023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ ការមិនរាងចាល

(ភ្នំពេញ)៖ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា គឺជាបណ្ដុំនៃបទបញ្ញត្តិព្រហ្មទណ្ឌមួយ ដែលក្នុងនោះខ្លឹមសារជារួមផ្ដោតទៅលើសញ្ញាណបទល្មើស ទោសដែលត្រូវផ្តន្ទាទោស ក៏ដូចជាវិធានព្រហ្មទណ្ឌមួយចំនួនទៀត។ គោលបំណងនៃការបង្កើតបទបញ្ញត្តិព្រហ្មទណ្ឌនេះ គឺដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយណា បានប្រព្រឹត្តអំពើដែលបង្កគ្រោះថ្នាក់ដល់សង្គមជាតិ ក៏ដូចជាទប់ស្កាត់កុំឲ្យកើតមានការប្រព្រឹត្តអំពើល្មើសជាបន្តបន្ទាប់ទៀត។ ក្នុងនោះដែរ មានបទបញ្ញត្តិពិសេសមួយ ដើរតួនាទីសំខាន់ផងដែរក្នុងការទប់ស្កាត់កុំឲ្យបទល្មើសព្រហ្មទណ្ឌកើតមានជាថ្មី គឺបទបញ្ញត្តិស្ដីពីការមិនរាងចាល ដែលមានន័យថាបុគ្គលម្នាក់បានផ្តន្តាទោសជាស្ថាពរលើបទល្មើសមួយ ហើយបុគ្គលនោះបានប្រព្រឹត្តបទល្មើសជាថ្មីទៀតនៅក្នុងកំឡុងពេលមួយ គឺចូលក្នុងលក្ខខណ្ឌនៃការមិនរាងចាល ដែលនឹងត្រូវបន្ថែមទម្ងន់ទោសចំពោះបទល្មើសថ្មីនោះ។ ដូចនេះដើម្បីលម្អិតឲ្យកាន់តែច្បាស់ថាតើ អ្វីទៅជាការមិនរាងចាល? ហើយបុគ្គលដែលប្រព្រឹត្តអំពើមិនរាងចាលនឹងត្រូវទទួលទណ្ឌកម្មព្រហ្មទណ្ឌបែបណា? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «ការមិនរាងចាល» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖ បទបញ្ញត្តិស្ដីអំពីការមិនរាងចាលត្រូវបាន កំណត់ក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងនោះ សញ្ញាណជារួមនៃការមិនរាងចាល សំដៅទៅលើស្ថានភាពដែលបុគ្គលម្នាក់បានប្រព្រឹត្តបទឧក្រិដ្ឋ ឬមជ្ឈិម និងត្រូវបានផ្តន្ទាទោសជាស្ថាពរ ហើយគាត់បានប្រព្រឹត្តបទឧក្រិដ្ឋ ឬមជ្ឈិមទៀត នៅក្នុងរយៈពេលមួយដែលក្រមព្រហ្មទណ្ឌបានកំណត់។ ពាក្យថាផ្តន្ទាទោសស្ថាពរត្រង់ចំណុចនេះ គឺទាល់តែសេចក្ដីសម្រេចផ្តន្ទាទោសនោះ មិនអាចមានផ្លូវតវ៉ាទៀត។ ចំពោះលក្ខខណ្ឌនៃការមិនរាងចាលត្រូវបានផ្ដោតសំខាន់ទៅលើចំណុច២ គឺទីមួយបទល្មើសដែលបានផ្តន្ទាទោសស្ថាពរ និងបទល្មើសដែលបានប្រព្រឹត្តថ្មី និងទីពីរ គឺរយៈពេលដែលបុគ្គលនោះបានប្រព្រឹត្តបទល្មើសថ្មី បន្ទាប់ពីបានផ្តន្ទាទោសស្ថាពរលើបទល្មើសទី១។ ពាក់ព័ន្ធនឹងចំណុចទាំងពីរខាងលើនេះ ត្រូវបានកំណត់ក្នុងក្រមព្រហ្មទណ្ឌដូចខាងក្រោម៖ ១៖ ករណីដែលបុគ្គលម្នាក់បានប្រព្រឹត្តបទឧក្រិដ្ឋ និងបានផ្តន្ទាទោសជាស្ថាពររួចហើយ បុគ្គលនេះបានប្រព្រឹត្តបទឧក្រិដ្ឋថ្មីមួយទៀតក្នុងរយៈពេល១០ (ដប់) ឆ្នាំបន្ទាប់។ ប្រសិនបើអតិបរមានៃទោសពន្ធនាគារនៃបទឧក្រិដ្ឋថ្មីមិនលើសពី ២០ (ម្ភៃ) ឆ្នាំទេ អតិបរមានេះត្រូវឡើងទ្វេរដង តែបើមានរយៈពេល ៣០ (សាមសិប) ឆ្នាំ អតិបរមានៃទោសគឺ ដាក់ពន្ធនាគារអស់មួយជីវិត។ ២៖ ករណីដែលបុគ្គលម្នាក់បានប្រព្រឹត្តបទឧក្រិដ្ឋ និងបានផ្តន្ទាទោសជាស្ថាពររួចហើយ បុគ្គលនេះបានប្រព្រឹត្តបទមជ្ឈិមថ្មីមួយទៀតក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំបន្ទាប់។ ចំពោះករណីនេះអតិបរមានៃទោសពន្ធនាគារ ចំពោះបទមជ្ឈិមត្រូវកើនឡើងទ្វេដង។ ៣៖ ករណីដែលបុគ្គលម្នាក់បានប្រព្រឹត្តបទមជ្ឈិម និងបានផ្តន្ទាទោសជាស្ថាពររួចហើយ ដែលត្រូវជាប់ពន្ធនាគារស្មើ ឬលើសពី ៣ (បី) ឆ្នាំ ហើយបុគ្គលនេះបានប្រព្រឹត្តបទឧក្រិដ្ឋថ្មីមួយទៀតក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំបន្ទាប់។ ប្រសិនបើអតិបរមានៃទោសពន្ធនាគារនៃបទឧក្រិដ្ឋថ្មីមិនលើសពី ២០ (ម្ភៃ) ឆ្នាំទេ អតិបរមានេះត្រូវឡើងទ្វេរដង តែបើមានរយៈពេល ៣០ (សាមសិប) ឆ្នាំ អតិបរមានៃទោសគឺ ដាក់ពន្ធនាគារអស់មួយជិវិត។ ៤៖ ករណីដែលបុគ្គលម្នាក់បានប្រព្រឹត្តបទមជ្ឈិម និងបានផ្តន្ទាទោសជាស្ថាពររួចហើយ បុគ្គលនេះបានប្រព្រឹត្តបទមជ្ឈិមថ្មីមួយទៀតក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំបន្ទាប់។ ចំពោះករណីនេះ អតិបរមានៃទោសពន្ធនាគារចំពោះបទមជ្ឈិមត្រូវកើនឡើងទ្វេដង។ គួរបញ្ជាក់ផងដែរថា ដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់អំពីលក្ខខណ្ឌទាំងពីរខាងលើ (ទីមួយបទល្មើសដែលបានផ្តន្ទាទោសស្ថាពរ និងទីពីរ គឺរយៈពេលដែលបុគ្គលនោះបានប្រព្រឹត្តបទល្មើសថ្មី បន្ទាប់ពីបានផ្តន្ទាទោសស្ថាពរលើបទល្មើសទី១) ក្នុងការកំណត់ឲ្យបានថាជាអំពើមិនរាងចាល គេបានបង្កើតឲ្យមានបញ្ជីថ្កោលទោស ដែលជាប្រភពព័ត៌មានដ៏សំខាន់ក្នុងការបង្ហាញអំពីសញ្ញាណអំពីបទល្មើសដែលត្រូវផ្ទន្ទាទោស ក៏ដូចជារយៈពេលផ្តន្ទាទោស ជាដើម។ ការណ៍នេះធ្វើឲ្យតុលាការមានភាពងាយស្រួលក្នុងការកំណត់អំពីសញ្ញាណនៃបទល្មើសនីមួយៗ ថាតើជាលក្ខខណ្ឌនៃការមិនរាងចាល ឬក៏អត់។ សរុបមក ការមិនរាងចាលជាវិធានព្រហ្មទណ្ឌមួយដ៏សំខាន់ សម្រាប់ទប់ស្កាត់កុំឲ្យបទល្មើសព្រហ្មទណ្ឌកើតមានជាថ្មី តាមរយៈការបន្ថែមទម្ងន់ទោសទៅលើបទល្មើសថ្មី ប្រសិនបើការប្រព្រឹត្តនោះចូលក្នុងលក្ខខណ្ឌនៃការមិនរាងចាល។ ចំណុចនេះគឺជាការគោលការណ៍ដ៏សំខាន់ដើម្បីកាត់បន្ថយបទល្មើស ក៏ដូចជាក្រើនរំលឹកដល់បុគ្គលគ្រប់រូបឲ្យមានការប្រុងប្រយ័ត្នចំពោះអំពើដែលខ្លួនបានប្រព្រឹត្ត។ ម៉្យាងវិញទៀតចំពោះបុគ្គលដែលបានផ្តន្ទាទោសពីតុលាការរួចមកហើយ ជឿជាក់ថាលក្ខខណ្ឌនៃការមិនរាងចាលអាចធ្វើឲ្យបុគ្គលនោះ ហាក់មានការខ្លាចរអា ក៏ដូចជាមានការប្រយ័ត្ន មិនឲ្យមានបទល្មើសថ្មីកើតឡើងទៀតឡើយ។ រៀបរៀងដោយ៖ លោក ប៊ុន វិទូ និងលោក ឡេង ពុទ្ធិតារា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com,ហ្វេសប៊ុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-12-21 09:11:17

