023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ ព្យាកុលភាព

(ភ្នំពេញ)៖ ជាទូទៅកាតព្វកិច្ច អាចកើតឡើងតាមរយៈកិច្ចសន្យា និងក្រៅកិច្ចសន្យា (កាតព្វកិច្ចដែលច្បាប់បញ្ញត្តិ) ហើយស្របពេលជាមួយគ្នានេះនាំឱ្យកើតមាននូវសិទ្ធិ និងកាតព្វកិច្ចផងដែរ។ ចំណែកឯលក្ខខណ្ឌក្នុងការរំលត់កាតព្វកិច្ចវិញ អាចកើតឡើងតាមច្រើនហេតុដូចជា បានបំពេញលក្ខខណ្ឌសិទ្ធិ និងកាតព្វកិច្ចតាមកិច្ចសន្យា ឬសកម្មភាពផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំ ឬផ្ទុយនឹងសណ្ដាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ ឬការបំពានកិច្ចសន្យាធ្ងន់ធ្ងរ ឬអលទ្ធភាពក្នុងការអនុវត្តកាតព្វកិច្ចដោយគ្មានកំហុសរបស់កូនបំណុល ឬការមិនអនុវត្តកាតព្វកិច្ចរបស់ម្ចាស់បំណុលក្នុងអំឡុងពេលកំណត់ ឬ/និង ដោយការសង ការទូទាត់ ការលើកលែង នវកម្ម ឬព្យាកុលភាព ជាដើម។ ដោយហេតុថា ព្យាកុលភាព គឺជាមូលហេតុមួយដែលជាប់ទាក់ទងយ៉ាងខ្លាំងនឹងការរំលត់កាតព្វកិច្ច ហើយវាមានលក្ខខណ្ឌពិសេសមួយក្នុងការប្រមូលផ្ដុំនូវសិទ្ធិ និងកាតព្វកិច្ច ហេតុនេះយើងនឹងលើកយកតែប្រធានបទនេះមកធ្វើការបកស្រាយតែប៉ុណ្ណោះ។ តើអ្វីទៅជាព្យាកុលភាព? ហើយវាមានអានុភាពបែបណា? ដើម្បីឱ្យកាន់តែច្បាស់ អង្គភាពសារព័ត៌មាន Fresh News បានសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី ព្យាកុលភាព មកបកស្រាយជូនបងប្អូនប្រជាពលរដ្ឋដូចតទៅ។ ព្យាកុលភាព សំដៅលើកម្មសិទ្ធិ ឬសិទ្ធិប្រត្យក្សផ្សេងទៀត ដែលមានលើវត្ថុ តែមួយ ធ្លាក់ទៅលើបុគ្គលតែម្នាក់ឬករណីដែលសិទ្ធិប្រត្យក្សក្រៅពីកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀត ដែលមានកម្មវត្ថុជាសិទ្ធិប្រត្យក្សនោះ ធ្លាក់ទៅលើបុគ្គលតែម្នាក់ ។ បើតាមន័យសាមញ្ញ ព្យាកុលភាព ជាមធ្យោបាយមួយដើម្បីរំលត់កាតព្វកិច្ច ដោយជនម្នាក់ប្រមូលឱ្យមូលមកលើដៃខ្លួនតែម្នាក់នូវគុណភាពជាម្ចាស់បំណុលផង និងជាកូនបំណុលផង ។ ប៉ុន្ដែចំពោះកាតព្វកិច្ចមួយចំនួន ដែលមានការជាប់ទាក់ទងនឹងកម្មវត្ថុរបស់តតិយជន ច្បាប់មិនអនុញ្ញាតឱ្យរំលត់ដោយព្យាកុលភាពឡើយ ពីព្រោះវាធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់តតិយជននោះ ករណីនោះមានដូចជា កម្មវត្ថុនៃសិទ្ធិលើការបញ្ចាំ ឬកម្មវត្ថុនៃការរឹបអូស ឬកម្មវត្ថុនៃសិទ្ធិផ្សេងទៀត។ ឧទាហរណ៍ទី១៖ លោក A ជាកម្មសិទ្ធិករលើដីមួយកន្លែង និងមានបំណងដាក់ជួល បន្ទាប់មកលោក B បានជួលដីនោះពីលោក A ដើម្បីសាងសង់មណ្ឌលកុមារកំព្រា និងបានចុះបញ្ជីអំពីសិទ្ធិជួលអចិន្ត្រៃយ៍រយៈពេល ១៥ឆ្នាំ។ ក្រោយមកលោក A បានបរិច្ចាគដីខាងលើនេះ ឱ្យទៅលោក B ហេតុនេះនាំឱ្យលោក B ក្លាយជាម្ចាស់កម្មសិទ្ធិករផង និងមានសិទ្ធិជួលអចិន្ត្រៃយ៍លើដីខាងលើនេះផងដែរ ។ ដូច្នេះករណីនេះ នាំឱ្យសិទ្ធិ និងកាតព្វកិច្ចរវាងលោក A ជាមួយលោក B ត្រូវបានរំលត់ដោយព្យាកុលភាព ។ (ពាក់ព័ន្ធនឹងកម្មសិទ្ធិ ដែលមានចែងក្នុងមាត្រា១៣៦ នៃក្រមរដ្ឋប្បវេណី)។ ឧទាហរណ៍ទី២៖ លោក A ជាម្ចាស់បំណុលហ៊ីប៉ូតែក លើដីមួយកន្លែង ហើយលោក B ជាកម្មសិទ្ធិករលើដីមួយកន្លែងនោះដែលត្រូវជាកូនបំណុលនៃការដាក់ធានាហ៊ីប៉ូតែកខាងលើ ។ ប៉ុន្ដែក្រោយមក លោក B សម្រេចចិត្តលក់ដីខាងលើទៅលោក A ហេតុនេះនាំឱ្យសិទ្ធិលើបំណុលនៃការដាក់ធានាហ៊ីប៉ូតែកត្រូវបានរំលត់ដោយព្យាកុលភាព ហើយលោក A ក្លាយទៅជាម្ចាស់បំណុលហ៊ីប៉ូតែកផង និងជាកម្មសិទ្ធិករផង។ (ពាក់ព័ន្ធនឹងកម្មសិទ្ធិ ដែលមានចែងក្នុងមាត្រា១៣៦ នៃក្រមរដ្ឋប្បវេណី)។ ឧទាហរណ៍ទី៣៖ លោក A ជាម្ចាស់រថយន្តមួយគ្រឿង បានដាក់ជួលឱ្យលោក B ដូច្នេះនាំឱ្យលោក A ក្លាយជាម្ចាស់បំណុល ហើយលោក B ក្លាយជាកូនបំណុល។ បន្ទាប់មក លោក A បានប្រគល់កម្មសិទ្ធិលើរថយន្តខាងលើទៅឱ្យលោក B តែម្តង ។ ហេតុនេះ នាំឱ្យលោក B ក្លាយជាម្ចាស់បំណុលផង និងជាកូនបំណុលផង ហេតុនេះមានន័យថា សិទ្ធិ និងកាតព្វកិច្ចត្រូវបានរំលត់ដោយព្យាកុលភាព ឬអាចសន្មតបានថា បំណុលត្រូវបានទូទាត់រួច ។ (ពាក់ព័ន្ធនឹងសិទ្ធិលើបំណុល ដែលមានចែងក្នុងមាត្រា ៤៧៩ នៃក្រមរដ្ឋប្បវេណី)។ សរុបរួមមក យើងសង្កេតឃើងថា ការរំលត់កាតព្វកិច្ចដោយព្យាកុលភាពនេះ ពុំសូវកើតមាននៅព្រះរាជាណាចក្រកម្ពុជានោះទេ ដោយភាគច្រើនការរំលត់កាតព្វកិច្ចច្រើនកើតឡើងដោយការបានបំពេញលក្ខខណ្ឌសិទ្ធិ និងកាតព្វកិច្ច ឬដោយការទូទាត់ ឬការរំលត់ដោយការសង ឬដល់ថេរវេលាកំណត់ ជាអាទិ៍។ រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងកញ្ញា ថន រ៉ាវ៉ាឌី ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋានស្ថិតនៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៧ ៧៧៧ ៣៩៤, អ៉ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

2022-06-29 09:47:22

យល់ដឹងផ្នែកច្បាប់៖ បណ្ណការងារ និងសៀវភៅការងារជនបរទេស

(ភ្នំពេញ)៖ ប្រទេសកម្ពុជាជានីតិរដ្ឋ បានអនុញ្ញាតឱ្យមានច្បាប់ស្តីពីការងារដែលចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការផ្តល់ឱ្យហត្ថពលកម្មបរទេស ដែលមានបំណងចង់ចូលមកធ្វើការនៅក្នុងប្រទេសកម្ពុជា។ ជាគោលការណ៍គឺត្រូវតម្រូវឱ្យជននោះទៅបំពេញបែបបទស្នើសុំ បណ្ណការងារ និងសៀវភៅការងារជនបរទេស តាមលក្ខខណ្ឌដែលច្បាប់តម្រូវ ក្នុងគោលបំណងដើម្បីគ្រប់គ្រងនូវកម្លាំងពលកម្មបរទេស ដែលចូលមកប្រកបការងារស្របច្បាប់នៅក្នុងប្រទេសកម្ពុជា ពិសេសគឺគ្រប់គ្រងចំនួនអតិបរមានៃជនបរទេស ដែលត្រូវបានអនុញ្ញាតឱ្យបម្រើការងារនៅក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាសនីមួយៗ ដោយជៀសវាងការធ្វើអន្តោប្រវេសន៍ចូលធ្វើការដោយខុសច្បាប់ ។ លើសពីនេះមិនឱ្យលើសពី ១០% (ដបភាគរយ) នៃចំនួនកម្មករនិយោជិតជនជាតិខ្មែរសរុបនៅក្នុងក្រុមហ៊ុន ឬ រោងចក្រ ឬសហគ្រាសនោះទេ ។ តើអ្វីទៅជា បណ្ណការងារ និងសៀវភៅការងារជនបរទេស? ហេតុអ្វីទើបតម្រូវឱ្យជនបរទេសមានបណ្ណការងារ និងសៀវភៅការងារនេះ? សម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បណ្ណការងារ និងសៀវភៅការងារជនបរទេស» មកបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចតទៅ។ បណ្ណការងារ និងសៀវភៅការងារជនបរទេស ធ្វើឡើងចំពោះកម្មករនិយោជិតដែលចូលមកបម្រើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបណ្ណការងារ និងសៀវភៅការងារនេះ បង្កើតឡើងក្នុងគោលបំណងសម្រាប់សម្គាល់អត្តសញ្ញាណ និងប្រភេទមុខរបរដែលបានកំណត់អនុញ្ញាតឱ្យបម្រើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ យោងតាមស្មារតីនៃមាត្រា ២៦១ នៃច្បាប់ស្ដីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា គ្មានជនបរទេសណាម្នាក់ អាចប្រកបមុខរបរណាមួយ ដោយគ្មានបណ្ណការងារ និងសៀវភៅការងារ ដែលចេញឱ្យដោយក្រសួងទទួលបន្ទុកវិស័យការងារនោះទេ ។ ដើម្បីទទួលបានបណ្ណការងារ និងសៀវភៅការងារ សាមីខ្លួនត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖ ក. និយោជក ត្រូវមានជាមុននូវបណ្ណការងារត្រឹមត្រូវ ដើម្បីប្រកបមុខរបរ របស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ។ ខ. ជនបរទេសនោះ ត្រូវបានចូលមកព្រះរាជាណាចក្រកម្ពុជាដោយត្រឹមត្រូវតាមផ្លូវច្បាប់ ។ គ. ជនបរទេសនោះ ត្រូវមានលិខិតឆ្លងដែនត្រឹមត្រូវ ។ ឃ. ជនបរទេសនោះ ត្រូវមានប័ណ្ណស្នាក់នៅត្រឹមត្រូវ ។ ង. ជនបទេសនោះ ត្រូវមានកាយសម្បទាសមស្របនឹងមុខរបរនោះ ហើយគ្មានកើតជម្ងឺឆ្លងណាមួយទេ ។ លក្ខខណ្ណនេះត្រូវបានកំណត់ដោយប្រកាសក្រសួងសុខាភិបាល ដោយមានការឯកភាព ពីក្រសួងទទួលបន្ទុកវិស័យការងារ ។ ចំពោះបណ្ណការងារ និងសៀវភៅការងារជនបរទេសគឺ មានសុពលភាព ០១ (មួយ) ឆ្នាំ ហើយអាចពន្យារពេលក្នុងករណីដែលសុពលភាពនៃការពន្យារពេលនេះ មិនលើសពីរយៈពេលកំណត់នៃប័ណ្ណស្នាក់នៅរបស់ជននោះ ។ ដោយឡែក ចំពោះស្ថាប័នដែលមានតួនាទីក្នុងការផ្ដល់បណ្ណការងារ និងសៀវភៅការងារជូនចំពោះកម្មករ និយោជិតជនបរទេស ដែលចូលមកប្រកបរបរការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺ ក្រសួង/មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមសេចក្ដីស្នើសុំរបស់កម្មករនិយោជិត ឬម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ប៉ុន្តែមុននឹងឈានទៅធ្វើបណ្ណការងារ និងសៀវភៅការងារបាន តម្រូវឱ្យសាមីខ្លួនទៅពិនិត្យកាយសម្បទានៅពេទ្យការងារជាមុនសិន ឬស្នើសុំឱ្យមានការចុះទៅពិនិត្យដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសក៏បានដែរ ។ បន្ទាប់មកពេទ្យការងារនឹងចេញវិញ្ញាបនបត្រពិនិត្យកាយសម្បទាឱ្យ ដើម្បីយកទៅប្រើប្រាស់ ពីព្រោះថា នៅពេលស្នើសុំបណ្ណការងារ និងសៀវភៅការងារត្រូវភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រពិនិត្យកាយសម្បទានេះ ជាមួយនឹងឯកសារភ្ជាប់ផ្សេងទៀតមានដូចខាងក្រោម៖ * ពាក្យស្នើសុំបណ្ណ និងសៀវភៅការងារ * សេចក្ដីបញ្ជាក់ចំនួនកម្មករនិយោជិតខ្មែរ និងជនបរទេសបច្ចុប្បន្ន (Quota ស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស) * កិច្ចសន្យាការងារជនបរទេស * វិញ្ញាបនបត្រពិនិត្យកាយសម្បទា * រូបថត ៣ x ៤ ចំនួន ៥សន្លឹក * លិខិតឆ្លងដែនដែលមានសុពលភាព។ ចំពោះការស្នើសុំបណ្ណការងារ និងសៀវភៅការងារជនបរទេស តម្រូវឱ្យបង់សេវាសាធារណៈ តាមប្រកាសអន្តរក្រសួង ស្ដីពីការផ្ដល់សេវាសាធារណៈដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចេញដោយក្រសួងសេដ្ឋកិច្ច ។ បន្ថែមពីនេះ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្ម តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រ www. fwcms.mlvt.gov.kh ហើយប្រព័ន្ធនេះបានចាប់ដំណើរការតាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ។ មានន័យថា ការស្នើសុំបណ្ណការងារ និងសៀវភៅការងារជនបរទេស អាចស្នើសុំតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ LACMS ដោយត្រូវបំពេញនូវរាល់ព័ត៌មានតម្រូវទាំងអស់ និងអនុវត្តតាមលក្ខខណ្ឌមួយៗ ដែលមានកំណត់នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ LACMS ។ បន្ទាប់ពីបានស្នើសុំរួចរាល់ហើយ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសត្រូវរង់ចាំចំនួន ២០ (ម្ភៃ) ថ្ងៃ ក្រោយពីបានស្នើសុំរួចរាល់ ហើយនៅពេលដែលបណ្ណការងារ និងសៀវភៅការងារធ្វើរួចរាល់ អ្នកដាក់ពាក្យស្នើសុំអាចទៅយកបណ្ណការងារនិងសៀវភៅការងារនោះនៅនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ដោយឡែក សម្រាប់រោងចក្រ សហគ្រាស នៅតាមបណ្ដាខេត្ត អាចយកនៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្នុងខេត្តនោះបាន ។ ផ្ទុយទៅវិញ ក្នុងករណីក្រុមហ៊ុន រោងចក្រ សហគ្រាសណាមួយ ដែលបានជួលកម្មករនិយោជិតបរទេស ដោយពុំមានបណ្ណការងារ និងសៀវភៅការងារ នោះក្រុមហ៊ុន រោងចក្រ សហគ្រាសនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងទទួលពិន័យស្របតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ។ សរុបមក បណ្ណការងារ និងសៀវភៅការងារជនបរទេស បង្កើតឡើងក្នុងគោលបំណងសម្រាប់សំគាល់អត្តសញ្ញាណសាមីខ្លួន ជាពិសេសដើម្បីគ្រប់គ្រងឱ្យបាននូវកម្លាំងពលកម្មបរទេស ដែលប្រកបការងារនៅក្នុងប្រទេសកម្ពុជា ជៀសវាងការធ្វើអន្តោប្រវេសន៍ចូលមកធ្វើការដោយខុសច្បាប់ ។ ហើយបច្ចុប្បន្ននេះ ដើម្បីផ្ដល់ភាពងាយស្រួល និងកាត់បន្ថយការចំណាយពេលវេលា ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ពុំចាំបាច់ទៅស្នើសុំផ្ទាល់នៅក្រសួង ឬមន្ទីរការងារនោះទេ គឺក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់ អាចស្នើសុំបណ្ណការងារ និងសៀវភៅការងារជនបរទេស តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលមានគេហទំព័រ www.fwcms.mlvt.gov.kh បានយ៉ាងងាយស្រួល និងឆាប់រហ័ស ៕ រៀបរៀងដោយ៖ លោកស្រីមេធាវី មាស រ៉ាវីន និងលោកស្រី យ៉េ នីតា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group

2022-06-22 19:39:23

យល់ដឹងផ្នែកច្បាប់៖ សារប្រយោជន៍នៃការធ្វើបណ្តាំមត៌ក

(ភ្នំពេញ)៖ កាលពីអត្ថបទមុនៗ ប្រិយមិត្តធ្លាប់បានស្វែងយល់ច្រើនពាក់ព័ន្ធនឹងទំនាក់ទំនងអាពាហ៍ពិពាហ៍ រវាងប្តីប្រពន្ធ និងកូន។ ដោយឡែក នៅក្នុងអត្ថបទនេះ នឹងត្រូវបានលើកឡើងអំពីបណ្តាំមត៌កវិញម្តង ដែលផ្តោតសំខាន់ទៅលើសារប្រយោជន៍នៃការធ្វើបណ្តាំមត៌ក។ តើអ្វីទៅជាបណ្តាំមត៌ក? បណ្តាំមត៌ក សំដៅដល់លិខិតបណ្តាំ ដែលបុគ្គលម្នាក់បានធ្វើឡើងតាមទម្រង់ដែលកំណត់ដោយច្បាប់ ដើម្បីសម្តែងឆន្ទៈចុងក្រោយ អំពីការចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួន ជាអាទិ៍ បន្ទាប់ពីមរណភាព។ ប្រសិនបើបុគ្គលម្នាក់បានទទួលមរណភាព ហើយបានបន្សល់ទុកនូវបណ្តាំមត៌ក នោះមានន័យថា បុគ្គលនោះបានកំណត់អំពីការចាត់ចែងនូវទ្រព្យសម្បត្តិរបស់ខ្លួនទុកជាមុនរួចជាស្រេច ហេតុដូច្នេះ ក្រោយបុគ្គលនោះទទួលមរណភាព ការបែងចែកមត៌កត្រូវធ្វើតាមឆន្ទៈចុងក្រោយរបស់បុគ្គលនោះ ដូចមានកំណត់នៅក្នុងបណ្តាំមត៌ក។ ហេតុអ្វីចាំបាច់ធ្វើបណ្តាំមត៌ក? មូលហេតុដែលចាំបាច់ធ្វើបណ្តាំមត៌ក ដោយសារតែវាបានផ្តល់នូវសារប្រយោជន៍មួយចំនួន ដូចខាងក្រោម៖ * មូលហេតុទី១៖ កាត់បន្ថយវិវាទ ឬជម្លោះ ក្នុងកម្រិតអតិបរមា។ មូលហេតុគឺដោយសារតែម្ចាស់បណ្តាំបានបង្ហាញឆន្ទៈច្បាស់លាស់ ក្នុងការកំណត់បុគ្គលដែលត្រូវទទួលទ្រព្យសម្បត្តិ និងចំណែកមត៌ក តាមបណ្តាំមត៌ក ហេតុដូចនេះ ត្រូវអនុវត្តតាមឆន្ទៈនោះ។ * មូលហេតុទី២៖ កំណត់បុគ្គលដែលត្រូវទទួលបានមត៌ក និងចំណែកមត៌ក។ ម្ចាស់បណ្តាំអាចកំណត់អំពីការបែងចែកមត៌កដែលផ្ទុយពីការកំណត់របស់ច្បាប់។ មានន័យថា ម្ចាស់បណ្តាំអាចបែងចែក(ប្រគល់)មត៌កទៅទាយាទណាម្នាក់របស់ខ្លួន ឱ្យទទួលបានចំណែកមត៌កច្រើនជាងការកំណត់របស់ច្បាប់ ឬ បែងចែកមត៌កទៅបុគ្គលណាម្នាក់ដែលមិនមែនជាទាយាទ ឬ ញាតិរបស់ខ្លួនបាន។ * មូលហេតុទី៣៖ កំណត់បុគ្គលដែលមិនត្រូវទទួលបានមត៌ក។ ម្ចាស់បណ្តាំអាចបង្ហាញឆន្ទៈមិនបែងចែក(ប្រគល់)មត៌ក ឬកាត់ផ្តាច់មត៌កពីទាយាទណាម្នាក់តាមបណ្តាំមត៌កបាន។ ការមិនបែងចែក(ប្រគល់)មត៌កដល់ទាយាទណាម្នាក់ អាចដោយសារតែទាយាទនោះធ្លាប់បានទទួលទ្រព្យសម្បត្តិក្នុងអំឡុងពេលដែលម្ចាស់បណ្តាំនៅរស់រានមានជីវិត ចំណែកឯការកាត់ផ្តាច់មត៌កពីទាយាទណាម្នាក់ អាចដោយសារតែទាយាទនោះធ្លាប់បានធ្វើបាប ឬ ប្រមាថធ្ងន់ធ្ងរដល់ម្ចាស់បណ្តាំ ជាដើម។ * មូលហេតុទី៤៖ ទទួលស្គាល់កូន។ បើម្ចាស់បណ្តាំមិនហ៊ានបង្ហាញឆន្ទៈទទួលស្គាល់កូនពេលខ្លួននៅមានជីវិត ម្ចាស់បណ្តាំដែលជាឪពុករបស់កូននោះ អាចបង្ហាញឆន្ទៈទទួលស្គាល់កូនបាន ប្រសិនបើកូននោះពុំទាន់មានឪពុកស្របច្បាប់នៅឡើយ។ ការទទួលស្គាល់កូន គឺដើម្បីបង្កើតទំនាក់ទំនងញាតិរវាងកូននោះ និងញាតិរបស់ម្ចាស់បណ្តាំ ហើយក៏ដើម្បីផ្តល់សិទ្ធិឱ្យកូននោះទទួលបាននូវចំណែកមត៌កពីម្ចាស់បណ្តាំផងដែរ។ * មូលហេតុទី៥៖ កំណត់អ្នកមានសិទ្ធិគ្រប់គ្រងកូនដែលមិនទាន់គ្រប់អាយុតាមផ្លូវច្បាប់។ ប្រសិនបើម្ចាស់បណ្តាំមានកូនដែលមិនទាន់គ្រប់អាយុតាមផ្លូវច្បាប់ ហើយពុំមានប្តីឬប្រពន្ធ (ស្លាប់) នោះម្ចាស់បណ្តាំគួរតែកំណត់បុគ្គលណាម្នាក់ដែលខ្លួនទុកចិត្ត ដើម្បីមានសិទ្ធិថែរក្សា និងគ្រប់គ្រងកូន នៅពេលខ្លួនទទួលមរណភាព។ * មូលហេតុទី៦៖ ចំណេញពេលវេលា និងថវិកាដល់ទាយាទ។ មានន័យថា ក្រោយមរណភាពរបស់ម្ចាស់បណ្តាំ ប្រសិនបើមានបណ្តាំមត៌ក នោះទាយាទរបស់ម្ចាស់បណ្តាំពុំចាំបាច់ចំណាយ ពេលវេលា និងប្រាក់កាស់ច្រើន ព្រមទាំងការគិតពិចារណា ជាដើម ក្នុងការដោះស្រាយការបែងចែកមត៌កដល់ទាយាទដែលច្បាប់បានទទួលស្គាល់ឡើយ ពោលគឺគ្រាន់តែបែងចែកមត៌កទៅតាមឆន្ទៈដែលបានកំណត់នៅក្នុងបណ្តាំមត៌កប៉ុណ្ណោះ ប្រសិនបើបណ្តាំនោះបានកំណត់វិធីបែងចែកមត៌កច្បាស់លាស់រួចរាល់ហើយ។ * មូលហេតុទី៧៖ កំណត់បុគ្គលដែលត្រូវទទួលបន្ទុកក្នុងការបែងចែកមត៌ក (អ្នកប្រតិបត្តិបណ្តាំមត៌ក) ដល់បុគ្គលដែលត្រូវទទួលមត៌ក ស្របទៅតាមខ្លឹមសារនៃបណ្តាំមត៌ក។ ក្នុងករណីនេះ ម្ចាស់បណ្តាំគួរតែកំណត់បុគ្គលដែលជាអ្នកជំនាញផ្លូវច្បាប់ ដើម្បីទទួលបន្ទុកក្នុងការអនុវត្តបណ្តាំមត៌កប្រកបដោយប្រសិទ្ធភាព នៅពេលម្ចាស់បណ្តាំទទួលមរណភាព។ * មូលហេតុទី៨៖ កាត់បន្ថយការបារម្ភ ឬភាពតានតឹង ពាក់ព័ន្ធនឹងការបែងចែកមត៌កដល់ទាយាទ។ នៅពេលខ្លះ ម្ចាស់បណ្តាំមានការបារម្ភថា មិនដឹងថាទ្រព្យសម្បត្តិដែលខ្លួនមាននឹងទៅជាយ៉ាងណាឡើយ ក្រោយមរណភាពរបស់ខ្លួន ដូចនេះ ការធ្វើបណ្តាំមត៌ក អាចធ្វើឱ្យម្ចាស់បណ្តាំធូរស្បើយចិត្តបានមួយកម្រិតដែរ។ * មូលហេតុទី៩៖ ផ្តែផ្តាំពាក្យចុងក្រោយដល់ទាយាទ។ ម្ចាស់បណ្តាំអាចមានបណ្តាំចុងក្រោយ ដល់ទាយាទរបស់ខ្លួន ដូចជា ការផ្តល់ដំបូន្មាន ឬ យោបល់ ដើម្បីឱ្យមានសុខដុមរមនាដល់ក្រុមគ្រួសារ។ ហេតុដូចនេះ បើបានសរសេរបណ្តាំមត៌កទុកជាមុន ម្ចាស់បណ្តាំបានបន្សល់ទុកនូវពាក្យផ្តែផ្តាំចុងក្រោយដល់ទាយាទ ជៀសវាងការទទួលមរណភាពជាយថាហេតុ៕ រៀបរៀងដោយ លោក វ៉ៃ ភីរក្ស អ្នកបណ្តុះបណ្តាលកម្មវិធីវិភាគទានច្បាប់

