន៍ទម្រង់ដែលមានកំណត់នៅក្នុងច្បាប់មានដូចជា, មតកសាសន៍ដោយលិខិតយថាភូត, មតកសាសន៍ដោយលិខិតសម្ងាត់, មតកសាសន៍ដោយលិខិតឯកជន, មតកសាសន៍នៃជនស្ថិតក្រោយរបបអាណាព្យាបាលទូទៅ, មតកសាសន៍នៃជនដែលកំពុងជួបគ្រោះថ្នាក់ដល់ជីវិត, មតកសាសន៍របស់ជនដែលជាប់ឃុំឃាំង, មតកសាសន៍របស់ជនដែលមិនអាចនិយាយបាន និងទម្រង់មតកសាសន៍របស់បុគ្គលដែលមានសញ្ជាតិខ្មែរដែលរស់នៅបរទេស ជាអាទិ៍ ។ នៅក្នុងរណីដែលមតកសាសន៍ ត្រូវបានធ្វើឡើង ខុសនឹងម្រង់ដែលមានកំណត់ខាងលើនេះ គឺមិនមានអានុភាពតាមផ្លូវច្បាប់ឡើយ ។ សរុបមក សន្ដតិកម្ម គឺជាប្រព័ន្ធនៃការបែងចែកទ្រព្យសម្បត្ដិមួយ ដែលត្រូវបានធានាដោយច្បាប់ ក្នុងគោលបំណងការពារនូវសិទ្ធិនិងផលប្រយោជន៍របស់ជនដែលពាក់ព័ន្ធនឹងបុគ្គលដែលបានទទួលមរណៈភាព ជាពិសេសទៅលើទ្រព្យសម្បត្ដិរបស់ជននោះ រួមមានទាំងទ្រព្យសកម្ម និងអកម្ម ។ រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងលោក រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group។
2020-04-22 14:05:05
(ភ្នំពេញ)៖ អំណោយ គឺជាភាសាសាមញ្ញមួយ ដែលត្រូវបានគេប្រើប្រាស់ជាទូទៅ មានន័យថាជាការឱ្យ ឬប្រគល់នូវវត្ថុ ឬទ្រព្យសម្បត្តិ ដោយស្ម័គ្រចិត្តទៅ បុគ្គលម្នាក់ទៀត។ ប៉ុន្តែក្នុងន័យច្បាប់ អំណោយត្រូវបានកំណត់ថា ជាការផ្តល់ឱ្យដោយមានឆន្ទៈឯកតោភាគី ចំពោះបុគ្គលដែលបានកំណត់ជាក់លាក់ ហៅថា «ប្រទានកម្ម» ។ តើប្រទានកម្មជាអ្វី? តើត្រូវធ្វើដូចម្តេចទើបប្រទានកម្មមានអានុភាពស្របនឹងច្បាប់? ដូចេ្នះដើម្បីឲ្យជ្រាបច្បាស់ ក្នុងសប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទ «ប្រទានកម្ម» មកធ្វើការបង្ហាញជូនសាធារណៈជនឲ្យបានយល់ដឹងដូចខាងក្រោម៖ យោងតាមមាត្រា ៥៦៨ នៃក្រមរដ្ឋប្បវេណី នៃព្រះរាណាចក្រកម្ពុជា ប្រទានកម្ម សំដៅដល់កិច្ចសន្យាមួយ ដែលត្រូវមានអានុភាព ដោយភាគីម្ខាងបង្ហាញឆន្ទៈផ្តល់ទៅឱ្យភាគីម្ខាងទៀតនូវទ្រព្យសម្បត្តិ ដោយមិនយកថ្លៃ ហើយភាគីម្ខាងទៀតយល់ព្រមទទួល។ តាមរយៈនិយមន័យខាងលើនេះ ប្រទានកម្ម ត្រូវបានបង្កើតឡើង ដោយមានការព្រមព្រៀងរវាង អ្នកធ្វើអំណោយ ហៅថា ទាយក និង អ្នកទទួលអំណោយ ហៅថាបដិគ្គាហក តែប៉ុណ្ណោះ។ ប្រទានកម្ម អាចត្រូវបានធ្វើឡើងដោយផ្ទាល់មាត់ ឬជាលាយល័ក្ខណ៍អក្សរ ហើយកម្មវត្ថុនៃកិច្ចសន្យាប្រទានកម្ម អាចជាវត្ថុ ប្រាក់ ប៉ុន្តែចំពោះ អចលនវត្ថុវិញ ប្រទានកម្មនឹងមានអានុភាពតាមផ្លូវច្បាប់ លុះត្រាតែបានធ្វើលិខិតយថាភូត។ យោងតាមច្បាប់ប្រទានកម្មត្រូវបានបែងចែកជា ៣ ប្រភេទ គឺ ប្រទានកម្មដោយមានកំណត់ពេល ប្រទានកម្មដោយមានភ្ជាប់បន្ទុក និងប្រទានកម្មដោយមូលហេតុមរណៈភាព៖ ក. ប្រទានកម្មដោយមានកំណត់ពេល៖ គឺជាប្រទានកម្ម ដែលធ្វើឡើងក្នុងគោលបំណងផ្តល់តាវកាលិកដោយមានកំណត់ពេលជាក់លាក់មួយ នឹងត្រូវបាត់បង់អានុភាព