យល់ដឹងផ្នែកច្បាប់៖ អ្នកតំណាងដោយអាណត្តិ

(ភ្នំពេញ)៖ ពាក្យថា «អ្នកតំណាង» ត្រូវបានស្គាល់ថា គឺជាបុគ្គលដែលតំណាងឱ្យនរណាម្នាក់ ឬច្រើននាក់ដើម្បីបំពេញកាតព្វកិច្ច ទៅតាមការព្រមព្រៀងរបស់ពួកគេ។ ដោយឡែក ចំពោះពាក្យថា «អាណត្តិ» ក្នុងក្រមរដ្ឋប្បវេណីបានឱ្យនិយមន័យថា គឺជាកិច្ចសន្យាមួយដែលភាគីម្ខាង ហៅថា អាណត្តិទាយក (ជាអ្នកប្រគល់សិទ្ធិអំណាច) ប្រគល់សិទ្ធិអំណាចឱ្យ ភាគីម្ខាងទៀត ហៅថា អាណត្តិគាហក (ជាអ្នកចាត់ចែងកិច្ចការ) ធ្វើការចាត់ចែងកិច្ចការ ដើម្បីអាណត្តិទាយក។ ជារួម តើពាក្យថា «អ្នកតំណាងដោយអាណត្តិ» មានន័យដូចម្ដេច ហើយបុគ្គលណាខ្លះដែលអាចមានសិទ្ធិធ្វើជាអ្នកតំណាងដោយអាណត្តិ? ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់ អំពីអ្នកតំណាងដោយអាណត្តិ ដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ក្នុងសប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «អ្នកតំណាងដោយអាណត្តិ» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖ ជាគោលការណ៍ ជនដែលអាចក្លាយជាអ្នកតំណាងដោយអាណត្តិមានតែមេធាវីប៉ុណ្ណោះ ដើម្បីការពារផលប្រយោជន៍សាមីភាគីដែលជាអ្នកពឹងពាក់ ដោយក្នុងបណ្ដឹង សិទ្ធិអំណាចរបស់អ្នកតំណាងដោយអាណត្តិ ត្រូវបង្កើតឡើងតាមរយៈការបង្ហាញឆន្ទៈរបស់ភាគី ដែលបានផ្ដល់នូវសិទ្ធិក្នុងការតំណាងដោយអាណត្តិក្នុងរឿងក្ដីនីមួយៗ។ ចំពោះជនដែលត្រូវធ្វើជាតំណាងត្រូវធ្វើកិច្ចសន្យា ឬលិខិតជាលាយល័ក្ខណ៍អក្សរដើម្បីកំណត់ឱ្យបានច្បាស់អំពីសិទ្ធិរបស់អ្នកតំណាង។ យ៉ាងណាមិញ ក្នុងករណីដែលជននោះមិនមែនជាមេធាវីបានធ្វើសកម្មភាពបណ្ដឹងក្នុងនាមជាអ្នកតំណាងដោយអាណត្តិ នោះគឺជាអំពើខុសច្បាប់ ហើយតុលាការត្រូវបំបាត់ចោលនូវការពាក់ព័ន្ធរបស់អ្នកនោះ ។ ប៉ុន្តែក្នុងក្រមនីតិវិធីរដ្ឋប្បវេណី មាត្រា៥៣ ក៏បានទទួលស្គាល់ជនដែលអាចជ្រើសតាំង ក្រៅពីមេធាវីឱ្យធ្វើជាអ្នកតំណាងដោយអាណត្តិបានដូចមានខាងក្រោម៖ ក៖ ករណីដែលក្រមនេះ ឬច្បាប់ដទៃទៀត អនុញ្ញាតឱ្យតតិយជនដែលមិនមែនជាមេធាវី ធ្វើសកម្មភាពបណ្ដឹងជំនួសភាគី។ ខ៖ ករណីដែលភាគីជារដ្ឋ ស្ថាប័ននីតិរដ្ឋបាល ឬស្ថាប័នរដ្ឋដទៃទៀត និង ដែលស្ថាប័ននោះ ឬអ្នកតំណាង នៃស្ថាប័ននោះ តែងតាំងបុគ្គលិកនៃស្ថាប័ននោះជាអ្នកតំណាង។ គ៖ ករណីដែលតុលាការអនុញ្ញាតឱ្យមានការតំណាងដោយតតិយជនដែលមិនមែនជាមេធាវី ក្នុងរឿងក្ដីដែលតម្លៃនៃបណ្ដឹងតិចជាង ១.០០០.០០០ (មួយលាន) រៀល។ បន្ថែមពីនេះសកម្មភាពបណ្ដឹងដែលធ្វើដោយអ្នកតំណាងដោយអាណត្តិ នឹងបង្កើតនូវអានុភាពដូចគ្នានឹងសកម្ម ភាពដែលធ្វើដោយភាគី ប៉ុន្តែអ្នកតំណាងដោយអាណត្តិមិនមែនជាភាគីនោះទេ ដូច្នេះមិនត្រូវទទួលបាននូវអានុភាពនៃសាលក្រម ឬសាលដីកាឡើយ។ ម្យ៉ាងទៀតទោះបីជាធ្វើការជ្រើសតាំងអ្នកតំណាងដោយអាណត្តិក៏ដោយ ក៏ភាគីអាចចូលរួមក្នុងនីតិវិធីនៅតុលាការដោយខ្លួនឯងបាន ដូចមានចែងក្នុងមាត្រា ៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណីដូចខាងក្រោម៖ ១៖ ភាគីអាចធ្វើរាល់សកម្មភាពដែលទាក់ទងនឹងបណ្ដឹង ដោយខ្លួនឯងផ្ទាល់ ឬឆ្លងតាមរយៈអ្នកតំណាងដោយអាណត្តិដែលខ្លួនបានជ្រើសតាំង។ ២៖ ទោះបីភាគីបានជ្រើសតាំងអ្នកតំណាងដោយអាណត្តិក៏ដោយ ក៏ភាគីនោះអាចចូលរួមទៅតុលាការ និងឆ្លើយទាញហេតុផលដោយខ្លួនឯងបានដែរ។ ៣៖ សកម្មភាពបណ្ដឹងដែលជាអ្នកតំណាងដោយអាណត្តិបានធ្វើ ត្រូវបង្កើតអានុភាពដូចគ្នាជាមួយសកម្មភាពបណ្ដឹងដែលភាគីបានធ្វើដោយផ្ទាល់ខ្លួន។ ប៉ុន្តែ ការសារភាព និងចម្លើយដទៃទៀតស្ដីពីអង្គហេតុដែលជាអ្នកតំណាងដោយអាណត្តិបានធ្វើ ពុំមានអានុភាពឡើយប្រសិនបើភាគីលុបចោល ឬកែតម្រូវភ្លាមៗ។ លើសពីនេះក្រៅពីចំណុចខាងលើ អ្នកតំណាងដោយអាណត្តិមានសិទ្ធិ និងទំហំនៃសិទ្ធិអំណាចរបស់ខ្លួនដូចជា៖ ធ្វើរាល់សកម្មភាពបណ្ដឹង ព្រមទាំងការដាក់ពាក្យបណ្ដឹង ការឆ្លើយដោះសាចំពោះបណ្ដឹង ការប្ដឹងតប ការចូលរួមអន្តរាគមន៍បណ្ដឹង ការប្ដឹងទៅតុលាការជាន់ខ្ពស់ ការផ្សះផ្សា ការលះបង់ការទាមទារ និងការទទួលស្គាល់នូវការទាមទារ ចំពោះរឿងក្ដីដែលខ្លួនបានទទួលអាណត្តិ។ ក្រៅពីនេះ ក្នុងករណីដែលអ្នកតំណាងដោយអាណត្តិជាមេធាវី ភាគីមិនអាចកម្រិតនូវទំហំនៃសិទ្ធិតំណាងនោះបានទេ លើកលែងដែលបានកំណត់ក្នុងមាត្រា ៥៤ ត្រង់ចំណុចទី៣ នៃក្រមនីតិវិធីរដ្ឋប្បវេណីរួមមាន៖ ទាក់ទងនឹងការដាក់ពាក្យបណ្ដឹងតប ការដកខ្លួនពីបណ្ដឹង ការផ្សះផ្សា ការលះបង់ការទាមទារ ការទទួលស្គាល់នូវការទាមទារ ការដកខ្លួនពីបណ្ដឹង ការដាក់ពាក្យបណ្ដឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់ ការដកពាក្យបណ្ដឹងឧបាស្រ័យពីតុលាការជាន់ខ្ពស់ និងការជ្រើសតាំងអនុតំណាង។ ដោយឡែកក្នុងករណីដែលអ្នកតំណាងដោយអាណត្តិមិនមែនជាមេធាវី ភាគីអាចក្រមិតនូវទំហំនៃសិទ្ធិជាអ្នកតំណាងដោយអាណត្តិបាន ហើយឱ្យអ្នកតំណាងដោយអាណត្តិនោះធ្វើតំណាង ចំពោះតែសកម្មភាពបណ្ដឹងមួយចំនួនដែលបានកំណត់ដោយឡែកៗដោយភាគីបាន។ ប៉ុន្តែបញ្ញត្តិនៃកថាខណ្ឌខាងលើនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះអ្នកតំណាងដែលត្រូវបានអនុញ្ញាតដោយច្បាប់ ក្នុងការធ្វើសកម្មភាពបណ្ដឹងជំនួសភាគី។ សរុបមក អ្នកតំណាងដោយអាណត្តិ ត្រូវបានធ្វើឡើងដោយផ្អែកទៅតាមឆន្ទៈរបស់អាណត្តិទាយក តាមរយៈកិច្ចសន្យា ឬលិខិតជាលាយល័ក្ខណ៍អក្សរ ដែលបានកំណត់អំពីទំហំនៃសិទ្ធិ កាតព្វកិច្ច និងរយៈពេលច្បាស់លាស់ក្នុងការតំណាងជាមួយអាណត្តិទាយក ដើម្បីអនុវត្តសកម្មភាពបណ្ដឹងជំនួសអាណត្តិទាយក។ រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោកស្រី យ៉េ នីតា ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល​៖ president@ciclg.com គេហ​ទំព័រ​៖​ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី​កម្ពុជា​សហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group៕

2020-12-14 10:38:22

យល់ដឹងផ្នែកច្បាប់៖ អំណាចមេបា

(ភ្នំពេញ)៖ ជាទូទៅអ្នកដែលមានអំណាចមេបាទៅលើអនីតិជនបានគឺ មានតែឪពុកម្ដាយបង្កើតប៉ុណ្ណោះដែលមានករណីយកិច្ច ចិញ្ចឹមបីបាច់ថែរក្សា និងគ្រប់គ្រងកូនបាន។ ក៏ប៉ុន្តែមានករណីខ្លះ អ្នកដែលមានអំណាចមេបាគឺ មិនមែនជាឪពុកម្ដាយបង្កើតនោះទេ គឺអាចជាបុគ្គលផ្សេងទៀត ដូចជា ឪពុកម្ដាយចិញ្ចឹម ក៏អាចមានសិទ្ធិអំណាចមេបាមកលើកូនដែលជា អនីតិជនបានដូចគ្នា។ ដើម្បីឱ្យយល់កាន់តែច្បាស់ថា តើ «អំណាចមេបា» គឺជាអ្វី? ហើយបុគ្គលណាខ្លះដែលអាចមានសិទ្ធិអំណាចមេបាមកលើអនីតិជនបាន? ដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាព FRESH NEWS ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «អំណាចមេបា» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖ ដោយយោងតាមមាត្រា១០៣៤ នៃក្រមរដ្ឋប្បវេណីបានចែងថា «អំណាចមេបា គឺសំដៅដល់អ្នកដែលមានសិទ្ធិ និង ករណីយកិច្ច ត្រូវបីបាច់រក្សារូបកាយរបស់កូនដែលជាអនីតិជន និងគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូននោះ»។ ហេតុនេះបានន័យថា អំណាចមេបា គឺផ្ដើមចេញពីទំនាក់ទំនងរវាងឪពុកម្ដាយ និង កូន ដែលឪពុកម្ដាយមានករណីយកិច្ចចិញ្ចឹមបីបាច់ថែរក្សា និងគ្រប់គ្រងកូន។ មិនត្រឹមតែប៉ុណ្ណោះទេ ក្នុងច្បាប់ក៏បានបែងចែកអំពីការកំណត់អំណាចមេបាផងដែរ ដោយការកំណត់នោះមានដូចខាងក្រោម៖ ១* ការកំណត់អំណាចមេបាក្នុងករណី ឪពុកម្ដាយដែលមានចំណងអាពាហ៍ពិពាហ៍៖ ក្នុងករណីឪពុកម្ដាយដែលមានចំណងអាពាហ៍ពិពាហ៍ ឪពុកម្ដាយត្រូវប្រើប្រាស់អំណាចមេបាដោយសហការគ្នាចំពោះកូនដែលជាអនីតិជន។ ចំណែកឯករណីដែល ឪពុក ឬ ម្ដាយ មិនអាចប្រើប្រាស់អំណាចមេបាដោយសហការគ្នាបាន ដោយសារតែឪពុក ឬក៏ម្ដាយ បាត់បង់សតិ បាត់ខ្លួន ឬមិនអាចទាក់ទងបានទេនោះ ឪពុក ឬម្ដាយ តែម្ខាងទៀតអាចប្រើប្រាស់អំណាចមេបានោះបាន។ ២* ការកំណត់អំណាចមេបាលើការស្មុំកូន៖ នៅក្នុងរបបស្មុំកូនមាន ២ប្រភេទគឺ ការស្មុំកូនពេញលេញ និង ការស្មុំកូនធម្មតា។ នៅក្នុងករណីស្មុំកូនពេញលេញ ដោយសារតែទំនាក់ទំនងគតិយុត្តរវាងឪពុកម្ដាយបង្កើត និង កូនសុំត្រូវបានកាត់ផ្ដាច់ ដូច្នេះមានតែឪពុកម្ដាយចិញ្ចឹមទេដែលក្លាយជាអ្នកមានអំណាចមេបាបាន។ ចំណែកឯករណីស្មុំកូនធម្មតាវិញ បើកុំជាកូនសុំជាអនីតិជន កូនសុំត្រូវស្ថិតនៅក្រោមអំណាចមេបារបស់ឪពុកម្ដាយចិញ្ចឹម ឪពុកចិញ្ចឹម ឬ ម្ដាយចិញ្ចឹម។ ប៉ុន្តែក្នុងករណីដែលយកកូនបង្កើតរបស់សហព័ទ្ធ មកធ្វើជាកូនសុំ កូនសុំនោះត្រូវស្ថិតនៅក្រោមអំណាចមេបារួមរបស់ឪពុក ឬ ម្ដាយចិញ្ចឹម និងសហព័ទ្ធនោះ។ ៣* ការកំណត់អំណាចមេបាក្នុងករណី ឪពុកម្ដាយលែងលះគ្នា៖ នៅពេលដែលឪពុកម្ដាយលែងលះគ្នា ជាធម្មតាឪពុកម្ដាយនឹងរស់នៅបែកគ្នា ដូច្នេះកូនត្រូវរស់នៅជាមួយឪពុកម្ដាយណាម្ខាង។ ចំពោះអំណាចមេបាក្រោយការលែងលះ អាចចែកចេញជាពីរ គឺ អំណាចមេបាទោលដែលសម្រេចឲ្យឪពុក ឬ ម្ដាយម្ខាង និង អំណាចមេបារួមដែលឪពុក និង ម្ដាយ នៅបន្តមានអំណាចមេបារួមគ្នា។ ៤* ការកំណត់អំណាចមេបាក្នុងករណី ឪពុកម្ដាយគ្មានចំណងអាពាហ៍ពិពាហ៍៖ នៅក្នុងករណីដែលឪពុកម្ដាយគ្មានចំណងអាពាហ៍ពិពាហ៍ គឺមានតែម្ដាយទេដែលមានអំណាចមេបានេះបើយោងទៅតាមក្រមរដ្ឋប្បវេណីបានបញ្ញត្តិ ។ ប៉ុន្តែក្នុងករណីដែលឪពុកមានការទទួលស្គាល់កូន និងចង់មានអំណាចមេបាមកលើកូនដែលជាអនីតិជន ឪពុកនោះត្រូវតែមានការពិភាក្សាគ្នាជាមួយម្ដាយ ហើយបើសិនជានៅក្នុងការពិភាក្សានោះ មិនមានការយល់ព្រមពីខាងម្ដាយទេ ឪពុកនោះអាចទាមទារអោយតុលាការកំណត់នូវអ្នកដែលមានអំណាចមេបាបាន។ ៥* ការព្យួរ និង ការដកហូតអំណាចមេបា៖ ក្នុងករណីដែលអ្នកមានអំណាចមេបា បានបំពានសិទ្ធិអំណាច ឬ ធ្វេសប្រហែសក្នុងការបំពេញករណីយកិច្ចក្នុងនាមជាអ្នកមានអំណាចមេបាដូចជា ការប្រើអំពើហិង្សាដែលបណ្ដាលឲ្យកូនដែលជា អនីតិជនមានរបួសធ្ងន់ធ្ងរ ឬ ក្នុងករណីធ្វើឲ្យអន្តរាយដល់ទ្រព្យសម្បត្តិរបស់កូន នោះតុលាការអាចប្រកាសព្យួរ ឬ ដកហូតអំណាចមេបា តាមការទាមទាររបស់ញាតិក្នុង ៤ (បួន) ថ្នាក់ របស់កូន មេឃុំ ឬចៅសង្កាត់ នាយកមជ្ឍមណ្ឌលសាធារណៈសម្រាប់សុខុមាលភាពកុមារ ឬ តំណាងអយ្យការបាន។ សរុបមកអំណាចមេបា គឺជាចំណងគតិយុត្តរវាងឪពុកម្ដាយ និងកូនជាអនីតិជន ដែលចងភ្ជាប់សិទ្ធិ និងកាតព្វកិច្ចរបស់ឪពុកម្ដាយ ចំពោះកូនជាអនីតិជន ក្នុងការអប់រំ ចិញ្ចឹមបីបាច់ថែរក្សា និង គ្រប់គ្រងកូន។ ប៉ុន្តែក្នុងករណីមួយចំនួនដែលឪពុកម្ដាយបានប្រើប្រាស់សិទ្ធិអំណាចមេបានោះហួសហេតុ ឬ ករណីដើម្បីការពារផលប្រយោជន៍របស់កូន សិទ្ធិអំណាចមេបានេះអាចត្រូវព្យួរ ឬដកហូតបាន។ រៀបរៀងដោយ៖ លោកស្រីមេធាវី មាស រ៉ាវីន និងលោក រៀម គឹមឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-12-09 10:34:40