2022-06-15 22:04:06

យល់ដឹងផ្នែកច្បាប់៖ ការរៀបអាពាហ៍ពិពាហ៍របស់អនីតិជន

(ភ្នំពេញ)៖ ប្រជាពលរដ្ឋភាគច្រើនអាចមានការភាន់ច្រលំថា ការរៀបពិធីមង្គលការដ៏អធិកអធម ឬសែនព្រេន រវាងបុរស និង នារី ដោយមានការអញ្ជើញសាច់ញាតិ និងភ្ញៀវចូលរួមធ្វើជាសាក្សី ក្នុងពិធីនោះ គឺជាការរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវ ក្លាយជាប្តីប្រពន្ធតាមច្បាប់ ការពិតនេះគ្រាន់តែជាពិធីមួយតាមប្រពៃណីខ្មែរតែប៉ុណ្ណោះ ។ ដើម្បីក្លាយជាប្តីប្រពន្ធស្របច្បាប់លុះណាតែបុរស និងនារី បានចុះសំបុត្រអាពាហ៍ពិពាហ៍នៅមន្ត្រីអត្រានុកូលដ្ឋាន ដោយដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ចុះបញ្ជីអាពាហ៍ពិពាហ៍ ត្រូវជូនដំណឹងជាសាធារណៈ និងចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ ។ ចំពោះបុគ្គលដែលអាចរៀបអាពាហ៍ពិពាហ៍បាន ច្បាប់តម្រូវឱ្យមានអាយុ ១៨ ឆ្នាំ ឡើង ជាអាយុដល់នីតិភាពដែលកំណត់នៅប្រទេសកម្ពុជា ប៉ុន្តែបុគ្គលដែលមានអាយុ ១៦ ឆ្នាំ ដល់ក្រោមអាយុ ១៨ ឆ្នាំ ក៏អាចរៀបអាពាហ៍ពិពាហ៍បានដែរ ប្រសិនបើគោរពតាមលក្ខខណ្ឌច្បាប់ ។ ដូច្នេះដើម្បីអាចឱ្យអនីតិជនរៀបអាពាហ៍ពិពាហ៍ស្របតាមបទប្បញ្ញត្តិច្បាប់ តើអនីតិជនត្រូវគោរពតាមលក្ខខណ្ឌអ្វីខ្លះ ? សប្តាហ៍នេះកម្មវិធីយល់ដឹង ផ្នែក ច្បាប់ របស់ អង្គភាពសារព័ត៌មាន Fresh News សហការ ជាមួយក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការ អន្តរជាតិ សូម lលើកយក ប្រធា នបទស្តីពី «ការរៀបអាពាហ៍ពិពាហ៍របស់អនីតិជន» មកធ្វើការ ចែករំលែក ជូនបងប្អូន ប្រជាពលរដ្ឋ និងសិស្ស និស្សិត ដូចតទៅ។ បើយោងតាមក្រមរដ្ឋប្បវេណីមាត្រា ៩៤៨ អាយុគ្រប់លក្ខណៈរៀបអាពាហ៍ពិពាហ៍ បានបញ្ញត្តថា បុរស និងនារីដែលមិនទាន់ដល់នីតិភាព មិនអាចរៀបអាពាហ៍ពិពាហ៍បានឡើយ ប៉ុន្តែ ក្នុងករណីដែលភាគីម្ខាង បានដល់នីតិភាព (នីតិភាព គឺបុគ្គលមានអាយុចាប់ពី ១៨ ឆ្នាំ ឡើង ឬ បុគ្គលទទួលបានអត្តាធីនភាព) ហើយភាគីម្ខាងទៀតជា អនីតិជនដែលមានអាយុមិនតិចជាង ១៦ ឆ្នាំ អាចរៀបអាពាហ៍ពិពាហ៍បាន ដោយទទួលការយល់ព្រមពីអ្នកមានអំណាចមេបា ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនរបស់អនីតិជននោះ ។ ពាក្យថាអត្តាធីនភាពជាបុគ្គលមានអាយុចាប់ពី ១៦ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ដែលអនីតិជនត្រូវរួចផុតពីការស្ថិតនៅក្រោមអំណាចមេបា ឬអាណាព្យាបាលសម្រាប់អនីតិជន ឲ្យមានសមត្ថភាពដូចជានីតិជន ។ ចំណែកឯមាត្រា ៩៥៣ នៃក្រមរដ្ឋប្បវេណី ការរៀបអាពាហ៍ពិពាហ៍របស់អនីតិជន បានបញ្ញត្តថា៖ * ១-ក្នុងករណីដែលភាគីម្ខាងក្នុងចំណោមភាគីដែលមានបំណងរៀបអាពាហ៍ពិពាហ៍ជាអនីតិជន អនីតិជននោះចាំបាច់ត្រូវមានការយល់ព្រមពីសំណាក់អ្នកដែលមានអំណាចមេបា ឬអាណាព្យាបាលសម្រាប់អនីតិជននោះ ។ * ២-បើអ្នកដែលមានអំណាចមេបាណាម្ខាងមិនយល់ព្រមទេ គ្រាន់តែមានការយល់ព្រមពីសំណាក់អ្នកដែលមានអំណាចមេបាម្ខាង ជាការគ្រប់គ្រាន់ហើយ ។ * ៣-ក្នុងករណីដែលអ្នកមានអំណាចមេបា ឬអាណាព្យាបាលសម្រាប់អនីតិជនបដិសេធការយល់ព្រមដោយគ្មានមូលហេតុសមរម្យ អនីតិជនដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍ អាចទាមទារទៅតុលាការឱ្យសម្រេចសេចក្តីជំនួសការយល់ព្រមនោះបាន ។ ចំពោះមាត្រាខាងលើនេះយើងអាចមើលឃើញពីទំនាក់ទំនងនៃអាយុក្នុងការដែលអាចរៀបអាពាហ៍ពិពាហ៍បាន ដូចបង្ហាញជូនខាងក្រោម៖ * នីតិជនចាប់ពីអាយុ ១៨ ឆ្នាំ ឡើង រៀបអាពាហ៍ពិពាហ៍ ជាមួយនីតិជនចាប់ពីអាយុ ១៨ ឆ្នាំឡើង ពុំចាំបាច់មានការយល់ព្រមពីឪពុកម្តាយ អ្នកមានអំណាចមេបា ឬអាណាព្យាបាលសម្រាប់អនីតិជន ។ * នីតិជនចាប់ពីអាយុ ១៨ ឆ្នាំ ឡើង រៀបអាពាហ៍ពិពាហ៍ ជាមួយអនីតិជនអាយុចាប់ពី ១៦ ឆ្នាំ ដល់ក្រោមអាយុ១៨ ឆ្នាំ ចាំបាច់ត្រូវមានការយល់ព្រមពីឪពុកម្តាយ អ្នកមានអំណាចមេបា ឬអាណាព្យាបាលសម្រាប់អនីតិជន របស់អនីតិជន ។ * ជនដែលបានទទួលអត្តាធីនភាព រៀបអាពាហ៍ពិពាហ៍ ជាមួយនីតិជនចាប់ពីអាយុ ១៨ ឆ្នាំ មិនចាំបាច់មានការយល់ព្រមពីឪពុកម្តាយ អ្នកមានអំណាចមេបា ឬអាណាព្យាបាលសម្រាប់អនីតិជន របស់អនីតិជនទេ ។ * ជនដែលបានទទួលអត្តាធីនភាព រៀបអាពាហ៍ពិពាហ៍ ជាមួយអនីតិជន ចាំបាច់ត្រូវមានការយល់ព្រមពីឪពុកម្តាយ អ្នកមានអំណាចមេបា ឬអាណាព្យាបាលសម្រាប់អនីតិជន របស់អនីតិជន ។ * ជនដែលបានទទួលអត្តាធីនភាព រៀបអាពាហ៍ពិពាហ៍ ជាមួយ ជនដែលបានទទួលអត្តាធីនភាព មិនចាំបាច់មានការយល់ព្រមពីឪពុកម្តាយ អ្នកមានអំណាចមេបា ឬអាណាព្យាបាលសម្រាប់អនីតិជនទេ ។ ជាគោលការណ៍ការរៀបអាពាហ៍ពិពាហ៍របស់អនីតិជនត្រូវមានការយល់ព្រមទាំងឪពុកទាំងម្តាយ អាណាព្យាបាលសម្រាប់អនីតិជន ប៉ុន្តែប្រសិនបើ ក្នុងចំណោមគាត់ទាំងពីរ មានតែម្នាក់ណាមួយយល់ព្រមគឺជាការគ្រប់គ្រាន់ ។ ក្នុងករណីដែលឪពុកម្តាយ ឬអ្នកអាណាព្យាបាលបដិសេធការយល់ព្រម ពុំមានមូលហេតុសមរម្យ អនីតិជនដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ អាចទាមទារទៅតុលាការឱ្យធ្វើការសម្រេចសេចក្ដីជំនួសការយល់ព្រមរបស់ឪពុកម្ដាយ ឬរបស់អ្នកអាណាព្យាបាលបាន ។ សរុបសេចក្តីមក អនីតិជនអាចរៀបអាពាហ៍ពិពាហ៍បាន លុះត្រាតែមានការយល់ព្រមពីអ្នកមានអំណាចមេបា (ទាំងឪពុកទាំងម្តាយ ឬ ឪពុក ឬម្តាយ ឬអាណាព្យាបាលសម្រាប់អនីតិជន) ដូចដែលបានរៀបរាប់ខាងលើ ប៉ុន្តែអនីតិជន ដែលទទួលបានអត្តាធីនភាពក៏អាចរៀបអាពាហ៍ពិពាហ៍បានដែរ ព្រោះជនដែលបានទទួលអត្តាធីនភាព មានសិទ្ធិ និងករណីយកិច្ចដូចគ្នានឹងនីតិជន ។ ការកំណត់អាយុសម្រាប់ការរៀបអាពាហ៍ពិពាហ៍ខាងលើនេះច្បាប់បានគិតគូរដល់កត្តាសរីរាង្គចំពោះបុរស នារីដែលអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ករបង្កើតក្រុមគ្រួសារក្នុងសង្គម ៕ រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា ម៉េង សៀវយី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ៤៥៣៥ ផ្លូវលេខ១០០៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥ អ៉ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.

