(ភ្នំពេញ)៖ យោងតាមច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា នៅពេលអ្នកចង់បង្កើតអាជីវកម្ម ដើម្បីស្វែងរកប្រាក់ចំណេញ អ្នកត្រូវធ្វើការចុះបញ្ជីពាណិជ្ជកម្មលើអាជីវកម្មរបស់អ្នកនៅក្រសួងពាណិជ្ជកម្ម ។ តើហេតុអ្វីបានជារាជរដ្ឋាភិបាល តម្រូវអោយធ្វើការចុះបញ្ជីពាណិជ្ជកម្ម? ពីព្រោះការចុះបញ្ជីពាណិជ្ជកម្ម វាពិតជាមានសារៈសំខាន់ណាស់ ដើម្បីបង្ហាញថា អាជីវកម្មមួយជាអាជីវកម្មស្របច្បាប់ និងទទួលបាន ការការពារដោយច្បាប់នៅពេលមានជម្លោះ ឬក៏បញ្ហាណាមួយដែលកើតឡើងជាយថាហេតុ ។ ប៉ុន្តែការចុះបញ្ជីនេះទៀតសោត ទាមទារឱ្យមានការយល់ដឹងពី ផ្នែកហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ នៅក្នុងអាជីវកម្មនីមួយៗ ឬនិយាយឱ្យចំគឺ លំហូរសាច់ប្រាក់ នៅក្នុងអាជីវកម្មរបស់ខ្លួនថា អាចរកប្រាក់ចំណូល និងចំណេញបានប៉ុណ្ណាដែរ។ ដូច្នេះការចុះបញ្ជីពាណិជ្ជកម្មស្របទៅនឹងស្ថានភាពបច្ចុប្បន្ន គឺធ្វើឡើងដើម្បីធានាឱ្យបាននូវភាពស្របច្បាប់ រួមមានឈ្មោះក្រុមហ៊ុន ប្រភេទក្រុមហ៊ុនជា (ឯកកម្មសិទ្ធិ សហកម្មសិទ្ធិ ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនបរទេសជាដើម…) ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនអ្នក ។ បន្ទាប់ពីបានធ្វើការចុះបញ្ជីពាណិជ្ជកម្មរួចមក អាជីវកម្មរបស់អ្នកនឹងត្រូវទទួលបានលិខិតបញ្ជាក់ ព្រមទាំងទទួលបានការការពារទៀតផង ប្រសិនបើមានការចម្លងឈ្មោះ ឬផលិតផលជាដើម ។ ដូច្នេះ ដើម្បីឱ្យកាន់តែច្បាស់ ក្នុងសប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់ ដែលមានកិច្ចសហការរវាងអង្គភាព សារព័ត៌មាន Fresh News ជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទ «ការចុះបញ្ជីពាណិជ្ជកម្ម» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ដូចខាងក្រោម៖ យោងតាមប្រកាសលេខ ២១៣ ព.ណ ចបព.ប្រក ប្រការ១ របស់ក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីពាណិជ្ជកម្ម គឺជាកាតព្វកិច្ចដែលពាណិជ្ជករ និងក្រុមហ៊ុនពាណិជ្ជកម្ម ដែលមានគ្រឹះស្ថាន សាខា ការិយាល័យ តំណាង បុត្រសម្ព័ន្ធ ឬទីភ្នាក់ងាររបស់ខ្លួន នៅព្រះរាជាណាចក្រកម្ពុជា ត្រូវចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម នៅក្នុងប្រព័ន្ធស្វ័យប្រវត្តិសម្រាប់ ចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មតាមរយៈគេហទំព័រៈ www.businessregistration.moc.gov.kh ។ ប៉ុន្ដែបើពុំអាចធ្វើការបំពេញព័ត៌មាន និងបញ្ចូលលក្ខខណ្ឌតម្រូវក្នុង ប្រព័ន្ធស្វ័យប្រវត្តិបានដោយខ្លួនឯងនោះទេ ត្រូវមក ក្រសួងពាណិជ្ជកម្មដើម្បីស្នើសុំឱ្យមន្ដ្រីចុះបញ្ជីបំពេញជំនួសបាន (ប្រការ២ នៃប្រកាសដដែល) ។ ចំណែកឯ លក្ខខណ្ឌក្នុងការចុះបញ្ជីពាណិជ្ជកម្ម អ្នកត្រូវបំពេញនូវសំណុំឯកសារ តាមបែបបទដែលក្រសួងបានកំណត់ ហើយបន្ទាប់ពីបំពេញរួចរាល់ អ្នកត្រូវបង់ថ្លៃសេវាក្នុងការសិក្សាសំណុំឯកសារចុះបញ្ជី ។ នៅពេលដែលការចុះបញ្ជីពាណិជ្ជកម្ម បានសម្រេចអ្នកនឹងទទួលបាន លិខិតបញ្ជាក់ពីការចុះបញ្ជីរបស់អ្នក ។ ហើយចំពោះការចុះបញ្ជីពាណិជ្ជកម្ម នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបែងចែកជាបីមានដូចជា៖ ១៖ លក្ខខណ្ឌក្នុងការចុះបញ្ជីពាណិជ្ជកម្មសម្រាប់ពាណិជ្ជករជារូបវ័ន្ដបុគ្គល រាល់រូបវ័ន្ដបុគ្គលដែលជាពាណិជ្ជករ ត្រូវចុះបញ្ជីពាណិជ្ជកម្មនៅមន្ទីរពាណិជ្ជកម្មខេត្ត/ក្រុង ឬកន្លែងផ្សេងទៀតដែលក្រសួងពាណិជ្ជកម្មបានកំណត់ នៅកន្លែងដែលសាមីជននោះ ធ្វើពាណិជ្ជកម្មយ៉ាងយូររយៈពេល ១៥ (ដប់ប្រាំ)ថ្ងៃ មុនពេលបើកដំណើរការអាជីវកម្មរបស់ខ្លួន ។ ម្យ៉ាងទៀត ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មអាចធ្វើការស្នើសុំដោយ សាមីជននោះ ឬដោយអាណត្តិគាហករបស់គេ ហើយអាណត្តិគាហកត្រូវតែមាន លិខិតប្រគល់សិទ្ធិអំណាចដើម្បីតម្កល់ទុកនៅក្រឡាបញ្ជីនៃតុលាការពាណិជ្ជកម្មដែលខ្លួនបានស្នើសុំចុះបញ្ជីនោះ ។ មិនតែប៉ុណ្ណោះ ពាណិជ្ជករត្រូវប្រគល់ប្រតិវេទន៍ដែលមានចុះហត្ថលេខា និងស្នាមម្រាមដៃដល់កន្លែងទទួលពាក្យចុះបញ្ជីពាណិជ្ជកម្ម ចំនួន ២ (ពីរ) ច្បាប់ផងដែរ (មាត្រា១៤ កថាខណ្ឌ១ ២ ៣ នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម) ។ ២៖ លក្ខខណ្ឌក្នុងការចុះបញ្ជីពាណិជ្ជកម្មសម្រាប់ពាណិជ្ជករជានីតិបុគ្គល រីឯនីតិបុគ្គលដែលបានបង្កើតក្រុមហ៊ុនធ្វើពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជាវិញ បើទោះបីជាបែបបទ នៃការបង្កើត និងថេរវេលាបែបណាក៏ដោយ គឺត្រូវតែធ្វើការចុះបញ្ជីពាណិជ្ជកម្ម ហើយការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ត្រូវធ្វើឡើងដោយបណ្ណាធិការ ឬអភិបាលនៃសាមីក្រុមហ៊ុននៅក្នុងខែនៃការបង្កើតក្រុមហ៊ុន និងមុនកាលបរិច្ឆេទបើកប្រតិបត្តិការពាណិជ្ជកម្ម ១៥ (ដប់ប្រាំ) ថ្ងៃ ។ ចំណែកឯអ្នកស្នើសុំចុះបញ្ជី ត្រូវប្រគល់ប្រតិវេទន៍ចំនួន ២ (ពីរ) ច្បាប់ ព្រមទាំងត្រូវតម្កល់ទុកនូវលក្ខន្ដិកៈ ក្រុមហ៊ុនដល់កន្លែងទទួលពាក្យចុះបញ្ជី ពាណិជ្ជកម្មផងដែរ (មាត្រា១៧ កថាខណ្ឌ១ ២ ៣ នៃច្បាប់ស្ដីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម) ។ ៣៖ លក្ខខណ្ឌក្នុងការចុះបញ្ជីពាណិជ្ជកម្មសម្រាប់ពាណិជ្ជករជានីតិបុគ្គលបរទេស ចំណែកឯ ក្រុមហ៊ុនពាណិជ្ជកម្មបរទេសទាំងអស់ ដែលមានតែសាខា ឬទីភ្នាក់ងារ នៅព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើការបំពេញទំរង់ចុះបញ្ជីពាណិជ្ជកម្មតាមមាត្រា១៧ និងមាត្រា១៨ នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ដូចគ្នានឹងពាណិជ្ជករជានីតិបុគ្គលដែរ (មាត្រា១៩ កថាខណ្ឌ១ ២ នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម) ។ ផ្ទុយទៅវិញ ករណីដែលពាណិជ្ជករ និងក្រុមហ៊ុនពាណិជ្ជកម្មទាំងឡាយណា ដែលមិនបានចុះបញ្ជីពាណិជ្ជកម្ម តាមការបញ្ញត្តិរបស់ក្រសួងពាណិជ្ជកម្មទេ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ចំនួន ៥០,០០០៛ (ប្រាំម៉ឺនរៀល) ទៅ ៥០០,០០០៛ (ប្រាំសែនរៀល) (មាត្រា៤០ ចំណុច១ នៃច្បាប់ស្ដីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម) ឬមានទោសនិទ្ធនភាពសាមញ្ញក្នុងករណីធនក្ស័យ (មាត្រា ៤១ នៃច្បាប់ដដែល) ។ ហើយចំពោះករណី ពាណិជ្ជករ ឬរាល់អ្នកដឹកនាំក្រុមហ៊ុនពាណិជ្ជកម្ម ទាំងឡាយណាដែលប្រើឯកសារក្លែងក្លាយនោះ ត្រូវផ្ដន្ទាទោសចាប់ពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០៛ (មួយលានរៀល) ដល់ ១០,០០០,០០០៛ (ដប់លានរៀល)(មាត្រា ៤២ នៃច្បាប់ដដែល) ។ សរុបមកសម្រាប់ពាណិជ្ជករ និងក្រុមហ៊ុនពាណិជ្ជកម្មទាំងឡាយណាដែលបានធ្វើការចុះបញ្ជីពាណិជ្ជកម្ម លើអាជីវកម្មរបស់ខ្លួន ពួកគេនឹងទទួលបាន នូវអាជីវកម្មមួយស្របច្បាប់ ហើយទទួលបាននូវការការពារចំពោះឈ្មោះ និងផលិតផលរបស់ក្រុមហ៊ុននោះ ព្រមទាំងដើម្បីធ្វើការបញ្ជៀស ការខាតបង់ផលប្រយោជន៍នានា ដែលបណ្ដាល មកពីជនទុច្ចរឹតធ្វើការក្លែងបន្លំឈ្មោះ ឬផលិតផលរបស់ក្រុមហ៊ុននោះផងដែរ ។ ចំពោះករណីនេះ ម្ចាស់អាជីវកម្ម ក៏អាចធ្វើការប្ដឹងទៅក្រសួងពាណិជ្ជកម្មដើម្បីធ្វើការរំលាយ អាជីវកម្មរបស់ជនទុច្ចរឹតនោះបានដែរ ប៉ុន្ដែបើអំពើរបស់ជននោះ បានធ្វើឱ្យខាតបង់ផលប្រយោជន៍ធ្ងន់ធ្ងរ នោះម្ចាស់អាជីវកម្មដែលទទួលរងគ្រោះអាចធ្វើការប្ដឹងទាមទារ សំណងតាមផ្លូវតុលាការដែលមានសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជាបាន ។ រៀបរៀងដោយ៖ កញ្ញាមេធាវី មាស រ៉ាវីន និងកញ្ញាថន រ៉ាវ៉ាឌី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕
2020-04-22 13:59:21
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្ដទុកដាក់ខ្ពស់ក្នុងការគោរពនូវសិទ្ធិមនុស្ស ជាពិសេសសិទ្ធិឯកជនភាពរបស់បងប្អូនប្រជាពលរដ្ឋ។ ជាក់ស្ដែងនៅអំឡុងឆ្នាំ ១៩៩២ កម្ពុជាបានអនុវត្តច្បាប់ភូមិបាលមួយ ដែលច្បាប់នេះបានបញ្ជាក់ពីការទទួលបាននូវ សិទ្ធិកម្មសិទ្ធិនៅលើដីធ្លីតាមរយៈសន្តតិកម្ម កិច្ចសន្យា ឬ ដោយការផ្លាស់ប្ដូរពី «ការកាន់កាប់បណ្តោះអាសន្ន» ទៅជា «កម្មសិទ្ធិពេញលេញ» ជាអាទិ៍។ ក្រោយមកនៅឆ្នាំ ២០០១ ច្បាប់ភូមិបាលបច្ចុប្បន្នត្រូវបានប្រកាសឱ្យប្រើ ដែលច្បាប់នេះអនុញ្ញាតឱ្យមានកម្មសិទ្ធិឯកជនលើដីធ្លីពេញលេញនៅកម្ពុជា ព្រមទាំងបានបង្កើតឱ្យមាន នូវប្រព័ន្ធបញ្ជីឈ្មោះដីធ្លី និងមានប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ កម្ពុជាបានទទួលជំនួយពីធនាគារពិភពលោក ក្នុងការរៀបចំការចុះបញ្ជីដីធ្លីលក្ខណៈ ជាប្រព័ន្ធដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋផងដែរ។ នៅក្នុងអំឡុងពេលចុះបញ្ជីដីធ្លីនេះ យើងបានប្រឈមនឹងបញ្ហាចម្បងធំ គឺវិវាទដីធ្លី ដែលទាមទារចាំបាច់ឱ្យមានការដោះស្រាយជាបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋ ផងដែរ។ តើកម្ពុជាមានយន្ដការអ្វីខ្លះក្នុងការដោះស្រាយវិវាទដីធ្លី? ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពី «យន្ដការដោះស្រាយវិវាទដីធ្លីនៅកម្ពុជា» កម្មវិធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សូមលើកយកប្រធានបទនេះមកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋដូចខាងក្រោម ៖ អនុលោមតាមស្មារតីប្រកាសអន្តរក្រសួងលេខ ០២ ប្រកច.