យល់ដឹងផ្នែកច្បាប់៖ អឌ្ឍសិទ្ធិភាព

(ភ្នំពេញ)៖ ក្នុងដំណើររស់នៅប្រចាំថ្ងៃ បុគ្គលម្នាក់ៗរមែងមានការប្រាស្រ័យទាក់ទងនិងជួយយកអាសារគ្នាទៅវិញទៅមក ដែលជាពិសេសគឺរវាងអ្នកជិតខាង រស់នៅជាប់របងគ្នានេះឯង។ យ៉ាងណាមិញ ប្រសិនបើបុគ្គលណាម្នាក់រស់នៅដោយគ្មានច្បាប់ទំលាប់គ្រប់គ្រងនិងប្រព្រឹត្តអំពើដែលនាំឱ្យមាន ការរំលោភបំពានដល់ សិទ្ធិអ្នកដទៃនោះ វានឹងនាំឱ្យមានវិវាទកើតឡើងរវាងអ្នកភូមិផងរបងជាមួយគ្នានេះជាក់ជាមិនខាន ។ ដោយហេតុនេះហើយ ទើបក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា បានចែងអំពី «អឌ្ឍសិទ្ធិភាព» ដែលបញ្ញត្តអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជិតខាងដែលមានរបង ឬព្រំជាប់គ្នា ដើម្បីបង្ការនូវទំនាស់ផ្សេងៗ។ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ថា តើអឌ្ឍសិទ្ធិភាពមានន័យដូចម្ដេច? ហើយបទបញ្ញត្តិនេះ បានចែងអំពីសិទ្ធិ និងកាតព្វកិច្ចដូចម្ដេចខ្លះ? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «អឌ្ឍសិទ្ធិភាព» មកបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖ អឌ្ឍសិទ្ធិភាព សំដៅដល់កម្មសិទ្ធិរួមរបស់ម្ចាស់ដីដែលនៅជាប់គ្នា ដែលមានទៅលើជញ្ជាំង របង កំពែង ស្នាមភ្លោះ ឬភ្លឺ នៅត្រង់ព្រំខ័ណ្ឌដី ឬអាគារលើដីនោះ។ ឧទាហរណ៍ៈ ប្រសិនបើម្ចាស់ដីពីរប្លង់ជាប់គ្នាធ្វើកំពែង ឬរបងនៅលើព្រំដី ដើម្បីខ័ណ្ឌចែកដីទាំងពីរពីគ្នា កំពែង ឬរបងនោះនឹងក្លាយជាកម្មសិទ្ធិរួមរបស់ម្ចាស់ដីទាំងសងខាង។ កំពែង ឬរបងដែលសង់ឡើងនៅលើព្រំដីនេះ ត្រូវបានឱ្យឈ្មោះថាជាកំពែងអឌ្ឍសិទ្ធិ ឬរបងអឌ្ឍសិទ្ធិ។ ម្ចាស់កម្មសិទ្ធិករលើកំពែងអឌ្ឍសិទ្ធិមានកាតព្វកិច្ចរួមគ្នា ទទួលបន្ទុកក្នុងការចំណាយលើការសាងសង់កំពែងនោះ ចេញថ្លៃថែទាំ ជួសជុល និងសោហ៊ុយផ្សេងៗទៀត (មាត្រា ២២៤ នៃក្រមរដ្ឋប្បវេណី)។ ក្នុងករណីដែលកម្មសិទ្ធិករណាម្នាក់មិនព្រមជួយចេញសោហ៊ុយខាងលើនោះទេ កម្មសិទ្ធិករនោះត្រូវបោះបង់សិទ្ធិលើកំពែងរបស់ខ្លួនទាំងស្រុង ទៅឱ្យអ្នកដែលទទួលបន្ទុកក្នុងការចេញថ្លៃចំណាយតែម្នាក់ឯង។ ចំពោះជញ្ជាំងអឌ្ឍសិទ្ធិវិញ (ជញ្ជាំងជាប់គ្នា) កម្មសិទ្ធិករមានសិទ្ធិ និងកាតព្វកិច្ចមួយចំនួនដែលស្រដៀងគ្នានឹងកំពែងអឌ្ឍសិទ្ធិ និងរបងអឌ្ឍសិទ្ធិដែរ។ អ្នកដែលប្រើជញ្ជាំងរួមគ្នា អាចបោះធ្នឹម ឬរនូត ឬធ្វើការ្យផ្សេងៗ ឱ្យចូលដល់ត្រឹមពាក់កណ្ដាលនៃកម្រាស់ជញ្ជាំងនោះតែប៉ុណ្ណោះ (មាត្រា ២១៨ នៃក្រមរដ្ឋប្បវេណី)។ ឧទាហរណ៍ៈ ក្នុងករណីដែលជញ្ជាំងរួមមួយមានកម្រាស់ ២ តឹក នោះម្ចាស់ជញ្ជាំងម្ខាងៗអាចមានសិទ្ធិបោះដែកគោល ឬធ្នឹមចូលទៅក្នុងជញ្ជាំងនោះបានត្រឹមកម្រាស់ ១ តឹក ប៉ុណ្ណោះ។ មុនពេលធ្វើការចោះជញ្ជាំងឬធ្វើការ្យផ្សេងៗដែលអាចបណ្ដាលឱ្យមានការខូចខាតដល់ជញ្ជាំងអឌ្ឍសិទ្ធិកម្មសិទ្ធិករត្រូវស្នើសុំការអនុញ្ញាតពីកម្មសិទ្ធិករម្ខាងទៀតជាមុនសិន។ ទន្ទឹមនឹងនេះផងដែរ ម្ចាស់កម្មសិទ្ធិលើជញ្ជាំងទាំងសងខាង មានករណីកិច្ចចេញថ្លៃចំណាយលើការជួសជុល និងការសាងសង់ឡើងវិញនូវជញ្ជាំងអឌ្ឍសិទ្ធិ តាមសមាមាត្រទៅនឹងសិទ្ធិម្នាក់ៗ។ ប្រសិនបើមានម្ចាស់កម្មសិទ្ធិណាម្នាក់ គេចវេសមិនព្រមចេញសោហ៊ុយចំណាយលើការជួសជុល ឬសាងសង់ជញ្ជាំងឡើងវិញទេ ម្ចាស់កម្មសិទ្ធិដែលគេចវេសនោះត្រូវ ប្រគល់សិទ្ធិលើជញ្ជាំងទាំងមូលទៅឱ្យម្ចាស់កម្មសិទ្ធិម្នាក់ទៀតផ្ដាច់មុខ។ ម៉្យាងវិញទៀតក្រមរដ្ឋប្បវេណីក៏បានចែងពីវិធីដែលអាចធ្វើឱ្យជញ្ជាំងមិនមែនអឌ្ឍសិទ្ធិ ក្លាយទៅជាជញ្ជាំងអឌ្ឍសិទ្ធិផងដែរ។ ឧទាហរណ៍ថា លោក (ក) បានសង់ជញ្ជាំងនៅលើព្រំដីរបស់គាត និងចេញថ្លៃចំណាយទាំងស្រុងលើការសាងសង់នោះដែលនាំឱ្យជញ្ជាំងខាងលើក្លាយជាកម្មសិទ្ធិ ផ្ដាច់មុខរបស់លោក (ក)។ ក្រោយមកទៀត លោក (ខ) ដែលមានដីនៅជាប់លោក (ក) មានបំណងចង់ប្រើប្រាស់ជញ្ជាំងនោះជាជញ្ជាំងអឌ្ឍសិទ្ធិ (ជញ្ជាំងរួម)។ ដូចនេះ ប្រសិនបើមានការព្រមព្រៀងពីភាគីទាំងសងខាង លោក (ក) អាចអនុញ្ញាតឱ្យលោក (ខ) ប្រើជញ្ជាំងនោះជាជញ្ជាំងរួមបាន ដោយត្រូវតម្រូវឱ្យលោក (ខ) ចេញថ្លៃសោហ៊ុយលើការសាងសង់ជញ្ជាំងពាក់កណ្ដាល និងចេញថ្លៃដីដែលជញ្ជាំងនោះស្ថិតនៅលើពាក់កណ្ដាល (មាត្រា ២២០ នៃក្រមរដ្ឋប្បវេណី)។ សរុបជារួមមក អ្នកដែលមានជញ្ជាំង របង ឬកំពែងផ្សេងៗនៅជាប់គ្នា ឬប្រើរួមគ្នា គួរគប្បីប្រើប្រាស់ប្រកបដោយភាពទទួលខុសត្រូវ ចេះជួយថែរក្សា និងគោរពសិទ្ធិគ្នាទៅវិញទៅមក ដើម្បីជៀសវាងនូវការកើតមានជម្លោះរវាងអ្នកជិតខាងនឹងគ្នា។ ទន្ទឹមនឹងនេះបងប្អូនប្រជាពលរដ្ឋក៏គួរស្វែងយល់ឱ្យច្បាស់អំពីបទបញ្ញត្តិដែលចែងអំពីអឌ្ឍសិទ្ធិភាពខាងលើ ដើម្បីឱ្យដឹងពីទំហំនៃសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ក៏ដូចជាញាតិដែលរស់នៅក្បែរខាងផងដែរ។ រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងកញ្ញា គន្ធ វិជិតា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-11-23 09:02:01

