(ភ្នំពេញ)៖ តាមរយៈការវិវត្តពីសម័យកាលមួយទៅសម័យកាលមួយ ការគាំពារសិទ្ធិមនុស្សបានក្លាយជាប្រធានបទសំខាន់ ដែលប្រជាជាតិនីមួយៗបានយកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងមុតមាំ។ នៅក្នុងនោះផងដែរ ការរំលោភលើសិទ្ធិបុគ្គលដោយការធ្វើទារុណកម្ម និងអំពើឃោរឃៅ ជាទង្វើអមនុស្សធម៌ដែលមិនគួរគប្បី កើតឡើងលើជនណាម្នាក់ឡើយទោះស្ថិតក្នុងកាលទេសបែបណាក៏ដោយ។ តាមរយៈការទទួលស្គាល់សិទិ្ធខាងលើនេះ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨៤មហាសន្និបាតអង្គការសហប្រជាជាតិបាន អនុម័តនូវអនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម និងការប្រព្រឹត្តិមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោក ដោយមានប្រទេសមួយចំនួននៅលើសកលលោក រួមទាំងប្រទេសកម្ពុជាបានទទួលស្គាល់ និងបានចូលជាភាគីមួយនៃអនុសញ្ញាខាងលើនេះ ព្រមទាំងបានបញ្ញត្ត នៅក្នុងមាត្រា៣៨ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហាមឃាត់ជាពិសេសចំពោះការធ្វើទារុណកម្មណាមួយ ហើយប្រកាសថាចម្លើយសារភាពដែលកើតទ្បើងពីការបង្ខិតបង្ខំតាមផ្លូវកាយក្តី តាមផ្លូវចិត្តក្តី មិនត្រូវទុកជាភស្តុតាងបញ្ចាក់អំពីពិរុទ្ធភាពទេ។ ដើម្បីយល់កាន់តែច្បាស់ថា តើអំពើណាខ្លះដែលត្រូវបានចាត់ទុកថា ជាការធ្វើទារុណកម្ម និងអំពើឃោរឃៅ? ហើយជនដែលប្រព្រឹត្តអំពើបែបនោះ នឹងត្រូវប្រឈមមុខជាមួយនឹងការផ្ដន្ទាទោសដល់កម្រិតណា? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងធ្វើការបង្ហាញ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចតទៅ៖ យោងតាមអនុសញ្ញាប្រឆាំងទារុណកម្ម ពាក្យ «ទារុណកម្ម» មានន័យថា អំពើទាំងទ្បាយណាដែលនាំឱ្យមានការឈឺចាប់ ឬរងទុក្ខយ៉ាងខ្លាំង ទោះផ្លូវកាយ ឬផ្លូវចិត្តក្តី ដែលត្រូវបានបង្កឡើងដោយចេតនាទៅលើជនណាម្នាក់ក្នុងគោលបំណងទាំងទ្បាយដូចជា ទាញយកព័ត៌មានពីជននោះ ឬតតិយជនណាម្នាក់ ដាក់ទណ្ឌកម្មជននោះចំពោះអំពើណាមួយដែលជននោះ ឬតតិយជនណាម្នាក់បានប្រព្រឹត្ត ឬសង្ស័យថាបានប្រព្រឹត្ត បំភិតបំភ័យ ឬបង្ខិតបង្ខំជននោះ ឬតតិយជនណាម្នាក់ ឬដើម្បីមូលហេតុណាមួយផ្សេងទៀត ដែលផ្អែកលើការរើសអើងណាមួយ ហើយការឈឺចាប់ ឬការរងទុក្ខ អាចបង្កដោយមន្រ្តីសាធារណៈ ឬជនផ្សេងទៀត តាមការញុះញង់ ឬការព្រមព្រៀង ឬផ្តើមគំនិតរបស់មន្រ្តីសាធារណៈ ឬជនផ្សេងទៀតដែលបំពេញតួនាទីជាផ្លូវការ។ ពាក្យថាទារុណកម្មមិនរាប់បញ្ចូលនូវការឈឺចាប់ ឬការរងទុក្ខដែលកើតជាប់ ឬម្តងម្កាល ពីទណ្ឌកម្មត្រឹមត្រូវតាមច្បាប់ទ្បើយ។ ដើម្បីទប់ស្កាត់ និងកាត់បន្ថយនូវការកើតឡើងនៃអំពើអមនុស្សធម៌នេះ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តត្រង់មាត្រា ២១០ ថា «ទារុណកម្ម ឬអំពើឃោរឃៅ ដែលប្រព្រឹត្តទៅលើបុគ្គលណាមួយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ»។ ស្ថានទម្ងន់ទោសចំពោះបទទារុណកម្ម ឬអំពើឃោរឃៅ (មាត្រា ២១១ - មាត្រា ២១៥) ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ កាលបើអំពើនេះ ត្រូវបានប្រព្រឹត្តទៅលើ៖ ១. បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុនៃអាយុបុគ្គលនោះ។ ២. នារីមានគភ៌ កាលបើគភ៌ត្រូវបានគេឃើញជាក់ស្ដែង ឬ កាលបើជនល្មើសបានដឹង។ ៣. បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុនៃជំងឺ ឬ ពិការភាព កាលបើស្ថានភាពបុគ្គលនេះត្រូវបានគេឃើញជាក់ស្ដែង ឬ កាលបើជនល្មើសបានដឹង។ ៤. ជនរងគ្រោះ ឬ ដើមបណ្ដឹងរដ្ឋប្បវេណី ដើម្បីរារាំងជននេះកុំឱ្យប្ដឹងបរិហារពីបទល្មើស ឬ សុំឱ្យធ្វើការជួសជុលព្យសនកម្ម។ ៥. សាក្សី ដើម្បីរារាំងកុំឱ្យឆ្លើយផ្ដល់ភស្ដុតាងនៅពេលស៊ើបអង្កេត ស៊ើបសួរ សវនាការ ឬ នៅក្នុងនីតិវិធីនៃបណ្ដឹងផ្សេងទៀត។ ៦. ជនរងគ្រោះ ឬ ដើមបណ្ដឹងរដ្ឋប្បវេណី ពីព្រោះជននេះបានបរិហារពីបទល្មើស ឬ សុំឱ្យធ្វើការជួសជុលព្យសនកម្ម។ ៧. សាក្សី ដោយមូលហេតុសាក្សីនេះបានផ្ដល់ភស្ដុតាងនៅពេលស៊ើបអង្កេត ស៊ើបសួរ សវនាការ ឬ នៅក្នុងនីតិវិធីនៃបណ្ដឹងផ្សេងទៀត។ ៨. កាលបើបទឧក្រិដ្ឋនេះ ត្រូវបានប្រព្រឹត្តដោយអ្នករាជការសាធារណៈ នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ នៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន។ ៩. កាលបើបទឧក្រិដ្ឋនេះនាំឱ្យមានការកាត់អវ:យវ: ឬឱ្យមានពិការភាពជាអចិន្រៃយ៍ដល់ជនរងគ្រោះ។ បទទារុណកម្ម និងអំពើឃោរឃៅ ត្រូវផ្តន្ទាទោសដាក់ពន្ធាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំកាល បើបទឧក្រិដ្ឋនេះ បណ្ដាលឱ្យជនរងគ្រោះស្លាប់ ដោយគ្មានចេតនាសម្លាប់ ឬនាំឱ្យមានអត្ថឃាតរបស់ជននោះ។ សរុបមក ទារុណកម្ម និងអំពើឃោរឃៅ ត្រូវបានមនុស្សជាតិយកចិត្តទុកដាក់ និងប្រឆាំងដាច់ខាតចំពោះអំពើទាំងនេះ ហើយក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ក៏បានបញ្ញត្តអំពើទាំងនោះជាបទឧក្រិដ្ឋ ដែលត្រូវដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរទៅលើជនដែលប្រព្រឹត្តផងដែរ។ ទន្ទឹមនឹងនេះ តាមរយៈព្រះរាជក្រឹត្យនស/រកត/០៨១៧/៦៩១ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ កម្ពុជាបានបង្កើត គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក្នុងគោលដៅបង្ការ និងប្រឆាំងរាល់ការធ្វើទារុណកម្ម អំពើឃោរឃៅ អំពើអមស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម ដើម្បីពង្រឹងកិច្ចការពារដល់ជនទាំងទ្បាយ ដែលត្រូវបានដកហូត សេរីភាពឲ្យរួចផុតពីការធ្វើទារុណកម្ម។ រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងកញ្ញា គន្ធ វិជិតា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com,ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕
2020-04-22 11:50:28
(ភ្នំពេញ)៖ ស្រវឹង គឺជាស្ថានភាពមួយដែលមនុស្សមានអាការៈប្រែប្រួល និងវង្វេងស្មារតី ចុះខ្សោយនូវប្រព័ន្ធប្រសាទខួរក្បាល ដោយមូលហេតុនៃការពិសារនូវគ្រឿងស្រវឹងជាអាទិ៍ ។ នៅពេលដែលពិសារគ្រឿងស្រវឹងហួសប្រមាណ នឹងធ្វើឱ្យអ្នកសេពគ្រឿងស្រវឹងទាំងនោះ មិនអាចគ្រប់គ្រងស្មារតី សតិអារម្មណ៍របស់ខ្លួនបានឡើយ ។ ការមិនអាចគ្រប់គ្រងស្មារតីរបស់ខ្លួនបាននេះ ជាហេតុធ្វើឱ្យមានបញ្ហាជាច្រើនកើតមានឡើងនៅក្នុងសង្គម ដូចជាករណីចាប់រំលោភ អំពើហិង្សាក្នុងគ្រួសារ គ្រោះថ្នាក់ចរាចរណ៍ និងកត្តាអវិជ្ជមានផ្សេងៗទៀតជាច្រើន ។ លើសពីនេះ ទោះបីជាបុគ្គលដែលស្ថិតក្នុងស្ថានភាពស្រវឹងមិនបាន ប្រព្រឹត្ដនូវអំពើល្មើស ធ្ងន់ធ្ងរណាមួយក៏ដោយ ក៏ភាពស្រវឹងអាចធ្វើឱ្យប៉ះពាល់ ទៅដល់កិត្ដិយស និងសេចក្ដីថ្លៃថ្នូរ របស់បុគ្គលខ្លួនឯងផ្ទាល់ ក៏ដូចជាប៉ះពាល់ ដល់សណ្ដាប់ធ្នាប់សាធារណៈ និងប្រពៃណីល្អរបស់សង្គមជាតិផងដែរ ។ កាលណាបើបុគ្គលណាម្នាក់ស្រវឹងជាក់ស្ដែង ដែលស្ថិតនៅលើផ្លូវសាធារណៈ គឺជាបទល្មើសមួយដែលមានចែង នៅក្នុងក្រមព្រហ្មទណ្ឌជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា ។ សម្រាប់កម្មវិធីយល់ដឹងផ្នែកច្បាប់ក្នុងសប្តាហ៍នេះ ក្រោមកិច្ចសហការរវាងអង្គភាពព័ត៌មាន FRESH NEWS ជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងលើកយកប្រធានបទស្តីពី «បទស្រវឹងជាក់ស្ដែង» មកធ្វើការបង្ហាញជូនបងប្អួនប្រជាពលរដ្ឋដូចតទៅ៖ យោងមាត្រា ២៩៧ នៃក្រមព្រហ្មទណ្ឌ «បទស្រវឹងជាក់ស្ដែង» បានបញ្ញត្ដិថា «បុគ្គលណាដែលស្ថិតក្នុងស្ថានភាពស្រវឹងយ៉ាងជាក់ស្ដែងនៅលើផ្លូវសាធារណៈត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥០០០ (ប្រាំពាន់) រៀល ទៅ ១០០០០ (មួយម៉ឺន) រៀល» ។ មានន័យថា បើបុគ្គលណាម្នាក់ស្រវឹង ហើយដែលអ្នកដទៃអាចមើលដឹងពីស្ថានភាពស្រវឹងនោះ បានធ្វើសកម្មភាព ដើរ បើកបរ ជាអាទិ៍ នៅលើផ្លូវសាធារណៈ នោះមានន័យថាជននោះបាន ប្រព្រឹត្ដបទល្មើសស្រវឹងជាក់ស្ដែង ។ យោងតាមវចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួនណាត បានឱ្យនិយមន័យពាក្យ ស្រវឹង ថា គឺជាស្ថានភាពនៃការប្រែស្មារតី ឬងោង ភ័ន្ដ វង្វេងស្មារតី ខុសពីប្រក្រតីដោយសេពសុរាជាដើម ។ ស្រវឹងជាក់ស្ដែង មានន័យថា ស្ថានភាពនៃការស្រវឹងនោះ សាធារណៈជន ឬអ្នកដ៏ទៃអាចដឹងពីស្ថានភាពនោះ មានន័យថា អ្នកដទៃមើលឃើញជាក់ស្ដែងថា បុគ្គលនោះស្ថិតក្នុងស្ថានភាពស្រវឹងមែន ។ ឧទាហរណ៍ ក បានពិសាស្រា ស អស់មួយលីត្រ បណ្ដាលឱ្យស្រវឹងជោក ក្រោយពីពិសារួច ក មិនព្រមសម្រាកនៅមួយកន្លែងនោះទេ ក៏បានដើរតាមផ្លូវសារធារណៈ ដោយសារជាតិស្រវឹង ក បានវង្វេងស្មារតីដើរមិនត្រង់ផ្លូវ និងបានដួលជាច្រើនលើកច្រើនសារ ពេលនោះមានអ្នកធ្វើដំណើរតាមផ្លូវបានឃើញ និងសើចចំអកដាក់គ្រប់គ្នា ។ មូលហេតុបានជា ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា កំណត់អំពើស្រវឹងជាក់ស្ដែងជា បទល្មើសដែលត្រូវផ្ដន្ទាទោស ដោយហេតុថា ការស្រវឹង គឺបានធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ប្រពៃណីល្អរបស់សង្គម ជាពិសេសប៉ះពាល់ដល់កិតិ្ដយស និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស និងព្រមទាំងអាចឈានទៅដល់ការបង្កជា បទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរផ្សេងៗទៀត ប្រសិនបើគ្មានការហាមឃាត់ បង្កា និងទប់ស្កាត់ ។ ចំពោះបទស្រវឹងជាក់ស្ដែង គឺជាប្រភេទបទល្មើសលហុ ដែលមានមូលទោស ត្រឹមទោសពិន័យជាប្រាក់តែប៉ុណ្ណោះ ។ ចំពោះវិធានអនុវត្ដជាក់ស្ដែង អាចសម្រេចផ្ដន្ទាទោសចំពោះ បទស្រវឹងជាក់ស្ដែងនេះបាន ត្រូវតែមានសាលក្រមពីតុលាការ មានន័យថា ត្រូវតែឆ្លងកាត់នីតិវិធីតុលាការ ទើបអាចសម្រេចផ្ដន្ទាទោសបាន ដែលត្រង់នេះ បាននាំឱ្យបទល្មើសប្រភេទនេះ មិនសូវមានការធ្វើការចោទប្រកាន់នោះទេ ដោយភាគច្រើន ត្រូវបានរដ្ឋាភិបាល ប្រើប្រាស់នូវវិធានការអប់រំ និងណែនាំ ជំនួសវិញ ដើម្បីកាត់បន្ថយរឿងក្ដីនៅតុលាការ។ រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក រ៉ាត់ ចាន់ធី សមាជិកក្រុមការងារស្រាវជ្រាវ និងចងក្រង អត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ភូមិបាយ៉ាប ០២៣ ៩៨៦ ២៤៥ / ០៩៥ ៩២ ៩២ ៧២, អីម៉ែល៖ president@ciclg.com គេហទំព័រ www.ciclg.com ហ្វេសប៊ុកផេក ៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ / Cambodia International Cooperation Law Group ៕
2020-04-22 11:47:41
(ភ្នំពេញ)៖ នាពេលបច្ចុប្បន្ន យើងសង្កេតឃើញថាមានវត្តមានកុមារជាអនីតិជនជាច្រើន ដែលតែងតែដើរសុំទាននៅតាមទីសាធារណៈ ឬទីប្រជុំជនមានដូចជា តាមដងផ្លូវ តាមស្ដុបសាធារណៈ វត្តអារាម ភោជនីយដ្ឋាន និងតាមតំបន់រមនីយដ្ឋាននានា មិនថាពេលថ្ងៃ ឫពេលយប់ឡើយ។ ភាគច្រើន មូលហេតុចម្បងដែលជម្រុញឱ្យកុមារទាំងនេះដើរសុំទាន គឺអាចបណ្ដាលមកពីបញ្ហាជីវភាព និងមួយចំណែកទៀតអាចកើតចេញពីសមាជិកគ្រួសារក្មេងនោះ ឬជនខិលខូចមួយចំនួនជួយសម្របសម្រួល និងញុះញង់ ក៏ដូចជាធ្វើការគំរាមកំហែងឱ្យកុមារទាំងនោះ យកការសុំទានមកធ្វើជាមុខរបរដើម្បីរកប្រាក់ចិញ្ចឹមពួកគេ។ ដូច្នេះ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ យើងត្រូវដឹងថា តើអំពើ និងសកម្មភាពបែបណា ដែលត្រូវបានចាត់ទុកថាជាការញុះញង់អនីតិជនឱ្យសុំទាន? ហើយជនដែលប្រព្រឹត្តអំពើនេះ ត្រូវទទួលទោសតាមច្បាប់កម្រិតណា? ដើម្បីជួយស្រាយចម្ងល់ និងបំភ្លឺអំពីបញ្ហាខាងលើជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បទញុះញង់អនីតិជនឱ្យសុំទាន» មកបកស្រាយ និងចែករំលែក ដូចតទៅ៖ អនីតិជន គឺសំដៅទៅលើជនទាំងឡាយណាដែលមិនទាន់គ្រប់អាយុតាមច្បាប់កំណត់ ឬ មានអាយុក្រោម ១៨ ឆ្នាំ។ កាលណាអត្រានៃអនីតិជនដែលដើរសុំទានមានកាន់តែច្រើន នោះផលប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពួកគេក៏កើតមានច្រើនដូចគ្នា ដែលផលប៉ះពាល់ទាំងនោះរួមមាន ការកេងប្រវ័ញ្ចលើកម្លាំងពលកម្មកុមារ ការបង្កឱ្យមានភាពឥតសណ្ដាប់ធ្នាប់នៅតាមទីសាធារណៈ ហានិភ័យនៃការទទួលរងគ្រោះថ្នាក់ផ្សេងៗ (ឧទាហរណ៍. គ្រោះថ្នាក់ចរាចរណ៍) និង អាចធ្វើឱ្យកុមារទាំងនោះបាត់បង់ឱកាសក្នុងការរៀនសូត្រផងដែរ។ យ៉ាងណាមិញ នៅពីក្រោយការសុំទានរបស់អនីតិជន យើងឃើញថាមានជនខិលខូចមួយចំនួនដែលមានភាពខិ្ជលច្រអូស និងគេចវេសពីការប្រកបរបរចិញ្ចឹមជីវិតដោយខ្លួនឯង បានរិះរកវិធីសាស្រ្តទុច្ចរិត និងរៀបចំផែនការគ្រប់មធ្យោបាយ ដើម្បីកេងចំណេញ ឬទាញយកផលប្រយោជន៍ពីកុមារដែលខ្សត់ខ្សោយទាំងនោះ។ បើផ្អែកតាមការសិក្សាស្រាវជ្រាវលើបញ្ហានេះកន្លងមក មធ្យោបាយដែលមេខ្លោងទាំងនោះយកមកប្រើប្រាស់មានដូចជា ការសម្របសម្រួលដោយរកទីតាំងសម្រាប់ឱ្យកុមារជាអនីតិជនទាំងនោះសុំទាន ហើយផ្ដល់ដំណឹងឱ្យកុមារទាំងនោះគេចខ្លួនរាល់ពេលដែលមានមន្រ្តីមានសមត្ថកិច្ចចុះមកត្រួតពិនិត្យជាដើម។ បន្ទាប់មកកុមារជាអនីតិជន ត្រូវប្រគល់ប្រាក់មួយចំនួនដែលខ្លួនសុំបានទៅឱ្យមេខ្លោង ដើម្បីជាថ្នូរក្នុងការផ្ដល់ដំណឹង។ ក្រៅពីមធ្យោបាយខាងលើ មានជនទុច្ចរិតមួយចំនួនទៀត បានធ្វើការញុះញង់ឱ្យកុមារដើរសុំទានតាមទីសាធារណៈ រួចប្រគល់ប្រាក់ទាំងអស់មកឱ្យខ្លួន ដើម្បីដូរយកអាហារ ក៏ដូចជាទីជម្រកផងដែរ។ ក្នុងករណីដែលមិនអាចសុំទានបានគ្រប់តាមចំនួនណាមួយដែលមេខ្លោងបានកម្រិត កុមារដែលជា អនីតិជនទាំងនោះ អាចត្រូវទទួលរងនូវការគំរាមកំហែង បង្អត់អាហារ និងដេញចេញពីកន្លែងស្នាក់អាស្រ័យទៀតផង។ ដោយហេតុដូចបានរៀបរាប់ខាងលើនេះ ទើបក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បន្ទុកទៅលើជនខិលខូចទាំងអស់នោះ ដោយបញ្ញត្តត្រង់មាត្រា ៣៤៤ ថា៖ «អំពើញុះញង់អនីតិជនដោយផ្ទាល់អោយសុំទាន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន)រៀល» ។ សរុបមកវិញ ជនទាំងឡាយណាដែលបានប្រព្រឹត្តិអំពើញុះញង់អនីតិជនឱ្យសុំទាន ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ហើយអនីតិជនដែលមិនទាន់គ្រប់អាយុទាំងអស់ គួរគប្បីទទួលបានការគាំពារថែរក្សា ដោយទទួលបាននូវការសិក្សាអប់រំរៀនសូត្រ និងតាមរយៈការបំបាត់នូវរាល់សកម្មភាពរំលោភបំពានសិទ្ធិនានាទៅលើពួកគេ។ រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា គន្ធ វិជិតា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕
2020-04-22 11:46:32