នៅពេលដែលទាយក ឬបដិគ្គាហកបានទទួលមរណៈភាព។ ខ. ប្រទានកម្មដោយមានភ្ជាប់បន្ទុក៖ ប្រទានកម្ម ដែលបដិគ្គាហកមានករណីយកិច្ចត្រូវបានអនុវត្ត ការផ្តល់តាវកាលិកជាកំណត់ ដើម្បីទទួលទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃប្រទានកម្ម ត្រូវហៅថា ប្រទានកម្មដែលមានភ្ជាប់បន្ទុក ។ ចំពោះទាយក នៃប្រទានកម្មដែលមានភ្ជាប់បន្ទុក អាចរំលាយកិច្ចសន្យាប្រទានកម្មដែលមានភ្ជាប់បន្ទុកនោះ នៅក្នុងករណីដែលបដិគ្គាហកមិនបានអនុវត្តបន្ទុក។ គ. ប្រទានកម្មដោយមូលហេតុមរណភាព៖ ប្រទានកម្មនេះនឹងមានអានុភាពនៅក្រោយពេលដែលទាយកបានទទួលមរណៈភាព។ មូលហេតុនៃការលុបចោលប្រទានកម្ម៖ ក. ការលុបចោលប្រទានកម្មដែលមិនធ្វើជាលាយល័ក្ខណ៍អក្សរ៖ ភាគីនៃកិច្ចសន្យាអាចលុបចោលកិច្ចសន្យាប្រទានកម្មនេះបាន ប្រសិនបើកិច្ចសន្យានោះមិនបានធ្វើឡើងជាលាយលក្ខណ៍អក្សរ។ ប៉ុន្ដែចំពោះផ្នែកដែលបានអនុវត្ដរួចហើយ គឺមិនអាចលុបចោលបានទេ។ ខ. ការលុបចោលប្រទានកម្មដោយសារអំពើរំលោភលើទំនុកចិត្ត៖ ទាយកអាចធ្វើការលុបចោលប្រទានកម្មបានក្នុងរយៈពេល ៥ ឆ្នាំ ប្រសិនបើទាយកបានដឹងថា បដិគ្គាហកបានធ្វើអំពើរំលោភលើទំនុកចិត្ដធ្ងន់ធ្ងរចំពោះខ្លួន ។ គ. ការលុបចោលប្រទានកម្មដោយសារភាពទីទ័លក្ររបស់ទាយក៖ ទាយកអាចធ្វើការលុបចោលប្រទានកម្មដែលបានអនុវត្ដហើយបាន ក្នុងរយៈពេល ៥ ឆ្នាំ គិតចាប់ពីពេលដែលបានអនុវត្ដ ប្រសិនបើទាយកនោះ បានធ្លាក់ខ្លួនក្នុងស្ថានភាពទីទ័លក្រ មិនអាចរក្សាជីវភាពរស់នៅ របស់ខ្លួនដោយផ្ទាល់បាន។ ជារួមមក យើងអាចធ្វើការសន្និដ្ឋានបានថា កិច្ចសន្យាប្រទានកម្ម គឺជាការស្ម័គ្រចិត្ត ក្នុងការប្រគល់នូវ វត្ថុ ឬទ្រព្យសម្បត្តិរបស់ខ្លួន ឱ្យទៅភាគីម្ខាងទៀត ដោយមានភ្ជាប់បន្ទុក ឬករណីមរណភាពរបស់ភាគីជាដើម។ យ៉ាងណាមិញ ប្រទានកម្ម នៅតែអាចកែប្រែបាននៅពេលកិច្ចសន្យាប្រទានកម្មនោះ មិនបានធ្វើឡើងជាលាយល័ក្ខណ៍អក្សរ ហើយផ្នែកមិនទាន់បានកើតឡើង ប៉ុន្តែចំពោះផ្នែកដែលបានអនុវត្តហើយ ទាយកក៏អាចធ្វើការទាមទារត្រលប់មកវិញ ក្នុងករណីមានការរំលោភលើទំនុកចិត្តធ្ងន់ធ្ងរ និងភាពទីទ័លក្ររបស់ទាយក ដែលការទាមទារអាចធ្វើបានក្នុងកំឡុងពេល ៥ ឆ្នាំ។ រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងអ្នកស្រី នូ ពិសី ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៧ ៧៧៧ ៣៩៤, អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/ Cambodia International Cooperation Law Group៕
2020-04-22 14:03:48