យល់ដឹងផ្នែកច្បាប់៖ ការត្រួតពិនិត្យតាមផ្លូវតុលាការ

(ភ្នំពេញ)៖ នៅពេលដែលបុគ្គលណាម្នាក់បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ នោះព្រះរាជអាជ្ញា និងធ្វើការចោទប្រកាន់រួច បញ្ជូនជននោះទៅចៅក្រមស៊ើបសួរដើម្បីធ្វើកិច្ចស៊ើបសួរដាក់បន្ទុក ឬដោះបន្ទុក ហើយប្រសិនបើចៅក្រមស៊ើបសួរយល់ឃើញថាអំពើដែលបានប្រព្រឹត្តជាបទឧក្រិដ្ឋ ឬបទមជ្ឈឹម បានបង្កព្យសនកម្មធ្ងន់ធ្ងរដល់សង្គម នោះចៅក្រមស៊ើបសួរអាចធ្វើការឃុំខ្លួនបុគ្គលនោះដើម្បីបញ្ចប់ ឬបង្ការបទល្មើសកុំឲ្យកើតឡើងជាថ្មី និងកុំឲ្យប៉ះពាល់ដល់នីតិវិធីស៊ើបសួរ។ ប៉ុន្តែប្រសិនបើអំពើនោះបានបង្កព្យសនកម្មតិចតួចដល់សង្គមជាតិ ហើយមានមូលហេតុសមស្របតាមច្បាប់ ដែលមិនធ្វើឲ្យប៉ះពាល់ដល់នីតិវិធីស៊ើបសួរទេ នោះចៅក្រមស៊ើបសួរអាចសម្រេច ដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការបានគ្រប់ពេលវេលាដោយស្ថិតក្នុងដំណាក់កាលស៊ើបសួរ។ ដើម្បីយល់កាន់តែច្បាស់ដូច្នេះក្នុងសប្តាហ៍នេះ អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការត្រួតពិនិត្យតាមផ្លូវតុលាការ» មកធ្វើការបកស្រាយជូនបងប្អូន ប្រជាពលរដ្ឋ សិស្ស និស្សិត ដូចតទៅ៖ ជាផ្នែកមួយនៃវិធានការនិរន្ដរាយ ដើម្បីធានាសម្រួលដល់ដំណើរការនៃកិច្ចស៊ើបសួរ ចៅក្រមស៊ើបសួរអាចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (នៅក្រៅឃុំ) ឬសម្រេចឃុំខ្លួនបណ្ដោះអាសន្ន (នៅក្នុងឃុំ)។ យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ការត្រួតពិនិត្យតាមផ្លូវតុលាការ មាន អានុភាពបង្គាប់ជនត្រូវចោទ ដែលនៅក្រៅឃុំឱ្យ គោរពកាតព្វកិច្ចមួយឬច្រើនដែលរួមមានដូចជា៖ ១៖ មិនត្រូវចេញក្រៅ ព្រំប្រទល់ដែនដីកំណត់ ដោយចៅក្រមស៊ើបសួរ។ ២៖ មិនត្រូវផ្លាស់ប្តូរលំនៅឋាន ដោយគ្មានការអនុញ្ញាតពីចៅក្រុមស៊ើបសួរ។ ៣៖ មិនត្រូវទៅកាន់ទីកន្លែងខ្លះ ដែលកំណត់ដោយចៅក្រមស៊ើបសួរ។ ៤៖ ត្រូវចូលមកបង្ហាញខ្លួនតាមការកំណត់ នៅអង្គភាពនគរបាល ឬកងរាជអាវុធហត្ថ ដែលចាត់តាំង ដោយចៅក្រមស៊ើបសួរ។ ៥៖ ត្រូវឆ្លើយតបនឹងដីកាកោះហៅ ពី គ្រប់បុគ្គល ដែលចាត់តាំងដោយចៅក្រមស៊ើបសួរ។ ៦៖ ត្រូវប្រគល់ជូន ដល់ការិយាល័យ ក្រឡាបញ្ជី គ្រប់ឯកសារបញ្ជាក់ពីអត្តសញ្ញាណ។ ៧៖ មិនត្រូវបើកបររថយន្ត។ ៨៖ មិនត្រូវទទួល ឬជួបនឹងបុគ្គលមួយចំនួន ដែលកំណត់ចង្អុលបង្ហាញដោយចៅក្រម ស៊ើបសួរ។ ៩៖ ដាក់ប្រាក់ធានាដែលចំនួនប្រាក់ធានា និងថិរវេលាបង់ប្រាក់នេះ ត្រូវកំណត់ដោយ ចៅក្រមស៊ើបសួរ ដោយផ្អែកទៅលើធនធាន របស់ជនដែលនឹងត្រូវចោទ។ ១០៖ មិនត្រូវកាន់កាប់ ឬយកតាមខ្លួននូវអាវុធ។ ត្រូវប្រគល់ជូនដល់ការិយាល័យ ក្រឡាបញ្ជីនូវ អាវុធដែលជនត្រូវចោទកាន់កាប់។ ១១៖ ត្រូវប្រគល់ខ្លួនឱ្យពេទ្យពិនិត្យព្យាបាល និងជាយថាហេតុដាក់ឱ្យស្ថិតក្នុងរបបព្យាបាលរោគក្នុងមន្ទីរពេទ្យ ។ ១២៖ មិនត្រូវធ្វើសកម្មភាពខាងវិជ្ជាជីវៈខ្លះ។ ចៅក្រមស៊ើបសួរអាចដាក់ជនត្រូវចោទឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការតាមគំនិតផ្ដួចផ្ដើមរបស់ខ្លួនផ្ទាល់ឬតាមសេចក្ដីសន្និដ្ឋានសរុបរបស់ព្រះរាជអាជ្ញា។ ដោយបញ្ជាក់អំពីកាតព្វកិច្ចដែលតម្រូវលើជនត្រូវចោទនៅក្នុងដីកាសម្រេច ហើយត្រូវជូនដំណឹងក្នុងរយៈពេលយ៉ាងខ្លីបំផុតដល់ព្រះរាជអាជ្ញា និងជនត្រូវចោទ។ កាលណាចៅក្រមស៊ើបសួរ ដែលទទួលបណ្ដឹងតាមសេចក្ដីសន្និដ្ឋានពីព្រះរាជអាជ្ញា សុំឱ្យដាក់ជនត្រូវចោទស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ មិនព្រមសម្រេចតាមការសុំទេ ចៅក្រមស៊ើបសួរត្រូវចេញដីកាបដិសេធការសុំនេះក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃ។ ដីកាសម្រេចនេះ ត្រូវជូនដំណឹងក្នុងរយៈពេលយ៉ាងខ្លីបំផុតដល់ព្រះរាជអាជ្ញា។ ប្រសិនបើចៅក្រមស៊ើបសួរមិនបានសម្រេចក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃទេ ព្រះរាជអាជ្ញាអាចធ្វើបណ្ដឹងទៅសភាស៊ើបសួរ(សាលាឧទ្ធរណ៍) សម្រេចជំនួសចៅក្រមស៊ើបសួរ។ ចំពោះការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការអាចធ្វើការកែប្រែ ឬលុបចោលខ្លឹមសារនៃកាតព្វកិច្ច និងបញ្ចូលកាតព្វកិច្ចថ្មីបានតាម ០៣ (បី) លក្ខខណ្ឌគឺ (១) ការកែប្រែការត្រួតពិនិត្យតាមផ្លូវតុលាការដោយឯកឯងដោយចៅក្រមស៊ើបសួរ និង (២) បណ្ដឹងសុំកែប្រែការត្រួតពិនិត្យតាមផ្លូវតុលាការដោយព្រះរាជអាជ្ញា និង (៣) តាមរយៈបណ្ដឹងសុំឱ្យកែប្រែការត្រួតពិនិត្យតាមផ្លូវតុលាការដោយជនត្រូវចោទ។ នៅក្នុងករណីដែលជនត្រូវចោទបានគេចវេសដោយចេតនាពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរអាចសម្រេចឱ្យឃុំខ្លួន ជនត្រូវចោទជាបណ្ដោះអាសន្នបាន ទោះបីជាទោសពន្ធនាគារដែលត្រូវរងនោះមានថិរវេលាប៉ុន្មានក៏ដោយ ហើយទោះបីជាជនត្រូវចោទត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន អស់រយៈពេលអតិបរមាដែលបានកំណត់ក៏ដោយ។ កាលណាចៅក្រមស៊ើបសួរសម្រេចថានឹងឃុំខ្លួនបណ្ដោះអាសន្នដោយមូលហេតុខាងលើនេះ។ ការឃុំខ្លួនបណ្ដោះអាសន្នដែលសម្រេចតាមមូលហេតុខាងលើនេះ មិនអាចឱ្យលើសពី ៤ (បួន) ខែ ចំពោះនីតិជន និង ២ (ពីរ) ខែ ចំពោះអនីតិជន។ ចំពោះ អនីតិជនដែលមានអាយុតិចជាង១៤(ដប់បួន)ឆ្នាំមិនអាចដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការបានទេ។ សរុបមក ការត្រួតពិនិត្យតាមផ្លូវតុលាការគឺជានីតិវិធីពិសេសមួយសម្រាប់តុលាការ (ចៅក្រមស៊ើបសួរ) គ្រប់គ្រងជនត្រូវចោទដែលស្ថិតនៅក្រៅឃុំ ដោយផ្ដល់សិទ្ធិអំណាចដល់ចៅក្រមស៊ើបសួរក្នុងការដាក់កាតព្វកិច្ច ឬការហាមឃាត់ជាកំណត់ណាមួយចំពោះជនត្រូវចោទ។ រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីលក្ខ័ណ និងលោក រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥ អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-11-17 15:48:20

យល់ដឹងផ្នែកច្បាប់៖ ការលុបចោលកិច្ចសន្យា

(ភ្នំពេញ)៖ ជាគោលការណ៍ កិច្ចសន្យាត្រូវបានបង្កើតឡើងដោយការបង្ហាញឆន្ទៈរបស់គូភាគីតាមរយៈសំណើ និងស្វីការត្រូវគ្នា ហើយនឹងបង្កើតឱ្យមាននូវសិទ្ធិ និងកាតព្វកិច្ចចំពោះគ្នាទៅវិញទៅមក។ ក៏ប៉ុន្ដែនៅក្នុងករណីភាគីម្ខាងនៃកិច្ចសន្យាបានបង្ហាញឆន្ទៈដោយមានវិការៈ ឬដោយមូលហេតុនៃសមត្ថភាពក្នុងការយល់ដឹងរបស់ខ្លួន ឬដោយអំពើទុច្ចរិតរបស់ភាគីម្ខាងទៀត ដែលបានធ្វើឱ្យខាតបង់នូវផលប្រយោជន៍របស់ភាគីនោះ។ នៅក្នុងករណីបែបនេះ តើភាគីដែលបានបង្ហាញឆន្ទៈដែលមានវិការៈ ឬភាគីដែលបានខាតបង់នូវផលប្រយោជន៍ដោយការចុះកិច្ចសន្យានោះ អាចធ្វើយ៉ាងណាដើម្បីស្រោចស្រង់ស្ថានភាពនេះបាន? កាលពីសប្តាហ៍មុនៗកម្មវិធីយល់ដឹងផ្នែកច្បាប់ បានលើកយកប្រធានបទស្តីពី ការរំលាយកិច្ចសន្យា និង មោឃភាពនៃកិច្ចសន្យា មកធ្វើការបង្ហាញជូនរួចមកហើយ ដូច្នេះសម្រាប់សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាព FRESH NEWS សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សូមលើកយកប្រធានបទស្ដីពី «ការលុបចោលកិច្ចសន្យា» មកធ្វើការបង្ហាញជូនបងប្អូន ប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖ យោងតាមក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់សិទ្ធិដល់ភាគីម្ខាងទៀតដែលបានខូចខាតនូវផលប្រយោជន៍ពីការចុះកិច្ចសន្យាដោយមានវិការៈ ឬកិច្ចសន្យាដែលបានធ្វើឡើងដោយអសមត្ថជន អាចធ្វើការលុបចោលកិច្ចសន្យានោះវិញបាន។ តាមន័យនេះ មានន័យថាកិច្ចសន្យាមិនអាចមានអានុភាពឡើយប្រសិនបើ ត្រូវបានធ្វើឡើងដោយមិនត្រឹមត្រូវតាមការកំណត់របស់ច្បាប់ ឬកិច្ចសន្យាដែលនាំឱ្យមានការខាតបង់នូវផលប្រយោជន៍របស់ភាគីណាមួយ ហើយភាគីនោះ ឬបុគ្គលដែលមានប្រយោជន៍ពាក់ព័ន្ធអាចអនុវត្ដសិទ្ធិលុបចោលនូវកិច្ចសន្យានោះបាន។ សកម្មភាពដែលអាចលុបចោលបាន មានសុពលភាពរហូតដល់ពេលដែលអ្នកមានសិទ្ធិលុបចោល លុបចោលសកម្មភាពនោះ ហើយក្រោយពេលលុបចោល សកម្មភាពនោះត្រូវចាត់ទុកជាមោឃៈតាំងពីដំបូង ក៏ប៉ុន្ដែការលុបចោលត្រូវធ្វើឡើងតាមវិធីនៃការជូនដំណឹងទៅភាគីម្ខាងទៀត ហើយនឹងមានអានុភាពគិតចាប់ពីពេលដែលដំណឹងនោះបានទៅដល់ភាគីម្ខាងទៀត។ យោងតាមក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា មូលហេតុនៃការលុបចោលកិច្ចសន្យា មាន ០២ (ពីរ)លក្ខខណ្ឌគឺ (១) ក្នុងករណីដែលកិច្ចសន្យាត្រូវបានបង្កើតឡើងដោយអសមត្ថជន (ជនដែលគ្មានសមត្ថភាពខាងឆន្ទៈ ឬខ្វះសមត្ថភាពក្នុងការធ្វើសកម្មភាព) និង (២) ក្នុងករណីដែលកិច្ចសន្យាត្រូវបានបង្កើតឡើងដោយមានវិការៈក្នុងការបង្ហាញឆន្ទៈ។ ១* ការលុបចោលកិច្ចសន្យាដែលធ្វើឡើងដោយអសមត្ថជន៖ ចំពោះកិច្ចសន្យាទាំងឡាយណាដែលត្រូវបានបង្កើតឡើងដោយជនដែលគ្មានសមត្ថភាពក្នុងការបង្ហាញឆន្ទៈ អនីតិភាព ឬជនដែលត្រូវបានកម្រិតសមត្ថភាពក្នុងការធ្វើសកម្មភាព ដូចជាអនីតិជន ជនស្ថិតនៅក្រោមរបបអាណាព្យាបាលទូទៅ និងជនដែលស្ថិតក្នុងរបបហិតូបត្ថម្ភជាអាទិ៍។ នៅក្នុងករណីនេះ អ្នកដែលមានសិទ្ធិលុបចោល ឬផ្ដល់សច្ចានុមតិរួមមានដូចជា អ្នកមានអំណាចមេបា (ឪពុក ឬម្ដាយ) អ្នកអាណាព្យាបាល (សម្រាប់អនីតិជន ឬជនដែលស្ថិតនៅក្រោមរបបអាណាព្យាបាលទូទៅ) ឬហិតូបត្ថម្ភកៈ ជាអាទិ៍។ ២* ការលុបចោលកិច្ចសន្យាដោយមូលហេតុមានវិការៈក្នុងការបង្ហាញឆន្ទៈ៖ នៅក្នុងករណីដែលកិច្ចសន្យាត្រូវបានធ្វើឡើងដោយការបង្ហាញឆន្ទៈមានវិការៈ ភាគីនៃកិច្ចសន្យាអាចលុបចោលកិច្ចសន្យានោះបាន។ វិការៈនៃការបង្ហាញឆន្ទៈមានដូចជា ក្នុងករណីដែលការចុះកិច្ចសន្យាដោយការភាន់ច្រឡំ ការឆបោក ព័ត៌មានមិនពិត ការរំលោភលើស្ថានភាព ការគម្រាមកំហែង និងមូលហេតុនៃអំពើកេងចំណេញហួសហេតុ។ ការភាន់ច្រឡំ៖ ភាគីអាចធ្វើការលុបចោលកិច្ចសន្យាដោយមូលហេតុនៃការភាន់ច្រឡំបាន លុះត្រាណាតែការភាន់ច្រឡំនោះទៅលើចំណុចសំខាន់ៗ ឬចំណុចដែលភាគីគិតថាសំខាន់ក្នុងកិច្ចសន្យា ហើយភាគីម្ខាងទៀតបានដឹង ឬអាចដឹងអំពីការភាន់ច្រឡំនេះ ឬក្នុងករណីដែលភាគីទាំងពីរមានការភាន់ច្រឡំដូចគ្នា។ ក៏ប៉ុន្ដែការលុបចោលកិច្ចសន្យាដោយការភាន់ច្រឡំមិនអាចអះអាងចំពោះតតិយជនបានឡើយប្រសិនបើតតិយជននោះសុចរិត និងគ្មានកំហុស។ ការឆបោក៖ ភាគីដែលបានបង្កើតកិច្ចសន្យាដោយការឆបោករបស់ភាគីម្ខាងទៀត ឬពីតតិយជន ភាគីនោះអាចលុបចោលកិច្ចសន្យានោះបាន ក៏ប៉ុន្ដែក្នុងករណីដែលការឆបោកធ្វើឡើងដោយតតិយជន អាចលុបចោលកិច្ចសន្យាបាន លុះត្រាណាតែភាគីម្ខាងទៀតបានដឹង ឬអាចដឹងអំពីការឆបោកនោះ។ ព័ត៌មានមិនពិត៖ នៅក្នុងករណីដែលភាគីម្ខាងនៃកិច្ចសន្យាបានបង្ហាញឆន្ទៈដោយជឿជាក់លើព័ត៌មានដែលមានការភូតកុហក់ពីភាគីម្ខាងទៀត ក្រោយពេលបានដឹងថាព័ត៌មាននោះមិនពិតទេ ភាគីនោះអាចលុបចោលកិច្ចសន្យានោះបានដោយមានហេតុការបង្ហាញឆន្ទៈមានវិការៈ។ ក៏ប៉ុន្ដែការលុបចោលកិច្ចសន្យាដោយមូលហេតុព័ត៌មានមិនពិតនេះ មិនអាចអះអាងចំពោះតតិយជនបានឡើយ ប្រសិនបើតតិយជននោះសុចរិត និងគ្មានកំហុស។ ការរំលោភលើស្ថានភាព៖ នៅពេលចុះកិច្ចសន្យាបើភាគីម្ខាងនៃកិច្ចសន្យាបានប្រើដោយមិនត្រឹមត្រូវនូវឋានៈ ដែលខ្លួនមានអាទិភាពជាងភាគីម្ខាងទៀត ខាងផ្នែកសេដ្ឋកិច្ច ឬផ្នែកសង្គម ឬបានប្រើដោយមិនត្រឹមត្រូវនូវស្ថានភាពផ្សេងទៀតដែលភាគីម្ខាងទៀតមិនអាចប្រឆាំងតបបានទេភាគីម្ខាងទៀតនោះអាចលុបចោលកិច្ចសន្យាបាន។ ការលុបចោលកិច្ចសន្យាដោយមូលហេតុនៃការរំលោភ លើស្ថានភាពនៃ ភាគីមិនអាចអះអាងចំពោះ តតិយជនបានឡើយ ប្រសិនបើតតិយជននោះសុចរិត និងគ្មានកំហុស។ ការគម្រាមកំហែង៖ ភាគីដែលបានចុះកិច្ចសន្យាដោយការគម្រាមកំហែងពីភាគីម្ខាងទៀត ឬពីសំណាក់តតិយជនអាចលុបចោលកិច្ចសន្យានោះបាន ដោយហេតុថាការបង្ហាញឆន្ទៈមានវិការៈ។ អំពើកេងចំណេញហួសហេតុ៖ ក្នុងករណីដែលភាគីម្ខាងបានចុះកិច្ចសន្យាដោយការឆ្លៀតឱកាសដែលភាគីម្ខាងទៀតកំពុងជួបការលំបាកខាងផ្នែកសេដ្ឋកិច្ច ឬ ភាពល្ងង់ ឬការខ្វះការពិសោធន៍ ហើយបានកេងចំណេញយ៉ាងសន្ធឹកសន្ធាប់ពីកិច្ចសន្យានោះ ភាគីម្ខាងទៀតអាចលុបចោលនូវកិច្ចសន្យាបាន។ ក៏ប៉ុន្ដែទោះបីជាយ៉ាងនេះក្ដី ភាគីនៃកិច្ចសន្យា ឬបុគ្គលដែលមានសិទ្ធិលុបចោលកិច្ចសន្យាត្រូវអនុវត្ដសិទ្ធិនោះនៅក្នុងអំឡុងពេលដែលកំណត់ដោយច្បាប់ បើមិនដូច្នេះទេ នោះមិនអាចអះអាងអំពីសិទ្ធិនោះជាមួយភាគី ឬតតិយជនបានឡើយ។ យោងតាមក្រមរដ្ឋប្បវេណី សិទ្ធិលុបចោលកិច្ចសន្យានឹងត្រូវរំលត់នៅក្នុងរយៈពេល ៣ ឆ្នាំ គិតចាប់ពីថ្ងៃដែលខ្លួនក្លាយទៅជាអ្នកដែលអាចផ្ដល់សច្ចានុមតិ ក៏ប៉ុន្ដែទោះបីជាយ៉ាងនេះក្ដីបើផុតរយៈពេល ១០ ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទធ្វើសកម្មភាព សិទ្ធិលុបចោលកិច្ចសន្យានេះក៏ត្រូវបានរំលត់ផងដែរ។ សរុបមកការលុបចោលកិច្ចសន្យា គឺសិទ្ធិពិសេសមួយដែលកំណត់ដោយច្បាប់ ក្នុងការការពារដល់ភាគីម្ខាងទៀតដែលបានបង្ហាញឆន្ទៈដោយមានវិការៈ ឬចំពោះកិច្ចសន្យាដែលបានធ្វើឡើងដោយអសមត្ថជន ដែលនាំឱ្យមានការខាតបង់នូវផលប្រយោជន៍ដល់ភាគី ឬអសមត្ថជននោះ។ ក្នុងករណីនេះ ការលុបចោលត្រូវធ្វើឡើងដោយភាគីដែលបានបង្ហាញឆន្ទៈដែលមានវិការៈនោះ ឬអ្នកដែលមានសិទ្ធិលុបចោលដែលកំណត់ដោយច្បាប់ចំពោះអសមត្ថជន និងអ្នកដែលមានសិទ្ធិលុបចោលផ្សេងទៀត។ ការលុបចោលកិច្ចសន្យានេះ ទៀតសោត ត្រូវធ្វើឡើងនៅក្នុងកំឡុងពេលដែលកំណត់ដោយច្បាប់ ហើយក្រោយពេលដែលភាគីបានអនុវត្ដសិទ្ធិលុបចោលនោះហើយ កិច្ចសន្យានោះត្រូវចាត់ទុកថាមោឃៈតាំងពីដំបូង ហើយរាល់សកម្មភាពនៃកិច្ចសន្យាដែលបានអនុវត្ដហើយ ត្រូវធ្វើបដិទានឡើងវិញ ។ រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងលោក រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅ អគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល president@ciclg.com គេហទំព័រ៖ http://www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-10-26 08:44:15