2022-05-30 09:11:11

យល់ដឹងផ្នែកច្បាប់៖ សម្បទានដីសេដ្ឋកិច្ច

(ភ្នំពេញ)៖ កន្លងមកកម្មវិធីយល់ដឹងផ្នែកច្បាប់បានលើកយកប្រធានបទអំពីសម្បទានដីសង្គ មកិច្ចមកធ្វើការបង្ហាញជូន ប៉ុន្តែសម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ដែលសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទ «សម្បទានដីសេដ្ឋកិច្ច»។ ក្នុងនោះ អត្ថបទនេះនឹងធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត បានយល់ដឹង តើអ្វីទៅជាសម្បទានដីសេដ្ឋកិច្ច ? តើការផ្តល់សម្បទានដីសេដ្ឋកិច្ចមានគោលបំណង និងលក្ខណៈវិនិច្ឆ័យយ៉ាងដូចម្តេច? មុននឹងធ្វើបង្ហាញជូននូវប្រធានបទខាងលើ យើងត្រូវយល់អំពីទ្រព្យសម្បត្តិរដ្ឋ ដែលត្រូវបានបែងចែកជាទ្រព្យ សម្បត្តិសាធារណៈរបស់រដ្ឋ និងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្រ បាតសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌ មូលដ្ឋានការពារប្រទេស សំណង់ផ្សេងៗទៀតដែលបានកំណត់ថាជារបស់រដ្ឋ។ ចំណែក ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ សំដៅដល់ទ្រព្យរបស់សង្គមដែលមិនសម្រាប់ឱ្យជនក្នុងសង្គមនោះប្រើប្រាស់ជាសាធារណៈទូទៅទេ ជាសម្បត្តិដែលសង្គមអាចលក់ ដូរ ជួល ធ្វើអំណោយបាន ។ គោលនយោបាយផ្តល់សម្បទានដីសេដ្ឋកិច្ច បានកើតទ្បើងតាមរយៈអនុក្រឹត្យលេខ ១៤៦ អនក្រ/បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៥ ដែលសម្បទានដីសេដ្ឋកិច្ច គឺជាយន្តការសម្រាប់ផ្តល់ដីឯកជនរបស់រដ្ឋ តាមរយៈកិច្ចសន្យាសម្បទានមួយ យ៉ាងជាក់លាក់ទៅឱ្យសម្បទានិក (អ្នកទទួលបានសម្បទាន) ដើម្បីប្រើប្រាស់សម្រាប់ធ្វើអាជីវកម្ម និងកសិ-ឧស្សាហកម្ម។ សម្បទានដីសេដ្ឋកិច្ចអាចត្រូវបានផ្តល់ឱ្យ ដើម្បីសម្រេចគោលបំណងដូចខាងក្រោម៖ * អភិវឌ្ឍន៍សកម្មភាពកសិកម្មប្រពលវប្បកម្ម និងកសិ-ឧស្សាហកម្ម ដែលតម្រូវឱ្យមានការវិនិយោគដើមទុនដំ បូង ក្នុងអត្រា ខ្ព ស់ និងកម្រិតសមស្រប * សម្រេចបាននូវការព្រមព្រៀងមួយចំនួនជាក់លាក់ពីអ្នកវិនិយោគ សម្រាប់ការអភិវឌ្ឍដីក្នុងលក្ខណៈសមស្រប និងប្រកបដោយចីរភាព ដោយផ្អែកលើផែនការប្រើប្រាស់នៃតំបន់នោះ * បង្កើតភាពមានការងារធ្វើនៅជនបទ ក្នុងក្របខ័ណ្ឌនៃការធ្វើប្រពលវប្បកម្ម និងការធ្វើឱ្យមានកាលានុវត្តភាពនៃការ រកស៊ីចិញ្ចឹមជិវិតមានលក្ខណៈសម្បូ រណ៍បែប និងក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងធនធានធម្មជាតិតាមប្រព័ន្ធអេកូឡូស៊ីសមស្រប * លើកទឹកចិត្តរាល់ការវិនិយោគក្នុងគម្រោងសម្បទានដីសេដ្ឋកិច្ច និង * បង្កើតចំណូលរដ្ឋ ឬចំណូលខេត្ត-ក្រុង ឃុំ/សង្កាត់ តាមរយៈការប្រមូលថ្លៃប្រើប្រាស់ដី ពន្ធ និងកម្រៃសេវាពាក់ព័ន្ធ។ ដីសម្បទានសេដ្ឋកិច្ចអាចផ្ដល់ចំពោះតែដីដែលមានលក្ខខណ្ឌ និងលក្ខណៈវិនិច្ឆ័យទាំង ៥ ដូចខាងក្រោម៖ ១. ដីដែលបានចុះបញ្ជី និងបានចាត់ថ្នាក់ជាដីឯកជនរបស់រដ្ឋ។ ២. ដីដែលមានផែនការប្រើប្រាស់ដែល អនុម័តដោយគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តក្រុង ហើយប្រើប្រាស់មានលក្ខណៈស្របទៅតាមផែនការនោះ។ ៣. ដីដែលបានធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមចំពោះកាប្រើប្រាស់ និងការអភិវឌ្ឍដីសម្រាប់ គម្រោង សម្បទាន។ ៤. ដីដែលមានដំណោះស្រាយចំពោះបញ្ហាតាំងទីលំនៅថ្មីស្របតាមក្របខណ្ឌគតិយុត្ត និងនីតិវិធីជាធរមាន។ អាជ្ញាមានសមត្ថកិច្ចចុះកិច្ចសន្យាត្រូវធានា មិនមានការបង្ខំឱ្យធ្វើការតាំងទីលំនៅថ្មីដោយគ្មានការស័្មគ្រចិត្តពីអ្នកកាន់កាប់ដីស្របច្បាប់ និងត្រូវធានាចំពោះការគោរពសិទ្ធិមានច្រកចេញចូលទៅកាន់ដីឯកជន។ ៥. ដីដែលមានការពិគ្រោះយោបល់ជាសាធារណៈអំពីគម្រោង ឬសំណើសម្បទានដីសេដ្ឋកិច្ចជាមួយអាជ្ញា ធរ ដែនដី និងប្រជាពលរដ្ឋនៅក្នុងតំបន់។ យោងតាមមាត្រា ៥៣ នៃច្បាប់ស្ដីការគ្រប់គ្រង ការប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ បានបញ្ញត្តិថាសម្បទានដីសេដ្ឋកិច្ចមិនត្រូវមានរយៈពេលលើសពី៥០ (ហាសិប) ឆ្នាំ ឡើយ។ សម្បទានដីសេដ្ឋកិច្ច មានទំហំច្រើនបំផុតមិនលើសពី ១០,០០០ (ដប់ពាន់) ហិកតា។ បុគ្គលម្នាក់អាចទទួលបានសម្បទានដីសេដ្ឋកិច្ចច្រើនកន្លែង ប៉ុន្តែទំហំដីសម្បទានសរុបមិនត្រូវលើសពី ១០,០០០ (ដប់ពាន់) ហិកតា ឡើយ។ ត្រូវហាមឃាត់ការផ្ដល់សម្បទានដីសេដ្ឋកិច្ចច្រើនកន្លែងឱ្យបុគ្គលតែម្នាក់ ឬឱ្យនីតិបុគ្គលច្រើន ប៉ុន្តែគ្រប់គ្រងដោយរូបវន្តបុគ្គល ឬនីតិបុគ្គលដដែលៗ ដែលមានទំហំសរុបធំជាងទំហំដែលបានកំណត់ខាងលើនេះ។ សម្បទានដីសេដ្ឋកិច្ច ពុំបង្កើត នូវសិទ្ធិកម្មសិទ្ធិលើដីជូនដល់សម្បទានិកបានទ្បើយ លើកលែងសម្បទានដី សង្គមកិច្ច ប៉ុន្តែអាចបង្កើតសិទ្ធិលើការប្រើប្រាស់ និងអាស្រ័យផលលើដី ព្រមទាំងទទួលបានវិញ្ញាបនបត្រសំគាល់សិទ្ធិសម្បទានដីសេដ្ឋកិច្ច។ សម្បទានដីសេដ្ឋកិច្ច អាចជាកម្មវត្ថុនៃសន្តតិកម្ម សម្រាប់រយៈពេលដែលនៅសល់។ សម្បទានិក ត្រូវទទួលខុសត្រូវចំពោះទំហំដីដែលបានប្រគល់ជូនដូចមានចែងក្នុងកិច្ចព្រមព្រៀង ។ ករណីមានការបាត់ទំហំដីដូចមានចែងក្នុងកិច្ចព្រមព្រៀង សម្បទានិកត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ទន្ទឹមនឹង នេះ សម្បទានិក ត្រូ វចាប់ផ្ដើមអាជីវកម្មរបស់ខ្លួនក្នុងពេល ១២ (ដប់ពី) ខែ បន្ទាប់ពីទទួលបានសម្បទានដី បើមិនដូច្នោះទេនឹងត្រូវទុកជាមោឃៈ។ សរុបមក សម្បទានដីសេដ្ឋកិច្ច គឺជាយន្តការសម្រាប់ផ្តល់ដីឯកជនរបស់រដ្ឋ តាមរយៈកិច្ចសន្យាសម្បទាន ជាក់លាក់ ក្នងគោលបំណងធ្វើអាជីវកម្ម និងកសិ-ឧស្សាហកម្ម និងបង្កើតចំណូលរដ្ឋ តាមរយៈការប្រមូលថ្លៃប្រើប្រាស់ដី ពន្ធ និងកម្រៃសេវាពាក់ព័ន្ធ។ សម្បទានិក ត្រូវធានាការគោរពកាតព្វកិច្ចឱ្យបានខ្ជាប់ខ្ជួនតាមកិច្ចសន្យាសម្បទាន ដើម្បីជៀសវាងការកើតមានកំហុសធ្ងន់ធ្ងរ ដែលអាចនឹងឈានដល់ដកហូតសម្បទានដីសេដ្ឋកិច្ចមកវិញ៕ រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងកញ្ញា ហេង មរកត ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ១០០៣ ស្ថិតក្នុង ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/ Cambodia International Cooperation Law Group.