០៣ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៣ រវាងក្រសួងយុត្តិធម៌ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីការកំណត់ភារកិច្ចរបស់តុលាការ និងគណៈកម្មការសុរិយោដីពាក់ព័ន្ធនឹងវិវាទដីធ្លី បានបែងចែកជាវិវាទដីធ្លីជា ០២ (ពីរ) ប្រភេទគឺ ១៖ វិវាទដីធ្លីដែលបានចុះបញ្ជីរួចហើយ គឺដីធ្លីដែលមានប័ណ្ណសម្គាល់សិទ្ធិគ្រប់ប្រភេទចេញដោយរដ្ឋបាលសុរិយោដី ត្រូវស្ថិតក្រោមសមត្ថកិច្ចរបស់តុលាការ និង ២៖ វិវាទដីធ្លីដែលមិនទាន់បានចុះបញ្ជីសុរិយោដី គឺដីធ្លីដែលពុំទាន់មានប័ណ្ណសម្គាល់សិទ្ធិគ្រប់ប្រភេទចេញដោយរដ្ឋបាលសុរិយោដី ត្រូវស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការសុរិយោដី ។ ១៖ ការដោះស្រាយវិវាទរបស់គណៈកម្មការសុរិយោដី គណៈកម្មការសុរិយោដីត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ដែលក្នុងនោះរួមមានគណៈកម្មការសុរិយោដី ៣ (បី) ថ្នាក់គឺ គណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខណ្ឌ គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត និងគណៈកម្មការសុរិយោដីថ្នាក់ជាតិ ។ ចំពោះវិធានស្ដីពីនីតិវិធីផ្សេងៗរបស់គណៈកម្មការសុរិយោដី ត្រូវបានកំណត់នៅក្នុងប្រកាសលេខ ១១២ ដនស/ប្រក ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០០២ ស្ដីពីគោលការណ៍ណែនាំ និងនីតិវិធីរបស់គណៈកម្មការសុរិយោដី។ ដោយនៅក្នុងនោះ គណៈកម្មកាសុរិយោដីមានបេសកកម្មដោះស្រាយវិវាទដីធ្លី (ដីគ្មានប័ណ្ណចេញដោយរដ្ឋបាលសុរិយោដី) ដែលមិនទាន់ចុះបញ្ជីសុរិយោដីដែលស្ថិតនៅក្រៅតំបន់វិនិច្ឆ័យ ឬក្នុងតំបន់វិនិច្ឆ័យដែលមិនអាចសម្រុះសម្រួលបានដោយគណៈកម្មការរដ្ឋបាល និងមិនមែនជាវិវាទដីធ្លីដែលពាក់ព័ន្ធនឹង បណ្តឹងទាមទារបែងចែកមរតក ឬវិវាទអំពីកិច្ចសន្យា ទិញលក់ ជួល ឬបញ្ចាំ ជាដើម។ គណៈកម្មការសុរិយោដីធ្វើការដោះស្រាយវិវាទដីធ្លីនីមួយៗដោយចាប់ផ្តើមពីថ្នាក់ស្រុក ខណ្ឌ ឡើងទៅថ្នាក់រាជធានី ខេត្ត និងចុងក្រោយទៅគណៈកម្មការរសុរិយោដីថ្នាក់ជាតិ ៖ ក/. ការដោះស្រាយវិវាទដោយគណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ ការទទួលពាក្យបណ្តឹង និងឆ្លើយតបពាក្យបណ្តឹង៖ បុគ្គលគ្រប់រូបដែលមានវិវាទពាក់ព័ន្ធនឹងដីធ្លីមិនទាន់ចុះបញ្ជីសុរិយោដី មានសិទ្ធិដាក់ពាក្យបណ្តឹងដោយផ្ទាល់ទៅគណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ ។ បន្ទាប់មក គណៈកម្មការនឹងជូនដំណឹងអំពីបណ្តឹងទៅភាគីចុងបណ្តឹង ឬបុគ្គលដែលមានផលប្រយោជន៍ពាក់ព័ន្ធនឹងដីវិវាទដើម្បីឆ្លើយតបក្នុងរយៈពេល៣០ ថ្ងៃ បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹង។ ការស៊ើបអង្កេតបន្ទាប់ពីទទួលពាក្យបណ្តឹង៖ គណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ នឹងចាត់មន្ត្រីឱ្យចុះស៊ើបអង្កេត ដើម្បីជួបជាមួយគូភាគីវិវាទ សាក្សី អាជ្ញាធរមូលដ្ឋាន និងធ្វើការវាស់វែងកំណត់ទំហំដី និងព្រំប្រទល់ដីវិវាទឱ្យបានច្បាស់លាស់។ បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតគណៈកម្មការសុរិយោដីនឹងពិនិត្យមើលថា តើករណីវិវាទនោះស្ថិតក្នុងសមត្ថកិច្ចដោះស្រាយរបស់ខ្លួនឬទេ? ករណីមិនស្ថិតក្នុងសមត្ថកិច្ចបណ្តឹងនោះត្រូវបានច្រានចោល ហើយត្រូវជូនដំណឹងដល់ភាគីវិវាទជាលាយល័ក្ខណ៍អក្សរ ។ ករណីភាគីវិវាទមិនពេញចិត្តចំពោះការច្រានចោលនោះ ភាគីវិវាទនោះអាចប្តឹងទៅគណៈកម្មការសុរិយោដី ថ្នាក់លើបន្ទាប់ក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីភាគីទទួលបានសេចក្តីជូនដំណឹង ឬទម្រង់បែបបទច្រានចោលពាក្យបណ្តឹងនោះ។ អំពីកិច្ចប្រជុំរដ្ឋបាល៖ គណៈកម្មការសុរិយោដីថា្នក់ស្រុក ខណ្ឌ ត្រូវអញ្ជើញគូភាគីវិវាទចូលរួមប្រជុំរដ្ឋបាល ដើម្បីណែនាំអំពីដំណើរការ និងនីតិវិធីនៃការដោះស្រាយវិវាទ។ ភាគីត្រូវធ្វើការជ្រើសរើសអ្នកសម្រុះសម្រួល ៣ រូប និងទទួលព័ត៌មានអំពីសិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើស បុគ្គលណាម្នាក់ដែលភាគីជឿជាក់ថា អាចជួយខ្លួនបានក្នុងនាមជាជំនួយការភាគី។ ទន្ទឹមនោះគូភាគីត្រូវកំណត់ពេលវេលាទីកន្លែងដោះស្រាយជាមួយនឹងអ្នសម្រុះសម្រួល ឬគូភាគីអាចជូនដំណឹងអំពីការសុំជំទាស់ពី វិវាទផលប្រយោជន៍រវាងភាគីណាមួយជាមួយគណៈកម្មការសុរិយោដី។ ការសម្រុះសម្រួល៖ ក្រោយពេលបញ្ចប់ការស៊ើបអង្កេតយ៉ាងតិច ៣០ ថ្ងៃ គិតចាប់ពីថ្ងៃបិទផ្សាយបណ្ដឹង គណៈកម្មការសុរិយោដីថា្នក់ស្រុក ខណ្ឌ ត្រូវបើកកិច្ចប្រជុំដើម្បីសម្រេចលើ ដំណើរការសម្រុះសម្រួលវិវាទ ហើយកិច្ចប្រជុំត្រូវធ្វើឡើងនៅទីតាំងវិវាទ ឬនៅកន្លែងដែលជិតនឹងទីតាំងវិវាទនោះ។ ការសម្រុះសម្រួល និង/ឬ ការសម្រេចរបស់គណៈកម្មការសុរិយោដី ធ្វើឡើងដោយគ្មានការបង្ខិតបង្ខំគ្មានការគំរាមកំហែង មានន័យថាជាការដោះស្រាយមួយដោយ យកការសម្រុះសម្រួលជាមូលដ្ឋាន ពោលគឺ យកឆន្ទៈរបស់គូភាគីវិវាទ ដែលសុខចិត្តចែករំលែកផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ក្រោមការខិតខំប្រឹងប្រែងរកវិធីដោះស្រាយពីអ្នកសម្រុះសម្រួល។ ភាគីវិវាទ និងអ្នកជំនួយការភាគីត្រូវចូលរួមក្នុងកិច្ចប្រជុំសម្រុះសម្រួលនេះ ហើយដំណើរការប្រជុំសម្រុះសម្រួល ត្រូវស្ថិតក្រោមវិធាននៃការសម្រុះសម្រួលមួយ។ ប្រសិនបើការដោះស្រាយទទួលបានជោគជ័យ ភាគីទាំងពីរត្រូវផ្តិតមេដៃលើទម្រង់បែបបទបញ្ចប់វិវាទតាមខ្លឹមសារដែលបានព្រមព្រៀង។ ប្រសិនបើករណីវិវាទ មិនអាចធ្វើការដោះស្រាយដោយការសម្រុះ សម្រួលបានទេនោះ គណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ នឹងបញ្ជូនករណីវិវាទនោះទៅគណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត ដើម្បីធ្វើការដោះស្រាយបន្ត។ ការវាស់វែងត្រៀមចេញប័ណ្ណ៖ ក្រោយពេលវិវាទត្រូវបានដោះស្រាយ បញ្ចប់ដោយជោគជ័យទាំងការសម្រុះ សម្រួល ឬសម្រេច គណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ នឹងចុះធ្វើការវាស់វែងកំណត់ទំហំដី និងព្រំប្រទល់តាមការព្រមព្រៀងរបស់គូភាគី ឬតាមសេចក្តីសម្រេចចូលជាស្ថាពរ។ បន្ទាប់មកមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង ស្រុក ខណ្ឌ នឹងចាប់ផ្តើមនីតិវិធីចុះបញ្ជីក្បាលដីតាមការស្នើសុំរបស់ភាគីវិវាទ ។ ខ/. ការដោះស្រាយវិវាទដោយគណៈកម្មការសុរិយោដីរាជធានី ខេត្ដ បន្ទាប់ពីទទួលបានការបញ្ជូនករណីវិវាទពី គណៈកម្មការសុរិយោដីថា្នក់ស្រុក ខណ្ឌ គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត នឹងព្យាយាមធ្វើការសម្រុះសម្រួលបន្តទៀតតាមនីតិវិធីដែលនកំណត់។ ក្នុងរយៈពេល ៦០ ថ្ងៃ បន្ទាប់ពីបានទទួលបណ្ដឹងវិវាទ គណៈកម្មការសុរិយោដីរាជធានី ខេត្ដ ត្រូវរៀបចំកិច្ចប្រជុំរដ្ឋបាលរវាងគណៈកម្មការសុរិយោដីខេត្ដ ក្រុង និងភាគីវិវាទ។ បើការសម្រុះសម្រួលមិនអាចទទួលបានជោគជ័យទេនោះ គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត ត្រូវធ្វើនីតិវិធីដោយឡែកផ្សេងទៀត គឺការធ្វើសេចក្តីសម្រេច។ បើភាគីណាមួយមិនសុខចិត្ត ចំពោះសេចក្ដីសម្រេចរបស់ គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត ក្នុងរយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីទទួលបានសេចក្តីសម្រេច ឬទទួលបានព័ត៌មានអំពីសេចក្តីសម្រេច ភាគីវិវាទនោះមានសិទ្ធិប្តឹងសុំឱ្យ គណៈកម្មការសុរិយោដីថ្នាក់ជាតិធ្វើសវនាការជាថ្មីបាន។ គ/. ការដោះស្រាយវិវាទដោយគណៈកម្មការសុរិយោដីថ្នាក់ជាតិ គណៈកម្មការសុរិយោដីថ្នាក់ជាតិ មានសិទ្ធិសម្រេចលើវិវាទទាំងឡាយណាដែលស្ថិតនៅក្រៅតំបន់វិនិច្ឆ័យ ហើយដែលមិនអាចដោះស្រាយបានដោយគណៈកម្មការសុរិយោដីថា្នក់ស្រុក ខណ្ឌ និងគណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ដ និងរាល់វិវាទដែលកើតមានក្នុងតំបន់វិនិច្ឆ័យដែលមិនអាចដោះស្រាយបានដោយគណៈកម្មការរដ្ឋបាល។ ក្នុងករណីដែលបានទទួលការបញ្ជូនករណីវិវាទពី គណៈកម្មការសុរិយោដីថ្នាក់រាជធានីខេត្ដ ឬគណៈកម្មការរដ្ឋបាល គណៈកម្មការសុរិយោដីថ្នាក់ជាតិនឹងព្យាយាម ធ្វើការសម្រុះសម្រួលបន្ត តែបើការសម្រុះសម្រួលមិនអាចទទួលបានជោគជ័យទេ គណៈកម្មការសុរិយោដីថ្នាក់ជាតិនឹងបើកសវនាការសម្រេច។ គូភាគីមានសិទ្ធិប្តឹងតវ៉ានឹងសេចក្ដីសម្រេច របស់គណៈកម្មការសុរិយោដីថ្នាក់ជាតិទៅ តុលាការក្នុងរយៈពេល ៣០ថ្ងៃ ក្រោយពីបានទទួលសេចក្តីសម្រេចនេះ។ ២៖ ការដោះស្រាយវិវាទដោយស្ថាប័នតុលាការ តុលាការមានសមត្ថកិច្ចដោះស្រាយលើទំទាស់ដីធ្លីណាដែលបានចុះបញ្ជី និងដីដែលបានផ្ដល់ប័ណ្ណកម្មសិទ្ធិរួចរាល់ហើយ បើយោងតាមប្រកាសរួមលេខ ០៣ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៣ របស់ក្រសួងយុត្ដិធម៌ និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ តុលាការក៏មានសមត្ថកិច្ចផងដែរ ចំពោះបណ្ដឹងតវ៉ានឹងសេចក្ដីសម្រេចរបស់គណៈកម្មធិការសុរិយោដីថ្នាក់ជាតិ។ ក្រៅពីនោះតុលាការក៏មានសមត្ថកិច្ចផងដែរ ពាក់ព័ន្ធនឹងដីមិនទាន់ចុះបញ្ជី (មិនទាន់ចេញប័ណ្ណកម្មសិទ្ធិ) ដូចជាករណីបណ្ដឹងបែងចែកមត៌ក បណ្ដឹងពាក់ព័ន្ធនឹងការទិញលក់ និងការអនុវត្ដសិទ្ធិប្រាតិភោគលើអចលនវត្ថុជាអាទិ៍។ ចំពោះវិវាទដីធ្លី គឺជាប្រភេទរឿងក្ដីរដ្ឋប្បវេណី ដូចនេះភាគី និងតុលាការត្រូវអនុវត្ដតាមគោលការណ៍នៃនីតិវិធីផ្នែករដ្ឋប្បវេណីចំពោះបណ្ដឹងពាក់ព័ន្ធនឹងដីធ្លី។ សរុបជារួមមកវិញ ចំពោះយន្ដការសម្រាប់ដោះស្រាយវិវាទដីធ្លីនៅកម្ពុជា មានពីរប្រភេទ គឺយន្ដការដោះស្រាយវិវាទដោយគណៈកម្មការសុរិយោដី ចំពោះដីដែលមិនទាន់បានចុះបញ្ជី និងការដោះស្រាយដោយស្ថាប័នតុលាការចំពោះដីដែលបានចុះបញ្ជីរួចរាល់ និងមានប័ណ្ណកម្មសិទ្ធិ។ ហេតុដូចនេះសូមបញ្ជាក់ថា រាល់វិវាទដីធ្លីដែលមិនទាន់ចុះបញ្ជី ត្រូវតែបញ្ជូនទៅដោះស្រាយនៅគណៈកម្មការសុរិយោដីជាមុនសិន មុននឹងប្ដឹងមកតុលាការ។ រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងលោក រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group។