(ភ្នំពេញ)៖ គ្រឿងញៀន តែងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល ក្នុងនោះយុវជនគឺជាក្រុមដែលងាយរងគ្រោះជាងគេ ។ យុវជនមួយចំនួនតូចត្រូវបានគេអូសទាញឲ្យប្រើប្រាស់វា ដោយសារតែវាធ្វើឲ្យសប្បាយនៅគ្រាដំបូងៗ ។ គ្រឿងញៀនមានផលប៉ះពាល់ភ្លាមៗដល់ផ្លូវកាយ និងផ្លូវចិត្ត ហើយអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់បញ្ញា ស្មារតី និងផ្លូវអារម្មណ៍របស់យុវជន ។ បច្ចុប្បន្នបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភ និងកំពុងធ្វើឲ្យប៉ះពាល់ដល់សង្គម មិនថាទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ។ ឥទ្ធិពល នៃគ្រឿងញៀនកំពុងបំផ្លាញធនធានមនុស្សកាន់តែច្រើនឡើងៗគួរឲ្យកត់សម្គាល់ ។ តើការប្រើប្រាស់គ្រឿងញៀនផ្តល់នូវផលប៉ះពាល់អ្វីខ្លះ សម្រាប់ខ្លួនឯង ក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិ? ព្រមទាំងត្រូវទទួលទណ្ឌកម្មដូចម្តេចខ្លះ ចំពោះការប្រើប្រាស់គ្រឿងញៀននេះ? សម្រាប់សបា្តហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់ដែលមានកិច្ចសហការរវាងក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ និងអង្គភាពសារព័ត៌មាន Fresh News សូមលើកយកប្រធានបទទាក់ទងនឹង «បទល្មើសប្រើប្រាស់គ្រឿងញៀន» មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋឲ្យបានយល់ដឹងដូចខាងក្រោម៖ យោងតាមមាត្រា ៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១២ បានចែងអំពីនិយមន័យនៃពាក្យ «គ្រឿងញៀន» ដែលសំដៅដល់រុក្ខជាតិញៀន សារធាតុញៀន និងសារធាតុគីមីផ្សំទាំងឡាយដែលបានកំណត់ក្នុងតារាងដែលជាឧបសម្ព័ន្ធនៃច្បាប់នេះ ។ តាមខ្លឹមសារនៃមាត្រា ៥ នៃច្បាប់ដដែល គ្រឿងញៀនត្រូវបានធ្វើចំណាត់ថ្នាក់ដូចខាងក្រោម៖ * តារាងទី១៖ រុក្ខជាតិ និងសារធាតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយដែលពុំមានផលប្រយោជន៍ខាងវេជ្ជ សាស្ត្រ រួមមានដូចជា ហេរ៉ូអ៊ីន កញ្ឆា ជ័រកញ្ឆា ប្រេងកញ្ឆា ។ល។ * តារាងទី២៖ រុក្ខជាតិ និងសារធាតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ប៉ុន្តែមានផលប្រយោជន៍ខាងវេជ្ជសាស្ត្រ រួមមានដូចជា កូកាអ៊ីន អាភៀន ទឹកកំហាប់ដើមអាភៀន ម័រហ្វីន មេតំហ្វេតាមីន ។ល។ * តារាងទី៣៖ រុក្ខជាតិ និងសារធាតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ ប៉ុន្តែមានផលប្រយោជន៍ខាងវេជ្ជសាស្ត្រ រួមមានដូចជា កេតាមីន ហ្វង់ទែរមីន ឡេហ្វេតាមីន ។ល។ * តារាងទី៤៖ សារធាតុគីមីទាំងឡាយដែលបានចាត់ថ្នាក់ក្នុងអនុសញ្ញារបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងការចរាចរគ្រឿងញៀនខុសច្បាប់ និងសារធាតុដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ឆ្នាំ១៩៨៨ ឬក្នុងការអនុវត្តសញ្ញានេះប្រឆាំងនឹងការចរាចរគ្រឿងញៀនខុសច្បាប់ ។ សារធាតុនេះរួមមានដូចជា៖ ប្រេងម្រះព្រៅភ្នំ អាសេតូន អាស៊ីដក្ល័ររីឌ្រីក អាស៊ីដហ្វ័រមីក អាស៊ីដស៊ុលហ្វួរិក ។ល។ ប៉ុន្តែបើយើងក្រឡេកមើលនិយមន័យទូទៅ គេបានឲ្យនិយមន័យ «គ្រឿងញៀន» គឺជាសារធាតុដែលធ្វើឲ្យអ្នកប្រើផ្លាស់ប្តូរចិត្តអារម្មណ៍ និងអាកប្បកិរិយា ព្រមទាំងជួបគ្រោះថ្នាក់ធ្ងន់ធ្ងររហូតដល់ជីវិតផងដែរ ។ «គ្រឿងញៀន» ជារុក្ខជាតិ ឬសារធាតុចម្រាញ់ចេញពីរុក្ខជាតិសារធាតុគីមីដែលធ្វើឲ្យមាន ការផ្លាស់ប្តូរនូវមុខងារផ្សេងៗសារពាង្គកាយមនុស្ស ឬសត្វ ហើយជាពិសេសវាធ្វើឲ្យមានការប្រែប្រួលប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលនៅពេលប្រើវា ។ ការប្រើប្រាស់គ្រឿងញៀនវាផ្តល់នូវផលប៉ះពាល់ទៅដល់អ្នកប្រើ ក្រុមគ្រួសារ ព្រមទាំងសង្គមជាតិ ដូចជា៖ * ផលប៉ះពាល់ចំពោះបុគ្គលអ្នកប្រើ មានដូចជា ប៉ះពាល់ចំពោះសុខភាពផ្លូវកាយ ដែលនៅពេលបុគ្គលនោះប្រើប្រាស់គ្រឿងញៀន គឺវាបានជ្រាបចូលក្នុងសរីរាង្គរបស់មនុស្សមានថ្លើម បេះដូង តម្រងនោម និងសួត ហើយបង្កឲ្យមានជម្ងឺដោយសារធាតុពុល និងជម្ងឺឆ្លងផ្សេងៗ រាងកាយស្គមស្គាំង ស្លេកស្លាំង មិនងងុយដេក មិនឃ្លានអាហារ និងកម្លាំងចុះថយ ។ សម្រាប់ស្រ្តីមានផ្ទៃពោះ ប្រសិនបើប្រើប្រាស់គ្រឿងញៀន អាចមានឥទ្ធិពលផ្ទាល់ទៅលើទារកក្នុងផ្ទៃ ទាំងរាងកាយ និងខួរក្បាល ។ សម្រាប់សុខភាពផ្លូវចិត្ត វាផ្តល់នូវផលប៉ះពាល់ដូចជា សតិស្មារតីមិនប្រក្រតី គ្មានភាពច្បាស់លាស់នូវការឃើញ ការស្តាប់ ការចងចាំថយចុះ ឬបាត់បង់តែម្តង នៅពេលដែលប្រើប្រាស់គ្រឿងញៀនលើសកម្រិត ។ * ផលប៉ះពាល់ចំពោះក្រុមគ្រួសារ មានដូចជា បាត់បង់កិតិ្តយស បំផ្លាញទ្រព្យសម្បត្តិគ្រួសារ បង្កភាពភ័យខ្លាច អំពើហិង្សាក្នុងគ្រួសារ ខាតបង់ថវិកាជាដើម ។ * ផលប៉ះពាល់ចំពោះសង្គមជាតិ មានដូចជា បង្កនូវអំពើអសីលធម៌ផ្សេងៗ (អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងផ្លូវភេទ) គ្រោះថ្នាក់ចរាចរណ៍ ការប្រព្រឹត្តអំពើឆក់ប្លន់ និងបទឧក្រិដ្ឋផ្សេងៗ រួមទាំងបាត់បង់ធនធានមនុស្សជាដើម ។ ចំពោះទោសទណ្ឌនៃការប្រើប្រាស់គ្រឿងញៀន យោងតាមមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១២ បានបញ្ញត្តិថា ជនណាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី ១ និងតារាងទី ២ តាមគ្រប់រូបភាព និងធ្លាប់ត្រូវបានទទួលរងនូវវិធានការព្យាបាលដោយបង្ខំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៦ (ប្រាំមួយ) ខែនិងអាចត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១.០០០.០០០(មួយលាន) រៀល ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងអាចត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល ។ ការប៉ុនប៉ងប្រព្រឹត្តបទមជ្ឈិមដែលមានចែងក្នុងកថាខណ្ឌទី១ និងទី២ ខាងលើនេះ ត្រូវផ្តន្ទាទោសដូចគ្នានឹងបទមជ្ឈិមខាងលើដែរ ។ ប្រសិនបើបទល្មើសត្រូវបានប្រព្រឹត្តដោយសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ មានបរិមាណតិចតួច