2022-05-24 18:19:16

យល់ដឹងផ្នែកច្បាប់៖ ការខ្ចីប្រើ

(ភ្នំពេញ)៖ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ គឺតែងតែមានការប្រាស្រ័យទាក់ទង និងជួយគ្នាទៅវិញទៅមក ដោយមានលេចឡើងនូវសកម្មភាពខ្ចីប្រើជាអាទិ៍ ។ ការខ្ចីប្រើនេះ គឺគេឧស្សាហ៍យកមកប្រើប្រាស់ជាប្រចាំនៅក្នុងសង្គម ហេតុនេះហើយបានជាមានការចែងបទប្បញ្ញត្តិអំពីការខ្ចីប្រើ នៅក្នុងក្រមរដ្ឋប្បវេណី ដើម្បីជាភាពងាយស្រួលក្នុងការគ្រប់គ្រងនូវសកម្មភាពមួយនេះឱ្យសមស្រប និងត្រឹមត្រូវតាមផ្លូវច្បាប់ ។ តើអ្វីទៅជាការខ្ចីប្រើ? ហើយអ្នកខ្ចីប្រើនោះត្រូវមានករណីយកិច្ច និងសិទ្ធិអ្វីខ្លះចំពោះការខ្ចីប្រើនេះ? ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នៅសប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «ការខ្ចីប្រើ» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម។ ការខ្ចីប្រើ គឺសំដៅលើកិច្ចសន្យាមួយ ដែលភាគីម្ខាងឱ្យភាគីម្ខាងទៀតខ្ចីប្រើប្រាស់ និង អាស្រ័យផល នូវវត្ថុណាមួយ ដោយមិនឱ្យបង់ថ្លៃ ។ ការខ្ចីប្រើនឹងមានអានុភាព នៅពេលដែលភាគីអ្នកខ្ចីទទួលយកវត្ថុណាមួយពីភាគីអ្នកឱ្យខ្ចី ហើយសន្យាថានឹងសងវត្ថុនោះ ក្រោយពីបានប្រើប្រាស់ និងអាស្រ័យផល ដោយមិនបង់ថ្លៃ ។ ឧទាហរណ៍៖ លោក (ក) ជាអ្នកមានធូរធារ និងជាមិត្តរបស់លោក (ខ) ដែលបានឱ្យលោក (ខ) ខ្ចីម៉ូតូរបស់ខ្លួន មួយរយៈ ដោយមិនយកប្រាក់កម្រៃឡើយ ដើម្បីឱ្យលោក (ខ) រត់ម៉ូតូឌុបបានប្រាក់យកមកផ្គត់ផ្គង់គ្រួសារ ហើយលោក (ខ) សន្យាថានឹងសងម៉ូតូមកឱ្យលោក (ក) វិញ នៅពេលដែលខ្លួនទិញម៉ូតូបាន ។ ថ្វីត្បិតតែអ្នកខ្ចីមិនត្រូវបានបង់ថ្លៃសម្រាប់ការខ្ចីប្រើក៏ពិតមែន ប៉ុន្តែអ្នកខ្ចីត្រូវរក្សាទុកវត្ថុខ្ចី និងមានការប្រុងប្រយ័ត្ន ក្នុងនាមជាអ្នកគ្រប់គ្រង ហើយត្រូវប្រើប្រាស់ និងអាស្រ័យផលវត្ថុនោះឱ្យបានត្រឹមត្រូវ ។ ក្នុងករណីអ្នកខ្ចីមានបំណងចង់ឱ្យអ្នកដទៃប្រើប្រាស់ និង អាស្រ័យផលលើវត្ថុនោះដែរ នោះអ្នកខ្ចីត្រូវតែមានការអនុញ្ញាត ឬ ការយល់ព្រមពីអ្នកឱ្យខ្ចីជាមុនសិន ទើបអ្នកខ្ចីមានសិទ្ធិក្នុងការឱ្យអ្នកដទៃប្រើប្រាស់ និង អាស្រ័យផលលើវត្ថុនោះបន្តបាន ។ បន្ថែមពីនេះ អ្នកខ្ចីត្រូវចេញសោហ៊ុយចាំបាច់ធម្មតាអាចជា ការចាក់សាំង សប់កង់ និងការជួសជុលបន្តិចបន្តួច ជាដើម ។ ការខ្ចីប្រើនេះត្រូវបញ្ចប់ដោយការផុតកំណត់អំឡុងពេល ប៉ុន្តែប្រសិនបើគូភាគីមិនបានកំណត់អំឡុងពេលទេ តែគូភាគីបានកំណត់អំពីគោលបំណងនៃការខ្ចីប្រើ នោះការខ្ចីប្រើត្រូវបញ្ចប់ នៅពេលដែលអ្នកខ្ចីបានបញ្ចប់ការប្រើប្រាស់ និងអាស្រ័យផលលើវត្ថុខ្ចី តាមគោលបំណងនោះ ។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកខ្ចីបានទទួលមរណភាព ការខ្ចីប្រើក៏ត្រូវបានបញ្ចប់ផងដែរ ។ ចំណែកឯការរំលាយកិច្ចសន្យាខ្ចីប្រើវិញ ក្នុងករណីដែលគូភាគីមិនបានកំណត់អំឡុងពេល និងគោលបំណងទេ ដូចនេះអ្នកឱ្យខ្ចីអាចស្នើសុំរំលាយកិច្ចសន្យាខ្ចីប្រើជាមួយអ្នកខ្ចីនៅពេលណាក៏បាន ។ ម្យ៉ាងវិញទៀតប្រសិនបើករណីបន្ទាន់ និងចាំបាច់កើតមានឡើងចំពោះវត្ថុខ្ចី ដែលអ្នកឱ្យខ្ចីពុំអាចព្យាករបាន អ្នកឱ្យខ្ចីក៏អាចស្នើសុំរំលាយកិច្ចសន្យាខ្ចីប្រើបានដូចគ្នា ។ ចំពោះអ្នកខ្ចីក៏មានសិទ្ធិស្នើសុំរំលាយកិច្ចសន្យាខ្ចីប្រើជាមួយអ្នកឱ្យខ្ចីបានដូចគ្នា បើទោះបីជានៅក្នុងកិច្ចសន្យាបានកំណត់ ឬមិនបានកំណត់រយៈពេលក៏ដោយ ។ ប៉ុន្តែក្នុងករណីដែលអ្នកឱ្យខ្ចីមានផលប្រយោជន៍ទៅលើរយៈពេលនោះ អ្នកខ្ចីមានករណីយកិច្ចសងសំណងនៃការខូចខាត ដែលកើតមានឡើងដោយសារការស្នើសុំរំលាយកិច្ចសន្យានោះ ។ ឧទាហរណ៍៖ លោក (ក) ត្រូវទៅធ្វើការនៅក្រៅប្រទេសមួយរយៈ ដោយទុករថយន្តនៅទំនេរ ដូច្នេះលោក (ខ) ក៏បានមកខ្ចីរថយន្តរបស់លោក (ក) ដើម្បីប្រើប្រាស់ និងអាស្រ័យផល នៅក្នុងអំឡុងពេលនោះ ហើយលោក (ក) ក៏បានយល់ព្រមឱ្យលោក (ខ) ខ្ចីរថយន្ត ដើម្បីប្រើប្រាស់ និងអាស្រ័យផល ដោយមិនយកកម្រៃឡើយ ។ ប៉ុន្តែលោក (ខ) ត្រូវតែជួយមើលថែរថយន្តរបស់គាត់ រហូតដល់ពេលដែលគាត់ត្រលប់មកពីក្រៅប្រទេសវិញ ។ ក្នុងករណីនេះបើសិនជាលោក (ក) មិនទាន់ត្រលប់មកពីក្រៅប្រទេសវិញទេ ស្រាប់តែលោក (ខ) ស្នើសុំរំលាយកិច្ចសន្យាខ្ចីប្រើជាមួយលោក (ក) ហើយរថយន្តរបស់លោក (ក) មិនបានដំណើរការ និងធ្វើឱ្យខូច អាគុយ ឬធ្វើឱ្យម៉ាស៉ីនមានបញ្ហា ប្រសិនបើទុកយូរ ដូចនេះលោក (ខ) មានករណីយកិច្ចសងសំណងនៃការខូចខាត ដែលកើតមានឡើង ដោយសារការស្នើសុំរំលាយកិច្ចសន្យានោះ ។ សរុបមក ការខ្ចីប្រើ គឺជាកិច្ចសន្យាមួយប្រភេទដែលភាគីម្ខាងឱ្យភាគីម្ខាងទៀតប្រើប្រាស់ និងអាស្រ័យផលនូវវត្ថុណាមួយ ដោយមិនឱ្យបង់ថ្លៃ ប៉ុន្តែគូភាគីត្រូវមានសិទ្ធិ និងករណីយកិច្ចចំពោះសកម្មភាពនេះទៅវិញទៅមក ៕ រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក រៀម គីមឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group

2022-05-09 18:33:10

យល់ដឹងផ្នែកច្បាប់៖ ការផ្អាក និងការបង្អង់នីតិវិធីនៃបណ្ដឹងរដ្ឋប្បវេណី

(ភ្នំពេញ)៖ នៅក្នុងសង្គមរស់នៅប្រចាំថ្ងៃ ការប៉ះទង្គិចដែលអាចនឹងបង្កជាវិវាទតែងតែកើតមានជារឿយៗ ហើយដើម្បីដោះស្រាយវិវាទទាំងអស់នោះ ច្បាប់បានធានាឱ្យបុគ្គលគ្រប់រូបមានសិទ្ធិពឹងពាក់តុលាការចំពោះវិវាទរដ្ឋប្បវេណី។ បណ្ដឹងរដ្ឋប្បវេណី មានគោលបំណងឱ្យតុលាការដោះស្រាយវិវាទរដ្ឋប្បវេណីដោយផ្អែកលើច្បាប់ ក្នុងគោលបំណងការពារសិទ្ធិរបស់បុគ្គលឯកជន។ ជាការពិតណាស់នៅក្នុងនីតិវិធីនៃបណ្ដឹងរដ្ឋប្បវេណី មានដំណាក់កាលជាច្រើន និងមានលក្ខណៈសំាញុំាជាខ្លាំង ដែលតម្រូវឱ្យមានការស្វែងយល់ឱ្យច្បាស់ ប៉ុន្ដែនៅក្នុងនីតិវិធីទាំងនោះមាននីតិវិធីមួយ ដែលបណ្ដាលឱ្យនីតិវិធីនៃបណ្ដឹងរដ្ឋប្បវេណី ត្រូវបានផ្អាក និងបង្អង់ ដោយសារមានមូលហេតុដែលបានកំណត់ដោយច្បាប់ផងដែរ។ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងលើកយកប្រធានបទស្តីពី «ការផ្អាក និងការបង្អង់នីតិវិធីនៃបណ្ដឹងរដ្ឋប្បវេណី» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម។ ការផ្អាកនីតិវិធីនៃបណ្ដឹង សំដៅដល់ស្ថានភាពមួយដែលនីតិវិធីនៃបណ្ដឹងរដ្ឋប្បវេណី ត្រូវបានឈប់ដំណើរការជាបណ្ដោះអាសន្ន ដោយសារមានមូលហេតុដែលជះឥទ្ធិពលដល់ឋានៈរបស់ភាគី ដែលមូលហេតុទាំងនោះត្រូវបានច្បាប់កំណត់យ៉ាងច្បាស់លាស់ ហើយមូលហេតុទាំងនោះរួមមាន៖ * ១. មរណភាពរបស់ភាគី៖ ក្នុងដំណើរការនីតិវិធីនៃបណ្ដឹង ប្រសិនបើមានភាគីណាមួយទទួលមរណភាព ភាគីដែលទទួលមរណភាពនោះមិនអាចចូលរួមក្នុងនីតិវិធីនៃបណ្ដឹងតទៅទៀតបានទេ ក្នុងករណីនេះនីតិវិធីត្រូវផ្អាករហូតដល់តុលាការ ទទួលស្គាល់អ្នកតំណាងស្របច្បាប់ថ្មីណាមួយ ប៉ុន្ដែដែលគ្មានអ្នកទទួលសិទ្ធិ និងកាតព្វកិច្ចដែលជាកម្មវត្ថុនៃបណ្ដឹង ឬសិទ្ធិ និងកាតព្វកិច្ចនោះត្រូវបានធ្លាក់លើបុគ្គលតែម្នាក់ នោះតុលាការត្រូវចេញសាលក្រមប្រកាសបញ្ចប់បណ្ដឹងនោះតែម្ដង។ * ២. ការរលត់នីតិបុគ្គលជាភាគី ដោយការរួមបញ្ចូលនីតិបុគ្គល៖ នីតិបុគ្គលក៏អាចដោយសារមូលហេតុណាមួយផងដែរ ហើយក្នុងករណីដែលនីតិបុគ្គលត្រូវបានរលត់ ដោយការរួមបញ្ចូលគ្នាជាមួយនឹងនីតិបុគ្គលផ្សេងទៀត នោះច្បាប់បានកំណត់ថានីតិវិធីនៃបណ្ដឹងត្រូវបានផ្អាកជាបណ្ដោះអាសន្នសិន មិនខុសពីករណីមុននោះទេក្នុងករណីដែលសិទ្ធិ និងកាតព្វកិច្ចធ្លាក់លើបុគ្គលតែម្នាក់នោះ តុលាការត្រូវចេញសាលក្រមប្រកាសបញ្ចប់បណ្ដឹងនោះ ដូចគ្នានឹងករណីខាងលើផងដែរ។ * ៣. ការបាត់បង់នូវសមត្ថភាពក្នុងការធ្វើបណ្ដឹងរបស់ភាគី ឬមរណភាពរបស់អ្នកតំណាងដែលច្បាប់បានកំណត់ ឬការរលត់នូវសិទ្ធិតំណាង៖ ដូចមានកំណត់ក្នុងក្រមរដ្ឋប្បវេណី ប្រសិនបើសកម្មភាពបណ្ដឹងត្រូវបានធ្វើឡើងដោយបុគ្គលគ្មានសមត្ថភាពនោះសកម្មភាពបណ្ដឹង នឹងត្រូវចាត់ទុកជាមោឃៈ ហេតុនេះហើយទើបនៅពេលដែលបុគ្គល ដែលធ្លាប់មានសមត្ថភាពធ្វើសកម្មភាពបណ្ដឹងបែរជាបាត់បង់សមត្ថភាពនោះ ឬអ្នកតំណាងដែលច្បាប់បានកំណត់បានទទួលមរណភាព ឬសិទ្ធិតំណាងត្រូវបានរលត់ នោះច្បាប់បានកំណត់ឱ្យនីតិវិធីនៃបណ្ដឹងត្រូវបានផ្អាកជាបណ្ដោះអាសន្នសិន។ * ៤. មរណភាព ឬការបាត់បង់នូវលក្ខណៈសម្បត្តិដោយមូលហេតុផ្សេងរបស់បុគ្គលដែលមានលក្ខណៈសម្បត្តិ ដែលបានកំណត់ ហើយធ្វើបណ្ដឹងក្នុងនាមផ្ទាល់ខ្លួនជំនួសអ្នកដទៃ៖ ក្នុងករណីដែលតតិយជនមានលក្ខណៈដែលបានកំណត់ ហើយទទួលបន្ទុកបណ្ដឹងតាមច្បាប់ (ឧទាហរណ៍៖ អ្នកអនុវត្តមតកសាសន៍ក្នុងករណីមានមតកសាសន៍) ហើយបុគ្គលនោះបានបាត់បង់នូវលក្ខណៈសម្បត្តិនោះ (ឧទាហរណ៍៖ ករណីដែលអ្នកអនុវត្តមតកសាសន៍បានសុំលាលែង) នោះសកម្មភាពបណ្ដឹងនឹងត្រូវបានផ្អាកជាបណ្ដោះអាសន្នសិន។ * ៥. មរណភាព ឬការបាត់បង់នូវលក្ខណៈសម្បត្តិដោយមូលហេតុផ្សេងរបស់បុគ្គល ដែលត្រូវជ្រើសរើសទាំងអស់ដោយបញ្ញត្ដិនៃមាត្រា៤២ (ការជ្រើសរើសភាគី) នៃក្រមនេះ៖ ករណីដែលភាគីត្រូវបានជ្រើសរើសស្របតាមមាត្រា៤២ (ការជ្រើសរើសភាគី) ទាំងអស់បានទទួលមរណភាព ឬបានបាត់បង់លក្ខណៈសម្បត្ដិ នោះសកម្មភាពបណ្ដឹងនឹងត្រូវផ្អាកជាបណ្ដោះអាសន្ន។ ការបន្ដនីតិវិធីនៃបណ្ដឹង ត្រូវធ្វើឡើងតាមពាក្យសុំទទួលបន្ដនីតិវិធីនៃបណ្ដឹង ដែលអាចធ្វើឡើងដោយបុគ្គលដែលមានបំណងទទួលបន្ដ ឬដោយភាគីម្ខាងទៀត ហើយក្នុងករណីមានពាក្យសុំទទួលបន្ដនីតិវិធីនៃបណ្ដឹងហើយ តុលាការត្រូវធ្វើការជូនដំណឹងទៅភាគីម្ខាងទៀត។ ពាក្យសុំទទួលបន្ដនីតិវិធីនៃបណ្ដឹង តុលាការត្រូវធ្វើការស្រាវជ្រាវដោយឆន្ទានុសិទ្ធិរបស់ខ្លួន ហើយបើយល់ឃើញថាគ្មានមូលហេតុត្រឹមត្រូវទេ តុលាការអាចសម្រេចលើកចោលពាក្យសុំនោះដោយដីកាសម្រេច។ គួរបញ្ជាក់ផងដែរថា ដីកាសម្រេចលើកចោលអាចប្ដឹងជំទាស់បាន ហើយក្នុងករណីយល់ឃើញថាត្រឹមត្រូវ តុលាការត្រូវអនុញ្ញាតការទទួលបន្ដនីតិវិធីនៃបណ្ដឹងនោះ ដោយដីកាសម្រេច។ លើសពីនេះទៀត បើទោះបីជាភាគីទាំងសងខាងមិនបានដាក់ពាក្យសុំទទួលបន្តនីតិវិធីនៃបណ្ដឹងក៏ដោយ ក៏តុលាការអាចបង្គាប់ឱ្យទទួលបន្ដនីតិវិធីនៃបណ្ដឹងតាមរយៈដីកាសម្រេចដោយឆន្ទានុសិទ្ធិរបស់ខ្លួនផងដែរ។ ការបង្អង់នីតិវិធីនៃបណ្ដឹង សំដៅភាពចាំបាច់តម្រូវឱ្យនីតិវិធីចប់មួយរយៈពេលសិន ដើម្បីធានានូវសិទ្ធិរបស់ភាគីចំពោះនីតិវិធីនៃបណ្ដឹង នោះនីតិវិធីនៃបណ្ដឹងនឹងត្រូវបានបង្អង់រហូតដល់ហេតុដែលនាំឱ្យបង្អង់នោះត្រូវបានរលត់ ដែលហេតុទាំងអស់នោះរួមមាន៖ * ១. គ្រោះមហន្ដរាយ ឬហេតុផ្សេងទៀត៖ អាចជាស្ថានភាពដែលតុលាការមិនអាចបំពេញកិច្ចរបស់ខ្លួនបានដោយសារតំបន់នោះ មានគ្រោះមហន្ដរាយ ដូចជា៖ មហាអគ្គីភ័យ ទឹកជំនន់ រញ្ជួយដី ឬក៏ដោយសារមានសង្រ្គាម កុបកម្ម ជាដើម។ * ២. តំបន់ភាគីរស់នៅមានឧបសគ្គរយៈពេលវែង៖ ប្រសិនបើតំបន់ដែលភាគីរស់នៅ មានឧបសគ្គក្នុងការធ្វើចរាចរណ៍ដោយសារមានគ្រោះមហន្ដរាយ ឬមានជំងឺឆ្លង ជាដើម។ * ៣. ករណីមានសំណុំរឿងព្រហ្មទណ្ឌ៖ ករណីដែលរឿងក្តីព្រហ្មទណ្ឌកំពុងត្រូវបានចាត់ការ ជនរងគ្រោះអាចទាមទារភា្ជប់ការទាមទារសំណងរដ្ឋប្បវេណី ក្នុងរឿងព្រហ្មទណ្ឌបាន ហើយក៏អាចដាក់ពាក្យបណ្ដឹងនោះតាមបណ្តឹងរដ្ឋប្បវេណីធម្មតាបានដែរ។ ប៉ុន្តែក្នុងករណីដាក់ពាក្យបណ្ដឹងនោះ តាមបណ្តឹងរដ្ឋប្បវេណីធម្មតាក៏ដោយ ក៏សាលក្រមព្រហ្មទណ្ឌដែលសម្រេចឱ្យមានទោសនោះ នឹងមានចំណងទៅលើរឿងក្តីរដ្ឋប្បវេណីដែរ ដែលតម្រូវឱ្យយើងគួរចែងថា អាចបង្អង់បាននូវដំណើរការនីតិវិធីនៃបណ្តឹងរដ្ឋប្បវេណីនោះ។ នៅពេលមានការផ្អាក និងបង្អង់នីតិវិធីនៃបណ្ដឹង ភាគី និងតុលាការ មិនអាចធ្វើសកម្មភាពបណ្តឹងបានឡើយ។ ប៉ុន្តែ តុលាការអាចប្រកាសសាលក្រមបាន ទោះបីជានីតិវិធីនៃបណ្ដឹងនោះត្រូវបានផ្អាកក៏ដោយ។ នៅពេលដែលមានការផ្អាក ឬបង្អង់នីតិវិធីនៃបណ្ដឹង អំឡុងពេលក៏ត្រូវបញ្ឈប់ដំណើរការដែរ។ ក្នុងករណីនេះអំឡុងពេលទាំងអស់នោះត្រូវចាប់ផ្តើមពីដំបូងវិញ ចាប់ពីពេលដែលធ្វើការជូនដំណឹងស្តីពីការទទួលបន្តនីតិវិធីនៃបណ្ដឹង ឬពេលដែលបន្តនីតិវិធីនៃបណ្ដឹងនោះ។ សរុបសេចក្ដីមកការផ្អាក និងការបង្អង់នីតិវិធីនៃបណ្ដឹង គឺជានីតិវិធីមួយដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់នីតិវិធីនៃបណ្ដឹង ដោយហេតុថា ប្រសិនបើកើតមានមូលហេតុដែលនាំឱ្យមានការផ្អាក ឬការបង្អង់ ហើយបើមិនផ្អាក ឬបង្អង់នីតិវិធីនៃបណ្ដឹងនោះទេ នោះគេមិនអាចធានាដល់ការការពារសិទ្ធិរបស់បុគ្គលឯកជនបានឡើយ។ ជាការពិតណាស់ការផ្អាក ឬការបង្អង់នីតិវិធីនៃបណ្ដឹង គឺមានគោលបំណងការពារសិទ្ធិរបស់បុគ្គលឯកជន ដោយច្បាប់បានកំណត់យ៉ាងច្បាស់អំពីហេតុដែលនាំឱ្យមានការផ្អាក ឬការបង្អង់នីតិវិធីនៃបណ្ដឹង ដើម្បីជៀសវាងការបាត់បង់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ផ្សេងៗរបស់បុគ្គលឯកជនផងដែរ៕ រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងលោក ប៉ូល គីមសេង សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតនៅក្នុងភូមិឧញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ទំព័របណ្តាញសង្គមហ្វេសប៊ុក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.