យល់ដឹងផ្នែកច្បាប់៖ មោឃភាពនៃកិច្ចសន្យា

(ភ្នំពេញ)៖ កាលពីសប្តាហ៍មុនកម្មវិធីយល់ដឹងផ្នែកច្បាប់ បានលើកយកប្រធានបទស្តីពីការរំលាយកិច្ចសន្យា មកធ្វើការបង្ហាញជូន ប៉ុន្តែសម្រាប់សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់សូមលើកយកប្រធានបទស្តីពី មោឃភាពនៃកិច្ចសន្យា មកធ្វើការបង្ហាញជូនវិញម្តង។ ដូចយើងបានដឹងហើយថា ច្បាប់បានផ្តល់សេរីភាពដល់គូភាគីក្នុងការព្រមព្រៀងបង្កើតកិច្ចសន្យា ប៉ុន្តែកិច្ចសន្យាទាំងទ្បាយណាដែលធ្វើទ្បើងផ្ទុយនឹងច្បាប់ នោះកិច្ចសន្យានឹងទទួលរងនូវមោឃភាព។ តើមានមូលហេតុអ្វីខ្លះដែលនាំឱ្យកិច្ចសន្យាទទួលរងនូវមោឃភាព? ដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាព FRESH NEWS ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «មោឃភាពនៃកិច្ចសន្យា» មកធ្វើការបង្ហាញជូនបងប្អូន ប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖ យោងតាមបញ្ញត្តិនៃក្រមរដ្ឋប្បវេណី មូលហេតុដែលនាំឱ្យកិច្ចសន្យាទទួលរងនូវមោឃភាពមានដូចជា៖ ការបង្ហាញឆន្ទៈមិនពិត; ភាពផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំ; ភាពផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ និងភាពផ្ទុយនឹងទម្រង់នៃច្បាប់។ *ការបង្ហាញឆន្ទៈមិនពិត៖ សំដៅដល់កិច្ចសន្យាដែលបង្កើតឡើងដោយផ្អែកលើការបង្ហាញឆន្ទៈមិនពិត ដោយមានការឃុបឃិតជាមួយភាគីម្ខាងទៀត។ ដើម្បីងាយយល់យើងសូមលើកឧទាហរណ៍ដូចតទៅ៖ ភាគី «ក» បានស្នើសុំចុះកិច្ចសន្យាទិញលក់អចលនវត្ថុជាមួយភាគី «ខ» ដើម្បីឱ្យខ្លួនរួចផុតពីការអនុវត្តដោយបង្ខំរបស់ម្ចាស់បំណុល «គ»។ កិច្ចសន្យានេះ បានធ្វើឡើងដោយមានការឃុបឃិតរវាងភាគី «ក» និងភាគី «ខ» លក់ដីក្លែងក្លាយដើម្បីគេចផុតពីការរឹបអូសពីតុលាការ ដើម្បីលក់ទ្បៃទ្បុង សងប្រាក់ដែលជំពាក់ម្ចាស់បំណុល «គ» ។ ដូច្នេះកិច្ចសន្យានេះ ត្រូវចាត់ទុកជាមោឃៈ។ *ភាពផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំ៖ សំដៅដល់អត្ថន័យនៃកិច្ចសន្យាដែលបង្កើតទ្បើងផ្ទុយបញ្ញត្តិដែលអនុវត្តដោយបង្ខំណាមួយ។ បញ្ញត្តិដែលអនុវត្តដោយបង្ខំ សំដៅដល់បញ្ញត្តិទាំងទ្បាយណាដែលច្បាប់តម្រូវឱ្យអនុវត្តដាច់ខាត បើពុំដូច្នេះទេច្បាប់មិនទទួលស្គាល់នូវអនុភាពគតិយុត្តនៃសកម្មភាពនោះទ្បើយ។ ឧទាហរណ៍ ច្បាប់បានហាមជាដាច់ខាតនូវការបង្កើតកិច្ចសន្យាបញ្ចាំផ្តាច់។ *ភាពផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ៖ សំដៅដល់អត្ថន័យកិច្ចសន្យាមានភាពផ្ទុយនឹងរបៀបរៀបរយសាធារណៈ និងទំនៀមទម្លាប់ល្អ ។ អត្ថន័យ ឬខ្លឹមសារដែលគូភាគីបានព្រមព្រៀងគ្នា អាចជាកិច្ចសន្យាជួញដូរគ្រឿងញៀន និងកិច្ចសន្យារួមភេទ ឬកិច្ចសន្យាជួលស្រ្តីពរពោះ ជាដើម។ *ភាពផ្ទុយនឹងទម្រង់នៃច្បាប់៖ សំដៅដល់ករណីដែលសកម្មភាពចាត់ទុកជាមោឃៈ ដោយសារសកម្មភាពនោះផ្ទុយនឹងទម្រង់ដែលត្រូវបានទាមទារឱ្យមានដោយក្រមរដ្ឋប្បវណី ឬច្បាប់ផេ្សងទៀត។ ភាពផ្ទុយនឹងទម្រង់នៃច្បាប់ អាចជាករណីសិទ្ធិជួលអចិន្ត្រៃយ៍ ដោយក្រមរដ្ឋប្បវេណីមាត្រា២៤៥ កថាខណ្ឌ១ បានបញ្ញត្តិថា ពុំមានអានុភាពឡើយ បើពុំបានធ្វើជាលាយល័ក្ខណ៍អក្សរ ដូច្នេះក្នុងករណីដែលគូភាគីចង់បង្កើតសិទ្ធិជួលអចិន្ត្រៃយ៍ គឺត្រូវធ្វើឡើងជាលាយល័ក្ខណ៍អក្សរ ដូចដែលមានចែងក្នុងបញ្ញត្តិច្បាប់។ ចំពោះមោឃភាពនៃកិច្ចសន្យាត្រូវបានបែងចែកជា ០២ (ពីរ) ប្រភេទ គឺមោឃភាពដាច់ខាត និងមោឃភាពមិនដាច់ខាត។ មោឃភាពដាច់ខាតប្រៀបបាននឹងកិច្ចសន្យាដែលមានអត្ថន័យផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំ ឬផ្ទុយនឹងសណ្ដាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ ទាំងស្រុងតែម្តង ដូចជាករណីគូភាគីចុះកិច្ចសន្យាសម្លាប់មនុស្សជាដើម មានន័យថាផ្នែកទាំងអស់នៃកិច្ចសន្យាត្រូវបានមោឃភាព។ រីឯមោឃភាពមិនដាច់ខាត គឺសំដៅដល់អត្ថន័យនៃកិច្ចសន្យាមានផ្នែកណាមួយផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំ ឬផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ ដែលជាហេតុនាំឱ្យកិច្ចសន្យានោះត្រូវមោឃៈត្រឹមតែចំណុចដែលផ្ទុយនោះប៉ុណ្ណោះ។ ឧទាហរណ៍ «ក» បានចុះកិច្ចសន្យាខ្ចីបរិភាគជាមួយ «ខ» ដោយភ្ជាប់ជាមួយនូវអត្រាការប្រាក់ចំនួន៣០% (សាមសិបភាគរយ) ក្នុងមួយឆ្នាំ បើអនុលោមតាមប្រកាសលេខៈ ១២៨កយ.ប្រក/១១ ស្តីពីអត្រាការប្រាក់ដែលត្រូវកម្រិត របស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលបានកំណត់ថាអត្រាការប្រាក់នៅក្នុងកិច្ចសន្យាខ្ចីបរិភោគមិនតម្រូវឱ្យយកលើសពីចំនួន១៨% (ដប់ប្រាំបីភាគរយ) ក្នុងមួយឆ្នាំ ដូច្នេះកិច្ចសន្យានេះ គឺត្រូវមោឃភាពចោលត្រឹមផ្នែកដែលលើសគឺចំនួន ១២% (ដប់ពីរភាគរយ) តែប៉ុណ្ណោះ ប៉ុន្តែភាគីអ្នកខ្ចីប្រាក់ នៅតែមានកាតព្វកិច្ចសងប្រាក់ទៅអ្នកឱ្យខ្ចីដដែល។ អ្នកដែលមានសិទ្ធិអះអាងនូវមោឃភាពនៃកិច្ចសន្យា បើយោងតាមមាត្រា៣៥៧ នៃក្រមរដ្ឋប្បវេណីបានបញ្ញត្តិថា ប្រសិនបើអត្ថន័យនៃសកម្មភាពផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំ ឬផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ ជនណាក៏អាចអះអាងនូវមោឃភាពនៃកិច្ចសន្យានោះបាន។ ក្នុងករណីដែលសកម្មភាពត្រូវចាត់ទុកជាមោឃៈ ដោយសារសកម្មភាពនោះផ្ទុយនឹងទម្រង់ដែលត្រូវបានទាមទារឱ្យមានដោយក្រមនេះ ឬច្បាប់ផ្សេង ជនណាក៏អាចអះអាងនូវមោឃភាពនៃកិច្ចសន្យានោះបាន។ ប្រសិនបើកិច្ចសន្យាត្រូវបានមោឃភាពចោលដោយមូលហេតុណាមួយ កិច្ចសន្យានោះត្រូវបានចាត់ទុកថាគ្មានអានុភាពតាំងពីដំបូងមកម៉្លេះ (សុពលភាពមិនត្រូវបានទួលស្គាល់តាំងពីដំបូង)។ ក្នុងករណីកិច្ចសន្យាត្រូវបានមោឃភាព ភាគីដែលបានផ្តល់តាវកាលិក អាចទាមទារត្រឡប់មកវិញបាន តាមរយៈសេចក្តីចម្រើនដោយឥតហេតុ ឬប្រើប្រាស់សិទ្ធិទាមទារឱ្យប្រគល់មកវិញដោយផ្អែកលើសិទ្ធិនៃកម្មសិទ្ធិ។ ប៉ុន្តែចំពោះកិច្ចសន្យាដែលត្រូវបានមោឃភាពដោយមូលហេតុផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ និងច្បាប់ដែលទាក់ទងនឹងសណ្តាប់ធ្នាប់សាធារណៈ ភាគីមិនអាចធ្វើការទាមទារឱ្យប្រគល់តាវកាលិកនោះត្រឡប់មកវិញនោះទេ ដោយហេតុថា តាវកាលិកនៃកិច្ចសន្យានោះ អាចជាតាវកាលិកខុសច្បាប់ ដូចជា កិច្ចសន្យាគ្រឿងញៀន កិច្ចសន្យាជួញដូរផ្លូវភេទជាដើម។ សរុបសេចក្តីមក មោឃភាពនៃកិច្ចសន្យា ត្រូវបានបញ្ញត្តិនៅក្នុងក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាយន្តការមួយប្រើប្រាស់ដើម្បីបញ្ជាក់ថា កិច្ចសន្យាដែលធ្វើឡើងមានអត្ថន័យផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំ ឬផ្ទុយនឹងទម្រង់នៃច្បាប់ ឬផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ ឬការបង្ហាញឆន្ទៈមិនពិត គឺត្រូវបានចាត់ទុកជាកិច្ចសន្យាគ្មានអានុភាពតាំងពីដំបូងមកម៉្លេះ ពោលគឺគ្មានកិច្ចសន្យាកើតទ្បើង។ ដូច្នេះដើម្បីឱ្យកិច្ចសន្យាមួយអាចមានអានុភាព ឬមានសុពលភាពតាមផ្លូវច្បាប់ គូភាគីគួរគប្បីសិក្សាពីទិដ្ឋភាពផ្លូវច្បាប់ មុនឈានចូលដល់ការបង្កើតកិច្ចសន្យា ដើម្បីចៀសវាងកិច្ចសន្យាដែលបានបង្កើតហើយត្រូវទទួលរងនូវមោឃភាព។ រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក ប៉ូល គីមសេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅ អគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-10-19 15:20:12