និងប្រព្រឹត្តក្នុងក្របខ័ណ្ឌទទួលទានតាមទម្លាប់ព្រះរាជអាជ្ញាអាចឲ្យជនប្រព្រឹត្តរួចខ្លួនពីបទចោទ ។ ប្រសិនបើរឿងនេះទៅដល់តុលាការ តុលាការអាចសម្រេចឲ្យចារីនៃហេតុការណ៍នេះមិនបាច់ទទួលទោស ឬគ្រាន់តែស្តីបន្ទោសជននោះតែប៉ុណ្ណោះ ។ ត្រូវចាត់ទុកថាជាការទទួលទានតាមទម្លាប់ ការទទួលទានដែលមិនបណ្តាលឲ្យញៀន ហើយអ្នកទទួលទានជាអ្នកស្រុកទទួលទានតាមដូនតាធ្លាប់ប្រព្រឹត្តជាយូរមកហើយ ។ បទល្មើសតាមខ្លឹមសារនៃមាត្រា ៤៥ នេះ ត្រូវមានលក្ខខណ្ឌចំនួនពីរយ៉ាងគឺ៖ * ជនល្មើសបានប្រើប្រាស់ដោយផ្ទាល់ខ្លួននូវគ្រឿងញៀន ដែលស្ថិតក្នុងតារាងទី ១ និងតារាងទី ២ ដូចជា ជក់ ហិត លេប ឬ ចាក់បញ្ចូលជាដើម ។ * ជនល្មើសធ្លាប់បានទទួលរងនូវវិធានការព្យាបាលដោយបង្ខំ រួចម្តងមកហើយ ។ យោងតាមមាត្រា ១០៧ នៃច្បាប់ដដែល ចំពោះការព្យាបាល និងការស្តារនីតិសម្បទាដោយបង្ខំ អាចធ្វើបានក្នុងករណីដែលបុគ្គលនោះស្ថិតក្នុងស្ថានភាពញៀនគ្រឿងញៀនធ្ងន់ធ្ងរ និងមានការគំរាមកំហែងយ៉ាងជាក់ស្តែងថានឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរភ្លាមៗ ចំពោះអ្នកញៀនគ្រឿងញៀនខ្លួនឯង និងអ្នកដទៃ ឬក៏ក្នុងករណីដែលអ្នកញៀនគ្រឿងញៀនខ្វះសមត្ថភាព ក្នុងការសម្តែងឆន្ទៈទទួលយកការព្យាបាល និងការស្តារនីតិសម្បទាដោយស្ម័គ្រចិត្ត ។ វិធានការនេះអាចត្រូវបង្ខំដោយព្រះរាជអាជ្ញា ឬ ចៅក្រមស៊ើបសួរ ឬ ចៅក្រមជំនុំជម្រះ ។ ឧទាហរណ៍៖ លោក «ក» បានញៀនគ្រឿងញៀនធ្ងន់ធ្ងរ ហើយត្រូវបានឪពុកម្តាយប្តឹងទៅតុលាការ ដើម្បីចាត់វិធានការព្យាបាល និងស្តារនីតិសម្បទា ។ ក្រោយពីគ្រូពេទ្យបានពិនិត្យរួច គ្រូពេទ្យយល់ឃើញថាលោក «ក» ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហេតុដូច្នេះទើបតុលាការបានសម្រេចចេញជាដីកាសម្រេចបង្ខំឲ្យមានការព្យាបាល និងការស្តារនីតិសម្បទា ទោះបីជាលោក «ក» មិនបានយល់ព្រមទទួលការព្យាបាលបែបនេះក៏ដោយ ។ ក្រោយពីបានទទួលការព្យាបាលចប់សព្វគ្រប់ហើយ លោក «ក» នៅតែលួចទៅជក់គ្រឿងញៀនជាមួយនឹងមិត្តភក្តិរបស់ខ្លួនទៀត ហើយបន្ទាប់មកក៏ត្រូវបានឃាត់ខ្លួន ។ ក្នុងករណីនេះ លោក «ក» ស្ថិតក្នុងស្ថានភាពដែលត្រូវផ្តន្ទាទោសតាមបញ្ញតិ្តមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ សរុបជារួម ការប្រើប្រាស់គ្រឿងញៀន មិនមែនជាវិធីសាស្ត្រមួយល្អក្នុងការដោះស្រាយនូវបញ្ហានោះទេ ព្រោះថាការប្រើប្រាស់គ្រឿងញៀនវាអាចបណ្តាលឲ្យមានផលប៉ះពាល់មិនថាទាំងខ្លួនឯង ក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិផងដែរ ។ មិនតែប៉ុណ្ណោះបុគ្គលដែលប្រើប្រាស់គ្រឿងញៀននោះអាចនឹងឈានដល់ការទទួលនូវទោសពិន័យ ក៏ដូចជាទោសពន្ធនាគារផងដែរ ប្រសិនបើការប្រើប្រាស់គ្រឿងញៀននោះលើសចំណុះ ដូចមានចែងក្នុងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ រៀបរៀងដោយ៖ លោក ប៊ុន វិទូ និងកញ្ញា សាំង សុភាព ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕
2020-04-22 14:00:32
(ភ្នំពេញ)៖ វត្តមានគ្រឿងញៀនជាចំណែកមួយដ៏ធំក្នុងការបង្កទុក្ខកង្វល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ ព្រមទាំងមានលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ សាធារណៈផងដែរ។ ជនខិលខូចមួយចំនួនតូចដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន បានឆ្លៀតឱកាសលក់ទិញ ដោះដូរដោយខុសច្បាប់នូវសារធាតុញៀន ពុំខ្វល់ពីឥទ្ធិពលអាក្រក់ដែលប៉ះពាល់ដល់ប្រទេសជាតិឡើយ។ ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រទេសកម្ពុជាបានបង្កើតឱ្យមាន «ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន» ក្នុងគោលបំណងត្រួតពិនិត្យ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ពីសកម្មភាពបែបណាដែលត្រូវបានចាត់ទុកថាជាការជួញដូរគ្រឿងញៀន? ហើយជនដែលប្រព្រឹត្តអំពើនេះត្រូវផ្តន្ទាទោសកម្រិតណា? ដូច្នេះសម្រាប់សប្ដាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីអំពី « បទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» មកបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចតទៅ៖ យោងតាមមាត្រា ៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១២ បញ្ញតិ្តថា «អំពើជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» ជាការផ្ដល់សម្រាប់លក់ ការលក់ ការទិញដើម្បីលក់ ឬដោះដូរ និងការដោះដូរដោយខុសច្បាប់នូវសារធាតុញៀន។ ជនល្មើសដែលជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ។ ក្រៅពីការដាក់ពន្ធនាគារជនល្មើសនឹងអាចត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ។ ចំពោះតារាងទី១ សំដៅលើ រុក្ខជាតិ និងសារធាតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយដែលពុំមានផលប្រយោជន៍ខាងវេជ្ជសាស្ត្រ រួមមានដូចជា ហេរ៉ូអ៊ីន កញ្ឆា ជ័រកញ្ឆា ប្រេងកញ្ឆា។ តារាងទី២ រុក្ខជាតិ និងសារធាតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ប៉ុន្តែមានផលប្រយោជន៍ខាងវេជ្ជសាស្ត្រ រួមមានដូចជា កូកាអ៊ីន អាភៀន ទឹកកំហាប់ដើមអាភៀន ម័រហ្វីន មេតំហ្វេតាមីន។ ចំពោះស្ថានទម្ងន់ទោសពាក់ព័ន្ធនឹងបទល្មើសខាងលើ បានកំណត់កម្រិតទោសដូចខាងក្រោម៖ ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ និងផ្ដន្ទាទោសពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ក្នុងករណីដែលប្រព្រឹត្តបទល្មើស ស្ថិតក្នុងស្ថានភាពណាមួយដូចខាងក្រោម៖ ១. បទល្មើសត្រូវបានប្រព្រឹត្តច្រើនដង ២. បទល្មើសត្រូវបានប្រព្រឹត្តនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ នៅក្នុងឱកាសនៃការបំពេញមុខងារ ៣. ជ័រអាភៀន ជ័រកញ្ឆា ឬកាវកូកា មានបរិមាណសុទ្ធចាប់ពី ៤០០ (បួនរយ) ក្រាម រហូតក្រោម ៨០០ (បួនរយ) ក្រាម។ ៤. ប្រេងកញ្ឆាមានបរិមាណសុទ្ធចាប់ពី ២០០ (ពីររយ) ក្រាម រហូតដល់ក្រោម ៤០០ (បួនរយ) ក្រាម។ ៥. ម័រហ្វីន ហេរ៉ូអ៊ីន ឬកូកាអ៊ីនមានបរិមាណសុទ្ធចាប់ពី ៤ (បួន) ក្រាម រហូតដល់ក្រោម ២៥ (ម្ភៃប្រាំ) ក្រាម។ ៦. អំហ្វេតាមីន មេតំហ្វេតាមីន ឬអ៊ិចស្តាស៊ី មានបរិមាណសុទ្ធចាប់ពី ១៥ (ដប់ប្រាំ) ក្រាម រហូតដល់ក្រោម ៨០ (ប៉ែតសិប) ក្រាម។ ៧. កញ្ឆាស្ងួត ឬស្លឹកកូកា មានបរិមាណចាប់ពី ៨ (ប្រាំបី) គីឡូក្រាម រហូតដល់ក្រោម ២០ (ម្ភៃ) គីឡូក្រាម។ ៨. ផ្លែអាភៀនស្រស់មានបរិមាណចាប់ពី ៨ (ប្រាំបី) គីឡូក្រាម រហូតដល់ក្រោម ៤០ (សែសិប) គីឡូក្រាម។ ៩. ផ្លែអាភៀនស្ងួតមានបរិមាណចាប់ពី ៤០ (សែសិប) គីឡូក្រាម រហូតដល់ក្រោម ១៦០ (មួយរយ ហុកសិប) គីឡូក្រាម។ ១០. បណ្តាសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតមានបរិមាណសុទ្ធចាប់ពី ១៥ (ដប់ប្រាំ) ក្រាម រហូតដល់ ៨០ (ប៉ែតសិប) ក្រាម។ ១១. សារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតចាប់ពីពីរប្រភេទឡើងទៅ ហើយមានបរិមាណសុទ្ធសារធាតុញៀន ដែលបានកំណត់នៅក្នុងចំណុចណាមួយចាប់ពីចំណុចទី៣ ដល់ចំណុចទី១០ នៃកថាខណ្ឌនេះ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ២០.០០០.០០០ (ម្ភៃលាន) រៀល ទៅ ៤០.០០០.០០០ (សែសិបលាន) រៀល ក្នុងករណីដែលការប្រព្រត្តឹបទល្មើស ស្ថិតក្នុងស្ថានភាពណាមួយខាងក្រោម៖ ១. ជ័រអាភៀន ជ័រកញ្ឆា ឬកាវកូកា មានបរិមាណសុទ្ធចាប់ពី ៨០០ (ប្រាំបីរយ) ក្រាម រហូតក្រោម ១.៦០០ (មួយពាន់ប្រាំមួយរយ) ក្រាម។ ២. ប្រេងកញ្ឆាមានបរិមាណសុទ្ធចាប់ពី ៤០០ (បួនរយ) ក្រាម រហូតដល់ ៨០០ (ប្រាំបីរយ) ក្រាម។ ៣. ម័រហ្វីន ហេរ៉ូអ៊ីន ឬកូកាអ៊ីនមានបរិមាណសុទ្ធចាប់ពី ២៥ (ម្ភៃប្រាំ) ក្រាម រហូតដល់ក្រោម ៨០ (ប៉ែតសិប) ក្រាម។ ៤. អំហ្វេតាមីន មេតំហ្វេតាមីន ឬអ៊ិចស្តាស៊ី មានបរិមាណសុទ្ធចាប់ពី ៨០ (ប៉ែតសិប) ក្រាម រហូតដល់ក្រោម ២៤០ (ពីររយសែសិប) ក្រាម។ ៥. កញ្ឆាស្ងួត ឬស្លឹកកូកា មានបរិមាណចាប់ពី ២០ (ម្ភៃ) គីឡូក្រាម រហូតដល់ក្រោម ៦០ (ហុកសិប) គីឡូក្រាម។ ៦. ផ្លែអាភៀនស្រស់មានបរិមាណចាប់ពី ៤០ (សែសិប) គីឡូក្រាម រហូតដល់ក្រោម ១២០ (មួយរយម្ភៃ) គីឡូក្រាម។ ៧. ផ្លែអាភៀនស្ងួតមានបរិមាណចាប់ពី ១៦០ (មួយរយហុក) គីឡូក្រាម រហូតដល់ក្រោម ៤៨០ ( បួនរយប៉ែតសិប) គីឡូក្រាម។ ៨. បណ្តាសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតមានបរិមាណសុទ្ធចាប់ពី ៨០ (ប៉ែតសិប) ក្រាម រហូតដល់ ២៤០ (ពីររយសែបសិប)ក្រាម។ ៩. សារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតចាប់ពីពីរប្រភេទឡើងទៅ ហើយមានបរិមាណសុទ្ធសរុបនៃសារធាតុ ស្មើនិងបរិមាណសុទ្ធសារធាតុញៀនដែលបានកំណត់នៅក្នុងចំណុចណាមួយចាប់ពីចំណុចទី១ ដល់ចំណុចទី ៨ នៃកថាខណ្ឌនេះ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២០ (ម្ភៃ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំឬអស់មួយជីវិត និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៤០.