2022-04-25 14:29:31

យល់ដឹងផ្នែកច្បាប់៖ សៀវភៅការងារជនជាតិខ្មែរ

(ភ្នំពេញ)៖ បច្ចុប្បន្នវិស័យការងារក្រុមហ៊ុន រោងចក្រ សហគ្រាស នៅព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនខ្លាំង ដោយមានការវិនិយោគពីសំណាក់អ្នកវិនិយោគក្នុងប្រទេស និងក្រៅប្រទេស ហើយដើម្បីប្រតិបត្តិការក្រុមហ៊ុន រោងចក្រ សហគ្រាស របស់ខ្លួនបានតម្រូវឱ្យនិយោជក ឬម្ចាស់សហគ្រាសនីមួយៗត្រូវទៅចុះបញ្ជីក្រុមហ៊ុន រោងចក្រ សហគ្រាស របស់ខ្លួននៅក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតឱ្យស្របតាមគោលការណ៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនោះផងដែរ កម្មករនិយោជិត គឺជាចលករមួយយ៉ាងសំខាន់ដែលមិនអាចខ្វះបាន ដើម្បីធានានូវសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន រោងចក្រ សហគ្រាសនោះ ដូចនេះក្នុងនាមជានិយោជក ឬម្ចាស់សហគ្រាស ត្រូវមានតួនាទីផ្ដល់ជាប្រាក់ឈ្នួល និងមានកាតព្វកិច្ចជាច្រើនទៀតចំពោះបុគ្គលិក កម្មករនិយោជិតរបស់ខ្លួន ។ ដើម្បីសម្រួលដល់ការគ្រប់គ្រង ក៏ដូចជាផ្ដល់នូវភាពងាយស្រួលដល់និយោជក ឬម្ចាស់សហគ្រាស ក្នុងការគ្រប់គ្រងកម្មករនិយោជិត ដូចជា ការគ្រប់គ្រងលើអតីតភាពការងាររបស់ពួកគាត់ ក្រសួងការងារបានបង្កើតឱ្យមានសៀវភៅការងារជនជាតិខ្មែរ ដើម្បីគ្រប់គ្រងព័ត៌មានមួយផ្នែកធំរបស់កម្មករនិយោជិតខ្មែរទាំងអស់ដែលស្ថិតនៅក្រោមច្បាប់ស្ដីពីការងារ ។ តើអ្វីទៅជាសៀវភៅការងារជនជាតិខ្មែរ ហើយតម្រូវឱ្យមានឯកសារ ឬលក្ខខណ្ឌអ្វីខ្លះ ដើម្បីធ្វើសៀវភៅការងារបាន? ដើម្បីឱ្យយល់កាន់តែច្បាស់អំពីសៀវភៅការងារជនជាតិខ្មែរ ដូច្នេះសម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «សៀវភៅការងារជនជាតិខ្មែរ» មកបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ។ យោងតាមស្មារតីមាត្រា ៣៤ នៃច្បាប់ស្ដីពីការងារ សៀវភៅការងារជនជាតិខ្មែរ ធ្វើឡើងសំរាប់សំគាល់អត្តសញ្ញាណសាមីខ្លួនរបស់កម្មករនិយោជិត ដោយក្នុងសៀវភៅនេះមានចែងពីប្រភេទការងារដែលកម្មករនិយោជិកបានចុះកិច្ចសន្យាធ្វើ ថិរវេលានៃកិច្ចសន្យា ប្រាក់ឈ្នួលដែលបានព្រមព្រៀងគ្នា និងរបៀបបើកប្រាក់ឈ្នួល ព្រមទាំងការចុះកិច្ចសន្យាថ្មីបន្តទៀត។ សៀវភៅការងារ ត្រូវបានធ្វើឡើងដោយមន្រ្តីអធិការការងារ តាមសេចក្ដីស្នើសុំរបស់កម្មករនិយោជិត ឬម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ប៉ុន្តែមុននឹងឈានទៅធ្វើសៀវភៅការងារបាន តម្រូវឱ្យកម្មករនិយោជិតត្រូវទៅពិនិត្យកាយសម្បទានៅពេទ្យការងារជាមុនសិន ឬស្នើសុំឱ្យមានការចុះទៅពិនិត្យដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសក៏បានដែរ។ ក្រោយមកពេទ្យការងារនឹងចេញវិញ្ញាបនបត្រពិនិត្យកាយសម្បទាឱ្យ ដើម្បីយកទៅប្រើប្រាស់ ពីព្រោះថា នៅពេលស្នើសុំសៀវភៅការងារត្រូវភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រពិនិត្យកាយសម្បទានេះ ហើយឯកសារភ្ជាប់ផ្សេងទៀតមានដូចខាងក្រោម ៖ * អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ/សៀវភៅគ្រួសារ/សំបុត្របញ្ជាក់កំណើត * រូបថត ជារូបទើបថតថ្មី ០៦ ខែ ចុងក្រោយ, ទំហំ ៤x៦, ផ្ទៃ ស គ្មានស្រមោល * ព័ត៌មានការងារ (មុខងារ/តួនាទីក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាស,កាលបរិច្ឆេទចូលធ្វើការងារ, ប្រាក់ឈ្នួលប្រចាំខែ) * វិញ្ញាបនបត្រមុខរបរកម្មករនិយោជិតខ្មែរ (មានទម្រង់) ចំពោះការស្នើសុំសៀវភៅការងារ តម្រូវឱ្យបង់សេវាសាធារណៈចំនួន ២០.០០០ (ពីរម៉ឺន) រៀល យោងតាមប្រកាសអន្តរក្រសួង ស្ដីពីការផ្ដល់សេវាសាធារណៈដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បន្ថែមពីនេះ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់សេវាសាធារណៈពាក់ព័ន្ធនឹងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយក្នុងប្រព័ន្ធនេះមានដំណើរការប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្មករនិយោជិតជនជាតិខ្មែរដែលអាចរកបាននៅគេហទំព័រ www.lacms.mlvt.gov.kh ហើយប្រព័ន្ធនេះបានចាប់ដំណើរការតាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ។ មានន័យថា ការស្នើសុំសៀវភៅការងារជនជាតិខ្មែរ អាចស្នើសុំតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ LACMS ដោយត្រូវបំពេញនូវរាល់ព័ត៌មានតម្រូវទាំងអស់ និងអនុវត្តតាមលក្ខខណ្ឌមួយៗដែលមានកំណត់នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ LACMS។ បន្ទាប់ពីបានស្នើសុំរួចរាល់ហើយ ម្ចាស់ក្រុមហ៊ុន រោងចក្រ ត្រូវរង់ចាំចំនួន ២០ ថ្ងៃ ក្រោយពីបានស្នើសុំរួចរាល់ ហើយនៅពេលដែលសៀវភៅការងារធ្វើរួចរាល់ អ្នកដាក់ពាក្យស្នើសុំ អាចទៅយកសៀវភៅការងារនៅនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ ដោយឡែកសម្រាប់រោងចក្រ សហគ្រាសនៅតាមបណ្ដាខេត្ត អាចយកនៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្នុងខេត្តនោះបាន ។ ផ្ទុយទៅវិញក្នុងករណីក្រុមហ៊ុន រោងចក្រ សហគ្រាសណាមួយ ដែលបានជួលកម្មករនិយោជិតខ្មែរ ដោយពុំមានសៀវភៅការងារ នោះក្រុមហ៊ុន រោងចក្រ សហគ្រាសនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងទទួលពិន័យស្របតាមទោសបញ្ញត្តិដែលមានចែងនៅក្នុងច្បាប់ស្ដីពីការងារ។ សរុបសេចក្ដីមក សៀវភៅការងារជនជាតិខ្មែរបង្កើតឡើងក្នុងគោលបំណងសម្រាប់សំគាល់អត្តសញ្ញាណសាមីខ្លួនរបស់កម្មករនិយោជិត និងការពារផលប្រយោជន៍កម្មករនិយោជិត ។ ហើយបច្ចុប្បន្ននេះ ដើម្បីផ្ដល់ភាពងាយស្រួល និងកាត់បន្ថយការចំណាយពេលវេលា ក៏ដូចជាធានាបាននូវនិរន្តរភាពការងារ នៅក្នុងបរិបទនៃការរីករាលដាល នៃជម្ងឺកូវីដ-១៩ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសពុំចាំបាច់ទៅស្នើសុំផ្ទាល់នៅក្រសួង ឬមន្ទីរការងារនោះទេ គឺក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់អាចស្នើសុំសៀវភៅការងារជនជាតិខ្មែរតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលមានគេហទំព័រ www.lacms.mlvt.gov.kh បានយ៉ាងងាយស្រួល និងឆាប់រហ័ស៕ រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៉ីនីត និងលោកស្រី យ៉េ នីតា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖president@ciclg.com គេហទំព័រ៖www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group.