2020-04-22 13:58:17
(ភ្នំពេញ)៖ បច្ចុប្បន្នវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាមានសន្ទុះយ៉ាងខ្លាំង មិនថាប្រជាពលរដ្ឋ ឬអ្នកវិនិយោគទេបាននាំគ្នាបណ្តាក់ទុន ទៅលើវិស័យអចលនទ្រព្យជាច្រើន ហើយតាមរយៈការរីកចម្រើននៃវិស័យនេះផងដែរ រដ្ឋក៏ទទួលបានចំណូលជាច្រើនតាមរយៈការប្រមូលពន្ធប្រថាប់ត្រា ។ ពន្ធប្រថាប់ត្រា គឺជាពន្ធដែលរដ្ឋប្រមូលតាមរយៈការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យតាមរយៈការទិញលក់ជាអាទិ៍ ។ សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី ការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ មកធ្វើការចែកជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សនិស្សិតដូចខាងក្រោម៖ ចំពោះអចលនទ្រព្យដែលបានចុះបញ្ជីដោយមានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) រួចរាល់ នៅពេលអចលនវត្ថុត្រូវបានផ្ទេរ នោះអ្នកទទួលកម្មសិទ្ធិត្រូវមានកាតព្វកិច្ចបង់ពន្ធប្រថាប់ត្រាលើការផ្ទេរនោះតាមអត្រា ៤% (បួនភាគរយ) ស្របតាមច្បាប់ជាធរមាន ។ ដើម្បីបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ នៅពេលដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់នៅរដ្ឋបាលសុរិយោដី នោះកម្មសិទ្ធិករ និងអ្នកទទួលកម្មសិទ្ធិ ត្រូវមកបំពេញពាក្យស្នើសុំលើ ការបង់ពន្ធប្រថាប់ត្រាតាមទម្រង់ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដោយត្រូវភ្ជាប់ជាមួយនូវ សំណុំឯកសារផ្ទេរកម្មសិទ្ធិ គំនូសបង្ហាញទីតាំងអចលនទ្រព្យ និងកំណត់បង្ហាញដែលបញ្ជាក់ពីទំហំពិតប្រាកដនៃអចលនទ្រព្យដែលចេញដោយរដ្ឋបាលសុរិយោដី ។ ក្រោយពីបានមកបំពេញពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រា តាមទម្រង់របស់អគ្គនាយកដ្ឋានពន្ធដាររួចហើយ កម្មសិទ្ធិករ ឬអ្នកទទួលបន្តនូវសិទ្ធិត្រូវបញ្ជូនឯកសារទាំងនោះមករដ្ឋបាលសារពើពន្ធ ដើម្បីធ្វើការវាយតម្លៃជាក់ស្តែង និងកំណត់ប្រាក់ពន្ធដែលត្រូវបង់ចូលជាថវិការដ្ឋ ។ ចំពោះអចលនទ្រព្យដែលពុំទាន់បានចុះបញ្ជី (ប្លង់ទន់) ពេលដែលអចលនទ្រព្យនោះត្រូវបានផ្ទេរសិទ្ធិកាន់កាប់នោះអ្នកទទួលសិទ្ធិមានកាតព្វកិច្ចត្រូវបង់ពន្ធប្រថាប់ត្រាតាមអត្រា ៤% (បួនភាគរយ) ស្របតាមច្បាប់ជាធរមានដូចគ្នា នឹងការផ្ទេរកម្មសិទ្ធិលើអចលនទ្រព្យដែលមានប្លង់រឹងផងដែរ ។ គួរបញ្ជាក់ផងដែរ ចំពោះអចលនទ្រព្យដែលពុំទាន់ចុះបញ្ជី ដែលបានផ្ទេរសិទ្ធិកាន់កាប់នៅថ្នាក់ឃុំ សង្កាត់ ឬក្រុង ស្រុក ខណ្ឌ ដែលមានសាវតារផ្ទេរបន្តដៃគ្នាច្រើនដងមុនថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ អនុញាតឲ្យបង់ពន្ធប្រថាប់ត្រាតែមួយលើកចុងក្រោយ ដោយអនុគ្រោះឲ្យដកចេញនូវ មូលដ្ឋានគិតពន្ធប្រថាប់ត្រា ៦០០ ០០០ ០០០ (ប្រាំមួយរយលាន) រៀល សម្រាប់តែអចលនទ្រព្យដែលបានស្នើសុំចុះបដំបូងនៅរដ្ឋបាលសុរិយោដីប៉ុណ្ណោះ ។ ការផ្តល់ការអនុគ្រោះឲ្យដកចេញនូវ មូលដ្ឋានគិតពន្ធប្រថាប់ត្រាខាងលើ គឺមានសុពលភាពអនុវត្តសម្រាប់តែអចលនទ្រព្យដែលបានស្នើសុំចុះបញ្ជីដំបូងនៅរដ្ឋបាលសុរិយោដី ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ។ ដោយឡែក សម្រាប់អចលនទ្រព្យដែលពុំបានចុះបញ្ជី ដែលបានផ្ទេរសិទ្ធិកាន់កាប់បន្តដៃគ្នាជាច្រើនដងមុនថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ត្រូវបង់ពន្ធប្រថាប់ត្រាមួយដងលើកចុងក្រោយ ដោយមិនអនុញាតឲ្យដកនូវមូលដ្ឋានគិតពន្ធ ៦០០ ០០០ ០០០ (ប្រាំមួយរយលាន) រៀល ដូចអចលនទ្រព្យដែលបានស្នើសុំចុះបញ្ជីឡើយ ។ មូលដ្ឋាននៃពន្ធប្រថាប់ត្រានេះត្រូវបានកំណត់តាមលំដាប់អាទិភាព ដូចខាងក្រោម៖ ១៖ តម្លៃអចលនទ្រព្យ ដែលបានកំណត់ក្នុងឧបសម្ព័ន្ធនៃប្រកាសលេខ៣៤៣ សហវ.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ២៖ តម្លៃអចលនទ្រព្យ ដែលបានកំណត់នៅក្នុងកិច្ចសន្យាផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ ឬលិខិតគតិយុត្តពាក់ព័ន្ធផ្សេងទៀត ក្នុងករណីដែលមានតម្លៃស្មើ ឬខ្ពស់ជាងតម្លៃ ដូចមានចែងក្នុងឧបសម្ព័ន្ធនៃប្រកាស៣៤៣សហវ.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ បន្ថែមពីនេះទៅទៀត រាជរដ្ឋាភិបាលក៏បានជួយសម្រាលបន្ទុកជាច្រើនដល់ ប្រជាពលរដ្ឋក្នុងការបង់ពន្ធប្រថាប់ត្រា ពាក់ព័ន្ធនឹងការផ្ទេរកម្មសិទ្ធិ ឬផ្ទេរសិទ្ធិកាន់កាប់ក្នុងរង្វង់ញាតិ និងសកម្មភាពផ្សេងៗ ដែលលក្ខខណ្ឌនៃការលើកលែងបង់ពន្ធប្រថាប់ត្រាត្រូវបានកំណត់ដូចខាងក្រោម៖ ១៖ ការធ្វើសន្តតិកម្មរវាងឪពុក-ម្តាយបង្កើត និងកូនបង្កើត រវាងប្តី និងប្រពន្ធ រវាងយាយ តាបង្កើត និងចៅបង្កើត និងការធ្វើប្រទានកម្មរវាងឪពុក ម្តាយបង្កើត និងកូនបង្កើត រវាងប្តី និងប្រពន្ធ រវាងយាយ តាបង្កើត និងចៅបង្កើត សម្រាប់តែការផ្ទេរលើកទីមួយប៉ុណ្ណោះ ។ ២៖ ការទទួលបានកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ដីក្នុងលក្ខណៈជាដីសម្បទានពី រាជរដ្ឋាភិបាលសម្រាប់ជាប្រយោជន៍សេដ្ឋកិច្ច ឬសង្គមកិច្ច ពីដីឯកជនរបស់រដ្ឋដល់ជនក្រីក្រដែលខ្វះខាតដីសម្រាប់សង់លំនៅដ្ឋាន ឬ/និងធ្វើ កសិឧស្សាហកម្ម ឬកសិកម្មជាលក្ខណៈគ្រួសារ ។ ៣៖ ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យរបស់បេសកកម្មការទូត ឬកុងស៊ុលបរទេស ឬអង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការ បច្ចេកទេសរបស់រដ្ឋាភិបាលនានា និងសកម្មភាពផ្សេងៗទៀត ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានអនុគ្រោះពន្ធក្នុងការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងរង្វង់ញាតិ ដែលធ្វើឡើងរវាងបងនបង្កើត និងរវាងឪពុក-ម្តាយក្មេក និងកូនប្រសារ ត្រូវបានអនុញ្ញាតឲ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រានូវទឹកប្រាក់ចំនួន ២០០ ០០០ ០០០ (ពីររយលាន)រៀល ចំពោះការធ្វើសន្តតិកម្ម និងចំនួន ១០០ ០០០ ០០០ (មួយរយលាន) រៀល ចំពោះការធ្វើប្រទានកម្ម ។ ដោយឡែក ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដដែល ចាប់ពីលើកទី២តទៅ ជាប្រទានកម្មក្នុងរង្វង់ញាតិ រវាងឪពុក ម្តាយបង្កើត និងកូនង្កើត រវាងប្តី និងប្រពន្ធ រវាងយាយ តាបង្កើត និងចៅបង្កើត ត្រូវបានអនុញ្ញាតឲ្យដកញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ១០០ ០០០ ០០០ (មួយរយលាន)រៀល ។ ការលើកលែង ឬអនុគ្រោះពន្ធប្រថាប់ត្រាក្នុងរង្វង់ញាតិខាងលើត្រូវមាន ឯកសារជាភស្តុតាងបញ្ជាក់ទំនាក់ទំនងអំពីញាតិ ដូចជាសៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និង/ឬឯកសារដទៃទៀត ដែលអាចបញ្ជាក់ពីទំនាក់ទំនង ។ ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលត្រូវបានលើកលែង ឬការអនុគ្រោះពន្ធ មានប្រាក់ពន្ធស្មើ ០ (សូន្យ) រៀល ក៏ត្រូវអនុវត្តតាមនីតិវិធី និងបែបបទនៅរដ្ឋបាលសារពើពន្ធជាធរមាន ដើម្បីចុះបញ្ជី និងកត់ត្រាទិន្នន័យនូវរាល់ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យទាំងនោះ ។ សរុបមកពន្ធប្រថាប់ត្រា គឺជាផ្នែកមួយយ៉ាងសំខាន់នៃប្រភពចំណូល របស់រដ្ឋដែលប្រមូលពីការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងសកម្មភាពនានា ដូចមានកំណត់ក្នុងប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជាគុណប្រយោជន៍ដល់ប្រទេសជាតិ ។ រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក លាង ប៊ុនឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕
2020-04-22 13:56:37