០០០.០០០ (សែសិបលាន) រៀល ទៅ ១០០.០០០.០០០ (មួយរយលាន) រៀល ក្នុងករណីដែលការប្រព្រត្តឹបទល្មើស ស្ថិតក្នុងស្ថានភាពណាមួយខាងក្រោម៖ ១. ជ័រអាភៀន ជ័រកញ្ឆា ឬកាវកូកា មានបរិមាណសុទ្ធចាប់ពី ១.៦០០ (មួយពាន់ប្រាំមួយរយ) ក្រាមឡើយទៅ។ ២. ប្រេងកញ្ឆាមានបរិមាណសុទ្ធចាប់ពី ៨០០ (ប្រាំបីរយ) ក្រាម ឡើងទៅ។ ៣. ម័រហ្វីន ហេរ៉ូអ៊ីន ឬកូកាអ៊ីនមានបរិមាណសុទ្ធចាប់ពី ៨០ (ប៉ែតសិប) ក្រាមឡើងទៅ។ ៤. អំហ្វេតាមីន មេតំហ្វេតាមីន ឬអ៊ិចស្តាស៊ី មានបរិមាណសុទ្ធចាប់ពី ២៤០ (ពីររយសែសិប) ក្រាម ឡើងទៅ។ ៥. កញ្ឆាស្ងួត ឬស្លឹកកូកា មានបរិមាណចាប់ពី ៦០ (ហុកសិប) គីឡូក្រាម ឡើងទៅ។ ៦. ផ្លែអាភៀនស្រស់មានបរិមាណចាប់ពី ១២០ (មួយរយម្ភៃ) គីឡូក្រាម ឡើងទៅ។ ៧. ផ្លែអាភៀនស្ងួតមានបរិមាណចាប់ពី ៤៨០ (បួនរយប៉ែតសិប) គីឡូក្រាម ឡើងទៅ។ ៨. បណ្តាសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតមានបរិមាណសុទ្ធចាប់ពី ២៤០ (ពីររយសែបសិប) ក្រាម ឡើងទៅ។ ៩.សារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតចាប់ពីពីរប្រភេទឡើងទៅ ហើយមានបរិមាណសុទ្ធសរុបនៃសារធាតុស្មើនិងបរិមាណសុទ្ធសារធាតុញៀនដែលបានកំណត់នៅក្នុងចំណុចណាមួយ ចាប់ពីចំណុចទី១ ដល់ចំណុចទី ៨ នៃកថាខណ្ឌនេះ។ ចំពោះការកាន់កាប់ ការលាក់ទុក សន្និធិ និងសកម្មភាពប្រហាក់ប្រហែលផ្សេងទៀត និងការបញ្ជូនតាមគ្រប់រូបភាពដែលនាំឱ្យមានការផ្លាស់ទីពីទីកន្លែងមួយទៅទីកន្លែងមួយទៀតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ពីប្រទេសមួយទៅប្រទេសមួយទៀត ឬ តាមរយៈការផ្ញើ ការធ្វើចរាចរ ការនាំចូលការនាំចេញ នូវសារធាតុញៀន ក៏ត្រូវទទួលការផ្តន្ទាទោសក្នុងមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នេះដែរ ។ សរុបមកច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន បានកំណត់ទោសយ៉ាងតឹងរឹងរហូតឈានដល់ការជាប់ពន្ធនាគារអស់មួយជីវិតទៀតផង។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងធ្វើយុទ្ធនាការយ៉ាងសកម្មដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងគោលបំណងលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់នៅទូទាំងប្រទេស។ រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា គន្ធ វិជិតា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕
2020-04-22 14:01:38