2022-04-18 08:54:07

យល់ដឹងផ្នែកច្បាប់៖ ការបង្ហាញខ្លួនភ្លាម

(ភ្នំពេញ)៖ រាល់បទល្មើសព្រហ្មទណ្ឌដែលកើតមានឡើង ជាទូទៅអាចមានបណ្តឹងពីរ គឺបណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណី ដើម្បីជួសជុលព្យសនកម្មជូនដល់ជនរងគ្រោះ។ ក្រោយពីតំណាងអយ្យការបានទទួលពាក្យបរិហារ ឬពាក្យបណ្ដឹងពីដើមបណ្តឹងរដ្ឋប្បវេណី ឬជនរងគ្រោះ ឬតាមរយៈមន្រ្តីនគរបាលយុត្តិធម៌ នោះតំណាងអយ្យការត្រូវពិនិត្យសំណុំរឿង ដើម្បីបើកការស៉ើបអង្កេតបឋម ឬស្រាវជ្រាវបន្ថែមក្នុងការសម្រេចថាធ្វើការចោទប្រកាន់ ឬតម្កល់រឿងទុកឥតចាត់ការ (មិនចោទប្រកាន់) លើជនទាំងនោះ។ បើករណីយល់ឃើញថា អំពើនោះមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ពីបទព្រហ្មទណ្ឌណាមួយ នោះតំណាងអយ្យការអាចដំណើរការនីតិវិធីព្រហ្មទណ្ឌតាមបីវិធីគឺ៖ (១) ការបើកការស៉ើបសួរ (២) ការបញ្ជូនទៅជំនុំជម្រះផ្ទាល់ និង (៣) តាមនីតិវិធីបង្គាប់ឱ្យចូលបង្ហាញខ្លួនភា្លម (ការបង្ហាញខ្លួនភ្លាម)។ តើអ្វីទៅជា «ការបង្ហាញខ្លួនភ្លាម» ហើយមាននីតិវិធី និងលក្ខណៈយ៉ាងដូចម្តេច? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្តាហ៍នេះ នឹងធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម។ នីតិវិធីបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាម គឺជានីតិវិធីមួយក្នុងចំណោមនីតិវិធីទាំងបី ដែលតំណាងអយ្យការប្រើដើម្បីដំណើរការនីតិវិធីព្រហ្មទណ្ឌ ប្រឆាំងនឹងបុគ្គលដែលបានប្រព្រឹត្ដបទល្មើសព្រហ្មទណ្ឌណាមួយ។ ចំពោះនីតិវិធីនៃការបង្ហាញខ្លួនភ្លាមនេះ គឺមានលក្ខណៈខុសពីនីតិវិធីនៃការបើកការស៉ើបសួរ និងការបញ្ជូនទៅជំនុំជម្រះផ្ទាល់ដោយនីតិវិធីនេះ បើកផ្លូវឱ្យតំណាងអយ្យការអាចធ្វើការបញ្ជូន ឬបង្គាប់ឱ្យនាំខ្លួនជនជាប់ចោទចូលបង្ហាញខ្លួនភា្លមនៅមុខតុលាការជាន់ដំបូងតែម្តង តាមរយៈកំណត់ហេតុស្តីអំពីការបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាម ដើម្បីធ្វើការជំនុំជម្រះនៅថ្ងៃដែលបង្ហាញខ្លួនភ្លាមនេះ ដោយយោងតាមមាត្រា ៤៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ប្រសិនបើមានគ្រប់លក្ខខណ្ឌដូចខាងក្រោម៖ * បទល្មើសជាបទល្មើសជាក់ស្តែង តាមអត្ថន័យនៃមាត្រា ៨៦ (និយមន័យបទឧក្រិដ្ឋ និងបទមជ្ឈិមជាក់ស្តែង) និងមាត្រា ៨៨ (ការចាត់ទុកដូចជាបទឧក្រិដ្ឋ ឬ បទមជ្ឈិមជាក់ស្តែង) ។ * បទល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារយ៉ាងតិច ០១ (មួយ) ឆ្នាំ និងយ៉ាងច្រើន ០៥ (ប្រាំ) ឆ្នាំ។ * ជនជាប់ចោទជានីតិជន ។ * រឿងក្តីមានលក្ខណៈគ្រប់គ្រាន់ល្មមជំនុំជម្រះបាន។ កាលណាបើតំណាងអយ្យការសម្រេចថា ត្រូវប្រើនីតិវិធីបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាម នោះតំណាងអយ្យការត្រូវ៖ (១) ពិនិត្យអត្តសញ្ញាណបុគ្គលដែលគេបញ្ជូនមកឱ្យខ្លួន (២) ឱ្យដំណឹងដល់ជននោះ អំពីរឿងរ៉ាវដែលចោទប្រកាន់ និងឈ្មោះបទល្មើស (៣) ទទួលចម្លើយរបស់បុគ្គលនោះ ប្រសិនបើសាមីខ្លួនចង់និយាយ និង (៤) ធ្វើកំណត់ហេតុស្តីអំពីការបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាម។ នៅក្នុងនីតិវិធីបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាម ជនជាប់ចោទមានសិទ្ធិសុំពឹងពាក់មេធាវី និងមានពេលវេលាសម្រាប់ទាក់ទងជាមួយមេធាវីរបស់ខ្លួន ។ ប្រសិនបើ ជនជាប់ចោទទាមទារពេលវេលាបន្ថែម ដើម្បីរៀបចំការពារខ្លួន ឬតុលាការយល់ឃើញថា មិនទាន់អាចជំនុំជម្រះបានភ្លាមៗនោះទេ ដូចនេះសំណុំរឿងត្រូវលើកទៅពេលសវនាការក្រោយ ។ នៅក្នុងនីតិវិធីនេះបើតុលាការយល់ឃើញថា មានភាពចាំបាច់ត្រូវឃុំខ្លួនជនជាប់ចោទនោះ តុលាការអាចចេញដីកាបង្គាប់ឃុំខ្លួនជនជាប់ចោទជាបណ្តោះអាសន្នបាន ដោយបញ្ជាក់សំអាងហេតុនៅក្នុងសាលាក្រម និងយោងមូលហេតុនៃការឃុំខ្លួនបណ្តោះអាសន្នផងដែរ។ សាលក្រមអង្គសេចក្តីនៃសំណុំរឿង ត្រូវតែប្រកាសក្នុងរយៈពេល ០២ (ពីរ) សប្តាហ៍ គិតចាប់ពីថ្ងៃចូលទៅបង្ហាញខ្លួននៅមុខតុលាការ ហើយប្រសិនបើអង្គហេតុនៃសំណុំរឿងមិនទាន់ច្បាស់លាស់ ឬមានភាពសាំញុំា ដែលទាមទារឱ្យមានការស៉ើបអង្កេតបន្ថែម ដូច្នេះតុលាការត្រូវបញ្ជូនសំណុំរឿងទៅតំណាងអយ្យការដើម្បីបើកការស៊ើបសួរឡើងវិញ ។ ទន្ទឹមនឹងនេះ ក្នុងករណីនៃនីតិវិធីចូលបង្ហាញខ្លួនភ្លាម សម្រាប់ការកោះហៅភាគីនៅក្នុងករណីចូលបង្ហាញខ្លួនភា្លម តំណាងអយ្យការអាចកោះហៅ៖ (១) ជនរងគ្រោះ (២) សាក្សី (៣) អ្នកបកប្រែ និង (៤) អ្នកទទួលខុសត្រូវរដ្ឋប្បវេណីតាមព័ត៌មានដែលផ្តល់ដោយជនជាប់ចោទ ឬដើមបណ្តឹងរដ្ឋប្បវេណី ។ ចំពោះពេលវេលា នៃការកោះហៅឱ្យចូលរួមក្នុងពេលសវនាការ ត្រូវបានកំណត់ក្នុងមាត្រា ៤៥៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលមានចែងដូចតទៅ៖ * ១៥ (ដប់ប្រាំ) ថ្ងៃ ប្រសិនបើជនជាប់ចោទរស់នៅក្នុងដែនដីនៃទីស្នាក់ការរបស់តុលាការជាន់ដំបូង * ២០ (ម្ភៃ) ថ្ងៃ ប្រសិនបើជនជាប់ចោទរស់នៅក្នុងទីកន្លែងមួយផ្សេងទៀតក្នុងដែនដីជាតិ * ២ (ពីរ) ខែ ប្រសិនបើជនជាប់ចោទរស់នៅក្នុងរដ្ឋមួយជាប់ព្រំដែន ព្រះរាជាណាចក្រកម្ពុជា * ៣ (បី) ខែ ប្រសិនបើជនជាប់ចោទរស់នៅក្នុងទីកន្លែងដទៃផ្សេងៗទៀត។ សរុបមក ក្រោយពីតំណាងអយ្យការបានពិនិត្យអំពីធាតុផ្សំនៃបទល្មើសគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ពីបទព្រហ្មទណ្ឌណាមួយ នោះតំណាងអយ្យការត្រូវធ្វើការចោទប្រកាន់ តាមនីតិវិធីទាំងបីខាងលើ បើករណីសំណុំរឿងព្រហ្មទណ្ឌមានលក្ខណៈគ្រប់គ្រាន់អាចជំនុំជម្រះបាន ដោយតម្រូវគ្រប់លក្ខខណ្ឌដូចក្នុងមាត្រា ៤៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌនោះត្រូវប្រើនីតិវិធីបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាម ដើម្បីផ្តល់ផលប្រយោជន៍ ចំណេញពេលវេលាដល់ជនជាប់ចោទ និងជនដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿង ដោយនីតិវិធីនេះមានដំណើរការរហ័ស ជៀសវាងភាពយឺតយ៉ាវ និងដើម្បីជួយជម្រុញដល់ដំណើរការរឿងក្តី ជៀសវាងមានការកកស្ទះសំណុំរឿង៕ រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងលោក អ៉ឹម វិរៈបុត្រ ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥, អ៉ីម៉ែល៖ president@ciclg.com, គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.