(ភ្នំពេញ)៖ វិស័យសំណង់នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ចាប់ផ្ដើមមានការរីកចម្រើន និងរីកដុះដាលជាខ្លាំង ដោយសារមូលហេតុនៃកំណើនវិនិយោគិន និងកំណើនប្រជាជនមានការកើនឡើង ដូច្នេះតម្រូវការរបស់មនុស្សក៏កើនឡើងកាន់តែច្រើនដូចគ្នា ដែលក្នុងនោះយើងសង្កេតឃើញថា មានសំណង់លំនៅដ្ឋាន ឬអគារផ្សេងៗត្រូវបាននឹងកំពុងសាងសង់យ៉ាងហូរហែដើម្បីបំពេញតាមសេចក្ដីត្រូវការស់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិនបរទេស។ ទន្ទឹមនឹងនេះ ដើម្បីធានាថាការសាងសង់ និងសំណង់ទាំងនោះ ត្រូវបានធ្វើឡើងដោយស្របទៅតាមបទដ្ឋានគតិយុត្ត ព្រមទាំងមិនបង្កនូវបញ្ហា ឬគ្រោះថ្នាក់ណាមួយជាយថាហេតុ អ្នកដែលមានបំណងចង់សាងសង់នូវសំណង់ថ្មី ត្រូវទទួលបានលិខិតអនុញ្ញាតសាងសង់ជាមុនសិន ហើយលក្ខខណ្ឌនៃការស្នើសុំលិខិតនេះទៀតសោតក៏ត្រូវបានបញ្ញត្តយ៉ាងជាក់លាក់ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ អំពីនីតិវិធីនៃការស្នើសុំលិខិតអនុញ្ញាតខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការស្នើសុំលិខិតអនុញ្ញាតសាងសង់» មកបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖ យោងតាមអនុក្រឹត្យលេខ ៨៦ អនក្រ.បក ស្ដីពីលិខិតអនុញ្ញាតសាងសង់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ សំណង់ដែលតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់ជាមុនគឺ រាល់ការសាងសង់ថ្មី ឬសាងសង់ឡើងវិញលើអគារដែលមានស្រាប់ (ក្នុងករណីដែលការសាងសង់ឡើងវិញនោះប្ដូរទ្រង់ទ្រាយ ឬទិដ្ឋភាពនៃសំណង់) នៅក្នុងទីក្រុង និងទីប្រជុំជន។ ចំណែកឯសំណង់ជាលំនៅដ្ឋាន របស់ប្រជាពលរដ្ឋដែលស្ថិតនៅទីជនបទ ឬតំបន់ឆ្ងាយពីផ្លូវជាតិ ផ្លូវដែក និងឆ្ងាយពីតំបន់រមណីយដ្ឋានទេសចរណ៍ តំបន់បេតិកភណ្ឌជាតិ ឬតំបន់រក្សាទុកការពារវិញនោះ គឺមិនតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់នោះឡើយ។ លិខិតអនុញ្ញាតសាងសង់ ត្រូវបានតម្រូវឱ្យស្នើសុំដោយម្ចាស់គម្រោង ឬអ្នកតំណាងស្របច្បាប់របស់ម្ចាស់គម្រោង។ ជាក់ស្ដែងនីតិវីធីនៃការស្នើសុំលិខិតអនុញ្ញាតសាងសង់នេះ មិនមានលក្ខណៈស្មុគស្មាញដែលអាចបង្កជា ការលំបាកដល់បងប្អូនប្រជាពលរដ្ឋនោះឡើយ។ មាត្រា៩ នៃអនុក្រឹត្យ ស្ដីពីលិខិតអនុញ្ញាតសាងសង់ បានចែងអំពីឯកសារចាំបាច់សម្រាប់ការស្នើសុំដូចខាងក្រោម៖ ១៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់អចលនវត្ថុ ឬលិខិតកាន់កាប់ដីជាបណ្ដោះអាសន្ន ២៖ សលាកបត្រដីឡូតិ៍ និងប្លង់ទីតាំងអគារនៅក្នុងដីឡូតិ៍ ៣៖ ប្លង់ និងគម្រោងស្ថាបត្យកម្ម វិស្វកម្ម ៤៖ អត្តសញ្ញាណប័ណ្ណសម្គាល់ជាជនជាតិខ្មែររបស់អ្នកស្នើសុំ ៥៖ ពាក្យសុំលិខិតអនុញ្ញាតសាងសង់ដោយមានហត្ថលេខារបស់ម្ចាស់ដី និងអ្នកធ្វើគម្រោង។ (សំណុំលិខិតពាក្យសុំលិខិតអនុញ្ញាតសាងសង់ទាំងអស់ត្រូវធ្វើឡើងជាភាសាខ្មែរ ហើយអត្ថបទជាភាសាអង់គ្លេស និងភាសាបារាំងអាចផ្ដល់ភ្ជាប់ជាមួយនឹងលិខិតនេះបាន) គួរបញ្ជាក់ផងដែរថា អាជ្ញាធរដែលមានសមត្ថកិច្ចក្នុងការចេញលិខិតអនុញ្ញាតសាងសង់មានចំនួន ០៣ ថ្នាក់។ ទី១ គឺថ្នាក់ក្រុង ស្រុក ខណ្ឌ ចំពោះសំណង់ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបតូចជាង ឬស្មើ ៥០០ ម៉ែត្រការ៉េ។ ទី២ គឺថ្នាក់រាជធានី ខេត្ត ចំពោះសំណង់ដែលមានផ្ទៃក្រឡាកម្រាលសំណង់ធំជាង ៥០០ ម៉ែត្រការ៉េ ដល់ ៣០០០ ម៉ែត្រការ៉េ។ រីឯទី៣ គឺគម្រោងសាងសង់ណាដែលមានផ្ទៃក្រឡាកម្រាលសំណង់ធំជាង ៣០០០ ម៉ែត្រការ៉េ ត្រូវមកសុំការអនុញ្ញាតសាងសង់នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផ្ទាល់តែម្តង ។ បើយោងតាមអនុក្រឹត្យខាងលើនេះដដែល រយៈពេលសម្រាប់ពិនិត្យសំណុំលិខិតអនុញ្ញាតសាងសង់ ត្រូវបានកំណត់ត្រឹម ៤៥ ថ្ងៃធ្វើការ។ រយៈពេលនេះ គិតចាពីថ្ងៃដែលរាល់លិខិតស្នាម ភ្ជាប់ជាមួយនឹងពាក្យសុំលិខិត អនុញ្ញាតសាងសង់បានបំពេញសព្វគ្រប់។ នៅចុងរយៈពេលកំណត់នេះ អ្នកស្នើសុំនឹងទទួលបានដំណឹងអំពីសេចក្ដីសម្រេចជាលាយលក្ខអក្សរ ស្ដីពីការអនុញ្ញាត ការមិនអនុញ្ញាត ឬការអនុញ្ញាតដែរ តែស្នើសុំឱ្យកែសម្រួលបន្ថែម។ យោងទៅតាមប្រកាសអន្តរក្រសួងរវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់លេខ ០៣៣ ស.ហ.វ. ប្រ.ក ថ្ងៃទី១២ ខែមករា ២០០៦ ការបង់ថ្លៃក្នុងការស្នើសុំគឺគិតទៅលើទំហំផ្ទៃក្រឡា និងប្រភេទគម្រោងសាងសង់នោះ ។ ឧទាហរណ៍៖ សម្រាប់គម្រោងសំណង់លំនៅដ្ឋាន ដែលមានផ្ទៃក្រឡាសាងសង់ទំហំ ៥០០ ម៉ែត្រការ៉េ តម្លៃសោហ៊ុយសេវាគឺប្រែប្រួលទៅតាមប្រភេទផ្ទះដូចជា ភូមិគ្រឹះត្រូវបង់សេវាចន្លោះពី ៦សែនរៀល ដល់១,៨លានរៀល។ សម្រាប់ផ្ទះល្វែងថ្លៃសេវាចន្លោះពី ៤សែនរៀល ដល់១,២លានរៀល និងសម្រាប់ផ្ទះថ្មក្រោមឈើលើមានតម្លៃចន្លោះពី ១៤ម៉ឺនរៀល ទៅ ២២ម៉ឺនរៀល។ ស្របគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋទាំងអស់គួរគប្បីស្វែងយល់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមនីតិវិធីខាងលើ ដោយហេតុថា រាល់សំណង់ដែលបាន ចាប់ផ្ដើមដោយមិនមានលិខិតអនុញ្ញាត សាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច នឹងត្រូវចាត់ទុកជាបទល្មើស ហើយការដ្ឋានសាងសង់នឹងត្រូវបានបញ្ឈប់ជាបន្ទាន់។ លើសពីនេះ បុគ្គលដែលបានប្រព្រឹត្តល្មើសនឹងបទបញ្ជារបស់មន្ត្រីមានសមត្ថកិច្ច នឹងត្រូវជាប់ចោទ ហើយឧបករណ៍ទាំងអស់នៅក្នុងការដ្ឋាននឹងត្រូវបានរឹបអូស និងអាចរងការពិន័យអន្តរការណ៍ថែមទៀតផង។ (យោងតាមមាត្រា២៤ នៃអនុក្រឹត្យលេខ ៨៦ អនក្រ.បក ស្ដីពីលិខិតអនុញ្ញាតសាងសង់ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ និងយោងតាម ប្រកាសអន្តរក្រសួងស្ដីពី នីតិវិធីនិងបែបបទនៃការធ្វើអធិការកិច្ចសំណង់លេខៈ ១១៨ប្រក/ដ.ន.ស.កយ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩)៕ រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា គន្ធ វិជិតា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕
2020-04-22 13:55:28
(ភ្នំពេញ)៖ កាលពីសប្តាហ៍មុន កម្មវិធីយល់ដឹងផ្នែកច្បាប់ ដែលមានកិច្ចសហការរវាងអង្គភាពសារព័ត៌មាន Fresh News ជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទទាក់ទងនឹង «សិទ្ធិអ្នកនិពន្ធ (ភាគ ១)» ដែលបកស្រាយអំពីប្រភេទនៃស្នាដៃរបស់អ្នកនិពន្ធ មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋរួចមកហើយ។ សម្រាប់សប្តាហ៍នេះ យើងខ្ញុំនឹងលើកយកប្រធានបទទាក់ទងនឹង «សិទ្ធិអ្នកនិពន្ធ (ភាគ ២)» ដែលបកស្រាយអំពីវិសាលភាពនៃសិទ្ធិ លក្ខខណ្ឌ និងនីតិវិធីដើម្បីទទួលបានកិច្ចការពារពីច្បាប់លើស្នាដៃអ្នកនិពន្ធដូចខាងក្រោម៖ I. សិទ្ធិរបស់អ្នកនិពន្ធ៖ អ្នកនិពន្ធទទួលបានសិទ្ធិផ្តាច់មុខលើស្នាដៃ។ សិទ្ធិនេះត្រូវបានទទួលស្គាល់ដោយច្បាប់ជាតិ ។ សិទ្ធិអ្នកនិពន្ធមានពីរប្រភេទ គឺសិទ្ធិបេតិកភណ្ឌ និងសិទ្ធិសីលធម៌ ។ ១. សិទ្ធិបេតិកភណ្ឌ សិទ្ធិបេតិកភណ្ឌ ជាសិទ្ធិប្រកបអាជីវកម្មរបស់អ្នកនិពន្ធលើទ្រព្យជាស្នាដៃរបស់ខ្លួនតាមរយៈការផលិតឡើងវិញ ការផ្សព្វផ្សាយជាសារធារណៈ និងការបង្កើតស្នាដៃបន្ត ។ អ្នកនិពន្ធមានសិទ្ធិផ្តាច់មុខធ្វើដោយខ្លួនឯង ឬអនុញ្ញាតឲ្យគេធ្វើកិច្ចការដូចតទៅ៖ ក. ការបកប្រែជាភាសាបរទេសនូវស្នាដៃរបស់ខ្លួន ។ ខ. ការយកលំនំាតាម ឬការកែសម្រួលផ្សេងៗទៀតនៃស្នាដៃ ។ គ. ការជួលស្នាដៃច្បាប់ដើម ឬច្បាប់ចម្លងស្នាដៃសោតទស្សន៍ ឬស្នាដៃថតបញ្ចូលជាហ្វូណូក្រាម កម្មវិធីកុំព្យូទ័រ ប្រព័ន្ធទិន្នន័យ ឬស្នាដៃតូរ្យតន្ត្រីជាអក្សរភ្លេង ។ ឃ. ការចែកចាយជាសាធារណៈតាមការលក់ ការជួល ឬតាមមធ្យោបាយផ្សេងទៀតនូវច្បាប់ដើម ឬច្បាប់ចម្លងដែលពុំទាន់បានលក់ ឬផ្ទេរកម្មសិទ្ធិ ។ ង. ការនំាចូលក្នុងប្រទេសនូវស្នាដៃចម្លងចេញពីស្នាដៃរបស់សាមីខ្លួនដែលជាអ្នកនិពន្ធ ។ ច. ការសម្តែងស្នាដៃជាសាធារណៈ ។ ជ. ការផ្សាយស្នាដៃជាសាធារណៈ ។ ឈ. ការផ្សាយស្នាដៃតាមទូរផ្សាយ ។ ញ. ការផ្សាយស្នាដៃជាសាធារណៈតាមវិធីផ្សេងៗទៀត ។ សិទ្ធិដាក់ជួលក្នុងចំនុច គ មិនត្រូវអនុវត្តចំពោះការជួលកម្មវិធីកុំព្យូទ័រឡើយ ក្នុងករណីដែលកម្មវិធីកុំព្យូទ័រនោះមិនមែនជាកម្មវត្ថុដ៏សំខាន់សម្រាប់ការដាក់ជួល ។ ២. សិទ្ធិសីលធម៌ សិទ្ធិសីលធម៌របស់អ្នកនិពន្ធមានបីចំនុចដូចខាងក្រោម៖ ក. អ្នកនិពន្ធមានសិទ្ធិផ្តាច់មុខក្នុងការសម្រេចអំពីរបៀប និងពេលនៃការផ្សព្វផ្សាយស្នាដៃរបស់ខ្លួនជាសាធារណៈ ព្រមទាំងបែបបទគ្រប់គ្រងការផ្សព្វផ្សាយ ។ ខ. អ្នកនិពន្ធមានសិទ្ធិកំណត់ឲ្យគេទទួលស្គាល់ឈ្មោះ ឋានៈ និងស្នាដៃរបស់ខ្លួនសំរាប់ទាក់ទងជាមួយសាធារណជន ។ គ. អ្នកនិពន្ធមានសិទ្ធិជំទាស់នូវគ្រប់រូបភាពនៃការបំផ្លើស ឬការកាត់ចោលខ្លឹមសារ ឬការកែរប្រែខ្លឹមសារជាហេតុធ្វើឲ្យខូចកិត្តិយស ឬកេរ្តិ៍ឈ្មោះរបស់ខ្លួន ។ សិទ្ធិសីលធម៌របស់អ្នកនិពន្ធគឺជាសិទ្ធិអចិន្រ្តៃយ៍មិនអាចលក់ដូរបាន មិនអាចរឹបអូសបាន និងមិនអាចផុតអាជ្ញាយុកាល ។ II. លក្ខខណ្ឌការពារស្នាដៃតាមរយៈសិទ្ធិអ្នកនិពន្ធ៖ ច្បាប់ស្តីពីអ្នកនិពន្ធ បានបង្កើតនូវលក្ខខណ្ឌមួយចំនួន ដើម្បីឲ្យស្នាដៃដែលត្រូវបាន បង្កើតរួចរាល់ហើយអាចទទួលបាននូវកិច្ចការពារពីច្បាប់ ឬអាចនិយាយម្យ៉ាងទៀតថានឹងអាចបង្កើតសិទ្ធិ ឲ្យដល់អ្នកដែលខំប្រឹងប្រែងបង្កើតស្នាដៃនោះ ។ ក្នុងប្រព័ន្ធនីតិកម្មសិទ្ធិបញ្ញានៃប្រទេសកម្ពុជាស្នាដៃអ្នកនិពន្ធត្រូវបានការពារដោយស្វ័យប្រវត្តិ មានន័យថា ស្នាដៃអាចទទួលបានកិច្ចការពារតាមរយៈសិទ្ធិអ្នកនិពន្ធ ទោះបីជាបានចុះបញ្ជី ឬមិនបានចុះបញ្ជីក៏ដោយ ។ ពោលគឺការចុះបញ្ជីដើម្បីការពារស្នាដៃអ្នកនិពន្ធគឺជា សិទ្ធិរបស់ម្ចាស់ស្នាដៃ ពុំមែនជាកាតព្វកិច្ចតម្រូវដោយច្បាប់ ដូចកម្មសិទ្ធិបញ្ញាផ្សេងទៀតនោះឡើយ ។ ប៉ុន្តែក្នុងករណីដែលអ្នកនិពន្ធ ឬម្ចាស់សិទ្ធិ ចង់ចុះបញ្ជីដើម្បីទទួលបានកិច្ចការពារលើស្នាដៃរបស់ខ្លួន គឺដាក់ពាក្យស្នើសុំចុះបញ្ជីស្នាដៃសិទ្ធិអ្នកនិពន្ធនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ ក. លក្ខខណ្ឌភាពដើមនៃស្នាដៃអ្នកនិពន្ធ ស្នាដៃដែលអាចត្រូវបានការពារតាមរយៈសិទ្ធិអ្នកនិពន្ធ ត្រូវបំពេញលក្ខខណ្ឌ «ស្នាដៃដើម» ។ ស្នាដៃដើម ជាស្នាដៃដែលត្រូវបានបង្កើតឡើងតាមគំនិតប្រាជ្ញាផ្ទាល់របស់អ្នកនិពន្ធនៃស្នាដៃនោះ ។ ស្នាដៃដើម ជាស្នាដៃដែលមិនចម្លងពីស្នាដៃតតិយជន ។ ប៉ុន្តែភាពដើមនៃស្នាដៃពុំតម្រូវឲ្យស្នាដៃមួយត្រូវតែមានភាពថ្មីដាច់ខាត ឬភាពបង្កើតបានមុនគេនៃស្នាដៃនោះទេ មានន័យថាស្នាដៃថ្មីទោះបីមានលក្ខណៈដូច ឬស្រដៀងទៅនឹងស្នាដៃពីមុនក៏ដោយ ឲ្យតែមិនត្រូវបានចម្លងទាំងស្រុងពីស្នាដៃមុន អាចត្រូវបានការពារតាមរយៈសិទ្ធិអ្នកនិពន្ធដែរ ។ ភាពដើមអាចនឹងប្រែប្រួលផងដែរ ទៅតាមលក្ខណៈនៃការប្រើប្រាស់ គំនិតប្រាជ្ញារបស់អ្នកនិពន្ធម្នាក់ទៅបង្កើតស្នាដៃមួយ ។ នៅក្នុងច្បាប់ក៏បានបែងចែកពីភាពខុសប្លែកគ្នារវាងស្នាដៃមុន និងស្នាដៃថ្មី ដោយផ្អែកលើការកម្រិតនៃភាពខុសគ្នា ដោយត្រូវពិចារណាលើកម្រិតនៃ ការខិតខំប្រឹងប្រែងនៃស្នាដៃទាំងពីរ ។ កម្រិតនៃភាពខុសគ្នា នៃស្នាដៃទាំងពីរ គឺគេពិនិត្យទៅលើសណ្ឋាននៃស្នាដៃ ដូចជារូបភាព អត្ថន័យ ពណ៌ ។ល។ ថាតើវាមានភាពដូចគ្នាច្រើនរវាងស្នាដៃមុន និងស្នាដៃថ្មីឬទេ ។ រីឯកម្រិតនៃកិច្ចខិតខំប្រឹងប្រែង គឺសំដៅទៅលើការចំណាយពេលវេលា ហិរញ្ញវត្ថុ និងកិច្ចខិតខំផ្សេងទៀតនៅក្នុងការ បង្កើតស្នាដៃរបស់ម្ចាស់ស្នាដៃ ។ ខ. លក្ខខណ្ឌនីត្យានុកូលភាពនៃស្នាដៃ ស្នាដៃរបស់អ្នកនិពន្ធដែលអាចទទួលបាននូវកិច្ចការពារ ត្រូវតែជាប្រភេទស្នាដៃដែលមានចែងនៅក្នុងច្បាប់សិទ្ធិអ្នកនិពន្ធ ។ ច្បាប់នេះកំណត់ប្រភេទស្នាដៃដែលអាចត្រូវបានការពារ និងមិនអាចការពារនៅក្នុងប្រទេសកម្ពុជា ។ លើសពីនេះទៅទៀត ច្បាប់សិទ្ធិអ្នកនិពន្ធផ្តល់កិច្ចការពារលើស្នាដៃដែត្រូវបាន បង្កើតឡើងនៅក្នុងប្រទេសកម្ពុជា និងនៅឯបរទេស ដោយកំណត់លក្ខខណ្ឌពិសេសដោយឡែកផ្សេងទៀត ។ ស្នាដៃដែលត្រូវបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា គឺជាស្នាដៃដែលត្រូវបានបង្កើតឡើង ស្របតាមច្បាប់នៃប្រទេសកម្ពុជាដោយ ជនដែលមានសញ្ជាតិខ្មែរ ឬដោយជនបរទេសដែលមានលំនៅក្នុងប្រទេសកម្ពុជា ឬ ស្នាដៃរបស់នីតិបុគ្គលដែលមានទីតាំងចុះបញ្ជីស្របច្បាប់ក្នុងប្រទេសកម្ពុជា ។ ស្នាដៃដែលត្រូវបានបង្កើតឡើងនៅឯបរទេសដោយជនជាតិខ្មែរ ឬជនបរទេស ត្រូវចាត់ទុកថាជាស្នាដៃបរទេស ហើយមិនស្ថិតក្រោមការអនុវត្តច្បាប់នៃប្រទេសកម្ពុជាឡើយ ។ ប៉ុន្តែស្នាដៃបរទេសនេះក៏នឹងទទួលបាន នូវកិច្ចការពារស្របច្បាប់ក្នុងប្រទេសកម្ពុជាដែរ ប្រសិនបើស្នាដៃនោះត្រូវបានយកមកបោះពុម្ពផ្សាយលើកដំបូងនៅប្រទេសកម្ពុជា ឬត្រូវបានយកបោះពុម្ពផ្សាយក្នុងរយៈពេល ៣០ ថ្ងៃ នៅប្រទេសកម្ពុជាចាប់ពីថ្ងៃបោះពុម្ពផ្សាយលើកដំបូង នៅប្រទេសសញ្ជាតិដើមស្នាដៃនោះ ។ III. ការកម្រិតសិទ្ធិអ្នកនិពន្ធ៖ ទោះបីជាអ្នកនិពន្ធត្រូវបានផ្តល់សិទ្ធិឲ្យក្នុងការកាពារស្នាដៃរបស់ខ្លួនតាមរយៈច្បាប់ក៏ដោយ ប៉ុន្តែច្បាប់ក៏បានចែងអំពីការកម្រិតសិទ្ធិអ្នកនិពន្ធផងដែរ ដែលអ្នកនិពន្ធមិនអាចធ្វើការហាមឃាត់បានចំពោះ៖ ក. ការសម្តែងស្នាដៃជាឯកជនដោយមិនគិតជាកម្រៃ ជាការសម្តែងក្នុងរង្វង់គ្រួសារ ឬញាតិមិត្ត ។ ខ. ការរៀបចំទុកក្នុងបណ្ណាល័យនូវសំណៅស្នាដៃណាមួយ ដើម្បីរក្សាទុកឲ្យបានគង់វង្ស ឬដើម្បីទុកសម្រាប់ធ្វើការស្រាវជ្រាវ ។ គ. ការប្រើប្រាស់ស្នាដៃសម្រាប់ការសិក្សាដោយគ្មានរកប្រាក់កម្រៃ ។ ឃ. ការបកប្រែស្នាដៃពីភាសាខ្មែរទៅជាភាសាជនជាតិភាគតិច ឬបកប្រែពីភាសាជនជាតិភាគតិចមកជាភាសាខ្មែរ ។ IV. រយៈពេលនៃកិច្ចការពារសិទ្ធិបេតិកភណ្ឌ៖ សិទ្ធិបេតិកភណ្ឌត្រូវបានការពារចាប់តាំងពីថ្ងៃដែលបានបង្កើតស្នាដៃ ។ រយៈពេលកិច្ចការពារសិទ្ធិនេះត្រូវប្រព្រឹត្តទៅអស់មួយជីវិតអ្នកនិពន្ធ ព្រមទាំងប្រព្រឹត្តទៅ ៥០ ឆ្នាំ ក្រោយថ្ងៃទទួលមរណភាពរបស់អ្នកនិពន្ធ ។ កិច្ចការពារសិទ្ធិបេតិកភណ្ឌលើស្នាដៃសហការប្រព្រឹត្តទៅអស់មួយជីវិតអ្នកនិពន្ធ ដែលរស់នៅចុងក្រោយគេ ព្រមទាំងប្រព្រឹត្តទៅរយៈពេល ៥០ (ហាសិប) ឆ្នាំ ក្រោយថ្ងៃទទួលមរណភាពរបស់អ្នកនិពន្ធចុងក្រោយនេះ ។ (មាត្រា ៣០) សិទ្ធិបេតិកភណ្ឌលើស្នាដៃមួយដែលត្រូវបានបោះផ្សាយជាអានាមិកក្តី ឬជារហស្សនាមក្តី ត្រូវទទួលបានកិច្ចការពារពីច្បាប់នេះ ក្នុងរយៈពេល ៧៥ ឆ្នាំ គិតចាប់ពីដំណាច់ឆ្នាំប្រក្រតីទិននៃឆ្នាំ ដែលស្នាដៃនោះបានបោះពុម្ពផ្សាយជាលើកដំបូង ដោយមានការអនុញ្ញាពីម្ចាស់កម្មសិទ្ធិ ។ (មាត្រា ៣១ កថាខណ្ឌទី១) សិទ្ធិបេតិកភណ្ឌលើស្នាដៃសមូហភាព ឬស្នាដៃសោតទស្សន៍ ឬស្នាដៃបច្ឆាមរណៈត្រូវទទួលបាននូវកិច្ចការពារក្នុងរយៈពេល ៧៥ ឆ្នាំ គិតចាប់ពីដំណាច់ឆ្នាំប្រតិទិននៃឆ្នាំដែលស្នាដៃនោះបានផ្សព្វផ្សាយលើកដំបូងត្រឹមត្រូវតាមច្បាប់ ។ (មាត្រា ៣១ កថាខណ្ឌទី៤) សរុបជារួម រាល់ស្នាដៃទាំងអស់ត្រូវទទួលបាននូវកិច្ចការពារពីច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដោយស្វ័យប្រវត្តិ ។ អ្នកនិពន្ធ ឬម្ចាស់កម្មសិទ្ធិអាចតម្កល់ទុកស្នាដៃនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ ម្យ៉ាងវិញទៀតច្បាប់នេះទទួលស្គាល់ជនដែលបង្កើតស្នាដៃវប្បធម៌ ហើយជននោះមានសិទ្ធិផ្តាច់មុខលើស្នាដៃ និងធានាទទួលបាននូវផលប្រយោជន៍ ពេលណាមានអ្នកផ្សេងធ្វើអាជីកម្មលើស្នាដៃរបស់ខ្លួន ។ រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងកញ្ញា សាំង សុភាព សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ៤៥៣៥ ផ្លូវលេខ១០០៣ ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ president@ciclg.com, គេហទំព័រ៖ www.ciclg.com ហេ្វសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.
2020-04-22 13:54:20
(ភ្នំពេញ)៖ វិស័យពាណិជ្ជកម្ម គឺជាវិស័យមួយដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេស ពិសេសចំពោះប្រទេសដែលប្រកាន់ខ្ជាប់យកនូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ។ ក្រោយពីកម្ពុជាបានផ្លាស់ប្ដូរប្រព័ន្ធសេដ្ឋកិច្ចផែនការ ទៅជាប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីយើងសង្កេតឃើញថា សកម្មភាពពាណិជ្ជកម្មមានការរើកដុះដាលយ៉ាងខ្លាំងនៅក្នុងទីផ្សារកម្ពុជា ។ ស្របពេលជាមួយគ្នានេះដែរ ក៏មានបញ្ហាជាច្រើនបានកើតមានទៅលើវិស័យនេះផងដែរ ដូចជាការក្លែងបន្លំនូវម៉ាក ពាណិជ្ជនាម ឬការធ្វើការប្រកួតប្រជែងយកទីផ្សារដែលមានលក្ខណៈមិនស្មោះត្រង់ជាដើម ។ ដូច្នេះដើម្បីការពារម៉ាក់ ឬពាណិជ្ចនាម (ឈ្មោះក្រុមហ៊ុន ឬសហគ្រាស) ឬសេវាផ្សេងៗ អ្នកត្រូវយល់ដឹងពីគុណសម្បត្តិក្នុងការចុះបញ្ជី និងគុណវិបត្តិដែលមិនបានចុះបញ្ជី ពាណិជ្ជនាម ឬម៉ាក់ដូចដែលមានចែងនៅក្នុងច្បាប់ស្ដីពីម៉ាក ពាណិជ្ចនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់។ ដោយកាលពីសប្ដាហ៍មុន កម្មវិធីយល់ដឹងផ្នែកច្បាប់ ដែលមានកិច្ចសហការរវាងអង្គភាពសារព័ត៌មាន Fresh News ជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិបានលើកយកប្រធានបទស្ដីអំពី «ម៉ាក» ធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាសិស្សនិសិ្សតរួចមកហើយ ដូច្នេះសម្រាប់សប្តាហ៍នេះយើងខ្ញុំសូមលើកយកប្រធានបទដែលទាក់ទងនឹងកម្មសិទ្ធិបញ្ញាស្ដីពី «ពាណិជ្ជនាម» មកធ្វើការបង្ហាញជូនដល់បងប្អូនប្រជាពលរដ្ឋវិញម្ដង៖ ដូចម្តេចដែលហៅថា ពាណិជ្ជនាម? តើពាណិជ្ជនាមណាខ្លះដែលមានសិទ្ធិចុះបញ្ជី និងត្រូវបានការការពារដោយច្បាប់ ? យោងតាមមាត្រា ២ កថាខណ្ឌ “គ” នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ បានបញ្ញត្តិថា «ពាណិជ្ជនាម» គឺជាឈ្មោះ ឬសញ្ញាសំគាល់ ឬជាឈ្មោះ និងសញ្ញាសំគាល់សំរាប់បញ្ជាក់ និងសំគាល់ លក្ខណៈខុសៗគ្នានៃសហគ្រាសនីមួយៗ ។ បើពិនិត្យទៅលើនិយមន័យនៃពាក្យ «ពាណិជ្ជនាម» ហាក់បីដូចជាច្រឡំទៅនឹងនិយមន័យនៃ «ម៉ាក» ។ ដូច្នេះដើម្បីកុំឱ្យការភាន់ច្រឡំសូមមើលឧទាហរណ៍ដូចតទៅ៖ ឧទាហរណ៍១៖ លោក “ក” មានក្រុមហ៊ុនភេសជ្ជៈមួយឈ្មោះ “C” ដូច្នេះឈ្មោះក្រុមហ៊ុនរបស់លោក “ក” យើងហៅថាជា “ពាណិជ្ជនាម” ដោយឡែក ឡូហ្គូ(Logo) របស់ភេសជ្ជៈ “C” យើងហៅថា “ម៉ាក” ។ ឧទាហរណ៍២៖ ឈ្មោះក្រុមហ៊ុន របស់ក្រុមហ៊ុន ហាម៉ុន ហ្គ្រេន អ៊ីនធឺណេសិនណល ខូលអិល ធីឌី គឺជាពាណិជ្ជនាមរបស់ក្រុមហ៊ុន ដោយឡែក ឡូហ្គូ(Logo) របស់ក្រុមហ៊ុន យើងហៅថា “ម៉ាក” ។ ជាមួយគ្នាផងដែរ “ពាណិជ្ជនាម” មួយចំនួនត្រូវបានហាមឃាត់ក្រោមច្បាប់ជាតិ មិនឱ្យធ្វើការចុះបញ្ជី ដើម្បីទទួលបានកិច្ចការពារនោះទេ ។ យោងតាមស្មារតីនៃមាត្រា ២០ នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ បានកំណត់ពីពាណិជ្ជនាមដែលហាម មិនឱ្យចុះបញ្ជីដូចខាងក្រោម ៖ • ឈ្មោះ ឬនាម ឬសញ្ញាសម្គាល់មិនត្រូវបានប្រើប្រាស់ជាពាណិជ្ជនាមឡើយ ប្រសិនបើសារជាតិ ឬការប្រើប្រាស់នាម ឬសញ្ញាសម្គាល់ដែលបានកំណត់នោះ ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ឬសិលធម៌ ។ • ជាពិសេសការកំណត់ឈ្មោះ ឬនាមនោះ មិនអាចបំពេញនូវលក្ខណៈលេចធ្លោដាច់ដោយឡែកពីប្រភេទក្រុមហ៊ុន សហគ្រាសនីមួយៗ ដែលធ្វើឱ្យមជ្ឈដ្ឋានពាណិជ្ជកម្ម ឬសាធារណជនភាន់ច្រឡំ ។ ឧទាហរណ៍៖ ឈ្មោះ “អលង្ការប៉ៃលិន” មិនមែនជាឈ្មោះសមស្របសម្រាប់ក្រុមហ៊ុមមួយឡើយ ប្រសិនបើក្រុមហ៊ុននោះ មិនមានលក់គ្រឿងអលង្ការត្បូងពីតំបន់ប៉ៃលិន។ ពោលប្រសិនបើយើងដាក់ឈ្មោះដូច្នេះ អាចនឹងធ្វើឱ្យសាធារណជនយល់ច្រឡំដោយគិតថាគ្រឿងអលង្ការទាំងនោះ នាំយកមកពីខេត្តប៉ៃលិន ។ ក្រៅអំពីការហាមឃាត់ពាណិជ្ជនាម(ឈ្មោះ) មួយចំនួនដែលមិនអាចចុះបញ្ជីបាន ដោយឡែកយោងទៅតាមមាត្រា២១ នៃច្បាប់ដដែលក៏បានបញ្ញត្តិការពារដល់បុគ្គលដែល ត្រូវបានគេរំលោភបំពានដូចខាងក្រោម៖ • ទោះជាច្បាប់ ឬបទបញ្ជាទាំងឡាយចែងអំពីកាតព្វកិច្ចក្នុងការចុះបញ្ជីពាណិជ្ជនាមក៏ដោយ ក៏នាមទាំងនោះត្រូវបានការពារប្រឆាំងនឹងទង្វើមិនស្របច្បាប់របស់ភាគីទីបី ទោះមុនការចុះបញ្ជី ឬគ្មានការចុះបញ្ជីក៏ដោយ ។ • ការប្រើប្រាស់ពាណិជ្ជនាមជាបន្តបន្ទាប់ដោយភាគីទីបី ទោះបីជាពាណិជ្ជនាម ឬម៉ាក ឬជាម៉ាកសមូហភាព ឬការប្រើប្រាស់ណាមួយដែលអាចធ្វើឱ្យ សាធារណជនភាន់ច្រឡំ ត្រូវចាត់ទុកថាមិនស្របច្បាប់ ។ សរុបមក ដើម្បីការពារនូវពាណិជ្ជនាមក្រុមហ៊ុន ឬសហគ្រាស ដែលជាស្នាដៃរបស់ខ្លួនបាន ម្ចាស់ក្រុមហ៊ុន ឬម្ចាស់សហគ្រាស ចាំបាច់ត្រូវយកពាណិជ្ជនាមដែលខ្លួនបានបង្កើតឡើង ទៅចុះបញ្ជីពាណិជ្ជនាមនៅក្រសួងពាណិជ្ជកម្ម ជៀសវាងនូវការរំលោភបំពាន ពីសំណាក់ដៃគូ ឬជនខិលខូច ក្នុងកាលៈទេសៈណាមួយជាយថាហេតុ ។ រៀបរៀងដោយ៖ លោក ប៊ុន វិទូ និងកញ្ញា យ៉េ នីតា សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជាធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ president@ciclg.com, គេហទំព័រ៖ www.ciclg.com ហេ្វសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group