យល់ដឹងពីផ្នែកច្បាប់៖ ការរំលាយកិច្ចសន្យា

(ភ្នំពេញ)៖ នៅពេលដែលគោលបំណង នៃកិច្ចសន្យាមិនអាចសម្រេចទៅដល់គោលដៅ ឬមានការរំលោភបំពានកិច្ចសន្យា ពីភាគីណាមួយនៃកិច្ចសន្យា នោះភាគីម្ខាងដែលទទួលរងគ្រោះ ដោយការមិនអនុវត្តកាតព្វកិច្ចរបស់ ភាគីម្ខាងទៀតនៃកិច្ចសន្យា អាចទាមទារឱ្យភាគីដែលរំលោភបំពានកិច្ចសន្យា អនុវត្តដោយបង្ខំ សងសំណងការខូចខាត ឬរំលាយកិច្ចសន្យា នេះបើយោងតាមមាត្រា ៣៩០ នៃក្រមរដ្ឋប្បវេណី ។ តើការរំលាយកិច្ចសន្យា អាចធ្វើទៅបានក្នុងករណីណាខ្លះ? តើសកម្មភាពបែបណា ជាការបំពានកិច្ចសន្យាធ្ងន់ធ្ងរ ? តើភាគីអាចអនុវត្តសិទ្ធិរំលាយកិច្ចសន្យាតាមវិធីណា ? ដើម្បីឲ្យកាន់តែច្បាស់ ស្ថាប័នសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីអំពី “ការរំលាយកិច្ចសន្យា” មកធ្វើការបកស្រាយជូនសាធារណៈជន។ ការរំលាយកិច្ចសន្យា គឺជាការរំលត់កាតព្វកិច្ចរវាងភាគី នៃកិច្ចសន្យាទៅវិញទៅមក ហើយការរំលាយកិច្ចសន្យានេះទៀតសោត អាចធ្វើបានតែចំពោះកិច្ចសន្យាអញ្ញមញ្ញ (ជាកិច្ចសន្យាដែលភាគី មានកាតព្វកិច្ចបំពេញចំពោះគ្នាទៅវិញទៅមក ដូចជា ភតិសន្យា កិច្ចសន្យាលក់ទិញ កិច្ចសន្យាជួល ជាអាទិ៍) តែប៉ុណ្ណោះ។ ការរំលាយកិច្ចសន្យាអាចធ្វើឡើង តាម៣រូបភាពដូចជា៖ ទី១ ការរំលាយកិច្ចស្យាតាមច្បាប់ ទី២ ការរំលាយកិច្ចសន្យាតាម ការកំណត់ក្នុងកិច្ចសន្យា និងទី៣ ការរំលាយកិច្ចសន្យាតាមការព្រមព្រៀងរបស់ភាគី។ ១៖ ការរំលាយកិច្ចសន្យាតាមច្បាប់ សិទ្ធិរំលាយកិច្ចសន្យាតាមច្បាប់ អាចធ្វើទៅបានលុះត្រាតែកិច្ចសន្យានោះជាកិច្ចសន្យាអញ្ញមញ្ញ ហើយភាគីណាម្ខាងនៃកិច្ចសន្យានោះ មិនអនុវត្តកាតព្វកិច្ច ឬមិនអាចអនុវត្តកាតព្វកិច្ចបាន ឬបានរំលោភបំពានកិច្ចសន្យាយ៉ាងធ្ងន់ធ្ងរ ដូចនេះ ភាគីម្ខាងទៀតនៃកិច្ចសន្យាអាចយោងតាមមូលហេតុនេះ ដើម្បីធ្វើការរំលាយកិច្ចសន្យាបានភ្លាមៗ ។ ការបំពានកិច្ចសន្យាធ្ងន់ធ្ងរ សំដៅលើករណីដែលភាគីម្ខាងមិនអាចសម្រេចនូវគោលបំណង នៃកិច្ចសន្យាបាន ដោយសារការបំពានកិច្ចសន្យារបស់ភាគីម្ខាងទៀត ។ ត្រូវចាត់ទុកថាមានការបំពានកិច្ចសន្យាធ្ងន់ធ្ងរ ក្នុងករណីដូចខាងក្រោមនេះ៖ ក៖ ភាគីម្ខាងបានដាស់តឿនភាគីម្ខាងទៀតដែលមិនបានអនុវត្តកាតព្វកិច្ចតាមពេលកំណត់ ដោយអំឡុងពេលសមរម្យដើម្បីឲ្យអនុវត្តកាតព្វកិច្ច ហើយកាតព្វកិច្ចមិនត្រូវបានអនុវត្តក្នុងអំឡុងពេលនោះ។ ខ៖ ភាគីមិនអនុវត្តកាតព្វកិច្ចតាមពេលកំណត់ក្នុងកិច្ចសន្យា ក្នុងករណីដែលគោលបំណងនៃកិច្ចសន្យាមិនបានសម្រេចសោះ បើភាគីមិនអនុវត្តកាតព្វកិច្ចតាមពេលកំណត់នោះ។ គ៖ ភាគីមិនអាចអនុវត្តតាវកាលិកចម្បងរបស់ខ្លួនបានទេ ។ ឃ៖ ការបំពានកិច្ចសន្យាមានភាពហួសហេតុ ដែលធ្វើឲ្យបាត់បង់នូវទំនុកចិត្តរវាងគូភាគី ហើយមិនជឿជាក់ថា នឹងអនុវត្តកាតព្វកិច្ចនាអនាគតបាន។ យ៉ាងណាមិញ ភាគីដែលបំពានកិច្ចសន្យា មិនអាចរារាំងការរំលាយកិច្ចសន្យាដោយផ្អែកលើបញ្ញត្តិនៃកថាខណ្ឌទី១ ខាងលើនេះ ដោយយកមូលហេតុថាខ្លួនគ្មានកំហុសចំពោះការមិនអនុវត្តកាតព្វកិច្ចរបស់ខ្លួនបានឡើយ (មាត្រា៤០៧ ៤០៨ នៃក្រមរដ្ឋប្បវេណី)។ ភាគីដែលរងការខូចខាត ពីភាគីដែលបានបំពានកិច្ចសន្យាធ្ងន់ធ្ងរ អាចរំលាយកិច្ចសន្យា ដោយបង្ហាញឆន្ទៈរំលាយ ចំពោះភាគីម្ខាងទៀតបាន ស្របតាមគោលការណ៍ទូទៅនៃការបង្ហាញឆន្ទៈ ការបង្ហាញឆន្ទៈរំលាយនេះ ត្រូវមានអនុភាពនៅពេលដែល ការបង្ហាញឆន្ទៈនោះបានដល់ភាគីម្ខាងទៀត។ ការបង្ហាញឆន្ទៈរំលាយអាចធ្វើឡើងនៅក្រៅតុលាការបាន ពោលគឺភាគីដែលមានសិទ្ធិ រំលាយកិច្ចសន្យាអាចធ្វើការបង្ហាញ ឆន្ទៈរបស់ខ្លួនតាមរយៈការជូនដំណឹងទៅភាគីម្ខាងទៀតនៃកិច្ចសន្យា។ ការបង្ហាញឆន្ទៈក្នុងការរំលាយមិនអាចដកវិញបានទេ ប៉ុន្តែអាចដាក់លក្ខខណ្ឌបង្អង់បាន។ អាជ្ញាយុកាល(អំឡុងពេលដែលកំណត់ដោយច្បាប់) នៃការរំលត់សិទ្ធិរំលាយកិច្ចសន្យា ដោយមូលហេតុនៃការមិនអនុវត្តកាតព្វកិច្ច និងសិទ្ធិទាមទារឱ្យស្តារឡើងវិញនូវស្ថានភាពដើម ឬការប្រគល់ត្រឡប់ មានអំឡុងពេល ៥ ឆ្នាំ ក្រោយពីពេលដែលមានការមិនបានអនុវត្តកាតព្វកិច្ច នេះមានន័យថាបើផុតអំឡុងពេល ៥ ឆ្នាំនេះហើយ ភាគីដែលមានសិទ្ធិរំលាយលែងមានសិទ្ធិអនុវត្តសិទ្ធិរបស់ខ្លួនទៀតឡើយ។ ២៖ ការរំលាយតាមការកំណត់ក្នុងកិច្ចសន្យា សិទ្ធិរំលាយដែលកំណត់ក្នុងកិច្ចសន្យា ក្នុងករណីនេះជាសិទ្ធិរបស់ភាគី ប្រសិនបើកិច្ចសន្យាបានចែងពី «លក្ខខណ្ឌក្នុងការរំលាយកិច្ចសន្យា» នោះភាគីនៃកិច្ចសន្យា ត្រូវគោរព និងអនុវត្តតាមកិច្ចសន្យា ។ ប្រសិនបើភាគីណាមួយមានបំណងចង់រំលាយកិច្ចសន្យា ភាគីនោះត្រូវធ្វើការបង្ហាញឆន្ទៈក្នុងការរំលាយកិច្ចសន្យានោះ ដោយអានុភាពនៃការរំលាយកិច្ចសន្យានេះនាំឲ្យភាគីរួចផុតពីករណីកិច្ចក្នុងកិច្ចសន្យា លើកលែងតែករណីកិច្ចសំណងការខូចខាត (ប្រសិនបើការរំលាយកិច្ចសន្យានេះ នាំឲ្យខូចខាតផលប្រយោជន៍របស់ភាគីណាម្ខាង នោះភាគីប្រព្រឹត្តកំហុសត្រូវសងសំណងការខូចខាតដល់ភាគីរងគ្រោះនៃកិច្ចសន្យា) ។ មួយវិញទៀត ប្រសិនបើភាគីបានទទួលតាវកាលិកផ្សេងទៀតចំនួន មួយភាគ ឬទាំងអស់ នោះភាគីអ្នកទទួលត្រូវធ្វើបដិទានទៅភាគីម្ខាងទៀតវិញ(ប្រគល់ត្រឡប់) នៅពេលរំលាយកិច្ចសន្យា តែបើភាគីមានករណីកិច្ចសងជាប្រាក់ ភាគីនោះត្រូវសងជាប្រាក់ រួមទាំងការប្រាក់ដោយគិតចាប់ពីថ្ងៃដែលទទួលប្រាក់ដើមផងដែរ។ ផ្ទុយទៅវិញប្រសិនបើករណីកិច្ចនោះជាវត្ថុ នោះភាគីត្រូវបង្វិលសងទៅភាគីម្ខាងទៀតវិញ ជាវត្ថុ រួមទាំងផលដែលទទួលបានពីវត្ថុនោះ ។ ៣៖ ការរំលាយកិច្ចសន្យាតាមការព្រមព្រៀងរបស់ភាគី សិទ្ធិរំលាយកិច្ចសន្យាតាមការព្រមព្រៀង ករណីនេះមានលក្ខណៈងាយស្រួលជាងគេ ព្រោះថា បើទោះបីជាគ្មានការកំណត់សិទ្ធិក្នុងការរំលាយក៏ដោយ ក៏ភាគីម្ខាងមានសិទ្ធិរំលាយបានដែរ ប្រសិនបើមានការព្រមព្រៀងរបស់ភាគីម្ខាងទៀតនៃកិច្ចសន្យានោះ ។ ប៉ុន្ដែត្រង់ចំណុចនេះ ច្បាប់បានចែងការពារដល់ផលប្រយោជន៍របស់តតិយជន ដោយមិនអនុញ្ញាតឲ្យការរំលាយកិច្ចសន្យានេះ ជាហេតុធ្វើឲ្យមានការខូចខាត ដល់ផលប្រយោជន៍របស់តតិយជនឡើយ ។ សរុបមក ការរំលាយកិច្ចសន្យាអាចធ្វើទៅបាន លុះត្រាតែភាគីម្ខាងមានការបំពានកិច្ចសន្យាធ្ងន់ធ្ងរពីសំណាក់ភាគីម្ខាងទៀតនៃកិច្ចសន្យា ឬអាចធ្វើការរំលាយបានតាមរយៈកិច្ចសន្យារបស់ភាគី ឬអាចធ្វើការរំលាយ បានតាមការព្រមព្រៀងរបស់ភាគីនៃកិច្ចសន្យា ។ ប៉ុន្ដែដើម្បីជាភាពងាយស្រួលក្នុងការដោះស្រាយវិវាទ ក្នុងករណីមានការរំលាយកិច្ចសន្យា យើងគប្បីបង្កើតកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ពីព្រោះវាមានភាពងាយស្រួលដល់ភាគី ក្នុងការអនុវត្តកាតព្វកិច្ច រួមទាំងមានអំណះអំណាងច្បាស់លាស់ក្នុងការតវ៉ា តាមផ្លូវច្បាប់នៅពេលកើតមានវិវាទ។ រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងកញ្ញា ថន រ៉ាវ៉ាឌី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-10-19 15:19:02