(ភ្នំពេញ)៖ ព្រហ្មទណ្ឌ គឺគោលការណ៍មួយប្រភេទ ដែលចែងមកសម្រាប់ដាក់ទោសដល់រាល់បុគ្គលទាំងឡាយណាដែលបានប្រព្រឹត្តផ្ទុយពីបទបញ្ញត្តិច្បាប់ ជាពិសេសនោះគឺក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។ ដូច្នេះហើយ នៅពេលមានបទល្មើសមួយកើតឡើង គឺត្រូវតែមានអ្នកទទួលខុសត្រូវព្រហ្មទណ្ឌ។ ជាគោលការណ៍ គេមិនអាចឲ្យជនដែលមិនដឹងខុសត្រូវពី ភាពធ្ងន់ធ្ងរនៃអំពើរបស់ខ្លួន ឲ្យទទួលខុសត្រូវព្រហ្មទណ្ឌទេ ព្រោះថា ការយល់ដឹងខុសត្រូវពីអំពើរបស់ខ្លួន គឺជាកត្តាមួយដែលនាំឲ្យបុគ្គលម្នាក់ៗ ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌ ។ ហេតុនេះបានជាក្រមព្រហ្មទណ្ឌកម្ពុជាកំរិតអំពីការទទួលខុសត្រូវព្រហ្មទណ្ឌយ៉ាងច្បាស់លាស់ ដែលក្នុងនោះ មាត្រា៣៨ បានចែងថា នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌ ត្រូវបានកំណត់អាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំឡើងទៅ ។ ចុះប្រសិនបើអនីតិជនអាយុក្រោម ១៨ ឆ្នាំ ប្រព្រឹត្តបទល្មើស តើត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដែររឺទេ? តើមានវិធានការបែបណាខ្លះ ចំពោះអនីតិជនដែលបាន ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ? ដូចនេះដើម្បីសិក្សាពី សញ្ញាណនៃការទទួលខុសត្រូវ ព្រហ្មទណ្ឌរបស់អនីតិជនឲ្យបានច្បាស់លាស់ កម្មវិធី យល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ក្នុងសប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់អនីតិជន» មកធ្វើការចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ និងសិស្ស និស្សិត ដូចតទៅ៖ យើងបានដឹងហើយច្បាប់បាន កំណត់ពីការទទួលខុសត្រូវព្រហ្មទណ្ឌថា ទាល់តែអាយុចាប់ពី ១៨ ឆ្នាំឡើងទៅទើបទទួលខុសត្រូវ ដោយហេតុថាអាយុក្រោម ១៨ ឆ្នាំ គឺជាអនីតិជន ដែលការយល់ដឹងរបស់ពួកគាត់នៅខ្វះខាតនៅឡើយ ។ ប៉ុន្តែចំណុចនេះអាចមានភាពពិបាក ដោយហេតុថា ក្នុងករណីដែលមានអនីតិជនអាយុក្រោម១៨ឆ្នាំ ប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរណាមួយ ។ ហេតុនេះហើយទើបក្នុងមាត្រា ៣៩ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តិបន្ថែមទៀតថា តុលាការអាចប្រកាសទណ្ឌកម្ម ព្រហ្មទណ្ឌទៅលើអនីតិជនអាយុចាប់ពី ១៤ (ដប់បួន) ឆ្នាំឡើងទៅបាន ប្រសិនបើកាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈរបស់អនីតិជនតម្រូវ ។ មានន័យថា អនីតិជនអាយុ ១៤ ឆ្នាំដល់ ១៨ ឆ្នាំអាចនឹងត្រូវទទួលខុសត្រូវព្រហ្មទណ្ឌចំពោះ អំពើរបស់ខ្លួនប្រសិន កាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈរបស់អនីតិជន តម្រូវ ។ នៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មិនបានកំណត់ឲ្យបានច្បាស់លាស់ឡើយអំពីពាក្យថា កាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈរបស់អនីតិជនឡើយ ហេតុដូចនេះនៅពេលជួបប្រទះនូវករណីណាមួយ ច្បាប់បានផ្ដល់សិទ្ធិពិសេសដល់តុលាការ (ឆន្ទានុសិទ្ធិ) ក្នុងការពិចារណាថា តើអនីតិជននោះត្រូវទទួលខុសត្រូវ ឬក៏អត់ចំពោះទង្វើល្មើសច្បាប់ព្រហ្មទណ្ឌរបស់ខ្លួន ។ ប៉ុន្តែ តាមខ្លឹមសារនៃមាត្រា ៣៩ ដដែលមានន័យថា សម្រាប់អនីតិជនដែលមានអាយុក្រោម ១៤ ឆ្នាំ មិនអាចត្រូវបាន តុលាការព្រហ្មទណ្ឌប្រកាសឲ្យទទួលទោសបានឡើយ ។ ជាទូទៅរាល់អនីតិជនអាយុពី១៤ ដល់ក្រោម ១៨ឆ្នាំ ដែលប្រព្រឹត្តបទល្មើសទាំងអស់ តុលាការអាចសម្រេចដាក់គាត់ក្នុងវិធានការតាមដាន វិធានការអប់រំ វិធានការការពារ និងវិធានការឧបត្ថម្ភ ដែលមានដូចជា៖ ១៖ ការប្រគល់អនីតិជនទៅឪពុកម្ដាយ អាណាព្យាបាល បុគ្គលិកដែលថែរក្សា អនីតិជននោះ ឬ បុគ្គលណាផ្សេងទៀត ប្រសិនបើបុគ្គលនោះសក្កិសមនឹងទំនុកចិត្ត ។ ២៖ ការប្រគល់អនីតិជនឲ្យទៅសេវាសាធារណៈ ដែលសម្រាប់ទទួលបន្ទុកអនីតិជន ។ ៣៖ ការប្រគល់អនីតិជនឲ្យទៅអង្គការឯកជន ដែលមាននីតិសម្បទាក្នុងការទទួលអនីតិជន ។ ៤៖ ការប្រគល់អនីតិជនឲ្យទៅមន្ទីរពេទ្យ ឬស្ថាប័នឯកទេស ។ ៥៖ ការដាក់អនីតិជនឲ្យនៅក្រោមការការពាររបស់តុលាការ ដែលនៅក្នុងករណីនេះ តុលាការនឹងចាត់តាំងបុគ្គល មួយរូបដែលត្រូវទទួលភារៈធ្វើការតាមដានអនីតិជន ។ បុគ្គលនេះផ្ញើររបាយការណ៍ស្ដីពី កិរិយាមារយាទរបស់ អនីតិជនឲ្យ បានទៀងទាត់ដល់ព្រះរាជអាជ្ញា។ បុគ្គលនេះផ្ដល់ព័ត៌មានដល់ព្រះរាជាអាជ្ញា អំពីព្រឹត្តិការណ៍ទាំងអស់ដែលអាចនាំឲ្យ មានការកែប្រែនូវវិធាននេះ ។ ផ្ទុយទៅវិញប្រសិនបើតុលាការយល់ឃើញថា កាលៈទេសៈរបស់បទល្មើស ឬបុគ្គលិកលក្ខណៈរបស់អនីតិជនតម្រូវ នោះមានន័យថា អនីតិជនត្រូវទទួលខុសត្រូវព្រហ្មទណ្ឌ ដែលតុលាការត្រូវប្រកាសទណ្ឌកម្មព្រហ្មទណ្ឌទៅលើ អនីតិជននោះ ។ ក្នុងករណីនេះ ក្រមព្រហ្មទណ្ឌបាន កំណត់យ៉ាងជាក់លាក់ នូវទោសដែលអាចអនុវត្តចំពោះអនីតិជនបាន កាលណាតុលាការសម្រេចផ្ដន្ទាទោសព្រហ្មទណ្ឌទៅលើអនីតិជន ដែលមានបញ្ញត្តិនៅក្នុងមាត្រា ១៦០ ថា: កាលណាតុលាការសម្រេចផ្ដន្ទាទោសព្រហ្មទណ្ឌទៅលើអនីតិជនអាយុចាប់ពី ១៤ (ដប់បួន) ឆ្នាំឡើងទៅ មូលទោសលើបទល្មើសដែលចោទប្រកាន់ ត្រូវបានបន្ថយក្នុងលក្ខខណ្ឌដូចខាងក្រោម៖ ១៖ អតិបរមានៃទោសដាក់ពន្ធនាគារត្រូវបន្ថយពាក់កណ្ដាល ។ ២៖ ប្រសិនបើអតិបរមានៃទោសនោះ គឺជាទោសដាក់ពន្ធនាគារអស់មួយជីវិត អតិបរមាត្រូវបន្ថយមកដាក់ពន្ធនាគារ ២០ (ម្ភៃ) ឆ្នាំ ។ ៣៖ អប្បបរមានៃទោសដាក់ពន្ធនាគារ ត្រូវបន្ថយពាក់កណ្ដាល ប្រសិនបើអប្បបរមានេះលើសពី ១ (មួយ) ថ្ងៃ ។ ៤៖ អប្បបរមា និងអតិបរមា នៃទោសពិន័យជាប្រាក់ ត្រូវបន្ថយពាក់កណ្ដាល ។ ក្នុងករណីការចោទប្រកាន់ពីបទឧក្រិដ្ឋ ប្រសិនបើបទបញ្ញត្តិនៃមាត្រានេះមាន អានុភាពបន្ថយ អតិបរមានៃ ទោសដាក់ពន្ធនាគារ មកត្រឹមថិរវេលាមួយស្មើ ឬតិចជាង ៥ (ប្រាំ) ឆ្នាំនោះបទល្មើសដែលចោទប្រកាន់នៅតែជាបទឧក្រិដ្ឋដដែល ។ ក្រៅពីមូលទោស តុលាការក៏អាចប្រកាសទោសបន្ថែម និងទោសការងារសហគមន៍បានផងដែរ ដែលចំណុចនេះមានបញ្ញត្តិក្នុងមាត្រា ១៦១ និង១៦២ នៃក្រមព្រហ្មទណ្ឌ។ សរុបមកឲ្យតែមានការប្រព្រឹត្តបទល្មើសមួយឡើង ពិតណាស់វាតែងតែបង្កឲ្យមានព្យសនកម្ម ឬការខូចខាត ផ្សេងៗ ដែលជាមូលហេតុមួយតម្រូវឲ្យមាន ការទទួលខុសត្រូវពីអ្នកដែលបានប្រព្រឹត្តឡើងនោះ ចំពោះអំពើរបស់ខ្លួន។ ប៉ុន្តែជាបទបញ្ញត្តិដោយឡែក ច្បាប់ក៏បានកំណត់នូវគោលការណ៍នៃការ ទទួលខុសត្រូវព្រហ្មទណ្ឌមួយដាច់ដោយឡែក សម្រាប់អនីតិជនដែលប្រព្រឹត្តបទល្មើស ចៀសវាងប៉ះពាល់ដល់សិទ្ធិ ក៏ដូចជាបង្កនូវការលំបាកដល់អនីតិជនដែលជាគោលការណ៍អនីតិជនត្រូវបានគាំពារយ៉ាងខ្លាំងដោយច្បាប់ ជាពិសេសនោះគឺច្បាប់ស្ដីពីយុត្តិធម៌អនីតិជន។ រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងលោក ឡេង ពុទ្ធិតារា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយ អត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕
2020-04-22 11:45:24
(ភ្នំពេញ)៖ នៅពេលដែលបុគ្គលម្នាក់បានប្រព្រឹត្តនូវអំពើឈ្លានពាន ប្រឆាំងទៅនឹងបុគ្គលម្នាក់ទៀតហើយច្បាប់បានបញ្ញត្តិថាអំពើនោះជាបទល្មើសព្រហ្មទណ្ឌ នោះជនបង្កនឹងត្រូវទទួលទោសទៅតាមទង្វើដែលខ្លួនបានប្រព្រឹត្ត ប៉ុន្តែក៏នៅមានមូលហេតុមួយចំនួនដែលក្រមព្រហ្មទណ្ឌមិនតម្រូវឲ្យមានការទទួលខុសត្រូវ ឬមានការសម្រាលនូវការទទួលខុសត្រូវព្រហ្មទណ្ឌផងដែរ ។ ដើម្បីយល់កាន់តែច្បាស់ថា តើមានមូលហេតុអ្វីខ្លះ ដែលអាចឲ្យរួចផុតពីការមិនទទួលខុសត្រូវព្រហ្មទណ្ឌ ឬការសម្រាលនូវការទទួលខុសត្រូវព្រហ្មទណ្ឌ? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបង្ហាញជូនដូចខាងក្រោម៖ យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ បានបញ្ញត្តិអំពីមូលហេតុនៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌ ឬការសម្រាលនូវការទទួលខុសត្រូវព្រហ្មទណ្ឌមានដូចខាងក្រោម ៖ ១៖ ការមិនទទួលខុសត្រូវព្រហ្មទណ្ឌ ដោយសារមូលហេតុវិបល្លាសស្មារតី (មាត្រា៣១ នៃក្រមព្រហ្មទណ្ឌ) វិបល្លាសស្មារតី សំដៅទៅលើជនដែលមានវិបត្តិផ្នែកបញ្ញាស្មារតី វិកលចរិត សតិមិនល្អ ដែលពុំអាចដឹងខុសត្រូវលើទង្វើរបស់ខ្លួនបានដូចមនុស្សធម្មតាក្នុងរយៈពេលមិនកំណត់ ឬក្នុងមួយរយៈពេលខ្លី ដូច្នេះកាលបើជនណាម្នាក់ប្រព្រឹត្តបទល្មើសនៅពេលដែលជននោះ កើតវិបល្លាសស្មារតីដែលធ្វើឲ្យបាត់បង់នូវសមត្ថភាពយល់ដឹងរបស់ខ្លួន ជននោះមិនត្រូវទទួលខុសត្រូវព្រហ្មទណ្ឌទេ ។ ផ្ទុយទៅវិញ បើជននោះកើតវិបល្លាសស្មារតីដែលគ្រាន់តែកាត់បន្ថយនូវការដឹងខុសដឹងត្រូវរបស់ខ្លួន ជននោះនៅតែទទួលខុសត្រូវព្រហ្មទណ្ឌដដែល ។ ការកំណត់ថាជននេះកើតវិបល្លាសស្មារតី ឬគ្រាន់តែអន់បន្ថយនូវការយល់ដឹងខុសត្រូវនោះ ត្រូវមានភស្តុតាងបញ្ជាក់យ៉ាងច្បាស់លាស់ពីគ្រូពេទ្យជំនាញ ដើម្បីឲ្យតុលាការធ្វើការពិនិត្យ និងពិចារណាពីបញ្ហានេះក្នុងការកំណត់ទោស ។ ចំពោះជនដែលកើតវិបល្លាសស្មារតីដោយសារការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ឬសារជាតិដែលច្បាប់ហាមឃាត់ ហើយបានប្រព្រឹត្តបទល្មើស ជននោះមិនអាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌឡើយ ។ ២៖ ការអនុញ្ញាតដោយច្បាប់ ឫអាជ្ញាធរ (មាត្រា៣២ នៃក្រមព្រហ្មទណ្ឌ) សំដៅទៅលើអាជ្ញាធរសាធារណៈមានដូចជា នគរបាល យោធា ជាដើម ដែលប្រព្រឹត្តអំពើដែលបានបញ្ញត្តិ ឬអនុញ្ញាត្តដោយច្បាប់ ឬតាមបញ្ជារបស់អាជ្ញាធរស្របច្បាប់ បុគ្គលទាំងនោះមិនមែនប្រព្រឹត្តបទល្មើសនោះទេ លើកលែងតែអំពើនោះជាអំពើខុសច្បាប់យ៉ាងជាក់ច្បាស់ ។ ប៉ុន្តែ ចារី សហចារី អ្នកផ្តើមគំនិតក្នុងបទប្រល័យពូជសាសន៍ បទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ឬបទឧក្រិដ្ឋសង្រ្គាម មិនអាចលើកលែងឲ្យរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌបានទេ ទោះក្នុងមូលហេតុណាក៏ដោយ ។ ៣៖ ការការពារស្របច្បាប់ (មាត្រា៣៣ នៃក្រមព្រហ្មទណ្ឌ) ច្បាប់បានអនុញ្ញាត្តឲ្យបុគ្គល ណាដែលប្រព្រឹត្រ្តបទល្មើស ក្នុងសភាពការការពារស្របច្បាប់ មិនត្រូវទទួលខុសត្រូវព្រហ្មទណ្ឌទេ ប៉ុន្តែការការពារស្របច្បាប់នោះត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖ បទល្មើសត្រូវចាត់ទុកថាត្រឹមត្រូវ ដោយការចាំបាច់ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិ ដែលប្រឈមមុខនឹងការឈ្លានពានមួយមិនត្រឹមត្រូវ បទល្មើស និងការឈ្លានពានត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា និង គ្មានវិសមាមាត្រ រវាងមធ្យោបាយការពារដែលប្រើប្រាស់ និងទម្ងន់នៃការឈ្លានពាន ។ ឧទាហរណ៍៖ លោក «ក» បានប្រើប្រាស់គ្រឿងញៀនរាល់ថ្ងៃ ហើយបានយកកាំបិតទៅកាប់ក្បាលម្តាយរបស់ខ្លួន ដោយស្របពេលនោះ លោក «ខ» ដែលត្រូវជាប្អូនប្រុសរបស់លោក «ក» បានឃើញសកម្មភាពនោះ ក៏បានស្ទុះទៅយកដំបងនៅក្បែរខ្លួនវាយលោក «ក» មួយដំបងត្រូវចំក្បាលបណ្តាលឲ្យដួលទៅនឹងដីតែម្តង ក្នុងបំណងការពារម្តាយរបស់ខ្លួន ។ ករណីនេះ លោក «ខ» មិនទទួលខុសត្រូវព្រហ្មទណ្ឌទ្បើយ ព្រោះទង្វើរនេះជាស្ថានភាពចាំបាច់ដើម្បីការពារអ្នកដទៃ ដែលតបតទៅនឹងអំពើឈ្លានពានមិនត្រឹមត្រូវក្នុងពេលដំណាលគ្នានៃអំពើ ហើយមធ្យោបាយការពារខ្លួនដែលយកមកប្រើប្រាស់មានភាពសមាមាត្រគ្នា។ ៤៖ សច្ចធារណ៍នៃការការពារស្របច្បាប់ (មាត្រា៣៤ នៃក្រមព្រហ្មទណ្ឌ) ការសន្មតថាជាការការពារស្របច្បាប់នៅក្នុងករណីដែល បទល្មើសត្រូវបានប្រព្រឹត្តដើម្បី រុញច្រានការចូលក្នុងពេលយប់ដោយសារ កាប់គាស់ទម្លុះទម្លាយ ដោយហិង្សា ឬដោយកលល្បិចនៅក្នុងទីកន្លែងដែលមានមនុស្សនៅ ។ បទល្មើសបានប្រព្រឹត្តដើម្បីការពារខ្លួនប្រឆាំងនឹងការលួច ឬការប្លន់ដែលអនុវត្តដោយហិង្សា ។ សច្ចធារណ៍នៃការការពារស្របច្បាប់ ពុំមានលក្ខណៈដាច់ខាតទេ ។ សច្ចធារណ៍នេះអាចត្រូវរលាយ ដោយភស្តុតាងផ្ទុយ ។ ៥៖ ស្ថានភាពចាំបាច់ (មាត្រា៣៥ នៃក្រមព្រហ្មទណ្ឌ) ស្ថានភាពចាំបាច់ សំដៅទៅលើបុគ្គលដែលស្ថិតនៅក្នុងការ ចាំចាច់ត្រូវតែប្រព្រឹត្តបទល្មើស មិនត្រូវទទួលខុសត្រូវព្រហ្មទណ្ឌទ្បើយ ។ ស្ថានចាំបាច់ត្រូវមានលក្ខខណ្ឌដូចខាងក្រោមនេះ៖ បទល្មើសត្រូវបានចាត់ទុកថា ត្រឹមត្រូវដោយការចាំបាច់ ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិប្រឆាំងនឹងគ្រោះថ្នាក់ដែលកំពុងកើតមាន ឬដែលនឹងកើតមាន និង គ្មានវិសមាមាត្ររវាងមធ្យោបាយការពារ និងទម្ងន់នៃគ្រោះថ្នាក់ ។ ឧទាហរណ៍៖ ចោរមួយក្រុមបានវាយបំបែកសោរផ្ទះរបស់ ពូសុខ ដើម្បីចូលប្លន់ទ្រព្យសម្បត្តិរបស់គាត់ ភ្លាមនោះ ពូសុខ ក៏បានយកកាំបិតកាប់ទៅលើចោរនោះ ដើម្បីការពារអាយុជីវិតក្រុមគ្រួសារ និងទ្រព្យសម្បត្តិរបស់គាត់ពីការឈ្លានពាន របស់ក្រុមចោរ ដូចនេះ ពូសុខ ពុំត្រូវបានទទួលទោសព្រហ្មទណ្ឌនោះទេ ។ ៦៖ អនុភាពនៃកម្លាំង ឫការបង្ខំ (មាត្រា៣៦ នៃក្រមព្រហ្មទណ្ឌ) សំដៅទៅដល់បុគ្គលដែលប្រព្រឹត្ត បទល្មើសក្រោមអនុភាពនៃកម្លាំង ឬការបង្ខំ ដែលបុគ្គលនេះមិនអាចទប់ទល់បាននោះ មិនត្រូវទទួលខុសត្រូវព្រហ្មទណ្ឌទេ ។ កម្លាំង និងការបង្ខំអាចចេញមកពីព្រឹត្តិការណ៍ក្រៅឆន្ទៈ របស់មនុស្សតែប៉ុណ្ណោះ ។ កម្លាំង និងការបង្ខំនេះត្រូវតែមិនអាចមើលឃើញជាមុនបាន និងមិនអាចជៀសវាងបាន ។ សរុបមក ក្រមព្រហ្មទណ្ឌបានបញ្ញត្តិយ៉ាងពិសេស អំពីមូលហេតុនៃការមិនទទួលខុសត្រូវ ព្រមទាំងស្ថានសម្រាលនូវការទទួលខុសត្រូវព្រហ្មទណ្ឌ ក្នុងគោលបំណងការពារដល់បុគ្គលដែលកើតវិបល្លាសស្មារតីបាត់បង់ការយល់ដឹងរបស់ខ្លួនក្នុងអំទ្បុងប្រព្រឹត្តបទល្មើស តាមការទទួលបញ្ជពីអាជ្ញាធរស្របច្បាប់ និងការការពារខ្លួន ការពារអ្មកដទៃ ឬការការពារទ្រព្យសម្បត្តិ ដែលកំពុងប្រឈមនឹងការឈ្លានពានខុសច្បាប់ ។ ដោយទ្បែក ក្រៅពីមូលហេតុខាងលើនេះ អនីតិជនអាយុក្រោម ១៤ ឆ្នាំ មិនត្រូវទទួលទោសព្រហ្មទណ្ឌទេ ប៉ុន្តែអំពើដែលអនីតិជនបានប្រព្រឹត្ត ឪពុក-ម្តាយ ឬអាណាព្យាបាលសម្រាប់អនីតិជនជាអ្នកទទួលខុសត្រូវសំណងរដ្ឋប្បវេណី ។ រៀបរៀងដោយ៖ លោកមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា ថន រ៉ាវ៉ាឌី ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៦១ ៤៤៨ ៨៨៩, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ/ Cambodia International Cooperation Law Group៕
2020-04-22 11:44:25
(ភ្នំពេញ)៖ យោងតាមស្មារតីក្រមរដ្ឋប្បវេណីលទ្ធកម្ម នៃកម្មសិទ្ធិលើអចលនទ្រព្យអាចត្រូវធ្វើលទ្ធកម្មដោយ កិច្ចសន្យា សន្តតិកម្ម និងហេតុដែលកំណត់ក្នុងផ្នែកទី៤ (លទ្ធកម្មនៃកម្មសិទ្ធិ) នេះ ព្រមទាំងបញ្ញត្តិនៃក្រមរដ្ឋប្បវេណី ឬច្បាប់ផ្សេង ។ ដោយហេតុថា៖ ក្នុងស្ថានភាពបច្ចុប្បន្ន វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានភាពរីកចម្រើនយ៉ាងខ្លាំងដែលគួឲ្យកត់សម្គាល់ហើយបញ្ហាពាក់ព័ន្ធនឹងការធ្វើ លទ្ធកម្មនៃកម្មសិទ្ធិលើអចលនទ្រព្យ ក៏បានចោទជាបញ្ហាឡើងផងដែរ។ ដូច្នេះក្នុងសប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកនូវប្រធានបទស្តីពី «ការធ្វើលទ្ធកម្ម(ផ្ទេរ) កម្មសិទ្ធិតាមរយៈការលក់ទិញ» មកធ្វើការបកស្រាយ ។ សម្រាប់ការបកស្រាយលើប្រធានបទនេះ កម្មវិធីយើងខ្ញុំសូមលើកយកតែការធ្វើលទ្ធកម្ម(ផ្ទេរ) កម្មសិទ្ធិតាមរយៈការទិញលក់ចំពោះអចលនវត្ថុ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) តែប៉ុណ្ណោះ។ កិច្ចសន្យាទិញ លក់ ដែលកើតចេញពីការព្រមព្រៀងរបស់គូភាគី គឺជាប្រភេទកិច្ចសន្យាឯកជន ដើម្បីធ្វើការធានាអំពីការអនុវត្តសិទ្ធិ និងកាតព្វកិច្ច របស់គូភាគីនៃកិច្ចសន្យា ជាពិសេសផ្តោតទៅលើករណីយកិច្ចក្នុងការធ្វើលទ្ធកម្ម(ផ្ទេរ )កម្មសិទ្ធិ ឬសិទ្ធិផ្សេងទៀតលើអចលនទ្រព្យឲ្យទៅភាគីអ្នកទិញ។ យោងតាមស្មារតីមាត្រា១៣៥ នៃក្រមរដ្ឋប្បវេណីបញ្ញត្តិថា ការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុដោយការព្រមព្រៀង មិនមានអានុភាពនោះទេបើមិនបានចុះបញ្ជីដោយយោងតាមបទបញ្ញត្តិស្តីការចុះបញ្ជី ។ ពោលគឺ ដើម្បីអាចចាត់ចែងផ្ទេរកម្មសិទ្ធិបានលុះត្រាតែគូភាគីត្រូវទៅបំពេញទម្រង់បែបបទ ដែលហៅថាទម្រង់លិខិតលក់ផ្តាច់នៅរដ្ឋបាលសុរិយោដី និងផ្តិតស្នាមមេដៃនៅចំពោះមុខមន្រ្តី មានសមត្ថកិច្ចនៃអង្គភាពសុរិយោដីដែលអចលនវត្ថុស្ថិតនៅ ។ ឯកសារចាំបាច់ដើម្បីដំណើរការផ្ទេរសិទ្ធិនៃកម្មសិទ្ធិរួមមាន៖ ១៖ ពាក្យសុំចុះបញ្ជី (ច្បាប់ដើម) ចំនួន០២ (ពីរ)ច្បាប់ ២៖ កិច្ចសន្យាទិញលក់ធ្វើដោយលិខិតយថាភូត ។ បើពុំមានកិច្ចសន្យាទិញលក់ដោយលិខិតយថាភូតទេ គូភាគីត្រូវមានសាក្សី០២ (ពីរ)នាក់ អមជាមួយហើយអាចស្នើសុំឲ្យមន្រ្តីសុរិយោដីជួយរៀបចំ ដើម្បីធ្វើនីតិវិធីនៃការចុះបញ្ជីផ្ទេរបាន (ច្បាប់ដើម) ចំនួន០២ (ពីរ)ច្បាប់។ ៣៖ កិច្ចសន្យាហាមមិនឲ្យបែងចែកអចលនវត្ថុអវិភាគ ក្នុងករណីជាទ្រព្យអវិភាគ ហើយពាក្យសុំចុះបញ្ជីអំពី កិច្ចសន្យាហាមមិនឲ្យបែងចែកអចលនវត្ថុអវិភាគត្រូវបាន ធ្វើឡើងព្រមគ្នាជាមួយពាក្យសុំចុះបញ្ជីផ្ទេរ (ច្បាប់ដើម)ចំនួន០១ (មួយ)ច្បាប់ និងច្បាប់ថតចម្លងដែលបានធ្វើនីត្យានុកូលកម្មចំនួន០២ (ពីរ)ច្បាប់។ ៤៖ ឯកសារបញ្ជាក់ការទទួលបាន ការអនុញ្ញាតពីតុលាការក្នុងករណីអចលនវត្ថុដែលជា កម្មវត្ថុនៃការលក់ទិញជារបស់អនីតិជន ជនស្ថិតនៅក្រោមអាណាព្យាបាលទូទៅ ឬជននៅក្រោមហិតូបត្ថម្ភ ហើយកំពុងប្រើប្រាស់លំនៅឋានរបស់ជននោះ (ច្បាប់ដើម ឬច្បាប់ថតចម្លងដែលបានធ្វើនីត្យានុកូលកម្ម)។ ៥៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០៣ (បី)ច្បាប់ របស់បុគ្គលដាក់ពាក្យសុំចុះបញ្ជី៖ • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន (បើជារូបវន្តបុគ្គល) លក្ខន្តិកៈ និងឯកសារបញ្ជាក់ការចុះបញ្ជី (បើជានីតិបុគ្គល) ឬឯកសារផ្សេងទៀត (ច្បាប់ចម្លងដែលបានធ្វើនីត្យានុកូលកម្មលើកលែងតែសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើតដែលត្រូវយកច្បាប់ដើម) ចំនួន០៣ (បី)ច្បាប់។ ៦៖ ឯកសារបញ្ជាក់ទ្រព្យសម្បត្តិរបស់បុគ្គលមានសិទ្ធិចុះបញ្ជី ដែលជារូបវន្តបុគ្គល៖ • បើជាទ្រព្យរួមប្តី ប្រពន្ធត្រូវមាន៖ សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លងសំបុត្របញ្ជាក់អាពា៍ពិពាហ៍ កិច្ចសន្យាទ្រព្យសម្បត្តិប្តី ប្រពន្ធ (ប្រសិនបើមាន)។ • បើជាទ្រព្យដោយឡែក៖ ឯកសារបញ្ជាក់អំពីស្ថានភាពស៊ីវិល (សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ ឬលិខិតបញ្ជាក់ភាពនៅលីវ ឬមេម៉ាយ ឬពោះម៉ាយ ឬសេចក្តីសម្រេចរបស់តុលាការអំពីអវត្តមាន ឬការបាត់ខ្លួនរបស់សហព័ទ្ធម្ខាងទៀត) (កិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធ (ប្រសិនបើមាន) ឬឯកសារបញ្ជាក់ពីការទទួលបានទ្រព្យសម្បត្តិនៅមុនពេលរៀបអាពាហ៍ពិពាហ៍ ឬទទួលបានពីការបែងចែកទ្រព្យសម្បត្តិដោយឡែកជាអាទិ៍។ • ឯកសារបញ្ជាក់ពីចំណែករបស់ម្ចាស់សិទ្ធិម្នាក់ៗ (ប្រសិនបើមាន) ក្នុងករណីទ្រព្យនោះជាកម្មសិទ្ធិអវិភាគ។ ៧៖ ឯកសារបញ្ជាក់ពីសិទ្ធិតំណាងរបស់អភិបាល តំណាងឲ្យនីតិបុគ្គលក្នុងករណីអ្នកដាក់ពាក្យសុំចុះបញ្ជីជានីតិបុគ្គល (ច្បាប់ដើម) ចំនួន០១ (មួយ)ច្បាប់ និងច្បាប់ថតចម្លងដែលបានធ្វើនីត្យានុកូលកម្មចំនួន០២ (ពីរ)ច្បាប់។ ៨៖ ឯកសារបញ្ជាក់សិទ្ធិតំណាងក្នុងករណី អ្នកដាក់ពាក្យសុំចុះបញ្ជីជាជន នៅក្រោមអ្នកតំណាងដែលកំណត់ដោយច្បាប់ (ច្បាប់ដើម) ចំនួន០១ (មួយ)ច្បាប់ និងច្បាប់ថតចម្លងដែលបានធ្វើនីត្យានុកូលកម្មចំនួន០២ (ពីរ)ច្បាប់។ ៩៖ ឯកសារប្រគល់សិទ្ធិតំណាងក្នុងករណី ពាក្យសុំចុះបញ្ជីធ្វើឡើងដោយអ្នកតំណាងដោយអាណត្តិ (ច្បាប់ដើម) ចំនួន០១ (មួយ)ច្បាប់ និងច្បាប់ថតចម្លងដែលបានធ្វើនីត្យានុកូលកម្មចំនួន០២ (ពីរ)ច្បាប់។ ១០៖ ប័ណ្ណអចលនវត្ថុដែលជាកម្មវត្ថុនៃការលក់ទិញ (ច្បាប់ដើម)។ នៅពេលដំណាក់កាល នៃការបំពេញបែបបទ និងនីតិវិធីនៃការស្នើសុំធ្វើលទ្ធកម្ម(ផ្ទេរ) កម្មសិទ្ធិនៅរដ្ឋបាលសុរិយោដី ហើយមន្រ្តីមានសមត្ថកិច្ចនៃ អង្គភាពសុរិយោដីបានពិនិត្យចប់សព្វគ្រប់រួចរាល់ អំពីភាពច្បាស់លាស់នៃអចលនវត្ថុដែលជា កម្មវត្ថុនៃការផ្ទេរកម្មសិទ្ធិ ក៏ដូចជាអត្តសញ្ញាណរបស់គូភាគីរួចរាល់ ពេលនោះរដ្ឋបាលសុរិយោដីនឹង ជូនដំណឹងអំពីការបង់ពន្ធប្រថាប់ត្រាចំនួន ៤% ដែលធ្វើការវាយតម្លៃដោយ មន្រ្តីបច្ចេកទេសរបស់អគ្គនាយកដ្ឋានពន្ធដារ។ ក្រោយពីបានបំពេញកាតព្វកិច្ចបង់ពន្ធប្រថាប់ចំនួន ៤% រួចរាល់ពេល នោះរដ្ឋបាលសុរិយោដីនឹងបញ្ចប់នីតិវិធីនៃការផ្ទេរកម្មសិទ្ធិពីអ្នកលក់ទៅឲ្យអ្នកទិញ ដោយ ធ្វើការចុះបញ្ជីផ្ទេរកម្មសិទ្ធិនេះក្នុងកំណត់ត្រាផ្លូវការ និងចារនិទ្ទេសសម្គាល់នូវការផ្ទេរកម្មសិទ្ធិលើប័ណ្ណកម្មសិទ្ធិដែលជានីតិវិធីចុងក្រោយ នៃការបញ្ចប់ការផ្ទេរកម្មសិទ្ធិជាស្ថាពរ និងស្របតាមនីតិច្បាប់៕ រៀបរៀងដោយ៖ លោក ថន យូសៀង និង លោក លាង ប៊ុនឡេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋានអគារលេខ ៤៥៣៥ ផ្លូវ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ president@ciclg.com , ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ Cambodia International Cooperation Law group៕
2020-04-22 11:43:20
(ភ្នំពេញ)៖ អចលនវត្ថុ សំដៅទៅលើ ដីធ្លី និងវត្ថុជាប់នៅលើដី ហើយមិនអាចផ្លាស់ប្តូរទីកន្លែងបាន ដូចជា អគារ សំណង់ ដំណាំ រុក្ខជាតិ ជាអាទិ៍ នេះបើយោងតាមបញ្ញត្តិមាត្រា ១២០ នៃក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់កម្មវិធីយល់ដឹងផ្នែកច្បាប់ក្នុងសប្តាហ៍នេះ ក្រោមកិច្ចសហការរវាងអង្គភាពព័ត៌មាន FRESH NEWS ជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងលើកយកប្រធានបទស្តីពី «ប្រភេទនៃប័ណ្ណសម្គាល់សិទ្ធិលើអចលនវត្ថុ» មកធ្វើការបង្ហាញ ។ សម្រាប់ការបកស្រាយខាងក្រោម នៃប្រធានបទខាងលើនេះ កម្មវិធីយើងសូមលើកយកតែ ប្រភេទនៃប័ណ្ណសម្គាល់សិទ្ធិ មួយចំនួននៃអចលនវត្ថុ ដែលសំដៅលើ ដីធ្លី ផ្ទះសម្បែង ឬ អគារ មកធ្វើការបង្ហាញតែប៉ុណ្ណោះ ។ សម្រាប់ប្រទេសកម្ពុជា គឺជាករណីដោយឡែក និងពិសេសខុសពីបណ្តាប្រទេសនានា ពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងដីធ្លី ទាំងដីធ្លីជាទ្រព្យសម្បត្តិរបស់រដ្ឋ និងទ្រព្យសម្បត្តិឯកជន ដោយហេតុថា ក្នុងអំឡុងនៃរបបខ្មែរក្រហម ពីខែមេសា ឆ្នាំ១៩៧៥ ដល់ ដើមឆ្នាំ១៩៧៩ ប្រព័ន្ធគ្រប់គ្រងដីធ្លី ត្រូវបានបំបាត់ចោលទាំងស្រុង ។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ របបគ្រប់គ្រងដីធ្លីត្រូវបានរៀបចំឡើងវិញជាបណ្តើរៗ ហើយបានវិវត្តន៍ពីមួយដំណាក់កាលទៅមួយ ដំណាក់កាល ។ មុនឆ្នាំ១៩៨៩ ការផ្ដល់ដីធ្លីសម្រាប់ឯកជនមិនទាន់មាននោះទេ ដោយដីធ្លីត្រូវបានដាក់ឱ្យប្រើប្រាស់ជាលក្ខណៈសមូហភាព (រួម) តែប៉ុណ្ណោះ តែក្រោយមកនៅឆ្នាំ១៩៨៩ កម្ពុជាបានធ្វើឯកជនភាវូបណីយកម្មដីធ្លី ដើម្បីផ្ដល់នូវសិទ្ធិកម្មសិទ្ធិ និងសិទ្ធិភោគៈលើដីធ្លីជូនប្រជាពលរដ្ឋកាន់កាប់ជាលក្ខណៈឯកជន ។ បន្ទាប់មកនៅឆ្នាំ ១៩៩២ កម្ពុជាបានអនុវត្តច្បាប់ភូមិបាលមួយ ដែលច្បាប់នេះបានបញ្ជាក់ពីការទទួលបានកម្មសិទ្ធិ តាមរយៈសន្តតិកម្ម កិច្ចសន្យា ឬ ដោយការផ្លាស់ប្ដូរពី «ការកាន់កាប់បណ្តោះអាសន្ន» ទៅជា «កម្មសិទ្ធិពេញលេញ» ជាអាទិ៍។ ក្រោយមកនៅឆ្នាំ ២០០១ ច្បាប់ភូមិបាលមួយទៀតត្រូវបានរដ្ឋសភាអនុម័ត ដោយនិរាករណ៍ច្បាប់ភូមិបាល ឆ្នាំ១៩៩២ ដែលច្បាប់នេះអនុញ្ញាតឲ្យមានកម្មសិទ្ធិឯកជនទៅលើដីធ្លីពេញលេញនៅកម្ពុជា