2020-04-22 13:53:00
(ភ្នំពេញ)៖ ម៉ាក ត្រូវបានសិប្បករប្រើប្រាស់ តាំងពីសម័យដើមយូរលង់ណាស់មកហើយ ដោយគេសង្កេតឃើញផលិតករ ឬសិប្បករបានចារឈ្មោះ ឬ ឆ្លាក់រូបអ្វីមួយនៅលើផលិតផល ដែលគេបានផលិត ដើម្បីសម្គាល់ថាផលិតផលនោះជាស្នាដៃរបស់ខ្លួន ។ នៅក្នុងសម័យទំនើប ម៉ាកគឺជាសញ្ញាសម្គាល់ផលិតផលទំនិញ ឬសម្គាល់សេវាកម្មរបស់បុគ្គល ឬក្រុមហ៊ុននីមួយៗដែលមានលក្ខណៈសម្គាល់ប្លែកៗពីគ្នា ។ ការបែងចែកឲ្យមានម៉ាកនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះតាមរយៈការប្រើប្រាស់ម៉ាក អតិថិជនអាចធ្វើការបែងចែកប្រភព ឬអត្តសញ្ញាណនៃទំនិញ ឬសេវារបស់សហគ្រាសមួយទៅ សហគ្រាសមួយផ្សេងទៀតជាដៃគូប្រកួតប្រជែងរបស់ខ្លួន ដែលវាជាការផ្តល់ជម្រើសមួយដល់អតិថិជន និងចៀសវាងការក្លែងបន្លំនូវម៉ាករបស់ខ្លួនពីបណ្តាសហគ្រាសដែលជាដៃគូប្រកួតប្រជែង ។ សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់ ដែលមានកិច្ចសហការរវាងអង្គភាពសារព័ត៌មាន Fresh News ជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទដែលទាក់ទងនឹង «កម្មសិទ្ធិបញ្ញាស្តីពី ម៉ាក» មកធ្វើការបង្ហាញដល់បងប្អូនប្រជាពលរដ្ឋ ដូចខាងក្រោម៖ ដូចម្តេចដែលហៅថា ម៉ាក? តើម៉ាកណាខ្លះដែលមានសិទ្ធិចុះបញ្ជី និងម៉ាកណាខ្លះពុំមានសិទ្ធិចុះបញ្ជី នៅក្នុងព្រះរាជាណាចក្រកម្ពុជា? យោងតាមមាត្រា ២ កថាខណ្ឌ “ក” នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ បានបញ្ញត្តិថា “ម៉ាក” គឺជាសញ្ញាដែលមើលឃើញ ហើយអាចសំគាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវានៃសហគ្រាសនីមួយៗ ។ ម៉ាកដែលប្រើប្រាស់សម្រាប់ទំនិញ ហៅថា ពាណិជ្ជសញ្ញា ហើយម៉ាកដែលប្រើប្រាស់សម្រាប់សេវា ហៅថា សេវាសញ្ញា ។ ម៉ាកអាចមានលក្ខណៈជាពាក្យ អក្សរ លេខ រូបភាព រូបសញ្ញា (ឡូហ្គូ) និមិត្តសញ្ញា ពណ៌ បង្គុំនៃពណ៌ ឬ បង្គុំនៃសញ្ញា ។ ឧទាហរណ៍៖ ម៉ាកជាអក្សរ ជាលេខ មានដូចជា៖ ម៉ាក New One ម៉ាក Land Rover ម៉ាក 555 ម៉ាកជារូបភាព ឬ រូបសញ្ញា (ឡូហ្គូ) ឬ និមិត្តសញ្ញា និងបង្គុំនៃពណ៌មានដូចជា៖ ម៉ាក Total ម៉ាក Toyota ម៉ាក SHELL ទន្ទឹមនឹងនោះដែរ ក៏មានម៉ាកមួយចំនួនត្រូវបានហាមឃាត់ក្រោមច្បាប់ជាតិ មិនឲ្យធ្វើការចុះបញ្ជី ដើម្បីទទួលបានកិច្ចការពារនោះទេ ។ យោងតាមមាត្រា ៤ នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ កំណត់ពីម៉ាកមួយចំនួនដែលមិនអាចចុះបញ្ជីបាន ដូចខាងក្រោម៖ - ម៉ាកដែលមិនអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវា របស់សហគ្រាសមួយ ទៅនឹងសហគ្រាសមួយផ្សេងទៀត ។ - ម៉ាកដែលបណ្តាលឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌ ឬប្រពៃណីល្អរបស់ជាតិ ។ ឧទាហរណ៍៖ ម៉ាកដែលប្រើពាក្យ ឬ រូបអាសអាភាស ទាំងដោយផ្ទាល់ និងដោយប្រយោល ដែលធ្វើឲ្យប៉ះពាល់ដល់សង្គម ។ - ម៉ាកដែលនាំឲ្យសាធារណជន ឬមជ្ឈដ្ឋានពាណិជ្ជកម្ម ភាន់ច្រឡំទៅនឹងប្រភពភូមិសាស្ត្រទំនិញ ឬសេវាពាក់ព័ន្ធ ឬធាតុដើម ឬលក្ខណៈខាងក្រៅរបស់ទំនិញ ឬសេវានោះ ។ ឧទាហរណ៍៖ ការវេចខ្ចប់ម្រេចដែលដាក់នៅលើសំបកថា ជាម្រេចរបស់ខេត្តកំពត ប៉ុន្តែជាក់ស្តែងម្រេចនោះត្រូវបានគេដាំនៅខេត្តមណ្ឌលគីរី ។ - ម៉ាកដែលដូចគ្នានឹង ឬត្រាប់តាម ឬមានចំណុចណាមួយដូច សញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឈ្មោះ ឬឈ្មោះសង្ខេប ឬអក្សរកាត់ ឬសញ្ញា ឬត្រាជាផ្លូវការ ដែលអនុម័តដោយរដ្ឋណាមួយ អង្គការអន្តររដ្ឋាភិបាល ឬអង្គការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋនោះ ឬអង្គការនោះ ។ - ម៉ាកដែលដូចគ្នា ឬប្រហាក់ប្រហែលគ្នា ដែលនាំឲ្យច្រឡំនឹងម៉ាក ឬពាណិជ្ជកម្មមួយដែលល្បីក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបង្កើតពីការបកប្រែនៃម៉ាក ឬពាណិជ្ជនាមដែលល្បីនោះ សម្រាប់ទំនិញ ឬសេវាដូចគ្នា ឬប្រហាក់ប្រហែលគ្នានៃសហគ្រាសមួយទៀត ។ - ម៉ាកដែលដូចគ្នា ឬប្រហាក់ប្រហែលគ្នា ដែលនាំឲ្យច្រឡំនឹងម៉ាក ឬពាណិជ្ជកម្មមួយដែលល្បី ឬបង្កើតពីការបកប្រែនៃម៉ាក ឬពាណិជ្ជនាមដែលល្បីនោះ ហើយដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ទំនិញ ឬសេវាដែលមិនដូចគ្នា ឬមិនប្រហាក់ប្រហែលគ្នា ដោយការប្រើប្រាស់ម៉ាកនោះ ធ្វើឲ្យខូចខាតប្រយោជន៍របស់ម្ចាស់ម៉ាកល្បី ។ - ម៉ាកដែលដូច ឬស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងម៉ាកដែលជាកម្មសិទ្ធិរបស់ម្ចាស់ផ្សេង ដែលបានចុះបញ្ជីរួចហើយ ឬបានដាក់ពាក្យស្នើសុំចុះបញ្ជីមុន ឬបានទទួលអាទិភាពចុះបញ្ជីមុន នៅឯបរទេស ចំពោះទំនិញ ឬសេវាដូចគ្នា ឬទំនិញ ឬសេវាដែលពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ ។ ចំពោះម៉ាកដែលមិនមានចែងនៅក្នុងមាត្រា ២ នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដូចជា ម៉ាកជាក្លិន, រសជាតិ ឬក៏សម្លេង សម្រាប់នៅបរទេសក៏គេធ្វើការការពារទៅលើម៉ាកទាំងនោះដែរ ប៉ុន្តែដោយឡែកនៅក្នុងព្រះរាជាណាចក្រកម្ពុជាវិញ នៅមិនទាន់មានច្បាប់ណាបានបញ្ញត្តិចំពោះការពារនូវម៉ាកទាំងនោះនៅឡើយទេ មានន័យថាសញ្ញាដែលមិនអាចមើលឃើញ ច្បាប់ម៉ាកមិនទទួលឲ្យចុះបញ្ជីដើម្បីការពារនៅប្រទេសកម្ពុជាទេ ។ ចំពោះការចុះបញ្ជីម៉ាក គឺត្រូវធ្វើឡើងនៅក្រសួងពាណិជ្ជកម្ម ដោយត្រូវដាក់ពាក្យស្នើសុំដែលមានភ្ជាប់ជាមួយនូវ គំរូម៉ាក និងបញ្ជីទំនិញ ឬសេវាដែលត្រូវចុះបញ្ជី ដោយរាយលំអិត តាមក្រុមមុខទំនិញ ទៅតាមចំណាត់ថ្នាក់អន្តរជាតិ ។ • រយៈពេលការពារនៃម៉ាក - ម៉ាកដែលបានចុះបញ្ជីហើយ មានសុពលភាព ១០ឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃការទទួលពាក្យស្នើសុំចុះបញ្ជី ។ - តាមការស្នើសុំ ការចុះបញ្ជីម៉ាកមួយ អាចធ្វើសាជាថ្មីសម្រាប់រយៈពេល ១០ឆ្នាំម្តង ជាបន្តបន្ទាប់ ក្នុងលក្ខខណ្ឌដែលម្ចាស់ដើមបង់អាករចុះបញ្ជីជាថ្មីតាមការកំណត់ ។ - ការអនុគ្រោះចំពោះការយឺតយ៉ាវក្នុងការចុះបញ្ជីសាជាថ្មី ត្រូវបានអនុញ្ញាតត្រឹមរយៈពេល ៦ខែ ។ • សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជីម៉ាក មានដូចខាងក្រោម៖ - ចំពោះម៉ាកដែលទាក់ទងនឹងទំនិញ ឬសេវា ដែលបានចុះបញ្ជីរួចហើយ ការប្រើប្រាស់ម៉ាកនោះ ដោយជនណាមួយក្រៅពីម្ចាស់ដើម ត្រូវមានការយល់ព្រមពីម្ចាស់ម៉ាកដើមជាមុនសិន ។ - ម្ចាស់ដើមនៃម៉ាកមានសិទ្ធិប្តឹងទៅតុលាការប្រឆាំងនឹងជនណាម្នាក់ ដែលប្រើប្រាស់ដោយរំលោភនូវម៉ាករបស់ខ្លួន ដោយគ្មានការយល់ព្រមពីម្ចាស់ដើម ។ ម្ចាស់ដើមក៏មានសិទ្ធិប្តឹងផងដែរ ចំពោះការប្រើប្រាស់នូវសញ្ញាដែលប្រហាក់ប្រហែលនឹងម៉ាកដែលខ្លួនបានចុះបញ្ជីរួចហើយ និងការប្រើប្រាស់ម៉ាកដែលទាក់ទិនទៅនឹងទំនិញ និងសេវាដែលប្រហាក់ប្រហែលទៅនឹងទំនិញ ឬសេវានៃម៉ាកដែលចុះបញ្ជីរួចហើយ ដែលអាចបណ្តាលឲ្យមានការភាន់ច្រឡំជាសាធារណៈ ។ - សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជីម៉ាក នឹងមិនរាប់បញ្ចូលនូវការដាក់លក់ទំនិញនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយម្ចាស់ដែលបានចុះបញ្ជី ឬដោយមានការយល់ព្រមពីម្ចាស់ម៉ាកនោះទេ ។ សរុបមក ដើម្បីការពារនូវម៉ាកផលិតផលដែលជាស្នាដៃរបស់ខ្លួនបាន សិប្បករ ផលិតករ ឬម្ចាស់ម៉ាក ចាំបាច់ត្រូវយកម៉ាកដែលខ្លួនបានផលិត ឬបង្កើតឡើង ទៅចុះបញ្ជីម៉ាកនៅក្រសួងពាណិជ្ជកម្ម ជៀសវាងនូវការរំលោភបំពានទាំងឡាយ និងប្រើប្រាស់នូវម៉ាកដែលជាស្នាដៃបង្កើតឡើងរបស់ខ្លួន ដោយគ្មានការអនុញ្ញាតពីសំណាក់ដៃគូប្រកួតប្រជែង៕ រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា សាំង សុភាព សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជាធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ president@ciclg.com, គេហទំព័រ៖ www.ciclg.com ហេ្វសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group
2020-04-22 13:51:58