2022-04-11 08:55:19

យល់ដឹងផ្នែកច្បាប់៖ ពន្ធលើប្រាក់បៀវត្ស

(ភ្នំពេញ)៖ ពន្ធគឺជាបន្ទុករបស់អ្នកជាប់ពន្ធចំពោះរដ្ឋ និង ជាកាតព្វកិច្ច របស់គ្រប់សមាសភាព ដែលកំណត់ដោយច្បាប់ពិសេស។ ការបង់ពន្ធ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ឬ ស្ថាប័នពាក់ព័ន្ធនានាដែលត្រូវបង់ជូនរដ្ឋ ដើម្បីរួមចំណែក ការពារ និង អភិវឌ្ឍន៍មាតុភូមិ។ ចំណូលដែលបានទទួលមកពីការបង់ពន្ធ នឹងត្រូវយកទៅប្រើប្រាស់នៅក្នុងកិច្ចការដ៏ ចាំបាច់ដូចជា បើកប្រាក់ខែជូនមន្ត្រីរាជការ  បើកប្រាក់ខែជូនទាហានកម្លាំងប្រដាប់អាវុធ សាងសង់ស្ពាន សាងសង់សាលារៀន ការពារព្រំដែន សាងសង់ផ្លូវថ្នល់ សាងសង់មន្ទីរពេទ្យ ។ល។ អ្នកជាប់ពន្ធមានច្រើនប្រភេទ ដូចជា ប្រជាពលរដ្ឋទូទៅ អ្នកជាប់ពន្ធតូច ពន្ធមធ្យម និងពន្ធធំ ហើយពន្ធមួយប្រភេទដែលយើងឧស្សាហ៍ជួបប្រទះនោះ គឺពន្ធលើប្រាក់បៀវត្ស។ តើអ្វីទៅជាពន្ធលើប្រាក់បៀវត្ស? ហើយពន្ធលើប្រាក់បៀវត្សនេះត្រូវបានកំណត់យ៉ាងដូចម្ដេច? ដើម្បីយល់កាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ពន្ធលើប្រាក់បៀវត្ស» មកធ្វើការបកស្រាយជូនសិស្ស និស្សិត និងបងប្អូនទាំងអស់គ្នា ដូចខាងក្រោម។ យោងតាមច្បាប់ស្ដីពីសារពើពន្ធ ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្ស ដែលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបម្រើការងារ។ រូបវន្ដបុគ្គល (មនុស្សគ្រប់រូបដែលមានលក្ខណៈសម្បត្តិអាចក្លាយជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ចបាន) ត្រូវបានបែងចែកជាពីរប្រភេទសម្រាប់ការគិតពន្ធលើប្រាក់បៀវត្ស នោះគឺ និវាសនជន និងអនិវាសនជន។ និវាសនជន គឺសំដៅទៅដល់រូបវន្ដបុគ្គល ដែលមាននិវាសនដ្ឋាន ឬមានកន្លែងស្នាក់នៅជាគោលដើម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា លើសពី ១៨២ ថ្ងៃ នៅក្នុងរយៈពេល ១២ ខែ ចំណែកឯ អនិវាសនជន គឺសំដៅដល់ រូបវន្ដបុគ្គលណាម្នាក់ ដែលមិនមែនជានិវាសនជន និងទទួលប្រាក់បៀវត្ស ក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបម្រើការងារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការគិតពន្ធលើប្រាក់បៀវត្ស សម្រាប់និវាសនជន គឺត្រូវបានគិតពន្ធលើប្រាក់បៀវត្សទាំងអស់ ដែលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបម្រើការងារទំាងនៅក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា ដោយឡែកចំពោះអនិវាសនជន ត្រូវបានគិតពន្ធទៅលើប្រាក់បៀវត្ស ដែលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបម្រើការងារ នៅក្នុងព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។ មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សប្រចាំខែ គឺជាទឹកប្រាក់ទូទាត់ទាំងអស់ ទោះជាសាច់ប្រាក់ក្ដី ឬជាវត្ថុក្ដី ដែលនិយោជកឱ្យទៅនិយោជិត រួមបញ្ចូលទាំងក្នុងរូបភាពជាប្រាក់បុរេប្រទាន (ប្រាក់បើកឱ្យមុន) ប្រាក់ឱ្យខ្ចី ឬប្រាក់រំដោះ (ប្រាក់បើកឱ្យបន្ដិចម្ដងៗ) លើកលែងតែ (១) ប្រាក់លើកលែងពន្ធរបស់នយោជិត (២) បុគ្គលិករបស់បេសកកម្មទូត និងរដ្ឋាភិបាលបរទេស (៣) និយោជិតនៃអង្គការអន្ដរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបចេ្ចកទេស (៤) និយោជិតនៃគម្រោងជំនួយបច្ចេកទេស និង (៥) អត្ថប្រយោជន៍បន្ថែម។ (១)៖ ការលើកលែងពន្ធលើប្រាក់បៀវត្សក៏ត្រូវបានលើកលែងចំពោះនិយោជិតទូទៅក្នុងករណីមួយចំនួន រួមមានដូចជា៖ ក. ប្រាក់សំណងខាងវិជា្ជជីវៈ៖ សំដៅដល់ប្រាក់ដែលបុគ្គលិកបានដកយកប្រាក់ផ្ទាល់ខ្លួនរបស់គាត់ ទៅទិញសម្ភារៈ ឬឧបករណ៍ណាមួយមកប្រើប្រាស់ក្នុងប្រយោជន៍ក្រុមហ៊ុន ហើយអាចទាញយកពីក្រុមហ៊ុនវិញ។ ខ. ប្រាក់បំណាច់បណ្ដេញចេញ៖ ក្នុងករណីដែលក្រុមហ៊ុនបណ្ដេញចេញដោយគ្មានកំហុសគឺក្រុមហ៊ុនត្រូវសងសំណងដោយយោងតាមច្បាប់ការងារ។ គ. ប្រាក់លាភការខាងសង្គមកិច្ច៖ ប្រាក់ដែលក្រុមហ៊ុន រ៉ាប់រងឱ្យបុគ្គលិកដែលមានគ្រោះថ្នាក់ក្នុងម៉ោងការងារ។ ឃ. ប្រាក់ឯកសណ្ឋាន៖ ការផ្ដល់ជាឯកសណ្ឋាន ឬឧបករណ៍ប្រើប្រាស់ក្នុងក្រុមហ៊ុន។ ង. ប្រាក់បេសកកម្ម៖ ប្រាក់ធ្វើដំណើរ និងប្រាក់ស្នាក់នៅ។ ក្រៅពីនេះក៏មានការកាត់បន្ថយមូលដ្ឋានគិតពន្ធចំនួន ១៥០.០០០ រៀល (មួយរយហាសិបពាន់រៀល) ដោយផ្អែកលើការបង្ហាញភ័ស្ដុតាងនៃស្ថានភាពគ្រួសារដែលមាន៖ * កូនស្ថិតក្នុងបន្ទុកនាពេលដែលត្រូវបង់ពន្ធចំពោះកូនម្នាក់ៗ * សហព័ទ្ធដែលធ្វើតែជាមេផ្ទះ (ត្រូវបានបន្ថយសម្រាប់តែម្នាក់) និង * ចំពោះគ្រួសារមួយដែលឪពុកនិងម្ដាយមានប្រាក់បៀវត្សជាប់ពន្ធទាំងពីរនាក់ ការកាត់បន្ថយមូលដ្ឋានគិតពន្ធសម្រាប់កូនស្ថិតក្នុងបន្ទុក អាចអនុវត្តបានតែចំពោះប្រាក់បៀវត្សជាប់ពន្ធរបស់ឪពុក ឬម្ដាយតែម្នាក់ប៉ុណោ្ណះ។ (២) ចំពោះការអនុវត្តគិតពន្ធលើប្រាក់បៀវត្សក៏មានការលើកលែង ចំពោះបុគ្គលិករបស់បេសកកម្មទូត និងរដ្ឋាភិបាលបរទេសណាមួយដែលកាន់លិខិតឆ្លងដែនការទូត ឬផ្លូវការរបស់ប្រទេសនោះបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញមុខងារជាផ្លូវការ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ (៣) និយោជិតនៃអង្គការអន្ដរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបចេ្ចកទេសរបស់រដ្ឋាភិបាលបរទេសនានាដែលបម្រើការងារជាផ្លូវការ មិនត្រូវជាប់ពន្ធលើប្រាក់បៀវត្សនោះទេ។ ការលើកលែងនេះក៏រួមទាំង (៤) និយោជិតនៃគម្រោងជំនួយបចេ្ចកទេសរបស់អង្គការអន្ដរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបចេ្ចកទេសរបស់រដ្ឋាភិបាលបរទេសណាមួយដែលជាបុគ្គលិកជំនួយបច្ចេកទេស ដែលមានចុះបញ្ជាក់ក្នុងឯកសារសម្រាប់គម្រោងការជំនួយបចេ្ចកទេសផងដែរ។ (៥) អត្ថប្រយោជន៍បន្ថែមរាប់បញ្ចូលទាំងទំនិញសេវា ឬអត្ថប្រយោជន៍ជាសាច់ប្រាក់ ឬវត្ថុផ្សេងទៀតដែលនិយោជកផ្ដល់ឱ្យដោយផ្ទាល់ ឬដោយប្រយោលដល់និយោជិតចំពោះសកម្មភាពបម្រើការងារ ដែលនយោជិតនោះបានបំពេញ ដើម្បីជាផលប្រយោជន៍ដល់និយោជក។ អត្ថប្រយោជន៍ ដែលនិយោជកផ្ដល់ឱ្យដោយផ្ទាល់ ឬដោយប្រយោលដល់និយោជិត គឺត្រូវរាប់បញ្ចូលពន្ធលើអត្ថប្រយោជន៍បន្ថែមដោយឡែក ពីពន្ធលើប្រាក់បៀវត្ស ដែលពន្ធលើអត្ថប្រយោជន៍បន្ថែមមានអត្រាគិតពន្ធ ២០ ភាគរយ នៃតម្លៃសរុបរបស់អត្ថប្រយោជន៍បន្ថែម ដែលបានផ្ដល់ឱ្យនិយោជិតទាំងអស់។ អត្រាពន្ធចំពោះប្រាក់បៀវត្ស ដែលត្រូវកាត់ទុកដោយនិយោជកតាមអត្រាកំណើនតាមថា្នក់ថ្មី ដោយយោងតាមសេចក្ដីណែនាំស្ដីពីការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មី មានដូចខាងក្រោម៖ * អត្រាពន្ធ ០% ចំពោះភាគបៀវត្សជាប់ពន្ធប្រចាំខែ ពី ០ រៀល ដល់ ១.៣០០.០០០ រៀល * អត្រាពន្ធ ៥% ចំពោះភាគបៀវត្សជាប់ពន្ធប្រចាំខែ ពី ១.៣០០.០០១ រៀល ដល់ ២.០០០.០០០ រៀល * អត្រាពន្ធ ១០% ចំពោះភាគបៀវត្សជាប់ពន្ធប្រចាំខែ ពី ២.០០០.០០១ រៀល ដល់ ៨.៥០០.០០០ រៀល * អត្រាពន្ធ ១៥% ចំពោះភាគបៀវត្សជាប់ពន្ធប្រចាំខែ ពី ៨.៥០០.០០១ រៀល ដល់ ១២.៥០០.០០០ រៀល * អត្រាពន្ធ ២០% ចំពោះភាគបៀវត្សជាប់ពន្ធប្រចាំខែ លើសពី ១២.៥០០.០០០ រៀល ។ សម្រាប់អ្នកជាប់ពន្ធអនិវាសនជន ប្រាក់ពន្ធត្រូវកាត់ទុកដោយអ្នកបើកប្រាក់ឱ្យតាមអត្រា ២០ភាគរយ លើរាល់ការទូទាត់ប្រាក់បៀវត្សជាប់ពន្ធ ។ ចំពោះការបង់ប្រាក់ពន្ធ លើប្រាក់បៀវត្ស ដែលបានកាត់ទុក ត្រូវដាក់លិខិតប្រកាសពន្ធ និងបង់ប្រាក់ពន្ធ ដែលបានកាត់ទុកដោយនិយោជកជូនរដ្ឋបាលសារពើពន្ធ ទៅតាមទម្រង់ដែលរដ្ឋបាលសារពើពន្ធ បានកំណត់យ៉ាងយឺតបំផុតត្រឹមថ្ងៃទី ២០ នៃខែបន្ទាប់ពីខែដែលបានកាត់ទុក ។ សរុបមកពន្ធលើប្រាក់បៀវត្ស គឺជាកាតព្វកិច្ច របស់គ្រប់សមាសភាពដូចបានកំណត់ដោយច្បាប់ ដើម្បីជាការរួមចំណែកដល់ប្រទេសជាតិ ហើយរាល់ការអនុវត្តពន្ធលើប្រាក់បៀវត្ស ត្រូវអនុវត្តតាមការកំណត់ក្នុងច្បាប់ស្ដីពីសារពើពន្ធ និងប្រកាសស្ដីពីពន្ធលើប្រាក់បៀវត្សរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ រៀបរៀងដោយ៖ លោកស្រីមេធាវី មាស រ៉ាវីន និងលោក លី លីនដូ ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ១០០៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕

2022-04-04 08:27:35