យល់ដឹងផ្នែកច្បាប់៖ បណ្ដឹងដិតចិត្តក្នុងរឿងក្ដីរដ្ឋប្បវេណី

(ភ្នំពេញ)៖ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រជាពលរដ្ឋតែងតែមានទំនាក់ទំនងគ្នាទៅវិញទៅមក ហើយពេលខ្លះទំនាក់ទំនងនោះក៏បានបង្កឱ្យមានវិវាទកើតទ្បើង។ វិវាទមួយចំនួនត្រូវបានសម្របសម្រួលតាមរយៈការចរចាក្រៅប្រព័ន្ធតុលាការដើម្បីបញ្ចប់វិវាទ ប៉ុន្តែពេលខ្លះភាគីវិវាទជ្រើសរើសយកយន្តការតុលាការដើម្បីធ្វើការដោះស្រាយវិវាទទាំងនោះឱ្យខ្លួន។ ស្ថាប័នតុលាការដែលទទួលពាក្យបណ្តឹងត្រូវចាត់ការបណ្តឹងតាមច្បាប់ ត្រូវផ្តល់ភាពយុត្តិធម៌ជូនភាគីពាក់ព័ន្ធ និងត្រូវរក្សានូវឯករាជ្យភាពរបស់ខ្លួន ហើយបុគ្គលដែលជាចៅក្រមត្រូវធ្វើការសម្រេចសេចក្តីក្នុងនាមប្រជារាស្រ្តខ្មែរ ដោយគោរពច្បាប់ជាធរមាន និងសតិសម្បជញ្ញៈ ត្រូវគោរពឆន្ទានុសិទ្ធិ ត្រូវចៀសវាងអគតិទាំង៤ និងត្រូវរក្សាអនាគតិជាដាច់ខាត (ភាពមិនលំអៀង)។ ក្នុងករណីចៅក្រមដែលទទួលបន្ទុករឿងក្តីអាចនឹងធ្វើការសម្រេចសេចក្តីដោយមានភាពលំអៀង និងមិនអាចផ្តល់យុត្តិធម៌បាន នោះភាគីណាមួយនៃរឿងក្តីអាចដាក់ពាក្យបណ្តឹងដិតចិត្តចៅក្រម ដើម្បីធ្វើការប្តូរចៅក្រមចេញពីការទទួលបន្ទុករឿងក្តីបាន កាលបើមានមូលហេតុត្រឹមត្រូវតាមច្បាប់កំណត់។ ដើម្បីយល់កាន់តែច្បាស់ថាតើភាគីដែលមានបំណងធើ្វបណ្តឹងដិតចិត្តត្រូវមានមូលហេតុអ្វីខ្លះ? ដូច្នេះសម្រាប់សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់ អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បណ្ដឹងដិតចិត្តក្នុងរឿងក្ដីរដ្ឋប្បវេណី» មកធ្វើការបង្ហាញជូនបងប្អូន ប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖ យោងតាមក្រមនីតិវិធីរដ្ឋប្បវេណីមាត្រា ២៨ បណ្តឹងដិតចិត្តចៅក្រមត្រូវផ្អែកលើមូលហេតុដូចខាងក្រោម៖ ១៖ ក្នុងករណីដែលមានកាលៈទេសៈដែលបណ្ដាលឱ្យមានការលំអៀងក្នុងការជម្រះក្ដី ចំពោះចៅក្រមណាម្នាក់ នោះភាគីអាចប្ដឹងដិតចិត្តចៅក្រមនោះបាន។ ២៖ ក្នុងករណីដែលភាគីបានឆ្លើយទាញហេតុផលចំពោះមុខចៅក្រម ឬបានធ្វើសេចក្ដីដោះសានៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលចំពោះមុខចៅក្រមរួចហើយ នោះភាគីមិនអាចប្ដឹងដិតចិត្តចៅក្រមនោះបានឡើយ។ ប៉ុន្តែបញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះករណីដែលភាគីនោះមិនបានដឹងអំពីមូលហេតុដែលអាចប្ដឹងដិតចិត្ត ឬករណីដែលមូលហេតុនៃបណ្ដឹងដិតចិត្តបានកើតឡើងនៅពេលក្រោយ។ ក្រៅពីមូលហេតុនៃបណ្តឹងដិតចិត្តខាងលើ ប្រសិនបើភាគីមានការសង្ស័យថាចៅក្រមមានភាពលំអៀង មិនអាចផ្តល់យុតិ្តធម៌ដល់ភាគីបាន ត្រូវដកចៅក្រមចេញពីការអនុវត្តមុខការរបស់ខ្លួនដូចដែលមានកំណត់ក្នុងក្រមនីតិវិធីរដ្ឋប្បវេណីមាត្រា ២៧ ដូចខាក្រោម៖ ១* ចៅក្រមត្រូវដកហូតពីការអនុវត្តមុខការរបស់ខ្លួន ក្នុងករណីដែលបានកំណត់ដូចខាងក្រោមនេះ៖ ក/. កាលណាចៅក្រម ឬ សហព័ទ្ធរបស់ចៅក្រម ឬ អតីតសហព័ទ្ធរបស់ចៅក្រមជាភាគីណាមួយក្នុងរឿងក្ដី។ ខ/. កាលណាចៅក្រមជាញាតិលោហិតក្នុងថ្នាក់ទី ៦ (ប្រាំមួយ) ឬ ញាតិពន្ធក្នុងថ្នាក់ទី ៣ (បី) ឬ អតីតញាតិពន្ធក្នុងថ្នាក់ទី ៣ (បី) របស់ភាគីណាមួយ។ គ/. កាលណាចៅក្រមជាអ្នកអាណាព្យាបាលរបស់ភាគីណាមួយ។ ឃ/. កាលណាចៅក្រមដែលទទួលបន្ទុករឿងក្ដី ធ្លាប់ ឬ កំពុងមានវិវាទនៅតុលាការជាមួយភាគីណាមួយ។ ង/. កាលណាចៅក្រមបានធ្វើជាសាក្សី ឬ ធ្វើជាអ្នកជំនាញក្នុងរឿងក្ដី។ ច/. កាលណាចៅក្រមជាអ្នកតំណាង ឬ ធ្លាប់ជាអ្នកតំណាង ឬ ជាអ្នកជំនួយឲ្យភាគីចំពោះរឿងក្ដី។ ឆ/. កាលណាចៅក្រមបានចូលរួមក្នុងការសម្រេចសេចក្ដីមជ្ឈត្តករចំពោះរឿងក្ដី ឬ បានចូលរួមក្នុងការសម្រេចសេចក្ដីនៅក្នុងការជំនុំជម្រះលើកទី ១ ដែលបានឧបាស្រ័យ ឬ ការជំនុំជម្រះនៃបណ្ដឹងឧទ្ធរណ៍ដែលបានឧបាស្រ័យ ឬ បង្ហាញមតិយោបល់ណែនាំផ្នែកច្បាប់ ចំពោះរឿងក្ដី។ ២* ក្នុងករណីដូចមានមូលហេតុនៃការដកហូត ដែលបានកំណត់ក្នុងកថាខណ្ឌទី១ ខាងលើនេះ តុលាការត្រូវសម្រេចសេចក្ដីអំពីការដកហូតនោះ តាមពាក្យសុំ ឬ ដោយឆន្ទានុសិទ្ធិរបស់ខ្លួន។ ចំពោះការសម្រចសេចក្ដីអំពីពាក្យសុំដកហូត ឬបណ្ដឹងដិតចិត្ត យោងតាមក្រមនីតិវិធីរដ្ឋប្បវេណីមាត្រា៣០ បានបញ្ញតិថា៖ ១៖ ចំពោះការដកហូតចៅក្រម ឬបណ្ដឹងដិតចិត្តចំពោះចៅក្រម ក្រុមប្រឹក្សាជំនុំជម្រះនៅតុលាការដែលចៅក្រមនោះស្ថិតនៅក្រោម ត្រូវសម្រេចសេចក្ដីដោយដីកាសម្រេច។ ២៖ ចៅក្រមមិនអាចចូលរួមក្នុងការសម្រេចសេចក្ដីអំពីការដកហូត ឬបណ្ដឹងដិតចិត្តចំពោះខ្លួនបានទេ។ ប៉ុន្តែ ចៅក្រមនោះអាចបញ្ចេញមតិយោបល់អំពីពាក្យសុំនូវការដកហូត ឬបណ្ដឹងដិតចិត្តបាន។ ៣៖ ពាក្យសុំនូវការដកហូត ឬបណ្ដឹងដិតចិត្ត ត្រូវបានធ្វើឡើងដោយធ្វើសេចក្ដីបញ្ជាក់ដំបូងជាលាយល័ក្ខណ៍អក្សរនូវមូលហេតុ។ ៤៖ ពេលដែលមានពាក្យសុំនូវការដកហូត ឬបណ្ដឹងដិតចិត្ត នីតិវិធីនៃបណ្ដឹងត្រូវបានផ្អាករហូតដល់ពេលដែលដីកាសម្រេចអំពីបណ្ដឹងដិតចិត្តនេះ ចូលជាស្ថាពរ ។ ប៉ុន្តែបញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះសកម្មភាពដែលត្រូវការជាបន្ទាន់ ដូចជាការថែរក្សាការពារភស្តុតាង ជាអាទិ៍។ ៥៖ ចំពោះដីកាសម្រេចដែលសម្រេចថា ការដកហូត ឬបណ្ដឹងដិតចិត្តមានមូលហេតុត្រឹមត្រូវនោះ មិនអាចប្ដឹងឧបាស្រ័យបានឡើយ។ ៦៖ ចំពោះដីកាសម្រចដែលសម្រេចថា ការដកហូត ឬបណ្ដឹងដិតចិត្តពុំត្រឹមត្រូវនោះ អាចប្ដឹងជំទាស់បាន។ លើសពីនេះមាត្រា៣១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ការអនុវត្តដូចគ្នាចំពោះក្រឡាបញ្ជី៖ បញ្ញត្តិនៃផ្នែកនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះក្រឡាបញ្ចី។ ក្នុងករណីនេះ ការសម្រេចសេចក្ដីអំពីពាក្យសុំ និងការដកហូត ឬបណ្ដឹងដិតចិត្តត្រូវធ្វើដោយតុលាការដែលក្រឡាបញ្ជីនោះស្ថិតក្រោម។ ពោលគឺបើទោះបីជាក្រឡាបញ្ជីពុំមានសិទ្ធិសម្រេចសេចក្តីក៏ដោយក្នុងករណីដែលក្រឡាបញ្ជីមានភាពស្និតស្នាល ជាមួយភាគីណាមួយ រឺធ្លាប់មានវិវាទជាមួយភាគីណាមួយ ឬមានទំនាក់ទំនងផលប្រយោជន៍នៅក្នុងសំណុំរឿងនោះ ដោយហេតុថាក្រឡាបញ្ជីមានមុខងារទទួលបន្ទុក និងមានតួនាទីសំខាន់សម្រាប់ធានាភាពមិនលំអៀងក្នុងចំណាត់ការសំណុំរឿង។ សរុបមកប្រសិនបើគូភាគីនៃវិវាទយល់ឃើញថាចៅក្រម ឬក្រឡាបញ្ជីជំនុំជម្រះក្ដីរបស់ខ្លួន មានភាពលំអៀង វិនិច្ឆ័យដោយអយុត្តិធម៌ នោះភាគីអាចដាក់ពាក្យបណ្តឹងប្ដឹងដិតចិត្តចៅក្រម ឬក្រឡាបញ្ជីដែលទទួលបន្ទុកសំណុំរឿងនោះនៅតុលាការដែលចៅក្រមស្ថិតនៅ។ ពេលនីតិវិធីបណ្តឹងដិតចិត្តត្រូវបានដំណើរការនោះបណ្តឹងអង្គសេចក្តីត្រូវបានផ្អាកសិន រងចាំលទ្ធផលក្រុមប្រឹក្សាជំនុំជម្រះសម្រេចសេចក្តីអំពីបណ្តឹងដិតចិត្តចៅក្រម ឬក្រឡាបញ្ជីថាផ្លាស់ប្តូរ ឬទុកទទួលបន្ទុកសំណុំរឿងបន្តទៀត។ រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងលោកស្រី យ៉េ នីតា ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group៕