(ភ្នំពេញ)៖ កម្មសិទ្ធិឯកជននៅក្នុងប្រទេសកម្ពុជា ទើបតែត្រូវបានទទួលស្គាល់ជាបណ្ដើរៗ ក្នុងកំឡុងឆ្នាំ១៩៨៩និងក្រោយមកទៀតកាន់តែមានលក្ខណៈទូលំទូលាយច្រើន ពេលដែលច្បាប់ភូមិបាលឆ្នាំ២០០១ ត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់។ ច្បាប់ភូមិបានបានកំណត់ច្បាស់លាស់អំពីលក្ខណៈ នៃកម្មសិទ្ធិក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសិទ្ធិមួយចំនួនទៀតរបស់អ្នក ដែលនឹងក្លាយជាកម្មសិទ្ធិករ។ លើសពីនេះពេលដែល ក្រមរដ្ឋប្បវេណីត្រូវបាន ដាក់ឲ្យប្រើប្រាស់ បញ្ញត្តិពាក់ព័ន្ធនឹងសិទ្ធិលើកម្មសិទ្ធិ នៅកម្ពុជាកាន់តែមានភាពច្បាស់លាស់ហើយលក្ខណៈ នៃកម្មសិទ្ធិមួយចំនួនទៀតក៏កាន់តែ មានភាពល្អប្រសើរដល់អ្នកដែលនឹង ទទួលបានសិទ្ធិជាកម្មសិទ្ធិករ។ ដើម្បីជ្រាបកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិសប្ដាហ៍នេះ សូមលើកយកប្រធានបទ «សិទ្ធិលើកម្មសិទ្ធិ» មកធ្វើការបកស្រាយ ជូនបងប្អូនប្រជាពលរដ្ឋ មន្រ្ដីរាជការ សិស្ស និស្សិត ថាតើអ្វីទៅជាកម្មសិទ្ធិ ហើយកម្មសិទ្ធិករមានសិទ្ធិកម្រិតណាចំពោះទ្រព្យរបស់ខ្លួន? កម្មសិទ្ធិសំដៅដល់សិទ្ធិពេញលេញ ជាម្ចាស់លើទ្រព្យដែលមិនមែន សំដៅតែដីធ្លីប៉ុណ្ណោះទេ គឺសំដៅទៅលើប្រភេទវត្ថុទាំងអស់ ទាំងចលនវត្ថុ និងអចលនវត្ថុ។ កម្មសិទ្ធិអាចរាប់បញ្ចូលទាំងសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល និងសិទ្ធិចាត់ចែងលើវត្ថុទាំងនេះ។ តាមផ្លូវច្បាប់កម្មសិទ្ធិកើតចេញពីការកាន់កាប់ស្របច្បាប់ ឬការបានមកតាមផ្លូវច្បាប់ដូចជាតាមរយៈការទិញការដូរ ឬការឲ្យ ដែលស្របតាមច្បាប់។ ការបានមកនូវទ្រព្យណាមួយដែលមិនស្របតាមច្បាប់ គឺមិនអាចកើតជាកម្មសិទ្ធិទេ។ ជាទូទៅច្បាប់កំណត់អំពីលក្ខណៈនៃការទិញ ការដូរឬការឲ្យ ដែលស្របច្បាប់ក្នុងគោលបំណងការពារអ្នកផលិត អ្នកទិញ អ្នកដូរ ឬអ្នកឲ្យ។ ឧទាហរណ៍ អ្នកបានទិញដីពីគេ ដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់លើដីនោះ។ ជាទូទៅនៅពេលដែលបុគ្គលណាមួយ មានឈ្មោះជាម្ចាស់កម្មសិទ្ធិលើទ្រព្យណាមួយនោះ វាក៏បង្កើតបាននូវសិទ្ធិជាម្ចាស់កម្មសិទ្ធិ នោះដល់កម្មសិទ្ធិករផងដែរ។ តាមន័យច្បាប់ សិទ្ធិគឺជាអំណាចតាមផ្លូវច្បាប់ ដើម្បីធ្វើសកម្មភាព ប្រើប្រាស់ អាស្រ័យផល និងចាត់ចែងលើទ្រព្យដែលជាកម្មសិទ្ធិនោះ។ ឧទាហរណ៍ សិទ្ធិកម្មសិទ្ធិលើដីគឺជាអំណាចតាមផ្លូវច្បាប់ក្នុងការប្រើប្រាស់ អាស្រ័យផល ចាត់ចែងលើដីដែលជាកម្មសិទ្ធិ នោះពេញលេញស្របតាមច្បាប់ ឬអាចនិយាយថា ជាសិទ្ធិពេញលេញតាមផ្លូវច្បាប់ជាម្ចាស់នៃទ្រព្យ។ ម៉្យាងទៀតសិទ្ធិជាម្ចាស់កម្មសិទ្ធិលើអចលនវត្ថុមួយ ត្រូវបានទទួលស្គាល់ក្នុងមាត្រា៤៤ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ប្រទេស។ មាត្រា៤៤ នៃរដ្ឋធម្មនុញ្ញបានចែងថា៖ ជនណាក៏ដោយ ទោះជាបុគ្គលក្ដី ជាសមូហភាពក្ដី មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។ មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដី។ កម្មសិទ្ធិឯកជនស្របច្បាប់ ស្ថិតនៅក្រោមការគាំពារនៃច្បាប់។ ដែលនឹងដកហូតកម្មសិទ្ធិពី ជនណាមួយបាននោះ លុះត្រាតែប្រយោជន៍សាធារណៈ តម្រូវឲ្យធ្វើក្នុងករណីដែលច្បាប់បានបញ្ញត្តិទុក ហើយត្រូវផ្ដល់សំណងជាមុនដោយសមរម្យ និងយុត្តិធម៌។ ជាទូទៅទម្រង់នៃកម្មសិទ្ធិត្រូវបានបែងចែកជាច្រើនប្រភេទ ដែលមានដូចខាងក្រោម៖ ១. កម្មសិទ្ធិឯកជន៖ សំដៅលើសិទ្ធិជាម្ចាស់កម្មសិទ្ធិលើអចលនវត្ថុទូទៅ ជាម្ចាស់កម្មសិទ្ធិពេញលេញ តាមផ្លូវច្បាប់ (កម្មសិទ្ធិករ) ដែលស្ដែងឡើងតាមរយៈប័ណ្ណកម្មសិទ្ធិលើអចលនវត្ថុនោះ។ កម្មសិទ្ធិករមានសិទ្ធិប្រើប្រាស់ អាស្រ័យផល និងចាត់ចែងទ្រព្យរបស់ខ្លួនផ្ដាច់មុខ និងទូលំទូលាយ លើកលែងតែកម្មសិទ្ធិករប្រើប្រាស់ទ្រព្យដើម្បីព្យាបាទ ឬរំខានតតិយជន និងអ្នកជិតខាង។ កម្មសិទ្ធិករអាចដាំដុះ សាងសង់ រៀបចំឬកែប្រែ គាស់កកាយ កាប់ព្រៃ ជីករូង ចាក់បំពេញដី ឈូសឆាយ រៀបចំដីធ្វើកសិកម្ម ឧស្សាហកម្ម និងរោងចក្រ។ ២. កម្មសិទ្ធិសមូហភាព៖ ត្រូវបានបែងចែកជាពីរ៖ ទីមួយសំដៅលើអចលនវត្ថុរបស់វត្ត ដែលមានដូចជាដី និងសំណង់ផ្សេងៗទាំងក្នុង និងក្រៅបរិវេនវត្តអារាមនៃព្រះពុទ្ធសាសនា ដែលជាធម្មតាត្រូវតែមានចុះបញ្ជីទ្រព្យដោយវត្ត ដោយគណៈកម្មការវត្ត និងទទួលស្គាល់ដោយក្រសួងធម្មការ និងសាសនា។ ជាទូទៅអចលនវត្ថុរបស់វត្តមិនអាចលក់ដូរ ឬធ្វើអំណោយទៅអ្នកណាម្នាក់បានឡើយ ហើយក៏គ្មានអាយុកាលដែរ ក៏ប៉ុន្តែអាចយកទៅជួល ឬប្រវាស់បានដើម្បីរកចំណូលទ្រទ្រង់កិច្ចការក្នុងព្រះពុទ្ធសាសនា។ ចំណែកឯទី២នោះ គឺអចលនវត្ថុរបស់សហគមន៍ជនជាតិដើមភាគតិច ដែលសំដៅលើដីសង់និវេសដ្ឋាន និងដីប្រកបរបរជាប្រពៃណី ដែលជាទូទៅរដ្ឋក៏បានផ្ដល់ជូននូវ ប័ណ្ណកម្មសិទ្ធិដល់ពួកគាត់ផងដែរ។ ដីប្រភេទនេះមិនអាចយក ទៅចែកឲ្យទៅបុគ្គល ឬក្រុមណាមួយបានឡើយ គឺសំរាប់តែ សមាជិកនៃសហគមន៍នោះប៉ុណ្ណោះទើប អាចទទួលបានសិទ្ធិលើអចលនវត្ថុនោះ។ ៣. កម្មសិទ្ធិអវិភាគ៖ សំដៅដល់កម្មសិទ្ធិលើទ្រព្យមួយ ដែលជារបស់បុគ្គលច្រើននាក់ ដោយម្នាក់ៗមានចំណែក របស់ខ្លួននៅក្នុងទ្រព្យនោះ ដោយមិនអាចពុះចែកគ្នាបានដែលបុគ្គលទាំងនោះត្រូវបានគេហៅថា កម្មសិទ្ធិករអវិភាគ ។ នៅក្នុងកំឡុងពេលនៃការគ្រប់គ្រង ទ្រព្យរបស់កម្មសិទ្ធិករអវិភាគទាំងអស់ រាល់ការចំនាយ ការជួសជុលលើទ្រព្យ គឺជាបន្ទុករបស់កម្មសិទ្ធិករអវិភាពនីមួយៗ ដែលត្រូវចំនាយទៅតាមសមាមាត្រនៃចំណែករបស់ខ្លួនលើទ្រព្យ ឬតាមការព្រមព្រៀងជាក់ស្ដែង។ កម្មសិទ្ធិអវិភាគ នឹងត្រូវបានបញ្ចប់នៅពេលដែលទ្រព្យនោះត្រូវបានលក់ ហើយបែងចែកគ្នា។ ៤. សហកម្មសិទ្ធិ៖ គឺជាកម្មសិទ្ធិលើទ្រព្យជាអចលនវត្ថុ របស់បុគ្គលច្រើននាក់ បែងចែកតាមឡូតិ៍ ដែលម្នាក់ៗទទួលបានចំណែកពីរ មួយជាចំណែកឯកជនរៀងៗខ្លួនដែលត្រូវមានសិទ្ធិពេញលេញជាម្ចាស់ចំណែក និងមួយទៀតជាចំណែករួមដែលត្រូវមានសិទ្ធិប្រើប្រាស់ជាសមូហភាព ។ ៥. កម្មសិទ្ធិសាធារណៈរបស់រដ្ឋ៖ សំដៅលើទ្រព្យសាធារណៈដែលត្រូវ រក្សារូបភាពធម្មជាតិរបស់វាឲ្យបាន គង់វង្ស ដើម្បីរក្សាទុកឲ្យអ្នករួមសង្គមប្រើប្រាស់បានជាយូរអង្វែងតទៅ។ ទ្រព្យនេះមិនអាចលក់ដូរបានឡើយ ហើយ កម្មសិទ្ធិនៃទ្រព្យនេះក៏មិនអាចកំណត់អាយុកាលបានដែរ។ ទ្រព្យទាំងនោះមានដូចជា៖ ព្រៃឈើ ទន្លេ កំពង់ផែ ផ្លូវដែក ព្រលានយន្តហោះ ផ្លូវថ្នល់ សួនច្បារ ឧទ្យាន សាលារៀន មន្ទីរពេទ្យ -ល- ។ ៦. កម្មសិទ្ធិឯកជនរបស់រដ្ឋ៖ ជាទ្រព្យឯកជនរបស់រដ្ឋ ឬទ្រព្យរបស់នីតិបុគ្គលសាធារណៈ ឬជាទ្រព្យដែល បានបំលែងចេញមកពីទ្រព្យសាធារណៈរបស់រដ្ឋ។ ទ្រព្យឯកជនរបស់រដ្ឋអាចយកទៅលក់ដូរ បែងចែក ឬផ្ទេរសិទ្ធិតាមការកំណត់ដោយច្បាប់ ហើយចាំបាច់ត្រូវតែធ្វើឡើងតាមរយៈអនុក្រឹត្យ បើពុំនោះទេនឹងត្រូវចាត់ទុកថារំលោភច្បាប់។ លើសពីនេះ រដ្ឋអាចយកទ្រព្យឯកជនរបស់រដ្ឋនោះ ទៅធ្វើសម្បទានបានផងដែរ ។ រៀបរៀងដោយ៖ កញ្ញាមេធាវី មាស រ៉ាវីន និងលោក ឡេង ពុទ្ធិតារា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕
2020-04-22 13:49:09
(ភ្នំពេញ)៖ ហ៊ីប៉ូតែក ជារបបគតិយុត្តមួយនៃការធានាបំណុលដោយវត្ថុដែលត្រូវបានដាក់ប្រាតិភោគ (ដាក់ទ្រព្យធានាកាតព្វកិច្ចដោយកូនបំណុល) ។ សារៈប្រយោជន៍នៃហ៊ីប៉ូតែកគឺ កូនបំណុលមិនចាំបាច់ធ្វើការផ្ទេរការកាន់កាប់ទ្រព្យដែលជាកម្មវត្ថុនៃការបង្កើតហ៊ីប៉ូតែក ឲ្យទៅម្ចាស់បំណុលឡើយ មានន័យថាកូនបំណុលនៃហ៊ីប៉ូតែក នៅតែមានសិទ្ធិបន្តការរស់នៅ ឬប្រកបកិច្ចការអាជីវកម្មលើទ្រព្យរបស់ខ្លួនដដែល។ សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh New សហការជាមួយក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិសូមលើកយកប្រធានបទស្តីពី «ហ៊ីប៉ូតែក» មកធ្វើការជម្រាបជូនដូចខាងក្រោម៖ យោងតាមស្មារតីនៃមាត្រា ៨៤៣ ម្ចាស់បំណុលនៃហ៊ីប៉ូតែក មានសិទ្ធិទទួលការសងចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត ចំពោះអចលនវត្ថុដែលបាន ដាក់ប្រាតិភោគនៃកាតព្វកិច្ចដោយកូនបំណុល ឬតតិយជនដោយមិនផ្ទេរការកាន់កាប់។ ឧទាហរណ៍ៈ លោក «ក» មានដីមួយកន្លែង ហើយបានយកដីនោះទៅបង្កើតហ៊ីប៉ូតែក ជាមួយធនាគារ «ខ» ដើម្បីខ្ចីលុយចំនួន ១០.០០០ ដុល្លារ ។ ក្រោយមកលោក «ក» បានយកដីដដែលទៅបង្កើតហ៊ីប៉ូតែក ជាមួយធនាគារ «គ» មួយទៀតដើម្បីខ្ចីលុយចំនួន ២០.០០០ ដុល្លារ ទៀត។ មានន័យថាៈ លោក «ក» ជាកូនបំណុល ចំណែកធនាគារ «ខ» និង «គ» ជាម្ចាស់បំណុលនៃហ៊ីប៉ូតែ «ក» ។ ប៉ុន្តែបើយើងនិយាយអំពីម្ចាស់បំណុល ដែលមានអាទិភាពទទួលបាន ការសងមុនគេគឺ ធនាគារ «ខ» ដោយសារតែលោក «ក» បានបង្កើតហ៊ីប៉ូតែក ជាមួយធនាគារ «ខ» មុនធនាគារ «គ» ។ ហ៊ីប៉ូតែក នឹងត្រូវបង្កើតឡើង ដោយការព្រមព្រៀងរវាងម្ចាស់បំណុល និងកូនបំណុល ឬតតិយជន(ជនផ្សេងទៀតក្រៅពីភាគី) ដែលយកអចលនវត្ថុរបស់ខ្លួន មកដាក់ប្រាតិភោគ (ដាក់ធានាបំណុល) ។ យោងតាមស្មារតីមាត្រា៨៤៤ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ គឺពុំបានធ្វើការកម្រិតអំពីលក្ខខណ្ឌទម្រង់នៃការបង្កើតកិច្ចសន្យាហ៊ីប៉ូតែកនោះទេ។ មានន័យថាៈ ភាគីនៃហ៊ីប៉ូតែកអាចធ្វើការព្រមព្រៀងគ្នាដោយផ្ទាល់មាត់ក៏បាន ឬធ្វើជាលាយលក្ខណ៍អក្សរក៏បានដែរ ។ ប៉ុន្តែក្រមរដ្ឋប្បវេណីបានកម្រិតអំពីលក្ខខណ្ឌតតាំងនៃហ៊ីប៉ូតែក ម្ចាស់បំណុលហ៊ីប៉ូតែក មិនអាចយកហ៊ីប៉ូតែក នោះមកតតាំងចំពោះតតិយជន ក្រៅពីអ្នកដែលបង្កើតហ៊ីប៉ូតែកបានឡើយ ប្រសិនបើមិនបានធ្វើកិច្ចសន្យាបង្កើតហ៊ីប៉ូតែក នោះដោយលិខិតយថាភូត និងមិនបានចុះបញ្ជីនៅក្នុងសៀវភៅបញ្ជីដីធ្លីនោះទេ។ ឧទាហរណ៍ៈ លោក «ក» មានដីP ហើយលោក «ក» បានយកដីនោះទៅបង្កើតហ៊ីប៉ូតែក ជាមួយធនាគារ «ខ» ដោយខ្ចីលុយចំនួន ៣០.