និងព្រមទាំងបានបង្កើតឱ្យមាននូវប្រព័ន្ធបញ្ជីឈ្មោះដីធ្លី ឲ្យមានប័ណ្ណកម្មសិទ្ធិដីធ្លីនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ។ តាមរយៈនៃការវិវត្តន៍ខាងលើ យើងសង្កេតឃើញមានប្រភេទនៃឯកសារគតិយុត្តមួយចំនួន កំណត់អំពីសិទ្ធិលើអចលនវត្ថុ ដែលជាដីធ្លី និងផ្ទះសម្បែង ដែលជាចំណែកនៃទ្រព្យសម្បត្តិឯកជន (កម្មសិទ្ធិ សិទ្ធិកាន់កាប់ សិទ្ធិប្រើប្រាស់....) ។ ខាងក្រោមនេះ គឺជាប្រភេទឯកសារ និង ប័ណ្ណសម្គាល់សិទ្ធិលើអចលនវត្ថុមួយចំនួន ដែលយើងតែងតែជួប្រទះ នាពេលបច្ចុប្បន្ននេះ ។ តើប្រភេទឯកសារ និង ប័ណ្ណសម្គាល់សិទិ្ធលើអចលនវត្ថុនោះមានលក្ខខណ្ឌគតិយុត្តដូចអ្វីខ្លះ? ១៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជាឯកសារគតិយុត្ត ដែលបញ្ជាក់អំពីកម្មសិទ្ធិលើអចលនវត្ថុ ។ តាមទ្រឹស្តី កម្មសិទ្ធិ រួមមាន សិទ្ធិចាត់ចែង សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យផល ។ រាល់បុគ្គលដែលមានចារឈ្មោះលើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) គឺជាកម្មសិទ្ធិករ ឬ ជាម្ចាស់កម្មសិទ្ធិនៃអចលនវត្ថុនោះ ហើយត្រូវបានគាំពារដោយច្បាប់ក្នុងការប្រើប្រាស់សិទ្ធិនៃកម្មសិទ្ធិ ព្រមទាំងការពារដោយច្បាប់ នៅរាល់សកម្មភាពរំលោភបំពានលើកម្មសិទ្ធិនោះ ។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិតាមរូបភាព ជាការចុះបញ្ជីដាច់ដោយដុំ និងការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ។ ការចុះបញ្ជីកម្មសិទ្ធិដាច់ដោយដុំ គឺធ្វើឡើងតាមការស្នើសុំចុះបញ្ជីដោយអ្នកកាន់កាប់ស្របច្បាប់ ឬ មានសិទ្ធិស្របច្បាប់លើអចលនវត្ថុ ។ ដោយឡែក សម្រាប់ការចុះបញ្ជីកម្មសិទ្ធិលើអចលនវត្ថុជាលក្ខណៈប្រព័ន្ធ គឺធ្វើឡើងដោយរដ្ឋ តាមរយៈគម្រោងគ្រប់គ្រងដីធ្លីរបស់រដ្ឋាភិបាល ឬត្រូវបានហៅថា ប្លង់ LMAP ដែលមកពីពាក្យជាភាសាអង់គ្លេសថា «Land Management and Administration Project» ។ ទោះបីធ្វើឡើងតាមរូបភាពនៃការចុះបញ្ជីដាច់ដោយដុំ ឬ ចុះបញ្ជីជាលក្ខណៈប្រព័ន្ធក៏ដោយ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំងនោះ គឺមានតម្លៃគតិយុត្ត (តម្លៃផ្នែកច្បាប់) ដូច និងស្មើគ្នា ។ លក្ខណៈពិសេស នៃវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺបានកំណត់យ៉ាងជាក់លាក់នូវទីតាំង និងទំហំនៃអចលនវត្ថុ តាមរយៈគោលអ័រដោយណេដែលត្រូវបានគ្រប់គ្រងដោយប្រព័ន្ធកុំព្យូទ័រ ដែលមានកម្រិតប្រែប្រួល ឬ លម្អៀងតិចបំផុត នាថ្ងៃអនាគត តាមរយៈបម្រែបម្រួលធម្មជាតិ ។ ២៖ លិខិតបញ្ជាក់សិទ្ធិកាន់កាប់លើអចលនវត្ថុ (ប្លង់ទន់ ឬ Soft Title) ជាទូទៅប្លង់ទន់ត្រូវបានគេមើលឃើញមានច្រើនទម្រង់ តែជារួមវាគឺជា ប្រភេទឯកសារមួយប្រភេទដែល បញ្ជាក់អំពីការកាន់កាប់ជាក់ស្ដែង ទៅលើអចលនវត្ថុមួយ ដែលមិនមានប្លង់រឹង។ វាអាចត្រូវបានទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ/សង្កាត់ ឬថ្នាក់ក្រុង/ស្រុក/ខណ្ឌជាដើម អំពីការកាន់កាប់ទៅលើវត្ថុនោះ តែមិនទាន់ជា កម្មសិទ្ធិពេញលេញឡើយ។ ប្លង់ទន់ត្រូវបានគេយកមកប្រើប្រាស់ច្រើនចំពោះដីធ្លីកម្ពុជា ដែលប្រជាពលរដ្ឋមួយចំនួនយល់ថា ប្រសិនបើដីមានត្រឹមតែប្លង់ទន់ ការផ្ទេរសិទ្ធិមានភាពងាយស្រួល ឆាប់រហ័ស និងអស់ថវិកាតិច។ ប៉ុន្តែទន្ទឹមនឹងនោះ វាក៏អាចមានបញ្ហាកើតឡើងដែរ ចំពោះភាពមិនច្បាស់លាស់នៃការគ្រប់គ្រងលើអចលនវត្ថុនោះ។ ដោយការចុះបញ្ជីដីធ្លីនៅកម្ពុជា មិនទាន់អនុវត្ដបានទូទាំងប្រទេសនៅឡើយ ហេតុដូចនេះ ភាគច្រើនដីដែលមិនទាន់បានចុះបញ្ជី គឺប្រើប្រាស់នូវប័ណ្ណប្រភេទនេះ ។ ៣៖ ប្លង់ស្រ្តាតា (Strata Title) ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ប្លង់ស្រ្តាតា ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន នេះ គឺជាប្លង់មួយប្រភេទ ដែលបញ្ជាក់អំពីការគ្រប់គ្រងកម្មសិទ្ធិ ទៅលើអគារសហកម្មសិទ្ធិ ។ អគារសហកម្មសិទ្ធិត្រូវបាន គេឱ្យនិយមន័យថា ជាអគារ ឬការសាងសង់ដែលមានម្ចាស់ច្រើនគ្នា ដែលមានផ្នែកខ្លះជាកម្មសិទ្ធិដាច់ដោយឡែករបស់ម្ចាស់ម្នាក់ៗ (ជាន់ឯកជន) និងផ្នែកខ្លះទៀតគឺជា កន្លែងប្រើរួមដែលម្ចាស់ទាំងអស់អាចប្រើប្រាស់បាន (កន្លែងប្រើរួមទូទៅ)។ ការបង្កើតប្លង់នេះឡើង គឺក្នុងគោលបំណងផ្ដល់ភាពងាយស្រួលដល់ការគ្រប់គ្រងចំណែកឯកជន ទៅលើអគារសហកម្មសិទ្ធិមួយឲ្យមានភាពច្បាស់លាស់ ក៏ដូចជាផ្ដល់ភាពងាយស្រួល ដល់ការផ្ទេរកម្មសិទ្ធិ ដែលជាទូទៅប័ណ្ណប្រភេទនេះ ជនបទេសអាចក្លាយជាម្ចាស់កម្មសិទ្ធិករបានដែរ ។ សរុបជារួមមក ហេតុដែលនាំឱ្យការកាន់កាប់ដីធ្លីនៅកម្ពុជា បានប្រើប្រាស់នៅប័ណ្ណផ្សេងៗគ្នាជាច្រើនដូច្នេះ ដោយសារតែមូលហេតុមួយចំនួនដូចជា កត្ដាតម្រូវការរបស់ប្រជាជន កត្ដានយោបាយគ្រប់គ្រងដីធ្លីរបស់រដ្ឋ និងកត្ដាភូមិសាស្រ្ដជាដើម ។ រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក រ៉ាត់ ចាន់ធី សមាជិកក្រុមការងារស្រាវជ្រាវ និងចងក្រង អត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ។
2020-04-22 11:42:20
(ភ្នំពេញ)៖ ក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ យើងសង្កេតឃើញថា ស្ដ្រីបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ សង្គមជាតិឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយក្នុងនោះមានវិស័យជាច្រើនបាន បង្ហាញអំពីវត្តមានយ៉ាងសកម្មរបស់ស្រី្ត ដូចជា វិស័យនយោបាយ អប់រំ សុខាភិបាល និងជាពិសេស ក្នុងវិស័យការងារ ដែលគ្របដណ្ដប់ទៅលើផ្នែក ឧស្សាហកម្ម កសិកម្ម សិប្បកម្ម ពាណិជ្ជកម្ម សេវាកម្ម និងដឹកជញ្ជូនជាដើម ។ សម្រាប់វិស័យការងារនេះផងដែរ សិទ្ធិ និងអត្ថប្រយោជន៍របស់ស្រ្តីត្រូវទទួលបានការគាំពារ ដើម្បីលើកកម្ពស់ និងជម្រុញឱ្យស្ដ្រីមានភាពក្លាហានក្នុងការចូលរួម និងបញ្ចេញសមត្ថភាពរបស់ខ្លួនឱ្យបាន ទូលំទូលាយ និងមានប្រសិទ្ធិភាពជាងមុន ។ ការចូលរួមរបស់ស្រ្តីក្នុងវិស័យការងារ បានផ្តល់ឲ្យស្រ្តីមកវិញនូវសិទ្ធិ និងអត្ថប្រយោជន៍ជាច្រើន ។ សម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី “អត្ថប្រយោជន៍ដែលស្រ្តីទទួលបានក្នុងវិស័យការងារ” ដែលដកស្រង់ចេញពី ច្បាប់ស្ដីពីការងារនៃព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមួយចំនួនទៀត មកបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត និងជាពិសេសបងប្អូនស្រ្តីជាកម្មការីនិយោជិត ដូចតទៅ៖ ជាការពិតណាស់ ស្រ្ដីបច្ចុប្បន្នមានសមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់មិនចាញ់បុរស ក្នុងការបំពេញការងារនានាឡើយ តែដោយហេតុថា ស្រ្តីជាភេទដែលងាយទទួលរងផលប៉ះពាល់ និងការបំពានទាំងផ្នែកស្មារតី និងរូបរាងកាយ ឬការរើសអើងជាដើម ។ ហេតុដូច្នេះ សង្គមបានយកចិត្តទុកដាក់ និងការពារស្ត្រីពីផលប៉ះពាល់ទាំងនោះតាមរយៈរូបភាពផ្សេងៗដូចខាងក្រោម៖ * សមភាពការងារ សមភាពការងារ នៅត្រង់ចំណុចនេះ គឺសំដៅទៅលើភាពស្មើគ្នា ដែលកម្មករនិយោជិតទាំងជាបុរស និងជាស្ដ្រីត្រូវទទួលបានពីសហគ្រាស ឬ គ្រឹះស្ថានដែលខ្លួនបំពេញការងារ ។ ស្ដ្រីត្រូវទទួលបានប្រាក់កំរៃ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការតម្លើងថ្នាក់ ឬឋានន្តរសក្ដិ ការកំណត់បែងចែកការងារ និងលក្ខខណ្ឌការងារផ្សេងៗ ដូចទៅនឹងបុរសដែរ សម្រាប់ការងារ និងតួនាទី។ ជាឧទាហរណ៍៖ ប្រសិនបើ កម្មករបុរសដែលទទួលបន្ទុក លើផ្នែកត្រួតពិនិត្យគុណភាពសំលៀកបំពាក់ ទទួលបានប្រាក់បៀវត្សចំនួន ១៨២ ដុល្លារក្នុង ១ខែ នោះកម្មការនីដែលទទួលបន្ទុកលើផ្នែកដូចគ្នានេះ ក៏ត្រូវទទួលបានប្រាក់បៀវត្សស្មើគ្នាដែរ ហើយកម្មករកម្មការនីទាំងពីរភេទ ត្រូវធ្វើការចំនួន ៨ ម៉ោងក្នុង១ថ្ងៃ ឬសែសិបប្រាំបីម៉ោងក្នុងមួយសប្តាហ៍ មិនបូករួមទាំងម៉ោងសម្រាក ដូចគ្នាផងដែរ ។ ដោយឡែកចំពោះការងារខ្លះ អាចធ្វើការថែមម៉ោង ដោយមិនឱ្យលើសពី ២(ពីរ)ម៉ោង ក្នុងមួយថ្ងៃ ទៅតាមស្ថានភាពជាក់ស្តែង ដោយទទួលបានប្រាក់ថែមម៉ោងទៅតាមច្បាប់កំណត់។ * ការរំលោភបំពានលើរូបរាងកាយ និងផ្លូវភេទ ស្ដ្រីដែលជានិយោជិតទាំងឡាយ ត្រូវបានការពារដោយច្បាប់យ៉ាងតឹងរ៉ឹង ចំពោះការរំលោភបំពាន លើរូបរាងកាយ និងខាងផ្លូវភេទ គ្រប់ទ្រង់ទ្រាយទាំងអស់។ ជាឧទាហរណ៍៖ សកម្មភាពមួយចំនួនដែលត្រូវចាត់ទុកថា ជាការបំពារបំពានលើរាងកាយស្រ្តីមាន ដូចជាការប្រើអំពើហិង្សាពីសំណាក់និយោជក ការប៉ះពាល់ ឬស្ទាបអង្អែលលើរូបរាងកាយ ក្នុងបំណងទុច្ចរិតណាមួយ ការគម្រាមកំហែងលើផ្លូវភេទ ដើម្បីជាថ្នូរក្នុងការតម្លើងតំណែង ឬចៀសផុតពីការបញ្ឈប់ពីការងារជាដើម ព្រមទាំងសកម្មភាពផ្សេងៗទៀតដែលប៉ះទង្គិចដល់កិតិ្តយស និងសេចក្ដីថ្លៃថ្នូររបស់ស្ដ្រីផងដែរ។ ក្នុងករណីដែលមានការរំលោភបំពាន ឬឥរិយាបថមិនគួរគប្បីណាមួយមកលើខ្លួនស្រ្ដី ដែលទទួលរងផលប៉ះពាល់នោះ មានសិទ្ធិគ្រប់គ្រាន់ក្នុងការដាក់ពាក្យបណ្ដឹង ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីជួយរកដំណោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា។ * អត្ថប្រយោជន៍សម្រាប់ស្រ្តីនៅពេលមាតុភាព (សំរាលកូន) ចៅហ្វាយ ឬនិយោជក មិនអាចបញ្ឈប់និយោជិតពីការងារ នៅពេលឈប់សំរាលកូន ឬយកមូលហេតុនេះមកធ្វើជាលេសនោះទេ។ ស្របគ្នាផងដែរ ដើម្បីសម្របសម្រួលដល់ដំណាក់កាលនេះ ស្រ្តីត្រូវទទួលបានអត្ថប្រយោជន៍មួយចំនួនដូចជា៖ • មានសិទ្ធិឈប់សម្រាក កៅសិបថ្ងៃ ដើម្បីសម្រាលកូន។ • ចំពោះស្ដ្រីណាដែលបានធ្វើការក្នុងសហគ្រាសចាប់ពីមួយឆ្នាំឡើងទៅ ត្រូវមានសិទ្ធិទទួលបាន ប្រាក់ឈ្នួលពាក់កណ្ដាល ពីនិយោជក នៅអំឡុងពេលឈប់សម្រាកខាងលើ។ • កម្មការនីដែលបានបង់ប្រាក់វិភាគទានទៅកាន់ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ត្រូវទទួលបានប្រាក់៧០% នៃប្រាក់ខែដែលជាប់វិភាគទានចំនួន៩០ថ្ងៃ ហើយប្រាក់ជាប់វិភាគទាននោះដែរ ត្រូវបានបង់ជាប់គ្នាយ៉ាងតិច ៩ ខែ មុនពេលសម្រាលកូន ដោយយោងតាម៖ ១. យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ហើយត្រូវបានបង្កើតឡើងដោយអនុក្រឹតលេខ ០១ អនក្រ.បក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ស្ដីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។ ២. ប្រកាសលេខ ១៨៤/១៨ ក.ប/ប្រ.ក.ប.ស.ស ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ស្ដីពីការកែសម្រួលនៃប្រការ២ ប្រការ៤ ប្រការ៥ ប្រការ៦ ប្រការ៧ ប្រការ៨ និងប្រការ១០ នៃប្រកាសលេខ ១០៩ ក.ប/ប្រ.ក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ស្តីពីតាវកាលិកថែទាំសុខភាព។ • ចំពោះកម្មករនិយោជិតជាស្រ្តីទាំងអស់ដែលបានចុះបញ្ជីក្នុង បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) (កាតព្វកិច្ចចុះបញ្ជីជារបស់និយោជក ឫម្ចាស់សហគ្រាសគ្រឹះស្ថាន) និងសម្រាលកូននៅមូលដ្ឋានសុខាភិបាលសាធារណៈ ត្រូវទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ដូចខាងក្រោម៖ - សម្រាលកូនទោល (មួយ) ទទួលបាន ៤០០ ០០០ (បួនសែន) រៀល ។ - សម្រាលកូនភ្លោះ (ពីរ) ទទួលបាន ៨០០ ០០០ (ប្រាំបីសែន) រៀល ។ - សម្រាលកូនភ្លោះ (បី) ទទួលបាន ១ ២០០ ០០០ (មួយលានពីរសែន) រៀល ។ ប្រាក់ឧបត្ថម្ភនេះ ត្រូវផ្ដល់ជូនដោយផ្ទាល់ពី ប.ស.ស ក្រោយពេលសម្រាលកូន ទោះបីទារករស់ ឬស្លាប់ក៏ដោយ។ • ក្នុងរយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃដែលសំរាលកូនរួច ស្ដ្រីដែលឱ្យកូនបៅដោះអាចបានពេលមួយម៉ោងក្នុងមួយថ្ងៃ ដើម្បីបំបៅកូនខ្លួនក្នុងពេលម៉ោងធ្វើការ។ រយៈពេល ១ ម៉ោងនេះ អាចចែកចេញជាពីរវគ្គដែលក្នុងមួយវគ្គមាន ៣០ នាទី គឺពេលធ្វើការព្រឹកម្ដង និងពេលធ្វើការរសៀលម្ដង នៅម៉ោងណាដែលស្ដ្រីនោះបានព្រមព្រៀងជាមួយនិយោជក ឬម្ចាស់សហគ្រាស។ បើគ្មានការព្រមព្រៀងទេ ត្រូវយកម៉ោងនៅពាក់កណ្ដាលពេល នៃរយៈពេលម៉ោងធ្វើការនីមួយៗ។ (យោងតាមមាត្រា១៨៤ នៃច្បាប់ស្ដីពីការងារឆ្នាំ ១៩៩៧) សរុបមកវិញ កម្មករនិយោជិតជាស្រ្តីទាំងអស់ដែលបានរួមចំណែកក្នុងវិស័យការងារ គួរគប្បីស្វែងយល់ពីការការពារ សិទ្ធិ និងអត្ថប្រយោជន៍ដែលខ្លួនត្រូវទទួលបានឱ្យបានច្បាស់លាស់ រួមទាំងអាចចែករំលែកចំណេះដឹងនេះបន្ត ដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងកម្មករនិយោជិតដទៃ។ រៀបរៀងដោយ៖ កញ្ញាមេធាវី មាស រ៉ាវីន និងកញ្ញា គន្ធ វិជិតា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕
2020-04-22 11:41:12
(ភ្នំពេញ)៖ ជាច្រើនសប្តាហ៍កន្លងមក កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទមួយចំនួន ពាក់ព័ន្ធនឹងវិស័យការងារ មកធ្វើការបង្ហាញ ជូនសាធារណៈជនបានជ្រាប ដូចជាប្រធានបទស្ដីពី «កិច្ចសន្យាការងារ ការរំលាយកិច្ចសន្យាការងារ វិវាទការងារ យន្តការដោះស្រាយវិវាទការងារ សហជីព ប្រតិភូបុគ្គល ជាដើម» ។ សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់យើង សូមលើកយកប្រធានបទថ្មីមួយទៀត ដែលទាក់ទងនឹងវិស័យការងារ មកបង្ហាញជូនសាធារណៈជនផងដែរ គឺ «គ្រោះថ្នាក់ការងារ»។ ដូចម្តេចដែលហៅថា គ្រោះថ្នាក់ការងារ? ប្រសិនបើកម្មករនិយោជិតជួបប្រទះ នូវគ្រោះថ្នាក់ការងារ តើពួកគាត់នឹងទទួលបាននូវសំណងអ្វីខ្លះ ? គ្រោះថ្នាក់ការងារ សំដៅលើគ្រោះថ្នាក់ទាំងឡាយណា ដែលធ្លាក់មកលើកម្មករនិយោជិតក្នុងពេល ឬអំឡុងពេលបំពេញការងារជូននិយោជក ឬនាយកសហគ្រាស ឬបានកើតឡើងចំពោះសិស្សវិជ្ជាជីវៈ ដែលមានឈ្នួល ឬគ្មានឈ្នួលក្ដី (ឈ្នួល គឺជាតម្លៃតបស្នងពីការជួលកម្លាំងពលកម្ម អាចជាសេវា ឬជាវត្ថុ ឬជាប្រាក់) កាន់មុខងារជាអ្វី ហើយបានកើតឡើងនៅកន្លែងណាក៏ដោយ ទោះបីជាគ្រោះថ្នាក់នោះបានកើតចេញពីកំហុស របស់កម្មករនិយោជិត ឬមិនមែន គឺត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារ។ ចំណែកឯ ជំងឺដែលបណ្ដាលមកពីវិជ្ជាជីវៈវិញ ក៏ត្រូវបានរាប់បញ្ជូលជាគ្រោះថ្នាក់ការងារផងដែរ។ គ្រោះថ្នាក់ដែលអាចចាត់ទុកជា គ្រោះថ្នាក់ការងារមានដូចជា៖ ១៖ គ្រោះថ្នាក់ដែលកើតឡើង ក្នុងពេលបំពេញការងារ ជាគ្រោះថ្នាក់ដែលកើតចេញពីការប្រើប្រាស់ម៉ាស៊ីន ឬឧបករណ៍ផ្សេងៗ នៅក្នុងកន្លែងធ្វើការ ហើយបណ្ដាលឲ្យរងរបួស ឬពិការអវយវៈផ្នែកណាមួយ នៃរូបរាងកាយ ឬបណ្ដាលឲ្យបាត់បង់ជីវិត។ ឧទាហរណ៍៖ នៅពេលកំពុងបំពេញការងារ នារី «ក» ម្នាក់បានគ្រោះថ្នាក់ដោយម៉ាស៊ីនកាត់សាច់ដាច់ម្រាមដៃមួយ។ ២៖ គ្រោះថ្នាក់ដែលកើតឡើង ក្នុងអំឡុងពេលធ្វើដំណើរ ជាគ្រោះថ្នាក់ដែលកើតមានចំពោះកម្មករនិយោជិត នៅពេលដែលធ្វើដំណើរត្រង់ទៅត្រង់មកកន្លែងធ្វើការ និងត្រឡប់ទៅលំនៅដ្ឋានវិញដោយពុំមានវាង ឬឈប់ដើម្បីធ្វើសកម្មភាពណាមួយ សម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួន។ ឧទាហរណ៍៖ នៅល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ នារី «ខ» ម្នាក់ បានចេញពីកន្លែងធ្វើការត្រឡប់ទៅផ្ទះវិញ រួចក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបាក់ជើងម្ខាង។ ៣៖ ជំងឺវិជ្ជាជីវៈ ជាជម្ងឺដែលបណ្ដាលមកពីវិជ្ជាជីវៈទាំងអស់ ដែលមានចែងក្នុងច្បាប់ស្ដីពីការងារឆ្នាំ១៩៩៧ ក្នុងអំឡុងពេល ឬក្រោយពេលឈប់បំពេញការងារ ដូចជាការងារដែលប្រើកម្លាំងកាយ ការងារដែលប៉ះដោយជាតិពុល ការងារដែលអនុវត្តក្នុងលក្ខខណ្ឌ ឬតំបន់មិនប្រក្រតីណាមួយ ដែលនាំឲ្យប៉ះពាល់ដល់សុខភាព ។ ឧទាហរណ៍៖ លោក «គ» បានបម្រើការងារក្នុងរោងចក្រផលិតជីគីមីមួយកន្លែង អស់រយៈពេលប្រមាណជា៣ឆ្នាំ បន្ទាប់មករូបលោកចេះតែមានជំងឺឈឺជាញឹកញាប់ ដែលជាហេតុធ្វើឲ្យរូបគាត់ពិបាក ក្នុងការធ្វើការ ទើបលោក «គ» បានសម្រេចចិត្តទៅពិគ្រោះជំងឺជាមួយនឹងគ្រូពេទ្រជំនាញ បានរកឃើញថា គាត់មានជំងឺដោយសារសារធាតុគីមី នៅកន្លែងដែលគាត់កំពុងធ្វើការ ។ (យោងតាម៖ ច្បាប់ស្ដីពី ការងារ ឆ្នាំ១៩៩៧ មាត្រា២៤៨) ចំពោះអ្នករងគ្រោះដោយគ្រោះថ្នាក់ការងារ ត្រូវជូនដំណឹងជាបន្ទាន់ទៅនិយោជក ឬអ្នកតំណាងរបស់និយោជក អំពីគ្រោះថ្នាក់ដែលធ្លាក់មកលើខ្លួន លើកលែងតែករណីប្រធានស័ក្ដិ តែបើក្នុងករណីមានគ្រោះថ្នាក់ បណ្ដាលឲ្យបាត់បង់ជីវិត កាតព្វកិច្ចនេះត្រូវធ្លាក់ទៅលើសិទ្ធិវន្ត។ ហើយនិយោជកត្រូវមានកាតព្វ ក្នុងការជូនដំណឹងអំពីឧបទ្ទវហេតុនោះ ទៅបេឡាជាតិរបបសន្ដិសុខសង្គម ក្នុងរយៈពេលយ៉ាងយូរបំផុត ៤៨ (សែសិបប្រាំបី) ម៉ោងនៃថ្ងៃធ្វើការ។ ហើយសម្រាប់កម្មករនិយោជិតទាំងឡាយណា ដែលបានចូលបម្រើការងារដោយស្របច្បាប់ ហើយបានចុះបញ្ជិកាចូលជាសមាជិក ប.ស.ស មានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ដូចខាងក្រោម៖ * កម្មករនិយោជិតទាំងអស់នៃសហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជិកាក្នុងបេឡាជាតិ របបសន្ដិសុខសង្គម មានសិទ្ធិទទួលបានតាវកាលិកហានិភ័យការងារ។ * ការផ្ដល់ប្រាក់បំណាច់ប្រចាំថ្ងៃ សម្រាប់ការបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន ។ * ការផ្ដល់ធនលាភ ឬប្រាក់វិភាជន៍ សម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ ។ * ការផ្ដល់ប្រាក់វិភាជន៍ជាសោហ៊ុយសម្រាប់បូជាសព និងធនលាភចំពោះឧត្តរជីវីនៃជនរងគ្រោះ។ (យោងតាម ប្រកាសលេខៈ១០៩ កប/ប្រ.ក ស្ដីពី «តាវកាលិកហានិភ័យការងារ» ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៨ ប្រការ១ «សិទ្ធិទទួលបានតាវការលិកហានិភ័យការងារ» ) រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងកញ្ញា ថន រ៉ាវ៉ាឌី ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕
2020-04-22 11:38:17
(ភ្នំពេញ)៖ ជាច្រើនសប្តាហ៍កន្លងមក កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទមួយចំនួន ពាក់ព័ន្ធនឹងវិស័យការងារ មកធ្វើការបង្ហាញ ជូនសាធារណៈជនបានជ្រាប ដូចជាប្រធានបទស្ដីពី «កិច្ចសន្យាការងារ ការរំលាយកិច្ចសន្យាការងារ វិវាទការងារ យន្តការដោះស្រាយវិវាទការងារ សហជីព ប្រតិភូបុគ្គល ជាដើម» ។ សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់យើង សូមលើកយកប្រធានបទថ្មីមួយទៀត ដែលទាក់ទងនឹងវិស័យការងារ មកបង្ហាញជូនសាធារណៈជនផងដែរ គឺ «គ្រោះថ្នាក់ការងារ»។ ដូចម្តេចដែលហៅថា គ្រោះថ្នាក់ការងារ? ប្រសិនបើកម្មករនិយោជិតជួបប្រទះ នូវគ្រោះថ្នាក់ការងារ តើពួកគាត់នឹងទទួលបាននូវសំណងអ្វីខ្លះ ? គ្រោះថ្នាក់ការងារ សំដៅលើគ្រោះថ្នាក់ទាំងឡាយណា ដែលធ្លាក់មកលើកម្មករនិយោជិតក្នុងពេល ឬអំឡុងពេលបំពេញការងារជូននិយោជក ឬនាយកសហគ្រាស ឬបានកើតឡើងចំពោះសិស្សវិជ្ជាជីវៈ ដែលមានឈ្នួល ឬគ្មានឈ្នួលក្ដី (ឈ្នួល គឺជាតម្លៃតបស្នងពីការជួលកម្លាំងពលកម្ម អាចជាសេវា ឬជាវត្ថុ ឬជាប្រាក់) កាន់មុខងារជាអ្វី ហើយបានកើតឡើងនៅកន្លែងណាក៏ដោយ ទោះបីជាគ្រោះថ្នាក់នោះបានកើតចេញពីកំហុស របស់កម្មករនិយោជិត ឬមិនមែន គឺត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារ។ ចំណែកឯ ជំងឺដែលបណ្ដាលមកពីវិជ្ជាជីវៈវិញ ក៏ត្រូវបានរាប់បញ្ជូលជាគ្រោះថ្នាក់ការងារផងដែរ។ គ្រោះថ្នាក់ដែលអាចចាត់ទុកជា គ្រោះថ្នាក់ការងារមានដូចជា៖ ១៖ គ្រោះថ្នាក់ដែលកើតឡើង ក្នុងពេលបំពេញការងារ ជាគ្រោះថ្នាក់ដែលកើតចេញពីការប្រើប្រាស់ម៉ាស៊ីន ឬឧបករណ៍ផ្សេងៗ នៅក្នុងកន្លែងធ្វើការ ហើយបណ្ដាលឲ្យរងរបួស ឬពិការអវយវៈផ្នែកណាមួយ នៃរូបរាងកាយ ឬបណ្ដាលឲ្យបាត់បង់ជីវិត។ ឧទាហរណ៍៖ នៅពេលកំពុងបំពេញការងារ នារី «ក» ម្នាក់បានគ្រោះថ្នាក់ដោយម៉ាស៊ីនកាត់សាច់ដាច់ម្រាមដៃមួយ។ ២៖ គ្រោះថ្នាក់ដែលកើតឡើង ក្នុងអំឡុងពេលធ្វើដំណើរ ជាគ្រោះថ្នាក់ដែលកើតមានចំពោះកម្មករនិយោជិត នៅពេលដែលធ្វើដំណើរត្រង់ទៅត្រង់មកកន្លែងធ្វើការ និងត្រឡប់ទៅលំនៅដ្ឋានវិញដោយពុំមានវាង ឬឈប់ដើម្បីធ្វើសកម្មភាពណាមួយ សម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួន។ ឧទាហរណ៍៖ នៅល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ នារី «ខ» ម្នាក់ បានចេញពីកន្លែងធ្វើការត្រឡប់ទៅផ្ទះវិញ រួចក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបាក់ជើងម្ខាង។ ៣៖ ជំងឺវិជ្ជាជីវៈ ជាជម្ងឺដែលបណ្ដាលមកពីវិជ្ជាជីវៈទាំងអស់ ដែលមានចែងក្នុងច្បាប់ស្ដីពីការងារឆ្នាំ១៩៩៧ ក្នុងអំឡុងពេល ឬក្រោយពេលឈប់បំពេញការងារ ដូចជាការងារដែលប្រើកម្លាំងកាយ ការងារដែលប៉ះដោយជាតិពុល ការងារដែលអនុវត្តក្នុងលក្ខខណ្ឌ ឬតំបន់មិនប្រក្រតីណាមួយ ដែលនាំឲ្យប៉ះពាល់ដល់សុខភាព ។ ឧទាហរណ៍៖ លោក «គ» បានបម្រើការងារក្នុងរោងចក្រផលិតជីគីមីមួយកន្លែង អស់រយៈពេលប្រមាណជា៣ឆ្នាំ បន្ទាប់មករូបលោកចេះតែមានជំងឺឈឺជាញឹកញាប់ ដែលជាហេតុធ្វើឲ្យរូបគាត់ពិបាក ក្នុងការធ្វើការ ទើបលោក «គ» បានសម្រេចចិត្តទៅពិគ្រោះជំងឺជាមួយនឹងគ្រូពេទ្រជំនាញ បានរកឃើញថា គាត់មានជំងឺដោយសារសារធាតុគីមី នៅកន្លែងដែលគាត់កំពុងធ្វើការ ។ (យោងតាម៖ ច្បាប់ស្ដីពី ការងារ ឆ្នាំ១៩៩៧ មាត្រា២៤៨) ចំពោះអ្នករងគ្រោះដោយគ្រោះថ្នាក់ការងារ ត្រូវជូនដំណឹងជាបន្ទាន់ទៅនិយោជក ឬអ្នកតំណាងរបស់និយោជក អំពីគ្រោះថ្នាក់ដែលធ្លាក់មកលើខ្លួន លើកលែងតែករណីប្រធានស័ក្ដិ តែបើក្នុងករណីមានគ្រោះថ្នាក់ បណ្ដាលឲ្យបាត់បង់ជីវិត កាតព្វកិច្ចនេះត្រូវធ្លាក់ទៅលើសិទ្ធិវន្ត។ ហើយនិយោជកត្រូវមានកាតព្វ ក្នុងការជូនដំណឹងអំពីឧបទ្ទវហេតុនោះ ទៅបេឡាជាតិរបបសន្ដិសុខសង្គម ក្នុងរយៈពេលយ៉ាងយូរបំផុត ៤៨ (សែសិបប្រាំបី) ម៉ោងនៃថ្ងៃធ្វើការ។ ហើយសម្រាប់កម្មករនិយោជិតទាំងឡាយណា ដែលបានចូលបម្រើការងារដោយស្របច្បាប់ ហើយបានចុះបញ្ជិកាចូលជាសមាជិក ប.ស.ស មានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ដូចខាងក្រោម៖ * កម្មករនិយោជិតទាំងអស់នៃសហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជិកាក្នុងបេឡាជាតិ របបសន្ដិសុខសង្គម មានសិទ្ធិទទួលបានតាវកាលិកហានិភ័យការងារ។ * ការផ្ដល់ប្រាក់បំណាច់ប្រចាំថ្ងៃ សម្រាប់ការបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន ។ * ការផ្ដល់ធនលាភ ឬប្រាក់វិភាជន៍ សម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ ។ * ការផ្ដល់ប្រាក់វិភាជន៍ជាសោហ៊ុយសម្រាប់បូជាសព និងធនលាភចំពោះឧត្តរជីវីនៃជនរងគ្រោះ។ (យោងតាម ប្រកាសលេខៈ១០៩ កប/ប្រ.ក ស្ដីពី «តាវកាលិកហានិភ័យការងារ» ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៨ ប្រការ១ «សិទ្ធិទទួលបានតាវការលិកហានិភ័យការងារ» ) រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងកញ្ញា ថន រ៉ាវ៉ាឌី ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕
2020-04-22 11:38:16