2020-10-19 15:16:53

យល់ដឹងផ្នែកច្បាប់៖ ការឈប់សម្រាកដោយមានប្រាក់ឈ្នួល

(ភ្នំពេញ)៖ នៅក្នុងដំណើរការបំពេញការងារប្រចាំថ្ងៃ និយោជក និងកម្មករនិយោជិតទាំងអស់ដែលបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដាច់ខាតត្រូវគោរពតាមបទប្បញ្ញត្តិដែលមានចែងក្នុងច្បាប់ស្ដីពីការងារឆ្នាំ១៩៩៧ និងប្រកាសនានាដែលពាក់ព័ន្ធ។ ទាក់ទងនឹងបញ្ហាឈប់សម្រាក និយោជិតមានសិទ្ធិក្នុងការឈប់សម្រាកតាមការអនុញ្ញាតដោយច្បាប់ ប៉ុន្តែបែរជាមាននិយោជកមួយចំនួនរំលោភបំពានដោយហាមឃាត់មិនឱ្យកម្មករឈប់សម្រាក តាមរយៈការគម្រាមកាត់ប្រាក់ឈ្នួល ឬយកលេសដើម្បីបញ្ឈប់ពីការងារជាដើម។ កន្លងមក មានកម្មករនិយោជិតជាច្រើនត្រូវទទួលរងការគាបសង្កត់នេះ ដោយហេតុថាពួកគេមិនធ្លាប់បានដឹងអំពីសិទ្ធិក្នុងការឈប់សម្រាករបស់ខ្លួន និងសិទ្ធិទទួលបានប្រាក់ឈ្នួលសម្រាប់ការសម្រាកមួយចំនួនឡើយ។ ក្នុងសប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការឈប់សម្រាក ដោយមានប្រាក់ឈ្នួល» មកបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត និងជាពិសេសបងប្អូនកម្មករនិយោជិត ដើម្បីបង្ហាញឱ្យច្បាស់ថា តើការឈប់សម្រាកប្រភេទណាខ្លះ ដែលនិយោជិតនៅតែអាចទទួលបានប្រាក់ឈ្នួល?ហើយសិទ្ធិនេះត្រូវបានកម្រិត និងត្រូវបំពេញលក្ខខណ្ឌដូចម្ដេចខ្លះ? ដើម្បីជាប្រយោជន៍ដល់កម្មករនិយោជិត ច្បាប់ស្ដីពីការងារនៃព្ររាជាណាចក្រកម្ពុជា បានតម្រូវឱ្យនិយោជកបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតសម្រាប់ការឈប់សម្រាក ០៦ ប្រភេទ រួមមាន ការសម្រាកប្រចាំសប្ដាហ៍ ការឈប់សម្រាកនៅថ្ងៃបុណ្យ ការឈប់ដោយជម្ងឺ ការសម្រាកមាតុភាព ការឈប់សម្រាកប្រចាំឆ្នាំ និងការឈប់សម្រាកពិសេស។ ការឈប់សម្រាកនីមួយៗ សុទ្ធសឹងតែមានការកំណត់ និងភ្ជាប់ជាមួយនូវលក្ខខណ្ឌដូចខាងក្រោម៖ ១៖ ការសម្រាកប្រចាំសប្ដាហ៍ គឺជាការអនុញ្ញាតឱ្យនិយោជិតឈប់សម្រាកយ៉ាងតិច ២៤ ម៉ោងក្នុងមួយសប្ដាហ៍ ហើយជាគោលការណ៍ គឺគេជ្រើសយកថ្ងៃអាទិត្យ។ ក្នុងករណីដែលមើលឃើញថា ការឈប់សម្រាករបស់បុគ្គលិកទាំងអស់ក្នុងថ្ងៃតែមួយអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់សហគ្រាស គេអាចរៀបចំឱ្យមានការសម្រាកផ្លាស់វេន ឬប្ដូរថ្ងៃគ្នាបាន ប៉ុន្តែត្រូវស្នើសុំការអនុញ្ញាតពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមុនសិន។ ២៖ ការឈប់បុណ្យដែលមានប្រាក់ឈ្នួល សំដៅដល់ការអនុញ្ញាតឱ្យនិយោជិតអាចឈប់សម្រាកនៅថ្ងៃបុណ្យ ដោយនៅតែទទួលបានប្រាក់ឈ្នួលពីនិយោជកដដែល។ ជារៀងរាល់ឆ្នាំ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាអ្នកទទួលបន្ទុកក្នុងការចេញប្រកាស ដែលកំណត់ពីចំនួនថ្ងៃបុណ្យ ឈ្មោះបុណ្យ និងកាលបរិច្ឆេទច្បាស់លាស់ ដើម្បីឱ្យស្ថាប័ន និងគ្រឹះស្ថាននានាយកទៅអនុវត្ត។ ជាក់ស្ដែងសម្រាប់ឆ្នាំ២០២០ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញប្រកាសលេខ ៣៩៩/១៩ក.ប ស្ដីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួល ដែលមានថ្ងៃបុណ្យចំនួនដល់ទៅ ២២ ថ្ងៃ ។ ៣៖ ការឈប់ដោយជម្ងឺ គឺជាការផ្ដល់សិទ្ធិឱ្យនិយោជិតសុំច្បាប់ឈប់សម្រាកនៅពេលដែលឈឺ ដោយមិនមានការកាត់ប្រាក់ឈ្នួលឡើយ។ ក្នុងករណីដែលឈប់លើសពី ០២ថ្ងៃ និយោជិតត្រូវមានលិខិតបញ្ជាក់ពីគ្រូពេទ្យត្រឹមត្រូវ ភា្ជប់មកជាមួយនឹងពាក្យសុំច្បាប់។ ការឈប់សម្រាកពេលមានជម្ងឺ មិនត្រូវរាប់បញ្ជូលជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំឡើយ (មាត្រា ១៦៦ កថាខណ្ឌ ៥ នៃច្បាប់ស្ដីពីការងារ)។ ៤៖ ការសម្រាកមាតុភាព គឺជាការផ្ដល់សិទ្ធិឱ្យស្ត្រីឈប់សម្រាកចំនួន កៅសិបថ្ងៃ ដើម្បីសម្រាលកូន ដោយទទួលបានប្រាក់ឈ្នួលពាក់កណ្ដាល គិតទាំងប្រាក់បន្ទាប់បន្សំផង (មាត្រា ១៨២ កថាខណ្ឌ ១ និងមាត្រា ១៨៣ កថាខណ្ឌ ១ នៃច្បាប់ស្ដីពីការងារ) ។ យ៉ាងណាមិញប្រាក់ឈ្នួលក្នុងអំឡុងពេលសម្រាកមាតុភាពនេះ អាចទទួលបានសម្រាប់តែស្ត្រីដែលបានបំពេញការងារក្នុងសហគ្រាស យ៉ាងតិចមួយឆ្នាំរៀងមកតែប៉ុណ្ណោះ។ ការផ្ដល់អត្ថប្រយោជន៍បែបនេះបានជំរុញឱ្យស្ដ្រីមានទឹកចិត្តចូលរួមក្នុងវិស័យការងារ និងហាមឃាត់មិនឱ្យនិយោជកយកលេសបញ្ឈប់ស្ត្រីពីការងារ នៅពេលឈប់សម្រាកសម្រាលកូនឡើយ។ ៥៖ ការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួល សំដៅដល់ការឈប់សម្រាកនៅថ្ងៃការងារធម្មតា ដែលមិនមែនជាថ្ងៃបុណ្យជាតិផ្សេងៗ ដោយមិនត្រូវបានកាត់ប្រាក់ឈ្នួល។ ជាទូទៅ កម្មករនិយោជិតមានសិទ្ធិឈប់សម្រាកចំនួន ១ថ្ងៃកន្លះ ក្នុងមួយខែ ឬ ១៨ថ្ងៃ ក្នុងមួយឆ្នាំ ដោយផ្អែកតាមមាត្រា ១៦៦ នៃច្បាប់ស្ដីពីការងារ។ គួរបញ្ជាក់ផងដែរថា ការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួលនេះ អាចយកមកអនុវត្តបានលុះត្រាតែនិយោជិតបានបំពេញការងារគ្រប់មួយឆ្នាំរួចមកហើយ។ ថិរវេលានៃថ្ងៃឈប់សម្រាកនេះ ត្រូវបន្ថែមតាមអតីតភាពការងាររបស់និយោជិតក្នុងសហគ្រាស ដោយត្រូវបន្ថែមមួយថ្ងៃ ក្នុងរយៈពេលធ្វើការបានបីឆ្នាំ។ ៦៖ ការឈប់សម្រាកពិសេស អាចអនុញ្ញាតឱ្យនិយោជិតសម្រាកមិនលើសពីប្រាំពីរថ្ងៃដោយមានប្រាក់ឈ្នួល ក្នុងឱកាសមានព្រឹត្តការណ៍ដែលប៉ះពាល់ផ្ទាល់ដល់គ្រួសារនៃនិយោជិត ដូចថាការរៀបអាពាហ៍ពិពាហ៍ផ្ទាល់ខ្លួន ប្រពន្ធសំរាលកូន រៀបអាពាហ៍ពិពាហ៍កូន ឳពុកម្តាយមានជម្ងឺ ឬទទួលមរណភាពជាដើម។ ការឈប់សម្រាកពិសេសនេះអាចកាត់កងជាមួយ ថ្ងៃឈប់សម្រាកប្រចាំឆ្នាំបាន ប៉ុន្តែប្រសិនបើនិយោជិតបានអនុវត្តការឈប់សម្រាកប្រចាំឆ្នាំរបស់ខ្លួនរួចអស់ហើយ និយោជកអាចតម្រូវឱ្យនិយោជិតធ្វើការសងវិញនៅពលក្រោយ។ សរុបមកវិញ និយោជកដែលជាម្ចាស់គ្រឹះស្ថាន ឬសហគ្រាសទាំងអស់ គប្បីត្រូវអនុវត្តតាមគោលការណ៍នៃការបើកប្រាក់ឈ្នួលសម្រាប់ថ្ងៃឈប់សម្រាកដែលបានរៀបរាប់ខាងលើឱ្យបានខ្ជាប់ខ្ជួន និងជៀសវាងពីការរំលោភបំពានលើសិទ្ធិកម្មករនិយោជិតដែលជាសកម្មភាពផ្ទុយនឹងច្បាប់។ ទន្ទឹមនឹងនេះផងដែរ បងប្អូនកម្មករនិយោជិតក៏ត្រូវយល់ដឹងពីសិទ្ធិ និងអត្ថប្រយោជន៍របស់ខ្លួន ហើយប្រើប្រាស់វាឱ្យស្ថិតក្នុងក្របខណ្ឌដែលច្បាប់កំណត់ផងដែរ។ រៀបរៀងដោយ៖ កញ្ញាមេធាវី មាស រ៉ាវីន និងកញ្ញា គន្ធ វិជិតា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2020-10-19 15:15:35