០០០ ដុល្លារអាមេរិក ក្រោយមកលោក «ក» បានយកដីP ទៅលក់ឲ្យលោក «គ» ចំនួន ៣០.០០០ ដុល្លារអាមេរិក ។ ក្នុងករណីនេះធនាគារ «ខ» មិនអាចយកហ៊ីប៉ូតែកនោះទៅតតាំងជាមួយលោក «គ» បានទេ ។ នៅពេលដែលហ៊ីប៉ូតែក មួយត្រូវបានបង្កើតឡើង នៅលើដីមួយកន្លែងដោយលិខិតយថាភូត និងបានចុះបញ្ជីនៅក្នុងសៀវភៅបញ្ជីដីធ្លី ហ៊ីប៉ូតែក នោះមានអានុភាពអនុវត្តលើវត្ថុដែលភ្ជាប់នឹង ដីរួមទាំងអគារដែលមាននៅលើដីជាប់ ហ៊ីប៉ូតែកនោះផងដែរ ទោះបីអគារនោះបានសាងសង់មុនពេល ឬក្រោយពេលបង្កើតហ៊ីប៉ូតែកក៏ដោយ (យោងតាមស្មារតីមាត្រា៨៤៦ ក្រមរដ្ឋប្បវេណី) ។ ការកំណត់បែបនេះដោយសារតែ វត្ថុដែលនៅជាប់នឹងដី ឬវត្ថុដែលបានក្លាយជាសមាសភាពនៃដីពិសេសអគារ ឬសំណង់ផ្សេងៗដែលបានសង់នៅលើដីហើយមិនអាចប្តូរកន្លែងបាន ត្រូវបានច្បាប់ចាត់ទុកថាៈ ជាសមាសភាពនៃដី។ ដូចនេះនាំឲ្យហ៊ីប៉ូតែក ដែលបានបង្កើតនៅលើដីមានអានុភាពយកទៅអនុវត្តលើអចលនវត្ថុដែលស្ថិតលើដីនោះផងដែរ។ ឧទាហរណ៍ៈ លោក «ក» ជាម្ចាស់ដីមួយកន្លែង នៅឆ្នាំ២០១៨ លោក «ក» បានសាងសង់អាគារនៅលើដីនោះមុនពេលបង្កើតហ៊ីប៉ូតែក ។ ក្រោយមកលោក «ក» បានយកដីនោះទៅបង្កើតហ៊ីប៉ូតែកជាមួយលោក «ខ» ។ ដូច្នេះអានុភាពនៃហ៊ីប៉ូតែក គឺមានទាំងលើដី និងអគារ។ យោងតាមបញ្ញត្តិនៃមាត្រា ៨៥៣ ក្រមរដ្ឋប្បវេណី ក្នុងករណីកូនបំណុលហ៊ីប៉ូតែក ពុំអនុវត្តកាតព្វកិច្ចរបស់ខ្លួន ម្ចាស់បំណុលហ៊ីប៉ូតែក អាចអនុវត្តហ៊ីប៉ូតែករបស់ខ្លួនតាមរយៈ ការដាក់ពាក្យសុំលក់ដោយបង្ខំ ចំពោះអចលនទ្រព្យដែលជា កម្មវត្ថុនៃហ៊ីប៉ូតែក ទៅតុលាការជាន់ដំបូងដែលមានសមត្ថកិច្ច ។ ប៉ុន្តែម្ចាស់បំណុលហ៊ីប៉ូតែក មិនអាចអនុវត្តសិទ្ធិរបស់ខ្លួន ក្នុងការដាក់ពាក្យសុំលក់ដោយបង្ខំទៅតុលាការបានឡើយ ប្រសិនកូនបំណុលហ៊ីប៉ូតែក អនុវត្តកាព្វកិច្ចរបស់ខ្លួនបានត្រឹមត្រូវ ។ ឧទាហរណ៍ៈ ធនាគារ A ជាម្ចាស់បំណុលហ៊ីប៉ូតែក ចំនួន ២០.០០០ ដុល្លារអាមេរិក លើដីមួយកន្លែងរបស់លោក B ។ ថ្ងៃអនុវត្តកាតព្វកិច្ចរបស់លោក B ចំពោះធនាគារ A ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ។ នៅពេលដល់ថ្ងៃកំណត់ត្រូវប្រគល់ប្រាក់លោក B ពុំបានអនុវត្តកាព្វកិច្ចចំពោះធនាគារ A ដែលជាម្ចាស់បំណុលនៃហ៊ីប៉ូតែក ។ យើងកំណត់ថាតម្លៃដីរបស់លោក B លក់បាន២៥.០០០ ដុល្លារ ។ ដូច្នេះថ្លៃលក់ដី២០.០០០ ដុល្លារ ត្រូវប្រគល់ទៅឲ្យម្ចាស់បំណុល រីឯប្រាក់ដែលសល់ពីលក់ចំនួន៥.០០០ ដុល្លារទៀតត្រូវប្រគល់មកឲ្យលោក B វិញ។ សរុបមកឃើញថាៈ ដើម្បីបង្កើតហ៊ីប៉ូតែកបានលុះត្រាតែ ភាគីម្ចាស់បំណុល (អ្នកឲ្យខ្ចីលុយ) និងកូនបំណុល (អ្នកខ្ចីលុយ) បានព្រមព្រៀងគ្នា ហើយដើម្បីឲ្យហ៊ីប៉ូតែក នោះមានអានុភាពអនុវត្ត និងអាចតតាំងជាមួយតតិយជនបាន ហ៊ីប៉ូតែក៏ត្រូវតែធ្វើឡើងតាមទម្រង់លិខិតយថាភូត និងយកទៅចុះបញ្ជីក្នុងសៀវភៅបញ្ជីដីធ្លីនៃមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដែលអចលនវត្ថុស្ថិតនៅ ។ ម្យ៉ាងទៀតការបង្កើតហ៊ីប៉ូតែក បានផ្តល់សារៈប្រយោជន៍ច្រើនទៅឲ្យកូនបំណុលនៃហ៊ីប៉ូតែក ដោយសារតែអចលនវត្ថុ ដែលជាកម្មវត្ថុនៃហ៊ីប៉ូតែកគឺ កូនបំណុលមិនចាំបាច់ ផ្ទេរសិទ្ធិកាន់កាប់ទៅឲ្យម្ចាស់បំណុលនោះទេ ។ មួយវិញទៀតកូនបំណុលហ៊ីប៉ូតែក នៅតែមានសិទ្ធិប្រើប្រាស់ អាស្រ័យផលចំពោះអចលនទ្រព្យដែលជាកម្មវត្ថុនៃហ៊ីប៉ូតែក របស់ខ្លួនដដែល ។ ប៉ុន្តែកូនបំណុលត្រូវមានកាតព្វកិច្ចទទួលខុសត្រូវចំពោះម្ចាស់បំណុល ក្នុងករណីដែលកូនបំណុលមិនបានគោរព និងអនុវត្តកាតព្វកិច្ចរបស់ខ្លួនចំពោះម្ចាស់បំណុល ពេលនោះម្ចាស់បំណុលហ៊ីប៉ូតែក មានសិទ្ធិដាក់ពាក្យសុំទៅតុលាការដើម្បីធ្វើការលក់ដោយបង្ខំលើអចលនវត្ថុនោះ ដើម្បីយកលុយមកសងម្ចាស់បំណុល ។ នេះជាចំណុចសំខាន់ដែលច្បាប់ ជាពិសេសក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ បានធានាការពារសិទ្ធិដល់ម្ចាស់បំណុលហ៊ីប៉ូតែកដោយការសង។ រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងលោក លាង ប៊ុនឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៧ ៧៧៧ ៣៩៤, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com,ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕
2020-04-22 13:48:00
(ភ្នំពេញ)៖ មនុស្សគ្រប់រូបកើតមក មានសិទិ្ធរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួនដោយគ្មានបុគ្គលណាមួយអាចត្រូវបានបំពានលើសិទិ្ធទាំងនេះ ឬធ្វើការចាប់ឃុំឃាំង និងបង្ខាំងរូបរាងកាយ ដោយគ្មានការអនុញ្ញាតពីច្បាប់ទ្បើយ ។ ការបំពានសិទ្ធិសេរីភាពរបស់អ្នកដទៃដោយការចាប់ឃុំឃាំង និងបង្ខាំង ពីសំណាក់បុគ្គលសាមញ្ញក្រៅពីអាជ្ញាធរស្របច្បាប់ និងគ្មានការអនុញ្ញាតដោយច្បាប់ផងនោះ គឺជាអំពើខុសច្បាប់ ។ ប៉ុន្តែក្នុងករណីបទឧក្រិដ្ឋ និងបទមជ្ឈិមជាក់ស្តែង ច្បាប់បានអនុញ្ញាតឲ្យគ្រប់បុគ្គលទាំងអស់អាចចាប់ខ្លួនជនល្មើស ហើយនាំខ្លួនជននោះទៅប្រគល់ជូនមន្រ្តីនគរបាលយុត្តិធម៌ ។ ដើម្បីយល់កាន់តែច្បាស់ថា តើ «បទចាប់ឃុំឃាំង និងការបង្ខាំង ដោយខុសច្បាប់» ត្រូវបានច្បាប់ធ្វើការផ្តន្ទាទោសកម្រិតណា? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចតទៅ៖ យោងតាមមាត្រា៣៨ កថាខណ្ឌ៣,៤ នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានបញ្ញត្តិថា «ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយ នឹងធ្វើទៅកើតលុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់ ។ ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ឬប្រព្រឹត្តកម្មណាមួយដែលបន្ថែមទម្ងន់ទណ្ឌកម្មអនុវត្តចំពោះជនជាប់ឃុំឃាំង ឬជាប់ពន្ធនាគារត្រូវបានហាមឃាត់មិនឲ្យធ្វើឡើយ»។ តាមខ្លឹមសារខាងលើនេះ បានបង្ហាញថា រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលបានការពារកិតិ្តយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងរ៉ាប់រងមិនឲ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយទ្បើយ ។ ដើម្បីទប់ស្កាត់ និងកាត់បន្ថយបទល្មើសនេះ ក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ មាត្រា ២៥៣ បទចាប់ឃុំឃាំង នឹងបង្ខាំងដោយខុសច្បាប់បានបញ្ញត្តិថា បុគ្គលដែលចាប់ ដែលឃុំឃាំង ឬដែលបង្ខាំងបុគ្គលផ្សេងទៀត ដែលគ្មានបញ្ជាពីអាជ្ញាធរស្របច្បាប់ ឬក្រៅពីករណីដែលច្បាប់អនុញ្ញាត ត្រូវផ្តន្ទាទោស៖ ១. ដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ បើការចាប់ ការឃុំឃាំង ឬការបង្ខាំងខ្លួនមានរយៈពេលតិចជាង ៤៨ (សែសិបប្រាំបី) ម៉ោង ។ ២. ដាក់ពន្ធនាគារពី ៣ (បី) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ បើការចាប់ ការឃុំឃាំង ឬការបង្ខាំងខ្លួនមានរយៈពេលចាប់ពី ៤៨ (សែសិបប្រាំបី) ម៉ោង ដល់តិចជាង ១ (មួយ) ខែ ។ ៣. ដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅដល់ ១០ (ដប់) ឆ្នាំ បើការចាប់ ការឃុំឃាំង ឬការបង្ខាំងខ្លួន មានរយៈពេលស្មើ ឬលើសពី ១ (មួយ) ខែ ។ ស្ថានទម្ងន់ទោសនៃបទល្មើសខាងលើ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ៣០ (សាមសិប) ឆ្នាំ ក្នុងករណីដោយមានទារុណកម្ម ឬអំពើឃោរឃៅ ឬបណ្តាលឲ្យមានមនុស្សស្លាប់ដោយគ្មានបំណងនឹងធ្វើឱ្យស្លាប់ ឬ ការប្រព្រឹត្តក្នុងគោលបំណងជំរិតយកទ្រព្យសម្បត្តិ ឬទាមទារឱ្យបំពេញលក្ខខណ្ឌអ្វីមួយ ។ ដើម្បីងាយស្រួលយល់អំពីបទចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ យើងសូមលើកឧទាហរណ៍មកបង្ហាញ ជូនដូចតទៅ៖ លោក សុខ និងលោក សៅ មានកំហឹងជាខ្លាំងជាមួយនឹងចោរដែល តែងតែចូលមកលួចសម្ភារៈក្នុងផ្ទះរបស់ពួកគាត់ នៅពេលដែលពួកគាត់មិននៅផ្ទះ ។ នៅថ្ងៃមួយពួកគាត់ទាំងពីរនាក់បានមកទាន់ និងឃើញចោរម្នាក់កំពុងលួចសម្ភារៈនៅក្នុងផ្ទះរបស់ពួកគាត់ ពួកគាត់ទាំងពីរបានចាប់ចោរនោះយកទៅ ឃុំក្នុងរោងបាយរបស់ខ្លួនរយៈពេលមួយសប្តាហ៍ និងបានធ្វើទារុណកម្មលើចោរនោះទៀតផង។ យោងតាមអង្គហេតុខាងលើយើងអាចសន្និដ្ឋានបានថា លោក សុខ និងលោក សៅ ពិតជាជនរងគ្រោះនៃអំពើលួចនោះមែន ប៉ុន្តែពួកគាត់គ្មានសិទិ្ធឃុំឃាំងជនសង្ស័យលើសរយៈពេលកំណត់ដោយច្បាប់ទ្បើយ ពួកគាត់អាចត្រឹមតែ ចាប់ចោរនោះយកទៅប្រគល់ជូន មន្រ្តីនគរបាលយុត្តិធម៌ដែលនៅជិតតែប៉ុណ្ណោះ ។ ទង្វើរបស់ពួកគាត់ខាងលើជាអំពើខុសច្បាប់អាចនឹងត្រូវប្រឈមចំពោះមុខច្បាប់និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រាខាងលើនេះ ។ ចំពោះបទល្មើសខាងលើនេះអាចនិងត្រូវបានប្រកាសទោសបន្ថែម ដូចមានបញ្ញតិក្នុងមាត្រា ២៥៥ នៃក្រម ព្រហ្មទណ្ឌ ។ សរុបមក បទចាប់ឃុំឃាំង ឬការបង្ខាំងដោយខុសច្បាប់ ដែលគ្មានការបញ្ជាពីអាជ្ញាធរស្របច្បាប់ និងគ្មាន ការអនុញ្ញាតពីច្បាប់ត្រូវបានក្រមព្រហ្មទណ្ឌបញ្ញត្តិថាជាអំពើខុសច្បាប់ និងត្រូវផ្តន្ទាទោសយ៉ាងតឹងរឹងទៅលើបុគ្គលដែលបានប្រព្រឹត្តអំពើនោះ ក្នុងគោលបំណងការពារសិទ្ធិសេរីភាព កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ។
2020-04-22 11:52:39